Monday, December 17, 2018
ចំណីខួរក្បាល
នៅចន្លោះញញួនិងដុំថ្ម (Between a Rock and a Hard Place)
កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរអត្ថបទមួយក្រោមចំណងជើងថា៖ ទានៅលើបង្គង ដែលរៀបរាប់អំពីហានិភ័យរបស់សកម្មជននយោបាយគណបក្សសង្គ្រោះជាតិ ១១៨រូប ។ ហានិភ័យដែលជនទាំង ១១៨រូបប្រឈមគឺបំរាមមិនឲ្យមនុស្សដែលលុះនឹងនយោបាយ "political animals" ទាំង ១១៨នាក់នេះ ធ្វើនយោបាយ ។ ខណៈនេះសភាឯកបក្សរបស់គណៈបក្សប្រជាជន សម្រេចស្រាយចំណងទណ្ឌកម្មនោះចេញមកវិញ ដើម្បីសម្តែងនូវភាព មេត្តា ករុណា ដល់អ្នកនយោបាយផងគ្នា ។ ពាក្យ "សម្តែង" នៅទីនេះ ពាក់ព័ន្ធនឹងសីល្បៈច្រើនជាងមនោសញ្ចេតនា ។
នៅចន្លោះញញួនិងដុំថ្ម គឺសំដៅលើមនុស្សដែលកំពុងប្រឈមនឹងទ្ធេគ្រោះ (Dilemma) ។ ខ្មែរយើងមានពាក្យមួយឃ្លាស្រដៀងគ្នាគឺ៖ ចុះទឹកក្រពើ ឡើងលើខ្លា ។ ប៉ុន្តែ នៅចន្លោះញញួនិងដុំថ្ម មិនសូវមានហានិភ័យខ្ពស់ដូចចុះទឹកក្រពើ ឡើងលើខ្លា ឬក៏ ទានៅលើបង្គងទេ ប្រសិនបើមនុស្សដែលស្ថិតនៅក្នុងស្ថានភាពនេះ ជ្រើសរើសយកផ្លូវធ្វើដំណើរចេញអំពីទ្ធេគ្រោះ ប្រកបដោយបញ្ញាញាណ ។
អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា រាប់បញ្ចូលទាំងរូបខ្ញុំម្នាក់ដែរ ភាគច្រើនប្រដូចដំណើរនយោបាយនៅស្រុកខ្មែរទៅនឹងរឿងល្ខោន ។ នេះជាការប្រដូចមួយដែលខ្ញុំគិតថា មានភាពត្រឹមត្រូវគួរសមដែរ ។ ក្នុងនាមជាចៃល្ខោននយោបាយខ្មែរម្នាក់ ខ្ញុំហាក់ដូចជាយល់សាច់រឿងស្តីអំពីការលើកលែងទោសឲ្យសកម្មជននយោបាយបក្សសង្គ្រោះជាតិ១១៨រូប ខ្លះៗហើយ ។ ដូច្នេះ ខ្ជិលចាំទាល់តែគេសម្តែងចប់ណាស់ ។ សុំបង្កើតសេណារីយោ (Scenario) មើលបញ្ចប់មុនហើយ ។
សុភាសិតចិនមួយពោលថា៖ ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ ។ សម្តេច ហ៊ុន សែន ហាក់ដូចជាយល់ចំណុចនេះជាក់លាក់ ។ ដូច្នេះ គាត់មិនប្រមាទទេ ទោះបីគាត់មានប្រៀបជាងគូបដិបក្សយ៉ាងណាក៏ដោយ ។ នៅក្នុងដំណើរការដោះស្រាយបញ្ហា EBA ល្ខោនរឿង ១១៨ នឹងចាប់ផ្តើមឡើងដោយឆាក កាប់ដើមឈើចេញពីព្រៃ ។ យុទ្ធសាស្ត្រ ដើមឈើនិងព្រៃឈើនេះ ជាចំណុចខ្សោយនៅក្នុងប្រព័ន្ធនយោបាយខ្មែរដែលផ្អែកលើគ្រួសារនិយមនិងអាមុីអាថោងនិយម (Cronism and Patronage) តាំងតែពីបុរាណកាលមក ។ សកម្មជននយោបាយខ្មែរក៏ដូចជាពលរដ្ឋខ្មែរដែរ ភាគច្រើនគឺគោរពបូជាបុគ្គលនិងគ្រួសារ ជាជាងគោលនយោបាយឬឧត្តមគតិនយោបាយ ។ ដូច្នេះ ដកតួឯកបួនប្រាំនាក់របស់សង្គ្រោះជាតិមិនឲ្យសម្តែងនៅក្នុងរឿងល្ខោន ១១៨ វានឹងធ្វើឲ្យបុគ្គលទាំងនោះកើតទុក្ខមិនសុខចិត្ត ។ ជំងឺតួឯកនឹងដុតរោលរហូតដល់កើតកោឡាហល ។ ចំណែកអ្នកនៅសល់ដែលអាចចូលរួមសម្តែង គេតម្រូវឲ្យដាក់ពាក្យសុំទៅអ្នកដឹកនាំរឿងជាមុនសិន ដើម្បីត្រួតពិនិត្យកាយសម្បទា ។ នៅពេលជ្រើសរើសតួបានល្មមនឹងសម្តែងហើយ ល្ខោនរឿង ១១៨ នឹងចាប់ផ្តើមសម្តែងឲ្យទស្សនិកជននៅ EBA មើលមុនគេ ។ បើ EBA មើលចប់ហើយមិនទះដៃ បានសេចក្តីថាល្ខោនរឿង ១១៨នេះមិនទាន់ចប់ទេ ។ អ្នកដឹកនាំនឹងបន្ថែមតួដូរសាច់រឿងតម្រូវចិត្តអ្នកមើលបន្តទៅទៀត ។ ប៉ុន្តែ តួឯកអាចនឹងមិនត្រូវបានគេដាក់ឲ្យចូលសម្តែងឆាប់ៗទេ ។ បើមើលតាមឈុតឆាកដែលគេដាក់តាំងបង្ហាញ យើងអាចសន្និដ្ឋានបានថា ជំហានទីមួយគឺឲ្យតួរាយឡើងសម្តែងមុន ។ បើទស្សនិកជនមិនសូវចូលចិត្ត គេនឹងបន្ថែមតួរងឲ្យចូលរួមសម្តែងដែរ ។ តួឯកគឺជាជម្រើសចុងក្រោយបំផុត ។
ថ្មីៗនេះ លោក សម រង្សី បានមានប្រសាសន៍ថា សកម្មជនគណៈបក្សសង្គ្រោះជាតិដែលដាក់ពាក្យទៅរដ្ឋាភិបាលគណៈបក្សប្រជាជនសុំសិទ្ធិធ្វើនយោបាយ គឺចាត់ទុកថាជាអ្នកក្បត់បក្សសង្គ្រោះជាតិ ។ សេចក្តីប្រកាសនេះ គឺមិនខុសអ្វីអំពីដាក់មនុស្សជាង ១០០នាក់ឲ្យស្ថិតនៅចន្លោះ ញញួនិងដុំថ្មនោះទេ ។ ជាគោលការណ៍យុទ្ធសាស្ត្រ គណៈបក្សប្រជាជននឹងមិនដកបំរាមធ្វើនយោបាយឲ្យសកម្មជនគណៈបក្សសង្គ្រោះជាតិទាំង ១១៨នាក់ ជាកញ្ចប់នោះទេ ។ ហើយក៏មិនចង់ឲ្យមានយីហោបក្សសង្គ្រោះជាតិរស់ឡើងវិញដែរ ។ ការបោះបោះឆ្នោតសាថ្មីមុនអាណតិ ក៏រិតតែនៅឆ្ងាយថែមទៀត ។ សេចក្តីសន្និដ្ឋាននេះអាចខុស ប៉ុន្តែ បើយើងមើលតាមកាយវិការនយោបាយ (Political Gesture) ដែលគណៈបក្សប្រជាជនកំពុងបង្ហាញ វាអាចជាអ្វីដែលមាននៅក្នុងរបៀបវារៈ (Agenda)៖
១) ប្រកាសជាសធារណៈឈ្មោះបុគ្គលដែលមិនមានសិទ្ធិដាក់សំណើរសុំលើកលែងទោសដើម្បីអាចធ្វើនយោបាយឡើងវិញ ។ បន្ទាប់មកគេនឹងរង់ចាំថាតើមានមនុស្សជាប់បំរាមប៉ុន្មានដាក់ពាក្យសុំសិទ្ធិ ។ អ្នកដែលមិនដាក់ គឺចាត់ទុកថាជាអ្នកភ្ជាប់ខ្លួនជាមួយនឹងមនុស្សនៅក្នុងបញ្ជីខ្មៅ ហើយបញ្ចូលឲ្យនៅក្នុងក្រុមឧទាមតែម្តង ។
២) ប្រកាសជាសាធារណៈឲ្យមនុស្សជាប់បំរាមទាំង ១១៨រូបដាក់សំណើរសុំលើកលែងទោស ដើម្បីស្វែងយល់គោលជំហរបុគ្គលសំខាន់ៗ ។ លើកលែងទោសឲ្យតែបុគ្គលណាដែលគួរលើកលែង ដើម្បីសម្តែងឲ្យទស្សនិកជននៅ EBA មើល ។ បន្ថែមតួសម្តែងមួយដំណាក់កាលម្តងៗ រហូតទាល់តែ EBA ទះដៃសាទរ ។ នៅពេលបញ្ហាជាមួយនឹង EBA ដោះស្រាយរួច អ្វីៗនឹងត្រូវបានបញ្ចប់ ។ ល្ខោននយោបាយរឿង ១១៨ក៏ចប់ត្រឹមនោះដែរ ។
សម្រាប់បុគ្គលជាប់បំរាមទាំង ១១៨រូប យុទ្ធសាស្ត្រដើមឈើនិងព្រៃឈើប្រហែលជាកត្តាតែមួយគត់ដែលត្រូវលើកយកមកត្រិះរិះពិចារណា ។ សំណួរដ៏សំខាន់បំផុតនោះគឺថា៖ តើត្រូវរក្សាព្រៃឈើ ឬក៏ការពារដើមឈើដែលគេកំពុងតែកាប់រំលំ??? សង្ឃឹមថា អ្នកអាចរកដំណោះស្រាយដើរចេញពី ចន្លោះញញួនិងដុំថ្ម ប្រកបដោយសុវត្ថិភាព ៕
Tuesday, December 11, 2018
ចំណីខួរក្បាល
ទាន
ខ្ញុំឧស្សាហ៍ឃើញនិងឮមនុស្សដែលយល់អំពីបុណ្យទានជ្រៅជ្រះ ទូន្មានថា៖ ធ្វើបុណ្យដាក់ទានគប្បីធ្វើប្រកបដោយបញ្ញា មិនត្រូវជ្រួលធ្វើតាមគ្នាដោយមិនដឹងខ្យល់អ្វីនោះឡើយ ។ ហុឹម! ខ្ញុំមានអាយុជាងពាក់កណ្តាលនៃធរមានជីវីហើយ (Half way through life expectency) ហើយក៏ធ្លាប់បានធ្វើបុណ្យដាក់ទានជាហូរហែរមកដែរ មិនដែលគិតថាការធ្វើបុណ្យឲ្យទានរបស់ខ្ញុំ ធ្វើទៅដោយមិនដឹងខ្យស់អ្វីនោះទេ ។ ប៉ុន្តែ នេះជាប្រធានបទមួយដែលខ្ញុំគិតថា គួរស្វែងយល់មុននឹងដាច់ខ្យល់ ។
សម្រាប់ខ្ញុំ ទាន ខុសអំពី ទៀន ។ វាជាការបរិច្ចាគភោគទ្រព្យឬគំនិតដើម្បីជួយរំដោះទុក្ខកង្វល់អ្នកដទៃ មិនមែនជាវត្ថុសម្រាប់ដុតបំភ្លឺនោះទេ (ហ្អា!ឆ្លៀតចាក់ផាឲ្យអ្នកប្រើពាក្យពីរនេះច្រឡំបល់គ្នាទៀត!) ។ ទុកការលេងសើចមួយឡែក សូមបង្វែរអារម្មណ៍មកនិយាយអំពីរឿង ទាន វិញម្តង ។ តាមពិតមនុស្សទូទៅធ្វើទាន ឬដាក់ទានគ្មានគិតអំពីបញ្ញា ឬការដឹងខ្យល់អ្វីទេ ។ អ្នកខ្លះឲ្យទានដោយសារការអាណិតអាសូរដល់មនុស្សផងគ្នាដែលកំពុងជួបទុក្ខ ។ អ្នកខ្លះទៀតឲ្យទានដើម្បីសន្សំកុសលរំដោះទុក្ខ ។ (ចំណែកអ្នកឲ្យទានដើម្បីកេងចំណេញនយោបាយ វាជាអំពើទុច្ចរិត) ។ បើយើងស្វែងយល់ឲ្យបានសុីជម្រៅទៅក្នុងទឹកចិត្តនៃការធ្វើទាននេះ យើងនឹងមើលឃើញនូវចំណុចផ្គួបពីរគឺទីមួយៈ ជួយសម្រាលទុក្ខអ្នកដទៃ និងទីពីរៈ ជួយសម្រាលទុក្ខខ្លួនឯង ។ យើងដឹងហើយថា មានរូប មានទុក្ខ ។ ដូច្នេះ ការឲ្យទានដែលជាមធ្យោបាយបំបាត់ទុក្ខ ទាំងអ្នកឲ្យទាន ទាំងអ្នកទទួលទាន ហាក់ដូចជាគ្មានអ្វីត្រូវបកស្រាយវែងឆ្ងាយទេ ។ ប៉ុន្តែ បើយើងមើលឲ្យជ្រៅទៅដល់អភិធម្មសញ្ញា ដែលភាសាអង់គ្លេសហៅថា Metaphysics នោះ ទាននៅមានរឿងវែងឆ្ងាយសម្រាប់បរិយាយតទៅទៀត ។
ទានមានពីរប្រភេទគឺ អាមិសទាន ឬវត្ថុទាន និង ធម្មទាន ឬទស្សនទាន (Material Gift and Intellectual Gift) ។ ក្នុងចំណោមទានទាំងពីរប្រភេទនេះ ទស្សនទាន ជាទានដែលងាយធ្វើ ត្បិតវាមិនពាក់ព័ន្ធការចំណាយភោគទ្រព្យ ឬក៏ភាពមានក្រអ្វីឡើយ ។ ស្មូមទានដែលលើកដៃសំពះដោយក្តីគោរពអោនលំទោនសុំទានអំពីអ្នកដទៃគឺជា ទស្សនទាន ។ ភាពញញឹមនិងការចង់មិត្តភាពនៅក្នុងហ្វេសប៊ុកក៏ជាទស្សទាន ។ សំណេរនេះក៏រាប់ថាជាទស្សនទានដែរ ។ ខ្ញុំសូមមិនបកស្រាយវែងឆ្ងាយអំពីទស្សនទាននៅទីនេះទេ ព្រោះឧទាហរណ៍ពីរបីដែលខ្ញុំលើកយកមកបង្ហាញខាងលើនេះល្មមអាចឲ្យមិត្តអ្នកអានយល់ហើយ ។ អ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ គឺវត្ថុទាន ដែលជាទានពាក់ព័ន្ធនឹងការចំណាយភោគទ្រព្យនឹងនាំទុក្ខអំពល់ដល់អ្នកឲ្យទានទៀតផង ។
នៅក្នុងពុទ្ធប្រវត្តិ មានជាតកមួយឈ្មោះ មហាវេសន្តរជាតក ដែលពាក់ព័ន្ធនឹងការធ្វើទាន ។ ព្រះវេសន្តរដែលជាតួអង្គចម្បងក្នុងជាតកនោះបានធ្វើទានធំៗចំនួនបី៖ ទី១ ព្រះអង្គបរិច្ចាគសេះនិងរទេះដែលព្រះអង្គនិងគ្រួសារកំពុងជិះធ្វើដំណើរ ឲ្យទៅស្មូម ។ ទី២ ព្រះអង្គបរិច្ចាគបុត្រទៅឲ្យតាជូជក ។ ទី៣ ព្រះអង្គបរិច្ចាគមហេសីឲ្យទៅព្រាហ្ម (អ្នកដែលចង់ដឹងរឿងនេះពិស្តារ សូមមេត្តាអានសៀវភៅមហាវេសន្តរជាតក ឬក៏ស្តាប់ខ្សែអាត់ស្មូតរឿងនេះនៅចំណុច ទានកណ្ឌ) ។ ការធ្វើទានរបស់ព្រះវេសន្តរបាននាំមកនូវទុក្ខវេទនាទាំងផ្លូវកាយនិងផ្លូវចិត្ត មិនត្រឹមតែព្រះវេសន្តរអង្គឯងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យបុត្រនិងមហេសីទ្រង់រងទុក្ខជាទម្ងន់ទៀតផង ។ កាលរៀនរឿងនេះនៅវិទ្យាល័យ ខ្ញុំបានសរសេរសារណាមួយរិះគន់ការធ្វើទាននេះយ៉ាងចាស់ដៃ ព្រោះវាជាទង្វើប្រមាទខ្ជីខ្ជាជាទីបំផុត ។ បើនិយាយអំពីសិទ្ធិមនុស្ស វាខុសសព្វបែបយ៉ាង ។ ប៉ុន្តែ តើព្រះវេសន្តរខុស ឬក៏ខ្ញុំយល់ខុស? តស់! អានបន្តទៅទៀត ។
នៅក្នុងដំណើរជីវិតរបស់ខ្ញុំ ខ្ញុំធ្លាប់បានធ្វើវត្ថុទានជារឿយៗ ។ ទានកម្មខ្លះបាននាំទុក្ខកង្វល់ដល់ខ្ញុំគួរឲ្យចាប់អារម្មណ៍ ។ គួរបញ្ជាក់ដែរថា ការធ្វើទានបានទុក្ខរបស់ខ្ញុំនោះ គឺមិនមែនដើម្បីបំពេញបារមីទានដូចព្រះវេសន្តរ ឬក៏ផ្អែកលើគំនិតបញ្ញាការដឹងខ្យល់អ្វីឡើយ ។ ខ្ញុំឲ្យទានពីព្រោះខ្ញុំគិតថា នៅក្នុងកាលៈទេសៈនិងស្ថានភាពនោះ វាជាកម្មដែលខ្ញុំគួរធ្វើ ។ ទាននាំទុក្ខទីមួយដែលខ្ញុំធ្វើគឺការបរិច្ចាគស្បែកជើងផ្ទាត់មួយគូ ។ កម្មនោះកើតឡើងនៅឆ្នាំ ១៩៧៥ អំឡុងពេលខ្មែរក្រហមជម្លៀសពលរដ្ឋចេញពីទីក្រុង ។ គ្រួសារខ្ញុំបានទៅសំចតនៅភូមិ ចម្ការសាមសិប ហើយអាជ្ញាធរមូលដ្ឋានតម្រូវឲ្យក្មេងៗដូចរូបខ្ញុំចេញទៅជួយឃ្វាលគោនៅវាលចម្ការ ។ ថ្ងៃដំបូង ខ្ញុំចេញទៅឃ្វាលគោដោយដើរជើងទទេ ។ ពេលព្រឹកមិនអីទេ ។ តែពេលត្រឡប់មកផ្ទះវិញនាពេលថ្ងៃត្រង់ ខ្ញុំត្រូវរលាកបាតជើងដោយសារការដើរកាត់វាលខ្សាច់ ។ បទពិសោធន៍នោះបានធ្វើឲ្យខ្ញុំស្រឡាញ់ស្បែកជើង ឬទ្រនាប់ជើងលើសអ្វីៗទាំងអស់ ។ កន្លះខែក្រោយមក ពួកយើងត្រូវបានគេជម្លៀសបន្តទៅនៅភូមិ ព្រែករំដេងលិច ។ ទៅដល់ទីនោះ ជីដូនខ្ញុំដែលជាអ្នកស្រុកមូលដ្ឋានរស់នៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ បានមកសួរសុខទុក្ខពួកយើង ។ គាត់ដើរដោយជើងទទេកាត់ភូមិនិងវាលចម្ការមួយចំនួន ។ នៅលើកទីពីរដែលជីដូនខ្ញុំមកសួរសុខទុក្ខពួកយើង គាត់បានមកដល់កន្លែងយើងរស់នៅអំឡុងម៉ោងប្រមាណជា ៩ព្រឹក ។ ខ្ញុំសួរគាត់ថា លោកយាយជិះអ្វីមកបានជាឆាប់មកដល់ម្លេះ? គាត់ថាអត់មានជិះអ្វីទេ គឺងើបដើរមកតាំងតែពីម៉ោង ៤ទៀបភ្លឺ ដើម្បីកុំឲ្យពិបាកដើរកាត់វាលខ្សាច់ដែលក្តៅ ។ ឮដូច្នោះ ខ្ញុំអាណិតគាត់ណាស់ហើយក៏សម្រេចបរិច្ចាគស្បែកជើងផ្ទាត់របស់ខ្ញុំជូនគាត់នាគ្រានោះទៅ ។ មួយខែក្រោយមក អាជ្ញាធរខ្មែរក្រហមមិនអនុញាតឲ្យជីដូនខ្ញុំមកសួរសុខទុក្ខពួកយើងទៀតឡើយ ហើយខ្ញុំក៏ត្រូវបានគេបញ្ជូនឲ្យទៅឃ្វាលគោរាល់ថ្ងៃដែរ ។ បន្ទាប់ពីបរិច្ចាគស្បែកជើងជូនជីដូនខ្ញុំ ខ្ញុំដើរទៅណាមកណាដោយជើងទទេរយៈពេល ៤ឆ្នាំ គឺរហូតដល់ឆ្នាំ ១៩៧៩ ។ ខ្ញុំត្រូវរងទុក្ខដោយជំងឺ ទឹកសុីជើង ជាប្រចាំអំឡុងពេល៤ឆ្នាំនោះ ។ បាតជើងខ្ញុំមានពងបែកតូចៗហើយឈឺផ្សាយ៉ាងខ្លាំងនៅពេលដើរចេញពីផ្ទះ ។ ខ្ញុំយកផ្លែ ម៉ាក្លឿមកដំបំបែកលាបលើបាតជើងដើម្បីកាត់បន្ថយភាពឈឺចាប់ ។ ក្រចកមេជើងខ្ញុំកើតត្រចៀកក្រាញ់ ហើយស្អុយរលួយស្ទើរតែបាត់បង់ ។ វាបានជាសះស្បើយហើយដុះដូចប្រក្រតីឡើងវិញនៅឆ្នាំ ១៩៩៥ គឺ២០ឆ្នាំក្រោយមក ។
ទានទីពីររបស់ខ្ញុំមិនផ្តល់ផលវិបាកធំដំទេ ។ វាគ្រាន់តែជាការបរិច្ចាគសៀវភៅមួយក្បាលដែលខ្ញុំស្រឡាញ់ហើយត្រូវការដើម្បីអនាគតរបស់ខ្ញុំ ។ កម្មទានទីពីរនោះធ្វើនៅឆ្នាំ ១៩៨៧ អំឡុងពេលដែលខ្ញុំកំពុងជាប់គុកនៅក្នុងជំរំជនភៀសខ្លួន ខៅអុីដា ក្នុងប្រទេសថៃ ។ អ្នកដែលជាប់គុកនៅទីនោះប្រៀបដូចជាសត្វដែលគេចាប់ដាក់ក្នុងទ្រុងដ៏ធំមួយ ។ យើងអង្គុយរង់ចាំសេរីភាព ដោយក្តីអស់សង្ឃឹម ។ របស់មួយដែលជួយសម្រាលទុក្ខខ្ញុំនៅក្នុងគុកនោះ គឺសៀវភៅអង់គ្លេស-ខ្មែរ សរសេរដោយលោក ព្រាប សុខ ។ ខ្ញុំស្រឡាញ់សៀវភៅនោះណាស់ ហើយតែងដាក់វាជាប់ខ្លួនជានិច្ច ទោះបីចូលគុកក៏ខ្ញុំយកវាទៅជាមួយដែរ ។ ពេលខ្ញុំត្រូវបានគេដោះលែងចេញពីគុក អ្នកជាប់គុកជាមួយគ្នាម្នាក់បានសុំសៀវភៅនោះអំពីខ្ញុំព្រោះគាត់ស្រឡាញ់សៀវភៅនោះណាស់ដែរ ។ ខ្ញុំបរិច្ចាគសៀវភៅនោះទៅគាត់ ដោយគិតថាវាអាចជួយសម្រាលទុក្ខកង្វល់គាត់ខ្លះៗ ។ គួរបញ្ជាក់ថា ខ្ញុំរស់នៅក្នុងគ្រួសារទាល់ក្រមួយ ។ ជីវិតខ្ញុំរសាត់ទៅដល់ជំរំជនភៀសខ្លួននៅដើមឆ្នាំ ១៩៨៥ គឺមិនខុសអ្វីអំពីជីវិតខ្មែរចំណាកស្រុកខុសច្បាប់នៅប្រទេសថៃសព្វថ្ងៃនេះទេ ។ មុននឹងលាម្តាយខ្ញុំនៅក្នុងដំណើរផ្សងព្រេងនោះ ខ្ញុំបានប្រាប់ម្តាយខ្ញុំថា៖ បើខ្ញុំទៅមិនដល់សហរដ្ឋអាមេរិក ខ្ញុំនឹងខិតខំរៀនភាសាអង់គ្លេសនៅក្នុងជំរំជនភៀសខ្លួនឲ្យចេះស្ទាត់ជំនាញ ដើម្បីយកចំណេះដឹងនោះមកធ្វើជាអាជីពគ្រូបង្រៀននៅជនបទមួយ ។ ការបរិច្ចាកសៀវភៅអង់គ្លេស-ខ្មែរនោះ គឺមិនខុសអំពីបរិច្ចាគប្រភពបញ្ញាដែលខ្ញុំកំពុងតែត្រូវការនោះឡើយ ។
ទានទីបីដែលខ្ញុំធ្វើ គឺនៅអំឡុងដើមទសវត្សឆ្នាំ ១៩៩០ ។ គ្រានោះ ខ្ញុំទើបមកដល់សហរដ្ឋអាមេរិកបានជាងមួយឆ្នាំ ចាប់ផ្តើមរៀននៅមហាវិទ្យាល័យ និងរស់នៅក្រោមផ្ទះរបស់គេ (ផ្ទះនៅស្រុកអាមេរិកភាគច្រើនមានផ្នែកខាងក្រោមហៅ បេសមេន(Basement) សម្រាប់ដាក់អីវ៉ាន់និងសម្ភារៈផ្សេងៗ ដូចផ្ទះខ្មែរយើងដែរ) ។ ស្ថានភាពជីវិតខ្ញុំនៅគ្រានោះ គឺលំបាកគួរសម ។ ថវិកាបង់ថ្លៃសាលាមានមិនគ្រប់ ត្រូវខ្ចីលុយពីធនាគារមកបង់បន្ថែមរៀងរាល់ឆ្នាំ ។ ប៉ុន្តែ មានញាតិនិងមិត្តភក្តិខ្លះ លំបាកជាងខ្ញុំទៅទៀត ។ ពួកគេកំពុងសិក្សាដូចជាខ្ញុំដែរ ប៉ុន្តែត្រូវការជំនួយសង្គ្រោះបន្ទាន់ ។ ក្នុងកាលៈទេសៈនោះ ខ្ញុំសម្រេចកាត់បន្ថយម៉ោងសិក្សា ដើម្បីយកពេលវេលាទៅធ្វើការងាររកថវិកាមកធ្វើជាទានដល់ញាតិមិត្ត ។ កម្រៃបានមកពីការងារក្រៅម៉ោងរៀនមិនមានអ្វីជាដុំកំភួនទេ ប៉ុន្តែវាបានជួយចម្លងសត្វលោកដែលកំពុងប្រឈមនឹងគ្រោះ ឲ្យឆ្លងផុតហានិភ័យ ។
មកដល់ពេលនេះ វាមានរយៈពេលជាង ៤០ឆ្នាំហើយ ។ តើទានមានទុក្ខដែលខ្ញុំធ្វើកន្លងទៅនោះ វាបានហុចផលកុសលអ្វីខ្លះទេ? សំណួរនេះ មនុស្សមួយចំនួនអាចឆ្លើយថា៖ ផលនិងកុសលវាកើតមាននៅជាតិខាងមុខឯនោះ មិនមែនជាតិបច្ចុប្បន្ននេះទេ ។ ប៉ុន្តែ ខ្ញុំយល់ផ្សេង ។ ផលនិងកុសលនៃទានគឺអាចកើតមាននៅបច្ចុប្បន្នជាតិផងដែរ គ្រាន់តែយើងមិនមានទម្លាប់ស្វែងយល់និងកត់សម្គាល់ ។
មុននឹងបង្ហាញអំពីផលកុសលនៃទានមានទុក្ខរបស់ខ្ញុំ ខ្ញុំសូមបង្វែអារម្មណ៍មិត្តអ្នកអានទៅកាន់រឿងមហាវេសន្តរជាតកម្តងទៀត ។ នៅចុងបញ្ចប់នៃដំណើររឿងរបស់ព្រះវេសន្តរ ព្រះអង្គត្រូវបានគេយកអជានេយ្យនិងរទេះជាច្រើនមកដង្ហែព្រះអង្គទៅនគរវិញ ។ ឯបុត្រទាំងទ្វេរបស់ទ្រង់ត៏ត្រូវបានតាជូជក យកទៅដោះដូរជាមួយនឹងជីតារបស់រាជកុមារទាំងពីរនោះដែរ ។ នាងមេទ្រី ដែលជាភរិយានិងជាអ្នកស្វែងរកផលានៅក្នុងព្រៃមកចិញ្ចឹមព្រះអង្គក៏មិនបានឃ្លាតកាយទៅឆ្ងាយដែរ ត្បិតព្រាហ្មដែលមកសុំយកនាងនោះជាព្រះឥន្ទ្រក្លែងព្រះកាយ ។ បើយើងមើលឲ្យជ្រៅទៅក្នុងប្រការនេះតាមរយៈវិភាគអក្សរសីល្ប៍ យើងអាចសន្មត់ថា ការដង្ហែដ៏គគ្រឹកគគ្រេងនាំយកព្រះវេសន្តរចូលទៅនគរវិញនោះគឺជាផលនៃការធ្វើទានរទេះនិងសេះរបស់ព្រះអង្គ ។ បដិសណ្ឋារកិច្ចនិងក្តីស្រឡាញ់រាប់អានដែលពលរដ្ឋទូទាំងនគរសាទរចំពោះព្រះអង្គ គឺជាផលនៃការឲ្យទានបុត្រទាំងទ្វេ ។ បារមីទានចុងក្រោយដែលនាំឲ្យព្រះអង្គបានត្រាសដឹងជាទីពឹងរបស់មនុស្សក្នុងលោក គឺជាផលនៃការឲ្យទានមហេសី ដែលជាឧត្តមទានគ្មានមនុស្សដទៃណាធ្វើបានឡើយ ។ គួរបញ្ជាក់ថា ការបកស្រាយអំពីផលនៃទានរបស់ព្រះវេសន្តរ ត្រូវការចំណេះដឹងផ្នែកអភិធម្ម (Metaphysics) ។ មិនអាចយកតក្កវិជ្ជា (Logics) ការពិសោធន៍ ឬហេតុផលមកធ្វើជាមូលដ្ឋានបកស្រាយទេ ។ វាតម្រូវឲ្យយើងទទួលយកតាមរបៀបជំនឿសាសនា ។
១) ស្បែកជើងកំសត់ដែលជាទានអង្កាច់អង្កោចរបស់ខ្ញុំនោះ តើផ្តល់កុសលអ្វីដល់ខ្ញុំដែរ? ចាប់ពីឆ្នាំ ១៩៩៦មកដល់បច្ចុប្បន្ន ខ្ញុំទទួលបានការងារមួយដែលតម្រូវឲ្យខ្ញុំស្លៀកពាក់របៀបមន្ត្រីរដ្ឋការនៅបស្ចិមប្រទេស ។ កន្លែងខ្ញុំធ្វើការ ភាគច្រើនមានក្រាលកម្រាលព្រុំ ។ ២) សៀវភៅសំណព្វចិត្តមួយក្បាលដែលខ្ញុំបរិច្ចាគនោះ បានញ៉ាំងឲ្យខ្ញុំជួបតែចំណេះដឹងនៅក្នុងដំណើរជីវិត ។ គួរបញ្ជាក់ថា មុនឆ្នាំ ១៩៧៥ ខ្ញុំរៀនបាន ៣ឆ្នាំកន្លះ ។ ខ្ញុំខកខានរៀនរយៈពេល ១០ឆ្នាំគត់ ។ ត្រឡប់ទៅរៀនវិញនិងចាប់ផ្តើរៀន ABC នៅអាយុជាង ២០ឆ្នាំ ។ បើគ្មានជំនួយអំពីកុសលនៃទានសៀវភៅមួយក្បាលនោះទេ ខ្ញុំគ្មានវាសនានឹងដើរមកដល់ចំណុចនេះឡើយ ព្រោះខ្ញុំដឹងដោយខ្លួនឯងថាមិនមានសមត្ថភាពអ្វីជាដុំកំភួន ។ ៣) ទានដែលខ្ញុំធ្វើដើម្បីបុព្វហេតុសិក្សារបស់ញាតិនិងមិត្តនោះ បានផ្តល់កុសលឲ្យខ្ញុំជួបប្រាស្រ័យធ្វើការងារជាមួយតែអ្នកប្រាជ្ញដែលមានជំនាញខ្ពស់ៗ ។ គំនិតប្រាជ្ញាដែលខ្ញុំអាចរៀនអំពីអ្នកប្រាជ្ញទាំងនោះ គឺខ្ញុំទទួលបានដោយមិនចាំបាច់បង់ប្រាក់សូម្បី ១សេនឡើយ ។ ទាំងនេះគឺជាផលកុសលនៃទានមានទុក្ខរបស់ខ្ញុំ ។ គួរកត់សម្គាល់ដែរថា ទុក្ខលំបាកដែលខ្ញុំទទួលពាក់ព័ន្ធនឹងការធ្វើទានទាំងនោះ មិនដែលធ្វើឲ្យខ្ញុំមានចិត្តសោកស្តាយឬក៏ទោមនស្សអ្វីឡើយ ។ ខ្ញុំមានអារម្មណ៍ជ្រះថ្លានិងមានឧបេក្ខាក្នុងចិត្តជានិច្ចអំឡុងពេលនោះនិងរហូតដល់បច្ចុប្បន្ន ។ រឿងទានកម្មប្រចាំជីវិតរបស់ខ្ញុំ សន្មត់ថាចប់ត្រឹមនេះ ។ សម្រាប់អ្នកដែលចង់ស្គាល់និងយល់ពិស្តារអំពីឧត្តមទាន សូមមេត្តាអានសៀវភៅ ឧត្តមគតិជីវិត របស់ធម្មបាល ខៀវ ជុំ ៕
Thursday, December 6, 2018
ចំណីខួរក្បាល
ស្គាល់
"ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់" (Know yourself, know your enemies; a hundred battles, a hundred victories) ជាដំបូន្មានចិនបុរាណដ៏មានសារប្រយោជន៍ជាទីបំផុត ។ មិនថានៅក្នុងវិស័យសង្គ្រាម នយោបាយ ពាណិជ្ជកម្ម ឬក៏ការសិក្សាឡើយ អ្នកដែលយល់និងយកគំនិតនេះមកធ្វើជាគោល រមែងទទួលបានជោគជ័យនៅក្នុងដំណើរជីវិត ។ តើស្គាល់ដោយវិធីណា បើពិភពលោកនេះមានការបោកប្រាស់និងអំពើទុច្ចរិតស្ទើរតែគ្រប់រូបភាពនោះ? ចម្លើយដ៏ខ្លីគឺ រៀន ។
រៀនមានទៅមានមក (Two way street) ។ បើអ្នកមានសត្រូវ ឬគូបដិបក្សដែលត្រូវប្រកួតគ្នា ភាគីដែលស្គាល់អត្តចារិត ឬយុទ្ធសាស្ត្ររបស់សត្រូវខ្លួនច្រើនជាងភាគីម្ខាងទៀត ឈ្នះ ។ ឈ្នះ ក៏ត្រូវមានយុទ្ធសាស្ត្រឈ្នះដែរ ។ មុននឹងព្យាយាមយកឈ្នះលើគេ ត្រូវយកឈ្នះលើខ្លួនឯងសិន (ស្គាល់ខ្លួនឯង) ។ និយាយអំពីការស្គាល់ខ្លួនឯងនេះ ខ្ញុំនឹកទៅដល់គណៈបក្សសង្គ្រោះជាតិ ដែលកំពុងតែឈ្លោះទាស់ទែងគ្នារញ៉េរញ៉ៃ ។ ពួកគេធ្វើការជាមួយគ្នា បង្កើតយុទ្ធសាស្ត្រនយោបាយជាមួយគ្នា យូរក្រែលដែរហើយ ប៉ុន្តែអ្វីដែលកំពុងតែស្តែងចេញមក បង្ហាញថា ពួកគេនៅមិនទាន់ស្គាល់ខ្លួនឯងនៅឡើយ ។ បើមិនស្គាល់ខ្លួនឯងផង តើទៅប្រកួតយកឈ្នះគណៈបក្សប្រជាជនដូចម្តេចទៅ? សង្ឃឹមថា ទំនាស់ក្នុងបក្សសង្គ្រោះជាតិ ជាឆាកល្ខោនដែលពួកគេធ្វើឡើងដើម្បីបំភ័ន្តភ្នែកបង្វែងដានសត្រូវរបស់ពួគេទៅចុះ ។
ស្គាល់ ជាពាក្យសាមញ្ញដែលមនុស្សគ្រប់រូបប្រើប្រចាំថ្ងៃ ប៉ុន្តែវាមានសារប្រយោជន៍ជ្រាលជ្រៅនៅពេលដែលយើងភ្ជាប់វាជាមួយនឹង សង្គ្រាម នយោបាយ ពាណិជ្ជកម្ម ឬការសិក្សា ។ នៅក្នុងដំណើរនយោបាយ យុទ្ធសាស្ត្រស្គាល់ជាគន្លឹះដ៏សំខាន់បំផុតក្នុងការសម្រេចជោគវាសនាមនុស្ស ។ កាលលោក មហាត័្មកគន្ធី ដឹកនាំពលរដ្ឋឥណ្ឌាឲ្យស៊ូទ្រាំនឹងការវាយដំច្រំធាក់ពីសំណាក់អាជ្ញាធរអាណានិគមអង់គ្លេស ដោយមិនតបតនោះ គាត់ស្គាល់ច្បាស់លាស់ណាស់ថាប្រទេសនិងពលរដ្ឋអង់គ្លេសមានកំរិតគិតដល់សិទ្ធិមនុស្សខ្ពស់ ។ ដូច្នេះ ការស៊ូទ្រាំរបស់ពលរដ្ឋឥណ្ឌានៅគ្រានោះ បានក្លាយទៅជាកត្តលិករ (Catalyst) ជម្រុញអង់គ្លេសឲ្យផ្តល់សិទ្ធិសេរីភាពនិងឯករាជដល់ពលរដ្ឋឥណ្ឌាវិញ ។ នៅពេលគណៈបក្សសង្គ្រោះជាតិយកយុទ្ធសាស្ត្រដូចគ្នានេះមកអនុវត្តតទល់ជាមួយនឹងគណៈបក្សប្រជាជននៅកម្ពុជា ពួកគេបានត្រឹមតែត្រូវដំបង ជាប់គុក និងរត់រប៉ាត់រប៉ាយ រហូតដល់រលាយទាំងគណៈបក្សថែមទៀត ។ នេះហើយជាលទ្ធផលនៃការមិនស្គាល់ ។
ការស្វែងយល់និងស្គាល់គណៈបក្សប្រជាជន មិនមែនជាការងាយស្រួលទេ ។ ប៉ុន្តែ បើយើងរៀន គ្មានអ្វីដែលយើងមិនអាចស្គាល់នោះទេ ។ សង្ខេបឲ្យខ្លី គណៈបក្សប្រជាជន មានប្រភពចេញមកពីលទ្ធិកុម្មុយនីស្ត ។ លទ្ធិកុម្មុយនីស្ត ប្រើរបបផ្តាច់ការ ។ របបផ្តាច់ការ យកអំពើហឹង្សាជាគោល ។ អំពើហឹង្សា មិនរួញរាក្នុងការបំពានសិទ្ធិមនុស្សទេ ។ នេះគឺជាកត្តាមួយដែលគណៈបក្សនយោបាយនានានៅកម្ពុជាត្រូវស្គាល់និងរកយុទ្ធសាស្ត្រមកដោះស្រាយ មុននឹងដេកសង្ឃឹមរវើរវាយបង្ហោះក្តីស្រមៃទៅរកជ័យជម្នះ ។ បើនិយាយអំពីយុទ្ធសាស្ត្រយកឈ្នះលើគណៈបក្សប្រជាជននោះ មានមិនខ្វះទេ ។ អ្វីដែលខ្វះ គឺឆន្ទៈនយោបាយ ។ សម្រាប់អ្នកដែលចង់ដឹងថាតើឆន្ទៈនយោបាយអ្វីខ្លះ ដែលអាចនាំទៅដល់ជ័យជម្នះ ឬក៏ភាពឈ្នះ-ឈ្នះ នោះ? ចម្លើយគឺ លះបង់ (ផលប្រយោជន៍បក្សនិងបុគ្គល ផ្តល់អាទិភាពឲ្យរដ្ឋនិងរាស្ត្រគ្រប់រូប) ។ បើលះបង់មិនបានទេ គួរកុំនិយាយអំពីឆន្ទៈនយោបាយអី ។
នៅក្នុងដំណើររកដំណោះស្រាយកាត់បន្ថយអំពើព្រៃផ្សៃនៃរបបផ្តាច់ ឬក៏កែប្រែចរិតរបបផ្តាច់ការ គេឃើញមានការព្យាយាមមួយចំនួនដូចជាការនាំយកកូនជនផ្តាច់ការឲ្យទៅសិក្សានៅក្នុងប្រទេសប្រជាធិបតេយ្យ ឬក៏លើកទឹកចិត្តជនផ្តាច់ការឲ្យបើកចំហរសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយដោយអនុវត្តតាមលទ្ធិប្រជាធិបតេយ្យជាដើម ។ ប៉ុន្តែ ការប្រឹងប្រែងទាំងនោះហាក់ដូចជាគ្មានបានទទួលលទ្ធផលវិជ្ជមានទេ ។ ជាទូទៅ កូនជនផ្តាច់ការដែលទៅសិក្សានៅក្នុងប្រទេសប្រជាធិបតេយ្យ មិនយកគំនិតនៅក្នុងលទ្ធិប្រជាធិបតេយ្យទៅដឹកនាំប្រទេសទេ ។ ផ្ទុយមកវិញ ពួកគេយកចំណុចខ្សោយនានានៅក្នុងលទ្ធិប្រជាធិបតេយ្យទៅពង្រឹងរបបផ្តាច់ការបានរឹងមាំជាងមុនទៅទៀត ។ ឯជនផ្តាច់ការដែលពាក់អាវប្រជាធិបតេយ្យក៏ដូចគ្នាដែរ ។ ពួកគេតែងតែយកច្បាប់សម្រាប់គាំពារពលរដ្ឋ មកបត់ធ្វើជាឧប្បករណ៍គៀបសង្កត់ពលរដ្ឋទៅវិញ ។ នៅពេលជនផ្តាច់ការប្រកាសថា អនុវត្តច្បាប់ ពង្រឹងនិតិរដ្ឋ ធាតុពិតគឺជាការគៀបសង្កត់សិទ្ធិសេរីភាព ។ ផលវិបាកទាំងនេះ មិនមែនមកពីលទ្ធិប្រជាធិបតេយ្យមានទ្រឹស្តីទន់ខ្សោយជាងលិទ្ធិកុម្មុយនីស្តដែលជាព្រះគម្ពីររបស់ជនផ្តាច់ការនោះទេ ។ កត្តាជោគជ័យឬបរាជ័យ គឺស្ថិតនៅលើពាក្យ "ស្គាល់" នេះឯង ៕
Thursday, November 15, 2018
ចំណីខួរក្បាល
រោគចិត្ត
រោគចិត្ត ឬ ពិការញាណ ដែលខ្មែរយើងបច្ចុប្បន្ននិយមហៅថា៖ ជំងឺសសៃប្រសាទ គឺជាបញ្ហាមួយដែលមនុស្សគ្រប់រូបប្រឈម ។ មនុស្សដែលកើតមកលើលោកនេះ គ្មាននរណាម្នាក់ដែលថា មិនពិការញាណនោះទេ គ្រាន់តែតិចហើយនិងច្រើនប៉ុណ្ណោះ ។ ការភ្នាល់គ្នារវាងអ្នកនយោបាយខ្មែរល្បីឈ្មោះពីររូប ដោយយកសេរីភាពរបស់អ្នកនយោបាយម្នាក់ទៀតមកដាក់ធ្វើជាដើមទុន វាបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សប្រភេទណាក៏ដោយ មិនអាចចាកផុតអំពីភាពពិការញាណនេះទេ ។
រោគចិត្ត ជំងឺសសៃប្រសាទ ឬឆ្កួត មិនមែនជាជំងឺដែលគួរឲ្យខ្លាច ឬពិបាកយល់នោះទេ ។ ដូចបានលើកឡើងរួចមកហើយ ជំងឺនេះវាស្ថិតនៅនឹងខ្លួនយើងគ្រប់ៗគ្នា ។ នៅពេលដែលយើងយល់អំពីរោគចិត្ត នោះយើងប្រហែលជាឈប់ខ្លាចឬព្រួយបារម្ភអំពីរោគចិត្តទៀតហើយ ។ ដើម្បីស្វែងយល់អំពីរោគចិត្តឲ្យបានសុីជម្រៅ យើងគប្បីឈប់ប្រើពាក្យពេចន៍អវិជ្ជមានមួយចំនួនដូចជាពាក្យ ឆ្កួត រោគចិត្ត សសៃប្រសាទ សតិមិនគ្រប់ ឡប់ ជាដើម ។ល។ យើងអាចប្រើពាក្យ ពិការញាណ ជំនួសឲ្យពាក្យទាំងនេះ ព្រោះវាជាពាក្យមិនរើសអើង ។
ដូចជំងឺដទៃទៀតដែរ ពិការញាណមានអការៈ ធ្ងន់ និង ស្រាល ។ យើងអាចសម្គាល់និងបែងចែកពិការញាណជាបីប្រភេទគឺ៖ ស្រាល មធ្យម និង ធ្ងន់ ។ ពិការញាណប្រភេទស្រាលគឺ កង្វះខាតការត្រងត្រាប់ស្តាប់យល់ ដែលភាសាអង់គ្លេសហៅថា Attention Deficit Hyperactivity Disorder (ADHD) ។ មនុស្សទាំងអស់ក្នុងលោករាប់បញ្ចូលទាំងស្មេរផងដែរ សុទ្ធតែទទូួលរងនូវភាពពិការញាណប្រភេទ ADHD នេះ ។ ពិការញាណកំរិតមធ្យមភាសាអង់គ្លេសហៅថា៖ Autism or Autism Spectrum Disorder (ASD) ដែលញាំញីមនុស្សមិនលើសពី ២ ភាគរយ ។ ឯកំរិតធ្ងន់គេហៅថា៖ Down Syndrome ។ មនុស្សពិការញាណកំរិតធ្ងន់នេះ មិនសូវមានទេ ។ គួរកត់សម្គាល់ដែរថា ពិការញាណកម្រិត ស្រាល មធ្យម និងធ្ងន់ មានចំណុចឬរោគសញ្ញាត្រួតស៊ីគ្នាដែលភាសាអង់គ្លេសហៅថា Overlap ។ ឧទាហរណ៍ អ្នកពិការញាណ ADHD កម្រិតធ្ងន់អាចឈានទៅដល់ ASD កម្រិតស្រាល និងអ្នកដែលមាន Down Syndrome កម្រិតស្រាលអាចធ្លាក់មកនៅត្រឹម ASD កម្រិតធ្ងន់ ។
គេអាចកត់សម្គាល់មនុស្សពិការញាណកម្រិតធ្ងន់ តាមរយៈភាពមិនប្រក្រតីនៅលើទម្រង់មុខនិងអវយវៈជាមួយនឹងអសមត្ថភាពក្នុងការនិយាយស្តី (Physical Deformity) ។ ប៉ុន្តែ សម្រាប់ភាពពិការញាណកម្រិតស្រាលនិងមធ្យម វាពិបាកនឹងមើលយល់ណាស់ ។ អ្វីដែលយើងមើលមិនយល់នេះ បានធ្វើឲ្យមានការភ័ន្តច្រឡំ (Misunderstanding) នៅក្នុងសង្គមមនុស្សរកទីបំផុតគ្មាន ។ កាលពីក្មេង ម្តាយខ្ញុំឧស្សាហ៍ដៀលខ្ញុំថាជាកូន "មិនច្រឡំនឹងគេ" (Misfit) ។ ធាតុពិត ខ្ញុំមិនមែនជាមនុស្សមិនច្រឡំនឹងគេនោះទេ ។ គឺម្តាយខ្ញុំវិញទេដែលមើលមិនយល់អំពីអត្តចរិតរបស់ខ្ញុំ ។ និយាយអំពីរឿងយល់នេះ នឹកឃើញដល់គណៈបក្សមួយដែលនិយមនិយាយថា៖ អ្នកដែលមិនទាន់យល់សម្ព័ន្ធ មិនងាយស្និទ្ធស្នាលជាមួយនឹងសម្ព័ន្ធទេ ។ ហុឹម! និយាយចុះនិយាយឡើងធ្លាយដល់រឿងនយោបាយទៀតហើយខ្ញុំ ។
ជាទូទៅ កង្វះខាតការត្រងត្រាប់ស្តាប់យល់ ADHD ចាប់ផ្តើមសាបរលាបនៅពេលដែលមនុស្សធំដឹងក្តី គឺចាប់ពីអាយុប្រមាណ ៥ឆ្នាំឡើងទៅ ។ ប៉ុន្តែ កត្តាខ្លះនៃកង្វះខាតការត្រងត្រាប់ស្តាប់យល់ រមែងនៅដិតជាប់នឹងខួរក្បាលមនុស្សលុះអស់សង្ខារ ។ ឧទាហរណ៍ នៅពេលដែលយើងធ្វើអ្វីមួយខុស ឬក៏មិនយល់អំពីអ្វីដែលយើងព្យាយាមសិក្សា វាគឺជាការបែកធ្លាយនៃភាពពិការញាណរបស់យើង ។ ខ្ញុំធ្លាប់បានសរសេរអំពី ADHD ផ្សាយម្តងរួចហើយ ។ ដុច្នេះ សុំមិនវែកញែកវែងឆ្ងាយទេ ។ អ្នកដែលចង់អានអត្ថបទនោះ សូមផ្ញើសារមកខ្ញុំ ខ្ញុំនឹងផ្ញើជូន ។ អ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ គឺពិការញាណកម្រិតមធ្យមដែលភាសាអង់គ្លេសហៅថា Autism or Autism Spectrum Disorder (ASD) ។ អូទីហ្សិម ឬ ASD ញាំញីមនុស្សមិនដល់ពីរភាគរយទេ ។ ក្នុងចំណោមមនុស្ស ៦០នាក់ គឺមានម្នាក់កើតមកជាមួយនឹងរោគនេះ ។ គេមិនដឹងថា វាបណ្តាលមកអំពីអ្វីទេ ។ ប៉ុន្តែ អ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថា ៥០% បង្កដោយសារធាតុពុល (Toxin) នៅក្នុងចំណីដែលមាតាទទួលទានអំឡុងពេលពរពោះទារក និង៥០%ទៀតមានប្រភពមកពីការផ្គុំគ្នានៃកោសិកាជីវិត (Genes) របស់ម៉ែឪ ។
មនុស្សពិការញាណមធ្យម (Austistic Person) ភាគច្រើនមិនចំណាប់ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សផងទាំងពួងទេ ។ ហើយក៏មិនសូវស្តាប់តាមការណែនាំដែរ ។ មនុស្សពិការញាណមធ្យមខ្លះ មិនយល់អំពីហានិភ័យនានានៅក្នុងដំណើរជីវិតទៀតផង ។ ប៉ុន្តែ អ្វីដែលមនុស្សពិការញាណមធ្យមអាចមាន គឺទេពកោសល្យអ្វីមួយដែលមនុស្សផងទាំងពួកមិនអាចធ្វើដូច ។ ឧទាហរណ៍ មនុស្សពិការញាណមធ្យមខ្លះ ពូកែគូររូប ខ្លះពូកែលេងភ្លេង គិតលេខ ឬក៏អាចចងចាំព្រឹត្តិការណ៍និងពេលវេលាប្រៀបបាននឹងកំព្យូទ័រ ។ ថ្មីៗនេះ ពត៌មានសង្គមបានផ្សាយអំពីកុមារខ្មែរមួយរូប ដែលចេះនិយាយភាសាបរទេសជាង ១០ភាសា ដោយគ្មានការហ្វឹកហាត់ផ្លូវការឡើយ ។ ទេពកោសល្យនេះ មិនមែនជារឿងចៃដន្យទេ ។ វាអាចមានប្រភពចេញពីភាពពិកាញាណមធ្យម Autism នេះឯង ។ ប្រការនេះយើងអាចបញ្ជាក់បានដោយយកលំហាត់រោគវិនិច្ឆ័យឈ្មោះ DSM-5 មកធ្វើជាគោលវិភាគ ។ លំហាត់នេះ មានរោគសញ្ញាសំខាន់ៗប្រមាណជា ២០ ។ ប្រសិនបើមនុស្សណាមានរោគសញ្ញា ៥ ក្នុងចំណោម ២០ ទើបអាចចាត់ទុកថាពិការញាណកម្រិតមធ្យម ។
នៅក្នុងប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក កុមារដែលគេវាយតម្លៃឃើញថា ពិការញាណកម្រិតមធ្យមគឺត្រូវបានគាំពារឲ្យមានឱកាសសិក្សារៀនសូត្រដោយឥតបង់ប្រាក់ រហូតដល់អាយុ ១៨ឆ្នាំ ។ រដ្ឋជួយសព្វបែបយ៉ាង ។ ចាប់តាំងពីមធ្យោបាយធ្វើដំណើរទៅសាលា ចំណីអាហារ និងការមើលថែរក្សាប្រចាំថ្ងៃ ។ គេធ្វើរបៀបនេះ មិនមែនដើម្បីបំពេញកាតព្វកិច្ចគាំពារសិទ្ធិមនុស្សប៉ុណ្ណោះទេ គឺគេចង់ឲ្យមនុស្សពិការញាណមធ្យមទាំងនោះមានឱកាសអភិវឌ្ឍទេពកោសល្យនិងបញ្ចេញសក្តានុពលរបស់ខ្លួនឲ្យបានពេញលេញដើម្បីជួយដល់សង្គមជាតិ ។ នេះគឺជាកត្តាសំខាន់ដ៏ធំមួយដែលសង្កមខ្មែរបច្ចុប្បន្ន និងពីដើមរៀងមកមើលរំលង ។ ឲ្យតែសង្ស័យថាអ្នកណាម្នាក់មានរោគចិត្ត គឺមិនចង់នៅជិតតែម្តង ។
កន្លងមក ខ្ញុំឧស្សាហ៍ឃើញឪពុកម្តាយខ្លះវាយប្រដៅកូនក្មេងស្ទើរស្លាប់ស្ទើររស់ នៅពេលដែលកូននោះមិនព្រមស្តាប់ឬក៏ធ្វើតាមការណែនាំរបស់គាត់ ។ ឪពុក ឬម្តាយទាំងនោះប្រហែលជាមិនដឹងទេថា កូនរបស់គាត់ពិការញាណមធ្យម ហើយមានទេពកោសល្យអ្វីមួយដែលអាចក្លាយទៅជាមនុស្សអស្ចារ្យមួយរូប ៕
Wednesday, November 7, 2018
ចំណីខួរក្បាល
ទន្លេនិងមនុស្ស
មនុស្សដែលរស់នៅតាមដងទន្លេ ត្រូវតែស្គាល់អត្តចរិតរបស់ទន្លេ បើមិនដូច្នោះទេ ទន្លេនឹងផ្តល់មេរៀនឲ្យមនុស្សមិនឈប់ឈរឡើយ ។ ការបាក់ច្រាំងទន្លេនៅទីក្រុងកំពង់ចាមនាពេលបច្ចុប្បន្ននេះ វាជាមេរៀនមួយដែលមនុស្សចាំបាច់ត្រូវតែស្វែងយល់អំពីទន្លេ ។
ទន្លេនិងស្ទឹង តែងមានប្រភពទឹកចេញមកពីភ្នំណាមួយ ។ នៅពេលទឹកនោះហូរចាកកន្លែងចេញមក វាបង្កើតជាជ្រលងដែលមានថ្មអមសង្ខាង ។ លុះទឹកនោះហូរមកដល់វាលទំនាប ទន្លេតែងតែផ្លាស់ប្តូរផ្លូវហូររបស់វា ដែលភាសាអង់គ្លេសហៅថា៖ Meandering ។ មូលហេតុដែលនាំឲ្យទន្លេផ្លាស់ប្តូរផ្លូវ គឺដោយសារគ្រាប់ខ្សាច់ដែលដាច់ចេញអំពីថ្មភ្នំមកកជាពំនូកនានានៅបាតទន្លេ ។ ពំនូកខ្សាច់ខ្លះអាចកធំឡើងៗរហូតក្លាយទៅជាកោះ ។ ការបង្កើតជាកោះ ឬផ្លាស់ប្តូរផ្លូវទឹកហូរ អាចប្រើថេរវេលារាប់រយ ឬក៏រាប់ពាន់ឆ្នាំ ។ ប៉ុន្តែ ទឹកទន្លេហូរមិនចេះហត់ទេ ។ ដរាបណាភពផែនដីនៅជាធរមាន ទន្លេនៅតំបន់វាលទំនាប នឹងបង្កើត និងបំផ្លាញនូវអ្វីៗដែលវាហូរកាត់ ។
សូមបង្វែអារម្មណ៍មកនិយាយអំពីរឿងបាក់ច្រាំងនៅទីក្រុងកំពង់ចាមវិញម្តង ។ កាលពីក្មេង ខ្ញុំធ្លាប់រស់នៅក្បែរកន្លែងបាក់ច្រាំងនោះ ។ ខ្ញុំស្គាល់សណ្ឋានដីនិងច្រាំងទន្លេម្តុំនោះ ដូចបាតដៃខ្ញុំអញ្ចឹង ។ បើយើងសង្កេតមើលទីក្រុងកំពង់ចាមទាំងមូល វាជាអតីតកោះមួយ ។ ទន្លេមេគង្គកាលពីបុរាណហូរកាត់ខាងលិចទីក្រុងតាមចន្លោះទំនាបវត្ត បឹងកុកនិងភូមិមេម៉ាយ ចាក់ទៅទន្លេអុំ ធ្លុះទៅបឹងស្នាយ ធ្លាយតាមព្រែកដើមមច័ន្ទ រួចទៅជួបនឹងតួទន្លេធំវិញនៅម្តុំខាងលិចកោះប៉ែននិងកោះកំពង់ត្រុំសព្វថ្ងៃ ។ នៅចន្លោះផ្លូវដែលទន្លេបុរាណនេះហូរមានថ្មបាយគ្រៀមធំៗពីរពំនូកដែលស្ថិតនៅមុខវត្ត ជ្រោយថ្មមួយកន្លែង និងមួយកន្លែងទៀតនៅក្បែរវត្តនគរបាជ័យ ។ ចាស់ៗតំណាលតៗគ្នាថា៖ ពំនូកថ្មទាំងពីរនោះ គឺតាព្រហ្មណ៍គាត់រែកមកដាច់សង្រែកធ្លាក់នៅទីនោះ ។ តែធាតុពិត វាគឺជាសំណល់កម្អែភ្នំភ្លើងដែលបានផ្ទុះរាប់ពាន់ឬលានឆ្នាំមកហើយ ។
ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេ គេតែងសង់ទំនប់ដែលភាសាអង់គ្លេសហៅថាលីវី Levee តាមបណ្តោដងទន្លេ ។ នៅពេលដែលទន្លេបុរាណដែលហូរតាមផ្លូវទឹកខាងលិចក្រុងកំពង់ចាមចាប់ផ្តើមគោក គេក៏សង់ទំនប់មួយចាប់ពីភូមិ ចុងថ្នល់ ដែលស្ថិតនៅខាងជើងវត្តជ្រោយថ្មបន្តិច ទៅកាន់ភូមិ គៀនជ្រៃ ហើយហួសទៅដល់ភ្នំហាន់ជ័យ និងបន្តទៅតំបន់មួយចំនួនទៀតនៅក្នុងស្រុកស្ទឹងត្រង់ ។ បន្ទាប់ពីទំនប់នេះសង់រួច ទំនាបទន្លេបុរាណនោះក៏បានក្លាយទៅជាបឹងកុក ទន្លេអុំ និង បឹងស្នាយ ។ អ្នកកើតជំនាន់ក្រោយប្រហែលមិនអាចរកបឹងទាំងនោះឃើញទេ ត្បិតបឹងខ្លះត្រូវបានគេលុបជិតអស់ហើយ ។
ពំនូកថ្មនៅមុខវត្តជ្រោយថ្មមានដើមអញ្ជែញពីរដើមដុះពីលើ ហើយវាក៏ជារបាំងមួយ ដែលធ្វើឲ្យមានទឹកហូរគួចយ៉ាងខ្លាំងត្រង់ចំណុចនោះ ។ គំនួចទឹកហូរបានបង្កឲ្យមានកូនឈូងតូចមួយស្តិតនៅត្រង់ចំណុចដែលដីកំពុងបាក់ស្រុតសព្វថ្ងៃនេះ ។ នៅដើមទសវត្សឆ្នាំ ១៩៧០ ឈូងនោះមានឆ្នេរខ្សាច់ល្អស្អាត ដែលជាកន្លែងងូតទឹកកម្សាន្តដ៏មានប្រជាប្រិយ ។ ឆ្នាំ ១៩៧៣ ឈូងនោះត្រូវបានទាហានម៉ារីនយកធ្វើជាមូលដ្ឋានដើម្បីចតនាវាតូចៗ ។
ពំនូកថ្មនៅមុខវត្តជ្រោយថ្ម និងឈូងទន្លេដែលស្ថិតនៅក្បែរនោះ គង់វង្សនៅរហូតដល់ចុងទសវត្សឆ្នាំ ១៩៩០ ។ វាទើបតែនឹងវិនាសបាត់បង់ទៅនៅដើមទសវត្សឆ្នាំ ២០០០ នេះទេ ។ មូលហេតុមួយដែលអាចធ្វើឲ្យគំនរថ្មកម្អែភ្នំភ្លើងបុរាណដែលមានអាយុកាលរាប់សតវត្សដ៏ធំនេះរំលំរលាយទៅបាន គឺការបូមខ្សាច់ចេញអំពីបាតទន្លេនៅក្បែរៗនោះ (River bed disturbances) ។ បើយើងសង្កេតមើលតាមសណ្ឋានដីដែលទីក្រុង កំពង់ចាម កំពុងស្ថិតលើសព្វថ្ងៃ វាត្រូវបានបង្កើតឡើងដោយពំនូកថ្មបុរាណនៅមុខវត្តជ្រោយថ្មនេះឯង ។ ទឹកទន្លេដែលហូរមកបុកនឹងពំនូកថ្មនេះ បានបង្កឲ្យមានដីដុះនៅថ្នែកខាងក្រោម ។ ដីដុះនិងពំនូកថ្មគឺជាកត្តាគាំពារគ្នាទៅវិញទៅមក ។ នៅពេលដែលពំនូកថ្មដែលជាកត្តាបង្កឲ្យមានដីដុះ ត្រូវបានវិនាសបាត់បង់ ដីដែលដុះដោយសាពំនូកថ្មក៏ពិបាកនឹងគង់វង្សនៅដែរ ។ ចំណុចនេះហើយដែលធ្វើឲ្យទីក្រុងកំពង់ចាមជួបហានិភ័យ ។ ពីដើមមិញយើងរំពឹងលើរបាំងថ្មធម្មជាតិជួយគាំពារ ។ នៅពេលរបាំងនោះបាត់បង់ទៅ អ្វីដែលនៅសល់សម្រាប់គាំពារទីក្រុងគឺការសាងសង់របាំងថ្មី ។ ការបាក់ស្រុតនៅក្បែរសំណង់ដែលសង់នៅលើអតីតឈូងទន្លេនេះ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។ បើគ្មានរបាំងគាំពារទេ ទឹកទន្លេនឹងបន្តវាយលុករុកទន្ទ្រានគ្មានឈប់ឈរឡើយ ៕
Sunday, November 4, 2018
ចំណីខួរក្បាល
ជ័យជម្នះដែលខ្វះអត្ថន័យ
នៅក្នុងការប្រកួតកីឡា គេរមែងឃើញទស្សនិកជនក៏ដូចជាអ្នកប្រកួត មានចិត្តរំភើបរីករាយនិងមោទកភាពជាទីបំផុត នៅពេលដែលការប្រកួត មានភាពស្វិតស្វាញនិងប្រព្រឹត្តិទៅប្រកបដោយយុត្តិធម៌ ។ និយាយឲ្យចំ គឺការប្រកួតគ្នាដោយអនុលោមតាមក្រិតក្រម ។ នៅពេលអ្នកកីឡាណាម្នាក់ ឬក្រុមកីឡាណាមួយ យកឈ្នះលើគូបដិបក្សរបស់ខ្លួនដោយប្រើល្បិចកលទុច្ចរិត គេរមែងឃើញមហាជនស្អប់ខ្ពើមក្រុមអ្នកកីឡាទុច្ចរិតទាំងនោះ ជាងអាចម៍ទៅទៀត ។
កាលពីទសវត្សឆ្នាំ ១៩៩០ កីឡាការនីរាំលើទឹកកក(Skating)អាមេរិកាំងមួយរូបឈ្មោះ តុណយ៉ា ហាឌីង (Tonya Harding) បានរួមគំនិតជាមួយនឹងសហការីរបស់នាង ដោយអោយពួកគេទៅលួចវាយក្បាលជង្គង់គូបដិបក្សរបស់នាងឈ្មោះ ណាន់សុី ឃារីហ្គាន (Nancy Kerrigan) ដើម្បីឲ្យនាង ឃារីហ្គាន បាត់បង់លទ្ធភាពក្នុងការប្រកួត ។ នៅពេលរឿងនេះបែកធ្លាយ នាងតុណយ៉ា ហាឌីង ត្រូវបានសាធារណជនស្អប់ខ្ពើមរហូតដល់សព្វថ្ងៃ ។ ថ្វីត្បិតតែនាង ហាឌីង នៅរស់រានមានជីវិតនៅឡើយ កិត្តិយស កេរ្ត៍ឈ្មោះ និងអាជីពជាកីឡាការនីរាំលើទឹកកករបស់នាង បានស្លាប់វិនាសសន្តិតាំងតែពីថ្ងៃដែលអំពើទុច្ចរិតរបស់នាងត្រូវបានលាតត្រដាង ។
រឿងអាស្រូវកីឡា មិនខុសគ្នាអំពីរឿងអាស្រូវនយោបាយទេ ។ នៅពេលក្រុមបក្សណាមួយប្រើអំពើទុច្ចរិត ដើម្បីកំចាយគូបដិបក្សរបស់ខ្លួន គេរមែងឃើញមហាជន ទាំងនៅក្នុងប្រទេស ទាំងនៅលើឆាកអន្តរជាតិ ថ្កោលទោសនិងស្អប់ខ្ពើមអ្នកប្រព្រឹត្តិអំពើទុច្ចរិតយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ គេឈប់រាប់រកនិងស្អប់មុខទៀតផង ។ ប្រការនេះ វាហាក់ដូចជាកំពុងកើតមានមកលើគណបក្សប្រជាជនកម្ពុជា ដែលប្រើយុទ្ធសាស្ត្រស្រដៀងនឹងនាង តុណយ៉ា ហាឌីង ដើម្បីស្វែករកជ័យជម្នះ ។ សហគមអន្តរជាតិ ជាពិសេសប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ ហាក់ដូចជាកំពុងមានភាពសោះអង្គើយជាមួយនឹងថ្នាក់ដឹកនាំនិងរដ្ឋាភិបាលឯកបក្សកម្ពុជាសព្វថ្ងៃ ។ ចំណែកពលរដ្ឋខ្មែរក៏ហាក់ដូចជាសោះអង្គើយដែរ ។ ថ្វីត្បិតតែពលរដ្ឋជាច្រើន ជាពិសេសកម្មករកាត់ដេរ មើលទៅហាក់ដូចជារីករាយណាស់ពេលបានជួបថតសែលហ្វីជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងៗ យើងមិនដឹងទេថា តើទឹកមុខញញឹមរបស់កម្មករទាំងនោះ មានប៉ុន្មានភាគរយដែលជាការញញឹមចេញមកដោយសុទ្ធចិត្ត ។ កាលជំនាន់ខ្មែរក្រហម ប៉ុល ពត ដឹកនាំប្រទេសកម្ពុជា ខ្ញុំក៏ធ្លាប់ញញឹមសម្តែងការរីករាយដូចកម្មករកាត់ដេរទាំងនោះដែរ នៅពេលគេបង្ខំឲ្យទៅចូលរួមប្រជុំជាមួយនឹងកម្មាភិបាលថ្នាក់លើម្តងៗ ។ ប៉ុន្តែ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបន់ឲ្យតែរបបអន្យតេរ្ថីយ៍ និងមេដឹកនាំចង្រៃអន្ធពាលទាំងនោះវិនាសអន្តរាយចេញអំពីទឹកដីខ្មែរ ។ សព្វថ្ងៃ ប៉ុល ពត និងរបបខ្មែរក្រហមបានវិនាសអន្តរាយចេញពីពិភពលោកនេះជិតកន្លះសតវត្សហើយ ប៉ុន្តែ កេរ្ត៍ឈ្មោះរបស់មនុស្សដែលដឹកនាំរបបនេះ នៅតែស្អុយគគ្រុកនៅឡើយ ៕
(អាចម៍ជាប់ជើងអាចលាងជ្រះក្លិន កេរ្ត៍ឈ្មោះដែលអសោចហោចហិនចោលក្លិនស្អុយដល់ឋានបាតាល ។)
Wednesday, October 24, 2018
ចំណីខួរក្បាល
ទោសប្រហារជីវិត
បន្ទាប់ពីមានករណីក្មេងស្រីពីររូបនៅខេត្ត កំពង់ឆ្នាំង ត្រូវបានជនពាលរំលោភរួចសម្លាប់យ៉ាងព្រៃផ្សៃ មានមនុស្សជាច្រើនបានទាមទារឲ្យព្រះរាជាណាចក្រកម្ពុជាបង្កើតច្បាប់កាត់ទោសប្រហារជីវិតជនល្មើសដើម្បីជាការព្រមានដល់ជនដទៃ ។ ការទាមទារនេះគឺមិនខុសអំពីសត្វឆ្កែប្រមាញ់ដែលទៅព្រុសកោះដេញខាំសត្វខុសដើមឈើនោះទេ (Barking up the wrong tree) ។ តាមការសិក្សាស្រាវជ្រាវ ទោសប្រហារជីវិតមិនអាចធ្វើឲ្យជនពាល ទាំងជនពាលកាន់កិច្ចការប្រទេស ទាំងជនពាលបាតសង្គម ខ្លាចរអាក្នុងការប្រព្រឹត្តិបទឧក្រិតឡើយ ។ ឧទាហរណ៍ដ៏ក្តៅគគុកមួយ គឺការសម្លាប់មនុស្សដ៏ព្រៃផ្សៃនៅក្នុងស្ថានកុងស៊ុលរបស់ប្រទេស សាអូឌីដ អារ៉ាប៊ីយ៉ា នាពេលថ្មីៗនេះ ។ ប្រទេស សាអូឌីដ អារ៉ាប៊ីយ៉ា ជាប្រទេសដែលមានច្បាប់កាត់ទោសប្រហារជីវិតដ៏តឹងរឹងនិងយូរអង្វែងជាទីបំផុតនៅក្នុងពិភពលោក ។ ដូច្នេះ ការសម្លាប់មនុស្សយ៉ាងព្រៃផ្សៃនៅក្នុងស្ថានកុងស៊ុលនៃប្រទេសនេះ វាបានបញ្ជាក់យ៉ាងច្បាស់ថា ទោសប្រហារជីវិត គ្មានប្រសិទ្ធភាពក្នុងការលុបបំបាត់ឧក្រិតកម្មឡើយ ។
សម្រាប់ពលរដ្ឋខ្មែរដែលចង់បានច្បាប់កាត់ទោសប្រហារជីវិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមរំឭកថា កាលពីទសវត្សឆ្នាំ ១៩៦០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់ប្រទានដល់ព្រះរាជាណាចក្រកម្ពុជានូវច្បាប់ប្រហារជីវិតនេះ ។ កាលនោះ គេឃើញមានការបាញ់ប្រហារឧក្រិតជននៅទីលានប្រហារជីវិត ត្រពាំងក្រឡឹង រូចហើយយកទិដ្ឋភាពប្រហារជីវិតនោះចាក់ផ្សាយតាមរោងកុនដើម្បីព្រមានដល់ឧក្រិតជនដទៃ ។ សួរថាមនុស្សសម័យនោះ ខ្លាចរអាទោសប្រហារជីវិតដែលផ្សព្វផ្សាយតាមរោងកុនពាសពេញប្រទេសនោះទេ? ចម្លើយគឺ អត់ទេ ។ មិនតែប៉ុណ្ណោះ មានមនុស្សជាច្រើនបានប្រព្រឹត្តិនូវទង្វើដូចឧក្រិតជន ដែលត្រូវបានកាត់ទោសប្រហារជីវិតទាំងនោះ ហើយអ្នកខ្លះបានក្លាយទៅជាវិរជនដែលយើងកំពុងតែគោរពបូជាសព្វថ្ងៃទៀតផង ។ គួររំឮកផងដែរថា នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៧០ ប្រទេសកម្ពុជាយើងក៏មានច្បាប់ប្រហារជីវិតដ៏តឹងរឹងមួយដែរ ។ សម័យនោះ កុំថាឡើយរំលោភសម្លាប់គេ យោធាដែលគ្រាន់តែធ្វើដំណើរទៅណាមកណាដោយគ្មានការអនុញាតពីអង្គការក៏មានទោសប្រហារជីវិតដែរ ។ ប្រការនេះ មិនបានធ្វើឲ្យយោធាមួយចំនួននាសម័យនោះខ្លាចរអាឡើយ ។ យោធាខ្លះហ៊ានរហូតដល់ឆ្លងដែនទៅប្រទេសជិតខាង ដើម្បីកទ័ពមកវាយរំលំរដ្ឋាភិបាលដែលបង្កើតច្បាប់ប្រហារជីវិតនោះទៀតផង ។ យើងអាចនិយាយបានថា ប្រទេសកម្ពុជាដែលមានការអភិវឌ្ឃន៍រហូតដល់សព្វថ្ងៃ គឺដោយសារតែវិរភាពរបស់ឧក្រិតជនយោធាទាំងនោះ ដែលហ៊ានបំពានប្រព្រឹត្តិល្មើសច្បាប់ប្រហារជីវិត ។ ដូច្នេះ អ្នកដែលទាមទារចង់បានច្បាប់ប្រហារជីវិតនៅកម្ពុជា សូមមេត្តាគិតឲ្យបានសុីជម្រៅបន្តិច ។ ទម្រាំកម្ពុជាដើរមកដល់ចំណុចនេះ មានមនុស្សច្រើនណាស់ដែលយកជីវិតទៅប្តូរ រាប់បញ្ចូលទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។
បើយើងសង្កេតមើលស្ថានភាពនិងកត្តាផ្សេងៗជុំវិញការរំលោភសម្លាប់កុមារីទាំងពីររូបនៅខេត្ត កំពង់ឆ្នាំង ករណីនេះគឺមិនមែនបណ្តាលមកពីកម្ពុជាគ្មានច្បាប់ប្រហារជីវិតនោះទេ វាកើតចេញមកអំពីការបរាជ័យនៃគោលនយោបាយរដ្ឋក្នុងការជួយគាំពារដល់ពលរដ្ឋក្រីក្រ ។ បើរដ្ឋអាចជួយផ្តល់លំនៅឋាននិងដីធ្លីព្រមទាំងមធ្យោបាយនានាដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារកុមារីទាំងពីរ ពួកគេប្រហែលជាមិនត្រូវបានទុកចោលឲ្យស្ថិតនៅក្នុងហានិភ័យឡើយ ។ គន្លឹះ ឬដំណោះស្រាយដើម្បីលុបបំបាត់ឧក្រិតកម្មសាហាវព្រៃផ្សៃ គឺការគាំពារពលរដ្ឋដែលជួបទុក្ខលំបាក មិនមែនបង្កើតច្បាប់សម្លាប់ពលរដ្ឋនោះទេ ។ យើងគប្បីញែកឲ្យដាច់ពីគ្នារវាងដើមឈើ និងព្រៃឈើ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាពោលថា៖ Barking up the wrong tree ដែលមានន័យថាស្វែងរកដំណោះស្រាយឃ្វាងទិសដៅ ។ ការធ្វើរបៀបនេះ មិនត្រឹមតែធ្វើឲ្យការប្រឹងប្រែងបរាជ័យទេ វាថែមទាំងធ្វើឲ្យអ្នករងគ្រោះ និងងាយរងគ្រោះ រឹតតែរងគ្រោះថែមទៀត ៕
Wednesday, October 10, 2018
ចំណីខួរក្បាល
ចំណុចខ្សោយនៃ ខេមរយានកម្ម (Khmerization)
នៅក្នុងសៀវភៅ សុបិននិងការពិត លោក វ៉ាន់ឌី កាអុន បានលើកឡើងថា ការធ្វើខេមរយានកម្ម ឬតម្រូវឲ្យនិស្សិតខ្មែរនៅទសវត្សឆ្នាំ ១៩៦០ សិក្សាតាមរយៈឯកសារដែលសរសេរជាភាសាខ្មែរ បានធ្វើឲ្យនិស្សិតខ្មែរសម័យនោះបាត់បង់ឱកាសទទួលបានចំណេះដឹងប្រកបដោយវិសាលភាព ។ ដោយហេតុថា គំនិតនិងទស្សនៈសុីជម្រៅជាច្រើន មាននៅតែក្នុងឯកសារជាភាសាបារាំង ការកំណត់ឲ្យនិស្សិតខ្មែររៀនតាមឯកសារជាភាសាខ្មែរ គឺហាក់ដូចជាដាក់ដែនកំណត់ចំណេះដឹងឲ្យនិស្សិតដូច្នោះដែរ ។ លោក វ៉ាន់ឌី កាអុន បានរិះគន់ថ្នាក់ដឹកនាំសម័យនោះថា មានគំនិតចង្អៀតចង្អល់ ហើយខ្វល់ត្រឹមតែការថែរក្សាអំណាចនិងឥទ្ធិពលរបស់ខ្លួន ។ នៅពេលអានចំណុចនេះ ខ្ញុំនឹកឃើញដល់ព្រឹត្តិការណ៍កន្លងទៅថ្មីៗ ស្តីអំពីក្រសួងអប់រំកម្ពុជាដាក់បំរាមនិស្សិតមិនឲ្យសរសេរនិក្ខេបទពាក់ព័ន្ធនឹងដំណើរនយោបាយជាតិ និងរឿងរ៉ាវរសើបៗមួយចំនួន ។ នៅក្នុងសាកលវិទ្យាល័យភូមិនភ្នំពេញ មានសាខាមួយដែលគេហៅថា សាលាភូមិនរដ្ឋបាល ។ រដ្ឋបាលគឺពាក់ព័ន្ធនឹងនយោបាយ ។ បើមិនឲ្យនិស្សិតវែកញែករឿងនយោបាយ មិនដឹងថាតើគេបង្រៀនអំពីអ្វីវិញនៅទីនោះ ។ ទុករឿងនេះមួយឡែក ។ សូមនិយាយអំពីនិស្សិតនៅសម័យកាលលោក វ៉ាន់ឌី កាអុនវិញ ។
បន្ទាប់ពីបានអាននូវអ្វីដែលលោក វ៉ាន់ឌី កាអុនអះអាង ខ្ញុំក៏សម្រេចស្រាវជ្រាវស្វែងយល់អំពីឥស្សរជនខ្មែរមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរនៅនាគ្រានោះ ។ មានឥស្សរជនខ្មែរមួយចំនួននាសម័យនោះ ដែលមានឈ្មោះបោះសម្លេងខ្ទរខ្ទាជាងគេ ហើយពួកគេសុទ្ធតែឆ្លងកាត់ការសិក្សាមុនការបង្កើតខេមរយានកម្ម ។ ឥស្សរជនទាំងនោះមានជាអាទ៍ លោក កេង វ៉ាន់សាក់ លោក វណ្ណ មូលីវណ្ណ សម្តេចសង្ឃរាជ ជួន ណាត និង ធម្មបាល ខៀវ ជុំ ។ ក្រៅអំពីលោក វណ្ណ មូលីវណ្ណ ដែលសិក្សាផ្នែកស្ថាបត្យកម្ម ឥស្សរជនបីរូបផ្សេងទៀតសុទ្ធតែជាអ្នកសិក្សាផ្នែកអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ។ បើយើងសង្កេតមើលសមិទ្ធផលដែលបន្សល់ដោយឥស្សរជនទាំងបីរូប យើងឃើញមានលក្ខណៈពិសេសម្យ៉ាងម្នាក់ ។ លក្ខណៈពិសេសទាំងនោះបានធ្វើឲ្យមានទំនាស់របកគំហើញរហូតដល់សព្វថ្ងៃ ។ យើងអាចវាយតម្លៃលើទំនាស់របកគំហើយនេះថា ជាលទ្ធផលនៃការស្រាវជ្រាវដោយគ្មានការរិតត្បិតអំពីខេមរយានកម្ម ។ ប្រសិនបើកត្តានេះមានភាពត្រឹមត្រូវ នោះការអះអាងរបស់លោក វ៉ាន់ឌី កាអុន ក៏មានភាពត្រឹមត្រូវដែរ ។
សព្វថ្ងៃនេះ ក្បួនច្បាប់ប្រើប្រាស់និងសរសេរភាសាខ្មែរ គឺយកលំនាំតាមតែរបកគំហើញរបស់សម្តេចសង្ឃ ជួន ណាត តែប៉ុណ្ណោះ ។ ឯរបកគំហើញរបស់លោក កេង វ៉ាន់សាក់ និង ធម្មបាលោ ខៀវ ជុំ មិនត្រូវបានយកមកប្រើទេ ទោះបីលោកទាំងពីរបានផ្តល់ហេតុផលសមរម្យ ឬត្រឹមត្រូវយ៉ាងណាក៏ដោយ ។ នេះគឺមិនខុសអ្វីអំពីខេមរយានកម្ម ដែលគូសបន្ទាត់ឲ្យនិស្សិតដើរតាមគន្លងចង្អៀតចង្អល់មួយដែលភាសាអង់គ្លេសហៅថា Dogmatism ។ ដើម្បីឲ្យក្បួនច្បាប់វេយ្យករណ៍ និងការសរសេរអក្សរសាស្ត្រខ្មែរមានវិសាលភាពធំទូលាយ យើងគួរសើរើយករបកគំហើញរបស់ឥស្សរជនទាំងបីរូបមកផ្គុំគ្នា ហើយសម្រាំងយកអ្វីដែលមានប្រយោជន៍មកប្រើ ជាជាងបណ្តោយឲ្យអ្វីដែលយើងមានបាត់បង់ទៅវិញ ។
សំនេរឆ្លែក ចំនែក ចំនុចថ្មី
ចំនាំន័យ ចំនេញ ចំនូលពាក្យ
ចំនាយពេល ជុំនំ ផ្គុំសំនាក
សំនៅជាក់ សំនល់ ខ្វល់សួរនាំ ។
សុំសួរមិត្តអ្នកអាន ដែលជាគ្រូបង្រៀនភាសាឬអក្សរសាស្ត្រខ្មែរនូវសំណួរមួយ ។ បើមានកូនសិស្សសរសេរកំណាព្យមួយវគ្គខាងលើនេះយកមកឲ្យកែ តើមានពាក្យប៉ុន្មានម៉ាត់ដែលខុស? ហើយកំហុសទាំងនោះជាកំហុសវេយ្យករណ៍ ឬក៏ អក្ខរាវិរុទ្ធ ។ បើអាចសរសេរពន្យល់បំភ្លឺខ្លះៗនៅក្នុងប្រអប់មតិ ដើម្បីជាប្រយោជន៍ដល់ការសិក្សាអក្សរសាស្ត្រខ្មែរ ខ្ញុំសូមអរគុណជាពន្លឹក ៕
Wednesday, October 3, 2018
ចំណីខួរក្បាល
ជ្រុលក្បាលក្រពើ
ក្បាលក្រពើ ជាផ្នែកមួយនៃរទេះគោ ឬក្របី ដែលខ្មែរយើងបច្ចុប្បន្នស្ទើរតែឈប់ប្រើប្រាស់ទៅហើយ ។ រូបរទេះនេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទមួយចំនួន ។ គ្រឿងផ្គុំសំខាន់ៗនៃរទេះគោមានជាអាទ៍ នឹម ទូក ប្រែក ភ្លៅ និង កង់ ។ នៅចំណុចដែលទូករទេះទាំងពីរជួបគ្នាដែលស្ថិតនៅពីក្រោមនឹម គេហៅថា ក្បាលក្រពើ ។ រទេះខ្លះ គេមន្ថែម ចន្ទោល ដែលស្ថិតនៅពីលើក្បាលក្រពើនិងមានរាងងលយទៅមុខ ។ នៅពេលមានមនុស្សណាម្នាក់ធ្វើកិច្ចការរហន់ប្រញិបប្រញាប់ ចាស់ៗខ្មែរយើងតែងព្រមានថា៖ កុំលឿនហួសចន្ទោល ឬ ប្រយ័តខូចការ ។ ជ្រុលក្បាលក្រពើ ក៏មានន័យប្រហាក់ប្រហែលនឹង លឿនហួសចន្ទោលដែរ គ្រាន់តែវាសំដៅលើទង្វើដែលបានប្រព្រឹត្តិរួចហើយ ។
អ្នកដែលធ្លាប់បររទេះទៅដឹកអុស ឬស្វែងរកអនុផលព្រៃឈើ តែងតែសង្កេតឃើញថា ផ្លូវដែលយើងបររទេះនោះ កន្លែងខ្លះមានដើមឈើដុះអមសង្ខាង ។ ដូច្នេះ បើយើងបញ្ជាគោឬក្របីឲ្យអូសរទេះចូលខុសច្រក យើងមិនអាចបត់មកក្រោយវិញបានទេ គឺត្រូវបង្ខំចិត្តបររទេះឲ្យដល់ទីវាលសមស្របមួយ ទើបអាចវិលមកកាន់កន្លែងដើមវិញបាន ។ ចាស់ៗខ្មែរយើងហៅកំហុសនេះថា៖ ជ្រុលក្បាលក្រពើ គឺសំដៅលើក្បាលក្រពើរទេះដែលយើងបរចូលជ្រុលជ្រួសហួសខុសច្រកនេះឯង ។ ស្រដៀងគ្នានេះដែរ នៅពេលយើងសង្កេតមើលទង្វើរបស់មនុស្ស ស្ថានភាពជ្រុលក្បាលក្រពើគឺតែងកើតមានជារឿយៗ ។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាក្បាលក្រពើមនុស្សអាចបត់ត្រឡប់មករកផ្លូវត្រូវវិញពេលណាក៏បានដែរ មិនចាំបាច់ដើរតាមទង្វើដែលខុសនោះឲ្យទាល់តែអស់ចិត្តទេ ។ អ្នកដែលធ្លាប់អានសំណេរខ្ញុំ ប្រហែលជារំពឹងចង់ឃើញរឿងនយោបាយភ្ជាប់ជាមួយនឹងរឿងជ្រុលក្បាលក្រពើនេះហើយ ។ ដូច្នេះ កុំឲ្យខាតពេល ចាប់ផ្តើមតែម្តងទៅ ។
បន្ទាប់ពីទទួលបានលទ្ធផលអំពីការស្ទង់មតិមួយនាឆ្នាំ ២០១៦ ដែលបញ្ជាក់ថា គណៈបក្សប្រជាជនមិនអាចឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១៨ទេ ប្រសិនបើគណៈបក្សសង្គ្រោះជាតិមានសិទ្ធិប្រកួតដោយសេរី គេសង្កេតឃើញថា គណៈបក្សសង្គ្រោះជាតិត្រូវបានកំចាត់ចេញពីឆាកនយោបាយបាត់ស្រមោល ។ មធ្យោបាយកំចាត់គណៈបក្សសង្គ្រោះជាតិ គឺអាចនិយាយបានថា មានល្បឿនលឿនហួសចន្ទោល ដែលបង្កឲ្យរទេះគោកម្ពុជាជ្រុលក្បាលក្រពើទៅទើនៅចន្លោះគុម្ពឬស្សីស្រុកនិងគុម្ពឬស្សីព្រៃ ។ ដើម្បីកែខៃបររទេះឲ្យផុតឧបសគ្គ ទាំងគោ ទាំងអ្នកបរ ប្រហែជាត្រូវមុតបន្លាខ្លះហើយ ។ ទុកការលេងសើចមួយកណ្តុប និយាយអំពីបញ្ហាជ្រុលក្បាលក្រពើនៅក្នុងដំណើរនយោបាយនៃប្រទេសកម្ពុជា គឺស្ថិតនៅត្រង់ចំណុចមួយនៃរដ្ឋធម្មនុញ្ញដែលចែងថា៖ ប្រទេសកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ពាក្យ ពហុបក្ស មានន័យថា លើសពីមួយ ។ ដូច្នេះ នៅពេលដែលរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាស្ថិតនៅក្រោមអំណាចនៃបក្សតែមួយ វាបង្កឲ្យមានបញ្ហាជាមួយនឹងបញ្ញតិដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ នៅក្នុងភាសាអង់គ្លេសគេហៅស្ថានភាពបែបនេះថា Unconstitutional ឬ ខុសរដ្ឋធម្មនុញ្ញ ។ ដើម្បីកែតម្រូវឲ្យស្របតាមរដ្ឋធម្មនុញ្ញ វាទាល់តែមានការបោះឆ្នោតសាឡើងវិញ ដើម្បីផ្តល់ឱកាសឲ្យគណៈបក្សណាមួយទទួលបានអាសនៈមួយឬពីរនៅក្នុងរដ្ឋសភា ។ នេះគឺជារឿងឈឺក្បាលមួយសម្រាប់គណៈបក្សប្រជាជន ដែលខំប្រឹងប្រែងប្រើគ្រប់ឧបាយកលដើម្បីឈ្នះឆ្នោត ប៉ុន្តែចង្រៃអ្វីទេវតាមិនជួយបែរជាបណ្តោយឲ្យឈ្នះដាច់រហូតដល់ជ្រុលក្បាលក្រពើទៅវិញ ។ ឥឡូវនេះ អ្វីៗវាបានកន្លងហួសអស់ទៅហើយ ។ អង្ករបានក្លាយទៅជាបាយហើយខ្លោចទៀត ។ បើចង់បានបាយល្អហូប មានតែបង្កាត់ភ្លើង លាងអង្ករ ហើយដាំបាយនោះសាថ្មីតែប៉ុណ្ណោះ ៕
Monday, September 17, 2018
ចំណីខួរក្បាល
មុននឹងស្លាប់ ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព
មិនដឹងជាមានពលរដ្ឋខ្មែរប៉ុន្មាននាក់ទេ ដែលយល់ឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែដកកត្រដរខ្យល់ ។ លទ្ធផលនៃការបោះឆ្នោតថ្មីៗនេះ វាបានបញ្ជាក់ថាប្រទេសខ្មែរបានធ្លាក់ចូលទៅក្នុងការគ្រុបគ្រងនៃរបបផ្តាច់ការពេញលេញហើយ ។ ខ្ញុំមិនប្រើពាក្យ "ជនផ្តាច់ការ"ទេ ព្រោះជនផ្តាច់ការតែឯកឯងមិនអាចបង្កើតរបបផ្តាច់ការបានឡើយ ។ វាទាល់តែមានការចូលរួមខ្លះៗ អំពីសំណាក់អ្នកដែលគោរពស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ទើបអាចបង្កើតរបបផ្តាច់ការកើត ។ អ្នកចូលរួមបង្កើតរបបផ្តាច់ការខ្លះ ធ្វើដើម្បីលាភសការៈ ។ អ្នកខ្លះទៀត ចូលរួមធ្វើដោយសារតែអគតិទាំងបួនគឺ៖ ស្រឡាញ់ ស្អប់ ខ្លាច និង ខ្លៅ ដែលព្រះពុទ្ធបរមគ្រូទ្រង់ហៅថា៖ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង មោហគតិ ។ ក្នុងនាមជាស្មេរ ខ្ញុំគ្មានចេតនាស្តីបន្ទោសនរណាម្នាក់ ក្នុងការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ស្ថិតនៅក្នុងស្ថានភាពដកកត្រដរខ្យល់នេះទេ ។ ប៉ុន្តែ យើងត្រូវតែនិយាយការពិត អំពីមូលហេតុដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ស្ថិតនៅក្នុងចង្កូមនៃរបបផ្តាច់ការបែបនេះ ។ មូលហេតុចម្បងគឺកង្វះការយល់ដឹង និងការធ្វេសប្រហែសបណ្តែតបណ្តោយឲ្យអ្នកនយោបាយ ជាពិសេសអ្នកដឹកនាំជាតិ បោកប្រាស់ត្រួតត្រាយើងតាមតែអំពើចិត្ត ។ យើងគួរសួរខ្លួនឯងថា៖ តើរបបផ្តាច់ការវាកើតចេញពីណាមក? ជនផ្តាច់ការជាអ្នកបង្កើត ឬក៏យើងគ្រប់គ្នាជាអ្នកបង្កើតវាឡើង? បើចម្លើយចង្អុលបញ្ហាញថា វាកើតចេញមកអំពីទង្វើរបស់យើងទាំងអស់គ្នា នោះយើងទាំងអស់គ្នានេះហើយដែលមានកាតព្វកិច្ចទប់ស្កាត់របបផ្តាច់ការ កុំឲ្យវាមានឱកាសរីកលូតលាស់គាស់លែងរលើង ។
កាលពីពេលថ្មីៗនេះ ខ្ញុំបានចូលរួមពិភាក្សានៅក្នុងកម្មវិធី ហេឡូវីអូអេ នៃវិទ្យុសម្លេងខ្មែរសហរដ្ឋអាមេរិក ស្តីអំពីការធ្វើបាតុកម្មតាមរយៈសន្លឹកឆ្នោត ដើម្បីដាក់សម្ពាធទាមទារឲ្យអាជ្ញាធរដឹកនាំប្រទេសជាតិ ដើរតាមគន្លងគោលនយោបាយណាមួយ ជាពិសេសគឺការថែរក្សាលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងកម្មវិធីពិភាក្សានោះ មានមិត្តអ្នកស្តាប់ពីររូបទូរសព្ទពីខេត្ត បន្ទាយមានជ័យ និង ព្រៃវែង មកសួរខ្ញុំថា តើសហគមន៍អន្តរជាតិគេមានវិធានការយ៉ាងណា ដើម្បីជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឮនូវសំណួរទាំងពីរ ។ កាលពី៣៨ ឆ្នាំមុន ខ្ញុំនិងអ្នកជិតខាងពីរបីនាក់ ដែលតែងតែអង្គុយស្តាប់វិទ្យុសម្លេងខ្មែរសហរដ្ឋអាមេរិកនៅក្រោមទ្រើងឃ្លោកមុខផ្ទះរៀងរាល់ល្ងាច ដើម្បីតាមដានការដណ្តើមអាសនៈគ្នានៅក្នុងអង្គការសហប្រជាជាតិ និងសង្គ្រាមរវាងខ្មែរនិងខ្មែរនាគ្រានោះ ក៏ធ្លាប់រំពឹងលើសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាខ្មែរដែរ ។ យើងតែងតែរំពឹងថា សហគមន៍អន្តរជាតិគេនឹងធ្វើដូច្នេះ ឬធ្វើដូច្នោះដើម្បីជួយដោះស្រាយបញ្ហាខ្មែរ ។ ធាតុពិតជាក់ស្តែង សហគមន៍អន្តរជាតិ (និយាយឲ្យចំប្រទេសនិមួយៗនៅក្នុងពិភពលោក) កម្រជួយគ្នាណាស់ ដរាបណាការជួយទាំងនោះមិននាំផលប្រយោជន៍ដល់ប្រទេសគេ ។ វាធ្វើឲ្យខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំ នៅពេលដែលឃើញពលរដ្ឋខ្មែរជិតសែសិបឆ្នាំក្រោយមក នៅតែរំពឹងលើសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហារបស់ខ្លួន ។ ខ្ញុំសម្រេចឆ្លើយនូវសំណួរទាំងពីរនោះដោយនិយាយថា៖ សហគមន៍អន្តរជាតិគេជួយយើងបាន លុះត្រាណាតែយើងជួយខ្លួនយើងសិន ។ ហើយឆ្លៀតភ្ជាប់រឿងអគតិទាំងបួន ជាមួយនឹងសន្លឹកឆ្នោតបាតុកម្ម ដែលជាមធ្យោបាយជួយខ្លួនឯងប្រកបដោយសន្តិវិធី ។
នៅក្នុងកិច្ចពិភាក្សាជាមួយនឹងកម្មវិធី ហេឡូវីអូអេនាថ្ងៃនោះ ខ្ញុំបានលើកយកឧទាហរណ៍មួយមកធ្វើបទបង្ហាញ ដោយប្រៀបធៀបសន្លឹកឆ្នោតបាតុកម្មទៅនឹងទឹករលក ឯរដ្ឋាភិបាលប្រៀបបាននឹងទូក ។ និយាយឲ្យងាយយល់ ទឹកប្រៀបបាននឹងពលរដ្ឋអ្នកបោះឆ្នោត រលកប្រៀបបាននឹងសន្លឹកឆ្នោតបាតុកម្ម ទូកប្រៀបបាននឹងរដ្ឋាភិបាល មន្ត្រីកាន់កិច្ចការរដ្ឋាភិបាលប្រៀបបាននឹងអ្នកចែវទូក ។ ឯសហគមន៍អន្តរជាតិប្រៀបបាននឹងអ្នកដំណើរដែលមកជិះនៅក្នុងទូកនោះ ។ ចំណុចសំខាន់ដែលយើងត្រូវយល់គឺថា៖ ទូកអាចអណ្តែតលើទឹក ឯទឹកដែលមិនស្ងប់ក៏អាចពន្លិចទូកបានដែរ ។ ដូច្នេះ សន្លឹកឆ្នោតបាតុកម្មនេះហើយ ដែលជាទឹករលកសម្រាប់ព្រមានអ្នកចែវទូករបបផ្តាច់ការ ថាតើត្រូវចែវទូកនោះតាមគន្លងណាដើម្បីកុំឲ្យទូកវាលិចអន្តរធាន ។
លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ពលរដ្ឋអាចរស់រានមានជីវិតនៅបាន គឺអាស្រ័យលើពលរដ្ឋដែលនៅមិនស្ងប់ ឬពលរដ្ឋដែលសកម្ម ។ សូមកុំភ្លេចថា មនុស្សគ្រប់រូបមានខួរក្បាលទម្ងន់មួយគីឡូក្រាមដូចគ្នា ។ គ្មានអ្នកណាឆ្លាតជាងអ្នកណាទេ ។ បើគេអាចរកមធ្យោបាយបង្កើតរបបផ្តាច់ការបាន យើងក៏អាចរកមធ្យោបាយថែរក្សាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់យើងបានដែរ ។ អ្វីដែលយើងត្រូវការគឺមិនមែនសញ្ញាប័ត្រឬចំណេះដឹងធំដុំអ្វីទេ ។ គឺត្រឹមតែការរិះគិតពិចារណាប៉ុណ្ណោះ ។ ការធ្វើបាតុកម្មតាមរយៈសន្លឹកឆ្នោត គ្មានអ្វីពិបាកនឹងគិតនោះទេ (It is a no brainer) ។ វាជាមធ្យោបាយធ្វើបាតុកម្មប្រកបដោយសេចក្តីសុខសុវត្ថិភាពជាទីបំផុត ។ វាមិនធ្វើឲ្យមានចលាចលនៅក្នុងសង្គមជាតិ ហើយក៏មិនធ្វើឲ្យនរណាម្នាក់រងគ្រោះដោយប្រការណាមួយដែរ ។ ខ្ញុំបាននិយាយនៅវគ្គខាងដើមរួចហើយថា សន្លឹកឆ្នោតបាតុកម្មគឺប្រៀបបាននឹងទឹករលក ។ បើរលកនោះតូចៗ ទូកនឹងឃ្លេងឃ្លោងតិច ។ បើរលកធំ ទូកនឹងឃ្លេងឃ្លោងខ្លាំង ហើយវានឹងធ្វើឲ្យអ្នកដំណើររារែកក្នុងការឡើងជិះលើទូកនោះ ។ បើរលកធំខ្លាំងដូចរលកយក្ស ស៊ូណាមី វានឹងធ្វើឲ្យទូកលិចឬក៏បាក់បែកខូចខ្ទេចខ្ទី ។ ឯអ្នកចែវទូកក៏គ្មានអ្វីនឹងចែវតទៅទៀតដែរ ។ ចំណុចនេះហើយដែលជាគន្លឹះ(key) សម្រាប់ដោះស្រាយបញ្ហារបបផ្តាច់ការ និងបញ្ហារដ្ឋាភិបាលឯកបក្សដែលប្រសូត្រចេញអំពីការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ ។
មានសំណួរមួយលើកឡើងថា៖ បោះឆ្នោតបាតុកម្មបានប្រយោជន៍អ្វី បើពួកអ្នកបង្កើតរបបផ្តាច់ការនៅតែអាចបង្កើតរដ្ឋាភិបាលត្រួតត្រាយើងដដែល? ខ្ញុំសូមឆ្លើយនូវសំណួរនេះដោយលើកយកសំណួរមួយមកពិចារណា៖ ស្ថិតនៅក្នុងស្ថានភាពនយោបាយសព្វថ្ងៃ តើពលរដ្ឋខ្មែរមានជម្រើសណាផ្សេងដើម្បីការពារ សិទ្ធិ សេរីភាព និងសុខមាលភាពរបស់ខ្លួនដែរទេ? នៅក្នុងភាសាអង់គ្លេស មានពាក្យមួយម៉ាត់៖ Be realistic! ដែលមានន័យថា៖ មើលខ្លួនឯងផង តើកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា ។
នៅក្នុងការបោះឆ្នោតកន្លងទៅនេះ ក្នុងចំណោមគណៈបក្សនយោបាយចំនួនម្ភៃ (២០) មានបក្សតែមួយគត់ដែលឈ្នះភ្លូកទឹកភ្លូកដី ។ បក្ស១៩ ផ្សេងទៀតមិនបានទទួលការគាំទ្រពីសំណាក់ពលរដ្ឋខ្មែរទេ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា បន្ទាប់ពីបោះឆ្នោតរួច បក្សទាំង១៩នោះ បានស្ម័គ្រចិត្តស្ទើរតែគ្រប់គ្នា ដើម្បីចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដែលស្ថិតនៅក្រោមរដ្ឋាភិបាលឯកបក្ស ។ ប្រការនេះ វាបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា តើថ្នាក់ដឹកនាំបក្សទាំង១៩នោះ ចូលរួមបោះឆ្នោតដើម្បីថែរក្សាការពារលទ្ធិប្រជាធិបតេយ្យ ឬក៏ដើម្បីឆ្លៀតឱកាសស្វែងរកបុណ្យសក្តិនិងលាភសក្ការៈផ្សេងៗ ។ ខ្ញុំសូមសសើរពលរដ្ឋខ្មែរដែលហាក់ដូចជាដឹងមុន ថាតើគណៈបក្សទាំង ១៩នោះជាបក្សប្រភេទណា ។
សន្លឹកឆ្នោតបាតុកម្ម មានឥទ្ធិពលតិចតួចក្នុងការផ្លាស់ប្តូរសមាសភាពអ្នកដឹកនាំប្រទេសក៏ពិតមែន ក៏ប៉ុន្តែ វាមានឥទ្ធិពលខ្ពស់ក្នុងការដាក់សម្ពាធទាមទារឲ្យរដ្ឋាភិបាលឯកបក្ស ដែលនឹងត្រួតត្រាប្រទេសខ្មែរ ថែរក្សាការពារសិទ្ធិ សេរីភាព និង យុត្តិធម៌ នៅក្នុងសង្គមជាតិទាំងមូល ។ ដើម្បីធ្វើបទបង្ហាញអំពីអំណាចនៃសន្លឹកឆ្នោតបាតុកម្ម ខ្ញុំសូមលើកយកចំណុចខ្លះៗនៃរដ្ឋាភិបាលមកពិភាក្សា ។ ជាគោលការណ៍និងទំនៀមទម្លាប់អន្តរជាតិ រដ្ឋាភិបាលនីមួយៗត្រូវមានភាពស្របច្បាប់ (Legitimacy) ដោយផ្អែកលើការយល់ព្រមរវាងអ្នកដឹកនាំ និងអ្នកដែលត្រូវគេដឹកនាំ (Consent between the rulers and the ruled) ។ ដើម្បីបញ្ជាក់អំពីការយល់ព្រមនេះ (Consent) គេរៀបចំឲ្យមានការបោះឆ្នោតដោយផ្អែកលើសម្លេងភាគច្រើន (៥០%+១) ។ ចំណុចនេះហើយដែលសន្លឹកឆ្នោតបាតុកម្មអាចធ្វើព្យុះធ្វើភ្លៀងជាមួយនឹងរដ្ឋាភិបាល ។ បើសន្លឹកឆ្នោតបាតុកម្មមានចំនួនលើសពី ៥០% វានឹងធ្វើឲ្យរដ្ឋាភិបាលមិនស្របច្បាប់ ។ នៅពេលរដ្ឋាភិបាលមិនស្របច្បាប់ អ្វីៗនឹងក្រឡាប់ចាក់ ។ សហគមន៍អន្តរជាតិ ជាទូទៅមិនទទួលស្គាល់រដ្ឋាភិបាលមិនស្របច្បាប់ទេ ។ ទោះបីចង់ឬមិនចង់ អ្នកដែលមានតួនាទីដឹកនាំឬរៀបចំរដ្ឋាភិបាល ចាំបាច់ត្រូវតែបំពេញបំណងម្ចាស់ឆ្នោត និងលក្ខខណ្ឌនានាដែលអន្តរជាតិចង់បាន ។
វាមិនទាន់ផុតឱកាសក្នុងការស្តារនិងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅឡើយទេ (It is not over yet) ។ ដរាបណារដ្ឋាភិបាលខ្មែរនៅតែបន្តប្រើយន្តការបោះឆ្នោតដើម្បីរៀបចំរចនាសម្ព័ន្ធគ្រុបគ្រងប្រទេស ពលរដ្ឋខ្មែរនៅតែអាចចងក្រងប្រមូលផ្តុំគ្នាធ្វើបាតុកម្មតាមរយៈសន្លឹកឆ្នោតបាន ។ វាគ្មានអ្វីពិបាកនឹងធ្វើនោះទេ ដោយគ្រាន់តែគូសជ្រើសរើសគណបក្សចំនួនពីរ (២) ឬក៏គូសសញ្ញាខ្វែងជើកក្អែកនៅលើសន្លឹកឆ្នោតទាំងមូលនោះ ។ ប្រាំឆ្នាំទៀត ធ្មេចបើកៗ ដល់ហើយ ។ ប៉ុន្តែ អ្វីដែលយើងអាចធ្វើនាអន្តរកាល គឺការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅពេលដ៏ខ្លីខាងមុខ ។ ពលរដ្ឋខ្មែរអាចបោះឆ្នោតបាតុកម្មនៅក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីស្វែងយល់ថាតើរដ្ឋាភិបាលមានប្រតិកម្មដូចម្តេចនៅពេលមានការធ្វើបាតុកម្មតាមរយៈសន្លឹកឆ្នោត ។ នៅក្នុងភាសាអង់គ្លេសគេហៅយុទ្ធសាស្ត្រនេះថា៖ Trial balloon គឺគេបង្ហោះប៉ឺតប៉ោងដើម្បីស្វែងយល់ថាតើខ្យល់បក់វាទៅទិសខាងណា ។ លទ្ធផលនៃការធ្វើបាតុកម្មសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាចផ្តល់ឲ្យយើងនូវគោលដៅជាក់លាក់មួយ ថាតើសន្លឹកឆ្នោតបាតុកម្មអាចមានឥទ្ធិពលកំរិតណា នៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងរដ្ឋាភិបាល នៅអាណតិក្រោយ ។
ខ្ញុំសូមបញ្ចប់អត្ថបទនេះ ដោយមិនបួងសួងដល់ឥន្ទ្រព្រហ្មទេវតាឲ្យជួយថែរក្សាលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរទេ ព្រោះព្រះឥន្ទ្រ ព្រះព្រហ្ម និងទេវតា លោកគ្មានសមត្ថភាពនិងកាតព្វកិច្ចក្នុងការថែរក្សាការពារលទ្ធិប្រជាធិបតេយ្យឲ្យពលរដ្ឋខ្មែរឡើយ ។ បើពលរដ្ឋខ្មែរខ្លួនឯង មិនធ្វើសកម្មភាពដើម្បីថែរក្សាការពារសិទ្ធិសេរីភាពរបស់ខ្លួនទេនោះ កុំសង្ឃឹមអ្នកមានបុណ្យ ឬសហគមន៍អន្តរជាតិចុះមកជួយឲ្យសោះ ។ គ្មានផ្លូវទេ ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមលើកយកគំនិតពិចារណាមួយមកជម្រាបជូន ។ រដ្ឋាភិបាលកើត ឬប្រសូត្រចេញពីការបោះឆ្នោត ។ បានសេចក្តីថា អ្នករៀបចំនិងដឹកនាំរដ្ឋាភិបាល ជាកូនរបស់ពលរដ្ឋម្ចាស់ឆ្នោត ។ បើកូននោះ វាប្រព្រឹត្តិមិនត្រឹមត្រូវ គឺពលរដ្ឋម្ចាស់ឆ្នោតដែលជាម៉ែជាឪនេះហើយ ដែលមានតួនាទីប្រៀនប្រដៅឬដាក់ទណ្ឌកម្មវា ឲ្យវិលមករកផ្លូវត្រូវវិញ ។ "បាតុកម្មសន្លឹកឆ្នោត" គឺជាវិធីដាក់ទណ្ឌកម្មប្រៀនប្រដៅដ៏សមរម្យជាទីបំផុត ដើម្បីជម្រុញឲ្យរដ្ឋាភិបាលដើរតាមគន្លងគុណធម៌ ។ សូមបញ្ជាក់ម្តងទៀត៖ បើយើងមិននាំគ្នាទប់ស្កាត់របបផ្តាច់ការទេ របបផ្តាច់ការច្បាស់ជាទប់ស្តាត់ និងបំបាត់សិទ្ធិសេរីភាពរបស់យើងជាមិនខាន ៕
Wednesday, August 29, 2018
ចំណីខួរក្បាល
បញ្ហាខ្មែរ (ត)[កំណត់ៈ សារណានេះដកស្រង់ចេញពីសៀវភៅ៖ The Cambodian Royal Chronicle, Published in 2009. Original text in English is below.]
ចាប់តាំងពីឆ្នាំ ១៩៩៣មក ដោយមានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាចាប់ផ្តើមធ្វើកំណែទម្រង់សង្គម និងនយោបាយជាថ្មីម្តងទៀត ។ ដោយយកលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងរូបធាតុផ្សេងៗ មានជាអាទ៍៖ សិទ្ធិសេរីភាព ព្រមទាំងច្បាប់ទម្លាប់នានាមកបញ្ឈរធ្វើជាកញ្ចប់សង្គ្រោះ អង្គការសហប្រជាជាតិ បានបញ្ចុះបញ្ចូលនិងជួយផ្តល់ឱកាសឲ្យកម្ពុជាឱបក្រសោបយកលទ្ធិប្រជាធិបតេយ្យមកធ្វើជាមធ្យោបាយសង្គ្រោះខ្លួនឯងឲ្យឆ្លងផុតពីវិបត្តិ នយោបាយ សេដ្ឋកិច្ជ និង សង្គម ។ ថ្វីបើវាហាក់ដូចជាមានរយៈពេលខ្លីនៅឡើយក្នុងការវាយតម្លៃការប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ថាជាការងារប្រកបដោយជោគជ័យ ឬបរាជ័យ ចំណុចនេះយ៉ាងហោចណាស់ក៏វាជាប្រធានបទមួយ សម្រាប់អ្នកសិក្សាប្រវត្តិសាស្ត្រកម្ពុជា ក្នុងការលើកជាសំណួរពាក់ព័ន្ធនឹងការព្យាយាមផ្លាស់ប្តូររបបនយោបាយនៅស្រុកខ្មែរក៏ដូចជាសង្គមខ្មែរដែរ៖ បេសកកម្មដែលអធិរាជយួនធ្វើមិនកើត អាជ្ញាធរអាណានិគមបារាំងធ្វើមិនកើត ខ្មែរខ្លួនឯងក៏ធ្វើមិនកើត តើអង្គការសហប្រជាជាតិអាចទៅរួចទេ?
ខណៈដែលលទ្ធិប្រជាធិបតេយ្យចាប់ឬសនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធអាមុីអាថោងនិងលុតក្រាបដើម្បីបុណ្យស័ក្តិ ដែលមានអាយុកាលតាំងតែពីកំណកំណើតនៃរាជាណាចក្រខ្មែរក៏ចាប់ផ្តើមរីកលូតលាស់ដែរ ។ នៅចុងសតវត្សទី១៣ អ្នកការទូតចិនមួយរូបឈ្មោះ ជូ តាក្វាន់ បានសរសេរពណ៌នាយ៉ាងពិស្តារអំពីរាស្ត្រខ្មែរដែលមានបុត្រីប្រកបដោយរូបឆោម ច្រើនតែយកកូនទាំងនោះទៅថ្វាយស្តេចដើម្បីស្វែងរកលាភសការៈផ្សេងៗ ។ ចំណែកពួកអភិជនដែលមានទ្រព្យ ពួកគេចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីកសាងសមិទ្ធិផលនានាសម្រាប់យកចិត្តស្តេច ។ ប្រសិនបើមាន ជូ តាក្វាន់ ម្នាក់ទៀងមកសង្កេតសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ គាត់ប្រាកដជាសរសេរនូវពាក្យដូចគ្នានេះដោយគ្រាន់តែយកពាក្យពេចន៍សម័យទំនើបមករៀបរាប់៖ "ពលរដ្ឋខ្មែរ ជាធម្មតាតែងតែទិញអំណោយ ឬផ្តល់សំណូកឲ្យអាជ្ញាធរដើម្បីទទួលបានសេវាណាមួយ ។ ពួកឧកញ៉ា ដែលមានលុយកាក់ច្រើន នាំគ្នាសង់សាលារៀនឬអគារសាធារណៈផ្សេងៗ រួចហើយដាក់ឈ្មោះអ្នកនយោបាយដែលមានអំណាចនៅលើអគារទាំងនោះ ដើម្បីឲ្យអ្នកនយោបាយទាំងនោះការពារពួកគេ" ។ ស្ថិតនៅក្រោមអំណាចនៃទម្លាប់ប្រតិកិរិយានិយមបែបនេះ យើងចាំបាច់ត្រូវលើកយកសំណួរមួយមកសួរ៖ ខណៈពួកអភិជនដែលមានការយល់ដឹងជ្រៅជ្រះ មិនអាចបោះបង់ចោលនូវទម្លាប់អាក្រក់ហួសសម័យទាំងនោះបាន តើវាអាចទៅរួចទេសម្រាប់ពលរដ្ឋខ្មែរសាមញ្ញក្នុងការយកឈ្នះលើឧបស័គ្គនានា ដើម្បីធ្វើឲ្យលទ្ធិប្រជាធិតេយ្យអនុវត្តទៅកើត និងផ្តល់សារប្រយោជន៍ដល់ជីវិតពួកគេ?
វាមានរយៈពេលជិតពីរទសវត្សហើយ ចាប់តាំងពីប្រទេសកម្ពុជាជ្រើសយកលទ្ធិប្រជាធិបតេយ្យមកធ្វើជាយន្តការដើម្បីដោះស្រាយជំងឺនយោបាយនិងបញ្ហានានានៅក្នុងសង្គម ។ ជាមួយនឹងក្តីគោរពដោយស្មោះចំពោះមនុស្សគ្រប់រូបដែលពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាខ្មែរ លទ្ធផលនិងភាពរីកចម្រើននៃកិច្ចប្រឹងប្រែងនេះហាក់ដូចជាគ្មានអ្វីគួរឲ្យកត់សម្គាល់ទេ ។ និយាយឲ្យទន់ភ្លន់បន្តិចទៅចុះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺមិនខុសអ្វីអំពីឆាកកំផ្លែងឡើយ ។ ពលរដ្ឋបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ពួកគេពិតមែន ក៏ប៉ុន្តែ តំណាងរាស្ត្រទាំងនោះមិនមែនជាតំណាងរបស់ពលរដ្ឋទេ ។ ពួកគេតំណាងឲ្យបក្សនយោបាយនិងធ្វើការបម្រើផលប្រយោជន៍បក្សច្រើជាងផលប្រយោជន៍រាស្ត្រ ។ មានតែក្រុមប្រឹក្សាឃុំសង្កាត់និងតំណាងរាស្ត្រតែប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសដោយពលរដ្ឋតាមរយៈការបោះឆ្នោតសកល ។ សមាជិករដ្ឋាភិបាលទាំងអស់រួមទាំងព្រឹទ្ធសភា គឺត្រូវបានតែងតាំងឬក៏ជ្រើសរើសដោយការបោះឆ្នោតអសកល ។ ប្រការនេះ វាធ្វើឲ្យរបប គ្រួសារនិយម បក្សពួកនិយម និងអាមុីអាថោងនិយម មានឥទ្ធិពលនិងនាំទុក្ខអំពល់យ៉ាងខ្លាំងដល់វឌ្ឍនភាពសង្គម ។ ប្រសិនបើយើងពិនិត្យមើលរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ យើងនឹងសង្កេតឃើញថា អភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជាគឺជាការរកសុីនៅក្នុងគ្រួសារ ។ គ្មានទេទំនាស់ផលប្រយោជន៍ ។ ស្ថាប័នទាំងអស់នៅក្នុងជួររដ្ឋាភិបាលគឺគ្រុបគ្រងនិងដឹកនាំដោយសមាជិកគ្រួសាររបស់អ្នកដែលមានអំណាចខ្ពស់បំផុត ។ ឋានានុក្រមសម្រាប់ផ្តល់តួនាទីដល់អ្នកក្រោមបង្គាប់មានដូចតទៅ៖ ដំបូង សមាជិកគ្រួសារ បន្ទាប់មក មិត្តភក្តិជិតស្និទ្ធ បន្ទាប់មកទៀត ក្រុមគ្រួសាររបស់មិត្តភក្តិជិតស្និទ្ធ ចុងបញ្ចប់ មិត្តរបស់មិត្តភក្តិជិតស្និទ្ធ ។ សមត្ថភាពមិនត្រូវបានគេយកមកពិចារណានៅក្នុងការតែងតាំងនេះឡើយ ។ នៅក្នុងការអនុវត្តន៍ជាក់ស្តែង អភិបាលកិច្ចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាគឺមិនខុសអ្វីអំពីរបបរាជានិយមដែលពលរដ្ឋខ្មែរធ្លាប់បានស្គាល់រាប់រយឆ្នាំមកហើយនោះទេ ។
ប្រសិនបើយើងប្រៀបធៀបលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានាសតវត្សទី២១នេះ ទៅនឹងលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកនៅចុងសតវត្សទី១៨ យើងអាចមើលឃើញភាពខុសគ្នាដាច់ស្រឡះមួយ ។ ប្រទេសកម្ពុជា តែងតាំងអភិបាលខេត្តនិងស្រុក ចំណែកសហរដ្ឋអាមេរិក ជ្រើសរើសអភិបាលរដ្ឋនិងស្រុកតាមរយៈការបោះឆ្នោតក្នុងមណ្ឌលនិមួយៗ ។ ភាពខុសគ្នានេះជាកត្តាដ៏សំខាន់មួយដែលធ្វើឲ្យការពិសោធប្រើប្រាស់លទ្ធិប្រជាធិបតេយ្យបានទទួលជោគជ័យ ឬបរាជ័យ ។ យើងអាចស្រមើស្រមៃមើល ប្រសិនបើរដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិក ប្រកាសនៅក្នុងរដ្ឋធម្មនុញ្ញថា នឹងតែងតាំងអភិបាលរដ្ឋនិងស្រុកនានាទូទាំងប្រទេស ពលរដ្ឋអាមេរិកាំងប្រាកដជាបះបោរចូលមកដល់សេតវិមាន ហើយទាមទារយកឈាមជនផ្តាច់ការមកស្រោចស្រពជាចំណីដើម្បីថែរក្សាដើមឈើសេរីភាពជាក់ជាមិនខាន ៕
Since 1993, with a helping hand from the United Nations, Cambodia, as a nation/society, now, once again, embarks on yet another socio-political reform. With democracy (and its underline elements—namely human liberty and all the freedoms it espouses) standing in as a rescue package, the UN (and, in a sense, the world) had persuaded and aided Cambodia to embrace democracy as a way to lift itself out of a socio-politico-economic quagmire. Though it is perhaps too early to call the UN’s effort a success or a failure, it is, nevertheless, very tempting for students of Cambodian history to ask question regarding endeavors to transform Cambodian society: If the Vietnamese could not do it, the French could not do it, the Cambodians themselves could not do it, would the UN be able to do it?
As democracy takes roots in Cambodia, so does political patronages and cult of personalities—a time-honored practice dated back to the inception of the Cambodian kingdom. At the turn of the 13th century, Chou Ta-Kuan, a Chinese envoy, wrote a vivid description on how people, who had beautiful daughters, would present their daughters to the king in order to seek favors from him; or, the wealthy elites would go to great length to underwrite or undertake expensive projects to please the king. If there were another Chou Ta-Kuan coming to observe Cambodian society nowadays, he would undoubtedly write the same aspects of life with a modern twist to it: People would buy gifts or offer bribes to influential public officials to seek favors from them. Wealthy people called Oknha would build schools or other public buildings and named them after powerful politicians to secure their protection. Against the backdrops of these retrogressive behaviors, one must raise a question that if the social elites could not shake off the old out-of-date habits, what chances would ordinary Cambodians have to overcome the challenges of making democracy practical and useful for their lives?
It is more than a decade now since Cambodia endorses democracy as a mechanism to help uplift itself from social and political ailments. With all due respects to everyone involved in the effort, the prognosis of progress appears to be very grim. Cambodian democracy is, to put it mildly, a joke. People elect their representatives alright. But their elected representatives represent and answerable not to them (the people), but to their (representatives) patrons or political parties to which they belong. Only commune’s (a cluster of villages) chiefs and members of parliament are directly elected by the people; all other public servants are indirectly elected or appointed by the central government—a hybridized practice which allows despotism, cronyism, and patronages to have a pervasive impact on social well-beings. If we were to scrutinize the Cambodian government today, we would see that government administration in Cambodia is a family business. There is no such thing as a conflict of interest. Every government institution, from the Prime Minister’s office down to the district levels, is staffed with mostly relatives of the ruling elites. The priority for giving out government portfolios is as follows: first, family members; second, close friends; third, relatives of close friends; fourth, friends of close friends, and so on, regardless of their qualifications to perform the jobs. In practice, Cambodian democracy functions not much different from the old absolute monarchy regime that Cambodian people have known throughout these years.
If one were to draw comparison between Cambodian democracy in the 21st century to that of the American’s at the turn of the 18th century, one would find a stark difference in terms of local governance. Whereas Cambodians have their provincial governors and district chiefs appointed by the central government, Americans have their state and county officials popularly and locally elected—a crucial difference which could determine the success or failure of a democracy experiment. Imagine if the U.S. federal government were to proclaim in its constitution that it would appoint states governors and counties mayors or managers. The American people would certainly be up in arms and demand that the tree of liberty be replenished with the tyrant’s blood.
Monday, August 27, 2018
ចំណីខួរក្បាល
បញ្ហាខ្មែរ (កំណត់ៈ សារណានេះដកស្រង់ចេញពីសៀវភៅ៖ The Cambodian Royal Chronicle, Published in 2009. Original text in English is below.)
ជាប្រទេសមួយ កម្ពុជាហាក់ដូចជាមិនងាយទទួលយកការផ្លាស់ប្តូររបៀបរបបសង្គមទេ ជាពិសេសការផ្លាស់ប្តូរដែលនាំមកដោយបរទេស ។ កម្លាំងដ៏ធំបំផុតដែលជំទាស់ទៅនឹងការផ្លាស់ប្តូរ គឺពលរដ្ឋខ្មែរតែម្តង ។ ថ្វីបើពួកគេមានភាពស្លូតបូតនិងស្ងប់ស្ងៀម ជនជាតិខ្មែរហាក់ដូចជាឆាប់មានប្រតិកម្មទៅនឹងអ្វីដែលពួកគេយល់ថា ជាការគំរាមកំហែង មកលើទំនៀមទម្លាប់និងប្រពៃណីពួកគេ ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា យើងសង្កេតឃើញមានការប៉ុនប៉ងជាច្រើនលើកច្រើនសា ក្នុងការកែប្រែរបៀបរស់នៅរបស់ពលរដ្ឋខ្មែរ ។ ការប៉ុនប៉ងចុងក្រោយបំផុតនេះគឺលទ្ធិប្រជាធិបតេយ្យ ដែលអង្គការសហប្រជាជាតិនិងសហគមអន្តរជាតិកំពុងព្យាយាមបណ្តុះបណ្តាលនៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរចាប់តាំងពីទសវត្សឆ្នាំ១៩៩០ មក ។
ក្នុងចំណោមវប្បធម៌និងឥទ្ធិពលនានាដែលធ្លាប់មកភពប្រសព្វនិងកែប្រែជីវិតពលរដ្ឋខ្មែរ យើងឃើញតែព្រហ្មញសាសនាមួយប៉ុណ្ណោះ ដែលហាក់ដូចជាបានទទួលជោគជ័យគ្រាន់បើជាងគេ យ៉ាងហោចណាស់ក៏ប្រមាណជា១០០០ឆ្នាំដំបូងនៃប្រវត្តិសាស្ត្រខ្មែរ ។ ក្នុងនាមជាគំនិតសាសនាក៏ដូចជាវប្បធម៌ ព្រហ្មញសាសនាហាក់ដូចជាសុីសង្វាក់គ្នាល្អណាស់ជាមួយនឹងប្រព័ន្ធអបិយជំនឿរបស់ខ្មែរ ជាពិសេសជំនឿលើ អ្នកតា ។ ពិចារណាឲ្យហ្មត់ចត់ទៅ វាប្រហែលជាការបូកបញ្ចូលគ្នារវាងព្រហ្មញសាសនានិងអបិយជំនឿរបស់ខ្មែរនេះហើយ ដែលជំរុញឲ្យពលរដ្ឋខ្មែរបង្កើតបានស្នាដៃអរិយធម៌ដ៏ត្រចះត្រចង់មួយនៅអង្គរ ។ ថ្វីបើយើងមិនអាចដឹងជាក់លាក់ ថាតើសីល្បៈវប្បធម៌នៅអង្គរស្ថិតនៅក្រោមឥទ្ធិពលឥណ្ឌាត្រឹមកំរិតណា អ្នកជំនាញផ្នែកអរិយធម៌សម័យអង្គរស្ទើរតែគ្រប់រូបទទួលស្គាល់ថា សីល្បៈវប្បធម៌នៅអង្គរគឺជាស្នាដៃពលរដ្ឋខ្មែរដែលមានជំនួយផ្នែកគោលគំនិតចេញពីឥណ្ឌា ។
បន្ទាប់ពីរាត្រីទឹកឃ្មុំនៅអង្គរ អាពាហ៍ពិពាហ៍រវាងវប្បធម៌ខ្មែរនិងឥណ្ឌាជួបនូវភាពជូចត់នៅពេលដែលសាសនាមួយទៀតគឺព្រះពុទ្ធសាសនា បានចូលមកភ្ជាប់ចំណងមេត្រីភាព ។ ការជ្រៀតចូលនៃព្រះពុទ្ធសាសនា គឺគាប់ជួនជាមួយនឹងការធ្លាក់ចុះនៃឥទ្ធិពលរបស់អាណាចក្រកម្ពុជា ។ ស្ថាប័នទេវរាជ្យ ដែលជាគោលគំនិតបណ្តុះពលរដ្ឋខ្មែរឲ្យលុះនឹងការច្បាំងពង្រីកអំណាចនិងទឹកដីអស់រយៈកាលរាប់រយឆ្នាំមកនោះ បានចាប់ផ្តើមសាបរលាប ។ បន្ទាប់ពីជ្រួតជ្រាបអំពីគោលគំនិតព្រះពុទ្ធសាសនា ដែលផ្តោតលើការអាណិតអាសូនិងសន្តិភាពនិយម ពលរដ្ឋខ្មែរដែលធ្លាប់តែអង់អាចនិងប្រហែលជាក្រអឺតក្រទមផងនោះ បានដកខ្លួនថយចេញអំពីចម្បាំងឈ្លានពាននានា ដោយរក្សាត្រឹមជីវិតរស់នៅសាមញ្ញ ។
ចាប់តាំងពីចុងសតវត្សទី១៤មក វាសនានិងការវិវត្តន៍នៃពលរដ្ឋខ្មែរគឺជាដំណើរប្រកបដោយទុក្ខលំបាក ។ ចក្រភពខ្មែរដែលធ្លាប់តែមានកិត្យានុភាពបានក្លាយទៅជាប្រទេសទន់ខ្សោយអនាធិបតេយ្យមួយ ពោរពេញទៅដោយសង្គ្រាមជ្រែករាជ្យរវាងស្តេចនិងស្តេច ។ ទំនាស់ផ្ទៃក្នុងរវាងរាជវង្សានុវង្សរយៈពេលបួនសតវត្សក្រោយមក បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ នយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាធ្លាក់ចុះទន់ខ្សោយស្ទើរតែអន្តរាយ ។ មិនមានអ្នកដឹកនាំណាម្នាក់មានសមត្ថភាពស្តារការធ្លាក់ចុះខ្សោយនេះបានឡើយ ។ លើសពីនេះទៅទៀតនោះ ពលរដ្ឋកម្ពុជាហាក់ដូចជាឆ្អែតជាមួយនឹងស្ថានភាពស្រុកទេស ដែលជាកត្តាធ្វើឲ្យពួកគេដកខ្លួនចេញពីមហិច្ឆតានានា ដើម្បីស្តារស្រុកទេសឲ្យមានភាពរីកចម្រើនឡើងវិញ ។ ជាលទ្ធផល ទីក្រុងអង្គរដែលជាមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ សេដ្ឋកិច្ច និងនយោបាយ ត្រូវបានបោះបង់ចោល ។ បន្ថែមពីលើនេះ ការឈ្លានពានទន្ទ្រានយកទឹកដីពីសំណាក់រដ្ឋជិតខាង មានជាអាទ៍ សៀមនិងយួន បានធ្វើឲ្យប្រទេសកម្ពុជាចុះទន់ខ្សោយខ្លាំងមែនទែន ។ អំឡុងពេលខ្លះ ភាពគង់វង្សរបស់ប្រទេសកម្ពុជាស្ទើរតែមិនស្ថិតស្ថេរ នៅពេលដែលប្រទេសធ្លាប់តែមានឥទ្ធិពលមួយនេះ បានក្លាយទៅជារដ្ឋរណបរបស់ប្រទេសសៀមនិងយួន ។
នៅក្នុងរយៈពេលដែលប្រទេសកម្ពុជាចុះទន់ខ្សោយ មានការប៉ុនប៉ងកែទម្រង់សង្គមកម្ពុជាចំនួនពីរលើក ។ លើកទីមួយគឺធ្វើឡើងនៅត្រីមាសទីមួយនៃសតវត្សទី១៩ ក្នុងរជ្ជកាលក្សត្រី អង្គមុី ។ អធិរាជ្យ មុីញ ម៉ាង នៃប្រទេសវៀតណាមដែលត្រួតត្រាកម្ពុជានាសម័យនោះ បានរៀបចំឲ្យមានការផ្លាស់ប្តូរនូវទំនៀមទម្លាប់ជាច្រើន ដែលវៀតណាមគិតថាជាទម្លាប់មិនសុីវីល័យរបស់ខ្មែរ ។ វៀតណាមប្រហែលជាមិនដឹងអំពីវឌ្ឃនភាពរបស់ខ្មែរនៅអង្គរទេនាគ្រានោះ ។ បេសកកម្មរបស់វៀតណាមគ្រានោះគឺតម្រូវឲ្យខ្មែរផ្លាស់ប្តូររបៀបធ្វើការងារ គ្រុបគ្រងប្រទេស និងជាពិសេសតម្រូវឲ្យមន្ត្រីខ្មែរស្លៀកពាក់តាមរបៀបវៀតណាម ។ ការប៉ះពាល់ដល់អត្តសញ្ញាណខ្មែរនិងរបៀបរបបរស់នៅរបស់ខ្មែរ បានធ្វើឲ្យមានប្រតិកម្មតបតយ៉ាងខ្លាំពីសំណាក់ពលរដ្ឋខ្មែរ ។ ការបះបោរមួយយ៉ាងធំប្រឆាំងនឹងរដ្ឋអំណាចយួនបានកើតឡើង ។ វាមិនចាំបាច់និយាយទេ ដែលថាបេសកកម្មនោះគឺជាមហន្តរាយនិងការបរាជ័យ ។ រូបភាពនានាដែលពាក់ព័ន្ធនឹងវប្បធម៌វៀតណាមត្រូវបានស្អប់ដោយពលរដ្ឋខ្មែរ ។ ហើយចំណងមិត្តភាពរវាងវប្បធម៌ឬប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងគ្នាក៏ត្រូវបានប្រេះស្រាំរហូតដល់សព្វថ្ងៃ ។
ចូលមកដល់ចុងសតវត្សទី១៩និងដើមសតវត្សទី២០ ការប៉ុនប៉ងកែទម្រង់សង្គមកម្ពុជាត្រូវបានធ្វើឡើងម្តងទៀត ដោយរដ្ឋបាលអាណានិគមបារាំងដែលកំពុងត្រួត្រាឧបទ្វីបឥណ្ឌូចិន ដែលមានប្រទេស យួន លាវ ខ្មែរ និងដែនដីកូសាំងសុីន ។ បន្ទាប់ពីបញ្ចុះបញ្ចូលវៀតណាមឲ្យប្រើតួអក្សររ៉ូម៉ាំងក្នុងការសរសេរភាសាប្រកបដោយជោគជ័យ បារាំងក៏ងាកមកបញ្ចុះបញ្ចូលខ្មែរឲ្យធ្វើកំណែរទម្រង់វិញម្តង ។ ដំបូង បារាំងកែទម្រង់រដ្ឋបាលដោយបង្ខំឲ្យស្តេចខ្មែរផ្តល់តួនាទីសំខាន់ៗដូចជាការប្រមូលពន្ធដារ និងចាត់ចែងកិច្ចការរដ្ឋបាលមួយចំនួន ឲ្យរដ្ឋាភិបាលអាណានិគមគ្រុបគ្រង ។ បន្ទាប់មក បារាំងបានព្យាយាមឲ្យខ្មែរប្រើតួអក្សររ៉ូម៉ាំងក្នុងការសរសេរភាសាដូចវៀតណាមដែរ ។ ម្តងនេះក៏ដូចជាលើកមុនដែរ ការប៉ុនប៉ងរបស់បារាំងត្រូវបានពលរដ្ឋខ្មែរងើបបះបោរតវ៉ាជារឿយៗ ។ ដឹកនាំដោយព្រះសង្ឃនិងអាចារ្យ ការបះបោរទាមទារទាំងនោះបានធ្វើឲ្យបារាំងឈឺក្បាល ហើយក៏បោះបង់ចោលនូវបេសកកម្មណាដែលមិនសូវនាំផលប្រយោជន៍ឲ្យបារាំង ។ ដើម្បីដាក់ទណ្ឌកម្មដល់ភាពរឹងរូសរបស់ខ្មែរ បារាំងមិនសូវរវីរវល់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំឲ្យកម្ពុជាទេ ។ វិស័យអប់រំនាសម័យនោះគឺស្ថិតនៅក្រោមការបីបាច់ថែរក្សាដោយព្រះសង្ឃខ្មែរស្ទើរតែទាំងស្រុង ។
ចាប់ពីពាក់កណ្តាលសតវត្សទី២០មក យុគទំនើបបាននាំមកឲ្យសង្គមកម្ពុជានូវភាពរន្ធត់ញាប់ញ័រមួយចំនួនធំថែមទៀត ។ នៅក្នុងរយៈពេលប្រមាណជាកន្លះសតវត្ស ប្រទេសកម្ពុជាបានឆ្លងកាត់រដ្ឋប្រហារមួយ សង្គ្រាមសុីវិលពីរដង បទពិសោធរបបកុម្មុយនិស្តពីរដង ការត្រួតត្រារបស់កងទ័ពបរទេសម្តង និងរដ្ឋាភិបាលចំនួនប្រាំ (៥) ប្រភេទ ។ ដឹកនាំស្ទើរតែទាំងស្រុកដោយក្រុមមនុស្សរវើរវាយនិងជ្រុលនិយម ដែលមានមហិច្ឆតាខ្លាំងក្នុងការកែទម្រង់សង្គមខ្មែរ មេដឹកនាំខ្មែរទាំងនោះបានព្យាយាមធ្វើកំណែទម្រង់សង្គមខ្មែរ ដែលនាំមកនូវមហន្តរាយមួយចំនួន ។ ចាប់ផ្តើមឡើងប្រមាណជាពាក់កណ្តាលទសវត្សឆ្នាំ ១៩៥០ សង្គមខ្មែរបានឆ្លងកាត់ការផ្លាស់ប្តូរគួរឲ្យតក់ស្លុតជាច្រើនអន្លើ ។ ដំបូងឡើយគឺការរៀបចំឲ្យមានរដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលអនុញាតិឲ្យពលរដ្ឋបោះឆ្នោត ។ បន្ទាប់មក នៅពេលដែលបទពិសោធនេះជួបបញ្ហាដោយសាការទាស់គ្នារវាងគោលគំនិតនយោបាយ របបសាធារណៈរដ្ឋត្រូវបានបង្កើតឡើង ដើម្បីលុបបំបាត់ចោលនូវរាជានិយមដ៏ចាស់គំរិល ។ មិនយូរប៉ុន្មាន សាធារណៈរដ្ឋនោះក៏ត្រូវបានជំនួសដោយរបបកុម្មុយនិស្ត ដែលនាំមកនូវការបំផ្លិចបំផ្លាញប្រទេសកម្ពុជាស្ទើរតែវិនាសអន្តរាយ ។ អំឡុងពេលនោះ វៀតណាមបានធ្វើអន្តរាគមមកក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំឲ្យមានការផ្លាស់ប្តូររបបម្តងទៀត ។ នៅចុងបញ្ចប់ ពលរដ្ឋខ្មែរប្រមាណជាមួយភាគបួនបានបាត់បង់ជីវិត ។ បន្ទាប់ពីចំណាយពេលដ៏ជូចត់ ដើម្បីធ្វើកំណែទម្រង់នយោបាយនិងសង្គមអស់រយៈពេល៤៦ឆ្នាំ ប្រទេសកម្ពុជាបានដើរមកដល់ចំណុចចាប់ផ្តើមសាឡើងវិញៈ រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។
(នៅមានត)
As a nation, Cambodia appears to be less receptive to social changes, especially those imposed by outsiders. The greatest forces to resist social changes were and are the Cambodian people themselves. Though easygoing and placid, the Cambodians appear to be very reactive when their traditional way of life is threatened by the imposition of outsiders’ ideas. Over the course of its history, we have seen attempts to bring about social changes in Cambodia quite a few times, the latest being the worldly beloved concepts and principles of democracy which the United Nations and the international community try to instill within the Cambodian psyches since the 1990s.
Among all the cultural and social changes ever to shape Cambodian lives, only Hinduism, which arrived in Cambodia during the early part of its history, appeared to be met with better success—at least for a thousand years or so. As a religious concept vis-à-vis culture, Hinduism seemed to fit and intertwine very well with the Cambodian system of belief in the supernatural being, namely the Neak Ta. In all likelihood, it was probably the marriages between Hinduism and the belief in supernatural beings that propelled the Cambodians to achieve and build one of the most admirable civilizations at Angkor. Though, artistically, we don’t precisely know as to how much Indian influences upon the Cambodian creativity when their civilization at Angkor was founded, most experts agreed that Angkor was mainly the creation of Cambodians with the assistance of Indian concepts.
After the honeymoon at Angkor, the marriages between Indian and Cambodian cultures turned sour when another religion, Buddhism, entered into the relationship. The arrival of Buddhism coincided with the decline of Cambodia as an empire and a dominant kingdom. The devaraja monarchy, as an institution which had driven the placid Cambodians to conquer and build their empire for hundreds of years, began to fall apart. After being exposed to the teaching of Buddhism which emphasizes compassion and pacifism, the once assertive and, maybe, aggressive Cambodians, who, for many years, had been spurred on by the concepts of conquest and nation building, mellowed down and returned to a life of simplicity.
From the closing of the 14th century onward, the Cambodian rendezvous with destiny has been an arduous journey. The once mighty Cambodian Empire has now been reduced to a feeble and pariah state where palace intrigues and royal feuds were the regular features of the affairs of the kingdom. The internal conflicts amongst its rulers for the next four centuries, or so, were so pervasive that the Cambodian political, social, cultural, and economic infrastructures were in tatters. The kingdom grew weaker by the day. There were no able leaders to revitalize the kingdom and stop it from falling further into a state of disarray. Furthermore, the Cambodian population appeared to be utterly alienated with the reality of their lives. They seemed to be withdrawn from any ambition to rebuild their kingdom beyond that of their own basic domains. As a result, Angkor, as a city and center of the Cambodian political and cultural organizations, was abandoned and neglected. In addition, invasions and encroachments from rivaling states such as Thailand and Vietnam dealt even further blows to the weakening Cambodian kingdom. At times, the survival of the kingdom itself was in question when the once mighty Cambodia became an alternate vassal state of its neighbors, namely Vietnam and Thailand.
During this period of decline, two attempts to bring about social changes to the Cambodian kingdom were made. The first attempt to bring about social changes to Cambodia was made during the first quarter of the 19th century by the Vietnamese who had briefly occupied Cambodia. After receiving reports about the ways in which Cambodians conducted their daily lives from his general named Truong Minh Giang who was in charge of administering Cambodia at the time, Emperor Minh Mang of Vietnam, in 1839, wrote a detailed instruction to Truong Minh Giang to institute a reform and change the habits of the “barbarian” Cambodians. Perhaps unaware of the existence of the civilization and achievements accomplished by Cambodians in the past, Emperor Minh Mang embarked on what could be called a civilizing mission to lift Cambodia from its barbarian state. The mission included changing the ways they work the fields, how they should organize and govern themselves, and, most important of all, the dress codes for Cambodian officials should be modeled after those of the Vietnamese’s. These infringements on the Cambodian identity and their way of life triggered a massive backlash. A general uprising against the Vietnamese overlords was ensued. Needless to say, the mission was a disaster and an utter failure. Every cultural icon associated with Vietnamese was hated and the rift between the two cultures has forever widened. After the failure of the civilizing mission in Cambodia, General Truong Minh Giang committed suicide by poisoning himself upon returning to Vietnam. As for the Cambodians, they were left to pursue their interests according to what they saw fit for their lives, namely a relaxed, easygoing lifestyle which was the trademark of their society since time immemorial.
Toward the end of the 19th century, another attempt to bring about social changes to Cambodia was made. At this time, France which had just established colonial rule over the peninsula of Indochina, namely Vietnam, Laos, and Cambodia, saw a need to civilize the seemingly primitive people it governed. After successfully convincing the Vietnamese to adapt the Roman alphabets for the writing of their language, France turned its attention to civilize the Cambodians. The first step the French took was to reform the administrative infrastructure in Cambodia by limiting the King’s role in the affairs of the state. Furthermore, the French introduced a more “effective” collection of taxes from the Cambodian people payable in the form of either, cash, kind, or labor forces, which they thought could be used to support both the needs of the colonists and the improvement of Cambodia’s administrative infrastructures. Finally, toward the end of its colonization over Cambodia, the French made the Cambodians adapt the Roman alphabets for the writing of their language just as what the Vietnamese had done.
Needless to say, the French civilizing mission in Cambodia was invariably met with failure for the most part, for it touched on one of the most sensitive issues for Cambodians—that is the changing of their way of life and their identities. Led mostly by Buddhist monks or former Buddhist monks (the Achar), rebellions and protests were to become a regular occurrence every time the French pushed the Cambodians to accept reforms.
The French eventually abandoned their civilizing mission in Cambodia and turned their attention to exploiting the country instead. As a punishment for Cambodian stubbornness, the French made little effort to build schools or institutions for the education of Cambodian children. Basically, education for the general Cambodian population was left to Buddhist monks to take care of.
From the mid 20th century onward, modern ages have added some more dramatic shocks and awes to Cambodian society. In a span of about half a century, Cambodia had seen a coup d’etat, two civil wars, a communist experiment, a foreign army occupation, and 5 different forms of governments. Driven mostly by domestic zealots, whose ambitions were to transform Cambodian society, a series of disastrous attempts were made to bring about social changes to Cambodia. Starting roughly in the early 1950’s, Cambodian society has endured perhaps more radical changes than it could cope with. First was the introduction of a constitutional monarchy—a form of absolute monarchical government where people were allowed to vote. Then, after the experiment got bogged down with political squabbling, a republic was created to replace the decadent monarchy. Before long, the republic was, in turn, replaced by a communist regime which had ushered in perhaps the most devastating disaster in Cambodian history. It took a Vietnamese intervention to stop the upheaval from spinning out of control and paved a path for recovery. In the end, about one fourth of Cambodian population lost their lives, and, after 46 years of harrowing experimentation with political and social reforms, the whole endeavor appears to end up at where it began—a constitutional monarchy.
(To be continued)
Tuesday, August 21, 2018
ចំណីខួរក្បាល
ឡប់
លោក អ៊ាលបឺត អានស្តាញ (Albert Einstein) អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញមួយរូប បានបន្សល់ទុកនូវពាក្យទូន្មានមួយឃ្លាថា៖ វាមិនខុសអំពីភាពឡប់សតិទេ ដែលយើងធ្វើនូវទង្វើដដែលៗ ហើយរំពឹងថានឹងទទួលបានលទ្ធផលផ្សេងគ្នា ។ It is insane to do the same thing over and over again, and expect for a different result. អ្វីដែលលោក អាញស្តាញ ចង់ឲ្យយើងចងចាំ គឺថា៖ កុំដើរតាមយុទ្ធវិធីដដែលៗ ដើម្បីដោះស្រាយបញ្ហាណាមួយ ។ បើយុទ្ធវិធីមួយធ្វើទៅមិនបានជោគជ័យ គប្បីរិះរកមធ្យោបាយមួយផ្សេងទៀត ៕
Friday, July 27, 2018
ចំណីខួរក្បាល
គិតៈ ពេលគេធ្វើបាបពូ សុខ ខ្ញុំធ្វើមិនដឹង ។ ពេលគេធ្វើបាបមីង សៅ ខ្ញុំធ្វើមិនឮ ។ ពេលគេធ្វើបាបយាយ ម៉ង ខ្ញុំធ្វើមិនឃើញ ។ ប៉ុន្តែ ពេលគេមកធ្វើបាប ខ្ញុំ អ្វីៗបានកន្លងផុតអស់ហើយ ។ ទោះខ្ញុំខំស្រែកឲ្យបែកលោកីយ៍ ក៏មិនអាចកែខៃជោគវាសនាខ្ញុំបានដែរ ។
"មនុស្សយើងមានខួរក្បាលទម្ងន់មួយគីឡូក្រាមដូចគ្នា ។ គ្មានអ្នកណាខ្លាំងពូកែអស្ចារ្យ ជាងអ្នកណាទេ" ។ ជាពាក្យទូន្មានរបស់លោកគ្រូខ្ញុំ ។
សេចក្តីសុខនិងសេរីភាពរបស់យើង និងរបស់អ្នកជិតខាងយើងស្ថិតនៅជាមួយគ្នា ទោះបីជាយើងគាំទ្របក្សផ្សេងគ្នាក៏ដោយ ។ ថ្ងៃនេះគេរងគ្រោះ ថ្ងៃក្រោយអាចនឹងធ្លាក់មកដល់រូបយើង ។ រក្សាការពារអ្វីដែលយើងមាន ជាជាងបណ្តោយឲ្យវាបាត់បង់ទៅ ។
Wednesday, July 11, 2018
ចំណីខួរក្បាល
មធ្យោបាយរំដោះខ្លួនចេញពីចំណាប់ខ្មាំងនយោបាយនៃការបោះឆ្នោតឆ្នាំ ២០១៨
ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដើម្បីជ្រើសរើសតំណាងរាស្ត្រនិងបង្កើតរដ្ឋាភិបាលនៅប្រទេសកម្ពុជានាអាណតិទី ៦ នេះ ហាក់ដូចជាមានភាពរកាំរកូស លើសពីការបោះឆ្នោតអាណត្ដិមុនៗគួរឲ្យព្រួយបារម្ភ ។ ភាពរកាំរកូសនេះ កើតចេញពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយ មិនឲ្យមានសិទ្ធិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ។ អវត្តមានគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យពលរដ្ឋខ្មែរអ្នកបោះឆ្នោតបាត់បង់ជម្រើសដ៏សំខាន់មួយ ក្នុងការជ្រើសរើសមេដឹកនាំប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ ១៩៩៣ និងតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។ បន្ថែមលើភាពរកាំរកូសនេះ ក៏នៅមានការប្រកូកប្រកាសអំពីសំណាក់អ្នកនយោបាយ ដែលម្ខាងអំពាវនាវមិនឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោត ចំណែកឯម្ខាងទៀតថាត្រូវតែទៅបោះឆ្នោត បើមិនដូច្នោះទេអាចត្រូវបានគេចោទថាជាអ្នកគាំទ្រពួកឧទាមក្បត់ជាតិ ឬក៏ជាក្រុមប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យជាដើម ។ សូម្បីតែអង្គព្រះមហាក្សត្រក៏មានចេញព្រះរាជសារ អំពាវនាវឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោតផងដែរ ។ ស្ថិតនៅក្រោមស្ថានភាពគាបសង្កត់ឆ្វេងស្តាំលើក្រោមបែបនេះ ពលរដ្ឋខ្មែរស្លូតត្រង់ហាក់ដូចជាកំពុងត្រូវបានគេទាញទម្លាក់ឲ្យនៅចំចន្លោះ ញញួរនិងដុំថ្ម (Between a rock and a hard place) ព្រមទាំងក្លាយខ្លួនទៅជាចំណាប់ខ្មាំនយោបាយទៀតផង ។
លទ្ធិប្រជាធិបតេយ្យលើកតម្កើងសិទ្ធិ សេរីភាព យុត្តិធម៌ និងភាពថ្លៃថ្នូរ ។ ជាលទ្ធិដែលផ្តល់ឱកាសឲ្យពលរដ្ឋជ្រើសរើសនូវអ្វីដែលល្អប្រសើរ និងលើកតម្កើងពលរដ្ឋជាធំ ។ នៅក្នុងលទ្ធិប្រជាធិតេយ្យ ពលរដ្ឋគ្រប់រូបមានកិត្តិយសនិងកាតព្វកិច្ចក្នុងការចូលរួមក្នុងកិច្ចការរបស់រដ្ឋ ដើម្បីអភិវឌ្ឍន៍និងវឌ្ឍនភាពសង្គមជាតិ ។ ពលរដ្ឋបោះឆ្នោតជ្រើសរើសមនុស្ស ឬរដ្ឋាភិបាលដែលពួកគេចង់ឲ្យធ្វើជាអ្នកដឹកនាំគ្រប់គ្រងប្រទេស ដើម្បីបម្រើផលប្រយោជន៍រួម ។ រីឯភារកិច្ចដ៏សំខាន់របស់រដ្ឋាភិបាល គឺស្វែងរកសុខុមាលភាពជូនពលរដ្ឋ ។
សិទ្ធិបោះឆ្នោត ជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ តាមរយៈការចាប់កំណើតនៅក្នុងប្រទេសខ្មែរ ឬតាមរយៈការផ្តល់ឲ្យដោយច្បាប់នៃប្រទេសខ្មែរ ។ ការប្រើឬមិនប្រើសិទ្ធិបោះឆ្នោត ជាបុព្វសិទ្ធិរបស់ពលរដ្ឋដែលជាម្ចាស់សិទ្ធិ ។ គួរបញ្ជាក់ថា សិទ្ធិ មានឧត្តមភាព និងអធិបតេយ្យភាពខ្ពស់ជាងសេរីភាព ។ ម្ចាស់សិទ្ធិ ឬអ្នកដែលទទួលបានសិទ្ធិ អាចប្រើ ឬមិនប្រើសិទ្ធិដែលខ្លួនមានដោយសេរី និងគ្មានការភិតភ័យអំពីរឿងជាប់ទោសពៃរ៍អ្វីឡើយ ។ សកម្មភាពជ្រៀតជ្រែករំលោភសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ជាអំពើអយុត្តិធម៌គួរឲ្យស្អប់ខ្ពើម ។ ម៉្យាងទៀត ការយកពលរដ្ឋខ្មែរស្លូតត្រង់មកធ្វើជាចំណាប់ខ្មាំងនយោបាយ គឺជារឿងមួយដ៏សែនថោកទាបជាទីបំផុត ។ ស្ថិតក្នុងស្ថានភាពអាប់អួរតានតឹងនិងរកាំរកូសបែបនេះ ពលរដ្ឋខ្មែរអាចប្រើគំនិតឆ្នៃប្រឌិត ដើម្បីរំដោះខ្លួនចេញពីចំណាប់ខ្មាំងនយោបាយនេះ បានដោយងាយ និងប្រកបដោយសុវត្ថិភាពទៀតផង ដោយគ្រាន់តែអនុវត្តតាមយុទ្ធសាស្ត្រដ៏សាមញ្ញមួយ ។
យន្តការ ឬពិធីការ (Protocol) នៃការបោះឆ្នោតនៅក្នុងសកលលោក មានលក្ខណៈសាមញ្ញស្រដៀងគ្នា និងងាយយល់ ។ អ្នកបោះឆ្នោត មិនថានៅក្នុងអង្គការសហប្រជាជាតិ ឬក៏នៅប្រទេសណាឡើយ មានជម្រើសចំនួនបី (៣) គឺ៖ គាំទ្រ, មិនគាំទ្រ និង អនុបវាទ (អព្យាក្រិត) ឬ Abstention ។ សន្លឹកឆ្នោតអនុបវាទនេះក៏មានឈ្មោះមួយផ្សេងទៀតដែរ គឺ ឆ្នោតបាតុកម្ម ។ ក៏ប៉ុន្តែ នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ សេចក្តីណែនាំនៅលើសន្លឹកឆ្នោតគឺតម្រូវឲ្យអ្នកបោះឆ្នោតជ្រើសរើស (គូស) លើឈ្មោះបេក្ខជន ឬលើឈ្មោះគណបក្សតែមួយគត់ ពោលគឺគំនូសបង្ហាញនូវបេក្ខជនឬគណបក្ស ដែលអ្នកបោះឆ្នោតជ្រើសរើស ។ គួររំលឹកថា នៅលើក្រដាស់សន្លឹកឆ្នោត គ្មានកន្លែងសម្រាប់ "គូស" បង្ហាញថា "មិនគាំទ្រ" ឬ "អនុបវាទ" ឡើយ ។ ដូច្នេះ នៅពេលនរណាម្នាក់គូសជ្រើសរើសលើឈ្មោះបេក្ខជនឬគណបក្សលើសពីមួយ ឬគូសខុសពីគោលការណ៍នៃការបោះឆ្នោត សន្លឹកឆ្នោតនោះនឹងក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ឬសន្លឹកឆ្នោតបាតុកម្ម ។ មានសំណួរមួយដែលមនុស្សជាច្រើនចង់បានចម្លើយ គឺថា តើទៅបោះឆ្នោតឲ្យបក្សណា បើគណបក្សដែលមាននៅេលីសន្លឹកឆ្នោត សុទ្ធតែជាគណបក្សដែលខ្លួនមិនគាំទ្រ? ក្នុងករណីនេះ អ្នកអាចទៅបោះឆ្នោតឲ្យគណបក្សអរូបមួយឈ្មោះថា៖ គណបក្សសតិសម្បជញ្ញៈ ឬបាតុកម្ម ។ គណបក្សសតិសម្បជញ្ញៈ មិនមានឈ្មោះ ឬលេខរៀងសម្គាល់ នៅលើសន្លឹកឆ្នោតនោះទេ ប៉ុន្តែវាមានវត្តមាននៅលើគ្រប់សន្លឹកឆ្នោតទាំងអស់ មិនថានៅលើសន្លឹកឆ្នោតក្នុងប្រទេសខ្មែរ ឬក្នុងប្រទេសណាឡើយ ។ ដើម្បីបោះឆ្នោតបាតុកម្ម អ្នកបោះឆ្នោតគ្រាន់តែគូសជ្រើសរើសគណបក្សចំនួនពីរ (២) ឬបី ឬច្រើនជាងនេះក៏បានដែរ ។ ត្បិតអីសន្លឹកឆ្នោតដែលមានគំនូសលើសពីមួយ នឹងក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ឬសន្លឹកឆ្នោតបាតុកម្ម ដោយស្វ័យប្រវត្ដិ ។ សន្លឹកឆ្នោតបាតុកម្មនេះហើយ ដែលជាអាជ្ញាប័ណ្ណសម្រាប់រំដោះខ្លួនអ្នកបោះឆ្នោត ចេញពីចំណាប់ខ្មាំងនយោបាយ ហើយវាថែមទាំងផ្តល់ឱកាសឲ្យពលរដ្ឋ បានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកដែលមានតួនាទីត្រូវទៅបោះឆ្នោតទៀតផង ។ នេះគឺជាយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ និងឈ្នះ ។ ការធ្វើបែបនេះ អ្នកព្រមទាំងក្រុមគ្រួសារក៏បានសុខ កាតព្វកិច្ចទៅបោះឆ្នោតរបស់អ្នកក៏ត្រូវបានបំពេញ ហើយអ្នកនយោបាយនិងពួកអាជ្ញាធរ ក៏គ្មានលេសអ្វី ដេីម្បីយកមករុកគួនធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋបានដែរ ។
ជាទូទៅ អ្នកបោះឆ្នោតបាតុកម្ម មានទម្លាប់មិនទៅបោះឆ្នោតទេ ព្រោះយល់ថាសន្លឹកឆ្នោតមិនបានការ មិនចាំបាច់យកវាទៅដាក់នៅក្នុងហិបឆ្នោតឡើយ ។ នេះគឺជាការយល់ខុសមួយធំណាស់ ត្បិតអីសន្លឹកឆ្នោតដែលមិនបានការទាំងនោះ វាមិនបានការតែឈ្មោះទេ ។ ធាតុពិតរបស់វាគឺវាមានអំណាច និងមានឥទ្ធិពលដូចសន្លឹកឆ្នោតដែលបានការដែរ ។ សារសំខាន់នៃសន្លឹកឆ្នោតមិនបានការ គឺវាត្រូវបានគេរាប់យកចំនួន ដូចគេរាប់ចំនួនសន្លឹកឆ្នោតដែលបានការ ។ ទិន្នន័យ ឬចំនួននៃសន្លឹកឆ្នោតមិនបានការទាំងនោះ នឹងក្លាយទៅជាកម្លាំងទីបី (Third Force) សម្រាប់ជំរុញគោលនយោបាយដឹកនាំរដ្ឋ ទៅរកទិសដៅណាមួយ ក៏ដូចជាបង្ខំឲ្យគណបក្សនយោបាយ ផ្លាស់ប្តូររចនាសម្ព័ន្ធ និងនីតិវិធីក្នុងការបោះឆ្នោតផងដែរ ។
សរុបមក សន្លឹកឆ្នោតប្រភេទណាក៏ដោយ គឺសុទ្ធតែមានប្រយោជន៍ទាំងអស់ ។ អ្វីដែលគ្មានប្រយោជន៍ គឺភាពខ្ជិលច្រអូស មិនរវីរវល់ចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតហើយ មិនទៅបោះឆ្នោតទេ បែរជាទុកឱកាសឲ្យអ្នកនយោបាយជិះសេះលែងដៃធ្វើអ្វីៗតាមតែអំពើចិត្ត ។ សូមបញ្ជាក់ថា នៅក្នុងប្រទេសដែលជ្រើសយកលទ្ធិប្រជាធិបតេយ្យ ក្នុងការដឹកនាំរដ្ឋដូចប្រទេសកម្ពុជា សន្លឹកឆ្នោតជាអាវុធដ៏មានប្រសិទ្ធិភាពបំផុត សម្រាប់តម្រង់ផ្លូវអ្នកនយោបាយ និងអ្នកកាន់ការងារប្រទេសជាតិ ឲ្យដើរតាមគន្លងមួយដែលត្រឹមត្រូវ ។ យើងត្រូវចាំថា សន្លឹកឆ្នោតរបស់យើងតំណាងឲ្យអំណាចរបស់យើង ។ ជោគវាសនាផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ និងរបស់ប្រទេសជាតិទាំងមូល ស្ថិតនៅក្នុងកណ្ដាប់ដៃពួកយើងទាំងអស់គ្នាដែលជាពលរដ្ឋ មិនមែនស្ថិតនៅក្នុងកណ្ដាប់ដៃ របស់អ្នកនយោបាយតែប៉ុន្មាននាក់នោះទេ ។ មុននឹងបញ្ចប់ ខ្ញុំសូមរំលឹកថា លទ្ធិប្រជាធិបតេយ្យ សេរីភាព និងសុខមាលភាពរបស់អ្នកនៅពេលនេះ ត្រូវការសន្លឹកឆ្នោតអ្នក ។ បើគ្មានគណបក្សណាមួយដែអ្នកគាំទ្រទេ អ្នកគ្រាន់តែគូសជ្រើរើសលើឈ្មោះ គណៈបក្សចំនួនពីរ (២) ហើយយកសន្លឹកឆ្នោតនោះទៅដាក់ក្នុងហិបឆ្នោត ក៏ចាត់ទុកថា បានបំពេញកាតព្វកិច្ចប្រកបដោយកិត្តិយស និងបានជួយជ្រោមជ្រែងគ្នា រក្សាសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យជូនដល់ជាតិខ្មែរផងដែរ ៕
Thursday, May 10, 2018
ចំណីខួរក្បាល
សំរាមចូល សំរាមចេញ (Garbage In, Garbage Out)
នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវអាមេរិកាំង មានពាក្យប្រកបដោយប្រជាប្រិយភាពបួនម៉ាត់ដែលគេតែងលើកយកមកនិយាយនៅក្នុងកិច្ចពិភាក្សាវិទ្យាសាស្ត្រនានា ។ ពាក្យនោះគឺ សំរាមចូល សំរាមចេញ (Garbage in, Garbage out) ។ តើពាក្យដ៏សាមញនេះមានខ្លឹមសារដូចម្តេចបានជាអ្នកវិទ្យាសាស្ត្រចូលចិត្តលើកយកមកនិយាយម្លេះ?
សំរាមចូល សំរាមចេញ គឺសំដៅលើការស្រាវជ្រាវគ្រប់មុខវិជ្ជាទាំងអស់ ទាំងវិទ្យាសាស្ត្រពិត និង វិទ្យាសាស្ត្រសង្គម ។ គំនិតស្នូលនៃពាក្យនេះ គឺការវិនិច្ឆ័យលើឯកសារនិងទិន្នន័យនៃការសិក្សាស្រាវជ្រាវនានា ។ ជាធម្មតា ការសិក្សាស្រាវជ្រាវកំរិតឧត្តម តែងតែផ្អែកគំនិតមូលដ្ឋានលើអ្វីមួយ ហើយប្រមូលឯកសារនិងទិន្នន័យនានាជំវិញគំនិតនោះមកសរសេរជាសារណាឬនិក្ខេបទ ។ អ្វីដែលជាសារៈសំខាន់នៃពាក្យ សំរាមចូល សំរាមចេញ គឺគេចង់រំលឹកប្រាប់អ្នកសិក្សាស្រាវជ្រាវថា បើអ្នកយកសំរាមឯកសារមកធ្វើជាមូលដ្ឋានសរសេរសារណា អ្វីដែលកើតចេញពីស្នាដៃអ្នកនោះក៏មានគុណភាពប្រហាក់ប្រហែលនឹងសំរាមដែលអ្នកយកមកធ្វើជាវត្ថុធាតុដើមនោះដែរ ។
នៅស្រុកខ្មែរសព្វថ្ងៃ ខ្ញុំសង្កេតឃើញនិស្សិតជំនាន់នេះខ្នះខ្នែងស្រាវជ្រាវគាស់កកាយរកឯកសារនានា ជាពិសេសផ្នែកវប្បធម៌និងអក្សរសាស្ត្រ គួរឲ្យចាប់អារម្មណ៍ ។ សូមកោតសសើរដោយស្មោះអស់ពីដួងចិត្ត ។ អ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយបន្តិចនោះគឺបញ្ហា សំរាមចូល សំរាមចេញ នេះឯង ។ នៅសហរដ្ឋអាមេរិក អ្នកប្រាជ្ញគេយកបញ្ហានេះមកពិភាក្សាជាងកន្លះសតវត្សមកហើយ ។ ខ្ញុំមិនដឹងថា នៅស្រុកខ្មែរ អ្នកស្រាវជ្រាវយើងយកបញ្ហានេះមកពិភាក្សាដែរឬទេ ។ បើបានលើកយកមកពិភាក្សាជាប្រចាំនោះ ជាការប្រសើរណាស់ ។ ប៉ុន្តែ បើមិនដែលមានការពិភាក្សាអំពីបញ្ហានេះទេ អ្នកស្រាវជ្រាវគប្បីពិចារណាដោយខ្លួនឯងថាតើគួរវាយតម្លៃឯកសារដោយវិធីណា ដើម្បីជៀសវាងការប្រមូលឯកសារសំរាមយកមកសិក្សា ។ គួរបញ្ជាក់ថា ឯកសារសំរាមនៅទីនេះគឺសំដៅលើឯកសារដែលមិនសូវមានគុណតម្លៃ ។
ការជ្រើសរើសនិងវាយតម្លៃឯកសារជាបញ្ហាដ៏ស្មុគស្មាញមួយ ។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ឯកសារ ជាពិសេសឯកសារកម្រ គឺជាគ្រាប់ពេជ្រ ។ គ្មានឯកសារណាដែលថាគ្មានតម្លៃនោះទេ ។ ប៉ុន្តែ អ្វីដែលត្រូវយកមកពិចារណានោះ គឺថា តើតម្លៃនៃឯកសារទាំងឡាយនោះមានលក្ខណៈបែបណា៖ សាកល វ៉ល់ៗ ឬក៏កាកសំណល់ ។ នៅក្នុងសម័យ អុីនថឺណិត ដ៏ទំនើបនេះ ឯកសារជាច្រើនត្រូវបានដាក់ផ្សាយជាសាធារណៈ ។ ទាំងឯកសារមានគុណតម្លៃសាកល ទាំងឯកសារកាកសំណល់ នៅលាយឡំគ្នាពាលវាលពាសកាល ។ វាតម្រូវឲ្យអ្នកសិក្សាស្រាវជ្រាវពិចារណាគុណតម្លៃនៃឯកសារបន្ថែមទៀតទើបអាចយកជាការបាន ។
ខ្ញុំមិនមែនជាអ្នកសិក្សាវិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរទេ បុ៉ន្តែ ខ្ញុំចូលចិត្តអានអំពី ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ និង វប្បធម៌ខ្មែរ ។ តាមការសង្កេតនិងយល់ឃើញរបស់ខ្ញុំ វិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរ មានចំណុចខ្ពស់និងចំណុចទាបទៅតាមសម័យកាល ។ ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ ចំណុចខ្ពស់ឬយុគមាសនៃអារ្យធម៌ខ្មែរដែលលូតលាស់គួរឲ្យកត់សម្គាល់ គឺនៅក្នុងសម័យអង្គរ និង ទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ដើមទសវត្សរ៍ ១៩៧០ ។ នេះមិនមែនមានន័យថាសម័យកាលផ្សេងទៀត អារ្យធម៌ខ្មែរមិនខ្ពង់ខ្ពស់នោះទេ ។ អ្វីដែលយើងចង់បញ្ជាក់នៅទីនេះគឺចំណុចកំពូលផ្អែកលើការវិវត្តន៍នៃសង្គមខ្មែរតាមដំណើរប្រវត្តិសាស្ត្រ ។ អកុសល សម័យអង្គរ យើងមានត្រឹមតែសីលាចារឹក ប្រាសាទបុរាណ និងឯកសារតែមួយគត់ដែលជាកំណត់ហេតុសរសេរដោយអ្នកការទូតចិនឈ្មោះ ជូ តាក្វាន់ ធ្វើជាតឹកតាង ។ ទោះជាយ៉ាងណាក៏ដោយ ក៏ឯកសារនិងភស្តុតាងទាំងនេះបញ្ជាក់អំពីជ្រុងមួយនៃភាពរុងរឿងក្នុងសង្គមខ្មែរដែរ ។ ចំណែកទសវត្សរ៍ឆ្នាំ ១៩៦០ និង ៧០ យើងអាចចាត់ទុកថាជាយុគមាសបានដោយហេតុថានៅអំឡុងពេលនេះវប្បធម៌ខ្មែរមានភាពចម្រុងចម្រើនគួរឲ្យកត់សម្គាល់ ។ ពលរដ្ឋខ្មែរដែលមានជីវិតរស់នៅសព្វថ្ងៃអាចស្វែងរកស្នាដៃនានាដែលបង្កើតឡើងនាសម័យកាលនោះមកប្រៀបធៀបទៅនឹងសម័យកាលមុននិងក្រោយគ្រានោះបាន ។ មិនចាំបាច់តែអ្នកប្រាជ្ញទេ សូម្បីតែអ្នករៀនសូត្រធម្មតាក៏អាចមើលឃើញនូវភាពខុសគ្នានៃគុណតម្លៃរបស់ឯកសារនៅក្នុងសម័យកាលនេះដែរ ។
សរុបសេចក្តីមកវិញ សំរាមចូល សំរាមចេញ ជាគោលគំនិតមូលដ្ឋានមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវត្រិះរិះពិចារណា ។ គុណតម្លៃនៃនិក្ខេបទ ឬសារណា គឺអាស្រ័យលើឯកសារ ។ បើឯកសារប្រកបដោយខ្លឹម និក្ខេបទក៏ខ្លឹម ឯអ្នកស្រាវជ្រាវសិក្សាក៏ក្លាយជាខ្លឹមមនុស្សដែរ ៕
Wednesday, May 9, 2018
កំណាព្យ
រឿង គីង្គក់លក់ថ្នាំស្រែង
មានគីង្គក់ មួយវក់ លក់ថ្នាំស្រែង
ស្រែកក្តែងៗ ថាស្រែង រមាស់ណាស់
អ្នកមានស្រែង ជាក់ស្តែង ស្តាប់ឲ្យច្បាស់
ត្រូវរូតរះ ព្រលះ ស្រែងចេញទៅ ។
ម្នាលអួតថា ថ្នាំវា សែនសក្តិសិទ្ធិ
តែធាតុពិត នៅជិត ដិតក្រឡៅ
ស្បែកវាស្រោប ដោយស្រែង ដូចគេដៅ
អស់ញាតិផៅ ឃើញជាក់ ច្បាស់ក្រឡែត ៕
Wednesday, May 2, 2018
ចំណីខួរក្បាល
រដ្ឋធម្មជាតិ (The State of Nature)
ទស្សនវិទូអង់គ្លេសមួយរូបឈ្មោះ ថម៉ាស្ស ហប Thomas Hobbes នៅសតវត្សទី១៧ បាននិយាយថា៖ ជីវិតមនុស្សដែលរស់នៅក្នុងរដ្ឋធម្មជាតិ គឺមិនខុសអ្វីអំពីជិវិតសត្វតិរិច្ឆានឡើយ ។ អ្នកដែលទន់ខ្សោយគឺរស់នៅក្នុងសភាពព្រួយបារម្មណ៍ និងភ័យខ្លាចជាប្រចាំ ។ គ្រោះមហន្តរាយដោយប្រការផ្សេងៗគឺស្ថិតនៅជាប់ជិតខ្លួនប្រៀបដូចជាស្រមោលដែលអន្ទោលតាមប្រាណ ។ ជីវិតគឺពោពេញទៅដោយគ្រោះថ្នាក់ និងងាយស្លាប់ជាទីបំផុត ។ Life is nasty, brutish, and short.
តើរដ្ឋធម្មជាតិមានសណ្ឋានដូចម្តេច? គេអាចសម្គាល់រដ្ឋធម្មជាតិដោយកត្តាអ្វីខ្លះ? បើតាមលោក ហប គេអាចសម្គាល់រដ្ឋធម្មជាតិបាននៅត្រង់ ពលរដ្ឋរស់ក្នុងសភាពភ័យខ្លាច ដោយសារគ្មានច្បាប់សម្រាប់រារាំងមនុស្សមិនឲ្យប្រព្រឹត្តិអំពើហឹង្សាដាក់គ្នា ។ នៅក្នុងការសិក្សាអំពីសង្គមមនុស្សនិងច្បាប់គ្រប់គ្រងរដ្ឋ គេក៏អាចលើកយកប្រធានបទមួយមកចោទសួរដែរថា តើរដ្ឋដែលមានច្បាប់ហើយ តែច្បាប់នោះគ្មានប្រសិទ្ធភាព អាចចាត់ទុកថាជារដ្ឋធម្មជាតិដែរឬទេ? (ច្បាប់គ្មានប្រសិទ្ធភាពនៅទីនេះគឺសំដៅលើច្បាប់ដែលអាចដាក់ទោសទណ្ឌតែទៅលើពលរដ្ឋសាមញ ឯពលរដ្ឋដែលជាបក្សពួកថ្នាក់ដឹកនាំរដ្ឋឬក្រុមគ្រុបគ្រងរដ្ឋ កម្រជាប់ទោសណាស់ ទោះបីមានភស្តុតាងបទល្មើសជាក់លាក់យ៉ាងណាក៏ដោយ) ។ ផ្អែកលើនិយមន័យរបស់លោក ហប យើងអាចចាត់ទុករដ្ឋដែលពោពេញទៅដោយនិទណ្ឌភាពថាជារដ្ឋធម្មជាតិបាន ដោយហេតុថារដ្ឋនិទណ្ឌភាព និងរដ្ឋធម្មជាតិស្ថិតនៅក្នុងក្លិបតែមួយ (In the same League) ។
ការវាយតម្លៃឬសន្មត់រដ្ឋប្រភេទណាថាជារដ្ឋធម្មជាតិ គឺជាប្រធានបទដ៏លំបាកមួយ ។ បុ៉ន្តែ បើយើងយកប្រសិទ្ធភាពនៃច្បាប់ជាគោល យើងអាចកំណត់បានថា រដ្ឋអនាធិបតេយ្យដែលភាសាអង់គ្លេសហៅថា (Failed State) គឺស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មជាតិ ។ ឧទាហរណ៍នៃរដ្ឋប្រភេទនេះមានជាអាទ៍ ប្រទេសសូមាលី (Somalia) កាលពីជាង១ទសវត្សកន្លងទៅ ប្រទេសយូហ្គោស្លាវី (Yugoslavia) នៅអំឡុងបំបែករដ្ឋនៅទសវត្សឆ្នាំ ១៩៩០ និងប្រទេស រវ៉ាន់ដា (Rwanda) នៅក្នុងទសវត្ស ១៩៩០ ជាដើម ។ល។ នៅក្នុងសម័យ ប៉ុល ពល កាលពីទសវត្សឆ្នាំ១៩៧០ ទៅ៨០ ប្រទេសកម្ពុជាក៏ធ្លាប់បានស្ថិតនៅក្នុងស្ថានភាពដូចគ្នានេះដែរ ។ ការស្តារប្រទេសកម្ពុជាឲ្យចេញផុតពីរដ្ឋធម្មជាតិគឺជាកិច្ចការដ៏យូរអង្វែងមួយ ។ ប៉ុន្តែ កម្ពុជាសព្វថ្ងៃក៏មិនទាន់ឆ្លងផុតហានិភ័យរដ្ឋធម្មជាតិបាន ១០០%ដែរ ។ ផ្អែកលើស្ថានភាពនយោបាយបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើជម្រាលមួយដែលភាសាអង់គ្លេសហៅថា Slippery Slope ។ នៅពេលដែលដំណើរនយោបាយជាន់ចំកន្លែងរអិល សន្តិភាព សេរីភាព និងវឌ្ឃនភាពទាំងបុ៉ន្មានអាចនឹងរមៀលធ្លាក់បែកបាក់ប្រេះស្រាំរងកម្មសាជាថ្មី ៕
Thursday, April 19, 2018
សង្កេត
ពាក្យអង់គ្លេសដែលខ្មែរប្រើមិនត្រូវតាមអត្ថន័យ
ខ្ញុំឧស្សាហ៍ឃើញខ្មែរយើងរាប់បញ្ចូលទាំងប្រពន្ធខ្ញុំផង ប្រើពាក្យអង់គ្លេសខុសអត្ថន័យជាញឹកញាប់ ។ មិនមានបំណងទិតៀននរណាម្នាក់ទេ គ្រាន់តែចង់ប្រាប់នូវពាក្យត្រឹមត្រូវមួយចំនួនដែលយើងគួរប្រើក្នុងការសរសេរឬនិយាយស្តី ។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗ៖
១) ទៅលេងស្រុកកំណើតឬភូមិកំណើត => Go to visit home land. គេគួរសរសេរថា៖ Go to visit hometown. បើរស់នៅបរទេសហើយត្រឡប់ទៅលេងស្រុកខ្មែរ គេអាចសរសេរថា៖ Go to visit my birthplace or visit the country of my birth.
២) សហការី ឬ ក្រុមការងារ => Team work. គេគួរសរសេរថា៖ Colleagues or Co-workers.
៣) ស្លៀកពាក់សាមញ ឬ ធម្មតា => Free Style. គេគួរសរសេរថា៖ Casual or Going casual.
Friday, April 6, 2018
ចំណីខួរក្បាល
អតីតភាព បច្ចុប្បន្នភាព អនាគតភាពៈ ពាក្យថ្មី ឬក៏ពាក្យគ្មានន័យ?
ខ្ញុំឧស្សាហ៍ឃើញគេសរសេរពាក្យ អតីតភាព និង បច្ចុប្បន្នភាព ជាញឹកញាប់ បុ៉ន្តែមិនទាន់ឃើញអ្នកណាសរសេរពាក្យ អនាគតភាពនៅឡើយទេ ។ ខ្ញុំគិតថា មិនយូរមិនឆាប់ ពាក្យអនាគតភាពនឹងត្រូវគេយកមកប្រើជាមិនខាន ព្រោះពាក្យទាំងបីនេះជាញាតិសន្តាននឹងគ្នា ពាក់ព័ន្ធទៅនឹងកាលវេលា ។ ដើម្បីចូលរួមលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរ ខ្ញុំសូមសាកល្បងវែកញែកពាក្យទាំងបីនេះបន្តិចដើម្បីទុកជាគត្តិបណ្ឌិតគិតទាំងអស់គ្នា ។
តាមក្បួនវេយ្យាករណ៍ ពាក្យ៖ អតីត បច្ចុប្បន្ន និង អនាគត ជាពាក្យដែលគេប្រើសម្រាប់បញ្ជាក់ពេលវេលា (កាល)។ ដូច្នេះ នៅក្នុងការសរសេរ គេតែងតែយកពាក្យ កាល មកដាក់ភ្ជាប់ពីក្រោយ ។ ឧទាហរណ៍ៈ អតីតកាល បញ្ជាក់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងហួសទៅ ។ បច្ចុប្បន្នកាល បញ្ជាក់អំពីព្រឹត្តិការណ៍ដែលកើតឡើងឬកំពុងកើតឡើងនៅចំពោះមុខ ។ អនាគតកាលបញ្ជាក់អំពីព្រឹត្តិការណ៍ដែលហៀបនឹង ឬក៏នឹងកើតឡើងនៅគ្រាខាងមុខ ។ ព្រឹត្តិការណ៍អានាគតអាចនឹងមិនកើតឡើងក៏មានដែរអាស្រ័យលើកត្តានានាដែលមានឥទ្ធិពលលើព្រឹត្តិការណ៍ ។
ចំណែកពាក្យ៖ អតីតភាព បច្ចុប្បន្នភាព និង អនាគតភាព គ្មានអ្វីត្រូវលើកយកមកវែកញែកពន្យល់ទេ ព្រោះវាគឺជាពាក្យបង្កើតឡើងដោយស្មេរដែលមិនគ្នេរអំពីភាពត្រឹមត្រូវនិងមិនត្រឹមត្រូវនៃការសរសេរភាសា ៕
Monday, March 19, 2018
ចំណីខួរក្បាល
តើយើងគួរប្រើពាក្យខ្មែរដើម្បីសម្គាល់លេខខ្មែរឡើងវិញឬទេ ?
ធ្លាប់ឆ្ងល់ទេ ថាតើហេតុអ្វីបានជាខ្មែរហៅលេខ សាមសិប (៣០) សែសិប (៤០) ហាសិប (៥០) ហុកសិប (៦០) ជាដើម ។ល។ ដូចជាសៀមដែរ? បើតាមប្រវត្តិសាស្ត្រ សៀមខ្ចីលេខខ្មែរយកទៅប្រើហើយបង្កើតសំនៀងហៅលេខទាំងនេះតាមភាសាគេ ។ ដូច្នេះ សំនៀងខ្មែរសម្រាប់ហៅលេខទាំងនេះប្រាកដជាមាន ។
ប៉ុន្មានថ្ងៃមុន ខ្ញុំបានចូលអានអត្ថបទនៅក្នុងទំព័រ ប្លក ដែលគេបោះបង់ចោលក្នុង Word Press មួយចំនួន ។ នៅក្នុងចំណោមអត្ថបទទាំងនោះ ខ្ញុំប្រទះអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីអំពីលេខខ្មែរនិងលេខសៀម ។ អត្ថបទនោះ ម្ចាស់ប្លកបានដកស្រង់ទាំងស្រុងចេញពីកាសែត រស្មីកម្ពុជា ដែលបោះពុម្ពនៅឆ្នាំ ២០១១ ។ ខ្ញុំបានព្យាយាមស្វែងរកប្លកនោះឡើងវិញដើម្បីស្វែងរកម្ចាស់ដើមនៃអត្ថបទ បុ៉ន្តែរកមិនឃើញសោះ ។ ដូច្នេះខ្ញុំសូមសរសេរអត្ថបទនេះឡើងវិញដោយផ្អែកលើការចងចាំ ។
តាមការផ្សាយរបស់កាសែត រស្មីកម្ពុជា នាឆ្នាំ២០១១ ស្មេរខ្មែរមួយរូបបានទៅចូលរួមក្នុងពីធីបុណ្យមួយនៅស្រុកបារាំង ។ គាត់បានជួបនឹងមិត្តភក្តិម្នាក់ ដែលធ្លាប់បានទៅទស្សនាប្រទេសភូមា ។ មិត្តភក្តិនោះប្រាប់គាត់ថា បានប្រទះភូមិពីរដែលមានជនជាតិខ្មែររស់នៅតាំងពីយូរយាណាស់មកហើយ ។ ខ្មែរដែលរស់នៅទីនោះប្រើភាសាខ្មែរបុរាណ ហើយរាប់លេខខ្មែរតាមរបៀបបុរាណ ដោយប្រើពាក្យ មួយដណ្តប់ ពិរដណ្តប់ បីដណ្តប់ បួបដណ្តប់ សម្រាប់សម្គាល់លេខ ១០ ២០ ៣០ និង ៤០ ។ ស្មេរនោះបានវែកញែកហេតុផលយ៉ាងល្អិតល្អន់រវាងលេខខ្មែរនិងលេខសៀម ព្រមទាំងធ្វើសំណូមពរថា ខ្មែរគួរចាប់ផ្តើមប្រើសំនៀងខ្មែរសម្រាប់ហៅលេខខ្មែរឡើងវិញ ជាជាងនិយាយតាមសំនៀងសៀម ។
បន្ទាប់ពីបានអានអត្ថបទនោះ ខ្ញុំភ្ញាក់ព្រើត ត្បិតអីកាលពីក្មេង ខ្ញុំធ្លាប់ឮម្តាយខ្ញុំប្រើពាក្យ មួយដណ្តប់ ពីរដណ្តប់ បីដណ្តប់ បួនដណ្តប់ នេះដែរ ប៉ុន្តែគាត់សំដៅលើចំនួន ១១ ១២ ១៣ និង ១៤ ទៅវិញ ។ វាជារឿងច្របូកច្របល់ពិបាកយល់មួយ ។ ក៏ប៉ុន្តែ ប្រសិនបើយើងមើលប្រវត្តិសាស្ត្រខ្មែរ ភាពច្រឡំបល់នេះប្រហែលជាអាចវែកញែកចែកឲ្យដាច់ស្រឡះបាន ។ សំណួរដែលត្រូវលើកយកមកពិចារណា គឺថា៖ តើសៀមខ្ចីទាំងលេខទាំងសំនៀងរបស់ខ្មែរទៅប្រើឬក៏អត់? បើអត់ខ្ចីសំនៀងរបស់ខ្មែរទៅប្រើទេ តើសំនៀងខ្មែរសម្រាប់ហៅលេខ ៣០ ៤០ ៥០ ៦០ ៧០ ៨០ និង ៩០ បាត់បង់ទៅនៅពេលណា?
ចាប់ពីលេខ ១ដល់២០ សៀមនិងខ្មែរប្រើសំនៀងខុសគ្នាគឺ៖
សៀមៈ នឹង(១) សង(២) សាម(៣) សែ៊ី(៤) ហា(៥) ហុ(៦) ចិត(៧) ប៉ែត(៨) កៅ(៩) សុីប(១០) សុីបអុីត(១១) សុីបសង(១២) សុីបសាម(១៣) សុីបស៊ែ(១៤) សុីបហា(១៥) សុីបហុ(១៦) សុីបចិត(១៧) សុីបប៉ែត(១៨) សុីបកៅ(១៩) យីសុីប(២០) ។
ខ្មែរៈ មួយ(១) ពីរ(២) បី(៣) បួន(៤) ប្រាំ(៥) ប្រាំមួយ(៦) ប្រាំពីរ(៧) ប្រាំបី(៨) ប្រាំបួន(៩) ដប់ (ដណ្តប់)(១០) ដប់មួយ(១១) ដប់ពីរ(១២) ដប់បី(១៣) ដប់បួន(១៤) ដប់ប្រាំ(១៥) ដប់ប្រាំមួយ(១៦) ដប់ប្រាំពីរ(១៧) ដប់ប្រាំបី(១៨) ដប់ប្រាំបួន(១៩) ម្ភៃ(២០) ។ ប៉ុន្តែ ចាប់ពីលេខ ៣០ដល់៩០ ខ្មែរនិងសៀមហៅលេខទាំងនោះតាមសំនៀងដូចគ្នា ។
បើតាមការសង្កេតរបស់ម្ចាស់អត្ថបទនៅក្នុងកាសែត រស្មីកម្ពុជា (ហើយខ្ញុំក៏យល់ឃើញដូចគ្នាដែរ) ពាក្យ ដប់និងដណ្តប់ គឺសំដៅមេគុណ ១០ ។ ដូច្នេះ បីដណ្តប់គឺស្មើនឹង ៣គុណនឹង១០ (៣X១០=៣០) ។ បួនដណ្តប់ ប្រាំដណ្តប់ រហូតដល់ ប្រាំបួនដណ្តប់ក៏ដូចគ្នាដែរ (៤X១០=៤០; ៥X១០=៥០... ៩X១០=៩០) ។ ដើម្បីសម្រួលដល់ការហៅលេខទាំងនេះនៅក្នុងការសន្ទនា យើងអាចប្រើពាក្យ ដប់ជំនួសឲ្យដណ្តប់ ។ ដូច្នេះ ៣០ ៤០ ៥០ ៦០ អាចរាប់ជា៖ បីដប់ បួនដប់ ប្រាំដប់ ប្រាំមួយដប់ ។ល។
ចំណែកសំណួរថាតើសំនៀងខ្មែរសម្រាប់ហៅលេខ ៣០ ៤០ ៥០ រហូត ៩០ បាត់បង់ទៅនៅពេលណា យើងអាចយកចំណុចពីរនៅក្នុងប្រវត្តិសាស្ត្រខ្មែរមកពិចារណា ។ ទីមួយគឺនៅអំឡុងពេលខ្មែរចាកចេញពីទីក្រុងអង្គរ ។ ទីពីរគឺនៅសម័យកាលស្តេចអង្គមុី និងអង្គឌួងគ្រងរាជ ។ ខ្ញុំគិតថាសម័យកាលទីពីរនេះអាចត្រឹមត្រូវ ត្បិតអី បើតាមប្រវត្តិសាស្ត្រខ្មែរ ប្រទេសខ្មែរស្ទើរតែវិនាសនៅក្នុងសម័យកាលទីពីរនេះ ។ បន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមសុីវិលនិងសង្គ្រាមឈ្លានពានពីបរទេសរាប់សិបឆ្នាំ ពលរដ្ឋខ្មែរដែលនៅសេសសល់បន្ទាប់ពីការគៀរយកពីសំណាក់ប្រទេសសៀម គឺមិនដល់ ១ លាននាក់ផង ។ សៀមមិនត្រឹមតែលួចប្លន់ទ្រព្យសម្បត្តិផ្សេងៗរបស់ខ្មែរទេ ពួកគេក៏បានប្រមូលយកអ្នកប្រាជ្ញខ្មែរផងដែរ ។ ជាលទ្ធផល ខ្មែរបាត់បង់ធនធានមនុស្សស្ទើរតែអស់ពីខ្លួន ។ កត្តាមួយទៀតគឺស្តេចខ្មែរ ចាប់ពីព្រះអង្គអេង អង្គចន្ទ រហូតដល់អង្គឌួង គឺសុទ្ធតែចម្រើនវ័យនិងរៀនសូត្រនៅក្នុងស្រុកសៀម ។ ដូច្នេះ ឥទ្ធិពលសៀមបានជ្រួតជ្រាបក្នុងគោលគំនិតស្តេចខ្មែរតាំងពីពេលនោះមក ។ បើតាមប្រវត្តិសាស្ត្រ ស្តេចអង្គឌួង បាននាំយកឥទ្ធិពលសៀមជាច្រើន ជាពិសេសវិស័យព្រះពុទ្ធសាសនា មកកាន់ស្រុកខ្មែរ ។ សំនៀងរាប់លេខតាមភាសាសៀមក៏ប្រហែលជាមានវត្តមាននៅគ្រានោះដែរ ។ ចំណុចនេះ យើងគប្បីមានការស្រាវជ្រាវជាក់លាក់ទើបអាចអះអាងបាន ។ ចំណុចសន្និដ្ឋានមួយដែលយើងគួរលើកយកមកពិចារណា គឺថាៈ បើស្តេចរាប់លេខ ៣០ ៤០ ៥០ ថា៖ សាមសិប សែសិប ហាសិប តើនាហ្មឺនសព្វមុខមន្ត្រីនិងប្រជានុរាស្ត្រ គួររាប់ដូចម្តេចទៅវិញ? ៕
Thursday, March 15, 2018
ចំណីខួរក្បាល
សញាណសម្គាល់ឬសគល់អក្សរសីល្ប៍
ខ្ញុំមិនបានរៀនអក្សរសីល្ប៍ខ្មែរជ្រៅជ្រះទេ ប៉ុន្តែធ្លាប់បានរៀនអក្សរសីល្ប៍អង់គ្លេសខ្លះៗ ។ នៅក្នុងអក្សរសីល្ប៍អង់គ្លេស មានពាក្យបច្ចេកទេសអក្សរសីល្ប៍មួយចំនួនដែលខ្ញុំគិតថា អ្នកសិក្សាអក្សរសីល្ប៍គ្រប់ភាសាគួរកត់សម្គាល់និងយល់ឲ្យបានជាក់លាក់ ដើម្បីជាជំនួយដល់ការតាក់តែង ក៏ដូចជាការអាននិងវិភាគរឿងប្រលោមលោក និងរឿងអក្សរសីល្ប៍ផងទាំងពួក ។ ខាងក្រោមនេះ ជាសម្រង់ពាក្យបច្ចេកទេសអក្សរសីល្ប៍មួយចំនួន ដែលខ្ញុំប្រែសម្រួលជាភាសាខ្មែរ និងផ្តល់ឧទាហរណ៍ខ្លះៗ ។ សូមបញ្ជាក់ថា ពាក្យបច្ចេកទេសអក្សរសីល្ប៍មានរាប់រយ ។ ខ្ញុំស្រង់យកតែពាក្យមួយចំនួនប៉ុណ្ណោះមកបង្ហាញនៅទីនេះ ។ សម្រាប់មិត្តអ្នកអានដែលចេះភាសាអង់គ្លេស សូមមេត្តាមើលនិយមន័យពិស្តាររបស់ពាក្យនីមួយៗបន្ថែមនៅក្នុង ហ្គូកហ្គល (Google) ព្រោះខ្ញុំបកប្រែតែពាក្យគន្លិះនិងផ្តល់ឧទាហរណ៍ខ្លីៗតែប៉ុណ្ណោះនៅទីនេះ ។
Alliteration: ពាក្យពេចន៍រំលេចចុងចួនស្ទួនដោយសព្ទនៃអក្សរមួយ ឧៈ កាកីស្រីស្រស់សម្រស់ស្អាតស្រាតសំពត់ខុសបែបបទប្រពៃណី ។
Complication: ស្មុគស្មាញត្បាញជំពាក់ទាក់តួអង្គក្នុងបញ្ហា ឧៈ ស្នេហាត្រីកោណ ឬពហុកោណ ។ សំបូរនៅក្នុងកុនភាគចិន ។
Conflict: ទំនាស់ ជាមួយនឹងសភាវឬឧត្តមគតិ ឧៈ មិនចង់ធ្វើជាឆ្អឹងស្លាក់ រាំងស្នេហ៍ ។
Climax: ចំណុចកំពូលនៃរឿងរ៉ាវ ឧៈ ទាវនិងនោធ្វើអត្តឃាតសម្លាប់ខ្លួនតាម ទុំ នៅក្រោមដើមពោធិ៍ ។
Denouement: ដំណោះស្រាយបញ្ចប់រឿងរ៉ាវនៅក្នុងវគ្គមួយឬក៏នៅក្នុងសាច់រឿងទាំងមូល ឧៈ ស្តេចបញ្ជាឲ្យសម្លាប់គ្រួសារអរជូនទាំងអស់ និងដាក់អ្នកស្រុក ពោធិ៍ជើងខាល ឲ្យក្លាយជា អ្នកងារ បន្ទាប់ពីធ្វើឲ្យ ទុំនិងទាវ ស្លាប់។
Dilemma: ទ្វេគ្រោះ ឧៈ ត្រូវបង្ខំចិត្តជ្រើសយកឬប្រព្រឹត្តិអ្វីមួយក្នុងចំណោមវត្ថុឬរឿងពីរ មិនថាល្អឬអាក្រក់ឡើយ ។
Flashback: រំលឹក ឬនឹកឃើញរឿងដែលកើតឡើងកាលគ្រាអតីត ឧៈ ការផ្ទុះអាវុធនៅក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី ៥-៦ ខែកក្តដា ឆ្នាំ ១៩៩៧ ធ្វើឲ្យនឹងទៅដល់សង្គ្រាមសុីវិលនៅឆ្នាំ ១៩៧៥ ។
Foreshadowing: ព្រលយឲ្យដឹងមុនអំពីអ្វីដែលនឹងកើតឡើង ឧៈ យាយផាន់រៀបគម្រោងចាប់ពង្រាត់នាង ទាវ មករៀបការនឹង មុឺនងួន ។
Hubris: ក្រអឺតក្រទមដែលនាំទៅកាន់ភាពបរជ័យនៃតួអង្គ ឧៈ ទាញកៅអីឲ្យមិត្តអុកគូទ ចៃដន្យខ្លួនឯងក៏ជំពប់ជើងដួលអុកគូទដែរ ។
Imagery: រូបារម្មណ៍ ឧៈ ស្លឹកឈើ ខ្យល់ផាត់លើបក់រវិច ។
Irony: ភាពផ្ទុយគ្នានូវអ្វីដែលអះអាង និងអ្វីជារូបភាពពិត ឧៈ ទន់ដូចដែក ។
Metaphor: ប្រៀបធៀបរូបភាពពីរដែលមិនពាក់ព័ន្ធគ្នា តែបង្កប់ន័យអាចយល់បាន ឧៈ ក្រញាញ់ខួរ ។ រំដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍ បងស្ម័គ្រម្លឹងដែរនៅតែព្រងើយ ។
Nemesis: ឧប្បស័គ្គ ឬសត្រូវដែលនៅអន្ទោលតាមផ្តន្ទាតួអង្គ ឧៈ នំមិនធំជាងនាឡ តាមឃ្វាលយកសង្ខារនាងទាវ ។
Oxymoron: ពាក្យផ្ទុយគ្នាពីរផ្គុំបញ្ចូលគ្នាបង្កើតអត្ថន័យមួយ ឧៈ ដូចស្លាប់ទាំងរស់ ។
Sarcasm: បញ្ជោះបន្សោក ឧៈ អ្នកដែលចង់ទៅវ៉ៃយួន សូមអញ្ជើញ ខ្ញុំនឹងឧប្បត្ថមក្តារមឈូសឲ្យម្នាក់មួយ ។
Simile: ប្រដូចតួអង្គ ឧៈ អូនល្អដូចផ្កា ។ ក្រមាច់ក្រមើមដូចស្វា ។
Satire: ទិតៀនរបៀបកំប្លែង បង្អាប់ ឬតាមរយៈរឿងល្បើក ។ ឧៈ ឪទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។
Wednesday, March 14, 2018
ចំណីខួរក្បាល
ខ្ញុំព្រួយ
ពេលឃើញពលរដ្ឋខ្មែរប្រើអំពើរហឹង្សា វាយតប់ ឬបាញ់សម្លាប់គ្នាដូចសត្វតេរិច្ឆាន ខ្ញុំមានអារម្មណ៍រន្ធត់ក្នុងចិត្តណាស់ ។ ករណីអាជ្ញាធរប្រើអាវុធបាញ់រះលើបាតុករនៅខេត្ត ក្រចេះ និង ការវាយដំច្រំធាក់លើអ្នកបើងបររថយន្តម្នាក់កណ្តាលទីក្រុង ភ្នំពេញ កាលពីពេលថ្មីៗនេះ វាគឺជាសញ្ញាមួយដែលធ្វើឲ្យខ្ញុំព្រួយជាទីបំផុត ។ ទាំងអាជ្ញាធរ ទាំងពលរដ្ឋសាមញ ហាក់ដូចជាមិនទុកច្បាប់នៅក្នុងកែវភ្នែកទេ ។ សម្រាប់ពួកគេ ច្បាប់គឺគ្រាន់តែជាតួអក្សរសរសេរនៅលើក្រដាសតែប៉ុណ្ណោះ ។
នៅពេលដែលអាជ្ញាធរនិងពលរដ្ឋលែងប្រើឬគោរពច្បាប់ ឬនិយាយមួយបែបផ្សេងទៀតថា៖ គោរពឬអនុវត្តច្បាប់មិនស្របតាមបែបបទ ភាពអនាធិបតេយ្យនៃសង្គមនឹងរីកលូតលាស់ដុះដាលរាលពេញពាសចៀសមិនរួច ។ អនាធិបតេយ្យសង្គម មិនអាចកើតឡើងដោយឯកឯងនោះទេ ។ វាត្រូវការរូបធាតុជាច្រើនដើម្បីបណ្តុះនិងទ្រទ្រង់វាឲ្យមានជីវិតលូតលាស់ធំធាត់បាន មិនខុសអ្វីអំពីកូនរុក្ខជាតិដែលត្រូវការ ដី ទឹក ខ្យល់ និងពន្លឺថ្ងៃដើម្បីលូតលាស់នោះទេ ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យសង្គមមួយធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ? បើនិយាយពីកត្តានោះគឺរាប់មិនអស់ទេ ប៉ុន្តែកត្តាធំបំផុតគឺមានពីរ(២) ។ ទីមួយ អយុត្តិធម៌សង្គម និងទីពីរ ភាពទាល់ច្រក ។
អយុត្តិធម៌នៅក្នុងសង្គមជាធាតុផ្សំដ៏ធំបំផុតសម្រាប់ដុតបង្កាត់ឲ្យមានភ្លើងអនាធិបតេយ្យ ។ អ្នកសិក្សាច្បាប់ឬប្រព័ន្ធយុត្តិធម៌ ជាទូទៅតែងប្រទះរូបមនុស្សមានកំណាត់ចងគ្លំភ្នែកជិតនិងកាន់ដងជញ្ជីងដែលតំណាងឲ្យតុល្យភាព និងការមើលមិនឃើញនូវអំណាចនិងទ្រព្យធនបុណ្យស័ក្តិនានារបស់ជនានុជនដែលមានខ្លួននៅចំពោះមុខច្បាប់ ។ និយាយឲ្យខ្លី ស្តីឲ្យងាយយល់ គឺថា៖ ច្បាប់គ្មានភ្នែកទេ ។ ក៏បុ៉ន្តែ នៅពេលដែលអ្នកអនុវត្តច្បាប់ (អាជ្ញធរ) យកគ្រាប់ភ្នែកទៅបំពាក់ឲ្យច្បាប់ ដែលនាំឲ្យការអនុវត្តន៍ច្បាប់មាននិយាម ឬស្តង់ដារ ពីរ វាមិនខុសអ្វីអំពីយកទឹកទៅស្រោចលើគ្រាប់ពូជអនាធិបតេយ្យឲ្យលូតលាស់ដុះធំឡើងឡើយ ។ ដ្បិតអី ច្បាប់ដែលមានភ្នែក រមែងញែកការអនុវត្តន៍ច្បាប់ឲ្យលម្អៀងទៅរកតែអ្នកមានអំណាចទ្រព្យធនបុណ្យស័ក្តិ ។ អ្នកដែលខ្សត់អំណាចទ្រព្យធន គឺរង់ចាំតែចាញ់ និងទទួលនូវក្តីវិនាសហិនហោចជាប្រចាំ ។
ភាពទាល់ច្រក គឺសំដៅលើកង្វះឱកាស (Lack of Opportunity) ក្នុងការអភិវឌ្ឍន៍ ក៏ដូចជាការស្វែងរកសុភមង្គលផ្តល់ឲ្យជីវិត ដែលយើងហៅឲ្យខ្លីថា៖ សិទ្ធិ ។ នៅពេលដែលសិទ្ធិបុគ្គលត្រូវបានគេជិះជាន់ ឬបំពានយក គួបផ្សំនឹងការបាត់បង់យុត្តិធម៌នៅក្នុងសង្គម អ្វីដែលនៅសេសសល់គឺ យំ ។ យើងដឹងហើយថា មនុស្សទាល់ច្រកទើបយំ ។ យំមានពីរប្រភេទ គឺយំស្រក់ទឹកភ្នែក និងយំមិនស្រក់ទឹកភ្នែកដែលយើងអាចហៅថា យំក្នុងចិត្ត ។ តើមានមនុស្សប៉ុន្មាននាក់នៅស្រុកខ្មែរ ដែលកំពុងតែយំនៅក្នុងចិត្ត? គ្មានអ្នកណាដឹងទេ ។ ប៉ុន្តែ នៅពេលពួកគេបញ្ចេញកំហឹង តាមរយៈសន្លឹកឆ្នោតក្តី តាមរយៈអំពើហឹង្សាក្តី វាជាសន្ទស្សន៍មួយដែលអាចយកមកគណនាបាន ។
អំពើហឹង្សានិងអនាធិបតេយ្យ គឺជាហានិភ័យមួយដែលសង្គមនីមួយៗមិនអាចមើលរំលង (Neglect) បានឡើយ ។ ហានិភ័យនេះមិនមែនអាចកើតមានតែនៅក្នុងសង្គមខ្មែរនោះទេ សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសជឿនលឿនប្រកាន់និតិរដ្ឋយ៉ាងខ្ជាប់ខ្ជួនក៏រងគ្រោះដោយសាអំពើហឹង្សាអនាធិបតេយ្យជារឿយៗផងដែរ ។ ឧទាហរណ៍ នៅទសវត្សឆ្នាំ ១៩៩០ មានករណីអំពើហឹង្សាអនាធិបតេយ្យមួយយ៉ាងធំផ្ទុះឡើងនៅទីក្រុង ឡូស អេនជេលេស (Los Angeles) ។ ថ្មីៗនេះ ករណីដូចគ្នាក៏កើតមាននៅទីក្រុង ហ្វឺហ្គូសុន (Ferguson) និង បាល់ទីម័រ (Baltimore) ផងដែរ ។ បើយើងសង្កេតមើលទៅលើករណីអំពើហឹង្សាអនាធិបតេយ្យទាំងបីខាងលើ អ្វីដែលជាធាតុផ្សំផ្គុំឲ្យមានចលនាហឹង្សាមហាជនកើតឡើង គឺអយុត្តិធម៌សង្គមនិងភាពទាល់ច្រក ។ ដើមចមដែលនាំឲ្យកំហឹងមហាជនឆាបឆេះគឺចាប់ផ្តើមពីអំពើឃោរឃៅរបស់អាជ្ញាធរ (Police brutality) ឬការអនុវត្តន៍ច្បាប់លម្អៀង ។ នៅពេលដែលអាជ្ញាធរអនុវត្តច្បាប់មិនត្រឹមត្រូវ វាមិនខុសអ្វីអំពីអាជ្ញាធរប្រព្រឹត្តិបទឧក្រិតនោះទេ ។ អាជ្ញាធរតំណាងឲ្យច្បាប់ ។ នៅពេលដែលអ្នកតំណាងច្បាប់បំពានច្បាប់ តើឲ្យពលរដ្ឋគោរពឬពឹងពាក់លើច្បាប់ដូចម្តេចទៅ? ចំណុចនេះហើយដែលបង្ខំឲ្យពលរដ្ឋយកច្បាប់មកអនុវត្តវិញម្តង ។ នៅក្នុងភាសាអង់គ្លេសគេហៅការអនុវត្តច្បាប់បែបនេះថាៈ Mob justice (យុត្តិធម៌មហាជន) ។
អំពើហឹង្សាឬយុត្តិធម៌មហាជនជាអព្ភូតហេតុមួយ (Phenamenon) ដែលពិបាកការពារនិងគ្រប់គ្រង ។ វាប្រៀបដូចជាកម្មរន្ទះដែលបាញ់បញ្ឆេះភ្លើងព្រៃ ។ នៅពេលដែលមានកត្តាគន្លិះណាមួយកើតឡើង មនុស្សផងទាំងពួងចាប់ផ្តើមប្រមូលផ្តុំធ្វើសកម្មភាពតាមគ្នាជាសភាវៈសត្វក្នុងហ្វូង ។ ថ្វីត្បិតតែវាមិនសូវកើតមានញឹកញាប់នៅក្នុងសង្គមក៏ពិតមែន ប៉ុន្តែវាគឺជាបញ្ហាដែលអាចធ្វើឲ្យសង្គមមួយរញ្ជួយពីលើដល់ក្រោម ។ អ្វីដែលជាកត្តាគួរឲ្យព្រួយនោះ គឺថា ពលរដ្ឋដែលអស់ជំនឿលើច្បាប់ ឈប់គោរពកោតខ្លាចអ្នកអនុវត្តច្បាប់ រួចហើយចាប់ផ្តើមអនុវត្តច្បាប់ទៅតាមការយល់ឃើញរបស់ខ្លួនវិញម្តង ។ នៅពេលករណីនេះកើតឡើង កម្លាំងនគរបាល កងទ័ព និងអាវុធយុទ្ធភ័ណ្ឌគ្រប់ធន់ ប្រហែលជាលែងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើហឹង្សារបស់មហាជនហើយ ។ ឈាមនឹងហូរ ហូររហូតទាល់តែខ្សោះអស់ពីខ្លួនជនរងគ្រោះ ៕
Thursday, January 18, 2018
ចំណីខួរក្បាល
យុទ្ធសាស្ត្រ
នៅលើលោកនេះ ទាំងមនុស្ស សត្វ និង រុក្ខជាតិ សុទ្ធតែបង្កើតនិងប្រើយុទ្ធសាស្ត្រដើម្បីរក្សា ការពារ ទ្រទ្រង់ ឬក៏សម្រេចគោលបំណងនៅក្នុងជីវិត ។ បុព្វការីនៃជនជាតិចិន បានកត់ត្រាទុកយុទ្ធសាស្ត្រចំនួន ៣៦ សម្រាប់មនុស្សអនុវត្តដើម្បីរក្សាការពារជីវិតក៏ដូចជាដើម្បីបំពេញនូវមហិច្ឆិតាជីវិតដែរ ។ យុទ្ធសាស្ត្រទាំង ៣៦នោះ ខ្លះសាហាវឃោរឃៅព្រៃផ្សៃ ខ្លះសុចរិតត្រឹមត្រូវ ខ្លះទៀតក៏មានភាពកំសាកហាក់ដឹកនាំអ្នកអនុវត្តឲ្យចុះចាញ់ឧបស័គ្គនៅចំពោះមុខ ។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា ឲ្យតែមានជីវិត មិនថាមនុស្ស រុក្ខជាតិ ឬក៏សត្វទេ សុទ្ធតែមានយុទ្ធសាស្ត្រទ្រទ្រង់ការពាររៀងៗខ្លួន ។ អ្នកដែលធ្វេសប្រហែស ឬមិនគិតគូរអំពីយុទ្ធសាស្ត្រ ច្រើនតែបរាជ័យនៅក្នុងដំណើរជីវិត ។ និយាយអំពីបរាជ័យ ខ្ញុំនឹកដល់គណបក្សនយោបាយមួយនៅស្រុកខ្មែរដែលទើបនឹងវិនាសអន្តរាយថ្មីៗ ។ វាជារឿងមួយមិនគួរឲ្យជឿ ហើយពិបាកនឹងជឿជាទីបំផុត ដែលគណបក្សនយោបាយមួយបង្កើតឡើងដោយហេរញិកដ៏ចំណានម្នាក់ បែរជារលាយសាបសូន្យដូចអំបិលត្រូវទឹកនៅក្នុងរយៈពេលតែមួយចម្អិនកំពិស ។ ឯណាទៅយុទ្ធសាស្ត្រ???
យុទ្ធសាស្ត្រគឺជាការប្រមូលផ្តុំគម្រោង ឬផែនការពីរប្រភេទដែភាសាអង់គ្លេសហៅថា៖ Long-term Planning and Short-term Planning. នៅក្នុងកិច្ចការយោធា ឬនយោបាយ គេហៅថា៖ Strategic Planning and Tactical Planning ។ មិនថាជាកិច្ចការអ្វីមួយទេ យុទ្ធសាស្ត្រទាំងអស់សុទ្ធតែមានគោលដៅរបស់វា ។ សូម្បីតែការសរសេរអត្ថបទនេះ ក៏មានគោលដៅយុទ្ធសាស្ត្រដែរ ។
នៅក្នុងកិច្ចការនយោបាយ គេរមែងប្រើយុទ្ធសាស្ត្រស្រដៀងគ្នានឹងកិច្ចការយោធាដែរ ។ ឧទាហរណ៍ បើទាហានមួយក្រុមមានគម្រោងវាយរំដោះយកបន្ទាយមួយពីបច្ចាមិត្ត មេទ័ពដែលប្រកបដោយសមត្ថភាព តែងតែរៀបចំយុទ្ធសាស្ត្រជាក់លាក់ ។ គេសិក្សានិងវាយតម្លៃអំពីសមត្ថភាពខ្លួនឯង និងសមត្ថភាពសត្រូវ ស្របតាមភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង (Know yourself, know your enemy.) ។ បន្ទាប់មក គេរៀបចំគម្រោងយុទ្ធសាស្ត្រ Strategic Planning វាយប្រហារសត្រូវ ផ្អែកលើចំណុចខ្សោយនានារបស់សត្រូវ ។ គម្រោងយុទ្ធសាស្ត្រនេះ មិនអាចយកទៅប្រើដោយឯកឯងដោយមិនមានការគាំពារពីគម្រោង តាក់ទិក Tactical Planning នោះទេ ព្រោះយុទ្ធសាស្ត្រនិងតាក់ទិកត្រូវការគ្នាទៅវិញទៅមកដើម្បីរក្សាប្រសិទ្ធភាព ។ បើនិយាយពីសារសំខាន់ គម្រោងតាក់ទិកមានសារសំខាន់ជាងគំរោងយុទ្ធសាស្ត្រព្រោះវាអនុញាតឲ្យអ្នកពាក់ព័ន្ធបត់បែនបានរហ័សតាមកាលៈទេសៈដើម្បីរក្សាការពារអាយុជីវិត ។ គម្រោងតាក់ទិកពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងសំណួរ៖ ថាតើត្រូវធ្វើដូចម្តេចប្រសិនបើមានឧបសគ្គឬបញ្ហាកើតឡើង ដែលភាសាអង់គ្លេសគេសរសេរថា៖ (What if...) ។ មិនថាការធ្វើសង្គ្រាម ធ្វើនយោបាយ ធ្វើជំនួញ ឬធ្វើស្រែ នោះទេ ជោគជ័យគឺអស្រ័យលើការប្រុងប្រៀបរៀបចំដំណោះស្រាយឲ្យសំណួរ What if....នេះទាំងអស់ ។ បុគ្គល ឬក៏អង្គភាពណាមួយដែលប្រុងប្រៀបរៀបចំដំណោះស្រាយឲ្យសំណួរ What if...កាន់តែច្រើន ហានិភ័យធ្លាក់ចុះកាន់តែទាប ។ ឧទាហរណ៍ និស្សិតម្នាក់ទៅរៀនយកសញាប័ត្រមហាបរិញានៅសាកលវិទ្យាល័យ តើគេត្រូវធ្វើដូចម្តេចប្រសិនបើគេប្រឡងធ្លាក់ ឬក៏រកការងារធ្វើតាមជំនាញមិនបាន ឬក៏សង្សារបោះបង់ចោល ជាដើម ។ល។ សំណួរពាក់ព័ន្ធនឹងឧប្បត្តិស្ឋទាំងនេះ ថ្វិត្បិតតែវាមិនទាន់កើតមាន ឬមិនអាចកើតមានឡើងក៏ដោយ ក៏វាផ្តល់គោលគំនិតជាយុទ្ធសាស្ត្រសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនានា ។ យ៉ាងណាមិញ អ្នកធ្វើនយោបាយក៏ដូច្នោះដែរ ។ ក្រុមបក្សណាដែលធ្វេសប្រហែស មិនរៀបចំគម្រោងតាក់ទិកឲ្យបានល្អិតល្អន់ ក្រុមបក្សនោះរមែងធ្លាក់ចុះក្នុងហានិភ័យ ឬវិនាសអន្តរាយ ដូចអ្វីដែលគណបក្សសង្គ្រោះជាតិកំពុងឆ្លងកាត់នាពេលបច្ចុប្បន្ន ។ វាគ្មានន័យអ្វីនឹងរិះគន់គណបក្សដែលកំពុងលង់ទ្រនេសនេះទេ បុ៉ន្តែសំណួរដ៏សំខាន់បំផុតមួយដែលត្រូវលើកយកមកសួរនោះ គឺថា៖ តើត្រូវធ្វើដូចម្តេចដើម្បីស្តារការបរាជ័យ ? ខ្ញុំមិនមែនជាសមាជិក ឬក៏សកម្មជនរបស់គណបក្សសង្គ្រោះជាតិទេ ដូច្នេះសូមទុកឱកាសឲ្យអ្នកពាក់ព័ន្ធគេរកដំណោះស្រាយចុះ ។ អរគុណដែលបានអានអត្ថបទនេះ ៕
Tuesday, January 9, 2018
ចំណីខួរក្បាល
តំណាងរាស្ត្រ ឬ តំណាងបក្ស?
ស្រុកខ្មែរមិនដែលមានតំណាងរាស្ត្រពិតប្រាកដទេ គឺមានតែតំណាងបក្ស ។ ការបោះឆ្នោតជាច្រើនលើកច្រើនសារកន្លងមក វាគ្រាន់តែជាវាំងនងបាំងពន្លឺកុំឲ្យថ្ងៃរះជះរស្មីចូលមកក្នុងផ្ទះដែលភាសាអង់គ្លេសហៅថា៖ Window Dressing តែប៉ុណ្ណោះ ។ ចំណុចនេះ ខ្មែរភាគច្រើនយល់ដឹងច្បាស់លាស់ណាស់ ប៉ុន្តែមិនដឹងធ្វើដូចម្តេចដើម្បីរកដំណោះស្រាយកែកុនបញ្ហាស្តារស្ថានភាពនយោបាយឲ្យមានលក្ខណៈគាប់ប្រសើរឡើង ។ បើសង្ឃឹមទៅលើគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន គឺមួយតំបរហើយនិងបួន ។ បក្សណាក៏មានអង្គការចាត់តាំងដូចគ្នាដែរ ។ មេបក្សឬអង្គការកំពូលរបស់បក្សជាអ្នកចាត់ចែងតែងតាំងតំណាងរាស្ត្រ មិនមែនសន្លឹកឆ្នោតរាស្ត្រនោះទេ ។ នេះគឺជាចំណុចខ្សោយមួយដែលលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរចេះតែដើរថយក្រោយ ។ បញ្ហានេះ គេមិនអាចបន្ទោសទៅលើតែគណបក្សប្រជាជន ដែលមានទំនោទោរទៅរកលទ្ធិផ្តាច់ការ ថាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជាតែឯកឯងនោះឡើយ ។ បក្សនយោបាយដទៃក៏មានថ្វីដៃក្នុងការប្រល័យលទ្ធិប្រជាធិតេយ្យនៅកម្ពុជាដែរ គ្រាន់តែមួយប្រល័យដោយផ្ទាល់ មួយទៀតប្រល័យដោយប្រយោល ។ ប្រល័យដោយប្រយោលយ៉ាងដូចម្តេច? គឺស្ថិតត្រង់ថាបក្សដទៃចូលរួមប្រើរូបមន្តតំណាងបក្សនេះដែរ ។ គេមិនចាំបាច់រៀនដល់ថ្នាក់មហាបរិញាអភិបាលកិច្ចនោះទេ អ្នករៀនពលរដ្ឋវិជ្ជានៅអនុវិទ្យាល័យក៏អាចយល់ដែរថា តំណាងបក្សមិនមែនជាតំណាងរាស្ត្រ ហើយក៏មិនធ្វើការដើម្បីផលប្រយោជន៍រាស្ត្រដែរ ។ ដរាបណាករណីនេះនៅតែបន្ត អភិបាលកិច្ចល្អនិងសមធម៌ប្រហែលជាមិនអាចកើតមានទេសម្រាប់សង្គមខ្មែរ ។
ផ្អែកលើការយល់ដឹងរបស់ខ្ញុំទាក់ទិននឹងការបោះឆ្នោតនៅស្រុកខ្មែរ បក្សនយោបាយអាចរកមធ្យោបាយដាក់តំណាងរាស្ត្រឈរឈ្មោះឲ្យរាស្ត្របោះឆ្នោតជ្រើសរើសដោយផ្ទាល់បាន ។ មិនចាំបាច់ដើរតាមរូបមន្តលេខរៀងតំណាងបក្សនោះទេ ។ ឧទាហរណ៍ ខេត្តនិមួយៗជាមណ្ឌលបោះឆ្នោតមួយ ។ ចំនួនតំណាងរាស្ត្រនៅក្នុងមណ្ឌលនៃខេត្តមួយគឺអាស្រ័យលើចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនោះ ។ គេអាចយកចំនួនប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតនៅក្នុងមណ្ឌលមួយមកចែកជាមួយនឹងចំនួនតំណាងរាស្ត្រ ។ នៅពេលដឹងអំពីសមមាត្យរវាងអ្នកបោះឆ្នោតនិងតំណាងរាស្ត្រ គេអាចយកស្ថិតិអ្នកបោះឆ្នោតប្រចាំឃុំនិមួយៗមកបូកបញ្ចូលគ្នាហើយចាត់តាំងអ្នកតំណាងរាស្ត្រនិមួយៗឲ្យទៅឃោសនារកសន្លឹកឆ្នោតនៅតាមបណ្តុំឃុំទាំងនោះជាការស្រេច ។ វាប្រៀបដូចជាយើងយកមណ្ឌលបោះឆ្នោតមួយមកចែកជាមណ្ឌលតូចៗសម្រាប់អ្នកតំណាងរាស្ត្រម្នាក់ៗធ្វើយុទ្ធនាការ ។ បន្ទាប់ពីការរាប់សន្លឹកឆ្នោត ប្រសិនបើបានទទួលអាសនៈ ឧទាហរណ៍ទទួលបានអាសនៈពីរក្នុងចំណោមដប់ តំណាងរាស្ត្រពីររូបដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេនៅក្នុងចំណោមតំណាងរាស្ត្រទាំងដប់ (មណ្ឌលតូចៗ) គប្បីទទួលបានអាសនៈទាំងពីរនោះ ។ នេះមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះនោះទេ បុ៉ន្តែវាជាជំហានតូចមួយឆ្ពោះទៅរកកំណែទម្រង់ស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ដែលកំពុងតែរញ៉េរញ៉ៃអនាធិបតេយ្យស្ទើរតែវិនាសអន្តរាយបាត់ទៅហើយ ។ ត្រង់ចំណុចនេះ ខ្ញុំសូមជំរាបដល់អ្នកនយោបាយនិងមិត្តអ្នកអានមួយចំនួនដែលយល់ថា លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ វាមានលក្ខណៈសមស្របទៅនឹងសង្គមខ្មែរ មិនអាចយកស្តង់ដារឬនិយាមពីបរទេសមកវាយតម្លៃឬវិនិច្ឆ័យថាល្អឬអាក្រក់បានឡើយ ។ ការយល់ដូច្នេះមិនត្រឹមត្រូវទេ ត្បិតអី មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យគឺស្ថិតនៅលើពាក្យបីម៉ាត់៖ សន្តិភាព សេរីភាព និង យុត្តិធម៌ នៅក្នុងសង្គមជាតិទាំងមូល ។ ពាក្យបីម៉ាត់នេះមិនខុសអ្វីអំពីជើងទាំងបីនៃកៅអីមួយនោះទេ ។ នៅពេលជើងណាមួយត្រូវបានគេវាយបំបាក់ ឬដកក្រវាត់ចោល កៅអីនោះលែងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ទៀតហើយ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...