Saturday, December 26, 2020

ចំណីខួរក្បាល

ជោគជ័យនៅក្នុងបរាជ័យ កាលពីពេលមួយនោះ ខ្ញុំធ្លាប់បាន "វេចអង្ករ" ដើររកប្រពន្ធនៅស្រុកខ្មែរ ។ ជាបទពិសោធន៍មួយគួរឲ្យរីករាយ ។ ខ្ញុំមិនដែលរំភើបចិត្តម្តងណាជាងពេលនោះឡើយ ។ វាគឺជាឱកាសដែលខ្ញុំសម្រេចយកជីវិតទៅផ្សងព្រេងលេងជាមួយនឹងព្រហ្មលិខិត ។ បន្ទាប់ពីបានផ្តាច់កម្មវេរា លាចំណងចងចិត្ត ផ្តិតដោយទុក្ខ ក្នុងជង្រុកអាពាហ៍ពិពាហ៍ជាមួយភរិយាទីមួយរបស់ខ្ញុំ ខ្ញុំសម្រេចចិត្តទៅលម្ហែកាយស្រាយភាពសោកសៅនៅប្រទេសកម្ពុជារយៈពេលបីសប្តាហ៍ ។ ខ្ញុំទៅស្នាក់នៅស្ងាត់ៗជាមួយនឹងក្មួយម្នាក់ដែលមានផ្ទះនៅជាប់ផ្សារពោធិចិនតុង ដើម្បីទទួលទានត្រីក្រម៉មជៀនជាមួយនិងក្តិបត្រសក់ត្រាំឬជ្រក់មមាញលាយសណ្តែកបណ្តុះឲ្យឆ្អែតឆ្អន់ ត្បិតវាជាម្ហូបដែលខ្ញុំចូលចិត្តបំផុតនៅលើលោកនេះ ។ នៅទីនោះ ខ្ញុំបានណាត់ជួបប្អូនជីដូនមួយខ្ញុំម្នាក់ដែលធ្វើការងារជាសវនក(Auditor)ឲ្យស្ថាប័ន Better Factory Cambodia (BFC) ។ BFC ជាកម្មវិធីមួយរបស់សហគមអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជា ។ ទាំងក្មួយខ្ញុំ ទាំងប្អូនជីដូនមួយខ្ញុំ ដែលមានអាយុប្រហាក់ប្រហែលគ្នាសុទ្ធតែទុកខ្ញុំជា "អាយដល" របស់ពួកគេ ។ ខ្ញុំស្គាល់ពូកគេតាំងតែពីពួកគេមិនទាន់ចេះស្លៀកខោម្លេះ ។ បន្ទាប់ពីដឹងថា ខ្ញុំមានភាពសោកសៅក្នុងចិត្ត (Stress) ប្អូនជីដូនមួយខ្ញុំក៏បបួលខ្ញុំទៅធ្វើកិច្ចការត្រួតពិនិត្យរោងចក្រកាត់ដេរជាមួយនឹងគាត់ ត្បិតគាត់ត្រូវការបុគ្គលិកជំនួយម្នាក់ដើម្បីជួយពិនិត្យឯកសារ ។ វាជាឱកាសមាសសម្រាប់ខ្ញុំ ត្បិតខ្ញុំចង់ដឹងអំពីស្ថានភាពនិងរបៀបរបបប្រកបការងាររបស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជាយូរហើយ ។ ការត្រួតពិនិត្យរោងចក្រវាយនភណ្ឌនៅកម្ពុជា បានផ្តល់ឱកាសឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីតាំងជាច្រើន ។ ចាប់ផ្តើមពីទីក្រុងភ្នំពេញរហូតទៅដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ។ រោងចក្រកាត់ដេរទីមួយដែលខ្ញុំបានចូលរួមត្រួតពិនិត្យគឺនៅក្នុងខ័ណ្ឌឫស្សីកែវ ។ នៅទីនោះ ខ្ញុំបានជួបជជែកលេងជាមួយនឹងយុវតីបុគ្គលិកអភិបាលមួយរូបដែលមានដើមកំណើតនៅខេត្តកំពត ។ គួរបញ្ជាក់ថា ខ្ញុំធ្លាប់បានហ្វឹកហ្វឺនសិក្សាសារពត៌មាននៅសហរដ្ឋអាមេរិក ។ ដូច្នេះ ការសួរនាំអំពីដំណើរជីវិតមនុស្ស វាជាប្រធានបទដែលខ្ញុំតែងលើកយកមកនិយាយជាប្រចាំ ។ យុវតីនោះមានអាយុប្រមាណជា២៥ឆ្នាំ ។ នាងមានចរិតរួសរាយនិងរហ័សរហួនស័ក្តិសមជាអ្នកចាត់ចែកការងាររដ្ឋបាល ។ នាងប្រាប់ខ្ញុំថា នាងឈប់រៀននៅថ្នាក់ទី៩ ហើយមករកការងារធ្វើក្នុងរោងចក្រកាត់ដេរ ដើម្បីស្វែងរកថវិកាជួយប្អូនៗបន្តការសិក្សានៅមហាវិទ្យាល័យ ។ នាងថា ឥឡូវនេះពួកគេរៀនបានខ្ពស់និងរកការងារបានធ្វើប្រសើរជាងនាង ។ កាលចាប់ផ្តើមធ្វើការនៅទីនេះដំបូង តួនាទីរបស់នាងគឺជាអ្នកដាំទឹកឆុងតែនិងកាហ្វេទទួលភ្ញៀវ ។ ថ្ងៃយើងទៅត្រួតពិនិត្យរោងចក្រនោះ នាងនៅតែឆ្លៀតទៅលើកយកកាហ្វេមកផ្គត់ផ្គង់យើងផងដែរ ។ ខ្ញុំប្រាប់នាងថា កាលពីក្មេងខ្ញុំធ្លាប់ប្រកបរបរឡើងដាក់ទឹកត្នោត ។ ឮដូច្នោះនាងប្រាប់ខ្ញុំថា កាលពីក្មេងនាងក៏ធ្លាប់ឡើងត្នោតដែរ តែតោងបង្អោងឡើងត្រឹមពាក់កណ្តាលដើមដើម្បីលេងសើចជាមួយមិត្តភក្តិប៉ុណ្ណោះ ។ បន្ទាប់ពីត្រួតពិនិត្យរោងចក្រនៅឫស្សីកែវអស់រយៈពេលពីរថ្ងៃ យើងបានធ្វើដំណើរទៅត្រួតពិនិត្យរោងចក្រកាត់ដេរមួយទៀតនៅខេត្តកំពង់ឆ្នាំង ។ រោងចក្រនោះមានទំហំធំគួរសមស្ថិតនៅក្នុងភូមិ ត្រពាំងចឹកជ្រុយ ។ នៅទីនោះ យើងបានជួបនឹងមេការជនជាតិចិនម្នាក់ដែលទើបនឹងមកពីទីក្រុងហុងកុង ។ គាត់មានអាយុប្រហាក់ប្រហែលខ្ញុំ ហើយបើមើលតាមសម្តីសម្តៅ បុរសនោះទំនងជាម្ចាស់រោងចក្រឬក៏យ៉ាងហោចណាស់ជាអ្នកមានភាគហ៊ុនធំដែរ ។ គាត់ប្រាប់យើងថា គាត់មានបេសកកម្មមករៀបចំកិច្ចការប្រតិបត្តិរោងចក្រមួយចំនួននៅក្នុងស្រុកខ្មែរ ។ គាត់និយាយភាសាអង់គ្លេសហូរដូចទឹកទំនងជាមនុស្សដែលធ្លាប់បានទៅសិក្សានៅចក្រភពអង់គ្លេសឬសហរដ្ឋអាមេរិក ។ យើងត្រឡប់ពីកំពង់ឆ្នាំងមកភ្នំពេញវិញនៅល្ងាចថ្ងៃដដែល ។ ធ្វើដំណើរតាមផ្លូវ ខ្ញុំចេះតែនឹកភ្នកទៅដល់យុវតីដែលខ្ញុំបានជួបនៅរោងចក្រក្នុងខណ្ឌឫស្សីកែវ ។ ដើម្បីប្អូនៗនិងគ្រួសារ នាងខិតខំតស៊ូយ៉ាងស្វិតស្វាញ ។ វាគឺជាវីរភាពគួរឲ្យកោតសសើរ ។ គំនិតមួយបានផុសឡើងនៅក្នុងខួរក្បាលខ្ញុំ ។ ស្ថិតនៅក្នុងស្ថានភាពលាក់ការមួយ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា ខ្ញុំចង់ស្វែងរកគូស្រករក្នុងចំណោមនារីធ្វើការងាររដ្ឋបាលនៅក្នុងរោងចក្រ ។ និយាយឲ្យចំ ខ្ញុំចង់ជួបទាក់ទងជាមួយនឹងយុវតីដែលយើងបានជួបនៅក្នុងរោងចក្រនៅខណ្ឌឫស្សីកែវ ។ ប្អូនជីដូនមួយខ្ញុំភ្ញាក់ដូចត្រូវគេជះទឹកដាក់កណ្តាលមុខ ។ គាត់សួរខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់និងឲ្យខ្ញុំពន្យល់ថាតើហេតុអ្វីបានជាខ្ញុំចង់បានគូស្រករដែលជានារីធ្វើការនៅក្នុងរោងចក្រ ។ សម្រាប់មនុស្សដែលជាអតីតនិស្សិតនៅស្រុកអាមេរិកដូចខ្ញុំ ខ្ញុំប្រាកដជាអាចរកបានគូស្រករដែលគ្រាន់បើជាងនារីធ្វើការនៅក្នុងរោងចក្រវាយនភណ្ឌ ។ ខ្ជិលរៀបរាប់ប្រាប់ប្អូនជីដូនមួយខ្ញុំវែងឆ្ងាយ ខ្ញុំនិយាយប្រាប់នាយត្រួសៗថា៖ សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌ដូចមនុស្សជាច្រើនគិតនោះទេ ។ អ្នកដែលទៅរស់នៅទីនោះ ជានិស្សិតក្តី ជាអន្តោប្រវេសន៍ជនក្តី ត្រូវស្គាល់ពាក្យពីរម៉ាត់ច្បាស់លាស់គឺ៖ តស៊ូ និង អត់ធ្មត់ ។ ប្រការពីរនេះបុគ្គលិករដ្ឋបាលនៅក្នុងរោងចក្រទាំងនេះគួរតែមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ។ ប្អូនជីដូនមួយខ្ញុំមិនជំទាស់នឹងបំណងខ្ញុំទេ ។ ប៉ុន្តែ នៅក្នុងជម្រៅចិត្តគាត់ ខ្ញុំអាចមើលដឹងថាគាត់មិនចង់ឲ្យខ្ញុំស្វែងរកគូស្រករក្នុងចំណោមនារីធ្វើការនៅក្នុងរោងចក្រឡើយ ។ គាត់ប្រាប់ខ្ញុំថា គាត់ស្គាល់នារីជាច្រើនដែលធ្វើកិច្ចការរដ្ឋបាលនៅក្នុងរោងចក្រ ។ ដូច្នេះ នៅពេលយើងដើរធ្វើសវនកក្នុងរោងចក្រ បើខ្ញុំចាប់អារម្មណ៍នឹងនារីណាម្នាក់ គាត់នឹងរៀបចំណាត់ជួបហូបអាហារពេលល្ងាចឬចុងសប្តាហ៍ជាមួយនឹងនាង ។ ក៏ប៉ុន្តែ គាត់ត្រូវតែពេញចិត្តនឹងនាងដែរមុននឹងឈានទៅដល់ការហូបអាហារចែចូវនោះ ។ ហ៊ឹម! សម័យមុនមនុស្សចាស់ចាត់ចែងរឿងគូស្រករឲ្យក្មេង ។ ឥឡូវនេះ ដល់វេនក្មេងចាត់ចែងរឿងគូស្រករឲ្យមនុស្សចាស់វិញម្តងហើយ ។ ប្អូនជីដូនមួយខ្ញុំវាយទូរសព្ទទៅកាន់រោងចក្រនៅខណ្ឌឫស្សីកែវដើម្បីសុំនិងណាត់ជួបហូបបាយជាមួយយុវតីដែលខ្ញុំចាប់ចិត្តនៅចុងសប្តាហ៍ ។ យើងរើសយកភោជនីយដ្ឋាន កាល់ម៉ែត្រ ដើម្បីជួបជុំគ្នាត្បិតទីនោះមានត្រីប្រម៉ាជៀនផ្ទាប់បន្លែក្លាសេទឹកកកដែលមានឱជារសគួរឲ្យចាប់ចិត្ត ។ មុនថ្ងៃជំនួបមកដល់ ពួកយើងត្រូវទៅធ្វើសវនកនៅរោងចក្រមួយទៀតក្នុងខណ្ឌចាក់អង្រែ ។ ឆ្មាំយាមទ្វាររោងចក្រដែលជាជនជាតិខ្មែរនៅទីនោះ មិនហ៊ានអនុញាតិឲ្យពួកយើងចូលក្នុងបរិវេណរោងចក្រទេ ។ ពួកគេត្រូវសួរយោបល់ពីមេការដែលជាជនជាតិចិនសិន ។ មេការចិននោះ មិនសូវចេះភាសាអង់គ្លេសទេ ។ គាត់សួររកប័ណ្ណសំគាល់ខ្លួន ។ ខ្ញុំដែលជាបុគ្គលិកសេះហោះនោះ មានត្រឹមតែក្រដាស់កូពីប៉ាស្ព័រតែប៉ុណ្ណោះ ។ មេការចិនក៏សួរទៅថ្នាក់លើគាត់បន្តទៅទៀត ។ ថ្នាក់លើនោះគ្មាននរណាក្រៅពីជើងខ្លាំងមកពីហុងកុងដែលយើងបានជួបនៅកំពង់ឆ្នាំងនោះឡើយ ។ ខ្ញុំលើកដៃគារវចំពោះគាត់ក្នុងន័យជាមនុស្សដែលបានជួបស្គាល់គ្នាប៉ុន្មានថ្ងៃមុន ។ គាត់ធ្វើមិនស្គាល់ខ្ញុំ ។ បន្ទាប់ពីមើលកូពីប៉ាស្ព័ររបស់ខ្ញុំ គាត់ទាមទាររកឯកសារបញ្ជាក់ថែមទៀត ព្រមទាំងសុំលេខទូរសព្ទរបស់ស្ថាប័នពួកយើងដើម្បីវាយទូរសព្ទទៅសួរដោយផ្ទាល់ ។ ប្អូនជីដូនមួយខ្ញុំនិងគាត់ប្រកែកគ្នាតឹងសសៃក ។ ដោយខឹងនឹងភាពក្រអឺតក្រទមរបស់ជើងខ្លាំងហុងកុងនោះពេក ខ្ញុំក៏និយាយកាត់ដោយសម្តីម៉ឺងម៉ាត់ជាភាសាអង់គ្លេសថា៖ If they don't want us to access the premise, let's go home. Who give a damn! (បើពួកគេមិនចង់ឲ្យយើងបំពេញបេសកកម្មទេ តស់!ទៅផ្ទះវិញ ។ មុខពួកវាមិនមែនជីតាយើងទេ!) ។ ឮសម្តីខ្ញុំនោះ ស្ត្រីចិនពីរនាក់ទៀតដែលអមដំណើរជើងខ្លាំងមកពីហុងកុង ទាញដៃគាត់ទៅម្ខាងហើយពិគ្រោះគ្នាជាភាសាចិន ។ មិនដឹងជាពួកគេនិយាយអ្វីខ្លះទេ ។ នារីចិនដែលជាអ្នកគ្រុបគ្រងរោងចក្រនៅក្នុងស្រុកខ្មែរដោយផ្ទាល់នោះ អាចសង្ស័យថាខ្ញុំដែលកាន់ប៉ាស្ព័រអាមេរិក អាចជាមនុស្សដែលស្ថាប័ន BFC បញ្ជូនមកត្រួតពិនិត្យស្ថានភាពនៅតាមរោងចក្រដោយផ្ទាល់ ដូចជាអន្ទិតដែលមកពីហុងកុងនោះដែរ ។ ពួកគេបញ្ជាឲ្យឆ្មាំបើកទ្វាររបងជាបន្ទាន់ ។ ឯមេការចិនទទួលបន្ទុកប៉ុស្តិ៍ត្រួតពិនិត្យនោះសំពះឱនសុំទោសយើងស្ទើរតែទង្គិចក្បាលនឹងកញ្ចក់ឡាន ។ ទៅដល់ខាងក្នុង គេរៀបចំបន្ទប់ប្រជុំដោយមានភេសជ្ជក្តៅត្រជាក់និងនំចំណីមួយចំនួនទុកទទួលយើងរួចជាស្រេច ។ នារីចិនទាំងពីររូបណែនាំយើងឲ្យជួបនឹងបុគ្គលិកខ្មែរពីបីរូបទៀតដែលជាអ្នកទទួលបន្ទុកនាំយើងដើរត្រួតពិនិត្យរោងចក្រក៏ដូចជាស្វែងរកឯកសារនានាដែលយើងត្រូវការ ។ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកបន្តិចបន្តួច យើងចាប់ផ្តើដើរត្រួតពិនិត្យរោងចក្រដោយឥតបង្អង់ ។ ម្តងនេះគឺថា ប៉ះដៃយកដៃ ប៉ះជើងយកជើងហើយ ។ ថ្វីត្បិតតែយើងមិនអាចសម្រេចឲ្យបិទរោងចក្រដែលមិនគោរពតាមគោលការណ៍របស់ BFC ក៏ពិតមែន តែរបាយការណ៍របស់យើងមានឥទ្ធិពល ។ ពួកយើងកាន់ Digital Camera មួយម្នាក់ដើរថតកំហុសភស្តុតាងគ្រប់ច្រកល្ហក ។ យើងវែករមូរដុំកំណាត់ស្វែងរកថតអាចម៍កណ្តុរនៅតាមកៀនជញ្ជាំង ។ សូម្បីតែបង្គន់ក៏យើងមិនលើកលែងឲ្យដែរ ។ បន្ទាប់ពីប្រមូលបានពត៌មានគ្រប់គ្រាន់ យើងនាំគ្នាមកអង្គុយក្នុងបន្ទប់ប្រជុំដើម្បីសរសេររបាយការណ៍ជាភាសាអង់គ្លេស ។ ពេលនោះកំហឹងរបស់យើងហាក់ដូចជារសាយវិញហើយ ។ យើងមិនប្រើពាក្យធ្ងន់ៗពេកទេ ។ ថ្វីត្បិតតែប្អូនជីដូនមួយខ្ញុំគាត់ចេះភាសាអង់គ្លេសស្ទាត់ជំនាញក៏ពិតមែន គាត់តែងសួរខ្ញុំឲ្យជួយរកពាក្យសមរម្យ (better words) ដើម្បីឲ្យរបាយការណ៍មានសុក្រិតភាព ។ ចំណុចកំហុសធ្ងន់ធ្ងរមួយដែលរោងចក្រនោះធ្វេសប្រហែសគឺការអនុញាតឲ្យយានយន្តចតនៅជុំវិញ កុងទឺណឺ ផ្ទុកផលិតផល ។ រោងចក្រនោះផលិតសំលៀកបំពាក់ដឹកទៅសហរដ្ឋអាមេរិក ហើយគេហាមដាច់ខាតមិនឲ្យមានយានយន្តចតនៅក្បែរ កុងទឺណឺ ឡើយ ។ ខ្ញុំអានបទបញ្ញតិដោយយកចិត្តទុកដាក់ ។ ក្នុងនោះគេដាក់ថា Vehicles ។ ខ្ញុំនឹកទៅដល់ស្ថាប័ន Motor Vehicle (DMV)នៅសហរដ្ឋអាមេរិក ។ ហេតុអ្វីបានជាគេប្រើពាក្យ Motor ផង Vehicle ផង ។ វាសំដៅលើយានយន្តពីរប្រភេទផ្សេងគ្នា ។ នៅជុំវិញកុងទឺណឺ គ្មានឡានចតក្បែរទេ មានតែម៉ូតូ ។ ដូច្នេះ យើងអាចអនុគ្រោះឲ្យជើងខ្លាំងមកពីហុងកុងបាន ។ មិនគួរចងកម្មចងពៀរនឹងគាត់ឡើយ ។ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា នៅពេលយើងចង់បញ្ជាក់អត្ថន័យជាក់លាក់នៃពាក្យណាមួយ យើងអាចចុចលើពាក្យ Tools => Thessorus នៅក្នុងកម្មវិធី Microsoft Word ដើម្បីស្វែងរកន័យប្រៀបធៀបក៏ដូចជានិយមន័យ ។ ចុងសប្តាហ៍នោះ យើងបានទៅជួបហូបអាហារជាមួយនឹងកញ្ញាធ្វើការនៅរោងចក្រក្នុងខណ្ឌឫស្សីកែវតាមកាលកំណត់ ។ មិនទាន់បានប្រាប់មុខម្ហូបដល់អ្នកបម្រើភ្ញៀវផង មិត្តខ្ញុំម្នាក់ដែលជាមន្ត្រីរាជការបានទូរសព្ទមកជួបខ្ញុំ បន្ទាប់ពីគាត់បានទទួលដំណឹងថាខ្ញុំកំពុងស្វែងរកគូស្រករក្នុងចំណោមកម្មកររោងចក្រ ។ ខ្ញុំចំណាយពេលនិយាយជាមួយគាត់ប្រហែល១០នាទី ដោយស្តាប់ពាក្យទូន្មានដដែលៗថា៖ ប្រយ័ត្ន! ប្រយ័ត្នឲ្យមែនទែន ត្បិតកម្មកររោងចក្រខ្លះ ពេលថ្ងៃធ្វើការនៅកន្លែងកាត់ដេរ ។ តែពេលយប់ ជាស្រីការ៉ាអូខេ ។ ខ្ញុំអរគុណមិត្តខ្ញុំដែលមានចិត្តឈឺឆ្អាល ។ ប៉ុន្តែ បេសកកម្មរកគូស្រកររបស់ខ្ញុំ មិនអាចឈប់ពាក់កណ្តាលទីបានឡើយ ។ នៅថ្ងៃបន្ទាប់នៃជំនួបជាមួយកញ្ញាធ្វើការក្នុងរោងចក្រនៅខណ្ឌឫស្សីកែវនោះ ប្អូនជីដូនមួយខ្ញុំបានទូរសព្ទទៅប្រាប់នាងអំពីបំណងរបស់យើង ។ នាងប្រាប់ថា នាងមានគូកំណាន់(Boy friend)ហើយ ហើយសង្ឃឹមថា ខ្ញុំអាចជួបនឹងអ្នកដែលនៅទំនេរក្នុងពេលឆាប់ៗ ។ នៅក្នុងដំណើរផ្សងព្រេងរកគូស្រករនោះ ខ្ញុំបានជួបនឹងនារីបីនាក់ផ្សេងទៀត ។ ក្នុងចំណោមអ្នកទាំងបីនោះ មានកញ្ញាម្នាក់ដែលផ្តល់ក្តីសង្ឃឹមឲ្យខ្ញុំច្រើនជាងគេ ត្បិតនាងមានញាតិម្នាក់ដែលស្គាល់និងរស់នៅក្បែរខ្ញុំនៅសហរដ្ឋអាមេរិក ។ ពេលជួបខ្ញុំដំបូង នាងសង្កេតមើលខ្ញុំពីក្បាលដល់ចុងជើង ដោយក្រសែភ្នែកមិនប្រក្រតី ។ នៅក្នុងបន្ទប់ប្រជុំដាច់ដោយឡែកពីបុគ្គលិកដទៃ នាងនិយាយប្រាប់ខ្ញុំដោយប្រាកដក្នុងចិត្តថា ខ្ញុំមិនមែនជាមនុស្សរស់នៅក្នុងស្រុកខ្មែរទេ ។ ខ្ញុំសួរនាងថា ហេតុអ្វីក៏មើលដឹង ។ នាងឆ្លើយថា នាងមានជីតាមារស់នៅសហរដ្ឋអាមេរិក ហើយសង្កេតឃើញថារបៀបរៀបឫកនិងនិយាយស្តីរបស់ខ្ញុំនិងជីតាមានាងនោះ មានសភាពដូចគ្នា ។ ខ្ញុំសួរឈ្មោះនិងទីក្រុងដែលជីតាមានាងរស់នៅ ។ ជីតាមារបស់នាង គឺជាមនុស្សដែលស្គាល់ខ្ញុំនិងធ្លាប់ជជែកលេងជាមួយខ្ញុំញឹកញាប់ ។ ពិតជារកអុសជួបនឹងឈើងាប់មែន! បន្ទាប់ពីត្រឡប់មកពីហូបអាហារថ្ងៃត្រង់ដែលមានតែសម្លរម្ជូរព្រលិតនិងកូនត្រីផ្ទក់នៅតាមផ្លូវម្តុំមជ្ឈមណ្តលព្រៃស្ពឺវិញ ខ្ញុំរកឱកាសនិយាយជាមួយនឹងកញ្ញានោះដោយត្រង់ៗតែម្តង ។ ខ្ញុំប្រាប់នាងថា ខ្ញុំស្គាល់ជីតាមារបស់នាង ហើយមានបំណងចងមេត្រីជាមួយនឹងនាង ។ ខ្ញុំកត់ឈ្មោះនិងលេខទូរសព្ទរបស់ខ្ញុំឲ្យនាងហើយប្រាប់នាងឲ្យវាយទូរសព្ទទៅសួរជីតាមានាងអំពីសាវតាររបស់ខ្ញុំជាមុនសិន មុននឹងសម្រេចចិត្តថាតើចង់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងខ្ញុំឬអត់ ។ ខ្ញុំនិងប្អូនជីដូនមួយខ្ញុំរង់ចាំដំណឹងពីនាងដោយអន្ទះសារអស់រយៈពេលពីរថ្ងៃ ។ នៅថ្ងៃទីពីរ ខណៈដែលយើងកំពុងអង្គុយមើលក្មេងទាត់សីនៅមុខសណ្ឋាគារមេគង្គក្បែរមាត់ទន្លេនៃខេត្តកំពង់ចាម ប្អូនជីដូនមួយខ្ញុំសម្រេចចិត្តវាយទូរសព្ទទៅសួរនាងដោយផ្ទាល់ ។ ប៉ុន្តែ ទូរសព្ទនាងហៅចូលមិនបានឡើយ ។ វាជាចម្លើយថាទេ ដោយមិនចាំបាច់និយាយ ។ មកដល់ភ្នំពេញវិញ ខ្ញុំនៅសល់ពេលពីរថ្ងៃទៀតមុននឹងត្រូវឡើងយន្តហោះត្រឡប់មកសហរដ្ឋអាមេរិក ។ មិត្តម្នាក់បានណែនាំឲ្យយើងជួបកញ្ញារោងចក្រម្នាក់ទៀតដែលមានស្រុកកំណើតនៅកំពតដែរ ។ វាជាថ្ងៃសៅហើយនាងរៀបចំធ្វើដំណើរទៅលេងស្រុកកំណើតនៅចុងសប្តាហ៍នោះ ។ យើងនិងមិត្តភក្តិបរឡានទៅដឹកនាងដោយយកលេសថា ពួកយើងក៏មានដំណើរទៅលេងខេត្តកំពតដែរ (Desperate situation calls for desperate measure!) ។ ដោយមានអន្តរាគមពីមិត្តភក្តិរបស់ពួកយើង យើងមានឱកាសបានទៅស្នាក់នៅជាមួយគ្រួសារនារីដែលជាគោលដៅបេះដូងរបស់ខ្ញុំនោះ ។ ផ្ទះនោះ មនុស្សភាគច្រើនជាស្រីៗ ។ ដូច្នេះ ទីកន្លែងសមរម្យសម្រាប់ពួកយើងប្រុសៗគេងយប់នោះ គឺស្ថិតនៅលើស្កាកដែលមិនមានជញ្ជាំងបាំងផ្នែកខាងមុខទេ មានតែដើមក្រខុបមួយដើមដែលបែកមែកសាខាគ្របលើដំបូលផ្ទះ ។ យើងត្រឡប់មកភ្នំពេញវិញនៅថ្ងៃអាទិត្យ ។ ដោយហេតុតែខ្ញុំមានកិច្ចការច្រើន ខ្ញុំមិនអាចណាត់ជួបប្រាប់អំពីគោលបំណងខ្ញុំចំពោះរូបនាងទេ ។ ខ្ញុំទុកកិច្ចការនោះឲ្យប្អូនស្រីជីដូនមួយខ្ញុំម្នាក់ទៀតដែលស្គាល់នាង ។ បន្ទាប់ពីមកដល់សហរដ្ឋអាមេរិកបានរយៈពេលប្រមាណជាមួយខែ ប្អូនស្រីជីដូនមួយខ្ញុំបានផ្តល់ដំណឹងមកថា នារីគោលដៅបេះដូងចុងក្រោយរបស់ខ្ញុំនៅខេត្តកំពតនោះ មិនចង់មករស់នៅសហរដ្ឋអាមេរិកទេ ។ ការស្វែងរកគូស្រករសម័យទំនើបនេះ មិនមែនជារឿងងាយស្រួលដូចសម័យម្តាយទុកឪពុកដាក់នោះឡើយ ។ ការប្រឹងប្រែងរបស់ខ្ញុំគឺជាតឹកតាងមួយដែលបញ្ជាក់ថា ផ្នត់គំនិតរបស់យើងបានផ្លាស់ប្តូរច្រើន ដោយសារតែយើងមានពត៌មាន មានចំណេះដឹង និងមានសមត្ថភាពស្វែងរកសុភមង្គលទូលំទូលាយជាងមុន ។ ខ្ញុំបរាជ័យមែននៅក្នុងដំណើរផ្សងព្រេងរកស្នេហាដ៏ខ្លោចផ្សានោះ ។ ក៏ប៉ុន្តែ អ្វីដែលជាមោទកភាពចេញអំពីបរាជ័យនោះ គឺជោគជ័យដែលលាស់ចេញអំពីគំនិតបញ្ច្រាសទិសរបស់ខ្ញុំ ។ ប្រមាណជាពីរឆ្នាំក្រោយមក ខ្ញុំបានទទួលលិខិត(E-mail)មួយពីប្អូនជីដូនមួយខ្ញុំ(អន្ទិតដែលធ្វើមេអណ្តើកឲ្យខ្ញុំបរាជ័យជាប់គ្នារដឹកនោះ) ។ គាត់ប្រាប់ខ្ញុំថា គាត់មានគូដណ្តឹងជិតរៀបការហើយ ។ គូដណ្តឹងគាត់ជានារីធ្វើការនៅក្នុងរោងចក្រមួយ ។ នាងមានអាយុទើបជាងម្ភៃឆ្នាំទេ ប៉ុន្តែឆ្លាតវាងវៃនិងមានសមត្ថភាពខ្ពស់ណាស់ ។ នាងចេះនិយាយភាសាចិននិងអង់គ្លេសស្ទាត់ជំនាញទៀតផង ។ បន្ទាប់ពីទទួលបានសារលិខិតនោះ ខ្ញុំក៏ចាប់ផ្តើមគិតត្រឡប់បកក្រោយវិញ ។ ថ្វីត្បិតតែបេសកកម្មរបស់ខ្ញុំបានទទួលបរាជ័យក៏ពិតមែន ។ ក៏ប៉ុន្តែ គោលគំនិតរបស់ខ្ញុំអត់បរាជ័យទេ ។ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់មើលឃើញនូវគុណតម្លៃនៃស្ត្រីដែលធ្វើការងារនៅក្នុងរោងចក្រវាយនភ័ណ្ឌ ៕ ឧទិសអត្ថបទនេះជូនដល់កម្មការនីរោងចក្រវាយនភ័ណ្ឌទាំងឡាយ ដែលគេមើលមិនឃើញគុណតម្លៃ! (To all the female factory workers whose value and capability were overlooked!)

Monday, December 21, 2020

ចំណីខួរក្បាល

ហេតុអ្វីបានជាកូនសិស្សនៅសហរដ្ឋអាមេរិកមិនស្លៀកពាក់ឯកសណ្ឋាន? ខ្ញុំមានឱកាសបានសិក្សានៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិករយៈពេលជិតពីរឆ្នាំ ។ ចំណាប់អារម្មណ៍របស់ខ្ញុំនាគ្រានោះគឺសមភាពរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀន ។ កូនសិស្សអាមេរិកាំងគោរពវិន័យសាលា ប៉ុន្តែហាក់ដូចជាមិនសូវអោនលំទោនចំពោះគ្រូដូចសិស្សដទៃនៅក្នុងពិភពលោកទេ ។ គ្រូនិងសិស្សស្និទ្ធស្នាលនឹងគ្នាប្រៀបដូចជាមិត្តភក្តិ ។ ឯការសិក្សារបស់ពួកគេក៏មានភាពលំហែរដែរ (Relax) ។ ជាមួយនឹងភាតរភាពនិងភាពលំហែរនេះ ខ្ញុំសង្កេតឃើញចំនុចមួយទៀតដែលញែកកូនសិស្សអាមេរិកាំងឲ្យផ្លែកពីសិស្សនៅក្នុងប្រទេសដទៃគឺសេរីភាពនិងរបៀបសិក្សា ។ កូនសិស្សអាមេរិកាំងអត់រៀន "សូត្រ" តាមគ្រូដូចសេកទេ ។ ពួកគេរៀនសូត្រតាមគំនិតរបស់បុគ្គលម្នាក់ៗ ។ មានន័យថា គ្រូគ្រាន់តែជាអ្នកបង្ហាញផ្លូវប៉ុណ្ណោះ ។ ឯការដើរតាមគន្លងផ្លូវដោយរបៀបណា គឺកូនសិស្សជាអ្នកត្រិះរិះពិចារណាដោយខ្លួនឯង ។ ឯកសណ្ឋានគឺជាចំនុចទីមួយដែលបង្កចម្ងល់នៅក្នុងចិត្តខ្ញុំ ។ ហេតុអ្វីក៏កូនសិស្សអាមេរិកាំងចាប់ពីថ្នាក់មតេយ្យរហូតដល់មហាវិទ្យាល័យអត់ពាក់ឯកសណ្ឋានទៅរៀន? ផ្អែកលើការស្រាវជ្រាវក្រៅផ្លូវការរបស់ខ្ញុំ រដ្ឋមន្ត្រីនិងក្រសួងអប់រំរបស់សហរដ្ឋអាមេរិកមានតែឈ្មោះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ។ កិច្ចការសព្វសារពើពាក់ព័ន្ធនឹងវិស័យអប់រំគឺរដ្ឋនីមួយៗជាអ្នកចាត់ចែង ។ រដ្ឋទៀតសោតផ្តល់តួនាទីទៅឲ្យស្រុក ។ ស្រុកផ្តល់សិទ្ធទៅឲ្យក្រុមប្រឹក្សាសាលា (School Board) ។ ក្រុមប្រឹក្សាសាលាជ្រើសរើសនាយកសាលាឲ្យចាត់ចែងការបន្ត ។ នាយកសាលាត្រូវកោះប្រជុំសួរយោបល់ពីមាតាបិតាសិស្សមុននឹងសម្រេចអនុវត្តិកិច្ចការសំខាន់នានាពាក់ព័ន្ធនឹងវិស័យអប់រំ ។ ឯកសណ្ឋានគឺជារឿងសំខាន់មួយដែលគេត្រូវសួរយោបល់មាតាបិតាជាមុន ។ តាំងពីខ្ញុំមករស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំកន្លងទៅ ខ្ញុំបានឃើញពត៌មានស្តីអំពីការធ្វើប្រជាមតិស្នើឲ្យសិស្សស្លៀកពាក់ឯកសណ្ឋានបីឬបួនដងដែរ នៅតាមសាលាមួយចំនួនដែលមានសិស្សក្រីក្រច្រើន ។ មូលហេតុនៃការស្នើប្រើឯកសណ្ឋាននោះ គឺដើម្បីកាត់បន្ថយសម្ពាធលើសិស្សក្រីក្រក្នុងការចំណាយប្រាក់ហួសចំណូលដើម្បីទិញសម្ភារៈឲ្យដូចសិស្សកូនអ្នកមាន ក៏ដូចជាទប់ស្កាត់សិស្សដែលមានលុយច្រើនកុំឲ្យហុឺហាហួសចន្ទោល ។ ប៉ុន្តែ ការធ្វើប្រជាមតិនោះមិនដែលបានជោគជ័យទេ ។ សហរដ្ឋអាមេរិកជាប្រទេសដែលគោរពបូជាសេរីភាពខ្ពស់ជាអាទិទេព ឬក៏ស្តេចផែនដី ។ ពលរដ្ឋអាមេរិកាំងសុខចិត្តប្រឈមនឹងបញ្ហា ប៉ុន្តែមិនសុខចិត្តឲ្យវិសាលភាពនៃសេរីភាពរបស់ខ្លួនរួមតូចឡើយ ។ ឯកសណ្ឋានជានិមិត្តរូបនៃបញ្ញតិឬអាជ្ញាដែលបញ្ជាក់អំពីការរឹតបន្តឹងសេរីភាព ។ ដូច្នេះហើយបានជាពេលមានសំណើរសុំឲ្យកូនសិស្សស្លៀកពាក់ឯកសណ្ឋាននៅសាលាណាមួយ សំណើរនោះកម្រទទួលបានជោគជ័យណាស់ ។ ផ្នត់គំនិតអាមេរិកាំងពាក់ព័ន្ធនឹងសេរីភាព យើងអាចបង្រួញឲ្យនៅត្រឹមពាក្យមួយឃ្លា៖ "Give me liberty, or give me death!" ដែលមានន័យថា៖ ខ្ញុំសុខចិត្តស្លាប់ ជាជាងរស់នៅដោយគ្មានសេរីភាព ។ សេរីភាពនិងការអប់រំហាក់ដូចជារលាយចូលគ្នានៅពេលដែលសមាជិកតាក់តែងរដ្ឋធម្មនុញ្ញអាមេរិកាំងមួយរូបឈ្មោះ George Mason មកពីរដ្ឋ វីជីញៀ សរសេរមាត្រាបន្ថែមទី១ First Amendment ហាមរដ្ឋសភានិងព្រឹទ្ធសភាបង្កើតច្បាប់ប៉ះពាល់ដល់ការបញ្ចេញមតិឬក៏ផ្សព្វផ្សាយពត៌មានរបស់ពលរដ្ឋ ។ នាមរបស់ George Mason ក្រោយមកត្រូវបានគេយកទៅបង្កើតសាកលវិទ្យាល័យមួយដែលមានឈ្មោះថា George Mason University ។ បាវច្ចនានៃសាកលវិទ្យាល័យនោះគឺ៖ Freedom and Learning ។ ក្រៅអំពីទៅរៀនអត់ស្លៀកពាក់ឯកសណ្ឋាន ចំណុចមួយទៀតដែលទាក់ចំណាប់អារម្មណ៍ខ្ញុំគឺ រៀនអត់ប្រឡងឆ្លងកម្រិត ។ កូនសិស្សអាមេរិកាំងអត់ប្រឡងចេញពីបឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ឬ ឌីប្លូម បាក់អង បាក់ឌុប ទេ ។ ពួកគេរៀនរយៈពេល១២ឆ្នាំ ដោយសន្សំក្រេឌិត ឬការទទួលស្គាល់ថាបានបំពេញការសិក្សាតាមកម្រិតថ្នាក់នីមួយៗ រហូតដល់ថ្នាក់ទី១២ ។ ពិន្ទុដែលអាចទទួលបានក្នុងការសិក្សាមុខវិជ្ជានីមួយៗគឺកម្រិតដោយអក្សរ A B C D F and I ។ ពិន្ទុអតិប្បមាគឺ ១០០ ។ ចន្លោះ ១០០ ទៅ ៩០ = A ។ ៩០ ទៅ ៨០ = B ។ ៨០ ទៅ ៧០ = C ។ ៧០ ទៅ ៦០ = D ។ ពិន្ទុ F (Failure) និង I (Incomplete) នៅលើមុខវិជ្ជាណាមួយគឺត្រូវរៀនសាឡើងវិញ ។ បើយើងប្រៀបធៀបការរៀនអត់ប្រឡងនិងរៀនមានបែបបទប្រឡងឆ្លងកម្រិតដូចនៅស្រុកខ្មែរ យើងឃើញថាស្តង់ដារនៃការរៀនអត់ប្រឡងខ្ពស់ជាង ។ សិស្សដែលរៀននៅក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតគឺត្រូវមានពិន្ទុចាប់ពី ៦០ភាគរយឡើងទៅទើបមានសិទ្ធបន្តពីកម្រិតមួយទៅកម្រិតមួយទៀត ។ ឯសិស្សដែលរៀននៅក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិតគឺអាចទទួលយកបានចាប់ពី៥០ភាគរយឡើងទៅដើម្បីបន្តការសិក្សារបស់ខ្លួន ។ គួរកត់សម្គាល់ផងដែរថា សិស្សដែលរៀនក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតមិនអាចមានពិន្ទុ D ច្រើនពេកឡើយ ។ កូនសិស្សដែលទទួលបានពិន្ទុ D ច្រើនអាចត្រូវបានតម្រូវឲ្យរៀនសាឡើងវិញនូវមុខវិជ្ជាមួយចំនួន ។ ថ្មីៗនេះ ប្រទេសកម្ពុជាបានសម្រេចឲ្យកូនសិស្សរៀនថ្នាក់ទី១២ ទទួលបានសញ្ញាប័តទុតិយភូមិ(បាក់ឌុប)ដោយមិនចាំបាច់ប្រឡង ។ សម្រាប់សិស្សដែលរៀនក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិត វាជារឿងឈឺក្បាលខ្លាំងចំពោះមាតាបិតាសិស្សមួយចំនួនដែលមិនធ្លាប់បានឆ្លងកាត់ការសិក្សាកម្រិតសាកលវិទ្យាល័យ ។ តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យកូនដែលមិនបានវាស់ស្ទង់សមត្ថភាពជាមុន អាចឆ្លងកាត់ការសិក្សាកម្រិតមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ ប្រកបដោយជោគជ័យ ។ ការសិក្សានៅសាកលវិទ្យាល័យ វាមិនមែនជាកិច្ចការងាយស្រួលឡើយ ។ គេត្រូវការវាស់វែងកាយសម្បទានិងសមត្ថភាពជាក់លាក់ណាស់មុននឹងឈានជើងចូលទៅប្រឡូកនៅក្នុងដំណើរស្វែងរកពុទ្ធិជាន់ខ្ពស់នោះ ។ ផ្អែកលើបទពិសោធរបស់ខ្ញុំនៅសហរដ្ឋអាមេរិកកាលពី៣០ឆ្នាំមុន ក្នុងចំណោមនិស្សិត១០០នាក់ មាននិស្សិតប្រមាណជា៦០នាក់ប៉ុណ្ណោះ ដែលអាចបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនិងទទួលបានបរិញ្ញាប័តត្រីយ៍ ។ ៤០ភាគរយទៀតគឺអាចរត់រួចត្រឹមវិញ្ញាបណ្ណប័តវិជ្ជាជីវៈឬក៏បោះបង់ការសិក្សាចោលតែម្តង ។ ការចំណាយប្រាក់ឲ្យកូនទៅរៀនដោយគ្មានមូលដ្ឋានបង្អែកច្បាស់លាស់អំពីសមត្ថភាព វាប្រៀបដូចជាការធ្វើដំណើរផ្សងព្រេងដោយមិនដឹងទិសតំបន់មួយ ។ ដំណោះស្រាយបញ្ហានេះ គឺមានតែប្រើយុទ្ធសាស្ត្រ "ផ្លូវនៅនឹងមាត់" ប៉ុណ្ណោះ ។ សួរអ្នកដែលធ្លាប់ឆ្លងកាត់ជាពិសេសគឺអតីតគ្រូរបស់សិស្សតែម្តង ។ សុំឲ្យគាត់ផ្តល់ការវាយតម្លៃអំពីសមត្ថភាពសិស្សដោយឥតលាក់លៀម ។ យកពត៌មានទាំងនោះមកពីគ្រោះជាមួយនឹងកូនដែលមានបំណងបន្តការសិក្សានៅមហាឬសាកលវិទ្យាល័យដើម្បីលកលៃថាតើគួរគ្រោងយកសញ្ញាប័តកម្រិត ២ឆ្នាំ ៤ឆ្នាំ ឬក៏ឈានទៅដល់អនុបណ្ឌិតនិងបណ្ឌិត ។ វាគឺជាបញ្ហាប្រឈមដ៏ឈឺក្បាលមួយ ។ ប៉ុន្តែ នៅក្នុងគ្រោះអាសន្នកូវីដ១៩នេះ មនុស្សពាសពេញពិភពលោកគឺឈឺក្បាលដូចតែគ្នាហ្នឹង ។ បើមិនបញ្ហានេះ ក៏បញ្ហានោះដែរ ៕

Sunday, December 20, 2020

ចំណីខួរក្បាល

អា អែង/អ្ងែង អញ ពាក្យខ្មែរបីម៉ាត់ អា អែង(ឯង) និង អញ សព្វថ្ងៃនេះត្រូវបានពលរដ្ឋខ្មែរភាគច្រើនជិនឆ្អន់មិនសូវប្រើប្រាស់នៅក្នុងការសន្ទនាគ្នាក៏ដូចជាការសរសេរដែរ ។ គេចាត់ទុកការប្រើប្រាស់ពាក្យបីម៉ាត់នេះថា ជាការបង្ហាញភាពមិនសុីវីល័យ ខ្វះការអប់រំ និង មិនថ្លៃថ្នូ ។ តាមការសង្កេតរបស់ខ្ញុំ នៅពេលពលដ្ឋខ្មែរឈប់ប្រើ ឬក៏អៀនប្រៀនអំពីការប្រើពាក្យបីម៉ាត់នេះ(Shy away from) ភាតរភាពនិងសាមគ្គីភាពនៅក្នុងសង្គមខ្មែរក៏ចាប់ផ្តើមវិនាសអន្តរាយទៅដែរ ។ ខ្ញុំមិនមែនជាអ្នកសិក្សាខាងភាសាវិទ្យានោះទេ ។ ប៉ុន្តែ ខ្ញុំគិតថាពាក្យពេចន៍ក្នុងភាសាដើរតួសំខាន់ណាស់ នៅក្នុងការតភ្ជាប់មនោសញ្ចេតនាមនុស្សនៅក្នុងសង្គមឲ្យចេះរួបរួមគ្នាជាធ្លុងមួយ ដើម្បីជួយសង្គ្រោះគ្នាទៅវិញទៅមកក៏ដូចជាទប់ទល់ជាមួយនឹងហានិភ័យនានាផងដែរ ។ ខ្ញុំមិនដឹងថា ពាក្យ អា អែង និង អញ ជាពាក្យកម្ចីពីបរទេសឬក៏ជាពាក្យខ្មែរសុទ្ធសាធនោះទេ ។ ប៉ុន្តែ ខ្ញុំធ្លាប់ឃើញអ្នកសិក្សាសីលាចារិកខ្មែរគេយកពាក្យ "កំម្រតេងអញ" មកចុះផ្សាយជាញឹកញាប់ ។ ដូច្នេះ ពាក្យ អា និង អែង អាចជាពាក្យខ្មែរដែលមានប្រើតាំងតែពីបុរមបុរាណមក ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ អា អែង និង អញ គឺយើងប្រើនៅក្នុងរង្វង់បងប្អូនបង្កើត ។ បងឬប្អូនដែលមានអាយុលើសខ្វះគ្នា២ ឬ៣ឆ្នាំគឺយើងប្រើពាក្យ អា អែង និងអញ ហៅគ្នាទៅវិញទៅមកគ្មានទើសទាស់អ្វីឡើយ ។ បងបង្អស់គាត់ផាត់សំបកហៅប្អូនៗ អា អែង ដោយរលូនគ្មានខ្វល់អំពីការប៉ះពាល់ភាពថ្លៃថ្នូឬមិនថ្លៃថ្នូសូម្បីបន្តិចសោះឡើយ ។ ថ្វីត្បិតតែពាក្យពេចន៍ដែលយើងប្រើសម្រាប់ហៅគ្នានេះ ស្តាប់ទៅដូចជាមិនសូវថ្លៃថ្នូក៏ពិតមែន ប៉ុន្តែវាហាក់ដូចជាមានឥទ្ធិពលខ្លាំងក្នុងការតភ្ជាប់ភក្តីភាពរបស់មនុស្សក្នុងសង្គម ។ កាលពីក្មេង មិត្តភក្តិរបស់ខ្ញុំដែលមានអាយុលើសខ្វះគ្នាពីរបីឆ្នាំ យើងហៅគ្នាទៅវិញទៅមកដោយប្រើពាក្យ អា អែង និង អញ ស្ទើរដាច់សាច់ ។ ពាក្យទាំងនេះនៅគ្រាបច្ចុប្បន្ន ស្តាប់ទៅហាក់ដូចជាមិនសុីវីល័យទេ ។ ក៏ប៉ុន្តែ នៅក្នុងសម័យកាលខ្ញុំចម្រើនវ័យនោះ វាគឺជាចំណងអរូបមួយដែលភ្ជាប់សន្តានចិត្តរបស់ពួកយើងឲ្យចេះជួយយកអាសាគ្នាដូចបងប្អូនបង្កើត ។ យើងតែងតែជួយធ្វើកិច្ចការគ្នាដោយមិនគិតអំពីផលប្រយោជន៍តបស្នងសូម្បីតែបន្តិចសោះឡើយ ។ អ្វីៗដែលយើងសហការគ្នាធ្វើដើម្បីផលប្រយោជន៍រួម យើងមិនដែលគិតអំពីពលកម្មលើសខ្វះគ្នាទេ ។ អនុស្សាវរីយ៍មួយដែលខ្ញុំធ្លាប់ជួបក្នុងប្រការនេះ គឺការសហការគ្នារវាងខ្ញុំនិងមិត្តភូមិផងរបងជាមួយម្នាក់ឈ្មោះ បូណា នៅទសវត្សឆ្នាំ ១៩៨០ ។ អាបូណានិងខ្ញុំបានមូលមតិគ្នាទៅកាប់ឫស្សីព្រៃយកមកពុះធ្វើរនាបលក់ ។ ឫស្សីព្រៃដុះនៅក្នុងព្រៃកុងក្រោយភូមិហើយមានបន្លាក្រាស់ណាស់នៅគុម្ពរបស់វា ។ ដើម្បីកាប់ដើមឫស្សីព្រៃ គេត្រូវប្រើឧបករណ៍ម៉្យាងហៅ ថ្វាង ដែលមានដងធ្វើអំពីដើមឫស្សីពីងពង់ប្រវែងប្រហែល៥ម៉ែត្រនិងផ្លែស្រដៀងគ្នានឹងផ្លែកណ្តៀវច្រូតស្រូវ ។ យើងប្រើថ្វាងកាវកាត់ដើមឫស្សីព្រៃកម្ពស់ប្រមាណជាបួនទៅប្រាំម៉ែត្រពីដី ហើយថ្ពក់ទាញដើមរបស់វាចេញពីក្នុងគុម្ពមកដើម្បីលស់សម្អាតមែកនិងបន្លាផងទាំងពួង ។ នៅក្នុងប្រតិបត្តិការកាប់ឫស្សីព្រៃនោះ ខ្ញុំសង្កេតឃើញថា អាបូណាវាធ្វើកិច្ចការបានលឿនជាងខ្ញុំពីរដង ។ ខ្ញុំកាប់ឬស្សីបានមួយដើម វាកាប់បានពីរដើម ។ នៅពេលយើងដឹកឫស្សីនោះមកពុះច្រៀកធ្វើរនាប វាក៏ធ្វើកិច្ចការនោះបានលឿនជាងខ្ញុំប្រមាណជាពីរដងដែរ ។ ថ្វីត្បិតតែវាធ្លាប់ដៀលខ្ញុំថា កាប់ឫស្សីយឺតនោះយឺត នៅពេលយើងលក់រនាបយកកម្រៃមកចែកគ្នា អាបូណាអត់រំលឹកអំពីការធ្វើពលកម្មលើសខ្វះគ្នានេះទេ ។ យើងចែកគ្នាស្មើដោយសុទ្ធចិត្ត ។ គួរកត់សម្គាល់ផងដែរថា នៅពេលដែលខ្ញុំវិលត្រឡប់ពីសហរដ្ឋអាមេរិកទៅលេងស្រុកកំណើតបន្ទាប់ពីបែកគ្នាជិត២០ឆ្នាំ អាបូណាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលនៅប្រើពាក្យ អា អែង អញ ជាមួយនឹងខ្ញុំដោយគ្មានទើសទាល់ ។ ក្រៅអំពីការប្រើពាក្យអែង អញ នៅក្នុងចំណោមមិត្តភក្តិ ខ្ញុំក៏ធ្លាប់ជួបប្រទះការប្រើពាក្យនេះរវាងកូននិងម្តាយផងដែរ ។ កាលជំនាន់ ប៉ុល ពត គ្រួសារខ្ញុំត្រូវបានគេជម្លៀសឲ្យទៅនៅក្នុងភូមិមួយនៅក្នុងស្រុក ស្ទោង ខេត្តកំពង់ធំ ។ ភូមិនោះ នៅក្បែរតំបន់ប្រាសាទ ព្រះខ័នកំពង់ស្វាយ ។ ដូច្នេះ អ្នកស្រុកនោះ ប្រាកដជាពូជពង្សវង្សត្រកូលខ្មែរដែលសេសសល់តាំងតែពីសម័យអង្គរមក ។ ថ្ងៃមួយ ខ្ញុំឮមីងម្នាក់និយាយទៅកាន់ម្តាយគាត់ថា៖ "ម៉ែហ្អា! មើលអាង៉ាឲ្យអញមួយភ្លែត" (ម៉ែ! មើលកូនឲ្យខ្ញុំមួយភ្លែត) ។ ឃើញការនិយាយរកគ្នារបៀបនេះដំបូង ខ្ញុំភ្ញាក់ព្រើតហើយគិតក្នុងចិត្តថា អ្នកស្រុកនេះពិតជាអត់សុីវីល័យមែន ។ កូននិយាយជាមួយម្តាយប្រើសុទ្ធតែពាក្យ អែង អញ ។ ចំណេរក្រោយមកទើបខ្ញុំដឹងថា នេះគឺជាពាក្យដែលអ្នកស្រុកប្រើធម្មតា បន្ទាប់ពីស្តាប់យល់គ្រៀមភាសាជាច្រើនដែលអ្នកស្រុកប្រើប្រាស់ ។ ឧទាហរណ៍៖ ម៉ែហ្អា! ឃើញម្តុំអញនៅនោះទេ? មីគ្នេរ! អ្ងែងដិញថាអាផើងវានៅណាទេ? អញមិនដិញទេ (ខ្ញុំមិនដឹងទេ) ។ ថ្វីត្បិតតែប្រើពាក្យពេចន៍គ្រោតគ្រាតនៅក្នុងការប្រាស្រ័យទាក់ទងគ្នា អ្នកភូមិដែលខ្ញុំរស់នៅជាមួយកាលជំនាន់ប៉ុល ពត នោះ មានអធ្យាស្រ័យនឹងគ្នាហើយចេះជួយយកអាសាគ្នាស្អិតរមួតណាស់ ។ មិនខុសពីអាបូណានិងខ្ញុំឡើយ ។ ខ្ញុំធ្លាប់ចុះទៅនេសាទត្រីនៅស្រែក្រោម ឬមាត់បឹងទន្លេសាបជាមួយនឹងអ្នកស្រុកនោះម្តងពីរដែរ ។ ពេលអូសគនរុតត្រី អ្នកដែលរុតត្រីបានច្រើនតែងតែចែកត្រីធំៗឲ្យទៅអ្នកអូសកូនគនឲ្យបានសមរម្យ ទោះកិច្ចការអូសកូនគនមិនសូវលំបាកដូចការស្វែងរករុតត្រីក៏ដោយ ។ សព្វថ្ងៃ ពាក្យ អា អែង អញ នៅក្នុងតំបន់នោះ ប្រហែលជាត្រូវបានគេឈប់ប្រើដូចនៅក្នុងតំបន់ដទៃនៃប្រទេសកម្ពុជា ។ ចំណងភក្តីភាព មិត្តភាព ភាតរភាព និងភាវទ្រទ្រង់ផងទាំងពួងដែលជាសសៃឈាមនៃសុខមាលភាពសង្គមរបស់ខ្មែរក៏ប្រហែលជាសាបរលាបទៅតាមនោះដែរ ។ រឿងដែលគួរឲ្យព្រួយនោះគឺថា តើយុវជនខ្មែរបច្ចុប្បន្ន និងនៅថ្ងៃអនាគតអាចរក្សាចំណងសាមគ្គីភាព និងភាតរភាពសង្គម ឲ្យនៅរឹងមាំដូចយុគសម័យ៖ អា អែង អញ ដែរឬទេ ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...