Saturday, December 26, 2020

ចំណីខួរក្បាល

ជោគជ័យនៅក្នុងបរាជ័យ កាលពីពេលមួយនោះ ខ្ញុំធ្លាប់បាន "វេចអង្ករ" ដើររកប្រពន្ធនៅស្រុកខ្មែរ ។ ជាបទពិសោធន៍មួយគួរឲ្យរីករាយ ។ ខ្ញុំមិនដែលរំភើបចិត្តម្តងណាជាងពេលនោះឡើយ ។ វាគឺជាឱកាសដែលខ្ញុំសម្រេចយកជីវិតទៅផ្សងព្រេងលេងជាមួយនឹងព្រហ្មលិខិត ។ បន្ទាប់ពីបានផ្តាច់កម្មវេរា លាចំណងចងចិត្ត ផ្តិតដោយទុក្ខ ក្នុងជង្រុកអាពាហ៍ពិពាហ៍ជាមួយភរិយាទីមួយរបស់ខ្ញុំ ខ្ញុំសម្រេចចិត្តទៅលម្ហែកាយស្រាយភាពសោកសៅនៅប្រទេសកម្ពុជារយៈពេលបីសប្តាហ៍ ។ ខ្ញុំទៅស្នាក់នៅស្ងាត់ៗជាមួយនឹងក្មួយម្នាក់ដែលមានផ្ទះនៅជាប់ផ្សារពោធិចិនតុង ដើម្បីទទួលទានត្រីក្រម៉មជៀនជាមួយនិងក្តិបត្រសក់ត្រាំឬជ្រក់មមាញលាយសណ្តែកបណ្តុះឲ្យឆ្អែតឆ្អន់ ត្បិតវាជាម្ហូបដែលខ្ញុំចូលចិត្តបំផុតនៅលើលោកនេះ ។ នៅទីនោះ ខ្ញុំបានណាត់ជួបប្អូនជីដូនមួយខ្ញុំម្នាក់ដែលធ្វើការងារជាសវនក(Auditor)ឲ្យស្ថាប័ន Better Factory Cambodia (BFC) ។ BFC ជាកម្មវិធីមួយរបស់សហគមអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរនៅកម្ពុជា ។ ទាំងក្មួយខ្ញុំ ទាំងប្អូនជីដូនមួយខ្ញុំ ដែលមានអាយុប្រហាក់ប្រហែលគ្នាសុទ្ធតែទុកខ្ញុំជា "អាយដល" របស់ពួកគេ ។ ខ្ញុំស្គាល់ពូកគេតាំងតែពីពួកគេមិនទាន់ចេះស្លៀកខោម្លេះ ។ បន្ទាប់ពីដឹងថា ខ្ញុំមានភាពសោកសៅក្នុងចិត្ត (Stress) ប្អូនជីដូនមួយខ្ញុំក៏បបួលខ្ញុំទៅធ្វើកិច្ចការត្រួតពិនិត្យរោងចក្រកាត់ដេរជាមួយនឹងគាត់ ត្បិតគាត់ត្រូវការបុគ្គលិកជំនួយម្នាក់ដើម្បីជួយពិនិត្យឯកសារ ។ វាជាឱកាសមាសសម្រាប់ខ្ញុំ ត្បិតខ្ញុំចង់ដឹងអំពីស្ថានភាពនិងរបៀបរបបប្រកបការងាររបស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជាយូរហើយ ។ ការត្រួតពិនិត្យរោងចក្រវាយនភណ្ឌនៅកម្ពុជា បានផ្តល់ឱកាសឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីតាំងជាច្រើន ។ ចាប់ផ្តើមពីទីក្រុងភ្នំពេញរហូតទៅដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ។ រោងចក្រកាត់ដេរទីមួយដែលខ្ញុំបានចូលរួមត្រួតពិនិត្យគឺនៅក្នុងខ័ណ្ឌឫស្សីកែវ ។ នៅទីនោះ ខ្ញុំបានជួបជជែកលេងជាមួយនឹងយុវតីបុគ្គលិកអភិបាលមួយរូបដែលមានដើមកំណើតនៅខេត្តកំពត ។ គួរបញ្ជាក់ថា ខ្ញុំធ្លាប់បានហ្វឹកហ្វឺនសិក្សាសារពត៌មាននៅសហរដ្ឋអាមេរិក ។ ដូច្នេះ ការសួរនាំអំពីដំណើរជីវិតមនុស្ស វាជាប្រធានបទដែលខ្ញុំតែងលើកយកមកនិយាយជាប្រចាំ ។ យុវតីនោះមានអាយុប្រមាណជា២៥ឆ្នាំ ។ នាងមានចរិតរួសរាយនិងរហ័សរហួនស័ក្តិសមជាអ្នកចាត់ចែកការងាររដ្ឋបាល ។ នាងប្រាប់ខ្ញុំថា នាងឈប់រៀននៅថ្នាក់ទី៩ ហើយមករកការងារធ្វើក្នុងរោងចក្រកាត់ដេរ ដើម្បីស្វែងរកថវិកាជួយប្អូនៗបន្តការសិក្សានៅមហាវិទ្យាល័យ ។ នាងថា ឥឡូវនេះពួកគេរៀនបានខ្ពស់និងរកការងារបានធ្វើប្រសើរជាងនាង ។ កាលចាប់ផ្តើមធ្វើការនៅទីនេះដំបូង តួនាទីរបស់នាងគឺជាអ្នកដាំទឹកឆុងតែនិងកាហ្វេទទួលភ្ញៀវ ។ ថ្ងៃយើងទៅត្រួតពិនិត្យរោងចក្រនោះ នាងនៅតែឆ្លៀតទៅលើកយកកាហ្វេមកផ្គត់ផ្គង់យើងផងដែរ ។ ខ្ញុំប្រាប់នាងថា កាលពីក្មេងខ្ញុំធ្លាប់ប្រកបរបរឡើងដាក់ទឹកត្នោត ។ ឮដូច្នោះនាងប្រាប់ខ្ញុំថា កាលពីក្មេងនាងក៏ធ្លាប់ឡើងត្នោតដែរ តែតោងបង្អោងឡើងត្រឹមពាក់កណ្តាលដើមដើម្បីលេងសើចជាមួយមិត្តភក្តិប៉ុណ្ណោះ ។ បន្ទាប់ពីត្រួតពិនិត្យរោងចក្រនៅឫស្សីកែវអស់រយៈពេលពីរថ្ងៃ យើងបានធ្វើដំណើរទៅត្រួតពិនិត្យរោងចក្រកាត់ដេរមួយទៀតនៅខេត្តកំពង់ឆ្នាំង ។ រោងចក្រនោះមានទំហំធំគួរសមស្ថិតនៅក្នុងភូមិ ត្រពាំងចឹកជ្រុយ ។ នៅទីនោះ យើងបានជួបនឹងមេការជនជាតិចិនម្នាក់ដែលទើបនឹងមកពីទីក្រុងហុងកុង ។ គាត់មានអាយុប្រហាក់ប្រហែលខ្ញុំ ហើយបើមើលតាមសម្តីសម្តៅ បុរសនោះទំនងជាម្ចាស់រោងចក្រឬក៏យ៉ាងហោចណាស់ជាអ្នកមានភាគហ៊ុនធំដែរ ។ គាត់ប្រាប់យើងថា គាត់មានបេសកកម្មមករៀបចំកិច្ចការប្រតិបត្តិរោងចក្រមួយចំនួននៅក្នុងស្រុកខ្មែរ ។ គាត់និយាយភាសាអង់គ្លេសហូរដូចទឹកទំនងជាមនុស្សដែលធ្លាប់បានទៅសិក្សានៅចក្រភពអង់គ្លេសឬសហរដ្ឋអាមេរិក ។ យើងត្រឡប់ពីកំពង់ឆ្នាំងមកភ្នំពេញវិញនៅល្ងាចថ្ងៃដដែល ។ ធ្វើដំណើរតាមផ្លូវ ខ្ញុំចេះតែនឹកភ្នកទៅដល់យុវតីដែលខ្ញុំបានជួបនៅរោងចក្រក្នុងខណ្ឌឫស្សីកែវ ។ ដើម្បីប្អូនៗនិងគ្រួសារ នាងខិតខំតស៊ូយ៉ាងស្វិតស្វាញ ។ វាគឺជាវីរភាពគួរឲ្យកោតសសើរ ។ គំនិតមួយបានផុសឡើងនៅក្នុងខួរក្បាលខ្ញុំ ។ ស្ថិតនៅក្នុងស្ថានភាពលាក់ការមួយ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា ខ្ញុំចង់ស្វែងរកគូស្រករក្នុងចំណោមនារីធ្វើការងាររដ្ឋបាលនៅក្នុងរោងចក្រ ។ និយាយឲ្យចំ ខ្ញុំចង់ជួបទាក់ទងជាមួយនឹងយុវតីដែលយើងបានជួបនៅក្នុងរោងចក្រនៅខណ្ឌឫស្សីកែវ ។ ប្អូនជីដូនមួយខ្ញុំភ្ញាក់ដូចត្រូវគេជះទឹកដាក់កណ្តាលមុខ ។ គាត់សួរខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់និងឲ្យខ្ញុំពន្យល់ថាតើហេតុអ្វីបានជាខ្ញុំចង់បានគូស្រករដែលជានារីធ្វើការនៅក្នុងរោងចក្រ ។ សម្រាប់មនុស្សដែលជាអតីតនិស្សិតនៅស្រុកអាមេរិកដូចខ្ញុំ ខ្ញុំប្រាកដជាអាចរកបានគូស្រករដែលគ្រាន់បើជាងនារីធ្វើការនៅក្នុងរោងចក្រវាយនភណ្ឌ ។ ខ្ជិលរៀបរាប់ប្រាប់ប្អូនជីដូនមួយខ្ញុំវែងឆ្ងាយ ខ្ញុំនិយាយប្រាប់នាយត្រួសៗថា៖ សហរដ្ឋអាមេរិកមិនមែនជាឋានសួគ៌ដូចមនុស្សជាច្រើនគិតនោះទេ ។ អ្នកដែលទៅរស់នៅទីនោះ ជានិស្សិតក្តី ជាអន្តោប្រវេសន៍ជនក្តី ត្រូវស្គាល់ពាក្យពីរម៉ាត់ច្បាស់លាស់គឺ៖ តស៊ូ និង អត់ធ្មត់ ។ ប្រការពីរនេះបុគ្គលិករដ្ឋបាលនៅក្នុងរោងចក្រទាំងនេះគួរតែមានគុណវុឌ្ឍន៍គ្រប់គ្រាន់ ។ ប្អូនជីដូនមួយខ្ញុំមិនជំទាស់នឹងបំណងខ្ញុំទេ ។ ប៉ុន្តែ នៅក្នុងជម្រៅចិត្តគាត់ ខ្ញុំអាចមើលដឹងថាគាត់មិនចង់ឲ្យខ្ញុំស្វែងរកគូស្រករក្នុងចំណោមនារីធ្វើការនៅក្នុងរោងចក្រឡើយ ។ គាត់ប្រាប់ខ្ញុំថា គាត់ស្គាល់នារីជាច្រើនដែលធ្វើកិច្ចការរដ្ឋបាលនៅក្នុងរោងចក្រ ។ ដូច្នេះ នៅពេលយើងដើរធ្វើសវនកក្នុងរោងចក្រ បើខ្ញុំចាប់អារម្មណ៍នឹងនារីណាម្នាក់ គាត់នឹងរៀបចំណាត់ជួបហូបអាហារពេលល្ងាចឬចុងសប្តាហ៍ជាមួយនឹងនាង ។ ក៏ប៉ុន្តែ គាត់ត្រូវតែពេញចិត្តនឹងនាងដែរមុននឹងឈានទៅដល់ការហូបអាហារចែចូវនោះ ។ ហ៊ឹម! សម័យមុនមនុស្សចាស់ចាត់ចែងរឿងគូស្រករឲ្យក្មេង ។ ឥឡូវនេះ ដល់វេនក្មេងចាត់ចែងរឿងគូស្រករឲ្យមនុស្សចាស់វិញម្តងហើយ ។ ប្អូនជីដូនមួយខ្ញុំវាយទូរសព្ទទៅកាន់រោងចក្រនៅខណ្ឌឫស្សីកែវដើម្បីសុំនិងណាត់ជួបហូបបាយជាមួយយុវតីដែលខ្ញុំចាប់ចិត្តនៅចុងសប្តាហ៍ ។ យើងរើសយកភោជនីយដ្ឋាន កាល់ម៉ែត្រ ដើម្បីជួបជុំគ្នាត្បិតទីនោះមានត្រីប្រម៉ាជៀនផ្ទាប់បន្លែក្លាសេទឹកកកដែលមានឱជារសគួរឲ្យចាប់ចិត្ត ។ មុនថ្ងៃជំនួបមកដល់ ពួកយើងត្រូវទៅធ្វើសវនកនៅរោងចក្រមួយទៀតក្នុងខណ្ឌចាក់អង្រែ ។ ឆ្មាំយាមទ្វាររោងចក្រដែលជាជនជាតិខ្មែរនៅទីនោះ មិនហ៊ានអនុញាតិឲ្យពួកយើងចូលក្នុងបរិវេណរោងចក្រទេ ។ ពួកគេត្រូវសួរយោបល់ពីមេការដែលជាជនជាតិចិនសិន ។ មេការចិននោះ មិនសូវចេះភាសាអង់គ្លេសទេ ។ គាត់សួររកប័ណ្ណសំគាល់ខ្លួន ។ ខ្ញុំដែលជាបុគ្គលិកសេះហោះនោះ មានត្រឹមតែក្រដាស់កូពីប៉ាស្ព័រតែប៉ុណ្ណោះ ។ មេការចិនក៏សួរទៅថ្នាក់លើគាត់បន្តទៅទៀត ។ ថ្នាក់លើនោះគ្មាននរណាក្រៅពីជើងខ្លាំងមកពីហុងកុងដែលយើងបានជួបនៅកំពង់ឆ្នាំងនោះឡើយ ។ ខ្ញុំលើកដៃគារវចំពោះគាត់ក្នុងន័យជាមនុស្សដែលបានជួបស្គាល់គ្នាប៉ុន្មានថ្ងៃមុន ។ គាត់ធ្វើមិនស្គាល់ខ្ញុំ ។ បន្ទាប់ពីមើលកូពីប៉ាស្ព័ររបស់ខ្ញុំ គាត់ទាមទាររកឯកសារបញ្ជាក់ថែមទៀត ព្រមទាំងសុំលេខទូរសព្ទរបស់ស្ថាប័នពួកយើងដើម្បីវាយទូរសព្ទទៅសួរដោយផ្ទាល់ ។ ប្អូនជីដូនមួយខ្ញុំនិងគាត់ប្រកែកគ្នាតឹងសសៃក ។ ដោយខឹងនឹងភាពក្រអឺតក្រទមរបស់ជើងខ្លាំងហុងកុងនោះពេក ខ្ញុំក៏និយាយកាត់ដោយសម្តីម៉ឺងម៉ាត់ជាភាសាអង់គ្លេសថា៖ If they don't want us to access the premise, let's go home. Who give a damn! (បើពួកគេមិនចង់ឲ្យយើងបំពេញបេសកកម្មទេ តស់!ទៅផ្ទះវិញ ។ មុខពួកវាមិនមែនជីតាយើងទេ!) ។ ឮសម្តីខ្ញុំនោះ ស្ត្រីចិនពីរនាក់ទៀតដែលអមដំណើរជើងខ្លាំងមកពីហុងកុង ទាញដៃគាត់ទៅម្ខាងហើយពិគ្រោះគ្នាជាភាសាចិន ។ មិនដឹងជាពួកគេនិយាយអ្វីខ្លះទេ ។ នារីចិនដែលជាអ្នកគ្រុបគ្រងរោងចក្រនៅក្នុងស្រុកខ្មែរដោយផ្ទាល់នោះ អាចសង្ស័យថាខ្ញុំដែលកាន់ប៉ាស្ព័រអាមេរិក អាចជាមនុស្សដែលស្ថាប័ន BFC បញ្ជូនមកត្រួតពិនិត្យស្ថានភាពនៅតាមរោងចក្រដោយផ្ទាល់ ដូចជាអន្ទិតដែលមកពីហុងកុងនោះដែរ ។ ពួកគេបញ្ជាឲ្យឆ្មាំបើកទ្វាររបងជាបន្ទាន់ ។ ឯមេការចិនទទួលបន្ទុកប៉ុស្តិ៍ត្រួតពិនិត្យនោះសំពះឱនសុំទោសយើងស្ទើរតែទង្គិចក្បាលនឹងកញ្ចក់ឡាន ។ ទៅដល់ខាងក្នុង គេរៀបចំបន្ទប់ប្រជុំដោយមានភេសជ្ជក្តៅត្រជាក់និងនំចំណីមួយចំនួនទុកទទួលយើងរួចជាស្រេច ។ នារីចិនទាំងពីររូបណែនាំយើងឲ្យជួបនឹងបុគ្គលិកខ្មែរពីបីរូបទៀតដែលជាអ្នកទទួលបន្ទុកនាំយើងដើរត្រួតពិនិត្យរោងចក្រក៏ដូចជាស្វែងរកឯកសារនានាដែលយើងត្រូវការ ។ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកបន្តិចបន្តួច យើងចាប់ផ្តើដើរត្រួតពិនិត្យរោងចក្រដោយឥតបង្អង់ ។ ម្តងនេះគឺថា ប៉ះដៃយកដៃ ប៉ះជើងយកជើងហើយ ។ ថ្វីត្បិតតែយើងមិនអាចសម្រេចឲ្យបិទរោងចក្រដែលមិនគោរពតាមគោលការណ៍របស់ BFC ក៏ពិតមែន តែរបាយការណ៍របស់យើងមានឥទ្ធិពល ។ ពួកយើងកាន់ Digital Camera មួយម្នាក់ដើរថតកំហុសភស្តុតាងគ្រប់ច្រកល្ហក ។ យើងវែករមូរដុំកំណាត់ស្វែងរកថតអាចម៍កណ្តុរនៅតាមកៀនជញ្ជាំង ។ សូម្បីតែបង្គន់ក៏យើងមិនលើកលែងឲ្យដែរ ។ បន្ទាប់ពីប្រមូលបានពត៌មានគ្រប់គ្រាន់ យើងនាំគ្នាមកអង្គុយក្នុងបន្ទប់ប្រជុំដើម្បីសរសេររបាយការណ៍ជាភាសាអង់គ្លេស ។ ពេលនោះកំហឹងរបស់យើងហាក់ដូចជារសាយវិញហើយ ។ យើងមិនប្រើពាក្យធ្ងន់ៗពេកទេ ។ ថ្វីត្បិតតែប្អូនជីដូនមួយខ្ញុំគាត់ចេះភាសាអង់គ្លេសស្ទាត់ជំនាញក៏ពិតមែន គាត់តែងសួរខ្ញុំឲ្យជួយរកពាក្យសមរម្យ (better words) ដើម្បីឲ្យរបាយការណ៍មានសុក្រិតភាព ។ ចំណុចកំហុសធ្ងន់ធ្ងរមួយដែលរោងចក្រនោះធ្វេសប្រហែសគឺការអនុញាតឲ្យយានយន្តចតនៅជុំវិញ កុងទឺណឺ ផ្ទុកផលិតផល ។ រោងចក្រនោះផលិតសំលៀកបំពាក់ដឹកទៅសហរដ្ឋអាមេរិក ហើយគេហាមដាច់ខាតមិនឲ្យមានយានយន្តចតនៅក្បែរ កុងទឺណឺ ឡើយ ។ ខ្ញុំអានបទបញ្ញតិដោយយកចិត្តទុកដាក់ ។ ក្នុងនោះគេដាក់ថា Vehicles ។ ខ្ញុំនឹកទៅដល់ស្ថាប័ន Motor Vehicle (DMV)នៅសហរដ្ឋអាមេរិក ។ ហេតុអ្វីបានជាគេប្រើពាក្យ Motor ផង Vehicle ផង ។ វាសំដៅលើយានយន្តពីរប្រភេទផ្សេងគ្នា ។ នៅជុំវិញកុងទឺណឺ គ្មានឡានចតក្បែរទេ មានតែម៉ូតូ ។ ដូច្នេះ យើងអាចអនុគ្រោះឲ្យជើងខ្លាំងមកពីហុងកុងបាន ។ មិនគួរចងកម្មចងពៀរនឹងគាត់ឡើយ ។ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា នៅពេលយើងចង់បញ្ជាក់អត្ថន័យជាក់លាក់នៃពាក្យណាមួយ យើងអាចចុចលើពាក្យ Tools => Thessorus នៅក្នុងកម្មវិធី Microsoft Word ដើម្បីស្វែងរកន័យប្រៀបធៀបក៏ដូចជានិយមន័យ ។ ចុងសប្តាហ៍នោះ យើងបានទៅជួបហូបអាហារជាមួយនឹងកញ្ញាធ្វើការនៅរោងចក្រក្នុងខណ្ឌឫស្សីកែវតាមកាលកំណត់ ។ មិនទាន់បានប្រាប់មុខម្ហូបដល់អ្នកបម្រើភ្ញៀវផង មិត្តខ្ញុំម្នាក់ដែលជាមន្ត្រីរាជការបានទូរសព្ទមកជួបខ្ញុំ បន្ទាប់ពីគាត់បានទទួលដំណឹងថាខ្ញុំកំពុងស្វែងរកគូស្រករក្នុងចំណោមកម្មកររោងចក្រ ។ ខ្ញុំចំណាយពេលនិយាយជាមួយគាត់ប្រហែល១០នាទី ដោយស្តាប់ពាក្យទូន្មានដដែលៗថា៖ ប្រយ័ត្ន! ប្រយ័ត្នឲ្យមែនទែន ត្បិតកម្មកររោងចក្រខ្លះ ពេលថ្ងៃធ្វើការនៅកន្លែងកាត់ដេរ ។ តែពេលយប់ ជាស្រីការ៉ាអូខេ ។ ខ្ញុំអរគុណមិត្តខ្ញុំដែលមានចិត្តឈឺឆ្អាល ។ ប៉ុន្តែ បេសកកម្មរកគូស្រកររបស់ខ្ញុំ មិនអាចឈប់ពាក់កណ្តាលទីបានឡើយ ។ នៅថ្ងៃបន្ទាប់នៃជំនួបជាមួយកញ្ញាធ្វើការក្នុងរោងចក្រនៅខណ្ឌឫស្សីកែវនោះ ប្អូនជីដូនមួយខ្ញុំបានទូរសព្ទទៅប្រាប់នាងអំពីបំណងរបស់យើង ។ នាងប្រាប់ថា នាងមានគូកំណាន់(Boy friend)ហើយ ហើយសង្ឃឹមថា ខ្ញុំអាចជួបនឹងអ្នកដែលនៅទំនេរក្នុងពេលឆាប់ៗ ។ នៅក្នុងដំណើរផ្សងព្រេងរកគូស្រករនោះ ខ្ញុំបានជួបនឹងនារីបីនាក់ផ្សេងទៀត ។ ក្នុងចំណោមអ្នកទាំងបីនោះ មានកញ្ញាម្នាក់ដែលផ្តល់ក្តីសង្ឃឹមឲ្យខ្ញុំច្រើនជាងគេ ត្បិតនាងមានញាតិម្នាក់ដែលស្គាល់និងរស់នៅក្បែរខ្ញុំនៅសហរដ្ឋអាមេរិក ។ ពេលជួបខ្ញុំដំបូង នាងសង្កេតមើលខ្ញុំពីក្បាលដល់ចុងជើង ដោយក្រសែភ្នែកមិនប្រក្រតី ។ នៅក្នុងបន្ទប់ប្រជុំដាច់ដោយឡែកពីបុគ្គលិកដទៃ នាងនិយាយប្រាប់ខ្ញុំដោយប្រាកដក្នុងចិត្តថា ខ្ញុំមិនមែនជាមនុស្សរស់នៅក្នុងស្រុកខ្មែរទេ ។ ខ្ញុំសួរនាងថា ហេតុអ្វីក៏មើលដឹង ។ នាងឆ្លើយថា នាងមានជីតាមារស់នៅសហរដ្ឋអាមេរិក ហើយសង្កេតឃើញថារបៀបរៀបឫកនិងនិយាយស្តីរបស់ខ្ញុំនិងជីតាមានាងនោះ មានសភាពដូចគ្នា ។ ខ្ញុំសួរឈ្មោះនិងទីក្រុងដែលជីតាមានាងរស់នៅ ។ ជីតាមារបស់នាង គឺជាមនុស្សដែលស្គាល់ខ្ញុំនិងធ្លាប់ជជែកលេងជាមួយខ្ញុំញឹកញាប់ ។ ពិតជារកអុសជួបនឹងឈើងាប់មែន! បន្ទាប់ពីត្រឡប់មកពីហូបអាហារថ្ងៃត្រង់ដែលមានតែសម្លរម្ជូរព្រលិតនិងកូនត្រីផ្ទក់នៅតាមផ្លូវម្តុំមជ្ឈមណ្តលព្រៃស្ពឺវិញ ខ្ញុំរកឱកាសនិយាយជាមួយនឹងកញ្ញានោះដោយត្រង់ៗតែម្តង ។ ខ្ញុំប្រាប់នាងថា ខ្ញុំស្គាល់ជីតាមារបស់នាង ហើយមានបំណងចងមេត្រីជាមួយនឹងនាង ។ ខ្ញុំកត់ឈ្មោះនិងលេខទូរសព្ទរបស់ខ្ញុំឲ្យនាងហើយប្រាប់នាងឲ្យវាយទូរសព្ទទៅសួរជីតាមានាងអំពីសាវតាររបស់ខ្ញុំជាមុនសិន មុននឹងសម្រេចចិត្តថាតើចង់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយនឹងខ្ញុំឬអត់ ។ ខ្ញុំនិងប្អូនជីដូនមួយខ្ញុំរង់ចាំដំណឹងពីនាងដោយអន្ទះសារអស់រយៈពេលពីរថ្ងៃ ។ នៅថ្ងៃទីពីរ ខណៈដែលយើងកំពុងអង្គុយមើលក្មេងទាត់សីនៅមុខសណ្ឋាគារមេគង្គក្បែរមាត់ទន្លេនៃខេត្តកំពង់ចាម ប្អូនជីដូនមួយខ្ញុំសម្រេចចិត្តវាយទូរសព្ទទៅសួរនាងដោយផ្ទាល់ ។ ប៉ុន្តែ ទូរសព្ទនាងហៅចូលមិនបានឡើយ ។ វាជាចម្លើយថាទេ ដោយមិនចាំបាច់និយាយ ។ មកដល់ភ្នំពេញវិញ ខ្ញុំនៅសល់ពេលពីរថ្ងៃទៀតមុននឹងត្រូវឡើងយន្តហោះត្រឡប់មកសហរដ្ឋអាមេរិក ។ មិត្តម្នាក់បានណែនាំឲ្យយើងជួបកញ្ញារោងចក្រម្នាក់ទៀតដែលមានស្រុកកំណើតនៅកំពតដែរ ។ វាជាថ្ងៃសៅហើយនាងរៀបចំធ្វើដំណើរទៅលេងស្រុកកំណើតនៅចុងសប្តាហ៍នោះ ។ យើងនិងមិត្តភក្តិបរឡានទៅដឹកនាងដោយយកលេសថា ពួកយើងក៏មានដំណើរទៅលេងខេត្តកំពតដែរ (Desperate situation calls for desperate measure!) ។ ដោយមានអន្តរាគមពីមិត្តភក្តិរបស់ពួកយើង យើងមានឱកាសបានទៅស្នាក់នៅជាមួយគ្រួសារនារីដែលជាគោលដៅបេះដូងរបស់ខ្ញុំនោះ ។ ផ្ទះនោះ មនុស្សភាគច្រើនជាស្រីៗ ។ ដូច្នេះ ទីកន្លែងសមរម្យសម្រាប់ពួកយើងប្រុសៗគេងយប់នោះ គឺស្ថិតនៅលើស្កាកដែលមិនមានជញ្ជាំងបាំងផ្នែកខាងមុខទេ មានតែដើមក្រខុបមួយដើមដែលបែកមែកសាខាគ្របលើដំបូលផ្ទះ ។ យើងត្រឡប់មកភ្នំពេញវិញនៅថ្ងៃអាទិត្យ ។ ដោយហេតុតែខ្ញុំមានកិច្ចការច្រើន ខ្ញុំមិនអាចណាត់ជួបប្រាប់អំពីគោលបំណងខ្ញុំចំពោះរូបនាងទេ ។ ខ្ញុំទុកកិច្ចការនោះឲ្យប្អូនស្រីជីដូនមួយខ្ញុំម្នាក់ទៀតដែលស្គាល់នាង ។ បន្ទាប់ពីមកដល់សហរដ្ឋអាមេរិកបានរយៈពេលប្រមាណជាមួយខែ ប្អូនស្រីជីដូនមួយខ្ញុំបានផ្តល់ដំណឹងមកថា នារីគោលដៅបេះដូងចុងក្រោយរបស់ខ្ញុំនៅខេត្តកំពតនោះ មិនចង់មករស់នៅសហរដ្ឋអាមេរិកទេ ។ ការស្វែងរកគូស្រករសម័យទំនើបនេះ មិនមែនជារឿងងាយស្រួលដូចសម័យម្តាយទុកឪពុកដាក់នោះឡើយ ។ ការប្រឹងប្រែងរបស់ខ្ញុំគឺជាតឹកតាងមួយដែលបញ្ជាក់ថា ផ្នត់គំនិតរបស់យើងបានផ្លាស់ប្តូរច្រើន ដោយសារតែយើងមានពត៌មាន មានចំណេះដឹង និងមានសមត្ថភាពស្វែងរកសុភមង្គលទូលំទូលាយជាងមុន ។ ខ្ញុំបរាជ័យមែននៅក្នុងដំណើរផ្សងព្រេងរកស្នេហាដ៏ខ្លោចផ្សានោះ ។ ក៏ប៉ុន្តែ អ្វីដែលជាមោទកភាពចេញអំពីបរាជ័យនោះ គឺជោគជ័យដែលលាស់ចេញអំពីគំនិតបញ្ច្រាសទិសរបស់ខ្ញុំ ។ ប្រមាណជាពីរឆ្នាំក្រោយមក ខ្ញុំបានទទួលលិខិត(E-mail)មួយពីប្អូនជីដូនមួយខ្ញុំ(អន្ទិតដែលធ្វើមេអណ្តើកឲ្យខ្ញុំបរាជ័យជាប់គ្នារដឹកនោះ) ។ គាត់ប្រាប់ខ្ញុំថា គាត់មានគូដណ្តឹងជិតរៀបការហើយ ។ គូដណ្តឹងគាត់ជានារីធ្វើការនៅក្នុងរោងចក្រមួយ ។ នាងមានអាយុទើបជាងម្ភៃឆ្នាំទេ ប៉ុន្តែឆ្លាតវាងវៃនិងមានសមត្ថភាពខ្ពស់ណាស់ ។ នាងចេះនិយាយភាសាចិននិងអង់គ្លេសស្ទាត់ជំនាញទៀតផង ។ បន្ទាប់ពីទទួលបានសារលិខិតនោះ ខ្ញុំក៏ចាប់ផ្តើមគិតត្រឡប់បកក្រោយវិញ ។ ថ្វីត្បិតតែបេសកកម្មរបស់ខ្ញុំបានទទួលបរាជ័យក៏ពិតមែន ។ ក៏ប៉ុន្តែ គោលគំនិតរបស់ខ្ញុំអត់បរាជ័យទេ ។ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់មើលឃើញនូវគុណតម្លៃនៃស្ត្រីដែលធ្វើការងារនៅក្នុងរោងចក្រវាយនភ័ណ្ឌ ៕ ឧទិសអត្ថបទនេះជូនដល់កម្មការនីរោងចក្រវាយនភ័ណ្ឌទាំងឡាយ ដែលគេមើលមិនឃើញគុណតម្លៃ! (To all the female factory workers whose value and capability were overlooked!)

Monday, December 21, 2020

ចំណីខួរក្បាល

ហេតុអ្វីបានជាកូនសិស្សនៅសហរដ្ឋអាមេរិកមិនស្លៀកពាក់ឯកសណ្ឋាន? ខ្ញុំមានឱកាសបានសិក្សានៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិករយៈពេលជិតពីរឆ្នាំ ។ ចំណាប់អារម្មណ៍របស់ខ្ញុំនាគ្រានោះគឺសមភាពរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀន ។ កូនសិស្សអាមេរិកាំងគោរពវិន័យសាលា ប៉ុន្តែហាក់ដូចជាមិនសូវអោនលំទោនចំពោះគ្រូដូចសិស្សដទៃនៅក្នុងពិភពលោកទេ ។ គ្រូនិងសិស្សស្និទ្ធស្នាលនឹងគ្នាប្រៀបដូចជាមិត្តភក្តិ ។ ឯការសិក្សារបស់ពួកគេក៏មានភាពលំហែរដែរ (Relax) ។ ជាមួយនឹងភាតរភាពនិងភាពលំហែរនេះ ខ្ញុំសង្កេតឃើញចំនុចមួយទៀតដែលញែកកូនសិស្សអាមេរិកាំងឲ្យផ្លែកពីសិស្សនៅក្នុងប្រទេសដទៃគឺសេរីភាពនិងរបៀបសិក្សា ។ កូនសិស្សអាមេរិកាំងអត់រៀន "សូត្រ" តាមគ្រូដូចសេកទេ ។ ពួកគេរៀនសូត្រតាមគំនិតរបស់បុគ្គលម្នាក់ៗ ។ មានន័យថា គ្រូគ្រាន់តែជាអ្នកបង្ហាញផ្លូវប៉ុណ្ណោះ ។ ឯការដើរតាមគន្លងផ្លូវដោយរបៀបណា គឺកូនសិស្សជាអ្នកត្រិះរិះពិចារណាដោយខ្លួនឯង ។ ឯកសណ្ឋានគឺជាចំនុចទីមួយដែលបង្កចម្ងល់នៅក្នុងចិត្តខ្ញុំ ។ ហេតុអ្វីក៏កូនសិស្សអាមេរិកាំងចាប់ពីថ្នាក់មតេយ្យរហូតដល់មហាវិទ្យាល័យអត់ពាក់ឯកសណ្ឋានទៅរៀន? ផ្អែកលើការស្រាវជ្រាវក្រៅផ្លូវការរបស់ខ្ញុំ រដ្ឋមន្ត្រីនិងក្រសួងអប់រំរបស់សហរដ្ឋអាមេរិកមានតែឈ្មោះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ។ កិច្ចការសព្វសារពើពាក់ព័ន្ធនឹងវិស័យអប់រំគឺរដ្ឋនីមួយៗជាអ្នកចាត់ចែង ។ រដ្ឋទៀតសោតផ្តល់តួនាទីទៅឲ្យស្រុក ។ ស្រុកផ្តល់សិទ្ធទៅឲ្យក្រុមប្រឹក្សាសាលា (School Board) ។ ក្រុមប្រឹក្សាសាលាជ្រើសរើសនាយកសាលាឲ្យចាត់ចែងការបន្ត ។ នាយកសាលាត្រូវកោះប្រជុំសួរយោបល់ពីមាតាបិតាសិស្សមុននឹងសម្រេចអនុវត្តិកិច្ចការសំខាន់នានាពាក់ព័ន្ធនឹងវិស័យអប់រំ ។ ឯកសណ្ឋានគឺជារឿងសំខាន់មួយដែលគេត្រូវសួរយោបល់មាតាបិតាជាមុន ។ តាំងពីខ្ញុំមករស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំកន្លងទៅ ខ្ញុំបានឃើញពត៌មានស្តីអំពីការធ្វើប្រជាមតិស្នើឲ្យសិស្សស្លៀកពាក់ឯកសណ្ឋានបីឬបួនដងដែរ នៅតាមសាលាមួយចំនួនដែលមានសិស្សក្រីក្រច្រើន ។ មូលហេតុនៃការស្នើប្រើឯកសណ្ឋាននោះ គឺដើម្បីកាត់បន្ថយសម្ពាធលើសិស្សក្រីក្រក្នុងការចំណាយប្រាក់ហួសចំណូលដើម្បីទិញសម្ភារៈឲ្យដូចសិស្សកូនអ្នកមាន ក៏ដូចជាទប់ស្កាត់សិស្សដែលមានលុយច្រើនកុំឲ្យហុឺហាហួសចន្ទោល ។ ប៉ុន្តែ ការធ្វើប្រជាមតិនោះមិនដែលបានជោគជ័យទេ ។ សហរដ្ឋអាមេរិកជាប្រទេសដែលគោរពបូជាសេរីភាពខ្ពស់ជាអាទិទេព ឬក៏ស្តេចផែនដី ។ ពលរដ្ឋអាមេរិកាំងសុខចិត្តប្រឈមនឹងបញ្ហា ប៉ុន្តែមិនសុខចិត្តឲ្យវិសាលភាពនៃសេរីភាពរបស់ខ្លួនរួមតូចឡើយ ។ ឯកសណ្ឋានជានិមិត្តរូបនៃបញ្ញតិឬអាជ្ញាដែលបញ្ជាក់អំពីការរឹតបន្តឹងសេរីភាព ។ ដូច្នេះហើយបានជាពេលមានសំណើរសុំឲ្យកូនសិស្សស្លៀកពាក់ឯកសណ្ឋាននៅសាលាណាមួយ សំណើរនោះកម្រទទួលបានជោគជ័យណាស់ ។ ផ្នត់គំនិតអាមេរិកាំងពាក់ព័ន្ធនឹងសេរីភាព យើងអាចបង្រួញឲ្យនៅត្រឹមពាក្យមួយឃ្លា៖ "Give me liberty, or give me death!" ដែលមានន័យថា៖ ខ្ញុំសុខចិត្តស្លាប់ ជាជាងរស់នៅដោយគ្មានសេរីភាព ។ សេរីភាពនិងការអប់រំហាក់ដូចជារលាយចូលគ្នានៅពេលដែលសមាជិកតាក់តែងរដ្ឋធម្មនុញ្ញអាមេរិកាំងមួយរូបឈ្មោះ George Mason មកពីរដ្ឋ វីជីញៀ សរសេរមាត្រាបន្ថែមទី១ First Amendment ហាមរដ្ឋសភានិងព្រឹទ្ធសភាបង្កើតច្បាប់ប៉ះពាល់ដល់ការបញ្ចេញមតិឬក៏ផ្សព្វផ្សាយពត៌មានរបស់ពលរដ្ឋ ។ នាមរបស់ George Mason ក្រោយមកត្រូវបានគេយកទៅបង្កើតសាកលវិទ្យាល័យមួយដែលមានឈ្មោះថា George Mason University ។ បាវច្ចនានៃសាកលវិទ្យាល័យនោះគឺ៖ Freedom and Learning ។ ក្រៅអំពីទៅរៀនអត់ស្លៀកពាក់ឯកសណ្ឋាន ចំណុចមួយទៀតដែលទាក់ចំណាប់អារម្មណ៍ខ្ញុំគឺ រៀនអត់ប្រឡងឆ្លងកម្រិត ។ កូនសិស្សអាមេរិកាំងអត់ប្រឡងចេញពីបឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ឬ ឌីប្លូម បាក់អង បាក់ឌុប ទេ ។ ពួកគេរៀនរយៈពេល១២ឆ្នាំ ដោយសន្សំក្រេឌិត ឬការទទួលស្គាល់ថាបានបំពេញការសិក្សាតាមកម្រិតថ្នាក់នីមួយៗ រហូតដល់ថ្នាក់ទី១២ ។ ពិន្ទុដែលអាចទទួលបានក្នុងការសិក្សាមុខវិជ្ជានីមួយៗគឺកម្រិតដោយអក្សរ A B C D F and I ។ ពិន្ទុអតិប្បមាគឺ ១០០ ។ ចន្លោះ ១០០ ទៅ ៩០ = A ។ ៩០ ទៅ ៨០ = B ។ ៨០ ទៅ ៧០ = C ។ ៧០ ទៅ ៦០ = D ។ ពិន្ទុ F (Failure) និង I (Incomplete) នៅលើមុខវិជ្ជាណាមួយគឺត្រូវរៀនសាឡើងវិញ ។ បើយើងប្រៀបធៀបការរៀនអត់ប្រឡងនិងរៀនមានបែបបទប្រឡងឆ្លងកម្រិតដូចនៅស្រុកខ្មែរ យើងឃើញថាស្តង់ដារនៃការរៀនអត់ប្រឡងខ្ពស់ជាង ។ សិស្សដែលរៀននៅក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតគឺត្រូវមានពិន្ទុចាប់ពី ៦០ភាគរយឡើងទៅទើបមានសិទ្ធបន្តពីកម្រិតមួយទៅកម្រិតមួយទៀត ។ ឯសិស្សដែលរៀននៅក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិតគឺអាចទទួលយកបានចាប់ពី៥០ភាគរយឡើងទៅដើម្បីបន្តការសិក្សារបស់ខ្លួន ។ គួរកត់សម្គាល់ផងដែរថា សិស្សដែលរៀនក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតមិនអាចមានពិន្ទុ D ច្រើនពេកឡើយ ។ កូនសិស្សដែលទទួលបានពិន្ទុ D ច្រើនអាចត្រូវបានតម្រូវឲ្យរៀនសាឡើងវិញនូវមុខវិជ្ជាមួយចំនួន ។ ថ្មីៗនេះ ប្រទេសកម្ពុជាបានសម្រេចឲ្យកូនសិស្សរៀនថ្នាក់ទី១២ ទទួលបានសញ្ញាប័តទុតិយភូមិ(បាក់ឌុប)ដោយមិនចាំបាច់ប្រឡង ។ សម្រាប់សិស្សដែលរៀនក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិត វាជារឿងឈឺក្បាលខ្លាំងចំពោះមាតាបិតាសិស្សមួយចំនួនដែលមិនធ្លាប់បានឆ្លងកាត់ការសិក្សាកម្រិតសាកលវិទ្យាល័យ ។ តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យកូនដែលមិនបានវាស់ស្ទង់សមត្ថភាពជាមុន អាចឆ្លងកាត់ការសិក្សាកម្រិតមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ ប្រកបដោយជោគជ័យ ។ ការសិក្សានៅសាកលវិទ្យាល័យ វាមិនមែនជាកិច្ចការងាយស្រួលឡើយ ។ គេត្រូវការវាស់វែងកាយសម្បទានិងសមត្ថភាពជាក់លាក់ណាស់មុននឹងឈានជើងចូលទៅប្រឡូកនៅក្នុងដំណើរស្វែងរកពុទ្ធិជាន់ខ្ពស់នោះ ។ ផ្អែកលើបទពិសោធរបស់ខ្ញុំនៅសហរដ្ឋអាមេរិកកាលពី៣០ឆ្នាំមុន ក្នុងចំណោមនិស្សិត១០០នាក់ មាននិស្សិតប្រមាណជា៦០នាក់ប៉ុណ្ណោះ ដែលអាចបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនិងទទួលបានបរិញ្ញាប័តត្រីយ៍ ។ ៤០ភាគរយទៀតគឺអាចរត់រួចត្រឹមវិញ្ញាបណ្ណប័តវិជ្ជាជីវៈឬក៏បោះបង់ការសិក្សាចោលតែម្តង ។ ការចំណាយប្រាក់ឲ្យកូនទៅរៀនដោយគ្មានមូលដ្ឋានបង្អែកច្បាស់លាស់អំពីសមត្ថភាព វាប្រៀបដូចជាការធ្វើដំណើរផ្សងព្រេងដោយមិនដឹងទិសតំបន់មួយ ។ ដំណោះស្រាយបញ្ហានេះ គឺមានតែប្រើយុទ្ធសាស្ត្រ "ផ្លូវនៅនឹងមាត់" ប៉ុណ្ណោះ ។ សួរអ្នកដែលធ្លាប់ឆ្លងកាត់ជាពិសេសគឺអតីតគ្រូរបស់សិស្សតែម្តង ។ សុំឲ្យគាត់ផ្តល់ការវាយតម្លៃអំពីសមត្ថភាពសិស្សដោយឥតលាក់លៀម ។ យកពត៌មានទាំងនោះមកពីគ្រោះជាមួយនឹងកូនដែលមានបំណងបន្តការសិក្សានៅមហាឬសាកលវិទ្យាល័យដើម្បីលកលៃថាតើគួរគ្រោងយកសញ្ញាប័តកម្រិត ២ឆ្នាំ ៤ឆ្នាំ ឬក៏ឈានទៅដល់អនុបណ្ឌិតនិងបណ្ឌិត ។ វាគឺជាបញ្ហាប្រឈមដ៏ឈឺក្បាលមួយ ។ ប៉ុន្តែ នៅក្នុងគ្រោះអាសន្នកូវីដ១៩នេះ មនុស្សពាសពេញពិភពលោកគឺឈឺក្បាលដូចតែគ្នាហ្នឹង ។ បើមិនបញ្ហានេះ ក៏បញ្ហានោះដែរ ៕

Sunday, December 20, 2020

ចំណីខួរក្បាល

អា អែង/អ្ងែង អញ ពាក្យខ្មែរបីម៉ាត់ អា អែង(ឯង) និង អញ សព្វថ្ងៃនេះត្រូវបានពលរដ្ឋខ្មែរភាគច្រើនជិនឆ្អន់មិនសូវប្រើប្រាស់នៅក្នុងការសន្ទនាគ្នាក៏ដូចជាការសរសេរដែរ ។ គេចាត់ទុកការប្រើប្រាស់ពាក្យបីម៉ាត់នេះថា ជាការបង្ហាញភាពមិនសុីវីល័យ ខ្វះការអប់រំ និង មិនថ្លៃថ្នូ ។ តាមការសង្កេតរបស់ខ្ញុំ នៅពេលពលដ្ឋខ្មែរឈប់ប្រើ ឬក៏អៀនប្រៀនអំពីការប្រើពាក្យបីម៉ាត់នេះ(Shy away from) ភាតរភាពនិងសាមគ្គីភាពនៅក្នុងសង្គមខ្មែរក៏ចាប់ផ្តើមវិនាសអន្តរាយទៅដែរ ។ ខ្ញុំមិនមែនជាអ្នកសិក្សាខាងភាសាវិទ្យានោះទេ ។ ប៉ុន្តែ ខ្ញុំគិតថាពាក្យពេចន៍ក្នុងភាសាដើរតួសំខាន់ណាស់ នៅក្នុងការតភ្ជាប់មនោសញ្ចេតនាមនុស្សនៅក្នុងសង្គមឲ្យចេះរួបរួមគ្នាជាធ្លុងមួយ ដើម្បីជួយសង្គ្រោះគ្នាទៅវិញទៅមកក៏ដូចជាទប់ទល់ជាមួយនឹងហានិភ័យនានាផងដែរ ។ ខ្ញុំមិនដឹងថា ពាក្យ អា អែង និង អញ ជាពាក្យកម្ចីពីបរទេសឬក៏ជាពាក្យខ្មែរសុទ្ធសាធនោះទេ ។ ប៉ុន្តែ ខ្ញុំធ្លាប់ឃើញអ្នកសិក្សាសីលាចារិកខ្មែរគេយកពាក្យ "កំម្រតេងអញ" មកចុះផ្សាយជាញឹកញាប់ ។ ដូច្នេះ ពាក្យ អា និង អែង អាចជាពាក្យខ្មែរដែលមានប្រើតាំងតែពីបុរមបុរាណមក ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ អា អែង និង អញ គឺយើងប្រើនៅក្នុងរង្វង់បងប្អូនបង្កើត ។ បងឬប្អូនដែលមានអាយុលើសខ្វះគ្នា២ ឬ៣ឆ្នាំគឺយើងប្រើពាក្យ អា អែង និងអញ ហៅគ្នាទៅវិញទៅមកគ្មានទើសទាស់អ្វីឡើយ ។ បងបង្អស់គាត់ផាត់សំបកហៅប្អូនៗ អា អែង ដោយរលូនគ្មានខ្វល់អំពីការប៉ះពាល់ភាពថ្លៃថ្នូឬមិនថ្លៃថ្នូសូម្បីបន្តិចសោះឡើយ ។ ថ្វីត្បិតតែពាក្យពេចន៍ដែលយើងប្រើសម្រាប់ហៅគ្នានេះ ស្តាប់ទៅដូចជាមិនសូវថ្លៃថ្នូក៏ពិតមែន ប៉ុន្តែវាហាក់ដូចជាមានឥទ្ធិពលខ្លាំងក្នុងការតភ្ជាប់ភក្តីភាពរបស់មនុស្សក្នុងសង្គម ។ កាលពីក្មេង មិត្តភក្តិរបស់ខ្ញុំដែលមានអាយុលើសខ្វះគ្នាពីរបីឆ្នាំ យើងហៅគ្នាទៅវិញទៅមកដោយប្រើពាក្យ អា អែង និង អញ ស្ទើរដាច់សាច់ ។ ពាក្យទាំងនេះនៅគ្រាបច្ចុប្បន្ន ស្តាប់ទៅហាក់ដូចជាមិនសុីវីល័យទេ ។ ក៏ប៉ុន្តែ នៅក្នុងសម័យកាលខ្ញុំចម្រើនវ័យនោះ វាគឺជាចំណងអរូបមួយដែលភ្ជាប់សន្តានចិត្តរបស់ពួកយើងឲ្យចេះជួយយកអាសាគ្នាដូចបងប្អូនបង្កើត ។ យើងតែងតែជួយធ្វើកិច្ចការគ្នាដោយមិនគិតអំពីផលប្រយោជន៍តបស្នងសូម្បីតែបន្តិចសោះឡើយ ។ អ្វីៗដែលយើងសហការគ្នាធ្វើដើម្បីផលប្រយោជន៍រួម យើងមិនដែលគិតអំពីពលកម្មលើសខ្វះគ្នាទេ ។ អនុស្សាវរីយ៍មួយដែលខ្ញុំធ្លាប់ជួបក្នុងប្រការនេះ គឺការសហការគ្នារវាងខ្ញុំនិងមិត្តភូមិផងរបងជាមួយម្នាក់ឈ្មោះ បូណា នៅទសវត្សឆ្នាំ ១៩៨០ ។ អាបូណានិងខ្ញុំបានមូលមតិគ្នាទៅកាប់ឫស្សីព្រៃយកមកពុះធ្វើរនាបលក់ ។ ឫស្សីព្រៃដុះនៅក្នុងព្រៃកុងក្រោយភូមិហើយមានបន្លាក្រាស់ណាស់នៅគុម្ពរបស់វា ។ ដើម្បីកាប់ដើមឫស្សីព្រៃ គេត្រូវប្រើឧបករណ៍ម៉្យាងហៅ ថ្វាង ដែលមានដងធ្វើអំពីដើមឫស្សីពីងពង់ប្រវែងប្រហែល៥ម៉ែត្រនិងផ្លែស្រដៀងគ្នានឹងផ្លែកណ្តៀវច្រូតស្រូវ ។ យើងប្រើថ្វាងកាវកាត់ដើមឫស្សីព្រៃកម្ពស់ប្រមាណជាបួនទៅប្រាំម៉ែត្រពីដី ហើយថ្ពក់ទាញដើមរបស់វាចេញពីក្នុងគុម្ពមកដើម្បីលស់សម្អាតមែកនិងបន្លាផងទាំងពួង ។ នៅក្នុងប្រតិបត្តិការកាប់ឫស្សីព្រៃនោះ ខ្ញុំសង្កេតឃើញថា អាបូណាវាធ្វើកិច្ចការបានលឿនជាងខ្ញុំពីរដង ។ ខ្ញុំកាប់ឬស្សីបានមួយដើម វាកាប់បានពីរដើម ។ នៅពេលយើងដឹកឫស្សីនោះមកពុះច្រៀកធ្វើរនាប វាក៏ធ្វើកិច្ចការនោះបានលឿនជាងខ្ញុំប្រមាណជាពីរដងដែរ ។ ថ្វីត្បិតតែវាធ្លាប់ដៀលខ្ញុំថា កាប់ឫស្សីយឺតនោះយឺត នៅពេលយើងលក់រនាបយកកម្រៃមកចែកគ្នា អាបូណាអត់រំលឹកអំពីការធ្វើពលកម្មលើសខ្វះគ្នានេះទេ ។ យើងចែកគ្នាស្មើដោយសុទ្ធចិត្ត ។ គួរកត់សម្គាល់ផងដែរថា នៅពេលដែលខ្ញុំវិលត្រឡប់ពីសហរដ្ឋអាមេរិកទៅលេងស្រុកកំណើតបន្ទាប់ពីបែកគ្នាជិត២០ឆ្នាំ អាបូណាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលនៅប្រើពាក្យ អា អែង អញ ជាមួយនឹងខ្ញុំដោយគ្មានទើសទាល់ ។ ក្រៅអំពីការប្រើពាក្យអែង អញ នៅក្នុងចំណោមមិត្តភក្តិ ខ្ញុំក៏ធ្លាប់ជួបប្រទះការប្រើពាក្យនេះរវាងកូននិងម្តាយផងដែរ ។ កាលជំនាន់ ប៉ុល ពត គ្រួសារខ្ញុំត្រូវបានគេជម្លៀសឲ្យទៅនៅក្នុងភូមិមួយនៅក្នុងស្រុក ស្ទោង ខេត្តកំពង់ធំ ។ ភូមិនោះ នៅក្បែរតំបន់ប្រាសាទ ព្រះខ័នកំពង់ស្វាយ ។ ដូច្នេះ អ្នកស្រុកនោះ ប្រាកដជាពូជពង្សវង្សត្រកូលខ្មែរដែលសេសសល់តាំងតែពីសម័យអង្គរមក ។ ថ្ងៃមួយ ខ្ញុំឮមីងម្នាក់និយាយទៅកាន់ម្តាយគាត់ថា៖ "ម៉ែហ្អា! មើលអាង៉ាឲ្យអញមួយភ្លែត" (ម៉ែ! មើលកូនឲ្យខ្ញុំមួយភ្លែត) ។ ឃើញការនិយាយរកគ្នារបៀបនេះដំបូង ខ្ញុំភ្ញាក់ព្រើតហើយគិតក្នុងចិត្តថា អ្នកស្រុកនេះពិតជាអត់សុីវីល័យមែន ។ កូននិយាយជាមួយម្តាយប្រើសុទ្ធតែពាក្យ អែង អញ ។ ចំណេរក្រោយមកទើបខ្ញុំដឹងថា នេះគឺជាពាក្យដែលអ្នកស្រុកប្រើធម្មតា បន្ទាប់ពីស្តាប់យល់គ្រៀមភាសាជាច្រើនដែលអ្នកស្រុកប្រើប្រាស់ ។ ឧទាហរណ៍៖ ម៉ែហ្អា! ឃើញម្តុំអញនៅនោះទេ? មីគ្នេរ! អ្ងែងដិញថាអាផើងវានៅណាទេ? អញមិនដិញទេ (ខ្ញុំមិនដឹងទេ) ។ ថ្វីត្បិតតែប្រើពាក្យពេចន៍គ្រោតគ្រាតនៅក្នុងការប្រាស្រ័យទាក់ទងគ្នា អ្នកភូមិដែលខ្ញុំរស់នៅជាមួយកាលជំនាន់ប៉ុល ពត នោះ មានអធ្យាស្រ័យនឹងគ្នាហើយចេះជួយយកអាសាគ្នាស្អិតរមួតណាស់ ។ មិនខុសពីអាបូណានិងខ្ញុំឡើយ ។ ខ្ញុំធ្លាប់ចុះទៅនេសាទត្រីនៅស្រែក្រោម ឬមាត់បឹងទន្លេសាបជាមួយនឹងអ្នកស្រុកនោះម្តងពីរដែរ ។ ពេលអូសគនរុតត្រី អ្នកដែលរុតត្រីបានច្រើនតែងតែចែកត្រីធំៗឲ្យទៅអ្នកអូសកូនគនឲ្យបានសមរម្យ ទោះកិច្ចការអូសកូនគនមិនសូវលំបាកដូចការស្វែងរករុតត្រីក៏ដោយ ។ សព្វថ្ងៃ ពាក្យ អា អែង អញ នៅក្នុងតំបន់នោះ ប្រហែលជាត្រូវបានគេឈប់ប្រើដូចនៅក្នុងតំបន់ដទៃនៃប្រទេសកម្ពុជា ។ ចំណងភក្តីភាព មិត្តភាព ភាតរភាព និងភាវទ្រទ្រង់ផងទាំងពួងដែលជាសសៃឈាមនៃសុខមាលភាពសង្គមរបស់ខ្មែរក៏ប្រហែលជាសាបរលាបទៅតាមនោះដែរ ។ រឿងដែលគួរឲ្យព្រួយនោះគឺថា តើយុវជនខ្មែរបច្ចុប្បន្ន និងនៅថ្ងៃអនាគតអាចរក្សាចំណងសាមគ្គីភាព និងភាតរភាពសង្គម ឲ្យនៅរឹងមាំដូចយុគសម័យ៖ អា អែង អញ ដែរឬទេ ៕

Thursday, November 26, 2020

ចំណីខួរក្បាល

វិញ្ញាណ និង សុខភាពផ្លូវចិត្ត ធម្មបាល ខៀវ ជុំ មិនសូវមានឈ្មោះបោះសម្លេងនៅក្នុងរង្វង់សិក្សាក្នុងវិស័យអក្សរសាស្ត្រនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាទេ ។ ក៏ប៉ុន្តែ ព្រះអង្គជាបុគ្គលមួយរូបដែលបញ្ញវន្តខ្មែរចម្រើននិយម (Progressive thinkers) មួយចំនួនគោរពបូជា ។ តាមការស្រាវជ្រាវរបស់ខ្ញុំពាក់ព័ន្ធនឹងធម្មបាល ខៀវ ជុំ ខ្ញុំសង្កេតឃើញនិងយល់ថា ព្រះអង្គជាអ្នកប្រាជ្ញខ្មែរមួយរូបប្រកបដោយទេពកោសល្យខ្ពស់ ។ យោងតាមសំណេររបស់ធម្មបាល ខៀវ ជុំ មួយចំនួនដែលខ្ញុំបានអាន ព្រះអង្គជាអ្នកស្រាវជ្រាវនិងវិភាគបកស្រាយទស្សនផ្សេៗប្រកបដោយភាពជាក់លាក់ ។ ទាំងផ្លូវលោក ទាំងផ្លូវធម៌ ព្រះអង្គពន្យល់បានច្បាស់លាស់ ។ របកគំហើញខ្លះ ដូចជា IQ (Intelligence Quotient) ឬរង្វាស់បញ្ញាមនុស្ស ព្រះអង្គបានលើកយកមកពន្យល់ខ្មែរតាំងតែពីសង្គមខ្មែរមិនទាន់ដឹងថា IQ ជាអ្វីនោះផង ។ ផ្នែកខាងវិទ្យាសាស្ត្រផ្សេងទៀតដូចជាទ្រឹស្តីពាក់ព័ន្ធនឹងជីវវិជ្ជា (ជីវិតសត្វនិងរុក្ខជាតិ) ព្រះអង្គបកស្រាយពន្យល់ប្រកបដោយការយល់ដឹងគួរឲ្យស្ញប់ស្ញែង ។ ផ្នែកខាងផ្លូវធម៌ ជាពិសេសទស្សនបដិច្ចសមុប្បាទនៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គបានលើកយកបរមាធិប្បាយដែលមានសណ្ឋាន តូច ល្អិត ជ្រៅ ពិបាកយល់ជាទីបំផុត មកបំភ្លឺឲ្យឃើញរូបរាងហាក់ដូចជាបង្ហាញនូវផ្ទាំងគំនូរ ។ នៅក្នុងការបកស្រាយសំណួរអំពីជីវិតនិងវិញ្ញាណ តើមួយណាចាប់បដិសន្ធិមុន ធម្មបាលខៀវ ជុំ ពន្យល់ប្រកបដោយហេតុផលរឹងមាំថា អង្គភាពទាំងពីរចាប់បដិសន្ធិតំណាលគ្នា ។ ចំណែករុក្ខជាតិដែលមនុស្សទូទៅយល់ឃើញថា ជាប្រភេទពីជៈគ្មានវិញ្ញាណ ព្រះអង្គមិនយល់ស្របទេ ។ រុក្ខជាតិមានវិញ្ញាណដូចជាមនុស្សនិងសត្វដែរ ថ្វីត្បិតតែវាគ្មាន សសៃប្រសាទ ខួរក្បាល បេះដូង និង មនោ ។ ព្រះអង្គបានលើកយក វល្លិ និង ឈើនានាដែលចេះតោងឡើង ឬក៏លូតលាស់បត់បែនគេចពីឧបសគ្គដើម្បីស្វែងរកពន្លឺថ្ងៃដែលជាចំណីដ៏ចាំបាច់របស់វាមកធ្វើជាឧទាហរណ៍ ។ ពាក់ព័ន្ធនឹងពីជៈ ឬ រុក្ខជាតិ មានសំណួរមួយចោទឡើងថា តើរុក្ខជាតិអាចមានការឈឺចាប់ដែរទេនៅពេលដែលយើងកាប់ឬកាត់មែករបស់វា ។ មតិភាគច្រើនយល់ឃើញថា ដោយហេតុតែរុក្ខជាតិគ្មានប្រសាទនិងមនោ វាមិនអាចដឹងឬមានសេចក្តីឈឺចាប់ឡើយនៅពេលដែលយើងកាប់ឬកាត់ដើមរបស់វា ។ ប្រការនេះ ធម្មបាល ខៀវ ជុំ ហាក់ដូចជាមិនបានបញ្ជាក់ថា គួរយល់ស្របតាមមតិភាគច្រើនឬយ៉ាងណាទេ ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំយល់ថារុក្ខជាតិក៏មានការឈឺចាប់ដែរ នៅពេលដែលយើងកាត់ កាប់ ឬបៀតបៀនវា ។ បើយើងទទួលស្គាល់ថា វិញ្ញាណជាសហស្ថាបនិកនៃជីវិត ដូច្នេះរាល់ជីវិតដែលមានវិញ្ញាណត្រូវតែមានការឈឺចាប់ដូចគ្នានៅពេលត្រូវបានគេបៀតបៀន (harmed) ។ ភាពខុសគ្នានៃការឈឺចាប់របស់មនុស្សនិងរុក្ខជាតិគឺស្ថិតត្រង់ថា មនុស្សដឹងការឈឺចាប់តាមរយៈ វិថីវិញ្ញាណ ។ ឯរុក្ខជាតិដឹងការឈឺចាប់នៅក្នុងក្របខណ្ឌ ភវង្គវិញ្ញាណ ។ វិថីវិញ្ញាណនិងភវង្គវិញ្ញាណប្រតិបត្តិនៅក្នុងក្របខណ្ឌពីរផ្សេងគ្នា ដែលភាសាអង់គ្លេសហៅថា៖ Conscious and Sub-Conscious ។ វិថីវិញ្ញាណសំដៅដល់វិញ្ញាណទាំង ៥ គឺ ចក្ខុ ឃានៈ សោតៈ ជីវ្ហា និង កាយវិញ្ញាណ ឬ ភ្នែក ច្រមុះ ត្រចៀក អណ្តាត និងកាយ ដែលជាភ្នាក់ងារផ្តល់ពត៌មានទៅឲ្យបេះដូងនិងខួរក្បាល ។ វិញ្ញាណទី៦ ដែលភាសាអង់គ្លេសហៅថា (The 6th Sense)នោះ គឺខួរក្បាល ។ ខួរក្បាលមានតួនាទីជាវិញ្ញាណផង ជាទីស្នាក់ការកណ្តាលឬទីបញ្ជាការកំពូលរបស់វិញ្ញាណផង និងជាស្ពានតភ្ជាប់វិថីវិញ្ញាណនិងភវង្គវិញ្ញាណផង ។ ភវង្គវិញ្ញាណ បើនិយាយឲ្យងាយយល់ គឺជាវិញ្ញាណនៅក្នុងវិញ្ញាណ ។ ការស្វែងយល់អំពីភវង្គវិញ្ញាណគឺមិនខុសគ្នាអំពីការសិក្សាអភិធម្ម Metaphysics ប៉ុន្មានទេ ។ ដើម្បីសម្រួលដល់ការពិចារណា យើងអាចលើកយកទស្សនពាក់ព័ន្ធចំនួនបីមកធ្វើជាគោល ។ អភិធម្មនិយាយអំពី រូបនៅក្នុងរូប ។ ចេតសិកនិយាយអំពីចិត្តនៅក្នុងចិត្ត ។ ភវង្គវិញ្ញាណនិយាយអំពីវិញ្ញាណនៅក្នុងវិញ្ញាណ ។ ចូរកត់សម្គាល់ពាក្យ "នៅក្នុង" (sub) ដែលសំដៅដល់ភាវៈមិនស្ថិតនៅក្រោមការគ្រុបគ្រងរបស់វិថីវិញ្ញាណ ។ ចិត្តនិងគំនិតដែលខ្មែរយើងនិយមនិយាយភ្ជាប់គ្នាថា ចិត្តគំនិត ប្រៀបដូចជាបងប្អូនភ្លោះ ។ រូបពីរផ្សេងគ្នា ធ្វើសកម្មភាពពីរផ្សេងគ្នា ក៏ប៉ុន្តែមានរូបកាយនិងទ្រង់ទ្រាយដូចគ្នា ។ យើងអាចបែងចែកចិត្តនិងគំនិតឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់សរីរាង្គ (Organs) ពីរផ្សេងគ្នា ។ ចិត្តគ្រុបគ្រងដោយបេះដូង ។ ឯគំនិតគ្រុបគ្រងដោយខួរក្បាល ។ សមត្ថភាពនិងតួនាទីរបស់បេះដូងនិងខួរក្បាលមិនដូចគ្នាទេ ។ ឯកម្មឬសកម្មភាពរបស់មនុស្សដែលកើតចេញមកពីប្រភពបេះដូងនិងខួរក្បាលក៏ខុសគ្នាដែរ ។ នៅពេលកម្លោះណាម្នាក់ទៅដណ្តឹងកូនក្រមុំគេ ចាស់ៗខ្មែរយើងនិយមសួរគ្នាថា តើអន្ទិតហ្នឹងវាមានចិត្តគំនិតដូចម្តេចដែរ ។ អ្នកដែលស្គាល់មាណពកំសត់ខ្លះក៏ឆ្លើយថា អន្ទិតហ្នឹងវានឹងលើ តែរង្គើក្រោម ។ បានន័យថាមនុស្សនោះនៅមិនទាន់មានសមត្ថភាពអប់រំគ្រុបគ្រងចិត្តឲ្យបានជាប់លាប់នៅឡើយទេ ។ ការអប់រំគ្រុបគ្រងចិត្តឬថែទាំសុខភាពផ្លូវចិត្តគឺជាអ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅក្នុងអត្ថបទនេះ ។ មនុស្សទូទៅកម្រស្វែងយល់អំពីសុខភាពផ្លូវចិត្តណាស់ ។ នៅពេលយើងនិយាយអំពីសុខភាព គឺយើងគិតត្រឹមសុខភាពនៃរូបតែប៉ុណ្ណោះ ។ តាមពិតសុខភាពចិត្តនិងកាយ (Mental and Physical Health) មានសារសំខាន់ស្មើគ្នា ។ ព្យាបាលតែជំងឺផ្លូវកាយ មិនព្យាយាមព្យាបាលជំងឺផ្លូវចិត្តគឺប្រៀបដូចជាទុករូបយើងមួយចំហៀងឲ្យជំងឺរាតត្បាតដូច្នោះដែរ ។ សូមកុំភ្លេចថា ចិត្តនិងគំនិតគឺស្ថិតនៅក្នុងរូប ។ ហើយចិត្តក៏ចេះឈឺដែរ ។ ប្តីប្រពន្ធទាស់គ្នារឿងមិនជួយធ្វើកិច្ចការផ្ទះ ជាជំងឺផ្លូវចិត្តកំបុិកកំប៉ុកមួយប្រៀបដូចជាដើរជំពុបជើងនឹងដុំថ្មតូចមួយដែលជាជំងឺផ្លូវកាយ ។ ជំងឺផ្លូវចិត្តភាគច្រើនមិនចាំបាច់ទៅស្វែងរកគ្រូពេទ្យឲ្យជួយព្យាបាលនោះទេ ។ មនុស្សគ្រប់រូបមានសមត្ថភាពព្យាបាលជំងឺផ្លូវចិត្ត ប្រសិនបើយើងយល់អំពីទំនាក់ទំនងរវាងចិត្តនិងគំនិត ។ ជាបឋម យើងត្រូវដឹងថា សកម្មភាពឬក៏ប្រតិកម្មរបស់យើងពាក់ព័ន្ធនឹងវិថីវិញ្ញាណទាំង៥ ដែលជាភ្នាក់ងារផ្តល់ពត៌មានមកឲ្យបេះដូងឬក៏ចិត្តរបស់យើង ។ នៅពេលអ្នកផ្ទះខ្ញុំត្រឡប់មកពីទិញម្ហូបអាហារនៅផ្សារឃើញខ្ញុំកំពុងអង្គុយសរសេរអត្ថបទនេះ គាត់ស្រែកគំហកមកខ្ញុំថា៖ ខំប្រឹងណាស់ហ្ន! មានគេឡៃបន្តិចបន្តួចនៅក្នុងហ្វេសប៊ុកហ្នឹងខំប្រឹងសរសេរភ្លេចបាយភ្លេចទឹកតែម្តង ។ និយាយរួច គាត់ក៏ដើរមកឈ្ងោកមើលថាតើខ្ញុំសរសេរអំពីអ្វី ។ បន្ទាប់ពីមើលទៅឃើញថាអត្ថបទនេះអាចមានប្រយោជន៍ដល់អ្នកអាន ចិត្តគាត់ហាក់ដូចជាស្ងប់ឡើងវិញ ហើយខ្ញុំក៏អាចសរសេរអត្ថបទនេះបន្តទៅទៀត ។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយអំពីទំនាក់ទំនងរវាងចិត្តនិងគំនិត ឬបេះដូងនិងខួរក្បាល ។ តាមរយៈវិថីវិញ្ញាណនៃកែវភ្នែករបស់គាត់ ភរិយាខ្ញុំមើលឃើញការអង្គុយសរសេររបស់ខ្ញុំថាជាការចំណាយពេលឥតប្រយោជន៍ ។ ឆ្លងកាត់តាម ផស្សៈ សញ្ញា ចេតនា និង ចេតសិក ប្រតិកម្មបឋមរបស់ភរិយាខ្ញុំគឺស្តីឲ្យខ្ញុំថាចំណាយពេលឥតប្រយោជន៍ ។ ខណៈដែលគាត់ស្តីឲ្យខ្ញុំនោះ ចិត្តគាត់ញាប់ញ័រ ។ ឯបេះដូងគាត់ក៏លោតញាប់ដែរដើម្បីបញ្ជូនឈាមទៅសព្វសារពាង្គកាយរក្សាកំដៅកុំឲ្យធ្លាក់ចុះខ្លាំង ។ លុះគាត់ចាប់ផ្តើមអានអត្ថបទនេះ ពត៌មាននានាក៏ចាប់ផ្តើមឆ្លងផុតពីចេតសិកតាមរយៈអាយតនៈ (Synapses) ទៅកាន់ខួរក្បាល ។ តួនាទីរបស់ខួរក្បាលគឺផ្ទៀងផ្ទាត់ពត៌មានជាមួយនឹងទិន្នន័យ(ចំណេះដឹង)ដែលភរិយាខ្ញុំផ្ទុកនៅទីនោះ ។ ការផ្ទៀងផ្ទាត់នេះយើងហៅថា គិត ។ ភវង្គវិញ្ញាណក៏ចេញមកធ្វើសកម្មភាពជាមួយនឹងការគិតនេះដែរ ។ បន្ទាប់មកយើងទទួលបានលទ្ធផលចុងក្រោយគឺ "គំនិត" ។ គឺគំនិតនេះហើយដែលផ្តល់ហេតុផលនិងណែនាំចិត្តភរិយាខ្ញុំឲ្យដើរចូលទៅក្នុងសភាវៈស្ងប់ ឬក៏ដំណាក់កាលចុងក្រោយបំផុតនៃប្រតិកម្មដែលជាបច្ច័យរបស់វិថីវិញ្ញាណ ។ ជួនកាល សកម្មភាពដែលកើតចេញពីចិត្តគំនិតមិនពាក់ព័ន្ធនឹងចំណេះដឹងទេ ។ ឧទាហរណ៍ បងប្រុសខ្ញុំម្នាក់គាត់ចាប់ផ្តើមជក់បារីនៅអំឡុងឆ្នាំ ១៩៧០ ។ សម័យនោះ គ្មានការផ្សព្វផ្សាយអំពីផលវិបាកនៃការជក់បារីទេ ។ បុរសខ្មែរជក់បារីស្ទើរតែគ្រប់គ្នា ។ បន្ទាប់ពីជក់បារីបានរយៈពេលប្រមាណជាពីរឆ្នាំ បងប្រុសខ្ញុំស្រាប់តែឈប់ជក់បារីដោយគ្មាននរណាបង្ខំឬក៏ណែនាំ ។ ពេលញាតិមិត្តសួរគាត់អំពីប្រការនេះ គាត់ឆ្លើយយ៉ាងខ្លីថា៖ គិតសព្វៗទៅជក់បារីគ្មានប្រយោជន៍អ្វីទេ ។ បើយើងពិនិត្យអំពីកត្តាឈប់ជក់បារីនេះ យើងអាចសន្និដ្ឋានបានថា វាជាទង្វើកើតចេញមកអំពីភវង្គវិញ្ញាណ ត្បិតគ្មានសម្ពាធតាមរយៈវិថីវិញ្ញាណទេ ។ ចាប់ពីពេលនោះមកទល់នឹងថ្ងៃនេះ បងប្រុសខ្ញុំមិនដែលមានបញ្ហាជាមួយនឹងការជក់បារីឡើយ ។ ចិត្តរបស់គាត់នឹងដូចភ្នំទោះបីមានបារីប្រភេទណានៅចំពោះមុខគាត់ ក៏គាត់គ្មានភាពរំភើបឬញាប់ញ័រដែរ ។ ចិត្តដែលមានសុខភាពល្អ គឺចិត្តដែលនឹងននេះឯង ។ តើយើងធ្វើដូចម្តេចទើបរកភាពនឹងនឲ្យចិត្តបាន? ចម្លើយគឺ៖ អប់រំគ្រុបគ្រង ។ ប៉ុន្តែត្រូវចងចាំថា យើងអាចអប់រំគ្រុបគ្រងចិត្តបានដោយលំបាកជាទីបំផុត ។ ទំនាក់ទំនងរវាងវិថីវិញ្ញាណជាមួយនឹងចិត្តនិងគំនិត ឬក៏ជាមួយនឹងបេះដូងនិងខួរក្បាលគឺកើតឡើងស្ទើរតែព្រមគ្នា ។ ក៏ប៉ុន្តែ ប្រសិនបើយើងសង្កេតមើលសកម្មភាពរបស់យើងដែលជាប្រតិកម្មឆ្លើយតបទៅនឹងពត៌មានទទួលបានតាមរយៈវិថីវិញ្ញាណទាំងប្រាំនោះ ភាគច្រើនគឺកើតចេញពីចិត្តរបស់យើង ។ វាហាក់ដូចជាធម្មជាតិបង្កើតបេះដូងនិងចិត្ត សម្រាប់ធ្វើសកម្មភាពបំពេញបំណងតណ្ហាតែប៉ុណ្ណោះ ។ ឯបញ្ញា គឺត្រូវការជំនួយពីខួរក្បាល ។ ការថែទាំសុខភាពផ្លូវចិត្តមិនអាចពឹងលើចិត្តឲ្យថែទាំខ្លួនឯងបានទេ ។ យើងចាំបាច់ត្រូវតែពឹងលើគំនិតនិងបញ្ញា ។ ដើម្បីបង្កើតគំនិតនិងបញ្ញា ពត៌មាននានាដែលទទួលបានតាមរយៈវិថីវិញ្ញាណទាំងប្រាំ ត្រូវតែឆ្លងទៅឲ្យដល់ខួរក្បាល ។ គួរកត់សម្គាល់ឡើងវិញថា ដំណើរប្រាស្រ័យទាក់ទង(Interactional processes)រវាងរូបឬវិញ្ញាណរបស់យើងនិងពិភពខាងក្រៅ (External Factors)គឺមានលំនាំដូចតទៅ៖ ផស្សៈ សញ្ញា ចេតនា មនសិការ ចេតសិក អាយតនៈ (ខួរក្បាល) ភវង្គវិញ្ញាណ ។ ដំណើរប្រាស្រ័យទាក់ទងដ៏វែងអន្លាយនេះកើតឡើង (Happen) លឿនជាងផ្លេកបន្ទោរទៅទៀត ។ គឺមានរយៈពេលត្រឹមតែមួយខណៈចិត្តតែប៉ុណ្ណោះ ។ ដូច្នេះ ដើម្បីអាចអប់រំគ្រុបគ្រងចិត្តបាន យើងគប្បីមានចំណេះនិងបញ្ញាផ្ទុកនៅក្នុងខួរក្បាលរបស់យើង ។ ចំណេះដឹងនិងបញ្ញាខ្លះ មិនចាំបាច់ទៅរៀនអំពីសាលាឬក៏គ្រូបាអាចារ្យណាទេ ។ វាស្ថិតនៅក្នុងបរិយាការ (Environment) ជុំវិញខ្លួនយើងស្រាប់ហើយ ។ គោលការណ៍តែមួយគត់សម្រាប់ស្រូបយកចំណេះដឹងនិងបញ្ញាទាំងនោះ គឺយល់អំពីដំណើរប្រាស្រ័យទាក់ទងរវាងរូបរបស់យើងនិងពិភពខាងក្រៅ ។ បន្ទាប់ពីយល់អំពីដំណើរនេះ យើងគប្បីហ្វឹកហាត់ចិត្តរបស់យើងឲ្យរុញពត៌មាននានាដែលទទួលបានតាមរយៈវិថីវិញ្ញាណទៅដល់ខួរក្បាលនិងភវង្គវិញ្ញាណសិនមុននឹងសាងកម្មឬធ្វើសកម្មភាព ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ កម្មទាំងឡាយណាដែលខ្ញុំសាងដោយឆ្លងកាត់ការត្រិះរិះពិចារណា(គិត)ល្អិតល្អន់ ចិត្តរបស់ខ្ញុំមិនសូវជាញាប់ញ័រឬក៏ឈឺចាប់ប៉ុន្មានទេនៅពេលផលដែលកើតចេញពីកម្មនោះទទួលបានជោគជ័យឬបរាជ័យ ។ គន្លឺះនៃការថែទាំសុខភាពផ្លូវចិត្ត គឺស្ថិតនៅត្រង់ទំហំនៃការញាប់ញ័រនិងឈឺចាប់នេះឯង ។ បើវាមានតិចឬក៏គ្មានសោះ បានសេចក្តីថាចិត្តយើងនឹងនហើយមានសុខភាពល្អជាទីបំផុត ។ មុននឹងបញ្ចប់ ខ្ញុំសូមនិយាយអំពីតួនាទីរបស់បេះដូងបន្តិច ។ ផ្អែកលើការវែកញែកខាងលើ បេះដូងហាក់ដូចជាគ្មានបានការអ្វីទេក្រៅតែអំពីនាំទុក្ខមកឲ្យរូប ។ តាមពិត បេះដូងមានតួនាទីនិងសារសំខាន់ជាងខួរក្បាលកាត់ថ្លៃមិនបានឡើយ ។ តួនាទីដ៏សំខាន់របស់បេះដូងគឺរក្សាការពាររូបនិងខួរក្បាល ។ នៅក្នុងភាសាអង់គ្លេស គេហៅតួនាទីនេះថា៖ Fight or Flight (តតាំង ឬ រត់គេច) ។ ឧទាហរណ៍៖ យើងកំពុងដើរលើភ្លឺស្រែស្រាប់តែមានពស់មួយលូនចេញពីគុម្ពស្មៅនៅក្បែរចុងជើងយើង ។ ប្រតិកម្មភ្លាមៗគឺយើងលោតចេញឲ្យឆ្ងាយពីពស់នោះសិន មុននឹងស្វែងយល់ថាតើពស់នោះមានពិសឬគ្មានពិស ហើយវាលូនគេចអំពីយើងឬក៏បម្រុងចឹកសម្លាប់យើង ។ ខណៈដែលយើងគេចចេញពីគ្រោះថ្នាក់យថាហេតុនេះ ដៃជើងយើងត្រជាក់ហើយចង្វាក់បេះដូងក៏លោតញាប់ដែរដើម្បីបញ្ជូនឈាមទៅឲ្យសារពាង្គកាយជាពិសេសខួរក្បាល ។ បន្ទាប់មក ខួរក្បាលផ្ទៀងផ្ទាត់រូបភាពពស់ជាមួយនឹងទិន្នន័យ (ចំណេះដឹងនិងបញ្ញា) ដែលផ្ទុកនៅទីនោះ រួចហើយសម្រេចថាតើត្រូវធ្វើដូចម្តេចបន្តទៅទៀត ។ ការលោតគេចអំពីសត្វពស់ មិនពាក់ព័ន្ធជាមួយខួរក្បាលទេ ។ បេះដូងជាអ្នកទទួលខុសត្រូវនិងគ្រុបគ្រងស្ថានការណ៍ រួចហើយទើបផ្តល់តួនាទីឲ្យខួរក្បាលជាអ្នកចាត់ការបន្ត ។ នេះហើយជាសារសំខាន់របស់បេះដូង ។ បើនៅរង់ចាំឲ្យខួរក្បាលផ្ទៀងផ្ទាត់ថាតើពស់នោះអាចនាំទុក្ខដល់រូបឬអត់ យើងអាចត្រូវពស់ចឹកស្លាប់បាត់ទៅហើយ ។ ហើយពូជពង្សមនុស្សក៏មិនអាចមានរូបរាងនៅលើភពផែនដីនេះដែរ ៕

Wednesday, October 28, 2020

ចំណីខួរក្បាល

កម្មដែលគ្មានកម្ម (Action Without Action) កាលពី២៩ឆ្នាំមុន គឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ អ្នកនយោបាយខ្មែរជាច្រើនក្រុមបក្សបានផ្អាកការវាយប្រហារគ្នា ហើយនាំគ្នាទៅចុះកិច្ចសន្យាបញ្ចប់ជម្លោះនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីកសាងប្រទេសកម្ពុជាឡើងវិញ ។ គេហៅកិច្ចសន្យានោះថា៖ សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ឬ Paris Peace Accord ដែលមានអង្គការសហប្រជាជាតិនិងប្រទេសចំនួន ១៩ ជាសាក្សី ។ អំឡុងពេលនោះ ខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។ ឯមិត្តភក្តិខ្ញុំចំនួនពីរនាក់ក៏កំពុងតែសិក្សានៅក្រៅប្រទេសដែរ ម្នាក់នៅស្រុកបារាំងនិងម្នាក់ទៀតនៅអតីតសហភាពសូវៀត ។ នៅក្នុងលិខិតឆ្លើយឆ្លងគ្នារបស់ពួកយើង ខ្ញុំនិងមិត្តខ្ញុំបានគិតគ្នាថានឹងខិតខំរៀនយកចំនេះដឹងពីប្រទេសជឿនលឿនដើម្បីវិលត្រឡប់ទៅជួយកសាងប្រទេសខ្មែរនិងគេនិងឯង ត្បិតវាជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង ។ បន្ទាប់ពីសន្ធិសញ្ញាក្រុងប៉ារីសត្រូវបានគេចុះផ្សាយជាសាធារណៈ ខ្ញុំមើលឃើញនូវចំណុចមួយដែលតម្រូវឲ្យរដ្ឋាភិបាលខ្មែរនៅថ្ងៃអនាគតរៀបចំ គ្រុបគ្រង និងដឹកនាំរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ ។ ប្រការនេះបានញ៉ាំងឲ្យខ្ញុំបន្ថែមមុខវិជ្ជាមួយទៀតនៅក្នុងការសិក្សាគឺ វិទ្យាសាស្ត្រនយោបាយ ត្បិតខ្ញុំយល់ថាខ្ញុំកំពុងតែសិក្សានៅក្នុងប្រទេសគំរូមួយដែលយកលទ្ធិប្រជាធិបតេយ្យមកអនុវត្តិបានជោគជ័យដ៏ត្រចះត្រចង់អស់រយៈពេលជាង២០០ឆ្នាំមកហើយ ។ ការសិក្សាវិទ្យាសាស្ត្រនយោបាយនៅក្នុងភាសាមួយដែលខ្ញុំចេះមិនសូវស្ទាត់ មិនមែនជាការងាយឡើយ ។ ប៉ុន្តែ អំណាចនៃឆន្ទៈនិងមនសិការបានជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យខំប្រឹងប្រែងដោយឥតរួញរា ។ ខ្ញុំសិក្សាអំពីទម្រង់រដ្ឋបាលនិងរដ្ឋាភិបាលអាមេរិកាំងដោយយកចិត្តទុកដាក់ជាទីបំផុត ។ ទស្សនៈផងទាំងពួងដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលនិងនយោបាយ ចាប់ពីសូក្រាតរហូតដល់មហាត្ម័កគន្ធី គឺខ្ញុំព្យាយាមស្រាវជ្រាវសិក្សាមិនឲ្យខ្វះចន្លោះឡើយ ។ ដោយហេតុតែខ្ញុំធ្លាប់រស់នៅក្នុងរបបខ្មែរក្រហម ដែលជាលទ្ធិផ្តាច់ការដ៏បរិសុទ្ធមួយ បទពិសោធដ៏ជូរចត់នោះបានញ៉ាំងឲ្យខ្ញុំខិតខំស្វែងយល់រឹតតែខ្លាំងឡើង ថាតើមានគោលគំនិតអ្វីខ្លះដែលអាចទប់ស្កាត់កុំឲ្យរបបផ្តាច់ការចាប់បដិសន្ធិកើត ។ ទីប្រឹក្សាសិក្សារបស់ខ្ញុំបានណែនាំឲ្យខ្ញុំសិក្សាមុខវិជ្ជាមួយក្រោមប្រធានបទ មនោគមវិជ្ជានយោបាយ ។ វាជាការសិក្សាប្រៀបធៀបរវាងរបបគ្រុបគ្រងផ្សេងៗនៅក្នុងពិភពលោក ។ ខ្ញុំខំប្រឹងអស់សមត្ថភាពនៅក្នុងការសិក្សាមុខវិជ្ជានោះ រហូតទទួលបានពិន្ទុខ្ពស់ជាងគេបំផុតនៅក្នុងកាប្រឡងដំណាច់ឆមាស ។ ខ្ញុំនៅចាំរហូតដល់សព្វថ្ងៃអំពីសំណួរនៅក្នុងការប្រឡងនោះ ។ គេដាក់ឲ្យយើងបរិយាយថាតើ មូលដ្ឋានគ្រឹះនៃសេរីនិយមបរិសុទ្ធមានអ្វីខ្លះ? (What constitutes the foundation of Classical Liberalism?) ខ្ញុំមិនចាំចម្លើយលម្អិតទេ ប៉ុន្តែនៅចាំគោលការណ៍ទាំងបីដែលខ្ញុំលើកយកមកពណ៌នាប្រហែលជាមួយទំព័រកន្លះ ។ លទ្ធិប្រជាធិបតេយ្យដែលមានសេរីនិយមបរិសុទ្ធជាមូលដ្ឋានគឺត្រូវមានគ្រឹះបីដែលភាសាអង់គ្លេសហៅថា៖ 1) Political Core; 2) Economic Core; and 3) Social Core ។ គ្រឹះទាំងបីនេះប្រៀបដូចជាមុំចង្ក្រាន មិនអាចខ្វះមួយបានឡើយ ។ ១) គ្រឹះនយោបាយសំដៅដល់ តុល្យភាពនៃអំណាចដែលមាននិតិបញ្ញតិ និតិប្រតិបត្តិ និង តុលាការ ជាមូលដ្ឋាន ។ ២) គ្រឹះសេដ្ឋកិច្ចសំដៅដល់ ទីផ្សារសេរីដែលមានសមភាពនៃការប្រកួតប្រជែង (Level Playing Field) និងច្បាប់ប្រឆាំងការស៊ុំគ្រលំរកសុី (Antitrust Law) ព្រមទាំងច្បាប់ការពារក្ស័យធន (Bankcrupcy Law) សម្រាប់គាំពារស្ថាបនិកសហគ្រាស ។ ៣) គ្រឹះសង្គម សំដៅទៅលើការអភិវឌ្ឃន៍និងបែងចែកធនធានរដ្ឋដល់ពលរដ្ឋទាំងអស់ប្រកបដោយសមធម៌និងយុត្តិធម៌ ។ គួរកត់សម្គាល់ថាសមធម៌ ខុសអំពីសមភាព ត្បិតការបែងចែកធនធានរដ្ឋនេះមិនផ្អែកលើភាពស្មើគ្នាទេ គឺផ្អែកលើភូមិសាស្ត្រ សង្គមសាស្ត្រ និងកត្តាពាក់ព័ន្ធនានាដែលធ្វើឲ្យសហគមនីមួយៗមានតម្រូវការខុសគ្នា ។ អំឡុងពេលសិក្សាដែលមានរបៀបវារៈជាក់លាក់នោះ ខ្ញុំបានតាមដានព្រឹត្តិការណ៍និងការវិវឌ្ឃន៍នយោបាយនៅក្នុងស្រុកខ្មែរជាប្រចាំ ត្បិតខ្ញុំគិតថាមុននឹងខ្ញុំចូលទៅជ្រោមជ្រែងកិច្ចការកសាងជាតិខ្មែរឡើងវិញនោះ ខ្ញុំគប្បីយល់អំពីស្ថានភាពជាក់ស្តែងឲ្យបានប្រាកដប្រជា ។ បន្ទាប់ពីសង្កេតស្ថានភាពនយោបាយនៅស្រុកខ្មែរយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនឆ្នាំ នៅដើមឆ្នាំ១៩៩៧ ខ្ញុំបានធ្វើការសម្រេចចិត្តដាច់ណាត់មួយថា មិនវិលត្រឡប់ទៅចូលរួមជួយកសាងប្រទេសខ្មែរនៅក្នុងស្ថានភាពនយោបាយដែលមិនផ្តោតលើសុខមាលភាពជាតិនិងពលរដ្ឋនោះឡើយ ។ វាជាការសម្រេចចិត្តមួយដែលសូម្បីតែខ្ញុំខ្លួនឯងក៏ទាស់ចិត្តដែរ ត្បិតអី បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំស្វែងរកចំណេះដឹងដើម្បីបំពេញករណីយកិច្ចមួយ ខ្ញុំបែរជាមិនអាចយកចំណេះដឹងទាំងនោះទៅប្រើប្រាស់ ។ វាប្រៀបបាននឹងគ្រូពេទ្យដែលយល់ពីវិធីព្យាបាលមនុស្ស តែមិនអាចព្យាបាល ។ មានកត្តាជាច្រើនដែលជម្រុញឲ្យខ្ញុំលះបង់ គោលបំណងមកជួយកសាងកម្ពុជា ។ កត្តាធំបំផុតគឺអំពើពុករលួយជាប្រព័ន្ធ ។ គ្រួសារនិយម បក្សពួកនិយម និង ប្រព័ន្ធគ្រុបគ្រងលម្អៀងទៅរកយសស័ក្តិនិយម (Oligarchy) ជាកត្តាបន្តបន្ទាប់ ។ ពាក្យពុករលួយនៅទីនេះមិនសំដៅត្រឹមតែការសូកប៉ាន់លុយកាក់នោះទេ ។ ការបាត់បង់ម្ចាស់ការលើសតិសម្បជញ្ញៈក៏ចាត់ទុកថាជាភាវៈពុករលួយដែរ ។ គឺការបាត់បង់ម្ចាស់ការលើសតិសម្បញ្ញៈនេះហើយ ដែលជម្រុញឲ្យខ្ញុំលះបង់គោលគំនិតរបស់ខ្លួន ។ នៅក្នុងសង្គមមនុស្ស មានឥទ្ធិពលមួយដែលភាសាអង់គ្លេសហៅថា Socialization (សង្គមវូបនីយកម្ម) ។ ទោះបីជាយើងមានឆន្ចៈរឹងបុឹងយ៉ាងណាក៏ដោយ ក៏ឥទ្ធិពលសង្គមអាចជ្រួតជ្រាបចូលមកក្នុងផ្នត់គំនិតនិងទង្វើរបស់យើងបានដោយមិនដឹងខ្លួន ។ ខ្ញុំបានលើកយកសំណួរជាច្រើនមកសួរខ្លួនឯង នៅពេលដែលខ្ញុំសម្រេចចិត្តមិនដើរតាមគោលដៅដែលខ្ញុំបានគ្រោងសម្រាប់ជីវិត ។ ពាក្យមួយឃ្លាដែលប្រធានាធិបតីអាមេរិកាំងលោក ប៊ៀល ក្លីនតុន ធ្លាប់បានលើកយកមកនិយាយគឺថា៖ កុំយកភាពឥតខ្ចោះមកធ្វើជាសត្រូវជាមួយនឹងអ្វីដែលល្អ (Don't let perfection be the enemy of the good.) ។ ពាក្យនេះ បានរុកកួនសតិសម្បជញ្ញៈរបស់ខ្ញុំយ៉ាងខ្លាំង ។ ភាពឥតខ្ចោះនិងល្អ តើគួរជ្រើសយកប្រការណា? ដើម្បីថ្លឹងថ្លែងរកចម្លើយដ៏សមស្របមួយ ខ្ញុំលើកយកទ្រឹស្តីបាបបុណ្យ ឬកុសលកម្មនិងអកុលសកម្មរបស់ព្រះពុទ្ធមកពិចារណា ។ តាមការយល់ឃើញរបស់ខ្ញុំ បាបនិងបុណ្យប្រៀបដូចជាទឹកនិងប្រេង ។ វាមិនអាចរលាយចូលគ្នាទេ ។ ហើយយើងក៏មិនអាចសាងបុណ្យក្នុងបាប ឬក៏សាងបុណ្យបន្សាបបាបបានដែរ ។ វាប្រៀបដូចជាយកមួកនិងខោអាវក្រោះសម្រាប់មុជចុះទៅបាតសមុទ្រមកពាក់ ហើយលោតចូលទៅក្នុងធុងអាចម៍ ។ មួកនិងអាវក្រោះអាចការពារខ្លួនយើងឲ្យនៅស្អាតស្អំក៏ពិតមែន ក៏ប៉ុន្តែ អាចម៍ដែលប្រឡាក់ជាប់នៅលើមួកនិងអាវក្រោះដែលគ្របនៅលើខ្លួនយើងនោះ វាមិនផ្លាស់ប្តូរសភាវៈរបស់វាទេ ។ ខ្ញុំដឹងថា ការលះបង់គោលការណ៍ជីវិតរបស់ខ្ញុំ មិនមានហេតុផលសមរម្យទេនៅក្នុងគំនិតមនុស្សមួយចំនួន ។ ប្រសិនបើឪពុកខ្ញុំនៅរស់ គាត់ច្បាស់ជាដៀលខ្ញុំថា៖ "អាកូនឥតកំណើត ។ ទៅរៀនបំបង់តែបាយ" ។ ម្តាយខ្ញុំប្រហែលជាស្តីឲ្យខ្ញុំថា៖ "អាកូនមិនច្រឡំនិងគេ!" ។ អ្នកដទៃក៏ប្រហែលជាមានមតិជាច្រើនផ្សេងទៀត ។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតស្នូលដែលផ្តល់ឋាមពលសព្វបែបយ៉ាងសម្រាប់ជួយជម្រុញឆន្ទៈរបស់ខ្ញុំឲ្យរុលរួចផុតពីសម្ពាធនៃឧត្តមគតិផងទាំងពួង គឺរឿងនិទានដ៏សាមញ្ញមួយដែលខ្ញុំដាក់ភ្ជាប់ជាមួយនឹងអត្ថបទនេះ ។ រឿងនោះមានចំណងជើងថា៖ តាចាស់និងសត្វស្វា ។ សម្រាប់អ្នកដែលមិនសូវជ្រះថ្លាជាមួយនឹងរឿងនិទានអក្សរសីល្ប៍កុមារ ខ្ញុំសូមអនុញាតពន្យល់បន្តិចថា៖ តួអង្គតាចាស់ តំណាងឲ្យរបបផ្តាច់ការនិងអំពើកេញប្រវ័ញ្ចពុករលួយ ។ តួអង្គសត្វស្វា តំណាងឲ្យសភាវទ្រទ្រង់របបផ្តាច់ការនិងអំពើពុករលួយ ។ និយាយឲ្យចំគឺមន្ត្រីរាជការដែលបម្រើការងារឲ្យរបបផ្តាច់ការនៅក្នុងប្រព័ន្ធដ៏ពុករលួយមួយ ។ នៅពេលសត្វស្វាភ្ញាក់រឮកមើលឃើញសច្ចភាព យុត្តិធម៌ធម្មជាតិដ៏បរិសុទ្ធមួយក៏បានបង្ហាញខ្លួនដែរ ។ នេះហើយជាហេតុផលនៅពីក្រោយ "កម្មដែលគ្មានកម្ម" របស់ខ្ញុំ ៕

Wednesday, October 14, 2020

ប្រវត្តិ

ជនចំណាកស្រុក កាលពីក្មេង ខ្ញុំឧស្សាហ៍ឮឪពុកខ្ញុំនិទានរឿងចិនជញ្ជក់តែជើងក្តាមប្រៃមួយទទួលទានជាមួយបរបធ្វើដំណើរតាមសំពៅពីស្រុកចិនរហូតដល់ស្រុកខ្មែរ ។ រឿងនិទាននោះ ឪពុកខ្ញុំច្រើនលើកយកមកនិយាយនៅពេលឃើញកូនៗញ៉ាំម្ហូបធំជាងបាយ ។ ឪពុកខ្ញុំនិយាយរឿងចិនជញ្ជក់ជើងក្តាមប្រៃនោះបានល្អឥតខ្ចោះ ប្រៀបដូចជារឿងនោះជារឿងប្រចាំត្រកូលរបស់ពួកយើង ។ ក្រៅអំពីភាពធុញទ្រាន់នឹងស្តាប់រឿងដដែលៗ ខ្ញុំគ្មានចាប់អារម្មណ៍នឹងរឿងចិនជញ្ជក់ជើងក្តាមប្រៃនោះប៉ុន្មានទេ ។ ប៉ុន្តែ នៅពេលខ្ញុំចម្រើនវ័យបន្តិច ខ្ញុំចាប់ផ្តើមឮញាតិមិត្តចាស់ៗនិយាយរឿងមួយទៀតដែលពាក់ព័ន្ធនឹងជីតាទួតរបស់ខ្ញុំ ។ យោងតាមការអះអាងរបស់ម្តាយមីងខ្ញុំនិងចាស់ៗក្នុងភូមិមួយចំនួន ជីតាទួតខ្ញុំមានងារជា អុងប៉ាង រស់នៅក្នុងតំបន់ ជប់-សួង ដែលជាទីរួមស្រុក ត្បូងឃ្មុំ ។ ខ្ញុំមិនដឹងថា អុងប៉ាង ជាអ្វីទេត្បិតវាជាងារដែលខ្មែរឈប់ប្រើយូរហើយ ។ បន្ទាប់ពីមករស់នៅឯនាយសមុទ្រអស់រយៈកាលជាច្រើនឆ្នាំ ខ្ញុំស្រាប់តែមានចំណាប់អារម្មណ៍ទៅលើរឿងនិទានដែលចាស់ៗធ្លាប់និយាយប្រាប់ខ្ញុំ ហើយក៏ចាប់ផ្តើមស្រាវជ្រាវស្វែងយល់ខ្លះៗ ។ អុងប៉ាង គឺជាងារមួយនៅក្នុងសម័យកម្ពុជាស្ថិតក្រោមអាណានិគមបារាំងក្នុងចន្លោះឆ្នាំ ១៨៦៣ ដល់ ១៩៥៤ ។ សហគមចិននានានៅកម្ពុជា ត្រូវបានបារាំងដាក់ឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់មនុស្សម្នាក់ដែលមានងារជាអុងប៉ាង ។ ភាគច្រើន អ្នកដែលត្រូវបានបារាំងជ្រើសរើសឲ្យធ្វើជាអុងប៉ាង គឺជាកូនចៅចិនដែលកើតនៅស្រុកខ្មែរនិងត្រូវចេះនិយាយភាសាបារាំង ចិន និងខ្មែរ ច្បាស់លាស់ត្បិតអុងប៉ាងទាំងនោះត្រូវដើរប្រមូលពន្ធពីសហគមចិនទៅប្រគល់ឲ្យអាជ្ញាធរបារាំង ។ ដូច្នេះ ជីតាទួតខ្ញុំប្រាកដជាកូនចិនជំនាន់ទីមួយដែលមានកំណើតនៅក្នុងស្រុកខ្មែរ ។ ខ្ញុំមិនដឹងថា ឪពុករបស់ជីតាទួតខ្ញុំឈ្មោះអ្វី និងមានដើមកំណើតនៅតំបន់ណានៅក្នុងស្រុកចិនទេ ។ ដោយហេតុតែខ្មែរយើងនៅក្នុងសម័យអាណានិគមបារាំង មិនមានកំណត់ត្រាអន្តោប្រវេសន៍សម្រាប់ស្រាវជ្រាវ ដំណើរពីស្រុកចិនមកស្រុងខ្មែររបស់ឪពុកជីតាទួតខ្ញុំគឺអាចសន្និដ្ឋានដោយផ្អែកលើព្រឹត្តិការណ៍ដែលកើតមាននៅស្រុកចិននាសម័យកាលនោះ ។ ស្រុងចិននៅចុងសតវត្សទី១៩ ចន្លោះឆ្នាំ ១៨៩៨ ដល់ឆ្នាំ ១៩០០ មានចលនាបដិវត្តន៍មួយដែលគេហៅថា៖ បដិវត្តន៍អ្នកគុននិយម (Boxers Rebellion) ។ គ្រានោះ ប្រទេសហូឡង់ដ៍ អល្លឺម៉ង់ អង់គ្លេស និង ព័រទុយហ្គេ បាននាំគ្នាមកឈ្លានពានបោះទីតាំងធ្វើជំនួញនៅក្នុងតំបន់បណ្តោយមាត់សមុទ្រនៃប្រទេសចិន ។ ពួកគេ ជាពិសេសចក្រភពអង់គ្លេសបានយកគ្រឿងញៀនអាភៀនមកលក់ឲ្យប្រជាជនចិនដែលបង្កឲ្យមានបញ្ហាយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ។ ក្រុមអ្នកគុននិយមចិនបាននាំគ្នាបះបោរតតាំងប្រឆាំងនឹងពួកបរទេសដែលចូលមករុករានប្រទេសរបស់ខ្លួន ។ ដើមឡើយរាជនីមេម៉ាយ (Empress Dowager) ដែលជាម្តាយរបស់ស្តេចចុងក្រោយរបស់ចិន (Pu Yi) បានគាំទ្រចលនាបះបោរនោះ ។ ប៉ុន្តែ ដោយហេតុតែក្រុមអ្នកបះបោរមិនមានអាវុធទំនើបដើម្បីទប់ទល់ជាមួយនឹងកាំភ្លើងរបស់ពួកបរទេសឈ្លានពាន ពួកគេក៏ចាញ់ដៃហើយត្រូវបានបរទេសឈ្លានពានបង្ខំឲ្យអាជ្ញាធរចិនតាមចាប់យកមកកាត់ទោស ។ យើងដឹងហើយថា ចិននៅសម័យនោះក៏ដូចជាសម័យនេះដែរ ពិរុទ្ធជនភាគច្រើនគឺត្រូវបានកាត់ទោសប្រហារជីវិត ។ មនុស្សដែលបានចូលរួមជាមួយនឹងបដិវត្តន៍អ្នកគុននិយមជាច្រើនបានរត់ចេញពីប្រទេសចិន ។ ឪពុករបស់ជីតាទួតខ្ញុំ ប្រហែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកគុននិយមចំណាកស្រុកទាំងនោះ ។ នៅក្នុងដំណើរតាមសំពៅរបស់គាត់មកកាន់ស្រុកខ្មែរ ឪពុករបស់ជីតាទួតខ្ញុំប្រហែលជាចុះសំចតនៅម្តុំព្រៃនគរក្នុងស្រុកមួយឈ្មោះថា ច្រឺឡឺង (Cholon) ។ មិនដឹងថាគាត់មានប្រពន្ធកូនមកជាមួយឬយ៉ាងណាទេ ។ ប៉ុន្តែ ផ្អែកលើភាពយន្តបុរាណចិននាសម័យកាលនោះ ក្រុមអ្នកបះបោរភាគច្រើជាយុវជនក្មេងៗ ។ ដូច្នេះ ឪពុករបស់ជីតាទួតខ្ញុំអាចមានភរិយាជាស្ត្រី យួន ខ្មែរក្រោម ឬក៏ ខ្មែរកណ្តាល នៅពេលដែលគាត់ចូលមករស់នៅក្នុងឧបទ្វីបឥណ្ឌូចិន ។ យើងក៏មិនដឹងថាឪពុករបស់ជីតាទួតខ្ញុំឬក៏ជីតាទួតខ្ញុំទេ ដែលជាអ្នកចូលមកតាំងទីលំនៅនៅតំបន់ ជុប-សួង ។ អ្វីដែលយើងអាចដឹងបានគឺសាច់សារលោហិតរបស់យើងជាច្រើនរស់នៅក្នុងតំបន់នេះ ។ ជីតាខ្ញុំមានផ្ទះមួយស្ថិតនៅកាច់ជ្រុងផ្លូវចំពីមុខច្រកចូលរោងច័ក្រផលិតជ័រកៅស៊ូរបស់បារាំងនៅជុប ។ ផ្ទះនោះ ជីដូនខ្ញុំឲ្យទៅកូនគាត់ម្នាក់ ហើយតំណក្រោយរបស់កូននោះបានរក្សាទុករហូតដល់ចុងទសវត្សឆ្នាំ ១៩៩០ ទើបលក់ឲ្យទៅអ្នកដទៃ ។ ដំណើរចំណាកស្រុករបស់ឪពុកជីតាទួតខ្ញុំ មិនបានបញ្ចប់ត្រឹមស្រុកខ្មែរទេ ។ បច្ចុប្បន្ន ខ្ញុំកំពុងបន្តដំណើរចំណាកស្រុកដ៏អាថ៌កំបាំងនោះទៅមុខទៀត ។ បើគិតពីឪពុករបស់ជីតាទួតខ្ញុំមកដល់រូបខ្ញុំ យើងស្នាក់នៅក្នុងស្រុកខ្មែរមានរយៈពេលប្រាំតំណមនុស្ស គឺជិត១០០ឆ្នាំ ។ ក្នុងរយៈពេលស្នាក់នៅនេះ យើងមិនដែលចាត់ទុកខ្លួនយើងថាជាជនជាតិអ្វីក្រៅពីខ្មែរឡើយ ។ យើងស្រឡាញ់ប្រទេសខ្មែរ វប្បធម៌ខ្មែរ អារ្យធម៌ខ្មែរ និងធ្វើពលិកម្មសព្វបែបយ៉ាងដែលយើងអាចធ្វើបានដើម្បីខ្មែរ ។ ឥឡូវនេះឈាមមួយដំណក់ដែលរសាត់ពីស្រុកចិនមកទើនៅស្រុកខ្មែរអស់រយៈពេលជិត១០០ឆ្នាំ ក៏បានបន្តដំណើរមកដល់សហរដ្ឋអាមេរិក ។ នៅថ្ងៃអនាគត យើងមិនដឹងថាដំណើរចំណាកស្រុកនេះនឹងបន្តទៅកាន់ទីណាទៀតឡើយ ។ នៅចុងបញ្ចប់នៃរឿងរ៉ាវចំណាកស្រុកនេះ ចំណុចមួយដែលឆ្កឹសការពិចារណារបស់ខ្ញុំគឺសកម្មភាពក្នុងនាម "ស្នេហាជាតិ" ។ ឪពុករបស់ជីតាទួតខ្ញុំរសាត់អណ្តែតមកដល់ស្រុកខ្មែរគឺដោយសារតែបុព្វហេតុស្នេហាជាតិ ។ កូនចៅជំនាន់ក្រោយរបស់គាត់ក៏សុទ្ធសឹងតែជាអ្នកស្នេហាជាតិ ។ ខ្លះចូលធ្វើជាយុទ្ធជនសាធារណរដ្ឋខ្មែរដើម្បីប្រយុទ្ធតទល់ជាមួយនឹងយៀងកុងយួនឈ្លានពាន ។ ឪពុកខ្ញុំមិនត្រឹមតែប្រឆាំងជាមួយនឹងពួកអ្នកឈ្លានពានស្រុកខ្មែរទេ គាត់ប្រឆាំងនឹងពួកគុម្មុយនីស្ត លទ្ធិគុម្មុយនីស្ត ប្រឆាំងរហូតដល់ទៅការជ្រៀតជ្រែករបស់ចិនគុម្មុយនីស្ត មកក្នុងនយោបាយស្រុកខ្មែរទៀតផង ។ ប្រការនេះបានធ្វើឲ្យយើងក្លាយជាជនចំណាកស្រុក(រត់ចោលភូមិករ)នៅក្នុងស្រុកខ្មែរអស់រយៈពេល៥ឆ្នាំនៅដើមទសវត្សឆ្នាំ១៩៧០ ។ នៅទសវត្សឆ្នាំ ១៩៨០ តំណក្រោយរបស់គាត់មួយចំនួនបានមកតស៊ូនៅតាមបណ្តោយព្រុំដែនខ្មែរ-ថៃ ដើម្បីដេញកងទ័ពយួនឈ្លានពានឲ្យចេញពីស្រុកខ្មែរ ។ ឥឡូវនេះកូនចៅមួយចំនួន បានរសាត់មកដល់សហរដ្ឋអាមេរិក ។ ទៅថ្ងៃអនាគត ខ្ញុំជឿជាក់ថាតំណក្រោយនៃអ្នកដែលមករស់នៅសហរដ្ឋអាមេរិកនេះ នឹងជ្រោងទង់ស្នេហាជាតិក្នុងនាមប្រទេសដែលខ្លួនរស់នៅបន្តទៅទៀត ។ គិតសព្វៗទៅ ទឹកចិត្តស្នេហាជាតិពិតជាមានឥទ្ធិពលខ្ពស់ហួសពីការស្មាន ។ វាដិតដាមតាមជាមួយខួរក្បាលមនុស្សឆ្លងពីស្រុកមួយទៅស្រុកមួយ ៕

Sunday, September 27, 2020

ចំណីខួរក្បាល

វីរនារីនៅពីក្រោយ គង់ ហ៊ាន ថ្ងៃមួយ ប្អូនស្រីជីដូនមួយខ្ញុំនិងខ្ញុំពិភាក្សាគ្នាអំពីបញ្ហានានានៅក្នុងជីវិត ។ នាងមានឪពុកមិនសូវចំណាប់ប៉ុន្មានទេ ។ រឿងនេះក្រៅអំពីម្តាយនាង គ្មានអ្នកណាដឹងឡើយ ។ សូម្បីតែកូនៗទាំងអស់ក៏តែងគិតថា ជោគជ័យរបស់ពួកគេនៅក្នុងការសិក្សាក្តី នៅក្នុងការទទួលបានសុភមង្គលនៅក្នុងជីវិតក្តី គឺបានមកដោយសារការដឹកនាំប្រកបដោយបញ្ញាញាណរបស់ឪពុកនាង ។ ប្រការនេះ ហាក់ដូចជាមិនពិបាកស្វែងយល់ឡើយ ត្បិតតាំងតែពីដើមរៀងមកអ្វីៗសព្វបែបយ៉ាងនៅក្នុងការអភិវឌ្ឍន៍គ្រួសារគឺឪពុកនាងជាអ្នកសម្រេចស្ទើរតែទាំងអស់ ។ នៅក្នុងការជជែកគ្នារបស់ពួកយើង ប្អូនជីដូនមួយខ្ញុំបានលើកយកចំណុចដែលនាងមិនចង់និយាយមួយមកឲ្យខ្ញុំជួយត្រិះរិះពិចារណា ។ នាងសង្កេតឃើញនិងមានអារម្មណ៍ថា ឪពុកនាងហាក់ដូចជាមនុស្សគ្មានសមត្ថភាពដូចក្នុងរូបភាពដែលគ្រួសារបានលើកតម្កើងតាំងតែពីដើមរៀងមកនោះទេ ។ ចំណុចនេះបានធ្វើឲ្យនាងតប់ប្រមល់ទល់ពុទ្ធោយ៉ាងខ្លាំង ។ នាងមានអារម្មណ៍ហាក់ដូចជាកូនអកត្តញ្ញូដែលមើលមិនយល់នូវសមត្ថភាពនិងគុណសម្បត្តិរបស់ឪពុក ។ វាជារឿងមួយដែលមនុស្សពាក់ព័ន្ធចាំបាច់ត្រូវតែជញ្ជត់ព្រលឹងដើម្បីស្វែងយល់ ។ កាលសិក្សាចិត្តវិទ្យានៅសាកលវិទ្យាល័យ ខ្ញុំធ្លាប់ជួបរឿងមួយដែលគេហៅថាវិបត្តិ កូនប្រុសស្រឡាញ់ម្តាយឯង (Oedepus Complex) ។ វាជាអព្ភូតហេតុមួយដែលកើតមានមកលើមនុស្សគ្រប់រូប ហើយក៏មិនសូវមាននរណាយល់ដឹងអំពីវាច្បាស់លាស់ទេ ។ វាកើតមកជាមួយនឹងជីវិតមនុស្ស ហើយក៏វិវត្តិទៅជាមួយនឹងជីវិតមនុស្សដែរ ។ នៅក្នុងករណីប្អូនជីដូនមួយខ្ញុំ ខ្ញុំបានលើកយកកត្តាមួយដែលស្រដៀងគ្នានឹងអព្ភូតហេតុកូនស្រឡាញ់ម្តាយឯងមកពន្យល់ប្រាប់នាង ។ មនុស្សទាំងអស់ដែលកើតមកលើលោកយើងនេះ(លើកលែងតែព្រះពុទ្ធ) គឺមានពិការភាពគ្រប់ៗគ្នាដែលយើងអាចហៅថា៖ ពិការញាណ (Intellectual Disability) ។ នៅក្នុងភាសាអង់គ្លេស គេហៅភាពពិការញាណនេះថា៖ ADHD (Attention Deficit and Hyperactivity Disorder) and Autism ។ ADHD និង Autism ជាភាពពិការញាណពីរផ្សេងគ្នាប៉ុន្តែវាក៏មានចំណុចត្រួតសុីគ្នាខ្លះៗ (Overlap) ។ ADHD ជាពិការភាពដែលមនុស្សទូទៅពិបាកនឹងមើលយល់ត្បិតវាផ្សារភ្ជាប់ជាមួយនឹងអត្តចរិតរបស់មនុស្ស (Human Personality) ។ ឯ Autism អាចមានសញ្ញាណខ្លះដែលយើងអាចមើលយល់តាមរយៈទឹកមុខ (Abnormal facial expession) និងសម្តីសំដៅ ។ ឧទាហរណ៍សាមញ្ញមួយគឺការសួរស៊ន (ដឹងហើយក៏នៅតែសួរនូវសំណួរដដែលៗ) ។ គួរបញ្ជាក់ថាភាពពិការញាណមានកម្រឹតពីទាបទៅខ្ពស់ ។ ហើយអ្នកដែលពិការញាណនៅក្នុងរង្វង់ Autism ក៏អាចមានសមត្ថភាពធ្វើឬក៏យល់អំពីអ្វីមួយខ្ពស់ហួសពីមនុស្សដទៃ ។ ទោះជាយ៉ាងណាក៏ដោយ ពិការញាណញាំញីជីវិតមនុស្សក្នុងផ្លូវអវិជ្ជមានច្រើនជាងវិជ្ជមាន ។ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា ឪពុកនាងអាចជាមនុស្សពិការញាណនៅក្នុងកម្រិតមួយដែលមានតែម្តាយនាងប៉ុណ្ណោះដែលដឹងការពិត ។ នៅក្នុងសង្គមគ្រួសារ ជាពិសេសការវាយតម្លៃអំពីតួនាទីនិងគុណតម្លៃរបស់ប្តីឬប្រពន្ធ យើងគប្បីលើកយកកត្តាក្រោយឆាកមកពិចារណាផងដែរ ។ ខ្មែរមានសុភាសិតមួយដែលនិយាយថា៖ "សំណាបយោងដី ស្រីយោងប្រុស" ។ ខ្ញុំសូមមិនបកស្រាយសុភាសិតនេះទេ គ្រាន់តែចង់ពិចារណាថា តើ "ស្រីយោងប្រុស" នោះ គឺយោងដោយរបៀបណា? គ្មាននរណាយល់អំពីភាពពិការញាណរបស់បុគ្គលច្បាស់លាស់ជាងប្តីឬប្រពន្ធរបស់បុគ្គលនោះឡើយ ។ សំណួរតែមួយគត់ដែលយើងត្រូវសួរគឺថា៖ តើវាមានប្រយោជន៍ទេ ក្នុងការលាតត្រដាងចំណុចខ្សោយ(ភាពពិការញាណ)របស់ស្វាមីឬភរិយាប្រាប់អ្នកដទៃ? ចម្លើយតែមួយគត់គឺ៖ វាគ្មានប្រយោជន៍ទេ ។ មានតែប្តីនិងប្រពន្ធពីរនាក់គត់ដែលអាចយឹតយោងគ្នាទៅដល់ត្រើយនាយ ។ ដើម្បីស្វែងរកពន្លឺខ្លះៗមកបំភ្លឺប្អូនជីដូនមួយខ្ញុំ ខ្ញុំបានសួរនាងថាតើនាងធ្លាប់បានគួចគិតអំពីកត្តាដែលថាឪពុកនាងគ្រាន់តែជាឡប់ឡែនៅពីមុខការសម្រេចចិត្តនានានៅក្នុងគ្រួសារដែរទេ? នាងឆ្លើយថា មិនធ្លាប់គិតទេព្រោះគ្មានអ្វីត្រូវសង្ស័យអំពីសមត្ថភាពពុកឡើយ ។ ខ្ញុំប្រាប់នាងថា នៅក្នុងរង្វង់គ្រួសារខ្ញុំ ម្តាយខ្ញុំជាអ្នកជ្រោងទង់គ្រួសារថ្វីត្បិតកិច្ចការជាច្រើនដែលគាត់ធ្វើហាក់ដូចជាគ្មានអ្វីធំដុំគួរឲ្យកត់សម្គាល់ក៏ដោយ ។ តាំងតែពីតូចក្រូចឆ្មារមក បងប្អូនខ្ញុំទៅរៀនគឺត្រូវបានលើកទឹកចិត្តដោយម្តាយខ្ញុំទាំងអស់ ។ រៀងរាល់ថ្ងៃ ម្តាយខ្ញុំគឺជាអ្នកចែកលុយនិងចាត់ចែងរៀបចំឲ្យយើងស្លៀកពាក់ទៅរៀន ។ ឪពុកខ្ញុំកម្រនឹងធ្វើកិច្ចការនេះណាស់ ។ នេះគ្រាន់តែជាឧទាហរណ៍កំបុិកកំប៉ុកមួយប៉ុណ្ណោះ ។ កិច្ចការធំដុំផ្សេងទៀត អាចជាការចាត់ចែងរបស់ម្តាយខ្ញុំដែរ គ្រាន់តែនៅក្នុងទំនៀមទម្លាប់ខ្មែរយើង គេច្រើនឲ្យប្តីជាអ្នកនាំមុខ (Take leadership role) ។ ជាលទ្ធផល កិត្តិយស (Credits) ផងទាំងពួងគឺប្តីជាអ្នកទទួលបាន ។ ប្អូនជីដូនមួយខ្ញុំតវាថា ប្រការនេះខ្ញុំមិនអាចទទួលយកបានទេ ត្បិតឪពុកខ្ញុំជាអ្នកសម្រេចឲ្យពួកយើងរៀនយកមុខជំនាញនានាប្រកបដោយជោគជ័យ គឺផ្អែកលើការយល់ឃើញរបស់គាត់ ។ ម្តាយខ្ញុំគ្រាន់តែជាអ្នកគាំទ្រគំនិតឪពុកខ្ញុំប៉ុណ្ណោះ ។ ខ្ញុំសួរប្អូនជីដូនមួយខ្ញុំថា អ្វីដែលឯងអះអាងថាជាគំនិតរបស់ឪពុកឯងនោះ តើមាននរណាធ្វើជាសាក្សីទេ? អត់ទេ! វាគ្រាន់តែជាជំនឿដែលផ្អែកលើការមើលឃើញនូវសំបកខាងក្រៅរបស់ឯងប៉ុណ្ណោះ ។ ខ្ញុំសួរនាងបន្តទៀតថា តើឯងធ្លាប់អានរឿង គង់ហ៊ាន ទេ? នាងឆ្លើយថា ធ្លាប់ ។ គង់ហ៊ាន បានទទួលជោគជ័យរហូតដល់បានធ្វើជាមន្ត្រីរាជការគឺដោយសារប្រពន្ធគាត់ជាអ្នកជួយបិទបាំងអសមត្ថភាពរបស់គាត់ ។ បើប្រពន្ធគង់ហ៊ានជាអ្នកនៅពីក្រោយភាពអស្ចារ្យនៃសមត្ថភាពរបស់គង់ហ៊ាន ហេតុអ្វីក៏ឯងមិនអាច ឬក៏មិនហ៊ានគិតសូម្បីតែបន្តិចអំពីតួនាទីរបស់ម្តាយឯង? តើម្តាយឯងមិនអាចដើរតួជាប្រពន្ធគង់ហ៊ានបានទេឬ? ហាក់ដូចជាមានអ្វីមកដាស់សតិនាងឲ្យគិត ប្អូនជីដូនមួយខ្ញុំអង្គុយធ្វើមុខស្មើ ។ ឃើញដូច្នោះ ខ្ញុំដាក់ឲ្យនាងមួយផ្លែទៀត ។ ឯងជាស្រី ម្តាយឯងក៏ជាស្រី ហេតុអ្វីក៏ឯងមើលមិនឃើញសមត្ថភាពរបស់មនុស្សស្រី? (សម្គាល់៖ ដាក់មួយផ្លែមិនមែននិយាយផ្លែផ្កាទេ ។ ស្មេរនិយាយក្នុងន័យ បន្ថែមហេតុផលសង្កត់ន័យដើម្បីឲ្យគូសន្ទនារន្ធត់តក់ស្លុតដោយមិនចង់ឃើញអ្វីដែលខ្លួនកំពុងពិចារណាក្លាយទៅជាការពិត) ។ បន្ទាប់ពីឮពាក្យចុងក្រោយនេះ ទឹកមុខប្អូនជីដូនមួយខ្ញុំប្រែស្លេកបន្តិច ។ នាងអង្គុយសញ្ជប់សញ្ជឹងហាក់ដូចជាព្យាយាមជញ្ជត់ព្រលឹងនាងឲ្យមកជួយជម្នះ(Trying to overcome)ឧបសគ្គអ្វីមួយដែលកំពុងរារាំងការគិតពិចារណារបស់នាងកុំឲ្យធ្វើដំណើរទៅមុខរួច ៕ (ឧទិសជូនស្ត្រីទាំងឡាយដែលបានធ្វើពលីកម្មបូជាសព្វបែបយ៉ាងដើម្បីកិត្តិយសនិងកេរ្ត៍ឈ្មោះរបស់ស្វាមី)

Monday, August 31, 2020

ចំណីខួរក្បាល

តើប្រពន្ធខ្ញុំមិនយល់ចិត្តប្តី ឬក៏ខ្ញុំល្ងង់? កន្លងទៅថ្មីៗនេះ ខ្ញុំបានអានសំណេរបឋមនៃជីវប្រវត្តិរបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ហើយកត់សម្គាល់ចំណុចមួយដែលគាត់ទាស់នឹងស្វាមីគាត់ ។ គាត់ថាប្តីគាត់ចេញពីធ្វើការមិនទៀងម៉ោង ។ ជួនកាលប្តីគាត់មកដល់ផ្ទះនៅម៉ោង៦ ម៉ោង៧ ឬម៉ោង ៨ល្ងាច ។ ដូច្នេះ ដើម្បីជៀសវាងកុំឲ្យស្វាមីទទួលទានម្ហូបដែលចម្អិនទុកយូរ គាត់គ្រាន់តែហាន់សាច់ ចិតបន្លែ និងរៀបចំគ្រឿងគ្រៅចាំទាល់តែប្តីមកដល់ផ្ទះទើបចាប់ផ្តើមដាំស្លរ ។ គាត់ថាប្តីគាត់មិនរីករាយនឹងម្ហូបចម្អិនថ្មីៗទេ បែរជាស្តីឲ្យគាត់ថាមិនព្រមចម្អិនម្ហូបទុកឲ្យហើយរង់ចាំទាល់តែមនុស្សមកដល់ផ្ទះទើបចាប់ផ្តើមធ្វើ ។ ដោយក្តៅក្រហាយនឹងប្តីគាត់មើលមិនឃើញចេតនាល្អរបស់គាត់ អ្នកគ្រូ សេដ្ឋារិន តបទៅប្តីគាត់វិញថា៖ "ក្លាយជាខ្មោចពីកាលណា បានជាចូលចិត្តសុីម្ហូបសែន!" ។ យប់នោះ ពួកគាត់ដេកបែរខ្នងដាក់គ្នាដោយគ្មាននិយាយស្តីអ្វីឡើយ ។ ខ្ញុំគិតថាអ្នកគ្រូ សេដ្ឋរិន ប្រហែលជាធ្វើកិច្ចការផ្គាប់ចិត្តប្តីគាត់ខុសបច្ចេកទេស ។ ប្រសិនបើគាត់ធ្វើកិច្ចការនោះតាមបែបបទវិទ្យាសាស្ត្រ ប្តីគាត់ប្រហែលជាមិនឃ្នើសចិត្តទេ ។ ដោយហេតុតែខ្ញុំត្រូវបានអង្គភាពផ្អាកការងារក្នុងអគារស្ថាប័នរហូតដល់ដើមឆ្នាំក្រោយ ខ្ញុំមិនសូវមានការងារធ្វើនៅផ្ទះច្រើនទេ ។ ដូច្នេះ តួនាទីរបស់ខ្ញុំភាគច្រើនគឺមើលថែកូននិងចម្អិនអាហាររង់ចាំប្រពន្ធខ្ញុំវិលមកពីការិយាល័យវិញ ។ ប្រពន្ធខ្ញុំចេញពីធ្វើការងារមិនសូវទៀងម៉ោងដែរ ។ ជួនកាលគាត់ចេញមកផ្ទះនៅម៉ោង ៥ ។ ពេលខ្លះគាត់ចេញនៅម៉ោង ៦ល្ងាច ។ ខ្ញុំសង្កេតឃើញថា ប្រពន្ធខ្ញុំមកដល់ផ្ទះផ្លាស់ប្តូរសម្លៀកបំពាក់រួចចូលងូតទឹកដោយប្រើថេរវេលាប្រមាណជា ១៥នាទី ។ ឯឆ្នាំងបាយរបស់ខ្ញុំវាប្រើថេរវេលាប្រមាណជា ១៥នាទីដែរដើម្បីចម្អិនបាយ ។ ដូច្នេះ បើខ្ញុំរកវិធីធ្វើម្ហូបណាដែលអាចចម្អិនក្នុងរយៈពេល ១៥នាទី ខ្ញុំនឹងអាចរៀបចំម្ហូបក្តៅៗឲ្យភរិយាខ្ញុំទទួលទានបានយ៉ាងឆ្ងាញ់មាត់ ។ បន្ទាប់ពីរៀបគម្រោងរួច ខ្ញុំចាប់ផ្តើមបណ្តុះសណ្តែកដោយខ្លួនឯងដែលប្រើថេរវេលា ៥ថ្ងៃ ។ នៅពេលសណ្តែកបណ្តុះហុចផល ខ្ញុំរើសសម្អាតវាដាក់ទុកយ៉ាងល្អ រួចហើយចុះទៅទិញតៅហ៊ូបំពងនិងផ្កាគូឆាយពីផ្សារយួនដ៏ល្បីល្បាញមួយដើម្បីយកមកឆារសណ្តែកបណ្តុះផ្គាប់ចិត្តប្រពន្ធខ្ញុំ ។ ដើម្បីធានាឱជារសម្ហូបឲ្យខ្ពស់កប់អាកាស ខ្ញុំឈៀងចូលទៅទិញបង្គាស្រស់បង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន ១គីឡូក្រាមថែមទៀត ។ ល្ងាចនោះ ខ្ញុំរៀបចំបង្គា តៅហ៊ូ បន្លែបង្កា និងវាល់អំបិល ស្ករ ទឹកសុីអុីវ ព្រមទាំងគ្រឿងទេសនានាបម្រុងទុករួចស្រេច ទើបចុះបើកបរឡានទៅដឹកប្រពន្ធខ្ញុំពីការិយាល័យនៅឯដោនថោន (កណ្តាលទីក្រុង) ។ មកដល់ផ្ទះភ្លាម ខ្ញុំប្រាប់ភរិយាឲ្យចូលទៅប្តូរសម្លៀកបំពាក់ហើយងូតទឹកសិនទៅ ចាំខ្ញុំចូលទៅដាំបាយនិងរៀបចំស្លរស្លុក ។ "ស្អី! អត់ទាន់ដាំបាយទេ?" ប្រពន្ធខ្ញុំឧទានព្រមទាំងគ្រវាត់កាបូបទៅលើសូហ្វា (កៅអីវែង) ។ "ឯងចូលងូតទឹកសិនទៅ ។ ទម្រាំងូតហើយ បាយនិងម្ហូបក៏ឆ្អិនដែរ" ខ្ញុំនិយាយទៅកាន់ប្រពន្ធខ្ញុំ ។ ប្រពន្ធខ្ញុំចូលទៅក្នុងបន្ទប់គេងដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ដោយស្ងៀមស្ងាត់ រួចហើយចេញមកអង្គុយនៅតុបាយដោយមានទឹកមុខក្រញូវ ។ "ដាំបាយឆ្នាំងភ្លើងសោះ គ្រាន់តែដោតវាចោលទៅវាទាស់ខុសអី" ប្រពន្ធខ្ញុំស្រែកគំហកឲ្យខ្ញុំ ។ "ឯងអើយ! អាណិតទៅងូតទឹកសិនទៅឲ្យវាស្រឡះខ្លួន ។ ហើយហូបបាយក៏វាឆ្ងាញ់ដែរបន្ទាប់ពីងូតទឹករួច" ខ្ញុំដាស់តឿនប្រពន្ធខ្ញុំ ។ "កំពុងតែម៉ោរដូវ អាណាគេទៅមុជទឹកនោះ!" ប្រពន្ធខ្ញុំលាំងខ្ញុំមួយម៉ាត់ទៀត ។ "បើអញ្ចឹង ឯងទ្រាំបន្តិចទៅ ។ ប្រហែលជាជាង១០នាទីទៀត ម្ហូបម្ហាឆ្អិនហើយ" ខ្ញុំនិយាយលួងលោម ។ "ឯងមិនដឹងទេហ្អី ថាមនុស្សស្រីពេលណាឃ្លានខ្លាំងវាញ័រខ្លួន" ប្រពន្ធខ្ញុំនិយាយបញ្ចប់ដោយក្តីមួហ្មង រួចហើយគាត់ចាប់តេឡេកម្មង់ (Remote) បើកទូរទស្សមើល ។ ចង្រៃវាយក៍! នេះបានចំជាស៊យត្រួតលើស៊យមែន ។ ខ្ញុំចូលទៅក្នុងផ្ទះបាយដុតដៃដុតជើងចម្អិនម្ហូបទាំងតក់ក្រហល់ ។ សម្លេងចេកៗ ចេញពីឆ្នាំងបាយបញ្ជាក់ថាបាយឆ្អិនហើយ ។ ខ្ញុំជ្រោយបាយដួសដោះដាក់ចានលើកមកបរិភោគជុំគ្នាដោយរញីរញ័រ ។ ល្ងាចនោះ យើងទទួលទានអាហារក្នុងភាពសោះកក្រោះ ។ នៅក្នុងខួរក្បាលរបស់ពួកយើង គ្មាននរណាម្នាក់គិតអំពីរសជាតិនៃម្ហូបដែលទើបចម្អិនក្តៅៗឡើយ ។ ខ្ញុំមានអារម្មណ៍ថា បំពង់កខ្ញុំហាក់ដូចជាស្ងួត ហើយបាយម្ហូបក្តៅៗនោះលេបទៅរាងអួលៗម្តេចមិនដឹងទេ ។ រឿងមិនដាំបាយទុកចោលនេះ ប្រពន្ធខ្ញុំបានយកទៅខ្សិបដាក់ត្រចៀកញាតិមិត្តជិតដិតនឹងយើងថែមទៀត ដើម្បីឲ្យគាត់ជួយទូន្មានខ្ញុំថា វាមានសារសំខាន់ខ្លាំងណាស់ ។ ថ្វីត្បិតតែជួបនឹងបរាជ័យគួរឲ្យក្តៅក្រហាយក៏ពិតមែន ខ្ញុំសម្រេចមិនបោះបង់ចោលគំនិតបាយក្តៅសម្លរក្តៅនេះនៅឡើយទេ ។ អ្នកគ្រូ សេដ្ឋារិន បានស្បថថាគាត់ឈប់អំពល់ទុក្ខនឹងរឿងធ្វើម្ហូបក្តៅៗទុកឲ្យប្តីគាត់ពិសារទៀតហើយ ។ ចំណែកខ្ញុំ ខ្ញុំនៅមានសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចផ្លុំហេតុផលចូលក្នុងត្រចៀកភរិយាខ្ញុំបាន ៕ រីករាយថ្ងៃសម្រាកចុងសប្តាហ៍!!!

Saturday, August 29, 2020

ចំណីខួរក្បាល

ប្រវត្តិសាស្ត្រច្រំដែល (A History Repeats Itself) ខ្ញុំធ្លាប់បានបកប្រែពង្សាវតាខ្មែរ ពីភាសាខ្មែរទៅអង់គ្លេស ដើម្បីប្រមូលឯលសារនានាពាក់ព័ន្ធនឹងការសោយរាជនិងគ្រប់គ្រងប្រទេសខ្មែរតាំងពីបុរាណកាលមក ដាក់នៅក្នុងសៀវភៅមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវប្រើប្រាស់ ។ រយៈពេល៤ឆ្នាំក្នុងការធ្វើកិច្ចការនោះ ខ្ញុំបានអានសៀវភៅនិងឯកសារជាភាសាខ្មែរនិងអង់គ្លេសដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរ ស្ទើរតែគ្មានចន្លោះមួយក្បាលឡើយ ។ ខ្ញុំបានកត់សម្គាល់ថា ប្រវត្តិសាស្ត្រខ្មែរ ជាពិសេសចាប់តាំងពីសតវត្សទី១៥មក គឺជាប្រវត្តិសាស្ត្រច្រំដែល ។ អ្វីដែលជារឿងសង្វេគនិងឈឺចាប់បំផុតសម្រាប់ខ្ញុំ គឺគ្មាននរណាមួយត្រូវបានគេចាត់ទុកថា ជាអ្នកប្រព្រឹត្តិកំហុសនៅក្នុងប្រវត្តិសាស្ត្រឡើយ ។ ថាអ្នកប្រព្រឹត្តិកំហុសចុះ មានការខ្មាសអៀនក្នុងការទទួលស្គាល់កំហុសរបស់ខ្លួន សូម្បីតែកូនចៅរបស់បុគ្គលដែលធ្វើឲ្យប្រទេសជាតិរងគ្រោះអន្តរាយនោះ ក៏គ្មានសេចក្តីក្លាហាននឹងទទួលស្គាល់ថា ដូនតាខ្លួនបានគិតនិងប្រព្រឹត្តិខុសដែរ ។ ជាលទ្ធផល យើងដើរជាន់ដាននិងចូលក្នុងគន្លងប្រវត្តិសាស្ត្រច្រំដែលៗ គ្មានទីបញ្ចប់ ។ ក្នុងនាមជាស្មេរ ខ្ញុំគ្មានចេតនានឹងរិះគន់បុគ្គលណាឡើយ អំពីអង្គហេតុនានាដែលធ្វើឲ្យប្រទេសខ្មែររិចរិលរួញរួបស្ទើរតែវិនាសអន្តរាយ ។ ខ្ញុំគ្រាន់តែចង់លាតត្រដាងនូវទឡ្ហីករណ៍ខ្លះៗដែលជាចំណុចរៀនសូត្រអំពីប្រត្តិសាស្ត្រច្រំដែលរបស់ខ្មែរ ។ នៅក្នុងរជកាលក្សត្រី អង្គមុី (១៨៣៤-១៨៤១) យួននិងសៀមបានយកទឹកដីខ្មែរធ្វើជាទីលានប្រកួតឥទ្ធិពលដើម្បីទទួលបានសិទ្ធិត្រួតក្បាលខ្មែរផ្តាច់មុខ ។ កាលពីដើមមិញ ខ្មែរជាអ្នកចាត់ចែងផ្តល់ជោគជាតាឲ្យយួននិងសៀម ។ ប៉ុន្តែ បន្ទាប់ពីមេដឹកនាំខ្មែរហែកហួរគ្នាអស់ជាច្រើនរយឆ្នាំ យួននិងសៀមទទួលបានឱកាសដ៏ងាយស្រួលមួយនៅគ្រានោះ ដើម្បីចាត់ចែងជោគវាសនារបស់ប្រទេសខ្មែរ ។ បើកុំតែពលរដ្ឋខ្មែរភ្ញាក់រលឹកត្រដរខ្យល់លោតកញ្ជ្រោលតស៊ូដើម្បីរក្សាជីវិតក៏ដូចជារក្សាអត្តសញ្ញាណរបស់ខ្លួន កុំអីប្រវត្តិសាស្ត្រខ្មែរត្រូវបានបញ្ចប់ត្រឹមទសវត្សឆ្នាំ ១៨៤០នោះទៅហើយ ។ គ្មានអ្វីសម្រាប់សរសេរបន្ត ហើយក៏គ្មានស្មេរខ្ញុំនេះដែរ ។ បច្ចុប្បន្ន ប្រវត្តិសាស្ត្រខ្មែរហាក់ដូចជាកំពុងដើរនៅលើផ្លូវច្រំដែលទៀតហើយ ។ ម្តងនេះ មិនមែនយួននិងសៀមទេ គឺយួននិងចិន ។ នៅក្នុងនាមអភិវឌ្ឃប្រទេសជាតិ មេដឹកនាំខ្មែរបានសម្រេចធ្វើសម្បទានជាច្រើនដើម្បីអនុញាតិឲ្យយួននិងចិនចូលមករកសុីនៅក្នុងស្រុកខ្មែរ ។ គួរកត់សម្គាល់ថា ពាក្យ "រកសុី" គឺគេចូលមករក យកទៅសុីដោយខ្លួនគេ មិនមែន "រក" យកមកឲ្យយើង(ពលរដ្ឋខ្មែរ) "សុី" នោះទេ ។ ការចំណាយដើមទុននិងសារប្រយោជន៍កំបុិកកំប៉ុកទាំងប៉ុន្មានដែលពលរដ្ឋខ្មែរទទួលបាន គឺគ្រាន់តែជាមធ្យោបាយ សម្រាប់ឈោងចាប់យកប្រយោជន៍ធំតែប៉ុណ្ណោះ ។ ផ្អែកលើពត៌មានសាធារណៈ យួនទទួលបានសិទ្ធិសម្បទានរកសុីភាគច្រើននៅក្នុងភូមិភាគឥសាន្តនិងបូពានៃប្រទេសកម្ពុជា ។ ចំនែកចិនគាត់ទទួលបាននៅផ្នែកខាងត្បូងនិងនិរតី (កំពង់សោម កោះកុង) នៃប្រទេសកម្ពុជា ។ កាលពីសតវត្សទី ១៧ និង ១៨ ខ្មែរក៏ធ្លាប់បានធ្វើសម្បទានស្រដៀងគ្នានេះម្តងជាពីរដងដែរ ។ នៅឆ្នាំ ១៦២៣ ស្តេចជ័យជេដ្ឋាទី ២ បានធ្វើសម្បទានឲ្យយួនចូលមកបោះទុនរកសុីនៅម្តុំព្រៃនគរ ។ ប្រមាណជា១០០ឆ្នាំក្រោយមក ស្តេចឧទ័យរាជា ឬ អង្គតន់ បានអនុញាតិឲ្យយួនចូលមករស់នៅរកសុីនៅម្តុំខេត្ត ព្រាះត្រពាំង ហើយឲ្យចិនឈ្មោះ ម៉ាក់តុង ដែលជាឪពុកធម៌ទ្រង់តាំងទីរកសុីនៅតំបន់ខេត្ត ហាទៀង និង កំពត ។ យួននិងចិនឈ្លោះគ្នាមិនស្វាងនៅគ្រានោះ ។ ទីបំផុត ដីខ្មែរចាប់ពីព្រះត្រពាំងដល់ហាទៀងក៏វិនាសអស់ទៅ ។ ក្រឡេកមើលមកទិដ្ឋភាពស្រុកខ្មែរនាគ្រាបច្ចុប្បន្នវិញម្តង ។ យួននិងចិនក៏កំពុងតែឈ្លោះគ្នាដែរ ។ ហើយជម្លោះនេះគឺស្ថិតនៅក្នុងប្រទេសខ្មែរ មិនមែននៅក្នុងប្រទេសរបស់ពួកគេទេ ។ កូនចៅរបស់ "កុងម៉ៅ" បានចោទកូនចៅរបស់ "អ៊ំហូ" ថា មិនដែលមានដែនដីដែលជាកោះនានានៅក្នុងសមុទ្រចិនភាគខាងត្បូងនោះទេ ។ កោះទាំងប៉ុន្មានដែលកូនចៅអ៊ំហូអះអាងថាជារបស់ពួកគេ គឺជាកម្មសិទ្ធិរបស់ប្រទេសដទៃដែលពួកគេរុករានទន្ទ្រានប្លន់យកមក ។ ផ្អែកលើទិសដៅនៃជម្លោះនេះ សមរភូមិប្រយុទ្ធរវាងយួននិងចិន គឺមិនស្ថិតនៅក្នុងសមុទ្ទចិនភាគខាងត្បូងទេ ។ វាស្ថិតនៅក្នុងស្រុកខ្មែរទាំងស្រុង ។ សុភាសិតខ្មែរមួយពោលថា៖ ដំរីជល់គ្នា ងាប់ស្រមោច ។ ខ្ញុំមិនមែនជាអ្នកនយោបាយខ្មែរទេ ហើយក៏មិនមែនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកខ្មែរដែរ ។ បើគិតអំពីកាតព្វកិច្ចនិងតួនាទី ខ្ញុំហាក់ដូចជាគ្មានអ្វីដែលត្រូវគិតគូរខ្វល់ខ្វាយអំពីការបាត់បង់ទឹកដីខ្មែរឡើយ ។ ក៏ប៉ុន្តែ ក្នុងនាមជាអតីតពលរដ្ឋខ្មែរម្នាក់ ដែលកើតនៅក្នុង ភូមិជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ខ្ញុំនៅមានបសាទចិត្តដល់ស្រុកខ្ញុំ ។ សព្វថ្ងៃ ភូមិកំណើតខ្ញុំត្រូវបានទឹកទន្លេមេគង្គហូរច្រោះបាក់វិនាសអន្តរាយបាត់អស់ទៅហើយ ។ អ្វីដែលនៅសេសសល់គឺស្រុកកំណើតខ្ញុំ ។ ចេញពីជម្រៅទឹកចិត្តស្រឡាញ់ដ៏បរិសុទ្ធរបស់ខ្ញុំ ខ្ញុំពិតជាមិនចង់ឃើញស្រុកកំណើតខ្ញុំបាត់បង់ថែមទៀតទេ ព្រោះវាជារបស់តែមួយគត់ដែលនៅសល់ក្នុងមនោសញ្ចេតនាខ្ញុំ ៕

Wednesday, August 19, 2020

ចំណីខួរក្បាល

អម្រែកជីវិត (Burdens in Life) មានរូបមានទុក្ខ ។ មានជីវិតមានទុក្ខ ។ មានទំនាស់មានទុក្ខ ។ ទំនាស់ក៏ជាបុព្វហេតុបណ្តាលឲ្យមនុស្សមានទុក្ខដែរ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលព្យាយាមស្វែងយល់អំពីទំនាស់ ជាពិសេសទំនាស់នៅក្នុងដំណើរជីវិត ។ ដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺចាប់ផ្តើមនៅពេលដែលយើងបានប្រសូត្រចេញអំពីផ្ទៃម្តាយ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកដំណើរជីវិតចាប់ពីពេលដែលមនុស្សពីរនាក់ភពប្រសព្វនឹងគ្នាជាប្តីប្រពន្ធមកធ្វើជាការចាប់ផ្តើមនៃដំណើរជីវិត ។ ជីវិតប្តីប្រពន្ធគឺមានទំនាស់ច្រើន ប្រហាក់ប្រហែលគ្នានឹងក្តីស្រឡាញ់ដែរ ។ នៅពេលយើងចាប់ដៃគ្នាជាប្តីប្រពន្ធ យើងបង្កើតបានសហព័ន្ធមួយដែលភាសាអង់គ្លេសហៅថា Dyadic Relationship ឬទំនាក់ទំនងទ្វេភាគី ។ ជាធម្មតាទេ មនុស្សពីរនាក់ដែលមានប្រភពចេញមកពីគ្រួសារពីរផ្សេងគ្នារមែងមានរបៀបរបបរស់នៅខុសគ្នា ។ ដូច្នេះ ទំនាស់របៀបរបប Clash of Personality នឹងលេចចេញមកស្ទើរតែអស់មួយជីវិត ។ នៅក្នុងទំនាស់ទ្វេភាគីនេះ ប្តីប្រពន្ធជាទូទៅស្វែងរកដំណោះស្រាយដោយផ្អែកលើការយោគយល់និងសម្របសម្រួលចិត្ត ឬរៀនរស់ជាមួយនឹងអ្វីដែលឃ្នើស ។ ការរៀនរស់ជាមួយនឹងអ្វីដែលឃ្នើសនេះ គឺប្រៀបបាននឹងពុនសម្ពាយមួយនៅលើខ្នង (ប្រពន្ធពុនប្តី ប្តីពុនប្រពន្ធ) ។ គួរកត់សម្គាល់ថា ឱសថទិពដែលអាចព្យាបាលជំងឺគ្រប់ប្រភេទដែលកើតចេញអំពីទំនាស់ប្តីប្រពន្ធគឺការរួមភេទ ។ មិនថាទំនាស់នោះធំប៉ុនណាទេ ការរួមភេទតែងផ្តល់ឱកាសឲ្យប្តីប្រពន្ធរំងាប់ចិត្តហើយរកឃើញមធ្យោបាយអនុគ្រោះឬលើកលែងទោសកំហុសឲ្យគ្នាទៅវិញទៅមកដោយមិនចាំបាច់និយាយស្តីអ្វីឡើយ ។ ដំណោះស្រាយទំនាស់ដោយមិនចាំបាច់និយាយស្តីនេះ ជាទូទៅតែងនាំមកនូវកំណើនសមាជិកគ្រួសារ (មានកូន) ។ នៅពេលករណីនេះកើតឡើង សម្ព័ន្ធរបស់ប្តីប្រពន្ធបានប្រែក្លាយពីទ្វេភាគីទៅជាត្រីភាគីដែលភាសាអង់គ្លេសហៅថា Triadic Relationship ។ ទំនាក់ទំនងត្រីភាគីតម្រូវឲ្យប្តីប្រពន្ធប្តូរយុទ្ធសាស្ត្រពី "ពុន" បន្ទុកនៅលើខ្នងទៅរែកវិញម្តង ។ អម្រែកនេះគឺមាន ប្តីម្ខាងកូនម្ខាង ។ ឯប្តីក៏ត្រូវរែកបន្ទុកដូចគ្នាដែរ ។ សម្រាប់មនុស្សស្រី អម្រែកប្តីនិងកូនមិនចប់ត្រឹមហ្នឹងទេ ។ ប្រសិនបើគាត់មានកូនបន្តទៅទៀត គាត់នឹងបន្ថែមបន្ទុកនៅក្នុងផ្នែកម្ខាងនៅចុងដងរែកហើយបន្តរំកិលដងរែកនៅលើស្មារបស់គាត់ដើម្បីរក្សាតុល្យភាពក៏ដូចជារកចំណុចមួយដែលគាត់អាចកាត់បន្ថយសម្ពាធ (Stress) ។ និយាយមកដល់ត្រង់នេះ ខ្ញុំនឹកទៅដល់ម្តាយខ្ញុំដែលមានកូន ៦នាក់ ។ រៀងរាល់យប់ម្តាយខ្ញុំតែងចងមុងមួយយ៉ាងធំដើម្បីទទួលទានដំណេកជុំគ្នា ។ ឪពុកខ្ញុំសម្រាន្តនៅខាងស្តាំដៃម្តាយខ្ញុំ ។ ឯនៅខាងឆ្វេងដៃ ម្តាយខ្ញុំដាក់កូនៗឲ្យដេកតម្រៀបគ្នារមៀលក្រូច ។ កូនតូចបំផុតដេកនៅក្បែរគាត់បន្តដោយកូនដែលមានអាយុច្រើនជាងគ្នាបន្តិចម្តងៗ ។ នេះគ្រាន់តែជាអម្រែកអត្ថានុរូបប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺអម្រែកអត្ថប្បដិរូប ឬអម្រែកផ្លូវចិត្តដែលយើងមើលមិនឃើញហើយក៏មិនសូវមានមនុស្សយកមកត្រិះរិះពិចារណាផងទេ ។ អម្រែកផ្លូវកាយនិងអម្រែកផ្លូវចិត្ត (Physical and Mental Burdens) មានលំនាំប្រហាក់ប្រហែលគ្នា ។ ឯការកាត់បន្ថយទម្ងន់ដើម្បីសម្រាលបន្ទុក (Stress) មកលើជីវិតយើងនោះក៏គ្មានអ្វីគួរឲ្យលំបាកដែរ ។ កាលពីយុវវ័យ ខ្ញុំធ្លាប់រែកបន្លែ មានត្រឡាចនិងល្ពៅជាដើម យកទៅដាក់នៅក្នុងទូកដដើម្បីឲ្យម្តាយខ្ញុំនាំយកទៅលក់ឯផ្សារ ។ អម្រែកណាដែលធ្ងន់ខ្លាំង ខ្ញុំដកផ្លែត្រឡាចឬល្ពៅចេញខ្លះដើម្បីសម្រាលបន្ទុក ។ ដូចគ្នាដែរ បន្ទុកផ្លូវចិត្តក៏អាចកាត់បន្ថយបានដោយគ្រាន់តែកាត់ផ្តាច់កត្តាពាក់ព័ន្ធខ្លះៗចេញអំពីជីវិត ។ ព្រះពុទ្ធបានទូន្មានថាកត្តាដែលនាំមកនូវបន្ទុក ឬទុក្ខ ដល់ជីវិតគឺ កិលេស ។ ក្នុងភាសាខ្មែរ នៅពេលយើងនិយាយអំពីកិលេស យើងរមែងភ្ជាប់ពាក្យ "កាម" នៅពីមុខគឺ កាមកិលេស ។ ដូច្នេះ កិលេសនៅទីនេះគឺសំដៅត្រឹមទំនាក់ទំនងក្នុងគ្រួសារ ។ ព្រះពុទ្ធក៏បានពន្យល់ដែរថា ការកាត់បន្ថយកិលេសគឺស្មើនឹងកាត់បន្ថយទុក្ខ ឬបន្ទុក ។ កិលេសឬការចង់មានចង់បានគឺសុទ្ធតែជាបន្ទុកនៅក្នុងអម្រែកជីវិត ។ កត្តាដ៏ធំបំផុតដែលនាំឲ្យអម្រែកជីវិតធ្ងន់ខ្លាំងគឺការព្យាយាមរស់ឲ្យ "ច្រឡំនឹងគេ" (រស់នៅក្នុងសភាវដូចគេដូចឯង) ។ បើនិយាយអំពីកត្តាសង្គម សម្ពាធដ៏ធំមួយដែលជម្រុញឲ្យយើងប្រឹងរស់ឲ្យដូចគេឯងគឺបងប្អូនបង្កើតរបស់យើងនេះឯង ។ យើងខ្លាចបំផុតគឺការនិន្ទាពីសំណាក់បងប្អូនបង្កើតរបស់យើងថាយើងនឹងជាមនុស្សអន់ មិនខ្មេះ ។ បន្ទាប់មកគឺមិត្តភក្តិនិងសង្គមខាងក្រៅ ។ យើងមិនសូវខ្វល់អំពីការរិះគន់របស់ម៉ែឪប៉ុន្មានទេ(លើកលែងតែម៉ែឪក្មេក)ត្បិតពួកគាត់តែងមានបសាទចិត្តនិងអាណិតដល់កូនដែលអន់ ទន់ខ្សោយ ។ ក្នុងនាមជាប្តីប្រពន្ធ ជំហានទីមួយក្នុងការកាត់បន្ថយអម្រែកផ្លូវចិត្ត គឺកាត់បន្ថយភាពជិតស្និទ្ធរវាងញាតិមិត្តនេះឯង ។ គួរកត់សម្គាល់ថា កាត់បន្ថយមិនមែនកាត់ផ្តាច់ទេ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាពោលថា៖ Keep it at an arm's length ឬ រក្សាចម្ងាយមួយបោះដៃផុត ។ បើយើងយករូបភាពនេះមកគិតគូរនៅក្នុងខួរក្បាល យើងឃើញថាចំណុចល្អសម្រាប់រក្សាភាតរភាពបងប្អូនគឺស្ថិតត្រឹមតែចុងដៃប៉ះគ្នាបានហើយ ។ តាមពិតទៅ នៅពេលយើងមានគូស្រករ ទំនាក់ទំនងបងប្អូនរួមផ្ទៃរបស់ពួកយើងបានឃ្លាតចេញពីគ្នាដោយស្វ័យប្រវត្តិរួចទៅហើយ ។ ដូច្នេះ អ្វីដែលជាចំណុចសេសសល់គឺថាតើយើងគួររក្សាភាពជិតស្និទ្ធនឹងគ្នាត្រឹមកម្រិតណា ។ នៅក្នុងច្បាប់មេដៃ (Rule of Thumb) រស់នៅកាន់តែកៀកកិត បន្ទុកនៅក្នុងអម្រែកជីវិតក៏រិតតែធ្ងន់ដែរ ។ កត្តាមួយទៀតគឺឪពុកម្តាយ ។ តើយើងគួររក្សាគម្លាតអំពីឪពុកម្តាយដូចម្តេចទៅ ដើម្បីកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិត ។ ព្រះពុទ្ធ ដូចជាមិនបានត្រួសត្រាយផ្លូវទុកឲ្យយើងដើរផងទេពាក់ព័ន្ធនឹងចំណុចនេះ ។ ដូច្នេះ អ្វីៗគឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលនីមួយៗ ។ កាលម្តាយខ្ញុំនៅមានជីវិតនៅឡើយ បងប្អូនខ្ញុំដែលមានកូនតូចៗ តែងតែចង់បានម្តាយមករស់នៅជាមួយខ្លាំងណាស់ ។ ពួកយើងស្រឡាញ់គាត់សឹងតែលើសអំពីភរិយារបស់ពួកយើងទៅទៀត ។ ប៉ុន្តែ នៅពេលដែលកូនយើងមានអាយុ ១៣ឆ្នាំដែលអាចរស់នៅក្នុងផ្ទះដោយខ្លួនឯងមិនចាំបាច់មានអ្នកមើលថែទាំ យើងចាប់ផ្តើមលើកទឹកចិត្តម៉ែឲ្យទៅរស់នៅជាមួយកូនដទៃ ។ និយាយឲ្យខ្លី យើងរុញបន្ទុកនេះឲ្យគ្នាទៅវិញទៅមក ។ នេះមិនមែនមានន័យថា ពួកយើងជាមនុស្សមិនដឹងគុណម្តាយនោះទេ ។ យើងគ្រាន់តែអនុវត្តិនូវភាសិតខ្មែរដ៏ល្បីល្បាញមួយដែលពោលថា៖ "ម៉ែមួយចញ្ចឹមកូនមួយហ្វូងរស់ ឯកូនមួយហ្វូងចិញ្ចឹមម៉ែមួយបានដោយលំបាក" ។ ការកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែលពាក់ព័ន្ធនឹងទំនាក់ទំនងនៅក្នុងគ្រួសារគឺជារឿងលំបាកសម្រាប់សង្គមខ្លះ ប៉ុន្តែ នៅក្នុងសង្គមអាមេរិកាំង គេហាក់ដូចជាគ្មានបញ្ហាធំដុំឡើយ ។ លំនៅដ្ឋានភាគច្រើននៅសហរដ្ឋមេរិកគេហៅថា៖ ផ្ទះសម្រាប់មួយគ្រួសារ (Single Family Home) ។ ផ្ទះប្រភេទនេះ គេរស់នៅតែមួយគ្រួសារប៉ុណ្ណោះ ។ គ្មានបងប្អូនកូនក្មួយឬជីដូនជីតារស់នៅជុំជាមួយទេ ។ ដូច្នេះ បន្ទុកនៅក្នុងអម្រែកជីវិតគឺមានត្រឹមតែតម្រូវការរបស់ប្តីប្រពន្ធនិងកូនៗតែប៉ុណ្ណោះ ។ បើប្តីប្រពន្ធនៅក្នុងគ្រួសារនេះ ចង់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតឲ្យធ្លាក់មកដល់ចំណុចអប្បបរមា គេអាចកែប្រែរបៀបរបបរស់នៅរបស់ពួកគេទៅតាមកាលៈទេសៈនៃដំណាក់កាលនីមួយៗនៅក្នុងជីវិត (Stages of life) ។ មិនដឹងជាពលរដ្ឋអាមេរិកាំងគេរកឃើញរូបមន្តរស់នៅដាច់ពីគ្នារបៀបនេះចាប់តាំងពីពេលណាមកទេ ។ ប៉ុន្តែ ខ្ញុំសង្កេតមើលទៅ វាហាក់ដូចជាមានផាសុខភាពម៉្យាងដែរ ។ នៅក្នុងផ្នត់គំនិតអាមេរិកាំង ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ ហាក់ដូចជាគ្មានគុណធម៌នៅក្នុងសមីការទេ ។ គេយកកាតព្វកិច្ចមកធ្វើជាគោល ។ ឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាកូនគឺជាកាតព្វកិច្ច ។ ឯកូនមើលថែរក្សាឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា វាក៏ជាកាតព្វកិច្ចដែរ ។ និយាយឲ្យខ្លី គេមិនយកគុណធម៌មកធ្វើជាត្រិយមុខទេ ។ គេយកផាសុខភាពជីវិតជាធំ ។ ឪពុកម្តាយដែលចាស់ជរា គេបញ្ជូនឲ្យទៅរស់នៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ (Nursing Homes) ។ សម្រាប់អ្នកដែលមិនស្គាល់ Nursing Homes ទីនេះប្រៀបដូចជាអូតែល ។ មានមនុស្សបោសសម្អាតបន្ទប់ជាប្រចាំ ។ ម្ហូបចំណីមួយថ្ងៃបីពេលត្រូវបានគេរៀបចំបម្រើស្របទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ។ ក្រៅអំពីនេះក៏មានការប្រគុំតន្ត្រីកំដរខ្នាតតូចឬក៏ការធ្វើដំណើរកំសាន្តផងដែរអាស្រ័យលើសេវាកម្មរបស់មជ្ឈមណ្ឌលនីមួយៗ ។ នៅស្រុកខ្មែរ ខ្ញុំសង្កេតឃើញមានចរន្តកាត់បន្ថយអម្រែកជីវិតស្រដៀងគ្នានេះដែរ ។ នៅក្នុងវត្តជាច្រើន យើងឃើញមានការសាងសង់ខ្ទមសម្រាប់ចាស់ៗសំណាក់ធម៌ជាច្រើន ។ ការផ្តល់ឱកាសឲ្យចាស់ៗបានមករស់នៅសំណាក់ធម៌ក្នុងវត្តដូច្នេះ វាក៏ជាមធ្យោបាយដ៏ល្អមួយសម្រាប់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែរ ។ ឪពុកម្តាយបានរួចផុតអំពីចំណង "កូនមួយតៅ ចៅមួយថាំង" ។ ឯកូនៗក៏បានធូស្បើយអំពីបន្ទុក "សងគុណ" ដែលត្រូវតែតបស្នងមិនចេះចប់មិនចេះហើយនោះដែរ ៕

Tuesday, August 4, 2020

ចំណីខួរក្បាល

នព្វន្តសាស្ត្រ ជំងឺអាសន្នរោគកូរ៉ូណា ឬកូវីដ ១៩ បានបង្ខំសាលារៀនជាច្រើននៅទូទាំងពិភពលោកឲ្យឈប់ដំណើរការមួយរយៈ ។ នៅក្នុងកាលៈទេសៈនេះ ឪពុកម្តាយជាច្រើនរាប់បញ្ចូលទាំងរូបខ្ញុំម្នាក់ដែរ ត្រូវបានបង្ខំចិត្តដើរតួនាទីជាគ្រូបង្រៀន ។ សំណាងល្អសម្រាប់អ្នកមានលទ្ធភាព យើងមានប្រព័ន្ធ អ៊ីនថឺណិត ជាជំនួយដើម្បីស្វែងរកមេរៀនផ្សេងៗដែលអង្គការនានាបង្កើតឡើងទុកឲ្យយើងយកមកប្រើប្រាស់ដោយឥតគិតថ្លៃ ។ ក្នុងចំណោមវ៉េបសាយ(Website)ជាច្រើន មានវ៉េបសាយមួយឈ្មោះ Khan Academy ដែលខ្ញុំគិតថាមានភាពជឿនលឿនជាងគេនៅក្នុងវិស័យអប់រំ ហើយសម្បូរបែបទៀតផង ។ លោក សាលម៉ាន ខាន់ (Salman Khan) ដែលជាស្ថាបនិកវ៉េបសាយនោះក៏ជាមនុស្សល្បីល្បាញមួយរូបនៅក្នុងពិភពលោកអប់រំផងដែរ ។ ខ្ញុំធ្លាប់ជួបនិងអង្គុយស្តាប់សន្តរកថារបស់គាត់ពីរដងនៅក្នុងបណ្ឌិតសភាជាតិនៃសហរដ្ឋអាមេរិក ។ លោក ខាន់ បានថ្លែងថា បេសកកម្មរបស់ Khan Academy គឺបង្កើតបន្ទប់រៀនមួយសម្រាប់ពិភពលោកទាំងមូល ។ ថ្វីត្បិតតែលោក ខាន់ មិនដឹងជាមុនថា ពិភពលោកនឹងជួបវិបត្តិអាសន្នរោគ កូរ៉ូណា អ្វីដែលគាត់បានបង្កើតឡើងគឺជាគុណប្រយោជន៍ដ៏ធំធេងមួយសម្រាប់ពិភពលោក ។ ផ្តល់កិត្តិយសជូនលោក ខាន់ ត្រឹមនេះចុះ សូមនិយាយអំពីអ្វីដែលខ្ញុំបានរៀនវិញម្តង ។ តាំងតែពីតូចក្រូចឆ្មារមក ខ្ញុំរៀនបូកលេខពីខ្ទង់រាយទៅខ្ទង់រយ គឺពីស្តាំទៅឆ្វេង ។ ប៉ុន្ត អ្វីដែលខ្ញុំរកឃើញនៅក្នុងការបង្រៀនតាមរយៈ អុីនថឺណិត នេះ គឺរបៀបបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ឬពីឆ្វេងទៅស្តាំ ។ ថ្វីត្បិតតែការពន្យល់នៅក្នុងកម្មវិធី អនឡាញ នោះមិនបានបញ្ជាក់ពិស្តារក៏ដោយ ក៏ខ្ញុំយល់ថាវាជារបៀបបូកលេខម៉្យាងដែលមិនចាំបាច់មាន ត្រាទុក ហើយយើងអាចរកដំណោះស្រាយបានលឿនជាងរបៀបបូកលេខពីខ្ទង់រាយទៅខ្ទង់រយប្រមាណជាពីរដង ។ តាមការមើលឃើញរបស់ខ្ញុំ របៀបបូកលេខប្រភេទនេះ កម្រនឹងខុសណាស់ ។ ខ្ញុំនៅចាំបានថា កាលពីក្មេង កំហុសបូកលេខរបស់ខ្ញុំភាគច្រើនគឺភ្លេចយកលេខត្រាទុកទៅបូកបន្តនៅខ្ទង់បន្ទាប់ ។ នៅក្នុងការបង្រៀនកុមារបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ដំបូងឡើយគឺយើងត្រូវដឹងថាលេខទាំងអស់ដែលយើងមានសម្រាប់ប្រើគឺមាន ១០ខ្ទង់ ដោយចាប់ផ្តើមពីលេខ៖ ០ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ។ សូមមេត្តាកត់សម្គាល់ចំណុចចាប់ផ្តើពីលេខ ០ ។ កាលខ្ញុំរៀនពីតូច យើងទម្លាប់សរសេរលេខ៖ (១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០) ។ នៅក្នុងការសរសេររាយលេខពី ០ ទៅ ៩ ហើយបន្តរហូតដល់ ៩៩ ជាតារាងបួនជ្រុងការ៉េ យើងសង្កេតឃើញថាលេខ ១០ ២០ ៣០ ៤០ គឺមានទម្រង់ ១ ២ ៣ ៤ ដែលមានលេខ ០ ជាប់ពីក្រោយ ។ ឯលេខ ១១ ១២ ១៣ ។ ២១ ២២ ២៣ ឬក៏ ៣១ ៣២ ៣៣ គឺមានទម្រង់ឬស្មើនឹង ១០+១ ១០+២ ១០+៣ ឬក៏ ២០+១ ២០+២ ២០+៣ (សូមមេត្តាមើលតារាងរូបភាព) ។ ដូច្នេះ លេខ ២១ ២២ ២៣ យើងក៏អាចសរសេរជា៖ ២០+១ ២០+២ ២០+៣ ផងដែរ (21=20+1 => 20+1=21) ។ សូមមេត្តាកត់ចំណាំថា 21=>20+1 ជាកត្តាសំខាន់បំផុតនិងជាមូដ្ឋានគ្រិះនៃវិធីបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ។ នៅពេលយើងយល់អំពីគោលការណ៍នេះជាក់លាក់ អ្វីៗនឹងងាយស្រួលដូចបកចេក ។ ឧទាហរណ៍៖ 23 + 34 ។ យើងអាចសរសេរដំណោះស្រាយជា៖ 20+3 + 30+4 ។ បន្ទាប់ពីបំបែកដូច្នេះហើយ យើងយកខ្ទង់ដប់បូកនឹងខ្ទង់ដប់ រួចយកខ្ទង់រាយបូកជាមួយនឹងខ្ទង់រាយ ។ នៅក្នុងការបូកលេខ ០ ជាមួយនឹង ០ គឺបានលទ្ធផល ០ នៅក្នុងខ្ទង់សូន្យនោះដដែល ។ ដូច្នេះ យើងយកតែលេខ ២និង៣ ដែលជាក្បាលនៃខ្ទង់១០នោះមកបូកបញ្ចូលគ្នាទៅបានហើយ ។ ជាលទ្ធផល យើងបាន 50+7 => 57 ។ វិធីនេះយើងអាចធ្វើជាមួយនឹងលេខច្រើនខ្ទង់ក៏បានដែរ ។ ឧទាហរណ៍៖ 1234+567 => 1000+200+30+4 + 500+60+7 => 1000+700+90+11 => 1000+700+90+10+1 => 1000+700+100+1 => 1000+800+1 => 1800+1 = 1801 ។ គួរកត់សម្គាល់ថា នៅពេលយើងថ្នឹកនឹងវិធីបូកប្រភេទនេះ មិនចាំបាច់បំបែកឲ្យវែងឆ្ងាយហូរហែរតាប៉ែលតដូចដែលខ្ញុំធ្វើបទបង្ហាញនេះទេ យើងអាចបូកយកលទ្ធផលនៅដំណាក់កាលទីមួយក៏បានដែរ ។ ការបំបែកវែងឆ្ងាយដូច្នេះគឺដើម្បីឲ្យកុមារងាយយល់ ព្រមទាំងបង្កាកំហុស ។ វិធីនព្វន្តសាស្ត្របំបែកលេខនេះ ខ្ញុំបានសាកល្បងធ្វើជាមួយនឹងលេខដក (សង) និងលេខគុណផងដែរ ។ លទ្ធផលគឺអាចទៅរួចហើយមានភាពងាយស្រួលដូចគ្នា ។ ចំណែកលេខចែក ខ្ញុំមិនទាន់បានសាកល្បងស្វែងយល់ឲ្យបានល្អិតល្អន់នៅឡើយទេ ។ ខាងក្រោមនេះជាវិធីស្វែងរកលទ្ធផលលេខដក លេខគុណ និងលេខចែកដែលមានមេគុណរួម ។ ឧទាហរណ៍ ១៖ 34-23 => 30+4 - 20-3 => 10+1=11 ។ 55-36 => 50+5 - 30-6 => 20+5 -6 (នៅក្នុងករណីនេះ យើងសង្កេតឃើញថា ៥ជាតម្លៃលេខគឺតូចជាងលេខ៦ ។ ឬក៏យើងជំពាក់គេ៦រៀល យក៥រៀលទៅសងមិនគ្រប់ទេ ។ ដូច្នេះ ត្រូវដកលុយចេញពីខ្ទង់ដប់មកបូកបង្គ្រប់ជាមួយនឹងខ្ទង់រាយ) ។ => 10+15 -6 => 10+9=19 ។ គួរកត់សម្គាល់ថា នៅពេលយើងដកចំនួនចេញអំពីខ្ទង់ដប់ រយ ឬពាន់ គឺត្រូវទាញយករបៀបនេះ៖ ១០ ១០០ ឬ ១០០០ ។ ឧទាហរណ៍ ២៖ 25X25 => (20+5)X(20+5) ។ នៅពេលយើងមានលេខគុណជាទម្រង់(A+B)X(C+D)របៀបនេះ ជាគោលការណ៍គឺយើងត្រូវយក AxC+AxD+BxC+BxD (AC+AD+BC+BD) ។ ដូច្នេះ (20+5)X(20+5) => 400+100+100+25 => 600+20+5 => 620+5=625 ។ (សម្គាល់៖ ខ្ញុំបំបែក 25 ឲ្យទៅជា 20+5 ដើម្បីរក្សាទម្រង់មូលដ្ឋាន ។ មិនចាំបាច់ធ្វើដូច្នេះទេនៅពេលដែលយើងស្ទាត់) ។ គួរកត់សម្គាល់ដែរថា នៅពេលយើងគុណលេខដែលមានលេខ ០ (សូន្យ) នៅខាងចុង យើងគុណតែលេខនៅខាងមុខរួចរាប់ចំនួន ០ យកមកបន្ថែមនៅខាងចុងជាការស្រេច ។ ឧទាហរណ៍ ៣៖ លេខចែកដែលមានមេគុណរួម ។ 25/25 => (20+5)/(20+5) => 5(4+1)/5(4+1) ។ មេគុណ 5 ដែលយើងទាញចេញមកក្រៅរង្វង់ក្រចកនោះ យកមកចែកនឹង 5 គឺបាន 1 ។ ដូច្នេះ 1(4+1)/1(4+1) => (4+1)/(4+1) => 5/5=1 ។ ដូចដែលបានជម្រាបរួចមកហើយ ខ្ញុំមិនទាន់បានស្វែងយល់អំពីរបៀបធ្វើលេខចែកល្អិតល្អន់នៅឡើយទេ ។ ឯលេខ បូក ដក គុណ ក៏ខ្ញុំធ្វើតែលេខនៅក្នុងទម្រង់ងាយៗប៉ុណ្ណោះ ។ មិត្តអ្នកអានដែលពូកែគណិតសាស្ត្រ សូមមេត្តាជួយស្វែងរករបកគំហើញបន្ថែមផង ដើម្បីផ្តល់ជាសារប្រយោជន៍សាធារណៈ ។ ខ្ញុំមិនដឹងដែរទេថា របៀបធ្វើលេខនព្វន្តសាស្ត្រខាងលើនេះ ត្រូវបានគេអនុវត្តិរួចទៅហើយ ។ សង្ឃឹមថា នឹងបានទទួលបានពត៌មាននានាអំពីមិត្តអ្នកអានដែស្ថិតនៅក្នុងជួរអប់រំ ៕

Monday, July 20, 2020

ចំណីខួរក្បាល

សុភវិនិច្ឆ័យ (Common Sense) ប៉ុន្មានថ្ងៃមុខ ខ្ញុំបានសរសេរថ្លែងសារនៅក្នុងរូបភាពដែលអ្នកគ្រូ ប៉ែន សេដ្ឋារិន ដាក់បង្ហោះនៅក្នុងហ្វេសប៊ុកស្តីអំពីពាក្យពេចន៍ពីរបីម៉ាត់ដែលគាត់ដកស្រង់ចេញពីសេចក្តីប្រកាសឯករាជ្យរបស់អាមេរិកាំង ។ គាត់បានស្នើឲ្យខ្ញុំសរសេរបន្ថែមឲ្យបានក្បោះក្បាយបន្តិច ។ ដោយហេតុតែខ្ញុំមិនមានពេលសរសេរឆ្លើយតបនៅគ្រានោះ ខ្ញុំសូមអនុគ្រោះឆ្លើយតបនៅក្នុងសំណេរនេះ ។ តាមពិតនៅក្នុងសាររបស់ខ្ញុំនោះ ខ្ញុំនិយាយអំពីលោក Thomas Jefferson and Thomas Paine ភ្ជាប់ជាមួយនឹងពាក្យ Inalienable rights, life, liberty and the pursuit of happiness. ខ្ញុំមិនដឹងថា តើអ្នកគ្រូ សេដ្ឋារិន ចង់ឲ្យខ្ញុំបកស្រាយអំពីលោក Thomas ទាំងពីរឬក៏ពាក្យ Inalienable rights ទេ ។ ដើម្បីជៀសវាងមន្ទិល ខ្ញុំសូមបកស្រាយប្រធានបទទាំងពីរដោយត្រួសៗចុះ ។ នៅក្នុងការសិក្សាប្រវត្តិតស៊ូដើម្បីឯករាជ្យរបស់សហរដ្ឋអាមេរិក គេសង្កេតឃើញលោក Thomas Jefferson មានកេរ្ត៍ឈ្មោះលេចធ្លោជាងគេ ដោយហេតុតែគាត់ជាអ្នកផ្តួចផ្តើមសរសេរសេចក្តីប្រកាសឯករាជ្យ (Draft of the Declaration of Independence) ។ ពាក្យដែលល្បីល្បាញបំផុតនៅក្នុងសេចក្តីប្រកាសឯករាជ្យនោះគឺ៖ All men (women) are created equal; that they are endowed by certain inalienable rights; among these are the rights to life, liberty, and the pursuit of happiness. (មនុស្សគ្រប់រូបមានសភាវស្មើគ្នា ព្រមទាំងមានសិទ្ធិដែលមិនអាចបំពានបាន ។ សិទ្ធិទាំងនេះមានជាអាទ៍៖ ការរក្សាជីវិត សេរីភាព និងការស្វែងរកសុភមង្គល) ។ ពាក្យប៉ុន្មានម៉ាត់នេះគឺជាឧត្តមគតិស្នូលដែលដាស់សតិពលរដ្ឋអាមេរិកាំងឲ្យរួបរួមគ្នាតស៊ូដើម្បីបុព្វហេតុជាតិ ។ វាក៏បានក្លាយទៅជាគំនិតសាកលសម្រាប់ពលរដ្ឋនានានៅក្នុងសកលលោកយកទៅធ្វើជាជ័យឃោស (Rallying Cry) ដើម្បីទាមទាររកសិទ្ធិសេរីភាពនិងឯករាជ្យភាពផងដែរ ។ ហូ ជីមីញ បានដកស្រង់ពាក្យទាំងនេះស្ទើរតែទាំងស្រុងទៅប្រកាសដាស់ស្មារតីពលរដ្ឋវៀតណាមឲ្យងើបតស៊ូទាមទារឯករាជ្យពីបារាំងនិងការបង្រួបបង្រួមជាតិ ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ The pen is mightier than the sword (ស្លាបប៉ាកកាមានអំណាចជាងផ្លែដាវ) ។ តាមពិតស្លាបប៉ាកកាដែលដាស់ស្មារតីពលរដ្ឋអាមេរិកាំងឲ្យងើបបះបោរតស៊ូប្រឆាំងនឹងរបបផ្តាច់ការសក្តិភូមិដែលពួកគេហៅថា Tyranny នោះ មិនមែនជាថ្វីដៃរបស់ Thomas Jefferson ទាំងស្រុងទេ ។ វាក៏មានចំណែករបស់លោក Thomas Paine ផងដែរ ។ បើយើងយកស្នាដៃលោកទាំងពីរមកផ្គុំគ្នា វាឧប្បមាដូចជាលោក Thomas Paine ជាអ្នកធ្វើក្តារមឈូសដាក់ខ្មោចរបបផ្តាច់ការ ។ ឯលោក Thomas Jefferson ជាអ្នកយកដែកគោលចុងក្រោយទៅដំលើក្តារមឈូសនោះដើម្បីយកវាទៅកប់ចោល ។ មុនគាត់ធ្វើអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកដែលកាលនោះជាទឹកដីអាណានិគមរបស់អង់គ្លេស លោក Thomas Paine (ផេន) បានសរសេរកូនសៀវភៅមួយ (Pamphlet) ដែលមានចំណងជើងថា Common Sense (សុភវិនិច្ឆ័យ) ។ កូនសៀវភៅនោះមិនអាចបោះពុម្ពនៅក្នុងប្រទេសអង់គ្លេសបានទេ ត្បិតវាអាចធ្វើឲ្យក្បាលលោក ផេន ធ្លាក់ចេញពីស្មា ។ ដូច្នេះ នៅពេលដែលគាត់ទៅដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៧៧៤ គាត់បានទាក់ទងទៅលោក Benjamin Franklin ដើម្បីបោះពុម្ពកូនសៀវភៅនោះ ។ គួរបញ្ជាក់ថា អំឡុងពេលនោះ ពលរដ្ឋអាមេរិកាំងកំពុងតែក្តៅក្រហាយជាមួយនឹងអាជ្ញាធរអង់គ្លេសដែលប្រើអំណាចផ្តាច់ការគៀបសង្កត់ពួកគេឲ្យបង់ពន្ធដារដោយគ្មានពិគ្រោះយោបល់ជាមុន ។ នៅឆ្នាំ១៧៧២ អ្នកបដិវត្តមួយក្រុមដែលហៅខ្លួនឯងថា បុត្រាសេរីភាព (Sons of Liberty) បានចូលទៅរើទំនិញតែនៅក្នុងសំពៅមួយដែលចតនៅក្នុងកំពង់ផែរ Boston គ្រវាត់ចូលទៅក្នុងទឹកសមុទ្រដើម្បីទាមទារឲ្យចក្រភពអង់គ្លេសកែប្រែច្បាប់មួយចំនួន ។ ព្រឹត្តិការណ៍នោះមានឈ្មោះថា Boston Tea Party ។ ជាការឆ្លើយតប ចក្រភពអង់គ្លេសបានបញ្ជូនទាហានអាវក្រហមមួយចំនួនទៅទីក្រុង Boston ដើម្បីបង្រាបពួកបាតុករ ។ ការប៉ះទង្គិចគ្នាបានធ្វើឲ្យមនុស្សពីរបីនាក់ស្លាប់ដែលជាហេតុនាំឲ្យកំហឹងពលរដ្ឋអាមេរិករឹតតែឆាបឆេះថែមទៀត ។ គេហៅការប៉ះទង្គិចនោះថា Boston Massacre ។ ពួកអ្នកដឹកនាំអាមេរិកាំងបានកោះប្រជុំបន្ទាន់មួយដែលគេឲ្យឈ្មោះថា Continental Congress ដើម្បីឆ្លើយតបទៅនឹងការរុកគួនរបស់ចក្រភពអង់គ្លេស ។ ស្របពេលគ្នានោះ លោក Thomas Paine and Benjamin Franklin ក៏បានចេញផ្សាយកូនសៀវភៅ សុភវិនិច្ឆ័យ ផងដែរ ។ កូនសៀវភៅនោះបានក្លាយទៅជាសម្រែកទាមទាររកយុត្តិធម៌និងសិទ្ធិសេរីភាពនានា ហើយវាក៏បានក្លាយជាកត្តាជម្រុញមួយឲ្យពលរដ្ឋអាមេរិកាំងរួបរួមគ្នាទាមទារឯករាជ្យភាព ។ បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យនៅឆ្នាំ១៧៧៦ សមាជិកហត្ថលេខីអាមេរិកាំងបាននិយាយប្រាប់គ្នីគ្នាថា៖ We must hang together; or we would be hanged separately. (យើងត្រូវតែតស៊ូស្លាប់រស់ជាមួយគ្នា បើមិនដូច្នោះទេ យើងនឹងត្រូវគេព្យួរកម្នាក់ម្តងៗជាមិនខាន) ។ បន្ទាប់ពីតស៊ូរហូតទទួលបានជ័យជម្នះជាស្ថាពរ លោក John Adams បានរំលឹកឡើងវិញថា៖ Without the pen of Thomas Paine, the sword of George Washington would be raised in vein. (បើគ្មានសំណេររបស់ ថូម៉ាស ផេន ទេ ផ្លែដាវរបស់ ចច វ៉ាសុីនតោន មិនអាចរកជោគជ័យឃើញឡើយ) ។ មុននឹងបន្តរឿងរ៉ាវរបស់លោក ផេន ខ្ញុំសូមនិយាយអំពីសម័យកាលនៃការធ្វើបដិវត្តន៍របស់អាមេរិកាំងបន្តិច ។ ឆ្នាំ ១៧៧៦ គឺជាចំណុចកណ្តាលនៃសម័យកាលមួយដែលគេហៅថា Enlightenment (សម័យត្រាស់ដឹង) ។ នៅក្នុងសតវត្សទី ១៧ ១៨ និង ១៩ ស្មេរមួយចំនួនបានសរសេរនិក្ខេបបទ (Treatise) ជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងមនុស្សនៅក្នុងវិស័យនយោបាយ ។ ស្មេរល្បីៗមួយចំនួនដែលយើងស្គាល់តាមរយៈសៀវភៅសិក្សាមានជាអាទិ៍៖ លោក John Locke, Thomas Hobbes, Jean-Jacques Rousseau, John Stuart Mills, etc. ។ លោក Thomas Jefferson and Thomas Paine ក៏ស្ថិតនៅក្នុងចំណោមអ្នកប្រាជ្ញទាំងនេះដែរ ។ នៅពេលយើងនិយាយអំពីត្រាស់ដឹង បុគ្គលទីមួយដែលយើងត្រូវគិតទៅដល់គឺ ព្រះពុទ្ធ ។ កាលពី ២០០០ឆ្នាំមុនសម័យត្រាស់ដឹង ព្រះពុទ្ធបានបន្សល់ទុកនូវគោលការណ៍សំខាន់ពីរ ។ ទីមួយគឺសេរីភាពនៅក្នុងការគិត ។ ទីពីរគឺសភាវស្មើគ្នានៃជីវិតមនុស្ស ។ អ្នកដែលបានសិក្សាពុទ្ធវចនជ្រៅជ្រះរមែងមើលឃើញថា ព្រះពុទ្ធគោរពបូជាសេរីភាពនៃការគិតពិចារណាលើសអ្វីៗទាំងអស់ ។ នៅក្នុងកាលាមសូត្រ ព្រះអង្គបន្សល់ទុកនូវ "កុំ១០ប្រការ" ដើម្បីការពារកុំឲ្យមនុស្សងាប់ក្រឡានៅក្នុងការគិតរបស់អ្នកដទៃ ។ គោលការណ៍ទីពីរដែលព្រះពុទ្ធបន្សល់ទុកឲ្យមនុស្សជាតិគឺសភាវស្មើគ្នានៃជីវិត ។ នៅក្នុងទ្រឹស្តី បដិច្ចសម្មុប្បាទ ព្រះពុទ្ធបានបង្ហាញថាមនុស្សទាំងអស់មានប្រភពចេញមកពី អវិជ្ជា ។ យើងអភិវឌ្ឃចេញពីអវិជ្ជាមករហូតដល់ភពកំណើតជា ជាតិ ជរា ព្យាធិ មរណៈ ។ ទាំងស្តេច មន្ត្រី អ្នកមាន និង អ្នកក្រ គឺត្រូវស្ថិតនៅក្រោមច្បាប់ធម្មជាតិ (កើត ចាស់ ឈឺ ស្លាប់) នេះ ដូចៗគ្នា ។ គ្មានអ្នកណាខ្ពង់ខ្ពស់ឬក៏ប្រសើរជាងអ្នកណាឡើយ ។ ក្នុងដំណើរស្វែងរកដំណោះស្រាយរំដោះមនុស្សជាតិចេញអំពីរបបផ្តាច់ការ ឬក៏កណ្តាប់ដៃនៃជនផ្តាច់ការដែលពួកគេហៅថា Tyrant នោះ ទាំងលោក ថូម៉ាស ចិហ្វឺសុន ទាំងលោក ថូម៉ាស ផេន ព្រមទាំងអ្នកប្រាជ្ញសម័យត្រាស់ដឹងទាំងអស់ ភាគច្រើនគឺដើរតាមគោលការណ៍ព្រះពុទ្ធនៅក្នុងការតស៊ូរបស់ខ្លួន ។ អាវុធរបស់ពួកគេគឺដងប៉ាកកា ។ ពាក្យពេចន៍របស់ពួកគេប្រៀបបាននឹងគ្រាប់ព្រួញឬគ្រាប់កាំភ្លើងសម្រាប់បាញ់ទម្លុះឡប់ឡែនៃរបបផ្តាច់ការ ។ សេរីភាពគឺជាអ្វីដែលមនុស្សទូទៅត្រូវការ ។ ភាពស្មើគ្នានៃជីវិតមនុស្សគឺត្រូវតែគោរពនិងទទួលស្គាល់ ។ "Men are born free; but, everywhere, they are in chain" (មនុស្សទាំងអស់កើតមកមានសេរី ក៏ប៉ុន្តែ នៅគ្រប់ទិសទីពួកគេសុទ្ធតែជាប់ច្រវ៉ាក់) ជាពាក្យពេចន៍ការទូតមួយឃ្លាដែល Jean-Jacques Rousseau លើកឡើង ។ ពាក្យនេះ លោក រូសូ ចង់និយាយថារបបផ្តាច់ការគឺមិនខុសពីច្រវ៉ាក់ដែលទាក់កមនុស្សនោះទេ ។ ប៉ុន្តែ សម្រាប់លោក ថូម៉ាស ផេន ការប្រើពាក្យពេចន៍ការទូតដែលមានលក្ខណៈមិនចំពោះនោះ មិនញ៉ាំងឲ្យមនុស្សមើលឃើញតថភាពច្បាស់លាស់ទេ ។ នៅក្នុង សុភវិនិច្ឆ័យ គាត់និយាយចំៗតែម្តង ។ ពាក្យពេចន៍របស់គាត់ប្រៀបដូចជាកាំរន្ទះដែលបាញ់ធ្លាក់ក្បែរមនុស្សកំពុងដេកលង់លក់ឲ្យភ្ញាក់ក្រញ៉ាងមិនអាចសំងំដេកតទៅទៀតបានឡើយ ។ បន្ទាប់ពីផ្តល់ឧត្តមគតិឲ្យពលរដ្ឋអាមេរិកាំងងើបតស៊ូរំដោះខ្លួនចេញពីកណ្តាប់ដៃជនផ្តាច់ការនៅសហរដ្ឋអាមេរិក លោក ថូម៉ាស ផេន បានធ្វើដំណើរទៅប្រទេសបារាំងដើម្បីជួយពលរដ្ឋបារាំងក្នុងការរើបម្រាស់ចេញពីរបបផ្តាច់ការផងដែរ ។ សង្ខេបឲ្យខ្លី បដិវត្តន៍នៅសហរដ្ឋអាមេរិកនិងបដិវត្តន៍នៅស្រុកបារាំង គឺជាអព្ភូតហេតុមួយពាក់ព័ន្ធនឹង សុភវិនិច្ឆ័យ របស់លោក ថូម៉ាស ផេន នេះឯង ។ ទំនាក់ទំនងនៃបដិវត្តន៍ទាំងពីរនេះបានទាញមនោសញ្ចេតនាពលរដ្ឋបារាំងនិងអាមេរិកាំងឲ្យភ្ជាប់មិត្តភាពនឹងគ្នារហូតដល់សព្វថ្ងៃ ។ ពួកគេបានសង់រូបបដិមាករដាក់តាំងនៅលើកោះមួយស្ថិតនៅក្បែរទីក្រុង New York ហើយប្រសិទ្ធនាមឲ្យថា នារីសេរីភាព (Statue of Liberty or Ms. Liberty) ដើម្បីជាតំណាងឲ្យមិត្តភាពនោះទៀតផង ។ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបដិវត្តន៍រំដោះខ្លួនចេញពីរបបផ្តាច់ការ បារាំងបានប្រកាសសិទ្ធិមនុស្សជាលើកដំបូងដោយផ្អែកលើគោលគំនិតរបស់ទស្សវិទូរសម័យត្រាសដឹង ជាពិសេសគឺគំនិតស្នូលរបស់លោក ថូម៉ាស ផេន នេះតែម្តង ។ គោលការណ៍សិទ្ធិមនុស្សរបស់បារាំង ចំណេរក្រោយមកត្រូវបានអង្គការសហប្រជាជាតិយកទៅបញ្ចូលនៅក្នុងការប្រកាសសិទ្ធិមនុស្សសាកល ។ សរុបសេចក្តីមក សិទ្ធិមនុស្ស ដែលយើងទទួលបាននិងមានសព្វថ្ងៃនេះ គឺដោយសារតែគុណបំណាច់របស់ Thomas Paine ដែលជាបុគ្គលមិនសូវមាននរណាស្គាល់នេះឯង ៕

Friday, March 20, 2020

ចំណីខួរក្បាល

ផលវិបាកនៃអាសន្នរោគ កូរ៉ូណា (Corona Dilemma) អ្នកស្រាវជ្រាវសង្គមសាស្ត្រជាច្រើនរកឃើញថា នៅពេលដែលប្រទេសឬតំបន់ណាមួយមានគ្រោះភ័យដែលតម្រូវឲ្យពលរដ្ឋធ្វើចត្តាឡឺស័ក (Quarantine) ឬស្នាក់នៅក្នុងផ្ទះជាច្រើនថ្ងៃ លទ្ធផលឥតព្រៀងទុកមួយដែលផុសចេញពីគ្រោះភ័យនេះគឺ កំណើនសមាជិកគ្រួសារ ។ គេមិនដឹងជាក់លាក់ថាតើអ្វីទៅជាកត្តាជម្រុញឲ្យមានអព្ភូតហេតុកំណើនសមាជិកគ្រួសារនេះទេ ។ ប៉ុន្តែ យោងតាមពត៌មានក្រៅផ្លូវការ (Grapevine News) គេសង្ស័យថា ដើម្បីកាត់បន្ថយទុក្ខកង្វល់ ស្វាមីភាគច្រើនងើបផ្វាយបង្គំព្រះនារាត្រីស្ងាត់ ។ អ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថា ការងើបថ្វាយបង្គំព្រះរបស់ស្វាមីនេះហើយដែលបង្កឲ្យមានកំណើនសមាជិកគ្រួសារ ។ ប្រាំបួនខែខាងមុខនេះ ប្រសិនបើខ្ញុំមានកូនស្រី ខ្ញុំនឹងដាក់ឈ្មោះនាងថា៖ កូរ៉ូណា ។ បើខ្ញុំមានកូនប្រុស ខ្ញុំនឹងដាក់ឈ្មោះឲ្យគេថា៖ កូវីដ ។ ទុករឿងលេងសើចមួយកណ្តុប ។ សូមនិយាយអំពីពត៌មានពាក់ព័ន្ធនឹងអាសន្នរោគកូរ៉ូណាវិញម្តង ។ ប៉ុន្មានអាទិត្យនេះ ខ្ញុំតាមដានពត៌មានអំពី កូវីដ១៩ ជាប្រចាំ ។ អ្វីដែលជាកត្តាច្របូកច្របល់សម្រាប់ខ្ញុំគឺភាពសម្បូរបែបនៃពត៌មាន ។ អ្នកខ្លះថាដូច្នេះ ។ អ្នកខ្លះថាដូច្នោះ ។ អ្នកខ្លះថាប្រទេសដែលមានអាកាសធាតុក្តៅមិនសូវមានហានិភ័យខ្ពស់ដូចប្រទេសដែលមានអាកាសធាតុត្រជាក់ ។ អ្នកខ្លះហ៊ានរហូតដល់ទៅធ្វើក្រាហ្វិកអះអាងអំពីរយៈពេលដែលវីរ៉ុសកូរ៉ូណាអាចរស់រានមានជីវិតនៅលើក្រដាស លើដៃ លើដែក និងនៅលើវត្ថុធាតុនានាទៀតផង ។ តើយើងគួរជ្រើសរើសយកពត៌មានមួយណាដើម្បីអនុវត្តិកិច្ចការពារខ្លួនឲ្យបានត្រឹមត្រូវនិងសមស្របទៅតាមកាលៈទេសៈ ? នៅក្នុងកាឡាមសូត្រ ព្រះពុទ្ធទ្រង់ទូន្មានថា៖ កុំអាលជឿលើអ្វីដែលមានកត់ត្រានៅក្នុងគម្ពីរ ។ កុំអាលជឿលើអ្វីដែលអ្នកប្រាជ្ញអះអាង ។ ជឿតែលើអ្វីដែលអ្នកបានពិនិត្យពិចារណាល្អិតល្អន់ដោយផ្អែកលើហេតុនិងផលហើយយល់ជាក់លាក់ថាវាជាកាពិត ។ ចំណុចនេះបានបង្វែរខ្ញុំឲ្យគិតដោយខ្លួនឯងជាជាងអង្គុយចាំស្តាប់និងជឿទៅលើពត៌មានដែលគេបង្ហោះពាសពេញហ្វេសប៊ុក ។ កូវីដ១៩ ជាប្រភេទវីរ៉ុសផ្លូវដង្ហើម (Acute Respiratory Syndrome) ។ នៅពេលយើងនិយាយអំពីផ្លូវដង្ហើម គឺយើងនិយាយអំពីសួត ។ សួតស្ថិតនៅក្នុងខ្លួនមនុស្សដែលមានស្បែក សាច់ដុំ និងឆ្អឹងការពារយ៉ាងមាំទាំ ។ អាវៈយវពីរដែលជាផ្លូវគមនាគមន៍តភ្ជាប់សួតជាមួយនឹងពិភពខាងក្រៅគឺច្រមុះនិងមាត់ ។ ដូច្នេះ ប្រភពឬផ្លូវដែលមេរោគវីរ៉ុសអាចចេញចូលនិងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានគឺតាមរយៈ ច្រមុះ និង មាត់ ។ វីរ៉ុសជាអង្គជាតិតូចល្អិតបំផុតរស់នៅក្នុងបរិយាកាសបានដោយសារគេ ។ គេនោះអាចជាសត្វមានជីវិត ឬក៏កាកសំណល់របស់សត្វមានជីវិត ។ ឧទាហរណ៍ សំបោ ឬទឹកមាត់ ។ នៅពេលយើងនិយាយអំពីសំបោនិងទឹកមាត់ គឺយើងនិយាយអំពីច្រមុះនិងមាត់ ដែលជាច្រកចេញចូលរបស់សួត ។ ដូច្នេះ អ្នកដែលមានផ្ទុក កូវីដ១៩ នៅក្នុងខ្លួនអាចចម្លងវីរ៉ុសនេះទៅអ្នកដទៃតាមរយៈច្រមុះនិងមាត់នេះឯង ។ មធ្យោបាយធ្វើដំណើរដ៏សាមញ្ញរបស់កូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាចមានបីប្រភេទគឺកំទេចទឹកមាត់ ទឹកសំបោ និងអាចម៍ច្រមុះ ។ អ្វីដែលជាកត្តាគួរយកមកពិចារណាគឺកំទេចអាចម៍ច្រមុះ ។ វាប្រៀបដូចជាសុីមងត៍ដែលហ៊ុំព័ទ្ធពងមាន់ដូច្នោះដែរ ។ ដូច្នេះ វីរ៉ុសកូវីដ១៩ ដែលហ៊ុំព័ទ្ធពីក្រៅដោយកំទេចអាចម៍ច្រមុះមិនងាយស្លាប់ងាយៗទេ ។ បើវាស្ថិតនៅជាប់នឹងបង្កាន់ដៃ ឬប៊ូតុងជណ្តើរយន្តនៃអគារដែលមានម៉ាសុីនត្រជាក់ វាអាចមានជីវិតរស់នៅលើសពីអ្វីដែលយើងសន្និដ្ឋាន ។ នេះគឺជាការយល់ឃើញរបស់ខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ មធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ការពារការឆ្លងកូវីដ១៩ គឺគប្បីលាងដៃនិងមុខដោយទឹកស្អាតជាប្រចាំ ។ វាអាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើនដោយមិនចាំបាច់ចំណាយប្រាក់កាក់ធំដុំឡើយ ៕ Stay safe!!

Friday, March 6, 2020

ចំណីខួរក្បាល

វង្វេងវប្បធម៌ (Culture Shock) ជនជាតិខ្មែរអន្តោប្រវេសន៍ជាច្រើនដែលទៅរស់នៅបស្ចឹមប្រទេសយល់ច្រឡំថា កូនចៅរបស់ខ្លួនដែលកើតនៅក្នុងបស្ចឹមប្រទេសទាំងនោះ ជាកូនខ្មែរ ។ ធាតុពិតក្មេងៗដែលកើតនៅក្នុងប្រទេស បារាំងក្តី កាណាដាក្តី សហរដ្ឋអាមេរិកក្តី កម្រចាត់ទុកខ្លួនគេជាខ្មែរណាស់ ថ្វីត្បិតតែពួកគេមានឈាមជ័រជាខ្មែរក៏ដោយ ។ ការយល់ច្រឡំនេះបានធ្វីឲ្យមានក្តីទោមនស្សយ៉ាងច្រើន ។ និយាយរួម កុមារដែលទៅរស់នៅបស្ចឹមប្រទេសក្រោមអាយុ ១០ឆ្នាំ គួរចាត់ទុកថាជាក្មេងដែលមានកំណើតនៅទីនោះ ត្បិតពួកគេនឹងចាប់យកវប្បធម៌បស្ចឹមប្រទេសលឿនជាងផ្លេកបន្ទោរទៅទៀត ។ វង្វេងវប្បធម៌ ឬ Culture Shock សំដៅដល់អារម្មណ៍តក់ស្លុតទៅលើភាពក្រឡាប់ចាក់នៃទំនាក់ទំនងក៏ដូចជាអត្តចរិតរបស់មនុស្ស ។ ឧទាហរណ៍ កុមារខ្មែរមិនត្រូវហៅមនុស្សចាស់ចំឈ្មោះឡើយ គឺហៅត្រឹមតែ លោកតា លោកយាយ ឬ លោកគ្រូ អ្នកគ្រូប៉ុណ្ណោះ ។ ប៉ុន្តែ នៅសហរដ្ឋអាមេរិក គេតម្រូវឲ្យកុមារហៅមនុស្សចាស់ចំឈ្មោះដូចជា តាសុខ យាយសៅ ឬ លោកគ្រូចក់ អ្នកគ្រូចែមជាដើម ព្រមទាំងត្រូវចងចាំឈ្មោះរបស់គេឲ្យបានជាប់លាប់ទៀតផង ។ គេចាត់ទុកថា ក្មេងដែលមិនហៅមនុស្សដែលខ្លួនស្គាល់ចំឈ្មោះ ជាក្មេងឈ្លើយ ឬខ្វះសុជីវធម៌ ។ ដំណោះស្រាយលើភាពវង្វេងវប្បធម៌តម្រូវឲ្យមានការផ្លាស់ប្តូរអត្តចរិតជាមូលដ្ឋាន ។ យល់ដឹងតាមរយៈការសិក្សាគឺមិនទាន់គ្រប់គ្រាន់ឡើយ ។ ជាបឋម យើងត្រូវទទួលស្គាល់ថា អ្នកដែលវង្វេងវប្បធម៌មិនមែនពួកក្មេងៗទេ គឺមនុស្សចាស់ ។ បន្ទាប់មក យើងត្រូវដឹងថា សង្គមអាមេរិកាំងជាសង្គមស្មើភាព (Egalitarianism) ។ នេះមិនមែនមានន័យថា ក្មេងៗអាមេរិកាំងមិនចេះអោនលំទោនចម្ពោះចាស់ទុំនោះទេ ។ គេគោរពចាស់ទុំទៅតាមរបៀបរបស់គេ ។ និយាយឲ្យងាយយល់ ការគោរពនោះគឺ មានទៅមានមក (បដិការ ឬ Reciprocal) ។ ចំណុចមួយទៀតដែលជាកត្តាសំខាន់សម្រាប់ដោះស្រាយបញ្ហាវង្វេងវប្បធម៌គឺ សិទ្ធិសេរីភាព ។ សិទ្ធិសេរីភាពក៏ដូចជាការគោរពដែរ គឺមានទៅមានមក ។ ប្រសិនបើប្រការនេះមានភាពលម្អៀងឬបាត់បង់តុល្យភាព ទំនាស់នឹងកើតមាន ដែលនាំទៅរកការរកាំរកូសនៅក្នុងទំនាក់ទំនងរបស់មនុស្ស ។ នៅក្នុងភាសាអង់គ្លេស គេហៅភាពរកាំរកូសនេះថា Culture Clash ឬ ទំនាស់វប្បធម៌ ។ កាលពីជាង២៥ឆ្នាំមុន ខ្ញុំបានជួបនឹងទំនាស់វប្បធម៌ដ៏ស្រួចស្រាល់មួយ ។ កាលនោះ ខ្ញុំកំពុងរៀនអំពីទំនាក់ទំនងអន្តរវប្បធម៌ (Intercultural Communication) នៅសាកលវិទ្យាល័យ និងធ្វើការងារពាក់កណ្តាលម៉ោងនៅក្នុងហាងលក់សំលៀកបំពាក់មួយ ។ ក្នុងនាមជាអ្នកត្រួតពិនិត្យ (Supervisor) បុគ្គលិករយៈពេលប្រមាណជា ៥ឆ្នាំ នៅក្នុងហាងលក់សំលៀកបំពាក់នោះ ខ្ញុំមានឱកាសបានប្រស្រ័យ (Interact) ជាមួយមនុស្សជាច្រើនដែលមានវប្បធម៌ប្លែកៗពីគ្នា ។ គ្រាមួយនោះ យើងបានទទួលបុគ្គលិកថ្មី ៥នាក់ដែលជាយុវជនទើបនឹងរៀនចប់វិទ្យាល័យ (High School) ។ ក្នុងចំណោមបុគ្គលិកក្មេងៗទាំងនោះ បីនាក់ជាយុវតីដែលមានអប្បូរដើមជាវៀតណាម ។ ពួកគេមានអាយុស្របាលគ្នាព្រមទាំងជាមិត្តជិតដិតនឹងគ្នាផង ។ ផ្អែកលើសម្តីសំដៅរបស់ពួកគេ ខ្ញុំអាចសន្និដ្ឋានបានថា ពួកគេកើតនៅសហរដ្ឋអាមេរិកឬក៏ចូលមករស់នៅស្រុកអាមេរិកតាំងតែពីនៅតូចៗម្លេះ ។ បន្ទាប់ពីធ្វើការជាមួយគ្នាបានមួយរយៈ ខ្ញុំសង្កេតឃើញថា យុវតីម្នាក់ឈ្មោះ វីណា មានអត្តចរិតច្រឡើសបើសជាងគេ (Assertive/Arrogant) ។ នាងដើរតួជាបងធំក្នុងចំណោមមិត្តភក្តិនាង ។ ថ្វីត្បិតតែនាងមិនបានធ្វើអ្វីដែលជាកត្តាឲ្យខ្ញុំព្រួយបារម្ភក៏ពិតមែន ខ្ញុំតែងតែយកចិត្តទុកដាក់ប្រស្រ័យទាក់ទងនឹងនាងច្រើន ដើម្បីស្វែងយល់អំពីនាងក៏ដូចជាទប់ស្កាត់កុំឲ្យនាងជះឥទ្ធិពលអាក្រក់ដល់បុគ្គលិកក្មេងៗដទៃទៀត ។ ថ្ងៃមួយ វីណា មានទំនាស់ជាមួយនឹងអតិថិជនរហូតឈានដល់បបួលគ្នាចេញទៅក្រៅហាងដើម្បីវាយតប់គ្នា ។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឮពាក្យសម្តីរបស់នាង ។ បន្ទាប់ពីបញ្ជូននាងឲ្យទៅសម្រាកនៅបន្ទប់បុគ្គលិក (Employees Lounge) ខ្ញុំសុំទោសអតិថិជនពាក់ព័ន្ធដើម្បីបញ្ជប់រឿង ហើយសម្រេចមិនសួរដេញដោលវីណាអំពីហេតុផលជុំវិញរឿងរ៉ាវនោះទេ ត្បិតខ្ញុំគិតថា វាទាល់តែមានហេតុ ទើបមានផល ។ មួយរយៈក្រោយមក នៅអំឡុងពេលបុណ្យណូអែលដែលជារដូវកាលរវល់បំផុតនៅក្នុងការលក់ដូរ វីណា មានរឿងជាមួយនឹងអតិថិជនម្តងទៀត ។ ខ្ញុំមិនដឹងថាមានទំនាស់អ្វីកើតឡើងទេ ប៉ុន្តែវីណាហាក់ដូចជាខឹងដាច់ក្បាលដាច់កន្ទុយ ។ នាងសម្រេចមិនគិតលុយលក់ឥវ៉ាន់ឲ្យអតិថិជនដែលទាស់នឹងនាងនោះទេ ហើយក៏ដើរចេញទៅអង្គុយនៅក្នុងបន្ទប់បុគ្គលិក ដើម្បីរង់ចាំឲ្យខ្ញុំទៅទេសនាអប់រំនាង ឬក៏យកក្រដាសបណ្តេញបុគ្គលិកទៅឲ្យនាង ។ ជាថ្មីម្តងទៀត ខ្ញុំសម្រេចមិនស្តីបន្ទោសនាងទេ ដោយសម្អាងលើហេតុផលដែលខ្ញុំបានលើកឡើងរួចមកហើយ ។ បន្ទាប់ពីគិតលុយលក់ឥវ៉ាន់ជំនួសនាង ខ្ញុំដើរទៅប្រាប់នាងឲ្យវិលទៅធ្វើកិច្ចការវិញ នៅពេលដែលនាងស្ងប់ចិត្ត ត្បិតមនុស្សដែលនាងទាស់ជាមួយនោះបានចាកចេញទៅហើយ ។ វីណាបន្តធ្វើការងារជាមួយនឹងខ្ញុំអស់រយៈពេលប្រមាណមួយឆ្នាំ ។ អំឡុងពេលនោះ ខ្ញុំសង្កេតឃើញនាងនៅតែជាមនុស្សត្របាំងបះ និងមានចរិតអញនិយមដដែល ។ ថ្វីត្បិតតែខ្ញុំរក្សាភាតរភាពជាមួយនឹងនាងជាធម្មតា នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានលួចវាយតម្លៃនាងរួចហើយថា ក្មេងស្រីដែលមានចរិតច្រឡើសបើសនោះ មិនអាចមានអនាគតល្អទេ (She has no future) ។ កន្លងទៅអស់រយៈពេលប្រមាណជា ២៥ឆ្នាំក្រោយមក វីណានិងខ្ញុំបានជួបគ្នាម្តងទៀតនៅក្នុងហាងសំលៀកបំពាក់ដែលយើងធ្លាប់ធ្វើការជាមួយគ្នានោះ ។ ខណៈខ្ញុំកំពុងស្វែងរកសំលៀបពាក់និងសម្ភារៈខ្លះៗឲ្យកូនរបស់ខ្ញុំ ស្ត្រីវ័យកណ្តាលម្នាក់បានហៅខ្ញុំចំឈ្មោះ ។ គាត់សួរខ្ញុំថា នៅចាំគាត់ទេ ។ គាត់ឈ្មោះ វីណា ជាអតីតយុវតីកំពូលកូរធ្វើការជាមួយខ្ញុំនៅទីនេះកាលពីជាងម្ភៃឆ្នាំមុន ។ ខ្ញុំភ្ញាក់ផ្អើលលាយឡំនិងក្តីរំភើប បន្ទាប់ពីបានឃើញក្មេងស្រីម្នាក់ដែលខ្ញុំធ្លាប់គិតថានឹងក្លាយទៅជាសំណល់មនុស្ស (Waste) សម្តែងបដិសណ្ឋារកិច្ចចំពោះខ្ញុំប្រកបដោយភាពថ្លៃថ្នូរ ។ នាងមានកូនពីរនាក់ប្រកបដោយរូបឆោមគួរឲ្យស្រឡាញ់ ។ ផ្អែកលើសំដីសំដៅ និងភាពរមទមរបស់នាង វីណាដែលជាក្មេងត្របាំងបះកាលពីជាង២៥ឆ្នាំមុននោះ ឥឡូវនេះបានក្លាយទៅជាមាតាដែលមានព្រហ្មវិហាធម៌និងជាមនុស្សដែលមានសុភមង្គលមួយរូប ។ យើងជជែកគ្នាប្រមាណជាប្រាំនាទីមុនពេលបែកគ្នាទៅផ្ទះរៀងខ្លួន ។ រឿងរ៉ាវរបស់វីណាគឺជាឧទាហរណ៍មួយនៃការវង្វេងវប្បធម៌នៅក្នុងចំណោមពលរដ្ឋខ្មែរក៏ដូចជាពលរដ្ឋដទៃដែលជាអន្តោប្រវេសជនរស់នៅសហរដ្ឋអាមេរិក ។ បន្ទាប់ពីគិតសាឡើងវិញយ៉ាងយូរ ខ្ញុំចាប់ផ្តើមយល់ថា អ្នកដែលវង្វេងវប្បធម៌មិនមែនយុវតីវីណាទេ គឺរូបខ្ញុំ ។ ក្នុងនាមជាជនជាតិអាសុីម្នាក់ដែលចម្រើនវ័យនៅក្នុងវប្បធម៌អាសុី ខ្ញុំទាមទារ (Expect) ចង់ឃើញវីណារក្សាភាពថ្នៃថ្នូរតាមរបៀបនារីអាសុី គឺសុភាពរាបសា អោនលំទោន និង រមទម ។ ធាតុពិត វីណាជាយុវតីអាសុីតែសំបកក្រៅប៉ុណ្ណោះ ។ ផ្នត់គំនិតរបស់នាងមិនដើរតាមបែបបទវប្បធម៌អាសុីទេ គឺតាមទំនៀមទម្លាប់អាមេរិកាំង ។ យុវតីអាមេរិកាំងគេបង្រៀន ឲ្យហ៊ានប្រឈមនឹងទង្វើអសមភាព ។ ឲ្យហ៊ានងើបតតាំងជាមួយនឹងការមាក់ងាយនានា ជាពិសេសគឺការរើសអើងជាតិសាសន៍ (Discrimination) ។ ថ្វីត្បិតតែខ្ញុំមិនបានសួរនាំនាងអំពីរឿងរ៉ាវដែលកើតឡើងកាលពីអតីតក៏ពិតមែន ខ្ញុំជឿជាក់ថាប្រតិកម្មរបស់វីណាជាមួយនិងអតិថិជនកាលពីជាង ២៥ឆ្នាំមុននោះប្រាកដជាផុសចេញអំពីទឹកចិត្តតតាំងដ៏មោះមុតមួយ ប្រឆាំងនឹងការមាក់ងាយមកលើស្ត្រីភេទ ៕

Friday, February 28, 2020

ចំណីខួរក្បាល

របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកាំង (Lifestyle) កាលពីទសវត្សឆ្នាំ ១៩៨០ ជនភៀសខ្លួនខ្មែរជាច្រើនដែលទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ត្រូវបានគេតម្រូវឲ្យសិក្សាអំពីរបៀបរបបរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល ៣ទៅ ៦ខែ ឬក៏យូរជាងនេះទៀតផង ។ ការសិក្សាភាគច្រើនផ្តោតលើរបៀបប្រស្រ័យទាក់ទងគ្នា និងបែបបទនានាដែលពលរដ្ឋអាមេរិកាំងអនុវត្តិ ។ ផ្អែកលើបទពិសោធជាក់ស្តែងរបស់ខ្ញុំ ការហ្វឹងហ្វឺនរយៈពេលខ្លីនោះ វាគ្រាន់តែជាអ្វីដែលភាសាអង់គ្លេសហៅថា៖ (The tip of the iceberg) ឬ ចំណុចតូចមួយ ។ របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកមានសភាពខុសឆ្ងាយអំពីអ្វីដែលយើងអាចរៀននិងស្វែងយល់តាមរយៈសៀវភៅ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចំណុចដែលគេមិននិយាយ (Unwritten Rules) ចំនួនពីរ(២)មកពិភាក្សា ។ ចំណុចពីរនេះគឺ លំនៅដ្ឋាន និងទំនៀមទម្លាប់ចាកចេញពីលំនៅដ្ឋានទៅសិក្សាឲ្យឆ្ងាយពីផ្ទះរបស់និស្សិតអាមេរិកាំង ។ លំនៅដ្ឋាននៅសហរដ្ឋអាមេរិកមានច្រើនសណ្ឋាន ប៉ុន្តែយើងអាចចែកចេញជាបីប្រភេទធំៗគឺ អាផាតមិន/ខុនដូ (Apartment/Condo) ថោនហោម (Townhome) និង សុីងហ្គលហ្វាមីលីហោម (Single Family Home) ។ (សូមមេត្តាកត់សម្គាល់ពាក្យ សុីងហ្គលហ្វាមីលីហោម ឬផ្ទះសម្រាប់តែគ្រួសារមួយ) ។ នៅក្នុងទម្រង់លំនៅដ្ឋានប្រភេទអាផាតមិននិងថោនហោម ល្វែងនីមួយៗគេចែកចេញជា ១ បន្ទប់ ២ បន្ទប់ និង ៣ បន្ទប់ ។ បីបន្ទប់ជាទំហំធំបំផុត ។ ចំណែកផ្ទះសម្រាប់តែគ្រួសារមួយ (Single Family Home) ជាទូទៅគេសង់ឲ្យមានត្រឹមតែបី(៣)បន្ទប់ប៉ុណ្ណោះ ។ វាជារឿងមួយគួរឲ្យឆ្ងល់ថាតើហេតុអ្វីបានជាអាមេរិកាំងគេនិយមសង់ផ្ទះរបៀបនេះ ។ រឿងនេះ វាពាក់ព័ន្ធនឹងប្រការដែលគ្មាននរណានិយាយ (Unwritten Rules) ។ សង្គមគ្រួសារនៅក្នុងពិភពលោកគឺចែកចេញជាពីរទម្រង់ដែលភាសាអង់គ្លេសហៅថា៖ Collectivism and Individualism ឬ សមោហនិយម និង បុគ្គលនិយម ។ នៅទ្វីបអាសុី មជ្ឈិមបូពា និង អាហ្វ្រិក មនុស្សរស់នៅតាមបែបផែនសមោហនិយម ។ ឯនៅបស្ចិមប្រទេស ជាពិសេសទ្វីបអាមេរិកខាងជើង មនុស្សរស់នៅតាមបែបផែន បុគ្គលនិយម ។ សហរដ្ឋអាមេរិកជាប្រទេសដើរតាមគោលការណ៍បុគ្គលនិយមតឹងរឹងជាងគេ ។ គេកម្រឃើញពលរដ្ឋអាមេរិកាំងរស់នៅជុំជាមួយគ្នាបីជំនាន់ណាស់ ។ គ្រួសារនីមួយៗគឺមានត្រឹមតែឪពុកម្តាយ និងកូនៗតែប៉ុណ្ណោះ(ពីរជំនាន់) ។ ឯផ្ទះដែលគេនិយមសង់ត្រឹមបីបន្ទប់នេះគឺតម្រូវតាមរបៀបរបបរស់នៅប្រភេទបុគ្គលនិយមនេះឯង ។ បន្ទប់ធំជាងគេសម្រាប់ឪពុកម្តាយ ។ បន្ទប់បន្ទាប់សម្រាប់កូនទីមួយ ។ បន្ទប់តូចជាងគេសម្រាប់កូនទីពីរ ។ បើគ្រួសារមួយមានកូនភ្លោះ ឬកូនពីរនាក់ដំបូងមានភេទដូចគ្នា គេឲ្យកូនភ្លោះឬកូនពីនាក់ដែលមានភេទដូចគ្នារស់នៅក្នុងបន្ទប់កណ្តាលជាមួយគ្នា ឯបន្ទប់តូចបំផុតទុកសម្រាប់កូនទីបី ។ គួរបញ្ជាក់ថា គ្រួសារអាមេរិកាំងនិយមមានកូនតែពីរនាក់ទេ ។ កូនដែលមានភេទខុសគ្នា គេមិនឲ្យរស់នៅក្នុងបន្ទប់ជាមួយគ្នាឡើយ ទោះបីកូនទាំងនោះមិនទាន់ពេញរូបរាងក៏ដោយ ។ នេះគឺជាទិដ្ឋភាពមួយនៃលក្ខណៈបុគ្គលនិយមរបស់ពលរដ្ឋអាមេរិកាំង ។ សូមនិយាយអំពីផលវិបាកនិងផាសុខភាពរបស់គ្រួសារបីជំនាន់បន្តិច ។ គ្រួសារបីជំនាន់សំដៅលើគ្រួសារដែលមានជីដូនជីតា ឬសាច់ញាតិចាស់ទុំរស់នៅជាមួយ ។ ផាសុខភាពរបស់គ្រួសារប្រភេទនេះគឺមានជីដូនជីតាមើលថែរក្សាកូនក្មេងនៅពេលឪពុកម្តាយក្មេងចេញទៅប្រកបការងារ និងមានម្ហូបអាហារឆ្អិនស្រេចនៅពេលត្រឡប់ពីធ្វើការងារវិញ ។ វាជាជីវិតស្រណុក ណាស់ ។ ប៉ុន្តែ ពលរដ្ឋអាមេរិកាំងភាគច្រើនហាក់ដូចជាមើលមិនឃើញផាសុខភាពនេះទេ ។ មិនមែនជនជាតិអាមេរិកាំងគ្មានម៉ែឪចាស់ៗដែលចូលនិវត្តន៍អាចជួយមើលថែទាំចៅនោះទេ ។ អ្វីដែលជាកត្តាបែងចែកគឺ "ទំនាស់" ។ គម្លាតពេលវេលារវាងជំនាន់ទី១និងទី៣ មានរយៈពេលប្រមាណជា ៦០ឆ្នាំ ។ ចំណង់ចំណូលចិត្តក៏ខុសគ្នាដូចមេឃនិងដីដែរ ។ ប្រការនេះហើយដែលគ្រួសារមេរិកាំងភាគច្រើនមិនរស់ជុំគ្នាជាលក្ខណៈសមោហនិយម ត្បិតគេមិនចង់ឲ្យជំនាន់ទី៣រងសម្ពាធនិងឥទ្ធិពលច្រើនស្រទាប់ ។ នៅមានប្រការពាក់ព័ន្ធនឹង Unwritten Rules នេះច្រើនទៀត ប៉ុន្តែសុំមិនបកស្រាយនៅទីនេះទេ ។ ការចាកចេញពីលំនៅដ្ឋានទៅសិក្សានៅទីឆ្ងាយជាទំនៀមទម្លាប់មួយរបស់និស្សិតអាមេរិកាំង ។ ទំនៀមទម្លាប់នេះមិនមែនកើតចេញមកដោយគ្មានហេតុផលនោះទេ ។ វាពាក់ព័ន្ធនឹង "ទំនាស់" នៅក្នុងដំណើរជីវិត ។ កាលពី៣០ឆ្នាំមុន ខ្ញុំក៏ជានិស្សិតចំណាកលំនៅដ្ឋានម្នាក់ដែរ ។ ដូច្នេះ ខ្ញុំប្រមូលបានទិន្នន័យច្រើនគួរសមពាក់ព័ន្ធនឹងរឿងចំណាកលំនៅដ្ឋាននេះ ។ ផ្អែកលើការស្វែងយល់អំពីនិស្សិតចំណាកលំនៅដ្ឋានដទៃ ហេតុផលចម្បងដែលនាំឲ្យយើងចាកចេញពីផ្ទះទៅរៀននៅទីឆ្ងាយគឺ សេរីភាព ។ កត្តាបន្ទាប់គឺ ធុញទ្រាន់ ។ ចំណុចមួយទៀតដែលជាកត្តាបន្ទាប់បន្សំគឺយើងចង់ស្ទាបស្ទង់សមត្ថភាពរបស់យើងថាតើអាចរស់ដោយខ្លួនឯងបានហើយឬនៅ ។ សេរីភាពនិងភាពធុញទ្រាន់គឺជាកត្តាចម្បងនាំទៅរកការចាកចេញពីលំនៅដ្ឋានរបស់និស្សិតអាមេរិកាំង ។ យើងអាចស្រមៃមើលថា បន្ទាប់ពីរងការដុកដាន់ពីសំណាក់ឪពុកម្តាយឲ្យធ្វើលំហាត់ Homeworks រយៈពេល១២ឆ្នាំ ចាប់តាំងពីមតេយ្យសាលាដល់ថ្នាក់ទី ១២ យុវជនគ្រប់រូបបើមិនទ្រាន់ ក៏ធុញដែរ ។ ដូច្នេះហើយបានជាម្នាក់ៗបន់ឲ្យតែចប់ High School នឹងអាលបានចាកចេញពីសំបុកដ៏ធុញថប់នោះ ។ ម៉្យាងទៀត ការសិក្សានៅមហាវិទ្យាល័យ ត្រូវការសេរីភាពច្រើនដើម្បីស្វែងយល់អំពីចំណុចស្មុគស្មាញនានាពាក់ព័ន្ធនឹងជីវិត ។ បើមានមែឪនៅតាមដឹកកន្លុះជាប្រចាំនោះ លទ្ធផលប្រាកដជាពិបាកថ្លែងណាស់ ។ (រស់នៅក្នុងផ្ទះគាត់ ស៊ីបាយគាត់ រឿងអីមិនត្រូវធ្វើតាមគាត់? No way Jose!) ។ ការចាកចេញពីលំនៅដ្ឋានទៅសិក្សាឆ្ងាយពីផ្ទះ មិនត្រឹមតែផ្តល់ឲ្យយើងនូវសេរីភាពពេញលេញនោះទេ វាផ្តល់ឱកាសឲ្យយើងស្វែងយល់អំពីភាពរឹងមាំឬទន់ខ្សោយរបស់យើងផងដែរ ។ យុវជននៅស្រុកខ្មែរសព្វថ្ងៃគេនិយមហៅប្រការនេះថា៖ "ស្វែងរកខ្លួនឯង" ។ ការស្វែករកខ្លួនឯងនេះបាននាំទៅដល់របត់មួយថ្មីទៀតសម្រាប់សង្គមគ្រួសារអាមេរិកាំង ក៏ដូចជាគ្រួសារខ្មែរជាច្រើននៅសហរដ្ឋអាមេរិកដែរ ។ និស្សិតចំណាកលំនៅដ្ឋានជាច្រើន មិនវិលត្រឡប់ទៅទ្រនំចាស់វិញទេ ។ បន្ទាប់ពីបញ្ចប់ការសិក្សា (ឬមិនបានបញ្ចប់ក្តី) និស្សិតភាគច្រើនទៅរស់នៅទីណាដែលជាកន្លែងផ្តល់ការងារឲ្យពួកគេ ។ អ្នកដែលត្រឡប់ទៅផ្ទះវិញនោះមានតិចតួចណាស់ ។ ជាលទ្ធផល ផ្ទះដែលឪពុកម្តាយទិញបំពេញតម្រូវការកាលពួកគេនៅតូចៗនោះ ក៏ក្លាយទៅជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ ថ្មីៗនេះ ចៅហ្វាយខ្ញុំបានលក់ផ្ទះរបស់គាត់ចោល ហើយទៅទិញខុនដូដែលមានតែមួយបន្ទប់រស់នៅវិញ បន្ទាប់ពីកូនៗរបស់គាត់សម្រេចមិនវិលត្រឡប់មករស់នៅជាមួយគាត់ ។ គួរកត់សម្គាល់ថា ខ្ញុំស្គាល់កូនរបស់ចៅហ្វាយខ្ញុំតាំងតែពីពួកគេរៀននៅថ្នាក់ទី ១ និង ទី ៣ ម្លេះ ។ យើងមានទំនាក់ទំនងនឹងគ្នាជាងម្ភៃឆ្នាំហើយ ។ ឯមិត្តភក្តិនិងសាច់ញាតិខ្ញុំជាច្រើនទៀតក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ ។ នេះគឺជាតថភាពមួយដែលសង្គមគ្រួសារបុគ្គលនិយមកំពុងជួបប្រទះ ។ នៅថ្ងៃអនាគត គេប្រហែលជាត្រូវរកមធ្យោបាយសង់ផ្ទះដែលម្ចាស់អាចពង្រីកនិងបង្រួមបានដោយខ្លួនឯងហើយមើលទៅ ដើម្បីដោះស្រាយបញ្ហាចំណាកលំនៅដ្ឋាននេះ ៕

Thursday, February 20, 2020

ចំណីខួរក្បាល

មេរោគកូរូណា ឬ COVID-19 ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រផ្នែកខាងមេរោគ Micrologist ទេ ។ ការសរសេរអត្ថបទនេះ គឺគ្រាន់តែជាការប្រមូលផ្តុំពត៌មាននានាដែលយើងអាចស្រាវជ្រាវដោយខ្លួនឯង ដើម្បីជួយបំភ្លឺនិងផ្តល់ចម្លើយខ្លះៗសម្រាប់ចម្ងល់មួយចំនួនពាក់ព័ន្ធនឹងមេរោគប្រភេទ វីរ៉ុស (Virus) ។ មេរោគដែលរុកគួនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និង រុក្ខជាតិ ជាប្រចាំមានពីរប្រភេទធំៗគឺ៖ បាក់តេរី និង វីរ៉ុស (Bacteria and Virus) ។ ពួកវាជាអង្គជាតិតូចមែនទែន ។ បើប្រៀបធៀបទៅនឹងសសៃសក់គឺស្មើនឹងសក់មួយជ្រៀកជា ១០ ១០០ ឬ ១០០០ ឯណោះ ។ កត្តាសំខាន់មួយរបស់មេរោគដែលអ្នកវិទ្យាសាស្ត្រទទួលស្គាល់គឺវាមានភាពឆ្លាតវាងវៃនិងសមត្ថភាពខ្ពស់ ។ គួរចងចាំដែរថា៖ មេរោគវីរ៉ុសជាច្រើន គ្មានថ្នាំសម្រាប់សម្លាប់ពួកវាទេ ។ មុននឹងស្វែងយល់អំពីមេរោគ យើងគួរស្វែងយល់អំពីទំនាក់ទំនងរវាងមេរោគនិងរូបយើងសិន ។ នៅលើនិងក្នុងខ្លួនមនុស្សគ្រប់ៗរូបមានមេរោគប្រភេទបាក់តេរីនិងវីរ៉ុសរស់នៅរាប់លាន ។ បើប្រៀបធៀបទៅនឹងកោសិការបស់មនុស្ស វាមានចំនួនច្រើនជាងកោសិការបស់យើងពី ៣ទៅ១០ដង ។ អ្នកប្រាជ្ញហៅមេរោគដែលរស់នៅលើនិងក្នុងខ្លួនយើងនេះថា ជាញាតិសន្តាន (Friendly microbes) ។ តួនាទីរបស់មេរោគទាំងនេះគឺទ្រទ្រង់និងការពាររូបរបស់យើង ។ វាប្រៀបដូចជាកងទ័ពដូច្នោះដែរ ។ ពាក្យវិទ្យាសាស្ត្រដែលគេប្រើពាក់ព័ន្ធនឹងប្រការនេះគឺ អត្តិសុខុមប្រាណ (Immuniy/Antibody) ។ មេរោគវីរ៉ុសសាហាវៗដូចជា កូរ៉ូណាវីរ៉ុស ឬ COVID-19 ភាគច្រើនមានប្រភពចេញមកអំពីសត្វ ។ នៅពេលវាឆ្លងចូលមកក្នុងខ្លួនមនុស្សតាមរយៈ ផស្សៈ (Contact) វានឹងពើបប្រយុទ្ធជាមួយនឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ បើវាមានប្រៀបជាង មនុស្សនឹងឈឺហើយអាចឈានទៅដល់ក្តីស្លាប់ ។ នៅពេលយើងឈឺដោយប្រការនេះ គឺយើងស្វែងរកថ្នាំមកព្យាបាល ។ ការព្យាបាលនេះមិនមែនយកថ្នាំទៅសម្លាប់វីរ៉ុសឡើយ ។ គឺគេដាក់ថ្នាំដើម្បីជួយពង្រឹងអត្តិសុខុមប្រាណរបស់មនុស្សដើម្បីឲ្យអត្តិសុខុមប្រាណទាំងនោះវាយកំចាត់វីរ៉ុសដែលមកបង្កជម្ងឺដល់យើងនោះចេញ ។ គេមិនដឹងជាក់លាក់ថាអត្តិសុខុមប្រាណរបស់មនុស្សកំចាត់វីរ៉ុសដែលមករុកគួនយើងនោះដោយវិធីណាទេ ។ វាអាចកំចាត់វីរ៉ុសចង្រៃនោះ ឬក៏ទទួលស្គាល់គ្នាជាមិត្តភក្តិឲ្យរស់នៅក្នុងខ្លួនមនុស្សដោយមិនបង្កទុក្ខទោស ។ គួរកត់សម្គាល់ថា នៅពេលដែលវីរ៉ុសឆ្លងពីសត្វមកមនុស្ស វាមិនទាន់បង្កឲ្យមានហានិភ័យជាអាសន្នរោគធំដុំទេ ។ វាបង្កឲ្យមានអាសន្នរោគ (Pandemic) នៅពេលដែលវាអាចបំប្លែង(Transform)ខ្លួនវាដើម្បីឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ជម្ងឺកូរ៉ូណាដែលកំពុងរាតត្បាតប្រទេសចិននិងពិភពលោកសព្វថ្ងៃនេះ គឺឈានដល់ដំណាក់កាលនេះហើយ ។ ពូជពង្សវង្សត្រកូលរបស់វីរ៉ុសដែលរុកគួនមនុស្សតាមរយៈផ្លូវដង្ហើម ត្រូវបានគេឲ្យឈ្មោះជាទូទៅថា Influenza (Flu) ។ ពីដើមមិញ គេតែងភ្ជាប់ពាក្យ Flu ទៅនឹងសត្វដែលជាប្រភពនៃជម្ងឺ ។ ឧទាហរណ៍៖ Bird Flu, Swine Flu ឬ គ្រុនបក្សី គ្រុនជ្រូក ។ នៅពេលដែលគេរកឃើញអត្តសញ្ញាណវាជាក់លាក់ គេនឹងឲ្យឈ្មោះផ្លូវការដោយអក្សរ HN សម្រាប់សម្គាល់ ។ ឧទាហរណ៍៖ H1N1, H2N2, H5N1 etc. ។ អ្នកវិទ្យាសាស្ត្រហៅវីរ៉ុសដែលបង្កបញ្ហាផ្លូវដង្ហើមថា Airborne Disease ឬ មេរោគដែលអាចបណ្តែតខ្លួននៅក្នុងលម្ហ ។ ប៉ុន្តែការឆ្លងរបស់វាក៏អាចចូលមកតាមរយៈផស្សៈផងដែរ ។ ដូច្នេះហើយបានជាគេទូន្មានឲ្យមនុស្សពាក់ម៉ាសនិងលាងដៃជាប្រចាំដើម្បីការពារខ្លួន ។ យើងអាចសន្មត់ថា វីរ៉ុសមិនអាចរស់ដោយឯកឯងបានទេ ។ វាត្រូវការម្ចាស់ផ្ទះ (Host) និងភ្នាក់ងារដឹកជញ្ជូន (Transport Agents) ដើម្បីរស់នៅនិងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ យើងអាចប្រៀបធៀបប្រការនេះទៅនឹងមនុស្សដែលត្រូវការផ្ទះដើម្បីរស់នៅ និងយន្តហោះឬនាវាទេសចរណ៍ដើម្បីធ្វើដំណើរពីទ្វីបមួយទៅទ្វីបមួយទៀត ។ ខ្លួនមនុស្សឬសត្វជាផ្ទះរបស់វីរ៉ុស ។ ឯតំណក់តូចៗនៃសារធាតុសំណើមគឺជាភ្នាក់ងារដឹងជញ្ជូនរបស់វីរ៉ុស ។ លម្អងសំណើមតូចៗនេះហើយដែលជួយការពារវីរ៉ុសកុំឲ្យស្លាប់ នៅពេលវាធ្វើដំណើរពីប្រភពមួយទៅប្រភពមួយទៀត ។ ចំណុចសំខាន់មួយដែលយើងត្រូវដឹងគឺវីរ៉ុសអាចសំងំក្នុងខ្លួនមនុស្សដោយមិនបង្ហាញរោគសញ្ញាឡើយ ។ ជាគោលការណ៍ គេកំណត់រយៈពេល១៤ថ្ងៃ សម្រាប់ការពួនសំងំនេះ ។ ប៉ុន្តែ គោលការណ៍គឺគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ ។ សមត្ថភាពលាក់ខ្លួនរបស់វីរ៉ុសអាចមានរយៈពេលយូរជាង១៤ថ្ងៃ ។ ការផលិតវ៉ាក់សាំងដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសរាតត្បាតដូចជា កូរ៉ូណា គឺជាដំណើរស្មុគស្មាញនិងវែងឆ្ងាយ ។ ដើម្បីផលិតវ៉ាក់សាំងដែលមានប្រសិទ្ធិភាព គេត្រូវស្វែងរកប្រភពដើមដំបូងបំផុតដែលវីរ៉ុសនេះចេញមក ។ និយាយឲ្យខ្លីគឺស្វែងរកមនុស្សទីមួយដែលស្លាប់ដោយសារវីរ៉ុសនេះ ហើយសួរនាំអ្នកដែលនៅជំវិញគាត់អំពីសកម្មភាពនានាដែលគាត់បានធ្វើមុនពេលគាត់ស្លាប់ ។ បន្ទាប់ពីកំណត់អត្តសញ្ញាណនៃប្រភពដែលផ្តល់កំណើតឲ្យវីរ៉ុសហើយ គេយកសំណាក (Samples) មកធ្វើវិភាគ RNA ដើម្បីស្វែករក Genetic Blueprint ឬអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនិងម្ចាស់ផ្ទះ (Host) របស់វា ។ គឺតុល្យភាពឬភាពសុខដុមរម្យនារវាងវីរ៉ុសនិងម្ចាស់ផ្ទះនេះហើយ ដែលអាចឲ្យមនុស្សរកមធ្យោបាយធ្វើវ៉ាក់សាំងការពារខ្លួនបាន ។ និយាយឲ្យងាយយល់ វ៉ាក់សាំងគឺការចិញ្ចឹមវីរ៉ុសដោយដកពិសវាចេញ ហើយចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សដើម្បីបង្កើតឲ្យមានអត្តិសុខុមប្រាណ (Immunity/Antibody) ។ និយាយមួយបែបទៀត គឺយើងយករីរ៉ុសទៅកំចាត់វីរ៉ុស ឬខ្ចីដៃសត្រូវទៅកំចាត់សត្រូវ ។ ប្រការមួយទៀតដែលគួរយល់ដឹងគឺមនុស្សស្លាប់នៅក្នុងប្រទេសចិនប្រមាណ១០០នាក់ក្នុងមួយថ្ងៃដោយសារកូរូណាវីរ៉ុសបច្ចុប្បន្ន ។ មូលហេតុចម្បងដែលបង្កឲ្យមានការស្លាប់ច្រើនដូច្នេះ គឺដោយសារមនុស្សមិនទាន់មានអត្តិសុខុមប្រាណ (Immunity) ដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសប្រភេទថ្មីនេះនៅឡើយ ។ ដូចដែលបានលើកឡើងខាងលើ ។ ដើម្បីទប់ទល់ជាមួយវីរ៉ុស គេត្រូវស្គាល់អត្តសញ្ញាណជាក់លាក់របស់វា ហើយរកវិធីកំចាត់វាតាមរយៈការពង្រឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ នៅក្នុងករណីដែលគេមិនទាន់រកឃើញប្រភពដើមនិងអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនៅឡើយទេ មធ្យោបាយតែមួយគត់ដើម្បីរាំងខ្ទប់វាកុំឲ្យរីកសាយភាយចេញមកក្រៅគឺបិទតំបន់ដែលវីរ៉ុសផុសចេញមក (Closed off center of outbreak) ។ ប្រទេសចិនដែលបិទមិនឲ្យពលរដ្ឋនៅក្រុងវូហានចាកចេញពីក្នុងតំបន់ ឬប្រទេសជប៉ុនបដិសេធមិនឲ្យនាវាទេសចរណ៍ វ៉េសទឺដាម ចូលសំចត មិនមែនជាទង្វើអមនុស្សធម៌ឬរើសអើងទេ ។ វាជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ហេតុផលគុណធម៌នៅមានច្រើនទៀត ប៉ុន្តែ សូមមិនបរិយាយបន្តទេគ្រាន់តែចង់ពិចារណាអំពីនាវា វ៉េសទឺដាម មកសំចតនៅកំពង់ផែព្រះសីហនុបន្តិច ។ ការមកដល់នៃនាវាទេសចេណ៍ Westerdam នៅក្នុងទឹកដីកម្ពុជាគឺជារឿងគួរឲ្យសោកស្តាយបំផុត ។ បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសជប៉ុននិងហ្វីលីពីនមិនឲ្យចូលសំចត នាវានេះមិនគួរបន្តដំណើរមកកាន់ឈូងសមុទ្រថៃទេ ។ គោលដៅសមស្របគឺត្រូវធ្វើដំណើរទៅកាន់ទីក្រុង ហុងកុង ដែលជាប្រភពដើម (Point of Departure) នោះវិញ ត្បិតនាវា ដាយាម៉ុន ព្រិនសេស (Diamond Princess) ដែលចាកចេញពីប្រភពជាមួយគ្នានោះត្រូវបានប្រទេសជប៉ុនរកឃើញថាមានផ្ទុកកូរ៉ូណាវីរ៉ុស ។ បច្ចុប្បន្ន មនុស្សម្នាក់ដែលចាកចេញពីនាវា វ៉េសទឺដាម ដោយឆ្លងកាត់តាមប្រទេសខ្មែរត្រូវបានអាជ្ញាធរមាឡេសុីរកឃើញថា មានផ្ទុកវីរ៉ុសកូរូណា ។ ប្រសិនបើករណីនេះមានតែមួយគត់ហើយអាចគ្រុបគ្រងបាន យើងអាចចាត់ទុកថាជាសំណាងដ៏ធំមួយ ។ ប៉ុន្តែ បើមានករណីផ្សេងទៀតលេចចេញមក វានឹងបង្កឲ្យមានគ្រោះអាសន្នដ៏ស្មុគស្មាញ ។ ហេតុផលដែលប្រទេសកម្ពុជាអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចតនៅកំពង់ផែព្រះសីហនុអាចមានច្រើនលើសអំពីមនុស្សធម៌និងបំបាត់ការរើសអើង ។ បើយើងនិយាយថា យកពត៌មានកំចាត់ពត៌មាន ដូចគេយកវីរ៉ុសទៅកំចាត់វីរ៉ុស ក៏សមម៉្យាងដែរ ។ ពត៌មានក្តៅអំពីកម្ពុជានៅដើមខែកុម្ភៈគឺរឿងបាត់បង់ការអនុគ្រោះពន្ធ (EBA) ។ ប៉ុន្តែ នៅពេលដែលនាវា វ៉េសទឺដាម មកដល់កំពង់សោម ពត៌មានអំពី (EBA) ត្រូវបានរលាយខ្សុរដូចអំបិលត្រូវទឹក ។ វាជាយុទ្ធសាស្ត្របាញ់ព្រួញមួយត្រូវចាប ពីរបី ។ ពលរដ្ឋខ្មែរលែងខ្វល់ពីរឿងឆ្នាំបាយ ហើយបែរមកខ្វល់ពីរឿងជំងឺរាតត្បាតវិញម្តង ។ ឯមនុស្សនៅក្នុងពិភពលោកក៏ស្គាល់ប្រទេសកម្ពុជារឹតតែច្រើនថែមទៀតដែរ ជាពិសេសគឺការថ្លែងអំណរគុណកម្ពុជារបស់ប្រធានាធិបតីដូណាល់ ត្រាំ តាមរយៈធ្វីទឺ (Twitter) ។ គួរកត់សម្គាល់ថា ប្រមុខរដ្ឋដែលសាទរកម្ពុជាក្នុងការអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចត ដើម្បីឲ្យអ្នកដំណើរមានលទ្ធភាពជិះយន្តហោះបន្តដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួន ភាគច្រើនមានពលរដ្ឋរបស់ខ្លួនស្ថិតនៅក្នុងនាវានោះ ។ ប្រមុខរដ្ឋដទៃដែលគ្មានពលរដ្ឋនៅក្នុងនាវាវ៉េសទឺដាម ជាពិសេសប្រមុខរដ្ឋដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជានៅអាស៊ាន ហាក់ដូចជាគ្មាននរណាថ្លែងសារសាទរទង្វើមនុស្សធម៌ដ៏មហោឡារឹកនោះឡើយ ។ សច្ចៈភាពនៅពីក្រោយទង្វើផ្ទុយគ្នានេះ ប្រហែលជាមានតែទេវតាទេទើបដឹង ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...