Friday, July 15, 2016

វិចារណកថា

ជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី (កំណត់៖ អត្ថបទនេះជាការពិចារណារបស់ស្មេរដោយផ្អែកលើ ហេតុផល តក្កវិជ្ជា⁣ និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ Process of Elimination. ដរាបណាអាជ្ញាធរខ្មែរមិនទាន់រកឃើញភស្តុតាងជាក់លាក់ អត្ថបទនេះគ្រាន់តែជាចំណីខួរក្បាលប៉ុណ្ណេាះ។) ផ្អែកលើពត៍មាននានាទាក់ទិននឹងការស្លាប់របស់បណ្ឌិត កែម ឡី ដែលសាធារណជនទទួលបានទាំងផ្លូវការ និងមិនផ្លូវការ យើងអាចសន្និដ្ឋានបានថា ការស្លាប់របស់គាត់គឺជាអំពើឃាតកម្មដែលត្រូវបានគេរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ជាទីបំផុត ។ ហើយឃាដកម្មនេះ⁣ អាចជាស្នាដៃរបស់ភ្នាក់ងារសម្ងាត់ដែលជារឿងមួយលំបាកបំផុតក្នុងការសើុបអង្កេតវែកមុខក្រុមឃាដករ ។ សំណួរដែលសាធារណជនចង់ដឹងជាទីបំផុតនេាះ គឺថា តើមានមនុស្សប៉ុន្មាននាក់ដែលពាក់ព័ន្ធនៅក្នុងរឿងនេះ ព្រេាះថា បើយោងតាមចម្លើយរបស់ឃាដករដែលអាជ្ញាធរចាប់បាន និងសម្តីរបស់សាច់ញាតិគាត់ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលគេប្រើឲ្យមកសម្លាប់ ឬក៏ចូលរួមសម្លាប់លោក កែម ឡី តែប៉ុណ្ណេាះ ។ ដូច្នេះ អាថ៍កំបាំងទាំងប៉ុន្មានគឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពសើុបអង្កេតរបស់អាជ្ញាធរខ្មែរ ។ នៅក្នុងការសើុបអង្កេតឧក្រិដកម្ម គេមិនអាចមើលរំលងកត្តាណាមួយឡើយ ដែលភាសាអងគ្លេសនិយាយថា Leave no stone unturned មានន័យថា កកាយឲ្យសព្វទិសទី ។ ទន្ទឹមនឹងនេះដែរ គេក៏ត្រូវឲ្យអាទិភាពទៅលើកត្តាសំខាន់បំផុត (Leading factors) ដើម្បីជៀសវាងការសើុបអង្កេតខុសតម្រុយ ។ តើកត្តាសំខាន់បំផុតដែលអាចលាតត្រដាងអាថ៍កំបាំងជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី នៅឯណា⁣ ។ ចំណុចនេះ យើងចាំបាច់ត្រូវតែលើកយក ហេតុផល តក្កវិជ្ជា និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ មកត្រិះរិះពិចារណាទាំអស់គ្នា ។ បើតាមការយល់ឃើញរបស់ស្មេរ ៖ ១ យុទ្ធសាស្ត្រស្វាសុីបាយរួចលាបមាត់ពពែ រវាងគណបក្សប្រជាជន និងសង្គ្រេាះជាតិ ដើម្បីកំចាត់គ្នាទៅវិញទៅមក ។ កត្តានេះ មិនអាចជាកត្តាសំខាន់បំផុតទេពីព្រេាះបក្សពាក់ព័ន្ធនឹងបាត់បង់ការគាំទ្រពីពលរដ្ឋប្រសិនបើការពិតត្រូវបានលាតត្រដាង ។ ២ ឧប្បមាថា លោក កែម ឡី⁣ ជាអ្នកផ្តល់ពត៍មានពិស្តារអំពីអាណាចក្រពាណិជ្ជកម្មរបស់ត្រកូល ហ៊ុន ឲ្យទៅអង្គការ⁣ គ្លូបលវិតនេស (Global Witness) ហើយត្រូវបានត្រកូល ហ៊ុន⁣ សម្រេចសម្លេះចោល ។ កត្តានេះ ក៏មិនមែនជាកត្តាសំខាន់បំផុតដែរ ព្រេាះថាបើទង្វើនេះលាក់មិនជិត ត្រកូល ហ៊ុន នឹងត្រូវរាស្ត្រខ្មែរទូទាំងនគរស្អប់ ។ បើអ្វីៗទាក់ទិននឹងអ្នកមានអំណាចនៅស្រុកខ្មែរមិនមែនជាកត្តាសំខាន់បំផុត តើកត្តាសំខាន់បំផុតនៅឯណា ។ បើតាមការយល់ឃើញរបស់ស្មេរ កត្តាសំខាន់បំផុត គឺអាចស្ថិតនៅជាមួយនឹងមហាមិត្តជិតខាងរបស់កម្ពូជាឯណេាះវិញទេ ។ ប៉ុន្តែ ដរាបណាយើងគ្មានភស្តុតាងជាក់លាក់ យើងមិនអាចចោទនរណាម្នាក់បានឡើយ ។ ប្រទេសកម្ពូជាមានមិត្តភូមិផងរបងជាមួយចំនួនបី គឺ យួន⁣ លាវ និង សៀម ។ ប្រទេសទាំងបី សុទ្ធតែមានទ្រព្យសម្បត្តិខ្មែរនៅក្នុងដៃរបស់ខ្លួន⁣ ទឹកដីនិងប្រាសាទព្រមទាំងពលរដ្ឋខ្មែរមួយចំនួនធំផង ។ ផ្អែកលើមូលដ្ឋាន រាលផលិទិក Realpolitik (នយោបាយបរទេស ធ្វើយ៉ាងណាឲ្យប្រទេសខ្លួនចំណេញនិងរុងរឿង ទេាះបីត្រូវបំផ្លាញប្រទេសដទៃដែលជាមិត្តមុឺនឆ្នាំ ក៏អត់បញ្ហា) យើងអាចយល់បានថា មិត្តភូមិផងរបងជាមួយរបស់កម្ពុជា ជាពិសេស យួននិងសៀម មិនចង់ឃើញខ្មែររីកចម្រើន ទាំងនយោបាយ សេដ្ឋកិច្ច⁣ និងសតិបញ្ញានេាះទេ ។ ព្រេាះថា បើខ្មែររីកចម្រើនខ្លាំងលើវិស័យទាំងបី ខ្មែរអាចរកមធ្យោបាយទាមទាយកបងប្អូនខ្មែរព្រមទាំងទឹកដីដែលពួកគេកំពុងរស់នៅលើសព្វថ្ងៃត្រឡប់មកវិញ ។ ដូច្នេះ សកម្មភាពអ្វីក៏ដោយ ដែលធ្វើឲ្យខ្មែរខ្សោយ សមមិត្តដែលរស់នៅក្បែរខ្មែរនឹងទទួលផល ។ នៅក្នុងចំណោមប្រទេសភូមិផងរបងជាមួយរបស់កម្ពុជា តើប្រទេសណាមួយអាចនឹងពាក់ព័ន្ធករណីឃាតកម្មលើបណ្ឌិត កែម ឡី ។ ចំណុចនេះ យើងអាចប្រើវិធីខាងលើ ហើយជ្រើសរើសយកប្រទេសមួយ ។ ដោយហេតុថា យើងមិនទាន់រកបានភស្តុតាងជាក់លាក់⁣ យើងសូមដាក់ឈ្មេាះ "គេ" ជំនួសឲ្យឃាដករ ឬក្រុមឃាដករ ដែលនៅពីក្រោយឃាតកម្មនេះ ។ កត្តាដែលបណ្តាលឲ្យលោក កែម ឡី ស្លាប់គឺមានរាប់មិនអស់ ។ ប៉ុន្តែ កត្តាពាក់ព័ន្ធធំៗដែលយើយអាចយកមកត្រិះរិះពិចារណាគឺមានមិនច្រើនទេ ។ កត្តាទាំងនេះរួមមាន៖ ១ យុទ្ធនាការ ១០០រាត្រី ២ ជនអន្តោប្រវេសន៍ខុសច្បាប់ ៣ ជម្លេាះនៅសមុទ្រចិនខាងត្បូង ៤ និយាយអំពីអាណាចក្រសារជីវកម្មត្រកូល ហ៊ុន ៥ រិះគន់ភាពទន់ខ្សោយរបស់រដ្ឋាភិបាលខ្មែរក្នុងការដេាះស្រាយបញ្ហាសង្គម ។ល។ ចំណុចទាំងនេះសុទ្ធតែជាហេតុដែលអាចឲ្យ "គេ" សម្រេចចិត្តធ្វើឃាដលោក កែម ឡី ។ តើគេអាចទទួលបានផលអ្វីខ្លះបន្ទាប់ពីសម្លាប់លោក កែម ឡី ។ ១ យុទ្ធសាស្ត្រ អារកមាន់បន្លាចស្វា ។ គេ ចង់ផ្ញើសារទៅមនុស្សមួយចំនួន រាប់បញ្ចូលទាំងអ្នកនៅក្នុងជួររដ្ឋាភិបាលផងថា⁣ មិនត្រូវរសាត់ឆ្ងាយពីអ្នកមានគុណពេកទេ ។ គេ មានភ្នាក់ងារសម្ងាត់ដែលអាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងស្រុកខ្មែរបានគ្រប់ពេលវេលា ។ ២ យុទ្ធសាស្ត្រ ស្វាសុីបាយរួច⁣ យកបាយទៅលាបមាត់ពពែ និងខ្ចីដៃសត្រូវសម្លាប់សត្រូវ ។⁣ គេ ដឹងថាពលរដ្ឋខ្មែរជិតពាក់កណ្តាលនៃចំនួនសរុបមិនគាំទ្របក្សដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះទេ ។ ដូច្នេះ ការស្លាប់របស់លោក កែម ឡី នឹងមានការសង្ស័យលើបក្សដឹកនាំរដ្ឋ ដែលអាចឈានដល់ការធ្វើបាតុកម្ម⁣ កុប្បកម្ម ឬក៏អំពើហឹង្សានានាទៀតផង ។⁣ នៅពេលមានអំពើហឹង្សាកើតឡើង អ្នកដែលរងគ្រេាះឬបាត់បង់ជីវិតមុនគេគឺអ្នកក្លាហាន ស្នេហាជាតិ ស្នេហាយុត្តិធម៍ ដែលជាធនធានមនុស្សសំខាន់បំផុតសម្រាប់កសាងប្រទេសឲ្យរឹងមាំ (មនុស្សប្រភេទលោក កែម ឡី នេះឯង) ។ ៣ យុទ្ធសាស្ត្រ បាញ់ព្រួញមួយត្រូវចាបពីរ⁣ ឬក៏ច្រើនលើសពីពីរ ។ គេ ដឹងច្បាស់ណាស់ថា ប្រទេសខ្មែរកំពុងតែអនុវត្តិលទ្ធិប្រជាធិបតេយ្យដែលគ្មានរចនាសម្ព័ន្ធទ្រទ្រង់រឹងមាំ ។ នៅពេលប្រជាធិបតេយ្យបរាជ័យ ស្រុកខ្មែរនឹងក្លាយទៅជាប្រទេសអាណាធិបតេយ្យ ដែលបណ្តាលឲ្យអ្នកនយោបាយនិងពលរដ្ឋប្រខាំគ្នានិងកាប់សម្លាប់គ្នាដណ្តើមអំណាចដូចឆ្កែដណ្តើមញី ។ ផ្អែកលើមេរៀនប្រវត្តិសាស្ត្រ ពេលខ្មែរកាប់សម្លាប់គ្នា អ្នកដែលទទួលផលធំគឺតែងតែជាមិត្តភូមិផងរបងជាមួយ ។ នេះគ្រាន់តែជាជ្រុងមួយនៃការពិចារណារបស់ស្មេរ ។ ទន្ទឹមនឹងនេះដែរ យើងក៏មិនត្រូវមើលរំលងទង្វើរបស់ក្រុមជនអន្ធពាលនៅក្នុងស្រុកឡើយ ។ យើងមិនត្រូវភ្លេចទេថា ខ្មែរដែលអគតិ មិនដែលរួញរាក្នុងការកាប់សម្លាប់ខ្មែរគ្នាឯងទេ ។ សម្រាប់ខ្មែរដែលមិនយល់ ឬមិនទទួលស្គាល់ចំណុចនេះ សូមមេត្តាទៅមើលឆ្អឹងលលាដ៏ក្បាលនៅជើងឯក នេាះអ្នកនឹងយល់ជាមិនខាន ។ សង្ឃឹមថាចំណីខួរក្បាលនេះអាចញុាំងឲ្យមិត្តអ្នកអានចូលរួមត្រិះរិះពិចារណាបន្ថែមដើម្បីរួមចំណែងបំពេញបំណងរបស់លោកបណ្ឌិត កែម ឡី ព្រេាះថាអ្វីដែលគាត់ចង់បាន ចង់ឃើញបំផុតនេាះ គឺការប្រើគំនិតត្រិះរិះពិចារណានេះឯង ។

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...