Thursday, December 6, 2018

ចំណីខួរក្បាល

ស្គាល់ "ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់" (Know yourself, know your enemies; a hundred battles, a hundred victories) ជាដំបូន្មានចិនបុរាណដ៏មានសារប្រយោជន៍ជាទីបំផុត ។ មិនថានៅក្នុងវិស័យសង្គ្រាម នយោបាយ ពាណិជ្ជកម្ម ឬក៏ការសិក្សាឡើយ អ្នកដែលយល់និងយកគំនិតនេះមកធ្វើជាគោល រមែងទទួលបានជោគជ័យនៅក្នុងដំណើរជីវិត ។ តើស្គាល់ដោយវិធីណា បើពិភពលោកនេះមានការបោកប្រាស់និងអំពើទុច្ចរិតស្ទើរតែគ្រប់រូបភាពនោះ? ចម្លើយដ៏ខ្លីគឺ រៀន ។ រៀនមានទៅមានមក (Two way street) ។ បើអ្នកមានសត្រូវ ឬគូបដិបក្សដែលត្រូវប្រកួតគ្នា ភាគីដែលស្គាល់អត្តចារិត ឬយុទ្ធសាស្ត្ររបស់សត្រូវខ្លួនច្រើនជាងភាគីម្ខាងទៀត ឈ្នះ ។ ឈ្នះ ក៏ត្រូវមានយុទ្ធសាស្ត្រឈ្នះដែរ ។ មុននឹងព្យាយាមយកឈ្នះលើគេ ត្រូវយកឈ្នះលើខ្លួនឯងសិន (ស្គាល់ខ្លួនឯង) ។ និយាយអំពីការស្គាល់ខ្លួនឯងនេះ ខ្ញុំនឹកទៅដល់គណៈបក្សសង្គ្រោះជាតិ ដែលកំពុងតែឈ្លោះទាស់ទែងគ្នារញ៉េរញ៉ៃ ។ ពួកគេធ្វើការជាមួយគ្នា បង្កើតយុទ្ធសាស្ត្រនយោបាយជាមួយគ្នា យូរក្រែលដែរហើយ ប៉ុន្តែអ្វីដែលកំពុងតែស្តែងចេញមក បង្ហាញថា ពួកគេនៅមិនទាន់ស្គាល់ខ្លួនឯងនៅឡើយ ។ បើមិនស្គាល់ខ្លួនឯងផង តើទៅប្រកួតយកឈ្នះគណៈបក្សប្រជាជនដូចម្តេចទៅ? សង្ឃឹមថា ទំនាស់ក្នុងបក្សសង្គ្រោះជាតិ ជាឆាកល្ខោនដែលពួកគេធ្វើឡើងដើម្បីបំភ័ន្តភ្នែកបង្វែងដានសត្រូវរបស់ពួគេទៅចុះ ។ ស្គាល់ ជាពាក្យសាមញ្ញដែលមនុស្សគ្រប់រូបប្រើប្រចាំថ្ងៃ ប៉ុន្តែវាមានសារប្រយោជន៍ជ្រាលជ្រៅនៅពេលដែលយើងភ្ជាប់វាជាមួយនឹង សង្គ្រាម នយោបាយ ពាណិជ្ជកម្ម ឬការសិក្សា ។ នៅក្នុងដំណើរនយោបាយ យុទ្ធសាស្ត្រស្គាល់ជាគន្លឹះដ៏សំខាន់បំផុតក្នុងការសម្រេចជោគវាសនាមនុស្ស ។ កាលលោក មហាត័្មកគន្ធី ដឹកនាំពលរដ្ឋឥណ្ឌាឲ្យស៊ូទ្រាំនឹងការវាយដំច្រំធាក់ពីសំណាក់អាជ្ញាធរអាណានិគមអង់គ្លេស ដោយមិនតបតនោះ គាត់ស្គាល់ច្បាស់លាស់ណាស់ថាប្រទេសនិងពលរដ្ឋអង់គ្លេសមានកំរិតគិតដល់សិទ្ធិមនុស្សខ្ពស់ ។ ដូច្នេះ ការស៊ូទ្រាំរបស់ពលរដ្ឋឥណ្ឌានៅគ្រានោះ បានក្លាយទៅជាកត្តលិករ (Catalyst) ជម្រុញអង់គ្លេសឲ្យផ្តល់សិទ្ធិសេរីភាពនិងឯករាជដល់ពលរដ្ឋឥណ្ឌាវិញ ។ នៅពេលគណៈបក្សសង្គ្រោះជាតិយកយុទ្ធសាស្ត្រដូចគ្នានេះមកអនុវត្តតទល់ជាមួយនឹងគណៈបក្សប្រជាជននៅកម្ពុជា ពួកគេបានត្រឹមតែត្រូវដំបង ជាប់គុក និងរត់រប៉ាត់រប៉ាយ រហូតដល់រលាយទាំងគណៈបក្សថែមទៀត ។ នេះហើយជាលទ្ធផលនៃការមិនស្គាល់ ។ ការស្វែងយល់និងស្គាល់គណៈបក្សប្រជាជន មិនមែនជាការងាយស្រួលទេ ។ ប៉ុន្តែ បើយើងរៀន គ្មានអ្វីដែលយើងមិនអាចស្គាល់នោះទេ ។ សង្ខេបឲ្យខ្លី គណៈបក្សប្រជាជន មានប្រភពចេញមកពីលទ្ធិកុម្មុយនីស្ត ។ លទ្ធិកុម្មុយនីស្ត ប្រើរបបផ្តាច់ការ ។ របបផ្តាច់ការ យកអំពើហឹង្សាជាគោល ។ អំពើហឹង្សា មិនរួញរាក្នុងការបំពានសិទ្ធិមនុស្សទេ ។ នេះគឺជាកត្តាមួយដែលគណៈបក្សនយោបាយនានានៅកម្ពុជាត្រូវស្គាល់និងរកយុទ្ធសាស្ត្រមកដោះស្រាយ មុននឹងដេកសង្ឃឹមរវើរវាយបង្ហោះក្តីស្រមៃទៅរកជ័យជម្នះ ។ បើនិយាយអំពីយុទ្ធសាស្ត្រយកឈ្នះលើគណៈបក្សប្រជាជននោះ មានមិនខ្វះទេ ។ អ្វីដែលខ្វះ គឺឆន្ទៈនយោបាយ ។ សម្រាប់អ្នកដែលចង់ដឹងថាតើឆន្ទៈនយោបាយអ្វីខ្លះ ដែលអាចនាំទៅដល់ជ័យជម្នះ ឬក៏ភាពឈ្នះ-ឈ្នះ នោះ? ចម្លើយគឺ លះបង់ (ផលប្រយោជន៍បក្សនិងបុគ្គល ផ្តល់អាទិភាពឲ្យរដ្ឋនិងរាស្ត្រគ្រប់រូប) ។ បើលះបង់មិនបានទេ គួរកុំនិយាយអំពីឆន្ទៈនយោបាយអី ។ នៅក្នុងដំណើររកដំណោះស្រាយកាត់បន្ថយអំពើព្រៃផ្សៃនៃរបបផ្តាច់ ឬក៏កែប្រែចរិតរបបផ្តាច់ការ គេឃើញមានការព្យាយាមមួយចំនួនដូចជាការនាំយកកូនជនផ្តាច់ការឲ្យទៅសិក្សានៅក្នុងប្រទេសប្រជាធិបតេយ្យ ឬក៏លើកទឹកចិត្តជនផ្តាច់ការឲ្យបើកចំហរសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយដោយអនុវត្តតាមលទ្ធិប្រជាធិបតេយ្យជាដើម ។ ប៉ុន្តែ ការប្រឹងប្រែងទាំងនោះហាក់ដូចជាគ្មានបានទទួលលទ្ធផលវិជ្ជមានទេ ។ ជាទូទៅ កូនជនផ្តាច់ការដែលទៅសិក្សានៅក្នុងប្រទេសប្រជាធិបតេយ្យ មិនយកគំនិតនៅក្នុងលទ្ធិប្រជាធិបតេយ្យទៅដឹកនាំប្រទេសទេ ។ ផ្ទុយមកវិញ ពួកគេយកចំណុចខ្សោយនានានៅក្នុងលទ្ធិប្រជាធិបតេយ្យទៅពង្រឹងរបបផ្តាច់ការបានរឹងមាំជាងមុនទៅទៀត ។ ឯជនផ្តាច់ការដែលពាក់អាវប្រជាធិបតេយ្យក៏ដូចគ្នាដែរ ។ ពួកគេតែងតែយកច្បាប់សម្រាប់គាំពារពលរដ្ឋ មកបត់ធ្វើជាឧប្បករណ៍គៀបសង្កត់ពលរដ្ឋទៅវិញ ។ នៅពេលជនផ្តាច់ការប្រកាសថា អនុវត្តច្បាប់ ពង្រឹងនិតិរដ្ឋ ធាតុពិតគឺជាការគៀបសង្កត់សិទ្ធិសេរីភាព ។ ផលវិបាកទាំងនេះ មិនមែនមកពីលទ្ធិប្រជាធិបតេយ្យមានទ្រឹស្តីទន់ខ្សោយជាងលិទ្ធិកុម្មុយនីស្តដែលជាព្រះគម្ពីររបស់ជនផ្តាច់ការនោះទេ ។ កត្តាជោគជ័យឬបរាជ័យ គឺស្ថិតនៅលើពាក្យ "ស្គាល់" នេះឯង ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...