Wednesday, April 19, 2023

ចំណីខួរក្បាល

អេះសេ និង អេះសិរ មានរឿងមួយដំណាលថា នារីខ្មែរម្នាក់បានទៅបន្តការសិក្សាយកមហាបរិញ្ញាប័ត្រនៅស្រុកបារាំង ។ ពេលត្រឡប់មកស្រុកខ្មែរវិញ ម្តាយនាងរៀបចំស្លម្ជូរគ្រឿងឲ្យនាងញ៉ាំ ដើម្បីទទួលអបអរការវិលមកកាន់មាតុភូមិរបស់នាង ។ ពេលម្តាយនាងកំពុងស្ល នាងក៏ចូលទៅកន្លែងដាំស្លដើម្បីជួយបង់គ្រឿងគ្រៅម្តាយនាង ។ ក្លិនប្រហុក ខ្ជាយ និង គល់ស្លឹកគ្រៃ ធ្វើឲ្យនាងស្រក់ទឹកមាត់ដ្បិតខានញ៉ាំសម្លម្ជូរគ្រឿងយូរហើយ ។ នាងឈ្ងោកមុខក្បែរឆ្នាំងសម្លដើម្បីស្រូបយកក្លិនដ៏ឈ្ងុយឈ្ងប់នោះ ហើយក៏និយាយទៅកាន់ម្តាយថា៖ "ម៉ែៗ! ហុចវែកមកឲ្យខ្ញុំ ។ ខ្ញុំសុំអេះសិរបន្តិចមើល" ។ ម្តាយនាងបើកភ្នែកធំៗដោយអាការភ្ញាក់ផ្អើល ។ គាត់ហុចវែកទៅឲ្យកូនស្រីហើយលួចនិយាយខ្សឹបៗក្នុងពោះតែម្នាក់ឯងថា៖ "យីអើមីនេះ! កាលពីដើមមិញវាប្រើតែម្រាមដៃដើម្បីអេះ ។ ដល់បានទៅរៀននៅស្រុកបារាំង វាបែកគំនិតទៅប្រើវែកឯណាឯណោះឆ្កុយទៅ" ។ អេះសិរ ឬអេះក្បាល គឺជាការភាន់ច្រឡំរវាងម្តាយនិងកូន ។ អ្វីដែលជាកត្តាសំខាន់នៅទីនេះគឺពាក្យ Essay (អានថាអេះសេ) ឬ Essais ជាភាសាបារាំងដែលនាងក្រមុំនិយមភាសាបរទេសយកមកនិយាយជាមួយម្តាយ ។ ពាក្យនេះ បើនិយាយក្នុងន័យដាំស្លមានន័យថា ភ្លក្សរសជាតិសាក លមើល ។ ប៉ុន្តែ ជាទូទៅគេប្រើពាក្យ Essay នេះតែនៅក្នុងការសរសេរអត្ថបទវិចារណកថា ឬពិចារណាប៉ុណ្ណោះ ។ នៅក្នុងកាលៈទេសៈដទៃ គេមិនសូវប្រើពាក្យនេះទេ ។ បច្ចុប្បន្ន ខ្ញុំឃើញអ្នកសិក្សាខ្មែរជាច្រើនបកប្រែពាក្យ Essay or Essais ថា៖ សិក្សាសាកល្បង ឬ សាកល្បងវិភាគ ។ល។ និង ។ល។ ការប្រើពាក្យ "សាកល្បង" នៅទីនេះ វាហាក់ដូចជាចាស់គំរិលបន្តិចហើយ ។ កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំសរសេរអត្ថបទ អេះសេ ស្ទើរតែរាល់ខែ ជាពិសេសនៅក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និង អក្សរសាស្ត្រ ឬសង្គមសាស្ត្រ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនជាមួយនឹងការសរសេរអត្ថបទ អេះសេ ទាំងនោះ វាមិនមែនជាកិច្ចការសាកល្បងឡើយ ។ អត្ថបទនីមួយៗ ត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវ វិភាគ និង ពិចារណាល្អិតល្អន់ស្ទើរតែដូចនិក្ខេបទ ។ នៅសតវត្សទី ១៧ និង ១៨ ស្មេរវិចារណកថាមួយចំនួន (Essayists) ចាត់ទុកសំណេរ (Essay) ថាជាការសាកល្បងវិភាគនិងពិភាក្សាអំពីមុខវិជ្ជា ឬវិបាកអ្វីមួយ ។ ប៉ុន្តែ មកដល់សតវត្សទី ១៩ ២០ និង ២១ នេះ សំណេរ អេះសេ បានវិវឌ្ឍចេញពីភាវសាកល្បងមកចាប់យករូបរាងថ្មីមួយ ដែលមានភាពប្រាកដនិយមក្នុងមុខងារអប់រំផង និងបណ្តុះបញ្ចុះបញ្ចូលមនុស្សឲ្យលុះក្នុងមនោគមវិជ្ជាផង ។ សំណេរ អេះសេ ដ៏ល្បីល្បាញបំផុតគឺអត្ថបទកាសែតសហព័ន្ធ (The Federalist Papers) ដែលនិពន្ធដោយអ្នកនយោបាយអាមេរិកាំងពីរបីរូបនៅសតវត្សទី ១៩ ។ ថ្វីដ្បិតតែស្មេរ អេះសេ ទាំងនោះមិនបញ្ចេញឈ្មោះឲ្យនរណាស្កាល់ក៏ដោយ ក៏អ្នកស្រាវជ្រាវជឿជាក់ថា វាជាស្នាដៃរបស់សមាជិកតាក់តែងរដ្ឋធម្មនុញ្ញអាមេរិកាំងបី ឬបួនរូប ដែលព្យាយាមបញ្ចុះបញ្ចូលសមាជិកដទៃនិងមហាជន ឲ្យគាំទ្រទិដ្ឋិរបស់ខ្លួន ។ រដ្ឋធម្មនុញ្ញដែលសហរដ្ឋអាមេរិកប្រើសព្វថ្ងៃ គឺឆ្លុះបញ្ចាំងអំពីទិដ្ឋិនៅក្នុងសំណេរ អេះសេ ទាំងនោះ ។ បច្ចុប្បន្ននេះ សំណេរ អេះសេ ទាំងនោះត្រូវបានគេប្រមូលបោះពុម្ពនៅក្នុងសៀវភៅមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវជាវយកទៅវិភាគ ។ កាលរៀនវិទ្យាសាស្ត្រនយោបាយប្រមាណជា ៣០ឆ្នាំ មុន ខ្ញុំក៏ធ្លាប់មានសៀវភៅប្រជុំអត្ថបទ អេះសេ នោះមួយដែរ ។ វិលទៅពិចារណាអំពីការបកប្រែពាក្យ Essay or Essais ជាភាសាខ្មែរវិញម្តង ។ អត្ថន័យនៃពាក្យ Essay/Essais នេះ គឺមិនខុសអំពីពាក្យ អេះសិរ និង អេះក្បាល នៅក្នុងភាសាខ្មែរឡើយ ។ ថ្វីដ្បិតតែពាក្យអេះសិរនិងអេះក្បាលមានន័យតែមួយ ក៏ប៉ុន្តែបើយើងពិនិត្យឲ្យមធ្យ័ត ពាក្យអេះសិរ មានន័យទូលំទូលាយជាង អេះក្បាល ។ ឧទាហរណ៍ បើយើងអេះក្បាលមាន់ យើងនឹងអេះប៉ះសាច់មួយដុំនៅលើក្បាលនោះ ដែលមានឈ្មោះថា សិរ ដែរ ។ អាចមានករណី សិរ ផ្សេងទៀត ក៏ប៉ុន្តែអ្វីដែលជាវិបាកនៅទីនេះ គឺការបកប្រែពាក្យ Essay/Essais ជាភាសាខ្មែរឲ្យបានត្រឹមត្រូវទៅតាមការវិវឌ្ឍរបស់វា ។ ថ្មីៗនេះ ខ្ញុំឃើញមិត្តក្នុងហ្វេសប៊ុកម្នាក់បង្ហោះពាក្យ អភិប្រាយ ដែលជាការបកស្រាយនៃពាក្យ Essay or Essais ។ ខ្ញុំគិតថា ការប្រើពាក្យ អភិប្រាយ មកអធិប្បាយពាក្យ Essay/Essais គឺមានភាពត្រឹមត្រូវទៅតាមកាលវេលា ដ្បិតអត្ថបទ អភិប្រាយ (Essay) នាបច្ចុប្បន្នកាលនេះ មិនមែនជាការសាកល្បងសិក្សាទេ ។ វាជាការសិក្សាពិចារណាប្រកបដោយភាពប្រាកដនិយម ៕

Thursday, April 13, 2023

ចំណីខួរក្បាល

ភាគហ៊ុនិក ថ្មីៗនេះ ឃើញគេបង្ហោះពាក្យ ភាគហ៊ុនិក ថាជាពាក្យទើបបង្កើតថ្មីដែលក្រុមប្រឹក្សាជាតិភាសាខ្មែរទើបអនុមតិឲ្យប្រើជាផ្លូវការ ។ មានមតិមួយចំនួនរិះគន់ថា ពាក្យនេះបង្កើតឡើងតាមតែចិត្តនឹកឃើញ ។ ខ្ញុំចេះភាសាខ្មែរតិចតួចស្តួចស្តើងណាស់ ។ មិនដឹងអំពីរបៀបបង្កើតពាក្យតាមវិធី កម្លាយ ឬក៏សូរសព្ទសូរសៀងអ្វីឡើយ ។ ប៉ុន្តែ ខ្ញុំចង់យកពាក្យបរទេស (Shareholders or Stakeholders) ដែលខ្ញុំគិតថាជាឫសគល់នៃពាក្យ ភាគហ៊ុនិក នេះមកពិចារណាសាកល្បងមើល ។ ពាក្យ Shareholders មានបងប្អូនភ្លោះរបស់វាមួយទៀតដែលគេហៅថា Investers (វិនិយោគិន) ។ នៅក្នុងចំណោមវិនិយោគិន ឬអ្នកចូលរួមរកសុីទាំងអស់ អាចមានមនុស្សមួយក្រុមទៀតដែលគេហៅថា ស្ថាបនិក (Founders) ។ ស្ថាបនិកអាចជាមនុស្សតែម្នាក់ ឬក៏ច្រើននាក់ ។ ពាក្យទាំងពីរទាំងបីនេះ បើនិយាយឲ្យងាយយល់គឺសំដៅលើមនុស្សដែលយកប្រាក់ មាស ឬក៏ទ្រព្យដទៃ ទៅចូលរួមរកសុីនៅក្នុងមុខរបរ ឬសហគ្រាសអ្វីមួយ ដែលភាសាអង់គ្លេសហៅថា Enterprise ។ អ្នកដែលចូលរួមនៅក្នុង Enterprise គេហៅថា Entrepreneurs (សហគ្រិន) ។ ដូច្នេះ នៅពេលយើងយកពាក្យទាំងអស់នេះមកភ្ជាប់ទំនាក់ទំនងនឹងគ្នាតាមវិធី យោង-ព្យួរ-ត-ភ្ជាប់ យើងទទួលបាន Founder(s) => Shareholders/Investers => Entrepreneurs ។ ពាក្យ សហគ្រិន (Entrepreneus) នៅក្នុងក្របខណ្ឌពាណិជ្ជកម្មគឺមានន័យទូលំទូលាយអាចប្រើការបាន ដោយមិនចាំបាច់បង្កើតពាក្យថ្មីមកជំនួសទេ ។ ពាក្យនេះ ខ្មែរយើងក៏ធ្លាប់បានប្រើក្នុងវិស័យពាណិជ្ជកម្មយូរយាណាស់មកហើយដែរ ។ សហគ្រិន និង ភាគហ៊ុនិក! តើអ្នកចូលចិត្តប្រើមួយណា ???

Wednesday, April 5, 2023

ចំណីខួរក្បាល

សង្វេគអាចម៍ អាចម៍ជាពាក្យអសុរស ។ អ្នកដែលប្រើពាក្យអាចម៍នៅក្នុងការនិយាយស្តីឬសរសេរ អាចនឹងត្រូវគេស្អប់ដូចអាចម៍ ។ ប៉ុន្តែ ប្រសិនបើយើងយកពាក្យអាចម៍ទៅប្រើនៅក្នុងវិធី យោង-ព្យួរ-ត-ភ្ជាប់ នៃការបកស្រាយតក្កវិជ្ជា វាពិតជាមានអត្ថរស និង អត្ថរូប គួរឲ្យស្ញប់ស្ញែង ។ ភាសាអង់គ្លេសហៅការវែកញែកបែបតក្កវិជ្ជាថា (Syllogism or Deductive reasoning) ។ កាលពីពេលថ្មីៗនេះ ខ្ញុំនិងមិត្តម្នាក់បាននាំគ្នាទៅកើបអាចម៍សេះពីកន្លែងចិញ្ចឹមសេះមួយ ដើម្បីយកមកធ្វើជាជីដាក់ដំណាំនៅក្រោយផ្ទះ ។ យើងប្រមូលអាចម៍សេះបានម្នាក់ ៥ស្បោង ដែលមានទម្ងន់ប្រហែល ២០គីឡូក្រាមក្នុងមួយស្បោង ។ ពេលខ្ញុំចាក់អាចម៍សេះចេញពីក្នុងស្បោង កូនៗខ្ញុំដែលមិនដែលភពប្រសព្វជាមួយនឹងអាចម៍សេះ ឬអាចម៍គោក្របី យកដៃខ្ទប់ច្រមុះហើយស្រែកថា ស្អុយណាស់ៗ! ខ្ញុំប្រាប់ពួកគេថា អាចម៍សេះក៏ដូចជាជីកំប៉ុស្តស្លឹកឈើ ដែលគេលក់នៅក្នុងហាងលក់កូនរុក្ខជាតិដែរ គ្មានអ្វីគួរឲ្យខ្ពើមទេ ។ ពោលរួច ខ្ញុំក៏រើសអាចម៍សេះពីរដុំមកកាន់ក្នុងដៃដើម្បីបង្ហាញពួកគេនូវកំទេចស្មៅនិងចំបើងនៅក្នុងអាចម៍សេះនោះ ។ កូនខ្ញុំរត់គេចចេញអំពីខ្ញុំដោយអាការខ្ពើមរអើម ។ តាមពិត ពួកគេអត់ខ្ពើមខ្ញុំទេ ។ អ្វីដែលពួកគេខ្ពើម គឺអាចម៍សេះដែលនៅក្នុងដៃខ្ញុំ ។ ខ្ញុំយកកត្តាអាចម៍សេះមកពិចារណា ក៏មើលឃើញថា វាមានអត្ថន័យ អត្ថរូប និងអត្ថរស ជ្រាលជ្រៅណាស់ ។ ជ្រៅជាងមេរៀនតក្កវិជ្ជាដែលខ្ញុំធ្លាប់រៀនទៅទៀត ។ ខ្មែរយើងមានពាក្យមួយឃ្លាដែលពោលថា៖ "ស្អប់ដូចអាចម៍" ។ ពាក្យនេះ នរណាក៏យល់អំពីអត្ថន័យរបស់វាដែរ ។ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ត្រូវបានបង្ខំចិត្តរស់ជាមួយនឹងសភាវ "ស្អប់ដូចអាចម៍" នេះ គ្រប់ៗគ្នា ។ កត្តាមួយដែលពលរដ្ឋខ្មែរស្អប់ដូចអាចម៍គឺអំពើពុករលួយ ។ បើយើងប្រៀបធៀបអំពើពុករលួយទៅនឹងអាចម៍ អ្នកដែលប្រព្រឹត្តិអំពើពុករលួយគឺមិនខុសអំពីយកអាចម៍មកកាន់ក្នុងដៃឡើយ ។ អ្វីដែលជារឿងសង្វេគជាងអាចម៍នៅក្នុងដៃនោះគឺថា អ្នកដែលយកអាចម៍មកកាន់ក្នុងដៃ ហាក់ដូចជាមិនយល់ឬខ្វល់អំពីផលវិបាកនៃអាចម៍នៅក្នុងដៃនេះឡើយ ។ វាមិនត្រឹមតែបង្កឲ្យមានភាវស្អប់ខ្ពើមនៅក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមនុស្សដែលយកអាចម៍មកកាន់ក្នុងដៃ បាត់បង់តម្លៃនិងកិត្តិយសថែមទៀតផង ។ កត្តាមួយទៀតដែលជាសង្វេគអាចម៍ដែរនោះ គឺផ្តាច់ការនិយមនៅក្នុងការដឹកនាំប្រទេសជាតិ ។ មនុស្សគ្រប់ៗរូបស្អប់ណាស់ភាវផ្តាច់ការ ។ កុំថាឡើយនៅក្នុងសង្គមជាតិ សូម្បីតែនៅក្នុងសង្គមគ្រួសារក៏យើងស្អប់ភាវផ្តាច់ការដែរ ។ ក៏ប៉ុន្តែ ជនផ្តាច់ការមិនដែលពិចារណាអំពីប្រការនេះទេ ។ បំផ្លាញជីវិតនយោបាយរបស់អ្នកដទៃ ។ ងើបមួយវាយមួយ ។ ងើបពីរវាយពីរ ។ នរណានិយាយអ្វីទាស់ចិត្តក៏មិនបានដែរ ។ ដល់ពេលគេស្អប់ខ្ពើមមិនចង់រាប់រក មិនគាំទ្រ ក៏តាំងទោមនស្សទោម្នេញរករឿងរុកគួនគេឯងឥតស្រាកស្រាន្ត ។ ធាតុពិត គ្មាននរណាស្អប់ជនផ្តាច់ការ ឬក៏បុគ្គលដែលប្រព្រឹត្តិអំពើពុករលួយនោះទេ ។ អ្វីដែលមនុស្សទូទៅស្អប់ដូចអាចម៍នោះ គឺភាវផ្តាច់ការនិងអំពើពុករលួយ ។ បើយើងទម្លាក់ភាវ ឬទង្វើដែលនាំឲ្យគេស្អប់ខ្ពើមចោលចេញ គ្មាននរណាស្អប់ខ្ពើមយើងឡើយ ។ វាប្រៀបដូចជាខ្ញុំទម្លាក់អាចម៍សេះចេញពីក្នុងដៃដូច្នោះដែរ ។ កូនរបស់ខ្ញុំនៅតែស្រឡាញ់ខ្ញុំដដែល ថ្វីដ្បិតតែខ្ញុំធ្លាប់យកវត្ថុដែលពួកគេស្អប់ខ្ពើមមកកាន់ក្នុងដៃក៏ដោយ ។ នេះគឺជាមេរៀនដ៏វិសេសមួយដែលជនផ្តាច់ការ បុគ្គលពុករលួយ និងមនុស្សមួយចំនួនដែលកំពុងយកដុំអាចម៍មកកាន់ក្នុងដៃ គួរយល់ ។ ទម្លាក់អាចម៍ចោលទៅ បើមិនចង់ឲ្យគេស្អប់ខ្ពើម ។ មនុស្សគឺជាសត្វដែលយល់ហេតុផល មិនថាក្មេងឬចាស់ឡើយ ។ សូមនិយាយអំពីតក្កវិជ្ជាបន្តិច កុំឲ្យមិត្តអ្នកអានថាខ្ញុំយកពាក្យនេះមកបំផើមចោល ។ សម្រាប់ខ្ញុំ តក្កវិជ្ជា (Logic) ងាយរៀននិងងាយយល់ជាងទស្សនវិជ្ជា និងជាចំណេះដឹងដែលមានសារប្រយោជន៍ជាទីបំផុត ។ វាជាជំនួយឲ្យមនុស្សចេះពិចារណាជាជាងចាំតែជឿតាមគេ ។ តក្កវិជ្ជាផ្តល់លទ្ធភាពឲ្យមនុស្សមើលឃើញដំណើរដើមទងនានាដែលមានប្រភពចេញពី តថភាព ទៅកាន់ សច្ចភាព ឬពី តថភាព ទៅកាន់ ហីនភាព ។ ភាសាអង់គ្លេសហៅប្រការក្រឡាប់ចាក់នេះថា៖ Fallacious Consequences ។ ឧទាហរណ៍៖ មនុស្សកើតមកហើយរមែងស្លាប់ទៅវិញនៅថ្ងៃណាមួយ ។ ខ្ញុំជាមនុស្ស ។ ដូច្នេះ ខ្ញុំនឹងស្លាប់នៅថ្ងៃណាមួយ ។ ដូចគ្នាដែរ ព្រះអាទិទេពជាសភាវអមត ។ មនុស្សមិនមែនជាសភាវអមតទេ ។ ដូច្នេះ ព្រះអាទិទេពមិនមែនជាអ្នកបង្កើតមនុស្សឡើយ ។ មនុស្សម្នាក់អាចជីករណ្តៅបោះបង្គោលរបងមួយក្នុងរយៈពេល ៦០វិនាទី (ជីកដោយប្រើមាសុីនខួង) ។ ដូច្នេះ មនុស្ស៦០នាក់ អាចជីករណ្តៅបោះបង្គោលរបងមួយតែក្នុងរយៈពេល ១ វិនាទី ប៉ុណ្ណោះ ។ ឧទាហរណ៍ចុងក្រោយនេះគឺជាករណីក្រឡាប់ចាក់ពី តថភាព ទៅកាន់ ហីនភាព ឬពី ហំហាន ទៅកាន់ ហិនហោច ។ កត្តាចុងក្រោយនេះ បើវាកើតចេញអំពីការពិចារណារបស់អាជ័យប្តីមីគ្រត វាមិនសូវបង្កគ្រោះមហន្តរាយធំដុំទេ ។ តែបើវាកើតចេញពីការពិចារណារបស់អ្នកដឹកនាំប្រទេសជាតិ វានឹងបង្កឲ្យមានគ្រោះមហន្តរាយនិយាយមិនចេញឡើយ ។ ឧទាហរណ៍៖ ព្រៃឈើច្រើននាំឲ្យមានភ្លៀងធ្លាក់ច្រើន ។ ភ្លៀងធ្លាក់ច្រើននាំឲ្យមានទឹកជនលិចលង់ខូចបង់ទ្រព្យធន ។ ដូច្នេះ កាប់ព្រៃឈើចេញ ដើម្បីកាត់បន្ថយទឹកភ្លៀងនិងទឹកជំនន់ ។ ភ្នំពេញលិចជំនន់ទឹកភ្លៀងដោយសារវាស្ថិតនៅក្នុងតំបន់ទំនាបសម្បូរទៅដោយបឹងបួអូរស្ទឹង ។ ដូច្នេះ ចាក់ដីលុបបឹង លុបអូរឲ្យអស់ទៅ វានឹងឈប់លិចហើយ ។ល។ និង ។ល។ ឧទាហរណ៍នៃភាវ ហំហាន ទៅកាន់ភាព ហិនហោច មានច្រើនករណីផ្សេងទៀត ។ ប៉ុន្តែ សូមបញ្ចប់ត្រឹមនេះចុះ ។ មុននឹងបញ្ចប់ ខ្ញុំសូមរំឭកឡើងវិញថា មនុស្សលោកមិនដែលស្អប់មនុស្សដូចគ្នាទេ ។ គឺដុំអាចម៍ (Vices) ដែលយើងយកមកកាន់ក្នុងដៃ ជាកត្តានាំឲ្យអ្នកដទៃស្អប់ខ្ពើមយើង ៕ កំណត់៖ អត្ថបទនេះជាទិដ្ឋិសម្រាប់ពិចារណ ។ ស្មេរគ្មានចេតនាតិះដៀលបុគ្គលណាឡើយ ។

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...