Monday, August 31, 2020

ចំណីខួរក្បាល

តើប្រពន្ធខ្ញុំមិនយល់ចិត្តប្តី ឬក៏ខ្ញុំល្ងង់? កន្លងទៅថ្មីៗនេះ ខ្ញុំបានអានសំណេរបឋមនៃជីវប្រវត្តិរបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ហើយកត់សម្គាល់ចំណុចមួយដែលគាត់ទាស់នឹងស្វាមីគាត់ ។ គាត់ថាប្តីគាត់ចេញពីធ្វើការមិនទៀងម៉ោង ។ ជួនកាលប្តីគាត់មកដល់ផ្ទះនៅម៉ោង៦ ម៉ោង៧ ឬម៉ោង ៨ល្ងាច ។ ដូច្នេះ ដើម្បីជៀសវាងកុំឲ្យស្វាមីទទួលទានម្ហូបដែលចម្អិនទុកយូរ គាត់គ្រាន់តែហាន់សាច់ ចិតបន្លែ និងរៀបចំគ្រឿងគ្រៅចាំទាល់តែប្តីមកដល់ផ្ទះទើបចាប់ផ្តើមដាំស្លរ ។ គាត់ថាប្តីគាត់មិនរីករាយនឹងម្ហូបចម្អិនថ្មីៗទេ បែរជាស្តីឲ្យគាត់ថាមិនព្រមចម្អិនម្ហូបទុកឲ្យហើយរង់ចាំទាល់តែមនុស្សមកដល់ផ្ទះទើបចាប់ផ្តើមធ្វើ ។ ដោយក្តៅក្រហាយនឹងប្តីគាត់មើលមិនឃើញចេតនាល្អរបស់គាត់ អ្នកគ្រូ សេដ្ឋារិន តបទៅប្តីគាត់វិញថា៖ "ក្លាយជាខ្មោចពីកាលណា បានជាចូលចិត្តសុីម្ហូបសែន!" ។ យប់នោះ ពួកគាត់ដេកបែរខ្នងដាក់គ្នាដោយគ្មាននិយាយស្តីអ្វីឡើយ ។ ខ្ញុំគិតថាអ្នកគ្រូ សេដ្ឋរិន ប្រហែលជាធ្វើកិច្ចការផ្គាប់ចិត្តប្តីគាត់ខុសបច្ចេកទេស ។ ប្រសិនបើគាត់ធ្វើកិច្ចការនោះតាមបែបបទវិទ្យាសាស្ត្រ ប្តីគាត់ប្រហែលជាមិនឃ្នើសចិត្តទេ ។ ដោយហេតុតែខ្ញុំត្រូវបានអង្គភាពផ្អាកការងារក្នុងអគារស្ថាប័នរហូតដល់ដើមឆ្នាំក្រោយ ខ្ញុំមិនសូវមានការងារធ្វើនៅផ្ទះច្រើនទេ ។ ដូច្នេះ តួនាទីរបស់ខ្ញុំភាគច្រើនគឺមើលថែកូននិងចម្អិនអាហាររង់ចាំប្រពន្ធខ្ញុំវិលមកពីការិយាល័យវិញ ។ ប្រពន្ធខ្ញុំចេញពីធ្វើការងារមិនសូវទៀងម៉ោងដែរ ។ ជួនកាលគាត់ចេញមកផ្ទះនៅម៉ោង ៥ ។ ពេលខ្លះគាត់ចេញនៅម៉ោង ៦ល្ងាច ។ ខ្ញុំសង្កេតឃើញថា ប្រពន្ធខ្ញុំមកដល់ផ្ទះផ្លាស់ប្តូរសម្លៀកបំពាក់រួចចូលងូតទឹកដោយប្រើថេរវេលាប្រមាណជា ១៥នាទី ។ ឯឆ្នាំងបាយរបស់ខ្ញុំវាប្រើថេរវេលាប្រមាណជា ១៥នាទីដែរដើម្បីចម្អិនបាយ ។ ដូច្នេះ បើខ្ញុំរកវិធីធ្វើម្ហូបណាដែលអាចចម្អិនក្នុងរយៈពេល ១៥នាទី ខ្ញុំនឹងអាចរៀបចំម្ហូបក្តៅៗឲ្យភរិយាខ្ញុំទទួលទានបានយ៉ាងឆ្ងាញ់មាត់ ។ បន្ទាប់ពីរៀបគម្រោងរួច ខ្ញុំចាប់ផ្តើមបណ្តុះសណ្តែកដោយខ្លួនឯងដែលប្រើថេរវេលា ៥ថ្ងៃ ។ នៅពេលសណ្តែកបណ្តុះហុចផល ខ្ញុំរើសសម្អាតវាដាក់ទុកយ៉ាងល្អ រួចហើយចុះទៅទិញតៅហ៊ូបំពងនិងផ្កាគូឆាយពីផ្សារយួនដ៏ល្បីល្បាញមួយដើម្បីយកមកឆារសណ្តែកបណ្តុះផ្គាប់ចិត្តប្រពន្ធខ្ញុំ ។ ដើម្បីធានាឱជារសម្ហូបឲ្យខ្ពស់កប់អាកាស ខ្ញុំឈៀងចូលទៅទិញបង្គាស្រស់បង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន ១គីឡូក្រាមថែមទៀត ។ ល្ងាចនោះ ខ្ញុំរៀបចំបង្គា តៅហ៊ូ បន្លែបង្កា និងវាល់អំបិល ស្ករ ទឹកសុីអុីវ ព្រមទាំងគ្រឿងទេសនានាបម្រុងទុករួចស្រេច ទើបចុះបើកបរឡានទៅដឹកប្រពន្ធខ្ញុំពីការិយាល័យនៅឯដោនថោន (កណ្តាលទីក្រុង) ។ មកដល់ផ្ទះភ្លាម ខ្ញុំប្រាប់ភរិយាឲ្យចូលទៅប្តូរសម្លៀកបំពាក់ហើយងូតទឹកសិនទៅ ចាំខ្ញុំចូលទៅដាំបាយនិងរៀបចំស្លរស្លុក ។ "ស្អី! អត់ទាន់ដាំបាយទេ?" ប្រពន្ធខ្ញុំឧទានព្រមទាំងគ្រវាត់កាបូបទៅលើសូហ្វា (កៅអីវែង) ។ "ឯងចូលងូតទឹកសិនទៅ ។ ទម្រាំងូតហើយ បាយនិងម្ហូបក៏ឆ្អិនដែរ" ខ្ញុំនិយាយទៅកាន់ប្រពន្ធខ្ញុំ ។ ប្រពន្ធខ្ញុំចូលទៅក្នុងបន្ទប់គេងដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ដោយស្ងៀមស្ងាត់ រួចហើយចេញមកអង្គុយនៅតុបាយដោយមានទឹកមុខក្រញូវ ។ "ដាំបាយឆ្នាំងភ្លើងសោះ គ្រាន់តែដោតវាចោលទៅវាទាស់ខុសអី" ប្រពន្ធខ្ញុំស្រែកគំហកឲ្យខ្ញុំ ។ "ឯងអើយ! អាណិតទៅងូតទឹកសិនទៅឲ្យវាស្រឡះខ្លួន ។ ហើយហូបបាយក៏វាឆ្ងាញ់ដែរបន្ទាប់ពីងូតទឹករួច" ខ្ញុំដាស់តឿនប្រពន្ធខ្ញុំ ។ "កំពុងតែម៉ោរដូវ អាណាគេទៅមុជទឹកនោះ!" ប្រពន្ធខ្ញុំលាំងខ្ញុំមួយម៉ាត់ទៀត ។ "បើអញ្ចឹង ឯងទ្រាំបន្តិចទៅ ។ ប្រហែលជាជាង១០នាទីទៀត ម្ហូបម្ហាឆ្អិនហើយ" ខ្ញុំនិយាយលួងលោម ។ "ឯងមិនដឹងទេហ្អី ថាមនុស្សស្រីពេលណាឃ្លានខ្លាំងវាញ័រខ្លួន" ប្រពន្ធខ្ញុំនិយាយបញ្ចប់ដោយក្តីមួហ្មង រួចហើយគាត់ចាប់តេឡេកម្មង់ (Remote) បើកទូរទស្សមើល ។ ចង្រៃវាយក៍! នេះបានចំជាស៊យត្រួតលើស៊យមែន ។ ខ្ញុំចូលទៅក្នុងផ្ទះបាយដុតដៃដុតជើងចម្អិនម្ហូបទាំងតក់ក្រហល់ ។ សម្លេងចេកៗ ចេញពីឆ្នាំងបាយបញ្ជាក់ថាបាយឆ្អិនហើយ ។ ខ្ញុំជ្រោយបាយដួសដោះដាក់ចានលើកមកបរិភោគជុំគ្នាដោយរញីរញ័រ ។ ល្ងាចនោះ យើងទទួលទានអាហារក្នុងភាពសោះកក្រោះ ។ នៅក្នុងខួរក្បាលរបស់ពួកយើង គ្មាននរណាម្នាក់គិតអំពីរសជាតិនៃម្ហូបដែលទើបចម្អិនក្តៅៗឡើយ ។ ខ្ញុំមានអារម្មណ៍ថា បំពង់កខ្ញុំហាក់ដូចជាស្ងួត ហើយបាយម្ហូបក្តៅៗនោះលេបទៅរាងអួលៗម្តេចមិនដឹងទេ ។ រឿងមិនដាំបាយទុកចោលនេះ ប្រពន្ធខ្ញុំបានយកទៅខ្សិបដាក់ត្រចៀកញាតិមិត្តជិតដិតនឹងយើងថែមទៀត ដើម្បីឲ្យគាត់ជួយទូន្មានខ្ញុំថា វាមានសារសំខាន់ខ្លាំងណាស់ ។ ថ្វីត្បិតតែជួបនឹងបរាជ័យគួរឲ្យក្តៅក្រហាយក៏ពិតមែន ខ្ញុំសម្រេចមិនបោះបង់ចោលគំនិតបាយក្តៅសម្លរក្តៅនេះនៅឡើយទេ ។ អ្នកគ្រូ សេដ្ឋារិន បានស្បថថាគាត់ឈប់អំពល់ទុក្ខនឹងរឿងធ្វើម្ហូបក្តៅៗទុកឲ្យប្តីគាត់ពិសារទៀតហើយ ។ ចំណែកខ្ញុំ ខ្ញុំនៅមានសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចផ្លុំហេតុផលចូលក្នុងត្រចៀកភរិយាខ្ញុំបាន ៕ រីករាយថ្ងៃសម្រាកចុងសប្តាហ៍!!!

Saturday, August 29, 2020

ចំណីខួរក្បាល

ប្រវត្តិសាស្ត្រច្រំដែល (A History Repeats Itself) ខ្ញុំធ្លាប់បានបកប្រែពង្សាវតាខ្មែរ ពីភាសាខ្មែរទៅអង់គ្លេស ដើម្បីប្រមូលឯលសារនានាពាក់ព័ន្ធនឹងការសោយរាជនិងគ្រប់គ្រងប្រទេសខ្មែរតាំងពីបុរាណកាលមក ដាក់នៅក្នុងសៀវភៅមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវប្រើប្រាស់ ។ រយៈពេល៤ឆ្នាំក្នុងការធ្វើកិច្ចការនោះ ខ្ញុំបានអានសៀវភៅនិងឯកសារជាភាសាខ្មែរនិងអង់គ្លេសដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរ ស្ទើរតែគ្មានចន្លោះមួយក្បាលឡើយ ។ ខ្ញុំបានកត់សម្គាល់ថា ប្រវត្តិសាស្ត្រខ្មែរ ជាពិសេសចាប់តាំងពីសតវត្សទី១៥មក គឺជាប្រវត្តិសាស្ត្រច្រំដែល ។ អ្វីដែលជារឿងសង្វេគនិងឈឺចាប់បំផុតសម្រាប់ខ្ញុំ គឺគ្មាននរណាមួយត្រូវបានគេចាត់ទុកថា ជាអ្នកប្រព្រឹត្តិកំហុសនៅក្នុងប្រវត្តិសាស្ត្រឡើយ ។ ថាអ្នកប្រព្រឹត្តិកំហុសចុះ មានការខ្មាសអៀនក្នុងការទទួលស្គាល់កំហុសរបស់ខ្លួន សូម្បីតែកូនចៅរបស់បុគ្គលដែលធ្វើឲ្យប្រទេសជាតិរងគ្រោះអន្តរាយនោះ ក៏គ្មានសេចក្តីក្លាហាននឹងទទួលស្គាល់ថា ដូនតាខ្លួនបានគិតនិងប្រព្រឹត្តិខុសដែរ ។ ជាលទ្ធផល យើងដើរជាន់ដាននិងចូលក្នុងគន្លងប្រវត្តិសាស្ត្រច្រំដែលៗ គ្មានទីបញ្ចប់ ។ ក្នុងនាមជាស្មេរ ខ្ញុំគ្មានចេតនានឹងរិះគន់បុគ្គលណាឡើយ អំពីអង្គហេតុនានាដែលធ្វើឲ្យប្រទេសខ្មែររិចរិលរួញរួបស្ទើរតែវិនាសអន្តរាយ ។ ខ្ញុំគ្រាន់តែចង់លាតត្រដាងនូវទឡ្ហីករណ៍ខ្លះៗដែលជាចំណុចរៀនសូត្រអំពីប្រត្តិសាស្ត្រច្រំដែលរបស់ខ្មែរ ។ នៅក្នុងរជកាលក្សត្រី អង្គមុី (១៨៣៤-១៨៤១) យួននិងសៀមបានយកទឹកដីខ្មែរធ្វើជាទីលានប្រកួតឥទ្ធិពលដើម្បីទទួលបានសិទ្ធិត្រួតក្បាលខ្មែរផ្តាច់មុខ ។ កាលពីដើមមិញ ខ្មែរជាអ្នកចាត់ចែងផ្តល់ជោគជាតាឲ្យយួននិងសៀម ។ ប៉ុន្តែ បន្ទាប់ពីមេដឹកនាំខ្មែរហែកហួរគ្នាអស់ជាច្រើនរយឆ្នាំ យួននិងសៀមទទួលបានឱកាសដ៏ងាយស្រួលមួយនៅគ្រានោះ ដើម្បីចាត់ចែងជោគវាសនារបស់ប្រទេសខ្មែរ ។ បើកុំតែពលរដ្ឋខ្មែរភ្ញាក់រលឹកត្រដរខ្យល់លោតកញ្ជ្រោលតស៊ូដើម្បីរក្សាជីវិតក៏ដូចជារក្សាអត្តសញ្ញាណរបស់ខ្លួន កុំអីប្រវត្តិសាស្ត្រខ្មែរត្រូវបានបញ្ចប់ត្រឹមទសវត្សឆ្នាំ ១៨៤០នោះទៅហើយ ។ គ្មានអ្វីសម្រាប់សរសេរបន្ត ហើយក៏គ្មានស្មេរខ្ញុំនេះដែរ ។ បច្ចុប្បន្ន ប្រវត្តិសាស្ត្រខ្មែរហាក់ដូចជាកំពុងដើរនៅលើផ្លូវច្រំដែលទៀតហើយ ។ ម្តងនេះ មិនមែនយួននិងសៀមទេ គឺយួននិងចិន ។ នៅក្នុងនាមអភិវឌ្ឃប្រទេសជាតិ មេដឹកនាំខ្មែរបានសម្រេចធ្វើសម្បទានជាច្រើនដើម្បីអនុញាតិឲ្យយួននិងចិនចូលមករកសុីនៅក្នុងស្រុកខ្មែរ ។ គួរកត់សម្គាល់ថា ពាក្យ "រកសុី" គឺគេចូលមករក យកទៅសុីដោយខ្លួនគេ មិនមែន "រក" យកមកឲ្យយើង(ពលរដ្ឋខ្មែរ) "សុី" នោះទេ ។ ការចំណាយដើមទុននិងសារប្រយោជន៍កំបុិកកំប៉ុកទាំងប៉ុន្មានដែលពលរដ្ឋខ្មែរទទួលបាន គឺគ្រាន់តែជាមធ្យោបាយ សម្រាប់ឈោងចាប់យកប្រយោជន៍ធំតែប៉ុណ្ណោះ ។ ផ្អែកលើពត៌មានសាធារណៈ យួនទទួលបានសិទ្ធិសម្បទានរកសុីភាគច្រើននៅក្នុងភូមិភាគឥសាន្តនិងបូពានៃប្រទេសកម្ពុជា ។ ចំនែកចិនគាត់ទទួលបាននៅផ្នែកខាងត្បូងនិងនិរតី (កំពង់សោម កោះកុង) នៃប្រទេសកម្ពុជា ។ កាលពីសតវត្សទី ១៧ និង ១៨ ខ្មែរក៏ធ្លាប់បានធ្វើសម្បទានស្រដៀងគ្នានេះម្តងជាពីរដងដែរ ។ នៅឆ្នាំ ១៦២៣ ស្តេចជ័យជេដ្ឋាទី ២ បានធ្វើសម្បទានឲ្យយួនចូលមកបោះទុនរកសុីនៅម្តុំព្រៃនគរ ។ ប្រមាណជា១០០ឆ្នាំក្រោយមក ស្តេចឧទ័យរាជា ឬ អង្គតន់ បានអនុញាតិឲ្យយួនចូលមករស់នៅរកសុីនៅម្តុំខេត្ត ព្រាះត្រពាំង ហើយឲ្យចិនឈ្មោះ ម៉ាក់តុង ដែលជាឪពុកធម៌ទ្រង់តាំងទីរកសុីនៅតំបន់ខេត្ត ហាទៀង និង កំពត ។ យួននិងចិនឈ្លោះគ្នាមិនស្វាងនៅគ្រានោះ ។ ទីបំផុត ដីខ្មែរចាប់ពីព្រះត្រពាំងដល់ហាទៀងក៏វិនាសអស់ទៅ ។ ក្រឡេកមើលមកទិដ្ឋភាពស្រុកខ្មែរនាគ្រាបច្ចុប្បន្នវិញម្តង ។ យួននិងចិនក៏កំពុងតែឈ្លោះគ្នាដែរ ។ ហើយជម្លោះនេះគឺស្ថិតនៅក្នុងប្រទេសខ្មែរ មិនមែននៅក្នុងប្រទេសរបស់ពួកគេទេ ។ កូនចៅរបស់ "កុងម៉ៅ" បានចោទកូនចៅរបស់ "អ៊ំហូ" ថា មិនដែលមានដែនដីដែលជាកោះនានានៅក្នុងសមុទ្រចិនភាគខាងត្បូងនោះទេ ។ កោះទាំងប៉ុន្មានដែលកូនចៅអ៊ំហូអះអាងថាជារបស់ពួកគេ គឺជាកម្មសិទ្ធិរបស់ប្រទេសដទៃដែលពួកគេរុករានទន្ទ្រានប្លន់យកមក ។ ផ្អែកលើទិសដៅនៃជម្លោះនេះ សមរភូមិប្រយុទ្ធរវាងយួននិងចិន គឺមិនស្ថិតនៅក្នុងសមុទ្ទចិនភាគខាងត្បូងទេ ។ វាស្ថិតនៅក្នុងស្រុកខ្មែរទាំងស្រុង ។ សុភាសិតខ្មែរមួយពោលថា៖ ដំរីជល់គ្នា ងាប់ស្រមោច ។ ខ្ញុំមិនមែនជាអ្នកនយោបាយខ្មែរទេ ហើយក៏មិនមែនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកខ្មែរដែរ ។ បើគិតអំពីកាតព្វកិច្ចនិងតួនាទី ខ្ញុំហាក់ដូចជាគ្មានអ្វីដែលត្រូវគិតគូរខ្វល់ខ្វាយអំពីការបាត់បង់ទឹកដីខ្មែរឡើយ ។ ក៏ប៉ុន្តែ ក្នុងនាមជាអតីតពលរដ្ឋខ្មែរម្នាក់ ដែលកើតនៅក្នុង ភូមិជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ខ្ញុំនៅមានបសាទចិត្តដល់ស្រុកខ្ញុំ ។ សព្វថ្ងៃ ភូមិកំណើតខ្ញុំត្រូវបានទឹកទន្លេមេគង្គហូរច្រោះបាក់វិនាសអន្តរាយបាត់អស់ទៅហើយ ។ អ្វីដែលនៅសេសសល់គឺស្រុកកំណើតខ្ញុំ ។ ចេញពីជម្រៅទឹកចិត្តស្រឡាញ់ដ៏បរិសុទ្ធរបស់ខ្ញុំ ខ្ញុំពិតជាមិនចង់ឃើញស្រុកកំណើតខ្ញុំបាត់បង់ថែមទៀតទេ ព្រោះវាជារបស់តែមួយគត់ដែលនៅសល់ក្នុងមនោសញ្ចេតនាខ្ញុំ ៕

Wednesday, August 19, 2020

ចំណីខួរក្បាល

អម្រែកជីវិត (Burdens in Life) មានរូបមានទុក្ខ ។ មានជីវិតមានទុក្ខ ។ មានទំនាស់មានទុក្ខ ។ ទំនាស់ក៏ជាបុព្វហេតុបណ្តាលឲ្យមនុស្សមានទុក្ខដែរ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលព្យាយាមស្វែងយល់អំពីទំនាស់ ជាពិសេសទំនាស់នៅក្នុងដំណើរជីវិត ។ ដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺចាប់ផ្តើមនៅពេលដែលយើងបានប្រសូត្រចេញអំពីផ្ទៃម្តាយ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកដំណើរជីវិតចាប់ពីពេលដែលមនុស្សពីរនាក់ភពប្រសព្វនឹងគ្នាជាប្តីប្រពន្ធមកធ្វើជាការចាប់ផ្តើមនៃដំណើរជីវិត ។ ជីវិតប្តីប្រពន្ធគឺមានទំនាស់ច្រើន ប្រហាក់ប្រហែលគ្នានឹងក្តីស្រឡាញ់ដែរ ។ នៅពេលយើងចាប់ដៃគ្នាជាប្តីប្រពន្ធ យើងបង្កើតបានសហព័ន្ធមួយដែលភាសាអង់គ្លេសហៅថា Dyadic Relationship ឬទំនាក់ទំនងទ្វេភាគី ។ ជាធម្មតាទេ មនុស្សពីរនាក់ដែលមានប្រភពចេញមកពីគ្រួសារពីរផ្សេងគ្នារមែងមានរបៀបរបបរស់នៅខុសគ្នា ។ ដូច្នេះ ទំនាស់របៀបរបប Clash of Personality នឹងលេចចេញមកស្ទើរតែអស់មួយជីវិត ។ នៅក្នុងទំនាស់ទ្វេភាគីនេះ ប្តីប្រពន្ធជាទូទៅស្វែងរកដំណោះស្រាយដោយផ្អែកលើការយោគយល់និងសម្របសម្រួលចិត្ត ឬរៀនរស់ជាមួយនឹងអ្វីដែលឃ្នើស ។ ការរៀនរស់ជាមួយនឹងអ្វីដែលឃ្នើសនេះ គឺប្រៀបបាននឹងពុនសម្ពាយមួយនៅលើខ្នង (ប្រពន្ធពុនប្តី ប្តីពុនប្រពន្ធ) ។ គួរកត់សម្គាល់ថា ឱសថទិពដែលអាចព្យាបាលជំងឺគ្រប់ប្រភេទដែលកើតចេញអំពីទំនាស់ប្តីប្រពន្ធគឺការរួមភេទ ។ មិនថាទំនាស់នោះធំប៉ុនណាទេ ការរួមភេទតែងផ្តល់ឱកាសឲ្យប្តីប្រពន្ធរំងាប់ចិត្តហើយរកឃើញមធ្យោបាយអនុគ្រោះឬលើកលែងទោសកំហុសឲ្យគ្នាទៅវិញទៅមកដោយមិនចាំបាច់និយាយស្តីអ្វីឡើយ ។ ដំណោះស្រាយទំនាស់ដោយមិនចាំបាច់និយាយស្តីនេះ ជាទូទៅតែងនាំមកនូវកំណើនសមាជិកគ្រួសារ (មានកូន) ។ នៅពេលករណីនេះកើតឡើង សម្ព័ន្ធរបស់ប្តីប្រពន្ធបានប្រែក្លាយពីទ្វេភាគីទៅជាត្រីភាគីដែលភាសាអង់គ្លេសហៅថា Triadic Relationship ។ ទំនាក់ទំនងត្រីភាគីតម្រូវឲ្យប្តីប្រពន្ធប្តូរយុទ្ធសាស្ត្រពី "ពុន" បន្ទុកនៅលើខ្នងទៅរែកវិញម្តង ។ អម្រែកនេះគឺមាន ប្តីម្ខាងកូនម្ខាង ។ ឯប្តីក៏ត្រូវរែកបន្ទុកដូចគ្នាដែរ ។ សម្រាប់មនុស្សស្រី អម្រែកប្តីនិងកូនមិនចប់ត្រឹមហ្នឹងទេ ។ ប្រសិនបើគាត់មានកូនបន្តទៅទៀត គាត់នឹងបន្ថែមបន្ទុកនៅក្នុងផ្នែកម្ខាងនៅចុងដងរែកហើយបន្តរំកិលដងរែកនៅលើស្មារបស់គាត់ដើម្បីរក្សាតុល្យភាពក៏ដូចជារកចំណុចមួយដែលគាត់អាចកាត់បន្ថយសម្ពាធ (Stress) ។ និយាយមកដល់ត្រង់នេះ ខ្ញុំនឹកទៅដល់ម្តាយខ្ញុំដែលមានកូន ៦នាក់ ។ រៀងរាល់យប់ម្តាយខ្ញុំតែងចងមុងមួយយ៉ាងធំដើម្បីទទួលទានដំណេកជុំគ្នា ។ ឪពុកខ្ញុំសម្រាន្តនៅខាងស្តាំដៃម្តាយខ្ញុំ ។ ឯនៅខាងឆ្វេងដៃ ម្តាយខ្ញុំដាក់កូនៗឲ្យដេកតម្រៀបគ្នារមៀលក្រូច ។ កូនតូចបំផុតដេកនៅក្បែរគាត់បន្តដោយកូនដែលមានអាយុច្រើនជាងគ្នាបន្តិចម្តងៗ ។ នេះគ្រាន់តែជាអម្រែកអត្ថានុរូបប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺអម្រែកអត្ថប្បដិរូប ឬអម្រែកផ្លូវចិត្តដែលយើងមើលមិនឃើញហើយក៏មិនសូវមានមនុស្សយកមកត្រិះរិះពិចារណាផងទេ ។ អម្រែកផ្លូវកាយនិងអម្រែកផ្លូវចិត្ត (Physical and Mental Burdens) មានលំនាំប្រហាក់ប្រហែលគ្នា ។ ឯការកាត់បន្ថយទម្ងន់ដើម្បីសម្រាលបន្ទុក (Stress) មកលើជីវិតយើងនោះក៏គ្មានអ្វីគួរឲ្យលំបាកដែរ ។ កាលពីយុវវ័យ ខ្ញុំធ្លាប់រែកបន្លែ មានត្រឡាចនិងល្ពៅជាដើម យកទៅដាក់នៅក្នុងទូកដដើម្បីឲ្យម្តាយខ្ញុំនាំយកទៅលក់ឯផ្សារ ។ អម្រែកណាដែលធ្ងន់ខ្លាំង ខ្ញុំដកផ្លែត្រឡាចឬល្ពៅចេញខ្លះដើម្បីសម្រាលបន្ទុក ។ ដូចគ្នាដែរ បន្ទុកផ្លូវចិត្តក៏អាចកាត់បន្ថយបានដោយគ្រាន់តែកាត់ផ្តាច់កត្តាពាក់ព័ន្ធខ្លះៗចេញអំពីជីវិត ។ ព្រះពុទ្ធបានទូន្មានថាកត្តាដែលនាំមកនូវបន្ទុក ឬទុក្ខ ដល់ជីវិតគឺ កិលេស ។ ក្នុងភាសាខ្មែរ នៅពេលយើងនិយាយអំពីកិលេស យើងរមែងភ្ជាប់ពាក្យ "កាម" នៅពីមុខគឺ កាមកិលេស ។ ដូច្នេះ កិលេសនៅទីនេះគឺសំដៅត្រឹមទំនាក់ទំនងក្នុងគ្រួសារ ។ ព្រះពុទ្ធក៏បានពន្យល់ដែរថា ការកាត់បន្ថយកិលេសគឺស្មើនឹងកាត់បន្ថយទុក្ខ ឬបន្ទុក ។ កិលេសឬការចង់មានចង់បានគឺសុទ្ធតែជាបន្ទុកនៅក្នុងអម្រែកជីវិត ។ កត្តាដ៏ធំបំផុតដែលនាំឲ្យអម្រែកជីវិតធ្ងន់ខ្លាំងគឺការព្យាយាមរស់ឲ្យ "ច្រឡំនឹងគេ" (រស់នៅក្នុងសភាវដូចគេដូចឯង) ។ បើនិយាយអំពីកត្តាសង្គម សម្ពាធដ៏ធំមួយដែលជម្រុញឲ្យយើងប្រឹងរស់ឲ្យដូចគេឯងគឺបងប្អូនបង្កើតរបស់យើងនេះឯង ។ យើងខ្លាចបំផុតគឺការនិន្ទាពីសំណាក់បងប្អូនបង្កើតរបស់យើងថាយើងនឹងជាមនុស្សអន់ មិនខ្មេះ ។ បន្ទាប់មកគឺមិត្តភក្តិនិងសង្គមខាងក្រៅ ។ យើងមិនសូវខ្វល់អំពីការរិះគន់របស់ម៉ែឪប៉ុន្មានទេ(លើកលែងតែម៉ែឪក្មេក)ត្បិតពួកគាត់តែងមានបសាទចិត្តនិងអាណិតដល់កូនដែលអន់ ទន់ខ្សោយ ។ ក្នុងនាមជាប្តីប្រពន្ធ ជំហានទីមួយក្នុងការកាត់បន្ថយអម្រែកផ្លូវចិត្ត គឺកាត់បន្ថយភាពជិតស្និទ្ធរវាងញាតិមិត្តនេះឯង ។ គួរកត់សម្គាល់ថា កាត់បន្ថយមិនមែនកាត់ផ្តាច់ទេ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាពោលថា៖ Keep it at an arm's length ឬ រក្សាចម្ងាយមួយបោះដៃផុត ។ បើយើងយករូបភាពនេះមកគិតគូរនៅក្នុងខួរក្បាល យើងឃើញថាចំណុចល្អសម្រាប់រក្សាភាតរភាពបងប្អូនគឺស្ថិតត្រឹមតែចុងដៃប៉ះគ្នាបានហើយ ។ តាមពិតទៅ នៅពេលយើងមានគូស្រករ ទំនាក់ទំនងបងប្អូនរួមផ្ទៃរបស់ពួកយើងបានឃ្លាតចេញពីគ្នាដោយស្វ័យប្រវត្តិរួចទៅហើយ ។ ដូច្នេះ អ្វីដែលជាចំណុចសេសសល់គឺថាតើយើងគួររក្សាភាពជិតស្និទ្ធនឹងគ្នាត្រឹមកម្រិតណា ។ នៅក្នុងច្បាប់មេដៃ (Rule of Thumb) រស់នៅកាន់តែកៀកកិត បន្ទុកនៅក្នុងអម្រែកជីវិតក៏រិតតែធ្ងន់ដែរ ។ កត្តាមួយទៀតគឺឪពុកម្តាយ ។ តើយើងគួររក្សាគម្លាតអំពីឪពុកម្តាយដូចម្តេចទៅ ដើម្បីកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិត ។ ព្រះពុទ្ធ ដូចជាមិនបានត្រួសត្រាយផ្លូវទុកឲ្យយើងដើរផងទេពាក់ព័ន្ធនឹងចំណុចនេះ ។ ដូច្នេះ អ្វីៗគឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលនីមួយៗ ។ កាលម្តាយខ្ញុំនៅមានជីវិតនៅឡើយ បងប្អូនខ្ញុំដែលមានកូនតូចៗ តែងតែចង់បានម្តាយមករស់នៅជាមួយខ្លាំងណាស់ ។ ពួកយើងស្រឡាញ់គាត់សឹងតែលើសអំពីភរិយារបស់ពួកយើងទៅទៀត ។ ប៉ុន្តែ នៅពេលដែលកូនយើងមានអាយុ ១៣ឆ្នាំដែលអាចរស់នៅក្នុងផ្ទះដោយខ្លួនឯងមិនចាំបាច់មានអ្នកមើលថែទាំ យើងចាប់ផ្តើមលើកទឹកចិត្តម៉ែឲ្យទៅរស់នៅជាមួយកូនដទៃ ។ និយាយឲ្យខ្លី យើងរុញបន្ទុកនេះឲ្យគ្នាទៅវិញទៅមក ។ នេះមិនមែនមានន័យថា ពួកយើងជាមនុស្សមិនដឹងគុណម្តាយនោះទេ ។ យើងគ្រាន់តែអនុវត្តិនូវភាសិតខ្មែរដ៏ល្បីល្បាញមួយដែលពោលថា៖ "ម៉ែមួយចញ្ចឹមកូនមួយហ្វូងរស់ ឯកូនមួយហ្វូងចិញ្ចឹមម៉ែមួយបានដោយលំបាក" ។ ការកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែលពាក់ព័ន្ធនឹងទំនាក់ទំនងនៅក្នុងគ្រួសារគឺជារឿងលំបាកសម្រាប់សង្គមខ្លះ ប៉ុន្តែ នៅក្នុងសង្គមអាមេរិកាំង គេហាក់ដូចជាគ្មានបញ្ហាធំដុំឡើយ ។ លំនៅដ្ឋានភាគច្រើននៅសហរដ្ឋមេរិកគេហៅថា៖ ផ្ទះសម្រាប់មួយគ្រួសារ (Single Family Home) ។ ផ្ទះប្រភេទនេះ គេរស់នៅតែមួយគ្រួសារប៉ុណ្ណោះ ។ គ្មានបងប្អូនកូនក្មួយឬជីដូនជីតារស់នៅជុំជាមួយទេ ។ ដូច្នេះ បន្ទុកនៅក្នុងអម្រែកជីវិតគឺមានត្រឹមតែតម្រូវការរបស់ប្តីប្រពន្ធនិងកូនៗតែប៉ុណ្ណោះ ។ បើប្តីប្រពន្ធនៅក្នុងគ្រួសារនេះ ចង់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតឲ្យធ្លាក់មកដល់ចំណុចអប្បបរមា គេអាចកែប្រែរបៀបរបបរស់នៅរបស់ពួកគេទៅតាមកាលៈទេសៈនៃដំណាក់កាលនីមួយៗនៅក្នុងជីវិត (Stages of life) ។ មិនដឹងជាពលរដ្ឋអាមេរិកាំងគេរកឃើញរូបមន្តរស់នៅដាច់ពីគ្នារបៀបនេះចាប់តាំងពីពេលណាមកទេ ។ ប៉ុន្តែ ខ្ញុំសង្កេតមើលទៅ វាហាក់ដូចជាមានផាសុខភាពម៉្យាងដែរ ។ នៅក្នុងផ្នត់គំនិតអាមេរិកាំង ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ ហាក់ដូចជាគ្មានគុណធម៌នៅក្នុងសមីការទេ ។ គេយកកាតព្វកិច្ចមកធ្វើជាគោល ។ ឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាកូនគឺជាកាតព្វកិច្ច ។ ឯកូនមើលថែរក្សាឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា វាក៏ជាកាតព្វកិច្ចដែរ ។ និយាយឲ្យខ្លី គេមិនយកគុណធម៌មកធ្វើជាត្រិយមុខទេ ។ គេយកផាសុខភាពជីវិតជាធំ ។ ឪពុកម្តាយដែលចាស់ជរា គេបញ្ជូនឲ្យទៅរស់នៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ (Nursing Homes) ។ សម្រាប់អ្នកដែលមិនស្គាល់ Nursing Homes ទីនេះប្រៀបដូចជាអូតែល ។ មានមនុស្សបោសសម្អាតបន្ទប់ជាប្រចាំ ។ ម្ហូបចំណីមួយថ្ងៃបីពេលត្រូវបានគេរៀបចំបម្រើស្របទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ។ ក្រៅអំពីនេះក៏មានការប្រគុំតន្ត្រីកំដរខ្នាតតូចឬក៏ការធ្វើដំណើរកំសាន្តផងដែរអាស្រ័យលើសេវាកម្មរបស់មជ្ឈមណ្ឌលនីមួយៗ ។ នៅស្រុកខ្មែរ ខ្ញុំសង្កេតឃើញមានចរន្តកាត់បន្ថយអម្រែកជីវិតស្រដៀងគ្នានេះដែរ ។ នៅក្នុងវត្តជាច្រើន យើងឃើញមានការសាងសង់ខ្ទមសម្រាប់ចាស់ៗសំណាក់ធម៌ជាច្រើន ។ ការផ្តល់ឱកាសឲ្យចាស់ៗបានមករស់នៅសំណាក់ធម៌ក្នុងវត្តដូច្នេះ វាក៏ជាមធ្យោបាយដ៏ល្អមួយសម្រាប់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែរ ។ ឪពុកម្តាយបានរួចផុតអំពីចំណង "កូនមួយតៅ ចៅមួយថាំង" ។ ឯកូនៗក៏បានធូស្បើយអំពីបន្ទុក "សងគុណ" ដែលត្រូវតែតបស្នងមិនចេះចប់មិនចេះហើយនោះដែរ ៕

Tuesday, August 4, 2020

ចំណីខួរក្បាល

នព្វន្តសាស្ត្រ ជំងឺអាសន្នរោគកូរ៉ូណា ឬកូវីដ ១៩ បានបង្ខំសាលារៀនជាច្រើននៅទូទាំងពិភពលោកឲ្យឈប់ដំណើរការមួយរយៈ ។ នៅក្នុងកាលៈទេសៈនេះ ឪពុកម្តាយជាច្រើនរាប់បញ្ចូលទាំងរូបខ្ញុំម្នាក់ដែរ ត្រូវបានបង្ខំចិត្តដើរតួនាទីជាគ្រូបង្រៀន ។ សំណាងល្អសម្រាប់អ្នកមានលទ្ធភាព យើងមានប្រព័ន្ធ អ៊ីនថឺណិត ជាជំនួយដើម្បីស្វែងរកមេរៀនផ្សេងៗដែលអង្គការនានាបង្កើតឡើងទុកឲ្យយើងយកមកប្រើប្រាស់ដោយឥតគិតថ្លៃ ។ ក្នុងចំណោមវ៉េបសាយ(Website)ជាច្រើន មានវ៉េបសាយមួយឈ្មោះ Khan Academy ដែលខ្ញុំគិតថាមានភាពជឿនលឿនជាងគេនៅក្នុងវិស័យអប់រំ ហើយសម្បូរបែបទៀតផង ។ លោក សាលម៉ាន ខាន់ (Salman Khan) ដែលជាស្ថាបនិកវ៉េបសាយនោះក៏ជាមនុស្សល្បីល្បាញមួយរូបនៅក្នុងពិភពលោកអប់រំផងដែរ ។ ខ្ញុំធ្លាប់ជួបនិងអង្គុយស្តាប់សន្តរកថារបស់គាត់ពីរដងនៅក្នុងបណ្ឌិតសភាជាតិនៃសហរដ្ឋអាមេរិក ។ លោក ខាន់ បានថ្លែងថា បេសកកម្មរបស់ Khan Academy គឺបង្កើតបន្ទប់រៀនមួយសម្រាប់ពិភពលោកទាំងមូល ។ ថ្វីត្បិតតែលោក ខាន់ មិនដឹងជាមុនថា ពិភពលោកនឹងជួបវិបត្តិអាសន្នរោគ កូរ៉ូណា អ្វីដែលគាត់បានបង្កើតឡើងគឺជាគុណប្រយោជន៍ដ៏ធំធេងមួយសម្រាប់ពិភពលោក ។ ផ្តល់កិត្តិយសជូនលោក ខាន់ ត្រឹមនេះចុះ សូមនិយាយអំពីអ្វីដែលខ្ញុំបានរៀនវិញម្តង ។ តាំងតែពីតូចក្រូចឆ្មារមក ខ្ញុំរៀនបូកលេខពីខ្ទង់រាយទៅខ្ទង់រយ គឺពីស្តាំទៅឆ្វេង ។ ប៉ុន្ត អ្វីដែលខ្ញុំរកឃើញនៅក្នុងការបង្រៀនតាមរយៈ អុីនថឺណិត នេះ គឺរបៀបបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ឬពីឆ្វេងទៅស្តាំ ។ ថ្វីត្បិតតែការពន្យល់នៅក្នុងកម្មវិធី អនឡាញ នោះមិនបានបញ្ជាក់ពិស្តារក៏ដោយ ក៏ខ្ញុំយល់ថាវាជារបៀបបូកលេខម៉្យាងដែលមិនចាំបាច់មាន ត្រាទុក ហើយយើងអាចរកដំណោះស្រាយបានលឿនជាងរបៀបបូកលេខពីខ្ទង់រាយទៅខ្ទង់រយប្រមាណជាពីរដង ។ តាមការមើលឃើញរបស់ខ្ញុំ របៀបបូកលេខប្រភេទនេះ កម្រនឹងខុសណាស់ ។ ខ្ញុំនៅចាំបានថា កាលពីក្មេង កំហុសបូកលេខរបស់ខ្ញុំភាគច្រើនគឺភ្លេចយកលេខត្រាទុកទៅបូកបន្តនៅខ្ទង់បន្ទាប់ ។ នៅក្នុងការបង្រៀនកុមារបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ដំបូងឡើយគឺយើងត្រូវដឹងថាលេខទាំងអស់ដែលយើងមានសម្រាប់ប្រើគឺមាន ១០ខ្ទង់ ដោយចាប់ផ្តើមពីលេខ៖ ០ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ។ សូមមេត្តាកត់សម្គាល់ចំណុចចាប់ផ្តើពីលេខ ០ ។ កាលខ្ញុំរៀនពីតូច យើងទម្លាប់សរសេរលេខ៖ (១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០) ។ នៅក្នុងការសរសេររាយលេខពី ០ ទៅ ៩ ហើយបន្តរហូតដល់ ៩៩ ជាតារាងបួនជ្រុងការ៉េ យើងសង្កេតឃើញថាលេខ ១០ ២០ ៣០ ៤០ គឺមានទម្រង់ ១ ២ ៣ ៤ ដែលមានលេខ ០ ជាប់ពីក្រោយ ។ ឯលេខ ១១ ១២ ១៣ ។ ២១ ២២ ២៣ ឬក៏ ៣១ ៣២ ៣៣ គឺមានទម្រង់ឬស្មើនឹង ១០+១ ១០+២ ១០+៣ ឬក៏ ២០+១ ២០+២ ២០+៣ (សូមមេត្តាមើលតារាងរូបភាព) ។ ដូច្នេះ លេខ ២១ ២២ ២៣ យើងក៏អាចសរសេរជា៖ ២០+១ ២០+២ ២០+៣ ផងដែរ (21=20+1 => 20+1=21) ។ សូមមេត្តាកត់ចំណាំថា 21=>20+1 ជាកត្តាសំខាន់បំផុតនិងជាមូដ្ឋានគ្រិះនៃវិធីបូកលេខពីខ្ទង់រយទៅខ្ទង់រាយ ។ នៅពេលយើងយល់អំពីគោលការណ៍នេះជាក់លាក់ អ្វីៗនឹងងាយស្រួលដូចបកចេក ។ ឧទាហរណ៍៖ 23 + 34 ។ យើងអាចសរសេរដំណោះស្រាយជា៖ 20+3 + 30+4 ។ បន្ទាប់ពីបំបែកដូច្នេះហើយ យើងយកខ្ទង់ដប់បូកនឹងខ្ទង់ដប់ រួចយកខ្ទង់រាយបូកជាមួយនឹងខ្ទង់រាយ ។ នៅក្នុងការបូកលេខ ០ ជាមួយនឹង ០ គឺបានលទ្ធផល ០ នៅក្នុងខ្ទង់សូន្យនោះដដែល ។ ដូច្នេះ យើងយកតែលេខ ២និង៣ ដែលជាក្បាលនៃខ្ទង់១០នោះមកបូកបញ្ចូលគ្នាទៅបានហើយ ។ ជាលទ្ធផល យើងបាន 50+7 => 57 ។ វិធីនេះយើងអាចធ្វើជាមួយនឹងលេខច្រើនខ្ទង់ក៏បានដែរ ។ ឧទាហរណ៍៖ 1234+567 => 1000+200+30+4 + 500+60+7 => 1000+700+90+11 => 1000+700+90+10+1 => 1000+700+100+1 => 1000+800+1 => 1800+1 = 1801 ។ គួរកត់សម្គាល់ថា នៅពេលយើងថ្នឹកនឹងវិធីបូកប្រភេទនេះ មិនចាំបាច់បំបែកឲ្យវែងឆ្ងាយហូរហែរតាប៉ែលតដូចដែលខ្ញុំធ្វើបទបង្ហាញនេះទេ យើងអាចបូកយកលទ្ធផលនៅដំណាក់កាលទីមួយក៏បានដែរ ។ ការបំបែកវែងឆ្ងាយដូច្នេះគឺដើម្បីឲ្យកុមារងាយយល់ ព្រមទាំងបង្កាកំហុស ។ វិធីនព្វន្តសាស្ត្របំបែកលេខនេះ ខ្ញុំបានសាកល្បងធ្វើជាមួយនឹងលេខដក (សង) និងលេខគុណផងដែរ ។ លទ្ធផលគឺអាចទៅរួចហើយមានភាពងាយស្រួលដូចគ្នា ។ ចំណែកលេខចែក ខ្ញុំមិនទាន់បានសាកល្បងស្វែងយល់ឲ្យបានល្អិតល្អន់នៅឡើយទេ ។ ខាងក្រោមនេះជាវិធីស្វែងរកលទ្ធផលលេខដក លេខគុណ និងលេខចែកដែលមានមេគុណរួម ។ ឧទាហរណ៍ ១៖ 34-23 => 30+4 - 20-3 => 10+1=11 ។ 55-36 => 50+5 - 30-6 => 20+5 -6 (នៅក្នុងករណីនេះ យើងសង្កេតឃើញថា ៥ជាតម្លៃលេខគឺតូចជាងលេខ៦ ។ ឬក៏យើងជំពាក់គេ៦រៀល យក៥រៀលទៅសងមិនគ្រប់ទេ ។ ដូច្នេះ ត្រូវដកលុយចេញពីខ្ទង់ដប់មកបូកបង្គ្រប់ជាមួយនឹងខ្ទង់រាយ) ។ => 10+15 -6 => 10+9=19 ។ គួរកត់សម្គាល់ថា នៅពេលយើងដកចំនួនចេញអំពីខ្ទង់ដប់ រយ ឬពាន់ គឺត្រូវទាញយករបៀបនេះ៖ ១០ ១០០ ឬ ១០០០ ។ ឧទាហរណ៍ ២៖ 25X25 => (20+5)X(20+5) ។ នៅពេលយើងមានលេខគុណជាទម្រង់(A+B)X(C+D)របៀបនេះ ជាគោលការណ៍គឺយើងត្រូវយក AxC+AxD+BxC+BxD (AC+AD+BC+BD) ។ ដូច្នេះ (20+5)X(20+5) => 400+100+100+25 => 600+20+5 => 620+5=625 ។ (សម្គាល់៖ ខ្ញុំបំបែក 25 ឲ្យទៅជា 20+5 ដើម្បីរក្សាទម្រង់មូលដ្ឋាន ។ មិនចាំបាច់ធ្វើដូច្នេះទេនៅពេលដែលយើងស្ទាត់) ។ គួរកត់សម្គាល់ដែរថា នៅពេលយើងគុណលេខដែលមានលេខ ០ (សូន្យ) នៅខាងចុង យើងគុណតែលេខនៅខាងមុខរួចរាប់ចំនួន ០ យកមកបន្ថែមនៅខាងចុងជាការស្រេច ។ ឧទាហរណ៍ ៣៖ លេខចែកដែលមានមេគុណរួម ។ 25/25 => (20+5)/(20+5) => 5(4+1)/5(4+1) ។ មេគុណ 5 ដែលយើងទាញចេញមកក្រៅរង្វង់ក្រចកនោះ យកមកចែកនឹង 5 គឺបាន 1 ។ ដូច្នេះ 1(4+1)/1(4+1) => (4+1)/(4+1) => 5/5=1 ។ ដូចដែលបានជម្រាបរួចមកហើយ ខ្ញុំមិនទាន់បានស្វែងយល់អំពីរបៀបធ្វើលេខចែកល្អិតល្អន់នៅឡើយទេ ។ ឯលេខ បូក ដក គុណ ក៏ខ្ញុំធ្វើតែលេខនៅក្នុងទម្រង់ងាយៗប៉ុណ្ណោះ ។ មិត្តអ្នកអានដែលពូកែគណិតសាស្ត្រ សូមមេត្តាជួយស្វែងរករបកគំហើញបន្ថែមផង ដើម្បីផ្តល់ជាសារប្រយោជន៍សាធារណៈ ។ ខ្ញុំមិនដឹងដែរទេថា របៀបធ្វើលេខនព្វន្តសាស្ត្រខាងលើនេះ ត្រូវបានគេអនុវត្តិរួចទៅហើយ ។ សង្ឃឹមថា នឹងបានទទួលបានពត៌មាននានាអំពីមិត្តអ្នកអានដែស្ថិតនៅក្នុងជួរអប់រំ ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...