Wednesday, July 26, 2017

ចំណីខួរក្បាល

ជ្រុងពីរនៃចំណុចមួយ លោកថាឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា ឆ្កួតមួយនឹងល្បែង អំពើពាលា ឆ្កួតនេះហៅមហា ឆ្កួតក្រៃកន្លង ។ កំណាព្យមួយឃ្លាខាងលើនេះជាឧបទេសកថារបស់លោកតា ក្រមង៉ុយ ។ លោកតាប្រើពាក្យ ឆ្កួត ដើម្បីបរិយាយអំពីមនុស្សដែលវក់ឬក៏ងប់នឹងអំពើពាលាបីប្រភេទ គឺ ស្រី ស្រា និងល្បែង ។ បើយើងពិនិត្យទៅលើអត្ថន័យនៃពាក្យ ឆ្កួត យើងឃើញថាសភាវៈឆ្កួតគឺការបាត់បង់សត្តិបញ្ញាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងយកពាក្យ ញៀន មកជំនួសឲ្យពាក្យឆ្កួតវិញនោះ យើងឃើញថា មនុស្សដែលញៀននឹងស្រីស្រាល្បែង អាចកែកុនឬក៏ព្យាបាលជា ។ ការព្យាបាលគឺពាក់ព័ន្ធនឹងជម្ងឺ ។ ដូច្នេះ ប្រសិនបើយើងសម្លឹងមើលទៅមនុស្សដែលញៀនប្រព្រឹត្តិអំពើពាលា ស្រី ស្រា និងល្បែង ក្នុងនាមជាអ្នកជម្ងឺ យើងនឹងមានបសាទចិត្តអាណិតអាសូជាក់ជាមិនខាន ព្រោះថា អ្នកជម្ងឺគប្បីទទួលបាននូវការអាណិតអាសូ ច្រើនជាងការរើសអើងមាក់ងាយមើលថោក ៕

Tuesday, July 25, 2017

ពិចារណា

គុណតម្លៃ (គុណភាពនិងតម្លៃ) មនុស្សក្នុងលោក តែងតែមើលឃើញនូវគុណប្រយោជន៍ និងតម្លៃនៃវត្ថុអ្វីមួយ ទាំងរូបីយ៍ (របស់ប្រើប្រាស់) និងអរូបីយ៍ (គំនិតចំណេះដឹង) ទីទៃៗពីគ្នា ។ ឧទាហរណ៍ អ្នកខ្លះយល់ថាសន្តិភាពដែលខ្វះសេរីភាព គឺជាសន្តិភាពសំបកក្រៅ មិនមែនជាសន្តិភាពពិតដែលនាំប្រយោជន៍ឲ្យជីវិតទេ តែអ្នកខ្លះយល់ថាសន្តិភាពប្រភេទណាក៏ដោយ ឲ្យតែសន្តិភាព គឺអាចទទួលយកបាន ។ សូមទុកចំណុចនយោបាយនេះ ឲ្យអ្នកនយោបាយបកស្រាយចុះ ។ អ្វីដែលខ្ញុំចង់យកមកពិភាក្សានៅទីនេះ គឺអ្នកក្រខ្វះខាតដែលរើសអើងទ្រព្យ ឬក៏អ្នកក្រដែលល្ងង់ ។ ក្រខ្វះខាតនៅទីនេះគឺខ្ញុំសំដៅលើភាព ក្រខ្វះខាតចំណេះ ។ កាលពីកុមារភាព ខ្ញុំធ្លាប់អានរឿងអប់រំមួយនិយាយអំពីសត្វពស់ថ្លាន់ខ្ជាក់ពិសអស់ពីខ្លួនដើម្បីឲ្យសត្វដទៃទទួលយកទៅប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍នៅក្នុងជីវិតពួកគេ ។ ខ្ញុំចូលចិត្តរឿងនោះណាស់ព្រោះវាបង្កប់នូវអត្ថន័យជួយយកអាសាគ្នានៅក្នុងសង្គមសត្វក៏ដូចជាសង្គមមនុស្ស ។ ប្រមាណជា១០ឆ្នាំមុន ខ្ញុំបានយកគោលគំនិតនៅក្នុងរឿងពស់ថ្លាន់ខ្ជាក់ពិសនោះមកអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ខ្លះដល់អ្នកដែលខ្វះខាត ។ ខ្ញុំបានស្ម័គ្រចិត្តបង្រៀនមុខវិជ្ជាពត៌មានដល់កូនសិស្សនៅស្រុកខ្មែរតាមរយៈ Skype ។ មានមនុស្សជាច្រើនចាប់អារម្មណ៍និងសុំឲ្យខ្ញុំជួយបង្រៀន ។ ខ្ញុំសម្រេចជ្រើសយកប្រមាណជា ១០នាក់ ព្រោះខ្ញុំមិនមានពេលវេលាច្រើនសម្រាប់បង្រៀនទេ ។ មុននឹងបង្រៀនខ្ញុំបានប្រាប់សិស្សទាំងនោះថា ខ្ញុំបង្រៀនជាលក្ខណៈឯកជន ។ អ្នករៀនទទួលបានតែចំណេះទេ មិនមានវិញាបណ្ណប័ត្រ ឬក៏បណ្ណទទួលស្គាល់ជាក្រេឌីតអ្វីឡើយ ។ បន្ទាប់ពីទទួលដំណឹងនោះ មនុស្ស ៧នាក់ សម្រេចដកខ្លួនចេញពីការរៀនសូត្រ ។ ក្នុងចំណោម ៣នាក់ដែលនៅសល់ សិស្សម្នាក់ដកខ្លួនចេញបន្ទាប់ពីទទួលមេរៀន ។ ចុងបញ្ចប់ មានសិស្សតែពីរនាក់ប៉ុណ្ណោះ ដែលចំណាយពេលរៀនជាមួយខ្ញុំរហូតដល់ចប់ចុងចប់ដើម ។ បន្ទាប់ពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំបានប្រមាណជា ១ឆ្នាំ លោង ហង់ ជួនណារ៉ុន បានមានប្រសាសន៍ប្រាប់កាសែតភ្នំពេញប៉ុស្ត៍ថា៖ សញ្ញាប័ត្រគឺគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺចំណេះដឹង ។ មានតែសញ្ញប័ត្រតែគ្មានចំណេះដឹង គឺគ្មានន័យអ្វីទេ ។ ខ្ញុំពេញចិត្តនឹងប្រសាសន៍នេះណាស់ ។ ព្រោះវាឆ្លុះបញ្ចាំងអំពីសច្ចភាពនៃជីវិតដែលនិស្សិតត្រូវប្រឈមនៅពេលចេញមករកឬប្រកបការងារចិញ្ចឹមជីវិត ។ ខ្ញុំគ្មានបំណងរិះគន់អ្នកដែលឲ្យតម្លៃសញាប័ត្រច្រើនជាងចំណេះដឹងនោះទេ ។ អ្វីដែលខ្ញុំចង់បានគឺការពិចារណា ។ សញ្ញាប័ត្រនឹងបាត់ខ្លួននៅពេលដែលយើងចាប់ផ្តើមប្រឡូកនៅក្នុងការងារ ។ បើគ្មានចំណេះដឹងនិងសមត្ថភាព ទោះបីមានសញ្ញាប័ត្រគរដូចភ្នំក៏ជួយមិនរួចដែរ ។ សម្រាប់អ្នកដែលចង់បានទ្រព្យចំណេះដឹងដោយមិនចាំបាច់ចេញពីក្នុងផ្ទះ ខាងក្រោមនេះជាតំណវេបសាយៈ khanacademy.org ខ្ញុំនិងសរសេរអំពីសាវតារបស់វេបសាយនេះនៅពេលក្រោយ ព្រោះខ្ញុំធ្លាប់បានស្តាប់សុន្ទរកថារបស់លោក សាលម៉ាន ខាន់ ដែលជាស្ថាបនិកនៃវេបសាយនេះ៕

Thursday, July 13, 2017

រំលឹក

ខ្សែជីវិត ក្រឡេកមើលទៅអតីតកាលនៃជីវិតខ្ញុំ ឧបស័គ្គមួយដែលលេចធ្លោជាងគេ គឺការរៀនសូត្រ ។ មិនមែនមកពីខ្ញុំខ្សត់ប្រាជ្ញារៀនមិនចេះនោះទេ ប៉ុន្តែ មកពីខ្ញុំកើតនៅក្នុងសម័យកាលមួយដែលរារាំងការរៀនសូត្ររបស់ខ្ញុំមិនឲ្យលូតលាស់តាមសម្មាជីវោ ។ ខ្ញុំគ្រប់អាយុចូលរៀនថ្នាក់ទីមួយនៅក្នុងឆ្នាំ ១៩៧០ ។ នៅឆ្នាំទីមួយនោះខ្ញុំអត់បានឡើងថ្នាក់ទេព្រោះអត់មានឈ្មោះនៅក្នុងបញ្ជី ។ ដូច្នេះ ខ្ញុំត្រូវរៀនសាឡើងវិញមួយឆ្នាំទៀត ។ សរុបឲ្យខ្លីទៅ ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ដែលជាឆ្នាំខ្មែរក្រហមឡើងកាន់អំណាចហើយបំបាត់វិស័យអប់រំចោលនោះ ខ្ញុំរៀនបានតែ ៣ថ្នាក់កន្លះទេ ព្រោះនៅឆ្នាំមួយនោះ ខ្មែរក្រហមអុកឡុកខ្លាំងពេកមិនអាចទៅរៀនអស់ពេលជាងកន្លះឆ្នាំ ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ខ្ញុំមានបំណងត្រឡប់ទៅរៀនវិញ ប៉ុន្តែភូមិដែលខ្ញុំរស់នៅនោះអាចបង្កើសាលាបង្រៀនសិស្សត្រឹមថ្នាក់ទី ២ តែប៉ុណ្ណោះ ។ ដូច្នេះ ខ្ញុំត្រូវខកខានការសិក្សារហូតដល់ឆ្នាំ ១៩៨៥ ទើបមានឪកាសត្រឡប់ចូលសាលារៀនវិញ ។ វាមានរយៈពេល ១០ឆ្នាំគត់ដែលខ្ញុំបានឃ្លាតអំពីថ្នាក់រៀន ។ អាយុក៏ច្រើន ចំណេះក៏តិច ។ គ្រានោះ ខ្ញុំកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនសាយធូ (Site 2) នៅតាមបណ្តោយព្រុំដែន ខ្មែរ ថៃ ។ ជំហានទីមួយរបស់ខ្ញុំគឺបន្ថយអាយុ ៥ឆ្នាំ ហើយទៅសុំអ្នកស្រីនាយកសាលាចូលរៀននៅថ្នាក់ទី ៦ ដោយមិនចាំបាច់ធ្វើតេស្ត ព្រោះខ្ញុំដឹងថាខ្ញុំមិនមានសមត្ថភាពធ្វើតេស្តជាប់ទេ ។ អ្នកស្រីនាយិការមិនអនុញាតឲ្យខ្ញុំចូលរៀនដោយមិនធ្វើតេស្តឡើយ ។ ចេញពីទីនោះមក ខ្ញុំក៏ទៅសុំសាលាមួយទៀតចូលរៀនថ្នាក់ទី ៤ ។ មុននឹងឲ្យខ្ញុំរៀននៅក្នុងថ្នាក់គាត់ លោកគ្រូបង្រៀនថ្នាក់ទី៤នោះ ឲ្យខ្ញុំធ្វើលំហាត់តូចមួយគឺរកផ្ទៃក្រឡា ការេ ។ ពុទ្ធោអើយខ្ញុំអត់ចេះរកផ្ទៃក្រឡាការេទេ ។ លោកគ្រូនោះក៏បញ្ជូនខ្ញុំឲ្យទៅរៀននៅថ្នាក់ទី ៣ ដែលមានសិស្សអាយុតិចជាងខ្ញុំយ៉ាងតិច ១០ឆ្នាំ ។ ពេលចេញលេង ខ្ញុំលួចគេចមកផ្ទះដោយតាំងចិត្តថាមិនត្រឡប់ទៅរៀននៅថ្នាក់ទី ៣នោះវិញទេ ។ ដេកសញ្ជឹងអស់សង្ឃឹម ពីរបីថ្ងៃ ខ្ញុំក៏សម្រេចចិត្តជាលើកចុងក្រោយទៅសុំចូលរៀនថ្នាក់ទី ៥ នៅសាលាមួយផ្សេងទៀត ។ ដោយហេតុតែសាលានោះមិនសូវមានសិស្សរៀន លោកនាយករងសម្រេចឲ្យខ្ញុំចូលរៀនដោយគ្មានធ្វើតេស្តឬក៏សួរនាំអ្វីច្រើនឡើយ ។ ថ្វីដ្បិតតែខ្ញុំរកមធ្យោបាយត្រឡប់ចូលរៀនវិញបានមែន ប៉ុន្តែឧបសគ្គរបស់ខ្ញុំមិនទាន់ចប់ទេ ។ ខ្ញុំអត់ចេះធ្វើចំណោទថ្នាក់ទី ៥ ។ សូម្បីតែលេខនព្វនក៏ខ្ញុំមិនចេះដែរ ។ គឺឡេឡឺមិនដឹងថាអ្វីជាអ្វីតែម្តង ។ បុ៉ន្តែ អ្វីដែលខ្ញុំមានគឺឆន្ទៈ ។ ខ្ញុំត្រូវតែជម្នះឧបសគ្គទាំងនេះឲ្យបាន ។ បើមិនដូច្នោះទេ ការព្យាយាមរបស់ខ្ញុំនឹងក្លាយទៅជាទង្វើអត់ប្រយោជន៍ ។ ពាក្យអង់គ្លេសមួយឃ្លាពោលថា៖ If there is a will, there is always a way ។ ខ្ញុំអង្វរមិត្តម្នាក់ដែលអង្គុយជិតខ្ញុំឲ្យគាត់មករៀនមុនពេលកន្លះម៉ោង ដើម្បីជួយពន្យល់ណែនាំខ្ញុំអំពីរបៀបរកដំណោះស្រាយចំណោទ និងធ្វើលេខនព្វន្តនានា ។ កន្លះឆ្នាំក្រោយមកខ្ញុំប្រឡងចូលរៀននៅថ្នាក់ទី ៦ (ឬមធ្យមសិក្សាទី ១) បានជោគជ័យដូចគេដូចឯងដែរ ។ ខ្ញុំរៀននៅថ្នាក់ទី ៦ផង រៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិផង ។ បន្ទាប់ពីរៀននៅថ្នាក់ទី ៦ បានពេញមួយឆ្នាំ ខ្ញុំក៏ចាកចេញពីជំរំសាយធូទៅរស់នៅក្នុងជំរំមួយទៀតឈ្មោះ ខៅអុីដាង ។ នៅទីនោះ ខ្ញុំបានទៅសុំចុះឈ្មោះរៀនផ្លោះថ្នាក់ពីរកំរិតនៅអនុវិទ្យាល័យ អង្គរវត្ត ។ មុននឹងអនុញាតឲ្យខ្ញុំចូលរៀន នាយកសាលាបានឲ្យខ្ញុំទៅធ្វើតេស្តដើម្បីបញ្ជាក់សមត្ថភាព ។ មិនដឹងជាសំណាងឬព្រះលោកជួយទេ លោកគ្រូដែលយកតេស្តមកឲ្យខ្ញុំធ្វើនោះធ្លាប់ស្គាល់ខ្ញុំកាលយើងរស់នៅក្នុងជំរំសាយធូ ។ គាត់ឲ្យខ្ញុំរកដំណោះស្រាយលើសមីការ ពីរអញតិ និងលំហាត់មួយទៀតពាក់ព៍ន្ធនឹងទ្រីហ្គូណូមេទ្រី ។ ខ្ញុំអត់ចេះធ្វើលំហាត់ទាំងនោះទេ ។ ធ្លាប់តែដោះស្រាយសមីការ មួយអញត្តិ ។ ដូច្នេះ ខ្ញុំក៏ព្យាយាមរកចម្លើយលើសមីការពីរអញត្តិមុន ។ បន្ទាប់ពីឃើញខ្ញុំរកដំណោះស្រាយមិនចេញ លោកគ្រូនោះក៏យកប៊ិកមកដោះស្រាយបង្ហាញខ្ញុំ រួចហើយគាត់ឲ្យខ្ញុំចូលទៅរៀននៅថ្នាក់មធ្យមសិក្សាទី ៤គ (Form 4C) ។ ខ្ញុំរៀននៅថ្នាក់ ម.ស. ៤គ នោះបានប្រហែលជា ៧ខែដែរ ។ អំឡុងពេលនោះ ខ្ញុំនៅតែបន្តរៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិ ជាពិសេសគឺរៀននៅក្នុងសាលាវត្ត ខៅអុីដាង ដែលមានគ្រូស្ម័គ្រចិត្តបង្រៀនឥតយកកម្រៃ ។ មុនថ្ងៃប្រឡងសញ្ញាប័ត្របឋមភូមិមួយអាទិត្យ ខ្ញុំត្រូវបានតម្រួតថៃដែលយាមជំរំខៅអុីដាង ចាប់ញាត់គុកជិតមួយខែរួចហើយក៏បញ្ជូនមកជំរំសាយធូវិញ ។ មូលហេតុ ខ្ញុំរស់នៅក្នុងជំរំខៅអុីដាងមិនស្របច្បាប់ ។ មកដល់សាយធូ ខ្ញុំបានទៅជួបអតីតគ្រូបង្រៀនខ្ញុំម្នាក់ឈ្មោះ ផុន ប៊ុនយ៉ាន ដើម្បីពឹងពាក់គាត់ជួយអន្តរាគមឲ្យខ្ញុំបានចូលរៀនវិញ ។ ខ្ញុំជំរាបគាត់អំពីការរៀនផ្លោះថ្នាក់របស់ខ្ញុំនៅ ខៅអុីដាង ហើយសុំគាត់ចូលរៀនត្រឹមថ្នាក់ ម.ស. ៣ ។ ចូលរៀនបានពីរបីថ្ងៃ គ្រូយ៉ានហៅខ្ញុំឲ្យទៅជួបគាត់នៅក្នុងការិយាល័យហើយប្រាប់ថា មានគេចោទប្រកាន់ថាខ្ញុំសូកថ្នាក់ដឹកនាំសាលាទើបបានចូលរៀននៅ ម.ស. ៣ នៅពេលដែលអតីតមិត្តរួមថ្នាក់ដែលរៀននៅ ម.ស. ១ ជំនាន់ខ្ញុំនោះទើបតែរៀនដល់ ម.ស. ២ ។ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ខ្ញុំសម្រេចឈប់រៀនមួយរយៈរង់ចាំដល់ឆ្នាំសិក្សាថ្មីសឹមចុះឈ្មោះចូលរៀនវិញ ។ អំឡុងពេលនោះ មិត្តម្នាក់បាននាំខ្ញុំទៅធ្វើការនៅក្នុងសាលាបច្ចេកទេសសម្រាប់ជនពិការ ។ ខ្ញុំបានធ្វើជាជំនួយការឲ្យអ្នកគ្រូជនជាតិបារាំងម្នាក់ឈ្មោះ វ៉េរ៉ូនីគ ដេក្រុប (Veronique de Crope) ។ គាត់បង្រៀនគូររូបនិងគូរទេសភាពដល់កុមារអាយុរវាង ៨ទៅ១៣ ឆ្នាំ ។ ធ្វើការជាមួយគាត់បានប្រមាណជា ១ខែ អ្នកគ្រូ វ៉េរ៉ូនីគ ក៏ត្រឡប់ទៅស្រុកបារាំងវិញ ។ គាត់ប្រគល់កូនសិស្សតូចៗទាំងនោះឲ្យខ្ញុំគ្រប់គ្រង និងឲ្យខ្ញុំប្រាប់ ប្រាដឺ គីកេ (Brother Kike) អំពីតម្រូវការនានាសម្រាប់ការបង្រៀនកូនសិស្សទាំងនោះ ។ ខ្ញុំមិនចេះគូររូបទេ ហើយក៏មិនដែលរៀនគូររូបភាពដែរ ។ ខ្ញុំខំប្រឹងអាននិងស្វែងយល់អំពីរបៀបគូររូបភាពចេញពីសៀវភៅមួយក្បាលដែលអ្នកគ្រូ វ៉េរ៉ូនីគ ប្រគល់ឲ្យខ្ញុំ ។ សៀវភៅនោះមានចំណងជើងថា៖ Perspective Drawing ។ រៀងរាល់ល្ងាច បន្ទាប់ពីកូនសិស្សត្រឡប់ទៅផ្ទះអស់ ខ្ញុំតែងតែឆ្លៀតទៅរៀនគណិតវិទ្យាដែលបង្រៀនដោយយុវជនម្នាក់ឈ្មោះ ជា ចំរើន នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយក្បែរនោះ ។ ធ្វើការនៅសាលាបច្ចេកទេសបានប្រហែលជា ៤ខែ ខ្ញុំបានទទួលដំណឹងថា រដ្ឋបាលអប់រំនៅជំរំសាយធូ នឹងរៀបចំកម្មវិធីប្រឡងឌីប្លូមសម្រាប់សិស្សដែលរៀននៅថ្នាក់ ម.ស. ៤ ។ គេអនុញាតឲ្យបុគ្គលិកស្ថាប័ននានាចូលរួមប្រឡងដែរប្រសិនបើមានអ្នកចាប់អារម្មណ៍ ។ យកតួនាទីជាបុគ្គលិកស្ថាប័ន ខ្ញុំក៏សម្រេចចិត្តចូលរួមប្រឡងនឹងគេដែរ ។ ខ្ញុំប្រឡងឌីប្លូមជាប់ទាំងត្រដាបត្រដួស ។ ក្នុងចំណោមបេក្ខជន២១នាក់ដែលចូលរួមប្រឡងនៅក្នុងបន្ទប់ជាមួយខ្ញុំនោះ មានតែ១១នាក់ប៉ុណ្ណោះដែលប្រឡងជាប់ ។ បន្ទាប់ពីប្រឡងឌីប្លូមហើយ ខ្ញុំក៏សម្រេចចិត្តត្រឡប់ចូលរៀនពេញមោ៉ងវិញ ។ ខ្ញុំជំរាបប្រាដឺ គីកេ អំពីបំណងរបស់ខ្ញុំហើយគាត់ក៏យល់ព្រមឲ្យខ្ញុំត្រឡប់ទៅរៀនវិញដែរ ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងអនុញាតឲ្យខ្ញុំបន្តជួយបង្រៀនកុមារគូរគំនូតទៅទៀតប្រសិនបើខ្ញុំអាចឆ្លៀតពេលបាន ។ គួរកត់សម្គាល់ដែរថា កូនសិស្សតូចៗដែលខ្ញុំបង្រៀនក្នុងនាមជាគ្រូទីងមោងនោះ អ្នកខ្លះបានទទួលអាហារូបករណ៍ទៅរៀនបន្តនៅស្រុកបារាំង ខ្លះទៀតបានក្លាយទៅជាស្ថាបនិកនៃអង្គការ ហ្វាពន្លឺសីល្បៈ ។ ប្រាដឺ គីកេ ឥឡូវនេះជា ប៊ីសុប (Bishop Kike) ប្រចាំការនៅខេត្ត បាត់ដំបង ។ ចំណែកយុវជន ជា ចំរើន បច្ចុប្បន្នបានក្លាយជា ឯ.ឧ. ជា ចំរើន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។ ខ្ញុំរៀននៅថ្នាក់បន្ទាប់ឌីប្លូមបានជិត១ឆ្នាំដែរ មុនពេលចាកចេញមករស់នៅស្រុកអាមេរិក ។ ក្រៅអំពីមុខវិជ្ជាអស្សរសាស្ត្រខ្មែរ អង់គ្លេស ប្រវត្តិសាស្ត្រ និង អភិបាលកិច្ច មុខវិជ្ជាវីទ្យាសាស្ត្រពិតនានាខ្ញុំមិនសូវយល់ទេ ។ ដើម្បីគេចកុំឲ្យគ្រូហៅឡើងធ្វើលំហាត់ ខ្ញុំទៅអង្គុយនៅតុចុងក្រោយបំផុតជាមួយនឹងសម្លាញ់(អាប់)ម្នាក់ឈ្មោះ ហុង ស្រីសម្បត្តិ ដែលជាឪពុករបស់ក្មួយ ហុង ស្រីសន្តិភាព (ហៅពីស)អ្នកលេងហ្គីតាវ័យក្មេងដ៏ល្បីល្បាញរបស់ក្រុមតន្ត្រី បងប្អូន ។ គ្រានោះ សម្បត្តិនិងខ្ញុំហាក់ដូចជាសប្បាយនឹងជជែកគ្នាច្រើនជាងការរៀនសូត្រ ។ ផ្នែកគណិតសាស្ត្រ យើងរៀនអំពីមេទ្រីក វិចទ័រ និង ហ្វុងស្យុង (Matrix, Vector, and Function) ហើយខ្ញុំធ្លាក់ពន្ទុស្ទើរតែទាំងស្រុង ។ ដើម្បីទប់ទល់ស្ថានការណ៍កុំឲ្យការសិក្សារបស់ខ្ញុំធ្លាក់ដុនដាបខ្លាំង ខ្ញុំផ្តោតការសិក្សារបស់ខ្ញុំទៅលើមុខវិជ្ជាអក្សរសាស្ត្រ ប្រវិត្តិសាស្ត្រ និងអភិបាលកិច្ច ច្រើនជាងមុខវិជ្ជាដទៃ ។ ទោះជាយ៉ាងណាក៏ដោយ ពិន្ទុ គណិតវិទ្យា ជីវវិទ្យា និងរូបវិទ្យា គីមី របស់ខ្ញុំយ៉ាប់មែនទែន ។ ខ្ញុំគ្មានសង្ឃឹមបានឡើងថ្នាក់ទេនៅពេលដែលពិន្ទុទាំងអស់របស់ខ្ញុំត្រូវបានបូកសរុបនៅចុងឆ្នាំ ហើយក៏មានគម្រោងលាចាកសិក្ខាបទត្រឹមនោះដែរប្រសិនបើខ្ញុំប្រឡងផ្តាច់(ព្រាត់) ធ្លាក់ ។ មុនពេលប្រឡងដំណាច់ឆ្នាំប្រហែលកន្លះខែ ខ្ញុំត្រូវបានស្ថានទូតអាមេរិកនៅបាងកក អនុញាតឲ្យចាកចេញពីជំរំសាយធូដើម្បីទៅពិនិត្យសុខភាពនិងស្នាក់នៅជំរំមួយផ្សេងទៀតរយៈពេល៣ខែ ទម្រាំដល់ពេលឡើងយន្តហោះទៅកាន់ទឹកដីដែលមនុស្សក្រក្រីជាច្រើនចាត់ទុកថាជាឋានសួរលើលោកីយ៍ ។ អាមេរិកសង្គ្រោះខ្ញុំអំពីវិបត្តិសិក្សានៅជំរំជនភៀសខ្លួនក៏ពិតមែន ប៉ុន្តែអាមេរិកមិនបានសង្គ្រោះខ្ញុំអំពីការប្រឈមនឹងឧបសគ្គនានាក្នុងការសិក្សានៅសហរដ្ឋអាមេរិកឡើយ ។ ការសិក្សារបស់ខ្ញុំនៅជួបឧបសគ្គជាច្រើនទៀត ប៉ុន្តែសូមស្លេះត្រឹមនេះចុះ ព្រោះរឿងនេះវែងស្ទើរតែសរសេរចេញជាសៀវភៅមួយក្បាលបាន ។ មុននឹងបញ្ចប់ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ពេលវេលា១០ឆ្នាំនៃការសិក្សាដែលខ្ញុំបាត់បង់ គឺនៅតែ១០ឆ្នាំដដែលទោះបីជាខ្ញុំរៀនផ្លោះថ្នាក់ច្រើនដងក៏ដោយ ។ និស្សិតអាមេរិកភាគច្រើនទទួលសញាប័ត្របរិញា (Bachelor's Degree) នៅអាយុ ២២ ចំណែកខ្ញុំទទួលសញាប័ត្រដូចគ្នានោះនៅអាយុ ៣៣ ៕

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...