Friday, December 16, 2016

ពិការញាណ ឬ ADHD ខ្ញុំឧស្សាហ៍ឃើញឪពុកម្តាយសម័យឥឡូវត្អូញត្អែរឿងកូនតូចកូរ (សំដៅក្មេងរពិសងុិកង៉ក់ពិបាកគ្រប់គ្រងនិយាយមិនស្តាប់) ដែលចាស់ៗសម័យមុនហៅក្មេងប្រភេទនេះថា៖ រពិសដូចចាប់ក្តាមដាក់ចង្អេរ ។ ឪពុកម្តាយខ្លះបង្ខំចិត្ត គក់ (វាយប្រដៅ) នៅពេលដែលគាត់ទ្រាំនឹងការកូររបស់កូនមិនបាន ។ បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ក្មេងដែលពូកែកូរភាគច្រើន ច្រើនតែមានជម្ងឺ Attention Deficit Hyperactivity Disorder (ADHD) ដែលខ្ញុំយកពាក្យខ្មែរ៖ ពិការញាណ (Learning Disability) មកប្រើដើម្បីងាយស្រួលក្នុងការអាន ។ ADHD ឬ ពិការញាណ កើតមានទៅលើក្មេងជាច្រើន ជាពិសេសនៅចន្លោះអាយុពី ១ថ្ងៃ ទៅ ៧ឆ្នាំ ។ គេមិនដឹងថា តើជម្ងឺពិការញាណបណ្តាលមកពីអ្វីទេ ។ មតិទូទៅសន្និដ្ឋានថា ៥០ភាគរយបណ្តាលមកពីហ្សេន (Gene) និង៥០ភាគរយទៀតបណ្តាលមកពីម្តាយទទួលទានចំណីអាហារដែលមានសារធាតុគីមី និងជាតិពុលច្រើន (Toxin) នៅអំឡុងពេលមានគរ៌ ។ ជាទូទៅ គ្រូពេទ្យមិនធ្វើរោគវិនិច្ឆ័យលើក្មេងអាយុក្រោម ៥ឆ្នាំ ដើម្បីស្វែងយល់ថាតើកូនក្មេងអាចពិការញាណឬអត់នោះទេ ព្រោះពិបាកវាយតម្លៃ ត្រូវការរយៈពេលសង្កេតតាមដានយូរ ហើយពាក់ព័ន្ធគ្រូពេទ្យបីជំនាញគឺ ពេទ្យផ្លូវចិត្ត(Psychiatrist) ពេទ្យចិត្តសាស្ត្រ(Psychologist) និង ពេទ្យកូនក្មេង (Pediatrist) ។ ប៉ុន្តែ យើងអាចចូលមើលនៅក្នុង វ៉េបសាយ របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺ (Center for Disease Control, CDC, U.S.A.) ដើម្បីស្វែងយល់ដោយខ្លួនឯងបាន ។ នៅទីនោះ គេចែកភាពពិការញាណជាបីក្រុម ព្រមទាំងមានសរសេររោគសញាលម្អិតទៀតផង ។ ក្មេងណាដែលមានរោគសញាចំនួន ៦ គឺអាចចាត់ទុកថាពិការញាណ ។ ជម្ងឺពិការញាណនេះ អាចសាបរលាបទៅវិញនៅពេលដែលក្មេងចំរើនវ័យកាន់តែធំ ។ ប៉ុន្តែ មនុស្សមួយចំនួនមិនអាចរើខ្លួនរួចពីភាពពិការញាណឡើយ ។ មានន័យថា ត្រូវរស់នៅជាមួយជម្ងឺនេះអស់មួយជីវិត ។ ដើម្បីព្យាបាលជម្ងឺពិការញាណ ឬក៏ជួយឲ្យក្មេងឆាប់រើខ្លួនរួចពីភាពពិការញាណ គេមិនត្រូវគក់ឬវាយប្រដៅវានៅពេលដែលវាកូរយើងទេ ។ ធ្វើដូច្នោះ មិនត្រឹមតែមិនអាចជួយវាឲ្យឆាប់ជាពីភាពពិការញាណទេ ថែមទាំងបំផ្លាញភាពឆ្លាតវាងវៃរបស់វាទៀតផង ។ មធ្យោបាយល្អបំផុតគឺត្រូវប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positive Reinforcement) ។ អ្នកដែលធ្លាប់មើលកុនចិនរឿង ដាវទិព្វស៊ូឡុង យុទ្ធសាស្ត្រវិជ្ជមាននិយមគឺមិនខុសអ្វីពីក្បួន មហាបង្វិល ដែល ចាង វូជី រៀននៅក្នុងរូងក្រោមដីនោះទេ ។ និយាយឲ្យចំ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅលើការបង្វិលឋាមពលអវិជ្ជមានរបស់ក្មេង (Negative Energy) ឬអ្វីៗដែលយើងមិនចង់ឲ្យវាធ្វើ ឲ្យទៅជាឋាមពលវិជ្ជមាន (Positive Energy) ។ ឧទាហរណ៍ បើយើងចង់ឡើងតាមជណ្តើរយន្ត តែក្មេងចង់ឡើងតាមជណ្តើរធម្មតាយើងគប្បីធ្វើតាមវា ដោយឆ្លៀតឱកាសនាំវារាប់កាំជណ្តើរលេងជាល្បែងផងនិងរៀនផង ។ ប៉ុន្តែ ពេលខ្លះវាទាមទាលេង ឬក៏ធ្វើសកម្មភាពដែលមានហានិភ័យខ្ពស់ ដូចជាមួលចង្ក្រានហ្គាសដើម្បីមើលភ្លើងឆេះ ឬក៏ចង់លូកស្ទាបបាតឆ្នាំងអ៊ុតដែលកំពុងក្តៅជាដើម ។ នៅពេលប្រឈមនឹងករណីបែបនេះ យើងគប្បីប្រើយុទ្ធសាស្ត្របង្វែអារម្មណ៍ ដោយនាំវាលេងអ្វីមួយដែលវាចូលចិត្ត ។ បើធ្វើដូច្នោះមិនជោគជ័យ យើងគប្បីប្រើកម្លាំងបាយរារាំងដោយមិនអនុញាតិឲ្យវាប្រព្រឹត្តិអ្វីដែលវាចង់ធ្វើ គួបផ្សំជាមួយនឹងការពន្យល់ណែនាំអំពីផលវិបាកនៃទង្វើរបស់វា (និយាយម្តងហើយម្តងទៀតរហូតទាល់តែបានលទ្ធផលវិជ្ជមាន) ។ កាលខ្ញុំនៅវ័យកុមារ ខ្ញុំឧស្សារហ៍ឃើញម៉ែឪមួយចំនួន (រួមទាំងម៉ែឪខ្ញុំផង) វាយប្រដៅក្មេងនៅពេលដែលក្មេងទាំងនោះចង់ធ្វើអ្វីដែលគាត់មិនចង់ឲ្យប្រព្រឹត្តិ ។ ម៉ែឪខ្លះថែមទាំងបណ្តោយឲ្យក្មេងស្ទាបបាតឆ្នាំងអ៊ុតដែលក្តៅទៀតផង ដើម្បីឲ្យឆាប់រាងចាល ។ ធ្វើដូច្នោះ ពិតជាមិនត្រឹមត្រូវទេ ព្រោះថាធម្មជាតិនៃក្មេង ទោះបីជារលាកដៃ ៥ដងក៏នៅតែមិនរាងចាលដែរ ។ ឯការវាយប្រដៅក៏ដូច្នោះដែរ មិនមានប្រសិទ្ធភាពក្នុងការកែប្រែចរិតរបស់ក្មេងទេ ។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលខ្ញុំបកប្រែពីភាសាអង់គ្លេសមកខ្មែរដើម្បីឲ្យអ្នកដែលមានកូនតូចយកទៅវិភាគថាតើកូនសម្លាញ់របស់ខ្លួនអាចស្ថិតនៅក្រោមឥទ្ធិពល ពិការញាណ(ADHD) ដែរឬយ៉ាងណា ។ ទន្ទឹមនឹងនេះ ខ្ញុំសុំធ្វើសំណូមពរមួយ៖ ពេលកូនកូរ កុំគក់គ្នាអី ៕ រោគសញ្ញាពិការញាណ ឬ ADHD៖ ១) និយាយច្រើន ២) ចចេស ចង់បានអីបានហ្នឹង ៣) មិនចូលចិត្តលេងចូលជាមួយក្មេងដទៃ ៤) និយាយមិនស្តាប់ ៥) មិនធ្វើតាមការណែនាំ ៦) រពិសដូចចាប់ក្តាមដាក់ចង្អេរ ៧) លោកកញ្ឆេងនៅមិនសុខ ៨) គ្រញែងខ្លួនញឹកញាប់ ៩) ចូលចិត្តប្រឡែងនឹងគ្រោះថ្នាក់ ១០) មិនចេះរៀបចំទុកដាក់របស់លេង (ពូកែពង្រាយ) ១១) មិនចូលចិត្តកិច្ចការដែលតម្រូវឲ្យគិតច្រើន ១២) ភ្លេចច្រើន ១៣) សំកុក ធ្មាំងៗ ។ល។

Tuesday, December 6, 2016

ចំណីខួរក្បាល

ប្រជាធិបតេយ្យអាមេរិក ការជ្រើសរើសលោក ដូណាល់ ត្រាំ ឲ្យធ្វើជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ទាំងក្នុង និងក្រៅប្រទេសអាមេរិកមានប្រតិកម្មផ្សេងៗពីគ្នា ។ អ្នកខ្លះរីករាយ អ្នកខ្លះក្តៅក្រហាយ ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ ឬអស់សំណើចមួយនោះ គឺថា មានមេដឹកនាំប្រទេសរបៀបផ្តាច់ការមួយចំនួនរំពឹងថា នៅពេលដែលលោក ត្រាំ ក្លាយជាប្រធានាធិបតី ពួកគេនឹងមានទំនាក់ទំនងល្អជាមួយនឹងអាមេរិក ។ ច្រឡំធំហើយ ។ មិនត្រូវភ្លេចទេថាកាលពីជាង ២០០ឆ្នាំមុន អាមេរិកបានធ្វើបដិវត្តរំដោះខ្លួនចេញពីរបបគ្រុបគ្រងផ្តាច់ការ ហើយស្អប់បំផុតមេដឹកនាំផ្តាច់ការ ។ ដូច្នេះ ទំនាក់ទំនងល្អឬមិនល្អ គឺអាស្រ័យទាំងស្រុងលើកត្តា ថាតើមេដឹកនាំផ្តាច់ការគោរព និងផ្តល់សិទ្ធសេរីភាពឲ្យពលរដ្ឋដែលខ្លួនគ្រុបគ្រងដល់កំរិតណា ។ ចំណែកអ្នកដែលមានការព្រួយបារម្ភថា លោក ត្រាំ អាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនោះ មិនបាច់បារម្ភទេ ព្រោះស្រុកអាមេរិកគេដឹកនាំរដ្ឋាភិបាលតាមសៀវភៅ (រដ្ឋធម្មនុញ) មិនមែនតាមចិត្តចង់នោះទេ ។ អ្នកសរសេររដ្ឋធម្មនុញអាមេរិក គេបានគិតគូរសព្វជ្រុងជ្រោយនូវរាល់ផលវិបាកនានាទាក់ទិននឹងការដឹកនាំរដ្ឋ ព្រមទាំងបានរៀបចំប្រព័ន្ធអភិបាលកិច្ចប្រកបដោយតុល្យភាពទៀតផង ។ ដូច្នេះ អ្វីដែលលោក ត្រាំ និយាយ ឬក៏សន្យាថានឹងអនុវត្តនោះ វាគ្រាន់តែជាការឃោសនារកការគាំទ្រតែប៉ុណ្ណោះ ។ សម្រាប់អ្នកដែលមិនសូវយល់អំពីប្រព័ន្ធអភិបាលកិច្ចអាមេរិក ខ្ញុំសូមបកស្រាយត្រួសៗ ។ ការផ្លាស់ប្តូរទិសដៅដឹកនាំរដ្ឋដែលពាក់ព័ន្ធដល់ការតាក់តែងឬក៏កែប្រែច្បាប់ គឺត្រូវឆ្លងកាត់ការយល់ព្រមអំពីសំណាក់រដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។ សមាជិកសភាអាមេរិកាំង ជាពិសេសតំណាងរាស្ត្រដែលត្រូវបោះឆ្នោតជ្រើសរើស២ឆ្នាំម្តង មិនមែនចេះតែបោះឆ្នោតគាំទ្រគោលនយោបាយតាមខ្សែបក្សទេ ។ គេគាំទ្រតែគោលនយោបាយណាដែលពលរដ្ឋនៅក្នុងមណ្ឌលរបស់គេគាំទ្រតែប៉ុណ្ណោះ ។ បើមិនដូច្នោះទេ ពលរដ្ឋនឹងបោះឆ្នោតទម្លាក់គាត់ចេញពីអាសន្នៈសភាហើយ ។ សម្រាប់សមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិកាំង គណបក្សគឺគ្រាន់តែជាស្លាកយីហោតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺការគាំទ្ររបស់ពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់ ។ បើពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់មិនគាំទ្រ ទោះបីលោកត្រាំចង់ធ្វើអ្វីក៏ដោយក៏សមាជិកសភាមិនគាំទ្រដែរ ព្រោះថាអាសន្នៈនិងតួនាទីរបស់សមាជិកសភាទាំងនោះ បានមកដោយការគាំទ្ររបស់ពលរដ្ឋ មិនមែនបានដោយសារការផ្តល់ឲ្យរបស់មេបក្ស ឬក៏ប្រធានាធិបតីឡើយ ។ ម៉្យាងទៀត សមាជិកសភាអាមេរិកាំង មិនស្ថិតនៅក្រោមឥទ្ធិពលរបស់ថ្នាក់ដឹកនាំបក្សទាំងស្រុងទេ ។ យើងមើលតែករណីលោក ត្រាំ ក៏អាចយល់បានខ្លះដែរ ។ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋស្ទើរតែទាំងអស់មិនគាំទ្រលោកត្រាំជាបេក្ខជនប្រធានាធិបតីទេ ប៉ុន្តែ លោកត្រាំនៅតែអាចឈរឈ្មោះនិងក្លាយជាប្រធានាធិបតីបាន ដោយហេតុតែពលរដ្ឋគាំទ្រគាត់ ។ នេះជាចំណុចពិសេសមួយរបស់របបប្រជាធិបតេយ្យអាមេរិកៈ ពលរដ្ឋជាអ្នកសម្រេចជោគវាសនាខ្លួនដោយពិតប្រាកដ ៕

Wednesday, November 30, 2016

ចំណីខួរក្បាល

មេរោគ ថ្មីៗនេះ ខ្ញុំបានស្តាប់អ្នកឯកទេសខាងផ្សព្វផ្សាយម្នាក់បង្រៀនអ្នកវីទ្យាសាស្ត្រមួយក្រុមនៅក្នុងកិច្ច ប្រជុំមួយ ។ ចំណុចដែលខ្ញុំចាប់អារម្មណ៏ជាងគេនៅក្នុងកិច្ចប្រជុំនោះ គឺអ្នកឯកទេសខាងផ្សព្វផ្សាយ បានរិះគន់ក្រុមអ្នកវិទ្យាសាស្ត្រថា៖ មានសមត្ថភាពក្នុងការស្វែងរកមធ្យោបាយព្យាបាលជម្ងឺ ប៉ុន្តែខ្វះ សមត្ថភាពក្នុងការពន្យល់សាធារណជនឲ្យយល់អំពីជម្ងឺ ។ ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រ ហេីយក៏មិនមែនជាអ្នកសិក្សាផ្នែកខាងព្យាបាលជម្ងឺដែរ ។ អត្ថបទនេះ គ្រាន់តែជាការផ្សព្វផ្សាយចំណេះដឹងរបស់ខ្ញុំអំពី មេរោគ តែប៉ុណ្ណោះ ដេីម្បីជាចំណីខួរក្បាល សម្រាប់អ្នកដែលមិនមានចំណេះដឹងផ្នែកពេទ្យ ។ មេរោគ ដែលភាសាអង់គ្លេសហៅថា ម៉ៃក្រូប (Microbes) មានប្រាំពួក គឺ៖ អាឃៀ បាក់តេរី វិរ៉ុស ហ្វាំងហ្គាយ និង ប្រូទីស្តា (Archaea, Bacteria, Virus, Fungi, Protista) ។ ក្នុងចំណោមមេរោគទាំងប្រាំពួកនេះ មានមេរោគពីរ (២) ពួកដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង រុក្ខជាតិច្រើនជាងគេ ។ ពពួកទីមួយគឺ បាក់តេរី (Bacteria) ។ ពពួកទីពីរគឺ វីរ៉ុស (Virus) ។ មុននឹងខ្ញុំពិពណ៌នាលម្អិតអំពីមេរោគទាំងពីរពួកនេះ ខ្ញុំសូមធ្វើកំណត់សម្គាល់បញ្ជាក់ថា៖ បាក់តេរី មានថ្នាំព្យាបាល (សម្លាប់មេរោគ) រីឯវីរ៉ុស គ្មានថ្នាំព្យាបាលទេ ។ ជម្ងឺភាគច្រើនបំផុត នៅក្នុងពិភពលោក គឺបង្កឡើងដោយមេរោគទាំងពីរពួកនេះ ។ បាក់តេរី ជាប្រភេទសត្វដែលមានកោសិកាតែមួយ ហេីយមានចំនួនច្រើនឥតគណនា ។ វាមាន ទំហំតូចជាងសសៃសក់ ១០ ទៅ ១០០០ដង ។ វាអាចរស់បានដោយឯកឯង និងអាចមានជីវិត រាប់លានឆ្នាំ ។ បាក់តេរីអាចរស់នៅទីណាក៏បានដែរ មិនថាទីនោះក្តៅឬត្រជាក់នោះទេ ។ សូម្បីតែនៅក្នុងលំហក្រៅភពផែនដី ក៏បាក់តេរីអាចរស់បានដែរ (ផ្អែកលើការពិសោធរបស់ អ្នកអវកាស Astronaut) ។ បេីប្រៀបធៀបទម្ងន់មនុស្សទាំងអស់នៅក្នុងពិភពលោកជាមួយ នឹងទម្ងន់បាក់តេរី មនុស្សលើលោកនេះមានទម្ងន់តិចជាងបាក់តេរី ១០ដង ។ យេីងអាចចែក បាក់តេរីជាពីរប្រភេទគឺ៖ បាក់តេរីដែលផ្តល់សារប្រយោជន៏ដល់មនុស្ស សត្វ និង រុក្ខជាតិ (Friendly Bacteria) និងបាក់តេរីដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង រុក្ខជាតិ (Hostile Bacteria) ។ យេីងអាចហៅបាក់តេរីទាំងពីរប្រភេទនេះថា៖ បាក់តេរីល្អ និង បាក់តេរីអាក្រក់ក៏បានដែរ ។ ចំណុចមួយដែលយើងគួរកត់សម្គាល់ គឺថា បាក់តេរីល្អអាច ក្លាយជាបាក់តេរីអាក្រក់ នៅពេលដែលវាឆ្លងពីប្រភពមួយ ទៅប្រភពមួយទៀត ។ ឧទាហរណ៍ បាក់តេរីល្អដែលមិនផ្តល់ទុក្ខទោសដល់សត្វ អាចធ្វើឲ្យមនុស្សឈឺបាននៅពេលដែលវា ឆ្លងពីសត្វមកមនុស្ស ។ នៅពេលដែលបាក់តេរីអាក្រក់រុកគួនខ្លួនយើង យេីងនឹងឈឺ ហេីយចាំបាច់ត្រូវតែសម្លាប់បាក់តេរីអាក្រក់នេះចោលដោយប្រើថ្នាំ អង់ទីប៊ីយូទិក ឬថ្នាំផ្សះ (Antibiotic Medicines) ។ ប៉ុន្តែ មុននឹងប្រើថ្នាំអង់ទីប៊ីយូទិកដើម្បីព្យាបាល ជម្ងឺ យេីងគប្បីពិគ្រោះយោបល់ជាមួយនិងគ្រូពេទ្យ ឬត្រួតពិនិត្យខ្លួនឯងឲ្យបានជាក់លាក់ ថាតើជម្ងឺរបស់យើងបង្កឡើងដោយបាក់តេរី ឬក៏ វីរ៉ុស ។ បេីយេីងឈឺដោយសា វីរ៉ុស នោះមិនអាចប្រើថ្នាំអង់ទីប៊ីយូទិកទេ ព្រោះវីរ៉ុសគ្មានថ្នាំសម្លាប់វាបានឡើយ ។ ជម្ងឺខ្លះអាច មាន ឬបង្កឡើងដោយបាក់តេរីផង និង វីរ៉ុសផង ដែលយើងហៅថា ឈឺច្រេីនប្រភេទ (Comorbidity) ។ ឧទាហរណ៍៖ េយីងគ្រុនផ្តាសាយផង ក្អកផង រលាកបំពង់កផង រលាក ទងសួតផង ដែលជាសញ្ញាបង្ហាញថា ជម្ងឺដែលកំពុងរុកគួនយើង បង្កឡើងដោយ វីរ៉ុសផង និងបាក់តេរីផង ។ នៅពេលមានករណីនេះកើតឡើង យេីងចាំបាច់ត្រូវប្រើថ្នាំសម្លាប់បាក់តេរីផង និងបង្ក្រាបរោគសញារបស់វីរ៉ុសផង ។ វីរ៉ុស ជាមេរោគដែលមានទំហំតូចជាងបាក់តេរីទៅទៀត ។ វាមិនអាចរស់ដោយឯកឯងបានទេ ។ វីរ៉ុសអាចរស់បានដោយផ្ញើខ្លួនវាជាមួយនឹង មនុស្ស សត្វ រុក្ខជាតិ ព្រមទាំង អ្វីៗគ្រប់បែបយ៉ាង នៅក្នុងបរិស្ថាន ។ ដោយហេតុតែវាមានទំហំតូច វីរ៉ុស ក៏អាចផ្ញើខ្លួនវាជាមួយនឹងបាក់តេរីផងដែរ ។ ដូចដែលបានពណ៌នានៅខាងដើម មិនមានថ្នាំសម្រាប់សម្លាប់ វីរ៉ុសទេ ។ នៅពេលដែលយើង ឈឺដោយសាការអុកឡុករបស់ វីរ៉ុស យេីងគប្បីរកថ្នាំបង្ក្រាបរោគសញ្ញា (Symptom Suppressant or Antiviral Medication) គួបផ្សំនឹងការសម្រាកនិងញុាំចំណីអាហារបំប៉ន ដេីម្បីឲ្យសិរីរាង្គរបស់យើងមានឋាមពលកៀបសង្កត់វីរ៉ុសកុំឲ្យវាធ្វើព្យុះធ្វើភ្លៀងនៅក្នុងខ្លួនយើង បាន ។ ជម្ងឺដែលបង្កឡើងដោយវីរ៉ុស ជាជម្ងឺមានហានិភ័យខ្ពស់សម្រាប់មនុស្សលោក ។ ផលវិបាក នៃវីរ៉ុស គឺស្ថិតនៅត្រង់ថាវាជាប្រភេទមេរោគ ឆ្លាត (Resilient) ពិបាកគ្រប់គ្រង ។ មធ្យោបាយតែ មួយគត់ ដេីម្បីគ្រប់គ្រងវីរ៉ុស គឺ វ៉ាក់សាំង (Vaccines) ។ តាមរយៈការយល់ដឹងអំពី វ៉ាក់សាំងប្រឆាំង ជម្ងឺគ្រុនផ្តាសាយ (Influenza Vaccines) គេត្រូវយកអត្តសញាណហ្សេន (Genetic Codes) របស់មេរោគផ្តាសាយមកចិញ្ចឹម (Culture) រួចហើយសម្លាប់ប្រព័ន្ធរុកកួនរបស់វាចោល ។ បន្ទាប់មក គេយកមេរោគអសមត្ថភាពនោះចាក់ចូលទៅក្នុងខ្លួនមនុស្ស ដេីម្បីឲ្យវាចាំទទួលមិត្តភ័ក្តិរបស់វាដែល ចូលមកសួរសុខទុក្ខមនុស្ស ។ េធ្វីដូចនេះមនុស្សដែលបានទទួលវ៉ាក់សាំងប្រឆាំងជម្ងឺគ្រុនផ្តាសាយអាច គេចរួចអំពីជម្ងឺនេះ ដោយហេតុថា មេរោគអសមត្ថភាពនៅក្នុងខ្លួនយើងនោះ នឹងធ្វើឲ្យមេរោគដទៃ ដែលមានបំណងរុកគួនយើង អសមត្ថភាពដូចវាដែរ ។ មានមេរោគវីរ៉ុសជាច្រើនដែលយើងគួរស្គាល់ដូចជា៖ ហុីវ (HIV), គ្រុនផ្តាសាយ(បក្សី) (H1N1), អុីបូឡា (Ebola), ហ្សីកា (Zika) ជាដើម ។ល។ ជាទូទៅ មេរោគវីរ៉ុសទាំងនេះរស់នៅផ្ញើខ្លួនជាមួយ នឹងសត្វនៅក្នុងព្រៃ ។ នៅពេលសត្វព្រៃដែលមានផ្ទុកមេរោគ វីរ៉ុស ណាមួយជួបជាមួយនឹងមនុស្ស ឬក៏សត្វដែលមនុស្សចិញ្ចឹម វីរ៉ុសនោះអាចឆ្លងពីសត្វនៅក្នុងព្រៃ មកសត្វដែលមនុស្សចឹញ្ចឹម ឬក៏ខ្លួន មនុស្សផ្ទាល់ ។ បន្ទាប់ពីចូលដល់ក្នុងខ្លួនមនុស្ស វីរ៉ុស នឹងប្រែប្រួលខ្លួនវា (Transform) ឲ្យសមស្រប ទៅនឹងប្រព័ន្ធទ្រទ្រង់របស់មនុស្ស ដម្បីចម្លងខ្លួនវាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ពេលខ្លះ វីរ៉ុស ឆ្លងពីសត្វនៅក្នុងព្រៃមកមនុស្សតាមរយៈសត្វដែលមនុស្សចិញ្ចឹម ។ ឧទាហរណ៍មួយនៃករណីនេះ គឺគ្រុនផ្តាសាយបក្សី ។ វីរ៉ុសគ្រុនផ្តាសាយបក្សី ភាគច្រើនរស់នៅជាមួយនឹងហ្វូងបក្សីពនេចរណ៍ (Migratory Birds) ។ ពេលដែលបក្សីពនេចរណ៍ហើរឆ្លងពីតំបន់មួយទៅតំបន់មួយ ឬពីទ្វីបមួយ ទៅទ្វីបមួយទៀត ពួកវាតែងតែចុះសំចតនៅតាមវាលស្រែចម្ការ ឬបឹងត្រពាំង ដែលជាហេតុ បណ្តាលឲ្យសត្វនៅក្នុងតំបន់ ឬសត្វដែលយើងចិញ្ចឹងទទួលរងផលប៉ះពាល់អំពីវីរ៉ុស គ្រុនផ្តាសាយ បក្សី ។ បន្ទាប់ពីឆ្លងចូលដល់ក្នុងខ្លួនសត្វដែលមនុស្សចិញ្ចឹម វីរ៉ុសគ្រុនផ្តាសាយបក្សី ដំបូងឡើយគឺ សម្របសម្រួលខ្លួនវាដើម្បីរស់នៅជាមួយនឹងសត្វចិញ្ចឹមនោះ រួចហើយទើបចាប់ផ្តើមរាតត្បាតដល់ សត្វចិញ្ចឹមដទៃទៀត ។ គួរកត់សម្គាល់ដែរថា វីរ៉ុសគ្រុនផ្តាសាយបក្សី ជួនកាលមិនបានធ្វើឲ្យសត្វ ចិញ្ចឹមដែលផ្ទុកវីរ៉ុសនោះ ឈឺ ឬក៏ស្លាប់ទេ ។ បុ៉ន្តែ នៅពេលដែលមនុស្សចាប់សត្វចិញ្ចឹមនោះ មក បរិភោគ ឬក៏លក់នៅលើទីផ្សារ វីរ៉ុសដែលនៅក្នុងសត្វចិញ្ចឹមនោះ អាចឆ្លងចូលមកក្នុងខ្លួនមនុស្ស តាមរយៈប្រព័ន្ធដកដង្ហើម ឬក៏ស្នាមរបួសតូចតាចនៅលើស្បែក ។ ដូចគ្នាដែរ ជួលកាលវីរ៉ុសគ្រុន ផ្តាសាយបក្សីនោះ មិនបានធ្វើឲ្យមនុស្សឈឺ ឬក៏ស្លាប់ទេ ហេីយក៏គ្មាននរណាដឹងថាមានវីរ៉ុស គ្រុនផ្តាសាយបក្សី កំពុងរាតត្បាតសត្វចិញ្ចឹមនិងមនុស្សដែរ ។ យេីងអាចដឹងបានថា មានវីរ៉ុសមក អុកឡុក នៅពេលដែលមានមនុស្ស ឬក៏សត្វដែលមនុស្សចិញ្ចឹមឈឺហើយស្លាប់តែបុ៉ណ្ណោះ ។ សូមបញ្ជាក់ថា វីរ៉ុស ក៏ដូចបាក់តេរីដែរ មានចំនួនច្រើនរាប់មិនអស់ទេ ។ វារស់នៅក្នុងខ្លួនយើង លេីខ្លួនយើង និងក្នុងបរិស្ថានជុំវិញខ្លួនយើង ។ មេរោគភាគច្រើនបំផុត មិនសាហាវព្រៃផ្សៃទេ ។ ប៉ុន្តែ អ្វីដែលយើងត្រូវដឹងគឺថា មេរោគមួយអាច សម្លាប់មនុស្ស សត្វ ឬរុក្ខជាតិ រាប់រយ រាប់ពាន់ ឬក៏រាប់លាន ដោយហេតុថាវាអាចបំបែកខ្លួនវាឲ្យ មានចំនួនរាប់លានបានយ៉ាងឆាប់រហ័ស ។ កត្តាមួយទៀតដែលត្រូវដឹង គឺថា វីរ៉ុស ដែលរុកគួនខ្លួន មនុស្ស មិនប្រាកដថាអាចធ្វើឲ្យមនុស្សរងគ្រោះដល់ស្លាប់ដោយសាវាទេ ប្រសិនបើយើងធ្វើ រោគវិនិច្ឆ័យ (Diagnosis) រកឃើញវាទាន់ពេលវេលា ហេីយប្រើថ្នាំបង្រាបរោគសញាកុំឲ្យវា ពង្រីកឥទ្ធិពលវាបាន ។ ផ្ទុយមកវិញ អ្នកដែលរងគ្រោះដោយសា បាក់តេរី មិនប្រាកដថាអាច ព្យាបាលជាទេ ថ្វីត្បិតតែមានថ្នាំសម្រាប់សម្លាប់ បាក់តេរី ព្រោះថា បាក់តេរីខ្លះ អាចផ្លាស់ប្តូរប្រព័ន្ធ ជីវិតរបស់វាដើម្បីទប់ទល់ជាមួយនឹងថ្នាំសម្រាប់កំចាត់វាបាន ។ សរុបសេចក្តីមក មនុស្សមិនអាច កំចាត់មេរោគបានទេ ហេីយមេរោគ ក៏មិនអាចកំចាត់មនុស្សបានដែរ ។ យេីងបានត្រឹមតែរុកគួនគ្នា ទៅវិញទៅមកតែប៉ុណ្ណោះ ។ ដេីម្បីសុខមាលភាពរបស់យើង មនុស្សចាំបាច់ត្រូវតែរៀន និង ស្វែងយល់អំពីបុគ្គលិកលក្ខណៈ (Behavior) របស់មេរោគ ដេីម្បីងាយស្រួលក្នុងការបង្ក្រាប ឬក៏គេចអំពីជម្ងឺនានា ។ សុភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេស្គាល់ខ្លួនឯង ធេ្វីសង្គ្រាមមិនចេះចាញ់ ៕

Wednesday, November 2, 2016

រិះគន់ដើម្បីស្ថាបនា

ដេប៉ាតតឺម៉ង់ (Department) នៅពេលដែលខ្ញុំបានអាន ឬក៏ឮពាក្យ ដេប៉ាតតឺម៉ង់ ម្តងៗ ខ្ញុំមានអារម្មណ៍ហាក់ដូចជាវេទនាក្នុងចិត្តណាស់ ព្រោះវាពិបាកថា ពិបាកស្តាប់ និងពិបាកយល់ ។ ខ្ញុំជឿថានៅក្នុងភាសាខ្មែរ មានពាក្យសមរម្យសម្រាប់សម្គាល់ពាក្យ ដេប៉ាតតឺម៉ង់ Department នេះ ។ បើតាមការសង្កេតរបស់ខ្ញុំ ពាក្យដេប៉ាតតឺម៉ង់ មានប្រើច្រើនណាស់នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh, RUPP) ។ ខ្ញុំឆ្ងល់ណាស់ថា សាកលវិទ្យាល័យជាកន្លែងប្រមូលផ្តុំអ្នកប្រាជ្ញនិងអ្នកសិក្សា ហេតុអ្វីក៏គេមិនអាចរកពាក្យខ្មែរមកប្រើជំនួសពាក្យដេប៉ាតតឺម៉ង់នេះបាន ។ ពាក្យ Department នៅក្នុងភាសាអង់គ្លេស ភាគច្រើនគឺគេប្រើសម្រាប់សម្គាល់ផ្នែកមួយនៃអង្គភាព លើកលែងតែសហរដ្ឋអាមេរិកដែលប្រើពាក្យនេះសម្រាប់សម្គាល់ក្រសួងនានានៅក្នុងអភិបាលកិច្ចសាធារណៈសហព័ន្ធផងដែរ ។ ឧទាហរណ៍ៈ Department of Defense(ក្រសួងការពារជាតិ), Department of State (ក្រសួងការបរទេស) ។ នៅក្នុងសាកលវិទ្យាល័យ ជាទូទៅគេសង្កេតឃើញថា មានការបែងចែកជាសាលាផ្សេងៗ ដែលភាសាអង់គ្លេសហៅថា School or College ។ នៅស្រុកខ្មែរគេហៅសាលាទាំងនេះថា Faculte or Faculty. ឧទាហរណ៍ៈ Faculty of Law (សាលាច្បាប់) Faculty of Medicine (សាលាពេទ្យ) ។ Department គឺជាផ្នែកមួយនៃសាលាទាំងនេះ ។ ដូច្នេះ តើយើងគួរយកពាក្យអ្វីមកសម្គាល់ដើម្បីឲ្យសមរម្យស្តាប់ទៅមិនឆ្គង ។ បើយើងប្រៀបធៀបសាកលវិទ្យាល័យទៅនឹងដើមឈើ យើងសង្កេតឃើញថា សាកលវិទ្យាល័យ ជាគល់ សាលានានា ជាមែកធំៗ និង ដេប៉ាតតឺម៉ង់ ជាមែកតូចៗ ។ មែកធំនិងមែកតូចទាំងនេះ ភាសាអង់គ្លេសគេហៅថា Branches ។ ឱ ស្វាយចន្ទី នារីអូនអើយបែកមែក(សាខា) ធ្វើបុណ្យកាលណា ប្រាថ្នាសុំជួបតែនឹងពុទ្ធិ ។ ត្រឡប់មកពាក្យ ដេប៉ាតតឺម៉ង់ វិញ ។ ខាងក្រោមនេះជាឧទាហរណ៍ពីរសម្រាប់គិតលេង ។ ខ្ញុំសរសេរពាក្យខ្មែរពីលើពាក្យអង់គ្លេស ។ បើមានខុសទាស់ សូមមេត្តាជួយកែតម្រូវផង ដើម្បីចំណេះដឹងទាំងអស់គ្នា៖ ១) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលាសាធារណៈសុខាភិបាល, សាខា/ផ្នែក ស្រាវជ្រាវ 1) Royal University of Phnom Penh; School of Public Health; Department of Research ២) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលារចនា, សាខាសម្តែងល្ខោនស្រមោល (ឬល្ខោនស្បែកធំ) 2) Royal University of Phnom Penh; School of Fine Arts; Department of Puppetry Performance

Tuesday, November 1, 2016

ចំណីខួរក្បាល

បម្រើបក្ស ឬបម្រើប្រទេស ថ្មីៗនេះ ការបែកធ្លាយទិន្នន័យទំនាក់ទំនងអុីម៉ែលសម្ងាត់របស់អ្នកស្រី ហៀលឺរី គ្លីនតុន ជាមួយនឹងជំនួយការរបស់គាត់ កាលគាត់កាន់ការងារជារដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើឲ្យការប្រគួតប្រជែងតំណែងប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដែលកំពុងតែមានភាពក្តៅគគុកនោះ រឹតតែក្តៅថែមទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងករណីនេះ គឺថា ប្រធានក្រសួងសើុបអង្កេត អេហ្វប៊ីអាយ លោក ជេម្ស ខូមី ដែលជាអ្នកសម្រេចបញ្ចេញការសើុបអង្កេតរឿងនេះឲ្យសាធារណជនបានដឹង នៅតែប៉ុន្មានថ្ងៃមុនពេលបោះឆ្នោត គឺជាមនុស្សនៅក្នុងបក្សតែមួយជាមួយអ្នកស្រី គ្លីនតុន ។ គាត់ពិតជាមនុស្សក្លាហានមែន ព្រោះថា ប្រសិនបើអ្នកស្រី គ្លីនតុន ជាប់ឆ្នោតជាប្រធានាធិបតីនោះ គាត់ប្រហែលជាមិនមានឱកាសឈរជើងនៅក្នុងក្រសួង អេហ្វប៊ីអាយ ទៀតទេ ។ ហើយគាត់ក៏ប្រហែលជាយល់អំពីផលវិបាកនេះដែរ ។ នៅពេលដែលមន្ត្រី មិនស្ថិតនៅក្រោមអំណាចបក្ស ឬក៏បុគ្គលណាមួយ គាត់ធ្វើការបម្រើតែប្រទេសគាត់ប៉ុណ្ណោះ ។ ប្រទេសដែលមានមន្ត្រីប្រភេទនេះ គឺជាប្រទេសមានសំណាង ៕

Thursday, October 27, 2016

ពាក្យកាត់

គ្រប់យ៉ាង ខ្ញុំឧស្សាហ៍ឃើញយុវជនខ្មែរសម័យឥឡូវប្រើពាក្យ៖ គ្រប់យ៉ាង ញឹកញាប់ណាស់នៅក្នុងការសរសេរឬនិយាយស្តី ។ ខ្ញុំស្តាប់ទៅហាក់ដូចជាខ្វះខាតបន្តិច ព្រោះថាអ្នកសរសេរឬនិយាយ ទំនងដូចជាមិនសូវមានជំនាញក្នុងការប្រើភាសាខ្មែរ ។ តាមពិតពាក្យ គ្រប់យ៉ាង គឺចេញមកពីពាក្យ អ្វីៗគ្រប់បែបយ៉ាង ឬអ្វីៗគ្រប់យ៉ាង ដែលភាសាអង់គ្លេសសរសេរថា៖ Everything ។ នៅពេលដែលយើងកាត់ផ្នែកខ្លះនៃពាក្យចេញពីដងខ្លួនរបស់វា គឺមិនខុសអ្វីអំពីកាត់អវៈយវៈខ្លះចេញពីខ្លួនមនុស្សឡើយ ។ វានឹងធ្វើឲ្យពាក្យនោះក្លាយទៅជាពាក្យពិការ ឬពាក្យមិនពេញលក្ខណៈ ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ៕

Tuesday, October 18, 2016

ពិចារណា

ជម្លោះល្អ កាលខ្ញុំរៀនផ្នែកប្រាស្រ័យទាក់ទងនៅសាកលវិទ្យាល័យ មានមេរៀនមួយទាក់ទិននឹងទំនាក់ទំនងប្តីប្រពន្ធ (Spousal Relationship) ។ នៅថ្ងៃទីមួយនៃការចាប់ផ្តើមមេរៀន អ្នកគ្រូសាស្ត្រាចារ្យបានពន្យល់និស្សិតក្នុងថ្នាក់ថា៖ ជម្លោះរវាងប្តីប្រពន្ធមិនមែនសុទ្ធតែអាក្រក់ទេ ។ ដូច្នេះ មិនត្រូវគេចវេសអំពីជម្លោះឡើយ នៅពេលដែលយើងមានគ្រួសារ ព្រោះជម្លោះជាច្រើនអាចជួយឲ្យយើងមើលឃើញសច្ចៈនិងកាត់បន្ថយភាពមិនច្បាស់លាស់នៅក្នុងទំនាក់ទំនងគ្រួសារ ។ គេហៅជម្លោះប្រភេទនេះថា៖ Healthy Argument (ជម្លោះល្អ ឬជម្លោះមានប្រយោជន៏) ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានជួបការពន្យល់ផ្ទុយអំពីទស្សនរបស់ខ្ញុំ ។ សម្រាប់ខ្ញុំ ឲ្យតែជម្លោះ មិនថាជាមួយប្តីប្រពន្ធ ឬក៏អ្នកដទៃទេ គឺសុទ្ធតែជារឿងអាក្រក់ទាំងអស់ ។ និស្សិតជាច្រើនបានឈ្លេចសួរអំពីបញ្ហានៅក្នុងគំនិតខ្ញុំនេះ ហើយអ្នកគ្រូនោះក៏បានពន្យល់រហូតផុតម៉ោងរៀន ប៉ុន្តែខ្ញុំនៅតែមិនយល់ ។ ប្រហែលជាភាសាអង់គ្លេសរបស់ខ្ញុំនៅខ្ចី ឬក៏គំនិតខ្ញុំចង្អៀតក៏មិនដឹង ។ ខ្ញុំក៏កប់ទស្សន ជម្លោះល្អ ខ្មោចយនោះទុកក្នុងចិត្តចោលទៅ ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏មានប្រពន្ធ មានកូន ព្រមទាំងមានជម្លោះប្តីប្រពន្ធជារឿយៗ ។ All of a sudden (មិនដឹងពាក្យខ្មែរប្រែថាមេចទេ) ទស្សនជម្លោះល្អស្រាប់តែលេចធ្លោនៅចំពោះមុខខ្ញុំ ។ ខ្ញុំក៏ចាប់ផ្តើមពិនិត្យមើលខ្លឹមសារនៃជម្លោះប្តីប្រពន្ធរបស់ខ្ញុំ ។ ស្ទើរតែគ្រប់ជម្លោះរបស់យើងទាំងអស់ មិនថាជារឿងតូចតាច ឬក៏ធំដុំទេ សុទ្ធតែទាក់ទិននឹងសេចក្តីស្រឡាញ់ខ្វាយខ្វល់ដល់គ្នាទៅវិញទៅមក និងការចង់បានសុខមាលភាពសម្រាប់គ្រួសារ ដែលយើងហៅថា សុភមង្គល ។ ភាគីទាំងសងខាងសុទ្ធតែមានទស្សន និងគោលដៅក្នុងការដឹកនាំនាវាជីវិតគ្រួសារតែរៀងខ្លួន ។ ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៏និងអស់សំណើចនោះគឺថា សុភមង្គល ជាចំណុចរួមនៃមហិច្ឆតារបស់យើងផង និងជាចំណុចកណ្តាលនៃជម្លោះរបស់យើងផង ។ សម្រាប់ប្រពន្ធខ្ញុំ សុភមង្គល គឺសំដៅលើការមានលុយកាក់ទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងដែលជីវិតត្រូវការ ។ នេះជាចំណុចចម្រូងចម្រាសមួយដែលបង្កឲ្យមានទំនាសរវាងយើងទាំពីរ ព្រោះថា ដើម្បីមានអ្វីៗសព្វបែបយ៉ាងមកបំពេញចំណង់នៅក្នុងជីវិតនោះ យើងនឹងក្លាយទៅជាទាសករនៃតណ្ហា Desire (តណ្ហានៅទីនេះគឺសំដៅលើការចង់បាន) ។ យើងដឹងហើយថា តណ្ហាគ្មានដែនកំណត់ទេ ។ វាភ្ជាប់ខ្លួនជាមួយនឹងជីវិតយើងរហូតដល់ថ្ងៃយើងស្លាប់ ។ ដូច្នេះធ្វើកញ្ជះតណ្ហាអស់មួយជីវិត ដូចជាមិនសមហេតុផលសោះសម្រាប់ខ្ញុំ ។ ខ្ញុំយល់ថា សុភមង្គល គឺជីវិតដែលមានតុល្យភាពរវាងការរកទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងមកបំពេញសេចក្តីត្រូវការរបស់តណ្ហា និងផាសុខភាពនៃជីវិត ឬនិយាយឲ្យងាយយល់ ធ្វើកញ្ជះតណ្ហាផង និងគ្រប់គ្រងតណ្ហាផង ។ តើយើងធ្វើកញ្ជះតណ្ហាផង គ្រប់គ្រងតណ្ហាផង ដូចម្តេចទៅ!!! ចំណុចនេះ សូមមើលពាក្យ អដ្ឋង្គិគមៈ ដែលជាឱវាទព្រះពុទ្ធ ។ ខ្ញុំសុំអធ្យាស្រ័យ ដោយមិនអាចវែកញែកបន្ថែមលើពាក្យ អដ្ឋង្គិគមៈ ព្រោះត្រូវការពេលវេលាវែងពេក ប៉ុន្តែគ្រាន់តែចាំថា អត្ថន័យនៃពាក្យនេះគឺសំដៅលើការដឹកនាំជីវិតលើផ្លូវកណ្តាល ដោយមិនលោភលន់ពេក និងមិនខ្ជិលខ្ជីខ្ជាពេក ។ មិត្តអ្នកអានអាចស្វែងរកការពន្យល់ពាក្យនេះពិស្តារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Internet បាន ។ សរុបសេចក្តីមក ទាំងខ្ញុំនិងប្រពន្ធខ្ញុំ មានគោលដៅដូចគ្នាក្នុងការស្វែងរកសុភមង្គលឲ្យជីវិត ប៉ុន្តែ ផ្លូវដែលយើងជ្រើសរើសដើម្បីធ្វើដំណើរទៅកាន់សុភមង្គលនោះគឺមានពីរ ប្រៀបដូចជា ផ្លូវទឹក និង ផ្លូវគោក ។ ហើយផ្លូវទាំងពីរនេះសុទ្ធតែមានហានិភ័យជាមួយនឹងសត្វសាហាវ (Metaphors អត្ថប្បដិរូប) ដែលជាកត្តាទុក្ខព្រួយសម្រាប់ជីវិតយើង ។ ដូច្នេះ ចំណុចដែលយើងត្រូវយកមកពិចារណានោះគឺថា តើយើងត្រូវជ្រើសរើសផ្លូវមួយណាដែលមានទុក្ខតិច និងផាសុខភាពច្រើន ។ សារសំខាន់នៃជម្លោះល្អ គឺស្ថិតនៅក្នុងលទ្ធផលដែលស្តែងចេញមក ។ ទាំងប្តី ទាំងប្រពន្ធនឹងមើលឃើញនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ហើយចំណុចណាខ្លះដែលគួរសម្របសម្រួល (Compromise) ។ បន្ទាប់ពីជម្លោះមួយឈានដល់ចំណុចសម្របសម្រួលហើយ យើងនឹងឈរលើចំណុចសម្របសម្រួលនោះ ហើយឈ្លោះគ្នាបន្តទៅទៀត ។ ដរាបណាសេចក្តីស្រឡាញ់និងភាពខ្វល់ខ្វាយអំពីសុខមាលភាពគ្រួសារនៅតែមាន ជម្លោះល្អគឺគ្មានទីបញ្ចប់ទេ ទាល់តែយើងស្លាប់ទើបចប់ ។ សម្រាប់អ្នកដែលមិនធ្លាប់រៀនទ្រឹស្តីរបស់លោក ហ្វ្រីដឺរីក ហេហ្គេល ឬហេហ្គេលាន ដាយ៉ាឡិចទិច ចំណុចនេះពិបាកយល់បន្តិច បុ៉ន្តែមិនអីទេ គ្រាន់តែចាំថាជម្លោះល្អរវាងប្តីប្រពន្ធគឺជាដំណើរប្រទាញប្រទង់មួយឆ្ពោះទៅរកសុខមាលភាព ។ តើមានជម្លោះអាក្រក់ ឬជម្លោះអត់ប្រយោជន៏ដែរឬទេ ? ចម្លើយគឺ មាន ប៉ុន្តែ ជាទូទៅប្តីប្រពន្ធមិនឈ្លោះគ្នាទេ នៅពេលដែលដឹងថាជម្លោះនោះគ្មានផលប្រយោជន៏ ។ ខ្មែរមានពាក្យមួយសម្រាប់សម្គាល់ជម្លោះគ្មានប្រយោជន៏៖ អហោសិកម្ម ។ នៅពេលដែលអហោសិកម្មមកដល់ ជម្លោះក៏អស់ ចិត្តស្មោះក៏គ្មាន ភាពសុខសាន្តរង្គោះរង្គើ អ្វីដែលត្រូវធ្វើ គឺពិចារណា ថាតើពេលណា ទើបចិត្តសម្រេច សម្រួលកាត់ផ្តាច់ ចំណងប្រាំប្រការ ឲ្យផុតកម្មពៀរ វេរាទៅហោង ៕

Friday, October 7, 2016

ពិចារណា

ទឹមគោបញ្ច្រាសរទេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបញ្ចេញទឹកប្រាក់ ២៧លានដុល្លារ សម្រាប់ឲ្យអ្នកជំនួញវិស័យស្រូវអង្ករខ្ចីប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហាស្រូវចុះថោកដល់កសិករខ្មែរ គេសង្កេតឃើញថា ប្រាក់២៧លានដុល្លារនោះ មិនទាន់មានអ្នកខ្ចីយកទៅប្រើប្រាស់ច្រើនទេ ។ តើមូលហេតុអ្វី ? ខាងក្រោមនេះគឺជាហេតុផល៖ សហគ្រាសដែលមានបំណងខ្ចីប្រាក់ពីកញ្ចប់ថវិកា ២៧លានដុល្លារនេះ គឺត្រូវគោរពតាមលក្ខខណ្ឌពីរ (២)៖ ១ ទិញស្រូវពីកសិករក្នុងតម្លៃមិនក្រោមពី ៨៤០រៀល ក្នុង ១គីឡូក្រាម ខណ៖ដែលតម្លៃស្រូវក្នុងទីផ្សារបច្ចុប្បន្នគឺ ៧៣០រៀល ក្នុង១គីឡូក្រាម ។ ២ ប្រាក់កម្ចីគឺត្រូវបង់ការប្រាក់ ៧ភាគរយ ក្នុង១ឆ្នាំ ។ បើយើងយកតួេលខមកគិតត្រួសៗ យើងសង្កេតឃើញថា៖ សហគ្រាស ឬឈ្មួញដែលខ្ចីលុយយកមកទិញស្រូវពីកសិករខ្មែរក្នុង ១គីឡូក្រាម ត្រូវខាត ១១០រៀល ។ ដូច្នេះ ក្នុង១តោន គាត់ត្រូវខាត ១១០០០០រៀល ស្មើនឹង ២៧ដុល្លារ ។ ឯប្រាក់កម្ចី ក្នុងទម្ងន់ស្រូវ ១តោន គាត់ត្រូវខ្ចីប្រាក់ ៨៤០០០០រៀល ស្មើនឹង ២១០ដុល្លារ ។ បើគាត់ស្តុកស្រូវនេះចំនួន ៦ខែដើម្បីឲ្យស្រូវឡើងថ្លៃទើបអាចលក់ចេញ គាត់ត្រូវបង់ការប្រាក់ប្រមាណជា ៨ដុល្លារ ក្នុង១តោន ។ សរុបទៅខ្ចីប្រាក់យកមកទិញស្រូវស្តុកទុករយ៖ពេល ៦ខែ គឺត្រូវខាត ៣៥ដុល្លារ ឬគាត់ត្រូវលក់ស្រូវឲ្យបានយ៉ាងហោចណាស់ ៣៥ដុល្លារលើសតម្លៃដែលគាត់ទិញក្នុង១តោន ទើបអាចរួចដើមវិញ ។ នេះមិនទាន់គិតនូវចំណាយផ្សេងៗទៀតដែលទាក់ទិននឹងការប្រមូលទិញស្រូវផង ។ សួរថា តើមានឈ្មួញប៉ុន្មាននាក់សុខចិត្តខ្ចីលុយមកទិញទំនិញដែលមានតម្លៃថ្លៃលើសពីទីផ្សារ យកមកស្តុកទុកដើម្បីលក់រកកម្រៃនោះ ??? ខ្ញុំមិនមែនជាសេដ្ឋវិទូទេ តែបើតាមដំបូន្មានរបស់ម្តាយខ្ញុំដែលជាអ្នកលក់ចាប់ហួយនៅតាមចិញ្ចើមថ្នល់នោះ គាត់បានប្រាប់ខ្ញុំថា៖ របស់អ្វីក៏ដោយ ទិញថោក លក់ថ្លៃ ទើបរកសុីរស់ ។ រដ្ឋាភិបាលកម្ពុជា គួរណាស់តែពិនិត្យឡើងវិញ អំពីគោលនយោបាយអត់ប្រយោជន៏នេះ យ៉ាងហោចណាស់ក៏សង្កេតមើលករណីជោគជ័យរបស់ប្រទេសដទៃ ។ កាលពីប៉ន្មានឆ្នាំមុន រដ្ឋាភិបាលអាមេរិកបានសង្គ្រោះក្រុមហុន General Motor (GM) ឲ្យរួចផុតពីការរលំរលាយដោយផ្តល់ថវិកាវិនិយោគផ្តាល់ជាមួយនឹងក្រុមហុននេះ រហូតទាល់តែក្រុមហុននេះចេញផុតពីហានិភ័យ ទើបរដ្ឋដកទុនភាគហុនមកវិញថែមទាំងបានចំណេញខ្លះផង ។ សព្វថ្ងៃ ប្រទេសជប៉ុនក៏បានផ្តល់ហិរញបទានដល់សហគ្រាសគេដែលមានការប្រាក់ក្រោមសូន្យ ។ គេឲ្យឈ្មោះគោលនយោបាយនេះថា៖ Abe-nomic ។ ដូចគ្នាដែរ វិបត្តិស្រូវថោកនៅកម្ពុជាអាចដោះស្រាយបានប្រសិនបើរដ្ឋាភិបាលប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះ ៕

Tuesday, September 13, 2016

កំណាព្យ

នឹកស្រុក នឹកស្នេហ៏ ទន្លេបិទ ចិត្តខ្ញុំនឹក រលឹកភូមិ រការធំ បងនិងម៉ុម ទៅលេងវត្ត រដូវភ្ជំុ លើកដៃផ្គុំ បួងសួងស្បថ ស្នេហ៏ប្រាកដ សូមកុំព្រាត់ ឃ្លាតគ្នាឡើយ ។ ជីរោក្រោម ធ្លាប់ប្រលោម ប្រឡែងស្រី នឹកពេកក្រៃ គ្រាដឹកដៃ ថ្លៃឆ្លងខ្ពប ចៃដន្យអ្វី គ្រោះចង្រៃ ស្រីដើរលប ជាន់ចំគ្រប ចំពុះទា វាមុតជើង ។ ឈឺផ្សាក្រៃ ពៅពិសី ឲ្យបងអៀវ ជើងអូនគៀវ ចង្កេះជាប់ អោបកផង វាយោបក់ ស្រីងិកង៉ក់ ប្រាប់ឲ្យបង រកអ្វីចង រុំរបួស ជំនួសស្រី ។ ជីរោលើ យើងធ្លាប់ធ្វើ បុណ្យរួមគ្នា ពុទ្ធបូជា លើកហត្ថា បួងសួងស្តី ប្រាប់ទេព្តា ជួយរក្សា ស្នេហ៏ភក្តី បងនិងស្រី ភ្ជាប់និស្ស័យ លុះក្ស័យជន្ម ៕

Thursday, September 8, 2016

កំណាព្យ

ស្លាប់ក្នុងយស វិរជនដែលស្ម័គ្រស្លាប់ក្នុងយស តែងមានឈ្មោះរស់នៅលើលោកី រយពាន់ឆ្នាំគេចាំជាអលជ្ជី ដូចពាលីនៅក្នុងរឿងរាមកេរ ។ ពាលីស្លាប់ដោយសាសរព្រះរាម លើកដៃឆ្ពាមប្រល័យឥតគិតគ្នេរ ព្រោះតែប្រយោជន៏ខ្លួនរាមរិះរេ បំផ្លាញជីវិតគេមិនកោតក្រែង ។ មុនពេលស្លាប់លាចាកលោកនេះទៅ ពាលីឆ្លៀតប្រដៅប្អូនខែងរែង គឺសុគ្រីពដែលឈ្លោះនឹងបងឯង ឲ្យខ្នះខ្នែងយកសច្ច:ជាធំ ។ ពាលីប្រាប់ប្អូនឲ្យត្រិះរិះគិត រឿងជីវិត យុត្តិធម៍ និង សង្គម ទង្វើល្អអាក្រក់ជាគ្រឿងផ្គុំ អាចដឹកនាំផ្តល់សុខឬទុក្ខា ។ សារសំខាន់ដែលពាលីចង់ប្រាប់ ឲ្យប្អូនស្តាប់និងយល់ពេញឱរ៉ា មិនត្រូវឈ្លោះគ្នាឯងឲ្យបច្ចា ឆ្លៀតប្រហារបំផ្លាញគ្រួសារបាន ។ រឿងពាលីផ្តែផ្តាំខ្មែរឆ្លាក់ទុក ជាទំនុករូបភាពច្រើនសណ្ឋាន នៅលើប្រាង្គប្រាសាទពីបុរាណ សម្រាប់ទូន្មានលុះលង់ឥឡូវ ។ បើប្រៀបធៀបការស្លាប់នៃពាលី ជាមួយនឹងឃាតកម្ម កែម ឡី ទៅ ឃើញថាគាត់ស្លាប់ដើម្បីត្រាយផ្លូវ ឲ្យញាតិផៅស្វែងយល់ធម៍សច្ច: ។ សុខនិងទុក្ខជារឿងដែលប្រឈម មនុស្សសត្វផងត្រូវហែលឆ្លងប្រត្យក្ស អ្វីសំខាន់នោះគឺយើងម្នាក់ៗ ត្រូវជឿជាក់លើសមត្ថភាពខ្លួន ។ ជូតទឹកភ្នែករួចហើយបន្តដើរ ធ្វើដំណើរឲ្យផុតការរុកគួន ប្តេជ្ញាចិត្តឲ្យខ្លាំងរឹងមាំមួន បើយើងពួនរកសុខមិនឃើញទេ ៕

Monday, August 22, 2016

ចំណីខួរក្បាល

គុកទួលស្លែង និង តុលាការក្រុងភ្នំពេញ កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ស្រាវជ្រាវអានឯកសារជាច្រើនដែលពាក់ព័ន្ធនឹងចម្លើយអ្នកទោសនៅគុកទួលស្លែងក្នុងសម័យខ្មែរក្រហមត្រួតត្រាប្រទេសកម្ពុជា ។ នៅក្នុងឯកសារទាំងនោះ ខ្ញុំសង្កេតឃើញថា មនុស្សដែលស្គាល់អ្នកទោស ឬក៏ធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងអ្នកទោស ត្រូវបានគេចាប់ជាបន្តបន្ទាប់យកមកកម្ទេចចោល (សម្លាប់) ។ គេហៅមនុស្សពាក់ព័ន្ធទាំងនោះថា៖ ខ្សែក្បត់ ។ នៅពេលដែលខ្ញុំសង្កេតមើលការអនុវត្តច្បាប់របស់មន្ត្រីតុលាការក្រុងភ្នំពេញពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា និងកញ្ញា ខុម ចន្ទតារាទី រូបភាពប្រហាក់ប្រហែលគ្នាហាក់ដូចជាលេចធ្លោឡើង ។ មនុស្សមួយចំនួនដែលអ្នកនាង ចន្ទតារាទី ថាធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងនាង ឬក៏អ្នកដែលមានសម្លេងនៅក្នុងខ្សែអាត់ ដែលជនអនាមិកលួចថតដោយបំពានរដ្ឋធម្មនុញ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលមកបំភ្លឺជាបន្តបន្ទាប់ ។ បន្ទាប់ពីចាប់មនុស្សមួយចំនួនដាក់គុក តុលាការក្រុងភ្នំពេញក៏បានចាត់វិធានការផងដែរ ចំពោះជនណាដែលធា្លប់ប្រស្រ័យទាក់ទងនឹងពិរុទ្ធជនទាំងនោះ ។ ទង្វើនេះ គឺមិនខុសអ្វីអំពីប្រព័ន្ធគ្រប់គ្រងគុកទួលស្លែងនៅក្នុងសម័យខ្មែរក្រហមនោះទេ ។ ទោះបីជាអ្វីដែលតុលាការក្រុងភ្នំពេញធ្វើនៅពេលនេះ គ្រាន់តែជាការចាប់មនុស្សដាក់គុកក៏ដោយ ក៏វាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងមកលើ សិទ្ធិ និងសេរីភាព ក្នុងការប្រស្រ័យទាក់ទងគ្នារបស់ប្រជារាស្ត្រខ្មែរ ។

Friday, August 19, 2016

សីល្បនៃការរស់នៅ The Art of Living

ស្រឡាញ់ (Love) មនុស្សនៅលើលោកនេះសុទ្ធតែស្គាល់ពាក្យ ស្រឡាញ់ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយល់អំពីអត្ថន័យនៃពាក្យស្រឡាញ់នេះ ។ កាលខ្ញុំរៀននៅសាកលវិទ្យាល័យ ខ្ញុំបានចំណាយពេលពីរឆ្នាំសិក្សាអំពីទំនាក់ទំនងមនុស្សនិងដំណោះស្រាយទំនាស់ ដែលជាយុទ្ធសាស្ត្រសម្រាប់រក្សាសេចក្តីស្រឡាញ់ឲ្យមានភាពរឹងមាំ ។ ស្រឡាញ់មានពីរយ៉ាង⁣ គឺ៖ ស្រឡាញ់មានល័ក្ខខណ្ឌ និងស្រឡាញ់ឥតល័ក្ខខណ្ឌ (Conditional and Unconditional Love) ។ ថ្វីត្បិតតែវាមានប្រភពចេញមកពីដួងចិត្តដូចគ្នា សេចក្តីស្រឡាញ់ទាំងពីរប្រភេទនេះ ផ្តល់លទ្ធផលមិនដូចគ្នាទេ ។ ជាទូទៅ ស្រឡាញ់មានលក្ខខណ្ឌច្រើននាំមកនូវលទ្ធផលអវិជ្ជមាន មិនដូចស្រឡាញ់ឥតលក្ខខណ្ឌទេ⁣ ដែលតែងតែនាំមកនូវលទ្ធផលវិជ្ជមាន ។ ដើម្បីវែកញែកឲ្យបានពិស្តារបន្តិច ខ្ញុំសូមលើកយកឧទាហរណ៍ខ្លះៗដែលទាក់ទងនឹងសេចក្តីស្រឡាញ់ទាំងពីរប្រភេទមកបង្ហាញ ។ នៅពេលដែលម្តាយនិយាយទៅកាន់កូនតូចថាម៉ាក់ឈប់ស្រឡាញ់កូនហើយ ប្រសិនបើកូនមិនស្តាប់តាមការណែនាំរបស់ម៉ាក់ ។ ទោះបីជាធាតុពិតនៃពាក្យទាំងនេះ គ្រាន់តែជាការកំញើុញក៏ដោយ ក៏វាស្តែងចេញនៃការស្រឡាញ់ដែលមានល័ក្ខខណ្ឌ ។ ដូចគ្នាដែរ នៅពេលដែលប្រពន្ធខ្ញុំធុញទ្រាន់នឹងភាពខ្ជិលច្រអូស និងរឹងរូសកែមិនឡើងរបស់ខ្ញុំ⁣ គាត់ក៏និយាយថា៖ ខ្ញុំទ្រាំលែងបានហើយបើឯងមិនព្រមកែចរិតរបស់ឯង ។ នេះក៏ជាសេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌដែរ ។ និយាយឲ្យខ្លី សេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌ គឺមិនមែនជាការស្រឡាញ់ពិតប្រាកដទេ វាគ្រាន់តែជាការហួងហែងតែប៉ុណ្ណោះ ដែលភាសាអង់គ្លេសហៅថា៖ Posessive Love (ស្រឡាញ់ដូចកម្មសិទ្ធិ) ។ ខ្ញុំលើកយកឧទាហរណ៏ពីរនេះមកបង្ហាញគឺចង់ទាញចេញនូវចំណុចគន្លិះពីរដែលមនុស្សទូទៅគួរចៀសវាងនៅក្នុងការប្រស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ មិនថានៅក្នុងគ្រួសារឬកន្លែងធ្វើការឡើយ ។ នៅក្នុងឧទាហរណ៍ទីមួយ យើងសង្កេតឃើញថាប្រយោគដែលម្តាយនិយាយទៅកាន់កូនគឺមានលក្ខណ៖ កំញើុញឬព្រមាន (Warning) ។ ចំណែកឧទាហរណ៍ទីពីរដែលប្រពន្ធនិយាយទៅកាន់ប្តី គឺមានលក្ខណ៖ គំរាម (Threat) ។ ការប្រស្រ័យទាក់ទងគ្នា ទោះបីជានៅក្នុងកាលទេសណាក៏ដោយ គេមិនត្រូវប្រើសារដែលមានលក្ខណ៖ ព្រមានឬគំរាមទេ ។ ព្រោះថាអ្នកដែលត្រូវគេព្រមានឬគំរាម នឹងរកវិធានការទប់ទល់ ដែលជាកត្តាមួយធ្វើឲ្យសម្តីរបស់យើងគ្មានបានការ ។ បើអ្នកចង់យល់អំពីចំណុចនេះកាន់តែច្បាស់ អ្នកសាកល្បងសង្កេតមើលប្រតិកម្មរបស់អ្នកនៅពេលដែលអ្នកទទួលសារដែលមានលក្ខណ៖ ព្រមានឬគំរាមពីអ្នកដទៃ លមើល តើវាមានលក្ខណ៖វិជ្ជមានឬអវិជ្ជមាន ។ សុំទោសដោយយកទ្រឹស្តីប្រស្រ័យទាក់ទងមកឡូកឡំនឹងរឿងស្រឡាញ់ ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់មិនអាចកើតមានដោយគ្មានការប្រស្រ័យទាក់ទងឡើយ ។ ឥឡូវ យើងសូមនិយាយអំពីស្រឡាញ់ឥតល័ក្ខខណ្ឌវិញម្តង ។ តើយើងអាចស្រឡាញ់នរណាម្នាក់ដោឥតលក្ខខណ្ឌបានទេ⁣ ។ ចម្លើយគឺមិនអាចទេ ។ ប៉ុន្តែយើងអាចហ្វឹកហាត់ចិត្តយើងឲ្យអនុវត្តសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌបានដោយប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positivism) ។ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅទៅលើការប្រស្រ័យទាក់ទងនិងឲ្យតម្លៃមនុស្សផ្អែកលើចំណុចវិជ្ជមាន ។ នៅពេលដែលយើងស្រឡាញ់មនុស្សដោយផ្អែកលើចំណុចវិជ្ជមានដែលគេមាន (ទោះតិចតួចក្តី) នោះយើងគ្មានហេតុផលអ្វីនឹងភ្ជាប់លក្ខខណ្ឌជាមួយនឹងសេចក្តីស្រឡាញ់របស់យើងឡើយ ។ ហើយអ្នកដែលយើងស្រឡាញ់នោះក៏គ្មានហេតុផលអ្វីដើម្បីផ្តល់ប្រតិកម្មអវិជ្ជមានមកយើងវិញដែរ ។ ទាំងអស់គ្នានឹងមានសេចក្តីសុខ ស្ងប់ នៅក្នុងចិត្តជានិច្ច ។

Friday, July 15, 2016

វិចារណកថា

ជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី (កំណត់៖ អត្ថបទនេះជាការពិចារណារបស់ស្មេរដោយផ្អែកលើ ហេតុផល តក្កវិជ្ជា⁣ និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ Process of Elimination. ដរាបណាអាជ្ញាធរខ្មែរមិនទាន់រកឃើញភស្តុតាងជាក់លាក់ អត្ថបទនេះគ្រាន់តែជាចំណីខួរក្បាលប៉ុណ្ណេាះ។) ផ្អែកលើពត៍មាននានាទាក់ទិននឹងការស្លាប់របស់បណ្ឌិត កែម ឡី ដែលសាធារណជនទទួលបានទាំងផ្លូវការ និងមិនផ្លូវការ យើងអាចសន្និដ្ឋានបានថា ការស្លាប់របស់គាត់គឺជាអំពើឃាតកម្មដែលត្រូវបានគេរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ជាទីបំផុត ។ ហើយឃាដកម្មនេះ⁣ អាចជាស្នាដៃរបស់ភ្នាក់ងារសម្ងាត់ដែលជារឿងមួយលំបាកបំផុតក្នុងការសើុបអង្កេតវែកមុខក្រុមឃាដករ ។ សំណួរដែលសាធារណជនចង់ដឹងជាទីបំផុតនេាះ គឺថា តើមានមនុស្សប៉ុន្មាននាក់ដែលពាក់ព័ន្ធនៅក្នុងរឿងនេះ ព្រេាះថា បើយោងតាមចម្លើយរបស់ឃាដករដែលអាជ្ញាធរចាប់បាន និងសម្តីរបស់សាច់ញាតិគាត់ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលគេប្រើឲ្យមកសម្លាប់ ឬក៏ចូលរួមសម្លាប់លោក កែម ឡី តែប៉ុណ្ណេាះ ។ ដូច្នេះ អាថ៍កំបាំងទាំងប៉ុន្មានគឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពសើុបអង្កេតរបស់អាជ្ញាធរខ្មែរ ។ នៅក្នុងការសើុបអង្កេតឧក្រិដកម្ម គេមិនអាចមើលរំលងកត្តាណាមួយឡើយ ដែលភាសាអងគ្លេសនិយាយថា Leave no stone unturned មានន័យថា កកាយឲ្យសព្វទិសទី ។ ទន្ទឹមនឹងនេះដែរ គេក៏ត្រូវឲ្យអាទិភាពទៅលើកត្តាសំខាន់បំផុត (Leading factors) ដើម្បីជៀសវាងការសើុបអង្កេតខុសតម្រុយ ។ តើកត្តាសំខាន់បំផុតដែលអាចលាតត្រដាងអាថ៍កំបាំងជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី នៅឯណា⁣ ។ ចំណុចនេះ យើងចាំបាច់ត្រូវតែលើកយក ហេតុផល តក្កវិជ្ជា និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ មកត្រិះរិះពិចារណាទាំអស់គ្នា ។ បើតាមការយល់ឃើញរបស់ស្មេរ ៖ ១ យុទ្ធសាស្ត្រស្វាសុីបាយរួចលាបមាត់ពពែ រវាងគណបក្សប្រជាជន និងសង្គ្រេាះជាតិ ដើម្បីកំចាត់គ្នាទៅវិញទៅមក ។ កត្តានេះ មិនអាចជាកត្តាសំខាន់បំផុតទេពីព្រេាះបក្សពាក់ព័ន្ធនឹងបាត់បង់ការគាំទ្រពីពលរដ្ឋប្រសិនបើការពិតត្រូវបានលាតត្រដាង ។ ២ ឧប្បមាថា លោក កែម ឡី⁣ ជាអ្នកផ្តល់ពត៍មានពិស្តារអំពីអាណាចក្រពាណិជ្ជកម្មរបស់ត្រកូល ហ៊ុន ឲ្យទៅអង្គការ⁣ គ្លូបលវិតនេស (Global Witness) ហើយត្រូវបានត្រកូល ហ៊ុន⁣ សម្រេចសម្លេះចោល ។ កត្តានេះ ក៏មិនមែនជាកត្តាសំខាន់បំផុតដែរ ព្រេាះថាបើទង្វើនេះលាក់មិនជិត ត្រកូល ហ៊ុន នឹងត្រូវរាស្ត្រខ្មែរទូទាំងនគរស្អប់ ។ បើអ្វីៗទាក់ទិននឹងអ្នកមានអំណាចនៅស្រុកខ្មែរមិនមែនជាកត្តាសំខាន់បំផុត តើកត្តាសំខាន់បំផុតនៅឯណា ។ បើតាមការយល់ឃើញរបស់ស្មេរ កត្តាសំខាន់បំផុត គឺអាចស្ថិតនៅជាមួយនឹងមហាមិត្តជិតខាងរបស់កម្ពូជាឯណេាះវិញទេ ។ ប៉ុន្តែ ដរាបណាយើងគ្មានភស្តុតាងជាក់លាក់ យើងមិនអាចចោទនរណាម្នាក់បានឡើយ ។ ប្រទេសកម្ពូជាមានមិត្តភូមិផងរបងជាមួយចំនួនបី គឺ យួន⁣ លាវ និង សៀម ។ ប្រទេសទាំងបី សុទ្ធតែមានទ្រព្យសម្បត្តិខ្មែរនៅក្នុងដៃរបស់ខ្លួន⁣ ទឹកដីនិងប្រាសាទព្រមទាំងពលរដ្ឋខ្មែរមួយចំនួនធំផង ។ ផ្អែកលើមូលដ្ឋាន រាលផលិទិក Realpolitik (នយោបាយបរទេស ធ្វើយ៉ាងណាឲ្យប្រទេសខ្លួនចំណេញនិងរុងរឿង ទេាះបីត្រូវបំផ្លាញប្រទេសដទៃដែលជាមិត្តមុឺនឆ្នាំ ក៏អត់បញ្ហា) យើងអាចយល់បានថា មិត្តភូមិផងរបងជាមួយរបស់កម្ពុជា ជាពិសេស យួននិងសៀម មិនចង់ឃើញខ្មែររីកចម្រើន ទាំងនយោបាយ សេដ្ឋកិច្ច⁣ និងសតិបញ្ញានេាះទេ ។ ព្រេាះថា បើខ្មែររីកចម្រើនខ្លាំងលើវិស័យទាំងបី ខ្មែរអាចរកមធ្យោបាយទាមទាយកបងប្អូនខ្មែរព្រមទាំងទឹកដីដែលពួកគេកំពុងរស់នៅលើសព្វថ្ងៃត្រឡប់មកវិញ ។ ដូច្នេះ សកម្មភាពអ្វីក៏ដោយ ដែលធ្វើឲ្យខ្មែរខ្សោយ សមមិត្តដែលរស់នៅក្បែរខ្មែរនឹងទទួលផល ។ នៅក្នុងចំណោមប្រទេសភូមិផងរបងជាមួយរបស់កម្ពុជា តើប្រទេសណាមួយអាចនឹងពាក់ព័ន្ធករណីឃាតកម្មលើបណ្ឌិត កែម ឡី ។ ចំណុចនេះ យើងអាចប្រើវិធីខាងលើ ហើយជ្រើសរើសយកប្រទេសមួយ ។ ដោយហេតុថា យើងមិនទាន់រកបានភស្តុតាងជាក់លាក់⁣ យើងសូមដាក់ឈ្មេាះ "គេ" ជំនួសឲ្យឃាដករ ឬក្រុមឃាដករ ដែលនៅពីក្រោយឃាតកម្មនេះ ។ កត្តាដែលបណ្តាលឲ្យលោក កែម ឡី ស្លាប់គឺមានរាប់មិនអស់ ។ ប៉ុន្តែ កត្តាពាក់ព័ន្ធធំៗដែលយើយអាចយកមកត្រិះរិះពិចារណាគឺមានមិនច្រើនទេ ។ កត្តាទាំងនេះរួមមាន៖ ១ យុទ្ធនាការ ១០០រាត្រី ២ ជនអន្តោប្រវេសន៍ខុសច្បាប់ ៣ ជម្លេាះនៅសមុទ្រចិនខាងត្បូង ៤ និយាយអំពីអាណាចក្រសារជីវកម្មត្រកូល ហ៊ុន ៥ រិះគន់ភាពទន់ខ្សោយរបស់រដ្ឋាភិបាលខ្មែរក្នុងការដេាះស្រាយបញ្ហាសង្គម ។ល។ ចំណុចទាំងនេះសុទ្ធតែជាហេតុដែលអាចឲ្យ "គេ" សម្រេចចិត្តធ្វើឃាដលោក កែម ឡី ។ តើគេអាចទទួលបានផលអ្វីខ្លះបន្ទាប់ពីសម្លាប់លោក កែម ឡី ។ ១ យុទ្ធសាស្ត្រ អារកមាន់បន្លាចស្វា ។ គេ ចង់ផ្ញើសារទៅមនុស្សមួយចំនួន រាប់បញ្ចូលទាំងអ្នកនៅក្នុងជួររដ្ឋាភិបាលផងថា⁣ មិនត្រូវរសាត់ឆ្ងាយពីអ្នកមានគុណពេកទេ ។ គេ មានភ្នាក់ងារសម្ងាត់ដែលអាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងស្រុកខ្មែរបានគ្រប់ពេលវេលា ។ ២ យុទ្ធសាស្ត្រ ស្វាសុីបាយរួច⁣ យកបាយទៅលាបមាត់ពពែ និងខ្ចីដៃសត្រូវសម្លាប់សត្រូវ ។⁣ គេ ដឹងថាពលរដ្ឋខ្មែរជិតពាក់កណ្តាលនៃចំនួនសរុបមិនគាំទ្របក្សដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះទេ ។ ដូច្នេះ ការស្លាប់របស់លោក កែម ឡី នឹងមានការសង្ស័យលើបក្សដឹកនាំរដ្ឋ ដែលអាចឈានដល់ការធ្វើបាតុកម្ម⁣ កុប្បកម្ម ឬក៏អំពើហឹង្សានានាទៀតផង ។⁣ នៅពេលមានអំពើហឹង្សាកើតឡើង អ្នកដែលរងគ្រេាះឬបាត់បង់ជីវិតមុនគេគឺអ្នកក្លាហាន ស្នេហាជាតិ ស្នេហាយុត្តិធម៍ ដែលជាធនធានមនុស្សសំខាន់បំផុតសម្រាប់កសាងប្រទេសឲ្យរឹងមាំ (មនុស្សប្រភេទលោក កែម ឡី នេះឯង) ។ ៣ យុទ្ធសាស្ត្រ បាញ់ព្រួញមួយត្រូវចាបពីរ⁣ ឬក៏ច្រើនលើសពីពីរ ។ គេ ដឹងច្បាស់ណាស់ថា ប្រទេសខ្មែរកំពុងតែអនុវត្តិលទ្ធិប្រជាធិបតេយ្យដែលគ្មានរចនាសម្ព័ន្ធទ្រទ្រង់រឹងមាំ ។ នៅពេលប្រជាធិបតេយ្យបរាជ័យ ស្រុកខ្មែរនឹងក្លាយទៅជាប្រទេសអាណាធិបតេយ្យ ដែលបណ្តាលឲ្យអ្នកនយោបាយនិងពលរដ្ឋប្រខាំគ្នានិងកាប់សម្លាប់គ្នាដណ្តើមអំណាចដូចឆ្កែដណ្តើមញី ។ ផ្អែកលើមេរៀនប្រវត្តិសាស្ត្រ ពេលខ្មែរកាប់សម្លាប់គ្នា អ្នកដែលទទួលផលធំគឺតែងតែជាមិត្តភូមិផងរបងជាមួយ ។ នេះគ្រាន់តែជាជ្រុងមួយនៃការពិចារណារបស់ស្មេរ ។ ទន្ទឹមនឹងនេះដែរ យើងក៏មិនត្រូវមើលរំលងទង្វើរបស់ក្រុមជនអន្ធពាលនៅក្នុងស្រុកឡើយ ។ យើងមិនត្រូវភ្លេចទេថា ខ្មែរដែលអគតិ មិនដែលរួញរាក្នុងការកាប់សម្លាប់ខ្មែរគ្នាឯងទេ ។ សម្រាប់ខ្មែរដែលមិនយល់ ឬមិនទទួលស្គាល់ចំណុចនេះ សូមមេត្តាទៅមើលឆ្អឹងលលាដ៏ក្បាលនៅជើងឯក នេាះអ្នកនឹងយល់ជាមិនខាន ។ សង្ឃឹមថាចំណីខួរក្បាលនេះអាចញុាំងឲ្យមិត្តអ្នកអានចូលរួមត្រិះរិះពិចារណាបន្ថែមដើម្បីរួមចំណែងបំពេញបំណងរបស់លោកបណ្ឌិត កែម ឡី ព្រេាះថាអ្វីដែលគាត់ចង់បាន ចង់ឃើញបំផុតនេាះ គឺការប្រើគំនិតត្រិះរិះពិចារណានេះឯង ។

Monday, June 27, 2016

ចំណីខួរក្បាល

បណ្តឹងដិតចិត្ត ខ្ញុំធ្លាប់បានជួបពាក្យ⁣ បណ្តឹងដិតចិត្ត នេះជាញឹកញយនៅពេលអាន ឬក៏ស្តាប់អត្ថបទដែលទាក់ទិនទៅនឹងរឿងច្បាប់⁣ ។ ប៉ុន្តែ ខ្ញុំមិនយល់អំពីអត្ថន័យ⁣ នៃពាក្យនេះទេ ។ មិនដឹងថាមានមនុស្សសាមញ្ញ (អ្នកអត់មានវិជ្ជាជីវខាងច្បាប់) ប៉ុន្មាននាក់ ដែលល្ងង់ដូចខ្ញុំដែរ ។ ខ្ញុំធ្លាប់ឮពាក្យ ចិត្តដិត ដែលនិយាយអំពីភាពស្និតស្នាល ដូច្នេះខ្ញុំគិតថា⁣ ដិតចិត្ត ប្រហែលជាពាក់ព័ន្ធនឹងភាពស្និតស្នាលហើយមើលទៅ⁣ ។ ប៉ុន្តែ⁣ បន្ទាប់ពីបានអានអត្ថបទមួយ ដែលមេធាវីខ្មែរពន្យល់អំពីអត្ថន័យនៃបណ្តឹង ដិតចិត្ត ទើបខ្ញុំយល់អំពីពាក្យនេះច្បាស់លាស់បន្តិច ។ តាមពិត ពាក្យ ដិតចិត្ត នេះគេបកប្រែពីពាក្យអង់គ្លេស៖⁣ Conflict of Interest ដែលមានន័យថា ទំនាស់ផលប្រយោជន៍ ។ ទំនាស់ផលប្រយោជន៍នេះ គឺគេសំដៅទៅលើចៅក្រមកាត់ក្តីដែលស្គាល់ ភាគីណាមួយនៅក្នុងរឿងក្តីក្តាំ ។ ករណីនេះ បើតាមខ្ញុំដឹង⁣ ចៅក្រមកាត់ក្តីតែងតែដកខ្លួនចេញដោយស្វ័យប្រវត្ត ព្រេាះក្រមសីលធម៍ចៅក្រមតម្រូវអោយធ្វើដូច្នេាះ ។⁣ មិនដឹងថាចៅក្រមខ្មែរមានក្រមសីលធម៍ដែរឬអី ទើបបានជាទាល់តែមានបណ្តឹងដិតចិត្ត ទើបដកខ្លួនចេញពីរឿងក្តីដែលខ្លួនមានទំនាស់ផលប្រយោជន៏ ។ ឯពាក្យ បណ្តឹងដិតចិត្ត⁣ គួរយកពាក្យ បណ្តឹងទំនាស់ផលប្រយោជន៏ ឬក៏ បណ្តឹងសុំដកចៅក្រម មកប្រើវិញ⁣ ដើម្បីងាយយល់ដល់មនុស្សសាមញ្ញ ។ ករណីមួយទៀតគឺ⁣ បទល្មើសមជ្ឈឹម ។⁣ ពាក្យមជ្ឈឹមមានន័យថា កណ្តាល⁣ ។ ខ្ញុំមិនយល់ថាបទល្មើសកណ្តាល មានន័យដូចម្តេចទេ ។⁣ កាលខ្ញុំរៀនពលរដ្ឋវិជ្ជា ខ្ញុំធ្លាប់ស្តាប់គ្រូពន្យល់អំពីបទល្មើស⁣ ព្រហ្មទណ្ឌ⁣ និង បទល្មើរដ្ឋបវេណី ។ នៅក្នុងបទល្មើសព្រហ្មទណ្ឌគឺមាន (ខ្ញុំមិនដឹងភាសាខ្មែរគេហៅដូចម្តេចទេ): First Degree, Second Degree, manslaughter, etc. ។ ខ្ញុំសង្ស័យថា ពាក្យបទល្មើសមជ្ឈឹមនេះ គេបកប្រែពីពាក្យ First Degree ទេដឹង ។ បើដូច្នេាះមែននេាះ ប្រហែលជាមិនត្រឹមត្រូវទេ ព្រេាះពាក្យមជ្ឈឹមមានន័យថា កណ្តាល ឯពាក្យ First Degree មានន័យថា ធ្ងន់ធ្ង⁣ បំផុត ។ សង្ឃឹមថា អ្នកដែលមានអាជីពខាងច្បាប់ អាចជួយបំភ្លឺខ្ញុំផង ។

Friday, June 17, 2016

ចំណីខួរក្បាល

ដូមីណូអេហ្វិច (Domino Effects) ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច⁣ ហ៊ុន សែន បាននិយាយឌឺដងដាក់រដ្ឋាភិបាលបរទេស⁣ថា៖⁣ បើចង់ផ្តាច់ជំនួយក៏ផ្តាច់ទៅ ព្រេាះថា⁣ អ្នកដែលស្លាប់មុនគេ គឺអ្នកធ្វើការងារអោយអង្គការក្រៅរដ្ឋា ភិបាល ព្រេាះជំនួយទាំងនេាះ ភាគច្រើនយកមកផ្គត់ផ្គង់អង្គការក្រៅរដ្ឋាភិបាល ។ សម្តេចថ្លែងបែប នេះ បន្ទាប់ពីសភាសហព័ន្ធអឺរ៉ុប គំរាមផ្តាច់ជំនួយដល់ប្រទេសកម្ពុជា ។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំយល់ថា ការថ្លែងបែបនេះគឺខ្ជីខ្ជាពេកហើយ ។ បើតាមខ្ញុំដឹង ជំនួយរបស់សហព័ន្ធអឺរ៉ុបមកកម្ពុជា គឺភាគច្រើនផ្តោតលើការអភិវឌ្ឍន៍វិស័យកសិកម្ម ។ បើជំនួយនេាះត្រូវបានផ្តាច់ អ្នកដែលស្លាប់មុនគេនេាះ⁣ គឺកសិករដែលមានចំនួនប្រមាណជា ៨៥% នៃចំនួនសរុបរបស់ពលរដ្ឋកម្ពុជា មិនមែនបុគ្គលិកអង្គការក្រៅ រដ្ឋាភិបាលនេាះទេ ។ ឧបមាថាសហព័ន្ធអឺរ៉ុបគេដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចថែមទៀត តើស្រុកខ្មែរនឹងទៅជាយ៉ាងណា⁣ ។ យើងដឹងហើយថា ទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្ម និងវាយនភ័ណ្ឌកម្ពុជា⁣គឺ សហព័ន្ធអឺរ៉ុបនិងសហរដ្ឋអាមេរិក ។ បើសហព័ន្ធអឺរ៉ុបសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចប្រទេសកម្ពុជា សហរដ្ឋអាមេរិកនឹងធ្វើដូចគ្នា ។⁣ ពេលនេាះ មហាមិត្តចិន ដែលតែងតែ ផ្តល់ជំនួយអោយរដ្ឋាភិបាលកម្ពុជាដោយឥតលក្ខខ័ណ្ឌនេាះ ប្រាកដជាមិនសប្បាយចិត្តឡើយ ព្រេាះផ្នែកខ្លះនៃប្រាក់ជំនួយទាំងនេាះ បានមកពីពន្ធលើប្រាក់ចំណេញរបស់ពលរដ្ឋចិនដែលមក បេាះទុនបើករោងចក្រផលិតខោអាវនៅកម្ពុជា ។⁣ បើអត់ទីផ្សារ តើរោងចក្រទាំងនេាះអាចដំណើរ ការបានទេ ។⁣ នៅទីបំផុត រោងចក្រកាត់ដេររលំ វិស័យកសិកម្មចុះខ្សោយ⁣ ។ ពេលនេាះឆ្នាំងបាយ កម្មករកាត់ដេរនិងកសិករក៏អាចស្ងួតដែរ ។ នៅពេលដែលឆ្នាំងបាយពួកគាត់ស្ងួត⁣ ខ្ញុំជឿថាកម្មករ កាត់ដេរនិងកសិករខ្មែរ ប្រាកដជាមិនអត់អោនអោយអ្នកដែលបំផ្លាញភាពសុខដុមរម្យនារបស់ ពួកគាត់ឡើយ ។⁣ សន្លឹកឆ្នោតថ្លៃណាស់ ។⁣ ជិតដល់ពេលបេាះឆ្នោតហើយ ។ កុំប្រមាទឬក៏គឃ្លើនខុសរឿង ។ បើប្រជាជនវេទនា រដ្ឋាភិបាលក៏វេទនាដែរ ។

Friday, May 13, 2016

ចំណីខួរក្បាល

ចៅក្រមនៅស្រុកខ្មែរ អស់រយៈពេលជាច្រើនអាទិត្យហើយ ការបែកធ្លាយខ្សែអាត់សម្លេងរឿងអាស្រូវស្នេហារបស់លោក⁣ កឹម⁣ សុខា⁣ សមាជិកសភា⁣ និងជាប្រធានស្តីទីគណបក្ខសង្គ្រេាះជាតិ⁣ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ⁣ និងតុលាការកម្ពុជាយកមកសើុបអង្កេត ។ យើងសូមមិនរៀបរាប់នូវករណីលម្អិតដែលពាក់ព័ន្ធនឹងរឿងនេះទេ⁣ គ្រាន់តែចង់លើកយកចំណុចមួយដែលទាក់ទងនឹងច្បាប់ ដែលបានចែងនៅក្នុងរដ្ឋធមនុញ្ញខ្មែរមកពិភាគ្សាតែប៉ុណ្ណោះ⁣ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងច្បាស់ថា⁣ "ការលបលួចថតឬអាត់សម្លេងរបស់នរណាម្នាក់ដោយគ្មានការអនុញាតពីម្ចាស់សម្លេង គឺជាបទល្មើសព្យហ្មទណ្ឌ⁣"⁣។⁣ តុលាការ ព្រមទាំងអាជ្ញធរពាក់ព័ន្ធនៅកម្ពុជា⁣ មិនត្រឹមតែមិនសើុបអង្កេតស្វែងរកជនល្មើស (អ្នកលួចថតសម្លេងគេ)⁣ មកផ្តន្ទាទោសទេ បែរជាកោះហៅជនរងគ្រោះ (អ្នកដែលត្រូវបានគេលួចថតសម្លេង) មកសើុបអង្កេតអំពីកិច្ចការឯកជន⁣ ដែលជាលទ្ធផលនៃអំពើឧក្រិតទៅវិញ⁣ ។ ទង្វើនេះ គឺមិនខុសអ្វីអំពីសហការជាមួយឧក្រិតជន ធ្វើកិច្ចការមួយ ដែលប្រាសចាកអំពីច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ ។ ប្រសិនបើករណីដូចគ្នានេះកើតឡើងនៅក្នុង ប្រទេសដែលគោរពនិតិរដ្ឋខ្ជាប់ខ្ជួន ដូចជា សហរដ្ឋអាមេរិក⁣ បារាំង⁣ ឬ កាណាដាវិញ⁣ ចៅក្រមគេមិនត្រឹមតែមិនទទួលស្គាល់⁣ (Inadmissible) ខ្សែអាត់សម្លេងដែលបានមកដោយអំពើឧក្រិតនោះទេ គេថែមទាំងចាត់វិធានការស្វែងរក ជនល្មើសថែមទៀត ។⁣ គួរឱ្យសង្វេគពេកណាស់ ដែលចៅក្រមនៅស្រុកខ្មែរធ្វើការងារក្បត់នឹងវិជ្ជាជីវដូច្នេះ⁣ ព្រោះថា ភស្តុតាងដែលបានមកដោយបំពានរដ្ឋធម្មនុញ្ញ⁣ មិនអាចយកជាការបានឡើយ ។

Friday, March 4, 2016

Food for Thought

Fire of Mystery: Before a committee to combat illegal logging was created to curb the prevalence of forestry crime, we have never heard of logger company's wood products being destroyed by fires (wild or otherwise). However, after the committee against illegal logging began its inspection of loggers' concessions on many of the sprawling Economic Land Concessions (ELC), many logs and luxury timbers have been mysteriously burned by forest fires or human criminals. Is it a coincidence or a brazen attempt to destroy the evidences? Hope the committee against illegal logging would shed some lights on this mysterious FIRE!!!

Thursday, March 3, 2016

ចំណីខួរក្បាល

ព្រុសខុសដើមឈើ នៅក្នុងភាសាអងគ្លេស មានពាក្យគ្រាមពាសាមួយឃ្លារពោលថា Barking up the wrong tree. ដែលយើងអាចបកប្រែដោយសាមញ្ញថា ធ្វើកិច្ចការមិនចំគោលដៅ ។ បើយើងសង្កេតមើលមកស្រុកខ្មែរ យើងសង្កេតឃើញថា អ្នកដឹងនាំខ្មែរធ្វើកិច្ចការឃ្វាងគោលដៅរហូត ។ ឧទាហរណ៍ ដើម្បីកាត់បន្ថយអត្ត្រាមនុស្សស្លាប់ដោយសារគ្ញ្រោះថ្នាក់ចរាចរណ៍ គេមិនរឹតបន្តឹងច្បាប់ដោយផ្តោតលើការអប់រំនិងគ្រប់គ្រងផ្នែកបច្ចេទេសទេ តែបែរជាបង្ខំអោយពលរដ្ឋអនុវត្តច្បាប់ដោយខ្វះការអប់រំទៅវិញ ។ ជាលទ្ធផល ករណីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហាក់ដូចជាមិនបានកាត់បន្ថយសោះឡើយ ។ ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ឧត្តមានជ័យ និង ព្រះសីហនុ ដែលបណ្តាលអោយមនុស្សស្លាប់និងរងរបួស រាប់សិបនាក់ ។ ដើម្បីសុវត្ថភាពទាំងអស់គ្នា ច្បាប់ចរាចរណ៍ គួរណាស់តែផ្តោតលើការរឹតបន្តឹងសម្តភាពអ្នកបើកបរយានយន្តដឹកជញ្ជូន ទាំងមនុស្សទាំងសម្ភារ អោយមានការហ្វឹកហ្វឺនជាក់លាក់ នឹងប្រលងយកលិខិតបើកបរទៅតាមបច្ចេកទេសនិងស្តង់ដារណាមួយដែលកំរឹតដោយក្រុមអ្នកបច្ចេកទេសរបស់ក្រសួងពាក់ព័ន្ធ ។ បន្ទាប់មក ត្រូវលុបបំបាត់អោយអស់នូវការដឹកជញ្ជូនលើសចំណុះ និងការប្រើយានយន្តខុសទិសដៅ ឬក៏ខុសអំពីអ្វីដែលជាដែនកំណត់របស់យានយន្ត ។ ឧទាហរណ៍ បើរថយន្តដែលគេផលិតសម្រាប់ដឹកមនុស្ស១០នាក់ អាជ្ញាធរមិនត្រូវអនុញាតិអោយផ្ទុកមនុស្សដល់ ២០នាក់ឡើយ ។ ដូចគ្នាដែរ រថយន្តដែលគេផលិតសម្រាប់ដឹកអីវ៉ាន់ ១០តោន មិនអាចយកទៅកែច្នៃ ផ្ទុកអីវ៉ាន់ដល់ ២០តោនបានឡើយ ។ ដរាបណាអាជ្ញាធរខ្មែរមិនយកចិត្តទុកដាក់ជាមួយនឹងបញ្ហាដូចបានរៀបរាប់នេះ យើងគ្មានសង្ឃឹមទេថា អត្ត្រាមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរ អាចនឹងត្រូវកាត់បន្ថយឡើយ ។

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...