Thursday, January 18, 2018

ចំណីខួរក្បាល

យុទ្ធសាស្ត្រ នៅលើលោកនេះ ទាំងមនុស្ស សត្វ និង រុក្ខជាតិ សុទ្ធតែបង្កើតនិងប្រើយុទ្ធសាស្ត្រដើម្បីរក្សា ការពារ ទ្រទ្រង់ ឬក៏សម្រេចគោលបំណងនៅក្នុងជីវិត ។ បុព្វការីនៃជនជាតិចិន បានកត់ត្រាទុកយុទ្ធសាស្ត្រចំនួន ៣៦ សម្រាប់មនុស្សអនុវត្តដើម្បីរក្សាការពារជីវិតក៏ដូចជាដើម្បីបំពេញនូវមហិច្ឆិតាជីវិតដែរ ។ យុទ្ធសាស្ត្រទាំង ៣៦នោះ ខ្លះសាហាវឃោរឃៅព្រៃផ្សៃ ខ្លះសុចរិតត្រឹមត្រូវ ខ្លះទៀតក៏មានភាពកំសាកហាក់ដឹកនាំអ្នកអនុវត្តឲ្យចុះចាញ់ឧបស័គ្គនៅចំពោះមុខ ។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា ឲ្យតែមានជីវិត មិនថាមនុស្ស រុក្ខជាតិ ឬក៏សត្វទេ សុទ្ធតែមានយុទ្ធសាស្ត្រទ្រទ្រង់ការពាររៀងៗខ្លួន ។ អ្នកដែលធ្វេសប្រហែស ឬមិនគិតគូរអំពីយុទ្ធសាស្ត្រ ច្រើនតែបរាជ័យនៅក្នុងដំណើរជីវិត ។ និយាយអំពីបរាជ័យ ខ្ញុំនឹកដល់គណបក្សនយោបាយមួយនៅស្រុកខ្មែរដែលទើបនឹងវិនាសអន្តរាយថ្មីៗ ។ វាជារឿងមួយមិនគួរឲ្យជឿ ហើយពិបាកនឹងជឿជាទីបំផុត ដែលគណបក្សនយោបាយមួយបង្កើតឡើងដោយហេរញិកដ៏ចំណានម្នាក់ បែរជារលាយសាបសូន្យដូចអំបិលត្រូវទឹកនៅក្នុងរយៈពេលតែមួយចម្អិនកំពិស ។ ឯណាទៅយុទ្ធសាស្ត្រ??? យុទ្ធសាស្ត្រគឺជាការប្រមូលផ្តុំគម្រោង ឬផែនការពីរប្រភេទដែភាសាអង់គ្លេសហៅថា៖ Long-term Planning and Short-term Planning. នៅក្នុងកិច្ចការយោធា ឬនយោបាយ គេហៅថា៖ Strategic Planning and Tactical Planning ។ មិនថាជាកិច្ចការអ្វីមួយទេ យុទ្ធសាស្ត្រទាំងអស់សុទ្ធតែមានគោលដៅរបស់វា ។ សូម្បីតែការសរសេរអត្ថបទនេះ ក៏មានគោលដៅយុទ្ធសាស្ត្រដែរ ។ នៅក្នុងកិច្ចការនយោបាយ គេរមែងប្រើយុទ្ធសាស្ត្រស្រដៀងគ្នានឹងកិច្ចការយោធាដែរ ។ ឧទាហរណ៍ បើទាហានមួយក្រុមមានគម្រោងវាយរំដោះយកបន្ទាយមួយពីបច្ចាមិត្ត មេទ័ពដែលប្រកបដោយសមត្ថភាព តែងតែរៀបចំយុទ្ធសាស្ត្រជាក់លាក់ ។ គេសិក្សានិងវាយតម្លៃអំពីសមត្ថភាពខ្លួនឯង និងសមត្ថភាពសត្រូវ ស្របតាមភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង (Know yourself, know your enemy.) ។ បន្ទាប់មក គេរៀបចំគម្រោងយុទ្ធសាស្ត្រ Strategic Planning វាយប្រហារសត្រូវ ផ្អែកលើចំណុចខ្សោយនានារបស់សត្រូវ ។ គម្រោងយុទ្ធសាស្ត្រនេះ មិនអាចយកទៅប្រើដោយឯកឯងដោយមិនមានការគាំពារពីគម្រោង តាក់ទិក Tactical Planning នោះទេ ព្រោះយុទ្ធសាស្ត្រនិងតាក់ទិកត្រូវការគ្នាទៅវិញទៅមកដើម្បីរក្សាប្រសិទ្ធភាព ។ បើនិយាយពីសារសំខាន់ គម្រោងតាក់ទិកមានសារសំខាន់ជាងគំរោងយុទ្ធសាស្ត្រព្រោះវាអនុញាតឲ្យអ្នកពាក់ព័ន្ធបត់បែនបានរហ័សតាមកាលៈទេសៈដើម្បីរក្សាការពារអាយុជីវិត ។ គម្រោងតាក់ទិកពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងសំណួរ៖ ថាតើត្រូវធ្វើដូចម្តេចប្រសិនបើមានឧបសគ្គឬបញ្ហាកើតឡើង ដែលភាសាអង់គ្លេសគេសរសេរថា៖ (What if...) ។ មិនថាការធ្វើសង្គ្រាម ធ្វើនយោបាយ ធ្វើជំនួញ ឬធ្វើស្រែ នោះទេ ជោគជ័យគឺអស្រ័យលើការប្រុងប្រៀបរៀបចំដំណោះស្រាយឲ្យសំណួរ What if....នេះទាំងអស់ ។ បុគ្គល ឬក៏អង្គភាពណាមួយដែលប្រុងប្រៀបរៀបចំដំណោះស្រាយឲ្យសំណួរ What if...កាន់តែច្រើន ហានិភ័យធ្លាក់ចុះកាន់តែទាប ។ ឧទាហរណ៍ និស្សិតម្នាក់ទៅរៀនយកសញាប័ត្រមហាបរិញានៅសាកលវិទ្យាល័យ តើគេត្រូវធ្វើដូចម្តេចប្រសិនបើគេប្រឡងធ្លាក់ ឬក៏រកការងារធ្វើតាមជំនាញមិនបាន ឬក៏សង្សារបោះបង់ចោល ជាដើម ។ល។ សំណួរពាក់ព័ន្ធនឹងឧប្បត្តិស្ឋទាំងនេះ ថ្វិត្បិតតែវាមិនទាន់កើតមាន ឬមិនអាចកើតមានឡើងក៏ដោយ ក៏វាផ្តល់គោលគំនិតជាយុទ្ធសាស្ត្រសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនានា ។ យ៉ាងណាមិញ អ្នកធ្វើនយោបាយក៏ដូច្នោះដែរ ។ ក្រុមបក្សណាដែលធ្វេសប្រហែស មិនរៀបចំគម្រោងតាក់ទិកឲ្យបានល្អិតល្អន់ ក្រុមបក្សនោះរមែងធ្លាក់ចុះក្នុងហានិភ័យ ឬវិនាសអន្តរាយ ដូចអ្វីដែលគណបក្សសង្គ្រោះជាតិកំពុងឆ្លងកាត់នាពេលបច្ចុប្បន្ន ។ វាគ្មានន័យអ្វីនឹងរិះគន់គណបក្សដែលកំពុងលង់ទ្រនេសនេះទេ បុ៉ន្តែសំណួរដ៏សំខាន់បំផុតមួយដែលត្រូវលើកយកមកសួរនោះ គឺថា៖ តើត្រូវធ្វើដូចម្តេចដើម្បីស្តារការបរាជ័យ ? ខ្ញុំមិនមែនជាសមាជិក ឬក៏សកម្មជនរបស់គណបក្សសង្គ្រោះជាតិទេ ដូច្នេះសូមទុកឱកាសឲ្យអ្នកពាក់ព័ន្ធគេរកដំណោះស្រាយចុះ ។ អរគុណដែលបានអានអត្ថបទនេះ ៕

Tuesday, January 9, 2018

ចំណីខួរក្បាល

តំណាងរាស្ត្រ ឬ តំណាងបក្ស? ស្រុកខ្មែរមិនដែលមានតំណាងរាស្ត្រពិតប្រាកដទេ គឺមានតែតំណាងបក្ស ។ ការបោះឆ្នោតជាច្រើនលើកច្រើនសារកន្លងមក វាគ្រាន់តែជាវាំងនងបាំងពន្លឺកុំឲ្យថ្ងៃរះជះរស្មីចូលមកក្នុងផ្ទះដែលភាសាអង់គ្លេសហៅថា៖ Window Dressing តែប៉ុណ្ណោះ ។ ចំណុចនេះ ខ្មែរភាគច្រើនយល់ដឹងច្បាស់លាស់ណាស់ ប៉ុន្តែមិនដឹងធ្វើដូចម្តេចដើម្បីរកដំណោះស្រាយកែកុនបញ្ហាស្តារស្ថានភាពនយោបាយឲ្យមានលក្ខណៈគាប់ប្រសើរឡើង ។ បើសង្ឃឹមទៅលើគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន គឺមួយតំបរហើយនិងបួន ។ បក្សណាក៏មានអង្គការចាត់តាំងដូចគ្នាដែរ ។ មេបក្សឬអង្គការកំពូលរបស់បក្សជាអ្នកចាត់ចែងតែងតាំងតំណាងរាស្ត្រ មិនមែនសន្លឹកឆ្នោតរាស្ត្រនោះទេ ។ នេះគឺជាចំណុចខ្សោយមួយដែលលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរចេះតែដើរថយក្រោយ ។ បញ្ហានេះ គេមិនអាចបន្ទោសទៅលើតែគណបក្សប្រជាជន ដែលមានទំនោទោរទៅរកលទ្ធិផ្តាច់ការ ថាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជាតែឯកឯងនោះឡើយ ។ បក្សនយោបាយដទៃក៏មានថ្វីដៃក្នុងការប្រល័យលទ្ធិប្រជាធិតេយ្យនៅកម្ពុជាដែរ គ្រាន់តែមួយប្រល័យដោយផ្ទាល់ មួយទៀតប្រល័យដោយប្រយោល ។ ប្រល័យដោយប្រយោលយ៉ាងដូចម្តេច? គឺស្ថិតត្រង់ថាបក្សដទៃចូលរួមប្រើរូបមន្តតំណាងបក្សនេះដែរ ។ គេមិនចាំបាច់រៀនដល់ថ្នាក់មហាបរិញាអភិបាលកិច្ចនោះទេ អ្នករៀនពលរដ្ឋវិជ្ជានៅអនុវិទ្យាល័យក៏អាចយល់ដែរថា តំណាងបក្សមិនមែនជាតំណាងរាស្ត្រ ហើយក៏មិនធ្វើការដើម្បីផលប្រយោជន៍រាស្ត្រដែរ ។ ដរាបណាករណីនេះនៅតែបន្ត អភិបាលកិច្ចល្អនិងសមធម៌ប្រហែលជាមិនអាចកើតមានទេសម្រាប់សង្គមខ្មែរ ។ ផ្អែកលើការយល់ដឹងរបស់ខ្ញុំទាក់ទិននឹងការបោះឆ្នោតនៅស្រុកខ្មែរ បក្សនយោបាយអាចរកមធ្យោបាយដាក់តំណាងរាស្ត្រឈរឈ្មោះឲ្យរាស្ត្របោះឆ្នោតជ្រើសរើសដោយផ្ទាល់បាន ។ មិនចាំបាច់ដើរតាមរូបមន្តលេខរៀងតំណាងបក្សនោះទេ ។ ឧទាហរណ៍ ខេត្តនិមួយៗជាមណ្ឌលបោះឆ្នោតមួយ ។ ចំនួនតំណាងរាស្ត្រនៅក្នុងមណ្ឌលនៃខេត្តមួយគឺអាស្រ័យលើចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនោះ ។ គេអាចយកចំនួនប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតនៅក្នុងមណ្ឌលមួយមកចែកជាមួយនឹងចំនួនតំណាងរាស្ត្រ ។ នៅពេលដឹងអំពីសមមាត្យរវាងអ្នកបោះឆ្នោតនិងតំណាងរាស្ត្រ គេអាចយកស្ថិតិអ្នកបោះឆ្នោតប្រចាំឃុំនិមួយៗមកបូកបញ្ចូលគ្នាហើយចាត់តាំងអ្នកតំណាងរាស្ត្រនិមួយៗឲ្យទៅឃោសនារកសន្លឹកឆ្នោតនៅតាមបណ្តុំឃុំទាំងនោះជាការស្រេច ។ វាប្រៀបដូចជាយើងយកមណ្ឌលបោះឆ្នោតមួយមកចែកជាមណ្ឌលតូចៗសម្រាប់អ្នកតំណាងរាស្ត្រម្នាក់ៗធ្វើយុទ្ធនាការ ។ បន្ទាប់ពីការរាប់សន្លឹកឆ្នោត ប្រសិនបើបានទទួលអាសនៈ ឧទាហរណ៍ទទួលបានអាសនៈពីរក្នុងចំណោមដប់ តំណាងរាស្ត្រពីររូបដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេនៅក្នុងចំណោមតំណាងរាស្ត្រទាំងដប់ (មណ្ឌលតូចៗ) គប្បីទទួលបានអាសនៈទាំងពីរនោះ ។ នេះមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះនោះទេ បុ៉ន្តែវាជាជំហានតូចមួយឆ្ពោះទៅរកកំណែទម្រង់ស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ដែលកំពុងតែរញ៉េរញ៉ៃអនាធិបតេយ្យស្ទើរតែវិនាសអន្តរាយបាត់ទៅហើយ ។ ត្រង់ចំណុចនេះ ខ្ញុំសូមជំរាបដល់អ្នកនយោបាយនិងមិត្តអ្នកអានមួយចំនួនដែលយល់ថា លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ វាមានលក្ខណៈសមស្របទៅនឹងសង្គមខ្មែរ មិនអាចយកស្តង់ដារឬនិយាមពីបរទេសមកវាយតម្លៃឬវិនិច្ឆ័យថាល្អឬអាក្រក់បានឡើយ ។ ការយល់ដូច្នេះមិនត្រឹមត្រូវទេ ត្បិតអី មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យគឺស្ថិតនៅលើពាក្យបីម៉ាត់៖ សន្តិភាព សេរីភាព និង យុត្តិធម៌ នៅក្នុងសង្គមជាតិទាំងមូល ។ ពាក្យបីម៉ាត់នេះមិនខុសអ្វីអំពីជើងទាំងបីនៃកៅអីមួយនោះទេ ។ នៅពេលជើងណាមួយត្រូវបានគេវាយបំបាក់ ឬដកក្រវាត់ចោល កៅអីនោះលែងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ទៀតហើយ ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...