Monday, August 22, 2016

ចំណីខួរក្បាល

គុកទួលស្លែង និង តុលាការក្រុងភ្នំពេញ កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ស្រាវជ្រាវអានឯកសារជាច្រើនដែលពាក់ព័ន្ធនឹងចម្លើយអ្នកទោសនៅគុកទួលស្លែងក្នុងសម័យខ្មែរក្រហមត្រួតត្រាប្រទេសកម្ពុជា ។ នៅក្នុងឯកសារទាំងនោះ ខ្ញុំសង្កេតឃើញថា មនុស្សដែលស្គាល់អ្នកទោស ឬក៏ធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងអ្នកទោស ត្រូវបានគេចាប់ជាបន្តបន្ទាប់យកមកកម្ទេចចោល (សម្លាប់) ។ គេហៅមនុស្សពាក់ព័ន្ធទាំងនោះថា៖ ខ្សែក្បត់ ។ នៅពេលដែលខ្ញុំសង្កេតមើលការអនុវត្តច្បាប់របស់មន្ត្រីតុលាការក្រុងភ្នំពេញពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា និងកញ្ញា ខុម ចន្ទតារាទី រូបភាពប្រហាក់ប្រហែលគ្នាហាក់ដូចជាលេចធ្លោឡើង ។ មនុស្សមួយចំនួនដែលអ្នកនាង ចន្ទតារាទី ថាធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងនាង ឬក៏អ្នកដែលមានសម្លេងនៅក្នុងខ្សែអាត់ ដែលជនអនាមិកលួចថតដោយបំពានរដ្ឋធម្មនុញ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលមកបំភ្លឺជាបន្តបន្ទាប់ ។ បន្ទាប់ពីចាប់មនុស្សមួយចំនួនដាក់គុក តុលាការក្រុងភ្នំពេញក៏បានចាត់វិធានការផងដែរ ចំពោះជនណាដែលធា្លប់ប្រស្រ័យទាក់ទងនឹងពិរុទ្ធជនទាំងនោះ ។ ទង្វើនេះ គឺមិនខុសអ្វីអំពីប្រព័ន្ធគ្រប់គ្រងគុកទួលស្លែងនៅក្នុងសម័យខ្មែរក្រហមនោះទេ ។ ទោះបីជាអ្វីដែលតុលាការក្រុងភ្នំពេញធ្វើនៅពេលនេះ គ្រាន់តែជាការចាប់មនុស្សដាក់គុកក៏ដោយ ក៏វាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងមកលើ សិទ្ធិ និងសេរីភាព ក្នុងការប្រស្រ័យទាក់ទងគ្នារបស់ប្រជារាស្ត្រខ្មែរ ។

Friday, August 19, 2016

សីល្បនៃការរស់នៅ The Art of Living

ស្រឡាញ់ (Love) មនុស្សនៅលើលោកនេះសុទ្ធតែស្គាល់ពាក្យ ស្រឡាញ់ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយល់អំពីអត្ថន័យនៃពាក្យស្រឡាញ់នេះ ។ កាលខ្ញុំរៀននៅសាកលវិទ្យាល័យ ខ្ញុំបានចំណាយពេលពីរឆ្នាំសិក្សាអំពីទំនាក់ទំនងមនុស្សនិងដំណោះស្រាយទំនាស់ ដែលជាយុទ្ធសាស្ត្រសម្រាប់រក្សាសេចក្តីស្រឡាញ់ឲ្យមានភាពរឹងមាំ ។ ស្រឡាញ់មានពីរយ៉ាង⁣ គឺ៖ ស្រឡាញ់មានល័ក្ខខណ្ឌ និងស្រឡាញ់ឥតល័ក្ខខណ្ឌ (Conditional and Unconditional Love) ។ ថ្វីត្បិតតែវាមានប្រភពចេញមកពីដួងចិត្តដូចគ្នា សេចក្តីស្រឡាញ់ទាំងពីរប្រភេទនេះ ផ្តល់លទ្ធផលមិនដូចគ្នាទេ ។ ជាទូទៅ ស្រឡាញ់មានលក្ខខណ្ឌច្រើននាំមកនូវលទ្ធផលអវិជ្ជមាន មិនដូចស្រឡាញ់ឥតលក្ខខណ្ឌទេ⁣ ដែលតែងតែនាំមកនូវលទ្ធផលវិជ្ជមាន ។ ដើម្បីវែកញែកឲ្យបានពិស្តារបន្តិច ខ្ញុំសូមលើកយកឧទាហរណ៍ខ្លះៗដែលទាក់ទងនឹងសេចក្តីស្រឡាញ់ទាំងពីរប្រភេទមកបង្ហាញ ។ នៅពេលដែលម្តាយនិយាយទៅកាន់កូនតូចថាម៉ាក់ឈប់ស្រឡាញ់កូនហើយ ប្រសិនបើកូនមិនស្តាប់តាមការណែនាំរបស់ម៉ាក់ ។ ទោះបីជាធាតុពិតនៃពាក្យទាំងនេះ គ្រាន់តែជាការកំញើុញក៏ដោយ ក៏វាស្តែងចេញនៃការស្រឡាញ់ដែលមានល័ក្ខខណ្ឌ ។ ដូចគ្នាដែរ នៅពេលដែលប្រពន្ធខ្ញុំធុញទ្រាន់នឹងភាពខ្ជិលច្រអូស និងរឹងរូសកែមិនឡើងរបស់ខ្ញុំ⁣ គាត់ក៏និយាយថា៖ ខ្ញុំទ្រាំលែងបានហើយបើឯងមិនព្រមកែចរិតរបស់ឯង ។ នេះក៏ជាសេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌដែរ ។ និយាយឲ្យខ្លី សេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌ គឺមិនមែនជាការស្រឡាញ់ពិតប្រាកដទេ វាគ្រាន់តែជាការហួងហែងតែប៉ុណ្ណោះ ដែលភាសាអង់គ្លេសហៅថា៖ Posessive Love (ស្រឡាញ់ដូចកម្មសិទ្ធិ) ។ ខ្ញុំលើកយកឧទាហរណ៏ពីរនេះមកបង្ហាញគឺចង់ទាញចេញនូវចំណុចគន្លិះពីរដែលមនុស្សទូទៅគួរចៀសវាងនៅក្នុងការប្រស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ មិនថានៅក្នុងគ្រួសារឬកន្លែងធ្វើការឡើយ ។ នៅក្នុងឧទាហរណ៍ទីមួយ យើងសង្កេតឃើញថាប្រយោគដែលម្តាយនិយាយទៅកាន់កូនគឺមានលក្ខណ៖ កំញើុញឬព្រមាន (Warning) ។ ចំណែកឧទាហរណ៍ទីពីរដែលប្រពន្ធនិយាយទៅកាន់ប្តី គឺមានលក្ខណ៖ គំរាម (Threat) ។ ការប្រស្រ័យទាក់ទងគ្នា ទោះបីជានៅក្នុងកាលទេសណាក៏ដោយ គេមិនត្រូវប្រើសារដែលមានលក្ខណ៖ ព្រមានឬគំរាមទេ ។ ព្រោះថាអ្នកដែលត្រូវគេព្រមានឬគំរាម នឹងរកវិធានការទប់ទល់ ដែលជាកត្តាមួយធ្វើឲ្យសម្តីរបស់យើងគ្មានបានការ ។ បើអ្នកចង់យល់អំពីចំណុចនេះកាន់តែច្បាស់ អ្នកសាកល្បងសង្កេតមើលប្រតិកម្មរបស់អ្នកនៅពេលដែលអ្នកទទួលសារដែលមានលក្ខណ៖ ព្រមានឬគំរាមពីអ្នកដទៃ លមើល តើវាមានលក្ខណ៖វិជ្ជមានឬអវិជ្ជមាន ។ សុំទោសដោយយកទ្រឹស្តីប្រស្រ័យទាក់ទងមកឡូកឡំនឹងរឿងស្រឡាញ់ ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់មិនអាចកើតមានដោយគ្មានការប្រស្រ័យទាក់ទងឡើយ ។ ឥឡូវ យើងសូមនិយាយអំពីស្រឡាញ់ឥតល័ក្ខខណ្ឌវិញម្តង ។ តើយើងអាចស្រឡាញ់នរណាម្នាក់ដោឥតលក្ខខណ្ឌបានទេ⁣ ។ ចម្លើយគឺមិនអាចទេ ។ ប៉ុន្តែយើងអាចហ្វឹកហាត់ចិត្តយើងឲ្យអនុវត្តសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌបានដោយប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positivism) ។ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅទៅលើការប្រស្រ័យទាក់ទងនិងឲ្យតម្លៃមនុស្សផ្អែកលើចំណុចវិជ្ជមាន ។ នៅពេលដែលយើងស្រឡាញ់មនុស្សដោយផ្អែកលើចំណុចវិជ្ជមានដែលគេមាន (ទោះតិចតួចក្តី) នោះយើងគ្មានហេតុផលអ្វីនឹងភ្ជាប់លក្ខខណ្ឌជាមួយនឹងសេចក្តីស្រឡាញ់របស់យើងឡើយ ។ ហើយអ្នកដែលយើងស្រឡាញ់នោះក៏គ្មានហេតុផលអ្វីដើម្បីផ្តល់ប្រតិកម្មអវិជ្ជមានមកយើងវិញដែរ ។ ទាំងអស់គ្នានឹងមានសេចក្តីសុខ ស្ងប់ នៅក្នុងចិត្តជានិច្ច ។

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...