Wednesday, October 24, 2018

ចំណីខួរក្បាល

ទោសប្រហារជីវិត បន្ទាប់ពីមានករណីក្មេងស្រីពីររូបនៅខេត្ត កំពង់ឆ្នាំង ត្រូវបានជនពាលរំលោភរួចសម្លាប់យ៉ាងព្រៃផ្សៃ មានមនុស្សជាច្រើនបានទាមទារឲ្យព្រះរាជាណាចក្រកម្ពុជាបង្កើតច្បាប់កាត់ទោសប្រហារជីវិតជនល្មើសដើម្បីជាការព្រមានដល់ជនដទៃ ។ ការទាមទារនេះគឺមិនខុសអំពីសត្វឆ្កែប្រមាញ់ដែលទៅព្រុសកោះដេញខាំសត្វខុសដើមឈើនោះទេ (Barking up the wrong tree) ។ តាមការសិក្សាស្រាវជ្រាវ ទោសប្រហារជីវិតមិនអាចធ្វើឲ្យជនពាល ទាំងជនពាលកាន់កិច្ចការប្រទេស ទាំងជនពាលបាតសង្គម ខ្លាចរអាក្នុងការប្រព្រឹត្តិបទឧក្រិតឡើយ ។ ឧទាហរណ៍ដ៏ក្តៅគគុកមួយ គឺការសម្លាប់មនុស្សដ៏ព្រៃផ្សៃនៅក្នុងស្ថានកុងស៊ុលរបស់ប្រទេស សាអូឌីដ អារ៉ាប៊ីយ៉ា នាពេលថ្មីៗនេះ ។ ប្រទេស សាអូឌីដ អារ៉ាប៊ីយ៉ា ជាប្រទេសដែលមានច្បាប់កាត់ទោសប្រហារជីវិតដ៏តឹងរឹងនិងយូរអង្វែងជាទីបំផុតនៅក្នុងពិភពលោក ។ ដូច្នេះ ការសម្លាប់មនុស្សយ៉ាងព្រៃផ្សៃនៅក្នុងស្ថានកុងស៊ុលនៃប្រទេសនេះ វាបានបញ្ជាក់យ៉ាងច្បាស់ថា ទោសប្រហារជីវិត គ្មានប្រសិទ្ធភាពក្នុងការលុបបំបាត់ឧក្រិតកម្មឡើយ ។ សម្រាប់ពលរដ្ឋខ្មែរដែលចង់បានច្បាប់កាត់ទោសប្រហារជីវិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមរំឭកថា កាលពីទសវត្សឆ្នាំ ១៩៦០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់ប្រទានដល់ព្រះរាជាណាចក្រកម្ពុជានូវច្បាប់ប្រហារជីវិតនេះ ។ កាលនោះ គេឃើញមានការបាញ់ប្រហារឧក្រិតជននៅទីលានប្រហារជីវិត ត្រពាំងក្រឡឹង រូចហើយយកទិដ្ឋភាពប្រហារជីវិតនោះចាក់ផ្សាយតាមរោងកុនដើម្បីព្រមានដល់ឧក្រិតជនដទៃ ។ សួរថាមនុស្សសម័យនោះ ខ្លាចរអាទោសប្រហារជីវិតដែលផ្សព្វផ្សាយតាមរោងកុនពាសពេញប្រទេសនោះទេ? ចម្លើយគឺ អត់ទេ ។ មិនតែប៉ុណ្ណោះ មានមនុស្សជាច្រើនបានប្រព្រឹត្តិនូវទង្វើដូចឧក្រិតជន ដែលត្រូវបានកាត់ទោសប្រហារជីវិតទាំងនោះ ហើយអ្នកខ្លះបានក្លាយទៅជាវិរជនដែលយើងកំពុងតែគោរពបូជាសព្វថ្ងៃទៀតផង ។ គួររំឮកផងដែរថា នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៧០ ប្រទេសកម្ពុជាយើងក៏មានច្បាប់ប្រហារជីវិតដ៏តឹងរឹងមួយដែរ ។ សម័យនោះ កុំថាឡើយរំលោភសម្លាប់គេ យោធាដែលគ្រាន់តែធ្វើដំណើរទៅណាមកណាដោយគ្មានការអនុញាតពីអង្គការក៏មានទោសប្រហារជីវិតដែរ ។ ប្រការនេះ មិនបានធ្វើឲ្យយោធាមួយចំនួននាសម័យនោះខ្លាចរអាឡើយ ។ យោធាខ្លះហ៊ានរហូតដល់ឆ្លងដែនទៅប្រទេសជិតខាង ដើម្បីកទ័ពមកវាយរំលំរដ្ឋាភិបាលដែលបង្កើតច្បាប់ប្រហារជីវិតនោះទៀតផង ។ យើងអាចនិយាយបានថា ប្រទេសកម្ពុជាដែលមានការអភិវឌ្ឃន៍រហូតដល់សព្វថ្ងៃ គឺដោយសារតែវិរភាពរបស់ឧក្រិតជនយោធាទាំងនោះ ដែលហ៊ានបំពានប្រព្រឹត្តិល្មើសច្បាប់ប្រហារជីវិត ។ ដូច្នេះ អ្នកដែលទាមទារចង់បានច្បាប់ប្រហារជីវិតនៅកម្ពុជា សូមមេត្តាគិតឲ្យបានសុីជម្រៅបន្តិច ។ ទម្រាំកម្ពុជាដើរមកដល់ចំណុចនេះ មានមនុស្សច្រើនណាស់ដែលយកជីវិតទៅប្តូរ រាប់បញ្ចូលទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។ បើយើងសង្កេតមើលស្ថានភាពនិងកត្តាផ្សេងៗជុំវិញការរំលោភសម្លាប់កុមារីទាំងពីររូបនៅខេត្ត កំពង់ឆ្នាំង ករណីនេះគឺមិនមែនបណ្តាលមកពីកម្ពុជាគ្មានច្បាប់ប្រហារជីវិតនោះទេ វាកើតចេញមកអំពីការបរាជ័យនៃគោលនយោបាយរដ្ឋក្នុងការជួយគាំពារដល់ពលរដ្ឋក្រីក្រ ។ បើរដ្ឋអាចជួយផ្តល់លំនៅឋាននិងដីធ្លីព្រមទាំងមធ្យោបាយនានាដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារកុមារីទាំងពីរ ពួកគេប្រហែលជាមិនត្រូវបានទុកចោលឲ្យស្ថិតនៅក្នុងហានិភ័យឡើយ ។ គន្លឹះ ឬដំណោះស្រាយដើម្បីលុបបំបាត់ឧក្រិតកម្មសាហាវព្រៃផ្សៃ គឺការគាំពារពលរដ្ឋដែលជួបទុក្ខលំបាក មិនមែនបង្កើតច្បាប់សម្លាប់ពលរដ្ឋនោះទេ ។ យើងគប្បីញែកឲ្យដាច់ពីគ្នារវាងដើមឈើ និងព្រៃឈើ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាពោលថា៖ Barking up the wrong tree ដែលមានន័យថាស្វែងរកដំណោះស្រាយឃ្វាងទិសដៅ ។ ការធ្វើរបៀបនេះ មិនត្រឹមតែធ្វើឲ្យការប្រឹងប្រែងបរាជ័យទេ វាថែមទាំងធ្វើឲ្យអ្នករងគ្រោះ និងងាយរងគ្រោះ រឹតតែរងគ្រោះថែមទៀត ៕

Wednesday, October 10, 2018

ចំណីខួរក្បាល

ចំណុចខ្សោយនៃ ខេមរយានកម្ម (Khmerization) នៅក្នុងសៀវភៅ សុបិននិងការពិត លោក វ៉ាន់ឌី កាអុន បានលើកឡើងថា ការធ្វើខេមរយានកម្ម ឬតម្រូវឲ្យនិស្សិតខ្មែរនៅទសវត្សឆ្នាំ ១៩៦០ សិក្សាតាមរយៈឯកសារដែលសរសេរជាភាសាខ្មែរ បានធ្វើឲ្យនិស្សិតខ្មែរសម័យនោះបាត់បង់ឱកាសទទួលបានចំណេះដឹងប្រកបដោយវិសាលភាព ។ ដោយហេតុថា គំនិតនិងទស្សនៈសុីជម្រៅជាច្រើន មាននៅតែក្នុងឯកសារជាភាសាបារាំង ការកំណត់ឲ្យនិស្សិតខ្មែររៀនតាមឯកសារជាភាសាខ្មែរ គឺហាក់ដូចជាដាក់ដែនកំណត់ចំណេះដឹងឲ្យនិស្សិតដូច្នោះដែរ ។ លោក វ៉ាន់ឌី កាអុន បានរិះគន់ថ្នាក់ដឹកនាំសម័យនោះថា មានគំនិតចង្អៀតចង្អល់ ហើយខ្វល់ត្រឹមតែការថែរក្សាអំណាចនិងឥទ្ធិពលរបស់ខ្លួន ។ នៅពេលអានចំណុចនេះ ខ្ញុំនឹកឃើញដល់ព្រឹត្តិការណ៍កន្លងទៅថ្មីៗ ស្តីអំពីក្រសួងអប់រំកម្ពុជាដាក់បំរាមនិស្សិតមិនឲ្យសរសេរនិក្ខេបទពាក់ព័ន្ធនឹងដំណើរនយោបាយជាតិ និងរឿងរ៉ាវរសើបៗមួយចំនួន ។ នៅក្នុងសាកលវិទ្យាល័យភូមិនភ្នំពេញ មានសាខាមួយដែលគេហៅថា សាលាភូមិនរដ្ឋបាល ។ រដ្ឋបាលគឺពាក់ព័ន្ធនឹងនយោបាយ ។ បើមិនឲ្យនិស្សិតវែកញែករឿងនយោបាយ មិនដឹងថាតើគេបង្រៀនអំពីអ្វីវិញនៅទីនោះ ។ ទុករឿងនេះមួយឡែក ។ សូមនិយាយអំពីនិស្សិតនៅសម័យកាលលោក វ៉ាន់ឌី កាអុនវិញ ។ បន្ទាប់ពីបានអាននូវអ្វីដែលលោក វ៉ាន់ឌី កាអុនអះអាង ខ្ញុំក៏សម្រេចស្រាវជ្រាវស្វែងយល់អំពីឥស្សរជនខ្មែរមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរនៅនាគ្រានោះ ។ មានឥស្សរជនខ្មែរមួយចំនួននាសម័យនោះ ដែលមានឈ្មោះបោះសម្លេងខ្ទរខ្ទាជាងគេ ហើយពួកគេសុទ្ធតែឆ្លងកាត់ការសិក្សាមុនការបង្កើតខេមរយានកម្ម ។ ឥស្សរជនទាំងនោះមានជាអាទ៍ លោក កេង វ៉ាន់សាក់ លោក វណ្ណ មូលីវណ្ណ សម្តេចសង្ឃរាជ ជួន ណាត និង ធម្មបាល ខៀវ ជុំ ។ ក្រៅអំពីលោក វណ្ណ មូលីវណ្ណ ដែលសិក្សាផ្នែកស្ថាបត្យកម្ម ឥស្សរជនបីរូបផ្សេងទៀតសុទ្ធតែជាអ្នកសិក្សាផ្នែកអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ។ បើយើងសង្កេតមើលសមិទ្ធផលដែលបន្សល់ដោយឥស្សរជនទាំងបីរូប យើងឃើញមានលក្ខណៈពិសេសម្យ៉ាងម្នាក់ ។ លក្ខណៈពិសេសទាំងនោះបានធ្វើឲ្យមានទំនាស់របកគំហើញរហូតដល់សព្វថ្ងៃ ។ យើងអាចវាយតម្លៃលើទំនាស់របកគំហើយនេះថា ជាលទ្ធផលនៃការស្រាវជ្រាវដោយគ្មានការរិតត្បិតអំពីខេមរយានកម្ម ។ ប្រសិនបើកត្តានេះមានភាពត្រឹមត្រូវ នោះការអះអាងរបស់លោក វ៉ាន់ឌី កាអុន ក៏មានភាពត្រឹមត្រូវដែរ ។ សព្វថ្ងៃនេះ ក្បួនច្បាប់ប្រើប្រាស់និងសរសេរភាសាខ្មែរ គឺយកលំនាំតាមតែរបកគំហើញរបស់សម្តេចសង្ឃ ជួន ណាត តែប៉ុណ្ណោះ ។ ឯរបកគំហើញរបស់លោក កេង វ៉ាន់សាក់ និង ធម្មបាលោ ខៀវ ជុំ មិនត្រូវបានយកមកប្រើទេ ទោះបីលោកទាំងពីរបានផ្តល់ហេតុផលសមរម្យ ឬត្រឹមត្រូវយ៉ាងណាក៏ដោយ ។ នេះគឺមិនខុសអ្វីអំពីខេមរយានកម្ម ដែលគូសបន្ទាត់ឲ្យនិស្សិតដើរតាមគន្លងចង្អៀតចង្អល់មួយដែលភាសាអង់គ្លេសហៅថា Dogmatism ។ ដើម្បីឲ្យក្បួនច្បាប់វេយ្យករណ៍ និងការសរសេរអក្សរសាស្ត្រខ្មែរមានវិសាលភាពធំទូលាយ យើងគួរសើរើយករបកគំហើញរបស់ឥស្សរជនទាំងបីរូបមកផ្គុំគ្នា ហើយសម្រាំងយកអ្វីដែលមានប្រយោជន៍មកប្រើ ជាជាងបណ្តោយឲ្យអ្វីដែលយើងមានបាត់បង់ទៅវិញ ។ សំនេរឆ្លែក ចំនែក ចំនុចថ្មី ចំនាំន័យ ចំនេញ ចំនូលពាក្យ ចំនាយពេល ជុំនំ ផ្គុំសំនាក សំនៅជាក់ សំនល់ ខ្វល់សួរនាំ ។ សុំសួរមិត្តអ្នកអាន ដែលជាគ្រូបង្រៀនភាសាឬអក្សរសាស្ត្រខ្មែរនូវសំណួរមួយ ។ បើមានកូនសិស្សសរសេរកំណាព្យមួយវគ្គខាងលើនេះយកមកឲ្យកែ តើមានពាក្យប៉ុន្មានម៉ាត់ដែលខុស? ហើយកំហុសទាំងនោះជាកំហុសវេយ្យករណ៍ ឬក៏ អក្ខរាវិរុទ្ធ ។ បើអាចសរសេរពន្យល់បំភ្លឺខ្លះៗនៅក្នុងប្រអប់មតិ ដើម្បីជាប្រយោជន៍ដល់ការសិក្សាអក្សរសាស្ត្រខ្មែរ ខ្ញុំសូមអរគុណជាពន្លឹក ៕

Wednesday, October 3, 2018

ចំណីខួរក្បាល

ជ្រុលក្បាលក្រពើ ក្បាលក្រពើ ជាផ្នែកមួយនៃរទេះគោ ឬក្របី ដែលខ្មែរយើងបច្ចុប្បន្នស្ទើរតែឈប់ប្រើប្រាស់ទៅហើយ ។ រូបរទេះនេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទមួយចំនួន ។ គ្រឿងផ្គុំសំខាន់ៗនៃរទេះគោមានជាអាទ៍ នឹម ទូក ប្រែក ភ្លៅ និង កង់ ។ នៅចំណុចដែលទូករទេះទាំងពីរជួបគ្នាដែលស្ថិតនៅពីក្រោមនឹម គេហៅថា ក្បាលក្រពើ ។ រទេះខ្លះ គេមន្ថែម ចន្ទោល ដែលស្ថិតនៅពីលើក្បាលក្រពើនិងមានរាងងលយទៅមុខ ។ នៅពេលមានមនុស្សណាម្នាក់ធ្វើកិច្ចការរហន់ប្រញិបប្រញាប់ ចាស់ៗខ្មែរយើងតែងព្រមានថា៖ កុំលឿនហួសចន្ទោល ឬ ប្រយ័តខូចការ ។ ជ្រុលក្បាលក្រពើ ក៏មានន័យប្រហាក់ប្រហែលនឹង លឿនហួសចន្ទោលដែរ គ្រាន់តែវាសំដៅលើទង្វើដែលបានប្រព្រឹត្តិរួចហើយ ។ អ្នកដែលធ្លាប់បររទេះទៅដឹកអុស ឬស្វែងរកអនុផលព្រៃឈើ តែងតែសង្កេតឃើញថា ផ្លូវដែលយើងបររទេះនោះ កន្លែងខ្លះមានដើមឈើដុះអមសង្ខាង ។ ដូច្នេះ បើយើងបញ្ជាគោឬក្របីឲ្យអូសរទេះចូលខុសច្រក យើងមិនអាចបត់មកក្រោយវិញបានទេ គឺត្រូវបង្ខំចិត្តបររទេះឲ្យដល់ទីវាលសមស្របមួយ ទើបអាចវិលមកកាន់កន្លែងដើមវិញបាន ។ ចាស់ៗខ្មែរយើងហៅកំហុសនេះថា៖ ជ្រុលក្បាលក្រពើ គឺសំដៅលើក្បាលក្រពើរទេះដែលយើងបរចូលជ្រុលជ្រួសហួសខុសច្រកនេះឯង ។ ស្រដៀងគ្នានេះដែរ នៅពេលយើងសង្កេតមើលទង្វើរបស់មនុស្ស ស្ថានភាពជ្រុលក្បាលក្រពើគឺតែងកើតមានជារឿយៗ ។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាក្បាលក្រពើមនុស្សអាចបត់ត្រឡប់មករកផ្លូវត្រូវវិញពេលណាក៏បានដែរ មិនចាំបាច់ដើរតាមទង្វើដែលខុសនោះឲ្យទាល់តែអស់ចិត្តទេ ។ អ្នកដែលធ្លាប់អានសំណេរខ្ញុំ ប្រហែលជារំពឹងចង់ឃើញរឿងនយោបាយភ្ជាប់ជាមួយនឹងរឿងជ្រុលក្បាលក្រពើនេះហើយ ។ ដូច្នេះ កុំឲ្យខាតពេល ចាប់ផ្តើមតែម្តងទៅ ។ បន្ទាប់ពីទទួលបានលទ្ធផលអំពីការស្ទង់មតិមួយនាឆ្នាំ ២០១៦ ដែលបញ្ជាក់ថា គណៈបក្សប្រជាជនមិនអាចឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១៨ទេ ប្រសិនបើគណៈបក្សសង្គ្រោះជាតិមានសិទ្ធិប្រកួតដោយសេរី គេសង្កេតឃើញថា គណៈបក្សសង្គ្រោះជាតិត្រូវបានកំចាត់ចេញពីឆាកនយោបាយបាត់ស្រមោល ។ មធ្យោបាយកំចាត់គណៈបក្សសង្គ្រោះជាតិ គឺអាចនិយាយបានថា មានល្បឿនលឿនហួសចន្ទោល ដែលបង្កឲ្យរទេះគោកម្ពុជាជ្រុលក្បាលក្រពើទៅទើនៅចន្លោះគុម្ពឬស្សីស្រុកនិងគុម្ពឬស្សីព្រៃ ។ ដើម្បីកែខៃបររទេះឲ្យផុតឧបសគ្គ ទាំងគោ ទាំងអ្នកបរ ប្រហែជាត្រូវមុតបន្លាខ្លះហើយ ។ ទុកការលេងសើចមួយកណ្តុប និយាយអំពីបញ្ហាជ្រុលក្បាលក្រពើនៅក្នុងដំណើរនយោបាយនៃប្រទេសកម្ពុជា គឺស្ថិតនៅត្រង់ចំណុចមួយនៃរដ្ឋធម្មនុញ្ញដែលចែងថា៖ ប្រទេសកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ពាក្យ ពហុបក្ស មានន័យថា លើសពីមួយ ។ ដូច្នេះ នៅពេលដែលរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាស្ថិតនៅក្រោមអំណាចនៃបក្សតែមួយ វាបង្កឲ្យមានបញ្ហាជាមួយនឹងបញ្ញតិដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ នៅក្នុងភាសាអង់គ្លេសគេហៅស្ថានភាពបែបនេះថា Unconstitutional ឬ ខុសរដ្ឋធម្មនុញ្ញ ។ ដើម្បីកែតម្រូវឲ្យស្របតាមរដ្ឋធម្មនុញ្ញ វាទាល់តែមានការបោះឆ្នោតសាឡើងវិញ ដើម្បីផ្តល់ឱកាសឲ្យគណៈបក្សណាមួយទទួលបានអាសនៈមួយឬពីរនៅក្នុងរដ្ឋសភា ។ នេះគឺជារឿងឈឺក្បាលមួយសម្រាប់គណៈបក្សប្រជាជន ដែលខំប្រឹងប្រែងប្រើគ្រប់ឧបាយកលដើម្បីឈ្នះឆ្នោត ប៉ុន្តែចង្រៃអ្វីទេវតាមិនជួយបែរជាបណ្តោយឲ្យឈ្នះដាច់រហូតដល់ជ្រុលក្បាលក្រពើទៅវិញ ។ ឥឡូវនេះ អ្វីៗវាបានកន្លងហួសអស់ទៅហើយ ។ អង្ករបានក្លាយទៅជាបាយហើយខ្លោចទៀត ។ បើចង់បានបាយល្អហូប មានតែបង្កាត់ភ្លើង លាងអង្ករ ហើយដាំបាយនោះសាថ្មីតែប៉ុណ្ណោះ ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...