Thursday, December 23, 2021

ចំណីខួរក្បាល

មរតកជីវិត (Life's Legacy) កាលរៀននៅសាកលវិទ្យាល័យនៅស្រុកអាមេរិក ខ្ញុំឧស្សាហ៍ឮនិស្សិតនិងគ្រូលើកយកប្រការមួយមកនិយាយ៖ មនុស្សរស់នៅក្នុងសង្គម គួរតែធ្វើអ្វីមួយដែលជាគុណប្រយោជន៍ដល់សង្គមមុននឹងលាចាកលោកនេះទៅវិញ ។ ខ្ញុំគិតក្នុងចិត្តថា ជីវិតខ្ញុំវេទនាយោងតែអាត្មាមិនចង់រួច តើមានលទ្ធភាពអ្វីនឹងសាងគុណប្រយោជន៍ដល់សង្គមនឹងគេ ។ និយាយតាមត្រង់ ក្នុងនាមជាជនអន្តោប្រវេសតោកយ៉ាកម្នាក់ ខ្ញុំគ្មានចំណាប់អារម្មណ៍នឹងរឿងសាងគុណប្រយោជន៍សម្រាប់សង្គមនោះទេ ។ ខ្ញុំជួយតែខ្លួនឯងមិនចង់រួចផង តើមានឋាមពលឯណាទៅជួយអ្នកដទៃនោះ ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំយករឿងសាងប្រយោជន៍ដល់សង្គមមកគិតហើយសួរខ្លួនឯងថា តើខ្ញុំពិតជាមនុស្សកើតមកនាំតែធ្ងន់ផែនដីមែនឬយ៉ាងណា ។ ខ្ញុំរអៀសខ្លួនហើយខំស្វែងរកទង្វើនានាដែលខ្ញុំបានធ្វើសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ ។ វាពិបាកជាងរាវរកម្ជុលនៅក្នុងបាតសមុទ្រទៅទៀត ដ្បិតខ្ញុំមិនធ្លាប់បានតស៊ូប្តូរជីវិតរត់ចោលម្តាយទៅបង្កើតរណសិរ្សចេញច្បាំងតតាំងដណ្តើមយកសន្តិភាពមកទុកឲ្យមនុស្សផងទាំងពួងអរគុណឡើយ ។ ប៉ុន្តែ ការស្វះស្វែងរបស់ខ្ញុំបានស្តែងចេញនូវទង្វើយ៉ាងហោចណាស់ក៏ពីរដែរ ដែលបញ្ជាក់ថា ខ្ញុំមិនមែនជាមនុស្សចោលម្សៀតដូចដែលខ្ញុំគិតនោះទេ ។ មុននឹងខ្ញុំនិយាយអំពីគុណប្រយោជន៍ដែលខ្ញុំសាងដើម្បីអ្នកដទៃ ខ្ញុំសូមលើកនិយាយអំពីគុណប្រយោជន៍ដែលអ្នកដទៃបានសាងមកលើខ្ញុំសិន ។ វាមិនមែនជាគុណប្រយោជន៍អ្វីធំដុំទេ ។ ក៏ប៉ុន្តែ បើខ្ញុំមិនលើកយកគុណប្រយោជន៍កំបុិកកំប៉ុកនេះ មកធ្វើបទបង្ហាញជាមុន នោះគុណប្រយោជន៍ដែលខ្ញុំបានសាង ប្រាកដជាគ្មានភាពលេចធ្លោឡើយ ។ ឃើញទេ ខ្ញុំពិតជាមនុស្សអត្តទត្ថនិយមណាស់! ក្រៅពីជំនាញសរសេរអត្ថបទ ខ្ញុំមានជំនាញដ៏សំខាន់មួយដែលមិនសូវមាននរណាដឹងឡើយ ។ ជំនាញនោះ គឺការឡើងដើមត្នោតយកទឹក ។ បាទ! ខ្ញុំគឺជាអ្នកជំនាញខាងគៀបផ្កាត្នោតយកទឹកដ៏ចំណានម្នាក់ ។ ខ្ញុំរៀនជំនាញឡើងត្នោតកាលពីកុមារភាពនៅក្នុងជំនាន់ ប៉ុល ពត ។ ខ្ញុំមានគ្រូបង្ហាត់ឡើងត្នោតពីររូប៖ មួយរូបជាអតីតជនពាល និងមួយរូបទៀតជាអតីតព្រះសង្ឃដែលបានបួសរៀនមិនតិចជាង១៥វស្សាឡើយ ។ ការហ្វឹកហ្វឺនវិជ្ជាឡើងត្នោតរបស់ខ្ញុំ ប្រព្រឹត្តិទៅនៅខែកក្តិកនាចុងឆ្នាំ ១៩៧៧ បន្ទាប់ពីឪពុកខ្ញុំចែកឋានទៅ ។ ចាស់ៗមួយក្រុមដែលអាជ្ញាធរមូលដ្ឋានបញ្ជូនឲ្យទៅរស់នៅធ្វើចម្ការក្បែរមាត់ស្ទឹង ស្ទោង បានហៅខ្ញុំឲ្យទៅរស់នៅជាមួយនឹងពួកគាត់ដើម្បីធ្វើកិច្ចការនានា (ក្មេងបម្រើ) ។ កិច្ចការមួយដែលខ្ញុំត្រូវធ្វើគឺ ឡើងគៀបផ្កាត្នោតយកទឹកមកបរិភោគ ។ គួរបញ្ជាក់ថា ការមានទឹកត្នោតបរិភោគប្រចាំថ្ងៃនាសម័យនោះ វាហាក់ដូចជាសេរីបន្តិចហើយ ។ ក៏ប៉ុន្តែ តាៗទាំងនោះជាចាស់ទុំក្នុងភូមិដែលពួកកម្មាភិបាលមូលដ្ឋានគោរពកោតក្រែង ។ អាជ្ញាធរមូលដ្ឋាននៅគ្រានោះមិនសូវហ៊ានរុកគួនពួកគាត់ទេ ។ ក្នុងចំណោមតាចាស់ៗទាំងនោះ តាផ្លោក មានវ័យចំណាស់ជាងគេ ។ បន្ទាប់មក តាជឹម ។ តាផ្លោកនិងតាជឹម ជាបងថ្លៃប្អូនថ្លៃ ហើយក៏មានអនុស្សាវរីយ៍ជូរចត់នឹងគ្នាផងដែរ ។ កាលពីក្មេង តាជឹមជាជើងកាងប្រចាំភូមិ ។ គាត់លួចស្រឡាញ់ប្អូនស្រីពៅរបស់តា ផ្លោក ។ គាត់បានប្រមូុលស្ម័គ្របក្សពួកចូលទៅចាប់ពង្រាត់ប្អូនស្រីតាផ្លោកដល់ផ្ទះ ។ ដើម្បីការពារប្អូនស្រី តាផ្លោកទាញកាំបិតផ្គាក់មកឈរចាំប្រយុទ្ធជាមួយពួកក្មេងពាលនៅក្នុងទីធ្លាមុខផ្ទះ ។ បក្សពួកតាជឹមបានឡោមព័ទ្ធតាផ្លោកជាប់ ដើម្បីឲ្យតាជឹមឡើងទៅលើផ្ទះចាប់ពង្រាត់គូជីវិតរបស់គាត់ ។ នៅក្នុងការតតាំងគ្នានោះ តាផ្លោកត្រូវបានគេកាប់មួយកាំបិតផ្គាក់ត្រូវចំស្មាត្រង់កន្លែងបោះដៃផុត ដែលបន្សល់ទុកសម្លាកស្នាមរហូតដល់ថ្ងៃដែលខ្ញុំបានជួបនឹងគាត់ ។ ឯតាជឹមក៏បានទទួលជោគជ័យក្នុងការចាប់ពង្រាត់ប្អូនស្រីតាផ្លោកដែរ ។ គាត់នាំនាងទៅស្នាក់នៅស្រុក ជាំក្សាន្ត មួយរយៈ ។ រហូតដល់អង្ករក្លាយជាបាយ ទើបតាជឹមនាំប្អូនស្រីតាផ្លោកវិលមកស្រុកវិញ ហើយក៏រៀបការនឹងគ្នាបង្កើតបានជាគ្រួសារមួយ ។ តាជឹមជាអ្នកបង្រៀនខ្ញុំឲ្យចេះស្វែងរកឫស្សីបង្អោងត្នោត និងអំពីរបៀបចងបង្អោងភ្ជាប់នឹងដើមត្នោត ។ ឯការបង្រៀនអំពីរបៀបគៀបផ្កាត្នោតដើម្បីឲ្យវាផ្តល់ទិន្នផលទឹកច្រើន តួនាទីនេះធ្លាក់ទៅលើតា ឆុង ។ តាឆុងធ្លាប់បានបួសរៀនយូរអង្វែង និងមានចំណេះដឹងជ្រៅជ្រះមិនត្រឹមតែផ្នែងព្រះពុទ្ធសាសនាទេ ថែមទាំងព្រហ្មញ្ញសាសនាទៀតផង ។ ក្រៅពីបង្រៀនខ្ញុំអំពីរបៀបគៀបផ្កាត្នោត តាឆុងក៏បានបង្រៀនខ្ញុំនូវអាគមស្តោះផ្លុំរំងាប់ពិសសត្វអសិរពិស និងអំពីរបៀបមើលជើងលេខគូស្រករដោយប្រើបាតដៃនិងម្រាមទាំងប្រាំផងដែរ ។ ក៏ប៉ុន្តែ របៀនស្តោះផ្លុំនិងមើលជើងលេខគូស្រករ ខ្ញុំភ្លេចអស់ហើយ ។ នៅចាំតែវិធីគៀបផ្កាត្នោតយកទឹកតែប៉ុណ្ណោះ ។ ត្នោតមានពីភេទ គឺញីនិងឈ្មោល ។ ត្នោតឈ្មោលមានតែផ្កាអត់ផ្លែទេ ។ ផ្កាត្នោតឈ្មោលមានសណ្ឋានដូចម្រាមដៃ ។ បើយើងបំបែកយកផ្កាមួយៗ វាមានសណ្ឋានដូចអង្គជាតិមនុស្សប្រុស (ក្តត្នោតឈ្មោល) ។ មុននឹងបង្រៀនខ្ញុំអំពីរបៀបគៀបផ្កាត្នោត តាឆុងបានយករឿងនិទានបីដែលពាក់ព័ន្ធនឹង ព្រះពិស្ណុកា មកប្រាប់ខ្ញុំជាមុនសិន ។ ព្រះពិស្ណុកាជាគ្រូបង្រៀនគ្រប់មុខវិជ្ជាទាំងអស់ ។ គាត់ក៏ជាអ្នកផ្តល់ឱវាទដោះស្រាយរាល់បញ្ហានានានៅក្នុងជីវិតផងដែរ ។ រឿងទីមួយដែលតាឆុងនិទានប្រាប់ខ្ញុំអំពីព្រះពិស្ណុកា គឺករណីកំពូលប្រាសាទវៀច ។ តាឆុងប្រាប់ខ្ញុំថា ម្តងនោះអ្នកស្រុកនាំគ្នាកសាងប្រាសាទ ។ ពេលសាងសង់រួច កំពូលប្រាសាទមួយវៀច ។ ពួកគេទៅសួរព្រះពិស្ណុកាដើម្បីរកវិធីកែតម្រូវ ។ ព្រះពិស្ណុកាប្រាប់ពួកគេឲ្យយកខ្សែអំបោះឆៅទៅចងនៅកំពូលប្រាសាទដែលវៀចហើយទាញតម្រង់ដោយយកផ្លែឃ្លោកទុំគោះពីម្ខាង ។ អ្នកស្រុកមិនជឿទេ ។ ពួកគេរុះរើកំពូលប្រាសាទនោះសង់សាឡើងវិញ ។ ប៉ុន្តែធ្វើយ៉ាងណាក៏នៅតែមិនត្រង់ដែរ ។ កំពូលប្រាសាទនោះនៅវៀចរហូតដល់សព្វថ្ងៃ ។ រឿងទីពីរគឺជាងដែកដែលតដែកមិនជាប់ ។ ពេលជាងដែកទៅសួរព្រះពិស្ណុកា ព្រះពិស្ណុកាយកដីខ្សាច់រោយលើក្បាលគាត់ ។ ដូច្នេះហើយបានជាជាងដែកតែងតែយកដីខ្សាច់ទៅរោយលើចំណុចតំណដែកនៅលើភ្លើងចង្រានស្លរដែកជាមុនសិន មុននឹងលើកវាយកមកដំនឹងញញួរឲ្យវារលាយសាច់ចូលគ្នា ។ រឿងទីបីគឺរឿងអ្នកឡើងត្នោតដែលចង់បានទិន្នផលខ្ពស់ ។ គាត់ទៅសួរព្រះពិស្ណុកាថា តើធ្វើដូចម្តេចទើបអាចឲ្យផ្កាត្នោតបញ្ចេញទឹកបានច្រើន ។ ព្រះពិស្ណុកាប្រាប់អ្នកឡើងត្នោតថា៖ ធ្វើដូចព្រលូតក្តឪឯង! ព្រលូតក្តឪឯង! ខ្ញុំមិនដឹងថាពាក្យនេះមានន័យដូចម្តេចទេ ។ ស្តាយណាស់! ម្តាយខ្ញុំចែកឋានបាត់ទៅហើយ ។ បើគាត់នៅរស់ ប្រហែលជាគាត់ដឹង ។ ទោះជាយ៉ាងណាក៏ដោយ បើតាមតាឆុងប្រាប់ខ្ញុំ នៅពេលផ្កាត្នោតឈ្មោលចេញផុតអំពីស្រោម យើងត្រូវយកម្រាមដៃក្តាប់វាថើៗហើយត្រដុសវាចុះឡើងៗ ។ បន្ទាប់មក យកកាំបិតវះគល់ទងវាដើម្បីកុំឲ្យវានៅក្រញាងដូចម្រាមដៃ ។ បន្ទាប់មកទៀត យកគ្នៀបឬដង្គៀបគៀបវាថ្នមៗ ។ គួរបញ្ជាក់ថា ដង្គៀបត្នោតឈ្មោលនិងដង្គៀបត្នោតញីខុសគ្នា ។ ដង្គៀបត្នោតឈ្មោលសំប៉ែតនៅផ្នែកខាងគល់ ។ គេអាចយកដងរែកមកកាត់ជាពីរហើយយកចំណុចសំប៉ែតចំកណ្តាលមកចងផ្គុំគ្នាធ្វើជាគ្នៀបត្នោតឈ្មោល ។ ឯគ្នៀបត្នោតញីមានរាងមូលធ្វើពីចុងឫស្សីពីងពង់ ឬក៏ខ្នែងឫស្សីដែលមានទំហំប៉ុនមេជើង ។ ឫស្សីគឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ធ្វើជាដង្គៀបគៀបផ្កាត្នោត ។ ការប្រើដៃក្តាប់ត្រដុសផ្កាត្នោតឈ្មោលនិងគៀបវាគឺត្រូវធ្វើរយៈពេលយ៉ាងហោចណាស់ក៏មួយអាទិត្យដែរ ។ ផ្កាត្នោតឈ្មោលខ្លះ មិនចាំបាច់គៀបវាទេ ។ ប្រហែលជាវាខ្លាចឈឺមើលទៅ ។ គ្រាន់តែក្តាប់វានឹងដៃហើយច្បូតចុះឡើងៗក៏ចេញទឹកដែរ ។ ឯផ្កាត្នោតញីក៏យើងត្រូវប្រើវិធីស្រដៀងគ្នានឹងផ្កាត្នោតឈ្មោលដែរ គ្រាន់តែយើងប្តូរវិធីបបោសអង្អែលពី ព្រលូតក្តឪ ទៅ អង្អែលដើមទ្រូងប្រពន្ធវិញម្តង (ដល់ពេលត្រូវទៅសួរឪវិញម្តងហើយ ថាតើគេធ្វើដូចម្តេច) ។ ផ្កាត្នោតញីដែលមានក្តិបតូចៗជុំវិញ មានសណ្ឋានដូចដោះស្រីក្រមុំទើបនឹងឡើងខ្លួន ។ ពេលផ្កាត្នោតញីចេញផុតពីត្របក យើងត្រូវយកដៃទៅលុញច្របាច់ត្រដុសបបោសអង្អែលវាថ្នមៗ ។ រួចហើយ យកដង្គៀបទៅគៀបវានៅចន្លោះក្តឹបនីមួយៗ ។ ត្នោតញីខ្លះ ក្តឹបវាលូតលាស់ធំលឿនណាស់ ។ ដើម្បីរក្សាផ្កាត្នោតញីឲ្យនៅក្រពុំបានយូរ យើងអាចប្រើវិធីម្យ៉ាងដែលហៅថា គៀបសម្លាប់ ។ គឺយើងគៀបលើក្តឹបត្នោតកុំឲ្យវាលូតលាស់ធំកើត ។ ការគៀបនិងលុញត្រដុសបបោសអង្អែលផ្កាត្នោតញី គឺត្រូវចំណាយពេលប្រមាណជាមួយអាទិត្យដូចត្នោតឈ្មោលដែរ ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំមិនឈប់ត្រឹមមួយអាទិត្យទេ ។ ខ្ញុំនៅតែគៀប ត្រដុសអង្អែល និងចិតចុងផ្កាឲ្យវាស្រក់ទឹករហូតបានទិន្នផលប្រមាណជាកន្លះ ឬកាចបំពង់ទើបឈប់ ។ គួរបញ្ជាក់ដែរថា ការចិតផ្កាត្នោត គឺត្រូវមានកម្រាស់ប្រហាក់ប្រហែលឬស្មើគ្នារៀងរាល់ថ្ងៃ ទើបទិន្នផលទឹកដែលវាផ្តល់ឲ្យយើងប្រចាំថ្ងៃមិនស្រកស្រុត ។ ត្នោតខ្លះ យើងចិតផ្កាវាអស់ទៅដល់ទងហើយ ក៏នៅតែផ្តល់ទឹកមិនស្រកស្រុតដែរ ។ ពេលជួបករណីនេះ យើងត្រូវចាប់អង្គៀកទងផ្កាត្នោតនោះរៀងរាល់ថ្ងៃមុននឹងចិតមុខឲ្យវាសម្រក់ទឹកចេញមក ។ នេះគឺជាបច្ចេកទេសផលិតទឹកត្នោតដែលខ្ញុំបានរៀនផ្ទាល់មាត់ (Oral training) ពីបុព្វបុរសខ្មែរ ។ ខ្ញុំកត់ត្រាចែករំលែកនៅទីនេះ គួរចាត់ទុកថាជាគុណប្រយោជន៍តូចមួយដែលខ្ញុំបញ្ជូនទៅឲ្យអ្នកជំនាន់ក្រោយផងចុះ ។ ឥឡូវ សូមនិយាយអំពីគុណប្រយោជន៍ដែលខ្ញុំបានសាងវិញម្តង ។ ខ្ញុំបានសាងគុណប្រយោជន៍ពីរ ដែលផ្តល់ផលប្រយោជន៍សម្រាប់តែអ្នកដទៃប៉ុណ្ណោះ ។ គុណប្រយោជន៍ទីមួយគឺសរសេរសៀវភៅអានមួយសម្រាប់កុមារកម្ពុជា ។ គុណប្រយោជន៍ទីពីរគឺ ញុះញង់ពលរដ្ឋខ្មែរឲ្យបោះឆ្នោតធ្វើបាតុកម្ម ។ នៅឆ្នាំ ១៩៩៨ ខ្ញុំបានទៅទស្សនកិច្ចនៅស្រុកខ្មែរជាលើកដំបូកបន្ទាប់ពីឃ្លាតឆ្ងាយជាច្រើនឆ្នាំ ។ ខ្ញុំមានអត្តចរិតជាប្រភេទមនុស្សនិយម (Humanist) ។ ដូច្នេះ ដំណើររបស់ខ្ញុំទៅកាន់ទីណាក៏ដោយ រមែងផ្តោតទៅលើទិដ្ឋភាពនៃការរស់នៅរបស់មនុស្សនៅទីនោះ ។ ទិដ្ឋភាពមួយនៅស្រុកខ្មែរនាគ្រានោះដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺការអប់រំកុមារ ។ វាហាក់ដូចជាមានភាពរខេករខាកនិងអន់ខ្សោយ ប្រហាក់ប្រហែលនឹងស្ថានភាពដែលខ្ញុំធ្លាប់ជួប នៅក្នុងជំរំជនភៀសខ្លួនខ្មែរនៅតាមព្រុំដែនខ្មែរ-ថៃ ដែរ ។ ខ្ញុំគ្មានលទ្ធភាពនិងសមត្ថភាពអ្វីទៅដោះស្រាយបញ្ហានដ៏ធំនោះទេ ។ ប៉ុន្តែ ខ្ញុំចិញ្ចឹមចិត្តមួយថា ខ្ញុំអាចជួយ ។ ខ្ញុំយកទិដ្ឋភាពសម្លរមួយឆ្នាំង ដែលមានតែឆ្នាំងនិងទឹកដាំនៅលើចង្ក្រាន ប៉ុន្តែគ្មានបន្លែត្រីសាច់អំបិលប្រហុកនិងគ្រឿងទេសនានាឡើយ មកធ្វើជាគោល ។ សម្លរដែលខ្វះបន្លែត្រីសាច់និងគ្រឿងទេស អាចមានគុណតម្លៃយកមកទទួលទានទ្រទ្រង់ជីវិតបាន ប្រសិនបើមនុស្សដែលមានវត្ថុសម្រាប់ស្លរស្លុកទាំងនោះ យកវាទៅបង់ក្នុងឆ្នាំង ។ គឺចិត្តស្រមើស្រមៃនេះហើយដែលជម្រុញឲ្យខ្ញុំ ផ្តួចផ្តើមគំនិតសរសេរសៀវភៅអានសម្រាប់កុមារ ។ និយាយឲ្យត្រង់ទៅចុះ ខ្ញុំមិនប្រាកដក្នុងចិត្តថាមានសមត្ថភាពអាចសរសេរសៀវភៅកុមារនោះទេ ។ ក៏ប៉ុន្តែ ខ្ញុំចេះលេងប៉ាហុីដើម្បីទាក់ទាញមនុស្សឲ្យទិញថ្នាំយកទៅប្រើ ។ ខ្ញុំមានមិត្តភក្តិស្លាបប៉ាកកា (Pen pales) មួយចំនួនដែលសុទ្ធសឹងតែជាកវីអត់ក្រឹត្យ ។ ខ្ញុំដឹងថា ពួកគេស្រឡាញ់វប្បធម៌និងអក្សរសាស្ត្រខ្មែរ ។ ដូច្នេះ ខ្ញុំក៏សរសេរកូនសៀវភៅកុមារតូចមួយ រួចហើយយកទៅបោះពុម្ពនៅស្រុកខ្មែរដើម្បីផ្តួចផ្តើមយុទ្ធនាការ (Publicity Stunt) ។ ខ្ញុំយកសៀវភៅនោះ ទៅចែកឲ្យកុមារមួយចំនួួននៅតំបន់ដាច់ស្រយាលមួយស្ថិតនៅក្នុងភូមិ ត្មាតពង ក្នុងខេត្តកំពង់ស្ពឺ ។ ខ្ញុំថតរូបភាពកុមារក្រីក្រទាំងនោះបានមួយចំនួន ដើម្បីយកមកបញ្ចុះបញ្ចូលមិត្តភក្តិខ្ញុំឲ្យបរិច្ចាគចំណេះដឹងរបស់ពួកគេ ។ សូមបើករង្វង់ក្រចកថ្លាថ្លែងបន្តិចត្រង់ចំណុចនេះ ។ មិត្តភក្តិស្ម័គ្រចិត្តទាំងនោះ មិនត្រឹមតែបរិច្ចាគចំណេះដឹងទេ ថែមទាំងថវិកាសម្រាប់បោះពុម្ពសៀវភៅទៀតផង ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ហុង ថែម អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងសភាផងដែរ ដែលបានចំណាយពេលជូនខ្ញុំទៅដល់ភូមិ ត្មាតពង ។ លោកអ៊ំ ហុង ថែម ទើបនឹងទទួលអនិច្ចកម្មកន្លះឆ្នាំកន្លងទៅនេះ ។ ខ្ញុំយករូបភាពកុមារក្រីក្រនិងកូនសៀវភៅផ្ញើទៅមិត្តភក្តិខ្ញុំ ដើម្បីសុំទានចំណេះដឹងអំពីពួកគេ ។ នៅក្នុងលិខិតសំណូមពរ ខ្ញុំប្រើពាក្យតែបីម៉ាត់ប៉ុណ្ណោះដែលសរសេរជាភាសាអង់គ្លេសថា៖ We seek no fame, no recognition, and no monetary gains (យើងមិនស្វែងរក កេរ្តិ៍ឈ្មោះ កិត្តិយស និង លុយកាក់ ទេ) ។ បានដូចចិត្ត! ពាក្យបីម៉ាត់នេះចាក់ចំក្រអៅបេះដូង និងលក់គំនិតបង់គ្រឿងទេសក្នុងឆ្នាំងសម្លរបានដោយងាយ ។ នៅសល់វែងឆ្ងាយទៀត ក៏ប៉ុន្តែសូមសង្ខេបថាសៀវភៅរឿងកុមារនេះ មានមួយរយ(100)ចំណងជើងនិងមានមនុស្សចូលរួមសរសេរសរុបទាំងអស់បួននាក់ ។ យើងសរសេរដោយប្រិតព្រៀងនិងសម្រិតសម្រាំងជាទីបំផុត ។ ខ្ញុំសូមដកស្រង់រឿងមួយមកដាក់អមជាមួយនឹងអត្ថបទនេះ ព្រមជាមួយនឹងសំណេរជាភាសាអង់គ្លេស និងភាសាបារំាងរបស់ ហ្សង់ ដេឡា ហ្វុងតែន(La Fontaine) ។ បញ្ជាក់៖ រឿងមួយនេះ សហការីខ្ញុំជាអ្នកសរសេរ ។ ខ្ញុំគ្រាន់តែជាអ្នកកែសម្រួលទេ ។ ញុះញង់ពលរដ្ឋខ្មែរឲ្យបោះឆ្នោតធ្វើបាតុកម្ម មិនគួរជាគុណប្រយោជន៍អ្វីទេ ។ វាគប្បីជាទង្វើឧក្រិដ្ឋទើបត្រឹមត្រូវ ។ ក៏ប៉ុន្តែ ប្រការនេះមិនមែនខ្ញុំ អ្នកនយោបាយ ឬចៅក្រមខ្មែរ ជាអ្នកសម្រេចនោះទេ ។ ខ្ញុំសូមទុកប្រការនេះឲ្យមិត្តអ្នកអានជាអ្នកវិនិច្ឆ័យចុះ ។ ខ្ញុំគ្មានតួនាទីឬក៏ពាក់ព័ន្ធនឹងក្រុមបក្សនយោបាយខ្មែរណាមួយឡើយ ។ សូម្បីតែការគាំទ្រឬក៏បសាទចិត្តក៏ខ្ញុំគ្មានដែរ ។ ការដើរចូលទៅក្នុងរឿងចម្រូងចម្រាស់នយោបាយនៅក្នុងស្រុកខ្មែរ គឺជាទង្វើសាច់មិនបានសុីយកឆ្អឹកព្យួរក ឬក៏យកជ័រភ្នៅមកត្បៀតឃ្លៀក របស់ខ្ញុំ ។ ចំណុចដែលធ្វើឲ្យខ្ញុំនៅមិនសុខគឺស្ថានភាពអយុត្តិធម៌មួយ ដែលអ្នកនយោបាយខ្មែរពីរក្រុមច្រានពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ចូលទៅ ។ អ្នកដែលបានចូលរួមបោះឆ្នោតនៅស្រុកខ្មែរនាអាណតិមុន ប្រហែលជានៅចាំថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយចោល គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាល មានទំនាស់នឹងគ្នា ។ គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអ្នកគាំទ្រនាំគ្នាធ្វើពហិការ និងធ្វើយុទ្ធនាការម្រាមដៃស្អាត នៅក្នុងការបោះឆ្នោតនោះ ។ ឯគណបក្សប្រជាជនចោទពលរដ្ឋណា ដែលចូលរួមក្នុងយុទ្ធនាការម្រាមដៃស្អាត ឬមិនចូលរួមបោះឆ្នោត ថាជាឧទាមជនដែលអាចមានទោសត្រូវជាប់ពន្ធនាគារ ។ ទាំងគណបក្សសង្គ្រោះជាតិ ទាំងគណបក្សប្រជាជន សុទ្ធតែអះអាងថា ពួកគេធ្វើដូច្នោះដើម្បីគាំពារលទ្ធិប្រជាធិបតេយ្យ ។ ធាតុពិត ពួកគេរុញពលរដ្ឋខ្មែរស្លូតត្រង់ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលភាសាអង់គ្លេសហៅថា៖ Between a rock and a hard place (ចុះទឹកក្រពើ ឡើងលើខ្លា) ។ វាជាទង្វើថោកទាបនិងអយុត្តិធម៌ពន់ពេកណាស់ មកលើពលរដ្ឋខ្មែរ ។ ខ្ញុំមិនអាចទូលផែនដីរួចទេ ក៏ប៉ុន្តែខ្ញុំមើលឃើញមធ្យោបាយមួយសម្រាប់ពលរដ្ឋខ្មែរ ដែលមិនគាំទ្រការបោះឆ្នោត ឬក៏គ្មានគណបក្សណាមួយដែលពួកគេពេញចិត្តនឹងគាំទ្រ អាចឆ្លងកាត់ការបោះឆ្នោតដ៏ចម្រូងចម្រាសនោះ ដោយសុវត្ថិភាព ។ មធ្យោបាយនោះ គឺបោះឆ្នោតអនុបវាទ ឬបោះឆ្នោតបាតុកម្ម ។ បោះឆ្នោតអនុបវាទ ឬធ្វើបាតុកម្មសន្លឹកឆ្នោត គឺជាសកម្មភាពនយោបាយប្រកបដោយសុវត្ថិភាពជាទីបំផុត ។ មានតែអ្នកញុះញង់ឲ្យធ្វើដូច្នោះតែម្នាក់គត់ដែលអាចរងគ្រោះ ។ ប្រការនេះ ខ្ញុំចំណាយពេលគិតមិនដល់មួយស្របក់ទេ ។ ប្រសិនបើខ្ញុំអាចជួយមនុស្សបានបួនដប់នាក់ ឲ្យរួចផុតអំពីគុកច្រវាក់ វាគឺជាគុណប្រយោជន៍ដ៏ធំធេងណាស់សម្រាប់ខ្ញុំ ។ ខ្ញុំបានសរសេរអត្ថបទមួយដោយដាក់ចំណងជើងថា៖ មុននឹងស្លាប់ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព ។ បុគ្គលិកវិទ្យុសម្លេងខ្មែរសហរដ្ឋអាមេរិកម្នាក់ មានចំណាប់អារម្មណ៍លើអត្ថបទនោះ ។ គាត់ហៅខ្ញុំទៅសម្ភាសដើម្បីបកស្រាយឲ្យបានពិស្តារអំពីការបោះឆ្នោតអនុបវាទ ឬបោះឆ្នោតបាតុកម្ម ។ ខ្ញុំនៅចាំថា មុននាំខ្ញុំចូលទៅក្នុងស្ទូឌីយោដើម្បីផ្តល់កិច្ចសម្ភាសន៍ បុគ្គលិកវិទ្យុដែលខ្ញុំចាត់ទុកជាមិត្តភក្តិផងដែរនោះ បានចំណាយពេលប្រហែលប្រាំនាទីពិភាក្សាជាមួយខ្ញុំអំពីផលវិបាកដែលខ្ញុំអាចប្រឈម ។ វាជាការឈឺឆ្អាលមួយដែលអ្នកសារពត៌មានប្រកបដោយក្រមសីលធម៌ត្រូវធ្វើ ។ ខ្ញុំអរគុណគាត់ ហើយប្រាប់គាត់មួយម៉ាត់យ៉ាងខ្លីថា៖ ខ្ញុំបានគិតគូររួចរាល់ហើយ (កំណត់ៈ សូមស្តាប់កិច្ចសម្ភាសន៍ដើម្បីស្វែងយល់សាច់រឿងពិស្តារ) ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំគួរបញ្ជាក់ថា គំនិតបោះឆ្នោតអនុបវាទ ឬបាតុកម្មនោះ មិនមែនជារបស់ខ្ញុំទាំងស្រុងទេ ។ វាជាគំនិតរបស់មិត្តខ្ញុំម្នាក់ដែលជាអ្នកសរសេរអត្ថបទវិចារណកថានៅស្រុកខ្មែរ ។ នៅក្នុងការជជែកគ្នាមួយរវាងយើងទាំងពីរអំពីការបោះឆ្នោត មិត្តខ្ញុំប្រាប់ខ្ញុំថាគាត់ដាច់ខាតត្រូវតែចូលរួមបោះឆ្នោត ទោះបីគ្មានគណបក្សណាមួយដែលគាត់គាំទ្រក៏ដោយ ។ គាត់នឹងគូសក្រវេមក្រវាមនៅលើសន្លឹកឆ្នោតរបស់គាត់ឲ្យក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ។ គឺគំនិតដ៏សាមញ្ញនេះហើយ ដែលខ្ញុំយកមកពង្រីកឲ្យវាមានន័យទូលំទូលាយ ។ តាមពិត ការដោះស្រាយបញ្ហានៅក្នុងជីវិត មិនថាជារឿងនយោបាយឬក៏រឿងអ្វីផ្សេងទេ យើងមិនចាំបាច់មានអំណាចឬក៏ចំណេះដឹងអ្វីខ្ពង់ខ្ពស់ឡើយ ។ ដំណោះស្រាយងាយៗគឺស្ថិតនៅនឹងមុខយើងនេះឯង ។ រឿង សត្វតោនិងតាកាប់ឧស ក៏បានបង្ហាញប្រាប់យើងអំពីដំណោះស្រាយដ៏ងាយស្រួលនេះដែរ ៕

Friday, December 10, 2021

ចំណីខួរក្បាល

ទុព្វលភាព ខ្ញុំមានអាយុទើបតែហាក្រាស់ ។ ក៏ប៉ុន្តែ ឆ្នាំនេះខ្ញុំមានអារម្មណ៍ថា ភាពស្វាហាប់នៅក្នុងរូបរាងកាយខ្ញុំមានការផ្លាស់ប្តូរ ។ ខ្ញុំដោះអាវចេញហើយទៅឈរមើលសារពាង្គកាយខ្ញុំនៅមុខកញ្ចក់ ក៏សង្កេតឃើញថា សាច់ដុំនានារបស់ខ្ញុំមានភាពស្រកស្រុត ។ នៅពេលបានជួបនឹងមិត្តភក្តិមួយចំនួន បន្ទាប់ពីខានជួបគ្នាមួយរយៈដោយសារវិបត្តិជម្ងឺកូវីដ ១៩ ពួកគេក៏មានសភាពមិនខុសអំពីខ្ញុំប៉ុន្មានដែរ ។ យើងម្នាក់ៗហាក់ដូចជាដឹងថា ជីវិតចាប់ផ្តើមរមៀលចុះទៅកាន់ទីអវសានហើយ ។ យើងត្អូញត្អែរប្រាប់គ្នាអំពីរោគាដែលយើងមាន និងប្រាប់គ្នាអំពីវិធីនានាដែលអាចជួយយឹតយោងដំណើរជីវិតរបស់យើងកុំឲ្យយ៉ាប់ ឬក៏ជួបវិបត្តិច្រើនខណៈដែលយើងចាប់ផ្តើមធ្វើដំណើរទៅកាន់ជរាព្យាធិ ។ កើត ចាស់ ឈឺ ស្លាប់ ជាសច្ចភាពនៃវដ្តសង្ខារា ។ ខ្ញុំចាប់ផ្តើងពិនិត្យនិងរំលឹកឡើងវិញនូវដំណើរវិវត្តន៍នៃជីវិតរបស់ខ្ញុំតាំងតែពីបឋមវ័យរហូតមកដល់សព្វថ្ងៃ ដើម្បីបូកសរុបថាតើខ្ញុំបានជួបនិងបានធ្វើអ្វីខ្លះនៅក្នុងឆាកជីវិតនេះ ។ នៅសល់អ្វីទៀតដែលខ្ញុំប្រាថ្នាចង់ធ្វើ និងអ្វីខ្លះដែលខ្ញុំត្រូវលះបង់ ។ សេចក្តីប្រាថ្នានិងលទ្ធភាពគឺជាអ្វីដែលខ្ញុំត្រូវពិចារណាសម្រាប់ជីវិតដែលនៅសល់ ។ កិច្ចការដែលខ្ញុំចង់ធ្វើមានច្រើន ។ ក៏ប៉ុន្តែ លទ្ធភាពដែលខ្ញុំអាចធ្វើ ហាក់ដូចជាមានមិនច្រើនទេ ។ ដូច្នេះ អាទិភាពជីវិតត្រូវតែកែប្រែឡើងវិញនៅក្នុងដំណាក់កាលនេះ ។ កត្តាទីមួយដែលខ្ញុំគិតមុនគេគឺការលះបង់ ។ របស់ដែលត្រូវលះបង់មុនគេគឺរូប ដ្បិតរូបនេះហើយដែលចងភ្ជាប់ខ្ញុំទៅនឹងមនុស្សនិងរបស់ផងទាំងពួង ។ ខ្ញុំគិតថា នៅពេលខ្ញុំស្លាប់ទៅ ខ្ញុំចង់ឲ្យអ្នកដែលមានកាតព្វកិច្ចរំលាយរូបខ្ញុំ (Survivors) យកសពខ្ញុំទៅដុតឲ្យក្លាយជាផេះកុំឲ្យសេសសល់អ្វីឡើយ ។ កាលខ្ញុំនៅរស់ មនុស្សជុំវិញខ្លួនខ្ញុំអំពល់ទុក្ខនឹងខ្ញុំគ្រប់គ្រាន់ហើយ ។ ដូច្នេះ ខ្ញុំមិនចង់ឲ្យនរណាអំពល់ទុក្ខនឹងខ្ញុំបន្តទៀតទេបន្ទាប់ពីខ្ញុំស្លាប់ទៅ ។ បើពួកគេបំភ្លេចខ្ញុំបានរឹតតែឆាប់ នោះរឹតតែល្អ ។ ការចងចាំមនុស្សដែលយើងស្រឡាញ់ (Love ones) ក៏ជាបន្ទុកផ្លូវចិត្តមួយដែរ ។ យកឋាមពលនិងកម្លាំងចិត្តទៅដោះស្រាយបញ្ហានានានៅក្នុងជីវិត ឬក៏ជួយសម្រាលទុក្ខមនុស្សដទៃវាប្រហែលជាប្រសើរជាងអំពល់ទុក្ខនឹងការចងចាំរូបមនុស្សដែលស្លាប់បាត់បង់ទៅហើយ ។ នេះគឺជាទស្សនបញ្ច្រាសទិសមួយដែលខ្ញុំមាន ។ នៅមានរឿងប្លែកៗមួយចំនួនទៀតដែលជាបំណងប្រាថ្នារបស់ខ្ញុំ ។ ខ្ញុំបានចាប់កំណើតនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៦០ ។ កុមារភាពរបស់ខ្ញុំគឺពោរពេញទៅដោយទុក្ខកង្វល់ ។ គិតចាប់អំពីថ្ងៃដែលខ្ញុំអាចចងចាំព្រឹត្តិការណ៍នានា ខ្ញុំដឹងក្តីនៅខណៈពេលរត់គេចអំពីភ្លើងសង្គ្រាម ។ បន្ទាប់ពីសង្គ្រាម ខ្ញុំត្រូវតស៊ូឆ្លងកាត់វាលពិឃាតរបស់ពួកខ្មែរក្រហមយ៉ាងត្រដាបត្រដួស ។ បន្ទាប់ពីខ្មែរក្រហម ខ្ញុំត្រូវរងគ្រោះដោយសារកងទ័ពយួនត្រួតក្បាលមួយរយៈទៀត ។ ចេញរួចអំពីការគៀបសង្កត់របស់កងទ័ពយួន ខ្ញុំត្រូវធ្លាក់ខ្លួនចូលជ្រកពួននៅក្នុងជំរំជនភៀសខ្លួនដែលស្ថិតនៅតាមបណ្តោយព្រុំដែនខ្មែរ ថៃ ។ សរុបទាំងអស់ រយៈពេល២៥ឆ្នាំដំបូងនៃជីវិតខ្ញុំ គឺស្ទើរតែគ្មានអ្វីរីករាយនឹងរៀបរាប់ឡើយ ។ ខ្ញុំត្រដររស់ គ្រាន់តែដើម្បីរស់តែប៉ុណ្ណោះ ។ នៅពេលមនុស្សនានានិយាយអំពីភាពរីករាយនៃកុមារភាពនិងយុវវ័យ ខ្ញុំហាក់ដូចជាគ្មានអ្វីអួតនឹងគេទេ ។ ២៥ឆ្នាំបន្ទាប់នៃជីវិតខ្ញុំ វាជាការតស៊ូដ៏ស្វិតស្វាញមួយដើម្បីស្វែងរកនិងបំពេញនូវអ្វីៗមួយចំនួនដែលបានបាត់បង់កាលពីកុមារភាពនិងយុវវ័យ ។ ដំណើរជីវិតដែលវិវត្តិទៅមិនប្រក្រតី ពិតជាពិបាករៀបរាប់ឲ្យគេឯងយល់ណាស់ ជាពិសេសសម្រាប់មនុស្សដែលមិនធ្លាប់ឆ្លងកាត់ ។ ខ្ញុំបានបាត់បង់ឱកាសជាច្រើនក្នុងការរៀបចំជីវិតឲ្យគាប់ប្រសើរ នៅរយៈកាល២៥ឆ្នាំដំបូងនៃជីវិត ។ ២៥ឆ្នាំបន្ទាប់ ដំណើរជីវិតរបស់ខ្ញុំជួបឧបស័គ្គធំៗនិងធ្ងន់ធ្ងរមិនចាញ់រយៈពេល២៥ឆ្នាំដំបូងនៃជីវិតខ្ញុំឡើយ ។ វាហាក់ដូចជាជីវិតខ្ញុំនេះ កើតមកតម្រូវឲ្យជួបនឹងបញ្ហាស្មុគ្រស្មាញច្រើនជាងភាពសុខដុមរមនា (ផលនៃកម្មពៀរពីអតីតជាតិ?) ។ ខ្ញុំចាប់ផ្តើមរៀបចំទិសដៅជីវិតប្រាកដប្រជានៅអាយុ ២១ឆ្នាំ ។ ដោយហេតុតែបាត់បង់ឱកាសរៀនសូត្រជាច្រើនឆ្នាំ កម្រិតនៃការចេះដឹងរបស់ខ្ញុំនៅអាយុ២១ គឺស្មើត្រឹមតែក្មេងអាយុ ១១ឆ្នាំប៉ុណ្ណោះ ។ កន្លែងដែលខ្ញុំមានឱកាសរៀបចំគោលដៅសម្លឹងទៅរកអនាគតកាល គឺស្ថិតនៅក្នុងជំរំជនខ្ចាត់ព្រាត់តាមបណ្តោយព្រុំដែន ខ្មែរ-ថៃ ។ ទីនោះ គេវាស់ដីឲ្យយើងដើរ និងរស់ដោយសារការបរិច្ចាគទានអំពីអ្នកដទៃ ។ អ្វីដែលខ្ញុំកត់សម្គាល់នៅទីនោះគឺថា ក្រៅអំពីភាពច្របូកច្របល់ខ្វល់ខ្វាយអំពីភាពមិនទៀងទាត់នៃសុវត្ថិភាពនៃការរស់នៅ មានឱកាសមួយចំនួនដែលខ្ញុំអាចស្តារនិងដោះស្រាយបញ្ហានានានៅក្នុងដំណើរជីវិត ។ អង្គការមនុស្សធម៌បានផ្តល់ឱកាសឲ្យកុមារនិងយុវជនកម្ពុជាសិក្សាជាលក្ខណៈវិសាមញ្ញមួយ ។ ក្រៅអំពីឱកាសសិក្សាដែលគាំទ្រដោយអង្គការមនុស្សធម៌ មានសាលាបង្រៀនភាសាអង់គ្លេសជាលក្ខណៈឯកជនមួយចំនួនដែរ ។ ដែលហៅថាសាលាឯកជននៅទីនេះ គឺគ្មានអ្វីលើសអំពីខ្ទមស្លឹកតូចមួយ ឬក៏ក្រោមដើមឈើនោះទេ ។ គឺសាលាឯកជនប្រភេទនេះហើយ ដែលខ្ញុំរៀនភាសាអង់គ្លេសយកទៅធ្វើជាដើមទុនសម្រាប់ចូលរៀននៅក្នុងមហាវិទ្យាល័យនៅស្រុកអាមេរិក ។ ជំហានទីមួយដែលខ្ញុំជ្រើសរើស ដើម្បីរៀបចំគោលដៅជីវិតឡើងវិញគឺការសិក្សា ។ ខ្ញុំមានអាយុច្រើនជាងកម្រិតដែលខ្ញុំអាចចូលរៀនបន្ត ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហា ខ្ញុំកាត់បន្ថយអាយុ៥ឆ្នាំចោល ។ បន្ទាប់ពីបន្ថយអាយុ៥ឆ្នាំ ខ្ញុំនៅតែជាកូនសិស្សចាស់ជាងគេបំផុតនៅក្នុងថ្នាក់រៀន ។ ជាគោលការណ៍យុទ្ធសាស្ត្រ ខ្ញុំចូលរៀនឡើងវិញនៅក្នុងកម្រិតមួយដែលខ្ពស់ជាងសមត្ថភាពយល់ដឹងរបស់ខ្ញុំបន្តិច ក៏ប៉ុន្តែស្ថិតនៅក្រោមកម្រិតដែលមនុស្សមានអាយុស្រករខ្ញុំកំពុងសិក្សា ។ ដូច្នេះ ការសិក្សារបស់ខ្ញុំគឺស្ថិតក្នុងស្ថានភាពមួយដែលភាសាអង់គ្លេសហៅថា In tandem (ឬក៏ស្របពេលជាមួយគ្នា) ។ ខ្ញុំរៀនបន្តអំពីកម្រិតដែលខ្ញុំយល់ដឹងដោយខ្លួនឯង ។ រៀនផ្លូវការនៅក្នុងសាលាដោយពឹងផ្អែកលើជំនួយអំពីមិត្តភក្តិ ។ និងរៀននៅកម្រិតដែលមនុស្សស្រករខ្ញុំកំពុងសិក្សាពីសំណាក់មិត្តភក្តិ ។ គួរកត់សម្គាល់ថា ការរៀនពីសំណាក់មិត្តភក្តិនេះ មិនអាចបានគ្រប់មុខវិជ្ជាទេ ។ មុខវិជ្ជាមួយចំនួនដូចជា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា គឺខ្ញុំត្រូវបោះបង់ចោលទាំងស្រុង ។ ខ្ញុំមានបរិញ្ញាប័ត្រចេញពីសាកលវិទ្យាល័យសហរដ្ឋអាមេរិក ក៏ប៉ុន្តែមុខវិជ្ជាទាំងបីនេះ ខ្ញុំយល់ដឹងមិនស្មើក្មេងរៀនថ្នាក់ទី ៦ បច្ចុប្បន្នទេ ។ ល្ងិតដូចយប់! ខ្ញុំចំណាយពេលរៀនជាលក្ខណៈ in tandem នៅក្នុងជំរំជនភៀសខ្លួនអស់រយៈពេល ៤ឆ្នាំគត់ ។ មកដល់សហរដ្ឋអាមេរិក ខ្ញុំប្រមូលចំណេះដឹងសម្លរចាប់ឆាយរបស់ខ្ញុំមកផ្គុំគ្នាហើយរៀបចំយុទ្ធសាស្ត្រមួយថ្មីទៀត ។ ក៏ប៉ុន្តែ ខ្ញុំអត់បោះបង់ចោលយុទ្ធសាស្ត្រ in tandem របស់ខ្ញុំទេ ។ នៅអាយុ២៥ឆ្នាំ ខ្ញុំគឺជានិស្សិតដែលមានវ័យចំណាស់ជាងគេ ។ និយាយមួយបែបទៀត និស្សិតទាំងឡាយគេយកបានម៉ាស្ទ័រ ឬក៏ចាប់ផ្តើមសរសេរសារណាយកមហាបរិញ្ញាទៅហើយ ខ្ញុំទើបនឹងចាប់ផ្តើមឆ្នាំទីមួយនៅមហាវិទ្យាល័យ ។ នៅមហាវិទ្យាល័យ ខ្ញុំរៀននៅក្នុងកម្រិតដែលគេតម្រូវឲ្យយើងរៀនផង និងនៅក្នុងកម្រិតបន្ទាប់ (Advance) ផង ។ ឧទាហរណ៍ បើគេតម្រូវឲ្យយើងរៀនតែងសេចក្តីពីរឆមាសទើបអនុញាតិឲ្យរៀនអក្សរសិល្ប៍ ខ្ញុំសុំគេរៀនអក្សរសិល្ប៍នៅអំឡុងពេលកំពុងរៀនតែងសេចក្តីនៅឆមាសទីពីរ ។ មុខវិជ្ជាផ្សេងទៀត ខ្ញុំអនុវត្តិគោលការណ៍ស្រដៀងគ្នា ។ ស្របពេលជាមួយគ្នា ខ្ញុំភ្ជាប់អ្វីៗដែលខ្ញុំរៀនទៅនឹងភាសាខ្មែរ ដោយប្រើសៀវភៅនិងឯកសារខ្មែរដែលខ្ញុំមាន ។ ចំណុចនេះហើយដែលធ្វើឲ្យខ្ញុំនៅមានលទ្ធភាពអាចសរសេរអត្ថបទជាភាសាខ្មែរបាន ។ សូមបែរទៅនិយាយអំពីប្រធានបទទុព្វលភាពវិញម្តង ។ នៅពេលយើងនិយាយអំពីទុព្វលភាព គឺយើងនិយាយអំពីជរាពាធ ឬភាពចុះទន់ខ្សោយទាំងរូបកាយនិងសតិបញ្ញា ។ នៅក្នុងប្រព័ន្ធសុខភាពក៏ដូចជាកត្តាផ្សេងៗពាក់ព័ន្ធនឹងជីវិតដែរ គឺរមែងមានរូបធាតុភ្លោះដែលភាសាអង់គ្លេសហៅថា Duality នៅក្នុងនោះ ។ សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត (Physical and Mental Health) គឺជារូបធាតុភ្លោះ ។ ក៏ប៉ុន្តែ មនុស្សទូទៅកម្រនឹកនាទៅដល់សុខភាពផ្លូវចិត្តណាស់ ដ្បិតវាគ្មានរូបរាងអាចឲ្យយើងមើលឃើញ ។ ខ្ញុំទៅឆ្លុះកញ្ចក់មើលឃើញតែសាច់ដុំស្រកស្រុតតែប៉ុណ្ណោះ ។ ឯរឿងឆន្ទៈឬទឹកចិត្តតស៊ូរបស់ខ្ញុំស្រកស្រុតដល់កម្រិតណា ខ្ញុំមើលមិនឃើញឡើយ ។ ខ្ញុំគ្រាន់តែដឹងថា វាមិនសូវរឹងមាំទេ ។ នេះគឺជាការទទួលស្គាល់មួយដែលផ្ទុយអំពីអត្តចរិត Bravado របស់ខ្ញុំ ។ ការថែទាំឬរក្សាសុខភាពផ្លូវកាយ មានច្រើនសណ្ឋាន ។ ក៏ប៉ុន្តែ កត្តាសំខាន់បីដែលមនុស្សទូទៅយល់ដឹងគឺទទួលទានអាហារគ្រប់គ្រាន់ ហាត់ប្រាណ (ធ្វើពលកម្ម ឬសកម្ម) និង សម្រាក ។ ឯការថែទាំសុខភាពផ្លូវចិត្ត មិនសូវមានមនុស្សយល់ដឹងប៉ុន្មានទេ ។ យើងគិតតែពីប្រឹងៗៗៗ! តស៊ូៗៗ! និងយកជ័យជម្នះលើឧបស័គ្គនានាឲ្យបាន ។ ជោគជ័យគឺជាអ្វីដែលយើងត្រូវការ ។ ម៉ែឪជេរស្តីវាយដំបង្ខំកូនឲ្យរៀនឥតឈប់ឈរ ។ បន្ទាប់ពីរៀន យើងប្រឹងរកសុីឥតល្ហែរ ។ យើងខ្លាចតែជីវិតជួបការលំបាក ។ ក៏ប៉ុន្តែ យើងមិនដែលសួរខ្លួនឯងផងទេថា តើជីវិតមួយណាដែលមិនជួបការលំបាកនោះ ។ បើនៅតែជួបការលំបាកដដែលជាដដែល ហេតុអ្វីក៏មិនថែទាំសុខភាព ជាពិសេសសុខភាពផ្លូវចិត្ត (Mental Health) តាំងតែពីដើមទីមក ។ ចិត្តនិងកាយប្រហែលជាមិនខុសគ្នាទេ ។ បើយើងដាក់សម្ពាធខ្លាំងទៅលើវា វានឹងទ្រុឌទ្រោមដូចគ្នា ។ ខ្ញុំចាប់ផ្តើមពិចារណារឿងនេះនៅពេលឃើញជនជាតិអាមេរិកាំងដែលមានអាយុ៨០ជាងហើយ នៅអាចបើកបរយានយន្តដោយខ្លួនឯងបាន ។ ចំណែកខ្ញុំអាយុទើបតែហាក្រាស់ ភាពរហ័សរហួន(Vigor)របស់ខ្ញុំហាក់ដូចជាចាប់ផ្តើមថមថយ ។ រឿងចាស់ៗអាមេរិកាំងអាចគេចវេះអំពីការភ្លេចភ្លាំងបានយូរ (Dementia or Degenerative Diseases) គឺប្រហែលជាមកអំពីអត្តចរិតលម្ហែរ (Take it easy) កាលពីពួកគេនៅក្មេង ។ ខ្ញុំនៅចាំថា កាលរៀនថ្នាក់ទីបញ្ចប់នៅវិទ្យាល័យ កូនសិស្សអាមេរិកាំងម្នាក់ដែលជាដៃគូធ្វើលំហាត់គណិតវិទ្យារបស់ខ្ញុំបានប្រាប់ខ្ញុំកុំឲ្យស្ទុះស្ទារខ្លាំងពេក ។ វាប្រាប់ខ្ញុំថា បើធ្វើលំហាត់មិនហើយក៏ហីទៅ (It is not a big deal) ។ អាកប្បកិរិយាលម្ហែរនេះ (Relax attitude) ប្រហែលជាអ្វីដែលយើងគួរតែគិតគូរតាំងតែពីយុវវ័យមក ។ វាអាចជាកត្តាថែរក្សាសុខភាពផ្លូវចិត្ត (Mental Health) របស់យើងឲ្យរឹងមាំបានយូរផងដែរ ។ ទុព្វលភាពផ្លូវចិត្តគឺជារឿងមួយដែលពិបាកយល់ ។ ខ្ញុំព្យាយាមស្វែងយល់ដោយប្រើ ហ្គូហ្គលស៊ឺច ប៉ុន្តែមិនឃើញមានអត្ថបទសរសេរពាក់ព័ន្ធនឹងប្រការនេះទេ ។ អ្នកស្រាវជ្រាវភាគច្រើនអះអាងថា ខួរក្បាលដែលសកម្មមានសុខភាពល្អ ។ និយាយមួយបែបទៀត បើយើងប្រើខួរក្បាលឲ្យគិតរឹតតែច្រើន វានឹងរឹងមាំរស់រវើកបានយូរ ។ ខ្ញុំហាក់ដូចជាមិនយល់ស្របជាមួយនឹងប្រការនេះទាំងស្រុងទេ ។ ខួរក្បាលក៏ជាសរីរាង្គមួយដែរ ។ រូបមានសាច់ដុំជាអ្នកទ្រទ្រង់ ។ ខួរក្បាលនិងបេះដូង(ចិត្ត)មានសរសៃប្រសាទជាភ្នាក់ងារចាត់ចែងកិច្ចការនានាដែលវិញ្ញាណទាំងប្រាំបញ្ជូនមក ។ បើយើងប្រៀបធៀបសរសៃប្រសាទនៅក្នុងខួរក្បាល (Neurological functions) ទៅនឹងចរន្តអគ្គីសនី វាប្រហែលជាមិនខុសគ្នាប៉ុន្មានឡើយ ។ ក្នុងប្រព័ន្ធចរន្តអគ្គីសនីរមែងមានព្រឹត្តិការណ៍មួយដែលភាសាអង់គ្លេសហៅថា Power Surges ។ នៅពេលព្រឹត្តិការណ៍នេះកើតឡើង យើងដាច់ភ្លើងហើយគ្រឿងអេឡិចត្រូនិកនានាដែលយើងតភ្ជាប់ជាមួយនឹងចរន្តអគ្គីសនីនោះ ត្រូវរងផលប៉ះពាល់ ។ សំណួរមួយដែលយើងអាចលើកយកមកពិចារណាគឺថា តើខួរក្បាលដែលមានតួនាទីទទួលយករឿងរ៉ាវសព្វសារពើដែលវិញ្ញាណទាំងប្រាំនិងបេះដូងបញ្ជូនមកឲ្យដោះស្រាយគ្មានថ្ងៃលស់នោះ អាចរងផលប៉ះពាល់ដែរទេ ។ បើរងផលប៉ះពាល់ តើវាអាចធ្លាក់ចូលក្នុងទុព្វលភាពរបៀបណា ។ នេះគឺជាអាថ៌កំបាំងមួយដែលប្រហែលជាត្រូវការ ការត្រិះរិះពិចារណាច្រើនជាងវិទ្យាសាស្ត្រ ។ អត្ថបទនេះ ខ្ញុំសរសេរសម្រាប់យុវជនយកទៅពិចារណា ។ ការប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមិនមានអ្វីខុសទាស់ទេ ។ ក៏ប៉ុន្តែ ការថែទាំសុខភាពផ្លូវចិត្តនិងខួរក្បាលគឺជារឿងមួយដែលមើលមិនឃើញនិងពិបាកយល់ ។ ចំណុចសំខាន់មួយដែលខ្ញុំចង់ឲ្យមិត្តអ្នកអានយកទៅពិចារណាគឺថា ផលប៉ះពាល់ដែលចិត្តនិងខួរក្បាលទទួល ភាគច្រើនមិនស្តែងចេញឲ្យឃើញភ្លាមៗទេ ។ យើងត្រូវរង់ចាំយ៉ាងហោចណាស់ក៏៣០ទៅ៤០ឆ្នាំទៅមុខទៀត ទើបអាចដឹងលទ្ធផល ។ ប្រការមួយទៀតដែលយើងគួរលើកយកមកពិចារណាជាមួយនឹងរឿងទុព្វលភាពនេះ គឺគុណភាពនៃជីវិត ។ នៅពេលយើងនិយាយអំពីគុណភាពជីវិត យើងមិននិយាយអំពីទ្រព្យសម្បត្តិ រូបសម្បត្តិ ចរិយាសម្បត្តិ និងថេរវេលាដែលយើងរស់នៅឡើយ ។ គុណភាពនៃជីវិតគឺសំដៅលើលទ្ធភាពនៃការរស់នៅរហូតដល់ដង្ហើមចុងក្រោយដោយមិនពិបាកពឹងផ្អែកលើអ្នកដទៃ ។ និយាយឲ្យងាយយល់គឺ អាចទទួលទានអាហារដោយខ្លួនឯងបាន អាចដើរបាន (Physical Functions) និង អាចចងចាំមនុស្សដែលយើងធ្លាប់ស្គាល់ (Cognitive Functions) រហូតដល់ថ្ងៃមរណា ។ សូមបញ្ចប់ត្រឹមនេះចុះ ហើយក៏សូមបួងសួងឲ្យមិត្តភក្តិទាំងអស់ រាប់បញ្ចូលទាំងរូបខ្ញុំផងដែរ ដែលកំពុងធ្វើដំណើរឆ្លងកាត់ទុព្វលភាព បានទៅដល់តំណាក់ចុងក្រោយដោយក្តីរីករាយ Age gracefully! ៕

Sunday, December 5, 2021

ចំណីខួរក្បាល

កុម្មុយនីស្តនិយម ឬអគារសង់លើរន្ទា (Communism) កាលលទ្ធិកុម្មុយនីស្តមានប្រជាប្រិយ យុវជនខ្មែរមួយចំនួនរាប់បញ្ចូលទាំងខ្ញុំម្នាក់ដែរបានសិក្សាគោលការណ៍ទ្រឹស្តីនៃលទ្ធិនេះ ។ អ្នកខ្លះរៀនអំពីកុម្មុយនីស្តពីព្រោះរដ្ឋតម្រូវឲ្យរៀន ។ ឯខ្ញុំរៀនអំពីកុម្មុយនីស្ត ព្រោះតែចង់យល់ដឹង ។ បន្ទាប់ពីប្រទេសសង្គមនិយមជាច្រើន ឈប់អនុវត្តិលទ្ធិកុម្មុយនីស្ត មនោគមវិទ្យានេះមិនសូវត្រូវបានគេផ្សព្វផ្សាយទូលំទូលាយដូចមុនទេ ។ យូរៗម្តង ខ្ញុំបានជួបនឹងមិត្តភក្តិដែលធ្លាប់រៀនអំពីកុម្មុយនីស្តនិយម ហើយក៏ជជែកគ្នាលេងអំពីចំណេះដឹងដែលយើងធ្លាប់បានរៀន ។ កុម្មុយនីស្តនិយមបានរលំរលាត់ព្រាត់ពីឆាកនយោបាយអន្តរជាតិក៏ពិតមែន ក៏ប៉ុន្តែគោលគំនិតស្នូលរបស់វាអត់វិនាសទៅណាទេ ។ វានៅសម្ងំសុខនៅក្នុងលទ្ធិប្រជាធិបតេយ្យ ដោយបំភ្លៃឆ្នៃប្រតិស្ឋរូបរាងមិនឲ្យមនុស្សមើលយល់ងាយៗឡើយ ។ ប្រទេសប្រជាធិបតេយ្យអាស្រ័យគោលការណ៍ផ្តាច់ការមួយចំនួន បានយកមនោគមវិទ្យានិងយុទ្ធសាស្ត្រកុម្មុយនីស្តមកប្រើប្រកបដោយប្រសិទ្ធភាពខ្ពស់គួរឲ្យកោតសសើរ ។ នៅក្នុងមេរៀនកុម្មុយនីស្តនិយម ចំណុចសំខាន់មួយដែលយើងត្រូវដឹងគឺ ភាវផ្តាច់ការនៃវណ្ណៈអធន (Dictatorship of the Proletariats) ។ នៅពេលគោលការណ៍នេះត្រូវបានគេយកមកច្របល់ចូលក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យអាស្រ័យទីផ្សារសេរី វាបានក្លាយខ្លួនទៅជា ភាវផ្តាច់ការនៃឧកញ៉ាអភិជន (Dictatorship of the Oligarchs) ។ ការបែងចែកធនធានរដ្ឋ មិនមែនស្ថិតនៅក្នុងដៃមហាជនទេ គឺស្ថិតនៅក្នុងដៃអភិជននាយទុនប្រតិកិរិយាមួយក្តាប់តូច ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្បាលម៉ាសុីនកាន់អំណាច ។ ការវិវត្តន៍នៃមនោគមវិទ្យានេះ នៅមានច្រើនដំណាក់កាលនិងទិដ្ឋភាពផ្សេងទៀត ។ ក៏ប៉ុន្តែ ខ្ញុំសូមលើកយកតែដំណាក់កាលចុងក្រោយបំផុតមកបរិយាយនៅក្នុងអត្ថបទនេះ ។ ដំណាក់កាលចុងក្រោយដែលជាដំណាក់កាលរសើបនិងគួរឲ្យខ្លាចជាទីបំផុតនោះគឺ ការកំចាត់យុទ្ធមិត្ត ។ ការធ្វើនយោបាយរមែងមានយុទ្ធមិត្តជាច្រើនពួតដៃគ្នាតស៊ូរកជ័យជម្នះ ។ បន្ទាប់ពីទទួលបានជ័យជម្នះ យុទ្ធមិត្តទាំងនោះបែងចែកតួនាទីនិងធនធានគ្នា (Dividing the spoils) ដើម្បីកាន់កាប់ ។ ធនធាន (Resources) និងតួនាទីមានដែនកំណត់ ។ ឯមហិច្ឆតានិងការរីករាលនៃតម្រូវការរបស់សហការីនិងទាយាទ គ្មានដែនកំណត់ទេ ។ ដូច្នេះ ការកាត់ក្បាលតម្រូវមួក គឺចាំបាច់ត្រូវតែធ្វើ ។ នៅក្នុងរចនាសម្ព័ន្ធនៃគោលការណ៍កុម្មុយនីស្តនិងរបបផ្តាច់ការ គឺផ្តោតលើអំណាចប្រមូលផ្តុំជាធំ ។ ដើម្បីប្រមូលផ្តុំអំណាច គេត្រូវប្រើយុទ្ធសាស្ត្រពីរ ។ ទីមួយគឺ ដើរកូនអុក ។ និងទីពីរ បោចរោមមាន់ម្តងមួយ ។ ដើរកូនអុកគឺសំដៅដល់ការរុញអ្នកខ្សោយនិងមនុស្សដែលមានហានិភ័យខ្ពស់ចេញឲ្យឆ្ងាយពីប្រភពអំណាច (Isolated from the network) ឬនិយាយមួយបែបទៀត ផ្តាច់ទំនាក់ទំនងយុទ្ធមិត្តដែលអាចសាមគ្គីគ្នាតតាំ ឲ្យនៅឆ្ងាយពីគ្នា ។ ជំហានទីពីរគឺ បោចរោមមាន់ម្តងមួយ ដែលភាសាអង់គ្លេសហៅថា Purges ។ បោចរោមមាន់ម្តងមួយសម័យនេះ មានរូបភាពមិនដូចសម័យមុនទេ ។ គេមិនបំបាត់បុគ្គលចេញអំពីឆាកនយោបាយឡើយ ។ យុទ្ធសាស្ត្រដ៏មានប្រជាប្រិយបំផុតគឺ តម្លើងតួនាទី (Promote) បុគ្គលឲ្យទៅនៅកន្លែងមួយដែលគ្មានន័យ ឬគ្មានឥទ្ធិពល ។ បន្ទាប់ពីបំបែកកូនអុកឲ្យចូលក្នុងជំរំលត់ដំរួច គេទាញកូនអុកណាដែលមានសារប្រយោជន៍ខ្លាំង បង្ហាញភក្តីភាពខ្ពស់ និងគួរជាទីទុកចិត្តជាងគេ ឲ្យមកនៅក្បែរធ្វើជាខ្សែរការពារក៏ដូចជាទ័ពសម្រាប់ប្រយុទ្ធកំចាត់សត្រូវ ។ មកដល់តំណាក់កាលនេះ គេចាប់ផ្តើមវាយតម្លៃ ថាតើមាន់ដែលគេលួចដករោមម្តងមួយៗនោះ វារលោះរោមល្មមធ្វើសុីហើយឬនៅ ។ នៅពេលស្ថានភាពអំណោយផលនិងឧកាសមកដល់ ប្រតិបត្តិការស្ងោរមាន់នឹងចាប់ផ្តើម (When the condition is right, all hell will break lose, at this point!) ។ នៅក្នុងដំណាក់កាលនេះ យុទ្ធមិត្តដែលមានឱកាសអង្គុយសុីមាន់ស្ងោរនៅសល់មិនច្រើនឡើយ ។ យុទ្ធសាស្ត្រដករោមមាន់និងធ្វើមាន់សុី វាលំបាកល្មមទេ ។ អ្វីដែលលំបាកខ្លាំង គឺការដាក់ឈាមថ្មីជំនួសឈាមចាស់ ។ កើតចាស់ឈឺស្លាប់ ជាច្បាប់ធម្មជាតិ ។ មេផ្តាច់ការខ្លាំងយ៉ាងណាក៏គេចពីសេចក្តីស្លាប់មិនរួចដែរ ។ ដូច្នេះ គេចាំបាច់ត្រូវតែដាក់ទាយាទឲ្យបន្តវេនដើម្បីដឹកនាំប្រទេសឲ្យនៅលើគន្លង"សន្តិភាព"បន្តទៅទៀត ។ អ្វីដែលជាឆ្អឹងទទឹងកនៅតំណាក់កាលនេះ គឺរបបផ្តាច់ការដែលជាផ្លែផ្កានៃលទ្ធិកុម្មុយនីស្តនោះ រមែងមានឋានានុក្រមស្នងអំណាចដូចជារដ្ឋាភិបាលនៅក្នុងលទ្ធិប្រជាធិបតេយ្យដែរ ។ ជាទូទៅ នៅពេលដែលលេខាបក្សអស់លទ្ធភាពដឹកនាំ អំណាចគឺត្រូវផ្ទេរមកឲ្យអនុលេខា ។ សម័យនេះគេប្រើពាក្យ ប្រធាន អនុប្រធាន និង លេខា នៅក្នុងឋានានុក្រម ។ នៅពេលឋានានុក្រមត្រូវបានមើលរំលង ភាពឆ្គាំឆ្គងអាចនាំទៅរកការបែកបាក់ ។ កាលរៀនលទ្ធិកុម្មុយនីស្តនៅមហាវិទ្យាល័យ លោកគ្រូខ្ញុំគាត់បាននិយាយពាក្យមួយឃ្លាដែលខ្ញុំចងចាំរហូតដល់ថ្ងៃនេះ៖ លទ្ធិកុម្មុយនីស្តគ្មានគ្រឹះឫសគល់ទេ ។ វាច្បិចយកគំនិតពីនេះមន្តិច ពីនោះបន្តិចមកផ្គុំគ្នា ប្រៀបដូចជាគេកសាងអគារនៅលើរន្ទា ។ ពេលអគារវារីកធំលើសកម្រិតដែលរន្ទាអាចទ្រាំទ្របាន វានឹងរលំបាក់បែកខ្ទេចខ្ទីតែម្តង ។ ដូចគ្នាដែរ របបផ្តាច់ការដែលពឹងលើឡប់ឡែនៃលទ្ធិប្រជាធិបតេយ្យអាស្រ័យសេរីភាពនោះ គឺមិនខុសអំពីអគារសង់លើរន្ទាទេ ។ ហានិភ័យនៃការដួលរលំគឺសំងំនៅជាប់នឹងខ្លួនប្រៀបបាននឹងស្រមោលដែលអន្ទោលតាមប្រាណ ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...