Monday, March 19, 2018

ចំណីខួរក្បាល

តើយើងគួរប្រើពាក្យខ្មែរដើម្បីសម្គាល់លេខខ្មែរឡើងវិញឬទេ ? ធ្លាប់ឆ្ងល់ទេ ថាតើហេតុអ្វីបានជាខ្មែរហៅលេខ សាមសិប (៣០) សែសិប (៤០) ហាសិប (៥០) ហុកសិប (៦០) ជាដើម ។ល។ ដូចជាសៀមដែរ? បើតាមប្រវត្តិសាស្ត្រ សៀមខ្ចីលេខខ្មែរយកទៅប្រើហើយបង្កើតសំនៀងហៅលេខទាំងនេះតាមភាសាគេ ។ ដូច្នេះ សំនៀងខ្មែរសម្រាប់ហៅលេខទាំងនេះប្រាកដជាមាន ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានចូលអានអត្ថបទនៅក្នុងទំព័រ ប្លក ដែលគេបោះបង់ចោលក្នុង Word Press មួយចំនួន ។ នៅក្នុងចំណោមអត្ថបទទាំងនោះ ខ្ញុំប្រទះអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីអំពីលេខខ្មែរនិងលេខសៀម ។ អត្ថបទនោះ ម្ចាស់ប្លកបានដកស្រង់ទាំងស្រុងចេញពីកាសែត រស្មីកម្ពុជា ដែលបោះពុម្ពនៅឆ្នាំ ២០១១ ។ ខ្ញុំបានព្យាយាមស្វែងរកប្លកនោះឡើងវិញដើម្បីស្វែងរកម្ចាស់ដើមនៃអត្ថបទ បុ៉ន្តែរកមិនឃើញសោះ ។ ដូច្នេះខ្ញុំសូមសរសេរអត្ថបទនេះឡើងវិញដោយផ្អែកលើការចងចាំ ។ តាមការផ្សាយរបស់កាសែត រស្មីកម្ពុជា នាឆ្នាំ២០១១ ស្មេរខ្មែរមួយរូបបានទៅចូលរួមក្នុងពីធីបុណ្យមួយនៅស្រុកបារាំង ។ គាត់បានជួបនឹងមិត្តភក្តិម្នាក់ ដែលធ្លាប់បានទៅទស្សនាប្រទេសភូមា ។ មិត្តភក្តិនោះប្រាប់គាត់ថា បានប្រទះភូមិពីរដែលមានជនជាតិខ្មែររស់នៅតាំងពីយូរយាណាស់មកហើយ ។ ខ្មែរដែលរស់នៅទីនោះប្រើភាសាខ្មែរបុរាណ ហើយរាប់លេខខ្មែរតាមរបៀបបុរាណ ដោយប្រើពាក្យ មួយដណ្តប់ ពិរដណ្តប់ បីដណ្តប់ បួបដណ្តប់ សម្រាប់សម្គាល់លេខ ១០ ២០ ៣០ និង ៤០ ។ ស្មេរនោះបានវែកញែកហេតុផលយ៉ាងល្អិតល្អន់រវាងលេខខ្មែរនិងលេខសៀម ព្រមទាំងធ្វើសំណូមពរថា ខ្មែរគួរចាប់ផ្តើមប្រើសំនៀងខ្មែរសម្រាប់ហៅលេខខ្មែរឡើងវិញ ជាជាងនិយាយតាមសំនៀងសៀម ។ បន្ទាប់ពីបានអានអត្ថបទនោះ ខ្ញុំភ្ញាក់ព្រើត ត្បិតអីកាលពីក្មេង ខ្ញុំធ្លាប់ឮម្តាយខ្ញុំប្រើពាក្យ មួយដណ្តប់ ពីរដណ្តប់ បីដណ្តប់ បួនដណ្តប់ នេះដែរ ប៉ុន្តែគាត់សំដៅលើចំនួន ១១ ១២ ១៣ និង ១៤ ទៅវិញ ។ វាជារឿងច្របូកច្របល់ពិបាកយល់មួយ ។ ក៏ប៉ុន្តែ ប្រសិនបើយើងមើលប្រវត្តិសាស្ត្រខ្មែរ ភាពច្រឡំបល់នេះប្រហែលជាអាចវែកញែកចែកឲ្យដាច់ស្រឡះបាន ។ សំណួរដែលត្រូវលើកយកមកពិចារណា គឺថា៖ តើសៀមខ្ចីទាំងលេខទាំងសំនៀងរបស់ខ្មែរទៅប្រើឬក៏អត់? បើអត់ខ្ចីសំនៀងរបស់ខ្មែរទៅប្រើទេ តើសំនៀងខ្មែរសម្រាប់ហៅលេខ ៣០ ៤០ ៥០ ៦០ ៧០ ៨០ និង ៩០ បាត់បង់ទៅនៅពេលណា? ចាប់ពីលេខ ១ដល់២០ សៀមនិងខ្មែរប្រើសំនៀងខុសគ្នាគឺ៖ សៀមៈ នឹង(១) សង(២) សាម(៣) សែ៊ី(៤) ហា(៥) ហុ(៦) ចិត(៧) ប៉ែត(៨) កៅ(៩) សុីប(១០) សុីបអុីត(១១) សុីបសង(១២) សុីបសាម(១៣) សុីបស៊ែ(១៤) សុីបហា(១៥) សុីបហុ(១៦) សុីបចិត(១៧) សុីបប៉ែត(១៨) សុីបកៅ(១៩) យីសុីប(២០) ។ ខ្មែរៈ មួយ(១) ពីរ(២) បី(៣) បួន(៤) ប្រាំ(៥) ប្រាំមួយ(៦) ប្រាំពីរ(៧) ប្រាំបី(៨) ប្រាំបួន(៩) ដប់ (ដណ្តប់)(១០) ដប់មួយ(១១) ដប់ពីរ(១២) ដប់បី(១៣) ដប់បួន(១៤) ដប់ប្រាំ(១៥) ដប់ប្រាំមួយ(១៦) ដប់ប្រាំពីរ(១៧) ដប់ប្រាំបី(១៨) ដប់ប្រាំបួន(១៩) ម្ភៃ(២០) ។ ប៉ុន្តែ ចាប់ពីលេខ ៣០ដល់៩០ ខ្មែរនិងសៀមហៅលេខទាំងនោះតាមសំនៀងដូចគ្នា ។ បើតាមការសង្កេតរបស់ម្ចាស់អត្ថបទនៅក្នុងកាសែត រស្មីកម្ពុជា (ហើយខ្ញុំក៏យល់ឃើញដូចគ្នាដែរ) ពាក្យ ដប់និងដណ្តប់ គឺសំដៅមេគុណ ១០ ។ ដូច្នេះ បីដណ្តប់គឺស្មើនឹង ៣គុណនឹង១០ (៣X១០=៣០) ។ បួនដណ្តប់ ប្រាំដណ្តប់ រហូតដល់ ប្រាំបួនដណ្តប់ក៏ដូចគ្នាដែរ (៤X១០=៤០; ៥X១០=៥០... ៩X១០=៩០) ។ ដើម្បីសម្រួលដល់ការហៅលេខទាំងនេះនៅក្នុងការសន្ទនា យើងអាចប្រើពាក្យ ដប់ជំនួសឲ្យដណ្តប់ ។ ដូច្នេះ ៣០ ៤០ ៥០ ៦០ អាចរាប់ជា៖ បីដប់ បួនដប់ ប្រាំដប់ ប្រាំមួយដប់ ។ល។ ចំណែកសំណួរថាតើសំនៀងខ្មែរសម្រាប់ហៅលេខ ៣០ ៤០ ៥០ រហូត ៩០ បាត់បង់ទៅនៅពេលណា យើងអាចយកចំណុចពីរនៅក្នុងប្រវត្តិសាស្ត្រខ្មែរមកពិចារណា ។ ទីមួយគឺនៅអំឡុងពេលខ្មែរចាកចេញពីទីក្រុងអង្គរ ។ ទីពីរគឺនៅសម័យកាលស្តេចអង្គមុី និងអង្គឌួងគ្រងរាជ ។ ខ្ញុំគិតថាសម័យកាលទីពីរនេះអាចត្រឹមត្រូវ ត្បិតអី បើតាមប្រវត្តិសាស្ត្រខ្មែរ ប្រទេសខ្មែរស្ទើរតែវិនាសនៅក្នុងសម័យកាលទីពីរនេះ ។ បន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមសុីវិលនិងសង្គ្រាមឈ្លានពានពីបរទេសរាប់សិបឆ្នាំ ពលរដ្ឋខ្មែរដែលនៅសេសសល់បន្ទាប់ពីការគៀរយកពីសំណាក់ប្រទេសសៀម គឺមិនដល់ ១ លាននាក់ផង ។ សៀមមិនត្រឹមតែលួចប្លន់ទ្រព្យសម្បត្តិផ្សេងៗរបស់ខ្មែរទេ ពួកគេក៏បានប្រមូលយកអ្នកប្រាជ្ញខ្មែរផងដែរ ។ ជាលទ្ធផល ខ្មែរបាត់បង់ធនធានមនុស្សស្ទើរតែអស់ពីខ្លួន ។ កត្តាមួយទៀតគឺស្តេចខ្មែរ ចាប់ពីព្រះអង្គអេង អង្គចន្ទ រហូតដល់អង្គឌួង គឺសុទ្ធតែចម្រើនវ័យនិងរៀនសូត្រនៅក្នុងស្រុកសៀម ។ ដូច្នេះ ឥទ្ធិពលសៀមបានជ្រួតជ្រាបក្នុងគោលគំនិតស្តេចខ្មែរតាំងពីពេលនោះមក ។ បើតាមប្រវត្តិសាស្ត្រ ស្តេចអង្គឌួង បាននាំយកឥទ្ធិពលសៀមជាច្រើន ជាពិសេសវិស័យព្រះពុទ្ធសាសនា មកកាន់ស្រុកខ្មែរ ។ សំនៀងរាប់លេខតាមភាសាសៀមក៏ប្រហែលជាមានវត្តមាននៅគ្រានោះដែរ ។ ចំណុចនេះ យើងគប្បីមានការស្រាវជ្រាវជាក់លាក់ទើបអាចអះអាងបាន ។ ចំណុចសន្និដ្ឋានមួយដែលយើងគួរលើកយកមកពិចារណា គឺថាៈ បើស្តេចរាប់លេខ ៣០ ៤០ ៥០ ថា៖ សាមសិប សែសិប ហាសិប តើនាហ្មឺនសព្វមុខមន្ត្រីនិងប្រជានុរាស្ត្រ គួររាប់ដូចម្តេចទៅវិញ? ៕

Thursday, March 15, 2018

ចំណីខួរក្បាល

សញាណសម្គាល់ឬសគល់អក្សរសីល្ប៍ ខ្ញុំមិនបានរៀនអក្សរសីល្ប៍ខ្មែរជ្រៅជ្រះទេ ប៉ុន្តែធ្លាប់បានរៀនអក្សរសីល្ប៍អង់គ្លេសខ្លះៗ ។ នៅក្នុងអក្សរសីល្ប៍អង់គ្លេស មានពាក្យបច្ចេកទេសអក្សរសីល្ប៍មួយចំនួនដែលខ្ញុំគិតថា អ្នកសិក្សាអក្សរសីល្ប៍គ្រប់ភាសាគួរកត់សម្គាល់និងយល់ឲ្យបានជាក់លាក់ ដើម្បីជាជំនួយដល់ការតាក់តែង ក៏ដូចជាការអាននិងវិភាគរឿងប្រលោមលោក និងរឿងអក្សរសីល្ប៍ផងទាំងពួក ។ ខាងក្រោមនេះ ជាសម្រង់ពាក្យបច្ចេកទេសអក្សរសីល្ប៍មួយចំនួន ដែលខ្ញុំប្រែសម្រួលជាភាសាខ្មែរ និងផ្តល់ឧទាហរណ៍ខ្លះៗ ។ សូមបញ្ជាក់ថា ពាក្យបច្ចេកទេសអក្សរសីល្ប៍មានរាប់រយ ។ ខ្ញុំស្រង់យកតែពាក្យមួយចំនួនប៉ុណ្ណោះមកបង្ហាញនៅទីនេះ ។ សម្រាប់មិត្តអ្នកអានដែលចេះភាសាអង់គ្លេស សូមមេត្តាមើលនិយមន័យពិស្តាររបស់ពាក្យនីមួយៗបន្ថែមនៅក្នុង ហ្គូកហ្គល (Google) ព្រោះខ្ញុំបកប្រែតែពាក្យគន្លិះនិងផ្តល់ឧទាហរណ៍ខ្លីៗតែប៉ុណ្ណោះនៅទីនេះ ។ Alliteration: ពាក្យពេចន៍រំលេចចុងចួនស្ទួនដោយសព្ទនៃអក្សរមួយ ឧៈ កាកីស្រីស្រស់សម្រស់ស្អាតស្រាតសំពត់ខុសបែបបទប្រពៃណី ។ Complication: ស្មុគស្មាញត្បាញជំពាក់ទាក់តួអង្គក្នុងបញ្ហា ឧៈ ស្នេហាត្រីកោណ ឬពហុកោណ ។ សំបូរនៅក្នុងកុនភាគចិន ។ Conflict: ទំនាស់ ជាមួយនឹងសភាវឬឧត្តមគតិ ឧៈ មិនចង់ធ្វើជាឆ្អឹងស្លាក់ រាំងស្នេហ៍ ។ Climax: ចំណុចកំពូលនៃរឿងរ៉ាវ ឧៈ ទាវនិងនោធ្វើអត្តឃាតសម្លាប់ខ្លួនតាម ទុំ នៅក្រោមដើមពោធិ៍ ។ Denouement: ដំណោះស្រាយបញ្ចប់រឿងរ៉ាវនៅក្នុងវគ្គមួយឬក៏នៅក្នុងសាច់រឿងទាំងមូល ឧៈ ស្តេចបញ្ជាឲ្យសម្លាប់គ្រួសារអរជូនទាំងអស់ និងដាក់អ្នកស្រុក ពោធិ៍ជើងខាល ឲ្យក្លាយជា អ្នកងារ បន្ទាប់ពីធ្វើឲ្យ ទុំនិងទាវ ស្លាប់។ Dilemma: ទ្វេគ្រោះ ឧៈ ត្រូវបង្ខំចិត្តជ្រើសយកឬប្រព្រឹត្តិអ្វីមួយក្នុងចំណោមវត្ថុឬរឿងពីរ មិនថាល្អឬអាក្រក់ឡើយ ។ Flashback: រំលឹក ឬនឹកឃើញរឿងដែលកើតឡើងកាលគ្រាអតីត ឧៈ ការផ្ទុះអាវុធនៅក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី ៥-៦ ខែកក្តដា ឆ្នាំ ១៩៩៧ ធ្វើឲ្យនឹងទៅដល់សង្គ្រាមសុីវិលនៅឆ្នាំ ១៩៧៥ ។ Foreshadowing: ព្រលយឲ្យដឹងមុនអំពីអ្វីដែលនឹងកើតឡើង ឧៈ យាយផាន់រៀបគម្រោងចាប់ពង្រាត់នាង ទាវ មករៀបការនឹង មុឺនងួន ។ Hubris: ក្រអឺតក្រទមដែលនាំទៅកាន់ភាពបរជ័យនៃតួអង្គ ឧៈ ទាញកៅអីឲ្យមិត្តអុកគូទ ចៃដន្យខ្លួនឯងក៏ជំពប់ជើងដួលអុកគូទដែរ ។ Imagery: រូបារម្មណ៍ ឧៈ ស្លឹកឈើ ខ្យល់ផាត់លើបក់រវិច ។ Irony: ភាពផ្ទុយគ្នានូវអ្វីដែលអះអាង និងអ្វីជារូបភាពពិត ឧៈ ទន់ដូចដែក ។ Metaphor: ប្រៀបធៀបរូបភាពពីរដែលមិនពាក់ព័ន្ធគ្នា តែបង្កប់ន័យអាចយល់បាន ឧៈ ក្រញាញ់ខួរ ។ រំដួលពោធិ៍សាត់ត្រួយជីវិតស្នេហ៍ បងស្ម័គ្រម្លឹងដែរនៅតែព្រងើយ ។ Nemesis: ឧប្បស័គ្គ ឬសត្រូវដែលនៅអន្ទោលតាមផ្តន្ទាតួអង្គ ឧៈ នំមិនធំជាងនាឡ តាមឃ្វាលយកសង្ខារនាងទាវ ។ Oxymoron: ពាក្យផ្ទុយគ្នាពីរផ្គុំបញ្ចូលគ្នាបង្កើតអត្ថន័យមួយ ឧៈ ដូចស្លាប់ទាំងរស់ ។ Sarcasm: បញ្ជោះបន្សោក ឧៈ អ្នកដែលចង់ទៅវ៉ៃយួន សូមអញ្ជើញ ខ្ញុំនឹងឧប្បត្ថមក្តារមឈូសឲ្យម្នាក់មួយ ។ Simile: ប្រដូចតួអង្គ ឧៈ អូនល្អដូចផ្កា ។ ក្រមាច់ក្រមើមដូចស្វា ។ Satire: ទិតៀនរបៀបកំប្លែង បង្អាប់ ឬតាមរយៈរឿងល្បើក ។ ឧៈ ឪទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។

Wednesday, March 14, 2018

ចំណីខួរក្បាល

ខ្ញុំព្រួយ ពេលឃើញពលរដ្ឋខ្មែរប្រើអំពើរហឹង្សា វាយតប់ ឬបាញ់សម្លាប់គ្នាដូចសត្វតេរិច្ឆាន ខ្ញុំមានអារម្មណ៍រន្ធត់ក្នុងចិត្តណាស់ ។ ករណីអាជ្ញាធរប្រើអាវុធបាញ់រះលើបាតុករនៅខេត្ត ក្រចេះ និង ការវាយដំច្រំធាក់លើអ្នកបើងបររថយន្តម្នាក់កណ្តាលទីក្រុង ភ្នំពេញ កាលពីពេលថ្មីៗនេះ វាគឺជាសញ្ញាមួយដែលធ្វើឲ្យខ្ញុំព្រួយជាទីបំផុត ។ ទាំងអាជ្ញាធរ ទាំងពលរដ្ឋសាមញ ហាក់ដូចជាមិនទុកច្បាប់នៅក្នុងកែវភ្នែកទេ ។ សម្រាប់ពួកគេ ច្បាប់គឺគ្រាន់តែជាតួអក្សរសរសេរនៅលើក្រដាសតែប៉ុណ្ណោះ ។ នៅពេលដែលអាជ្ញាធរនិងពលរដ្ឋលែងប្រើឬគោរពច្បាប់ ឬនិយាយមួយបែបផ្សេងទៀតថា៖ គោរពឬអនុវត្តច្បាប់មិនស្របតាមបែបបទ ភាពអនាធិបតេយ្យនៃសង្គមនឹងរីកលូតលាស់ដុះដាលរាលពេញពាសចៀសមិនរួច ។ អនាធិបតេយ្យសង្គម មិនអាចកើតឡើងដោយឯកឯងនោះទេ ។ វាត្រូវការរូបធាតុជាច្រើនដើម្បីបណ្តុះនិងទ្រទ្រង់វាឲ្យមានជីវិតលូតលាស់ធំធាត់បាន មិនខុសអ្វីអំពីកូនរុក្ខជាតិដែលត្រូវការ ដី ទឹក ខ្យល់ និងពន្លឺថ្ងៃដើម្បីលូតលាស់នោះទេ ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យសង្គមមួយធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ? បើនិយាយពីកត្តានោះគឺរាប់មិនអស់ទេ ប៉ុន្តែកត្តាធំបំផុតគឺមានពីរ(២) ។ ទីមួយ អយុត្តិធម៌សង្គម និងទីពីរ ភាពទាល់ច្រក ។ អយុត្តិធម៌នៅក្នុងសង្គមជាធាតុផ្សំដ៏ធំបំផុតសម្រាប់ដុតបង្កាត់ឲ្យមានភ្លើងអនាធិបតេយ្យ ។ អ្នកសិក្សាច្បាប់ឬប្រព័ន្ធយុត្តិធម៌ ជាទូទៅតែងប្រទះរូបមនុស្សមានកំណាត់ចងគ្លំភ្នែកជិតនិងកាន់ដងជញ្ជីងដែលតំណាងឲ្យតុល្យភាព និងការមើលមិនឃើញនូវអំណាចនិងទ្រព្យធនបុណ្យស័ក្តិនានារបស់ជនានុជនដែលមានខ្លួននៅចំពោះមុខច្បាប់ ។ និយាយឲ្យខ្លី ស្តីឲ្យងាយយល់ គឺថា៖ ច្បាប់គ្មានភ្នែកទេ ។ ក៏បុ៉ន្តែ នៅពេលដែលអ្នកអនុវត្តច្បាប់ (អាជ្ញធរ) យកគ្រាប់ភ្នែកទៅបំពាក់ឲ្យច្បាប់ ដែលនាំឲ្យការអនុវត្តន៍ច្បាប់មាននិយាម ឬស្តង់ដារ ពីរ វាមិនខុសអ្វីអំពីយកទឹកទៅស្រោចលើគ្រាប់ពូជអនាធិបតេយ្យឲ្យលូតលាស់ដុះធំឡើងឡើយ ។ ដ្បិតអី ច្បាប់ដែលមានភ្នែក រមែងញែកការអនុវត្តន៍ច្បាប់ឲ្យលម្អៀងទៅរកតែអ្នកមានអំណាចទ្រព្យធនបុណ្យស័ក្តិ ។ អ្នកដែលខ្សត់អំណាចទ្រព្យធន គឺរង់ចាំតែចាញ់ និងទទួលនូវក្តីវិនាសហិនហោចជាប្រចាំ ។ ភាពទាល់ច្រក គឺសំដៅលើកង្វះឱកាស (Lack of Opportunity) ក្នុងការអភិវឌ្ឍន៍ ក៏ដូចជាការស្វែងរកសុភមង្គលផ្តល់ឲ្យជីវិត ដែលយើងហៅឲ្យខ្លីថា៖ សិទ្ធិ ។ នៅពេលដែលសិទ្ធិបុគ្គលត្រូវបានគេជិះជាន់ ឬបំពានយក គួបផ្សំនឹងការបាត់បង់យុត្តិធម៌នៅក្នុងសង្គម អ្វីដែលនៅសេសសល់គឺ យំ ។ យើងដឹងហើយថា មនុស្សទាល់ច្រកទើបយំ ។ យំមានពីរប្រភេទ គឺយំស្រក់ទឹកភ្នែក និងយំមិនស្រក់ទឹកភ្នែកដែលយើងអាចហៅថា យំក្នុងចិត្ត ។ តើមានមនុស្សប៉ុន្មាននាក់នៅស្រុកខ្មែរ ដែលកំពុងតែយំនៅក្នុងចិត្ត? គ្មានអ្នកណាដឹងទេ ។ ប៉ុន្តែ នៅពេលពួកគេបញ្ចេញកំហឹង តាមរយៈសន្លឹកឆ្នោតក្តី តាមរយៈអំពើហឹង្សាក្តី វាជាសន្ទស្សន៍មួយដែលអាចយកមកគណនាបាន ។ អំពើហឹង្សានិងអនាធិបតេយ្យ គឺជាហានិភ័យមួយដែលសង្គមនីមួយៗមិនអាចមើលរំលង (Neglect) បានឡើយ ។ ហានិភ័យនេះមិនមែនអាចកើតមានតែនៅក្នុងសង្គមខ្មែរនោះទេ សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសជឿនលឿនប្រកាន់និតិរដ្ឋយ៉ាងខ្ជាប់ខ្ជួនក៏រងគ្រោះដោយសាអំពើហឹង្សាអនាធិបតេយ្យជារឿយៗផងដែរ ។ ឧទាហរណ៍ នៅទសវត្សឆ្នាំ ១៩៩០ មានករណីអំពើហឹង្សាអនាធិបតេយ្យមួយយ៉ាងធំផ្ទុះឡើងនៅទីក្រុង ឡូស អេនជេលេស (Los Angeles) ។ ថ្មីៗនេះ ករណីដូចគ្នាក៏កើតមាននៅទីក្រុង ហ្វឺហ្គូសុន (Ferguson) និង បាល់ទីម័រ (Baltimore) ផងដែរ ។ បើយើងសង្កេតមើលទៅលើករណីអំពើហឹង្សាអនាធិបតេយ្យទាំងបីខាងលើ អ្វីដែលជាធាតុផ្សំផ្គុំឲ្យមានចលនាហឹង្សាមហាជនកើតឡើង គឺអយុត្តិធម៌សង្គមនិងភាពទាល់ច្រក ។ ដើមចមដែលនាំឲ្យកំហឹងមហាជនឆាបឆេះគឺចាប់ផ្តើមពីអំពើឃោរឃៅរបស់អាជ្ញាធរ (Police brutality) ឬការអនុវត្តន៍ច្បាប់លម្អៀង ។ នៅពេលដែលអាជ្ញាធរអនុវត្តច្បាប់មិនត្រឹមត្រូវ វាមិនខុសអ្វីអំពីអាជ្ញាធរប្រព្រឹត្តិបទឧក្រិតនោះទេ ។ អាជ្ញាធរតំណាងឲ្យច្បាប់ ។ នៅពេលដែលអ្នកតំណាងច្បាប់បំពានច្បាប់ តើឲ្យពលរដ្ឋគោរពឬពឹងពាក់លើច្បាប់ដូចម្តេចទៅ? ចំណុចនេះហើយដែលបង្ខំឲ្យពលរដ្ឋយកច្បាប់មកអនុវត្តវិញម្តង ។ នៅក្នុងភាសាអង់គ្លេសគេហៅការអនុវត្តច្បាប់បែបនេះថាៈ Mob justice (យុត្តិធម៌មហាជន) ។ អំពើហឹង្សាឬយុត្តិធម៌មហាជនជាអព្ភូតហេតុមួយ (Phenamenon) ដែលពិបាកការពារនិងគ្រប់គ្រង ។ វាប្រៀបដូចជាកម្មរន្ទះដែលបាញ់បញ្ឆេះភ្លើងព្រៃ ។ នៅពេលដែលមានកត្តាគន្លិះណាមួយកើតឡើង មនុស្សផងទាំងពួងចាប់ផ្តើមប្រមូលផ្តុំធ្វើសកម្មភាពតាមគ្នាជាសភាវៈសត្វក្នុងហ្វូង ។ ថ្វីត្បិតតែវាមិនសូវកើតមានញឹកញាប់នៅក្នុងសង្គមក៏ពិតមែន ប៉ុន្តែវាគឺជាបញ្ហាដែលអាចធ្វើឲ្យសង្គមមួយរញ្ជួយពីលើដល់ក្រោម ។ អ្វីដែលជាកត្តាគួរឲ្យព្រួយនោះ គឺថា ពលរដ្ឋដែលអស់ជំនឿលើច្បាប់ ឈប់គោរពកោតខ្លាចអ្នកអនុវត្តច្បាប់ រួចហើយចាប់ផ្តើមអនុវត្តច្បាប់ទៅតាមការយល់ឃើញរបស់ខ្លួនវិញម្តង ។ នៅពេលករណីនេះកើតឡើង កម្លាំងនគរបាល កងទ័ព និងអាវុធយុទ្ធភ័ណ្ឌគ្រប់ធន់ ប្រហែលជាលែងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើហឹង្សារបស់មហាជនហើយ ។ ឈាមនឹងហូរ ហូររហូតទាល់តែខ្សោះអស់ពីខ្លួនជនរងគ្រោះ ៕

ចំណីខួរក្បាល

ខ្មោច ខ្ញុំចង់សរសេរអំពី ខ្មោច យូរហើយ តែវាជាប្រធានបទដែលខ្ញុំខ្លាចខ្លាំង ។ ដែលខ្លាចនោះមិនមែនខ្ញុំខ្លាចខ្មោចទេ គឺខ្ញុំខ្លាចបង្កឲ្យមានការថ្នាំ...