Thursday, May 10, 2018

ចំណីខួរក្បាល

សំរាមចូល សំរាមចេញ (Garbage In, Garbage Out) នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវអាមេរិកាំង មានពាក្យប្រកបដោយប្រជាប្រិយភាពបួនម៉ាត់ដែលគេតែងលើកយកមកនិយាយនៅក្នុងកិច្ចពិភាក្សាវិទ្យាសាស្ត្រនានា ។ ពាក្យនោះគឺ សំរាមចូល សំរាមចេញ (Garbage in, Garbage out) ។ តើពាក្យដ៏សាមញនេះមានខ្លឹមសារដូចម្តេចបានជាអ្នកវិទ្យាសាស្ត្រចូលចិត្តលើកយកមកនិយាយម្លេះ? សំរាមចូល សំរាមចេញ គឺសំដៅលើការស្រាវជ្រាវគ្រប់មុខវិជ្ជាទាំងអស់ ទាំងវិទ្យាសាស្ត្រពិត និង វិទ្យាសាស្ត្រសង្គម ។ គំនិតស្នូលនៃពាក្យនេះ គឺការវិនិច្ឆ័យលើឯកសារនិងទិន្នន័យនៃការសិក្សាស្រាវជ្រាវនានា ។ ជាធម្មតា ការសិក្សាស្រាវជ្រាវកំរិតឧត្តម តែងតែផ្អែកគំនិតមូលដ្ឋានលើអ្វីមួយ ហើយប្រមូលឯកសារនិងទិន្នន័យនានាជំវិញគំនិតនោះមកសរសេរជាសារណាឬនិក្ខេបទ ។ អ្វីដែលជាសារៈសំខាន់នៃពាក្យ សំរាមចូល សំរាមចេញ គឺគេចង់រំលឹកប្រាប់អ្នកសិក្សាស្រាវជ្រាវថា បើអ្នកយកសំរាមឯកសារមកធ្វើជាមូលដ្ឋានសរសេរសារណា អ្វីដែលកើតចេញពីស្នាដៃអ្នកនោះក៏មានគុណភាពប្រហាក់ប្រហែលនឹងសំរាមដែលអ្នកយកមកធ្វើជាវត្ថុធាតុដើមនោះដែរ ។ នៅស្រុកខ្មែរសព្វថ្ងៃ ខ្ញុំសង្កេតឃើញនិស្សិតជំនាន់នេះខ្នះខ្នែងស្រាវជ្រាវគាស់កកាយរកឯកសារនានា ជាពិសេសផ្នែកវប្បធម៌និងអក្សរសាស្ត្រ គួរឲ្យចាប់អារម្មណ៍ ។ សូមកោតសសើរដោយស្មោះអស់ពីដួងចិត្ត ។ អ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយបន្តិចនោះគឺបញ្ហា សំរាមចូល សំរាមចេញ នេះឯង ។ នៅសហរដ្ឋអាមេរិក អ្នកប្រាជ្ញគេយកបញ្ហានេះមកពិភាក្សាជាងកន្លះសតវត្សមកហើយ ។ ខ្ញុំមិនដឹងថា នៅស្រុកខ្មែរ អ្នកស្រាវជ្រាវយើងយកបញ្ហានេះមកពិភាក្សាដែរឬទេ ។ បើបានលើកយកមកពិភាក្សាជាប្រចាំនោះ ជាការប្រសើរណាស់ ។ ប៉ុន្តែ បើមិនដែលមានការពិភាក្សាអំពីបញ្ហានេះទេ អ្នកស្រាវជ្រាវគប្បីពិចារណាដោយខ្លួនឯងថាតើគួរវាយតម្លៃឯកសារដោយវិធីណា ដើម្បីជៀសវាងការប្រមូលឯកសារសំរាមយកមកសិក្សា ។ គួរបញ្ជាក់ថា ឯកសារសំរាមនៅទីនេះគឺសំដៅលើឯកសារដែលមិនសូវមានគុណតម្លៃ ។ ការជ្រើសរើសនិងវាយតម្លៃឯកសារជាបញ្ហាដ៏ស្មុគស្មាញមួយ ។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ឯកសារ ជាពិសេសឯកសារកម្រ គឺជាគ្រាប់ពេជ្រ ។ គ្មានឯកសារណាដែលថាគ្មានតម្លៃនោះទេ ។ ប៉ុន្តែ អ្វីដែលត្រូវយកមកពិចារណានោះ គឺថា តើតម្លៃនៃឯកសារទាំងឡាយនោះមានលក្ខណៈបែបណា៖ សាកល វ៉ល់ៗ ឬក៏កាកសំណល់ ។ នៅក្នុងសម័យ អុីនថឺណិត ដ៏ទំនើបនេះ ឯកសារជាច្រើនត្រូវបានដាក់ផ្សាយជាសាធារណៈ ។ ទាំងឯកសារមានគុណតម្លៃសាកល ទាំងឯកសារកាកសំណល់ នៅលាយឡំគ្នាពាលវាលពាសកាល ។ វាតម្រូវឲ្យអ្នកសិក្សាស្រាវជ្រាវពិចារណាគុណតម្លៃនៃឯកសារបន្ថែមទៀតទើបអាចយកជាការបាន ។ ខ្ញុំមិនមែនជាអ្នកសិក្សាវិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរទេ បុ៉ន្តែ ខ្ញុំចូលចិត្តអានអំពី ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ និង វប្បធម៌ខ្មែរ ។ តាមការសង្កេតនិងយល់ឃើញរបស់ខ្ញុំ វិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរ មានចំណុចខ្ពស់និងចំណុចទាបទៅតាមសម័យកាល ។ ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ ចំណុចខ្ពស់ឬយុគមាសនៃអារ្យធម៌ខ្មែរដែលលូតលាស់គួរឲ្យកត់សម្គាល់ គឺនៅក្នុងសម័យអង្គរ និង ទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ដើមទសវត្សរ៍ ១៩៧០ ។ នេះមិនមែនមានន័យថាសម័យកាលផ្សេងទៀត អារ្យធម៌ខ្មែរមិនខ្ពង់ខ្ពស់នោះទេ ។ អ្វីដែលយើងចង់បញ្ជាក់នៅទីនេះគឺចំណុចកំពូលផ្អែកលើការវិវត្តន៍នៃសង្គមខ្មែរតាមដំណើរប្រវត្តិសាស្ត្រ ។ អកុសល សម័យអង្គរ យើងមានត្រឹមតែសីលាចារឹក ប្រាសាទបុរាណ និងឯកសារតែមួយគត់ដែលជាកំណត់ហេតុសរសេរដោយអ្នកការទូតចិនឈ្មោះ ជូ តាក្វាន់ ធ្វើជាតឹកតាង ។ ទោះជាយ៉ាងណាក៏ដោយ ក៏ឯកសារនិងភស្តុតាងទាំងនេះបញ្ជាក់អំពីជ្រុងមួយនៃភាពរុងរឿងក្នុងសង្គមខ្មែរដែរ ។ ចំណែកទសវត្សរ៍ឆ្នាំ ១៩៦០ និង ៧០ យើងអាចចាត់ទុកថាជាយុគមាសបានដោយហេតុថានៅអំឡុងពេលនេះវប្បធម៌ខ្មែរមានភាពចម្រុងចម្រើនគួរឲ្យកត់សម្គាល់ ។ ពលរដ្ឋខ្មែរដែលមានជីវិតរស់នៅសព្វថ្ងៃអាចស្វែងរកស្នាដៃនានាដែលបង្កើតឡើងនាសម័យកាលនោះមកប្រៀបធៀបទៅនឹងសម័យកាលមុននិងក្រោយគ្រានោះបាន ។ មិនចាំបាច់តែអ្នកប្រាជ្ញទេ សូម្បីតែអ្នករៀនសូត្រធម្មតាក៏អាចមើលឃើញនូវភាពខុសគ្នានៃគុណតម្លៃរបស់ឯកសារនៅក្នុងសម័យកាលនេះដែរ ។ សរុបសេចក្តីមកវិញ សំរាមចូល សំរាមចេញ ជាគោលគំនិតមូលដ្ឋានមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវត្រិះរិះពិចារណា ។ គុណតម្លៃនៃនិក្ខេបទ ឬសារណា គឺអាស្រ័យលើឯកសារ ។ បើឯកសារប្រកបដោយខ្លឹម និក្ខេបទក៏ខ្លឹម ឯអ្នកស្រាវជ្រាវសិក្សាក៏ក្លាយជាខ្លឹមមនុស្សដែរ ៕

Wednesday, May 9, 2018

កំណាព្យ

រឿង គីង្គក់លក់ថ្នាំស្រែង មានគីង្គក់ មួយវក់ លក់ថ្នាំស្រែង ស្រែកក្តែងៗ ថាស្រែង រមាស់ណាស់ អ្នកមានស្រែង ជាក់ស្តែង ស្តាប់ឲ្យច្បាស់ ត្រូវរូតរះ ព្រលះ ស្រែងចេញទៅ ។ ម្នាលអួតថា ថ្នាំវា សែនសក្តិសិទ្ធិ តែធាតុពិត នៅជិត ដិតក្រឡៅ ស្បែកវាស្រោប ដោយស្រែង ដូចគេដៅ អស់ញាតិផៅ ឃើញជាក់ ច្បាស់ក្រឡែត ៕

Wednesday, May 2, 2018

ចំណីខួរក្បាល

រដ្ឋធម្មជាតិ (The State of Nature) ទស្សនវិទូអង់គ្លេសមួយរូបឈ្មោះ ថម៉ាស្ស ហប Thomas Hobbes នៅសតវត្សទី១៧ បាននិយាយថា៖ ជីវិតមនុស្សដែលរស់នៅក្នុងរដ្ឋធម្មជាតិ គឺមិនខុសអ្វីអំពីជិវិតសត្វតិរិច្ឆានឡើយ ។ អ្នកដែលទន់ខ្សោយគឺរស់នៅក្នុងសភាពព្រួយបារម្មណ៍ និងភ័យខ្លាចជាប្រចាំ ។ គ្រោះមហន្តរាយដោយប្រការផ្សេងៗគឺស្ថិតនៅជាប់ជិតខ្លួនប្រៀបដូចជាស្រមោលដែលអន្ទោលតាមប្រាណ ។ ជីវិតគឺពោពេញទៅដោយគ្រោះថ្នាក់ និងងាយស្លាប់ជាទីបំផុត ។ Life is nasty, brutish, and short. តើរដ្ឋធម្មជាតិមានសណ្ឋានដូចម្តេច? គេអាចសម្គាល់រដ្ឋធម្មជាតិដោយកត្តាអ្វីខ្លះ? បើតាមលោក ហប គេអាចសម្គាល់រដ្ឋធម្មជាតិបាននៅត្រង់ ពលរដ្ឋរស់ក្នុងសភាពភ័យខ្លាច ដោយសារគ្មានច្បាប់សម្រាប់រារាំងមនុស្សមិនឲ្យប្រព្រឹត្តិអំពើហឹង្សាដាក់គ្នា ។ នៅក្នុងការសិក្សាអំពីសង្គមមនុស្សនិងច្បាប់គ្រប់គ្រងរដ្ឋ គេក៏អាចលើកយកប្រធានបទមួយមកចោទសួរដែរថា តើរដ្ឋដែលមានច្បាប់ហើយ តែច្បាប់នោះគ្មានប្រសិទ្ធភាព អាចចាត់ទុកថាជារដ្ឋធម្មជាតិដែរឬទេ? (ច្បាប់គ្មានប្រសិទ្ធភាពនៅទីនេះគឺសំដៅលើច្បាប់ដែលអាចដាក់ទោសទណ្ឌតែទៅលើពលរដ្ឋសាមញ ឯពលរដ្ឋដែលជាបក្សពួកថ្នាក់ដឹកនាំរដ្ឋឬក្រុមគ្រុបគ្រងរដ្ឋ កម្រជាប់ទោសណាស់ ទោះបីមានភស្តុតាងបទល្មើសជាក់លាក់យ៉ាងណាក៏ដោយ) ។ ផ្អែកលើនិយមន័យរបស់លោក ហប យើងអាចចាត់ទុករដ្ឋដែលពោពេញទៅដោយនិទណ្ឌភាពថាជារដ្ឋធម្មជាតិបាន ដោយហេតុថារដ្ឋនិទណ្ឌភាព និងរដ្ឋធម្មជាតិស្ថិតនៅក្នុងក្លិបតែមួយ (In the same League) ។ ការវាយតម្លៃឬសន្មត់រដ្ឋប្រភេទណាថាជារដ្ឋធម្មជាតិ គឺជាប្រធានបទដ៏លំបាកមួយ ។ បុ៉ន្តែ បើយើងយកប្រសិទ្ធភាពនៃច្បាប់ជាគោល យើងអាចកំណត់បានថា រដ្ឋអនាធិបតេយ្យដែលភាសាអង់គ្លេសហៅថា (Failed State) គឺស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មជាតិ ។ ឧទាហរណ៍នៃរដ្ឋប្រភេទនេះមានជាអាទ៍ ប្រទេសសូមាលី (Somalia) កាលពីជាង១ទសវត្សកន្លងទៅ ប្រទេសយូហ្គោស្លាវី (Yugoslavia) នៅអំឡុងបំបែករដ្ឋនៅទសវត្សឆ្នាំ ១៩៩០ និងប្រទេស រវ៉ាន់ដា (Rwanda) នៅក្នុងទសវត្ស ១៩៩០ ជាដើម ។ល។ នៅក្នុងសម័យ ប៉ុល ពល កាលពីទសវត្សឆ្នាំ១៩៧០ ទៅ៨០ ប្រទេសកម្ពុជាក៏ធ្លាប់បានស្ថិតនៅក្នុងស្ថានភាពដូចគ្នានេះដែរ ។ ការស្តារប្រទេសកម្ពុជាឲ្យចេញផុតពីរដ្ឋធម្មជាតិគឺជាកិច្ចការដ៏យូរអង្វែងមួយ ។ ប៉ុន្តែ កម្ពុជាសព្វថ្ងៃក៏មិនទាន់ឆ្លងផុតហានិភ័យរដ្ឋធម្មជាតិបាន ១០០%ដែរ ។ ផ្អែកលើស្ថានភាពនយោបាយបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើជម្រាលមួយដែលភាសាអង់គ្លេសហៅថា Slippery Slope ។ នៅពេលដែលដំណើរនយោបាយជាន់ចំកន្លែងរអិល សន្តិភាព សេរីភាព និងវឌ្ឃនភាពទាំងបុ៉ន្មានអាចនឹងរមៀលធ្លាក់បែកបាក់ប្រេះស្រាំរងកម្មសាជាថ្មី ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...