Thursday, May 10, 2018

ចំណីខួរក្បាល

សំរាមចូល សំរាមចេញ (Garbage In, Garbage Out) នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវអាមេរិកាំង មានពាក្យប្រកបដោយប្រជាប្រិយភាពបួនម៉ាត់ដែលគេតែងលើកយកមកនិយាយនៅក្នុងកិច្ចពិភាក្សាវិទ្យាសាស្ត្រនានា ។ ពាក្យនោះគឺ សំរាមចូល សំរាមចេញ (Garbage in, Garbage out) ។ តើពាក្យដ៏សាមញនេះមានខ្លឹមសារដូចម្តេចបានជាអ្នកវិទ្យាសាស្ត្រចូលចិត្តលើកយកមកនិយាយម្លេះ? សំរាមចូល សំរាមចេញ គឺសំដៅលើការស្រាវជ្រាវគ្រប់មុខវិជ្ជាទាំងអស់ ទាំងវិទ្យាសាស្ត្រពិត និង វិទ្យាសាស្ត្រសង្គម ។ គំនិតស្នូលនៃពាក្យនេះ គឺការវិនិច្ឆ័យលើឯកសារនិងទិន្នន័យនៃការសិក្សាស្រាវជ្រាវនានា ។ ជាធម្មតា ការសិក្សាស្រាវជ្រាវកំរិតឧត្តម តែងតែផ្អែកគំនិតមូលដ្ឋានលើអ្វីមួយ ហើយប្រមូលឯកសារនិងទិន្នន័យនានាជំវិញគំនិតនោះមកសរសេរជាសារណាឬនិក្ខេបទ ។ អ្វីដែលជាសារៈសំខាន់នៃពាក្យ សំរាមចូល សំរាមចេញ គឺគេចង់រំលឹកប្រាប់អ្នកសិក្សាស្រាវជ្រាវថា បើអ្នកយកសំរាមឯកសារមកធ្វើជាមូលដ្ឋានសរសេរសារណា អ្វីដែលកើតចេញពីស្នាដៃអ្នកនោះក៏មានគុណភាពប្រហាក់ប្រហែលនឹងសំរាមដែលអ្នកយកមកធ្វើជាវត្ថុធាតុដើមនោះដែរ ។ នៅស្រុកខ្មែរសព្វថ្ងៃ ខ្ញុំសង្កេតឃើញនិស្សិតជំនាន់នេះខ្នះខ្នែងស្រាវជ្រាវគាស់កកាយរកឯកសារនានា ជាពិសេសផ្នែកវប្បធម៌និងអក្សរសាស្ត្រ គួរឲ្យចាប់អារម្មណ៍ ។ សូមកោតសសើរដោយស្មោះអស់ពីដួងចិត្ត ។ អ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយបន្តិចនោះគឺបញ្ហា សំរាមចូល សំរាមចេញ នេះឯង ។ នៅសហរដ្ឋអាមេរិក អ្នកប្រាជ្ញគេយកបញ្ហានេះមកពិភាក្សាជាងកន្លះសតវត្សមកហើយ ។ ខ្ញុំមិនដឹងថា នៅស្រុកខ្មែរ អ្នកស្រាវជ្រាវយើងយកបញ្ហានេះមកពិភាក្សាដែរឬទេ ។ បើបានលើកយកមកពិភាក្សាជាប្រចាំនោះ ជាការប្រសើរណាស់ ។ ប៉ុន្តែ បើមិនដែលមានការពិភាក្សាអំពីបញ្ហានេះទេ អ្នកស្រាវជ្រាវគប្បីពិចារណាដោយខ្លួនឯងថាតើគួរវាយតម្លៃឯកសារដោយវិធីណា ដើម្បីជៀសវាងការប្រមូលឯកសារសំរាមយកមកសិក្សា ។ គួរបញ្ជាក់ថា ឯកសារសំរាមនៅទីនេះគឺសំដៅលើឯកសារដែលមិនសូវមានគុណតម្លៃ ។ ការជ្រើសរើសនិងវាយតម្លៃឯកសារជាបញ្ហាដ៏ស្មុគស្មាញមួយ ។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ឯកសារ ជាពិសេសឯកសារកម្រ គឺជាគ្រាប់ពេជ្រ ។ គ្មានឯកសារណាដែលថាគ្មានតម្លៃនោះទេ ។ ប៉ុន្តែ អ្វីដែលត្រូវយកមកពិចារណានោះ គឺថា តើតម្លៃនៃឯកសារទាំងឡាយនោះមានលក្ខណៈបែបណា៖ សាកល វ៉ល់ៗ ឬក៏កាកសំណល់ ។ នៅក្នុងសម័យ អុីនថឺណិត ដ៏ទំនើបនេះ ឯកសារជាច្រើនត្រូវបានដាក់ផ្សាយជាសាធារណៈ ។ ទាំងឯកសារមានគុណតម្លៃសាកល ទាំងឯកសារកាកសំណល់ នៅលាយឡំគ្នាពាលវាលពាសកាល ។ វាតម្រូវឲ្យអ្នកសិក្សាស្រាវជ្រាវពិចារណាគុណតម្លៃនៃឯកសារបន្ថែមទៀតទើបអាចយកជាការបាន ។ ខ្ញុំមិនមែនជាអ្នកសិក្សាវិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរទេ បុ៉ន្តែ ខ្ញុំចូលចិត្តអានអំពី ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ និង វប្បធម៌ខ្មែរ ។ តាមការសង្កេតនិងយល់ឃើញរបស់ខ្ញុំ វិស័យវប្បធម៌និងអក្សរសាស្ត្រខ្មែរ មានចំណុចខ្ពស់និងចំណុចទាបទៅតាមសម័យកាល ។ ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ ចំណុចខ្ពស់ឬយុគមាសនៃអារ្យធម៌ខ្មែរដែលលូតលាស់គួរឲ្យកត់សម្គាល់ គឺនៅក្នុងសម័យអង្គរ និង ទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ដើមទសវត្សរ៍ ១៩៧០ ។ នេះមិនមែនមានន័យថាសម័យកាលផ្សេងទៀត អារ្យធម៌ខ្មែរមិនខ្ពង់ខ្ពស់នោះទេ ។ អ្វីដែលយើងចង់បញ្ជាក់នៅទីនេះគឺចំណុចកំពូលផ្អែកលើការវិវត្តន៍នៃសង្គមខ្មែរតាមដំណើរប្រវត្តិសាស្ត្រ ។ អកុសល សម័យអង្គរ យើងមានត្រឹមតែសីលាចារឹក ប្រាសាទបុរាណ និងឯកសារតែមួយគត់ដែលជាកំណត់ហេតុសរសេរដោយអ្នកការទូតចិនឈ្មោះ ជូ តាក្វាន់ ធ្វើជាតឹកតាង ។ ទោះជាយ៉ាងណាក៏ដោយ ក៏ឯកសារនិងភស្តុតាងទាំងនេះបញ្ជាក់អំពីជ្រុងមួយនៃភាពរុងរឿងក្នុងសង្គមខ្មែរដែរ ។ ចំណែកទសវត្សរ៍ឆ្នាំ ១៩៦០ និង ៧០ យើងអាចចាត់ទុកថាជាយុគមាសបានដោយហេតុថានៅអំឡុងពេលនេះវប្បធម៌ខ្មែរមានភាពចម្រុងចម្រើនគួរឲ្យកត់សម្គាល់ ។ ពលរដ្ឋខ្មែរដែលមានជីវិតរស់នៅសព្វថ្ងៃអាចស្វែងរកស្នាដៃនានាដែលបង្កើតឡើងនាសម័យកាលនោះមកប្រៀបធៀបទៅនឹងសម័យកាលមុននិងក្រោយគ្រានោះបាន ។ មិនចាំបាច់តែអ្នកប្រាជ្ញទេ សូម្បីតែអ្នករៀនសូត្រធម្មតាក៏អាចមើលឃើញនូវភាពខុសគ្នានៃគុណតម្លៃរបស់ឯកសារនៅក្នុងសម័យកាលនេះដែរ ។ សរុបសេចក្តីមកវិញ សំរាមចូល សំរាមចេញ ជាគោលគំនិតមូលដ្ឋានមួយសម្រាប់អ្នកសិក្សាស្រាវជ្រាវត្រិះរិះពិចារណា ។ គុណតម្លៃនៃនិក្ខេបទ ឬសារណា គឺអាស្រ័យលើឯកសារ ។ បើឯកសារប្រកបដោយខ្លឹម និក្ខេបទក៏ខ្លឹម ឯអ្នកស្រាវជ្រាវសិក្សាក៏ក្លាយជាខ្លឹមមនុស្សដែរ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...