Wednesday, March 27, 2024

ចំណីខួរក្បាល

ខ្មោច ខ្ញុំចង់សរសេរអំពី ខ្មោច យូរហើយ តែវាជាប្រធានបទដែលខ្ញុំខ្លាចខ្លាំង ។ ដែលខ្លាចនោះមិនមែនខ្ញុំខ្លាចខ្មោចទេ គឺខ្ញុំខ្លាចបង្កឲ្យមានការថ្នាំងថ្នាក់ចិត្តជាមួយសាច់ញាតិខ្មោច ។ សាច់ញាតិខ្មោចនេះទៀតសោតក៏មិនមែននរណាក្រៅអំពីសាច់ញាតិខ្ញុំដែរ ។ វាគ្មានអ្វីលំបាកជាងសរសេរអត្ថបទ ពន្យល់ណែនាំអំពីសុជីវធម៌នៃការគោរពខ្មោច ដែលធ្វើឲ្យញាតិសន្តាននិងមិត្តភក្តិ អាក់អន់ស្រពន់ចិត្តនោះទេ ។ តែបើយើងមិននិយាយ វិចារណញ្ញាណវាចេះតែរុកគួនសតិសម្បជ្ជញ្ញឥតឈប់ឈរ ។ ខ្មោចនៅទីនេះ គឺខ្ញុំសំដៅដល់សាកសពមនុស្សដែលបានចែកឋានទៅ ។ បច្ចុប្បន្ន វាស្ទើរតែមិនចាំបាច់នរណានិយាយទេ ។ ឲ្យតែមានញាតិសន្តានចែកឋាន ភាគច្រើនគឺយើងបង្ហោះរូបភាព ឬក៏រូបថតរបស់បុគ្គលដែលបានចែកឋានទៅនៅក្នុងបណ្តាញសង្គម ដើម្បីឲ្យសាធារណជនដឹងឮនិងចូលរួមមរណទុក្ខ ។ ប្រការនេះហាក់ដូចជាបានក្លាយទៅជារឿងធម្មតា ។ គ្មាននរណាគិតថាមានភាពឆ្គាំឆ្គងអ្វីឡើយ ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញភាពឆ្គាំឆ្គង ។ ក៏ប៉ុន្តែសូមទុកសិទ្ធិឲ្យបុគ្គលនីមួយៗ វាយតម្លៃភាវខុសនិងត្រូវដោយខ្លួនឯង ។ ខ្ញុំគ្រាន់តែសុំអនុញាត លើកយកក្រមសីលធម៌មួយ នៃការផ្សាយដំណឹងមនុស្សស្លាប់ជាសាធារណៈ មកធ្វើជាការពិចារណាខាងក្រោមនេះ ។ នៅក្នុងសុភាវធម៌ផ្សព្វផ្សាយដំណឹង គេមានក្រមសីលធម៌ដាច់ខាតមួយ (Absolute Rule) គឺមិនបង្ហាញមុខសាកសពទេ ទោះបីសាកសពនោះជាមនុស្សអាក្រក់ជួរជាតិ ឬក៏ជាទីគោរពសក្ការដូចទេវតាក៏ដោយ ។ ទង្វើនេះគឺស្រដៀងគ្នាទៅនឹងក្រមសីលធម៌របស់គ្រូពេទ្យដែរ ដែលត្រូវតែព្យាបាលមនុស្សរងគ្រោះនៅនឹងមុខ មិនថាមនុស្សនោះជាមិត្ត ឬជាសត្រូវឡើយ ។ យើងមិនដឹងថា គេគោរពគោលការណ៍មិនបង្ហាញមុខសាកសពនេះ ចាប់ពីពេលណាមកទេ ។ ប៉ុន្តែ បើយើងសង្កេតមើលគោលការណ៍សុជីវធម៌នៅក្នុងសង្គមមនុស្ស ប្រការនេះប្រហែលជាកើតមានមុនពេលមនុស្សចេះផ្សាយពត៌មាន ។ ហេតុផលនៃការមិនបង្ហាញមុខសព ឬមនុស្សដែលបានចែកឋានទៅហើយជាសាធារណៈ ប្រហែលជាមានច្រើន ។ ក៏ប៉ុន្តែ ប្រការតែមួយគត់ដែលធំធេងជាងអ្វីៗទាំងអស់គឺ៖ សេចក្តីគោរព (Respect) ។ "គោរពវិញ្ញាណក្ខន្ធ" ជាពាក្យដែលខ្មែរយើងប្រើ ពាក់ព័ន្ធនឹងមនុស្សចែកឋាន ។ វប្បធម៌ដទៃក៏មានពាក្យគារវកិច្ចស្រដៀងគ្នានេះដែរ ។ ការគោរពនេះទៀតសោត មិនថាបុគ្គលដែលចែកឋាននោះ ជាមិត្ត ឬជាសត្រូវឡើយ គឺធ្វើទៅនៅក្នុងទម្រង់ "អហោសិកម្ម" ។ អហោសិកម្មនៅទីនេះ គឺសំដៅដល់ការកាត់ផ្តាច់ទំនាក់ទំនងគ្នា រវាងមនុស្សដែលបានរលត់ជីវិត (ចែកឋាន) និងមនុស្សដែលនៅមានជីវិត ។ នៅពេលមនុស្សចែកឋាន អត្តសញ្ញាណគ្មានតទៅទៀតទេ ។ មុខតំណាងឲ្យអត្តសញ្ញាណ ហើយក៏ជាតំណាងឲ្យជីវិតនិងវិញ្ញាណក្ខន្ធដែរ ។ ដូច្នេះ ដើម្បីជាកិច្ចគោរពដល់វិញ្ញាណក្ខន្ធរបស់បុគ្គលដែលចែកឋាន គេមិនបង្ហាញមុខបុគ្គលនោះជាសាធារណៈឡើយ ។ គួរកត់សម្គាល់ថា ការគោរពនៅក្នុងទម្រង់អហោសិកម្មនេះ គឺគោរពជីវិតឬដួងព្រលឹងដែលផុតរលត់ ។ មិនមែនគោរពកេរ្តិ៍ឈ្មោះ ឬទង្វើនានារបស់បុគ្គលដែលចែកឋានទេ ។ កាលឪពុកខ្ញុំចែកឋាននៅជំនាន់ ប៉ុល ពត ខ្ញុំបានឃើញទង្វើពីរយ៉ាងដែលម្តាយខ្ញុំធ្វើ ។ កំឡុងពេលឪពុកខ្ញុំដកចង្កាមាន់ត្រដរខ្យល់ ម្តាយខ្ញុំឱនទៅក្បែរត្រចៀកឪពុកខ្ញុំហើយបន្លឺពាក្យមួយម៉ាត់ថា៖ ពុទ្ធោ! មួយសន្ទុះក្រោយមកឪពុកខ្ញុំក៏ផុតដង្ហើមទៅ ។ ម្តាយខ្ញុំក៏ងើបទៅស្រាយបង្វេចខោអាវ រាវរកបានកូនកន្សែងដៃពណ៌សតូចមួយ យកមកគ្របលើផ្ទៃមុខរបស់ឪពុកខ្ញុំ ។ យើងមិនមានលទ្ធភាពនឹងទៅរកកំណាត់សឯណា យកមកបិទបាំងសាកសពឪពុកខ្ញុំបានទេនាសម័យនោះ ។ គឺមានតែកូនកន្សែងប្រវែងជាងមួយចំអាមបួនជ្រុងនោះ ដែលជួយបិទបាំងអត្តសញ្ញាណឲ្យសាកសពឪពុកខ្ញុំ ។ ទង្វើរបស់ម្តាយខ្ញុំនៅក្នុងព្រឹត្តិការណ៍នោះ ហាក់ដូចជាសាមញ្ញពេកណាស់ ។ គ្មាននរណាម្នាក់នៅក្នុងចំណោមពួកយើងដែលជាកូនៗ ចាប់អារម្មណ៍នឹងសួរម្តាយខ្ញុំអំពីអត្ថន័យរបស់វាឡើយ ។ ដប់ប្រាំឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៩២ ខ្ញុំបានជួបនឹងប្រធានបទបិទបាំងមុខសាកសពម្តងទៀត ខណៈដែលខ្ញុំសិក្សាវិជ្ជាជីវសារពត៌មាននៅសហរដ្ឋអាមេរិក ។ គ្រូបង្រៀនបានប្រាប់ពួកយើងមួយម៉ាត់យ៉ាងខ្លីថា៖ មិនត្រូវបង្ហាញមុខសាកសពនៅក្នុងការផ្សព្វផ្សាយឡើយ ។ និស្សិតជាច្រើនបានលើកយកសំណួរមកសួរដុកដាន់រកហេតុផល ។ ចម្លើយរបស់គាត់ក៏មានតែមួយម៉ាត់យ៉ាងខ្លីដែរគឺ៖ Respect for human soul (គោរពវិញ្ញាណក្ខន្ធមនុស្សដែលបានចែកឋានទៅ) ។ ពេលនោះ ខ្ញុំនឹកទៅដល់ទង្វើរបស់ម្តាយខ្ញុំកាលពី ១៥ឆ្នាំកន្លងទៅ ។ ម្តាយខ្ញុំមិនបានរៀនសូត្រជ្រៅជ្រះទេ ។ ដូច្នេះ ទង្វើរបស់គាត់ប្រាកដជាចេញអំពីទំនៀមទម្លាប់ខ្មែរ ដែលមនុស្សអនុវត្តិតៗគ្នាជារៀងរាបមក ។ ចំណែកឯហេតុផលដែលសាស្ត្រាចារ្យសារពត៌មាន លើកយកមកហាមប្រាមមិនឲ្យបង្ហាញមុខសាកសពជាសាធារណនោះ បើនឹងថាដកស្រង់ចេញអំពីទំនៀមទម្លាប់ខ្មែរ ក៏មិនត្រឹមត្រូវដែរ ដ្បិតសាស្ត្រាចារ្យនោះ មិនទាំងស្គាល់ប្រទេសខ្មែរបែរមុខទៅទិសខាងណាផង កុំថាឡើយដល់ទៅស្គាល់ទំនៀមទម្លាប់និងវប្បធម៌ខ្មែរ ។ បើយើងផ្គុំកត្តាទាំងពីរនេះ យើងអាចសន្និដ្ឋានបានថា ការអនុវត្តិកិច្ចគោរពមុខសាកសព គឺអាចមានលក្ខណៈជាសាកល ។ ចំអកព្រហ្មលិខិតមួយដែលខ្ញុំគួរលើកយកមកបរិយាយនៅទីនេះ គឺដំណើរចែកឋានរបស់ម្តាយខ្ញុំ ។ ម្តាយខ្ញុំបានចែកឋានទៅជិត ២០ឆ្នាំហើយ ។ គ្រានោះ គាត់រស់នៅស្រុកខ្មែរ ។ ឯកូនៗទាំងអស់របស់គាត់រស់នៅឯសហរដ្ឋអាមេរិក ។ នៅក្នុងទំនៀមទម្លាប់ខ្មែរ នៅពេលអ្នកមានគុណហៀបនឹងចែកឋាន យើងរមែងរួតរះធ្វើដំណើរទៅជួបគាត់ដើម្បីឲ្យទាន់ដង្ហើមចុងក្រោយ ។ ករណីរបស់ពួកយើង យើងគ្មានលទ្ធភាព ឬមធ្យោបាយនឹងធ្វើដូច្នោះកើតឡើយ ។ ដូច្នេះ សាច់ញាតិដែលនៅជិតគាត់ សម្រេចចិត្តជួលជាងថតវីឌីអូដំណាក់កាលចុងក្រោយនៃជីវិតនោះ ដើម្បីទុកជានិមិត្តរូបឲ្យយើងបានឃើញ ។ ជាងថតរូប គាត់មិនយល់អំពីកិច្ចគោរពមុខមនុស្សចែកឋានទេ ។ គាត់ថតពង្រីកមុខម្តាយខ្ញុំប្រៀបដូចជាតួឯកកុន ។ ពេលខ្ញុំឃើញទិដ្ឋភាពនោះ ខ្ញុំតក់ស្លុតសង្វេគចិត្តឥតឧបមា ។ ប៉ុន្តែ អ្វីៗវាបានកន្លងផុតហួសអស់ទៅហើយ (The damage has already been done) ។ ក្រៅអំពីឲ្យប្អូនខ្ញុំបំផ្លាញ ឬក៏កាត់រូបភាពមិនគួរគប្បីនៅក្នុងខ្សែវីឌីអូចោល យើងមិនអាចធ្វើអ្វីដើម្បីលុបលាងទោសកំហុសបានឡើយ ។ ខ្ញុំជឿថា ប្រសិនបើម្តាយខ្ញុំអាចនិយាយបាន គាត់ប្រាកដជាមិនអនុញ្ញាតិឲ្យនរណាម្នាក់ថតរូបគាត់នៅក្នុងកាលទេសៈនោះទេ ។ គឺចំណុចចុងក្រោយនេះហើយដែលយើងត្រូវពិចារណាឲ្យបានល្អិតល្អន់ មុននឹងបង្ហោះ ឬបង្ហាញរូបភាពមនុស្សជាទីស្រឡាញ់របស់យើង ដែលបានចែកឋានទៅ ជាសាធារណៈ ។ បុគ្គលដែលបានចែកឋានទៅ គ្មានលទ្ធភាពប្រាប់យើងអំពីបំណងប្រាថ្នារបស់ខ្លួនទេ ។ ឯយើងដែលនៅរស់ (Survivors) ក៏មិនអាចស្វែងយល់អំពីបំណងប្រាថ្នារបស់គាត់ដែរ ។ ហេតុផលនេះ គឺជាអ្វីដែលយើងគួរយល់ដឹង មុននឹងសម្រេចចិត្តផ្សាយរូបមនុស្សចែកឋានជាទីស្រឡាញ់ ឬជាទីរាប់អានរបស់ពួកយើងជាសាធារណ ៕

Sunday, March 10, 2024

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោប្រវេសជម្រុះចោលអ្វីៗសព្វបែបយ៉ាង លើកលែងតែតុងសំនៀង (An immingrant left behind everything except for his/her accent) ។ ការជម្រុះចោលនេះ មិនត្រឹមតែមិត្តភក្តិញាតិសន្តានដែលរស់នៅឯប្រទេសកំណើតនោះទេ សូម្បីតែអាជីពការងារក៏ត្រូវបានលះបង់ចោលដែរ ។ ជារឿយៗ ខ្ញុំបានជួបនឹងជនជាតិខ្មែរដែលមានអាជីពជា គ្រូពេទ្យ សាស្ត្រាចារ្យ ឬក៏មុខងារដទៃទៀតជាច្រើនធ្វើអន្តោប្រវេសមករស់នៅក្នុងសហរដ្ឋអាមេរិក ។ ឧបស័គ្គមួយដែលអន្តោប្រវេសជនទាំងនោះប្រឈម គឺមិនអាច ឬមិនមានឱកាសប្រកបការងារនៅក្នុងអាជីព ទៅតាមចំណេះជំនាញរបស់ខ្លួន ។ ដើម្បីទ្រទ្រង់ការរស់នៅនៅក្នុងប្រទេសថ្មី ពួកគេធ្វើការងារក្រៅជំនាញរបស់ខ្លួន ។ ចំណេះជំនាញផងទាំងពួងដែលពួកគេចំណាយប្រាក់និងពេលវេលាសិក្សាស្ទើរតែកន្លះជីវិត បានក្លាយទៅជារបស់អត់ប្រយោជន៍ ។ ប្រការមួយដែលជាឧបស័គ្គធំជាងគេ គឺយើងត្រូវទៅរៀនសាឡើងវិញ ដ្បិតនិយាម ឬក៏ស្តង់ដារវិជ្ជាជីវរបស់សហរដ្ឋអាមេរិក វាមិនច្រឡំនឹងគេទេ ។ និយាយឲ្យងាយយល់ អាមេរិកមិនផ្តល់តម្លៃដល់ចំណេះជំនាញដែលមិនបានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេសនេះ ឬក៏ចេញពីស្ថាប័ននៅក្រៅប្រទេសដែលប្រទេសនេះទទួលស្គាល់ឡើយ (Accreditation) ។ អន្តោប្រវេសជនមួយចំនួន ដែលមកពីប្រទេសនិយាយភាសាអង់គ្លេសដូចជា កាណាដា អូស្ត្រាលី និង អង់គ្លេស អាចមានវាសនាគ្រាប់បើជាងគេបន្តិច ជាមួយនឹងការរកការងារអាជីពនៅស្រុកអាមេរិក ។ កត្តាមួយដែលធ្វើឲ្យខ្ញុំមិនអស់ចិត្តជាមួយនឹងការមិនផ្តល់តម្លៃ ឬរើសអើងអាជីពរបស់មនុស្សដែលហ្វឹកហ្វឺននៅក្រៅស្រុកអាមេរិក គឺអាជីពខ្លះមានការហ្វឹកហ្វឺនជាលក្ខណៈសាកល (Universal knowledge) ។ ឧទាហរណ៍ គណិតវិជ្ជា និង គណនេយ្យ ជាដើម ។ អាជីពទាំងពីរមានរូបមន្តជាលក្ខណៈសាកល ។ ក៏ប៉ុន្តែរបៀបរកដំណោះស្រាយរបស់វា មានទម្រង់ខុសគ្នាខ្លះៗរវាងសហរដ្ឋអាមេរិកនិងប្រទេសដទៃ ។ ឧទាហរណ៍ X - 1 = 2 ។ សមីការនេះ បើយើងដោះស្រាយតាមរបៀបខ្មែរ គឺយើងរុញលេខ (-1) ឆ្លងទៅផ្នែកម្ខាងទៀតនៃសញ្ញា (=) ដោយប្តូររូបភាពរបស់វាពី (-1) ឲ្យទៅជា (+1) វិញ ។ យើងបាន X = 2 + 1 ។ បន្ទាប់មក X = 3 ។ ប៉ុន្តែ អាមេរិកាំងគេមិនធ្វើដូច្នេះទេ ។ គេធ្វើរបៀប Process of Elimination ។ X + 1 - 1 = 2 + 1 => X + 1 - 1 = 3 => X = 3 ។ លទ្ធផលដូចគ្នា ។ តែបើយើងមើលជាជំហាន គឺដោះស្រាយរបៀបខ្មែរមានពីរជំហាន ។ របៀបអាមេរិកាំងមានបីជំហាន ។ ទង្រង់ខុសគ្នាមួយទៀតដែលខ្ញុំកត់សម្គាល់គឺរបៀបចែកលេខ ។ ខ្មែរយើងគូសបន្ទាត់បញ្ឈរមួយ និងគូសបន្ទាត់ផ្តេកមួយចេញពីពាក់កណ្តាលបន្ទាត់បញ្ឈរមកខាងស្តាំ ។ យើងដាក់លេខតួចែកនៅខាងលើបន្ទាត់ផ្តេក និងលេខតំណាងចែកនៅខាងឆ្វេងបន្ទាត់បញ្ឈរ ។ ឯផលចែកយើងដាក់នៅផ្នែកខាងក្រោមបន្ទាត់ផ្តេក ។ ចំណែករបៀបចែកលេខរបស់អាមេរិកាំង គេគូសសញ្ញា រ៉ាឌីកាល់ ហើយដាក់លេកតួចែកនៅខាងមុខសញ្ញារ៉ាឌីកាល់ តំណាងចែកនៅខាងក្នុងសញ្ញារ៉ាឌីកាល់ និង ផលចែកនៅផ្នែកខាងលើសញ្ញារ៉ាឌីកាល់ ។ ខ្ញុំវង្វេងច្រើនដងហើយពេលរៀនចែកលេខរបៀបអាមេរិកាំងនេះ ។ គឺភាពខុសគ្នាទាំងនេះហើយដែលយើងត្រូវទៅរៀន ឬក៏ហ្វឹងហ្វឺនផ្នែក ប៉េដាហ្គូហ្សី សាឡើងវិញប្រសិនបើយើងជាអតីតគ្រូបង្រៀនហើយចង់ចាប់យកអាជីពនេះជាថ្មី ។ កាលរៀននៅថ្នាក់ទីបញ្ចប់នៅវិទ្យាល័យមួយក្នុងស្រុកអាមេរិក ខ្ញុំធ្លាប់ចងមិត្តនឹងគ្រូគណិតវិទ្យាវ័យក្មេងមួយរូប ហើយបង្ហាញគាត់អំពីវិធីដោះស្រាយចំណោទគណិតសាស្ត្រតាមរបៀបខ្មែរ ដែលហាក់ដូចជាស្រណុកចងចាំជាង ។ គាត់យកវិធីនោះទៅបង្រៀនកូនសិស្សគាត់ ។ ពួកគេវិលក្បុងឡប់អាចម៍ខ្សៀ ។ គាត់មកប្រាប់ខ្ញុំវិញថា វិធីសាស្ត្រដោះស្រាយគណិតសាស្ត្រតាមរបៀបអ្នកពន្យល់នោះ អនុវត្តិទៅមិនរួចទេ ។ និយាយរួម កូនសិស្សអាមេរិកាំងចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ដោះស្រាយចំណោទគណិតសាស្ត្រតាមរបៀបមួយដែលគេហៅថា PEMDAS (Parentheses, Exponent, Multiplication, Division, Addition, and Substraction) ។ វាជាលំដាប់លំដោយដោះស្រាយលំហាត់គណិតសាស្ត្រជាជំហានៗ ទោះបីលំហាត់ងាយស្រួលយ៉ាងណាក៏គេមិនផ្គុំជំហានរបស់វាដែរ ។ សូមនិយាយអំពីឱកាសនៅក្នុងឧបស័គ្គវិញម្តង ។ ឱកាសនៅទីនេះ គឺខ្ញុំចង់និយាយអំពីអាជីពជាគណនេយ្យករ ។ អ្នកដែលមានអាជីពជាគណនេយ្យករ មិនចាំបាច់ទៅរៀនសាឡើងវិញទេ ប្រសិនបើយើងដឹងអំពីទីផ្សារការងារមួយដែលមនុស្សភាគច្រើនមើលរំលង ។ សំបុកការងារនោះគឺនៅក្នុងស្ថាប័ន មូលនិធិ (Foundations) ។ នៅស្រុកអាមេរិកមានមូលនិធិតូចធំរាប់ពាន់ ឬរាប់មិនអស់ ។ គេហៅស្ថាប័នទាំងនេះថា អង្គការមិនរកកម្រៃ (Non-Profit Organizations) ដែលមានមុខងារស្រដៀងគ្នានឹងអង្គការ NGO នៅស្រុកខ្មែរដែរ ។ មូលនិធិមានបីប្រភេទគឺ Foundation, Charitable Trust, and Endowment ។ ចំណុចរួមរបស់មូលនិធិទាំងបីនេះគឺបរិច្ចាគប្រាក់កាក់ធ្វើការងារមនុស្សធម៌ ។ មូលនិធិទាំងបីប្រភេទនេះប្រៀបដូចជាឃ្លាំងប្រាក់ដែលមិនចេះរីងស្ងួត ទោះបីសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិយ៉ាងណាក៏ដោយ ។ ដោយហេតុតែគោលដៅចម្បងរបស់មូលនិធិគឺធ្វើកិច្ចការមនុស្សធម៌ ដូច្នេះការជ្រើសរើសបុគ្គលិកគឺមិនសូវមានការរើសអើងរឿងសញ្ញាប័ត្រទេ ។ បើយើងមានសមត្ថភាពធ្វើកិច្ចការបានសមរម្យល្មម គឺគេទទួលយកយើងឲ្យធ្វើការងារនៅក្នុងស្ថាប័នគេហើយ ពីព្រោះជួយមនុស្សដែលជួបឧបស័គ្គនៅក្នុងដំណើរជីវិត ក៏ជាកិច្ចការមនុស្សធម៌ដែរ ។ តាមពិតទង្វើមនុស្សធម៌នេះគឺទទួលបានផលទ្វេគុណ ។ ទីមួយ ជួយមនុស្សដែលជួបឧបស័គ្គទទួលបានការងារស្របតាមអាជីពរបស់ខ្លួន ។ ទីពីរ បុគ្គលិកដែលគេសង្គ្រោះចេញពីឧបស័គ្គបាត់បង់អាជីពនេះ នឹងធ្វើការងារក្នុងបេសសកកម្មជួយមនុស្សដែលជួបឧបស័គ្គមួយជាន់ទៀត ។ មូលនិធិដែលពិភពលោកស្គាល់ច្រើនជាងគេគឺ World Wildlife Fund and Gate Foundation ។ តើមូលនិធិទាំងនេះបានប្រាក់មកពីណា ។ និយាយឲ្យងាយយល់គឺបានមកអំពីប្រាក់ចំណេញរបស់ពាណិជ្ជករនិងមហាសេដ្ឋី ដែលមិនចង់បង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួន ទៅឲ្យរតនាគារជាតិ ។ អាមេរិកមានច្បាប់មួយដែលគេហៅថា 501C(3) ។ មូលនិធិទាំងអស់គឺចុះបញ្ជីក្រោមច្បាប់នេះឯង ។ អ្នកដែលជាប់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ អាចបង្វិលប្រាក់បង់ពន្ធនោះ ទៅបរិច្ចាគឲ្យមូលនិធិ ។ រដ្ឋតម្រូវឲ្យមូលនិធិចំណាយថវិការបស់ខ្លួនពី ៣ ទៅ ៥ ភាគរយរៀងរាល់ឆ្នាំ ។ គួរកត់សម្គាល់ថា ថវិការបស់មូលនិធិជាទូទៅស្ថិតនៅក្នុងធនាគារឯកជនដែលយកថវិការទាំងនោះទៅប្រើជាប្រាក់កម្ចី ។ ការប្រាក់មួយផ្នែកដែលបានមកអំពីប្រាក់កម្ចីទាំងនោះ ត្រូវបានគេបង្វិលចូលទៅក្នុងថវិការបស់មូលនិធិជាប្រចាំ ។ បើយើងបូកបញ្ចូលការប្រាក់ជាមួយនឹងប្រាក់ដែលទទួលបានពីការបរិច្ចាគ វាមិនតិចជាង ៣ ទៅ ៥ ភាគរយទេ ។ គឺចំណុចនេះហើយ ដែលថវិការបស់មូលនិធិភាគច្រើន មិនចេះរីងស្ងួតនោះ ។ បើនិយាយអំពីសុវត្ថិភាពការងារវិញ គ្មានទីណាមានសុវត្ថិភាពជាងនៅក្នុងមូលនិធិទេ ។ ស្ថាប័នដទៃអាចដាច់ប្រាក់ខែ ។ ប៉ុន្តែ បុគ្គលិកធ្វើការនៅក្នុងមូលនិធិមិនងាយដាច់ប្រាក់ខែឡើយ ។ បើនិយាយអំពីបន្ទាត់បៀវត្សរ៍វិញ វាក៏មានភាពទូលំទូលាយ (Generous) ជាងគេដែរ ៕

Monday, March 4, 2024

ចំណីខួរក្បាល

គ្រាប់ស្រូវ និង អង្ករ ថ្ងៃមុន ខ្ញុំអានអត្ថបទបកប្រែរបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ស្តីអំពីគោលគំនិតនៅក្នុងព្រះពុទ្ធសាសនាមហាយាន និយាយអំពីសារប្រយោជន៍និងភាពខុសគ្នារវាង គ្រាប់ស្រូវមួយគ្រាប់និងអង្កររាប់ម៉ឺនការុង ។ វាជាការប្រៀបធៀបក្នុងន័យ មេតាហ្វ័រ (Metaphor) ពាក់ព័ន្ធនឹងសភាវទ្រទ្រង់ជីវិត ថាតើរវាងគ្រាប់ស្រូវមួយគ្រាប់និងអង្កររាប់ម៉ឺនការុង មួយណាមានសក្តានុពល ឬសារប្រយោជន៍ជាង ។ ការប្រៀបធៀបនោះគឺសំដៅដល់សារសំខាន់នៃដំណើរបានដល់ បរិនិព្វាន នៃបុគ្គលត្រាសដឹង និង ការលះបង់បរិនិព្វាន ដើម្បីបន្តស្ថិតនៅជាមួយនឹងសត្វលោករបស់បុគ្គលដែលអាចត្រាសដឹង ។ ដំណើរលះបង់បរិនិព្វាន គឺប្រៀបបាននឹងគ្រាប់ស្រូវមួយគ្រាប់ ដែលជួយផ្តល់លទ្ធភាពឲ្យមនុស្សយកទៅដាំដុះពង្រីកផលទ្រទ្រង់ជីវិត ។ បរិនិព្វានគឺប្រៀបបានទៅនឹងអង្កររាប់ម៉ឺនការុងនៅក្នុងឃ្លាំងសម្រាប់ទ្រទ្រង់ជីវិតមនុស្ស ។ វាជាសភាវទ្រទ្រង់ដូចគ្នា គ្រាន់តែមួយស្ថិតនៅជាមួយនឹងជីវិតមនុស្សជានិរន្ត និង មួយទៀតនឹងផុតរលត់អស់រលីងទៅនៅថ្ងៃមួយ ។ នៅពេលយើងនិយាយអំពីព្រះពុទ្ធសាសនាមហាយាន គឺយើងនិយាយអំពីព្រះពោធិសត្វ ដែលមានលទ្ធភាពឆ្លងទៅកាន់បរិនិព្វាន ប៉ុន្តែមិនធ្វើដំណើរទៅកាន់បរិនិព្វានទេ ។ គោលបំណងរបស់ព្រះពោធិសត្វគឺបន្តជីវិតកើតរលត់ៗជាមួយនឹងសត្វលោកជានិរន្ត ដើម្បីធ្វើជាប្រទីបបំភ្លឺផ្លូវដំណើរសត្វលោកទៅរកសេចក្តីសុខ ។ ឯព្រះពុទ្ធដែលជាបរមគ្រូរបស់សាសនិកព្រះពុទ្ធសាសនា ហីនយាន ក៏ដូចជាមហាយានដែរនោះ ព្រះអង្គបានសម្រេចផ្តាច់ជីវិតចេញអំពីសត្វលោកដោយបន្សល់ទុកនូវព្រះគម្គីរ ឬពុទ្ធោវាទនានាសម្រាប់ធ្វើជាប្រទីបបំភ្លឺផ្លូវដំណើរសត្វលោកទៅរកសេចក្តីសុខដែរ ។ ព្រះពុទ្ធទ្រង់មានពុទ្ធដីការថា គម្ពីរឬពុទ្ធោវាទរបស់ទ្រង់នឹងរលាយសូន្យសុងទៅនៅរយៈពេល ៥០០០ឆ្នាំ ។ នេះហើយគឺជាភាពខុសគ្នារវាងគ្រាប់ស្រូវមួយគ្រាប់នៅក្នុងទិដ្ឋិនៃព្រះពុទ្ធសាសនាមហាយាននិយម និង អង្កររាប់ម៉ឺនការុងនៅក្នុងទិដ្ឋិនៃព្រះពុទ្ធសាសនាហីនយាននិយម ។ ទស្សនព្រះពុទ្ធសាសនាកើតចេញអំពីការត្រាសដឹងរបស់បុគ្គលមួយរូប គឺសមណ សិទ្ធត្ថ គោតម ឬព្រះពុទ្ធ ។ បន្ទាប់ពីព្រះអង្គចូលបរិនិព្វានទៅ សាវ័ករបស់ទ្រង់បានធ្វើ មុខបាឋសង្គាយនាភ្លាមៗ ដើម្បីកត់ចំណាំនិងថែរក្សាពុទ្ធវចនឲ្យនៅដូចដើម ។ និយាយឲ្យចំគឺ ដើម្បីរក្សាទិដ្ឋិរបស់ព្រះអង្គកុំឲ្យវៀចវេរអត្ថន័យ ។ កាលនោះ មិនទាន់មានមធ្យោបាយកត់ត្រាជាលាយលក្ខអក្សរទេ ។ ដូច្នេះ អ្វីៗគឺអាស្រ័យដោយការចងចាំរបស់មនុស្ស ។ ដំណើរបែបបទតាំងសីល សមាធី និងភាវនាតាមមាគ៌ាទៅដល់នាទីជា ព្រះអរហន្ត និង ព្រះពោធិសត្វ គឺមាននៅក្នុងការចងចាំសាវ័កទាំងនោះ ។ ក៏ប៉ុន្តែ ប្រការដែលថាបុគ្គលដែលអាចទៅដល់និព្វាន តែសម្រេចចិត្តរស់នៅក្នុងភាវកើតរលត់ៗបន្តទៅទៀត គឺជាប្រការមួយដែលស្ថិតនៅក្នុងភាពចម្រូងចម្រាស ។ ដោយហេតុតែព្រះពោធិសត្វជាបុគ្គល ដែលមានការយល់ដឹងខ្ពស់ជាងគេបំផុតនៅក្នុងឋានានុក្រមព្រះពុទ្ធសាសនា ដូច្នេះគ្មាននរណាអាចវាស់កម្រិត ឬមើលយល់ថាបុគ្គលនោះអាចឈោងទៅដល់បរិនិព្វានឡើយ ។ ជាលទ្ធផល បុគ្គលដែលតាំងខ្លួនជាព្រះពោធិសត្វនឹងអាចកើតមានពាសវាលពាសកាល ។ ទុករឿងចម្រូងចម្រាសនេះមួយកណ្តុប ។ និយាយអំពីព្រះពុទ្ធសាសនាមហាយាននិងហេតុផលនៃការបង្កើតទិដ្ឋិ គ្រាប់ស្រូវនិងអង្ករវិញម្តង ។ ព្រះពុទ្ធសាសនាមហាយានកើតចេញអំពីការយល់ឃើញរបស់បុគ្គលពីររូបគឺ នាគជន (Nagarjuna) និង សន្តិទេវ (Shantideva) ។ ពួកគាត់មានជីវិតរស់នៅក្នុងសតវត្សទី ២ និង ទី ៧ នៃគ្រីស្តសករាជ ។ បើតាមការសង្កេតអំពីទិដ្ឋិរបស់បុគ្គលទាំងពីររូបនេះ យើងអាចសន្និដ្ឋានបានថា ពួកគេគឺជាកូនសិស្សឬសាវ័កដែលមិនសូវបានបទរបស់ព្រះពុទ្ធ (Non-conformist students) ។ ឯប្រការដែលពួកគេបង្កើតគំនិតព្រះពោធិសត្វមិនលុះនៅក្នុងការត្រាច់ចរទៅកាន់បរិនិព្វាននោះ ក៏ប្រហែលជាស្ថិតនៅក្នុងការមិនទទួលស្គាល់ថា ព្រះពុទ្ធសាសនានឹងរលាយរលត់ផុតអសង្ខេយ្យ នៅនាទីចុងក្រោយនៃថ្ងៃគម្រប់ ៥០០០ឆ្នាំ ។ តើទស្សន ឬ ទិដ្ឋិ ឬក៏របកគំហើញមួយដែលមានសច្ចភាពជាស្នូល អាចរលត់រលាយទៅវិញបានដែរទេ ? ដាច់ខាតគឺមិនអាចឡើយ ។ សច្ចៈ មិនអាចរលុបរលាយទៅវិញទេ ។ វាអាចរលាយទៅបាន តែនៅក្នុងករណីមួយគត់ ។ គឺភពផែនដីនេះរលាយបាត់រូបរាងទៅវិញដោយប្រការណាមួយ ។ ឯរឿងគ្រាប់ស្រូវនិងអង្ករ មេតាហ្វ័រ ក៏ប្រហែលជាផ្អែកលើមូលដ្ឋាននៃភាវអមតនៃសច្ចភាពនេះដែរ ។ ប្រការនេះ យើងត្រូវរង់ចាំរហូតដល់ព្រះពុទ្ធសាសនាមានអាយុគ្រប់ ៥០០០ឆ្នាំទើបអាចរកខុសត្រូវឃើញ ។ ទំរាំតែដល់ថ្ងៃនោះ ស្មេរខ្ញុំមិនដឹងជាក្លាយទៅជាអ្វីទេ ។ ក៏ប៉ុន្តែ ខ្ញុំជឿជាក់ថា ព្រះពុទ្ធសាសនាមិនរលាយរលត់ត្រឹមរយៈពេល ៥០០០ឆ្នាំទេ ដរាបណាភពផែនដីនេះមិនរលាយទៅវិញ ។ គ្រាប់ស្រូវនៅក្នុងទិដ្ឋិព្រះពុទ្ធសាសនាមហាយាន នឹងនៅតែបន្តអត្ថិភាពដុះលូតលាស់របស់ខ្លួនរៀងរហូតទៅមុខទៀត ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...