Sunday, December 11, 2022

ចំណីខួរក្បាល

អក្សរសិល្ប៍ ថ្មីៗនេះ ឃើញសមាគមអ្នកអក្សរសិល្ប៍កម្ពុជា បង្ហោះវគ្គបង្រៀនតែងរឿងប្រលោមលោក ។ ខ្ញុំគិតថា ការនិពន្ធរឿងប្រលោមលោក គឺជាសិល្បៈសេរី ។ ដូច្នេះ នៅពេលយើងរៀនអំពីរបៀបតែងរឿងប្រលោមលោក សេរីភាពនៃការសរសេរសាច់រឿង នឹងត្រូវបានគៀបសង្កត់ដោយកត្តា វប្បធម៌ និង ទំនៀមទម្លាប់នានានៅក្នុងសង្គម ។ បើយើងសង្កេតមើលប្រលោមលោកអក្សរសិល្ប៍ជាលក្ខណៈសាកល អ្នកនិពន្ធភាគច្រើន មិនយកវប្បធម៌និងទំនៀមទម្លាប់មកធ្វើជាដែនកំណត់នៃការតាក់តែងសាច់រឿងទេ ។ រឿងខ្លះសរសេរចេញមក ធ្វើឲ្យសង្គមរំជើបរំជួលយ៉ាងខ្លាំង ។ សរសេររឿងប្រលោមលោក ឬអក្សរសិល្ប៍ ខុសអំពីការសរសេរអត្ថបទកាសែត ឬក៏វិទ្យាសាស្ត្រ ដែលត្រូវតែដើរតាមក្បួនខ្នាតជាក់លាក់ ។ ការសរសេរប្រលោមលោកអក្សរសិល្ប៍មិនមានគោលការណ៍ជាក់លាក់ទេ គ្រាន់តែមានទម្រង់គោលការណ៍ធំៗចំនួនបី ដែលអ្នកនិពន្ធចាំបាច់ត្រូវតែយកមកធ្វើជាមូលដ្ឋានបង្អែកនៃការតាក់តែងសាច់រឿង ។ ទម្រង់គោលការណ៍ទាំងបីនេះ នៅក្នុងភាសាអង់គ្លេសគេហៅថា៖ Conflict (ទំនាស់) Complication (ជំពាក់វាក់វិន) and Resolution or Denoumente (ដំណោះស្រាយ) ។ ទម្រង់គោលការណ៍ទាំងបីនេះ គឺមានបង្កប់នៅក្នុងអត្ថបទរឿងអំណាននានាតាំងពីថ្នាក់មតេយ្យ រហូតដល់មហាវិទ្យាល័យ ។ ដូច្នេះ ការតាក់តែងប្រលោមលោកអក្សរសិល្ប៍ អ្នកដែលចេះអានអក្សរគ្រប់រូប យល់ដឹងរួចទៅហើយ គ្រាន់តែយើងមិនសូវចាប់អារម្មណ៍នឹងឆ្កឹះវាយកមកពិចារណា ហើយក៏គិតថាយើងមិនចេះ ឬមិនដឹងអំពីរបៀបសរសេររឿងប្រលោមលោក ។ ដើម្បីជាបទបង្ហាញ ខ្ញុំសូមលើកយកទម្រង់ការសរសេរប្រលោមលោកស្នេហា (Romance) មកធ្វើជាឧទាហរណ៍ ។ មិនថានៅក្នុងវប្បធម៌ខ្មែរ ឬ បរទេសទេ អ្នកនិពន្ធរមែងយករូបមន្ត ស្នេហាត្រីកោណ មកធ្វើជាស្នូលនៃសាច់រឿង ។ នៅក្នុងរូបមន្តនេះ អ្នកនិពន្ធតែងតែដាក់នារីម្នាក់ឲ្យស្ថិតនៅក្នុងចំណងស្នេហារបស់បុរសពីររូប រួចហើយបង្កើត ទំនាស់ ភាពជំពាក់វាក់វិន និង ដំណោះស្រាយ ។ ជាទូទៅ អ្នកនិពន្ធច្រើនបញ្ចប់សាច់រឿងដោយយកសេចក្តីស្លាប់របស់តួឯកមកធ្វើជា ដំណោះស្រាយ ។ វាជាដំណោះស្រាយ សោកនាដកម្មនិយម ។ សំណួរមួយដែលអ្នកអាន និង អ្នកសិក្សាអក្សរសិល្ប៍លើកយកមកសួរជារឿយៗគឺ ហេតុអ្វីក៏អ្នកនិពន្ធប្រលោមលោកស្នេហាភាគច្រើនលើសលុបបញ្ចប់សាច់រឿងជាមួយនឹងសេចក្តីស្លាប់របស់តួឯក? ប្រហែលជាមួយខែមុន មិត្តភក្តិហ្វេសប៊ុកមួយចំនួនបានលើកយកប្រធានបទតួឯកស្លាប់នៅទីបញ្ចប់នៃប្រលោមលោកស្នេហាត្រីកោណ មកពិភាក្សាដើម្បីស្វែងរកវិធីរក្សាជីវិតតួឯកឲ្យនៅគង់វង្ស ។ តាមពិត ការរក្សាជីវិតតួឯកនៅក្នុងប្រលោមលោកស្នេហាត្រីកោណប្រហែលជាអាចធ្វើទៅរួច ប្រសិនបើអ្នកនិពន្ធមិនស្វ័យឃុំឃាំងសេរីភាពនៃការតាក់តែងរឿង (Self-censored) ។ កត្តាដ៏ធំមួយដែលធ្វើឲ្យអ្នកនិពន្ធស្វ័យឃុំឃាំងគំនិតរបស់ខ្លួនគឺ ភាពស្អប់ខ្ពើម ដែលភាសាអង់គ្លេសហៅថា Taboos ។ ពាក្យនេះគឺគេសំដៅដល់ទង្វើខុសសីលធម៌សង្គម (Anti-social behaviors) ។ ឧទាហរណ៍ ស្រីម្នាក់មានប្តីពីរជាដើម ។ នៅក្នុងសង្គមខ្មែរ អ្នកនិពន្ធប្រលោមលោកមនោសញ្ចេតនាស្នេហាត្រីកោណ មិនសូវហ៊ានសរសេរអំពីអ្វីដែលពាក់ព័ន្ធនឹងទង្វើខុសសីលធម៌សង្គមទេ (Taboos) ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរឿង ទុំទាវ ភិក្ខុ សោម ដែលជាស្មេរបានលួចគប់គិតផិតនឹងអសីលធម៌សង្គម នៅពេលដែលព្រះអង្គសរសេរអំពីនេន ទុំ លួចស្រឡាញ់នាងទាវក្នុងនាមជាសង្ឃ ហើយទៅលាចាកសិក្ខាបទ (សឹក) នៅមុខដំបូក ។ ពេលសៀវភៅរឿង ទុំទាវ ចេញផ្សាយ យើងមិនដឹងថាសង្គមខ្មែរមានប្រតិកម្មរិះគន់ទង្វើរបស់នេន ទុំ ជាពិសេសភិក្ខុ សោម ដែលជាស្មេរដែរឬក៏យ៉ាងណាទេ ។ ក៏ប៉ុន្តែ អ្វីដែលជាតឹកតាងនាគ្រាបច្ចុប្បន្នគឺថា ប្រលោមលោករឿង ទុំទាវ ដែលស្មេរសរសេរពាក់ព័ន្ធនឹងទង្វើខុសសីលធម៌សង្គម បានក្លាយទៅជាអក្សរសិល្ប៍ប្រកបទៅដោយប្រជាប្រិយភាព ។ អក្សរសិល្ប៍ខុសសីលធម៌សង្គម (Taboos) ភាគច្រើនដូចជារឿង អ្នកស្រីបូវ៉ារី រឿង ហេដា ហ្កាប្លឺ និងរឿង អូឌិប (Oedipus the King) ជាដើម ។ល។ ពេលផ្សព្វផ្សាយចេញមក សុទ្ធតែត្រូវបានមហាជនរិះគន់ អំពីប្រការអសីលធម៌ ។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក រឿងប្រលោមលោកទាំងនោះ ក៏បានក្លាយទៅជារឿងដែលប្រកបដោយប្រជាប្រិយភាព ។ ក្នុងចំណោមអក្សរសិល្ប៍ខុសសីលធម៌សង្គមទាំងអស់ មានរឿងមួយដែលយើងអាចចាត់ទុកថា ជាមាតានៃអក្សរសិល្ប៍ខុសសីលធម៌ ។ នោះគឺរឿង នាងទ្រៅវត្តី ដែលជាផ្នែកមួយនៃរឿង មហាភារតៈ ។ នាងទ្រៅវត្តីមានប្តីប្រាំនាក់ ដែលជាប្រការមិនអាចកើតមាននៅក្នុងសង្គមមនុស្ស ។ ក៏ប៉ុន្តែ រឿងនេះមិនត្រឹមតែកើតមាននៅលើទំព័រអក្សរសិល្ប៍ទេ វាក៏ជារឿងដែលមានអនុវត្តិនៅក្នុងសង្គមមនុស្សផងដែរ ។ ខ្ញុំសូមហៅប្រការនេះថា រូបមន្តទ្រៅវត្តី ។ បើយើងមិនចង់ឲ្យតួឯកនៅក្នុងរឿងប្រលោមលោកស្នេហាត្រីកោណស្លាប់ យើងអាចប្រើរូបមន្តទ្រៅវត្តីនេះ ។ ខាងក្រោមនេះគឺជារឿងពិតមួយដែលខ្ញុំបានជួបនៅដើមទសវត្សឆ្នាំ ១៩៩០ ។ តួឯកនៅក្នុងសាច់រឿងអត់ស្លាប់ទេ ។ ពួកគេរស់នៅក្នុងសុភមង្គលដ៏ស្ងប់ស្ងាត់មួយ ។ មុននឹងបញ្ចប់វគ្គនេះ ខ្ញុំសូមបញ្ជាក់ថា៖ អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម ។ ប៉ុន្តែ តថភាពសង្គមមិនមែនជាអក្សរសិល្ប៍ទេ (Arts imitate life; but life should not imitate arts) ។ ជម្រាបរលឹកអ្នកគ្រូ ខ្ញុំបានសរសេរ រូបមន្តទ្រៅវត្តី កាលពីប៉ុន្មានថ្ងៃមុនពាក់ព័ន្ធនឹងការរកដំណោះស្រាយលើបញ្ហាស្នេហាត្រីកោណ នៅក្នុងរឿងប្រលោមលោករបស់លោកគ្រូ ស៊ូ ខេមរិន ។ ខ្ញុំជឿថា អ្នកអានជាច្រើនច្បាស់ជាគិតថា ខ្ញុំភ្លាវខុសរឿងហើយ ដែលហ៊ានយកគំនិត "ប្រពន្ធមួយប្តីពីរ" មកធ្វើជាកម្មបទ ។ តាមពិតខ្ញុំមិនមែនជាមនុស្សពូកែស្រមើស្រមៃផុតផែនដីនោះទេ ។ រឿងនេះ គឺខ្ញុំសរសេរផ្អែកលើរឿងពិតមួយដែលខ្ញុំធ្លាប់ជួបប្រទះនៅដើមទសវត្សឆ្នាំ ១៩៩០ ។ ខ្ញុំគ្រាន់តែប្តូរតួឯក (Lead character) ពីប្រុសទៅស្រីតែប៉ុណ្ណោះ ។ នៅមុនឆ្នាំ ១៩៧៥ បុរសម្នាក់ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បញ្ជូនឲ្យមកហ្វឹកហ្វឺនរយៈពេលខ្លីនៅសហរដ្ឋអាមេរិក ។ គាត់មានភរិយានិងកូនស្រីម្នាក់ដែលគាត់មិនអាចយកមកជាមួយបាន ។ សូមហៅកូនស្រីគាត់ថា "ស្រីម៉ៅ" ។ អំឡុងពេលដែលគាត់កំពុងសិក្សានៅស្រុកអាមេរិក ស្រុកខ្មែរក៏ធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ។ គាត់និងភរិយាក៏រស់នៅបែកគ្នារហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ។ បន្ទាប់ពីខ្មែរក្រហមដួលរលំ គាត់បានចំណាយពេលស្វែងរកដំណឹងអំពីភរិយានិងស្រីម៉ៅកូនគាត់មួយរយៈកាល ។ ប៉ុន្តែមិនទទួលបានដំណឹងអ្វីអំពីពួកគេឡើយ ។ គាត់ក៏សន្មត់ថា ភរិយានិងកូនគាត់បានស្លាប់នៅក្នុងរបបខ្មែរក្រហម ។ បន្ទាប់មក គាត់ក៏សម្រេចចិត្តរៀបការនឹងនារីម្នាក់ ។ នារីនោះមិនមែនជាជនជាតិខ្មែរទេ តែមានអម្បូរមកពីទ្វីបអាសុីអគ្នេយ៍ដែរ ។ គាត់បានប្រាប់ប្រវត្តិរបស់គាត់ រួមទាំងអតីតភរិយានិងកូនស្រីរបស់គាត់ទៅភរិយាទីពីររបស់គាត់មិនឲ្យខ្វះចន្លោះឡើយ ។ ពេលភរិយាគាត់ប្រសូត្របានកូនស្រីមួយទៀត គាត់ក៏សុំភរិយាគាត់ដាក់ឈ្មោះឲ្យនាងថា ស្រីម៉ៅ ដើម្បីទុកជាការនឹករលឹកដល់កូនស្រីនិងភរិយាដែលបានបាត់បង់ជីវិតទៅនោះ ។ ប៉ុន្មានឆ្នាំក្រោយមក ភរិយានិងកូនស្រី ដែលគាត់បានសន្មត់ថាស្លាប់នៅក្នុងជំនាន់ ប៉ុលពត នោះ បានផ្ញើសំបុត្រមកប្រាប់គាត់ថា ពួកគេនៅរស់ហើយកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួនមួយ នៅក្នុងទឹកដីថៃ ។ បុរសនោះក៏យករឿងនេះទៅពិគ្រោះជាមួយនឹងភរិយាទីពីររបស់គាត់ ដើម្បីរកដំណោះស្រាយ ។ ភរិយាគាត់ បានអនុញាតិឲ្យគាត់ធ្វើក្រដាសស្នាមធានាយកអ្នកទាំងពីរមករស់នៅក្នុងសហរដ្ឋអាមេរិកដែរ ។ ពួកគេសម្រេចចិត្តរស់នៅក្នុងតំបន់មួយនៃទីក្រុងដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ ។ ថ្ងៃធម្មតា គាត់រស់នៅជាមួយភរិយាទីពីររបស់គាត់ ។ ថ្ងៃចុងសប្តាហ៍ គាត់ទៅស្នាក់នៅជាមួយនឹងភរិយានិងកូនស្រីទីមួយរបស់គាត់ ។ ពួកគេធ្វើដូច្នេះ រហូតដល់ថ្ងៃបុរសនោះទទួលអនិច្ចកម្ម ប្រហែលជាពីរបីឆ្នាំកន្លងទៅនេះ ។ ផ្ទះបុរសនោះស្ថិតនៅរំលងអំពីផ្ទះខ្ញុំ ប្រហែលជាប្រាំផ្ទះប៉ុណ្ណោះ ។ ខ្ញុំមិនធ្លាប់ជួបមុខ ឬក៏ស្គាល់គាត់ទេ ប៉ុន្តែ ធ្លាប់ឃើញកូនស្រីទីពីររបស់គាត់រត់លេង និងធ្លាប់ជួបភរិយាទី ១ និងកូនស្រីរបស់គាត់ដែលទើបនឹងមកពីស្រុកខ្មែរ ពីរបីដងដែរ ។ នេះគឺជារឿងមិនប្រក្រតីមួយ ។ អ្វីដែលបុគ្គលទាំងបីរូបបានអនុវត្តិ វាគឺជារឿងមិនធម្មតា ។ ប្រការដែលស្ត្រីទាំងពីររូប អាចដោះស្រាយបញ្ហាស្នេហាត្រីកោណដោយវិធីនេះ វាពិតជារឿងគួរឲ្យស្ញប់ស្ញែងណាស់ ។ គឺរឿងនេះហើយដែលខ្ញុំយកមកធ្វើជាមូលដ្ឋាន សរសេរអំពីប្រពន្ធមួយប្តីពីរ ៕

Monday, November 14, 2022

ចំណីខួរក្បាល

លើកស្ទួយបុគ្គល (Self-Empowerment) កាលរៀននៅបស្ចឹមប្រទេស ខ្ញុំឧស្សាហ៍ឮគេនិយាយអំពីគោលគំនិត លើកស្ទួយបុគ្គល (Self-empowerment) ។ ពេលឮពាក្យនេះដំបូងៗ ខ្ញុំក្តាប់មិនបានទេ ។ និយាយមួយបែបទៀត ខ្ញុំមិនសូវយល់ទេ ។ ប៉ុន្តែ មិនដឹងជាគេចទៅណារួច ខ្ញុំក៏ចេះតែទ្រាំអង្គុយស្តាប់គេវែកញែកកំដរពេលវេលាទៅ ។ ថ្មីៗនេះ ខ្ញុំបានយកពាក្យមួយឃ្លាដែលឪពុកខ្ញុំតែងតែលើកយកមកទូន្មាន ឬក៏តេះដៀលខ្ញុំកាលពីកុមារភាព មកវិភាគពិចារណា ក៏មើលឃើញថា ពាក្យមួយឃ្លានោះ មានអត្ថន័យខ្លឹមសារស្រដៀងគ្នានឹងពាក្យ Self-empowerment នៅក្នុងភាសាអង់គ្លេសនេះដែរ ។ ពាក្យដែលឪខ្ញុំតែងតែលើកយកមកប្រដៅខ្ញុំជារឿយៗនោះគឺ៖ "ធ្វើជាមនុស្ស កុំចាំបាច់ឲ្យគេឆ្កឹះដូចចន្លុះ" ។ បើយើងពិនិត្យមើលអត្ថន័យខ្លឹមសារនៃពាក្យពេចន៍នេះឲ្យសុីជម្រៅ យើងឃើញថា ពាក្យមួយឃ្លានេះ មានន័យដាស់តឿនទូន្មានផង និង តេះដៀលផង ។ វាបង្កប់នូវតុល្យភាពមួយនៅក្នុងខ្លឹមសាររួម ។ បើនិយាយអំពីទំនាក់ទំនងអំណាចនៅក្នុងគ្រួសារ ឬសង្គមជាតិ អំណាចនោះគឺត្រូវបានរក្សាទុកនៅនឹងរូបបុគ្គល (Empowerment) ។ ភ្ជាប់ជាមួយនឹងអំណាចនោះគឺ សេរីភាព (Freedom) ។ បន្តមកទៀតគឺការទទួលខុសត្រូវ (Responsibility) ។ អ្វីដែលជាលទ្ធផលចុងក្រោយនៅក្នុងការផ្ទុកផ្តាក់នេះ គឺភាពរឹងបុឹងនៅក្នុងជីវិតបុគ្គលម្នាក់ៗ (Confidence) ។ វាជាទំនាក់ទំនងនៅក្នុងការអភិវឌ្ឃ ឬវិវត្តិន៍ នៃជីវិតមនុស្សដែលហាក់ដូចជាមានលក្ខណៈវិទ្យាសាស្ត្រភ្ជាប់ជាមួយ ។ នៅពេលមនុស្សម្នាក់នៅក្នុងទំនាក់ទំនងសង្គមគ្រួសារក្តី សង្គមខាងក្រៅក្តី ត្រូវបានអនុញាតិ ឬលើកទឹកចិត្តឲ្យទទួលខុសត្រូវ (Responsible) ទៅលើការតាក់តែងដំណើរជីវិតរបស់ខ្លួន វានឹងបង្កឲ្យមានលក្ខណៈរឹងបុឹងនៅក្នុងសមត្ថភាពរបស់មនុស្សនោះ ។ គួរកត់សម្គាល់ថា ខ្ញុំប្រើពាក្យ "រឹងបុឹង" ជំនួសឲ្យពាក្យ "រឹងមាំ" ។ រឹងបុឹងងាយបត់បែន (Flexible) ទប់ទល់ជាមួយនឹងសម្ពាធ ។ រឹងមាំ (Rigid) មានលទ្ធភាពមិនដូចគ្នាទេ ។ កត្តាទាំងពីរជាសមត្ថភាពដូចគ្នា (Strength) ។ ក៏ប៉ុន្តែ មួយទន់ មួយរឹង ។ ចៃកុនគុននិយម ចិន អាចយល់អំពីប្រការនេះដោយងាយ ។ ការសិក្សាវែកញែកពាក្យ មួយម៉ាត់ក្តី មួយឃ្លាក្តី គឺលំបាកប្រហាក់ប្រហែលនឹងសិក្សាមេរៀនមួយសៀវភៅដែរ ។ ភាគច្រើន យើងអាន ឬក៏ស្តាប់ហើយ ក៏ចេះតែបន្តដំណើរសិក្សាទៅមុខទៀត ។ កម្រអង្គុយវិភាគពិចារណាពាក្យ មួយម៉ាត់ៗ ឬមួយឃ្លាៗ ដែលយើងបានជួបប្រទះណាស់ ។ ជាលទ្ធផល យើងចេះចាំតែពាក្យពេចន៍ ឬក៏គោលគំនិតអ្វីមួយ ប៉ុន្តែមិនសូវយល់អំពីវិសាលភាពនៃគំនិតទាំងនោះទេ ។ គួរនាដូចជាដំបូន្មានរបស់ឪខ្ញុំដូច្នោះដែរ ។ វាដក់ជាប់នៅក្នុងដួងចិត្តនិងការចង់ចាំរបស់ខ្ញុំស្ទើរតែអស់មួយជីវិតទៅហើយ ។ ប៉ុន្តែ នៅពេលដែលខ្ញុំរៀនប៉ះចំគោលគំនិតដូចគ្នានោះ ខ្ញុំបែរជាឡេឡឺគ្មានដឹងខ្យល់អ្វីទៅវិញ ។ បើកុំតែខ្ញុំលើកយកពាក្យមួយឃ្លានោះ មកធ្វើបទបញ្ហាញ (Highlight) នៅក្នុងអត្ថបទមួយនាពេលថ្មីៗនេះ ឪខ្ញុំប្រហែលជាគ្មានថ្ងៃទទួលបានក្រេឌិត ឬក៏ការទទួលស្គាល់អំពីផលវិជ្ជមាននៅក្នុងដំបូន្មានរបស់គាត់ឡើយ ។ នៅក្នុងការរស់នៅ មនុស្សម្នាក់ៗប្រហែលជាកម្រនឹងចំណាយពេល ពិចារណាពាក្យពេចន៍ដែលប្រើប្រចាំថ្ងៃណាស់ ។ យើងអាន យើងស្តាប់ យើងឮ យើងប្រតិកម្ម យើងចងចាំ រួចហើយក៏បន្តរស់ទៅតាមស្ថានភាពជីវិតរបស់យើង ។ ប៉ុន្តែ បើយើងពិនិត្យឲ្យបានមធ្យ័ត ពាក្យពេចន៍ដើរតួសំខាន់ណាស់នៅក្នុងការអភិវឌ្ឃជីវិត ។ តាមពិត ប្រការដែលធ្វើឲ្យខ្ញុំរំលឹកឡើងវិញអំពីដំបូន្មានឪខ្ញុំ ដែលបានទទួលអនិច្ចកម្មទៅរាប់សិបឆ្នាំកន្លងមកហើយនោះ គឺដោយសារតែការតតាំង (Challenges) របស់កូនខ្ញុំជាមួយនឹងខ្ញុំ ។ ដោយហេតុតែកូនខ្ញុំវាកើតនៅក្នុងស្រុកអាមេរិក វាកម្រនឹងទទួលយកការបង្គាប់បញ្ជារបស់ខ្ញុំដោយគ្មានការតវ៉ាណាស់ ។ គឺថាខ្ញុំត្រូវតែពន្យល់ហេតុផលឲ្យទាល់តែច្បាស់ល្មមទទួលយកបាន ទាំងវាទាំងខ្ញុំ ទើបយើងអាចបិទបញ្ចប់ទំនាស់អ្វីមួយ ។ ឧទាហរណ៍ ខ្ញុំប្រាប់កូនខ្ញុំថា លាងដៃមុននិងក្រោយពេលញ៉ាំបាយ សំខាន់ណាស់ ។ កូនត្រូវតែអនុវត្តិ ។ វាតតាំងថា ត្រឹមតែជូតសម្អាតដៃគឺគ្រប់គ្រាន់ហើយ ។ ដើម្បីកុំឲ្យទំនាស់អូសបន្លាយវែងឆ្ងាយ ខ្ញុំរំលឹកវាឲ្យត្រឡប់ទៅមើលកម្មវិធីអនាម័យសម្រាប់កុមារនៅក្នុងកុនជីវចលរឿង ដានីញ៉ែល ថៃហ្គឺ ដែលវាចូលចិត្តមើលកាលពីក្មេង ។ នៅពេលគេពន្យល់ថា ទឹកជាសារធាតុល្អបំផុតសម្រាប់សម្អាត មន្ទិលនានាត្រូវបានលុបបំបាត់ចេញអំពីផ្នត់គំនិត ។ ឧទាហរណ៍មួយទៀតដែលបង្ហាញអំពីសារសំខាន់នៃពាក្យពេចន៍ ជាមួយនឹងទំនាក់ទំនងអំណាចក៏ដូចជាសេរីភាព គឺការពុះជ្រៀកខ្លឹមសារ ។ កូនខ្ញុំវាចោទខ្ញុំថា ជាមនុស្សតឹងរឹង (Absolute or dictatorial) ។ ខ្ញុំប្រាប់វាថា ខ្ញុំមិនមែនតឹងរឹងទេ គឺខ្ញុំប្រកាន់ខ្ជាប់នូវវិន័យ ( I'm not strict; but I adhere to discipline) ។ វាឲ្យខ្ញុំពន្យល់អំពីភាវខុសគ្នារវាងភាព តឹងរឹង និង វិន័យ ។ ខ្ញូំប្រាប់វាថា តឹងរឹង គឺស្មើនឹងពាក្យ ត្រូវតែ (Must) ។ ឯ វិន័យគឺស្មើនឹងពាក្យ គួរតែ (Should/ought) ។ មួយដាច់ខាត (Rigid) ។ មួយទៀតទន់ភ្លន់ (Flexible) ។ តាមពិតពាក្យពីរនេះនៅក្នុងវប្បធម៌ខ្មែរ មានខ្លឹមសារមិនឃ្លាតអំពីគ្នាប៉ុន្មានទេ ។ ប៉ុន្តែ នៅក្នុងវប្បធម៌បស្ចឹមប្រទេស វាមានខ្លឹមសារឆ្ងាយពីគ្នាដូចមេឃនឹងដី ។ មួយកាត់ផ្តាច់សេរីភាពរបស់បុគ្គលគ្មានសល់ ។ មួយទៀតរក្សាសេរីភាពឲ្យនៅនឹងបុគ្គល ។ បើនិយាយអំពីទំនាក់ទំនងរវាងឪពុកនិងកូន វាជាទម្រង់អាណាព្យាបាលផ្តាច់ការនិយម និង គាំពារនិយម (Dictatorial parenting Vs. Supportive parenting) ។ បើយើងនិយាយអំពីទំនាក់ទំនងរវាងអ្នកដឹកនាំប្រទេសនិងពលរដ្ឋ វាជាទម្រង់ ផ្តាច់ការនិយម និង សហការនិយម (Dictatorship Vs. Participative Relationship) ។ វិលទៅកាន់ពាក្យលើកស្ទួយបុគ្គល (Self-Empowerment) វិញ ។ នៅក្នុងទំនាក់ទំនងមនុស្សក្នុងសង្គមក៏ដូចជាក្នុងគ្រួសារ គោលគំនិតលើកស្ទួយបុគ្គល ជាកត្តាដ៏ល្អនិងសំខាន់បំផុត ក្នុងការពង្រឹងសមត្ថភាពមនុស្ស ។ វាបង្កើតផ្នត់គំនិតទទួលខុសត្រូវនៅក្នុងជីវិតមនុស្សម្នាក់ៗ ក៏ដូចជានៅក្នុងសង្គមទាំងមូលដែរ ។ ឧទាហរណ៍ជាក់ស្តែងមួយគឺទង្វើរបស់មន្ត្រីរដ្ឋការនៅក្នុងប្រទេសដែលដើរតាមគោលគំនិតលើកស្ទួយបុគ្គល និងប្រទេសដែលមិនដើរតាមគោលគំនិតលើកស្ទួយបុគ្គល ។ មន្ត្រីនៅក្នុងប្រទេសដែលលើកស្ទួយបុគ្គល រមែងទទួលស្គាល់កំហុសនិងលាលែងពីតំណែង នៅពេលមានគ្រោះមហន្តរាយអ្វីមួយដែលកើតមាន ដោយសារការធ្វេសប្រហែសឬទង្វើរបស់ខ្លួន ។ ឯមន្ត្រីឬមេដឹកនាំនៅក្នុងប្រទេសដែលគ្មានគោលការណ៍លើកស្ទួយបុគ្គល មិនដែលទទួលស្គាល់កំហុសរបស់ខ្លួនទេ ទោះបីកំហុសនោះស្លាប់មនុស្សអស់រាប់លាននាក់ក៏ដោយ ៕

Wednesday, October 19, 2022

ចំណីខួរក្បាល

រៀនសូត្រ មាតាបិតាស្ទើរតែគ្រប់រូបនៅក្នុងពិភពលោក រមែងគិតថាការព្យាយាមជម្រុញកូនៗឲ្យប្រឹងរៀនបន្ថែមនៅផ្ទះ គឺជាកត្តាបង្កឲ្យកូនរបស់ខ្លួនរៀនមិនចាញ់គេ ។ ជំនឿនេះ មិនដឹងជាកើតឡើងពីពេលណាមកទេ ។ តាំងតែពីខ្ញុំដឹងក្តីមក ខ្ញុំសង្កេតឃើញអ្នកអាណាព្យាបាលគ្រប់រូប បង្ខំកូនចៅឲ្យរៀនបន្ថែមនៅផ្ទះជាប្រចាំ ទោះបីជាកូនចៅទាំងនោះបានចំណាយពេលរៀននៅក្នុងសាលាប្រហែលជា ៦ម៉ោង ក្នុងមួយថ្ងៃរួចហើយក៏ដោយ ។ ខ្ញុំប្រើពាក្យ "បង្ខំ" នៅទីនេះគឺចង់បញ្ជាក់ថា កុមារដែលបានចំណាយពេល ៦ម៉ោង រៀននៅក្នុងសាលារួចហើយ ជាទូទៅមិនចង់បន្ថែមពេលវេលារៀនសូត្រប្រចាំថ្ងៃទៀតទេ ។ វាមិនខុសអ្វីអំពីកម្មកររោងចក្រកាត់ដេរដែលត្រូវបានគេបង្ខំឲ្យធ្វើការថែមម៉ោងឡើយ ។ មូលហេតុគឺនឿយហត់និងធុញទ្រាន់ ។ ក៏ប៉ុន្តែ អាណាព្យាបាលក្មេងស្ទើរតែគ្រប់រូប កម្រគិតអំពីប្រការនឿយហត់នេះណាស់ ។ យើងខ្វល់ខ្វាយខ្លាចតែកូនចៅរៀនចាញ់គេ ។ តាមការយល់ឃើញរបស់ខ្ញុំ កុមារដែលរៀនចាញ់គេ មិនប្រាកដថានឹងបរាជ័យនៅក្នុងជីវិតឡើយ ។ ហើយកុមារដែលរៀនឈ្នះគេ ក៏មិនប្រាកដថានឹងទទួលបានជោគជ័យនៅក្នុងដំណើរជីវិតដែរ ។ កូនសិស្សនៅក្នុងថ្នាក់រៀននិមួយៗមានចន្លោះពី ២០ ទៅ ៣០នាក់ ។ បើយើងចាត់ទុកអ្នកដែលបានលេខ ១ ដល់លេខ ៣ ជាអ្នកឈ្នះដូចនៅក្នុងការប្រកួតកីឡាអូឡាំពិក កូនសិស្សដទៃសុទ្ធតែជាអ្នកចាញ់ ។ តើនេះហើយឬជាអ្វីដែលយើងចង់បាន នៅក្នុងដំណើរលើកទឹកចិត្តក្មេងឲ្យប្រឹងប្រែងស្វែងរកពុទ្ធិ ឬក៏បណ្តុះបណ្តាលពលរដ្ឋរបស់សង្គម? ឲ្យតែកូនចៅអញឈ្នះគេ ចង់អាណាធ្លាក់ដល់ឋានបាតាលណាក៏ធ្លាក់ទៅ! និយាយមួយបែបទៀត៖ ឲ្យតែកូនចៅអញទទួលបានអំណាចនិងឱកាសហួងហែងការងាររកសុីផងទាំងពួង ចង់អាណាល្ហាមដល់កម្រិតណាក៏មិនឈឺក្បាលវិលមុខដែរ! ទុកគតិនយោបាយនេះមួយឡែក ។ អ្វីដែលខ្ញុំចង់យកមកពិភាក្សានៅក្នុងអត្ថបទនេះ គឺការរៀនសូត្រដោយគ្មានសម្ពាធ និងការរៀនសូត្រដែលមានសម្ពាធ ។ និយាយឲ្យងាយយល់គឺ រៀនសូត្រដោយអនុលោមតាមឆន្ទៈខ្លួន និងរៀនសូត្រដោយអនុលោមតាមឆន្ទៈរបស់អ្នកដទៃ ។ ខ្ញុំជាក្មេងមានសំណាងម្នាក់ពាក់ព័ន្ធនឹងការរៀនសូត្រនៅផ្ទះ ។ គឺថាមិនដែលឈឺក្បាលវិលមុខនឹងម៉ែឪដាស់តឿន ឬបង្ខំឲ្យរៀនឡើយ ។ មូលហេតុគឺ ម៉ែខ្ញុំមិនសូវចេះអក្សរ ។ ឯឪពុកខ្ញុំ គាត់ជាមនុស្សខ្ជិលរវីរវល់នឹងការរៀនសូត្ររបស់កូន ។ និយាយថាឪខ្ជិលដូចជាតិះដៀលគាត់ជ្រុលពេក ។ សូមចាត់ទុកគាត់ថាជាមនុស្សស្រឡាញ់សេរីភាពទៅចុះ ដ្បិតឪពុកខ្ញុំផ្តល់សេរីភាពឲ្យខ្ញុំច្រើនពាក់ព័ន្ធនឹងការរៀនសូត្រ ក៏ដូចជាការអភិវឌ្ឃអាកប្បកិរិយាដែរ (Character development) ។ តាំងតែពីខ្ញុំដឹងក្តីមក ឪពុកខ្ញុំមិនដែលលូកលាន់ជាមួយនឹងការរៀនសូត្ររបស់ខ្ញុំទេ ។ គាត់ផ្តល់ឲ្យខ្ញុំត្រឹមតែពាក្យមួយឃ្លាតែប៉ុណ្ណោះសម្រាប់ទុកជាឱវាទប្រចាំជីវិត៖ "ធ្វើជាមនុស្ស កុំចាំឲ្យគេឆ្កឹះដូចចន្លុះ" ។ That's it! ឪពុកខ្ញុំបណ្តុះបណ្តាលខ្ញុំជាមួយនឹងពាក្យតែពីរបីម៉ាត់នេះឯង ។ វាប្រៀបបាននឹងចាប់កូនក្មេងបោះចូលទៅក្នុងទឹកឲ្យហែល ។ បើឯងមិនហែលគឺលង់ស្លាប់ (Sink or swim!) ។ សម្រាប់ក្មេងជំនាន់ក្រោយដែលមិនស្គាល់ចន្លុះ វាជាវត្ថុសម្រាប់ដុតបំភ្លឺនៅពេលយប់ ។ គេធ្វើចន្លុះដោយយកស្លឹកព្រាលស្ងួតទៅជ្រលក់ក្នុងជ័រទឹក ហើយយកទៅចងរុំក្នុងស្រទបធាងស្លា ស្រទបចេក ឬក៏ស្លឹកត្នោត ដែលមានទំហំប៉ុនកដៃ ។ ដើម្បីកុំឲ្យភ្លើងចន្លុះរលត់ គេត្រូវយកមែកឈើឬមែកឫស្សីប៉ុនកូនដៃឆ្កឹះក្រញមធ្យូងចេញជារឿយៗ ។ ពាក្យ កុំចាំឲ្យគេឆ្កឹះដូចចន្លុះ គឺមានន័យថា កើតមកជាមនុស្ស គឺត្រូវភ្លឺស្វាង និងដឹងយល់អំពីកាតព្វកិច្ចរបស់ខ្លួន ។ ការបណ្តោយឲ្យក្មេងចាត់ចែងជោគវាសនាខ្លួន ពាក់ព័ន្ធនឹងការរៀនសូត្រ វាជារឿងប្រថុយប្រថានខ្លាំងណាស់ ។ ម៉ែឪដែលប្រថុយឲ្យកុមារចាត់ចែងកិច្ចការរៀនសូត្រដោយខ្លួនឯង គឺមានដោយកម្រ ។ ដូច្នេះ ទិន្នន័យកុមាររៀនសូត្រដោយសារឆន្ទៈរបស់ខ្លួន ក៏ប្រហែលជាក្រដែរ ។ នៅក្នុងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំចាំថាខ្ញុំចាប់ផ្តើមអានសៀវភៅនៅថ្នាក់ទី ២ ឬថ្នាក់ទី ១១ នៅសម័យមុន ។ មិនមាននរណាណែនាំខ្ញុំទេ ។ គឺខ្ញុំជ្រើសរើសការរៀនអានដោយខ្លួនឯង ។ ទង្វើរបស់ខ្ញុំនោះ អាចជាការព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់ជាមួយនឹងការហៅឲ្យឡើងអានអក្សរនៅលើក្តារខៀន ពីសំណាក់គ្រូបង្រៀន ។ សម័យនោះ បើអានអក្សរមិនដាច់ អាចនឹងត្រូវគ្រូវាយនឹងរំពាត់ ។ ឯលេខនព្វន្តនិងសូត្រមេលេខ ក្រៅអំពីរៀននៅក្នុងសាលា ខ្ញុំរៀនតែជាមួយនឹងបងប្អូននិងមិត្តភក្តិ (Peers study) ។ ឃ្លាមួយដែលខ្ញុំនៅចាំរហូតដល់សព្វថ្ងៃអំពីអនុស្សាវរីយ៍រៀនអានដំបូងៗនោះគឺ៖ អណ្តើកមួយ វា រ គើម ៗ ។ ពាក្យនេះគេប្រកប វារ គើមៗ ។ ប៉ុន្តែ ដោយហេតុតែខ្ញុំមិនទាន់យល់ដឹងអំពីពាក្យមាន រ និងគ្មាន រ ខ្ញុំក៏ប្រកបវាមិនឲ្យបាត់តួអក្សរឡើយ ។ រៀនសូត្រដោយអនុលោមតាមឆន្ទៈរបស់ខ្លួន អាចផ្តល់នូវគុណសម្បត្តិច្រើន ។ ជាបឋម វាបណ្តុះឲ្យមានផ្នត់គំនិតឯករាជ្យនៅក្នុងអត្តចរិតមនុស្ស ។ ជាមួយគ្នានេះដែរ វាក៏បង្វែរកាតព្វកិច្ចរៀនសូត្រឲ្យក្លាយមកជាបន្ទុករបស់បុគ្គល ។ កាលរស់នៅក្នុងរបបខ្មែរក្រហម ខ្ញុំធ្លាប់ឮពាក្យមួយឃ្លាដែលគេនិយាយថា៖ "ឯករាជ្យម្ចាស់ការ" ។ ពាក្យនេះ បើយើងគិតឲ្យជ្រៅបន្តិច វាមានសារសំខាន់ណាស់នៅក្នុងការ "កសាងគោលជំហរ" មនុស្ស ។ អៃយ៉ា! ពិចារណាចុះឡើងទៅលើកតម្កើងគំនិតខ្មែរក្រហមឯណាឯនោះឆ្កុយទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាកត្តាដ៏ធំបំផុតនៅក្នុងការរៀនសូត្រ គឺបណ្តុះឲ្យមានទំនុកចិត្តលើខ្លួនឯង ដែលភាសាអង់គ្លេសហៅថា (Self-esteem) ។ ទំនុកចិត្តលើខ្លួនឯងនឹងនាំឲ្យមាន ភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនបន្តទៅទៀត (Self-confidence) ។ ជីវិតគឺជាដំណើរការស្វែងយល់និងគំហើញ (Life is an exploration and discovery) ។ ការរៀនសូត្រក៏ដូចគ្នាដែរ ។ នៅក្នុងដំណើរស្វែងយល់និងគំហើញនេះ យើងចាំបាច់ត្រូវតែមានទំនុកចិត្តនិងជំនឿលើខ្លួនឯង ។ ថ្វីដ្បិតតែមនុស្សទាំងអស់ដែលបានឆ្លងកាត់ឬក៏កំពុងតែរៀនសូត្រ មិនដែលមាននរណាមានទំនុកចិត្តឬជំនឿលើសមត្ថភាពរបស់ខ្លួន ១០០% អ្នកដែលមានទំនុកចិត្តនិងជំនឿលើខ្លួនឯងរឹងមាំ ហាក់ដូចជាមិនសូវតក់ស្លុត ជាមួយនឹងការប្រឈមនឹងឧបសគ្គផងទាំងពួង នៅក្នុងការរៀនសូត្រ ក៏ដូចជានៅក្នុងដំណើរជីវិត ។ សម្រាប់ខ្ញុំ ខ្ញុំដឹងថាជីវិតខ្ញុំនេះកើតមកគ្មានស្ពាយទេពកោលស្យអ្វីមកជាមួយទេ ។ ខ្ញុំរៀនមិនសូវចេះមិនសូវចាំដូចមនុស្សភាគច្រើនដែរ ។ អ្វីដែលជាកត្តាជំនួយដល់ការរៀនសូត្ររបស់ខ្ញុំ គឺខ្ញុំមានទំនុកចិត្តនិងជំនឿលើសមត្ថភាពរបស់ខ្លួន ។ មិនដឹងថាទំនុកចិត្តនិងជំនឿនេះ វាកើតមានមកពីកំណើត ឬក៏ដោយសារតែឪពុកម្តាយខ្ញុំបណ្តោយឲ្យខ្ញុំ រៀនសូត្រទៅតាមក្បាលវ៉ាល់របស់ខ្ញុំនោះទេ ។ ប៉ុន្តែ ខ្ញុំចូលចិត្តជឿថា ទំនុកចិត្តនិងភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន កើតចេញមកអំពីការប្រឈមនិងដោះស្រាយបញ្ហាដោយខ្លួនឯងជាប្រចាំ ច្រើនជាងឧបនិស្ស័យពីកំណើត ។ កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំតែងតែកោតស្ញប់ស្ញែងនិស្សិតអាមេរិកាំង ដែលហាក់ដូចជាគ្មានភាពញញើតញញើម នៅក្នុងការជជែកវែកញែកជាមួយនឹងសាស្ត្រាចារ្យ ក៏ដូចជាជាមួយនឹងនិស្សិតគ្នាឯង ។ ភាពស្ញប់ស្ញែងនេះ បានញ៉ាំងឲ្យខ្ញុំព្យាយាមស្វែងយល់អំពីប្រវត្តិនៃការរៀនសូត្ររបស់ពួកគេ ពីសំណាក់មិត្តភក្តិអាមេរិកាំងមួយចំនួន ។ យោងតាមអ្វីដែលខ្ញុំបានដឹង អាមេរិកាំងបណ្តុះបណ្តាលកូនក្នុងវិស័យសិក្សា ដោយផ្អែកលើគោលគំនិតទូទៅមួយ ដែលភាសាអង់គ្លេសហៅថា៖ Hands off ឬ ហូតកន្លុះលែង ។ គួរបញ្ជាក់ថា ហូតកន្លុះលែងនៅទីនេះ មិនមែនលែងចោលទេ ។ អ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងដូចគ្នា គ្រាន់តែគេមិនដឹកច្រមុះ ។ បើគិតឲ្យសុីជម្រៅបន្តិច មាតាបិតាអាមេរិកាំងផ្ទុកផ្តាក់កាតព្វកិច្ចរៀនសូត្រឲ្យកូនចាត់ចែងដោយខ្លួនឯង ច្រើនជាងចាត់ចែងជំនួសកូន ។ ប្រការមួយទៀតគឺពិន្ទុនិងការប្រកួតប្រជែងគ្នា ។ និស្សិតអាមេរិកាំងភាគច្រើន មិនសូវនិយាយឬគិតអំពីរឿងឈ្នះចាញ់នៅក្នុងការរៀនសូត្រឡើយ ។ យើងផ្តោតតែទៅលើរឿងជាប់និងធ្លាក់ពិន្ទុតែប៉ុណ្ណោះ ។ ឈ្នះនិងចាញ់ មិនមែនសម្រេចនៅក្នុងថ្នាក់រៀន ឬក៏ពិន្ទុខ្ពស់ទាបទេ ។ អ្នកណាឈ្នះ អ្នកណាចាញ់ គឺសម្រេចនៅពេលដែលយើងចេញទៅប្រកបការងារចិញ្ចឹមជីវិត ។ រឿងផ្តល់សេរីភាពឲ្យកុមាររៀនសូត្រដោយអនុលោមតាមចំណង់ ដោយគ្មានសម្ពាធឬការបង្ខិតបង្ខំ ប្រហែលជាត្រូវការជជែកវែកញែកវែងឆ្ងាយ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកគំនិតមួយទៀតមកពិចារណា ។ ចំណេះដឹង មិនថារៀនចេញពីសាលា ឬក៏រៀងអំពីមិត្តភក្តិអ្នកស្រុកភូមិផងរបងជាមួយទេ គឺអាស្រ័យលើការចងចាំជាក់លាក់យូរអង្វែង ។ នៅពេលការចងចាំនោះបាត់បង់ ចំណេះដឹងក៏វាបាត់បង់ទៅជាមួយដែរ ។ អ្នកសិក្សាអំពីប្រវត្តិសាស្ត្រ នៅពេលភ្លេចប្រវត្តិសាស្ត្រ ពួកគេនឹងដើជាន់ដានប្រវត្តិសាស្ត្រ មិនខុសអំពីមនុស្សដែលជុះអាចម៍រួចហើយ ងើបដើរត្រឡប់ក្រោយទៅជាន់អាចម៍ខ្លួនឯងនោះទេ ។ អ្វីដែលខ្ញុំចង់និយាយនៅទីនេះគឺ គុណសម្បត្តិនៃការរៀនសូត្រដោយផ្អែកលើឆន្ទៈ ។ ខ្ញុំមានជំនឿថា ការរៀនសូត្រដោយផ្អែកលើឆន្ទៈរបស់ខ្លួន ផ្តល់លទ្ធភាពឲ្យយើងចងចាំអ្វីដែលយើងរៀន បានយូរអង្វែង ។ និយាយអំពីរឿងយូរអង្វែងនេះ មានកំណាព្យពីរនៅក្នុងសៀវភៅ យើងអាន ថ្នាក់កុមារដ្ឋានដែលខ្ញុំនៅចងចាំទាំងស្រុង ។ ថ្វីដ្បិតតែខ្ញុំភ្លេចចំណងជើងកំណាព្យទាំងពីរ ។ ក៏ប៉ុន្តែ ខ្ញុំអាចសូត្រកំណាព្យទាំងពីរ អត់មានភ្លេចពាក្យមួយឃ្លាឡើយ ។ កំណាព្យទីមួយចាប់ផ្តើមដោយពាក្យ៖ ម៉ាក់សុខញ៉ាំបាយ សុខឃើញពីឆ្ងាយ ដើរមកក្រឡឹង ដល់ជិតក្អកឃុះ ឲ្យម៉ាក់វាដឹង ម្តាយយល់ដំណឹង សុខមករកញ៉ាំ ។ កំណាព្យទីពីរ៖ រាល់ល្ងាចម៉ោងប្រាំ តាមខ្ញុំចំណាំ ប៉ាចូលក្នុងច្បារ ស្រោចទឹកបោចស្មៅ ដង្កូវនានា បេះចេញពីផ្កា មិនឲ្យសល់មួយ ។ កំណាព្យទាំងពីរនេះ ខ្ញុំបានអាននៅគ្រាចុងក្រោយបំផុតក្នុងអំឡុងឆ្នាំ ១៩៧៤ ។ ចាប់តាំងពីឆ្នាំ ១៩៧៤ មកដល់បច្ចុប្បន្ន ជីវិតខ្ញុំបានជួបនឹងព្រឹត្តិការណ៍ជាច្រើន ។ ប្រការដែលខ្ញុំអាចចងចាំកំណាព្យទាំងពីរនេះតាំងពីដើមដល់ចប់ វាគឺជារឿងមិនធម្មតាមួយ ។ រឿងមួយទៀតគឺកាលពីជាង ៣០ឆ្នាំកន្លងទៅនេះ ខ្ញុំបានទៅចុះឈ្មោះរៀននៅមហាវិទ្យាល័យ ដោយជ្រើសរើសយកមុខវិជ្ជាសរសេរសារពត៌មានជាអាជីព (Major) ។ លោកគ្រូទីប្រឹក្សាដែលមានភារៈណែនាំនិងចុះហត្ថលេខាទទួលស្គាល់ ឬអនុញាតិឲ្យខ្ញុំរៀនក្នុងមុខវិជ្ជានានា បានព្យាយាមឲ្យខ្ញុំប្តូរយកមុខវិជ្ជាផ្សេង ។ គាត់មើលឃើញថា ជនអន្តោប្រវេសន៍ដែលមិនសូវចេះភាសាអង់គ្លេសជ្រៅជ្រះដូចខ្ញុំ មិនអាចឬក៏លំបាកនឹងរៀនបានជោគជ័យក្នុងមុខវិជ្ជាសរសេរសារពត៌មាននេះណាស់ ។ បើខ្ញុំអាចពុះពារទៅរួច ខ្ញុំក៏លំបាកនឹងស្វែងរកអាជីពជាអ្នកសារពត៌មាននៅក្នុងស្រុកអាមេរិក ដែលពោរពេញទៅដោយការប្រកួតប្រជែងស្រួចស្រាល់នោះដែរ ។ ខ្ញុំព្យាយាមរកគ្រប់មធ្យោបាយដើម្បីឲ្យគាត់អនុញាតិឲ្យខ្ញុំរៀនមុខវិជ្ជាសារពត៌មាន ។ នៅទីបំផុត ខ្ញុំក៏ទទួលបានការអនុញាតនិងទទួលបានជោគជ័យនៅក្នុងការសិក្សា ។ ក៏ប៉ុន្តែ ដូចដែលលោកគ្រូទីប្រឹក្សាបានព្យាករណ៍ ខ្ញុំមិនអាចរកការងារធ្វើក្នុងអាជីពជាអ្នកកាសែតបានឡើយ ។ ខ្ញុំក៏បានបោះបង់និងបំភ្លេចការរៀនសូត្រនោះចោលរហូតមកដល់ថ្ងៃនេះ ។ បើគិតជាពេលវេលា វាមានរយៈពេលជាង ៣០ឆ្នាំហើយ ។ ក៏ប៉ុន្តែ ថ្វីដ្បិតតែត្រូវបានខ្ញុំបោះបង់និងបំភ្លេចចោល គោលការណ៍និងបច្ចេកទេសនានាអំពីការសរសេរសារពត៌មាន វានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំច្បាស់ដូចពន្លឺថ្ងៃ ។ ខ្ញុំហ៊ានអះអាងថា ខ្ញុំអាចធ្មេចភ្នែកពន្យល់ ឬបង្រៀនអំពីបច្ចេកទេសសរសេរសារពត៌មានដោយមិនចាំបាច់មានសៀវភៅមេរៀនឡើយ ។ ប្រការដែលមនុស្សអាចចងចាំចំណេះដឹងច្បាស់លាស់ និងយូរអង្វែងនេះ ខ្ញុំគិតថាវាមានទំនាក់ទំនងជាមួយនឹងការរៀនសូត្រដោយអនុលោមទៅតាមឆន្ទៈរបស់បុគ្គលម្នាក់ៗ ។ គុណសម្បត្តិនេះ វាក៏ទាក់ទិននឹងគុណភាពនៃចំណេះដឹងរបស់បុគ្គលដែរ ៕

Saturday, September 24, 2022

ចំណីខួរក្បាល

ពិការញាណអូទីហ្សឹម (Autism) ៤ នេះជាអត្ថបទទី ៤ហើយ ដែលខ្ញុំសរសេរអំពីពិការញាណអូទីហ្សឹម ។ ភាពងប់ងល់ (Obsess) ជាមួយនិងអាការរោគអូទីហ្សឹមនេះ បានធ្វើឲ្យអ្នកផ្ទះខ្ញុំគិតថា ខ្ញុំប្រហែលជាមនុស្សរងគ្រោះរស់ជាមួយនឹងអាការរោគអូទីហ្សឹម ។ តាមពិត ខ្ញុំរស់ជាមួយនឹងកិច្ចពិភាក្សាពិការញាណមានរយៈពេលជិត ៣០ឆ្នាំហើយ ។ ខ្ញុំបានភពប្រសព្វជាមួយនឹងកិច្ចពិភាក្សាអំពី ADHD, Autism, and Down Syndrome តាំងតែពីឆ្នាំ ១៩៩៦ មកម្លេះ ។ ក្នុងចំណោមពិការញាណធំៗទាំងបី នៅមានមែកធាងតូចៗរបស់វាតទៅទៀត ។ ក៏ប៉ុន្តែ អូទីហ្សឹម គឺជាសតិបញ្ញារោគមួយ ដែលមានលក្ខណៈស្មុគស្មាញពិសេសពិបាកយល់ និងគួរឲ្យចង់ស្វែងយល់ ។ វាធ្វើឲ្យមនុស្សបាត់បង់ម្ចាស់ការលើអាកប្បកិរិយារបស់ខ្លួនផង និងលាក់បំបាំងសក្តានុពលរបស់មនុស្សផង ។ តាមពិត ខ្ញុំមិនសូវជាចាប់អារម្មណ៍ជាមួយនឹងអាការរោគពិការញាណទេ ដ្បិតខ្ញុំគិតថាមនុស្សណាក៏កើតមកពិការញាណដែរ គ្រាន់តែតិចហើយនិងច្រើន ។ ក៏ប៉ុន្តែ ទិដ្ឋិរបស់ខ្ញុំទាក់ទងនឹងពិការញាណបានផ្លាស់ប្តូរ បន្ទាប់ពីជួបនឹងយុវនារីដ៏ស្រស់សោភាមួយរូប ។ នាងជាមនុស្សពិការញាណអូទីហ្សឹម ដែលចូលមករៀបរាប់រឿងរ៉ាវជីវិតរបស់នាង ក្នុងនាមជាមនុស្សរស់ជាមួយអាការរោគអូទីហ្សឹម នៅចំពោះមុខគណកម្មាធិការសិក្សាស្រាវជ្រាវមួយ ។ ឆ្លើយតបទៅនឹងសំណួរ ថាតើនាងប្រាថ្នាឲ្យមនុស្សជុំវិញខ្លួននាងធ្វើដូចម្តេច ដើម្បីជួយសម្រួលដល់ការរស់នៅរបស់នាង ។ ចម្លើយដ៏ខ្លីរបស់នាងគឺ៖ នាងប្រាថ្នាឲ្យមនុស្សជុំវិញខ្លួននាង ព្យាយាមយល់អំពីនាងឲ្យបានប្រសើរបន្តិច (I wish people around me understand me better.) ។ គួរបញ្ជាក់ថា យុវតីនោះរៀនបានខ្ពង់ខ្ពស់ និងមានរូបឆោមល្អល្អាច់ណាស់ ។ បើនាងមិននិយាយថា នាងជាមនុស្សរស់ជាមួយនឹងអាការរោគ អូទីហ្សឹម គ្មានអ្នកណាអាចមើលដឹងឡើយ ។ អ្វីដែលជារឿងអកុសលសម្រាប់នាង គឺនាងមិនអាច ឬពិបាកសម្របខ្លួនឲ្យចុះសម្រុងនៅក្នុងសង្គម ។ រឿងរបស់នាងនិងរឿងប្រលោមលោក មិនចុះសម្រុងនឹងជីវិត មានស្ថានភាពប្រហាក់ប្រហែលគ្នា ។ គឺរឿងរបស់យុវតីនេះហើយ ដែលនាំឲ្យខ្ញុំត្រឡប់ទៅគាស់កកាយពត៌មាននានាពាក់ព័ន្ធនឹងពិការញាណ ដែលបានកប់នៅក្នុងខួរក្បាលខ្ញុំជាងពីរទសវត្សរ៍កន្លងទៅនេះ ។ អាការរោគអូទីហ្សឹម ចែកចេញជាបីកម្រិតគឺ៖ ស្រាល មធ្យម និង ធ្ងន់ ។ អត្ថបទនេះ ខ្ញុំផ្តោតតែទៅលើកម្រិត មធ្យម ទេ ដ្បិតវាហាក់ដូចជាបង្កប់នូវអាថ៌កំបាំងច្រើននៅក្នុងដំណើរលូតលាស់របស់មនុស្ស ។ តាមស្ថិតិមួយដែលខ្ញុំបានប្រទះកាលពីប៉ុន្មានឆ្នាំមុន អូទីហ្សឹម បង្កទុក្ខកង្វល់ដល់ជីវិតមនុស្សប្រមាណជា ១ កណ្តក់សញ្ញា ៤ ភាគរយ ។ ក៏ប៉ុន្តែស្ថិតិនេះ មិនបង្ហាញទិន្នន័យពេញលេញទេ ដ្បិតការសិក្សាអំពីអូទីហ្សឹមមិនទាន់ទូលំទូលាយ ហើយអ្នកជម្ងឺដែលគេយកមកបញ្ចូលក្នុងទិន្នន័យនេះ ភាគច្រើនគឺស្ថិតនៅក្នុងកម្រិតធ្ងន់ ។ បើយើងបូកបញ្ចូលកម្រិតស្រាលនិងមធ្យមផង វាអាចមានចំនួនពី ៤ ទៅ ៥ ភាគរយ ។ ដូច្នេះ ក្នុងចំណោមមនុស្ស ១០០នាក់ យ៉ាងហោចណាស់ក៏មាន ៤នាក់ កើតមកជាមួយនឹងអាការរោគ អូទីហ្សឹម ។ ការកត់សម្គាល់ ឬធ្វើរោគវិនិច្ឆ័យអូទីហ្សឹម គឺងាយស្រួលនៅអំឡុងពេលមនុស្សមានអាយុពី ១ ទៅ ៣ឆ្នាំ ។ រោគសញ្ញាមួយដែលមនុស្សទូទៅអាចកត់សម្គាល់អាការរោគ អូទីហ្សឹម ដោយមិនចាំបាច់ទៅពឹងពាក់អ្នកឯកទេស គឺការក្រចេះនិយាយ ។ កុមារអូទីហ្សឹម ជាពិសេសក្មេងប្រុស អាចនឹងមិនចេះនិយាយរហូតដល់អាយុបីឆ្នាំ ។ នៅក្នុងភាសាអង់គ្លេសគេហៅប្រការនេះថា Delayed Developmet (លូតលាស់យឺត) ។ ប្រការមួយទៀតគឺការគ្រញែងខ្លួនញឹកញាប់ និងធ្វើចលនាជារឿយៗដែលភាសាអង់គ្លេសហៅថា Excitable (ញញាក់ញញ័រដូចស្វាឃើញចេកទុំ) ។ ដូច្នេះ បើកុមារលូតលាស់ចូលដល់ខួបទីពីរហើយមិនទាន់ចេះនិយាយ និងមានអាការចលនាដូចរៀបរាប់ខាងលើ យើងគួរសន្មត់ថា វាអាចមានផលវិបាកជាមួយនឹងអូទីហ្សឹម ។ មូុលហេតុដែលយើងត្រូវធ្វើដូច្នេះ ពីព្រោះកុមារអូទីហ្សឹម ត្រូវការជំនួយគាំពារពិសេសនៅក្នុងដំណើរជីវិតមិនដូចកុមារដទៃទេ ។ នៅសហរដ្ឋអាមេរិក ច្បាប់មិនអនុញាតិឲ្យយកកុមារអាយុក្រោម ៥ឆ្នាំ ទៅធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់អំពីអូទីហ្សឹមឡើយ ។ នៅប្រទេសដទៃក៏ប្រហែលជាដូចគ្នា ។ ដូច្នេះ បើយើងរង់ចាំបញ្ជាក់អាការរោគឲ្យបានជាក់លាក់ វាអាចយឺតពេលនៅក្នុងការបណ្តុះបណ្តាលកុមារ ក៏ដូចជាធ្វើអន្តរាគមនានាដើម្បីជួយពង្រឹកការលូតលាស់ ។ កុមារអូទីហ្សឹម មាននិន្នាការអត្តចរិតឆ្ពោះទៅរក អវិជ្ជមាននិយម នៅក្នុងដំណើរជីវិត ។ យើងអាចនិយាយថា កុមារណាក៏មានអត្តចរិតទោរទៅរកអវិជ្ជមាននិយមដែរ ប្រសិនបើយើងមិនតម្រែតម្រង់វា ។ ក៏ប៉ុន្តែ កុមារអូទីហ្សឹម មានចរិតរឹងត្អឹងមិនងាយបត់បែនឡើយ បន្ទាប់ពីវាទទួលយកកត្តាឬក៏ការអនុវត្តិអ្វីមួយនៅក្នុងដំណើរជីវិត ថាជាប្រក្រតីភាព (Daily Routine or Norms) ។ ឧទាហរណ៍ បើម្តាយជាអ្នកនាំវាអានសៀវភៅរៀងរាល់ល្ងាច សមាជិកគ្រួសារដទៃនាំវាអាន វានឹងបដិសេធមិនអានជាមួយឡើយ ។ បើចង់ឲ្យវាអានជាមួយនឹងអ្នកផ្សេង នៅក្នុងករណីម្តាយមិននៅផ្ទះ លុះត្រាណាតែយើងប្រាប់ហេតុផលនឹងទទួលបានការយល់ព្រមជាមុន ។ គឺភាពរឹងត្អឹងពិបាកបត់បែនអាកប្បកិរិយានេះហើយ ដែលធ្វើឲ្យមនុស្សរស់ជាមួយនឹងអាការរោគអូទីហ្សឹម ពិបាកសម្របខ្លួនឲ្យចុះសម្រុងជាមួយនឹងសង្គមខាងក្រៅ ។ យោងតាមរឿងរ៉ាវនានា (Testimonies) ដែលពណ៌នាដោយអ្នកអាណាព្យាបាលកុមារអូទីហ្សឹម ក៏ដូចជាមនុស្សរស់ជាមួយនឹងអាការរោគអូទីហ្សឹម កត្តាមួយចំនួនដែលនាំទៅរកផលវិបាកនៅក្នុងជីវិត គឺហាក់ដូចជាមានទម្រង់ (Patterns) ដែលយើងអាចយកមកផ្គុំគ្នាដើម្បីស្វែងយល់ ថាតើហេតុអ្វីបានជាការបណ្តុះបណ្តាល និងចិញ្ចឹមមនុស្សរស់ជាមួយនឹងអូទីហ្សឹម ជួបប្រទះឧបស័គ្គច្រើន ។ ១) ចំណាប់អារម្មណ៍ (Interest)៖ ជាទូទៅ ការផ្តួចផ្តើមអាកប្បកិរិយារបស់កុមារ ចាប់ផ្តើមអំពីការចាប់អារម្មណ៍លើរបស់ ឬសកម្មភាពអ្វីមួយ ។ ឧទាហរណ៍ មើលកុននៅក្នុងទូរទស្សន៍ អាយហ្វូន ឬ អាយផេត ។ បន្ទាប់ពីជ្រើសរើសយករឿង ឬសកម្មភាពអ្វីមួយមកអនុវត្តិ កុមារអូទីហ្សឹមនឹងផ្តោតតែទៅលើរឿង ឬសកម្មភាពមួយនោះដដែលជាដដែលមិនងាយផ្លាស់ប្តូរឡើយ ។ ភាសាអង់គ្លេសហៅថា Repetitive Activity ។ ២) ទម្លាប់ (Habit)៖ សកម្មភាព ដូចជាធ្វើអ្វីមួយដដែលៗយូរទៅ វានឹងក្លាយទៅជាទម្លាប់ ។ សម្រាប់កុមារអូទីហ្សឹម នៅពេលដែលវាចាប់យកទង្វើអ្វីមួយមកធ្វើជាទម្លាប់ ការបង្វិលអារម្មណ៍វាឲ្យទៅធ្វើអ្វីផ្សេងគឺមិនងាយទេ ។ ឧទាហរណ៍ បើវាធ្លាប់មើល អាយផេត រៀងរាល់ថ្ងៃបន្ទាប់ពីត្រឡប់មកពីសាលារៀន ប្រសិនបើយើងបញ្ឈប់ទម្លាប់នោះដើម្បីឲ្យវាអានសៀវភៅ ឬធ្វើអ្វីផ្សេង វានឹងកើតទុក្ខមិនសុខចិត្តទាល់តែសោះឡើយ ។ ពាក់ព័ន្ធនឹងទម្លាប់នេះ ប្រសិនបើវាធ្លាប់ប្រើរបស់អ្វីមួយ វាមិនងាយនឹងលះបង់របស់នោះទេ ទោះបីជាយើងយករបស់ដូចគ្នាថ្មីមួយទៀងមកផ្លាស់ប្តូរ ក៏វាមិនព្រមដែរ ។ បើរបស់វាប្រើខូច ហើយចាំបាច់ត្រូវតែប្តូរយករបស់ថ្មីមួយទៀត គប្បីពន្យល់ហេតុផលឲ្យទាល់តែវាយល់ ទើបវាសុខចិត្តប្រើរបស់ថ្មី ។ នៅក្នុងក្របខ័ណ្ឌទម្លាប់នេះដែរ ប្រសិនបើកុមារអូទីហ្សឹម យល់ព្រមទទួលយកសកម្មភាពអ្វីមួយមកអនុវត្តិ វានឹងធ្វើកិច្ចការនោះជាប្រចាំដោយមិនចាំបាច់នរណាដាស់តឿនវាទេ ។ ៣) អាកប្បកិរិយា (Behavior)៖ ចំណាប់អារម្មណ៍ ទម្លាប់ បន្ទាប់មកគឺ អាកប្បកិរិយា ។ កុមារអូទីហ្សឹមមានអាកប្បកិរិយាចម្លែកនិងពិបាកយល់ច្រើន ។ អៀនប្រៀន មិនចូលចិត្តភាពអ៊ូរអ ឬក៏ខ្លាចខុសរឿងជាដើម ។ អាកប្បកិរិយាខ្លះកើតចេញពីចំណាប់អារម្មណ៍និងទម្លាប់ ។ អាកប្បកិរិយាខ្លះទៀតកើតចេញពីកំណើតមកតែម្តង ។ ចំណុចសំខាន់មួយនៅក្នុងអាកប្បកិរិយារបស់កុមារអូទីហ្សឹម គឺភាពទន់ជ្រាយ (Sensitivity) ។ កុមារអូទីហ្សឹមមានអាកប្បកិរិយា និងឥរិយាបទទន់ជ្រាយងាយរងផលប៉ះពាល់ណាស់ (Very susceptible to adversity) ។ ឥរិយាបទទន់ជ្រាយងាយរងផលប៉ះពាល់នេះ គឺជាកត្តាស្លាប់រស់មួយដែលអាចសម្រេចជោគវាសនាមនុស្សអូទីហ្សឹម ថាតើជីវិតនាថ្ងៃអនាគតនឹងមានភ័ព្វ ឬអភ័ព្វ ។ គួរកត់សម្គាល់ដែរថា នៅក្នុងក្របខណ្ឌនៃភាព "ទន់ជ្រាយ" នេះ កុមារអូទីហ្សឹមរមែងជ្រើសរើសមនុស្សម្នាក់នៅក្នុងគ្រួសារ មកធ្វើជាបង្អែកដែលភាសាអង់គ្លេសហៅថា Role model or Confidant (មនុស្សដែលទុកចិត្ត) ។ កុមារអូទីហ្សឹមជាទូទៅ ប្រព្រឹត្តិតាម ឬក៏ស្វែងរកដំបូន្មានពីសំណាក់មនុស្សដែលគេផ្តល់ទំនុកចិត្តឲ្យ ច្រើនលើសលុប ។ ដូច្នេះ តួនាទីរបស់មនុស្សដែលទទួលបានទំនុកចិត្តខ្ពស់នេះ ក៏ជាកត្តាស្លាប់រស់មួយដែរ នៅក្នុងការបណ្តុះបណ្តាលអត្តចរិតរបស់មនុស្សអូទីហ្សឹម ។ ៤) ទទួលស្គាល់ភាវត្រឹមត្រូវ (Accepting Norms)៖ នៅក្នុងសង្គមមនុស្ស យើងរស់នៅក្រោមការគ្រុបគ្រងនៃច្បាប់ទម្លាប់សង្គមដែលភាសាអង់គ្លេសហៅថា Social Norms ។ ថ្វីដ្បិតតែមនុស្សទូទៅគោរពច្បាប់ទម្លាប់សង្គម ក៏មានមនុស្សខ្លះប្រព្រឹត្តិខុស ឬក៏ផ្ទុយអំពីច្បាប់ទម្លាប់សង្គមដែរ ។ ឧទាហរណ៍ យកកាំភ្លើងទៅបាញ់គេឯងនៅក្នុងទីផ្សារ ឬក៏បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណជាដើម ។ ដូចដែលខ្ញុំបានលើកឡើងខាងលើ ។ អត្តចរិតកុមារអូទីហ្សឹម ហាក់ដូចជាមានទំនោរទៅរកអវិជ្ជមាននិយម ។ ដូច្នេះ សកម្មភាពផ្ទុយនឹងច្បាប់ទម្លាប់សង្គម (Anti-social behaviors)ជាទូទៅរមែងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីសំណាក់កុមារអូទីហ្សឹម ។ ប្រការនេះ ប្រសិនបើមិនមានការបន្ទុចបង្អាក់ (Interrupt or Divert)នៅក្នុងដំណើរ ចំណាប់អារម្មណ៍ ទម្លាប់ និង អាកប្បកិរិយា ទេ វានឹងឈានចូលទៅដល់ ទទួលស្គាល់ភាវត្រឹមត្រូវ (Accepting Norms) ។ នៅពេលដែលផ្នត់គំនិតអវិជ្ជមានណាមួយត្រូវបានកុមារអូទីហ្សឹមទទួលស្គាល់ថា ជាភាវត្រឹមត្រូវ ការអប់រំណែនាំឲ្យវាកែប្រែចិត្តគំនិត គឺពិបាកមិនខុសអំពី សុីសុីហ្វុស (Sisyphus) លីដុំថ្មឡើងទៅលើកំពូលភ្នំឡើយ ។ វាជាការព្យាយាមមួយ ដែលពិបាកនឹងរកជោគជ័យឃើញ ។ សង្ខេបមកវិញ ការអប់រំបណ្តុះបណ្តាលកុមារអូទីហ្សឹម គឺត្រូវសង្កេតឲ្យបានដិតដល់ជាប្រចាំ ។ សកម្មភាព ឬអត្តចរិតអវិជ្ជមាន ដែលយើងមិនចង់ឲ្យដិតជាប់នៅក្នុងផ្នត់គំនិត គឺចាំបាច់ត្រូវតែបន្ទុចបង្អាក់ ឬក៏បង្វែបង្វិលបំបរបង់នៅក្នុងដំណាក់កាលទី ១ ទី ២ ឬ ទី ៣ ។ នៅពេលភាវអវិជ្ជមានឈានចូលដល់ដំណាក់កាលទី ៤ ការកែប្រែផ្នត់គំនិតគឺពិបាកនឹងធ្វើណាស់ សម្រាប់មនុស្សអូទីហ្សឹម ។ ដូចគ្នាដែរ នៅពេលដែលកុមារចម្រើនវ័យលើស ១៨ឆ្នាំ ការអប់រំចិត្តនិងផ្នត់គំនិតឲ្យឃ្លាតចេញអំពីភាវអវិជ្ជមាននានាក៏លំបាកនឹងធ្វើ ។ ដូច្នេះ ពេលវេលាមូលដ្ឋាន សម្រាប់តម្រង់ទិសដៅជីវិតរបស់មនុស្ស ដែលរស់ជាមួយនឹងអាការរោគអូទីហ្សឹម មានមិនច្រើនទេ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីចំណុចដ៏សំខាន់មួយពាក់ព័ន្ធនឹងការថែទាំគាំពារកុមារអូទីហ្សឹម ។ នៅក្នុងសង្គមខ្មែរ ការវាយប្រដៅកូនក្មេងដើម្បីហាត់ពត់លត់ដំអត្តចរិតរបស់វា ដែលភាសាអង់គ្លេសហៅថា Corporal punishment គឺជាការអនុវត្តិតជំនាន់ (Acceptable Norms) ។ សម្រាប់កុមារអូទីហ្សឹម ការប្រើអំពើហឹង្សា ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី គឺមិនប្រាកដថា អាចអូសទាញវាឲ្យដើរទៅរកផ្លូវដែលយើងចង់ឲ្យវាទៅនោះទេ ។ មិនតែប៉ុណ្ណោះ វាអាចនឹងផ្តល់លទ្ធផលផ្ទុយពីអ្វីដែលយើងចង់បាន ។ នៅក្នុងភាសាអង់គ្លេស គេហៅថា Adverse Effects ។ ឧទាហរណ៍ បន្ទាប់ពីរងការវាយប្រដៅជាប្រចាំ ឥទ្ធិពលនៃការវាប្រដៅនោះនឹងដក់ជាប់ក្នុងផ្នត់គំនិតរបស់កុមារអូទីហ្សឹម ចាប់ពីដំណាក់កាលទី ១ ដល់ទី ៤ ដែលនៅទីបំផុតត្រូវបានទទួលស្គាល់ថា "ជាភាវត្រឹមត្រូវ" (Acceptable Norms) ។ នៅពេលកុមារអូទីហ្សឹមទទួលស្គាល់ថា អំពើហឹង្សា ជាភាវត្រឹមត្រូវសម្រាប់ប្រដែប្រដៅមនុស្ស វានឹងប្រើវិធីនោះទៅលើមនុស្សដទៃ ដែលមានទំនាក់ទំនងជាមួយវា ។ បើជាកូនសិស្ស វាអាចក្លាយទៅជាអ្នកលេង (Bully) ។ ផ្នត់គំនិតហឹង្សានិយមនេះ ក៏អាចរាលដាលទៅភពប្រសព្វ ជាមួយនឹងប្រពន្ធកូនថែមទៀតផង ។ មនុស្សអូទីហ្សឹម អាចវាយដំច្រំធាក់ប្រពន្ធកូន នៅពេលដែលអ្នកទាំងនោះធ្វើអ្វីមួយឃ្នើសចិត្ត ។ លទ្ធផលក្រឡាប់ចាក់មួយទៀតដែលអំពើហឹង្សាធ្វើឲ្យប៉ះពាល់ដល់ផ្នត់គំនិតកុមារអូទីហ្សឹម គឺការចុះចាញ់ (Submissive attitude) ។ ពេលខ្លះ កុមារអូទីហ្សឹមដែលរងការវាយប្រដៅជាប្រចាំ អាចក្លាយទៅជាមនុស្សចុះចាញ់ គ្មានទឹកចិត្តប្រឈមតតាំង ជាមួយនឹងការបំពារបំពានមកលើផ្លូវកាយនិងផ្លូវចិត្ត ពីសំណាក់អ្នកដទៃទេ ។ លទ្ធផលចុងក្រោយ កុមារអូទីហ្សឹមអាចក្លាយទៅជាគោលដៅនៃការមាក់ងាយ (Bullying target) ពីសំណាក់មនុស្សផងទាំងពួង ។ សម្រាប់ក្មេងឬមនុស្សស្រីដែលមានអាការរោគអូទីហ្សឹម ផលប៉ះពាល់ទៅលើអត្តចរិតក៏ដូចគ្នាទៅនឹងមនុស្សប្រុសដែរ គ្រាន់តែផ្ទុយអាកប្បកិរិយា (Reverse Condition) ។ កុមារីភាគច្រើនទទួលយកការចុះចាញ់ (Submissive attitude) មកធ្វើជាបង្អែក ។ ករណី "អ្នកលេង" នៅក្នុងជីវិតកុមារីអូទីហ្សឹម មិនសូវមានទេ ។ ជារឿយៗ យើងរមែងបានជួបនឹងករណីមនុស្សស្រីត្រូវបានប្តី ឬគូសង្សារវាយធ្វើបាប ក៏ប៉ុន្តែមិនព្រមចាកចេញគេចអំពីអំពើហឹង្សានោះឡើយ ទោះបីជាមានអន្តរាគមនិងជំនួយគាំពារពីសំណាក់ញាតិមិត្ត ច្រើនយ៉ាងណាក៏ដោយ ។ ផ្នត់គំនិតចុះចាញ់និយម (Submissive Syndrome) នេះ ប្រៀបបានទៅនឹងគុកងងឹត ដែលបិទមិនឲ្យជនរងគ្រោះសម្លឹងរកហេតុផលឃើញ ។ និយាយអំពី អូទីហ្សឹម នៅក្នុងជីវិតកុមារី គួរកត់សម្គាល់ថា ជាទូទៅកុមារីមិនបង្ហាញរោគសញ្ញាអូទីហ្សឹម ងាយស្រួលកត់សម្គាល់ដូចកុមារាឡើយ ។ ជាលទ្ធផល អាការរោគអូទីហ្សឹមរបស់កុមារីច្រើនតែត្រូវបានគេមើលរំលង (Go Undetected) ។ ដើម្បីជៀសវាងការមើលរំលងនេះ បើយើងមានកូនប្រុសរងគ្រោះដោយសារអាការរោគអូទីហ្សឹម ដែលត្រូវការការគាំពារពិសេស គួរផ្តល់ការគាំពារនោះទៅដល់កូនស្រីដែរទៅ ។ វាមិនចង្រៃអ្វីទេ ។ ថ្វីដ្បិតតែមិនទាន់មានភស្តុតាងច្បាស់លាស់ អូទីហ្សឹមជាជម្ងឺពូជពង្សវង្សត្រកូល យ៉ាងហោចណាស់ក៏មានកម្រិត ៥០% ដែរ ។ វាមិនរើសអើងភេទប្រុសឬស្រីទេ ។ មកដល់ចំណុចនេះ ខ្ញុំសូមបង្វែអារម្មណ៍មិត្តអ្នកអានទៅកាន់យុវតី ដែលខ្ញុំយកមកធ្វើជាប្រធានបទ នៅខាងដើមអត្ថបទនេះវិញម្តង ។ ករណីរបស់នាងគឺគ្មានអ្វីក្រៅអំពីការមើលរំលងនេះឡើយ (No telltale signs) ។ ប្រសិនបើនាងមានរោគសញ្ញាអូទីហ្សឹមដូចកុមារា ជីវិតរបស់នាងប្រហែលជាអាចជៀសវាងជោគវាសនាអភ័ព្វជាច្រើន ៕

Friday, September 9, 2022

ចំណីខួរក្បាល

ជំនឿលើព្រលឹងដូនតា (Spiritual Belief) មុនពេលបានភពប្រសព្វជាមួយនឹងសាសនានានាដូចជា ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និង គ្រីសសាសនា ពលរដ្ឋខ្មែរគោរពបូជាអ្នកតា ។ ភូមិខ្មែរនីមួយៗ ជាទូទៅច្រើនមានខ្ទមអ្នកតាមួយនៅក្បែរនោះ ។ អ្នកស្រុកតែងតែយកសំណែនទៅដាក់ ឬក៏អុចធូបបន់ស្រន់នៅមុខខ្ទមអ្នកតា បន្ទាប់ពីឆ្លងផុតគ្រោះភ័យ ឬក៏ដើម្បីសុំឲ្យបានជោគជ័យនៅក្នុងកិច្ចការអ្វីមួយ ។ សព្វថ្ងៃ យើងមិនសូវឃើញមានខ្ទមអ្នកតានៅតាមភូមិទៀតទេ លើកលែងតែអ្នកតាធំៗដូចជាអ្នកតា ឃ្លាំងមឿង អ្នកតាមេស ជាដើម ។ ក៏ប៉ុន្តែ យើងសង្កេតឃើញមានខ្ទមទេវតា ឬរានទេវតានៅមុខផ្ទះអ្នកស្រុកស្ទើរតែគ្រប់ផ្ទះ មិនថាក្នុងទីក្រុងឬជនបទឡើយ ។ រានទេវតានេះដើរតួជាខ្ទមអ្នកតាផង និងជាទីសក្ការៈនៃព្រលឹងដូនតាផង ។ ព្រលឹងដូនតាមិនមែនជាអាទិទេពទេ ។ រីឯអ្នកតាក៏ប្រហែលជាមិនមែនអាទិទេពដែរ ។ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរហាក់ដូចជាមិនបែងចែកអាទិទេពនិងអ្នកតា ឬព្រលឹងដូនតាឡើយ ។ ទាំងអស់គ្នាសុទ្ធតែជាសភាវៈមានអំណាច ។ អ្វីដែលជាភាពខុសគ្នារវាងព្រលឹងដូនតា និង អ្នកតាឬអាទិទេព គឺស្ថិតត្រង់ព្រលឹងដូនតាគ្រុបគ្រងតែនៅក្នុងគ្រួសារនីមួយៗ មិនមានឥទ្ធិពលនៅក្នុងសហគមទេ ។ ឯបុព្វការីជនដែលតំណាងឲ្យព្រលឹងដូនតានោះ ក៏មិនមានអ្វីសម្គាល់ជាលក្ខណៈសាកលដែរ ។ ការគោរពបូជា ភាគច្រើនគឺស្ថិតនៅក្នុងចិត្ត ជាជាងស្ថិតនៅលើនិមិត្តរូបអ្វីមួយ ។ តាំងតែពីបុរមបុរាណមក ខ្មែរយើងមិនសូវហ៊ានប្រព្រឹត្តិអំពើអាក្រក់ដូចជាកុហកបោកប្រាស់អ្នកភូមិផងរបងជាមួយឡើយ ដ្បិតខ្លាចអ្នកតាកាច់ ។ "អ្នកតាកាច់" គឺជាយុត្តិធម៌ក្រៅប្រព័ន្ធមួយដែលជួយរារាំងមនុស្សនៅក្នុងសង្គមកុំឲ្យប្រព្រឹត្តិអំពើអាក្រក់ ជាពិសេសការបោកប្រាស់គ្នា ។ ក៏ប៉ុន្តែ ផ្នត់គំនិតអ្នកតាកាច់នេះ បានសាបរលាបអំពីសង្គមខ្មែរស្ទើរតែអស់រលីងទៅហើយ ។ ជាលទ្ធផល មានមនុស្សជាច្រើននៅក្នុងសង្គមខ្មែរហ៊ានកេងប្រវ័ញ្ចបោកប្រាស់គ្នាដោយគ្មានខ្លាចរអា ។ ប្រការនេះក៏បានរបូតរលូតចូលមកក្នុងសង្គមគ្រួសារខ្លះៗដែរ ។ នៅក្នុងស្មារតីគោរពព្រលឹងដូនតា គោលការណ៍ព្រហ្មវិហាធម៌ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដើរតួសំខាន់ជាទីបំផុត ។ បងប្អូនបង្កើត ឬក៏អាចដល់ជីដូនមួយ កម្របង្កទុក្ខលំបាកនិងច្រណែននិន្ទាឈ្នានីសគ្នាណាស់ ។ ភាពស្មោះត្រង់នឹងគ្នាគឺគ្មានលក្ខខណ្ឌឡើយ ។ ប្រការតែមួយគត់ដែលធ្វើឲ្យយើងប្រកាន់ខ្ជាប់នូវអាកប្បកិរិយានេះ គឺយើងខ្លាចបុព្វការីជនដាក់ទណ្ឌកម្មនៅក្នុងរូបភាពផ្សេងៗ ។ វាជាអរូបជំនឿមួយ ដែលខ្ញុំគិតថាសូម្បីតែមនុស្សបានបួសរៀនមានចំណេះដឹងជ្រៅជ្រះយ៉ាងណា ក៏មិនហ៊ានប្រមាទដែរ ។ អ្វីដែលជារឿងគួរឲ្យស្ញប់ស្ញែញនោះគឺថា យើងមិនអាចបញ្ជាក់អំពីភស្តុតាងជាក់លាក់បានទេ ថាតើគ្រោះ ឬលាភណាមួយ កើតចេញអំពីអន្តរាគមរបស់ព្រលឹងដូនតា (Divine Intervention) ។ ក៏ប៉ុន្តែ មនុស្សជាច្រើន នៅតែកោតក្រែងនិងជឿលើព្រលឹងដូនតា ។ ទោះបីជាយើងមិននិយាយលាតត្រដាងជាសាធារណក៏ដោយ ក៏យើងលាក់ទុកជំនឿនោះនៅក្នុងចិត្តដែរ ។ មួយជីវិតនេះ ខ្ញុំសង្ស័យថាបានភពប្រសព្វជាមួយនឹងព្រលឹងដូនតា យ៉ាងហោចណាស់ក៏ពីរដង ។ ម្តងនោះខ្ញុំគេចពីកំណែន ក៥ នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ទៅលាក់ខ្លួនពួនអាត្មាជាមួយនឹងបងប្រុសនៅក្នុងខេត្ត កំពង់ធំ ដោយទុកម្តាយមេម៉ាយនិងប្អូនពៅឲ្យនៅធ្វើចម្ការឯខេត្ត កំពង់ចាម តែពីរនាក់ម៉ង់ៗ ។ ប្អូនខ្ញុំកាលនោះវាកំពុងនៅរៀន ។ ដូច្នេះ កិច្ចការចម្ការស្រែដើម្បីទ្រទ្រង់ជីវិតត្រូវម្តាយខ្ញុំជាអ្នករ៉ាប់រងតែម្នាក់ឯង ។ ពួនស្នាក់នៅកំពង់ធំបានជិតកន្លះឆ្នាំ ខ្ញុំស្រាប់តែឈឺធ្មេញយ៉ាងខ្លាំងរហូតដល់ស្រែកយំដូចកូនក្មេង ។ លេបឬក៏ដាក់ថ្នាំអ្វីក៏មិនបាត់ដែរ ។ ទាល់ចំណេះ ម្តាយក្មេករបស់បងប្រុសខ្ញុំក៏ទៅអញ្ជើញមេមត់នៅក្នុងភូមិមកជួយព្យាបាល ។ មេមត់ចូលរូបហើយនិយាយរបៀបខឹងថា ខ្មោចឪពុកខ្ញុំខឹងនឹងខ្ញុំដោយសារតែមិននៅជួយម្តាយប្រកបការងារចិញ្ចឹមជីវិត ។ បន្ទាប់ពីសន្យាថា ខ្ញុំនឹងវិលត្រឡប់ទៅរស់នៅជុំនឹងម្តាយវិញ មេមត់នោះក៏ចេញរូបវិលមកកាន់សភាពធម្មតា ។ ឯការឈឺធ្មេញរបស់ខ្ញុំក៏បាត់ដូចគេបេះភ្លាមៗដែរ ។ អព្ភូតហេតុទីពីរគឺកើតមានប្រមាណជា ៩ឆ្នាំកន្លងទៅនេះ ។ កាលនោះ ភរិយាខ្ញុំទើបនឹងសម្រាលកូនបានមួយឆ្នាំ ។ គាត់ធុញថប់តប់ប្រមល់ដោយសារតែរកការងារធ្វើមិនបាន ។ មិត្តភក្តិគាត់ម្នាក់រស់នៅក្នុងទីក្រុង បុសតុន ដែលមានចម្ងាយប្រហែលជិត ១០០០គីឡូម៉ែត្រពីកន្លែងយើងរស់នៅ ប្រាប់ភរិយាខ្ញុំថាកន្លែងគាត់ត្រូវការបុគ្គលិក ។ ដូច្នេះ ភរិយាខ្ញុំក៏សម្រេចចិត្តនាំកូនទៅរស់នៅទីនោះដើម្បីមានការងារធ្វើ ។ ខ្ញុំឃាត់គាត់យ៉ាងណា ក៏គាត់មិនស្តាប់ដែរ ។ ទាល់ចំណេះ ខ្ញុំក៏សម្រេចចិត្តបើកឡានជូនគាត់ ឲ្យទៅរស់នៅទីផ្សេងបែកខ្ញែកគ្នាបណ្តោះអាសន្ន ។ មួយថ្ងៃមុនចេញដំណើរ ភរិយាខ្ញុំអុចធូបបីសរសៃយកទៅដោតនៅមុខរូបថតម្តាយខ្ញុំដែលស្ថិតនៅលើខ្នងទូរ ហើយនិយាយអេចអូចមិនដឹងជាគាត់បន់ស្រន់រឿងអីទេ ។ ស្អែកឡើង អ្នកគ្រូអនក្ខរកម្មរបស់គាត់ទូរសព្ទមកប្រាប់ភរិយាខ្ញុំថា កន្លែងលក់កូនឈើមួយដែលគាត់ស្គាល់ត្រូវការជ្រើរើសបុគ្គលិក ។ ផែនការធ្វើដំណើរទៅរស់នៅទីក្រុង បុសតុន របស់ភរិយាខ្ញុំក៏បានក្លាយជាផែនស្ករនាគ្រានោះទៅ ។ ចាប់តាំពីថ្ងៃនោះមក ឲ្យតែមានព្រឹត្តិការណ៍អ្វីមួយដែលគាត់ត្រូវប្រឈម ដូចជាកិច្ចសម្ភាសន៍សុំចូលធ្វើការងារជាដើម អ្នកផ្ទះខ្ញុំតែងតែអុចធូបបួងសួងនៅមុខរូបថតម្តាយខ្ញុំជានិច្ច ។ តាមពិត ជោគជ័យ ឬមិនជោគជ័យ គឺអាស្រ័យលើសមត្ថភាពរបស់ភរិយាខ្ញុំទាំងស្រុង ។ ក៏ប៉ុន្តែ ជំនឿទៅលើព្រលឹងដូនតា វាហាក់ដូចជាកប់ជ្រៅនៅក្នុងព្រលឹងមនុស្សរស់ ដែលយើងពិបាកនឹងបែងចែក ថាតើព្រលឹងមួយណាជាអ្នកសម្រេចជោគវាសនាមនុស្សនៅក្នុងដំណើរជីវិត ។ ក្រៅអំពីអន្តរាគមជួយដោះទុក្ខកង្វល់កូនចៅ ព្រលឹងដូនតាក៏ត្រូវបានខ្មែរយើងយកមកធ្វើជាភ្នាក់ងារសង្គ្រោះជីវិតពេលមានអាសន្នអន់ក្រដែរ ។ ថ្មីៗនេះ ពេលដែលខ្ញុំក្តៀនលាមកអស់រយៈពេលមួយអាទិត្យ មន្ទាប់ពីការវះកាត់ឫសដូងបាត ខ្ញុំក៏បានអុចធូបសុំឲ្យព្រលឹងដូនតាជួយ ។ នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំដឹងថា វាជាបញ្ហាទាក់ទងនឹងជីវសាស្ត្រ (Biology) ដែលជាលទ្ធផលនៃការជួសជុលប្រព័ន្ធបន្ទោបង់របស់ខ្ញុំ ។ ក៏ប៉ុន្តែ មន្ទាប់ពីប្រើថ្នាំតាមក្បួនវេជ្ជសាស្ត្រអស់ចិត្ត មិនទទួលបានលទ្ធផលទៅតាមអ្វីដែលយើងរំពឹងទុក ខ្ញុំក៏ចាប់ផ្តើមគិតទៅដល់អំណាចអរូប ដែលជាទូទៅយើងមិនសូវនឹកនាទេ លុះណាតែស្ថិតនៅក្នុងសភាពទាល់ច្រក ។ សរុបមកវិញ ព្រលឹងដូនតាមិនមានអ្វីជាភស្តុតាងជាក់លាក់សម្រាប់បញ្ជាក់អំពីអំណាច ឬឥទ្ធិពលប្រាកដប្រជាឡើយ ។ ប៉ុន្តែ មានពលរដ្ឋខ្មែរជាច្រើន ទាំងគេទាំងខ្ញុំ ទាំងអ្នកមានចំណេះដឹងជ្រៅជ្រះ ទាំងអ្នកគ្មានចំណេះដឹង គោរពបូជាប្រៀបដូចជាអាទិទេព ។ វាជាអព្ភូតហេតុមួយដែលពិបាកយល់ ពិបាកពន្យល់ និង ពិបាកទទួលស្គាល់ ។ ជំនឿ! ៕

Friday, September 2, 2022

ចំណីខួរក្បាល

អាមេរិកាំង ចាប់តាំងពីថ្ងៃចូលមករស់នៅក្នុងស្រុកអាមេរិកកាលពីជាង ៣០ឆ្នាំកន្លងទៅ គោលដៅមួយរបស់ខ្ញុំគឺស្វែងយល់អំពីរបៀបរបបរស់នៅ និងអត្តចរិតរបស់ជនជាតិអាមេរិកាំង ។ ប៉ុន្តែ អ្វីដែលខ្ញុំធ្លាប់គិតមុនពេលមករស់នៅក្នុងស្រុកនេះ គឺខុសស្ទើរតែទាំងអស់ ។ ជនជាតិអាមេរិកាំងមានពូជអម្បូរនិងដើមកំណើត ចេញមកអំពីតំបន់ជាច្រើននៅលើពិភពលោក ។ ប្រការនេះបានធ្វើឲ្យវប្បធម៌នៃការរស់នៅរបស់ពលរដ្ឋអាមេរិកាំង មានសភាពជាពហុវប្បធម៌និយម (Multi-culturalism) ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំគឺ អាមេរិកអត់មានវប្បធម៌ជាតិ និង ភាសាជាតិទេ ។ គេជ្រើសយកភាសាអង់គ្លេសមកប្រើជាផ្លូវការ គឺដោយសារតែមនុស្សភាគច្រើននិយមប្រើភាសានេះ ។ ក្រសួងវប្បធម៌ក៏គ្មាន ។ ក្រសួងពត៌មានក៏គ្មាន ។ ភាសាជាតិក៏គ្មាន ។ ឯក្រសួងអប់រំជាតិ មានតែឈ្មោះ ប៉ុន្តែគ្មានតួនាទីអ្វីធំដុំក្នុងវិស័យអប់រំពលរដ្ឋឡើយ ។ វាជារឿងគួរឲ្យឆ្ងល់ពន់ពេកណាស់ ថាតើប្រទេសមួយអាចរីកចម្រើនទៅមុខដូចម្តេចទៅ បើគ្មានសារធាតុ"ជាតិ"សំខាន់ៗមួយចំនួនខាងលើ ។ បើយើងសង្កេតឲ្យបានសុីជម្រៅបន្តិច ជនជាតិអាមេរិកាំងមាននិន្នាការទោរទៅរកឧត្តមគិតិនិយម (Idealism) ។ គេផ្តល់អាទិភាពឲ្យគំនិត ឬឧត្តមគតិ ខ្ពស់ជាងជាតិ ។ នៅក្នុងផ្នត់គំនិតពលរដ្ឋអាមេរិកាំង ឧត្តមគតិផ្តល់កំណើតឲ្យជាតិ (Ideal precedes national existence) ។ បើគេការពារឧត្តមគតិបាន ជាតិនឹងមានអត្ថិភាព ។ ប្រការនេះ យើងអាចមើលឃើញនៅក្នុងពាក្យពេចន៍សច្ចាប្រណិធាន របស់មន្ត្រីរដ្ឋការគ្រប់ជាន់ថ្នាក់ចាប់តាំងពីប្រធានាធិបតីរហូតដល់កូនទាហាន ដែលមានខ្លឹមសារយ៉ាងខ្លីថា៖ ការពាររដ្ឋធម្មនុញ្ញ ។ ការពាររដ្ឋធម្មនុញ្ញ ឬគំនិត ជាជាងការពារជាតិ បើយើងគិតឲ្យល្អិតបន្តិច វាហាក់ដូចជាសមហេតុផល ពីព្រោះមានតែជាតិតែគ្មានគំនិត ជាតិនោះប្រហែលជាមិនអាចគង់វង្សយូរឡើយ ។ នៅក្នុងវិស័យការពារជាតិ ក្រៅអំពីការឲ្យអាទិភាពទៅលើឧត្តមគតិនិយម អាមេរិកាំងមិនសូវផ្តោតលើគំនិតជាតិនិយមទេ (Nationalism) ។ កាលពួកភេរវករ អាល់កៃដា បើកការវាយប្រហារលើសហរដ្ឋអាមេរិកនៅឆ្នាំ ២០០១ ប្រធានាធិបតីអាមេរិកាំងគឺលោក ចច្ច ប៊ុស្ស ប្រកាសថា៖ "សេរីភាពត្រូវបានគេវាយប្រហារ" (Freedom has been attacked) ។ គាត់អត់និយាយថា ប្រទេសជាតិ ត្រូវបានគេវាយប្រហារឡើយ ។ ប្រការចម្លែកមួយទៀត គឺការបង្វែរគំនិតមាក់ងាយរបស់បច្ចាមិត្តឲ្យក្លាយទៅជាស្មារតីតស៊ូដើម្បីបុព្វហេតុជាតិ ។ នៅក្នុងការតស៊ូរបស់កងឈ្លបរខេករខាកអាមេរិកាំង (Ragtag Guerrilla) ដើម្បីរំដោះខ្លួនចេញអំពីនឹមអាណានិគមចក្រភពអង់គ្លេស កងឈ្លបទាំងនោះត្រូវបានកងទ័ពអង់គ្លេសដេញបាញ់រត់កំប៉ាងជើងចូលទៅក្នុងព្រៃវិញជាញឹកញាប់ ។ កងទ័ពអង់គ្លេសបានសរសេរទំនុកច្រៀងឡកឡាយមួយ រៀបរាប់អំពីទុក្ខវេទនារបស់កងឈ្លបអាមេរិកាំងទាំងនោះ ដោយដាក់ចំណងជើងថា៖ Yankee Doodle ។ ពាក្យ Yankee ទៀតសោតក៏ជាពាក្យមាក់ងាយមើលថោកដែរ ។ ប៉ុន្តែ ពលរដ្ឋអាមេរិកាំង បង្វិលទាំងពាក្យ Yankee ទាំងទំនុកច្រៀង Yankee Doodle ឲ្យក្លាយទៅជានិមិត្តរូបនៃជាតិ ។ វាជាការបង្កើតមោទនភាពជាតិ ចេញអំពីសំរាមនៅក្នុងកែវភ្នែករបស់បច្ចាមិត្ត ។ នៅក្នុងការអន្តរាគម ឬក៏ជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ អាមេរិកាំងក៏ផ្តោតតែទៅលើគោលការណ៍សេរីភាពដែរ ។ មានប្រទេសជាច្រើន ដែលបានភពប្រសព្វជាមួយនឹងអាមេរិកាំងនៅក្នុងកិច្ចការនេះ ។ ប៉ុន្តែ មិនមានប្រទេសច្រើនទេ ដែលទទួលបានជោគជ័យក្នុងការបណ្តុះគោលការណ៍សេរីភាព នៅក្នុងសង្គមរបស់ខ្លួន ។ ជាលទ្ធផល អាមេរិកាំងត្រូវបានគេតេះដៀលតជំនាន់ ប្រៀបដូចជាឪពុកម្តាយដៀលគ្រូបង្រៀន នៅពេលដែលកូនរបស់ខ្លួនរៀនមិនបានជោគជ័យ ។ ហេតុផលដែលធ្វើឲ្យបេសកកម្មបណ្តុះដាំសេរីភាពរបស់អាមេរិកាំងបរាជ័យមានច្រើន ។ ក៏ប៉ុន្តែ ដំណាំមិនលូតលាស់ វាមិនអាស្រ័យលើអ្នកដាំទាំងស្រុងឡើយ ។ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចប់ អាមេរិកាំងទទួលភារកិច្ចកែច្នៃប្រទេសពីរគឺ អាល្លឺម៉ង់ និង ជប៉ុន ដែលជាមេក្រមីបង្កឲ្យមានសង្គ្រាមនេះកើតឡើង ។ ក្រៅអំពីផ្តល់ជំនួយសេដ្ឋកិច្ច និង ដាក់កំហិតដែនកំណត់មួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរ អាមេរិកទុកឲ្យពលរដ្ឋនៃប្រទេសទាំងពីរប្រឹងប្រែងដោយខ្លួនឯងដើម្បីថែរទាំសេរីភាពរបស់ខ្លួន ក៏ដូចជាទប់ស្កាត់កុំឲ្យអំណាចប្រមូលផ្តុំវិលត្រឡប់មកវិញ ។ បច្ចុប្បន្ន ពលរដ្ឋនៃប្រទេសអាល្លឺម៉ង់និងជប៉ុន រស់នៅក្នុងស្ថានភាពមួយដែលមានសេរីភាពប្រហាក់ប្រហែលនឹងអាមេរិកដែរ ។ មានប្រទេសមួយទៀតដែលបានទទួលវិភាគទានសេរីភាព ជាពិសេសនិតិរដ្ឋ ពីសហរដ្ឋអាមេរិកហើយលើកកម្ពស់វាស្ទើរតែមិនមាននរណាធ្វើដូច ។ កូរ៉េខាងត្បូង ។ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ប្រទេសកូរ៉េខាងត្បូងរងការឈ្លានពានពីសំណាក់កូរ៉េខាងជើងដែលជាកូនជឹងកុម្មុយនីស្ត ។ កូរ៉េខាងត្បូងស្ទើរតែបាត់បង់អត្ថិភាពរបស់ខ្លួនទៅហើយ នៅពេលអាមេរិកាំង ក្រោមរូបភាពអង្គការសហប្រជាជាតិ ទៅជួយស្រោចស្រង់ ។ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា (Armistice) អាមេរិកផ្តល់ឲ្យកូរ៉េខាងត្បូងត្រឹមតែប្រព័ន្ធការពារខ្លួនពីសំណាក់ការឈ្លានពានរបស់សត្រូវ ។ ឯការដឹកនាំប្រទេសតាមគោលការណ៍ប្រជាធិបតេយ្យ ដោយមានសេរីភាពកម្រិតណា គឺពលរដ្ឋកូរ៉េខាងត្បូងជាអ្នកសម្រេច ។ លោក ប៉ាក់ ជុងហ៊ី ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនៅទសវត្សរ៍ឆ្នាំ ១៩៨០ បានកៀបសង្កត់និងរឹតត្បិតសេរីភាពពលរដ្ឋកូរ៉េខាងត្បូងយ៉ាងខ្លាំងនាគ្រានោះ ។ ក៏ប៉ុន្តែ ពលរដ្ឋកូរ៉េខាងត្បូងបានតស៊ូយ៉ាងស្វិតស្វាញមិនអនុញាតិឲ្យលោក ប៉ាក់ ជុងហ៊ី មានឱកាសបង្កើតអំណាចប្រមូលផ្តុំបានឡើយ ។ និតិរដ្ឋនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានពង្រឹងបន្តិចម្តងៗរហូតដល់សព្វថ្ងៃ ដែលសូម្បីតែអតីតប្រធានាធិបតីប្រព្រឹត្តិបទល្មើសបន្តិចបន្តួចនៅក្នុងតួនាទីរបស់ខ្លួន ក៏ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដែរ ។ ចំណុចនេះ កូរ៉េខាងត្បូងសម្រេចបានគុណភាពនិតិរដ្ឋខ្ពស់ហួសពីសហរដ្ឋអាមេរិក ដែលជាអ្នកបង្ហាត់បង្ហាញ ។ បើនិយាយអំពីយុទ្ធោបករណ៍សម្រាប់ធ្វើសឹកសង្គ្រាម អាមេរិកាំងផ្តោតទៅលើកិច្ចការពារខ្លួនច្រើនជាងវាយប្រហារ (Defensive rather than offensive) ។ ជាលទ្ធផល យុទ្ធោបករណ៍អាមេរិកាំងច្រើនមានគុណភាពខ្ពស់ ពីព្រោះធម្មជាតិនៃយុទ្ធោបករណ៍ការពារ ត្រូវតែមានលទ្ធភាពរារាំងនិងបំផ្លាញគូប្រកួត ។ ប្រការនេះប្រហែលជាពាក់ព័ន្ធនឹងកត្តាមួយដែលថា យុទ្ធោបករណ៍យោធាអាមេរិកាំងស្ទើរតែទាំងអស់គឺផលិតដោយក្រុមហ៊ុនឯកជន ។ ដូចជារបស់ប្រើប្រាស់ប្រចាំថ្ងៃដែរ ការប្រកួតគ្នាដើម្បីដណ្តើមទីផ្សារ ឬទទួលបានសិទ្ធិផលិតអាវុធឲ្យសហរដ្ឋអាមេរិក បង្កឲ្យមានការជម្រុះចោលនូវយុទ្ធោបករណ៍អន់ មិនសូវមានប្រសិទ្ធភាព ។ បើនិយាយអំពីយោធាវិញ ទាហានអាមេរិកាំងអត់ចេះរាំជាក្រុម និងដើរបង្ហាញម៉ូដទេ ។ គេកម្រឃើញទាហានអាមេរិកាំងធ្វើព្យុះហយាត្រាបង្ហាញសាច់ដុំណាស់ ។ ខ្ញុំធ្លាប់ឃើញទាហានអាមេរិកាំងដើរដេហ្វីឡេ តែម្តងគត់នៅក្នុងទសវត្សឆ្នាំ ១៩៩០ បន្ទាប់ពីប្រតិបត្តិការវាយបណ្តេញកងទ័ព អ៊ីរ៉ាក់ ចេញពីប្រទេសគុយវ៉េត ។ ការដើរដេហ្វីឡេនោះ គឺគេដើរបង់បោយធម្មតា ដោយដាក់ទាហានខ្ពស់ជាងគេនៅផ្នែកខាងមុខ និងទុកទាហានទាបជាងគេឲ្យដើរនៅផ្នែកខាងក្រោយបំផុត ដើម្បីងាយស្រួលដល់ពួកគេចាកចេញពីជួរទៅសម្រាកបើហត់ខ្លាំង ។ ទង្វើនេះមិនមែនមានន័យថា ទាហានអាមេរិកាំងទន់ជ្រាយនោះទេ ។ វាគ្រាន់តែគេមិនឲ្យអាទិភាពទៅលើការបង្ហាញម៉ូដនៅក្នុងវិស័យយោធាតែប៉ុណ្ណោះ ។ និយាយអំពីយុទ្ធោបករណ៍សឹកសង្គ្រាម យើងក៏គួររំលឹកអំពីការប្រណាំងប្រជែងសព្វាវុធផងដែរ ។ ថ្វីដ្បិតតែបច្ចុប្បន្នយើងមិនសូវនិយាយអំពីការប្រណាំងប្រជែងសព្វាវុធរវាងប្រទេសលោកសេរីនិងប្រទេសកុម្មុយនីស្ត ឬប្រទេសផ្តាច់ការក្តី ការប្រណាំងប្រជែងនេះ នៅតែបន្តក្តៅគគុកដដែល ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយបំផុតដែលយើងអាចមើលឃើញនៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រេនបានបង្ហាញថា សព្វាវុធដែលផលិតដោយអតីតសហភាពសូវៀត មិនសូវមានប្រសិទ្ធភាពទេ ។ ប្រការនេះ ប្រហែលជាទាក់ទិនទៅនឹងការផ្តោតលើគុណភាព និងបរិមាណ ។ នៅក្នុងទសវត្សឆ្នាំ ១៩៨០ ក៏ដូចជាបច្ចុប្បន្ន អតីតសហភាពសូវៀត ឬប្រទេសរុស្សុីសព្វថ្ងៃមានកាំជ្រួចបរមាណូច្រើនជាងសហរដ្ឋអាមេរិកប្រហែលពីរដង ។ ទោះបីជាមានច្រើនជាងពីរដងក៏ដោយ ក៏សហភាពសូវៀតកើតទុក្ខមិនសុខចិត្តជាមួយនឹងការប្រណាំងប្រជែងសព្វាវុធនេះដែរ ។ បន្ទាប់ពីប្រធានាធិបតីនៃសហរដ្ឋអាមេរិកគឺលោក រូណាល់ រេហ្គិន ប្រកាសបង្កើតប្រព័ន្ធការពារនៅក្នុងលំហដែលភាសាអង់គ្លេសហៅថា Star War សហភាពសូវៀតបានប្រតិកម្មយ៉ាងខ្លាំង ។ ប្រការនេះបាននាំឲ្យប្រទេសទាំងពីរឈានទៅកាន់កិច្ចព្រមព្រៀងកាត់បន្ថយសព្វាវុធដែលហៅកាត់ថា"អំបិល" SALT ។ ការជម្រុញឲ្យមានការកាត់បន្ថយអាវុធប្រល័យលោកនេះ មិនមែនសហភាពសូវៀតគិតអំពីមនុស្សធម៌ទេ ។ កត្តាតែមួយគត់គឺសហភាពសូវៀតមិនមានទំនុកចិត្តលើសមត្ថភាពកាំជ្រូចឆ្លងទ្វីបរបស់ខ្លួន ថាអាចគេចផុតអំពីការបាញ់កម្ទេចចោលនៅលើអាកាសពីសំណាក់កាំជ្រួចអាមេរិកាំង ។ ការមិនទុកចិត្តនេះ បានស្តែងចេញមកនៅអំឡុងពេលសង្គ្រាមបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីប្រទេសគុយវ៉េត ខណៈដែលកាំជ្រួចស្កុត (Scud Missiles) ដែលផលិតដោយសហភាពសូវៀត ត្រូវបានបាញ់កម្ទេចចោលនៅលើអាកាសអស់យ៉ាងច្រើន ដោយប្រព័ន្ធកាំជ្រួចអ្នកការពារជាតិ (Patriot Missiles) របស់អាមេរិកាំង ។ បើកាំជ្រួចបាញ់ឆ្លងប្រទេសតូចៗ គេអាចបាញ់កម្ទេចចោលនៅលើអាកាសបាន កាំជ្រួចបាញ់ឆ្លងទ្វីបដែលមានទំហំធំៗនោះ វាប្រាកដជាមិនពិបាកក្នុងការបាញ់កម្ទេចវាចោលនៅលើអាកាសឡើយ ។ ការប្រណាំងប្រជែងសព្វាវុធរបស់ប្រទេសមហាអំណាច ជាអាវុធមុខពីរ ។ វាធ្វើឲ្យប្រទេសធំៗទាំងនោះរឹងមាំផ្នែកយោធា ហើយក៏ធ្វើឲ្យប្រទេសតូចតាចមានលទ្ធភាពការពារខ្លួនពីសំណាក់ការរុកគួនរបស់ប្រទេសអនុត្តរភាពធំៗដែរ ។ ការបង្វែរបច្ចេកវិជ្ជាសំខាន់ៗដូចជា ប្រព័ន្ធ អ៊ីនថឺណិត ជីភីអេស និង ផ្កាយរណប ។ល។ (Internet, GPS, and Satellites, etc.) ពីវិស័យយោធាឲ្យឆ្លងទៅកាន់វិស័យពាណិជ្ជកម្ម បានធ្វើឲ្យការធ្វើសឹកសង្គ្រាមងាកចេញពីយុទ្ធោបករណ៍ មករកការច្នៃប្រតិឌ្ឋនិងភាពឆ្លាតវៃវិញម្តង ។ ឯការប្រយុទ្ធតតាំងគ្នាក៏លែងផ្អែកលើការវាយដណ្តើមយកទឹកដីមកគ្រុបគ្រងដែរ ។ សង្គ្រាមនៅក្នុងសម័យទំនើបនេះ គឺផ្តោតលើការបង្ហូរឈាមនិងច្បិចយកជីវិត ដែលភាសាអង់គ្លេសហៅថា៖ Attrition ។ វាជាប្រភេទសង្គ្រាមអាធំសំពងអាតូច អាតូចលួចធ្វើទុក្ខបុកម្នេញអាធំ ប្រៀបបាននឹងកុនតុក្កតាឆ្មានិងកណ្តុរ (Tom and Jerry) ។ ការប្រយុទ្ធគ្នាប្រភេទនេះ គ្មានអ្នកចាញ់ ហើយក៏គ្មានអ្នកឈ្នះដែរ ។ មានតែអ្នករងគ្រោះតែប៉ុណ្ណោះ ។ សង្គ្រាមរបស់រុស្សុីនៅក្នុងប្រទេសអ៊ុយក្រេនបច្ចុប្បន្ន គឺកំពុងស្ថិតនៅក្នុងស្ថានភាពនេះ ។ ថ្វីដ្បិតតែយើងមិនទាន់ដឹងថាលទ្ធផលនឹងទៅជាយ៉ាងណា យើងអាចរំពឹងទុករួចទៅហើយថា ប្រទេសតូចតាចជាច្រើនកំពុងសិក្សាអំពីយុទ្ធោបករណ៍សឹកសង្គ្រាម ជាពិសេសឧបករណ៍ហោះហើរតូចៗដែលភាសាអង់គ្លេសហៅថា ដ្រូន Drone, or UAV (Unmanned Aerial Vehicle) ។ និយាយអំពី ដ្រូន ឬ (UAV) អាមេរិកាំងក៏ប្រហែលជាមេក្រមីបង្កលក្ខណៈឲ្យឧបករណ៍នេះ រីករាលដាលពីវិស័យយោធាទៅកាន់វិស័យពាណិជ្ជកម្មដែរ ។ តាមពិត ឧបករណ៍ ដ្រូន នេះត្រូវបានគេប្រើនៅក្នុងសឹកសង្គ្រាមតាំងតែពីដើមសតវត្សទី ២០ម្លេះ ។ ក៏ប៉ុន្តែ ទើបតែនៅក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះទេ ដែលឧបករណ៍ដ្រូនត្រូវបានមនុស្សទូទាំងពិភពលោកចាប់អារម្មណ៍ បន្ទាប់ពីឃើញសហរដ្ឋអាមេរិកប្រើវានៅក្នុងការតាមប្រមាញ់និងវាយប្រហារពួកភេរវករ អាល់កៃដា ដោយមិនចាំបាច់បញ្ជូនកងទ័ពឲ្យទៅកាន់ទីតាំងរបស់សត្រូវ ។ សព្វថ្ងៃ ដ្រូន បានក្លាយទៅជាឧបករណ៍ធ្វើសឹកសង្គ្រាមដ៏មានប្រជាប្រីយ៍ជាទីបំផុត ។ បើប្រៀបធៀបឧបករណ៍នេះទៅនឹងលទ្ធិប្រជាធិបតេយ្យ វាហាក់ដូចជាមិនខុសគ្នាទេ ។ ទាំងដ្រូន ទាំងលទ្ធិប្រជាធិបតេយ្យ សុទ្ធតែជាឧបករណ៍ដែលត្រូវបានបាត់បង់ចំណាប់អារម្មណ៍អស់កាលយ៉ាងយូរ ។ ប៉ុន្តែ បន្ទាប់ពីអាមេរិកាំងយកវាមកច្នៃប្រតិឌ្ឋឲ្យក្លាយទៅជារបស់មានសារប្រយោជន៍ខ្ពស់ មនុស្សម្នាក៏ចាប់ផ្តើមឲ្យតម្លៃវាឡើងវិញ ។ អត្តចរិតចម្លែកៗរបស់ជនជាតិអាមេរិកាំង ទោះចំណាយពេលមួយជីវិតក៏សរសេរមិនអស់ដែរ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមវិលទៅនិយាយអំពីការឲ្យតម្លៃលើឧត្តមគតិ ឬគំនិត (Ideas) បន្តិចវិញ ។ ការបណ្តុះបណ្តាលឬលើកទឹកចិត្តពលរដ្ឋ ឲ្យមានទំនោរទៅរកការគិត ឬត្រិះរិះពិចារណា ជាជាងធ្វើតាមឬដើរតាមអ្វីដែលជាទម្លាប់ធ្លាប់មានពីមុនមក វាជាចំណុចស្លាប់រស់របស់មនុស្សជាតិ ក៏ដូចជាពលរដ្ឋម្នាក់ៗដែរ ។ មនុស្សដែលមានផ្នត់គំនិតដើរតាម ឬក៏ធ្វើតាម គឺមិនខុសអំពីសត្វដែលជាប់នៅក្នុងទ្រុង ។ វិបត្តិដែលលោក ខឹម វាសនា បានបង្កឡើងនៅជើងភ្នំ គូលែន រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ វាគឺជាឧទាហរណ៍ដ៏គួរឲ្យសង្វេគមួយ ។ ពលរដ្ឋខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជឿលើការអះអាងរបស់លោក ខឹម វាសនា ថានឹងមានទឹកលិចភពផែនដី វាបានបង្ហាញថាខ្មែរជាច្រើន មិនត្រឹមតែបាត់បង់សមត្ថភាពគិតទេ សូម្បីតែព្រលឹងនិងវិញ្ញាណ ក៏ឈានចាកឆ្ងាយអំពីរូបដែរ ។ ប្រទេសមួយ ដែលសម្បូរទៅដោយអ្នកជឿច្រើនជាងអ្នកគិត វាប្រាកដជាគេចមិនផុត អំពីគ្រោះមហន្តរាយឡើយ ៕

Tuesday, August 9, 2022

ចំណីខួរក្បាល

ទស្សនកិច្ចដ៏ព្រឺព្រួច ខ្ញុំមិនមែនជាអ្នកវិភាគកិច្ចការទូត ក្រោយឆាក ដូចលោក ពុយ គា ហើយក៏មិនមែនជាអ្នកវិភាគក្រោមម្លប់ដើមអំពិលដែរ ដ្បិតកន្លែងដែលខ្ញុំរស់នៅគ្មានដើមអំពិលដុះឡើយ ។ ប៉ុន្តែ ខ្ញុំចូលចិត្តពិចារណាកិច្ចការនយោបាយ និងលេបខាយជាមួយនឹងដំណើរជីវិត ។ ព្រឹត្តិការណ៍ទស្សនកិច្ចរបស់អ្នកស្រី ណាន់សុី ប៉េឡូសុី (Nancy Pelosi) ដែលជាប្រធានរដ្ឋសភានៃសហរដ្ឋអាមេរិក ទៅកាន់កោះ តៃវ៉ាន់ បានធ្វើឲ្យមហាយក្សចិនខឹងសម្បារជាអតិបរមា ។ ជាការឆ្លើតតប ចិនបានធ្វើសមយុទ្ធយោធាបាញ់កាំជ្រួចស្ទើរតែរហែកមេឃនៅក្នុងមហាសមុទ្ទចិនជិតតំបន់នោះ ។ វាជារឿងរកាំរកូសនយោបាយដ៏ស្រៀវស្រួចមួយ ដែលអ្នកតាមដានព្រឹត្តិការណ៍នោះប្រហែលជាយល់ឃើញខុសៗគ្នា ។ មុននឹងចូលទៅដល់ការវិនិច្ឆ័យអំពីដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់ ខ្ញុំសូមនិយាយអំពីការវិវឌ្ឃនៃសង្គមមនុស្សបន្តិច ។ សង្គមមនុស្សចែកចេញជាពីរជំរំគឺ ជំរំផ្តាច់ការ និង ជំរំសេរីភាព ។ កាលមនុស្សចាប់ផ្តើមបង្កើតសហគម យើងមានមេកន្ទ្រាញនិងទាសករ ។ បន្ទាប់មក ស្តេចនិងរាស្ត្រ ។ ក្រោយមកទៀត យើងបង្កើតមនោគមវិជ្ជាឲ្យមានលទ្ធិប្រជាធិបតេយ្យ និង លទ្ធិកុម្មុយនីស្ត ។ នៅចុងបញ្ចប់ សង្គមមនុស្សសព្វថ្ងៃបានស្ថិតនៅក្នុងស្ថានភាពចម្រុះនៃសភាវ មានសេរី និង អត់ ឬខ្សត់សេរី ។ ក៏ប៉ុន្តែ ខ្សែបន្ទាត់ដែលបែកចែកជំរំផ្តាច់ការនិងជំរំសេរីភាព អត់រលុបទៅណាទេ ។ ប្រទេសដែលមេដឹកនាំមាននិន្នាការរេទៅរកសេរីភាព ពួកគេចងក្រងគ្នាមួយក្រុម ។ ឯប្រទេសដែលមេដឹកនាំមាននិន្នាការរេទៅរកភាវផ្តាច់ការ ពួកគេក៏ចងក្រងគ្នាជាក្រុមដែរ ។ ជាទូទៅ ទំនាក់ទំនងការទូត មិនថារវាងប្រទេសសេរីនិងសេរី ឬក៏សេរីជាមួយនិងប្រទេសផ្តាច់ការទេ រមែងមានរបៀបវារៈសំខាន់ពីរនៅក្នុងបេសកកម្មគឺ វប្បធម៌ និង នយោបាយ ។ ផ្នែកវប្បធម៌ ទំនាក់ទំនងគឺស្ថិតក្នុងរូបភាពមិត្តភក្តិ ។ ឯផ្នែកនយោបាយ ទំនាក់ទំនងគឺផ្អៀងទៅរកការប្រកួតប្រជែងគ្នា ។ នៅក្នុងស្មារតីនៃពាក្យប្រកួតប្រជែង មានពាក្យពីរម៉ាត់ទៀតបង្កប់នៅក្នុងនោះគឺ បដិបក្ខ និង បច្ចាមិត្ត ។ និយាយរួម ភាពស្មុគស្មាញនៃនយោបាយនៅក្នុងទំនាក់ទំនងការទូតនេះ គឺមិនខុសអំពីពាក្យ វិបត្តិ (Crisis) នៅក្នុងភាសាចិនដែលយកពាក្យ ឧបស័គ្គ និង ឱកាស (Obstacle and Opportunity) មកផ្គុំគ្នានោះទេ ។ បេសកកម្មការទូតនិមួយៗរមែងមានគោលបំណងច្រើនស្រទាប់ ដែលភាសាអង់គ្លេសហៅថា៖ Multi-layers objectives ។ គោលបំណងចំហនៃទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់គឺដើម្បីផ្សព្វផ្សាយឲ្យពិភពលោក ជាពិសេសប្រទេសចិន បានដឹងថាសហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តនិងបង្អែករបស់កោះតៃវ៉ាន់ ។ នេះគឺជារឿងលើគោក ដែលមិនចាំបាច់នរណានិយាយក៏យើងអាចដឹងបានដែរ ។ អ្វីដែលខ្ញុំចង់លើកយកមកពិចារណានៅក្នុងអត្ថបទនេះ គឺកត្តាដែលយើងពិបាកនឹងមើលយល់ពាល់ត្រូវ ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់ គឺដើម្បីបំពេញកិច្ចឲ្យរបាយការណ៍សម្ងាត់ (Intelligence Reports) ច្រើនជាងទៅប្រាប់ក្រុង តាយបុិ ថាអាមេរិកនៅតែជាមិត្តរួមសុខរួមទុក្ខ ។ សារសំខាន់នៃទស្សនកិច្ចនោះ គឺដើម្បីផ្ញើសារទៅឲ្យក្រុង ប៉េកាំង ច្រើនជាងក្រុង តាយបុិ ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលពោលថា៖ Birds of a feather flock together (បក្សីដែលមានអម្បូរពណ៌សម្បុរដូចគ្នា វារកសុីជាមួយគ្នា) ។ ចិននិងរុស្សុី រកសុីជាមួយគ្នាជិតមួយសតវត្សហើយ ។ ក្រៅអំពីលទ្ធិកុម្មុយនីស្ត ចិននិងរុស្សុី មានមហិច្ឆតាពានពារគេឯងដូចគ្នា ។ នេះយើងមិនទាន់និយាយដល់កិច្ចសហការគ្នាដើម្បីផលិតយុទ្ធោបករណ៍សង្គ្រាមផងទេ ។ ក្រៅអំពីផ្នត់គំនិតនយោបាយរួម ចិននិងរុស្សុី ក៏កំពុងសហការគ្នាផលិតយន្តហោះដឹកអ្នកដំណើរ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន អ៊ារបឺស និង បូអ៊ីង (Airbus and Boeing) ផងដែរ ដែលស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ច ។ នៅពេលរុស្សុីឈ្លានពានប្រទេសអ៊ុយក្រេន ពិភពលោកស្ទើរតែទាំងមូលថ្កោលទោសរុស្សុី ។ ប៉ុន្តែ ប្រទេសចិនមិនមាត់មិនកអ្វីឡើយ ។ ខណៈសហគមអឺរ៉ុបនិងសហរដ្ឋអាមរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្សុី ពីបទរំលោភបំពាននិងឈ្លានពានអធិបតេយ្យភាពនៃប្រទេសអ៊ុយក្រេន ចិនក៏នៅសម្ងំចឺនដដែល ។ មហាយក្សចិនធ្វើឫកហាក់ដូចជាខ្លួនហ្នឹង ជាប្រទេសគ្មានបក្សសម្ព័ន្ធ ។ ជាប្រទេសឥតលម្អៀងទៅរកភាគីខាងណា (Neutral) ថ្លៃថ្លាលើសគេឯង ។ ក៏ប៉ុន្តែ អ្វីដែលជាសំបកខាងក្រៅនោះ វាគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ ។ ដើម្បីស្វែងយល់អំពីគោលជំហររបស់ចិន ទាក់ទិននឹងសង្គ្រាមឈ្លានពានរបស់រុស្សុីលើប្រទេសអ៊ុយក្រេន យើងមិនអាចយកភ្នែកទៅមើល និងយកចិត្តទៅថ្លឹងថ្លែងពិចារណាឃើញឡើយ ។ បើមើលនឹងខួរក្បាល ប្រហែលជាអាចឃើញពន្លឺសច្ចភាពខ្លះៗ (Shed some light on the truth) ។ ប្រតិបត្តិការសឹករបស់រុស្សុីនៅក្នុងប្រទេសអ៊ុយក្រេន ត្រូវការយុទ្ធោបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ ។ បន្ទាប់ពីរងទណ្ឌកម្មសេដ្ឋកិច្ច រុស្សុីមិនមានលទ្ធភាពផលិតអាវុធសម្រាប់ប្រើការឲ្យទាន់ចិត្តទេ ។ អាវុធក៏ដូចជារថយន្តនិងសម្ភារដទៃដែរ មិនមានប្រទេសណាមួយ មានគ្រឿងគ្រៅគ្រប់គ្រាន់ (Components) សម្រាប់ផលិតវាឡើយ ។ របស់ខ្លះ ចាំបាច់ត្រូវតែទិញអំពីប្រទេសដទៃ ។ គឺរបស់ចាំបាច់ដែលត្រូវតែទិញអំពីប្រទេសដទៃនេះហើយ ដែលនាំឲ្យប្រទេសចិនស្ថិតនៅក្រោមមីក្រូទស្សន៍ (Microscope) របស់ភ្នាក់ងារសម្ងាត់នានា ។ ក្រៅអំពីកិច្ចសហប្រតិបត្តិការផលិតយុទ្ធោបករណ៍ ចិននិងរ៉ុស្សីក៏មានព្រំដែនជាប់គ្នាដ៏វែងអន្លាយដែរ ។ ដូច្នេះ រឿងដែលគ្មាននរណាដឹងអំពីសហប្រតិបត្តិការរវាងចិននិងរុស្សុី អាចនឹងមានច្រើនជាងអ្វីដែលទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ជះពន្លឺ (Shine the spotlight on) ។ បើយើងពិចារណាឲ្យបានមធ្យ័តបន្តិច សម្ព័ន្ធភាពរវាងចិននិងរុស្សុី ផ្តល់សុវត្ថិភាពនយោបាយ ទាំងក្នុងស្រុកនិងក្រៅស្រុក (Both, Domestic and International) ដល់ប្រទេសទាំងពីរធំលើសអ្វីៗទាំងអស់ ។ វាគ្មានហេតុផលណាមួយដែលចិនត្រូវដកឃ្លា ឬរក្សាគម្លាតអំពីសមមិត្តរុស្សុីទេ ។ បណ្តាប្រទេសលោកសេរី ជាពិសេសប្រទេសប្រជាធិបតេយ្យកម្រិតខ្ពស់ សុទ្ធតែជាមេក្រមីនាំគ្រោះមកឲ្យថ្នាក់ដឹកនាំនៃប្រទេសចិនច្រើនជាងលាភ ។ ដូច្នេះ ទោះពិភពលោកស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ដរាបណារុស្សុីមិនរុកគួនចិន ចំណងមិត្តភាពរបស់ចិននិងរុស្សុីមិនអាចរង្គោះរង្គើឡើយ ។ គឺនៅក្នុងប្រធានបទនេះហើយ ដែលយើងចាំបាច់ត្រូវពិចារណាអំពីរបាយការណ៍របស់ភ្នាក់ងារសម្ងាត់នៃសហរដ្ឋអាមេរិក ។ របាយការណ៍នេះ មានអត្ថិភាព ឬក៏គ្មាន (Exist or Not) យើងមិនអាចដឹងបានទេ ។ ក៏ប៉ុន្តែ ផ្អែកលើដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់ វាគឺជាកាយវិការដ៏ជាក់លាក់មួយរបស់សហរដ្ឋអាមេរិក ក្នុងការថ្លែងសារទៅកាន់បច្ចាមិត្តចិនថា ការជួយជ្រោមជ្រែងរុស្សុីនៅក្នុងប្រតិបត្តិការឈ្លានពានប្រទេសអ៊ុយក្រេន ដោយលួចលាក់ក្តី ដោយចំហក្តី គឺវាផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ជាពិសេសសហគមអឺរ៉ុប ដែលកំពុងតែព្យាយាមទប់ស្កាត់កុំឲ្យការឈ្លានពានរបស់រុស្សុី រីករាលដាលធំឡើងៗ ។ វាជាការដាស់តឿនរបស់បច្ចាមិត្តដែលមានចិត្តឈឺឆ្អាល ដ្បិតពាក្យបច្ចាមិត្ត ក៏មានពាក្យ "មិត្ត" ផ្គុំនៅជាមួយគ្នាដែរ ៕

Wednesday, July 13, 2022

ចំណីខួរក្បាល

ឈឺក្តិត នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលនិយាយថា៖ It's a pain in the ass ដែលយើងអាចបកប្រែយ៉ាងខ្លីថា ឈឺក្តិត ។ តាមពិត ពាក្យនេះជាមេតាហ្វ័រ ដែលគេសំដៅលើកត្តាអ្វីមួយដែលលំបាកខ្លាំង ។ បើគេសំដៅទៅលើមនុស្ស មនុស្សនោះគឺមានអាកប្បកិរិយានិងចរិយាមារយាទមិនចុះសម្រុងនឹងគេឯងឡើយ ។ បើសំដៅលើសត្វគោក្របីវិញ គោឬក្របីនោះវាមិនព្រមអូសរទេះឬនង្គ័លទៅមុខទេ ។ វាតែងតែត្រឡប់បង្វិលខ្លួនវាបញ្ច្រាស់រទេះឬនង្គ័លជានិច្ច ។ ដើម្បីស្វែងយល់អត្ថន័យនៃពាក្យ ឈឺក្តិត ឲ្យបានច្បាស់លាស់ជាទីបំផុត ខ្ញុំសម្រេចចិត្តទៅជួបគ្រូពេទ្យវះកាត់រោគក្តិត ដើម្បីឲ្យគាត់កាត់ក្តិតខ្ញុំសាកល្បងមើល ។ រឿងឈឺក្តិតជារឿងមួយ ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំនឹងលើកយកមកនិយាយពិស្តារនៅក្នុងអត្ថបទនេះ គឺអាការរោគឫសដូងបាត ។ ឫសដូងបាតមានពីរប្រភេទគឺ ឫសដូងបាតផ្នែកខាងក្រៅ និង ឫសដូងបាតផ្នែកខាងក្នុង ដែលភាសាអង់គ្លេសហៅថា External Hemoroid and Internal Hemoroid ។ ប្រហោងក្តិតមនុស្សនិងសត្វមានសរសៃកងសាច់ដុំដ៏មាំមួយ ដែលអាចរីករួមដូចកៅស៊ូកង ។ នៅជុំវិញសរសៃកងនេះ ទាំងផ្នែងខាងក្នុងនិងផ្នែកខាងក្រៅគឺជាសាច់ដុំដែលរីកហើយរួមនៅពេលលាមករបស់យើងធ្វើដំណើរឆ្លងកាត់ម្តងៗ ។ នៅពេលយើងចម្រើនវ័យ ឬទទួលទានអាហារមិនសូវសម្បូរសារធាតុសរសៃដែលភាសាអង់គ្លេសហៅថា Fibers (ហ្វាយប៊ើ) នោះ យើងពិបាកបត់ជើង ឬក៏ក្តៀនអាចម៍ ។ ដូច្នេះ ពេលបត់ជើងធំម្តងៗ យើងប្រឹងសឹងតែលៀនភ្នែក ។ ការប្រឹងបត់ជើងធំជាមួយនឹងលាមករឹង ឬក្តៀនជារឿយៗនឹងធ្វើឲ្យសាច់ដុំនៅជុំវិញរន្ធគូថរបស់យើងយារ ។ នៅទីបំផុត អាការរោគឫសដូងបាតចាប់ផ្តើមកកើត ។ លាមករឹងនិងអាចម៍ក្តៀន មិនមែនជាកត្តាតែមួយដែលនាំឲ្យកើតមានឫសដូងបាតទេ ។ មនុស្សស្រីដែលមានផ្ទៃពោះ ក៏រងផលប៉ះពាល់នៃឫសដូងបាតដែរ ជាពិសេសឫសដូងបាតផ្នែកខាងក្រៅ ដោយហេតុតែទម្ងន់ទារកក្នុងផ្ទៃសង្កត់ ។ ខ្ញុំរស់ជាមួយនឹងអាការរោគឫសដូងបាតប្រមាណជា ៣២ឆ្នាំ ។ ករណីឫសដូងបាតខ្ញុំគឺជាឫសដូងបាតផ្នែកខាងក្នុង ។ នៅឆ្នាំ ១៩៩០ ខ្ញុំសង្កេតឃើញក្រសាល់គូថខ្ញុំលៀនចេញមកជាប្រចាំបន្ទាប់ពីបត់ជើងធំរួច ។ សាច់ដុំដែលលៀនចេញមកនោះ មានទំហំប្រហែលជាប៉ុនចុងចង្កឹះ ។ ប៉ុន្តែ ដោយហេតុតែសាច់ដុំនោះជាសាច់ផ្នែកខាងក្នុងនៃរន្ធគូថរបស់ខ្ញុំ វាធ្វើឲ្យខ្ញុំឈឺក្រហល់ក្រហាយយ៉ាងខ្លាំង ប្រសិនបើខ្ញុំមិនរកវិធីរុញវាឲ្យចូលទៅក្នុងវិញ ។ ជាលទ្ធផល ខ្ញុំតែងតែបត់ជើងធំនៅផ្ទះជានិច្ច ដ្បិតមានបន្ទប់ទឹកសម្រាប់លាងសម្អាតគូថ និងរុញសាច់ដុំដែលលៀនចេញមកឲ្យចូលទៅក្នុងវិញ ។ ខ្ញុំកម្របត់ជើងធំនៅទីសាធារណៈណាស់ លើកលែងតែពេលមានអាសន្នម្តងម្កាល ។ នៅឆ្នាំ ១៩៩៦ ខ្ញុំបានលើកយកអាការរោគឫសដូងបាតរបស់ខ្ញុំទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតម្តង ។ វេជ្ជបណ្ឌិតនោះមានដើមកំណើតមកពីវៀតណាម ប៉ុន្តែគាត់មានឈ្មោះបោះសម្លេងនៅក្នុងមណ្ឌលដែលខ្ញុំរស់នៅ ។ សំណួរតែពីរគត់ដែលគាត់សួរខ្ញុំគឺ ១) បត់ជើងធំមកមានហូរឈាមទេ និង ២) តើមានការឈឺចាប់ខ្លាំងទេបន្ទាប់ពីបត់ជើងធំម្តងៗ ។ ខ្ញុំរៀបរាប់ប្រាប់គាត់អំពីអ្វីដែលខ្ញុំអាចមើលឃើញគឺ គ្មានឈាម និង អត់មានឈឺចាប់ខ្លាំងទេបន្ទាប់ពីខ្ញុំរុញសាច់ដុំដែលលៀនចេញមកឲ្យចូលទៅក្នុងវិញ ។ លោកវេជ្ជបណ្ឌិតគាត់យកស្រោមដៃមកពាក់ ហើយរុកម្រាមដៃចូលទៅក្នុងរន្ធគូថរបស់ខ្ញុំដើម្បីស្ទាបស្ទង់បញ្ជាក់ថា ខ្ញុំមិនមានដំបៅឬក៏បញ្ហាអ្វីផ្សេងនៅទីនោះ ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួច គាត់ណែនាំឲ្យខ្ញុំទទួលទានអាហារដែលមានសារធាតុសរសៃច្រើន និងកាត់បន្ថយម្ហូបមួយចំនួនដែលធ្វើឲ្យលាមកខ្ញុំរឹង ។ នៅឆ្នាំ ២០១៥ ខ្ញុំសម្រេចចិត្តលើកយកបញ្ហាឫសដូងបាតរបស់ខ្ញុំ ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតមួយរូបផ្សេងទៀត ដ្បិតអាការរោគរបស់ខ្ញុំហាក់ដូចជាធ្ងន់ធ្ងរជាងមុន ។ ជាថ្មីម្តងទៀត លោកវេជ្ជបណ្ឌិតសួរខ្ញុំនូវសំណួរពីរដូចវេជ្ជបណ្ឌិតមុនដែរ រួចហើយណែនាំខ្ញុំឲ្យទទួលទានម្ហូបអាហារដូចដែលវេជ្ជបណ្ឌិតមុនប្រាប់ខ្ញុំ ។ គាត់ចេញថ្នាំមួយចំនួនឲ្យខ្ញុំប្រើដើម្បីសម្រួលដល់ការបត់ដៃបត់ជើង ។ ឫសដូងបាត ថ្វីដ្បិតតែមិនធ្ងន់ធ្ងរដូចអាការរោគមហារីក ក៏ប៉ុន្តែ វាបន្តរីកទំហំមិនស្រកស្រុតមកវិញទេ ។ ដូច្នេះ ដល់តំណាក់កាលមួយ យើងត្រូវតែវះកាត់ផ្តាច់វាចេញអំពីសរីរាង្គរបស់យើងជៀសមិនរួចឡើយ ។ នៅដើមឆ្នាំ ២០២២ នេះ ខ្ញុំសង្កេតឃើញថាអាការរោគឫសដូងបាតរបស់ខ្ញុំបានមកដល់ដំណាក់កាលមួយ ដែលបង្កទុក្ខលំបាកដល់ខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំសម្រេចលើកយកបញ្ហានេះមកពិគ្រោះជាមួយនឹងគ្រូពេទ្យម្តងទៀត ។ គ្រូពេទ្យចុងក្រោយនេះ មិនមែនជាវេជ្ជបណ្ឌិតទេ ។ នាងជាគិលានុបដ្ឋាយិការ (Nurse Practitioner) វ័យក្មេងមួយរូបដែលមធ្យ័ត ។ ដើម្បីជៀសវាងការណែនាំដដែលជាដដែល ខ្ញុំប្រាប់អ្នកគ្រូពេទ្យវ័យក្មេងថា ខ្ញុំបានពិគ្រោះបញ្ហាឫសដូងបាតនេះជាមួយនឹងវេជ្ជបណ្ឌិត ចំនួនពីរដងហើយ ព្រមទាំងបានអនុវត្តនូវអ្វីៗសព្វបែបយ៉ាងរាប់បញ្ចូលទាំងការប្រើថ្នាំពេទ្យផងដែរ ។ ប៉ុន្តែ វាមិនបានធ្វើឲ្យស្ថានភាពឫសដូងបាតរបស់ខ្ញុំធូរស្រាលទេ ។ ដូច្នេះ ខ្ញុំសុំឲ្យនាងបញ្ជូនខ្ញុំឲ្យទៅជួបគ្រូពេទ្យឯកទេស (Specialist) ខាងវះកាត់ឫសដូងបាតនេះតែម្តង ។ នៅពេលខ្ញុំទៅជួបគ្រូពេទ្យជំនាញខាងវះកាត់ឫសដូងបាតនិងមហារីកចុងពោះវៀនធំ (Colon Cancer) គាត់បានសួរខ្ញុំនូវសំណួរដដែលដូចដែលគ្រូពេទ្យមុនៗសួរខ្ញុំដែរ ។ បន្ទាប់ពីទទួលបានចម្លើយអំពីខ្ញុំថា គ្មានឈាមហូរនៅពេលបត់ជើងធំ លោកគ្រូពេទ្យគាត់ហាក់ដូចជាអល់អែកក្នុងការអនុញាតិឲ្យខ្ញុំព្យាបាលតាមរយៈវះកាត់ ដ្បិតជាទូទៅគេមិនវះកាត់អាការឫសដូងបាតដែលគ្មានដំបៅ ឬក៏មានការដាច់ភ្នាសនៅក្នុងរន្ធគូថទេ (ដំបៅមិនឈឺគេមិនយកឈើចាក់ឡើយ) ។ ខ្ញុំទទូចឲ្យគាត់ពិចារណារឿងវះកាត់ ដ្បិតខ្ញុំឈឺនិងលំបាកខ្លាំងណាស់ពេលបត់ជើងធំម្តងៗ ។ លោកគ្រូពេទ្យប្រាប់ឲ្យខ្ញុំរង់ចាំគាត់មួយភ្លេត ដើម្បីឲ្យគាត់ទៅហៅសហការីម្នាក់ទៀតមកជួយពិនិត្យ និងយកឧបករណ៍មួយមានសណ្ឋានដូចស្នឹងគោ មកធ្វើរោគវិនិច្ឆ័យ ។ គាត់ឲ្យខ្ញុំលុតជង្គង់ហើយស្រាតខោចុះរួចហើយក្រាបលើកៅអីដែលអាចបត់នៅត្រង់ចង្កេះរបស់ខ្ញុំ ។ បន្ទាប់ពីធ្វើឲ្យគូទខ្ញុំចំតិតឡើងលើខ្ពស់ល្មម លោកគ្រូពេទ្យម្នាក់ចាប់ហែកគូទខ្ញុំ និងម្នាក់ទៀតយកឧបករណ៍ស្នឹងគោរុកឆ្កឹះមើលក្រសាល់គូថខ្ញុំ ទាល់តែវាលៀនចេញមកដូចផ្កាត្រកួនរីក ។ រំពេចនោះ គាត់លាន់មាត់ថា៖ អាហ៍! ខ្ញុំយល់ហើយ (Aha! I see the problem) ។ បន្ទាប់ពីយកក្រដាសជូតសំបោរមួយប្រអប់មកឲ្យខ្ញុំជូតសម្អាតគូថ និងប្រាប់ខ្ញុំឲ្យស្លៀកខោវិញ លោកគ្រូពេទ្យគាត់ដើរទៅយកក្រដាសពីរសន្លឹក ដែលមានពត៌មានពាក់ព័ន្ធនឹងឫសដូងបាតសរសេរលើនោះមកឲ្យខ្ញុំមួយសន្លឹក និងមួយសន្លឹកទៀតគាត់លាតបង្ហាញខ្ញុំអំពីវិធីព្យាបាលឫសដូងបាត ដែលមានជម្រើសចំនួនបួន ។ ជម្រើសចំនួនបី ជាជម្រើសព្យាបាលឫសដូងបាតប្រភេទស្រាល ដែលមិនសូវឈឺខ្លាំងឬបង្កទុក្ខដល់អ្នកជម្ងឺច្រើន (Less Invasive) ។ ប៉ុន្តែ ជម្រើសទាំងបីនេះមិនសូវមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់កុំឲ្យឫសដូងបាតរីកលូតលាស់ឡើងវិញទេ ។ ជម្រើសទីបួនដែលពាក់ព័ន្ធនឹងការវះកាត់និងឈឺចាប់ខ្លាំង គឺជាជម្រើសល្អជាងគេ ។ នៅក្នុងករណីខ្ញុំ ជម្រើសមានតែមួយគត់គឺការវះកាត់ ដ្បិតឫសដូងបាតខ្ញុំមាន ២៥ភាគរយផ្នែកខាងក្រៅ និង៧៥ភាគរយផ្នែកខាងក្នុង ហើយវារីកធំមិនអាចទុកតទៅទៀតបានឡើយ ។ ក្រោយពីកំណត់ពេលវេលាវះកាត់រួច ខ្ញុំទៅដល់បន្ទីរពេទ្យវះកាត់នៅម៉ោង ៥កន្លះព្រឹកដើម្បីពិនិត្យសុខភាពនិងរៀបចំខ្លួនវះកាត់នៅម៉ោង ៧កន្លះ ។ ដោយហេតុតែលោកគ្រូពេទ្យគាត់មកមិនទាន់ពេលវេលា ខ្ញុំត្រូវដេកលើគ្រែពេទ្យចាំគាត់រហូតដល់ម៉ោងជិតប្រាំបី ទើបគេរុញខ្ញុំទៅកាន់បន្ទប់វះកាត់ ។ នៅទីនោះ ក្រៅអំពីគិលានុដ្ឋាយិការវ័យជ្រេពីររូបដែលជាជំនួយការវះកាត់ មាននារីវ័យក្មេងមួយរូបស្ថិតក្នុងសំលៀកបំពាក់គ្រូពេទ្យនៅទីនោះដែរ ។ នាងណែនាំខ្លួនថាជានិសិ្សតពេទ្យចូលមកសង្កេតការងារ ។ គ្រាន់តែឃើញនាងភ្លាម ខ្ញុំដឹងមួយរំពេចថានាងគឺជាវេជ្ជបណ្ឌិតទើបនឹងចេញមកបំពេញការងារ ។ កូនស្រីខ្ញុំវាប្រាប់ខ្ញុំថា ខ្ញុំមានរាងដូចសត្វកង្កែប ។ នឹកដល់ប្រការនេះ ខ្ញុំគឺមិនខុសអំពីសត្វកង្កែបដែលគេព្រលាត់ស្បែកអស់នោះទេ នៅពេលដែលគេលើកខ្ញុំដាក់លើគ្រែវះកាត់ ។ កំពុងតែមានអារម្មណ៍ខ្មាសអៀនអ្នកគ្រូពេទ្យវ័យក្មេងនោះ ខ្ញុំក៏សន្លប់បាត់ស្មារតីទៅ ។ មិនដឹងជាលោកគ្រូពេទ្យផ្នែកខាងដាក់ថ្នាំសន្លប់ គាត់លួចចាក់ដាក់ថ្នាំសន្លប់ខ្ញុំតាមទុយយោសេរ៉ូមពីពេលណាមកទេ ។ ខ្ញុំភ្ញាក់ដឹងខ្លួននៅម៉ោងជាងដប់ ជាមួយនឹងការក្អកយ៉ាងញាប់រន្ថើន ដ្បិតបំពង់កខ្ញុំស្ងួតដោយសារតែបំពង់ខ្យល់អុកសុីហ្សែន ដែលគេដាក់គ្របលើច្រមុះនិងមាត់ខ្ញុំអំឡុងពេលវះកាត់ ។ លោកគ្រូពេទ្យដែលដាក់ថ្នាំសន្លប់ឲ្យខ្ញុំនោះ បានហុចដុំទឹកកកតូចៗមួយកូនកែវមកឲ្យខ្ញុំបៀម ។ មួយសន្ទុះ ខ្ញុំក៏បាត់ក្អក ។ គាត់សួរឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ ដើម្បីបញ្ជាក់ថាព្រលឹងខ្ញុំវាត្រឡប់ចូលមកក្នុងខ្លួនវិញហើយ ។ បន្ទាប់មក គាត់ក៏ហៅគិលានុបដ្ឋាយិការឲ្យមកយកខ្ញុំទៅសម្រាកនៅក្នុងបន្ទប់វិញ ។ Recovery បន្ទាប់ពីយកខ្ញុំមកដល់បន្ទប់សម្រាក គិលានុបដ្ឋាយិការប្រាប់ខ្ញុំឲ្យវាយទូរសព្ទហៅភរិយាខ្ញុំ ឲ្យមកទទួលយកខ្ញុំទៅផ្ទះវិញ ប៉ុន្តែត្រូវរង់ចាំរហូតទាល់តែខ្ញុំបត់ជើងតូចជាមុនសិន ។ ពុទ្ធោអើយ! ខ្ញុំអត់ទទួលទានចំណីឬក៏ទឹកតាំងតែពីម៉ោ៦ល្ងាចម្សិលមិញ តើមានទឹកឯណានៅក្នុងខ្លួនសម្រាប់បន្ទោបង់ទៅ ។ គិលានុបដ្ឋាយិកាឲ្យទឹកខ្ញីមកខ្ញុំមួយកូនកំប៉ុង ទឹកធម្មតាមួយកូនកែវ និងនំប៊ីស្គីផ្អែមពីរចំណិតប្រៃពីរចំណិត ដើម្បីបរិភោគ ។ បញ្ហារបស់ខ្ញុំគឺថា ទឹកនោមត្រូវតែកើនរហូតជិតដល់មួយលីត្រ ទើបអាចបន្ទោបង់ចេញបាន ។ ខ្ញុំសុំគិលានុបដ្ឋាយិការឲ្យយកទឹកមកឲ្យខ្ញុំឲ្យច្រើនថែមទៀត ព្រមទាំងពន្យល់គាត់អំពីបញ្ហារបស់ខ្ញុំជាមួយនឹងការបង្ហូរទឹកម៉ូត ។ គាត់ផ្តល់ទឹកឲ្យខ្ញុំពីរកូនកែវទៀត និងកាហ្វេមួយកូនកែវជាមួយនឹងនំប៊ីស្គីពីរចំណិត ។ បន្ទាប់ពីរង់ចាំជាងកន្លះម៉ោងមិនមានប្រតិកម្ម ខ្ញុំក៏សុំទឹកអំពីគាត់ថែម តែគាត់មិអនុញាតិឲ្យខ្ញុំទទួលទានទឹកច្រើនពេកទេ ដ្បិតសេរ៉ូមដែលគេចាក់បញ្ចូលក្នុងខ្លួនខ្ញុំអំឡុងពេលវះកាត់នោះក៏ជាទឹកដែរ ។ គាត់សម្រេចនាំខ្ញុំដើរចុះឡើងនៅក្នុង Hall Way ប្រៀបដូចជាស្ត្រីសម្រាលកូនដែលកំពុងជួបបញ្ហាសម្រាលកូនមិនរួច ។ ដើរបានពីរបីជុំ ខ្ញុំក៏សុំឲ្យគិលានុដ្ឋាយិការនាំខ្ញុំមកបន្ទប់វិញ ដ្បិតស្ត្រីមានផ្ទៃពោះគេដើរចុះឡើងដើម្បីឲ្យខ្យល់កម្មវិជ្ជវាទបក់ក្បាលទារកឲ្យវិលចុះទៅក្រោម ។ ឯខ្ញុំដើរយោលប្លោកដូចត្រដោកក្របីនោះ ដូចជាគ្មានបានផលប្រយោជន៍អ្វីទេ ។ ខ្ញុំអង្គុយធ្វើមុខស្មឿកនៅក្នុងបន្ទប់សម្រាក រង់ចាំឲ្យទឹកនោមវាចេញមក ។ ខ្ញុំបានរង់ចាំជាងមួយម៉ោងហើយមិនទាន់ឃើញមានសញ្ញាអ្វីឡើយ ។ គិលានុដ្ឋាយិការវ័យចំណាស់មួយរូបទៀតបានចូលមកសួរសុខទុក្ខខ្ញុំ ខ្ញុំក៏ប្រាប់គាត់អំពីបញ្ហានោមមិនចេញ ។ គាត់ពោលថាប្រុសៗតែអ៊ីចឹងឯង មិនពូកែដូចមនុស្សស្រីទេ ។ គាត់ប្រាប់ខ្ញុំ កុំឲ្យផ្តោតអារម្មណ៍លើការបត់ជើងតូចអី ។ ខ្ញុំត្រូវគិតមមៃអំពីរឿងត្រេកត្រអាល ដូចជាមើលស្រីស្អាតស្លៀកម៉ៃយោដើរលើឆ្នេរសមុទ្រជាដើម ។ វានឹងធ្វើឲ្យខ្ញុំមានអារម្មណ៍បត់ជើងតូចមិនយូរមិនឆាប់ឡើយ (It will come in no time) ។ ធ្វើតាមយោបល់គិលានុបដ្ឋាយិការជើងចាស់ ខ្ញុំឡើងដេកលើគ្រែពេទ្យយកដៃគងថ្ងាស់គិតអំពីអនុស្សាវរីយ៍ទៅដើរលេងនៅមាត់សមុទ្រ ហើយក៏បង្ហួសទៅដល់រឿងលើគ្រែខ្លះៗផងដែរ ។ ប្រហែលកន្លះម៉ោងក្រោយមក ខ្ញុំឈឺបត់ជើងតូចហើយក៏ទទួលបានផ្លែផ្កាដូចបំណង ។ សរុបទាំងអស់ប្រហែលជាពីរម៉ោង ដែលខ្ញុំត្រូវនៅរ៉ែរ៉ក្នុងមន្ទីរពេទ្យបន្ទាប់ពីវះកាត់រួច ។ មុនចាកចេញពីមន្ទីរពេទ្យ គិលានុបដ្ឋាយិការយកកាធុនជ័រតូចមួយមកឲ្យខ្ញុំ សម្រាប់ដាក់ទឹងក្តៅឧណ្ហៗហើយដាក់នៅលើចានបង្គន់ ដើម្បីឲ្យខ្ញុំអង្គុយត្រាំគូថក្នុងមួយថ្ងៃបីទៅបួនដង ។ គាត់ប្រាប់ខ្ញុំថា ការអង្គុយត្រាំគូថក្នុងទឹកក្តៅឧណ្ហៗនេះ វាជួយឲ្យមុខរបួសវះកាត់របស់ខ្ញុំឆាប់សះ និងជាមធ្យោបាយសម្អាតមុខរបួសផងដែរ ។ បន្ទាប់មក លោកវេជ្ជបណ្ឌិតបានយកខ្សែដៃប្លាស្ទីកពណ៌ខៀវមួយមកបំពាក់លើ កដៃខ្ញុំហើយប្រាប់ខ្ញុំថាត្រូវរក្សាវាចំនួនបីថ្ងៃដ្បិតខ្សែដៃនេះបញ្ជាក់ថា ខ្ញុំមានសារធាតុថ្នាំស្ពឹកបំបាត់ការឈឺចាប់នៅក្នុងខ្លួនរយៈពេលបីថ្ងៃ ។ ខ្ញុំភ្ញាក់ព្រើត ដ្បិតធ្លាប់តែគិតថាថ្នាំស្ពឹកបំបាត់ការចុកចាប់អំឡុងពេលវះកាត់ ពេលវះកាត់រួចវាសាបរលាបអស់ទៅវិញហើយ ។ លោកគ្រូពេទ្យហុចក្រដាសបីបួនសន្លឹកដែលរៀបរាប់អំពីការវះកាត់មកឲ្យខ្ញុំ ហើយក៏ជូនពឲ្យខ្ញុំបានជាសះស្បើយដោយសុខសប្បាយ ។ ខ្ញុំចាកចេញពីមន្ទីរពេទ្យនៅម៉ោង ១២កន្លះគត់បន្ទាប់ចំណាយពេលកន្លះថ្ងៃ ។ រយៈពេលបីថ្ងៃដំបូងដែលថ្នាំស្ពឹកនៅមានអានុភាព ខ្ញុំមិនមានការឈឺចាប់អ្វីធំដុំទេ ប៉ុន្តែហាក់ដូចជាមានការឈឺនោមនិងបត់ជើងធំជាប្រចាំ ។ ការបត់ជើងតូចរបស់ខ្ញុំមានអាការដូចជានោមទាស់ ដ្បិតពេលខ្ញុំចូលបត់ជើងតូចម្តងៗ ទឹកនោមចេញមកប្រហែលជាមួយពែងតែតែប៉ុណ្ណោះ ទោះបីជាខ្ញុំមានអារម្មណ៍ថាឈឺនោមខ្លាំងយ៉ាងណាក៏ដោយ ។ ជាលទ្ធផលតំបារពោះទឹករបស់ខ្ញុំរឹងដូចបាល់ដែលគេសប់តឹង ។ ឯការបត់ជើងធំក៏ខ្ញុំបត់ជើងមិនចេញដែរ ។ ខ្ញុំលំបាកក្នុងខ្លួនយ៉ាងខ្លាំង ហើយក៏សម្រេចវាយទូរសព្ទទៅបន្ទីរពេទ្យសួរយោបល់គ្រូពេទ្យ ។ គិលានុបដ្ឋាយិការប្រាប់ខ្ញុំឲ្យបន្តលេបថ្នាំធ្វើឲ្យលាមកទន់ដូចដែលខ្ញុំបានអនុវត្តិកន្លងមក ។ គាត់បានណែនាំខ្ញុំឲ្យទិញថ្នាំប្រភេទសសៃរ (Fiber) មកទទួលទានបន្ថែម ។ ក៏ប៉ុន្តែ អ្វីៗហាក់ដូចជាដំណើរការមិនប្រក្រតីសោះឡើយ ។ នៅយប់ថ្ងៃទីប្រាំបន្ទាប់ពីការវះកាត់ ខ្ញុំវេទនាក្នុងខ្លួនខ្លាំងយកតែមែនទែន ។ រៀងរាល់មួយម៉ោងម្តង ខ្ញុំត្រូវងើបទៅបត់ជើងតូចឬបត់ជើងធំ ។ អ្វីដែលជាបញ្ហាសម្រាប់ខ្ញុំគឺ ទាំងលាមកទាំងទឹកនោម វាមិនព្រមចេញមកច្រើនទេ ។ ទឹកនោមប្រហែលមួយពែងតែ ។ ឯលាមកប្រហែលប៉ុនកូនដៃ ។ ដូច្នេះ ខ្ញុំឈឺបត់ជើងជាប្រចាំ មិនអាចទ្រាំឲ្យលើសពីមួយម៉ោងឡើយ ។ ស្អែកឡើងខ្ញុំឲ្យភរិយាទៅរកទិញកន្ទប (Diaper) មនុស្សចាស់មួយកញ្ចប់និងថ្នាំសុលបំបែកលាមកមួយកូនប្រអប់ ។ ខ្ញុំឲ្យភរិយាសុលថ្នាំមួយគ្រាប់ឲ្យខ្ញុំ រួចហើយដេកផ្កាប់មុខប្រហែលកន្លះម៉ោងដើម្បីឲ្យថ្នាំវាជ្រាបចូលទៅរំលាយលាមកខ្ញុំឲ្យខ្ទេចខ្ទី ។ ខ្ញុំមានអារម្មណ៍ថា អ្វីៗនឹងរបូតរលូតមកគ្មានសល់ទេនៅគ្រានេះ ។ ប៉ុន្តែ ពេលខ្ញុំរត់ទៅអង្គុយលើចានបង្គន់ លទ្ធផលគឺបានត្រឹមលាមកប៉ុនម្រាមដៃប៉ុណ្ណោះ ។ ខ្ញុំឆ្ងល់ពន់ពេកណាស់ ។ បើតាមកម្រិតថ្នាំបញ្ចុះលាមកដែលខ្ញុំបានប្រើ អ្វីៗនៅក្នុងពោះវៀនធំខ្ញុំវាគួរតែក្លាយទៅជាវត្ថុរាវដូចបបរបាយជ្រូក ។ ផ្ទុយទៅវិញ លាមកខ្ញុំវានៅតែក្រាញក្តៀននៅក្នុងគូថខ្ញុំដដែល ។ ក្តៀនអាចម៍រយៈពេល ៦ថ្ងៃពិតជាលំបាកក្នុងខ្លួនពន់ពេកណាស់ ។ ខ្ញុំស្ទើរតែស្រែកយំម្តងៗ ។ និយាយអ៊ីចឹង នៅក្នុងភាសាអង់គ្លេសក៏មានគ្រាមភាសានៃពាក្យក្តៀនអាចម៍នេះដែរ ។ នៅពេលនរណាម្នាក់និយាយថា៖ It is a constepation គឺមានន័យថាការងារ ឬគម្រោងអ្វីមួយជាប់គាំងចេញមិនរួចឡើយ ។ បើនិយាយអំពីការចចារគ្នាដើម្បីដោះស្រាយជម្លោះដូចជាសង្គ្រាមរវាងរុស៊ីនិងអ៊ុយក្រេនវិញ វាមានន័យថាការចរចានោះ ស្ថិតនៅក្នុងស្ថានភាពទាល់ច្រក ។ រស់នៅស្រុកអាមេរិកជាង ៣០ឆ្នាំ ខ្ញុំធ្លាប់ឮនិស្សិតអាមេរិកាំងប្រើពាក្យនេះតែម្តងគត់ ។ នារីម្នាក់សួរមិត្តនាងថា តើលំហាត់គណិតវិទ្យាដែលលោកគ្រូដាក់ឲ្យធ្វើនោះ ដោះស្រាយចេញទេ ។ ចម្លើយគឺ៖ It's a constepation! គាំងដូចអាចម៍ក្តៀន! ត្រឡប់មកនិយាយអំពីរឿងឈឺក្តិតរបស់ខ្ញុំបន្តទៅទៀត ។ ល្ងាចនោះ ខ្ញុំសម្រេចចិត្តវាយទូរសព្ទទៅមន្ទីរពេទ្យម្តងទៀត ។ គាប់ជួនពេលនោះ លោកវេជ្ជបណ្ឌិតដែលវះកាត់ខ្ញុំមិនទាន់ទៅផ្ទះ ខ្ញុំក៏មានឱកាសជួបគាត់ដោយផ្ទាល់ ។ ខ្ញុំព្យាយាមសុំគាត់ទៅមន្ទីរពេទ្យនៅគ្រានោះ ដើម្បីឲ្យគ្រូពេទ្យរកមធ្យោបាយបូមលាមកខ្ញុំចេញ ដ្បិតខ្ញុំលំបាកក្នុងខ្លួនខ្លាំងណាស់ ។ លោកគ្រូពេទ្យសុំឲ្យខ្ញុំទ្រាំមួយយប់ទៀត ព្រមទាំងប្រាប់ខ្ញុំឲ្យទៅរកទិញថ្នាំម៉្យាងដែលមានឥទ្ធិពលខ្លាំងក្នុងការបញ្ចុះលាមកមកផឹក ។ ខ្ញុំកត់ឈ្មោះថ្នាំទុកដើម្បីទៅរកទិញនៅព្រឹកស្អែក ។ នៅយប់ថ្ងៃទី ៦នោះ ខ្ញុំរងកម្មមួយយប់ទល់ភ្លឺ គ្មានបានដេកពួនអ្វីឡើយដោយសារការក្តៀនអាចម៍និងទល់នោម វាធ្វើទុក្ខបុកម្នេញខ្ញុំឥតឈប់ឈរ ។ ព្រឹកឡើង ម៉ោងប្រហែលជា ៩កន្លះ បន្ទាប់ពីអង្គុយត្រាំគូថក្នុងកាធន់ទឹកក្តៅឧណ្ហៗរួច ខ្ញុំក៏ចូលទៅដេកងូតទឹកនៅក្នុង Bathtub ដោយយកកូនកៅអីជ័រទាបមួយមកកើយ ហើយសណ្តូកជើងបណ្តោយជញ្ជាំងឡើងលើ ៩០ដឺក្រេ និងបើកទឹកក្តៅឧណ្ហៗចេញពីផ្កាឈូកឲ្យធ្លាក់ចំលើតំបារពោះខ្ញុំ ។ ខ្ញុំធ្វើដូច្នេះ ដ្បិតធ្លាប់ឃើញបងជីដូនមួយខ្ញុំដែលមានផ្ទៃពោះ គាត់ឧស្សាហ៍ដេកដាក់ជើងឡើងលើជញ្ជាំង ដោយយកចំណុចចង្កេះរបស់គាត់ជាផ្នត់៩០ដឺក្រេជារឿយៗ ដើម្បីកុំឲ្យទម្ងន់ទារកសង្កត់ទៅលើទ្វារធំនិងទ្វារតូចរបស់គាត់ខ្លាំងពេក ។ ខ្ញុំអនុវត្តិតាមគាត់ដូច្នេះ ឃើញថាសម្ពាធអាចម៍ក្តៀននិងទឹកនោមទាស់ដែលសង្កត់ទៅលើរន្ធគូថកំពុងហើមស្ពុលរបស់ខ្ញុំ បានស្រាកស្រាន្តយ៉ាងហោចណាស់ក៏នៅក្នុងអំឡុងពេលងូតទឹក ២០ឬ៣០នាទីនោះដែរ ។ កំពុងតែដេកងូតទឹកយ៉ាងសុខស្រួល ខ្ញុំស្រាប់តែមានអារម្មណ៍ឈឺបត់ជើងធំ ។ ដោយគិតថា ប្រហែលជាមានលាមកប៉ុនម្រាមដៃចេញមកដូចសព្វមួយដង និងមិនចង់កាត់ផ្តាច់ការងូតទឹកពាក់កណ្តាលទី ខ្ញុំក៏ងើបលុតជង្គង់ដើម្បីឲ្យលាមកធ្លាក់មករួចហើយហែកក្រដាស់កិតអាចម៍នៅក្បែរនោះមកខ្ចប់វាបោះចូលក្នុងបង្គន់ ។ ប៉ុន្តែ ម្តងនេះ អ្វីៗហាក់ដូចជាខុសអំពីគ្រាមុន ។ ខ្ញុំមានអារម្មណ៍មិនសុខមិនសាប់ប្រៀបដូចជាមេគោកំពុងកើតកូន ។ ខ្ញុំលុតជង្គង់ម្ខាង រូចហើយលុតជង្គង់ទាំងពីរ ។ បន្ទាប់មក ខ្ញុំដាក់ដៃច្រត់ចុះប្រៀបដូចជាមនុស្សវារ ។ លាមកក៏នៅតែមិនព្រមចេញមក ។ ខ្ញុំក៏ងើបឈរឡើងហើយយកដៃច្រត់លើក្បាលជង្គង់ដោយបន្ទាបគូទចុះក្រោមបន្តិច ។ រំពេចនោះ លាមកខ្ញុំស្រាប់តែហូរមកឯកឯងដោយមិនចាំបាច់ប្រឹង ។ ការចាកចេញរបស់លាមកខ្ញុំនេះ គឺប្រៀបដូចជាគេបោសសម្អាតឃ្លាំង ។ វាមានសណ្ឋានដូចបបរចេកខ្ទិះបេះបិទ ។ ខ្ញុំលួចជេរក្នុងពោះថា បើវារាវដូច្នឹង ហេតុអ្វីក៏ខ្ញុំប្រឹងជុះស្ទើរដាច់ខ្យល់កាលពីពីរបីថ្ងៃមុន វាមិនព្រមចេញមក ។ ខ្ញុំបណ្តោយឲ្យធម្មជាតិវាលេងសើចតាមសម្រួល រួចហើយពឹងភរិយាឲ្យគាត់ចុះទៅយកកូនប៉ែលតូចមួយដែលមានសណ្ឋានដូចចបជីក នៅក្នុងសួនដំណាំក្រោយផ្ទះ ដើម្បីយកមកចូកលាមកដាក់ក្នុងកាធន់ ឬកន្ថោជ័រដែលមន្ទីរពេទ្យឲ្យមកខ្ញុំ ចាក់ចូលទៅក្នុងបង្គន់ដែលស្ថិតនៅក្នុងបន្ទប់ងូតទឹកនោះដែរ ។ បន្ទាប់ពីបាញ់ទឹកសាប៊ូសម្លាប់មេរោគ លាងបន្ទប់ទឹកស្អាតបាត ខ្ញុំងូតទឹកម្តងទៀតរួចហើយក៏ឡើងទៅសម្រាកលើគ្រែ ដេកលង់លក់អស់រយៈពេលជាងពីរម៉ោង ។ គ្មានពេលណាដែលខ្ញុំមានផាសុកភាពដូចពេលនោះឡើយ ។ ឯរឿងលាងលាមកស្ទើរតែពេញមួយកន្ថោចេញពីបន្ទប់ងូតទឹកនោះ ខ្ញុំក៏មិនតូចចិត្តដែរ ដ្បិតពេលដែលខ្ញុំក្តៀនអាចម៍ខ្លាំង ខ្ញុំបានពឹងភរិយាឲ្យអុចធូបបន់ស្រន់ដល់ព្រលឹងមាតាបិតាធ្វើយ៉ាងណាឲ្យលាមកខ្ញុំចេញមក ទោះរាគដាក់ខោឬពូកភួយកន្ទេលក៏ខ្ញុំសុខចិត្តដែរ ។ សបញ្ជាក់ថា ក្តៀនអាចម៍មួយអាទិត្យ វាមិនមែនជារឿងធម្មតាឡើយ ។ នេះមិនទាន់និយាយអំពីរឿងឈឺក្តិតដែលកើតចេញពីការវះកាត់ផង ។ សង្ខេបឡើងវិញ បើអ្នកចាំបាច់ត្រូវតែវះកាត់រន្ធគូថ ដើម្បីព្យាបាលឫសដូងបាតក្តី មហារីកចុងពោះវៀនធំក្តី (Colon Cancer) គប្បីត្រៀមវត្ថុបីយ៉ាងមិនអាចខ្វះបានទេ ។ វត្ថុទាំងបីនោះគឺ កន្ទប កន្ថោ និង កាធន់ជ័រ ។ ក្រៅអំពីនេះ គឺការដេកងូតទឹកក្នុង Bathtub ដើម្បីកាត់បន្ថយការឈឺចាប់នៅលើតំបារពោះដោយសារការនោមទាស់និងក្តៀនលាមក ។ ផ្អែកលើពត៌មានពិស្តារ នោមទាស់គឺជៀសមិនរួចទេ សម្រាប់ការវះកាត់ឫសដូងបាតនិងមហារីកចុងពោះវៀនធំ ដ្បិតថ្នាំស្ពឹកបំបាត់ការឈឺចាប់វាធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃបំពង់បង្ហូរទឹកម៉ូត ។ ចុងក្រោយបំផុត គឺការធ្វើចលនា ឬហាត់ប្រាណ ។ របៀបធ្វើចលនានេះ គឺត្រូវដេកផ្កាប់មុខដាក់ជើងផ្គុំគ្នាសណ្តូកឲ្យត្រង់ ។ លើកជើងបត់ត្រង់កន្លាក់អាចម៍ម្ខាងម្តង ។ ធ្វើចលនាបត់ចុះបត់ឡើង ១០ដង រួចហើយសណ្តូកចុះដើម្បីធ្វើចលនាលើជើងម្ខាងទៀត ។ ចលនាទីពីរគឺ កន្ធែកក្បាលជង្គង់ឲ្យឃ្លាតគ្នាបន្តិច រួចហើយបត់ជើងទាំងពីរ ៩០ដឺក្រេត្រង់ចំណុចកន្លាក់អាចម៍ ។ ធ្វើចលនាលើជើងទាំងពីររបៀបហែលទឹក ។ ចលនាទីបី គឺដូចចលនាទីពីរដែរ តែយកប្រអប់ជើងគោះគ្នាទៅវិញទៅមកនៅក្នុងទម្រង់បញ្ឈរ ៩០ដឺក្រេ ។ អត្ថបទនេះសន្មតថាចប់ត្រឹមនេះ ។ ក៏ប៉ុន្តែ ពត៌មានសំខាន់បំផុតដែលខ្ញុំចង់ឲ្យមិត្តអ្នកអានយល់ដឹង ខ្ញុំមិនទាន់បានសរសេរមួយពាក្យនៅឡើយទេ ។ អ្នកដែលមិនចូលចិត្តអានអត្ថបទវែង ប្រាកដជាលួចជេរខ្ញុំក្នុងពោះហើយ ដ្បិតចំណាយពេលអានរឿងអាចម៍និងនោមមកដល់ចំណុចនេះ ស្រាប់តែពោលថារឿងសំខាន់បំផុត មិនទាន់បានសរសេរមួយពាក្យទៅវិញ ។ ខ្ញុំសូមអធ្យាស្រ័យផងចុះ ដ្បិតការសរសេរអត្ថបទនេះ ខ្ញុំក៏ត្រូវរង់ចាំប្រហែលជាដប់ឆ្នាំផងដែរ ។ អ្នកដែលធ្លាប់សិក្សាផ្នែកខាងវេជ្ជសាស្ត្រ ប្រហែលជាមើលដឹងថាខ្ញុំសរសេរអត្ថបទនេះជាលក្ខណៈលាតត្រដាងជំហឺ (Epidemiological description) ។ រយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ ខ្ញុំតែងតែធ្វើដំណើរទៅសួរសុខទុក្ខញាតិមិត្តនៅស្រុកខ្មែរជារឿយៗ ។ ប្រការមួយដែលខ្ញុំឧស្សាហ៍ឃើញគេយកមកផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងអានាធិបតេយ្យ គឺការវះកាត់ឫសដូងបាត ។ មិនមានពត៌មាននិយាយអំពីការព្យាបាលដោយវិធីផ្សេងឡើយ (Alternative treatment) ។ ប្រការនេះគឺផ្ទុយអំពីអ្វីដែលវេជ្ជបណ្ឌិតនៅបស្ចឹមប្រទេសណែនាំអ្នកជម្ងឺ ។ វេជ្ជបណ្ឌិតនៅបស្ចឹមប្រទេសគឺ ១០០% មិនលើកទឹកចិត្តឲ្យមនុស្សមានឫសដូងបាតវះកាត់ទេ ប្រសិនបើបត់ជើងធំមកមិនមានឈាម ។ គេណែនាំឲ្យយើងទទួលទានចំណីអាហារ ដើម្បីកាត់បន្ថយការរុកគួនរំខាននៃឫសដូងបាត ។ គោលដៅតែមួយគត់សម្រាប់មនុស្សដែលមានឫសដូងបាត គឺធ្វើយ៉ាងណាបត់ជើងធំក្នុងមួយថ្ងៃម្តង ។ បើធ្វើដូច្នេះបាន ឫសដូងបាតលែងជាបញ្ហានៅក្នុងជីវិតហើយ ។ សម្រាប់ពលរដ្ឋដែលរស់នៅក្នុងស្រុកខ្មែរ ក៏ដូចជាប្រទេសនានានៅអាសុីអគ្នេយ៍ ការទទួលទានម្ហូបអាហារដែលអាចធ្វើឲ្យយើងបត់ជើងធំរៀងរាល់ថ្ងៃនោះ គឺងាយដូចបកចេក ដោយគ្រាន់តែបន្ថែមអាហារបន្តិចបន្តួច អមជាមួយនឹងម្ហូបចំណីដែលយើងទទួលទានប្រចាំថ្ងៃ ។ ខ្ញុំហ៊ានអះអាងដូច្នេះ ពីព្រោះខ្ញុំធ្លាប់យករូបខ្ញុំទៅធ្វើបទពិសោធចំនួនបីលើក ។ លទ្ធផលគឺជោគជ័យឥតមានឆកល្វែងទេ (Consistantly successful) ។ នៅស្រុកខ្មែរនិងអាសុីភាគអគ្នេយ៍ មានម្ហូបអាហារនិងផ្លែឈើមួយចំនួនដែលបរិភោគទៅធ្វើឲ្យយើងបត់ជើងធំរៀងរាល់ថ្ងៃ ។ ផ្នែកម្ហូបគឺ ១) ជ្រក់មមាញ ២) ជ្រក់ស្ពៃ ៣) ជ្រក់ល្ហុង ៤) តាសក់ត្រាំ និង ៥) តាសក់និងល្ហុងម៉ាំ ។ គួរកត់សម្គាល់ថា ម្ហូបទាំងនេះជាប្រភេទម្ហូបផ្អាប់ដែលមានបាក់តេរីនៅក្នុងនោះ ។ ហើយម្ហូបមួយចំនួនគេច្រកក្នុងកូនថង់ប្លាស្ទីកតូចៗសម្រាប់លក់ ។ យើងត្រូវការតែមួយកូនថង់តូចនោះទេ ក្នុងមួយថ្ងៃ ។ បើតាសក់ត្រាំនិងតាសក់ម៉ាំ កន្លះកូនចានចង្កឹះគឺគ្រប់គ្រាន់ ។ ឯផ្លែឈើគឺ ក្រូចថ្លុង និង ល្ហុងទំ ។ ញ៉ាំផ្លែឈើនេះមួយកូនចានចង្កឹះមុនចូលគេង ក៏គ្រប់គ្រាន់ដែរ ។ ក្រៅអំពីម្ហូបអមដែលជួយឲ្យយើងបត់ជើងធំប្រចាំថ្ងៃនេះ យើងអាចទទួលទានបន្លែដែលសម្បូរសារធាតុសសៃរ (Fibers) ផងដែរ ។ បន្លែដែលសម្បូរសារធាតុសសៃរ និងអាចរកបានគ្រប់រដូវគឺ ត្រកួន ព្រលឹត ក្រអៅឈូក និង កូនចេកណាំវ៉ា ។ ក្រៅអំពីនេះ សាឡាដ ស្ពៃ ខាត់ណា នៅស្រុកយើងក៏សម្បូរណាស់ដែរ ។ គួរកត់សម្គាល់ថា ត្រកួន ព្រលឹត ក្រអៅឈូក និង កូនចេកណាំវ៉ា គឺត្រូវដងត្រូវផ្លែតែជាមួយនឹងសម្លម្ជូរ ។ ហើយក៏ត្រូវដឹងដែរថា ខ្មែរក៏មានសម្លម្ជូរខ្មែរដែរ មិនមែនមានតែយួនទេ ។ អ្នកដែលមិនស្គាល់សម្លម្ជូរខ្មែរ គួរតែទៅថ្វាយបង្គំភ្នំនាងកង្រីឲ្យបានបីដង ។ សម្លម្ជូរខ្មែរ មានបន្លែតែពីរមុខគត់គឺ ត្រកួន និង មមីសនាងកង្រី ។ គេមិននិយមស្លម្ជូរខ្មែរជាមួយនឹងសាច់ទេ ។ វត្ថុផ្សំដែលមានប្រជាប្រិយបំផុតគឺ ត្រីកញ្ចុះ ត្រីឆ្លាំង ត្រីផ្ទក់ និង ត្រីចង្វាភ្លៀង ។ ត្រីផ្សេងក៏អាចយកមកស្លបានដែរ ប៉ុន្តែមិនសូវឆ្ងាញ់ដូចត្រីប៉ុន្មានមុខខាងលើទេ ។ ក្រៅអំពីត្រី គេក៏អាចស្លម្ជូរខ្មែរជាមួយនឹង ខ្ចៅ ខ្ចង កំពឹស និងក្តាមផងដែរ ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមនិយាយអំពីរបៀបស្លម្ជូរខ្មែរបន្តិចផងចុះ ដ្បិតកន្លងមកឃើញប្រពន្ធខ្ញុំនិងប្រពន្ធគេ ស្លម្ជូរខ្មែរត្របីត្របាគ្មានដឹងក្បួនខ្នាតអ្វីឡើយ ។ ខ្ញុំដឹងអំពីរបៀបស្លម្ជូខ្មែរ ដោយសារជីដូនខ្ញុំប្រាប់ ។ ការស្លម្ជូរខ្មែរក៏ងាយស្រួលដូចបកចេកដែរ ដ្បិតវាមានបន្លែស្នូលតែមួយមុខគត់គឺ ត្រកួន ។ ត្រកួនមានគល់និងត្រួយ ។ ពីរភាគបីនៃផ្នែកខាងគល់ គេកាត់វាជាកង់ៗប្រវែងប្រហែលពីរថ្នាំងដៃដាក់ដោយឡែកអំពីផ្នែកខាងត្រួយ ។ រួចហើយ យើងយកកូនកាំបិតពុះជ្រៀកកំណាត់ដើមត្រកួននេះដាក់ត្រាំទឹក ដើម្បីឲ្យវារីកចេញសោភ័ណដូចផ្កា ។ បើយើងខ្ជិលក្បាច់ក្បូរ យកបន្ទះកាំបិតប៉ាំងតោដំដើមត្រកួនឲ្យបែក ហើយកាត់វាជាកង់ៗក៏បានដែរ ។ ជំហាននីមួយៗនៃការស្លម្ជូរខ្មែរគឺ ដាំទឹកឲ្យពុះ ជ្រុំប្រហុកចូលដោយប្រើកន្ត្រង ។ រួចហើយបង់ត្រកួនផ្នែកខាងគល់ចូល ។ បន្ទាប់ពីទឹកសម្លពុះ បង់ត្រីកញ្ចុះ ត្រីឆ្លាំង ឬត្រីផ្ទក់ ដែលកាត់ជាកង់ៗ ចូលទៅ ។ ទុកឲ្យទឹកសម្លពុះម្តងទៀត ទើបបង់ត្រកួនផ្នែកខាងចុងចូល ។ បន្ទាប់មកជ្រុំផ្លែអំពិលទុំ អំពិលខ្ចី ឬសណ្តាន់ ដើម្បីឲ្យសម្លជូរ ។ គប្បីជ្រុំប្រភេទម្ជូរទាំងនេះនៅក្នុងកន្ត្រងប្រហុក ។ មិនត្រូវបង់វាចូលដោយផ្ទាល់ទេ ។ វាអាចធ្វើឲ្យសម្លជូរជ្រេញ ។ បើមានត្រួយអំពិល អាចបង់វាចូលជាមួយនឹងត្រួយត្រកួនតែម្តង ។ ឯមមីសនាងកង្រី បើដាក់វាទាំងវែងៗ ក៏ត្រូវបង់វាជាមួយនឹងត្រួយត្រកួនដែរ ។ ប៉ុន្តែ បើយើងហាន់វាខ្លីៗដូចស្លឹកជីបន្លា គឺត្រូវរង់ចាំទាល់តែសម្លពុះម្តងទៀតបន្ទាប់ពីបង់ត្រួយត្រកួន ទើបបង់វាចូលហើយបិទភ្លើងលើកឆ្នាំងចេញពីជើងក្រាន ។ សម្លសន្មត់ថាឆ្អិនហើយ ។ គួរកត់សម្គាល់ថា គប្បីភ្លក្សនិងថែមស្ករអំបិល ឬផ្លែម្ទេសក្តឆ្មារដើម្បីតម្រូវមាត់អ្នកទទួលទាន មុននឹងលើកសម្លចេញពីជើងក្រាន ។ សម្រាប់ការស្លជាមួយនឹង ខ្ចៅ ខ្ចង ក្តាម កំពឹស ឬ ត្រីចង្វាភ្លៀង គប្បីបង់គ្រឿងទាំងនេះចូលបន្ទាប់ពីត្រួយត្រកួន ។ បកទៅនិយាយអំពីឫសដូងបាតវិញ ។ ចំណីអាហារ និងបន្លែផ្លែឈើដ៏សម្បូរបែបដែលពលរដ្ឋខ្មែរអាចរកបាន មិនថាអ្នកមានឬអ្នកក្រឡើយ គឺអាចយកមកដោះស្រាយបញ្ហាអាការរោគឫសដូងបាតបានដោយងាយ ។ មិនត្រូវចំណាយប្រាក់ទៅលើការវះកាត់ ចំណាយពេលវេលាព្យាបាលរបួស និង ស៊ូទ្រាំឈឺក្តិតឥតប្រយោជន៍ទេ ។ គ្រាន់តែកែប្រែការទទួលទានអាហារបន្តិចបន្តួច អាចព្យាបាលអាការរោគបាន គ្មានអ្វីប្រសើរជាងនេះទេនៅលើលោកនេះ ។ កាលខ្ញុំរកឃើញរបៀបកាត់បន្ថយអាការរោគឫសដូងបាត ដោយការទទួលទានចំណីអាហារកាលពីដប់ឆ្នាំមុន ខ្ញុំបម្រុងនឹងសរសេរផ្សព្វផ្សាយនៅគ្រានោះ ។ ក៏ប៉ុន្តែ ដោយខ្ញុំដឹងថា ខ្ញុំត្រូវវះកាត់ឫសដូងបាតរបស់ខ្ញុំនៅថ្ងៃណាមួយ ព្រោះខ្ញុំមិនអាចស្វែងរកម្ហូបអាហារមកទទួលទានដូចមនុស្សរស់នៅក្នុងស្រុកខ្មែរបាន ខ្ញុំក៏សម្រេចចិត្តរង់ចាំរហូតដល់ការវះកាត់ឫសដូងបាតរបស់ខ្ញុំប្រព្រឹត្តិទៅរួចរាល់ ទើបផ្គុំកត្តានៃអត្ថបទទាំងពីរជាមួយគ្នា ។ មុននឹងបញ្ចប់អត្ថបទដ៏វែងអន្លាយនេះ ខ្ញុំសូមឆ្លៀតនិយាយអំពីមហារីចុងពោះវៀនធំ (Colon Cancer) បន្តិច ។ ចំណុចសំខាន់បំផុតនៃអត្ថបទនេះ គឺនៅចុងបញ្ចប់នេះឯង ។ បើមិត្តអ្នកអានមានឪពុកម្តាយ ឬជីដូនជីតាដែលមានអាយុចន្លោះពី ៥០ ទៅ ៧០ ឆ្នាំ ដែលមិនធ្លាប់បានទៅឆ្លុះមើលអាការរោគមហារីកចុងពោះវៀនធំ សូមណែនាំឬក៏យកពួកគាត់ទៅពិនិត្យរោគសញ្ញាមហារីកចុងពោះវៀនធំ យ៉ាងហោចណាស់ក៏ម្តងដែរ ។ បើអាច គួរពិនិត្យនៅពេលដែលយើងមានអាយុក្នុងចន្លោះពី ៥០ទៅ៦០ឆ្នាំ ម្តង និងនៅក្នុងចន្លោះ ៦០ទៅ៧០ឆ្នាំ ម្តងទៀត ។ ខ្ញុំដឹងថាមនុស្សទូទៅ ជាពិសេសមនុស្សស្រី មានការអៀនប្រៀននៅក្នុងការពិភាក្សាឬក៏ឲ្យពេទ្យពិនិត្យរន្ធគូថ ។ សម័យនេះ វិទ្យាសាស្ត្រជឿនលឿនមានកូនម៉ាសុីនថតតូចៗដែលគ្រូពេទ្យរុកចូលក្នុងរន្ធគូថយើង ដើម្បីពិនិត្យតាមរយៈកំព្យូទ័រ ។ មិនមានអ្វីដែលគួរឲ្យខ្មាសអៀនឡើយ ។ ចាស់ៗប្រហែលជានៅមានចិត្តខ្លាចរអារ ។ ប៉ុន្តែ យើងជាកូនឬចៅអាចពន្យល់គាត់ដោយស្ងាត់កំបាំង អំពីសារសំខាន់នៃការពិនិត្យរោគវិនិច្ឆ័យមហារីកចុងពោះវៀនធំនេះ ។ ខ្ញុំទើបនឹងបាត់បង់បងស្រីជីដូនមួយមួយរូប ដែលមានអាយុទើបតែ ៦០ឆ្នាំក្រាស់ ដោយសារមហារីកចុងពោះវៀនធំកាលពីពីរសប្តាហ៍មុន ។ ដោយហេតុតែសង្គ្រាមនិងកលិយុគនៅស្រុកខ្មែរ យើងទាំងពីរមិនដែលស្គាល់ឬក៏ជួបមុខគ្នាទេ តាំងតែពីខ្ញុំដឹងក្តីមក ។ យើងទើបតែបានជួបមុខគ្នាម្តងនៅក្នុងរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក កាលពីឆ្នាំទៅ ។ វាជាជំនួបលើកទីមួយ ហើយក៏ជាជំនួបចុងក្រោយរបស់ពួកយើងដែរ ។ អត្ថបទនេះ ចាត់ទុកថាជាការជូនដំណើរវិញ្ញាណក្ខន្ធបងទៅកាន់បរលោក ។ ហើយក៏សូមឲ្យការស្លាប់របស់បង ក្លាយទៅជាកត្តាលើកទឹកចិត្ត ដល់មនុស្សផងទាំងពួងដែលបានអានអត្ថបទនេះ ឲ្យឈប់អៀនប្រៀនជាមួយនឹងការពិនិត្យអាការរោគនៅក្នុងរន្ធគូថ ៕

Friday, May 20, 2022

ចំណីខួរក្បាល

បេះដូងនិងខួរក្បាល គ្រាមួយនោះ ភរិយាខ្ញុំគាត់ខឹងនឹងខ្ញុំ ឈប់និយាយរកខ្ញុំ និងបង្អត់របបខ្ញុំប្រហែលមួយខែ ។ ខ្ញុំមិនដឹងថាគាត់ខឹងនឹងខ្ញុំរឿងអ្វីឲ្យប្រាកដទេ ។ មុនដំបូងខ្ញុំគិតថា វាគ្រាន់តែជាកំហឹងវដ្តរដូវ (PMS) ។ ក៏ប៉ុន្តែ បន្ទាប់ពីរយៈពេលមួយអាទិត្យបានកន្លងផុតទៅ មិនឃើញមានសញ្ញាស្រុះស្រួល ខ្ញុំចាប់ផ្តើមសង្ស័យថាវាជារឿងធ្ងន់ធ្ងរ ។ ខ្ញុំមិនទាន់ប្រឈមមុខដាក់គ្នាដើម្បីដោះស្រាយបញ្ហាភ្លាមៗទេ ដោយទុកឲ្យពេលវេលារំកិលទៅមុខបន្តិចទៀតសិន ។ មូលហេតុដែលខ្ញុំទុកពេលវេលាឲ្យទំនាស់អូលបន្លាយដូច្នេះ គឺចង់ទុកឲ្យកំហឹងដែលកំពុងពុះកញ្ជ្រោលនោះត្រជាក់បន្តិច (Cool down) និងអនុញាតិឲ្យភវង្គវិញ្ញាណ (Sub-conscience) ប្រាស្រ័យទាក់ទងគ្នាជំនួសឲ្យពាក្យសម្តី ។ ខ្ញុំមានទម្លាប់មួយ គឺមិនដោះស្រាយបញ្ហានៅពេលដែលភាគីពាក់ព័ន្ធកំពុងតែខឹងមួម៉ៅក្តៅក្រហាយទេ ។ ខ្ញុំទុកឲ្យពេលវេលាខាំទំពារសុីចិត្តខឹងឲ្យរលោះបន្តិចសិន ទើបចូលវាយលុករុករកដំណោះស្រាយ ។ ការបើកឆាកប្រយុទ្ធជាមួយមនុស្សដែលកំពុងខឹង គឺត្រូវជ្រើសរើសកាលៈទេសៈនិងទីកន្លែងសមស្របមួយ ។ និយាយឲ្យងាយយល់ មិនអាចប្រកែកគ្នានៅចំពោះមុខអ្នកដទៃឡើយ ជាពិសេសគឺកូនៗ ។ ខ្ញុំមានកូនតូចៗពីរនាក់ ។ ពួកគេជាឧបស័គ្គហើយក៏ជាជំនួយដំណោះស្រាយជម្លោះប្តីប្រពន្ធផងដែរ ។ នៅពេលដែលយើងនាំកូនៗទៅដើរលេងនៅក្នុងសួនសាធារណៈ ខ្ញុំដេញពួកគេឲ្យជិះកង់ស្គូទ័រទៅមុនហើយធ្វើជាឈប់រើសស្លឹកឈើមួយសន្លឹក ។ ពេលពួកគេទៅឆ្ងាយគួរសម ខ្ញុំដើរស្រូតមកទន្ទឹមប្រពន្ធខ្ញុំហើយចាប់ដៃគាត់ជាប់ ទោះគាត់រើបម្រាស់យ៉ាងណាក៏ខ្ញុំមិនលែងដែរ ។ វាជាសារកាយវិការមួយដែលបញ្ជាក់ថា ខ្ញុំចង់ឲ្យគាត់និយាយប្រាប់ខ្ញុំអំពីអ្វីដែលបង្កឲ្យគាត់ខឹងសម្បារនឹងខ្ញុំ ។ មែន! រឿងរ៉ាវទាំងអម្បាលម៉ានហូរចេញពីមាត់គាត់ដូចទឹកបាក់ទំនប់ ។ ខ្ញុំធ្លាប់រៀនអំពីវិធីដោះស្រាយទំនាស់ ។ ដើម្បីស្រាយទំនាស់ឲ្យដាច់ស្រឡះ យើងត្រូវគាស់ឲ្យដល់ឫសគល់របស់វា ។ អ្នកផ្ទះខ្ញុំខឹងនឹងខ្ញុំដោយសារការសរសេររៀបរាប់រឿងរ៉ាវស្នេហាកាលពីអតីតដាក់នៅក្នុង ហ្វេសប៊ុកហ្គ្រុប នៃអតីតមិត្តភក្តិស្មេរកវីរបស់ខ្ញុំ ។ បន្ទាប់ពីបែកគ្នាជាងម្ភៃឆ្នាំ យើងជួបគ្នាតាមរយៈក្រុមដើម្បីរ៉ាយរ៉ាប់ប្រាប់គ្នាអំពីដំណើរជីវិតរបស់យើង ។ ខ្ញុំបានយករឿងស្នេហាបរាជ័យទីមួយរបស់ខ្ញុំមកបរិយាយនៅទីនោះ ។ ភរិយាខ្ញុំគាត់អានរឿងនោះ ហើយចាប់ទោសអូសដំណើរខ្ញុំ ។ គាត់ថាគាត់អត់ប្រចណ្ឌទេ ។ តែគាត់ប្រកាន់ ។ ពុទ្ធោអើយ! មនុស្សកញ្ចាស់ល្បាក់ខ្ញុំ ប្រសិនបើប្រពន្ធនៅប្រចណ្ឌ ខ្ញុំពិតជាមានសំណាងពន់ពេកណាស់ ។ ខ្ញុំនាំកូនឲ្យទៅជិះទោងលេងនៅក្នុងសួនកុមារ ហើយនាំភរិយាទៅអង្គុយនៅលើកៅអីមួយក្បែរនោះ ដើម្បីទេសនាពន្យល់គាត់អំពីបេះដូងនិងខួរក្បាល ។ ស្រឡាញ់មនុស្សម្នាក់ វាជារឿងងាយ ។ ប៉ុន្តែ យល់អំពីមនុស្សម្នាក់ យើងត្រូវការយកខួរក្បាលទៅពិចារណាច្រើនជាងឲ្យចិន្តា(ចិត្ត)ចាត់ចែងការនានា ។ ដូចគ្នាដែរ ពន្យល់មនុស្សម្នាក់ឲ្យយល់អំពីផ្នត់គំនិត និងទឹកចិត្តបរិសុទ្ធរបស់យើងក៏មិនមែនជាការងាយ ។ ភរិយាខ្ញុំខឹងនឹងខ្ញុំដោយសារពាក្យពេចន៍ដែលខ្ញុំសរសេរ ។ ដូច្នេះ ដើម្បីដោះកុនចេញអំពីកំហឹងប្រពន្ធ ខ្ញុំចាំបាច់ត្រូវតែយកយុទ្ធវិធីមេធាវីមកប្រើ ។ ពាក្យពេចន៍មានឫសគល់នៅក្នុងអក្សរសិល្ប៍ ។ អក្សរសិល្ប៍មានពីរប្រភេទគឺ រឿងពិត និង រឿងប្រតិដ្ឋ ដែលភាសាអង់គ្លេសហៅថា Fiction and Non-Fiction ។ នៅក្នុងរឿងពិតគឺមានសច្ចភាពនិងតថភាពនៅក្នុងនោះថែមទៀត ។ ភរិយាខ្ញុំមិនមែនជាមនុស្សលុះនឹងអក្សរសិល្ប៍ទេ ។ គាត់ចូលចិត្តមើលស្រីស្អាតឡាយលក់ឡេ និងដូនចាស់ជេរគ្នាតភាគតាមហ្វេសប៊ុក ច្រើនជាងអានសៀវភៅអក្សរសិល្ប៍ ។ ដូច្នេះ ពន្យល់គាត់អំពីគោលគំនិតនៅក្នុងអក្សរសិល្ប៍ ពិតជាពិបាកជាងដកពុកមាត់ឆ្មាញីទៅទៀត ។ រឿងពិតរមែងមានសច្ចភាពនិងតថភាពជាធាតុផ្សំ ។ ឧទាហរណ៍ ដើមឈើទាលមួយដើមដុះតែឯង វាជាសច្ចភាព ។ ប៉ុន្តែ នៅពេលដើមឈើទាលនោះដុះលាយឡំជាមួយនឹងដើមត្រាច ខ្លុង និង ដើមត្បែង វានឹងក្លាយជាតថភាពនៃព្រៃឈើ ។ ដូចគ្នាដែរ នៅពេលខ្ញុំសរសេរថា បន្ទាប់ពីនារីម្នាក់បដិសេធការប៉ងប្រាថ្នាស្នេហារបស់ខ្ញុំ ខ្ញុំលួចសម្រក់ទឹកភ្នែកប្រហែល៧យប់ គឺមិនខុសអំពីដើមឈើទាល ត្រាច ខ្លុង ត្បែង ដុះលាយឡំគ្នាឡើយ ។ ខ្ញុំស្រក់ទឹកភ្នែក ? មែន! ។ ក៏ប៉ុន្តែ ពេលវេលាវាគ្រាន់តែជាតថភាពប៉ុណ្ណោះ ។ ខ្ញុំសួរភរិយាខ្ញុំថា កត្តាដែលខ្ញុំស្រក់ទឹកភ្នែក៧យប់នោះ តើមានអ្នកណាជាសាក្សីទេ? បើគ្មានទេ គេមិនអាចយកជាការបានឡើយ! នៅក្នុងប្រព័ន្ធតុលាការ ចៅក្រមនឹងទាត់ចោលសំណុំរឿងប្រភេទនេះ ដោយមិនចាំបាច់ពន្យល់ហេតុផល ។ កត្តាមួយទៀតគឺ "ទឹកភ្នែកបងស្រក់ មិនមែនគ្មានបញ្ហា" ។ តើបញ្ហានោះជាអ្វីទៅ៖ ១) ខ្ញុំអាចស្រក់ទឹកភ្នែកដោយសារខឹងនឹងនាង ។ ២) ខ្ញុំអាចស្រក់ទឹកភ្នែកដោយសារស្អប់នាង ។ ៣) ខ្ញុំអាចស្រក់ទឹកភ្នែកដោយសារខ្ញុំអាណិតនាង ព្រោះនាងបានទាត់ចោលមនុស្សប្រុសដ៏ល្អកម្ររកបានមួយរូប ។ បើករណីទីបីជារឿងពិតនៅពីក្រោយតំណក់ទឹកភ្នែករបស់ខ្ញុំ វាសបញ្ជាក់ថាខ្ញុំជាមនុស្សដែលមានចរិយាធម៌ និងមេត្តាធម៌គួរឲ្យស្រឡាញ់ណាស់ ។ វូស! ទម្រាំតែដោះកុនរួច និយាយស្ទើរបែកពពុះមាត់ ។ ភរិយាទាំងពួងអើយ! មុននឹងរករឿងប្តីអំពីភក្តីភាព មេត្តាស្វែងយល់ឲ្យបានសុីជម្រៅបន្តិចទៅ ។ និយាយអំពីបេះដូងនិងខួរក្បាលវិញម្តង ។ កត្តាតែមួយគត់ដែលអាចរក្សាភក្តីភាពប្តីប្រពន្ធឲ្យរឹងមាំយូរអង្វែងសែងជាតិគឺ ទំនុកចិត្ត (Trust) ។ ទំនុកចិត្តមិនអាចយកប្រាក់ទៅទិញ ឬក៏អំណាចទៅបង្ខិតបង្ខំបានឡើយ ។ គេត្រូវយកបេះដូងនិងខួរក្បាលទៅធ្វើជាដើមទុនស្វែងរកនិងសន្សំវាបន្តិចម្តងៗ ។ ចំណុចចាប់ផ្តើមនៃការសន្សំទំនុកចិត្ត គឺត្រូវស្វែងយល់ថាតើបេះដូងរបស់មនុស្សដែលយើងស្រឡាញ់វានៅក្នុងទ្រូង ឬនៅក្រៅទ្រូង ។ ខួរក្បាលក៏ដូចគ្នាដែរ ។ តើវានៅក្នុងក្បាលឬនៅក្រៅក្បាល ។ ខ្ញុំលេងពាក្យពេចន៍ទៀតហើយ! ដើម្បីស្វែងយល់ថាតើបេះដូងរបស់មនុស្សដែលយើងស្រឡាញ់រាប់អាននៅក្រៅទ្រូង ឬនៅក្នុងទ្រូង ហាក់ដូចជាមិនលំបាកទេ ។ ខ្ញុំសូមយកពាក្យខ្មែរមួយឃ្លាមកធ្វើជាគោល៖ មាត់ថា ដៃធ្វើ ។ កត្តាសម្គាល់នៅទីនេះគឺ កាយវិការ ។ ឧទាហរណ៍ ម្តាយជេរស្តីនិងរអ៊ូររទាំដាក់កូនជាប្រចាំ ប៉ុន្តែមិនដែលបង្អត់អាហារកូនទេ (ជេរទៅ ហៅមក) ។ ដូចគ្នាដែរ ប្តីប្រពន្ធទើសទាស់នឹងគ្នាជាប្រចាំ ប៉ុន្តែមិនដែលភ្លេចគិតអំពីសុខុមាលភាពគ្នាទៅវិញទៅមកឡើយ ។ នេះហើយជាកត្តាបញ្ហាញអំពីបេះដូងនៅក្នុងទ្រូង ។ ឯរឿងបាច់ផ្កា កាដូ បុណ្យខួប ជួបគ្នាផឹកសុីនោះ វាគ្រាន់តែជាល្បោយនៃទឹកចិត្តតែប៉ុណ្ណោះ ។ ខួរក្បាលនៅក្នុងក្បាលឬក្រៅក្បាលគឺអាស្រ័យលើទំនុកចិត្តរវាងគ្នានិងគ្នា (Complete Trust) ។ កត្តាតែមួយគត់ដើម្បីកសាងទំនុកចិត្តគឺ តម្លាភាព ។ ក៏ប៉ុន្តែ ការបង្កើតឲ្យមានតម្លាភាពនោះ គឺមិនមែនជាការងាយឡើយ ។ ខ្ញុំធ្លាប់សរសេរអំពីវិធីបង្កើតតម្លាភាពរួចម្តងហើយ ។ ដូច្នេះ មិនលើកយកមកពណ៌នានៅក្នុងអត្ថបទនេះទៀតទេ ដ្បិតយើងមានគោលការណ៍មួយផ្សេងទៀតដែលអាចយកមកធ្វើជាមូលដ្ឋានទំនុកចិត្តបាន ។ គោលការណ៍នោះគឺ សីលប្រាំ ។ ពលរដ្ឋខ្មែរស្ទើរតែគ្រប់រូបធ្លាប់សូត្រតាមលោកសង្ឃអំពីសីលប្រាំនេះ ។ ខ្ញុំធ្លាប់សូត្រសីលប្រាំមិនតិចជាង ១០០ដងទេ ។ ប៉ុន្តែគ្មានចាំអ្វីជាដុំកំភួនឡើយដ្បិតវាជាភាសាបាលី ។ "បាណាតិបាតា វេរមនីសិក្ខា បទំសមា ទិយាមិ" ជាឃ្លាមួយនៅក្នុងសីលប្រាំនោះ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចងចាំជាក់លាក់អំពីគោលគំនិតនៅក្នុងសីលប្រាំគឺ៖ ១) មិនពោលពាក្យមិនពិត ២) មិនប្រព្រឹត្តិបាប"កាម" ៣) មិនធ្វើចោរកម្ម ៤) មិនចងកម្មជាមួយល្បែងនិងគ្រឿងស្រវឹង ៥) មិនប្រឹងផ្តាច់ផ្តិលជីវិត ។ អតីតប្រធានាធិបតីអាមេរិកាំង លោក រ៉ូណាល់ រ៉េហ្គិន ធ្លាប់និយាយពាក្យមួយម៉ាត់ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់អាមេរិកាំងជាមួយនឹងអតីតសហភាពសូវៀត "Trust but verify" (ទុកចិត្តតែពិនិត្យពិច័យ) ។ សហរដ្ឋអាមេរិកនិងសហភាពសូវៀតមានភ្នាក់ងារ សេអុីអា និង កាហ៊្សេបេ ដើម្បីពិនិត្យពិច័យភាពស្មោះត្រង់រវាងគ្នាទៅវិញទៅមក ។ ឯយើងជាប្តីប្រពន្ធ គ្មានទេភ្នាក់ងារស៊ើបអង្កេត ដើម្បីបញ្ជាក់អំពីភក្តីភាពនិងភាពស្មោះត្រង់របស់ស្វាមីភរិយា ។ ក៏ប៉ុន្តែ យើងមានសីលប្រាំដែលជាគោលដ៏ពិសិដ្ឋបំផុត សម្រាប់បញ្ជាក់ថា តើខួរក្បាលរបស់មនុស្សដែលយើងស្រឡាញ់វានៅក្នុងក្បាល ឬនៅក្រៅក្បាល ។ ការប្រកាន់យកមកអនុវត្តនូវសីលប្រាំរបស់បុគ្គលណាមួយ យ៉ាងហោចណាស់ចាប់ពីបីឡើងទៅ គឺជាកត្តា (Indicator) ដែលអាចបញ្ជាក់ថាមនុស្សនោះមានលំនឹងនៅក្នុងចិត្តគំនិត ។ គឺលំនឹងនៅក្នុងចិត្តគំនិតនេះហើយដែលអាចបញ្ជាក់អំពីខួរក្បាលនៅក្នុងក្បាល ។ លំនឹងនៅក្នុងចិត្តគំនិត! តើយើងយកអ្វីមកធ្វើជាខ្នាតវាស់វែង? សូមលើកយកពួកម៉ាកម្នាក់មកបរិហារនៅទីនេះបន្តិចចុះ ។ ខ្ញុំមានមិត្តម្នាក់ជាឧកញ៉ានៅស្រុកខ្មែរ ។ ពេលយើងជួបគ្នាម្តងៗ មិត្តខ្ញុំតែងតែនាំខ្ញុំទៅដើរលេងនៅក្នុងរង្គសាលបនបារការ៉ាអូឃេជារឿយៗ ។ ស្រីបារជាច្រើនស្គាល់មិត្តខ្ញុំច្បាស់លាស់ណាស់ ។ ពួកគេដាក់រហសនាមឲ្យមិត្តខ្ញុំថា "ខ្លាឃ្មុំ" ដ្បិតគាត់មានរាងធាត់ក្រអាញដូចខ្លាឃ្មុំ ។ រៀងរាលពេលដែលយើងចូលរង្គសាលម្តងៗ នារីក្មេងៗ ៤ឬ៥នាក់ តែងតែមកស្វាគមមិត្តខ្ញុំប្រៀបដូចជាកូនឃើញឪពុកមកពីធ្វើការ ។ បន្ទាប់ពីរកកន្លែងគួរសមឲ្យយើងអង្គុយរួចរាល់ នាងៗខ្លះទៅយកស្វាយមកចិតញ៉ាំ ខ្លះទៀតទៅយកម៉ានុយមកឲ្យយើងជ្រើសរើសម្ហូប ។ ពួកគេញ៉ាំស្វាយបណ្តើរសួរមិត្តខ្ញុំពីនេះពីនោះបណ្តើរ រួចហើយក៏ងើបចេញទៅធ្វើកិច្ចការរៀងខ្លួនដោយទុកមនុស្សម្នាក់ឬពីរនាក់ឲ្យនៅកំដរពួកយើង ។ ក្រៅអំពីទទួលបង់ប្រាក់លើថ្លៃស្វាយដែលនាងៗចិតញ៉ាំ មិត្តខ្ញុំក៏បានផ្តល់លុយឲ្យពូកគេក្នុងម្នាក់ប្រមាណជាពីរឬបីដុល្លារដែរ ។ សម័យនោះ មិនសូវសម្បូររោងចក្រកាត់ដេរទេ ។ ដូច្នេះ យុវនារីដែលមករកការងារធ្វើនៅក្នុងក្រុង ភាគច្រើននាំគ្នាទៅធ្វើការនៅក្នុងរង្គសាលនិងភោជនីយដ្ឋាន ។ ប្រការដែលភរិយាមិត្តខ្ញុំបណ្តោយឲ្យគាត់ដើរលេងដូចគោអត់កន្លុះ បានចោទជាសំណួរមួយនៅក្នុងខួរក្បាលខ្ញុំ ។ ហេតុអ្វីក៏ភរិយាគាត់ទុកចិត្តគាត់ម្លេះ ? តាមការសង្កេតរបស់ខ្ញុំ ភរិយាមិត្តខ្ញុំហាក់ដូចជាយកទំនុកចិត្តដោយឥតងាករេ ទៅចងចិត្តមិត្តខ្ញុំ ។ គាត់បណ្តោយឲ្យមិត្តខ្ញុំដើរលេងតាមចិត្ត ។ ចង់ទៅទីណាក៏ទៅចុះ ។ ជាលទ្ធផល មិត្តខ្ញុំហាក់ដូចជាមិនមានចិត្តវៀចវេរទ្រេតទ្រោតទ្រុឌទ្រោមដោយសារទំនាញតណ្ហាឡើយ ។ យូរៗម្តង ពេលយើងទៅចូលរង្គសាលដែលមិត្តខ្ញុំស្គាល់ពួកតន្ត្រីករ គាត់ឡើងទៅច្រៀងលើវេទិការ ។ បទចម្រៀងមួយបទដែលមិត្តខ្ញុំតែងតែលើកយកមកច្រៀងម្តងហើយម្តងទៀត គឺបទដែលចាប់ផ្តើមដោយពាក្យ៖ ក្រោមមេឃលើដីមានតែ ស្រីមួយ.....។ ខ្ញុំអង្គុយស្តាប់មិត្តខ្ញុំច្រៀងបទចម្រៀងមួយនេះជាច្រើនដង ។ ស្តាប់យូរៗទៅ ខ្ញុំមានអារម្មណ៍ថា មិត្តខ្ញុំមិនមែនស្រែកច្រៀងទេ ។ គឺគាត់ស្រែកដង្ហើយប្រាប់ខ្លួនឯងថា នៅក្នុងលោកនេះមានតែស្រីមួយប៉ុណ្ណោះ ។ ហើយស្រីម្នាក់នោះកំពុងអង្គុយចាំគាត់នៅឯផ្ទះ ។ ការទុកចិត្តគូសង្សារ ជាពិសេសមនុស្សប្រុស ជាមួយនឹងរឿងភ្លើតភ្លើនក្នុងជីវិត មិនមែនជាការងាយឡើយ ។ បណ្តោយស្រួលមិនស្រួល គេបេះយកបាត់ ។ ប៉ុន្តែ នៅក្នុងបរិបទស្វាមីភរិយា ការផ្តល់នូវទំនុកចិត្តដោយឥតញញើត អាចជាចំណងដ៏មានប្រសិទ្ធភាពបំផុតសម្រាប់រារាំងចិត្ត ។ ទំនុកចិត្តដែលយើងផ្តល់ឲ្យស្វាមី ឬភរិយា វាគឺជាកិត្តិយសផង និងជាកាតព្វកិច្ចផង ។ ស្វាមី ឬភរិយាដែលទទួលបានទំនុកចិត្តអំពីសមភាគីរបស់ខ្លួន ជាទូទៅមិនយកទំនុកចិត្តនោះទៅជាន់ឈ្លីទេ ។ គួរកត់សម្គាល់ថា ករណីនេះខ្ញុំសំដៅទៅលើមនុស្សដែលយល់និងយកសីលប្រាំ មកធ្វើជាបង្គោលជីវិតតែប៉ុណ្ណោះ ។ ម្តងនោះ ភរិយាខ្ញុំប្តូរការងារ ។ កន្លែងធ្វើការចាស់របស់គាត់បានសុំឲ្យគាត់នៅជួយហ្វឹកហាត់បុគ្គលិកថ្មីម្នាក់ ដែលចូលមកធ្វើកិច្ចការងារជំនួសគាត់ ។ បុគ្គលិកថ្មីនោះជាមនុស្សប្រុសអាយុមិនលើសភរិយាខ្ញុំប៉ុន្មានទេ ។ រៀងរាល់ចុងសប្តាហ៍ ខ្ញុំបើកឡានជូនភរិយាទៅធ្វើការជាមួយនឹងបុរសនោះតែពីរនាក់គត់ នៅក្នុងការិយាល័យប្រមាណជាបីខែ ។ ខ្ញុំលើកយកប្រការនោះមកពន្យល់ភរិយាថា ប្រការដែលខ្ញុំដឹកឯងឲ្យទៅធ្វើការងារតែពីនាក់នឹងអន្ទិតនោះ ដោយឥតមានការព្រួយបារម្មណ៍អ្វីសោះ វាជាកត្តាបញ្ជាក់ថាខួរក្បាលរបស់ខ្ញុំវាស្ថិតនៅក្នុងក្បាលខ្ញុំ ។ សម្រាប់ឯង ឯងប្រាកដជាមានអារម្មណ៍ថា ខ្ញុំទុកចិត្តឯងដោយឥតមន្ទិលសោះឡើយ ។ ប្រការដែលឯងដឹងថាខ្ញុំទុកចិត្តឯងនេះ វាក៏ជាកត្តាបញ្ជាក់ថា ខួរក្បាលរបស់ឯងអត់មានហោះហើរ ទៅដើរលេងតែពីសតែពាសឡើយ ។ ចប់ ៕

Friday, May 6, 2022

ចំណីខួរក្បាល

ទម្លាប់ អ៊ំស្រីខ្ញុំម្នាក់ ជាមនុស្សអៀនប្រៀនមិនសូវចេះមាត់កទេ ។ កាលគាត់រស់នៅស្រុកខ្មែរ ផ្ទះគាត់មានអណ្តូងទឹកមួយ ។ នៅក្បែរអណ្តូងទឹកនោះ មានពាងទឹកដ៏ធំមួយសម្រាប់ស្តុកទឹកដែលដងចេញពីក្នុងអណ្តូងមកទុកងូតប្រចាំថ្ងៃ ។ មនុស្សប្រុសស្រីក្នុងគ្រួសារតែងតែផ្លាស់ក្រមាឬសារ៉ុងងូតទឹកក្បែរអណ្តូងនោះជាប្រចាំ ។ ចំណេរក្រោយមក អ៊ំខ្ញុំបានមករស់នៅស្រុកអាមេរិក ហើយក៏រៀនរស់ជាមួយនឹងរបៀបរបបនៃអារ្យប្រទេស ។ ទម្លាប់មួយដែលអ៊ំខ្ញុំមិនអាចផ្លាស់ប្តូរបានគឺការចងពុងក្រមាងូតទឹក ទោះបីជានៅក្នុងបន្ទប់ទឹកមានតែគាត់ម្នាក់ឯងក៏ដោយ ។ កូនៗគាត់បានដាស់តឿនគាត់ថានៅក្នុងបន្ទប់ទឹក គ្មាននរណាមើលគាត់ឃើញទេ ។ ដូច្នេះ មិនចាំបាច់ចងពុងក្រមានាំឲ្យទើសទែងពិបាកដុសក្អែលឡើយ ។ អ៊ំខ្ញុំតបទៅពួកគេវិញថា៖ "គ្មាននរណាមើលអញឃើញមែន ក៏ប៉ុន្តែ អញខ្មាសខ្លួនឯងណាស់" ។ បន្ទាប់ពីឮគាត់និយាយដូច្នោះ កូនៗរបស់គាត់ក៏ឈប់ដុកដាន់អំពីប្រការដែលអ៊ំខ្ញុំចងពុងក្រមាងូតទឹកក្នុងបន្ទប់ទឹក ។ ថាអ៊ំស្រីខ្ញុំចុះជាមនុស្សបុរាណមិនអាចប្រែប្រួលឲ្យទាន់សម័យកាល ។ អ្នកផ្ទះខ្ញុំដែលជាក្មេងកើតនៅទសវត្សឆ្នាំ ១៩៨០ ក៏ហាក់ដូចជាមិនអាចកែទម្លាប់បានដូចគ្នា ។ ភរិយាខ្ញុំចម្រើនវ័យនៅក្រៅទីក្រុង ។ ផ្ទះរបស់គាត់មានពាងទឹកធំៗមួយចំនួនសម្រាប់ស្តុកទឹកភ្លៀងឬក៏ទឹកទន្លេ ដែលបងប្អូនគាត់យករុឺម៉កធុងសាំងទៅអូសយកមកចាក់បំពេញ ។ នៅក្បែរពាងទឹកទាំងនោះ មានកូនកៅអីឈើទាបមួយសម្រាប់អង្គុយស្រដៀងអង្គុយចោងហោងដែរ ។ គឺកូនកៅអីឈើទាបនោះហើយ ដែលភរិយាខ្ញុំគាត់អង្គុយដុសធ្មេញនិងលុបមុខនៅក្បែរពាងទឹករៀងរាល់ថ្ងៃ ។ ទម្លាប់នោះ ភរិយាខ្ញុំនាំយកមករហូតដល់ស្រុកអាមេរិកដែរ ។ រៀងរាល់ថ្ងៃ អ្នកផ្ទះខ្ញុំគាត់តែងតែយកកូនកៅអីជ័រទាបមួយ ដែលខ្ញុំទិញយកមកដាក់ក្បែរ សុីង ឬបាសាំងលុបមុខសម្រាប់ឲ្យកូនក្មេងឈរទើតលើដើម្បីដុសធ្មេញ ទៅដាក់នៅក្នុង បាសថាប់ (Bathtub) ឬកន្លែងងូតទឹក ហើយអង្គុយដុសធ្មេញទៅតាមទម្លាប់ដែលគាត់ធ្លាប់ធ្វើនៅស្រុកខ្មែរ ។ ខ្ញុំសួរគាត់ថា ហេតុអ្វីក៏មិនឈរដុសធ្មេញនៅកន្លែងដែលគេធ្វើសម្រាប់ឲ្យយើងដុសធ្មេញនោះ? ភរិយាខ្ញុំតបថា ឈរដុសធ្មេញដូច្នឹងមានអារម្មណ៍ថាមិនមានផាសុកភាពដូចអង្គុយទេ ។ ករណីទាំងពីរខាងលើនេះជាទម្លាប់ដ៏សាមញ្ញនិងងាយស្រួលលះបង់ជាទីបំផុត ។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន វាជាករណីមិនអាចកែប្រែបានទៅវិញ ។ និយាយអំពីប្រការនេះ ខ្ញុំនឹកទៅដល់លទ្ធិប្រជាធិបតេយ្យនិងសង្គមខ្មែរ ។ ផ្អែកលើប្រវត្តិសាស្ត្រ លទ្ធិប្រជាធិបតេយ្យត្រូវបាននាំយកមកអនុវត្តក្នុងស្រុកខ្មែរដំបូងបំផុតនៅចុងទសវត្សឆ្នាំ ១៩៤០ ។ អ្នកដែលផ្តួចផ្តើមបណ្តុះផ្នត់គំនិតប្រជាធិបតេយ្យនៅក្នុងសង្គមខ្មែរ ភាគច្រើនគឺជាអតីតនិស្សិតដែលត្រឡប់មកពីសិក្សានៅឯប្រទេសបារាំង ។ បើមើលតាមគោលការណ៍និងទ្រឹស្តី លទ្ធិប្រជាធិបតេយ្យអាចផ្តល់សារប្រយោជន៍ដល់ជីវិតពលរដ្ឋខ្មែរច្រើនណាស់ ។ ក៏ប៉ុន្តែ នៅពេលដែលយកវាមកអនុវត្ត ពលរដ្ឋខ្មែរហាក់ដូចជាគ្មានលទ្ធភាពអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យទេ ។ ចរិតរណបបុគ្គលដែលមានសក្តិយសខ្ពស់ជាងខ្លួន គឺហាក់ដូចជាកប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ ។ វាស្តែងចេញជាទង្វើស្ទើរតែគ្មាននរណាចាប់ភ្លឹកសោះឡើយ ។ ឧទាហរណ៍ នៅក្នុងជួរមន្ត្រីរាជការ កិច្ចការផងទាំងពួងដែលបុគ្គលម្នាក់ៗធ្វើ គេតែងតែផ្តល់កិត្តិយស (Credits) ជូនទៅថ្នាក់លើជានិច្ច ។ ចំណែកឯពលរដ្ឋក៏ដូចគ្នាដែរ ។ ពួកគេមិនដែល ឬមិនហ៊ានចាត់ទុកអាជ្ញាធរថាជាអ្នកបម្រើរបស់ខ្លួនឡើយ ។ មិនតែប៉ុណ្នោះ ពលរដ្ឋចាត់ទុកមន្ត្រីរាជការថាជាម៉ែឪទៅវិញ ។ ជាលទ្ធផល កម្រមាននរណាម្នាក់ហ៊ានចេញមុខបង្គាប់បញ្ជា ឲ្យមន្ត្រីរាជការធ្វើកិច្ចការងារសមប្រកបទៅនឹងបំណងរបស់ខ្លួនណាស់ ។ ភាពសាមញ្ញនៃគោលការណ៍ប្រជាធិបតេយ្យ គឺកិច្ចសន្យារវាងពលរដ្ឋនិងអាជ្ញាធរ ដែលភាសាអង់គ្លេសហៅថា Social Contract ។ នៅក្នុងកិច្ចសន្យានេះ អាជ្ញាធរគ្រប់ស្រទាប់ទាំងអស់ជាអ្នកបម្រើរបស់ពលរដ្ឋ ដែលភាសាអង់គ្លេសហៅថា Public Servants ។ ក្នុងន័យនេះ អាជ្ញាធរដែលមានតួនាទីជាអ្នកបម្រើគ្មានសិទ្ធិប្រព្រឹត្តអ្វីៗតាមតែអំពើចិត្តឡើយ ។ ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង ពលរដ្ឋកម្រហ៊ានក្អកណាស់ ចង់អាជ្ញាធរប្រព្រឹត្តកំហុសរាប់មិនអស់ក៏ដោយ ។ ឧទាហរណ៍ កៀបសង្កត់បក្សនយោបាយជំទាស់ ឬក៏ពលរដ្ឋដែលជំទាស់មិនគាំទ្រគោលនយោបាយរបស់អាជ្ញាធរ ឲ្យរងទុក្ខឥតល្ហែររាប់ខែឆ្នាំ ។ បើនិយាយអំពីកិច្ចសន្យាសង្គម (Social Contract) វាគឺជាកំហុសដែលមិនអាចលើកលែងឲ្យបាន ។ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរដែលជាចៅហ្វាយនាយរបស់អាជ្ញាធរនោះ វាគឺជារឿងធម្មតា ដ្បិតទម្លាប់របស់យើងតាំងតែពីដើមរៀងមក មិនដែលហ៊ានស្តីបន្ទោសឬក៏ចាប់ទោសអូសដំណើរអាជ្ញាធរម្តងណាឡើយ ។ ជាលទ្ធផល លទ្ធិប្រជាធិបតេយ្យដែលយើងកំពុងតែអនុវត្តសព្វថ្ងៃ បានក្លាយទៅជាកូនរលូតរស់នៅក្នុងកែវសម្ភព មិនដឹងពេលណានឹងបានឃើញពន្លឺថ្ងៃដូចគេដូចឯងទេ ។ សង្ឃឹមថា វាមិនស្លាប់នៅពាក់កណ្តាលទី ៕

Monday, March 14, 2022

ចំណីខួរក្បាល

ពូទីន និងជំនួញស្បែកគោទទឹក ខ្ញុំមិនប្រាកដថា ខ្ញុំយល់អំពីអ្វីដែលហៅថាជំនួញស្បែកគោទទឹកនោះទេ ។ ប៉ុន្តែ បើតាមការសង្កេតនូវអ្វីដែលចាស់ទុំខ្មែរតែងយកពាក្យនេះមកនិយាយ គឺគាត់សំដៅដល់ទង្វើណាដែលនាំឲ្យខូចខាតប្រយោជន៍ខ្លួនឯង ។ សង្គ្រាមរវាងប្រទេសរុស្សីនិងអ៊ុយក្រេនបានឈានចូលដល់អាទិត្យទីបីហើយ ។ មហន្តរាយនិងការបាត់បង់ជីវិតមនុស្សក៏បានកើនឡើងរឹតតែច្រើនដែរ ។ ជាទស្សនផ្ទាល់ខ្លួន ខ្ញុំស្អប់និងថ្កោលទោសសង្គ្រាមគ្រប់រូបភាពទាំងអស់ ។ សម្រាប់ខ្ញុំ នៅក្នុងសង្គ្រាម គ្មានភាគីចាញ់ឬឈ្នះទេ ។ មានតែជនរងគ្រោះតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ រាល់សង្គ្រាមទាំងអស់រមែងមានទីបញ្ចប់របស់វា ។ ហើយនៅទីបញ្ចប់នោះ លទ្ធផលនឹងស្តែងចេញមកអំពីការខាតបង់នៃភាគីនីមួយៗ ។ ពូទីនជាអ្នកផ្តួចផ្តើសង្គ្រាមនៅអ៊ុយក្រេន ។ អ្នកដែលតាមដានពត៌មានពិភពលោក ជាពិសេសអំឡុងពេលបីខែកន្លងទៅនេះ ប្រហែលជានៅចាំថា ពូទីន គាត់កើតទុក្ខមិនសុខចិត្តជាមួយប្រទេសអ៊ុយក្រេន ដែលហាក់ដូចជាមានភក្តីភាពជាមួយនឹងប្រទេសលោកសេរីច្រើនជាងរបបផ្តាច់ការនៅរុស្សី ។ នៅក្នុងគំនិតគាត់ ពូទីនគិតថា បើប្រទេសអ៊ុយក្រេនក្លាយជាសមាជិកសហគមអឺរ៉ុបដែលមានអង្គការណាតូនៅពីក្រោយ វានឹងធ្វើឲ្យប្រទេសរុស្សីបាត់បង់សុវត្ថិភាព ។ ដោយយកសុវត្ថិភាពប្រទេសរុស្សីមកធ្វើជាលេស ពូទីនក៏ចាប់ផ្តើមរករឿងប្រទេសអ៊ុយក្រេនដោយប្រការផ្សេងៗ រហូតដល់យកកងទ័ពរាប់មុឺននាក់មករាយនិងធ្វើសមយុទ្ធតាមបន្ទាត់ព្រុំដែនប្រទេសអ៊ុយក្រេន ។ នៅក្នុងការធ្វើសមយុទ្ធនោះ ភ្នាក់ងារស៊ើបការនៃប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានប្រកាសឲ្យពិភពលោកដឹងថា ពូទីនរៀបចំឈ្លានពានប្រទេសអ៊ុយក្រេន ។ ទោះបីគម្រោងរបស់គាត់ត្រូវបែកធ្លាយក៏ដោយ ក៏ពូទីនមិនព្រមទទួលស្គាល់ការពិតឡើយ ។ គាត់ខំរកពាក្យភូតកុហកនានាដើម្បីបង្វែងដាន ដោយនិយាយថាគាត់គ្មានបំណងចូលលុកលុយប្រទេសអ៊ុយក្រេនឡើយ ។ ប៉ុន្តែ ការភូតកុហកនោះ គឺគាត់កុហកបានតែខ្លួនឯងប៉ុណ្ណោះ ។ មេដឹកនាំនៃប្រទេសលោកខាងលិច ជាពិសេសប្រទេសអ៊ុយក្រេន មិនបានជឿពាក្យភូតកុហកគាត់នោះឡើយ ។ ពួកគេរៀបចំជើងព្រួលទុកជាមុនរួចស្រេច ។ ដូច្នេះ នៅពេលពូទីនគាត់លេបពាក្យសម្តីខ្លួនឯង ដោយចូលលុកលុយប្រទេសអ៊ុយក្រេនទាំងកម្រោល (Naked Invasion) គ្មាននរណាមួយភ្ញាក់ផ្អើលឡើយ ។ គឺមានតែពូទីនម្នាក់គត់ដែលភ្ញាក់ផ្អើល ។ កត្តាដ៏ធំបំផុតដែលធ្វើឲ្យពូទីនភ្ញាក់ផ្អើល គឺភាពស្វិតស្វាញនៅក្នុងការតស៊ូរបស់កងទ័ពអ៊ុយក្រេន ។ ពូទីនគាត់មិននឹងស្មានថា កងទ័ពអ៊ុយក្រេន អាចទប់ទល់ជាមួយនឹងកងកម្លាំងពិសេសរបស់រុស្សី ដែលគាត់បញ្ជូនតាមឧទ្ធមភាគចក្រមកវាយលុកកាន់កាប់ទីក្រុង គ្យីវ ឡើយ ។ កងកម្លាំងពិសេសទាំងនោះមិនត្រឹមតែមិនអាចចូលលុកក្នុងទីក្រុង គ្យីវ បានទេ ថែមទាំងស្លាប់អស់ជាច្រើនាក់ថែមទៀត ។ ការធ្វើសង្គ្រាម គេត្រូវប្រើយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលភាសាអង់គ្លេសហៅថា Element of Surprise (វាយប្រហារចំនុចខ្សោយ) ។ នៅពេលដែលពូទីន បញ្ចេញសាច់ដុំក្នុងរូបភាពសមយុទ្ធរយៈពេលប្រមាណជាមួយខែ តាមបណ្តោយព្រុំដែលអ៊ុយក្រេននោះ ប្រទេសអ៊ុយក្រេនបានត្រៀមអាវុធសំខាន់ៗមួយចំនួន ដូចជាកាំជ្រួចសម្រាប់បាញ់រថក្រោះនិងយន្តហោះ ព្រមទាំងយន្តហោះចម្បាំងស្វ័យប្រវត្តិ (Drones) ផងដែរ ។ ក្នុងចំណោមយន្តហោះចម្បាំងស្វ័យប្រវត្តិទាំងនេះ មានយន្តហោះម៉្យាងឈ្មោះបេរ៉ាក់តា (Bayrakta) ដែលផលិតដោយប្រទេសទួគី ផ្តល់សារប្រយោជន៍ឲ្យកងទ័ពអ៊ុក្រេនខ្ពស់ជាងគេ ។ មុនពេលកងទ័ពរុស្សីចូលឈ្លានពាន ប្រទេសអ៊ុយក្រេនបានទិញដ្រូនប្រភេទ បេរ៉ាក់តា ចំនួន២០គ្រឿងដើម្បីទុកការពារប្រទេស ។ គឺដ្រូនបេរ៉ាក់តានេះហើយដែលបានទប់ក្បួនរថក្រោះនិងរថពាសដែករបស់កងទ័ពរុស្សីដែលមានប្រវែងប្រមាណជា ៤០គីឡូម៉ែត្រនោះ ឲ្យនៅទ្រឹងមួយរយៈ ។ សព្វថ្ងៃនេះ គេមិនដឹងថាប្រទេសអ៊ុយក្រេនទិញដ្រូន បេរ៉ាក់តា នេះប៉ុន្មានគ្រឿងថែមទៀតទេ ។ ការចូលលុកលុយត្រួតត្រាប្រទេសមួយ ដែលពលរដ្ឋគេមិនស្វាគម ទោះបីប្រទេសនោះតូចនិងខ្សត់ខ្សោយយ៉ាងណាក៏ដោយ គឺមិនដែលទទួលបានលទ្ធផលល្អទេ ។ សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេស វៀតណាម ក្នុងទសវស្សឆ្នាំ ១៩៦០ គឺជាមេរៀនមួយ ។ មេរៀនមួយទៀតគឺការលុកលុយរបស់អតីតសហភាពសូវៀតចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន នៅទសវត្សឆ្នាំ ១៩៨០ ។ សហរដ្ឋអាមេរិកនិងសហភាពសូវៀតកាលនោះ មានរដ្ឋាភិបាលអាយ៉ងជួយសម្របសម្រួលឲ្យឈរជើងនៅក្នុងប្រទេសពួកគេផងដែរ ។ ប៉ុន្តែ នៅទីបំផុតសហរដ្ឋអាមេរិកនិងសហភាពសូវៀតត្រូវបង្ខំចិត្តដកកងទ័ពចេញពីប្រទេស វៀតណាមនិងអាហ្វហ្គានីស្ថាន យ៉ាងអាម៉ាសមុខ ។ បច្ចុប្បន្ន ប្រទេសអ៊ុយក្រេនហាក់ដូចជាគ្មានក្រុមអាយ៉ងចាំទទួលកងទ័ពរុស្សីទេ ។ ដូច្នេះ ការលុកលុយកាន់កាប់ប្រទេសអ៊ុយក្រេន គឺជាការផ្សងព្រេងមួយដែលមានពាក្យ "បរាជ័យ" សរសេរទុកនៅលើជញ្ជាំងរួចទៅហើយ ។ រុស្សីអាចបន្តបាញ់កាំជ្រួចនិងទម្លាក់គ្រាប់បែកលើប្រទេស អ៊ុយក្រេន ឲ្យក្លាយទៅជាផេះ ក៏ប៉ុន្តែកងទ័ពរុស្សីមិនអាចឈរជើងនៅទីនោះបានឡើយ ។ ពួកគេនៅទីនោះកាន់តែយូរ ជីវិតមនុស្សទាំងសងខាងនឹងបាត់បង់កាន់តែច្រើន ។ បើគិតជាកត្តាយុទ្ធសាស្ត្រ ប្រទេសរុស្សីបានចាញ់និងបាត់បង់សារប្រយោជន៍យ៉ាងធ្ងន់ធ្ងររួចទៅហើយ ។ ទីមួយ ផ្នែកសេដ្ឋកិច្ចដែលប្រទេសរុស្សីអភិវឌ្ឃរយៈពេល៣០ឆ្នាំកន្លងទៅនេះ ត្រូវវិនាសហិនហោចស្ទើរតែទាំងស្រុង ។ ទីពីរ នៅក្នុងវិស័យយោធា ប្រទេសនៅក្នុងសម្ព័ន្ធមិត្តណាតូ មិនត្រឹមតែរឹតចំណងសាមគ្គីគ្នារឹងមាំជាងមុនទេ ពួកគេថែមទាំងបង្កើនថវិកាពង្រឹងពង្រីកកងទ័ពនិងយុទ្ធោប្បករណ៍សង្គ្រាមថែមទៀត ។ មិនតែប៉ុណ្ណោះ ពូទីន បានបង្ហាញគេឃើញនូវភាពកម្សោយផ្នែកសឹកសង្គ្រាមរបស់គាត់ផងដែរ ។ វាមិនខុសអំពីជ្រុះសំពត់ឲ្យគេមើលឃើញកេរ្ត៍ខ្មាសនោះឡើយ ។ បើនិយាយអំពីយុទ្ធសាស្ត្រសង្គ្រាមរបស់កងទ័ពអ៊ុយក្រេនវិញ ពួកគេមិនតតាំងជាមួយកងទ័ពរុស្សីនៅចំពោះមុខទេ ។ យុទ្ធសាស្ត្រចម្បងគឺកាត់ផ្តាច់ទំនាក់ទំនងនិងបណ្តាញផ្គត់ផ្គង់ស្បៀងនិងយុទ្ធោប្បករណ៍សម្រាប់កងទ័ពនៅជួរមុខ (Frontline Forces) របស់រុស្សី ។ បន្ទាប់ពីបង្កឧបសគ្គនិងបង្អាក់ដំណើរ កងទ័ពអ៊ុយក្រេនវាយឆ្មក់ក្បួនទ័ពរុស្សីត្រង់នេះបន្តិច ត្រង់នោះបន្តិច ប្រៀបដូចជាត្រីចង្វាចឹកប្រហុក ។ ការធ្វើសង្គ្រាមប្រភេទនេះ ទោះបីជាប្រទេសរុស្សីមានកងទ័ពនិងអាវុធយុទ្ធភ័ណ្ឌរាប់មិនអស់ ក៏មិនអាចស៊ូទ្រាំបានដែរ ។ ក្រឡាអុកសម្រាប់រុស្សីដើរមានតែមួយទេ៖ ចរចាបញ្ចប់សង្គ្រាមរឹតតែឆាប់ រឹតតែល្អ ៕

Saturday, January 15, 2022

ចំណីខួរក្បាល

បេក្ខជននិងបក្សនយោបាយឯករាជ្យ នៅក្នុងគោលគំនិតព្រះពុទ្ធសាសនា អ្នកដែលយល់ដឹងអំពីបុណ្យបាបជ្រៅជ្រះ តែងទូន្មានមនុស្សទូទៅថា៖ គប្បីចេះធ្វើបុណ្យប្រកបដោយបញ្ញា ។ បើមិនដូច្នោះទេយើងអាចនឹងត្រូវគេបោកប្រាស់ ។ តើយើងអាចយកគោលគំនិត "ធ្វើបុណ្យប្រកបដោយបញ្ញា" មកជំនួសឲ្យការ "ធ្វើនយោបាយប្រកបដោយបញ្ញា" បានដែរទេ? ទាំងការធ្វើបុណ្យនិងធ្វើនយោបាយសុទ្ធតែពាក់ព័ន្ធនឹងការដាក់ទានដូចគ្នា ។ ទាននៅក្នុងវិស័យនយោបាយគឺ សន្លឹកឆ្នោត ។ បន្ទាប់ពីវិសាលភាពនៃការធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាត្រូវបានគេរិតត្បិតស្ទើរតែរើខ្លួនមិនរួច ខ្ញុំធ្លាប់បានជជែកលេងជាមួយនឹងយុវជនម្នាក់នៅស្រុកខ្មែរ ថាតើយើងអាចមានលទ្ធភាពរើបម្រាស់ចេញអំពីគំនាបនៃអំណាចផ្តាច់ការបានដែរទេ ។ ចម្លើយរបស់ខ្ញុំគឺ អាច ដោយយកគោលការណ៍ធ្វើបុណ្យប្រកបដោយបញ្ញាមកអនុវត្ត ។ ធ្វើនយោបាយប្រកបដោយបញ្ញា ត្រូវការការពិចារណារកមធ្យោបាយមួយដែលសាមញ្ញហើយងាយស្រួលក្នុងការអនុវត្តិ ។ ក្នុងទម្រង់នៃប្រព័ន្ធនយោបាយនៅស្រុកខ្មែរ អភិបាលកិច្ចចែកចេញជាពីរអង្គភាព ឬពីរស្រទាប់គឺ៖ ទីមួយ ក្រុមប្រឹក្សាឃុំសង្កាត់ ។ និងទីពីរ តំណាងរាស្ត្រនិងរដ្ឋាភិបាល ។ ក្រុមប្រឹក្សាឃុំសង្កាត់តំណាងឲ្យរដ្ឋបាលមូលដ្ឋាន ។ ឯតំណាងរាស្ត្រនិងអភិបាលកិច្ចដែលពួកគេរៀបចំតំណាងឲ្យរដ្ឋបាលថ្នាក់ជាតិ ។ ក្រុមប្រឹក្សាឃុំសង្កាត់ក៏ជាអង្គភាពបោះឆ្នោតមួយជាន់ទៀត ដែលមានតួនាទីជ្រើសរើសសមាជិកព្រឹទ្ធសភា និង ក្រុមប្រឹក្សាស្រុកនិងខេត្ត ។ បើគិតជាអំណាច ក្រុមប្រឹក្សាឃុំសង្កាត់មានអំណាចច្រើនគួរសមដែរ ក្នុងការចាត់ចែងកិច្ចការប្រទេសជាតិ ។ គឺតួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់នេះហើយ ដែលខ្ញុំធ្លាប់លើកយកមកពិគ្រោះជាមួយនឹងយុវជនខ្មែរ ។ វាជាកម្រិតអភិបាលកិច្ចដែលមនុស្សទូទៅអាចធ្វើបាន ដោយមិនចាំបាច់មានធនធានអ្វីធំដុំឡើយ ។ ឯការធ្វើយុទ្ធនាការស្វែងរកសន្លឹកឆ្នោតក៏មិនលំបាកដែរ ដោយយកគម្រូតាមលោកសង្ឃដើរបិណ្ឌបាត្រ ។ អ្វីដែលជាយុទ្ធសាស្ត្រស្នូលនៃគោលគំនិតនេះ គឺរៀបចំយុទ្ធនាការស្វែងរកតួនាទីក្រុមប្រឹក្សាឃុំសង្កាត់ជាលក្ខណៈឯករាជ្យ ។ ខាងក្រោមនេះជាលិខិតដែលខ្ញុំសរសេររៀបរាប់អំពីគោលគំនិតរបស់ខ្ញុំ៖ ជម្រាបមកក្មួយ អរគុណដែលបានចំណាយពេលជជែកគ្នាអំពីរឿងខ្មែរ ។ ការគិតរបស់ពូមិនដឹងថាអាចអនុវត្តបានកម្រិតណាទេ ។ ប៉ុន្តែ គំនិតអាចជាគន្លិះសម្រាប់បំភ្លឺផ្លូវ ។ ពូដឹងត្រួសៗអំពីគោលការណ៍របស់បក្សប្រជាធិបតេយ្យមូលដ្ឋាន ។ អ្វីដែលពូចង់អនុវត្តគឺ រុញគោលការណ៍នោះមួយជំហានទៅមុខទៀត ដោយដើរតាលំអានមួយដាច់ពីអ្នកណាៗទាំងអស់ ។ មុននឹងចាប់ផ្តើមកិច្ចការដ៏លំបាកនេះ យើងគប្បីមានទិដ្ឋិរួមមួយសម្រាប់ទ្រទ្រង់ឆន្ទៈក៏ដូចជាជំនឿរបស់យើង ។ ទិដ្ឋិនេះមានបី ។ ទីមួយត្រូវយល់ថា រាល់ការធ្វើដំណើរ មិនថាជិតឬឆ្ងាយទេ តែងតែចាប់ផ្តើមពីជំហានទីមួយ ។ ទីពីរ ត្រូវបេះផ្លែឈើដែលនៅជិតដៃ មុននឹងឡើងទៅបេះផ្លែដែលនៅចុងមែក ។ ទីបី ប្រើយុទ្ធសាស្ត្រ ២០/៨០ ។ មានន័យថាលទ្ធភាពដែលយើងអាចធ្វើកើតមានតែ ២០ភាគរយទេ ។ ៨០ភាគរយទៀតគឺជាឧបស័គ្គដែលយើងត្រូវជម្នះ ។ អ្វីដែលយើងត្រូវផ្តោតសកម្មភាពរបស់យើងគឺចំណុច ២០ភារយដែលយើងអាចធ្វើកើត ហើយពង្រីកវាបន្តិចម្តងៗដើម្បីកាត់បន្ថយឧបសគ្គដែលមានទំហំ៨០ភាគរយនោះ ។ និស្សិតដែលទៅរៀននៅបរទេសភាគច្រើនគឺដើរតាមគោលការណ៍ ២០/៨០ នេះ ។ ចំណុចទាំងបីនេះហើយដែលជាគោលគំនិតរបស់ពូ ហើយក៏ជាហេតុផលដែលពូចង់ឲ្យយកត្រឹមក្រុមប្រឹក្សាឃុំសង្កាត់ មកធ្វើជាចំណុចចាប់ផ្តើម ។ កិច្ចការថ្នាក់ជាតិដែលជាជំហានទីពីរនោះ មិនជាលំបាកទេបន្ទាប់ពីយើងឈានបានមួយជំហានទៅមុខ ។ ដូចដែលពូបានរៀបរាប់ខ្លះៗមកហើយ គោលដៅអនុវត្តគឺ គ្រួសារមួយសហគមមួយ ឬឃុំមួយសហគមមួយ ។ មានន័យថា យុទ្ធសាស្ត្រគឺផ្អែកលើតម្រូវការរបស់ឃុំនីមួយៗ ។ ឃុំខ្លះសម្បូរអ្នកធ្វើស្រែ ។ ឃុំខ្លះធ្វើចម្ការ ។ ឃុំខ្លះនេសាទ ។ ឃុំខ្លះជំនួញ ។ល។ គោលការណ៍ដឹកនាំសម្រាប់ឃុំនីមួយៗ គឺបេក្ខជនសម្រាប់ឃុំនោះៗជាអ្នករៀបចំ ។ នេះមិនមែនមានន័យថា យើងគ្មានគោលការណ៍សាកលឬទូទៅទេ ។ មុននឹងនិយាយអំពីគោលការណ៍ ឬវេទិការនយោបាយ (Policy Platform) យើងត្រូវជ្រើរើសផ្លូវដើរជាក់លាក់មួយ ។ គណបក្សឯករាជ្យ មិនមែនជាបក្សប្រឆាំង ហើយក៏មិនមែនជាកូនជឹងរបស់បក្សណាដែរ ។ តួនាទីរបស់មេឃុំឬក្រុមប្រឹក្សាឃុំសង្កាត់អនុវត្តតាមតែរដ្ឋធម្មនុញ្ញ ច្បាប់បញ្ញតិចេញពីរដ្ឋាភិបាល និងគាំពារសុខុមាលភាពរបស់ពលរដ្ឋនៅក្នុងឃុំ ។ បម្រើពលរដ្ឋនៅក្នុងឃុំដោយសច្ចយុត្តិធម៌ ។ ដើម្បីបញ្ជាក់អំពីគោលជំហរនេះ យើងគប្បីបង្កើតគោលការណ៍មួយដែលមានលើក្រដាសតែមួយសន្លឹកគត់ ។ គោលការណ៍គឺជាកិច្ចសន្យាផង និង ជាលក្ខខណ្ឌសម្រាប់ពលរដ្ឋយកទៅបិទលើជញ្ជាំងផ្ទះដើម្បីឲ្យពន្ទុផង ។ ចំណុចណាដែលយើងធ្វើមិនបានត្រឹមត្រូវ ឬមិនពេញចិត្តគាត់ សូមឲ្យគាត់យកប៊ិកគូសពីលើ ហើយបូកសរុបនៅចុងបញ្ចប់ដើម្បីពិចារណា ថាតើគួរគាំទ្រឬក៏ឈប់គាំទ្រយើងបន្តទៅទៀត ។ គោលការណ៍នៅលើក្រដាសមួយទំព័រនេះ ត្រូវចែកជាពីរ ។ ផ្នែកខាងលើជាគោលការណ៍ទូទៅ ។ ផ្នែកខាងក្រោមជាគោលការណ៍តម្រូវតាមឃុំនីមួយៗ ។ គោលការណ៍ទូទៅគឺដាច់ខាតត្រូវចៀសវាងឲ្យឆ្ងាយអំពីចំណុចខ្សោយរបស់បក្សដទៃ ជាពិសេសបក្សកាន់អំណាច ។ ជ្រើសរើសចំណុចសំខាន់ៗតែ ៤ ឬ ៥ ប្រការបានហើយ ។ ច្រើនពេកពលរដ្ឋពិបាកចាំណាស់ ។ ចំណុចសំខាន់ទាំងនេះគឺ៖ មិនពុករលួយ ។ មិនគ្រួសារនិយម ។ មានតម្លាភាពក្នុងកិច្ចការងារ ។ មិនធ្វើអ្វីដែលមានទំនាស់ផលប្រយោជន៍ ។ គាំពារផលប្រយោជន៍និងជួយដោះស្រាយបញ្ហានានារបស់ពលរដ្ឋនៅក្នុងឃុំឲ្យអស់ពីសមត្ថភាព និងដោយមិនរើសមុខ ។ សរសេរពាក្យពេចន៍ពន្យល់បន្ថែមនៅក្រោមប្រការនីមួយៗ ចំនួនមួយបន្ទាត់ឬពីរបន្ទាត់ ។ គោលការណ៍ពាក់កណ្តាលទំព័រទៀត ទុកឲ្យបេក្ខជនរបស់ឃុំនីមួយៗ បំពេញទៅតាមតម្រូវការ ឬស្ថានភាពនៃឃុំទាំងនោះ ។ ត្រូវចាំថា ការស្វែងរកជ័យជម្នះរបស់យើង មិនមែនពឹងលើកម្លាំងធនធានទេ គឺពឹងលើចំណុចខ្សោយរបស់គូបដិបក្ខ ។ នេះក៏ជាយុទ្ធសាស្ត្រ ២០/៨០ ដែរ ដោយយក២០ភាគរយដែលជាចំណុចខ្សោយរបស់គូបដិបក្ខ មកធ្វើជាមូលដ្ឋានកម្លាំងរបស់យើង ។ និយាយអំពីបែបបទដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយវិញម្តង ។ តាមពូដឹង ដើម្បីអាចចូលរួមកិច្ចការនយោបាយនៅក្នុងប្រទេសកម្ពុជា បុគ្គលនានាចាំបាច់ត្រូវបង្កើតគណបក្ស ។ យើងមិនអាចទៅឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតជ្រើសរើសជាលក្ខណឯករាជ្យបានទេ ។ ដូច្នេះ យើងមិនអាចចៀសវាងការបង្កើតគណបក្សជាផ្លូវការបានឡើយ ។ ប្រការនេះ ពូគិតថាគួរស្វែងរកមិត្តភក្តិ ៤ឬ៥នាក់ដែលមានឧត្តមគតិនិងឆន្ទៈដូចគ្នា សរសេរលក្ខ័ន្តិកទៅតាមគម្រូដែលអាជ្ញាធរត្រូវការនៅក្នុងការចុះបញ្ជី ដោយបញ្ជាក់ឲ្យបានច្បាស់លាស់ជាទីបំផុតថា៖ គណបក្សឯករាជ្យ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលឬក្រុមណាមួយ ហើយមិនអាចបំបែកជាក្រុមៗឡើយ ។ បើអាជ្ញាធរតម្រូវឲ្យមាន ប្រធាន អនុប្រធាន លេខា ឬគណកម្មាធិការកណ្តាល គប្បីស្វែងរកអ្នកស្ម័គ្រចិត្តចំនួន៣ទៅ៥នាក់ ដើម្បីបំពេញលក្ខខណ្ឌនេះ ។ សមាជិកគណកម្មាធិការកណ្តាលនេះ ត្រូវមានលក្ខខណ្ឌមួយគឺ ដាច់ខាតមិនមានតួនាទីនៅក្នុងជួររដ្ឋាភិបាលចាប់ពីមេភូមិរហូតដល់នាយករដ្ឋមន្ត្រី ហើយគ្មានសិទ្ធិទទួលតួនាទីណាមួយនៅក្នុងជួររដ្ឋភិបាលឡើយ ។ ពួកគេអាចចូលប្រឡូកក្នុងវិស័យនយោបាយបាន បន្ទាប់ពីលាលែងពីតួនាទីគណកម្មាធិការកណ្តាលរយៈពេល ៥ឆ្នាំ ។ យើងធ្វើដូច្នេះដើម្បីចៀសវាងទំនាស់ផលប្រយោជន៍ ។ បើនិយាយអំពីអង្កការលេខ (Organization) វាជារបៀបប្រត្តិបត្តិចំពោះកិច្ច (Ad hoc) ។ មេឃុំឬក្រុមប្រឹក្សាក្នុងឃុំនីមួយៗ ទទួលខុសត្រូវលើជោគវាសនាខ្លួនដាច់ដោយឡែកពីគ្នា ។ ទំនាក់ទំនងរវាងឃុំមួយនិងឃុំមួយទៀត គឺផ្អែកលើស្មារតីរួមឬគោលការណ៍ទូទៅ និងចែកចាយបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីស្វែករកវឌ្ឃនភាព ។ ប្រការនេះលោក យ៉ង សាំងកុមារ ធ្លាប់បានធ្វើជាមួយនឹងកសិករខ្មែរកាលគាត់កាន់កិច្ចការនៅ សេដាក ។ ជាគោលការណ៍ប្រត្តិបត្តិ ឃុំនីមួយៗគួរមានសហសេវិកត្រឹមបីរូបបានហើយ ដើម្បីប្រកួតនៅក្នុងឆាកនយោបាយ ។ ម្នាក់ជាមេឃុំ ម្នាក់ជាជំទុប និងម្នាក់ទៀតជាស្មៀន ។ នៅចុងបញ្ចប់នៃការបោះឆ្នោត បើជ័យជម្នះបានត្រឹមតែមេឃុំ តួនាទីត្រូវបានទៅបេក្ខជន មេឃុំ ។ បើជំទុប បានទៅបេក្ខជនជំទុប ។ បើបានត្រឹមស្មៀន បេក្ខជនស្មៀនជាអ្នកទទួល ។ អត់មានលេខរៀង មួយ ពីរ បី ទេ ។ ធ្វើដូច្នេះ វាផ្តល់ភាពយុត្តិធម៌ឲ្យមនុស្សនៅក្នុងក្រុម ក៏ដូចជារក្សាស្មារតីសាមគ្គីគ្នា ។ សម្គាល់៖ សាមគ្គីគឺជាអ្វីដែលយើងត្រូវការនិងចង់បាន ។ ចំណុចចុងក្រោយដែលពូចង់លើកយកមកលាតត្រដាងជាមួយនឹងក្មួយនោះ គឺបញ្ហាបរទេស ។ វាស្ទើរតែមិនចាំបាច់និយាយឲ្យឮទេថា៖ យួននិងសៀម មិនចង់ឃើញ ឬមិនអាចអង្គុយមើលប្រទេសខ្មែរដែលរឹងមាំនិងរីកចម្រើនទេ ។ ពួគេមិនកកូរកកាយឲ្យខ្មែរខ្សោយដោយផ្ទាល់ដៃឡើយ ។ គេខ្ចីតែដៃខ្មែរគ្នាឯងឲ្យបំផ្លិចបំផ្លាញគ្នាគឺគ្រប់គ្រាន់សម្រាប់មហិច្ឆតារបស់ពួកគេ ។ ជម្រាបតាមត្រង់ ពូធ្លាប់សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ ហើយយល់ដឹងគួរសមដែរអំពីសម័យកាលដែលខ្មែរធ្លាក់ដុនដាបធ្ងន់ធ្ងរ មានជាអាទិ៍ សម័យចេនឡា ដែលជ្វាត្រួតខ្មែរជិត១០០ឆ្នាំ ។ សម័យស្តេចអង្គអេង ដែលសៀមត្រួតខ្មែរ និងសម័យស្តេចអង្គមុី ដែលយួនស្ទើរតែបំបាត់ពូជខ្មែរបានសម្រេច ។ ពូតែងតែមានជំនឿលើសមត្ថភាពរបស់ពលរដ្ឋខ្មែរ ក្នុងការរើបម្រាស់តស៊ូការពារអត្តសញ្ញាណរបស់ខ្លួន ។ ប៉ុន្តែ បច្ចុប្បន្ននេះ ជំនឿរបស់ពូហាក់ដូចជានៅសល់តិចតួចណាស់ ។ អ្វីដែលជាការព្រួយបារម្ភរបស់ពូគឺ ប្រទេសខ្មែរអាចវិវឌ្ឃទៅកាន់ទ្រង់ទ្រាយមួយដែលមានលក្ខណៈ Melting pot (ចម្រុះពូជសាស្ត្រ) ស្រដៀងសហរដ្ឋអាមេរិក ។ អ្នកដែលកាន់កិច្ចការនយោបាយនិងសេដ្ឋកិច្ចរបស់ខ្មែរ គឺយួននិងចិន ប្រៀបដូចជាមនុស្សអម្បូរអង់គ្លេស/អឺរ៉ុបខាងលិច និង ជីហ្វ កាន់កិច្ចការនយោបាយនិងសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ។ បើពួកគេរៀបចំបែងចែកធនធានដល់មនុស្សទាំងអស់ដែលរស់នៅក្នុងសង្គមខ្មែរបានសមរម្យ នោះមិនថ្វីទេ ។ ប៉ុន្តែ បើស្ថិតនៅក្នុងស្ថានភាព "ក្បាលអ្នកណា សក់អ្នកហ្នឹង" ដូចសព្វថ្ងៃ ពលរដ្ឋខ្មែរដែលមានកំណើតលើទឹកនេះរាប់ពាន់ឆ្នាំមកហើយនោះ ប្រាកដជាមានជោគវាសនាមិនល្អឡើយ ។ ចុងបញ្ចប់ ពូសូមស្រង់សម្តីរបស់មិត្តក្មួយមួយរូបដែលនិយាយថា៖ "ដាំដើមឈើនៅថ្ងៃនេះ មិនរំពឹងនឹងអាស្រ័យផលឡើយ ។ គឺអ្នកជំនាន់ក្រោយដែលយើងប្រាថ្នាឲ្យទទួលផល" ។ អ្នកជំនាន់ក្រោយ ឬអនាគត ។ វាគឺជាអ្វីដែលយើងគួរយកមកធ្វើជាមូលដ្ឋាននៃការគិត ៕ ដោយក្តីរាប់អាន!

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...