Tuesday, September 24, 2019

នយោបាយ

មួយចានទឹក មួយចានគោក (Zero-Sum Game) បន្ទាប់ពីសមាជិកគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅក្រៅប្រទេសប្រកាសថា៖ ពួកគេនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឬក៏យើងអាចនិយាយមួយបែបផ្សេងទៀតថា៖ ស្តារជីវិតនយោបាយរបស់ខ្លួនឡើងវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ពលរដ្ឋខ្មែរជាច្រើនហាក់ដូចជាមានចំណាប់អារម្មណ៍ទៅនឹងព្រឹត្តិការណ៍ដែលមិនទាន់កើតមាននេះសម្បើមណាស់ ។ សំណួរមួយដែលពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសលើកយកមកសួរគ្នាគឺថា៖ តើព្រឹត្តិការណ៍វិលវិញរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិនៅ ថ្ងៃទី ៩វិច្ឆិកា នឹងអាចកើតឡើង ឬមិនអាច??? គ្មានអ្នកណាអាចដឹងឲ្យប្រាកដបានឡើយ ត្បិតព្រឹត្តិការណ៍នេះវាកំពុងស្ថិតនៅក្នុង អ័ព្ទនៃសង្គ្រាម ។ អ្វីដែលកំពុងស្តែងចេញមកគឺការ វាយស្មៅបង្អើលពស់ ដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើដើម្បីស្ទាបស្ទង់ស្វែងយល់អំពីប្រតិកម្មពីសំណាក់ មិត្ត និងបច្ចាមិត្ត ។ មួយចានទឹក មួយចានគោក នៅក្នុងវិស័យនយោបាយមិនសូវកើតមានទេ ព្រោះវាបង្កឲ្យមានមហន្តរាយធំធេងណាស់ ជាពិសេសសម្រាប់បុគ្គលដែលពាក់ព័ន្ធ ។ អ្នកនយោបាយភាគច្រើនមិនលេងល្បែងនេះដល់ទីបញ្ចប់ទេដើម្បីជៀសវាងការបំផ្លាញខ្លួនឯង ។ ក៏ប៉ុន្តែ ផលវិបាកនេះមិនប្រាកដថាអាចរុញច្រានអ្នកនយោបាយឲ្យចេញផុតអំពីមោហ៍បាំងបានដែរ ។ អ្នកនយោបាយខ្លះឆ្កួតនឹងរឿងយកឈ្នះរហូតដល់វិនាសខ្លួនឯងនិងមនុស្សពាក់ព័ន្ធជាច្រើននាក់ទៀតផង ។ គួរកត់សម្គាល់ដែរថា នៅក្នុងល្បែង មួយចានទឹក មួយចានគោក គ្មានទេភាគីឈ្នះ ។ គូប្រយុទ្ធទាំងសងខាងប្រឈមនឹងការចាញ់ដូចគ្នា គ្រាន់តែថាការចាញ់នោះវានាំទុក្ខកំរិតណាដល់ប្រទេសជាតិ ។ ឯទំហំនៃការចាញ់នោះក៏គេមិនយកលុយកាក់មកធ្វើជាខ្នាតរង្វាស់ដែរ គឺវាស់ដោយតំណក់ឈាម ទឹកភ្នែក និងអាយុជីវិត ។ កាលពីដើមទសវត្សឆ្នាំ ១៩៦០ ល្បែង មួយចានទឹក មួយចានគោក នេះត្រូវបានសហរដ្ឋអាមេរិកនិងសហភាពសូវៀតដែលជាមហាអំណាចបរមាណូយកមកប្រឡែងគ្នាម្តងនៅលើកោះ គុយបា ។ គ្រានោះ ប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តរបស់សូវៀត បានអនុញាតិឲ្យអតីតសហភាពសូវៀតតំឡើងកាំជ្រូចបរមាណូនៅលើទឹកដីខ្លួនដើម្បីទប់ទល់ជាមួយនឹងមហិច្ឆេតារបស់អាមេរិក ។ សហរដ្ឋអាមេរិកដែលស្ថិតនៅជិតបង្កើយនឹងប្រទេសគុយបា មិនអនុញាតិឲ្យសហភាពសូវៀតយកកាំជ្រួចបរមាណូមកដាក់នៅលើកោះគុយបាជាដាច់ខាត ។ ដូច្នេះ វិបត្តិបរមាណូនៅគុយបាក៏បានកើតឡើង ដោយសារសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចំបាំងព័ទ្ធជំវិញ (Blockade) កោះគុយបា ។ ទោះជាយ៉ាងណាក៏ដោយ សហភាពសូវៀតមិនបានបញ្ឈប់មហិច្ឆេតាដាក់កាំជ្រួចបរមាណូនៅលើកោះគុយបាឡើយ ។ នៅពេលដែលនាវាដឹកកាំជ្រួចបរមាណូរបស់សហភាពសូវៀតធ្វើដំណើរមកជិតដល់កោះគុយបា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ចន កេណឺឌី បានវាយទូរសព្ទទៅប្រាប់លោក នីគីតា គ្រូស្សចូវ ដែលជាអគ្គលេខាបក្សកុម្មុយនីស្តសូវៀតថា៖ លោកនិងខ្ញុំកំពុងទាញកន្ទុយខ្សែម្ខាងម្នាក់ដែលមានកំនួចនៅចំកណ្តាល ។ បើយើងបន្តទាញខ្សែនេះរឹតតែខ្លាំង កំនួចនៃខ្សែនេះប្រាកដជាមិនអាចស្រាយរួចឡើយ ។ នៅទីបំផុត សហភាពសូវៀតក៏យល់ព្រមបោះបង់មហិច្ឆេតាដាក់កាំជ្រួចបរមាណូនៅលើកោះគុយបា ដោយហេតុថាសង្គ្រាមបរមាណូជាមួយនឹងសហរដ្ឋអាមេរិកមិនមានភាគីណាអាចទទួលជោគជ័យឡើយ ។ នៅដើមទសវត្សឆ្នាំ ១៩៨០ ល្បែង មួយចានទឹក មួយចានគោក នេះបានកើតឡើងម្តងទៀតនៅក្នុងប្រទេស ហ្វីលីពីន ។ គ្រានោះ លោក បេនីតូ អាគីណូ ដែលជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសហ្វីលីពីន បានធ្វើមាតុភូមិនិវត្តន៍ស្រដៀងគ្នានឹងអ្វីដែលលោក សម រង្សី និងក្រុមបក្សពួកគ្រោងធ្វើនៅថ្ងៃទី ៩ ខែវិច្ឆិកានេះដែរ ។ នៅពេលដែលលោកចូលមកដល់ប្រទេសហ្វីលីពីន លោក អាគីណូ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងព្រលានយន្តហោះ ហើយខ្មាន់កាំភ្លើងនោះក៏ត្រូវបានប៉ូលីសបាញ់សម្លាប់បន្តទៅទៀត ។ បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នោះ ពលរដ្ឋហ្វីលីពីន បានងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលលោក ហ្វឺឌីណង់ ម៉ាកូស ហើយចោទលោកម៉ាកូសថានៅពីក្រោយឃាដកម្មនោះ ។ នៅទីបំផុត លោកម៉ាកូសក៏នាំប្រពន្ធកូនរត់ប្រាសអាយុទៅជ្រកកោននៅកោះ ហាវ៉ៃ សហរដ្ឋអាមេរិក ។ បច្ចុប្បន្ន ប្រទេសកម្ពុជាហាក់ដូចជាកំពុងប្រឈមជាមួយនឹងល្បែង មួយចានទឹក មួយចានគោក នេះដែរ ។ គេមិនដឹងថា លោក សម រង្សី និង លោក ហ៊ុន សែន ដែលជាតួអង្គពីររូបនៅក្នុងការប្រយុទ្ធនេះ នឹងដោះស្រាយបញ្ហាដោយវិធីណាទេ ។ ពួកគាត់នៅសល់ពេលជាងមួយខែទៀតសម្រាប់ស្វែងរកដំណោះស្រាយ ។ ផ្អែកលើភាពធ្ងន់ធ្ងរនៃហានិភ័យ (Severity of Risks) ល្បែងនេះប្រហែលជាមិនឈានទៅដល់ការប្រយុទ្ធគ្នាទេ ។ ខ្ញុំមិនភ្ញាក់ផ្អើលឡើយ ប្រសិនបើនៅមុនថ្ងៃទី ៩ខែវិច្ឆការចូលមកដល់ តំណាងនៃបុគ្គលទាំងពីរ ឬបុគ្គលទាំងពីររូបចួបគ្នាដោយសម្ងាត់នៅទីណាមួយ ហើយចេញមកប្រកាសថា៖ ដើម្បីសន្តិភាព ផ្សះផ្សារជាតិ និងឯកភាពជាតិ យើងនឹងមិនបណ្តោយឲ្យទំនាស់រវាងខ្មែរនិងខ្មែរ បំផ្លាញជាតិខ្មែរទេ ។ តែប៉ុននេះ ពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយនឹងទះដៃសាទរបំភ្លេចចោលអស់នូវទុក្ខទោសទាំងអម្បាលម៉ាន ។ របាំរាំវង់នយោបាយនឹងត្រូវសម្រាកមួយភ្លេតនៅត្រឹមនេះ រួចហើយគេក៏ឲ្យអ្នកភ្លេងប្រគុំភ្លេងដើម្បីបើកឆាករាំវង់បទថ្មីមួយទៀត ៕

Wednesday, September 18, 2019

ចំណីខួរក្បាល

ខុស និង ត្រូវ កាលពីជាង ២០ឆ្នាំមុន ខ្ញុំនឹងម្តាយខ្ញុំធ្លាប់មានទំនាស់ទស្សនៈដ៏ស្រួចស្រាល់មួយ ។ ទំនាស់នោះគឺពាក់ព័ន្ធនឹងទង្វើដែលមិនត្រឹមត្រូវ (នៅក្នុងគំនិតខ្ញុំ) ។ ម្តាយខ្ញុំបានសុំឲ្យខ្ញុំទៅរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំនៅស្រុកខ្មែរ ដើម្បីអាចធានាយកនាងមករស់នៅសហរដ្ឋអាមេរិក ។ ខ្ញុំបានបដិសេធសំណើរគាត់ម្តងហើយម្តងទៀត ។ ប៉ុន្តែម្តាយខ្ញុំនៅតែព្យាយាមអង្វរកខ្ញុំជាច្រើនលើកច្រើនសា ។ ដោយធុញនឹងការព្យាយាមរបស់ម្តាយខ្ញុំខ្លាំងពេក ខ្ញុំបានរកឱកាសនិយាយជាមួយនឹងគាត់មួយទល់នឹងមួយដោយមិនឲ្យអ្នកណាម្នាក់ដឹងឮឡើយ ។ ខ្ញុំនិយាយមួយៗប្រកបដោយទឹកមុខមាំទៅកាន់ម្តាយខ្ញុំថា៖ ពេលម៉ែឲ្យខ្ញុំទៅរៀនតាំងតែពីតូចរហូតដល់ពេលនេះ គោលបំណងដ៏ធំបំផុតរបស់ម៉ែគឺចង់ឲ្យខ្ញុំស្គាល់ ខុស និង ត្រូវ ។ ទង្វើដែលម៉ែព្យាយាមឲ្យខ្ញុំធ្វើជាទង្វើខុស ។ ម៉ែក៏ដឹងខ្ញុំក៏ដឹង ។ បើយើងទាំងពីរនាក់ដឹងថាខុសដែរ ហេតុអ្វីក៏ម៉ែនៅតែបង្ខំខ្ញុំឲ្យប្រព្រឹត្តទង្វើនេះទៀត!! ម្តាយខ្ញុំមិននិយាយស្តីអ្វីឡើយ ។ ហើយគាត់ក៏ឈប់ជម្រុញខ្ញុំឲ្យរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំដែរ ។ បន្ទាប់ពីទទួលការរិះគន់របស់ខ្ញុំ ម្តាយខ្ញុំហាក់ដូចជាផ្លាស់ប្តូរឥរិយាបថនៅក្នុងទំនាក់ទំនងជាមួយនឹងខ្ញុំ ។ គាត់មិនសូវនិយាយរកខ្ញុំទេ ប៉ុន្តែហាក់ដូចជាមានភាពជឿជាក់និងមោទកភាពលើខ្ញុំច្រើនជាងមុន ។ ម្តាយខ្ញុំតែងតែយករឿងរ៉ាវនិងបញ្ហាសំខាន់ៗជាច្រើនមកពិគ្រោះយោបល់ជាមួយខ្ញុំមុននឹងសម្រេចថាតើត្រូវធ្វើដូចម្តេច ។ ខ្ញុំមិនដឹងថាតើមានកត្តាអ្វីដែលជម្រុញឲ្យម្តាយមួយរូបដែលត្រូវបានកូនរិះគន់និងបដិសេធន៍មិនព្រមដើរតាមគំនិតរបស់ខ្លួនហើយ នៅមានចិត្តចង់ពិគ្រោះយោបល់ជាមួយនឹងកូននោះទៀត ។ វាប្រហែលជាស្ថិតនៅលើជម្លោះរបស់យើងដែលពាក់ព័ន្ធនឹងពាក្យ ខុស និង ត្រូវ នេះឯង ។ ខុស និង ត្រូវ ជាពាក្យ ឬគំនិតសាមញ្ញនិងងាយយល់ជាទីបំផុត ។ ប៉ុន្តែ នៅពេលដែលយើងយកវាមកអនុវត្តនៅក្នុងជីវិតជាក់ស្តែង វាបានក្លាយទៅជាប្រធានបទមួយដែលចាក់ដោតឆ្កិះឆ្កៀលសតិសម្បជញ្ញៈរបស់មនុស្សជាច្រើនឥតឈប់ឈរ ។ នៅក្នុងសង្គមខ្មែរសព្វថ្ងៃ យើងអាចនិយាយឲ្យខ្លីថាជាសង្គមមួយដែលពុករលួយ ។ ពុករលួយនៅទីនេះគឺយើងសំដៅដល់ការបាត់បង់សុភាវធម៌ផងដែរ (Moral Corruption) ។ នៅពេលដែលយើងរស់នៅក្នុងសង្គមប្រភេទនេះ ខុសនិងត្រូវ ត្រូវបានក្លាយទៅជាទស្សនៈ រឺឡាទីហ្វ (Relative Concept) ដែលគ្មានតម្លៃនិងខ្លឹមសារជាក់លាក់ឡើយ ។ វាប្រៀបដូចជាពាក្យអងគ្លេសមួយឃ្លាដែលនិយាយថា៖ Beauty is in the eye of the beholder (ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ) ។ សុភាវធម៌និងសង្គមខ្មែរបច្ចុប្បន្នគឺជាប្រធានបទដ៏រសើបមួយនៅក្នុងការពិភាក្សារក ខុស និង ត្រូវ ។ វាមិនខុសអំពីរឿងខ្ញុំនិងម្តាយខ្ញុំឡើយ ។ សំណួរតែមួយគត់ដែលយើងត្រូវរកចម្លើយគឺថា៖ តើអ្នកណាជាអ្នកសម្រេចថាទង្វើណាខុស និងទង្វើណាត្រូវ ។ សម្រាប់អ្នកដែលមិនចង់ប្រឈមនឹងភាពឈឺចាប់ ចម្លើយដ៏សមរម្យមួយគឺ៖ គប្បីទុករឿងនេះឲ្យបុគ្គលម្នាក់ៗជាអ្នកសម្រេច ។ ក៏ប៉ុន្តែ បុគ្គលទាំងអស់ (រាប់បញ្ចូលទាំងរូបខ្ញុំផង) ស្ថិតនៅក្រោមឥទ្ធិពលនៃតម្រូវការផ្ទាល់ខ្លួននិងគ្រួសារខ្លួន (Self-Interests) ។ គឺតម្រូវការផ្ទាល់ខ្លួននេះហើយដែលជម្រុញឲ្យបុគ្គលប្រព្រឹត្តិទង្វើនានារាប់បញ្ចូលទាំងទង្វើដែលខ្លួនដឹងដោយឥតមន្ទិលថា ខុស ផងដែរ ។ កាលពីជិតមួយទសវត្សកន្លងទៅ ខ្ញុំបានប្រឈមជាមួយនឹងបញ្ហា ខុស និង ត្រូវ ស្រដៀងគ្នានឹងរឿងដែលធ្វើឲ្យខ្ញុំនិងម្តាយខ្ញុំមានទំនាស់ទស្សនៈនឹងគ្នាដែរ ។ ប៉ុន្តែ គ្រានេះម្តាយខ្ញុំបានលាចាកលោកទៅហើយ ។ គាត់មិនមានវត្តមានសម្រាប់ឲ្យខ្ញុំយកបញ្ហានេះទៅពិគ្រោះជាមួយនឹងគាត់ទេ ។ រីឯអ្នកដែលបង្កឲ្យមាននិងត្រូវដោះស្រាយបញ្ហាគឺខ្ញុំខ្លួនឯង ។ បញ្ហា ខុស និង ត្រូវ ដែលខ្ញុំត្រូវដោះស្រាយនាគ្រានេះគឺការរៀបអាពាហ៍ពិពាហ៍រវាងអនិកជនខ្មែរនៅបរទេសនិងនារីខ្មែរនៅកម្ពុជា ។ ក្នុងនាមជាអនិកជនខ្មែរដែលរស់នៅបរទេស អជ្ញាធរខ្មែរតម្រូវឲ្យខ្ញុំបំពេញបែបបទជាច្រើនដើម្បីទទួលបានការអនុញាតរៀបការជាមួយនឹងនារីខ្មែរ ។ គូដណ្តឹងខ្ញុំជាមនុស្សមួយរូបដែលមានបទពិសោធជាក់លាក់ជាមួយនឹងប្រព័ន្ធការិយាធិបតេយ្យនៅស្រុកខ្មែរ ។ នាងបានគូសបញ្ជាក់ប្រាប់ខ្ញុំអំពីដំណាក់កាលនានាដែលយើងត្រូវឆ្លងកាត់មុននឹងអាចរៀបអាពាហ៍ពិពាហ៍បាន ។ វាមានភាពស្មុគស្មាញនិងប្រទាក់ក្រឡាគ្នាដូចមងជំពាក់ ។ នៅចុងបញ្ចប់គូដណ្តឹងខ្ញុំប្រាប់ខ្ញុំថា ដើម្បីទទួលបានលិខិតអនុញាតចេញពីគ្រប់ក្រសួងពាក់ព័ន្ធ យើងត្រូវបង់ប្រាក់ទាំងក្នុងផ្លូវការនិងក្រៅផ្លូវការចំនួន ១២០០ដុល្លារ ។ យើងមានជម្រើសពីរ៖ ទីមួយគឺយកប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីមួយរូបនៅក្នុងក្រសួងមហាផ្ទៃឲ្យជួយសម្រួលកិច្ចការមួយចំនួនធំ ។ ទីពីរគឺយើងបង់ប្រាក់តាមក្រសួងនិមួយៗដោយខ្លួនឯង ។ ជម្រើសទីមួយគឺជាជម្រើសដ៏ល្អនិងមានប្រសិទ្ធិភាពជាងគេ ។ សម្រាប់ខ្ញុំជម្រើសមួយណាក៏មិនល្អដែរ ព្រោះការបង់ប្រាក់ក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយពាក់ព័ន្ធនឹងរឿង ខុស និង ត្រូវ ដែលខ្ញុំធ្លាប់ទាស់ជាមួយនឹងម្តាយខ្ញុំកាលពីអតីតកាល ។ លទ្ធផលនៃទំនាស់នេះបានធ្វើឲ្យម្តាយខ្ញុំមានមោទនភាពលើភាពរឹងបុឹងរបស់ខ្ញុំយ៉ាងខ្លាំង ។ ប៉ុន្តែ ពេលនេះ ភាពរឹងបុឹងរបស់ខ្ញុំកំពុងប្រឈមនឹងវិបត្តិដ៏ឃោរឃៅមួយ ។ ខ្ញុំចំណាយពេលពិភាក្សាជាមួយគូដណ្តឹងខ្ញុំជាច្រើនម៉ោងដើម្បីស្វែងរកមធ្យោបាយជៀសវាងការបង់លុយក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយ ។ គូដណ្តឹងខ្ញុំ ប្រាប់ខ្ញុំយ៉ាងខ្លីហើយច្បាស់លាស់ជាទីបំផុតថា រឿងបង់លុយក្រៅផ្លូវការឲ្យមន្ត្រីខ្មែរដើម្បីធ្វើឯកសារផ្សេងៗគឺជៀសមិនរួចឡើយ លើកលែងតែយើងមិនធ្វើ ។ ពេលនោះ ខ្ញុំនឹកឃើញមធ្យោបាយមួយ ដែលអាចលុបលាងទោសកំហុសសម្បជញ្ញៈខ្ញុំបានខ្លះនិងអាចជួយបំបាត់អំពើពុករលួយនៅស្រុកខ្មែរខ្លះផង ។ គំនិតខ្ញុំគឺសុខចិត្តបង់ប្រាក់ឲ្យមន្ត្រីពុករលួយ រួចហើយយកឈ្មោះមន្ត្រីនោះទៅប្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ ។ គូដណ្តឹងខ្ញុំដាស់តឿនខ្ញុំថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់ខ្មែរគឺតម្រូវឲ្យអ្នកប្រព្រឹត្តិអំពើពុករលួយ (ទាំងអ្នកសូកទាំងអ្នកទទួលសំណូក) ជាប់គុកទាំងអស់គ្នា ។ ខ្ញុំត្រូវគិតឲ្យបានល្អិតល្អន់ថា មន្ត្រីដែលប្រព្រឹត្តិអំពើពុករលួយភាគច្រើនជាសាច់ញាតិរបស់ថ្នាក់ដឹកនាំជាតិ ។ គេមានមធ្យោបាយដោះស្រាយរំដោះគ្នាគេឲ្យនៅក្រៅឃុំ ។ ចំណែកអ្នកដែលត្រូវជាប់ឃុំ គឺអ្នកសូក ។ ខ្ញុំលួចជេរច្បាប់ប្រឆាំងអំពើពុករលួយក្នុងពោះ ព្រោះធាតុពិតនៃច្បាប់នេះគឺ ការពារអំពើពុករលួយ ។ ប្រឈមមុខនឹងឧបស័គ្គដ៏គួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសម្រេចចិត្តធ្វើតាមការណែនាំរបស់គូដណ្តឹងខ្ញុំ ដោយមិនប្រាប់នាងអំពីផលវិបាកនៅក្នុងសតិសម្បជញ្ញៈខ្ញុំឡើយ ។ ការិយាល័យទីមួយដែលខ្ញុំឆ្លងកាត់គឺ ស្ថានទូតអាមេរិក ។ នៅទីនោះ គេតម្រូវឲ្យខ្ញុំបង់ប្រាក់ ១០០ដុល្លារសម្រាប់ការប្រថាប់ត្រាលើឯកសារ (Notarization) ។ កិច្ចការស្រដៀងគ្នានោះ នៅតាមធនាគារនានានៅសហរដ្ឋអាមេរិកគេធ្វើឲ្យយើងដោយមិនចាំបាច់បង់ប្រាក់ទេ ប្រសិនបើយើងមានលេខកុងជាមួយនឹងធនាគារ ។ បន្ទាប់មក យើងទៅជួបមន្ត្រីមួយរូបនៅក្រសួងមហាផ្ទៃ ។ ខ្ញុំអង្គុយធ្មឹងដូចរូបចម្លាក់នៅពេលដែលគូដណ្តឹងខ្ញុំហុចស្រោមសំបុត្រដែលមានប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីនោះ ។ មន្ត្រីនោះ មិនបើកស្រោមសំបុត្រមើលឬក៏រាប់លុយនៅក្នុងនោះទេ ព្រោះគាត់ដឹងថាបើលុយមិនគ្រប់ យើងក៏គ្មានវាសនានឹងទទួលបានឯកសារដែលយើងត្រូវការនោះដែរ ។ ចេញពីក្រសួងមហាផ្ទៃ យើងទៅធ្វើឯកសារនៅក្រសួងការបរទេស ។ នៅទីនោះមន្ត្រីត្រួតពិនិត្យឯកសារទារប្រាក់អំពីយើង ២០០ដុល្លារថែមទៀត ។ គូដណ្តឹងខ្ញុំបានវាយទូរសព្ទទៅមន្ត្រីដែលយកលុយអំពីយើងនៅក្រសួងមហាផ្ទៃដើម្បីឲ្យពួកគេជជែកគ្នាអំពីរឿងលុកកាក់នេះដោយផ្ទាល់ ។ ពួកគេសម្របសម្រួលគ្នាដោយគ្មានរអាក់រអួល ។ បន្ទាប់មក យើងត្រូវទៅកាន់ក្រសួងអន្តោប្រវេសន៍ដើម្បីសុំ ឬក៏ឲ្យគេពិនិត្យឯកសារមួយចំនួនទៀត ។ នៅទីនោះ យើងត្រូវឆ្លងកាត់ការត្រួតពិនិត្យបីឬបួនដំណាក់ ។ នៅតាមដំណាក់និមួយៗ យើត្រូវបង់ប្រាក់ឲ្យអ្នកត្រួតពិនិត្យ ពី ៥ ទៅ ១០ដុល្លារ ។ ក្រៅអំពីការបង់ប្រាក់នៅមន្ទីរក្រសួងថ្នាក់ជាតិនោះ ក៏នៅមានការបង់ប្រាក់ទៅឲ្យមន្ត្រីថ្នាក់មូលដ្ឋានផងដែរ ។ និយាយរួម ការបង់ប្រាក់ក្រៅផ្លូវការ ឬអំពើពុករលួយនៅស្រុកខ្មែរវាហាក់ដូចជាទំនៀមទម្លាប់មួយដែលមនុស្សស្ទើរគ្រប់រូបប្រព្រឹត្តិជាទូទៅ ។ បន្ទាប់ពីរៀបការហើយ ខ្ញុំធ្វើដំណើរទៅកាន់វត្ត ដីដុះ ហើយចូលទៅដុតធូបលុតជង្គង់សុំខមាទោសម្តាយខ្ញុំនៅមុខចេតីយ៍ផ្នូររបស់គាត់ដោយស្ងៀមស្ងាត់ ។ វាជារឿងដ៏ឈឺចាប់ជាទីបំផុតនៅពេលដែលយើងយកមោទនភាពរបស់ម៉ែឪទៅជាន់ឈ្លីទោះបីជាទង្វើនោះធ្វើឡើងដោយបង្ខំចិត្តក៏ដោយ ។ អ្វីដែលធ្វើឲ្យខ្ញុំរឹតតែឈឺចាប់ទ្វេរដង គឺប្រការដែលខ្ញុំមិនអាចស្អប់អំពើពុករលួយ ព្រោះថា បើខ្ញុំស្អប់អំពើពុករលួយ ខ្ញុំត្រូវស្អប់ប្រទេសខ្មែរ សង្គមខ្មែរ ហើយក៏ត្រូវស្អប់ខ្លួនឯងដែលមានកំណើតជាជនជាតិខ្មែរផងដែរ ៕

Friday, September 6, 2019

រកសុី

ការងាររកសុី កើត ចាស់ ជរា ស្លាប់ ជាការវិវត្តន៍របស់ជីវិតមនុស្សនិងសត្វ ។ នៅក្នុងដំណើរជីវិតនេះ មនុស្សខ្លះត្រូវឆ្លងកាត់ការប្រកបការងារជាច្រើនជំពូកដើម្បីគាំពារជីវិតតាំងតែពីកុមារភាពរហូតដល់ថ្ងៃអវសាន្តនៃជីវិត ។ បច្ចុប្បន្ន ជីវិតខ្ញុំបានដើរមកដល់ចំណុចមួយដែលហៅថា មជ្ឈឹមវ័យ ។ សង្កេតមើលទៅអតីតកាល ខ្ញុំស្ទើរតែមិនជឿខ្លួនឯងទេថា ខ្ញុំបានប្រកបការងារជាច្រើនដើម្បីទ្រទ្រង់និងរក្សាជីវិតរបស់ខ្ញុំ ។ ខាងក្រោមនេះជាការងារដែលខ្ញុំធ្លាប់ធ្វើមានថេរវេលាយ៉ាងហោចណាស់ក៏ប្រាំខែដែរ ចាប់តាំងពីកុមារភាពមក៖ ទសវត្សឆ្នាំ ១៩៧០ ការងាទី ១ ដែលខ្ញុំធ្លាប់ធ្វើគឺយួរកំសៀវទឹកដើរស្រោចគល់កូន ម្ទេស ត្រប់ និង ប៉េងប៉ោះ ដែលម្តាយខ្ញុំដាំនៅក្នុងចម្ការ ។ ការស្រោចកូនម្ទេស ត្រប់ និងប៉េងប៉ោះនេះ គឺខ្ញុំត្រូវប្រុងប្រយ័ត្នមិនឲ្យទឹកប៉ះត្រួយវាឡើយ ។ (នៅក្នុងជំនាន់ ប៉ុល ពត ១៩៧៥-៧៩ ក្នុងនាមជាពលករកុមារមួយរូប) ការងារទី ២ របស់ខ្ញុំគឺ ឃ្វាលគោនិងក្របី ។ ការងារទី ៣ របស់ខ្ញុំគឺ ឡើងត្នោតដើម្បីគៀបផ្កាយកទឹង ។ បាទខ្ញុំចេះឡើងត្នោតនិងផលិតទឹកត្នោត ។ ហើយក៏ជាអ្នកផលិតទឹកត្នោតមួយរូបដ៏ចំណាប់ផងដែរ ត្បិតត្នោតខ្លះអ្នកដទៃមិនអាចផលិតទឹកបានច្រើនទេ តែខ្ញុំអាចផលិតបានច្រើន ។ ខ្ញុំរៀនបច្ចេកទេសផលិតទឹកត្នោតពីចាស់ៗក្នុងភូមិ ។ សូមបញ្ជាក់ថា ត្នោតខុសអំពីរុក្ខជាតិដទៃ ត្បិតអី វា(ត្នោត)ហាក់ដូចជាមានវិញាណ ។ ឧទាហរណ៍ ត្នោតអាចដឹងអំពីទម្ងន់នៃមនុស្សដែលឡើងគៀបនិងចិតផ្កាវាជាប្រចាំ ។ បើមានមនុស្សផ្សេងឡើងទៅចិតផ្កាវា ទឹកដែលវាធ្លាប់តែផលិតឲ្យកាចបំពង់គឹអាចទទួលបានត្រឹមតែកន្លះបំពង់តែប៉ុណ្ណោះ ។ ការងារទី ៤ របស់ខ្ញុំគឺជីកប្រឡាយ លើកភ្លឺស្រែ និង រែកដីសង់ទំនប់ទប់ស្ទឹងស្ទោងនៅម្តុំភូមិ កំពង់ចិន ។ ការងារទី ៥ គឺដកស្ទូងសំណាបនិងធាក់រហាត់បូមទឹកបញ្ចូលស្រែ (ផលិតស្រូវ) ។ ទសវត្សឆ្នាំ ១៩៨០ ការងារទី ៦ របស់ខ្ញុំគឺកសិករដាំបន្លែគ្រប់ប្រភេទ ។ នៅក្នុងជីវិតជាកសិករដាំបន្លែនេះ ខ្ញុំចេះភ្ជួររាស់យ៉ាងស្ទាត់ជំនាញ ហើយក៏អាចផលិតឧបករណ៍ដូចជា នង្គ័ល រនាស់ និងធ្លាប់ជាកូនជាងដំដែកផងដែរ ។ ក្រៅអំពីការងារស្រែចម្ការ ខ្ញុំក៏ចេះអារជ្រៀកឈើហ៊ុបធ្វើផ្ទះផងដែរ ។ បច្ចុប្បន្ន របរអារឈើហ៊ុបប្រភេទនោះលែងមានទៀតហើយ ។ ការងារទី ៧ របស់ខ្ញុំគឺគ្រូបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗនៅក្នុងជំរំជនភៀសខ្លួន ។ ការងារទី ៨ របស់ខ្ញុំគឺធ្វើការនៅក្នុង អាសឹមប្លីឡាញ (Assembly Line) ។ គួរបញ្ជាក់ថា Assembly Line នៅទីនេះមិនមែនមន្ទីររដ្ឋសភាទេ ។ វាគឺជាខ្សែផលិតឧបករណ៍ឬម្ហូបអាហារនៅក្នុងរោងចក្រដែលមានមនុស្សចន្លោះពី ៥ ទៅ ១០នាក់អង្គុយឬឈរជាជួរដើម្បីច្រកឧបករណ៍ឬម្ហូបចំណីចូលក្នុងស្បោង ឬប្រអប់ ។ ទសវត្សឆ្នាំ ១៩៩០ ការងារទី ៩ គឺជាអ្នកប្រមូលនិងលាងចានឆ្នាំងនៅក្នុងមជ្ឈមណ្ឌល់គាំពារមនុស្សចាស់ជរា ។ ការងារទី ១០ គឺជាជំនួយការលេខានៅក្នុងមជ្ឈមណ្ឌលសិក្សាភាសានិងកំព្យូទ័រក្នុងមហាវិទ្យាល័យ ។ ការងារទី ១១ គឺជាអ្នកជៀនសាច់មាន់និងដំឡូងបារាំងនៅក្នុងហាងលក់ឥវ៉ាន់ចាប់ហួយតូចមួយ ។ ការងារទី ១២ គឺជាអ្នកលក់សំលៀកបំពាក់និងគ្រឿងឧបភោគបរិភោគនានានៅក្នុងផ្សារទំនើប ។ ការងារទី ១៣ គឺជាអ្នកយកពត៌មាននៅក្នុងសន្និសិទ ។ ការងារទី ១៣នេះ ខ្ញុំចាប់ផ្តើមតាំងតែពីឆ្នាំ ១៩៩៦ មកដល់បច្ចុប្បន្ន ។ ខ្ញុំមិនដឹងថា ជីវិតការងាររបស់ខ្ញុំនឹងត្រូវបញ្ចប់ត្រឹមការងារទី១៣នេះ ឬមួយក៏ត្រូវបន្តជាមួយនឹងការងារដទៃទៀតឡើយ ។ មានតែពេលវេលាតែប៉ុណ្ណោះ ដែលអាចដឹងបាន ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...