Friday, October 31, 2025

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដងច្រើនគ្រាមកហើយដែរ ។ មូលហេតុ ដែលធ្វើឲ្យមនុស្សជាច្រើនរងគ្រោះ គឺដោយសារតែមានជំនឿថា នៅពីក្រោយកិច្ចព្រមព្រៀង មានច្បាប់គាំពារ (Legal Binding or Legal Enforcement) ។ វាគឺជាជំនឿខុស ។ និងខុសធ្ងន់ធ្ងរជាទីបំផុត! នៅក្នុងពិភពលោកយើងនេះ មិនដែលមានរដ្ឋាភិបាលពិភពលោកឡើយ ។ ហើយក៏គ្មានរដ្ឋធម្មនុញ្ញ ឬក៏ ច្បាប់ សម្រាប់ប្រទេសនានា នៅក្នុងពិភពលោក គោរពកោតក្រែងដែរ ។ យើងមានត្រឹមតែអង្គការសហប្រជាជាតិ ដែលមានត្រឹមតែគោលការណ៍ ឬ លក្ខន្តិក (Charter) សម្រាប់ប្រទេសជាសមាជិក អនុវត្តិតែប៉ុណ្ណោះ ។ រាល់ការគោរព និងអនុវត្តិកិច្ចព្រមព្រៀងទាំងអស់ មិនថារវាងប្រទេសពីរ ឬ រវាងជនជាតិពីរនៅក្នុងប្រទេសមួយឡើយ គឺអាស្រ័យលើសុឆន្ទៈ (Goodwill) របស់ភាគីពាក់ព័ន្ធទាំងស្រុង ។ សុឆន្ទៈនេះទៀតសោត ក៏វាស្ថិតនៅក្នុងកណ្តាប់ដៃ របស់ភាគីដែលខ្លាំងជាងគេដែរ (Might makes right) ។ ថ្មីៗនេះ ប្រទេសកម្ពុជានិងថៃឡងដ៍ បានចុះកិច្ចព្រមព្រៀង "ជួញដូរ" សន្តិភាពមួយ (Peace Deal) ដើម្បីបញ្ចប់ទំនាស់ នៅតាមបណ្តោយព្រំដែន ។ នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ យើងឃើញមានប្រធានាធិបតី នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេសុី ចូលរួមជាសាក្សី ឬ ហត្ថលេខី ។ ពេលឃើញព្រឹត្តិការណ៍នេះ យើងនឹកទៅដល់ព្រឹត្តិការណ៍ស្រដៀងគ្នាមួយទៀត ដែលប្រព្រឹត្តិទៅនៅទីក្រុង ប៉ារីស កាលពី ៣២ឆ្នាំកន្លងទៅ ។ ខ្មែរយើងហៅព្រឹត្តិការណ៍នោះថា កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស (Paris Peace Accord) ។ អ្វីដែលខ្ញុំចង់លើកយក មកវែកញែកនៅទីនេះ គឺជំនឿថា នៅក្នុងកិច្ចព្រមព្រៀង មានច្បាប់គាំពារ (Legal Enforcement) ដែលយើងអាចយកមកធ្វើជាយន្តការ ដើម្បីដោះស្រាយបញ្ហានានា ។ នៅក្រោមម្លប់នៃពាក្យ កិច្ចព្រមព្រៀង មានពាក្យមួយចំនួនទៀត ដែលយើងគួរយល់ដឹង ។ ខ្ញុំសូមលើកយកពាក្យចំនួនបួន ដែលយើងឃើញមានប្រើជាញឹកញាប់ មកធ្វើបទបញ្ហាញខាងក្រោមនេះ ដើម្បីលាតត្រដាងអំពីស្មារតី និង មុខងារ នៃពាក្យនីមួយៗ ។ ១) Treaty (សន្ធិសញ្ញា) ។ គឺជាកិច្ចព្រមព្រៀង រវាងប្រទេសនិងប្រទេស ។ នៅក្នុងករណីខ្លះ គេក៏អាចប្រើវារវាងជនជាតិពីរ នៅក្នុងប្រទេសតែមួយដែរ ។ ឧទាហរណ៍ សន្ធិសញ្ញារវាងសហរដ្ឋអាមេរិក ជាមួយនិង ជនជាតិដើមម្ចាស់ស្រុក អាមេរិកាំង (Native Americans) ។ ២) Agreement (ត្រូវរូវគ្នា) ។ គឺជាកិច្ចព្រមព្រៀង ដែលអាចធ្វើឡើង រវាងប្រទេសនិងប្រទេសផង និង រវាងពលរដ្ឋ នៅក្នុងប្រទេសតែមួយផង ។ ៣) Accord (ស្រុះស្រួលគ្នា) ។ គឺជាកិច្ចព្រមព្រៀង រវាងពលរដ្ឋនៅក្នុងប្រទេសមួយ ឬ ទឹកដីមួយ ដើម្បីដោះស្រាយទំនាស់ ។ យើងឃើញមានការប្រើយន្តការ កិច្ចព្រមព្រៀមប្រភេទនេះ បីដងរួចមកហើយគឺ កិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ ដើម្បីដោះស្រាយទំនាស់រវាងបារាំង និង ពលរដ្ឋនៅឧបទ្វីប ឥណ្ឌូចិន ។ កិច្ចព្រមព្រៀងទីក្រុង ប៉ារីស (Paris Peace Accord) នៅក្នុងការដោះស្រាយជម្លោះ ខ្មែរ និង ខ្មែរ ។ និង កិច្ចព្រមព្រៀងទីក្រុង ដេតុន (Dayton Peace Accord) នៅក្នុងការដោះស្រាយជម្លោះបំបែករដ្ឋ នៃពលរដ្ឋដែលរស់នៅក្នុង អតីតប្រទេស យូហ្គោស្លាវី ។ ៤) Memorandum of Understanding (ដឹងឮ) ។ គឺជាកិច្ចព្រមព្រៀង ទទួលស្គាល់ចំណុចអ្វីមួយ ដែលប្រទាញប្រទង់ រង់ចាំដំណោះស្រាយផ្លូវការ ដើម្បីឈានទៅរកការស្រុះស្រួល ឬ ត្រូវរូវ គ្នា ។ នៅក្នុងទម្រង់នៃកិច្ចព្រមព្រៀង ទាំងបួនប្រភេទខាងលើនេះ សន្ធិសញ្ញា មានឥទ្ធិពលកាតព្វកិច្ចខ្ពស់ជាងគេ ។ ក៏ប៉ុន្តែ ខ្ញុំនិយាយម្តងទៀត គ្មានច្បាប់គាំពារការអនុវត្តិវាឡើយ ។ អ្វីៗគឺអាស្រ័យនៅលើសុឆន្ទៈ របស់ភាគីដែលមានអំណាច ខ្លាំងជាងគេ ។ សន្ធិសញ្ញាដែលល្បីល្បាញបំផុត នៅលើលោកនេះ គឺអង្គការ ណាតូ ឬ អូតង់ (NATO, North Atlantic Treaty Organization) ។ នៅក្នុងចំណោមប្រទេស ដែលជាភាគីនៃសន្ធិសញ្ញានេះ សហរដ្ឋអាមេរិក មានឥទ្ធិពលខ្លាំងជាងគេ ។ ដូច្នេះ ឧបមាថា ប្រទេសសមាជិកណាមួយ ត្រូវបានសត្រូវឈ្លានពាន បើសហរដ្ឋអាមេរិក សម្រេចចិត្តមិនទៅជួយ វាប្រាកដណាស់ថា សន្ធិសញ្ញា អូតង់ គ្មានប្រយោជន៍អ្វីឡើយ ។ តាមពិត សេណារីយោ (Scenario) នេះ ធ្លាប់កើតមានម្តងរួចមកហើយ នៅអំឡុងពេលសង្គ្រាមលោកលើកទី ២ ។ ឧទាហរណ៍មួយ នៃសភាវទន់ខ្សោយផុយស្រួយ នៅក្នុងកិច្ចព្រមព្រៀងផងទាំងពួង គឺសន្ធិសញ្ញាក្រុង វ៉ឺសៃ (Versailles Treaty) ដែលធ្វើឡើង ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី ១ នាឆ្នាំ ១៩១៩ ។ នៅក្នុងសន្ធិសញ្ញាក្រុង វ៉ឺសៃ ភាគីឈ្នះ ឬមានព្រៀបជាង ដែលគេឲ្យឈ្មោះថា The Big Four គឺប្រទេស បារាំង អង់គ្លេស អុីតាលី និង សហរដ្ឋអាមេរិក បានធ្វើសន្ធិសញ្ញាមួយជាមួយនឹង អាល្លឺម៉ង់ ។ ដើម្បីទប់ស្កាត់កុំឲ្យប្រទេស អាល្លឺម៉ង់ ដើរឈ្លានពានប្រទេសជិតខាងនៅថ្ងៃមុខ បារាំង បានទាមទារដាក់លក្ខខ័ណ្ឌយ៉ាងច្រើន មកលើប្រទេសអាល្លឺម៉ង់ ។ នៅពីក្រោយការព្រួយបារម្ភ និង លក្ខខណ្ឌនានានោះ លោក ហ្សក ខ្លេម៉ង់សូ ដែលជាតំណាងរបស់ប្រទេសបារាំង បានពោលដូច្នេះថា៖ "America is faraway, protected by Ocean. Not even Napoleon himself could touch England. You are both sheltered; we are not." (អាមេរិកនៅឆ្ងាយ ហើយខណ្ឌដោយមហាសមុទ្រ ។ សូម្បីតែ ណាប៉ូឡេអុង ក៏មិនអាចប៉ះពាល់ប្រទេសអង់គ្លេសបានផង ។ អ្នកទាំងពីរមានរបាំងការពារ ។ ឯយើង គ្មានទេ) ។ ការព្រួយបារម្ភរបស់លោក ខ្លេម៉ង់សូ នៅទីបំផុតបានស្តែងចេញមក ឲ្យយើងឃើញច្បាស់ដូចពន្លឺថ្ងៃ អំពីសារប្រយោជន៍នៃសន្ធិសញ្ញា និងសុឆន្ទៈរបស់ភាគីពាក់ព័ន្ធ អំឡុងពេលសង្គ្រាមលោកលើកទី ២ ផ្ទុះឡើង ។ នៅឆ្នាំ ១៩៣៩ បន្ទាប់ពីពង្រឹងវិស័យយោធា និង សេដ្ឋកិច្ចបានរឹងមាំ ប្រទេសអល្លឺម៉ង់ ក្រោមការដឹកនាំរបស់ អាដុល ហុីត្លែរ ក៏ចាប់ផ្តើមវាយលុកឈ្លានពានទន្ទ្រានយកប្រទេសជិតខាង រាប់បញ្ចូលទាំងប្រទេសបារាំង និង អង់គ្លេស ដែលខ្លួនបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ ដោយគ្មានញញើតដៃ ។ ប្រទេស បារាំង និង អង់គ្លេស រងគ្រោះស្ទើរតែស្លាប់តាយហោង ។ ឯអាមេរិកដែលជាសម្ព័ន្ធមិត្ត និង ជាហត្ថលេខីប្រយោល នៅក្នុងសន្ធិសញ្ញាក្រុង វ៉ឺសៃ ដែរនោះ ឈរក្រពាត់ដៃមើលពីត្រើយម្ខាងសមុទ្រ ធ្វើព្រងើយ ។ បើកុំតែសំណាង បានប្រទេស ជប៉ុន ទៅទម្លាក់គ្រាប់បែកលើកំពង់ផែរ ភើល ដើម្បីវាយដណ្តើមយកកោះ ហាវ៉ៃ ដែលជាហេតុនាំឲ្យសហរដ្ឋអាមេរិករងគ្រោះ ដោយសារសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ ដែរ ប្រទេសបារាំងនិងអង់គ្លេស ប្រហែលជាត្រូវអាល្លឺម៉ង់ វាយប្រហារខ្ទេចដូចបង្អួលបាត់ទៅហើយ ។ នេះគ្រាន់តែជាឧទាហរណ៍មួយ នៃផលវិបាក និងភាវអត់បានការ នៃកិច្ចព្រមព្រៀងនានា ។ មុននឹងបញ្ចប់ប្រធានបទ កិច្ចព្រមព្រៀងនេះ ខ្ញុំសូមលើកយកកិច្ចព្រមព្រៀមមួយចំនួន ដែលប្រទេសខ្មែរបានធ្វើកន្លងមក ។ បន្ទាប់ពីបារាំងដកអាណានិគមចេញពីប្រទេសខ្មែរ យើងមានកិច្ចព្រមព្រៀងចំនួនបីគឺ កិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ កិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស និង ការជួញដូរសន្តិភាពក្រុង កូឡាឡាំពួរ ។ ពលរដ្ឋខ្មែរជាច្រើន យល់ឃើញថា ពាក្យពេចន៍ ឬ អ្វីៗ ដែលមានសរសេរនៅក្នុងកិច្ចព្រមព្រៀង ទាំងអម្បាលម៉ានខាងលើនេះ មានយន្តការច្បាប់ (Legal Mechanism) សម្រាប់ប្តឹងទៅតុលាការអន្តរជាតិ ឬក៏ អង្គការសហប្រជាជាតិ ឲ្យគេជួយរកយុត្តិធម៌ ឬ បង្ខំឲ្យអ្នកបំពារបំពានយើង គោរពអធិបតេយ្យភាព ឬក៏ ឆន្ទៈរបស់យើង ។ ជាថ្មីម្តងទៀត ខ្ញុំនឹងលើកយកព្រឹក្តិការណ៍ជាក់ស្តែង មកធ្វើជាតឹកតាង ជំនួសឲ្យពាក្យពេចន៍ ឬ យន្តការច្បាប់ ដែលគេសរសេរ នៅក្នុងកិច្ចព្រមព្រៀងទាំងឡាយ ។ ចំណុចដែលយើងត្រូវយល់ និងចង់ចាំរហូតដល់ក្ស័យជន្មា គឺថា សកម្មភាព បង្ហាញសច្ចភាព ច្បាស់លាស់ជាងពាក្យពេចន៍ (Actions speak louder than words) ។ កាលសហរដ្ឋអាមេរិក ច្បាំងជាមួយនិងប្រទេសវៀតណាមខាងជើង នៅទសវត្សឆ្នាំ ១៩៦០ កងទ័ពវៀតណាម បានចូលមកបោះមូលដ្ឋានទ័ពនៅក្នុងទឹកដីខ្មែរ ដែលជាការបំពានលើកិច្ចព្រមព្រៀង ហ្សឺណែវ ។ ខ្មែរបានប្តឹងទៅគណកម្មការត្រួតពិនិត្យអន្តរជាតិ (ICC) ដែលត្រូវបានបង្កើតឡើង ដោយកិច្ចព្រមព្រៀង ហ្សឺណែវ ។ គណកម្មការនោះ បានចុះមកត្រួតពិនិត្យ ។ បន្ទាប់ពីត្រួតពិនិត្យហើយ អ្វីៗក៏ចប់ត្រឹមនោះ ។ ឯកងទ័ពវៀតណាម ក៏នៅតែបន្តសកម្មភាពរបស់គេ នៅលើទឹកដីខ្មែរដដែល ។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ដែលជាសាក្សី ឬ ជាភាគីចូលរួមដឹងឮ កិច្ចព្រមព្រៀង ហ្សឺណែវ ដែរនោះ ក៏បានទម្លាក់គ្រាប់បែក ប្រយុទ្ធជាមួយនឹងកងទ័ពវៀតណាម នៅក្នុងទឹកដីខ្មែរ យ៉ាងរំភើយទៀតផង ។ និយាយអំពីហត្ថលេខី ឬ សាក្សី នៅក្នុងកិច្ចព្រមព្រៀងនានា យើងក៏គួរតែយល់ដែរថា ប្រទេសហត្ថលេខី មិនមែនជាភាគី នៅក្នុងកិច្ចព្រមព្រៀងឡើយ ។ ពួកគេគឺប្រៀបបានទៅនិង ឪពុកម្តាយ ឬ ញាតិសន្តាន របស់កូនប្រុសកូនស្រី នៅក្នុងពិធីរៀបមង្គលការ ។ បើទៅថ្ងៃមុខ ប្តីប្រពន្ធមួយគូនេះ លែងលះគ្នា គ្មានច្បាប់ឯណាដែលតម្រូវឲ្យពួកគេ ចូលមកធ្វើអន្តរាគម ជួយសង្គ្រោះប្តីប្រពន្ធនោះឡើយ ។ ដូចគ្នាដែរ បើឪពុក ឬ ម្តាយ ឬ ញាតិសន្តានណាមួយ ចូលមកបំផ្លិចបំផ្លាញ សេចក្តីសុខរបស់ប្តីប្រពន្ធមួយគូនោះ ក៏គ្មានច្បាប់ឯណា មករារាំងសកម្មភាពរបស់ពួកគេដែរ ។ បើយើងភ្ជាប់ឧទាហរណ៍ខាងលើនេះ ទៅនឹងទង្វើឈ្លានពានរបស់ប្រទេសសៀម ដែលជាហត្ថលេខីមួយ នៅក្នុងកិច្ចព្រមព្រៀងទីក្រុង ប៉ារីស មកលើប្រទេសកម្ពុជា យើងនឹងយល់អំពីមូលហេតុ នៅពីក្រោយទង្វើអសុឆន្ទៈ ឬ អសីលធម៌ផងទាំងពួង នៅពីក្រោយកិច្ចព្រព្រៀងនានា ។ ឯការជួញដូរសន្តិភាព (Peace Deal) រវាងខ្មែរនិងសៀម នៅទីក្រុង កូឡាឡាំពួរ កន្លងទៅថ្មីៗនេះ វាក៏មិនខុសគ្នាអំពីឧទាហរណ៍ខាងលើប៉ុន្មានដែរ ។ គ្រាន់តែការជួញដូរសន្តិភាពនេះ វាផ្ទុយអំពីពិធីរៀបមង្គលការ ។ បើយើងប្រៀបធៀបការជួញដូរសន្តិភាពនេះ ក្នុងន័យទំនាក់ទំនងគ្រួសារ វាប្រៀបបាននឹងកូនពីរនាក់ឈ្លោះគ្នា ហើយត្រូវបានឪពុក ឬម្តាយ កាន់រំពាត់យកមកគម្រាម ឲ្យឈប់ឈ្លោះគ្នាតែប៉ុណ្ណោះ ។ ការជួញដូរសន្តិភាព ដើម្បីបញ្ឈប់ជម្លោះរវាងខ្មែរនិងសៀម គឺគ្មានសុឆន្ទៈពិតប្រាកដ ចេញអំពីគូជម្លោះឡើយ (Not done in good faith) ។ វាឈប់ឈ្លោះ ដោយសារវាខ្លាចត្រូវរំពាត់ ។ ពេលអ្នកកាន់រំពាត់ទៅបាត់ ពួកវានឹងឈ្លោះគ្នាឡើងវិញ ដដែលជាដដែលទេ ។ អ្នកដែលមានកូន ចាប់ពីពីរនាក់ឡើងទៅ សុទ្ធតែយល់អំពីប្រការនេះ ច្បាស់លាស់ជាទីបំផុត ។ មិនចាំបាច់នរណាពន្យល់ឡើយ ៕

No comments:

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...