Thursday, June 28, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កញ្ជ្រោងនិងក្អែក

កញ្ជ្រោងមួយបានឃើញក្អែក ឆក់បានសាច់ងៀតមួយដុំ ដែលអ្នកស្រុក
ដាក់ហាលនៅលើរានហាល ។ នៅពេលដែលក្អែកពាំសាច់នោះ ចុះទៅ
ទំនៅលើមែកឈើ កញ្ជ្រោងក៏ដើរមកក្រោមដើមឈើ ហើយពោលថា៖

ឱ ! ខ្លួនខ្ញុំអើយ          បានជួបក្អែកហើយ          តែគ្មាននិស្ស័យ
បានស្តាប់សំនៀង       ក្អែកសត្វបក្សី             ដែលខ្ញុំឮល្បី
                                   ថាពិរោះណាស់ ។

ក្អែកឮកញ្ជ្រោងពោលសសើរ ថាវាមានសម្លេងពិរោះ ហើយថែមទាំង
មានចិត្ត ចង់ស្តាប់សម្លេងវាទៀតផង វាក៏ខំប្រឹងបំប៉ោងបំពង់ក ស្រែក
បូលខ្លាំងៗ ។ នៅក្នុងខណៈដែលក្អែកស្រែកបូល វាភ្លេចគិតអំពីសាច់
ងៀត ដែលវាកំពុងពាំនៅក្នុងចំពុះរបស់វា បណ្តាលឲ្យសាច់នោះ ជ្រុះ
ធ្លាក់មកដី ។ ភ្លាមនោះកញ្ជ្រោងក៏ស្ទុះភ្លែត ទៅត្របាក់ស៊ីសាច់ ដែល
របូតជ្រុះពីមាត់ក្អែកមកនោះ អស់រលីង ។ លុះកញ្ជ្រោងស៊ីសាច់ងៀត
អស់ហើយ វាក៏ពោលទៅកាន់ក្អែកថា៖ “បងក្អែក ! បងពិតជាមានសម្លេង
ពិរោះអស្ចារ្យ ក៏ប៉ុន្តែ ទាស់ត្រង់បង មានប្រាជ្ញាខ្លីបន្តិច” ៕
មិនត្រូវជឿពាក្យបញ្ចើចបញ្ចើរបស់មនុស្សដែលស្វែងរកប្រយោជន៍
ផ្ទាល់ខ្លួននោះទេ

Sunday, June 24, 2012

Fables and Folktales

រឿង សត្វកង្កែបនិងអណ្តូងទឹក


កាលពីព្រេងនាយ មានសត្វកង្កែបពីរ មួយឈ្មោះ អូប មួយទៀតឈ្មោះ
អ៊ិត ជាមិត្តសម្លាញ់នឹងគ្នា ។ កង្កែបទាំងពីរ បាននាំគ្នាមករស់នៅ ក្នុង
ត្រពាំងទឹកមួយ ដែលស្ថិតនៅក្បែរភូមិ ទួលកកោះ ។ លុះដល់រដូវប្រាំង
ធាតុអាកាសបានប្រែផ្លាស់ រាំងស្ងួតហួតហែង អស់រយៈពេលដ៏យូរ
បណ្តាលឲ្យទឹកត្រពាំង ដែលជាជម្រករបស់កង្កែបទាំងពីរ រីងខះអស់
រលីង ។ ដោយស៊ូទ្រាំនឹងកំដៅថ្ងៃពុំបាន កង្កែបទាំងពីរ ក៏នាំគ្នាចាក
ចេញពីត្រពាំង ដើម្បីស្វែងរកទីជម្រកថ្មី ។ នៅពេលដែលកង្កែបទាំងពីរ
ធ្វើដំណើរមកដល់ជាយភូមិ ទួលកកោះ ពួកគេបានឃើញអណ្តូងទឹក
មួយ ។ កង្កែបឈ្មោះ អូប ក៏ពោលទៅកាន់អ៊ិតថា៖ “នែ៎អ៊ិត ! អណ្តូង
ទឹកនេះ មើលទៅហាក់ដូចជាត្រជាក់ គួរឲ្យចង់រស់នៅណាស់ ។
យើងគួរតែលោតចូល ទៅរស់នៅក្នុងអណ្តូងនេះតែម្តងទៅ” ។ ឮ
ដូច្នោះ កង្កែបឈ្មោះ អ៊ិត ដែលមានគំនិតឆ្លាតវាងវៃនោះ បានឆ្លើយ
តបទៅអូបវិញថា៖ “អូបអ្ហ៎ាះ ! អូបឯងគិតនោះ ពិតជាត្រឹមត្រូវហើយ ។
 ក៏ប៉ុន្តែ ប្រសិនបើទឹកដែលនៅក្នុងអណ្តូងនេះ បានរីងខះអស់ ដូចជា
ទឹកត្រពាំង ដែលយើងធ្លាប់រស់នៅនោះដែរ តើយើងអាចលោតចេញ
ពីក្នុងអណ្តូងនេះ មកវិញបានដែរឬទេ ?” ។ “ប្រហែលជាលោតចេញ
មកវិញ មិនបានទេ” អូបឆ្លើយ ។ “បើអញ្ចឹង” អ៊ិតនិយាយបន្ត “បន្ទាប់
ពីយើងលោតចូលទៅ យើងប្រាកដជាស្លាប់ចោលឆ្អឹង នៅក្នុងអណ្តូង
នេះ ដោយសារការអត់ទឹក អត់ចំណីជាមិនខាន” ៕

Tuesday, June 19, 2012

រឿងល្បើកនិងរឿងនិទាន

រឿង ដៃ ជើង និង មាត់ ច្រណែននឹងក្រពះ


(បទពាក្យ ៧)

ថ្ងៃមួយដៃជើងនិយាយថា      ពួកយើងធ្វើការហត់នឿយក្រៃ

បែរមើលទៅមាត់មិនធ្វើអ្វី       រង់ចាំតែឆីអត់ជួយសោះ ។

ជើងថាពីព្រឹកទល់ព្រលប់       ខ្ញុំដើរចរច្រប់គ្មានពេលលស់

ធ្វើការរាល់ថ្ងៃ មិនឲ្យខ្ចោះ       ទៅនេះទៅនោះឥតស្រាកស្រាន្ត ។

ដៃថ្លែងថាខ្ញុំក៏មិនស្ងៀម           ភ្ញាក់ពីព្រហាមលុបលាងប្រាណ

សម្អាតរូបកាយរួចហើយបាន   ចាប់កាន់ចំណីបញ្ចុកមាត់ ។

មាត់ឮដូច្នោះក៏ឆាប់ឆ្លើយ          អ្នកយល់ខុសហើយខ្ញុំក៏ហត់

រាល់ថ្ងៃហាស្តីយ៉ាងទៀងទាត់    ចំណីគ្រប់ម៉ាត់ខំទំពា ។

បើថាដូច្នេះចុះអាហារ                 បានទៅនរណាទទួលវា

ដៃហើយនិងជើងសួរព្រមគ្នា      មាត់ថាវាធ្លាក់ទៅក្រពះ ។

ក្រពះនេះមិនដែលធ្វើអ្វី               ខ្ជិលច្រអូសក្រៃឥតអៀនខ្មាស់

ចាំតែទទួលផលដល់ផ្ទះ              គ្មានចិត្តជួយខ្នះខ្នែងយើងទេ ។

ជើងក៏និយាយដោយកំហឹង         យើងប្រឹងធ្វើការឥតទំនេរ

ដៃថាខ្ញុំក៏ធ្វើឥតល្ហែ                      តែបែរផលបានទៅក្រពះ ។

ពីថ្ងៃនេះទៅឈប់ធ្វើការ              មាត់ក៏ឈប់ហាលៃយកឈ្នះ

ដៃជើងមាត់ខឹងនឹងក្រពះ             នាំគ្នារូតរះផ្អាកការងារ ។

ពេលដៃជើងមាត់ឈប់កម្រើក     លទ្ធផលកក្រើកដល់កាយា

ក្រពះរួមស្វិតឥតអាហារ                នាំឲ្យកាយាខ្សោយស្គមស្គាំង ។

រីឯដៃជើងក៏ខ្សោយដែរ                  កើតទុក្ខឥតល្ហែគ្មានកម្លាំង

នាំគ្នាប្រឈមមុខតតាំង                បែរជាប្រឆាំងនឹងខ្លួនឯង ។

ដ្បិតអីក្រពះទទួលផល                 យកមកចែកផ្តល់គ្រប់កន្លែង

ផ្គត់ផ្គង់រូបរាងកាយនេះឯង           ឲ្យផុតចំបែងផងនានា ។

ពេលនោះដៃជើងហើយនិងមាត់ បានយល់ប្រាកដពីហេតុការណ៍

ទាល់តែពួកគេរួបរួមគ្នា                 ប្រឹងធ្វើការងារទើបប្រាណបាន ។

ទទួលក្តីសុខផុតអំពល់                  ជួយផ្តល់ឋាមពលទាំងប៉ុន្មាន

ឲ្យអវយវៈទូទាំងប្រាណ                 មានសុខមាលភាពល្អប្រពៃ ៕

យើងមិនអាចកាត់ផ្តាច់សុខមាលភាពរបស់យើង ចេញពីសុខមាលភាពសង្គមបានទេ


Saturday, June 16, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កម្មករកាត់ដេរដែលមិនគោរពច្បាប់

កាលពីទសវត្សរ៍ឆ្នាំ ១៩៥០ មានកម្មករកាត់ដេរម្នាក់ឈ្មោះ រ៉ូហ៊្សា ផាគ
រស់នៅក្នុងរដ្ឋអាឡាបាម៉ា នៃសហរដ្ឋអាមេរិក ។ រ៉ូហ៊្សាជានារីស្បែកខ្មៅ
ដែលមានដើមកំណើតមកពីទ្វីបអាហ្វ្រិក ។ នៅសម័យនោះ អាជ្ញាធររដ្ឋ
អាឡាបាម៉ា បានធ្វើច្បាប់ហាម មិនឲ្យប្រជាពលរដ្ឋដែលមានស្បែកខ្មៅ
ប្រើប្រាសសេវកម្មសាធារណៈ ឡូកឡំជាមួយប្រជាពលរដ្ឋ ដែលមាន
ស្បែកសនោះទេ ។ ឧទាហរណ៍ៈ និស្សិតដែលមានស្បែកខ្មៅ ត្រូវទៅ
សិក្សានៅសាលាមួយផ្សេង ដាច់ដោយឡែកពីគេ ។ បើប្រជាពលរដ្ឋ
ស្បែកខ្មៅ ធ្វើដំណើរតាមរថយន្តក្រុង ពួកគេត្រូវទៅអង្គុយនៅកៅអីខាង
ក្រោយ ។ ម្យ៉ាងទៀត បើរថយន្តផ្ទុកមនុស្សច្រើន ហើយខ្វះកៅអីឲ្យអ្នក
ដំណើរទាំងអស់គ្នាអង្គុយ អ្នកដំណើរដែលមានស្បែកខ្មៅ ត្រូវប្រគល់
កៅអីរបស់ខ្លួន ឲ្យទៅអ្នកដែលមានស្បែកសអង្គុយវិញ ។
ថ្ងៃមួយ នៅពេលដែលរ៉ូហ៊្សាកំពុងជិះរថយន្តក្រុង ឆ្ពោះទៅកាន់កន្លែង
នាងធ្វើការដូចសព្វដង មានបុរសស្បែកសម្នាក់ បានឡើងជិះរថយន្ត
នោះដែរ ។ ដោយគ្មានកៅអីអង្គុយ បុរសនោះក៏ដើរមកដេញរ៉ូហ៊្សា ឲ្យ
ងើបចេញពីកៅអីរបស់នាង ដើម្បីទុកកៅអីនោះ ឲ្យគាត់អង្គុយ ។ រ៉ូហ៊្សា
បានបដិសេធ មិនព្រមប្រគល់កៅអីរបស់នាង ឲ្យទៅបុរសនោះទេ ព្រោះ
នាងបានទិញសំបុត្រជិះរថយន្តក្រុង ដូចជាបុរសនោះដែរ ។ ឃើញដូច្នោះ
បុរសស្បែកស ក៏បានប្តឹងទៅអាជ្ញាធរ ឲ្យចាប់រ៉ូហ៊្សាពិន័យ និងដាក់ទណ្ឌ
កម្ម ពីបទល្មើសនឹងច្បាប់រដ្ឋ ។
បន្ទាប់ពីការចាប់ខ្លួននាងរ៉ូហ៊្សា ដែលជាស្ត្រីទន់ខ្សោយ ក្នុងបទមិនប្រគល់
កៅអីរថយន្តក្រុង ដែលនាងបានទិញ ឲ្យទៅបុរសស្បែកសនោះ បានផ្សព្វ
ផ្សាយលេចឮទូទាំងសហរដ្ឋអាមេរិក ប្រជាពលរដ្ឋស្បែកខ្មៅជាច្រើន រួម
ទាំងប្រជាពលរដ្ឋស្បែកសខ្លះផង មានប្រតិកម្មប្រឆាំង នឹងការចាប់ខ្លួន
នាងយ៉ាងខ្លាំង ។ ពួកគេបានធ្វើពហិការ ឈប់ជិះរថយន្តក្រុងនៅក្នុងរដ្ឋ
អាឡាបាម៉ា និងធ្វើបាតុកម្ម ប្រឆាំងនឹងច្បាប់ដ៏អយុត្តិធម៌នោះ ។ បន្ទាប់
មក ពួកបាតុករក៏បានធ្វើព្យុះហយាត្រា ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បី
ទាមទារឲ្យរដ្ឋាភិបាលសហព័ន្ធ ធ្វើអន្តរាគមន៍លុបបំបាត់ច្បាប់ ដែល
បែងចែកសិទ្ធិសេរីភាពមនុស្ស យោងទៅលើពណ៌សម្បុរ នៃស្បែក
របស់ខ្លួន ។ នៅទីបំផុត រដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិក ក៏បាន
ធ្វើច្បាប់ហាម មិនឲ្យមានការបែងចែកសិទ្ធិសេរីភាពរបស់មនុស្ស ដោយយោងទៅលើពណ៌សម្បុរឡើយ ៕

មនុស្សសាមញ្ញម្នាក់ អាចផ្លាស់ប្តូរច្បាប់ទម្លាប់នៅក្នុងសង្គមបាន


Thursday, June 14, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កង្កែបមួយគូ

កាលពីព្រេងនាយ មានសត្វកង្កែបមួយគូ មួយឈ្មោះ វិចារ និងមួយទៀត
ឈ្មោះ អស្មិ រស់នៅជិតខាងគ្នា ។ កង្កែបឈ្មោះ វិចារ រស់នៅក្នុងត្រពាំង
រីឯកង្កែបឈ្មោះ អស្មិ រស់នៅក្នុងថ្លុកក្របី ដែលស្ថិតនៅក្បែរផ្លូវរទេះគោ ។
 កង្កែបឈ្មោះ វិចារ ដែលរស់នៅក្នុងត្រពាំង សង្កេតឃើញថាៈ ការរស់
នៅក្នុងថ្លុកក្របី មិនសូវមានសុវត្ថិភាពទេ ព្រោះមានពេលខ្លះ សត្វក្របីចុះ
ទៅដេកននៀលនៅក្នុងថ្លុក ដើម្បីឲ្យដីភក់ជាប់នៅលើស្បែករបស់វា
ដែលជាហេតុមួយ អាចនាំមកនូវគ្រោះថ្នាក់ ដល់អាយុជីវិតរបស់អស្មិ ។
លុះពិចារណាឃើញដូច្នោះ វិចារក៏ចូលទៅពន្យល់ប្រាប់អស្មិ ដែលកំពុង
រស់នៅក្នុងថ្លុកក្របី អំពីហេតុផល ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់
ដល់ជីវិតរបស់វា ព្រមទាំងបបួលអស្មិ ឲ្យទៅរស់នៅក្នុងត្រពាំងវិញ ព្រោះ
មានសុវត្ថិភាពជាង ។ ប៉ុន្តែ អស្មិមិនព្រមស្តាប់ តាមយោបល់របស់វិចារ
ទេ ព្រោះវាមានចិត្តរឹងរូស និងមិនចង់ឲ្យបាត់បង់នូវលំនៅដ្ឋាន ដែលវា
ធ្លាប់រស់នៅ ។
ថ្ងៃមួយ មានក្មេងឃ្វាលក្របីម្នាក់ បានកៀងក្របី ឲ្យមកស៊ីស្មៅនៅក្បែរ
ថ្លុក ដែលជាជម្រករបស់អស្មិ ។ ក្របីឃើញថ្លុក ពួកវាក៏នាំគ្នាចុះទៅដេក
ននៀល នៅក្នុងថ្លុកនោះ បណ្តាលឲ្យទឹកនៅក្នុងថ្លុក កករល្អក់ រកមើល
អ្វីក៏ពុំយល់ ។ មិនតែប៉ុណ្ណោះ ក្របីមួយបានដើរមកជាន់ ចំលើរន្ធរបស់
អស្មិ ដែលស្ថិតនៅក្បែរមាត់ថ្លុក បណ្តាលឲ្យដីបាក់ធ្លាក់មក សង្កត់វា
ស្លាប់ទៅ ៕

សេចក្តីប្រមាទចំពោះហេតុផល អាននាំមកដល់នូវក្តីវិនាសដល់អាយុជីវិតយើង

Sunday, June 10, 2012

Fables and Folktales


រឿង ចង្កឹះមួយបាច់

(បទ ព្រហ្មគីតិ)
តាចាស់ម្នាក់ជរា         ដឹងខ្លួនថាហៀបនឹងស្លាប់
ហៅកូនមកប្រញាប់    ប្រាប់ពាក្យពេចន៍បណ្តាំមួយ ។
ឱ ! កូនស្ងួនបិតា       ចូររក្សាកុំឲ្យធ្លោយ
សាមគ្គីជាធ្លុងមួយ      ទើបផុតព្រួយទុក្ខគ្រោះភ័យ ។
ពោលចប់តាជរា        ក៏ម្នីម្នាហៅចៅស្រី
ឲ្យរូតរះឃ្មាតខ្មី           លៃរកចង្កឹះមួយបាច់ ។
បានហើយក៏ហុចទៅ ឲ្យកូនពៅសាកល្បងកាច់
ចង្កឹះនៅក្នុងបាច់         កាច់មិនបាក់ជាក់ជាម្តង ។
តាចាស់ប្រាប់កូនថា     នែ៎ ! អាង៉ាឲ្យទៅបង--
បងឯងកាច់វិញម្តង       ដើម្បីល្បងកម្លាំងវា ។
កូនច្បងទទួលយក       ចង្កឹះមកកាច់គ្រប់គ្នា
ម្នាក់ៗប្រឹងពុះពារ          កាច់យ៉ាងណាក៏មិនបាក់ ។
ក្សិណនោះតាជរា            ប្រាប់កូនថាឯងម្នាក់ៗ
យកចង្កឹះមួយម្នាក់          ហើយសាកកាច់លមើលម្តង ។
ពេលនោះកូនទាំងទ្វេ      ក៏រិះរេលៃសាកល្បង
កាច់ចង្កឹះមួយម្តង            ឃើញថាបាក់គ្មានសល់ឡើយ ។
តាចាស់ប្រាប់កូនថា          បុត្របិតាឃើញច្បាស់ហើយ
តួអង្គបុត្រត្រាណត្រើយ    ប្រៀបបាននឹងចង្កឹះនេះ ។
បើកូនរួបរួមគ្នា                   ទាំងសម្បទានិងចំណេះ
គេមិនអាចឈ្នានីស        កាច់បំបាក់ពួកកូនបាន ។
តែបើបែកបាក់គ្នា            ប្រាកដជាបុត្រកល្យាណ
ត្រូវគេយាយីបាន             អស់ក្សេមក្សាន្តប្រាណមានទុក្ខ ។
ច្នេះកូនគួរចងចាំ                ពាក្យបណ្តាំនៃឪពុក
ពីថ្ងៃនេះទៅមុខ                  ទុកជាកេរតរៀងទៅ ៕

(Please click on text image to enlarge)

Friday, June 8, 2012

រឿងល្បើកនិងរឿងនិទាន


រឿង ចចកនិងក្រសារ


មានសត្វចចកមួយ ដើរស្វែងរកចំណីអាហារ នៅក្បែរមាត់ស្ទឹង ។
លុះដើរមកដល់គុម្ពោតព្រៃមួយ វាបានឃើញអ្នកនេសាទម្នាក់
យកត្រីឆ្លាំងមួយមកដោតព្យួរនៅលើមែកឈើ ដែលដុះប្របមាត់
ទឹក ។ នៅពេលដែលអ្នកនេសាទ កំពុងចុះទៅសាសន្ទូចរបស់គាត់ ចចកបានលបចូលទៅឆក់យកត្រីឆ្លាំងនោះ មកធ្វើជាអាហារ ។
ហេតុតែខ្លាចម្ចាស់ត្រីមើលឃើញ និងមកដណ្តើមយកត្រីពីវាវិញ
ចចកក៏ខាំហែកត្រី ស៊ីយ៉ាងប្រញាប់ ។ រំពេចនោះ ឆ្អឹងត្រីដ៏ធំមួយ
បានស្លាក់ជាប់នៅក្នុងកន្លើតវា ។ ចចកខំប្រឹងខាកយ៉ាងខ្លាំង ដើម្បី
ឲ្យឆ្អឹងត្រីនោះ ធ្លាក់ចេញមកវិញ ។ ប៉ុន្តែ ទោះបីជាវាខំប្រឹងខាកខ្លាំង
យ៉ាងណាក៏ដោយ ក៏ឆ្អឹងត្រីនោះ មិនព្រមធ្លាក់ចេញមកដែរ ។ ដោយ
ឈឺខ្លាំងពេក ចចកក៏ទៅពឹងសត្វក្រសារ ឲ្យជួយចឹកទាញយកឆ្អឹងត្រី
នោះ ចេញមកវិញ ។
“ឱ ! បងក្រសារ” ចចកនិយាយអង្វរ “សូមបងមេត្តាជួយចឹកទាញយក
ឆ្អឹងត្រី ដែលស្លាក់ក្នុងបំពង់កខ្ញុំចេញមក ខ្ញុំនឹងជូនរង្វាន់បងជាទីគាប់
ចិត្ត” ។ ក្រសារបានឲ្យចចកហាមាត់ រួចក៏យកចំពុះវា រុកចូលទៅក្នុង
បំពង់កចចក ដើម្បីចឹកទាញយក ឆ្អឹងត្រីនោះចេញមក ។
នៅពេលដែលក្រសារ បានជួយយកឆ្អឹងត្រីចេញពីបំពង់កវារួច ចចកក៏
ដើរចេញទៅ ដោយមិនទាំងនិយាយថាអរគុណផង ។ ឃើញដូច្នោះ
ក្រសារខឹងណាស់ ហើយក៏ស្រែកសួរចចកថា៖ “នែ៎ ! បងចចក បងឯង
ថាឲ្យរង្វាន់ខ្ញុំនោះ តើនៅឯណា ?” ។ ឮដូច្នោះ ចចកក៏ឆ្លើយថា៖
“យីអើ ! អាចង្រៃ ឯងនៅចង់បានរង្វាន់អីទៀត អញបានឲ្យសាច់
ក្បាលឯង ចេញផុតពីមាត់អញនោះ តើវាមិនទាន់គ្រប់គ្រាន់ទេអ្ហ៊ៃ !” ៕

"ជួយសង្គ្រោះមនុស្សទុរយស គ្មានបានផលប្រយោជន៍អ្វីទេ"
(Please click on text image to enlarge)

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...