Sunday, November 7, 2010

រឿងល្បើកនិងរឿងនិទានៈ

រឿង ទន្សាយនិងសិង្ហ

កាលពីព្រេងនាយ ពួកសត្វចតុប្បាទ ដែលរស់នៅលើវាលស្មៅ សាវ៉ា
ណា ក្នុងទ្វីបអាហ្វ្រិក បានកោះប្រជុំមហាសន្និបាតមួយ ដើម្បីរៀបចំ
សង្គម ឲ្យមានរបៀបរៀបរយ និងយុត្តិធម៌ ។ សត្វទាំងអស់ ដែលមក
ចូលរួមក្នុងមហាសន្និបាត បានឡើងបញ្ចេញមត្តិ និងផ្តល់អនុសាសន៍
ជូនអង្គប្រជុំរៀងៗខ្លួន ។ ប៉ុន្តែ អនុសាសន៍ទាំងនោះ មានភាពចម្រូង
ចម្រាស មិនអាចយកជាការអ្វីបានឡើយ ព្រោះសត្វទាំងអស់បានធ្វើ
អនុសាសន៍ ការពារតែផលប្រយោជន៍របស់ក្រុមខ្លួន ។ ដើម្បីបំបែកនូវ
ភាពទាល់ច្រក សត្វទាំងអស់ក៏បែរទៅសួរយោបល់សុភាទន្សាយ ដែល
គេដឹងថា ជាអ្នកប្រាជ្ញដ៏ឈ្លៀសវៃម្នាក់ ។ បន្ទាប់ពីបានពិនិត្យពិច័យ នូវ
រាល់បញ្ហាយ៉ាងល្អិតល្អន់រួច ទន្សាយក៏ឲ្យយោបល់ថា៖ “ដើម្បីយុត្តិធម៌
និងរបៀបរៀបរយក្នុងសង្គម យើងទាំងអស់គ្នាមិនចង់ឲ្យនរណាម្នាក់
បំពារបំពានលើអាយុជីវិត និងសិទ្ធិសេរីភាពរបស់យើងទេ ។ ដូច្នេះ
សេចក្តីសម្រេចដ៏ល្អបំផុតនោះ គឺត្រូវឲ្យសត្វទាំងអស់ មានសិទ្ធិសេរី
ភាពស្មើៗគ្នា” ។ បន្ទាប់ពីបានស្តាប់យោបល់ទន្សាយហើយ សិង្ហក៏
ថ្លែងប្រាប់អង្គសន្និបាតថា៖ “យោបល់របស់បងទន្សាយល្អណាស់
ប៉ុន្តែ មិនអាចយកជាការបានទេ ព្រោះសម្តីគាត់ ខ្វះក្រញាំនិងចង្កូម” ៕

សម្តីអ្នកទន់ខ្សោយ ទោះបីជាត្រឹមត្រូវយ៉ាងណា ក៏គ្មានឥទ្ធិពល
ដូចសម្តីអ្នកមានអំណាចដែរ
(ដកស្រង់ចេញពីសៀវភៅ រឿងល្បើកនិងរឿងនិទាន ភាគទី ១)

Thursday, November 4, 2010

រឿងល្បើកនិងរឿងនិទានៈ

រឿង អ្នកប្រមាញ់និងសត្វឆ្កែ

អ្នកប្រមាញ់ម្នាក់ បានរៀបចំខ្លួនចេញទៅបរបាញ់សត្វព្រៃ ជាមួយ
និងឆ្កែរបស់គាត់ ។ នៅពេលដែលគាត់រៀបចេញដំណើរ គាត់បាន
ឃើញឆ្កែរបស់គាត់ នៅក្រាបក្បែរភ្នក់ភ្លើងនៅឡើយ ។ ឃើញដូច្នោះ

គាត់ក៏ស្រែកជេរឆ្កែគាត់ថា៖ “នែ៎ ! អាកំជិល តើឯងនៅដេកដល់ណា

ទៀត ?” ។ ឆ្កែឮដូច្នោះ វាក៏ក្រោកឡើងបក់កន្ទុយ ហើយនិយាយទៅ

កាន់ម្ចាស់វាវិញថា៖ “លោកម្ចាស់ ! ខ្ញុំបានរៀបចំខ្លួនរួចរាល់ហើយទាន

គឺនៅរង់ចាំតែលោកម្ចាស់ ចេញដំណើរតែប៉ុណ្ណោះ” ៕

ពាក្យចាស់ពាក្យពីព្រេង ​​ទោសខ្លួនឯងមើលពុំយល់
ទោសគេតូចសោតសល់ ​​រមិលយល់ប៉ុនទាំងភ្នំ ។
​​​​​​​​​​​​​​(ច្បាប់ពាក្យចាស់)


មនុស្សយើង តែងតែមើលឃើញកំហុសរបស់អ្នកដទៃ ប៉ុន្តែ កម្រ
មើលឃើញនូវកំហុសរបស់ខ្លួនឯងណាស់ ។

(ដកស្រង់ចេញពីសៀវភៅ រឿងល្បើកនិងរឿងនិទាន ភាគទី ២)

Monday, November 1, 2010

រឿងល្បើកនិងរឿងនិទាន

រឿង ស្រមោចនិងរៃ
(បទ ពាក្យ៧)

នៅលើវាលស្មៅស្រស់ខៀវខ្ចី ​​ក្រោមពន្លឺថ្ងៃចាំងភ្លឺថ្លា
ស្រមោចមួយហ្វូងប្រឹងធ្វើការ ​​រកភោជនាហារមកស្តុកទុក ។
ខ្នះខ្នែងអូសទាញញាប់ជើងដៃ ​​ខំប្រឹងឃ្មាតខ្មីដើរតត្រុក
ស្វែងរកស្បៀងមកដាក់ជង្រុក ​​សន្សំគរទុកខែវស្សា ។
ទោះក្តៅលំបាកក៏ស៊ូទ្រាំ ​​​​ស្រមោចខំពាំនាំអាហារ
ត្រៀមទុកធ្វើស្បៀងក្នុងគ្រួសារ​​នៅខែវស្សានាថ្ងៃមុខ ។
មានសត្វរៃមួយនៅមិនឆ្ងាយ ​​​ច្រៀងរាំសប្បាយឥតកើតទុក្ខ
អត់បារម្ភព្រួយទៅថ្ងៃមុខ ​​​​មិនរកស្បៀងទុកផ្គត់ផ្គង់ខ្លួន ។
ពេលឃើញស្រមោចប្រឹងធ្វើការ ​រៃក៏វាចាថាមិត្តស្ងួន
ខំប្រឹងអ្វីម្ល៉េះធ្វើបាបខ្លួន ​​​​កម្លាំងមាំមួនមករាំលេង ។
ស្រមោចឆ្លើយប្រាប់រៃវិញថា ​​ខ្ញុំជាប់កិច្ចការច្រើនធំធេង
ប្រមូលស្បៀងទុកដាក់កន្លែង ​​គួរបងរៃឯងពិចារណា ។
រៃឆ្លើយតបវិញឥតខ្វល់ភ័យ ​​​ទៅបារម្ភថ្វីខែវស្សា
សម្បូរមិនខ្វះម្ហូបអាហារ ​​​​ឥឡូវនេះណាយើងរាំច្រៀង ។
វស្សាភ្លៀងធ្លាក់ត្រជាក់ខ្យល់ ​​រៃមានកង្វល់ព្រោះដាច់ស្បៀង
បែរមើលស្រមោចមានស៊ីលៀង ​ដ្បិតអីបានព្រាងប្រឹងឧស្សាហ៍ ។
ឥឡូវទើបរៃដឹងខ្លួនខុស ​​​​សប្បាយជ្រុលហួសភ្លេចកិច្ចការ
លុះពេលអត់ឃ្លានទើបដឹងថា ​​គួរប្រឹងធ្វើការពេលទំនេរ ៕

កុំសប្បាយខុសក្បួន ប្រយ័ត្នផុងខ្លួនអត់អ្វីឆី

(ដកស្រង់ចេញពី រឿងល្បើកនិងរឿងនិទាន ភាគទី៣)