Tuesday, January 10, 2017

ចំណីខួរក្បាល

ទម្លាប់ឆ្លងជំនាន់ កូនប្រុសខ្ញុំមានអាយុជិតបួនឆ្នាំហើយ ។ រៀងរាល់យប់ ប្រពន្ធខ្ញុំតែងតែច្រៀងបំពេរវាឲ្យគេងមិនដែលលស់ឡើង ។ ប៉ុន្តែ យូរៗម្តងអ្នកទាំងពីរមានជម្លោះនឹងគ្នានៅពេលដែលអ្នកច្រៀងនិងអ្នកស្តាប់ទាស់គ្នារឿងជ្រើសរើសបទចម្រៀង ។ ជួនកាលទំនាស់អ្នកទាំងពីរឈានដល់ការប្រើអំពើហឹង្សាដោយកាយវាចានិងចិត្ត ដែលតម្រូវឲ្យខ្ញុំចូលទៅធ្វើអន្តរាគមន៍ដើម្បីរំងាប់កំហឹងភាគីទាំងសងខាង ។ នៅពេលមានករណីបែបនេះកើតឡើងម្តងៗ ខ្ញុំតែងតែស្តីបន្ទោសប្រពន្ធខ្ញុំថា មិនចេះអត់ធ្មត់នឹងកូនក្មេងដែលមិនទាន់ដឹងក្តី ។ ជារឿយៗ ប្រពន្ធខ្ញុំតបមកខ្ញុំវិញថា៖ កាលគាត់នៅតូច ម្តាយគាត់ក៏វាយប្រដៅគាត់ដែរនៅពេលដែលគាត់ងុិកង៉ក់់ខុសរឿង ។ ឮសម្តីនេះ ខ្ញុំចង់តែទៅប្រឈមជាមួយនឹងម្តាយក្មេកខ្ញុំទេ ព្រោះចង់ប្រាប់គាត់ថាអ្វីដែលគាត់ធ្វើមកលើប្រពន្ធខ្ញុំកាលនាងនៅក្មេងនោះ ឥឡូវនេះកំពុងតែស្តែងចេញបន្តមកទៀតហើយ ។ ហើយនៅពេលដែលកូនយើង (ចៅគាត់) មានកូន វានឹងបន្តមរតកវាយប្រដៅកូននេះតទៅទៀត ។ ទម្លាប់ឆ្លងជំនាន់ គឺសំដៅលើទង្វើ ឬផ្នត់គំនិត ដែលស្តែងចេញមក (Manifest)ពីជំនាន់មួយទៅជំនាន់មួយទៀត ។ ខ្មែរយើងហៅទម្លាប់ឆ្លងជំនាន់ថា៖ ពូជ (ដូចដែលលោកតា ក្រមង៉ុយ បានសរសេរនៅក្នុងកំណាព្យអប់រំរបស់គាត់) ។ ប៉ុន្តែ បើតាមការស្រាវជ្រាវនៅបស្ចឹមប្រទេស ទម្លាប់ឆ្លងជំនាន់មិនមែនបណ្តាលមកពីពូជទេ គឺបណ្តាលមកពីឥទ្ធិពលដែលជះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ឧទាហរណ៍ កូនដែលរស់នៅក្នុងផ្ទះជាមួយឪពុកម្តាយចូលចិត្តហូបស្រា នៅពេលកូននោះធំឡើង វានឹងហូបស្រាដូចឪពុកម្តាយវាដែរ ។ ដូចគ្នាដែរ សិស្សដែលត្រូវបានគ្រូដាក់ទណ្ឌកម្មវាយនឹងរំពាត់នៅពេលពួកគេមានកំហុសក្នុងការសិក្សា សិស្សទាំងនោះនឹងបន្តទណ្ឌកម្មវាយនឹងរំពាត់នោះតទៅទៀតនៅពេលពួកគេក្លាយជាគ្រូ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ទម្លាប់ឆ្លងជំនាន់ មិនមែនបណ្តាលមកពីពូជពង្សវង្សត្រកូលអ្វីទេ គឺវាបណ្តាលមកពីឥទ្ធិពលអំពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ គេអាចកាត់បន្ថយ ឬបំបាត់ទន្លាប់អាក្រក់ៗបាន (ទម្លាប់ដែលនាំទុក្ខទោសដល់មនុស្សនិងសង្គម) ដោយបង្កើតច្បាប់ ឬយុទ្ធនាការអប់រំ ដូចជាហាមមិនឲ្យជក់បារីក្នុងអាគារសាធារណៈ ឬវាយប្រដៅកូនសិស្សនឹងរំពាត់ជាដើម ។ ទម្លាប់អាក្រក់ខ្លះមិនត្រឹមតែមិនធ្វើឲ្យមានការផ្លាស់ប្តូរចេញជាលទ្ធផលវិជ្ជមាននោះទេ វាថែមទាំងធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ឈឺចាប់យូរអង្វែងទៀតផង ។ ឧទាហរណ៍ កាលខ្ញុំរៀននៅបឋមសិក្សា លោកគ្រូម្នាក់នោះបានបញ្ជាឲ្យសិស្សគ្រប់រូបធ្វើរំពាត់ម្នាក់មួយយកមកសៀតនៅជំវិញជញ្ជាំងថ្នាក់ ។ រំពាត់ទាំងនោះគឺសម្រាប់វាយពួកយើងនៅពេលមានកំហុស ។ គាត់បានដាក់កំហិតមិនឲ្យសិស្សរបស់គាត់លេងបាញ់ឃ្លីឡើយ ។ ប៉ុន្តែ សាលាទាំងមូលមិនបានហាមសិស្សអំពីប្រការនោះឡើយ ។ ដូច្នេះ សិស្សទាំងអស់លេងបាញ់ឃ្លីតាមចិត្ត លើកលែងតែខ្ញុំនិងមិត្តរួមថ្នាក់តែប៉ុណ្ណោះ ។ ថ្ងៃមួយ ខ្ញុំភ្លេចខ្លួនទៅជួយរើសគ្រាប់ឃ្លីឲ្យសិស្សថ្នាក់ជិតខាង ក៏ស្រាប់តែមានគេទៅប្រាប់លោកគ្រូខ្ញុំថាខ្ញុំលេងបាញ់ឃ្លី ។ គាត់បានហៅខ្ញុំឲ្យទៅឈរនៅចំពោះមុខសិស្សទាំងអស់ហើយសួរសិស្សទាង់អស់គ្នាថា គួរវាយខ្ញុំប៉ុន្មានរំពាត់ ។ សិស្សខ្លះថា ២ ខ្លះថា ៣ ខ្លះថា ៥ ខ្លះថា ១០រំពាត់ ។ បន្ទាប់ពីធ្វើប្រជាមតិហើយ គាត់ក៏សម្រេចវាយខ្ញុំ ១០រំពាត់ ។ តាមពិត ប្រជាមតិនោះគាត់ធ្វើគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ ចរិតគាត់ដូចម្តេចនោះពួកយើងយល់ពេកណាស់ ។ ខ្ញុំឲ្យគាត់វាយបាតដៃខ្ញុំម្ខាងប្រាំរំពាត់ ។ ខ្ញុំស្រក់ទឹកភ្នែកហើយឈឺចាប់ក្នុងចិត្តណាស់ មិនមែនដោយសារការប្រព្រឹត្តិខុសនោះទេ គឺដោយសារភាពអយុត្តិធម៌ដែលលោកគ្រូនោះបំពានមកលើសិទ្ធិសេរីភាពរបស់ពួកយើងដែលមានកម្មជាប់ឈ្មោះរៀនជាមួយគាត់ ។ បើសាលាទាំងមូលហាមសិស្សមិនឲ្យលេងបាញ់កូនឃ្លី ខ្ញុំមិនទោមនស្សទេ ប៉ុន្តែសាលាមិនបានហាមផង ហេតុអ្វីក៏លោកគ្រូនោះយកពួកយើងធ្វើជាចំណាប់ខ្មាំងដើម្បីធ្វើបាបតាមតែអំពើចិត្តគាត់ទៅវិញ ។ ជាលទ្ធផល ខ្ញុំក៏សម្រេចចិត្តលេងបាញ់ឃ្លីនៅផ្ទះជាមួយនឹងក្មេងជិតខាង ទោះបីជាខ្ញុំមិនសូវមានចំណង់ចំណូលចិត្តលេងបាញ់ឃ្លីក៏ដោយ ។ មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើដូច្នោះ ព្រោះចង់បញ្ជាក់ប្រាប់ខ្លួនឯងថា ទង្វើអយុត្តិធម៌របស់លោកគ្រូនោះ ដាច់ខាតត្រូវតែប្រឆាំង ទោះប្រឆាំងក្នុងរូបភាពលាក់កំបាំងក៏ដោយ ។ ជាមួយនឹងការប្រឆាំងលាក់កំបាំងនោះ ខ្ញុំមានអារម្មណ៍ថា សិទ្ធិសេរីភាពរបស់ខ្ញុំមិនត្រូវបានគេជាន់ឈ្លីទេ នៅពេលដែលខ្ញុំលេងបាញ់កូនឃ្លីម្តងៗ ។ សរុបសេចក្តីទៅ ផលវិបាកនៃទម្លាប់ឆ្លងជំនាន់ គឺអាចជះឥទ្ធិពលទ្វេគ្រោះដល់អ្នកដែលរងផលប៉ះពាល់៖ ទីមួយគឺធ្វើឲ្យអ្នកជំនាន់ក្រោយបន្តទម្លាប់អាក្រក់តទៅទៀត ។ ទីពីរគឺការគំរាម ឬប្រើអំពើហឹង្សាដោយកម្រោល មិនអាចស្វែងរកលទ្ធផលវិជ្ជមានបានទេ ៕