Friday, May 20, 2022

ចំណីខួរក្បាល

បេះដូងនិងខួរក្បាល គ្រាមួយនោះ ភរិយាខ្ញុំគាត់ខឹងនឹងខ្ញុំ ឈប់និយាយរកខ្ញុំ និងបង្អត់របបខ្ញុំប្រហែលមួយខែ ។ ខ្ញុំមិនដឹងថាគាត់ខឹងនឹងខ្ញុំរឿងអ្វីឲ្យប្រាកដទេ ។ មុនដំបូងខ្ញុំគិតថា វាគ្រាន់តែជាកំហឹងវដ្តរដូវ (PMS) ។ ក៏ប៉ុន្តែ បន្ទាប់ពីរយៈពេលមួយអាទិត្យបានកន្លងផុតទៅ មិនឃើញមានសញ្ញាស្រុះស្រួល ខ្ញុំចាប់ផ្តើមសង្ស័យថាវាជារឿងធ្ងន់ធ្ងរ ។ ខ្ញុំមិនទាន់ប្រឈមមុខដាក់គ្នាដើម្បីដោះស្រាយបញ្ហាភ្លាមៗទេ ដោយទុកឲ្យពេលវេលារំកិលទៅមុខបន្តិចទៀតសិន ។ មូលហេតុដែលខ្ញុំទុកពេលវេលាឲ្យទំនាស់អូលបន្លាយដូច្នេះ គឺចង់ទុកឲ្យកំហឹងដែលកំពុងពុះកញ្ជ្រោលនោះត្រជាក់បន្តិច (Cool down) និងអនុញាតិឲ្យភវង្គវិញ្ញាណ (Sub-conscience) ប្រាស្រ័យទាក់ទងគ្នាជំនួសឲ្យពាក្យសម្តី ។ ខ្ញុំមានទម្លាប់មួយ គឺមិនដោះស្រាយបញ្ហានៅពេលដែលភាគីពាក់ព័ន្ធកំពុងតែខឹងមួម៉ៅក្តៅក្រហាយទេ ។ ខ្ញុំទុកឲ្យពេលវេលាខាំទំពារសុីចិត្តខឹងឲ្យរលោះបន្តិចសិន ទើបចូលវាយលុករុករកដំណោះស្រាយ ។ ការបើកឆាកប្រយុទ្ធជាមួយមនុស្សដែលកំពុងខឹង គឺត្រូវជ្រើសរើសកាលៈទេសៈនិងទីកន្លែងសមស្របមួយ ។ និយាយឲ្យងាយយល់ មិនអាចប្រកែកគ្នានៅចំពោះមុខអ្នកដទៃឡើយ ជាពិសេសគឺកូនៗ ។ ខ្ញុំមានកូនតូចៗពីរនាក់ ។ ពួកគេជាឧបស័គ្គហើយក៏ជាជំនួយដំណោះស្រាយជម្លោះប្តីប្រពន្ធផងដែរ ។ នៅពេលដែលយើងនាំកូនៗទៅដើរលេងនៅក្នុងសួនសាធារណៈ ខ្ញុំដេញពួកគេឲ្យជិះកង់ស្គូទ័រទៅមុនហើយធ្វើជាឈប់រើសស្លឹកឈើមួយសន្លឹក ។ ពេលពួកគេទៅឆ្ងាយគួរសម ខ្ញុំដើរស្រូតមកទន្ទឹមប្រពន្ធខ្ញុំហើយចាប់ដៃគាត់ជាប់ ទោះគាត់រើបម្រាស់យ៉ាងណាក៏ខ្ញុំមិនលែងដែរ ។ វាជាសារកាយវិការមួយដែលបញ្ជាក់ថា ខ្ញុំចង់ឲ្យគាត់និយាយប្រាប់ខ្ញុំអំពីអ្វីដែលបង្កឲ្យគាត់ខឹងសម្បារនឹងខ្ញុំ ។ មែន! រឿងរ៉ាវទាំងអម្បាលម៉ានហូរចេញពីមាត់គាត់ដូចទឹកបាក់ទំនប់ ។ ខ្ញុំធ្លាប់រៀនអំពីវិធីដោះស្រាយទំនាស់ ។ ដើម្បីស្រាយទំនាស់ឲ្យដាច់ស្រឡះ យើងត្រូវគាស់ឲ្យដល់ឫសគល់របស់វា ។ អ្នកផ្ទះខ្ញុំខឹងនឹងខ្ញុំដោយសារការសរសេររៀបរាប់រឿងរ៉ាវស្នេហាកាលពីអតីតដាក់នៅក្នុង ហ្វេសប៊ុកហ្គ្រុប នៃអតីតមិត្តភក្តិស្មេរកវីរបស់ខ្ញុំ ។ បន្ទាប់ពីបែកគ្នាជាងម្ភៃឆ្នាំ យើងជួបគ្នាតាមរយៈក្រុមដើម្បីរ៉ាយរ៉ាប់ប្រាប់គ្នាអំពីដំណើរជីវិតរបស់យើង ។ ខ្ញុំបានយករឿងស្នេហាបរាជ័យទីមួយរបស់ខ្ញុំមកបរិយាយនៅទីនោះ ។ ភរិយាខ្ញុំគាត់អានរឿងនោះ ហើយចាប់ទោសអូសដំណើរខ្ញុំ ។ គាត់ថាគាត់អត់ប្រចណ្ឌទេ ។ តែគាត់ប្រកាន់ ។ ពុទ្ធោអើយ! មនុស្សកញ្ចាស់ល្បាក់ខ្ញុំ ប្រសិនបើប្រពន្ធនៅប្រចណ្ឌ ខ្ញុំពិតជាមានសំណាងពន់ពេកណាស់ ។ ខ្ញុំនាំកូនឲ្យទៅជិះទោងលេងនៅក្នុងសួនកុមារ ហើយនាំភរិយាទៅអង្គុយនៅលើកៅអីមួយក្បែរនោះ ដើម្បីទេសនាពន្យល់គាត់អំពីបេះដូងនិងខួរក្បាល ។ ស្រឡាញ់មនុស្សម្នាក់ វាជារឿងងាយ ។ ប៉ុន្តែ យល់អំពីមនុស្សម្នាក់ យើងត្រូវការយកខួរក្បាលទៅពិចារណាច្រើនជាងឲ្យចិន្តា(ចិត្ត)ចាត់ចែងការនានា ។ ដូចគ្នាដែរ ពន្យល់មនុស្សម្នាក់ឲ្យយល់អំពីផ្នត់គំនិត និងទឹកចិត្តបរិសុទ្ធរបស់យើងក៏មិនមែនជាការងាយ ។ ភរិយាខ្ញុំខឹងនឹងខ្ញុំដោយសារពាក្យពេចន៍ដែលខ្ញុំសរសេរ ។ ដូច្នេះ ដើម្បីដោះកុនចេញអំពីកំហឹងប្រពន្ធ ខ្ញុំចាំបាច់ត្រូវតែយកយុទ្ធវិធីមេធាវីមកប្រើ ។ ពាក្យពេចន៍មានឫសគល់នៅក្នុងអក្សរសិល្ប៍ ។ អក្សរសិល្ប៍មានពីរប្រភេទគឺ រឿងពិត និង រឿងប្រតិដ្ឋ ដែលភាសាអង់គ្លេសហៅថា Fiction and Non-Fiction ។ នៅក្នុងរឿងពិតគឺមានសច្ចភាពនិងតថភាពនៅក្នុងនោះថែមទៀត ។ ភរិយាខ្ញុំមិនមែនជាមនុស្សលុះនឹងអក្សរសិល្ប៍ទេ ។ គាត់ចូលចិត្តមើលស្រីស្អាតឡាយលក់ឡេ និងដូនចាស់ជេរគ្នាតភាគតាមហ្វេសប៊ុក ច្រើនជាងអានសៀវភៅអក្សរសិល្ប៍ ។ ដូច្នេះ ពន្យល់គាត់អំពីគោលគំនិតនៅក្នុងអក្សរសិល្ប៍ ពិតជាពិបាកជាងដកពុកមាត់ឆ្មាញីទៅទៀត ។ រឿងពិតរមែងមានសច្ចភាពនិងតថភាពជាធាតុផ្សំ ។ ឧទាហរណ៍ ដើមឈើទាលមួយដើមដុះតែឯង វាជាសច្ចភាព ។ ប៉ុន្តែ នៅពេលដើមឈើទាលនោះដុះលាយឡំជាមួយនឹងដើមត្រាច ខ្លុង និង ដើមត្បែង វានឹងក្លាយជាតថភាពនៃព្រៃឈើ ។ ដូចគ្នាដែរ នៅពេលខ្ញុំសរសេរថា បន្ទាប់ពីនារីម្នាក់បដិសេធការប៉ងប្រាថ្នាស្នេហារបស់ខ្ញុំ ខ្ញុំលួចសម្រក់ទឹកភ្នែកប្រហែល៧យប់ គឺមិនខុសអំពីដើមឈើទាល ត្រាច ខ្លុង ត្បែង ដុះលាយឡំគ្នាឡើយ ។ ខ្ញុំស្រក់ទឹកភ្នែក ? មែន! ។ ក៏ប៉ុន្តែ ពេលវេលាវាគ្រាន់តែជាតថភាពប៉ុណ្ណោះ ។ ខ្ញុំសួរភរិយាខ្ញុំថា កត្តាដែលខ្ញុំស្រក់ទឹកភ្នែក៧យប់នោះ តើមានអ្នកណាជាសាក្សីទេ? បើគ្មានទេ គេមិនអាចយកជាការបានឡើយ! នៅក្នុងប្រព័ន្ធតុលាការ ចៅក្រមនឹងទាត់ចោលសំណុំរឿងប្រភេទនេះ ដោយមិនចាំបាច់ពន្យល់ហេតុផល ។ កត្តាមួយទៀតគឺ "ទឹកភ្នែកបងស្រក់ មិនមែនគ្មានបញ្ហា" ។ តើបញ្ហានោះជាអ្វីទៅ៖ ១) ខ្ញុំអាចស្រក់ទឹកភ្នែកដោយសារខឹងនឹងនាង ។ ២) ខ្ញុំអាចស្រក់ទឹកភ្នែកដោយសារស្អប់នាង ។ ៣) ខ្ញុំអាចស្រក់ទឹកភ្នែកដោយសារខ្ញុំអាណិតនាង ព្រោះនាងបានទាត់ចោលមនុស្សប្រុសដ៏ល្អកម្ររកបានមួយរូប ។ បើករណីទីបីជារឿងពិតនៅពីក្រោយតំណក់ទឹកភ្នែករបស់ខ្ញុំ វាសបញ្ជាក់ថាខ្ញុំជាមនុស្សដែលមានចរិយាធម៌ និងមេត្តាធម៌គួរឲ្យស្រឡាញ់ណាស់ ។ វូស! ទម្រាំតែដោះកុនរួច និយាយស្ទើរបែកពពុះមាត់ ។ ភរិយាទាំងពួងអើយ! មុននឹងរករឿងប្តីអំពីភក្តីភាព មេត្តាស្វែងយល់ឲ្យបានសុីជម្រៅបន្តិចទៅ ។ និយាយអំពីបេះដូងនិងខួរក្បាលវិញម្តង ។ កត្តាតែមួយគត់ដែលអាចរក្សាភក្តីភាពប្តីប្រពន្ធឲ្យរឹងមាំយូរអង្វែងសែងជាតិគឺ ទំនុកចិត្ត (Trust) ។ ទំនុកចិត្តមិនអាចយកប្រាក់ទៅទិញ ឬក៏អំណាចទៅបង្ខិតបង្ខំបានឡើយ ។ គេត្រូវយកបេះដូងនិងខួរក្បាលទៅធ្វើជាដើមទុនស្វែងរកនិងសន្សំវាបន្តិចម្តងៗ ។ ចំណុចចាប់ផ្តើមនៃការសន្សំទំនុកចិត្ត គឺត្រូវស្វែងយល់ថាតើបេះដូងរបស់មនុស្សដែលយើងស្រឡាញ់វានៅក្នុងទ្រូង ឬនៅក្រៅទ្រូង ។ ខួរក្បាលក៏ដូចគ្នាដែរ ។ តើវានៅក្នុងក្បាលឬនៅក្រៅក្បាល ។ ខ្ញុំលេងពាក្យពេចន៍ទៀតហើយ! ដើម្បីស្វែងយល់ថាតើបេះដូងរបស់មនុស្សដែលយើងស្រឡាញ់រាប់អាននៅក្រៅទ្រូង ឬនៅក្នុងទ្រូង ហាក់ដូចជាមិនលំបាកទេ ។ ខ្ញុំសូមយកពាក្យខ្មែរមួយឃ្លាមកធ្វើជាគោល៖ មាត់ថា ដៃធ្វើ ។ កត្តាសម្គាល់នៅទីនេះគឺ កាយវិការ ។ ឧទាហរណ៍ ម្តាយជេរស្តីនិងរអ៊ូររទាំដាក់កូនជាប្រចាំ ប៉ុន្តែមិនដែលបង្អត់អាហារកូនទេ (ជេរទៅ ហៅមក) ។ ដូចគ្នាដែរ ប្តីប្រពន្ធទើសទាស់នឹងគ្នាជាប្រចាំ ប៉ុន្តែមិនដែលភ្លេចគិតអំពីសុខុមាលភាពគ្នាទៅវិញទៅមកឡើយ ។ នេះហើយជាកត្តាបញ្ហាញអំពីបេះដូងនៅក្នុងទ្រូង ។ ឯរឿងបាច់ផ្កា កាដូ បុណ្យខួប ជួបគ្នាផឹកសុីនោះ វាគ្រាន់តែជាល្បោយនៃទឹកចិត្តតែប៉ុណ្ណោះ ។ ខួរក្បាលនៅក្នុងក្បាលឬក្រៅក្បាលគឺអាស្រ័យលើទំនុកចិត្តរវាងគ្នានិងគ្នា (Complete Trust) ។ កត្តាតែមួយគត់ដើម្បីកសាងទំនុកចិត្តគឺ តម្លាភាព ។ ក៏ប៉ុន្តែ ការបង្កើតឲ្យមានតម្លាភាពនោះ គឺមិនមែនជាការងាយឡើយ ។ ខ្ញុំធ្លាប់សរសេរអំពីវិធីបង្កើតតម្លាភាពរួចម្តងហើយ ។ ដូច្នេះ មិនលើកយកមកពណ៌នានៅក្នុងអត្ថបទនេះទៀតទេ ដ្បិតយើងមានគោលការណ៍មួយផ្សេងទៀតដែលអាចយកមកធ្វើជាមូលដ្ឋានទំនុកចិត្តបាន ។ គោលការណ៍នោះគឺ សីលប្រាំ ។ ពលរដ្ឋខ្មែរស្ទើរតែគ្រប់រូបធ្លាប់សូត្រតាមលោកសង្ឃអំពីសីលប្រាំនេះ ។ ខ្ញុំធ្លាប់សូត្រសីលប្រាំមិនតិចជាង ១០០ដងទេ ។ ប៉ុន្តែគ្មានចាំអ្វីជាដុំកំភួនឡើយដ្បិតវាជាភាសាបាលី ។ "បាណាតិបាតា វេរមនីសិក្ខា បទំសមា ទិយាមិ" ជាឃ្លាមួយនៅក្នុងសីលប្រាំនោះ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចងចាំជាក់លាក់អំពីគោលគំនិតនៅក្នុងសីលប្រាំគឺ៖ ១) មិនពោលពាក្យមិនពិត ២) មិនប្រព្រឹត្តិបាប"កាម" ៣) មិនធ្វើចោរកម្ម ៤) មិនចងកម្មជាមួយល្បែងនិងគ្រឿងស្រវឹង ៥) មិនប្រឹងផ្តាច់ផ្តិលជីវិត ។ អតីតប្រធានាធិបតីអាមេរិកាំង លោក រ៉ូណាល់ រ៉េហ្គិន ធ្លាប់និយាយពាក្យមួយម៉ាត់ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់អាមេរិកាំងជាមួយនឹងអតីតសហភាពសូវៀត "Trust but verify" (ទុកចិត្តតែពិនិត្យពិច័យ) ។ សហរដ្ឋអាមេរិកនិងសហភាពសូវៀតមានភ្នាក់ងារ សេអុីអា និង កាហ៊្សេបេ ដើម្បីពិនិត្យពិច័យភាពស្មោះត្រង់រវាងគ្នាទៅវិញទៅមក ។ ឯយើងជាប្តីប្រពន្ធ គ្មានទេភ្នាក់ងារស៊ើបអង្កេត ដើម្បីបញ្ជាក់អំពីភក្តីភាពនិងភាពស្មោះត្រង់របស់ស្វាមីភរិយា ។ ក៏ប៉ុន្តែ យើងមានសីលប្រាំដែលជាគោលដ៏ពិសិដ្ឋបំផុត សម្រាប់បញ្ជាក់ថា តើខួរក្បាលរបស់មនុស្សដែលយើងស្រឡាញ់វានៅក្នុងក្បាល ឬនៅក្រៅក្បាល ។ ការប្រកាន់យកមកអនុវត្តនូវសីលប្រាំរបស់បុគ្គលណាមួយ យ៉ាងហោចណាស់ចាប់ពីបីឡើងទៅ គឺជាកត្តា (Indicator) ដែលអាចបញ្ជាក់ថាមនុស្សនោះមានលំនឹងនៅក្នុងចិត្តគំនិត ។ គឺលំនឹងនៅក្នុងចិត្តគំនិតនេះហើយដែលអាចបញ្ជាក់អំពីខួរក្បាលនៅក្នុងក្បាល ។ លំនឹងនៅក្នុងចិត្តគំនិត! តើយើងយកអ្វីមកធ្វើជាខ្នាតវាស់វែង? សូមលើកយកពួកម៉ាកម្នាក់មកបរិហារនៅទីនេះបន្តិចចុះ ។ ខ្ញុំមានមិត្តម្នាក់ជាឧកញ៉ានៅស្រុកខ្មែរ ។ ពេលយើងជួបគ្នាម្តងៗ មិត្តខ្ញុំតែងតែនាំខ្ញុំទៅដើរលេងនៅក្នុងរង្គសាលបនបារការ៉ាអូឃេជារឿយៗ ។ ស្រីបារជាច្រើនស្គាល់មិត្តខ្ញុំច្បាស់លាស់ណាស់ ។ ពួកគេដាក់រហសនាមឲ្យមិត្តខ្ញុំថា "ខ្លាឃ្មុំ" ដ្បិតគាត់មានរាងធាត់ក្រអាញដូចខ្លាឃ្មុំ ។ រៀងរាលពេលដែលយើងចូលរង្គសាលម្តងៗ នារីក្មេងៗ ៤ឬ៥នាក់ តែងតែមកស្វាគមមិត្តខ្ញុំប្រៀបដូចជាកូនឃើញឪពុកមកពីធ្វើការ ។ បន្ទាប់ពីរកកន្លែងគួរសមឲ្យយើងអង្គុយរួចរាល់ នាងៗខ្លះទៅយកស្វាយមកចិតញ៉ាំ ខ្លះទៀតទៅយកម៉ានុយមកឲ្យយើងជ្រើសរើសម្ហូប ។ ពួកគេញ៉ាំស្វាយបណ្តើរសួរមិត្តខ្ញុំពីនេះពីនោះបណ្តើរ រួចហើយក៏ងើបចេញទៅធ្វើកិច្ចការរៀងខ្លួនដោយទុកមនុស្សម្នាក់ឬពីរនាក់ឲ្យនៅកំដរពួកយើង ។ ក្រៅអំពីទទួលបង់ប្រាក់លើថ្លៃស្វាយដែលនាងៗចិតញ៉ាំ មិត្តខ្ញុំក៏បានផ្តល់លុយឲ្យពូកគេក្នុងម្នាក់ប្រមាណជាពីរឬបីដុល្លារដែរ ។ សម័យនោះ មិនសូវសម្បូររោងចក្រកាត់ដេរទេ ។ ដូច្នេះ យុវនារីដែលមករកការងារធ្វើនៅក្នុងក្រុង ភាគច្រើននាំគ្នាទៅធ្វើការនៅក្នុងរង្គសាលនិងភោជនីយដ្ឋាន ។ ប្រការដែលភរិយាមិត្តខ្ញុំបណ្តោយឲ្យគាត់ដើរលេងដូចគោអត់កន្លុះ បានចោទជាសំណួរមួយនៅក្នុងខួរក្បាលខ្ញុំ ។ ហេតុអ្វីក៏ភរិយាគាត់ទុកចិត្តគាត់ម្លេះ ? តាមការសង្កេតរបស់ខ្ញុំ ភរិយាមិត្តខ្ញុំហាក់ដូចជាយកទំនុកចិត្តដោយឥតងាករេ ទៅចងចិត្តមិត្តខ្ញុំ ។ គាត់បណ្តោយឲ្យមិត្តខ្ញុំដើរលេងតាមចិត្ត ។ ចង់ទៅទីណាក៏ទៅចុះ ។ ជាលទ្ធផល មិត្តខ្ញុំហាក់ដូចជាមិនមានចិត្តវៀចវេរទ្រេតទ្រោតទ្រុឌទ្រោមដោយសារទំនាញតណ្ហាឡើយ ។ យូរៗម្តង ពេលយើងទៅចូលរង្គសាលដែលមិត្តខ្ញុំស្គាល់ពួកតន្ត្រីករ គាត់ឡើងទៅច្រៀងលើវេទិការ ។ បទចម្រៀងមួយបទដែលមិត្តខ្ញុំតែងតែលើកយកមកច្រៀងម្តងហើយម្តងទៀត គឺបទដែលចាប់ផ្តើមដោយពាក្យ៖ ក្រោមមេឃលើដីមានតែ ស្រីមួយ.....។ ខ្ញុំអង្គុយស្តាប់មិត្តខ្ញុំច្រៀងបទចម្រៀងមួយនេះជាច្រើនដង ។ ស្តាប់យូរៗទៅ ខ្ញុំមានអារម្មណ៍ថា មិត្តខ្ញុំមិនមែនស្រែកច្រៀងទេ ។ គឺគាត់ស្រែកដង្ហើយប្រាប់ខ្លួនឯងថា នៅក្នុងលោកនេះមានតែស្រីមួយប៉ុណ្ណោះ ។ ហើយស្រីម្នាក់នោះកំពុងអង្គុយចាំគាត់នៅឯផ្ទះ ។ ការទុកចិត្តគូសង្សារ ជាពិសេសមនុស្សប្រុស ជាមួយនឹងរឿងភ្លើតភ្លើនក្នុងជីវិត មិនមែនជាការងាយឡើយ ។ បណ្តោយស្រួលមិនស្រួល គេបេះយកបាត់ ។ ប៉ុន្តែ នៅក្នុងបរិបទស្វាមីភរិយា ការផ្តល់នូវទំនុកចិត្តដោយឥតញញើត អាចជាចំណងដ៏មានប្រសិទ្ធភាពបំផុតសម្រាប់រារាំងចិត្ត ។ ទំនុកចិត្តដែលយើងផ្តល់ឲ្យស្វាមី ឬភរិយា វាគឺជាកិត្តិយសផង និងជាកាតព្វកិច្ចផង ។ ស្វាមី ឬភរិយាដែលទទួលបានទំនុកចិត្តអំពីសមភាគីរបស់ខ្លួន ជាទូទៅមិនយកទំនុកចិត្តនោះទៅជាន់ឈ្លីទេ ។ គួរកត់សម្គាល់ថា ករណីនេះខ្ញុំសំដៅទៅលើមនុស្សដែលយល់និងយកសីលប្រាំ មកធ្វើជាបង្គោលជីវិតតែប៉ុណ្ណោះ ។ ម្តងនោះ ភរិយាខ្ញុំប្តូរការងារ ។ កន្លែងធ្វើការចាស់របស់គាត់បានសុំឲ្យគាត់នៅជួយហ្វឹកហាត់បុគ្គលិកថ្មីម្នាក់ ដែលចូលមកធ្វើកិច្ចការងារជំនួសគាត់ ។ បុគ្គលិកថ្មីនោះជាមនុស្សប្រុសអាយុមិនលើសភរិយាខ្ញុំប៉ុន្មានទេ ។ រៀងរាល់ចុងសប្តាហ៍ ខ្ញុំបើកឡានជូនភរិយាទៅធ្វើការជាមួយនឹងបុរសនោះតែពីរនាក់គត់ នៅក្នុងការិយាល័យប្រមាណជាបីខែ ។ ខ្ញុំលើកយកប្រការនោះមកពន្យល់ភរិយាថា ប្រការដែលខ្ញុំដឹកឯងឲ្យទៅធ្វើការងារតែពីនាក់នឹងអន្ទិតនោះ ដោយឥតមានការព្រួយបារម្មណ៍អ្វីសោះ វាជាកត្តាបញ្ជាក់ថាខួរក្បាលរបស់ខ្ញុំវាស្ថិតនៅក្នុងក្បាលខ្ញុំ ។ សម្រាប់ឯង ឯងប្រាកដជាមានអារម្មណ៍ថា ខ្ញុំទុកចិត្តឯងដោយឥតមន្ទិលសោះឡើយ ។ ប្រការដែលឯងដឹងថាខ្ញុំទុកចិត្តឯងនេះ វាក៏ជាកត្តាបញ្ជាក់ថា ខួរក្បាលរបស់ឯងអត់មានហោះហើរ ទៅដើរលេងតែពីសតែពាសឡើយ ។ ចប់ ៕

Friday, May 6, 2022

ចំណីខួរក្បាល

ទម្លាប់ អ៊ំស្រីខ្ញុំម្នាក់ ជាមនុស្សអៀនប្រៀនមិនសូវចេះមាត់កទេ ។ កាលគាត់រស់នៅស្រុកខ្មែរ ផ្ទះគាត់មានអណ្តូងទឹកមួយ ។ នៅក្បែរអណ្តូងទឹកនោះ មានពាងទឹកដ៏ធំមួយសម្រាប់ស្តុកទឹកដែលដងចេញពីក្នុងអណ្តូងមកទុកងូតប្រចាំថ្ងៃ ។ មនុស្សប្រុសស្រីក្នុងគ្រួសារតែងតែផ្លាស់ក្រមាឬសារ៉ុងងូតទឹកក្បែរអណ្តូងនោះជាប្រចាំ ។ ចំណេរក្រោយមក អ៊ំខ្ញុំបានមករស់នៅស្រុកអាមេរិក ហើយក៏រៀនរស់ជាមួយនឹងរបៀបរបបនៃអារ្យប្រទេស ។ ទម្លាប់មួយដែលអ៊ំខ្ញុំមិនអាចផ្លាស់ប្តូរបានគឺការចងពុងក្រមាងូតទឹក ទោះបីជានៅក្នុងបន្ទប់ទឹកមានតែគាត់ម្នាក់ឯងក៏ដោយ ។ កូនៗគាត់បានដាស់តឿនគាត់ថានៅក្នុងបន្ទប់ទឹក គ្មាននរណាមើលគាត់ឃើញទេ ។ ដូច្នេះ មិនចាំបាច់ចងពុងក្រមានាំឲ្យទើសទែងពិបាកដុសក្អែលឡើយ ។ អ៊ំខ្ញុំតបទៅពួកគេវិញថា៖ "គ្មាននរណាមើលអញឃើញមែន ក៏ប៉ុន្តែ អញខ្មាសខ្លួនឯងណាស់" ។ បន្ទាប់ពីឮគាត់និយាយដូច្នោះ កូនៗរបស់គាត់ក៏ឈប់ដុកដាន់អំពីប្រការដែលអ៊ំខ្ញុំចងពុងក្រមាងូតទឹកក្នុងបន្ទប់ទឹក ។ ថាអ៊ំស្រីខ្ញុំចុះជាមនុស្សបុរាណមិនអាចប្រែប្រួលឲ្យទាន់សម័យកាល ។ អ្នកផ្ទះខ្ញុំដែលជាក្មេងកើតនៅទសវត្សឆ្នាំ ១៩៨០ ក៏ហាក់ដូចជាមិនអាចកែទម្លាប់បានដូចគ្នា ។ ភរិយាខ្ញុំចម្រើនវ័យនៅក្រៅទីក្រុង ។ ផ្ទះរបស់គាត់មានពាងទឹកធំៗមួយចំនួនសម្រាប់ស្តុកទឹកភ្លៀងឬក៏ទឹកទន្លេ ដែលបងប្អូនគាត់យករុឺម៉កធុងសាំងទៅអូសយកមកចាក់បំពេញ ។ នៅក្បែរពាងទឹកទាំងនោះ មានកូនកៅអីឈើទាបមួយសម្រាប់អង្គុយស្រដៀងអង្គុយចោងហោងដែរ ។ គឺកូនកៅអីឈើទាបនោះហើយ ដែលភរិយាខ្ញុំគាត់អង្គុយដុសធ្មេញនិងលុបមុខនៅក្បែរពាងទឹករៀងរាល់ថ្ងៃ ។ ទម្លាប់នោះ ភរិយាខ្ញុំនាំយកមករហូតដល់ស្រុកអាមេរិកដែរ ។ រៀងរាល់ថ្ងៃ អ្នកផ្ទះខ្ញុំគាត់តែងតែយកកូនកៅអីជ័រទាបមួយ ដែលខ្ញុំទិញយកមកដាក់ក្បែរ សុីង ឬបាសាំងលុបមុខសម្រាប់ឲ្យកូនក្មេងឈរទើតលើដើម្បីដុសធ្មេញ ទៅដាក់នៅក្នុង បាសថាប់ (Bathtub) ឬកន្លែងងូតទឹក ហើយអង្គុយដុសធ្មេញទៅតាមទម្លាប់ដែលគាត់ធ្លាប់ធ្វើនៅស្រុកខ្មែរ ។ ខ្ញុំសួរគាត់ថា ហេតុអ្វីក៏មិនឈរដុសធ្មេញនៅកន្លែងដែលគេធ្វើសម្រាប់ឲ្យយើងដុសធ្មេញនោះ? ភរិយាខ្ញុំតបថា ឈរដុសធ្មេញដូច្នឹងមានអារម្មណ៍ថាមិនមានផាសុកភាពដូចអង្គុយទេ ។ ករណីទាំងពីរខាងលើនេះជាទម្លាប់ដ៏សាមញ្ញនិងងាយស្រួលលះបង់ជាទីបំផុត ។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន វាជាករណីមិនអាចកែប្រែបានទៅវិញ ។ និយាយអំពីប្រការនេះ ខ្ញុំនឹកទៅដល់លទ្ធិប្រជាធិបតេយ្យនិងសង្គមខ្មែរ ។ ផ្អែកលើប្រវត្តិសាស្ត្រ លទ្ធិប្រជាធិបតេយ្យត្រូវបាននាំយកមកអនុវត្តក្នុងស្រុកខ្មែរដំបូងបំផុតនៅចុងទសវត្សឆ្នាំ ១៩៤០ ។ អ្នកដែលផ្តួចផ្តើមបណ្តុះផ្នត់គំនិតប្រជាធិបតេយ្យនៅក្នុងសង្គមខ្មែរ ភាគច្រើនគឺជាអតីតនិស្សិតដែលត្រឡប់មកពីសិក្សានៅឯប្រទេសបារាំង ។ បើមើលតាមគោលការណ៍និងទ្រឹស្តី លទ្ធិប្រជាធិបតេយ្យអាចផ្តល់សារប្រយោជន៍ដល់ជីវិតពលរដ្ឋខ្មែរច្រើនណាស់ ។ ក៏ប៉ុន្តែ នៅពេលដែលយកវាមកអនុវត្ត ពលរដ្ឋខ្មែរហាក់ដូចជាគ្មានលទ្ធភាពអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យទេ ។ ចរិតរណបបុគ្គលដែលមានសក្តិយសខ្ពស់ជាងខ្លួន គឺហាក់ដូចជាកប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ ។ វាស្តែងចេញជាទង្វើស្ទើរតែគ្មាននរណាចាប់ភ្លឹកសោះឡើយ ។ ឧទាហរណ៍ នៅក្នុងជួរមន្ត្រីរាជការ កិច្ចការផងទាំងពួងដែលបុគ្គលម្នាក់ៗធ្វើ គេតែងតែផ្តល់កិត្តិយស (Credits) ជូនទៅថ្នាក់លើជានិច្ច ។ ចំណែកឯពលរដ្ឋក៏ដូចគ្នាដែរ ។ ពួកគេមិនដែល ឬមិនហ៊ានចាត់ទុកអាជ្ញាធរថាជាអ្នកបម្រើរបស់ខ្លួនឡើយ ។ មិនតែប៉ុណ្នោះ ពលរដ្ឋចាត់ទុកមន្ត្រីរាជការថាជាម៉ែឪទៅវិញ ។ ជាលទ្ធផល កម្រមាននរណាម្នាក់ហ៊ានចេញមុខបង្គាប់បញ្ជា ឲ្យមន្ត្រីរាជការធ្វើកិច្ចការងារសមប្រកបទៅនឹងបំណងរបស់ខ្លួនណាស់ ។ ភាពសាមញ្ញនៃគោលការណ៍ប្រជាធិបតេយ្យ គឺកិច្ចសន្យារវាងពលរដ្ឋនិងអាជ្ញាធរ ដែលភាសាអង់គ្លេសហៅថា Social Contract ។ នៅក្នុងកិច្ចសន្យានេះ អាជ្ញាធរគ្រប់ស្រទាប់ទាំងអស់ជាអ្នកបម្រើរបស់ពលរដ្ឋ ដែលភាសាអង់គ្លេសហៅថា Public Servants ។ ក្នុងន័យនេះ អាជ្ញាធរដែលមានតួនាទីជាអ្នកបម្រើគ្មានសិទ្ធិប្រព្រឹត្តអ្វីៗតាមតែអំពើចិត្តឡើយ ។ ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង ពលរដ្ឋកម្រហ៊ានក្អកណាស់ ចង់អាជ្ញាធរប្រព្រឹត្តកំហុសរាប់មិនអស់ក៏ដោយ ។ ឧទាហរណ៍ កៀបសង្កត់បក្សនយោបាយជំទាស់ ឬក៏ពលរដ្ឋដែលជំទាស់មិនគាំទ្រគោលនយោបាយរបស់អាជ្ញាធរ ឲ្យរងទុក្ខឥតល្ហែររាប់ខែឆ្នាំ ។ បើនិយាយអំពីកិច្ចសន្យាសង្គម (Social Contract) វាគឺជាកំហុសដែលមិនអាចលើកលែងឲ្យបាន ។ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរដែលជាចៅហ្វាយនាយរបស់អាជ្ញាធរនោះ វាគឺជារឿងធម្មតា ដ្បិតទម្លាប់របស់យើងតាំងតែពីដើមរៀងមក មិនដែលហ៊ានស្តីបន្ទោសឬក៏ចាប់ទោសអូសដំណើរអាជ្ញាធរម្តងណាឡើយ ។ ជាលទ្ធផល លទ្ធិប្រជាធិបតេយ្យដែលយើងកំពុងតែអនុវត្តសព្វថ្ងៃ បានក្លាយទៅជាកូនរលូតរស់នៅក្នុងកែវសម្ភព មិនដឹងពេលណានឹងបានឃើញពន្លឺថ្ងៃដូចគេដូចឯងទេ ។ សង្ឃឹមថា វាមិនស្លាប់នៅពាក់កណ្តាលទី ៕

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...