Wednesday, January 4, 2023

A FAREWELL!

Farewell, My Friend! DR. GAFFAR PEANG-METH លោកបណ្ឌិត អាប់ឌុល ហ្គាហ្វា ពាងម៉េត គឺជាខ្មែរអុីស្លាមមួយរូប ដែលមានស្មារតីស្នេហាជាតិខ្មែរដ៏មោះមុត ។ លោកជាសកម្មជននយោបាយម្នាក់ដែលបានបូជាពេលវេលា ក៏ដូចជាគំនិតប្រាជ្ញាស្មារតីដើម្បីបុព្វហេតុការពារជាតិខ្មែរ ។ លោកស្អប់លទ្ធិកុម្មុយនីស្ត និងខ្ពើមរបបផ្តាច់ការជាទីបំផុត ។ មនោសច្ចេតនា និងការខ្វល់ខ្វាយដល់សុខុមាលភាពនៃពលរដ្ឋនិងប្រទេសខ្មែរ បានជម្រុញឲ្យលោកបូជាពេលវេលា ស្ទើរតែអស់មួយជីវិតដើម្បីតស៊ូស្វែងរកសេរីភាព និង អធិបតេយ្យភាពជូនប្រជាជាតិខ្មែរ ។ បណ្ឌិត អាប់ឌុល ហ្គាហ្វា ពាងម៉េត ឬ ហ្គាហ្វា ពាងម៉េត បានទទួលអាហារូបករណ៍ មកសិក្សានៅសហរដ្ឋអាមេរិកនាឆ្នាំ ១៩៦៣ ។ ខណៈកំពុងសិក្សាកម្រិតអនុបណ្ឌិតនៅសាកលវិទ្យាល័យ ចចថោន ក្នុងរដ្ឋធានីវ៉ាសុីនតោន ចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ លោកបានមកជួយជ្រោមជ្រែងធ្វើកិច្ចការងារនានាជាមួយនឹងលោកឯកអគ្គរដ្ឋទូត អ៊ំ សុីម ។ បន្ទាប់ពីពួកខ្មែរក្រហមវាយផ្តួលរំលំរបបសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧៥ លោកបណ្ឌិត ហ្គាហ្វា បានទៅបន្តការសិក្សាកម្រិតមហាបរិញ្ញានៅសាកលវិទ្យាល័យ មីសសុីហ្គេន ។ នៅឆ្នាំ ១៩៨០ ក្រោយបញ្ចប់ការសិក្សាកម្រិតមហាបរិញ្ញានៅសាកលវិទ្យាល័យ មីសសុីហ្គេន បណ្ឌិតហ្គាហ្វាបាននាំភរិយានិងកូនៗ ទៅរស់នៅក្នុងប្រទេស ថៃ ដើម្បីចូលរួមនៅក្នុងការតស៊ូរំដោះជាតិខ្មែរឲ្យរួចផុតអំពីការឈ្លានពានរបស់កងទ័ព វៀតណាម ដែលកំពុងតែត្រួតត្រាប្រទេសកម្ពុជានាគ្រានោះ ។ លោកគឺជាសមាជិកស្ថាបនិកមួយរូបរបស់ រណៈសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រជរបខ) ដែលមានលោក សឺន សាន ជាប្រធាន និងលោក ដៀន ដែល ជាអគ្គមេបញ្ជាការកងទ័ព ។ ដោយហេតុតែលោក ជាអតីតបញ្ញវ័ន្តមកពីសហរដ្ឋអាមេរិកនិងចេះភាសាអង់គ្លេសច្បាស់លាស់ លោកត្រូវបានតែងតាំងឲ្យកាន់មុខងារសំខាន់ៗជាច្រើន ។ នៅពេលភាគីតស៊ូរបស់សម្តេច សីហនុ (ហ្វុនសុិនបុិច) ក្រុមខ្មែរក្រហម និង រជរបខ បានមូលមតិគ្នាបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី ដើម្បីរក្សាអាសនៈនិងការទទួលស្គាល់រដ្ឋាភិបាលកម្ពុជាជាផ្លូវការ នៅអង្គការសហប្រជាតិ បណ្ឌិតហ្គាហ្វាគឺជាសមាជិកមួយរូបក្នុងចំណោមមនុស្ស ៦រូប នៃគណកម្មាធិការតាក់តែងលក្ខន្តិករៀបចំរដ្ឋាភិបាលត្រីភាគី ។ ក្រៅអំពីការងារការិយាល័យនិងការទូត លោកបណ្ឌិតហ្គាហ្វាហាក់ដូចជាមានចំណង់ចំណូលចិត្តនៅក្នុងសមរភូមិមុខ ច្រើនជាងសមរភូមិក្រោយ ។ នៅក្នុងរយៈពេលប្រមាណជា ១០ឆ្នាំ ជាមួយនឹងចលនាតស៊ូរំដោះជាតិខ្មែរពីកណ្តាប់ដៃសត្រូវឈ្លានពាន បណ្ឌិតហ្គាហ្វាបានចំណាយពេលជាច្រើន រស់នៅជាមួយនឹងកងទ័ព ។ លោកជាទីប្រឹក្សារបស់ឧត្តមសេនីយ៍ ដៀន ដែល ផង និង ជាមិត្តរួមសុខទុក្ខផង ។ ពេលខ្លះ បណ្ឌិតហ្គាហ្វា ចុះទៅដល់ទីសមរភូមិប្រយុទ្ធគ្នាតែម្តង ។ នៅឆ្នាំ ១៩៨៤ ដែលជាឆ្នាំកងទ័ពយួនធ្វើប្រតិបត្តិការណ៍កំចាត់បន្ទាយកងទ័ពតស៊ូនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ទ្រង់ទ្រាយធំ បណ្ឌិតហ្វាហ្វាកំពុងស្នាក់នៅក្នុងជំរំបន្ទាយអំពិល ។ ពេលគ្រាប់រ៉ុកកែតមួយគ្រាប់បានធ្លាក់ចំទីស្នាក់ការរបស់លោកនិងលោក ដៀន ដែល បណ្តាលឲ្យឆេះសន្ធោសន្ធៅ លោក ដៀន ដែល បានដេញបណ្ឌិតហ្គាហ្វា ឲ្យរត់ចេញពីលេណដ្ឋាននិងចាកចេញពីបន្ទាយអំពិលទៅកាន់ទីសុវត្ថិភាពនៅក្នុងទឹកដីថៃជាបន្ទាន់ ដើម្បីរក្សាជីវិតតស៊ូបន្តទៅទៀត ប្រសិនបើលោក ដៀន ដែល ត្រូវពលីជីវិតនាគ្រានោះ ។ ភាពប្តូរផ្តាច់របស់អ្នកតស៊ូខ្មែរនាគ្រានោះ ប្រហែលជាមានច្រើនករណីទៀត ។ បន្ទាប់ពីមានការចរចាបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជានិងឈានទៅដល់ការចុះសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត បានសម្រេចចិត្តមិនទៅចូលរួមអាជីពនយោបាយនៅក្នុងប្រទេសកម្ពុជាទេ ។ ពេលកងទ័ព រជរបខ វាយដណ្តើមយកបានស្រុក ថ្មពួក នៅឆ្នាំ ១៩៨៩ លោកបានធ្វើដំណើរទៅស្នាក់នៅទីនោះមួយរយៈ រួចហើយទើបលាលែងអំពី រជរបខ ហើយនាំភរិយានិងកូនៗទៅរស់នៅនិងធ្វើជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ កោះហ្គោម រហូតដល់ថ្ងៃលោកចូលនិវត្តន៍នៅពាក់កណ្តាលទសវត្សឆ្នាំ ២០០០ ។ បន្ទាប់ពីចូលនិវត្តន៍ បណ្ឌិត ហ្គាហ្វា ក៏នៅតែបន្តធ្វើការងារដើម្បីបុព្វហេតុជាតិខ្មែរដដែល ។ ដោយសហការជាមួយនឹងប៉ុស្តិវិទ្យុ ខ្មែរពិភពលោក ដែលមានលោក ឱក សឿម និង លោក សាន សុវិដ ជាស្ថាបនិក បណ្ឌិតហ្គាហ្វាបានសរសេរអត្ថបទជាច្រើនពាក់ព័ន្ធនឹងការតស៊ូ រំដោះខ្លួនចេញអំពីរបបផ្តាច់ការ ផ្សព្វផ្សាយតាមរយៈវិទ្យុនេះ ក៏ដូចជាចុះផ្សាយនៅក្នុងគេហទំព័រ គំនិតខ្មែរ របស់លោកដែរ ។ សូមនិយាយអំពីដំណើរភពប្រសព្វរវាងលោកបណ្ឌិត ហ្គាហ្វា និង ខ្ញុំ វិញម្តង ។ កាលរស់នៅក្នុងជំរំជនខ្ចាត់ព្រាត់នៅឯទល់ដែនថៃ-ខ្មែរ ខ្ញុំធ្លាប់ឮឈ្មោះបណ្ឌិត ហ្គាហ្វា តាមរយៈការផ្សាយនិងអានអត្ថបទជារឿយៗ ។ ប៉ុន្តែ ខ្ញុំមិនដែលស្គាល់ថាគាត់មានរូបរាងដូចម្តេចទេ ។ យូរៗម្តង នាយកសាលាឲ្យពួកយើងទៅឈរធ្វើបដិសណ្ឋារកិច្ចទទួលលោកតា សឺន សាន ដែលមកធ្វើទស្សនកិច្ចនៅក្នុងជំរំ ។ លោកបណ្ឌិត ហ្គាហ្វា អាចជាសមាជិកគណប្រតិភូអមដំណើរលោក សឺន សាន នៅក្នុងកាលៈទេសៈទាំងនោះ ។ ក៏ប៉ុន្តែក្រៅអំពីស្តាប់សុន្ទរកថារបស់លោកតា សឺន សាន ពួកយើងមិនបានចាប់អារម្មណ៍អំពីវាគ្មិនដទៃឡើយ ។ បន្ទាប់ពីមករស់នៅក្នុងសហរដ្ឋអាមេរិក ខ្ញុំបានជួបនឹងឈ្មោះបណ្ឌិត ហ្គាហ្វា សាជាថ្មីតាមរយៈការអានអត្ថបទរបស់គាត់នៅក្នុង វិបសាយ មួយ ។ អ្វីដែលនាំឲ្យខ្ញុំនឹងគាត់បានស្គាល់គ្នា គឺរឿងបោះឆ្នោតនៅស្រុកខ្មែរក្នុងឆ្នាំ ២០១៧ ។ ខ្ញុំបានសរសេរលិខិតតាមរយៈអុីម៉ែលមួយទៅគាត់ ដើម្បីសំណូមពរសហការគ្នាសរសេរអត្ថបទវិភាគពាក់ព័ន្ធនឹងការបោះឆ្នោតនៅក្នុងស្រុកខ្មែរនាគ្រានោះ ។ បន្ទាប់ពីធ្វើកិច្ចការនោះជាមួយនឹងខ្ញុំ គាត់ពេញចិត្តនឹងរបៀបសរសេរភាសាខ្មែររបស់ខ្ញុំ ហើយក៏បានសុំឲ្យខ្ញុំជួយកែសម្រួលអត្ថបទជាភាសាខ្មែររបស់គាត់ ។ គឺចាប់ពីពេលនោះមក ដែលពួកយើងមានទំនាក់ទំនងនឹងគ្នា ។ អ្នកដែលស្តាប់ការផ្សាយអត្ថបទរបស់បណ្ឌិត ហ្គាហ្វា នៅក្នុងវិទ្យុខ្មែរពិភពលោក ចាប់ពីចុងឆ្នាំ ២០១៧ មក បើមានពាក្យពេចន៍ខុសឆ្គងនានា វាមិនមែនជាកំហុសឆ្គងរបស់គាត់ទាំងស្រុងទេ ។ ខ្ញុំក៏មានចំណែកនៅក្នុងកំហុសទាំងនោះដែរ ។ នៅដើមឆ្នាំ ២០១៩ លោកបណ្ឌិត ហ្គាហ្វា និង ខ្ញុំ មានឱកាសបានជួបសំណេះសំណាលគ្នាជាលើកដំបូង នៅក្នុងភោជនីយដ្ឋានមួយនាជាយក្រុង វ៉ាសុីនតោន ។ វាក៏ជាជំនួបចុងក្រោយរបស់ពួកយើងដែរ ។ អំឡុងពេលជំងឺ កូវីដ ១៩ រាតត្បាត ពួកយើងមិនសូវបានទាក់ទងគ្នាទេ ។ គាត់ប្រាប់ខ្ញុំថា ឆ្លៀតឱកាសទៅណាមិនរួចនេះ កូននិងចៅរបស់គាត់បានសំណូមពរឲ្យគាត់សរសេររឿងរ៉ាវជីវិតរបស់គាត់ចាប់ពីដើមដល់ចប់ ដើម្បីទុកជាមរតកសម្រាប់ពួកគេ ។ ដូច្នេះ គាត់ក៏ផ្អាកសរសេរអត្ថបទមួយរយៈ ។ កាលពីខែ ១១ ឆ្នាំ ២០២២ កន្លងទៅនេះ បណ្ឌិត ហ្គាហ្វា បានផ្ញើអត្ថបទមកឲ្យខ្ញុំកែសម្រួលជាបន្តបន្ទាប់ចំនួន ៥ អត្ថបទ ។ គាត់សុំការអធ្យាស្រ័យអំពីខ្ញុំ ដោយយកការងារមកឲ្យខ្ញុំធ្វើ ក្នុងស្ថានភាពប្រថុចញ៉ុចនាឱកាសដំណាច់ឆ្នាំ ។ អត្ថបទរបស់គាត់ចុងក្រោយនេះ និយាយតែអំពីដំណើរជីវិតរបស់គាត់នៅក្នុងចលនាតស៊ូ រជរបខ និងអនុស្សាវរីយ៍នានាជាមួយនឹងចៅរបស់គាត់ ។ វាជារឿងចម្លែកមួយ ដ្បិតអត្ថបទរបស់គាត់កន្លងមកគឺផ្តោតតែទៅលើការតស៊ូកំចាត់របបផ្តាច់ការតែប៉ុណ្ណោះ ។ មុនពេលខ្ញុំបញ្ចប់ការកែសម្រួលអត្ថបទចុងក្រោយបំផុតរបស់គាត់ បណ្ឌិតហ្គាហ្វាបានផ្ញើអុីម៉ែលមកប្រាប់ខ្ញុំថា គាត់មានជំងឺមហារីកហើយត្រូវចូលទៅព្យាបាលប្រភេទចាក់សារធាតុគីមី ដែលភាសាអង់គ្លេសហៅថា Chemotherapy នៅក្នុងមន្ទីរពេទ្យនៃវិទ្យាស្ថានវេជ្ជសាស្ត្រជាតិ (National Institute of Health) ដែលស្ថិតនៅប្រហែលជា ៣៥គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ ។ គាត់ប្រាប់ខ្ញុំទៀតថា សក់ក្បាលគាត់ប្រហែលជាជ្រុះអស់ហើយបន្ទាប់ពីការព្យាបាល ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងនឹងឆ្លៀតជួបគ្នាម្តងទៀត មុននឹងគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋាននៅឯរដ្ឋ ន័រខារ៉ូឡាញណា វិញ ។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង ។ បន្ទាប់ពីកែអត្ថបទចុងក្រោយរបស់គាត់រួច ខ្ញុំផ្ញើទៅជូនគាត់ភ្ជាប់ជាមួយនឹងពាក្យពេចន៍លើកទឹកចិត្តឲ្យគាត់រក្សាភាពនឹងន ។ ការព្យាបាលរោគមហារីកជាមួយនឹងសារធាតុគីមី គឺជាដំណើរមួយចានទឹក មួយចានគោក ។ លទ្ធផលមានពីរគឺ ស្លាប់ និង រស់ ។ អ្នកជំងឺជាទូទៅយល់អំពីប្រការនេះច្បាស់ណាស់ ។ មុនពេលបណ្ឌិតហ្គាហ្វាចូលព្យាបាលបួនថ្ងៃ ខ្ញុំនាំភរិយានិងកូនទៅលម្ហែនៅរដ្ឋ ផ្លរីដា ដែលជាគម្រោងពួកយើងបានរៀបចំជាយូរមកហើយ ។ ពេលយើងរៀបចំវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ នៅព្រឹកថ្ងៃទី២៣ ខែ ធ្នូ ភរិយារបស់បណ្ឌិត ហ្គាហ្វា បានឡុកចូលទៅក្នុងអាខោនអុីម៉ែលរបស់គាត់ ហើយផ្ញើរសារមកប្រាប់ខ្ញុំថា បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេលពេញមួយថ្ងៃ បណ្ឌិតហ្គាហ្វាបានវិលមុខដួលបោកក្បាលនឹងកម្រាលឥដ្ឋបណ្តាលឲ្យស្រាំលលាដ៍ ។ គាត់ស្ថិតនៅក្នុងស្ថានភាពឥតដឹងអ្វីទាំងអស់ (Unresponsive) ហើយត្រូវបានគេបញ្ជូនទៅព្យាបាលបន្តនៅកន្លែងសង្គ្រោះបន្ទាន់ (ICU) ។ ខ្ញុំមិនដែលជួបនិងស្គាល់ភរិយាគាត់ទេ ។ មិនដឹងជាបណ្ឌិត ហ្គាហ្វា ណែនាំឈ្មោះខ្ញុំឲ្យភរិយាគាត់ស្គាល់ពីពេលណាមកឡើយ ឬមួយក៏គាត់ឡុកចូលទៅក្នុងអាខោនប្តីគាត់ឃើញឈ្មោះខ្ញុំ ដែលជាមនុស្សចុងក្រោយបំផុតនៅក្នុងការប្រាស្រ័យទាក់ទងនឹងប្តីគាត់ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលប្រឈមនឹងការបាត់បង់មិត្តសម្លាញ់ផង និងត្រូវឆ្លើយតបសារដើម្បីជួយរំលែកទុក្ខក្រៀមក្រំរបស់ភរិយាគាត់ផង ។ អ្វីដែលជារឿងលំបាកសម្រាប់ខ្ញុំគឺថា ភរិយាគាត់ជាជនជាតិអាមេរិកាំង ដែលមានទំនៀមទន្លាប់មិនឲ្យអ្នកដទៃដឹងឮអំពីរឿងផ្ទាល់ខ្លួនទេ ជាពិសេសទាក់ទិននឹងការព្យាបាលជំងឺ ។ ណាមួយភរិយាគាត់ហើយនឹងខ្ញុំមិនដែលបានជួប ឬក៏ស្គាល់គ្នាទាល់តែសោះ ។ ខ្ញុំរារែកមួយសន្ទុះ ក៏សម្រេចចិត្តថាត្រូវតែឆ្លើយតបសារដើម្បីជួយរំលែកទុក្ខក្រៀមក្រំរបស់គាត់ ។ ខុសត្រូវយ៉ាងណា ចាំគិតតទៅទៀត ។ ខណៈខ្ញុំកំពុងធ្វើដំណើរពីរដ្ឋ ផ្លរីដា មកកាន់លំនៅដ្ឋានវិញ ភរិយារបស់បណ្ឌិតហ្គាហ្វាបានផ្ញើសារមកប្រាប់ខ្ញុំថា របួសខួរក្បាលរបស់លោកមិនអាចព្យាបាលជាទេ ។ ជិវិតរបស់លោកក៏មិនអាចស្រោចស្រង់បានដែរ ។ គ្រូពេទ្យបានសម្រេចចិត្តដាក់ថ្នាំបំបាត់ការឈឺចាប់ជូនគាត់ ហើយបញ្ជូនគាត់ឲ្យទៅស្នាក់នៅក្នុងមន្ទីរពេទ្យមរណា (Hospice) រង់ចាំមរណភាពមកដល់ ។ ខ្ញុំស្លុតចិត្តជាអតិបរមា ។ នៅថ្ងៃទី ៣០ ខែធ្នូ ភរិយាបណ្ឌិតហ្គាហ្វាបានផ្ញើសារមកប្រាប់ខ្ញុំថា លោកបានទទួលអនិច្ចកម្មហើយ ។ បន្ទាប់ពីផ្ញើសារចូលរួមមរណទុក្ខជាមួយនឹងភរិយាគាត់ ខ្ញុំគិតថាគួរតែសរសេរដំណឹងអំពីមរណភាពរបស់បណ្ឌិតហ្គាហ្វាផ្សព្វផ្សាយនៅទីនេះ ដើម្បីឲ្យមិត្តភក្តិរបស់គាត់ដែលនៅរស់រានមានជីវិត បានដឹងឮផង ។ ខ្ញុំបានទុកពេលវេលាឲ្យភរិយានិងកូនចៅគាត់រៀបចំទុកដាក់សពគាត់រួចរាល់ ទើបសម្រេចសរសេរសារទៅសុំការអនុញាតអំពីភរិយាគាត់ដើម្បីផ្សព្វផ្សាយដំណឹងមរណភាពរបស់បណ្ឌិត ហ្គាហ្វា ។ ភរិយាលោកបណ្ឌិត ហ្គាហ្វា រីករាយណាស់ដែលខ្ញុំស្ម័គ្រចិត្តជួយផ្សព្វផ្សាយដំណឹងនេះ ។ គាត់ក៏បានថ្លែងអំណរគុណដល់ខ្ញុំផងដែរ ដែលបានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារគាត់ ។ ក្នុងនាមជាមិត្តភក្តិមួយរូប អត្ថបទនេះចាត់ទុកថាជាវិយោគកថា និងជាការជូនដំណឹងដល់មិត្តភក្តិផងទាំងពួងរបស់លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត ដែលបានធ្វើមរណកាលទៅ នៅថ្ងៃទី ៣០ ខែធ្នួ ឆ្នាំ ២០២២ ។ កំណត់៖ រូបថតទីមួយ គឺលោកបណ្ឌិត ហ្គាហ្វា និង ខ្ញុំ ។ រូបទីពីរ គឺកូនប្រុសច្បងរបស់បណ្ឌិត ហ្គាហ្វា ក្នុងឯកសណ្ឋានសិស្សនាយទាហាននៃសាលាយោធិនបន្ទាយអំពិល ។ យុវជនខ្មែរពីររូបនៅក្នុងរូបថតនេះ ម្នាក់ជាមិត្តសម្លាញ់ខ្ញុំ ។ ម្នាក់ទៀត ខ្ញុំមិនស្គាល់ឈ្មោះទេ ។ រូបទីបី គឺជាដំណឹងមរណភាពដែលភរិយារបស់លោកបណ្ឌិត ហ្គាហ្វា ពាងម៉េត ផ្ញើមកប្រាប់ខ្ញុំ ។ មិត្តភក្តិបណ្ឌិត ហ្គាហ្វា មួយចំនួន ប្រហែលគ្មានលទ្ធភាពប្រើបណ្តាញសង្គមទេ ។ ដូច្នេះ ប្រសិនបើមិត្តអ្នកអានស្គាល់អ្នកទាំងនោះ មេត្តាផ្តល់ដំណឹងមរណភាពនេះទៅពួកគាត់ទុកជាធម្មទានផងចុះ ។ អរគុណ! សូមវិញ្ញាណក្ខ័ន្ធបណ្ឌិត ហ្គាហ្វា ពាងម៉េត បានទៅដល់សុគតិភព !

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...