Tuesday, April 22, 2014

មួយថ្ងៃ មួយម៉ាត់

បោះឆ្នោតសាកល ឬ អសាកល៖ ពាក្យនេះ ប្រហែលជាគេបកប្រែមកពីពាក្យ អង់គ្លេស (Universal Election) ។ ពាក្យ (Universal) មិនគួរបកប្រែថា សាកល នៅគ្រប់ករណីនោះទេ ។ ពាក្យសាកល គឺគេសំដៅទៅលើអ្វីៗដែមាន លក្ខណៈជាអន្តរជាតិ ឬក៏ ចលនាអ្វីមួយដែលអាចមានឥទ្ធិពលឆ្លងពីប្រទេសមួយទៅ ប្រទេសមួយ ។ ឧទាហរណ៍ (Universal Declaration of Human Rights) ការប្រកាសសិទ្ធមនុស្សជាសាកល ឬក៏ (Universal Suffrage​ Movement) ចលនាទាមទាសិទ្ធិបោះឆ្នោតរបស់នារី ជាដើម ។ល។ សម្រាប់ការបោះឆ្នោត នៅក្នុងប្រទេសមួយ គឺគេប្រើពាក្យ បោះឆ្នោតទូទៅ ឬ មិនទូទៅ ឬក៏ បោះឆ្នោតផ្ទាល់ ឬ បោះឆ្នោតដោយប្រយោល ។ នៅក្នុងភាសាអង់គ្លេស គេ​អាចសរសេរថា (General Election/Non-General Election Or Direct/Indirect Election) ជំនួសពាក្យ (Universal or Non-Universal Election) ក៏បានដែរ៕

Thursday, April 17, 2014

មួយថ្ងៃ មួយម៉ាត់

បំរែបំរួលអាកាសធាតុៈ ពាក្យបំរែបំរួល មិនឃើញមាន សរសេរនៅក្នុងវច្ចនានុក្រមខ្មែរទេ ។ មានតែពាក្យ ប្រែ ឬក៏ ប្រែប្រួល ដែលមានអត្ថន័យប្រហាក់ប្រហែលនិងពាក្យ ផ្លាស់ប្តូរ ។ ដូច្នេះ ពាក្យបំរែបំរួលអាកាសធាតុ ដែលបកប្រែចេញមកពីពាក្យ អង់គ្លេស (Climate Change) នោះ គួរសរសេរថា ការប្រែប្រួល អាកាសធាតុ ឬ អាកាសធាតុប្រែប្រួល វិញ ចៀសវាងការបង្កើត ពាក្យថ្មីប៉ាតណាប៉ាតណី ៕

Thursday, April 10, 2014

ចំណីខួរក្បាល

គ្រាន់តែជាការសង្កេត នៅស្រុកខ្មែរ ការកាន់កាប់តំណែងយូរអង្វែង គឺជាទម្លាប់មួយ ដែលមើលទៅ ហាក់ដូចជាពិបាកកែប្រែបានណាស់ ។ សូម្បី តែអ្នកដែលកំពុងស្រែកជំទាលក្តែងៗ សុំឲ្យមានការផ្លាស់ប្តូរ ទម្លាប់អវិជ្ជមាននេះ ក៏ហាក់ដូចជាកំពុងមើលរំលងបញ្ហានេះដែរ ។ ឧទាហរណ៍ នៅក្នុងចំណុចសំខាន់ៗនៃការចចាគ្នារកដំណោះ ស្រាយនយោបាយរវាងគណបក្ស ប្រជាជនកម្ពុជា និង គណ បក្សសង្រោះជាតិនោះ គេមិនឃើញមានការពិភាក្សាអំពី អាណតិកំណត់​ (Term Limit) របស់នាយករដ្ឋមន្ត្រីទេ ។ ដូច្នេះ ឱកាសក្នុងការធ្វើជានាយករដ្ឋមន្ត្រីអស់មួយជីវិត គឺត្រូវបានគេរក្សាទុកឲ្យនៅដដែល ។ បើយើងសង្កេតឲ្យបានល្អិតល្អន់បន្តិចនោះ មិនត្រឹមតែ តួនាទីនាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលគ្មានអាណតិកំណត់ សូម្បីតែប្រធានអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ក៏ប្រហែលជាគ្មានអាណតិកំណត់ដែរ ។ មូលហេតុដែលយើង ហ៊ានសន្និដ្ឋានដូច្នេះ ព្រោះយើងសង្កេតឃើញថា អ្នកដឹកនាំ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន គឺមានមុខដដែលៗ តាំងតែ ពីអង្គការទាំងនោះ បានចាប់បដិសន្ធិមកម្លេះ ៕

ចំណីខួរក្បាល

ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...