Tuesday, December 11, 2018

ចំណីខួរក្បាល

ទាន ខ្ញុំឧស្សាហ៍ឃើញនិងឮមនុស្សដែលយល់អំពីបុណ្យទានជ្រៅជ្រះ ទូន្មានថា៖ ធ្វើបុណ្យដាក់ទានគប្បីធ្វើប្រកបដោយបញ្ញា មិនត្រូវជ្រួលធ្វើតាមគ្នាដោយមិនដឹងខ្យល់អ្វីនោះឡើយ ។ ហុឹម! ខ្ញុំមានអាយុជាងពាក់កណ្តាលនៃធរមានជីវីហើយ (Half way through life expectency) ហើយក៏ធ្លាប់បានធ្វើបុណ្យដាក់ទានជាហូរហែរមកដែរ មិនដែលគិតថាការធ្វើបុណ្យឲ្យទានរបស់ខ្ញុំ ធ្វើទៅដោយមិនដឹងខ្យស់អ្វីនោះទេ ។ ប៉ុន្តែ នេះជាប្រធានបទមួយដែលខ្ញុំគិតថា គួរស្វែងយល់មុននឹងដាច់ខ្យល់ ។ សម្រាប់ខ្ញុំ ទាន ខុសអំពី ទៀន ។ វាជាការបរិច្ចាគភោគទ្រព្យឬគំនិតដើម្បីជួយរំដោះទុក្ខកង្វល់អ្នកដទៃ មិនមែនជាវត្ថុសម្រាប់ដុតបំភ្លឺនោះទេ (ហ្អា!ឆ្លៀតចាក់ផាឲ្យអ្នកប្រើពាក្យពីរនេះច្រឡំបល់គ្នាទៀត!) ។ ទុកការលេងសើចមួយឡែក សូមបង្វែរអារម្មណ៍មកនិយាយអំពីរឿង ទាន វិញម្តង ។ តាមពិតមនុស្សទូទៅធ្វើទាន ឬដាក់ទានគ្មានគិតអំពីបញ្ញា ឬការដឹងខ្យល់អ្វីទេ ។ អ្នកខ្លះឲ្យទានដោយសារការអាណិតអាសូរដល់មនុស្សផងគ្នាដែលកំពុងជួបទុក្ខ ។ អ្នកខ្លះទៀតឲ្យទានដើម្បីសន្សំកុសលរំដោះទុក្ខ ។ (ចំណែកអ្នកឲ្យទានដើម្បីកេងចំណេញនយោបាយ វាជាអំពើទុច្ចរិត) ។ បើយើងស្វែងយល់ឲ្យបានសុីជម្រៅទៅក្នុងទឹកចិត្តនៃការធ្វើទាននេះ យើងនឹងមើលឃើញនូវចំណុចផ្គួបពីរគឺទីមួយៈ ជួយសម្រាលទុក្ខអ្នកដទៃ និងទីពីរៈ ជួយសម្រាលទុក្ខខ្លួនឯង ។ យើងដឹងហើយថា មានរូប មានទុក្ខ ។ ដូច្នេះ ការឲ្យទានដែលជាមធ្យោបាយបំបាត់ទុក្ខ ទាំងអ្នកឲ្យទាន ទាំងអ្នកទទួលទាន ហាក់ដូចជាគ្មានអ្វីត្រូវបកស្រាយវែងឆ្ងាយទេ ។ ប៉ុន្តែ បើយើងមើលឲ្យជ្រៅទៅដល់អភិធម្មសញ្ញា ដែលភាសាអង់គ្លេសហៅថា Metaphysics នោះ ទាននៅមានរឿងវែងឆ្ងាយសម្រាប់បរិយាយតទៅទៀត ។ ទានមានពីរប្រភេទគឺ អាមិសទាន ឬវត្ថុទាន និង ធម្មទាន ឬទស្សនទាន (Material Gift and Intellectual Gift) ។ ក្នុងចំណោមទានទាំងពីរប្រភេទនេះ ទស្សនទាន ជាទានដែលងាយធ្វើ ត្បិតវាមិនពាក់ព័ន្ធការចំណាយភោគទ្រព្យ ឬក៏ភាពមានក្រអ្វីឡើយ ។ ស្មូមទានដែលលើកដៃសំពះដោយក្តីគោរពអោនលំទោនសុំទានអំពីអ្នកដទៃគឺជា ទស្សនទាន ។ ភាពញញឹមនិងការចង់មិត្តភាពនៅក្នុងហ្វេសប៊ុកក៏ជាទស្សទាន ។ សំណេរនេះក៏រាប់ថាជាទស្សនទានដែរ ។ ខ្ញុំសូមមិនបកស្រាយវែងឆ្ងាយអំពីទស្សនទាននៅទីនេះទេ ព្រោះឧទាហរណ៍ពីរបីដែលខ្ញុំលើកយកមកបង្ហាញខាងលើនេះល្មមអាចឲ្យមិត្តអ្នកអានយល់ហើយ ។ អ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ គឺវត្ថុទាន ដែលជាទានពាក់ព័ន្ធនឹងការចំណាយភោគទ្រព្យនឹងនាំទុក្ខអំពល់ដល់អ្នកឲ្យទានទៀតផង ។ នៅក្នុងពុទ្ធប្រវត្តិ មានជាតកមួយឈ្មោះ មហាវេសន្តរជាតក ដែលពាក់ព័ន្ធនឹងការធ្វើទាន ។ ព្រះវេសន្តរដែលជាតួអង្គចម្បងក្នុងជាតកនោះបានធ្វើទានធំៗចំនួនបី៖ ទី១ ព្រះអង្គបរិច្ចាគសេះនិងរទេះដែលព្រះអង្គនិងគ្រួសារកំពុងជិះធ្វើដំណើរ ឲ្យទៅស្មូម ។ ទី២ ព្រះអង្គបរិច្ចាគបុត្រទៅឲ្យតាជូជក ។ ទី៣ ព្រះអង្គបរិច្ចាគមហេសីឲ្យទៅព្រាហ្ម (អ្នកដែលចង់ដឹងរឿងនេះពិស្តារ សូមមេត្តាអានសៀវភៅមហាវេសន្តរជាតក ឬក៏ស្តាប់ខ្សែអាត់ស្មូតរឿងនេះនៅចំណុច ទានកណ្ឌ) ។ ការធ្វើទានរបស់ព្រះវេសន្តរបាននាំមកនូវទុក្ខវេទនាទាំងផ្លូវកាយនិងផ្លូវចិត្ត មិនត្រឹមតែព្រះវេសន្តរអង្គឯងប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យបុត្រនិងមហេសីទ្រង់រងទុក្ខជាទម្ងន់ទៀតផង ។ កាលរៀនរឿងនេះនៅវិទ្យាល័យ ខ្ញុំបានសរសេរសារណាមួយរិះគន់ការធ្វើទាននេះយ៉ាងចាស់ដៃ ព្រោះវាជាទង្វើប្រមាទខ្ជីខ្ជាជាទីបំផុត ។ បើនិយាយអំពីសិទ្ធិមនុស្ស វាខុសសព្វបែបយ៉ាង ។ ប៉ុន្តែ តើព្រះវេសន្តរខុស ឬក៏ខ្ញុំយល់ខុស? តស់! អានបន្តទៅទៀត ។ នៅក្នុងដំណើរជីវិតរបស់ខ្ញុំ ខ្ញុំធ្លាប់បានធ្វើវត្ថុទានជារឿយៗ ។ ទានកម្មខ្លះបាននាំទុក្ខកង្វល់ដល់ខ្ញុំគួរឲ្យចាប់អារម្មណ៍ ។ គួរបញ្ជាក់ដែរថា ការធ្វើទានបានទុក្ខរបស់ខ្ញុំនោះ គឺមិនមែនដើម្បីបំពេញបារមីទានដូចព្រះវេសន្តរ ឬក៏ផ្អែកលើគំនិតបញ្ញាការដឹងខ្យល់អ្វីឡើយ ។ ខ្ញុំឲ្យទានពីព្រោះខ្ញុំគិតថា នៅក្នុងកាលៈទេសៈនិងស្ថានភាពនោះ វាជាកម្មដែលខ្ញុំគួរធ្វើ ។ ទាននាំទុក្ខទីមួយដែលខ្ញុំធ្វើគឺការបរិច្ចាគស្បែកជើងផ្ទាត់មួយគូ ។ កម្មនោះកើតឡើងនៅឆ្នាំ ១៩៧៥ អំឡុងពេលខ្មែរក្រហមជម្លៀសពលរដ្ឋចេញពីទីក្រុង ។ គ្រួសារខ្ញុំបានទៅសំចតនៅភូមិ ចម្ការសាមសិប ហើយអាជ្ញាធរមូលដ្ឋានតម្រូវឲ្យក្មេងៗដូចរូបខ្ញុំចេញទៅជួយឃ្វាលគោនៅវាលចម្ការ ។ ថ្ងៃដំបូង ខ្ញុំចេញទៅឃ្វាលគោដោយដើរជើងទទេ ។ ពេលព្រឹកមិនអីទេ ។ តែពេលត្រឡប់មកផ្ទះវិញនាពេលថ្ងៃត្រង់ ខ្ញុំត្រូវរលាកបាតជើងដោយសារការដើរកាត់វាលខ្សាច់ ។ បទពិសោធន៍នោះបានធ្វើឲ្យខ្ញុំស្រឡាញ់ស្បែកជើង ឬទ្រនាប់ជើងលើសអ្វីៗទាំងអស់ ។ កន្លះខែក្រោយមក ពួកយើងត្រូវបានគេជម្លៀសបន្តទៅនៅភូមិ ព្រែករំដេងលិច ។ ទៅដល់ទីនោះ ជីដូនខ្ញុំដែលជាអ្នកស្រុកមូលដ្ឋានរស់នៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ បានមកសួរសុខទុក្ខពួកយើង ។ គាត់ដើរដោយជើងទទេកាត់ភូមិនិងវាលចម្ការមួយចំនួន ។ នៅលើកទីពីរដែលជីដូនខ្ញុំមកសួរសុខទុក្ខពួកយើង គាត់បានមកដល់កន្លែងយើងរស់នៅអំឡុងម៉ោងប្រមាណជា ៩ព្រឹក ។ ខ្ញុំសួរគាត់ថា លោកយាយជិះអ្វីមកបានជាឆាប់មកដល់ម្លេះ? គាត់ថាអត់មានជិះអ្វីទេ គឺងើបដើរមកតាំងតែពីម៉ោង ៤ទៀបភ្លឺ ដើម្បីកុំឲ្យពិបាកដើរកាត់វាលខ្សាច់ដែលក្តៅ ។ ឮដូច្នោះ ខ្ញុំអាណិតគាត់ណាស់ហើយក៏សម្រេចបរិច្ចាគស្បែកជើងផ្ទាត់របស់ខ្ញុំជូនគាត់នាគ្រានោះទៅ ។ មួយខែក្រោយមក អាជ្ញាធរខ្មែរក្រហមមិនអនុញាតឲ្យជីដូនខ្ញុំមកសួរសុខទុក្ខពួកយើងទៀតឡើយ ហើយខ្ញុំក៏ត្រូវបានគេបញ្ជូនឲ្យទៅឃ្វាលគោរាល់ថ្ងៃដែរ ។ បន្ទាប់ពីបរិច្ចាគស្បែកជើងជូនជីដូនខ្ញុំ ខ្ញុំដើរទៅណាមកណាដោយជើងទទេរយៈពេល ៤ឆ្នាំ គឺរហូតដល់ឆ្នាំ ១៩៧៩ ។ ខ្ញុំត្រូវរងទុក្ខដោយជំងឺ ទឹកសុីជើង ជាប្រចាំអំឡុងពេល៤ឆ្នាំនោះ ។ បាតជើងខ្ញុំមានពងបែកតូចៗហើយឈឺផ្សាយ៉ាងខ្លាំងនៅពេលដើរចេញពីផ្ទះ ។ ខ្ញុំយកផ្លែ ម៉ាក្លឿមកដំបំបែកលាបលើបាតជើងដើម្បីកាត់បន្ថយភាពឈឺចាប់ ។ ក្រចកមេជើងខ្ញុំកើតត្រចៀកក្រាញ់ ហើយស្អុយរលួយស្ទើរតែបាត់បង់ ។ វាបានជាសះស្បើយហើយដុះដូចប្រក្រតីឡើងវិញនៅឆ្នាំ ១៩៩៥ គឺ២០ឆ្នាំក្រោយមក ។ ទានទីពីររបស់ខ្ញុំមិនផ្តល់ផលវិបាកធំដំទេ ។ វាគ្រាន់តែជាការបរិច្ចាគសៀវភៅមួយក្បាលដែលខ្ញុំស្រឡាញ់ហើយត្រូវការដើម្បីអនាគតរបស់ខ្ញុំ ។ កម្មទានទីពីរនោះធ្វើនៅឆ្នាំ ១៩៨៧ អំឡុងពេលដែលខ្ញុំកំពុងជាប់គុកនៅក្នុងជំរំជនភៀសខ្លួន ខៅអុីដា ក្នុងប្រទេសថៃ ។ អ្នកដែលជាប់គុកនៅទីនោះប្រៀបដូចជាសត្វដែលគេចាប់ដាក់ក្នុងទ្រុងដ៏ធំមួយ ។ យើងអង្គុយរង់ចាំសេរីភាព ដោយក្តីអស់សង្ឃឹម ។ របស់មួយដែលជួយសម្រាលទុក្ខខ្ញុំនៅក្នុងគុកនោះ គឺសៀវភៅអង់គ្លេស-ខ្មែរ សរសេរដោយលោក ព្រាប សុខ ។ ខ្ញុំស្រឡាញ់សៀវភៅនោះណាស់ ហើយតែងដាក់វាជាប់ខ្លួនជានិច្ច ទោះបីចូលគុកក៏ខ្ញុំយកវាទៅជាមួយដែរ ។ ពេលខ្ញុំត្រូវបានគេដោះលែងចេញពីគុក អ្នកជាប់គុកជាមួយគ្នាម្នាក់បានសុំសៀវភៅនោះអំពីខ្ញុំព្រោះគាត់ស្រឡាញ់សៀវភៅនោះណាស់ដែរ ។ ខ្ញុំបរិច្ចាគសៀវភៅនោះទៅគាត់ ដោយគិតថាវាអាចជួយសម្រាលទុក្ខកង្វល់គាត់ខ្លះៗ ។ គួរបញ្ជាក់ថា ខ្ញុំរស់នៅក្នុងគ្រួសារទាល់ក្រមួយ ។ ជីវិតខ្ញុំរសាត់ទៅដល់ជំរំជនភៀសខ្លួននៅដើមឆ្នាំ ១៩៨៥ គឺមិនខុសអ្វីអំពីជីវិតខ្មែរចំណាកស្រុកខុសច្បាប់នៅប្រទេសថៃសព្វថ្ងៃនេះទេ ។ មុននឹងលាម្តាយខ្ញុំនៅក្នុងដំណើរផ្សងព្រេងនោះ ខ្ញុំបានប្រាប់ម្តាយខ្ញុំថា៖ បើខ្ញុំទៅមិនដល់សហរដ្ឋអាមេរិក ខ្ញុំនឹងខិតខំរៀនភាសាអង់គ្លេសនៅក្នុងជំរំជនភៀសខ្លួនឲ្យចេះស្ទាត់ជំនាញ ដើម្បីយកចំណេះដឹងនោះមកធ្វើជាអាជីពគ្រូបង្រៀននៅជនបទមួយ ។ ការបរិច្ចាកសៀវភៅអង់គ្លេស-ខ្មែរនោះ គឺមិនខុសអំពីបរិច្ចាគប្រភពបញ្ញាដែលខ្ញុំកំពុងតែត្រូវការនោះឡើយ ។ ទានទីបីដែលខ្ញុំធ្វើ គឺនៅអំឡុងដើមទសវត្សឆ្នាំ ១៩៩០ ។ គ្រានោះ ខ្ញុំទើបមកដល់សហរដ្ឋអាមេរិកបានជាងមួយឆ្នាំ ចាប់ផ្តើមរៀននៅមហាវិទ្យាល័យ និងរស់នៅក្រោមផ្ទះរបស់គេ (ផ្ទះនៅស្រុកអាមេរិកភាគច្រើនមានផ្នែកខាងក្រោមហៅ បេសមេន(Basement) សម្រាប់ដាក់អីវ៉ាន់និងសម្ភារៈផ្សេងៗ ដូចផ្ទះខ្មែរយើងដែរ) ។ ស្ថានភាពជីវិតខ្ញុំនៅគ្រានោះ គឺលំបាកគួរសម ។ ថវិកាបង់ថ្លៃសាលាមានមិនគ្រប់ ត្រូវខ្ចីលុយពីធនាគារមកបង់បន្ថែមរៀងរាល់ឆ្នាំ ។ ប៉ុន្តែ មានញាតិនិងមិត្តភក្តិខ្លះ លំបាកជាងខ្ញុំទៅទៀត ។ ពួកគេកំពុងសិក្សាដូចជាខ្ញុំដែរ ប៉ុន្តែត្រូវការជំនួយសង្គ្រោះបន្ទាន់ ។ ក្នុងកាលៈទេសៈនោះ ខ្ញុំសម្រេចកាត់បន្ថយម៉ោងសិក្សា ដើម្បីយកពេលវេលាទៅធ្វើការងាររកថវិកាមកធ្វើជាទានដល់ញាតិមិត្ត ។ កម្រៃបានមកពីការងារក្រៅម៉ោងរៀនមិនមានអ្វីជាដុំកំភួនទេ ប៉ុន្តែវាបានជួយចម្លងសត្វលោកដែលកំពុងប្រឈមនឹងគ្រោះ ឲ្យឆ្លងផុតហានិភ័យ ។ មកដល់ពេលនេះ វាមានរយៈពេលជាង ៤០ឆ្នាំហើយ ។ តើទានមានទុក្ខដែលខ្ញុំធ្វើកន្លងទៅនោះ វាបានហុចផលកុសលអ្វីខ្លះទេ? សំណួរនេះ មនុស្សមួយចំនួនអាចឆ្លើយថា៖ ផលនិងកុសលវាកើតមាននៅជាតិខាងមុខឯនោះ មិនមែនជាតិបច្ចុប្បន្ននេះទេ ។ ប៉ុន្តែ ខ្ញុំយល់ផ្សេង ។ ផលនិងកុសលនៃទានគឺអាចកើតមាននៅបច្ចុប្បន្នជាតិផងដែរ គ្រាន់តែយើងមិនមានទម្លាប់ស្វែងយល់និងកត់សម្គាល់ ។ មុននឹងបង្ហាញអំពីផលកុសលនៃទានមានទុក្ខរបស់ខ្ញុំ ខ្ញុំសូមបង្វែអារម្មណ៍មិត្តអ្នកអានទៅកាន់រឿងមហាវេសន្តរជាតកម្តងទៀត ។ នៅចុងបញ្ចប់នៃដំណើររឿងរបស់ព្រះវេសន្តរ ព្រះអង្គត្រូវបានគេយកអជានេយ្យនិងរទេះជាច្រើនមកដង្ហែព្រះអង្គទៅនគរវិញ ។ ឯបុត្រទាំងទ្វេរបស់ទ្រង់ត៏ត្រូវបានតាជូជក យកទៅដោះដូរជាមួយនឹងជីតារបស់រាជកុមារទាំងពីរនោះដែរ ។ នាងមេទ្រី ដែលជាភរិយានិងជាអ្នកស្វែងរកផលានៅក្នុងព្រៃមកចិញ្ចឹមព្រះអង្គក៏មិនបានឃ្លាតកាយទៅឆ្ងាយដែរ ត្បិតព្រាហ្មដែលមកសុំយកនាងនោះជាព្រះឥន្ទ្រក្លែងព្រះកាយ ។ បើយើងមើលឲ្យជ្រៅទៅក្នុងប្រការនេះតាមរយៈវិភាគអក្សរសីល្ប៍ យើងអាចសន្មត់ថា ការដង្ហែដ៏គគ្រឹកគគ្រេងនាំយកព្រះវេសន្តរចូលទៅនគរវិញនោះគឺជាផលនៃការធ្វើទានរទេះនិងសេះរបស់ព្រះអង្គ ។ បដិសណ្ឋារកិច្ចនិងក្តីស្រឡាញ់រាប់អានដែលពលរដ្ឋទូទាំងនគរសាទរចំពោះព្រះអង្គ គឺជាផលនៃការឲ្យទានបុត្រទាំងទ្វេ ។ បារមីទានចុងក្រោយដែលនាំឲ្យព្រះអង្គបានត្រាសដឹងជាទីពឹងរបស់មនុស្សក្នុងលោក គឺជាផលនៃការឲ្យទានមហេសី ដែលជាឧត្តមទានគ្មានមនុស្សដទៃណាធ្វើបានឡើយ ។ គួរបញ្ជាក់ថា ការបកស្រាយអំពីផលនៃទានរបស់ព្រះវេសន្តរ ត្រូវការចំណេះដឹងផ្នែកអភិធម្ម (Metaphysics) ។ មិនអាចយកតក្កវិជ្ជា (Logics) ការពិសោធន៍ ឬហេតុផលមកធ្វើជាមូលដ្ឋានបកស្រាយទេ ។ វាតម្រូវឲ្យយើងទទួលយកតាមរបៀបជំនឿសាសនា ។ ១) ស្បែកជើងកំសត់ដែលជាទានអង្កាច់អង្កោចរបស់ខ្ញុំនោះ តើផ្តល់កុសលអ្វីដល់ខ្ញុំដែរ? ចាប់ពីឆ្នាំ ១៩៩៦មកដល់បច្ចុប្បន្ន ខ្ញុំទទួលបានការងារមួយដែលតម្រូវឲ្យខ្ញុំស្លៀកពាក់របៀបមន្ត្រីរដ្ឋការនៅបស្ចិមប្រទេស ។ កន្លែងខ្ញុំធ្វើការ ភាគច្រើនមានក្រាលកម្រាលព្រុំ ។ ២) សៀវភៅសំណព្វចិត្តមួយក្បាលដែលខ្ញុំបរិច្ចាគនោះ បានញ៉ាំងឲ្យខ្ញុំជួបតែចំណេះដឹងនៅក្នុងដំណើរជីវិត ។ គួរបញ្ជាក់ថា មុនឆ្នាំ ១៩៧៥ ខ្ញុំរៀនបាន ៣ឆ្នាំកន្លះ ។ ខ្ញុំខកខានរៀនរយៈពេល ១០ឆ្នាំគត់ ។ ត្រឡប់ទៅរៀនវិញនិងចាប់ផ្តើរៀន ABC នៅអាយុជាង ២០ឆ្នាំ ។ បើគ្មានជំនួយអំពីកុសលនៃទានសៀវភៅមួយក្បាលនោះទេ ខ្ញុំគ្មានវាសនានឹងដើរមកដល់ចំណុចនេះឡើយ ព្រោះខ្ញុំដឹងដោយខ្លួនឯងថាមិនមានសមត្ថភាពអ្វីជាដុំកំភួន ។ ៣) ទានដែលខ្ញុំធ្វើដើម្បីបុព្វហេតុសិក្សារបស់ញាតិនិងមិត្តនោះ បានផ្តល់កុសលឲ្យខ្ញុំជួបប្រាស្រ័យធ្វើការងារជាមួយតែអ្នកប្រាជ្ញដែលមានជំនាញខ្ពស់ៗ ។ គំនិតប្រាជ្ញាដែលខ្ញុំអាចរៀនអំពីអ្នកប្រាជ្ញទាំងនោះ គឺខ្ញុំទទួលបានដោយមិនចាំបាច់បង់ប្រាក់សូម្បី ១សេនឡើយ ។ ទាំងនេះគឺជាផលកុសលនៃទានមានទុក្ខរបស់ខ្ញុំ ។ គួរកត់សម្គាល់ដែរថា ទុក្ខលំបាកដែលខ្ញុំទទួលពាក់ព័ន្ធនឹងការធ្វើទានទាំងនោះ មិនដែលធ្វើឲ្យខ្ញុំមានចិត្តសោកស្តាយឬក៏ទោមនស្សអ្វីឡើយ ។ ខ្ញុំមានអារម្មណ៍ជ្រះថ្លានិងមានឧបេក្ខាក្នុងចិត្តជានិច្ចអំឡុងពេលនោះនិងរហូតដល់បច្ចុប្បន្ន ។ រឿងទានកម្មប្រចាំជីវិតរបស់ខ្ញុំ សន្មត់ថាចប់ត្រឹមនេះ ។ សម្រាប់អ្នកដែលចង់ស្គាល់និងយល់ពិស្តារអំពីឧត្តមទាន សូមមេត្តាអានសៀវភៅ ឧត្តមគតិជីវិត របស់ធម្មបាល ខៀវ ជុំ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...