Friday, January 24, 2020

ចំណីខួរក្បាល

អ្នកនិពន្ធ (Writers) រយៈពេលជាងពីរទសវត្សកន្លងទៅនេះ ខ្ញុំទៅបណ្ណាគារជារឿយៗដើម្បីស្វែងរកទិញសៀវភៅកំណាព្យនិងប្រលោមលោកមកទុកអាន ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺថា សៀវភៅដែលត្រូវបានគេនិពន្ធនាពេលបច្ចុប្បន្ន អានទៅមិនសូវជក់ចិត្តដិតអារម្មណ៍សោះ ។ ក្រៅតែអំពីសៀវភៅរបស់លោក គង្គ ប៊ុនឈឿន ដែលជាស្មេរជើងចាស់នោះ សៀវភៅដែលសរសេរដោយស្មេរជំនាន់ក្រោយៗនេះ ហាក់ដូចជាខ្វះអត្ថរសក្នុងការទាក់ទាញអារម្មណ៍ ។ ប្រហែលជាខ្ញុំរស់ឆ្ងាយពីសង្គមខ្មែរយូរពេកក៏មិនដឹង បានជាបាត់បង់ចំណងអត្ថរសនៅក្នុងសំណេរអក្សរសីល្ប៍ខ្មែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសម្រេចចិត្តស្វែងរកឬសគល់ខ្លះៗដែលអាចជាកត្តាបង្ហាញអំពីកង្វះខាតនានានៅក្នុងការតាក់តែងនិពន្ធ ។ ផ្អែកលើការពន្យល់នានាដែលយើងអាចស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុិនថឺណិត ការនិពន្ធរឿងជាលក្ខណៈប្រតិស្ឋក្តី (Fiction) តថៈក្តី (Non-fiction) គឺត្រូវផ្អែកលើគោលការណ៍សំខាន់មួយ ។ នៅក្នុងភាសាអង់គ្លេស គេហៅគោលការណ៍នោះថា៖ Figurative Language ឬ អត្ថាប្បដិរូប ។ ភ្ជាប់ជាមួយគោលការណ៍អត្ថាប្បដិរូបនេះ មានសាខាគោលការណ៍តូចៗមួយចំនួនទៀតដែលជាគ្រឿងទេសសម្រាប់ធ្វើឲ្យសំណេរមានអត្ថរសល្អប្រសើរ ។ Figurative Language ឬអត្ថាប្បដិរូប សំដៅលើការប្រើរូបភាពមួយតំណាងឲ្យរូបភាពមួយទៀតដែលមិនពាក់ព័ន្ធគ្នា ប៉ុន្តែអ្នកអានឬអ្នកទស្សនាអាចយល់ឬស្គាល់នៅក្នុងអារម្មណ៍ថាអ្នកនិពន្ធចង់និយាយអំពីអ្វី ។ ឧទាហរណ៍ កុលាបប៉ៃលិន ឬ រំដួលដងស្ទឹងសង្កែ ។ គ្រាន់តែឃើញចំណងជើង អ្នកអានអាចយល់នៅក្នុងអារម្មណ៍ថា អ្នកនិពន្ធសំដៅលើស្រីក្រមុំស្រស់សោភានៅខេត្តប៉ៃលិន និងនៅក្បែរដងស្ទឹងសង្កែ មិនមែនផ្កាកុលាបឬផ្ការំដួលឡើយ ។ យើងអាចសួរថា ហេតុអ្វីក៏អ្នកនិពន្ធមិននិយាយឲ្យចំៗតែម្តងទៅ ចាំបាច់ប្រើអត្ថាប្បដិរូបនាំឲ្យវែងឆ្ងាយធ្វើអ្វី?? ចម្លើយគឺ គេធ្វើបែបនេះដើម្បីបង្កឲ្យមានចម្ងល់និងការចង់ដឹងចង់យល់ពីសំណាក់អ្នកអាន ដែលភាសាអង់គ្លេសហៅថា Suspense ។ នៅក្នុងអត្ថាប្បដិរូបនេះ មានរូបធាតុតូចៗមួយចំនួនដែលដើរតួសំខាន់ក្នុងការចងចិត្តនិងអារម្មណ៍អ្នកអាន ។ ១) Metaphors ពាក្យនេះសំដៅដល់ការប្រៀបធៀបនៅក្នុងវោហារសាស្ត្រ ។ យើងប្រើពាក្យពេចន៍ប្រៀបធៀបនេះនៅក្នុងការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ឧទាហរណ៍ សន្យាខ្យល់ ឬ យកទៅបំផើមចោល ។ ពាក្យនេះ ស្តាប់ទៅដូចជាគ្មានពាក់ព័ន្ធនឹងអ្វីមួយច្បាស់លាស់ឡើយ ប៉ុន្តែអ្នកអានឬស្តាប់អាចកាត់យល់ថាវាសំដៅលើការកុហកបោកប្រាស់ ឬមិនគោរពពាក្យសន្យា ។ លោកសុទ្ធ ប៉ូលីន នៅក្នុងប្រលោមលោករឿង អ្នកមេម៉ាយនៅអិលអេ បានបង្ហាញនូវឧទាហរណ៍ជាច្រើនអំពីសិល្បវិធីនេះ ។ ២) Foreshadowing ពាក្យនេះសំដៅដល់ភាពអាថ៌កំបាំងដែលអ្នកនិពន្ធព្រលយឲ្យដឹងខ្លះៗ ប៉ុន្តែតួអង្គពាក់ព័ន្ធអត់ដឹងថាព្រឹត្តិការណ៍កំពុងនាំខ្លួនទៅកាន់អ្វីដែលនឹងកើតឡើងនោះឡើយ ។ នៅក្នុងរឿងអ្នកមេម៉ាយនៅអិលអេ លោក សុទ្ធ ប៉ូលីន បានបង្ហាញឧទាហរណ៍ជាច្រើនពាក់ព័ន្ធនឹងប្រការនេះ ។ ៣) Flashback វាជាការរៀបរាប់រំលឹកឡើងវិញអំពីព្រឹត្តិការណ៍ដែលបានកើតមាន ឬក៏អព្ភូតហេតុដែលតួអង្គសំខាន់ណាមួយបានជួបប្រទះនៅក្នុងដំណើរជីវិត ។ ឧទាហរណ៍៖ នៅក្នុងរឿងអ្នកមេម៉ាយនៅអិលអេ លោក សុទ្ធ ប៉ូលីន បានរៀបរាប់យ៉ាងបុិនប្រសព្វអំពីដំណើរជីវិតដ៏រីករាយមួយរបស់អ្នកមេម៉ាយឆ្ងាយភ័ព្វដែលត្រូវរងគ្រោះដោយសារពួកខ្មែរក្រហមនិងទាហានថៃធ្វើបាប ។ ៤) Falling Action សំដៅដល់ការបញ្ចប់នូវព្រឹត្តិការណ៍អ្វីមួយនៅក្នុងវគ្គមួយនៃសាច់រឿង ។ អ្នកមេម៉ាយនៅអិលអេ ដែលព្យាយាមស្រោចស្រង់បុរសសង្ហាពិការចិត្តស្ថិតនៅក្នុងសភាពវីវក់នឹងល្បែងនៅ ឡាសវេហ្គា (Las Vegas) រហូតដល់អស់ទាំងប្រាក់ ប្រឡាក់ទាំងមរតករបស់ម៉ែ (Loss of Innocence) ជាឧទាហរណ៍ដ៏ល្អមួយ ។ ប្រការនេះចង្អុលបង្ហាញថា សីល្បៈនៃការសរសេរប្រលោមលោកមានសណ្ឋានស្រដៀងនឹងតែងសេចក្តីដែរ គឺ៖ បង្ហើប បង្ហាញ បង្ហប់ ។ ឧទាហរណ៍ខាងលើនេះគឺជាការរកឃើញខ្លះៗរបស់ខ្ញុំតាមរយៈព្រះគ្រូ Google ។ គួរកត់សម្គាល់ដែរថា សំណេរនេះមិនមែនជាការជួយផ្សាយ ប្រូម៉ូសិន សៀវភៅអ្នកមេម៉ាយនៅអិលអេរបស់លោក សុទ្ធ ប៉ូលីន ឡើយ ។ ខ្ញុំមិនដែលស្គាល់គាត់ហើយក៏មិនធ្លាប់ជួបគាត់ដែរ ។ ខ្ញុំគ្រាន់តែចង់ចង្អុលបង្ហាញតាមការយល់ដឹងផ្ទាល់ខ្លួនថា៖ អ្នកដែលចង់ចេះ ចង់យល់ អំពីអត្ថរសនៃសំណេរអក្សរសីល្ប៍ដែលទាក់ទាញអារម្មណ៍និងពោពេញទៅដោយរូបធាតុនានាដែលជាគោលការណ៍នៃអក្សរសីល្ប៍ខ្លឹម អានត្រឹមរឿងអ្នកមេម៉ាយនៅអិលអេមួយ ក៏អាចក្រេបជញ្ជក់បានចំណេះដឹងច្រើអនេកដែរ ៕

Wednesday, January 22, 2020

ចំណីខួរក្បាល

ភាពស្រដៀងគ្នារវាងអភិបាលកិច្ចស្រុកឥណ្ឌាសម័យបុរាណនិងសហរដ្ឋអាមេរិកបច្ចុប្បន្ន អ្នកសិក្សាអំពីវប្បធម៌ខ្មែរសម័យបុរាណប្រហែលជាចាំថា សង្គមខ្មែរសម័យនោះគោរពបូជាព្រហ្មញ្ញសាសនានិងអនុវត្តគោលការណ៍ដឹកនាំរដ្ឋស្រដៀងគ្នានឹងប្រទេសឥណ្ឌា ។ គេរៀបចំសង្គមឲ្យមានវណ្ណៈគឺ ព្រាហ្មណ៍ ក្សត្យ វេស្យ និង សូទ្រ (អ្នកប្រាជ្ញ ស្តេច អ្នកជំនួញ និង ពលករ) ។ នៅក្នុងទំនាក់ទំនងរវាងពលរដ្ឋនៅក្នុងសម័យបុរាណនោះ អ្នកប្រាជ្ញបង្រៀនឬផ្តល់ដំបូន្មានដល់ស្តេច ។ ស្តេចគាំពារនិងលើកទឹកចិត្តអ្នកជំនួញក្នុងវិស័យពាណិជ្ជកម្ម ។ អ្នកជំនួញផ្តល់ផលនិងកែច្នៃពលកម្មរបស់ពលករឲ្យទៅជារូបិយបណ្ណដើម្បីទ្រទ្រង់ការអភិវឌ្ឃន៍ប្រទេសជាតិ ។ ចំណែកនៅសហរដ្ឋអាមេរិកនាគ្រាបច្ចុប្បន្ន ទំនាក់ទំនងស្រដៀងគ្នាត្រូវបានគេអនុវត្តិ ។ សហរដ្ឋអាមេរិកជាប្រទេសមូលធនដែលយក ជំនួញនិងបច្ចេកវិជ្ជា ជាមូលដ្ឋានអភិវឌ្ឃន៍ដោយផ្អែកលើអភិបាលកិច្ចសេរីនិយម ។ នៅក្នុងទំនាក់ទំនងរវាងអភិបាលកិច្ចនិងសេដ្ឋកិច្ច របៀបរបបគ្រុបគ្រងរបស់សហរដ្ឋអាមេរិកពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើគោលការណ៍ ព្រាហ្មណ៍ ក្សត្យ វេស្យ និង សូទ្រ របស់ឥណ្ឌាសម័យបុរាណ ។ នៅក្នុងការិយាល័យប្រធានាធិបតីអាមេរិកាំង មានទីប្រឹក្សាមួយក្រុមដែលគេហៅថា គណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា (Presideantial Committee of Advisors on Sciences and Technologies) ។ ក្រៅអំពីក្រុមប្រឹក្សាដែលជាអ្នកវិទ្យាសាស្ត្រ (Scientists) ទាំងនេះ រដ្ឋមន្ត្រីទាំងអស់ក៏ជាទីប្រឹក្សារបស់ប្រធានាធិបតីដែរ ។ រដ្ឋមន្ត្រីនីមួយៗមានគណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ជាទីប្រឹក្សាផងដែរ ។ ដូច្នេះ ការសម្រេចចិត្តនានារបស់ប្រធានាធិបតីអាមេរិកាំងពាក់ព័ន្ធនឹងការដឹកនាំប្រទេស ជាទូទៅគឺប្រសូត្រចេញមកអំពីគំនិតរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រ (វណ្ណៈព្រាហ្មណ៍) ។ និយាយជារួម គោលការណ៍អភិវឌ្ឃន៍និងដឹកនាំប្រទេសរបស់អាមេរិកាំង គឺពឹងផ្អែកលើទស្សនវិស័យដែលផុសចេញអំពីការស្រាវជ្រាវតាមបែបផែនវិទ្យាសាស្ត្រស្ទើរតែគ្រប់វិស័យ ។ សូម្បីតែការរស់នៅរបស់ពលរដ្ឋ ក៏គេប្រព្រឹត្តិទៅតាមលក្ខណៈវិទ្យាសាស្ត្រដែរ ។ នេះមិនមែនមានន័យថា សហរដ្ឋអាមេរិកជាប្រទេសអស្ចារ្យដាច់គេឯងនៅក្នុងពិភពលោកនេះទេ ។ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានថា ប្រទេសអាមេរិកមានលក្ខណៈពិសេសម៉្យាងដាច់ដោយឡែកអំពីប្រទេសដទៃ ។ លក្ខណៈ "មិនច្រឡំនឹងគេ" នេះមិនអាចមើលយល់ដោយគ្រាន់តែធ្វើទស្សកិច្ចទេសចរបានទេ ។ គេត្រូវរស់នៅក្នុងប្រទេសនេះ ហើយសិក្សាស្វែងយល់ដោយផ្ទាល់និងដោយប្រយោលផងដែរ ៕

Thursday, January 16, 2020

ចំណីខួរក្បាល

ផែនទីបង្ហាញផ្លូវ ឬ ផែនទីផ្លូវ ខ្ញុំធ្លាប់បានសរសេរបកស្រាយអំពីពាក្យ ផែនទីផ្លូវ នេះម្តងរួចហើយ ។ ប៉ុន្តែ នៅពេលដែលខ្ញុំឃើញគេយកពាក្យនេះមកបកប្រែប្រើក្នុងន័យមិនសូវត្រឹមត្រូវ វាធ្វើឲ្យខ្ញុំនៅមិនសុខ ។ ខ្ញុំដឹងច្បាស់លាស់ថា ពាក្យផែនទីផ្លូវ ឬ Roadmap or Road Map មានប្រភពចេញមកពីទីណា ហើយគេបង្កើតវាឡើងនៅក្នុងក្នុងគោលដៅអ្វី ។ មុននឹងខ្ញុំបកស្រាយពិស្តារ ខ្ញុំសូមបញ្ជាក់ថាពាក្យផែនទីផ្លូវ ឬផែនទីបង្ហាញផ្លូវ មិនពាក់ព័ន្ធនឹង ផែនទី ឬក៏ ផ្លូវ ឡើយ ។ ពាក្យ Roadmap នេះ បើបកប្រែឲ្យត្រឹមត្រូវទៅតាមអត្ថន័យដើមរបស់វា Original Intention គឺមានន័យថា៖ គោលការណ៍កំណត់គោលដៅ ។ នៅទសវត្សឆ្នាំ ១៩៩០ ខ្ញុំបានទៅសរសេរកំណត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយរបស់វិជ្ជាស្ថានសុខភាពជាតិ National Institute of Health (NIH) របស់សហរដ្ឋអាមេរិក ។ គណកម្មាធិការនោះមានតួនាទីចែកចាយថវិការបស់ NIH ដែលមានចំនួនប្រមាណជា ៤៥ កោដដុល្លារ ($45 Billion) ទៅឲ្យស្ថាប័ននានានៅទូទាំងប្រទេសដើម្បីស្រាវជ្រាវនិងស្វែងរកដំណោះស្រាយគាំពារសុខមាលភាពពលរដ្ឋ ។ ស្ថាប័នសំខាន់ដែលពាក់ព័ន្ធនៅក្នុងយុទ្ធនាការនោះគឺ សាកលវិទ្យាល័យនិងមន្ទីរពេទ្យដែលភាគច្រើនជាប្រតិបត្តិករ(Operators)មន្ទីរពិសោធ ។ ដោយហេតុតែកិច្ចការនោះពាក់ព័ន្ធនឹងស្ថាប័នចម្រុះហើយតម្រូវឲ្យមានការបន់បែនទៅតាមស្ថានភាពនៃស្ថាប័ននីមួយៗ គណកម្មាធិការសម្រេចមិនប្រើពាក្យយុទ្ធសាស្ត្រទេ ដោយយកពាក្យ Roadmap ឬ គោលការណ៍កំណត់គោលដៅ នេះមកជំនួសវិញ ។ មូលហេតុដែលគេប្រើពាក្យ គោលការណ៍កំណត់គោលដៅ ត្បិតវាមិនសូវតឹងរឹងដូចយុទ្ធសាស្ត្រ ។ វាអនុញាតិឲ្យអ្នកអនុវត្តបត់បែនទៅតាមកាលៈទេសៈ ។ អ្វីដែលជាកត្តាកត់សម្គាល់គឺថា គោលការណ៍កំណត់គោលដៅ មានសណ្ឋានស្រដៀងគ្នានឹងយុទ្ធសាស្ត្រដែរ ។ នៅដើមទសវត្សឆ្នាំ ២០០០ ពាក្យ Roadmap ត្រូវបានប្រធានាធិតីអាមេរិកយកមកប្រើក្នុងវិស័យនយោបាយនិងអភិបាលកិច្ច ហើយក៏ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅក្នុងពិភពលោករហូតលេចឮដល់ប្រទេសកម្ពុជាដែលយកពាក្យនេះមកធ្វើជាចំណងជើងនៅក្នុងកម្មវិធីយុទ្ធនាការអប់រំ ។ អ្វីដែលធ្វើឲ្យខ្ញុំនៅមិនសុខពាក់ព័ន្ធនឹងពាក្យ Roadmap ឬផែនទីបង្ហាញផ្លូវនេះ គឺថា ក្រសួងអប់រំខ្មែរគួរណាស់តែធ្វើកិច្ចការនេះឲ្យបានមធ្យ័តបន្តិច ។ មុននឹងបកប្រែពាក្យនេះយកជាផ្លូវការ គេមិនចាំបាច់បញ្ជូនបុគ្គលិកទៅសិក្សាស្វែងយល់ដល់ វិជ្ជាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិកទេ គេគ្រាន់តែស្រាវជ្រាវនៅក្នុង ហ្គូហ្គល Google ក៏អាចដឹងថាពាក្យនេះមិនពាក់ព័ន្ធនឹងផែនទី ឬក៏ផ្លូវដែរ (Tongue in cheek) ។ សម្រាប់អ្នកដែលចេះភាសាអង់គ្លេសហើយចង់ដឹងអត្ថន័យពិស្តារនៃពាក្យនេះ អ្នកអាចសរសេរពាក្យ៖ roadmap in education នៅក្នុងប្រព័ន្ធ Search របស់ Google ហើយអានការពណ៌នានានានៅក្នុងនោះ ៕

Friday, January 3, 2020

ចំណីខួរក្បាល

អរគុណសន្តិភាព! តើយើងគួរអរគុណសន្តិភាពរបៀបណា? គួរអរគុណអ្នកណា? អ្វីទៅជាកត្តា (Criteria) ដែលបញ្ជាក់ថាយើងមានសន្តិភាព? បើតាមនិយមន័យសាកល សន្តិភាព បានដល់ភាពស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ដើម្បីឲ្យកាយនិងចិត្តស្ងប់ទៅកើត លុះត្រាណាតែបុគ្គលមនុស្សម្នាក់ៗ (Individual human being) មានសេរីភាពយ៉ាងហោចណាស់ក៏បួនប្រការដែរ ។ សេរីភាពទាំងបួនប្រការនោះជាភាសាអង់គ្លាសគេហៅថា៖ Freedom from Want; Freedom from Fear; Freedom from Opression; Freedom from Depression ។ ខ្ញុំសូមបកប្រែជាភាសាខ្មែរថា៖ មិនព្រួយអំពីការអត់ឃ្លាន មិនព្រួយអំពីជម្ងឺតម្កាត់ មិនព្រួយអំពីសុវត្ថិភាព និង មិនព្រួយអំពីសេចក្តីស្លាប់ ។ វិចិត្រករអាមេរិកាំងមួយរូបឈ្មោះ ណ័រមែន រ៉ុកវ៉ែល (Norman Rockwell) បានគូររូបភាពចំនួនបួនតំណាងឲ្យសេរីភាពដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព (សូមមើលរូបភ្ជាប់ជាមួយនឹងអត្ថបទ) ។ សម្រាប់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ តើយើងមានសន្តិភាពដែលគួរឲ្យថ្លែងអំណរគុណដែរទេ? បើយើងគិតថាស្រុកខ្មែរមានសន្តិភាព តើសន្តិភាពនោះបានដល់សេចក្តីសុខស្ងប់ទាំងផ្លូវកាយនិងផ្លូវចិត្តដែរទេ? ផ្អែកលើព្រឹត្តិការណ៍ដែលកើតមានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ យើងសង្កេតឃើញថា ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្មានសេចក្តីសុខស្ងប់នៅក្នុងចិត្តទេ ។ គ្រាន់តែពិរុទ្ធជនមួយរូបធ្វើដំណើរទៅស្រុកខ្មែរដើម្បីចូលខ្លួនឲ្យអាជ្ញាធរចាប់ផ្តន្ទាទោស គេពង្រាយទ័ពបិទច្រកព្រុំដែនច្រងាប់ច្រងិល ។ នេះហើយឬជាសន្តិភាពដែលពលរដ្ឋខ្មែរគួរមានអំណរគុណ???

ចំណីខួរក្បាល

នរកប្រាំបួនជាន់ ថ្មីៗនេះ ខ្ញុំបានមើលភាពយន្តឯកសារស្តីអំពីកវីដ៏ល្បីល្បាញមួយរូបរបស់ប្រទេសអ៊ីតាលី គឺលោក ដានតេ អាលីហ្គៀរី (Dante Aligieri) ។ ខ្...