Monday, December 17, 2018

ចំណីខួរក្បាល

នៅចន្លោះញញួនិងដុំថ្ម (Between a Rock and a Hard Place) កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរអត្ថបទមួយក្រោមចំណងជើងថា៖ ទានៅលើបង្គង ដែលរៀបរាប់អំពីហានិភ័យរបស់សកម្មជននយោបាយគណបក្សសង្គ្រោះជាតិ ១១៨រូប ។ ហានិភ័យដែលជនទាំង ១១៨រូបប្រឈមគឺបំរាមមិនឲ្យមនុស្សដែលលុះនឹងនយោបាយ "political animals" ទាំង ១១៨នាក់នេះ ធ្វើនយោបាយ ។ ខណៈនេះសភាឯកបក្សរបស់គណៈបក្សប្រជាជន សម្រេចស្រាយចំណងទណ្ឌកម្មនោះចេញមកវិញ ដើម្បីសម្តែងនូវភាព មេត្តា ករុណា ដល់អ្នកនយោបាយផងគ្នា ។ ពាក្យ "សម្តែង" នៅទីនេះ ពាក់ព័ន្ធនឹងសីល្បៈច្រើនជាងមនោសញ្ចេតនា ។ នៅចន្លោះញញួនិងដុំថ្ម គឺសំដៅលើមនុស្សដែលកំពុងប្រឈមនឹងទ្ធេគ្រោះ (Dilemma) ។ ខ្មែរយើងមានពាក្យមួយឃ្លាស្រដៀងគ្នាគឺ៖ ចុះទឹកក្រពើ ឡើងលើខ្លា ។ ប៉ុន្តែ នៅចន្លោះញញួនិងដុំថ្ម មិនសូវមានហានិភ័យខ្ពស់ដូចចុះទឹកក្រពើ ឡើងលើខ្លា ឬក៏ ទានៅលើបង្គងទេ ប្រសិនបើមនុស្សដែលស្ថិតនៅក្នុងស្ថានភាពនេះ ជ្រើសរើសយកផ្លូវធ្វើដំណើរចេញអំពីទ្ធេគ្រោះ ប្រកបដោយបញ្ញាញាណ ។ អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា រាប់បញ្ចូលទាំងរូបខ្ញុំម្នាក់ដែរ ភាគច្រើនប្រដូចដំណើរនយោបាយនៅស្រុកខ្មែរទៅនឹងរឿងល្ខោន ។ នេះជាការប្រដូចមួយដែលខ្ញុំគិតថា មានភាពត្រឹមត្រូវគួរសមដែរ ។ ក្នុងនាមជាចៃល្ខោននយោបាយខ្មែរម្នាក់ ខ្ញុំហាក់ដូចជាយល់សាច់រឿងស្តីអំពីការលើកលែងទោសឲ្យសកម្មជននយោបាយបក្សសង្គ្រោះជាតិ១១៨រូប ខ្លះៗហើយ ។ ដូច្នេះ ខ្ជិលចាំទាល់តែគេសម្តែងចប់ណាស់ ។ សុំបង្កើតសេណារីយោ (Scenario) មើលបញ្ចប់មុនហើយ ។ សុភាសិតចិនមួយពោលថា៖ ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ ។ សម្តេច ហ៊ុន សែន ហាក់ដូចជាយល់ចំណុចនេះជាក់លាក់ ។ ដូច្នេះ គាត់មិនប្រមាទទេ ទោះបីគាត់មានប្រៀបជាងគូបដិបក្សយ៉ាងណាក៏ដោយ ។ នៅក្នុងដំណើរការដោះស្រាយបញ្ហា EBA ល្ខោនរឿង ១១៨ នឹងចាប់ផ្តើមឡើងដោយឆាក កាប់ដើមឈើចេញពីព្រៃ ។ យុទ្ធសាស្ត្រ ដើមឈើនិងព្រៃឈើនេះ ជាចំណុចខ្សោយនៅក្នុងប្រព័ន្ធនយោបាយខ្មែរដែលផ្អែកលើគ្រួសារនិយមនិងអាមុីអាថោងនិយម (Cronism and Patronage) តាំងតែពីបុរាណកាលមក ។ សកម្មជននយោបាយខ្មែរក៏ដូចជាពលរដ្ឋខ្មែរដែរ ភាគច្រើនគឺគោរពបូជាបុគ្គលនិងគ្រួសារ ជាជាងគោលនយោបាយឬឧត្តមគតិនយោបាយ ។ ដូច្នេះ ដកតួឯកបួនប្រាំនាក់របស់សង្គ្រោះជាតិមិនឲ្យសម្តែងនៅក្នុងរឿងល្ខោន ១១៨ វានឹងធ្វើឲ្យបុគ្គលទាំងនោះកើតទុក្ខមិនសុខចិត្ត ។ ជំងឺតួឯកនឹងដុតរោលរហូតដល់កើតកោឡាហល ។ ចំណែកអ្នកនៅសល់ដែលអាចចូលរួមសម្តែង គេតម្រូវឲ្យដាក់ពាក្យសុំទៅអ្នកដឹកនាំរឿងជាមុនសិន ដើម្បីត្រួតពិនិត្យកាយសម្បទា ។ នៅពេលជ្រើសរើសតួបានល្មមនឹងសម្តែងហើយ ល្ខោនរឿង ១១៨ នឹងចាប់ផ្តើមសម្តែងឲ្យទស្សនិកជននៅ EBA មើលមុនគេ ។ បើ EBA មើលចប់ហើយមិនទះដៃ បានសេចក្តីថាល្ខោនរឿង ១១៨នេះមិនទាន់ចប់ទេ ។ អ្នកដឹកនាំនឹងបន្ថែមតួដូរសាច់រឿងតម្រូវចិត្តអ្នកមើលបន្តទៅទៀត ។ ប៉ុន្តែ តួឯកអាចនឹងមិនត្រូវបានគេដាក់ឲ្យចូលសម្តែងឆាប់ៗទេ ។ បើមើលតាមឈុតឆាកដែលគេដាក់តាំងបង្ហាញ យើងអាចសន្និដ្ឋានបានថា ជំហានទីមួយគឺឲ្យតួរាយឡើងសម្តែងមុន ។ បើទស្សនិកជនមិនសូវចូលចិត្ត គេនឹងបន្ថែមតួរងឲ្យចូលរួមសម្តែងដែរ ។ តួឯកគឺជាជម្រើសចុងក្រោយបំផុត ។ ថ្មីៗនេះ លោក សម រង្សី បានមានប្រសាសន៍ថា សកម្មជនគណៈបក្សសង្គ្រោះជាតិដែលដាក់ពាក្យទៅរដ្ឋាភិបាលគណៈបក្សប្រជាជនសុំសិទ្ធិធ្វើនយោបាយ គឺចាត់ទុកថាជាអ្នកក្បត់បក្សសង្គ្រោះជាតិ ។ សេចក្តីប្រកាសនេះ គឺមិនខុសអ្វីអំពីដាក់មនុស្សជាង ១០០នាក់ឲ្យស្ថិតនៅចន្លោះ ញញួនិងដុំថ្មនោះទេ ។ ជាគោលការណ៍យុទ្ធសាស្ត្រ គណៈបក្សប្រជាជននឹងមិនដកបំរាមធ្វើនយោបាយឲ្យសកម្មជនគណៈបក្សសង្គ្រោះជាតិទាំង ១១៨នាក់ ជាកញ្ចប់នោះទេ ។ ហើយក៏មិនចង់ឲ្យមានយីហោបក្សសង្គ្រោះជាតិរស់ឡើងវិញដែរ ។ ការបោះបោះឆ្នោតសាថ្មីមុនអាណតិ ក៏រិតតែនៅឆ្ងាយថែមទៀត ។ សេចក្តីសន្និដ្ឋាននេះអាចខុស ប៉ុន្តែ បើយើងមើលតាមកាយវិការនយោបាយ (Political Gesture) ដែលគណៈបក្សប្រជាជនកំពុងបង្ហាញ វាអាចជាអ្វីដែលមាននៅក្នុងរបៀបវារៈ (Agenda)៖ ១) ប្រកាសជាសធារណៈឈ្មោះបុគ្គលដែលមិនមានសិទ្ធិដាក់សំណើរសុំលើកលែងទោសដើម្បីអាចធ្វើនយោបាយឡើងវិញ ។ បន្ទាប់មកគេនឹងរង់ចាំថាតើមានមនុស្សជាប់បំរាមប៉ុន្មានដាក់ពាក្យសុំសិទ្ធិ ។ អ្នកដែលមិនដាក់ គឺចាត់ទុកថាជាអ្នកភ្ជាប់ខ្លួនជាមួយនឹងមនុស្សនៅក្នុងបញ្ជីខ្មៅ ហើយបញ្ចូលឲ្យនៅក្នុងក្រុមឧទាមតែម្តង ។ ២) ប្រកាសជាសាធារណៈឲ្យមនុស្សជាប់បំរាមទាំង ១១៨រូបដាក់សំណើរសុំលើកលែងទោស ដើម្បីស្វែងយល់គោលជំហរបុគ្គលសំខាន់ៗ ។ លើកលែងទោសឲ្យតែបុគ្គលណាដែលគួរលើកលែង ដើម្បីសម្តែងឲ្យទស្សនិកជននៅ EBA មើល ។ បន្ថែមតួសម្តែងមួយដំណាក់កាលម្តងៗ រហូតទាល់តែ EBA ទះដៃសាទរ ។ នៅពេលបញ្ហាជាមួយនឹង EBA ដោះស្រាយរួច អ្វីៗនឹងត្រូវបានបញ្ចប់ ។ ល្ខោននយោបាយរឿង ១១៨ក៏ចប់ត្រឹមនោះដែរ ។ សម្រាប់បុគ្គលជាប់បំរាមទាំង ១១៨រូប យុទ្ធសាស្ត្រដើមឈើនិងព្រៃឈើប្រហែលជាកត្តាតែមួយគត់ដែលត្រូវលើកយកមកត្រិះរិះពិចារណា ។ សំណួរដ៏សំខាន់បំផុតនោះគឺថា៖ តើត្រូវរក្សាព្រៃឈើ ឬក៏ការពារដើមឈើដែលគេកំពុងតែកាប់រំលំ??? សង្ឃឹមថា អ្នកអាចរកដំណោះស្រាយដើរចេញពី ចន្លោះញញួនិងដុំថ្ម ប្រកបដោយសុវត្ថិភាព ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...