Friday, March 24, 2017
ចំណីខួរក្បាល
កំហុសរបស់ ដូណាល់ ត្រាំ
មកដល់ពេលនេះ វាមានរយៈពេលជាងពីរខែហើយចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ។ ប៉ុន្តែ គាត់ហាក់ដូចជាមិនអាចធ្វើកិច្ចការអ្វីមួយឲ្យចេញជាដំុកំភួននៅឡើយ ។ អ្វីៗដែលគាត់ចង់និងកំពុងធ្វើហាក់ដូចជាជាប់ក្តៀនដូចអាចមន៍ក្នុងក្តិត ។ រឿងជនអន្តោប្រវេសន៍ខុសច្បាប់ ចេញប្រតិបត្តិការណ៍មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ត្រូវផ្អាកទៅវិញដោយសារប្រតិកម្មរបស់ពលរដ្ឋ ។ ឯរឿងធ្វើច្បាប់ធានារ៉ាប់រងសុខភាពរបស់ពលរដ្ឋសារជាថ្មីនោះ ក៏ជួបបញ្ហារាប់មិនអស់ ។ លើសនេះទៅទៀត រឿងមន្ត្រីជំនិតរបស់គាត់ពាក់ព័ន្ធជាមួយនឹងការលូកដៃរបស់ភ្នាក់ងាររ៉ុស្សីនៅអំឡុងពេលយុទ្ធនាការបោះឆ្នោតនោះ ក៏កំពុងតែទាក់ទាញចំណាប់អារម្មណ៍ណាស់ដែរ ។ នៅពេលបញ្ហាស្មុគស្មាញកើនកាន់ច្រើន គាត់ស្រាប់តែគិតពីរឿងធ្វើយុទ្ធនាការស្វែងរកការគាំទ្រដើម្បីឈរឈ្មោះបោះឆ្នោតសម្រាប់អាណតិទីពីរទៅវិញ ។ ឱ! ម៉ែអាថ្លែនអើយ! ម៉ែឪអាណាឃោសនារកសម្លេងឆ្នោតបួន(៤)ឆ្នាំមុនពេលបោះឆ្នោតមកដល់នោះ ។ ទម្រាំដល់ពេលបោះឆ្នោត អ្នកបោះឆ្នោតភ្លេចសារនយោបាយគាត់អស់ទៅហើយ ។
លោកត្រាំជាអ្នកជំនួញដ៏ឈ្លាសវៃម្នាក់ ។ ប៉ុន្តែ គាត់ហាក់ដូចជាមិនសូវឆ្លាតនៅក្នុងការធ្វើជំនួញនយោបាយសោះ ។ ចំណុចខ្សោយដ៏ធំរបស់គាត់គឺសេចក្តីប្រមាទ ។ សុភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ (Know yourself, know your enemies; a hundred battles, a hundred victories) ។ ផ្អែកលើចំណុចនេះ លោកត្រាំគាត់ស្គាល់ខ្លួនឯងច្បាស់ណាស់ ប៉ុន្តែ គាត់មិនខ្វល់នឹងស្វែងយល់អំពីសត្រូវរបស់គាត់ទេ ។ សត្រូវធំបំផុតរបស់គាត់គឺប្រព័ន្ធផ្សព្វផ្សាយ ។ អ្នកណាក៏ដឹងដែរថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាប្រព័ន្ធសេរី គ្មានការគ្រប់គ្រងឬរិតត្បិត ។ អ្នកធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសេរីនេះ មិនខុសអ្វីពីឆ្កែប្រមាញ់នោះទេ ។ ពេលមានអ្វីមួយទាក់អារម្មណ៍សាធារណៈ ពួកគេនឹងស្វះស្វែងគាស់កកាយយកមកផ្សព្វផ្សាយមិនឈប់ឈរឡើយ ។ ដូច្នេះ នៅពេលដែលលោកត្រាំស្រែកប្រកាសពត៌មានរសើបណាមួយថាជាពត៌មានមិនពិត (Fake News) វាមិនខុសអ្វីពីបង្អៅឆ្កែឲ្យដេញខាំសត្វនោះទេ ព្រោះថាគេត្រូវបញ្ជាក់ឲ្យច្បាស់ថា ពត៌មានមិនពិតនោះ គឺមិនពិត ពិតមែន ។ ជាគោលការវិជ្ជាជីវៈ អ្នកសាពត៌មាន រមែងស្វែងរកការពិត ។ ដូច្នេះ សម្តីប្រធានាធិបតីដែលល្បីខាងរិះគន់ពត៌មានថាមិនពិតនោះ ក៏ត្រូវបានគេគាស់កកាយស្វែងរកការពិតដូចគ្នា ។ ជាក់ស្តែង នៅពេលលោក ត្រាំ ប្រកាសថា អាតីតប្រធានាធិបតី បារាក់ អូបាមា បានបញ្ជាឲ្យភ្នាក់ងារសម្ងាត់លួចស្តាប់ទូរសព្ទនៅក្នុងការិយាល័យរបស់គាត់នោះ វាត្រូវបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយរបស់ប្រព័ន្ធផ្សព្វផ្សាយ ។ ឥឡូវនេះ ពត៌មានពិតដែលចេញពីមាត់របស់ប្រធានាធិបតី ត្រាំនោះ ត្រូវបានគេបញ្ជាក់ជាក់លាក់ហើយ៖ វាជាពត៌មានមិនពិត ពិតមែន ។ The Truth matters, Mr. President. ប្រព័ន្ធសាពត៌មានរបស់សហរដ្ឋអាមេរិកជាស្តេច មិនអាចនរណាប្រមាទបានឡើយ ។ សូម្បីប្រធានាធិបតីក៏មិនអាចដែរ ។ សង្ឃឹមថាលោកត្រាំយល់អំពីចំណុចនេះ ហើយអាចរកមធ្យោបាយប្រើប្រព័ន្ធផ្សព្វផ្សាយដើម្បីបម្រើផលប្រយោជន៍នយោបាយ ជាជាងបំផ្លាញគោលនយោបាយ ឬជីវិតនយោបាយរបស់គាត់ ៕
Thursday, February 16, 2017
ចំណីខួរក្បាល
បំណុលកខ្វក់
កាលពីទសវត្សឆ្នាំ ១៩៧០ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លន់ ណុល បានខ្ចីប្រាក់ពីសហរដ្ឋអាមេរិកចំនួន ២០០លានដុល្លារ ។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបន្តបន្ទាប់ចាប់ពីពេលនោះមកដល់ឥឡូវមិនអើពើសងបំណុលនោះទេ ដោយយកលេសថា ជាបំណុលកខ្វក់ ព្រោះសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលលោក លន់ ណុល ពេលនោះជាសម្ព័ន្ធមិត្តនឹងគ្នា ។ ឥឡូវនេះ បំណុលនោះបានកើនឡើងដល់ ៥០០លានដុល្លារហើយ ដោយសារការប្រាក់ ។ ខ្ញុំមិនមែនជាអ្នកជំនាញខាងបំណុលពិភពលោកទេ ប៉ុន្តែខ្ញុំដឹងថានៅក្នុងកែវភ្នែកម្ចាស់បំណុល គ្មានបំណុលណាដែលកខ្វក់ទេ ។ កូនបំណុលចាំបាច់ត្រូវតែសងប្រាក់កម្ចី ទោះបីជាកូនបំណុលស្លាប់ទៅហើយក្តី ក៏អ្នកស្នងមរតកកូនបំណុលត្រូវទទួលបន្ទុកសងបន្តដែរ ។ បញ្ជាក់៖ បំណុលអត់ស្លាប់តាមកូនបំណុលទេ លើកលែងតែកូនបំណុលគ្មានអ្នកស្នងមរតក ។
សព្វថ្ងៃ ប្រព័ន្ធធនាគារផ្តល់ប្រាក់កម្ចីខ្នាតតូច ដែលគេហៅថា Micro-Finance Institute (MFI) កំពុងរីកលូតលាស់ដូចផ្សិតនៅក្នុងប្រទេសកម្ពុជា ។ ពលរដ្ឋខ្មែរដែលរស់នៅតាមទីជនបទនានាជាច្រើនប្រើសេវាប្រាក់កម្ចីខ្នាតតូចនេះ ហើយពួកគាត់សុទ្ធតែដឹងថា ដើម្បីខ្ចីប្រាក់ពីធនាគារបាន គាត់ចាំបាច់ត្រូវមានទ្រព្យសម្បត្តិធានា ដែលភាសាអង់គ្លេសហៅថា កូឡេតូរ៉ល (Collateral) ដាក់បញ្ចាំ ។ នៅក្នុងករណីកូនបំណុលមិនសងបំណុលតាមកិច្ចសន្យា មេបំណុលមានសិទ្ធិរឹបអូសយកទ្រព្យសម្បត្តិធានារបស់កូនបំណុល ។ នៅក្នុងការខ្ចីបុលរវាងប្រទេសមួយទៅប្រទេសមួយ គេក៏ធ្វើលក្ខន្តិក ឬក៏ដើរតាមច្បាប់ទម្លាប់ស្រដៀងគ្នាដែរ ។ ថ្នាក់ដឹកនាំឬប្រមុខរដ្ឋាភិបាលដែលទៅខ្ចីបុលប្រាក់ពីប្រទេសដទៃគឺត្រូវយកប្រទេសឬធនធានធម្មជាតិ ឬក៏សក្តានុពលកំណើនសេដ្ឋកិច្ចនៅថ្ងៃអនាគត ទៅដាក់ជាកូឡេតូរ៉ល ។ បន្ទាប់ពីបំណុលនោះដល់រយៈពេលត្រូវសងគេវិញ ពលរដ្ឋទាំងអស់រួមទាំងអ្នកចុះហត្ថលេខាខ្ចីប្រាក់នោះផង ត្រូវប្រមូលប្រាក់ដែលបានមកពីការបង់ពន្ធដារនិងជំនួញនានាទៅសងគេបន្តិចម្តងៗ (ទាំងការទាំងដើម) រហូតដល់ផុតជំពាក់ទើបរួចខ្លួន ។ បើមិនដូច្នោះទេ ម្ចាស់បំណុលនឹងតាមទារបំណុលនោះតកូនតចៅ ។
ការមិនអើពើសងបំណុលអាមេរិក ដោយទុកឲ្យបំណុលនេះកើនឡើងស្ទើរ៣ដងនៃប្រាក់កម្ចីនោះ គឺជាទង្វើខ្វះការទទួលខុសត្រូវ និងគ្មានមោទកភាពទាល់តែសោះ ។ ទី ១ កម្ពុជាខាតការប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ទី ២ កិត្តិយសប្រទេសកម្ពុជានឹងស្ថិតនៅក្នុងភាពអវិជ្ជមានពាក់ព័ន្ធការខ្ចីបុលប្រាក់កាក់ ។ ទី ៣ វាជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ ។ ឧទាហរណ៍ ១០ឬ២០ឆ្នាំទៅមុខទៀត តើរដ្ឋាភិបាលកម្ពុជាអាចបដិសេធសងបំណុលចិនដែរឬទេ ដោយយកលេសថាជាបំណុលកខ្វក់ ព្រោះរដ្ឋាភិបាលកម្ពុជាដែលបានខ្ចីប្រាក់ពីប្រទេសចិនមកនោះ ជារដ្ឋាភិបាលពុករលួយ ។
រដ្ឋភិបាលកម្ពុជាមិនគួរទុកឲ្យបំណុលអាមេរិកកើនឡើងបន្តទៅទៀតទេ ទោះបីបំណុលនោះកខ្វក់ក៏ដោយ ព្រោះថាអ្នកដែលខាតធំនោះ គឺពលរដ្ឋខ្មែរមិនមែនអាមេរិកទេ ។ មិនដឹងថា ថ្នាក់ដឹកនាំខ្មែរដែលស្រែកទទូចកោកៗអោយអាមេរិកលុបបំណុលនោះ យល់អំពីការគ្រប់គ្រងថវិការបស់សហរដ្ឋអាមេរិកដែរឬទេ ។ សហរដ្ឋអាមេរិកក៏ដូចជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យដទៃទៀតដែរ ។ ការគ្រប់គ្រងថវិការ រួមទាំងការផ្តល់ជំនួយ ផ្តល់កម្ចី ឬលុបបំណុលដល់ប្រទេសដទៃគឺស្ថិតនៅក្នុងស្ថាប័នរដ្ឋសភា ឬព្រឹទ្ធសភា ។ ប្រធានាធិបតី ឬប្រមុខរដ្ឋអាមេរិក គ្មានសិទ្ធិចាត់ចែងកិច្ចការនេះទេ ។ ដើម្បីលុបបំណុលចេញពីប្រទេសណាមួយ ប្រមុខឬដំណាងរដ្ឋាភិបាលត្រូវដាក់សំណើរទៅព្រឹទ្ធសភាដើម្បីពិនិត្យពិចារណា ។ លក្ខខណ្ឌលុបបំណុលគឺមានតែមួយគត់៖ កូនបំណុលគ្មានលទ្ធភាពនឹងសង ឬនិយាយឲ្យងាយយល់ ប្រទេសកូនបំណុលកំពុងតែស្ថិតនៅក្នុងកល្បយុគ (Fail or Bankcrupt State) ។ សម្រាប់ប្រទេសកម្ពុជាដែលមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំនោះ គ្មានផ្លូវដែលព្រឹទ្ធសភាអាមេរិកពិចារណារឿងលុបបំណុលកខ្វក់នោះចោលទេ ។
ទាក់ទិននឹងបំណុលដែលសល់ពីទសវត្សរ៍ឆ្នាំ ១៩៧០នោះ រដ្ឋាភិបាលកម្ពុជាអាចដាក់សំណើរដោយផ្ទាល់ ឬតាមរយៈស្ថានទូតអាមេរិកនៅស្រុកខ្មែរទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយដោយឈរលើគោលនយោបាយឈ្នះៗបាន ។ កម្ពុជាអាចស្នើទៅសហរដ្ឋអាមេរិកដើម្បីបង្កើតមូលនិធិអប់រំមួយស្រដៀងគ្នានឹងមូលនិធិអប់រំវៀតណាម (Vietnam Education Foundation, VEF) ។ មិនដឹងថា VEF ជាកិច្ចសហប្រតិបត្តិការរវាប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកដើម្បីកំចាត់បំណុលកខ្វក់ដែលសល់ពីអតីតប្រទេសវៀណាមខាងត្បួងឬយ៉ាងណាទេ ប៉ុន្តែ កម្ពុជាអាចយកគំរូនេះមកដោះស្រាយបញ្ហាបំណុលកខ្វក់របស់ខ្លួនបាន ។ បើតាមតួលេខចេញពី VEF និស្សិតវៀតណាមជិត ១០០០នាក់ ត្រូវបានទទួលយកមកសិក្សានៅសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ។ អ្វីដែលកម្ពុជាអាចធ្វើគឺចរចាកិច្ចព្រមព្រៀងមួយ ដើម្បីសងបំណុលកខ្វក់នោះទៅសហរដ្ឋអាមេរិកវិញ ដោយស្នើសុំពាក់កណ្តាល ឬក៏2/3នៃទឹកប្រាក់បំណុលនោះតំកល់ទុកនៅក្នុងរតនាគារអាមេរិកសម្រាប់ផ្តល់ជាអាហារូបករណ៍ដល់និស្សិតខ្មែរមកសិក្សាថ្នាក់បរិញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ។ ធ្វើដូច្នេះ ទាំងកម្ពុជា ទាំងសហរដ្ឋអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ។ ហើយបញ្ហាបំណុលកខ្វក់ក៏នឹងត្រូវបានលុបបំបាត់ចោលដែរ ។ នេះគ្រាន់តែជាគំនិតសាមញ្ញរបស់ខ្ញុំ ៕
Monday, February 6, 2017
ចំណីខួរក្បាល
វិបត្តិកូនស្រឡាញ់ម្តាយ (Oedipus Complex)
កាលសិក្សាចិត្តវិទ្យានៅសាកលវិទ្យាល័យ មានមេរៀនមួយពាក់ព័ន្ធនឹងការចម្រើនវ័យរបស់កុមារដែលខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនៅត្រង់ចំណុចមួយដែលភាសាអង់គ្លេសហៅថា អេឌីបុឺស ខំផ្លិច (Oedipus Complex) ។ សារសំខាន់នៃចំណុចនេះគឺស្ថិតត្រង់ថា កុមារាដែលមានវ័យចន្លោះពី ៣ទៅ៦ឆ្នាំ តែងតែមានចិត្តស្រឡាញ់ស្ត្រីដែលនៅក្បែរខ្លួន ជាពិសេសគឺម្តាយរបស់វា ប្រៀបដួចជាមនុស្សប្រុសស្រឡាញ់ភរិយាដូច្នោះដែរ ។ មូលហេតុដែលខ្ញុំចាប់អារម្មណ៍នឹងចំណុចមួយនេះ ព្រោះថាកាលខ្ញុំនៅវ័យកុមារ ខ្ញុំធ្លាប់បានឆ្លងកាត់បទពិសោធនេះ ។
មុននឹងខ្ញុំរៀបរាប់ពិស្តារអំពីវិបត្តិកូនស្រឡាញ់ម្តាយ ខ្ញុំសូមបើករង្វង់ក្រចករៀបរាប់អំពីសាវតាររបស់ អេឌីបុឺស បន្តិច ។ អេឌីបុឺស គឺជាតួឯកនៅក្នុងរឿងល្ខោនសោកនាដកម្មមួយរបស់ជនជាតិក្រិចដែលមានចំណងជើងថា៖ Oedipus The King. រឿងនោះដំណាលដោយសង្ខេបដូច្នេះថា៖ មហេសីរបស់ស្តេចក្រុង សុីប្ស (Thebes) ប្រសូត្របានបុត្រាមួយអង្គ ។ ពេលនោះព្រះរាជបិតាបានហៅហោរាប្រចាំរាជវាំងឲ្យមកទស្សទាយអំពីជោគជាតារបស់បុត្រានោះ ។ ហោរាបានទូលព្រះអង្គថា៖ នៅពេលដែលរាជបុត្រាធំពេញវ័យ ទ្រង់នឹងក្លាយជាឃាតករសម្លាប់បិតាឯង និងយកមាតាខ្លួនឯងធ្វើជាព្រះជាយា ។ បន្ទាប់ពីឮហោរាទូលដូច្នោះ ស្តេចក្រុង សុីប្ស ក៏សម្រេចសម្លាប់បុត្រាចង្រៃនោះចោល ដោយប្រាប់ព្រះជាយាឲ្យយកស្នៀតសក់ចាក់សម្លាប់ ។ ដោយសារមិនដាច់ចិត្តផ្តាច់ជីវិតបុត្រដោយផ្ទាល់ដៃ ព្រះជាយាក៏បញ្ជាឲ្យភីលៀងម្នាក់ធ្វើកិច្ចការនោះ ។ ភីលៀងក៏មិនដាច់ចិត្តសម្លាប់រាជបុត្រានោះដែរ ។ គាត់បានយកកំណាត់មកចងរុំជើងរាជបុត្រានោះ រួយហើយក៏យកទៅផ្លុងចោលនៅចង្កេះភ្នំដើម្បីទុកឲ្យចចកសុីជាអាហារ ។ ហេតុតែសំណាង (ល្អឬអាក្រក់) មានគង្វាលចៀមម្នាក់បានប្រទះរាជបុត្រាទារកនោះ ហើយក៏រើសយកទារកនោះទៅថ្វាយព្រះរាជាក្រុង ខូរិន្ស (Corinth) ដែលជាក្សត្យខ្សត់បុត្រ ។ ព្រះរាជាក្រុងខូរិន្ស បានចិញ្ចឹមបីបាច់ទារកនោះដូចបុត្រាបង្កើត ហើយដាក់ព្រះនាមឲ្យថា អេឌីបុឺស ។ លុះអេឌីបុឺសធំពេញវ័យ ទ្រង់បានហៅហោរាក្នុងវាំងមកទស្សទាយអំពីជោគជាតារាសីរបស់ទ្រង់ ។ រាជគ្រូនៅក្រុង ខូរិន្ស បានទូលអំពីជោគវាសនារបស់ទ្រង់ ដូចដែលហោរានៅក្រុង សុីប្ស ទូលប្រាប់ព្រះបិតាបង្កើតរបស់ទ្រង់ដែរ ។ បន្ទាប់ពីដឹងថាខ្លួននឹងក្លាយជាឃាតករសម្លាប់បិតាឯង និងយកមាតាឯងជាព្រះជាយា អេឌីបុឺសក៏សម្រេចចិត្តនិរទេសខ្លួនចេញឲ្យឆ្ងាយពីក្រុង ខូរិន្ស ។ អេឌីបុឺសមិនដឹងថា ព្រះរាជានិងជាយាក្រុង ខូរិន្ស ជាព្រះបិតាមាតាចិញ្ចឹមរបស់ទ្រង់ទេ ។ នៅក្នុងដំណើរនិរទេសនោះ អេឌីបុឺសបានជួបនឹងអ្នកដំណើរមួយក្រុមនាផ្លូវកែងមួយ ។ ពេលនោះគាត់មានជម្លោះនឹងក្រុមអ្នកដំណើរទាំងនោះ ដោយហេតុតែពួកគេចង់ឲ្យទ្រង់ជៀសឲ្យឆ្ងាយពីផ្លូវ ។ អេឌីបុឺស គិតថាទ្រង់ជារាជបុត្ររបស់ស្តេចក្រុង ខូរិន្ស ដូច្នេះមិនគួរដាក់ខ្លួនឲ្យក្រុមអ្នកដំណើរទាំងនោះមាក់ងាយទេ ។ ទ្រង់បានប្រឈមជាមួយនឹងអ្នកដំណើរទាំងនោះរហូតដល់មានការប្រយុទ្ធគ្នា ។ អេឌីបុឺសបានសម្លាប់ពួកអ្នកដំណើរមានភ្នែកអត់ប្រស្រីទាំងនោះអស់ លើកលែកតែម្នាក់ដែលរត់គេចខ្លួនរួច ។ ទ្រង់មិនដឹងថា មនុស្សដែលទ្រង់ទើបនឹងសម្លាប់នាផ្លូវកែងនោះ ជាព្រះបិតាបង្កើតនិងអមាត្យដែលដង្ហែព្រះបិតាទ្រង់នោះទេ ។ ហេតុតែកម្មតាមផ្តន្ទា អេឌីបុឺសក៏បន្តដំណើរនិរទេសរបស់ទ្រង់រហូតទៅដល់ទីក្រុង សុីប្ស ដែលជាទឹកដីកំណើតរបស់ទ្រង់ ។ ពេលទៅដល់ទីក្រុង សុីប្ស អេឌីបុឺស បានចូលទៅដោះប្រស្នានៅក្នុងវាំងដែលគ្មាននរណាដោះរួចអស់រយៈពេលរាប់សិបឆ្នាំមកហើយ ។ ប្រស្នានោះសរសេរថា៖ តើសត្វអ្វីដែលពេលព្រឹកដើរជើងបួន ពេលថ្ងៃដើរជើងពីរ និងពេលល្ងាចដើរជើងបី ។ អេឌីបុឺសបកស្រាយថា៖ សត្វនោះគឺ មនុស្ស ។ បន្ទាប់ពីអេឌីបុឺសដោះប្រស្នាបានជោគជ័យ នាមុឺនសព្វមុខមន្ត្រីនៅក្រុងសុីប្ស ក៏សម្រេចលើកឲ្យទ្រង់ឡើងសោយរាជ ព្រមទាំងរៀបអភិសេកទ្រង់ជាមួយនឹងព្រះជាយានៃអតីតព្រះមហាក្សត្យ ។ មិនមាននរណាម្នាក់ដឹងថា អេឌីបុឺស កំពុងយកមាតាបង្កើរបស់ទ្រង់ធ្វើជាព្រះជាយាទេ លើកលែងតែអមាត្យម្នាក់ដែលរត់រួចពីការកាប់សម្លាប់របស់អេឌីបុឺសនៅផ្លូវកែងតែបុ៉ណ្ណោះ ដែលដឹងថាទ្រង់ជាអ្នកសម្លាប់អតីតព្រះមហាក្សត្យ ។ អមាត្យនោះបានគេចខ្លួនទៅរស់នៅនិងធ្វើជាអ្នកគង្វៀលចៀមឆ្ងាយអំពីរាជវាំង ។ ដំណឹងអំពីអេឌីបុឺសបានក្លាយជាព្រះមហាក្សត្យក្រុង សុីប្ស បានលេចឮដល់ក្រុងខូរិន្ស ចំពេលដែលព្រះមហាក្សត្យក្រុងខូរិន្សទទួលអនិច្ចកម្ម ។ ក្រុងខូរីន្សបានចាត់ឲ្យអ្នកនាំសារម្នាក់នាំដំណឹងមកថ្វាយអេឌីបុឺស ។ អេឌីបុឺសត្រេកអរណាស់បន្ទាប់ពីបានទទួលដំណឹងមរណភាពនោះ ព្រោះថាគាត់បានគេចរួចពីគ្រោះបាបកម្មដ៏ធំមួយហើយ ។ អេឌីបុឺសបានរួមរស់ជាមួយនឹងព្រះជាយា (ព្រះមាតា) រហូតមានបុត្រាបុត្រីបួនអង្គ ។ ប៉ុន្តែ ចាប់តាំងពីថ្ងៃភពប្រសព្វគ្នាមក ព្រះមាតារបស់អេឌីបុឺសមានអារម្មណ៍ថា មានភាពមិនប្រក្រតីនៅក្នុងជីវិត ។ ទាំងអស់គ្នាក៏សម្រេចចិត្តកោះហៅហោរាប្រចាំរាជវាំងមកទស្សទាយមើលថាតើមានអ្វីទាស់ខុស ។ ហោរាមិននិយាយអ្វីទាំងអស់ ព្រោះមើលឃើញថាអ្វីដែលគាត់បានទាយពីមុនកំពុងតែស្តែងចេញមក ។ ពេលនោះ ការសើុបអង្កេតស្វែងរកការពិតត្រូវបានធ្វើឡើង ។ មហាក្សត្រីបានកោះហៅភីលៀងមកសួរថាតើបានសម្លាប់ទារកដែលទ្រង់ឲ្យយកទៅសម្លាប់នោះដែរឬទេ ។ ភីលៀងទូលប្រាប់ទ្រង៉ពីអ្វីដែលគាត់បានធ្វើ ។ អេឌីបុឺសបានឲ្យព្រះជាយារៀបរាប់អំពីភិនភាគរបស់អតីតព្រះរាជា គឺមានភាពស្រដៀងគ្នាទៅនឹងបុរសម្នាក់ដែលទ្រង់បានសម្លាប់នៅផ្លូវកែង ។ ដើម្បីបញ្ជាក់ឲ្យរឹតតែច្បាស់ព្រះមហាក្សត្រីក៏ឲ្យគេទៅកោះហៅអមាត្យម្នាក់ដែលនៅរស់មកសួរថាតើអេឌីបុឺសជាអ្នកសម្លាប់អតីតព្រះរាជានិងអមាត្យដទៃនៅផ្លូវកែងមែនឬទេ ។ អមាត្យឆ្លើយថាមែន ។ នៅចុងបញ្ចប់ អេឌីបុឺសបានបញ្ជូនរាជទូតមួយរូបទៅក្រុង ខូរីន្ស ដើម្បីសួរព្រះមាតាថាតើទ្រង់ជាបុត្របង្កើត ឬបុត្រចិញ្ចឹម ។ រាជទូតត្រឡប់មកវិញហើយទូលថា ទ្រង់ជាបុត្រចិញ្ចឹមនិងជាទារកមានកំណាត់រុំជើងទាំងទ្វេដែលអ្នកគង្វាលចៀមម្នាក់រើសយកមកថ្វាយ ។ គ្រាន់តែដំណឹងនោះមកដល់ រាជវាំងទាំងមូលស្ថិតក្នុងភាពក្រឡាប់ចក្រ ។ ព្រះមាតារបស់អេឌីបុឺសបានរត់ចូលទៅក្នុងក្រឡាបន្ទំហើយចងកសម្លាប់ខ្លួននៅទីនោះ ។ ពេលអេឌីបុឺសចូលមកដល់ ទ្រង់បានដកស្នៀតសក់ចេញពីព្រះកេសាសពព្រះមាតាយកមកចាក់កែវភ្នែករបស់ទ្រង់ឲ្យខ្វាក់ទាំងសងខាង ។ ចប់ត្រឹមនេះនិងសូមបង្វែមកនិយាយអំពីវិបត្តិកូនស្រឡាញ់ម្តាយវិញម្តង ។
ខ្ញុំនៅចាំបានថា កាលខ្ញុំមានអាយុប្រមាណជា ៥ឬ៦ឆ្នាំ ជីដូនខ្ញុំបាននាំខ្ញុំទៅសួរសុខទុក្ខនិងស្នាក់នៅជាមួយម្តាយធំខ្ញុំម្នាក់ឈ្មោះអ៊ំសុខ នៅកោះសូទិនប្រមាណជា៦ខែ ។ អ៊ំសុខគាត់មានកូនចិញ្ចឹមស្រីក្រមុំម្នាក់អាយុប្រហែល ២៥ឆ្នាំ ។ គឺកូនចិញ្ចឹមអ៊ំសុខនោះហើយដែលខ្ញុំបាក់ចិត្តស្រឡាញ់បាត់មុខមិនបាន ។ រៀងរាល់ថ្ងៃខ្ញុំតែងតែទៅអង្គុយមើលគាត់ត្បាញក្រមារនៅក្រោមផ្ទះមិនដែលខានឡើយ ។ អ្នកណាចង់បបួលខ្ញុំទៅណាក៏ខ្ញុំមិនទៅដែរ ។ ពេលគាត់ហៅខ្ញុំឲ្យអង្គុយក្បែរគាត់នៅលើកីតម្បាញម្តងៗ ខ្ញុំអរដូចបានឡើងឋានសួគ៌អញ្ចឹង ។ នៅអំឡុងពេលដែលខ្ញុំមានអាយុ ៣ទៅ៥ឆ្នាំ ខ្ញុំប្រហែលជាស្រឡាញ់ម្តាយខ្ញុំដូចដែលអ្នកស្រាវជ្រាវរកឃើញនោះដែរ ប៉ុន្តែខ្ញុំមិនអាចដឹងបានទេ ព្រោះនៅក្មេងមិនទាន់ដឹងក្តី ។ អ្វីដែលខ្ញុំនៅចងចាំរហូតដល់សព្វថ្ងៃគឺការលួចស្រឡាញ់កូនចិញ្ចឹមរបស់អ៊ំសុខនេះឯង ។
វិបត្តិស្រឡាញ់ម្តាយឯងគឺជាបញ្ហាមួយដែលក្មេងប្រុសអាយុ ៣ទៅ៦ឆ្នាំគ្រប់ៗរូបប្រឈម ។ បញ្ហានេះតម្រូវឲ្យឪពុកម្តាយជួយសម្របសម្រួលផងដែរដើម្បីលុបបំបាត់ផលវិបាកនានានៅក្នុងជីវិតនាពេលអនាគត ។ បើតាមការសិក្សារបស់លោក សុីកមុន ហ្វ្រយ (Sigmund Freud) ដែលជាអ្នកប្រាជ្ញចិត្តវិទ្យាអាល្លឺម៉ង់ដ៏ល្បីល្បាញនោះ ក្មេងប្រុសដែលរងផលប៉ះពាល់ពីវិបត្តិស្រឡាញ់ម្តាយឯងនេះ (Failing to find resolution) អាចក្លាយជា ១) មនុស្សស្រឡាញ់មនុស្សភេទដូចគ្នា និង ២) មនុស្សញាំញីដោយភាពលេលា (Neurotic) ឬក៏ មិនពូកែក្នុងការប្រស្រ័យទាក់ទងជាមួយមនុស្សនានានៅក្នុងសង្គម (Socially Inept) នៅពេលពួកគេចម្រើនវ័យ ។ សូមបញ្ជាក់ថា ភាពលេលា ដូចគ្នានឹងពិការញាណដែរ គឺកើតមានលើមនុស្សគ្រប់ៗរូប គ្រាន់តែតិចហើយនិងច្រើនតែប៉ុណ្ណោះ ។ អ្នកដែលញាំញីខ្លាំងដោយភាពលេលា អាចក្លាយជាមនុស្សចូលចិត្តប្រព្រឹត្តិអំពើអនាចារលើកុមារ ឬក៏ប្រព្រឹត្តិអំពើណាដែលសង្គមហាមឃាត់ ។ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាក៏ដូចជាជួយដោះស្រាយវិបត្តិស្រឡាញ់ម្តាយឯង ដល់ក្មេងប្រុសដែលកំពុងតែឆ្លងកាត់ដំណាក់កាលនេះ ឪពុកម្តាយ ជាពិសេសគឺម្តាយ គប្បីរក្សាភាពស្និទ្ធស្នាលជានិច្ច និងជៀសវាងកាយវិការណាដែលធ្វើឲ្យកូនយល់ថាម្តាយវាកំពុងតែបដិសេធសេចក្តីស្រឡាញ់របស់វា (Feeling rejected) ។ កុមារាដែលទទួលរងការបដិសេធពីម្តាយ គឺមិនខុសអ្វីពីក្មេងប្រុសកម្លោះដែលត្រូវបានស្រីដែលខ្លួនស្រឡាញ់ច្រានចោលនោះទេ ។ ឈឺចាប់ណាស់ គ្រាន់តែគ្នាមិនអាចនិយាយប្រាប់កើត ។ ចំណែកឪពុកក៏ដូច្នោះដែរ ។ ត្រូវរក្សាភាពស្និទ្ធស្នាលជានិច្ជ ទោះបីពេលខ្លះកូនប្រុសដែលស្ថិតនៅក្នុងដំណាក់កាលស្រឡាញ់ម្តាយឯងនេះ មិនចូលចិត្តនៅក្បែរឪពុកក៏ដោយ ។ នៅពេលដែលវាឆ្លងផុតដំណាក់កាលនេះ វានឹងចាប់ផ្តើមចងសម្ព័ន្ធភាពជាមួយនឹងឪពុកស្អិតរមួតបេះមិនចេញឡើយ ។ សូមបញ្ជាក់ថា កុមារីក៏ឆ្លងកាត់វិបត្តិស្រឡាញ់ឪពុកឯងដូចក្មេងប្រុសស្រឡាញ់ម្តាយឯងដែរ ។ គេហៅវិបត្តិនេះថា៖ អេឡិចត្រា ខំផ្លិច (Electra Complex) ។ អេឡិចត្រា ជាកូនស្រីរបស់ Agamemnon និង Clytamnestra ។ នាងសហការជាមួយនឹងបងប្រុសរបស់នាងសម្លាប់ម្តាយនិងឪពុកចុង ។ សុំទោស មិនអាចសរសេររឿងនេះទៀតទេ វែងណាស់ ។
សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងការលូតលាស់របស់កុមារ ខាងក្រោមនេះជាតារាងអាយុកាល(សន្មត់សន្និដ្ឋាន)ដែលយើងអាចសង្កេត៖
កុមារដែលចម្រើនវ័យពីអាយុ ១ខែទៅ១២ឆ្នាំ គឺត្រូវឆ្លងកាត់៥ដំណាក់កាលដែលភាសាអង់គ្លេសហៅថា (Oral(1), Anal(2), Phallic(3), Latent(4), and Genital(5) stages) ។ ដំណាក់កាលទីមួយអាយុពី ១ខែទៅជាង១ឆ្នាំ ត្រេកត្រអាលនឹងបៀមដៃនិងយកអ្វីៗដាក់ក្នុងមាត់ ។ ដំណាក់កាលទី២ អាយុជាង១ឆ្នាំទៅ៣ឆ្នាំ ត្រេកត្រអាលនឹងភាពននលគក ។ ដំណាក់កាលទី៣អាយុពី៣ទៅ៦ឆ្នាំ ត្រេកត្រអាលនឹងស្រឡាញ់ម្តាយឯង ។ ដំណាក់កាលទី៤អាយុពី៦ទៅ៩ឆ្នាំ ត្រេកត្រអាលនឹងចំណងមិត្តភាពជាមួយឪពុក ។ ដំណាក់កាលទី៥អាយុពី៩ទៅ១២ឆ្នាំ ចេះស្រឡាញ់ស្រីៗហើយពេលហ្នឹង ៕
Tuesday, January 10, 2017
ចំណីខួរក្បាល
ទម្លាប់ឆ្លងជំនាន់
កូនប្រុសខ្ញុំមានអាយុជិតបួនឆ្នាំហើយ ។ រៀងរាល់យប់ ប្រពន្ធខ្ញុំតែងតែច្រៀងបំពេរវាឲ្យគេងមិនដែលលស់ឡើង ។ ប៉ុន្តែ យូរៗម្តងអ្នកទាំងពីរមានជម្លោះនឹងគ្នានៅពេលដែលអ្នកច្រៀងនិងអ្នកស្តាប់ទាស់គ្នារឿងជ្រើសរើសបទចម្រៀង ។ ជួនកាលទំនាស់អ្នកទាំងពីរឈានដល់ការប្រើអំពើហឹង្សាដោយកាយវាចានិងចិត្ត ដែលតម្រូវឲ្យខ្ញុំចូលទៅធ្វើអន្តរាគមន៍ដើម្បីរំងាប់កំហឹងភាគីទាំងសងខាង ។ នៅពេលមានករណីបែបនេះកើតឡើងម្តងៗ ខ្ញុំតែងតែស្តីបន្ទោសប្រពន្ធខ្ញុំថា មិនចេះអត់ធ្មត់នឹងកូនក្មេងដែលមិនទាន់ដឹងក្តី ។ ជារឿយៗ ប្រពន្ធខ្ញុំតបមកខ្ញុំវិញថា៖ កាលគាត់នៅតូច ម្តាយគាត់ក៏វាយប្រដៅគាត់ដែរនៅពេលដែលគាត់ងុិកង៉ក់់ខុសរឿង ។ ឮសម្តីនេះ ខ្ញុំចង់តែទៅប្រឈមជាមួយនឹងម្តាយក្មេកខ្ញុំទេ ព្រោះចង់ប្រាប់គាត់ថាអ្វីដែលគាត់ធ្វើមកលើប្រពន្ធខ្ញុំកាលនាងនៅក្មេងនោះ ឥឡូវនេះកំពុងតែស្តែងចេញបន្តមកទៀតហើយ ។ ហើយនៅពេលដែលកូនយើង (ចៅគាត់) មានកូន វានឹងបន្តមរតកវាយប្រដៅកូននេះតទៅទៀត ។
ទម្លាប់ឆ្លងជំនាន់ គឺសំដៅលើទង្វើ ឬផ្នត់គំនិត ដែលស្តែងចេញមក (Manifest)ពីជំនាន់មួយទៅជំនាន់មួយទៀត ។ ខ្មែរយើងហៅទម្លាប់ឆ្លងជំនាន់ថា៖ ពូជ (ដូចដែលលោកតា ក្រមង៉ុយ បានសរសេរនៅក្នុងកំណាព្យអប់រំរបស់គាត់) ។ ប៉ុន្តែ បើតាមការស្រាវជ្រាវនៅបស្ចឹមប្រទេស ទម្លាប់ឆ្លងជំនាន់មិនមែនបណ្តាលមកពីពូជទេ គឺបណ្តាលមកពីឥទ្ធិពលដែលជះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ឧទាហរណ៍ កូនដែលរស់នៅក្នុងផ្ទះជាមួយឪពុកម្តាយចូលចិត្តហូបស្រា នៅពេលកូននោះធំឡើង វានឹងហូបស្រាដូចឪពុកម្តាយវាដែរ ។ ដូចគ្នាដែរ សិស្សដែលត្រូវបានគ្រូដាក់ទណ្ឌកម្មវាយនឹងរំពាត់នៅពេលពួកគេមានកំហុសក្នុងការសិក្សា សិស្សទាំងនោះនឹងបន្តទណ្ឌកម្មវាយនឹងរំពាត់នោះតទៅទៀតនៅពេលពួកគេក្លាយជាគ្រូ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ទម្លាប់ឆ្លងជំនាន់ មិនមែនបណ្តាលមកពីពូជពង្សវង្សត្រកូលអ្វីទេ គឺវាបណ្តាលមកពីឥទ្ធិពលអំពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ គេអាចកាត់បន្ថយ ឬបំបាត់ទន្លាប់អាក្រក់ៗបាន (ទម្លាប់ដែលនាំទុក្ខទោសដល់មនុស្សនិងសង្គម) ដោយបង្កើតច្បាប់ ឬយុទ្ធនាការអប់រំ ដូចជាហាមមិនឲ្យជក់បារីក្នុងអាគារសាធារណៈ ឬវាយប្រដៅកូនសិស្សនឹងរំពាត់ជាដើម ។ ទម្លាប់អាក្រក់ខ្លះមិនត្រឹមតែមិនធ្វើឲ្យមានការផ្លាស់ប្តូរចេញជាលទ្ធផលវិជ្ជមាននោះទេ វាថែមទាំងធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ឈឺចាប់យូរអង្វែងទៀតផង ។ ឧទាហរណ៍ កាលខ្ញុំរៀននៅបឋមសិក្សា លោកគ្រូម្នាក់នោះបានបញ្ជាឲ្យសិស្សគ្រប់រូបធ្វើរំពាត់ម្នាក់មួយយកមកសៀតនៅជំវិញជញ្ជាំងថ្នាក់ ។ រំពាត់ទាំងនោះគឺសម្រាប់វាយពួកយើងនៅពេលមានកំហុស ។ គាត់បានដាក់កំហិតមិនឲ្យសិស្សរបស់គាត់លេងបាញ់ឃ្លីឡើយ ។ ប៉ុន្តែ សាលាទាំងមូលមិនបានហាមសិស្សអំពីប្រការនោះឡើយ ។ ដូច្នេះ សិស្សទាំងអស់លេងបាញ់ឃ្លីតាមចិត្ត លើកលែងតែខ្ញុំនិងមិត្តរួមថ្នាក់តែប៉ុណ្ណោះ ។ ថ្ងៃមួយ ខ្ញុំភ្លេចខ្លួនទៅជួយរើសគ្រាប់ឃ្លីឲ្យសិស្សថ្នាក់ជិតខាង ក៏ស្រាប់តែមានគេទៅប្រាប់លោកគ្រូខ្ញុំថាខ្ញុំលេងបាញ់ឃ្លី ។ គាត់បានហៅខ្ញុំឲ្យទៅឈរនៅចំពោះមុខសិស្សទាំងអស់ហើយសួរសិស្សទាង់អស់គ្នាថា គួរវាយខ្ញុំប៉ុន្មានរំពាត់ ។ សិស្សខ្លះថា ២ ខ្លះថា ៣ ខ្លះថា ៥ ខ្លះថា ១០រំពាត់ ។ បន្ទាប់ពីធ្វើប្រជាមតិហើយ គាត់ក៏សម្រេចវាយខ្ញុំ ១០រំពាត់ ។ តាមពិត ប្រជាមតិនោះគាត់ធ្វើគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ ចរិតគាត់ដូចម្តេចនោះពួកយើងយល់ពេកណាស់ ។ ខ្ញុំឲ្យគាត់វាយបាតដៃខ្ញុំម្ខាងប្រាំរំពាត់ ។ ខ្ញុំស្រក់ទឹកភ្នែកហើយឈឺចាប់ក្នុងចិត្តណាស់ មិនមែនដោយសារការប្រព្រឹត្តិខុសនោះទេ គឺដោយសារភាពអយុត្តិធម៌ដែលលោកគ្រូនោះបំពានមកលើសិទ្ធិសេរីភាពរបស់ពួកយើងដែលមានកម្មជាប់ឈ្មោះរៀនជាមួយគាត់ ។ បើសាលាទាំងមូលហាមសិស្សមិនឲ្យលេងបាញ់កូនឃ្លី ខ្ញុំមិនទោមនស្សទេ ប៉ុន្តែសាលាមិនបានហាមផង ហេតុអ្វីក៏លោកគ្រូនោះយកពួកយើងធ្វើជាចំណាប់ខ្មាំងដើម្បីធ្វើបាបតាមតែអំពើចិត្តគាត់ទៅវិញ ។ ជាលទ្ធផល ខ្ញុំក៏សម្រេចចិត្តលេងបាញ់ឃ្លីនៅផ្ទះជាមួយនឹងក្មេងជិតខាង ទោះបីជាខ្ញុំមិនសូវមានចំណង់ចំណូលចិត្តលេងបាញ់ឃ្លីក៏ដោយ ។ មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើដូច្នោះ ព្រោះចង់បញ្ជាក់ប្រាប់ខ្លួនឯងថា ទង្វើអយុត្តិធម៌របស់លោកគ្រូនោះ ដាច់ខាតត្រូវតែប្រឆាំង ទោះប្រឆាំងក្នុងរូបភាពលាក់កំបាំងក៏ដោយ ។ ជាមួយនឹងការប្រឆាំងលាក់កំបាំងនោះ ខ្ញុំមានអារម្មណ៍ថា សិទ្ធិសេរីភាពរបស់ខ្ញុំមិនត្រូវបានគេជាន់ឈ្លីទេ នៅពេលដែលខ្ញុំលេងបាញ់កូនឃ្លីម្តងៗ ។ សរុបសេចក្តីទៅ ផលវិបាកនៃទម្លាប់ឆ្លងជំនាន់ គឺអាចជះឥទ្ធិពលទ្វេគ្រោះដល់អ្នកដែលរងផលប៉ះពាល់៖ ទីមួយគឺធ្វើឲ្យអ្នកជំនាន់ក្រោយបន្តទម្លាប់អាក្រក់តទៅទៀត ។ ទីពីរគឺការគំរាម ឬប្រើអំពើហឹង្សាដោយកម្រោល មិនអាចស្វែងរកលទ្ធផលវិជ្ជមានបានទេ ៕
Friday, December 16, 2016
ពិការញាណ ឬ ADHD
ខ្ញុំឧស្សាហ៍ឃើញឪពុកម្តាយសម័យឥឡូវត្អូញត្អែរឿងកូនតូចកូរ (សំដៅក្មេងរពិសងុិកង៉ក់ពិបាកគ្រប់គ្រងនិយាយមិនស្តាប់) ដែលចាស់ៗសម័យមុនហៅក្មេងប្រភេទនេះថា៖ រពិសដូចចាប់ក្តាមដាក់ចង្អេរ ។ ឪពុកម្តាយខ្លះបង្ខំចិត្ត គក់ (វាយប្រដៅ) នៅពេលដែលគាត់ទ្រាំនឹងការកូររបស់កូនមិនបាន ។
បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ក្មេងដែលពូកែកូរភាគច្រើន ច្រើនតែមានជម្ងឺ Attention Deficit Hyperactivity Disorder (ADHD) ដែលខ្ញុំយកពាក្យខ្មែរ៖ ពិការញាណ (Learning Disability) មកប្រើដើម្បីងាយស្រួលក្នុងការអាន ។ ADHD ឬ ពិការញាណ កើតមានទៅលើក្មេងជាច្រើន ជាពិសេសនៅចន្លោះអាយុពី ១ថ្ងៃ ទៅ ៧ឆ្នាំ ។ គេមិនដឹងថា តើជម្ងឺពិការញាណបណ្តាលមកពីអ្វីទេ ។ មតិទូទៅសន្និដ្ឋានថា ៥០ភាគរយបណ្តាលមកពីហ្សេន (Gene) និង៥០ភាគរយទៀតបណ្តាលមកពីម្តាយទទួលទានចំណីអាហារដែលមានសារធាតុគីមី និងជាតិពុលច្រើន (Toxin) នៅអំឡុងពេលមានគរ៌ ។
ជាទូទៅ គ្រូពេទ្យមិនធ្វើរោគវិនិច្ឆ័យលើក្មេងអាយុក្រោម ៥ឆ្នាំ ដើម្បីស្វែងយល់ថាតើកូនក្មេងអាចពិការញាណឬអត់នោះទេ ព្រោះពិបាកវាយតម្លៃ ត្រូវការរយៈពេលសង្កេតតាមដានយូរ ហើយពាក់ព័ន្ធគ្រូពេទ្យបីជំនាញគឺ ពេទ្យផ្លូវចិត្ត(Psychiatrist) ពេទ្យចិត្តសាស្ត្រ(Psychologist) និង ពេទ្យកូនក្មេង (Pediatrist) ។ ប៉ុន្តែ យើងអាចចូលមើលនៅក្នុង វ៉េបសាយ របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺ (Center for Disease Control, CDC, U.S.A.) ដើម្បីស្វែងយល់ដោយខ្លួនឯងបាន ។ នៅទីនោះ គេចែកភាពពិការញាណជាបីក្រុម ព្រមទាំងមានសរសេររោគសញាលម្អិតទៀតផង ។ ក្មេងណាដែលមានរោគសញាចំនួន ៦ គឺអាចចាត់ទុកថាពិការញាណ ។
ជម្ងឺពិការញាណនេះ អាចសាបរលាបទៅវិញនៅពេលដែលក្មេងចំរើនវ័យកាន់តែធំ ។ ប៉ុន្តែ មនុស្សមួយចំនួនមិនអាចរើខ្លួនរួចពីភាពពិការញាណឡើយ ។ មានន័យថា ត្រូវរស់នៅជាមួយជម្ងឺនេះអស់មួយជីវិត ។
ដើម្បីព្យាបាលជម្ងឺពិការញាណ ឬក៏ជួយឲ្យក្មេងឆាប់រើខ្លួនរួចពីភាពពិការញាណ គេមិនត្រូវគក់ឬវាយប្រដៅវានៅពេលដែលវាកូរយើងទេ ។ ធ្វើដូច្នោះ មិនត្រឹមតែមិនអាចជួយវាឲ្យឆាប់ជាពីភាពពិការញាណទេ ថែមទាំងបំផ្លាញភាពឆ្លាតវាងវៃរបស់វាទៀតផង ។ មធ្យោបាយល្អបំផុតគឺត្រូវប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positive Reinforcement) ។ អ្នកដែលធ្លាប់មើលកុនចិនរឿង ដាវទិព្វស៊ូឡុង យុទ្ធសាស្ត្រវិជ្ជមាននិយមគឺមិនខុសអ្វីពីក្បួន មហាបង្វិល ដែល ចាង វូជី រៀននៅក្នុងរូងក្រោមដីនោះទេ ។ និយាយឲ្យចំ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅលើការបង្វិលឋាមពលអវិជ្ជមានរបស់ក្មេង (Negative Energy) ឬអ្វីៗដែលយើងមិនចង់ឲ្យវាធ្វើ ឲ្យទៅជាឋាមពលវិជ្ជមាន (Positive Energy) ។ ឧទាហរណ៍ បើយើងចង់ឡើងតាមជណ្តើរយន្ត តែក្មេងចង់ឡើងតាមជណ្តើរធម្មតាយើងគប្បីធ្វើតាមវា ដោយឆ្លៀតឱកាសនាំវារាប់កាំជណ្តើរលេងជាល្បែងផងនិងរៀនផង ។ ប៉ុន្តែ ពេលខ្លះវាទាមទាលេង ឬក៏ធ្វើសកម្មភាពដែលមានហានិភ័យខ្ពស់ ដូចជាមួលចង្ក្រានហ្គាសដើម្បីមើលភ្លើងឆេះ ឬក៏ចង់លូកស្ទាបបាតឆ្នាំងអ៊ុតដែលកំពុងក្តៅជាដើម ។ នៅពេលប្រឈមនឹងករណីបែបនេះ យើងគប្បីប្រើយុទ្ធសាស្ត្របង្វែអារម្មណ៍ ដោយនាំវាលេងអ្វីមួយដែលវាចូលចិត្ត ។ បើធ្វើដូច្នោះមិនជោគជ័យ យើងគប្បីប្រើកម្លាំងបាយរារាំងដោយមិនអនុញាតិឲ្យវាប្រព្រឹត្តិអ្វីដែលវាចង់ធ្វើ គួបផ្សំជាមួយនឹងការពន្យល់ណែនាំអំពីផលវិបាកនៃទង្វើរបស់វា (និយាយម្តងហើយម្តងទៀតរហូតទាល់តែបានលទ្ធផលវិជ្ជមាន) ។ កាលខ្ញុំនៅវ័យកុមារ ខ្ញុំឧស្សារហ៍ឃើញម៉ែឪមួយចំនួន (រួមទាំងម៉ែឪខ្ញុំផង) វាយប្រដៅក្មេងនៅពេលដែលក្មេងទាំងនោះចង់ធ្វើអ្វីដែលគាត់មិនចង់ឲ្យប្រព្រឹត្តិ ។ ម៉ែឪខ្លះថែមទាំងបណ្តោយឲ្យក្មេងស្ទាបបាតឆ្នាំងអ៊ុតដែលក្តៅទៀតផង ដើម្បីឲ្យឆាប់រាងចាល ។ ធ្វើដូច្នោះ ពិតជាមិនត្រឹមត្រូវទេ ព្រោះថាធម្មជាតិនៃក្មេង ទោះបីជារលាកដៃ ៥ដងក៏នៅតែមិនរាងចាលដែរ ។ ឯការវាយប្រដៅក៏ដូច្នោះដែរ មិនមានប្រសិទ្ធភាពក្នុងការកែប្រែចរិតរបស់ក្មេងទេ ។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលខ្ញុំបកប្រែពីភាសាអង់គ្លេសមកខ្មែរដើម្បីឲ្យអ្នកដែលមានកូនតូចយកទៅវិភាគថាតើកូនសម្លាញ់របស់ខ្លួនអាចស្ថិតនៅក្រោមឥទ្ធិពល ពិការញាណ(ADHD) ដែរឬយ៉ាងណា ។ ទន្ទឹមនឹងនេះ ខ្ញុំសុំធ្វើសំណូមពរមួយ៖ ពេលកូនកូរ កុំគក់គ្នាអី ៕
រោគសញ្ញាពិការញាណ ឬ ADHD៖
១) និយាយច្រើន
២) ចចេស ចង់បានអីបានហ្នឹង
៣) មិនចូលចិត្តលេងចូលជាមួយក្មេងដទៃ
៤) និយាយមិនស្តាប់
៥) មិនធ្វើតាមការណែនាំ
៦) រពិសដូចចាប់ក្តាមដាក់ចង្អេរ
៧) លោកកញ្ឆេងនៅមិនសុខ
៨) គ្រញែងខ្លួនញឹកញាប់
៩) ចូលចិត្តប្រឡែងនឹងគ្រោះថ្នាក់
១០) មិនចេះរៀបចំទុកដាក់របស់លេង (ពូកែពង្រាយ)
១១) មិនចូលចិត្តកិច្ចការដែលតម្រូវឲ្យគិតច្រើន
១២) ភ្លេចច្រើន
១៣) សំកុក ធ្មាំងៗ ។ល។
Tuesday, December 6, 2016
ចំណីខួរក្បាល
ប្រជាធិបតេយ្យអាមេរិក
ការជ្រើសរើសលោក ដូណាល់ ត្រាំ ឲ្យធ្វើជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ទាំងក្នុង និងក្រៅប្រទេសអាមេរិកមានប្រតិកម្មផ្សេងៗពីគ្នា ។ អ្នកខ្លះរីករាយ អ្នកខ្លះក្តៅក្រហាយ ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ ឬអស់សំណើចមួយនោះ គឺថា មានមេដឹកនាំប្រទេសរបៀបផ្តាច់ការមួយចំនួនរំពឹងថា នៅពេលដែលលោក ត្រាំ ក្លាយជាប្រធានាធិបតី ពួកគេនឹងមានទំនាក់ទំនងល្អជាមួយនឹងអាមេរិក ។ ច្រឡំធំហើយ ។ មិនត្រូវភ្លេចទេថាកាលពីជាង ២០០ឆ្នាំមុន អាមេរិកបានធ្វើបដិវត្តរំដោះខ្លួនចេញពីរបបគ្រុបគ្រងផ្តាច់ការ ហើយស្អប់បំផុតមេដឹកនាំផ្តាច់ការ ។ ដូច្នេះ ទំនាក់ទំនងល្អឬមិនល្អ គឺអាស្រ័យទាំងស្រុងលើកត្តា ថាតើមេដឹកនាំផ្តាច់ការគោរព និងផ្តល់សិទ្ធសេរីភាពឲ្យពលរដ្ឋដែលខ្លួនគ្រុបគ្រងដល់កំរិតណា ។
ចំណែកអ្នកដែលមានការព្រួយបារម្ភថា លោក ត្រាំ អាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនោះ មិនបាច់បារម្ភទេ ព្រោះស្រុកអាមេរិកគេដឹកនាំរដ្ឋាភិបាលតាមសៀវភៅ (រដ្ឋធម្មនុញ) មិនមែនតាមចិត្តចង់នោះទេ ។ អ្នកសរសេររដ្ឋធម្មនុញអាមេរិក គេបានគិតគូរសព្វជ្រុងជ្រោយនូវរាល់ផលវិបាកនានាទាក់ទិននឹងការដឹកនាំរដ្ឋ ព្រមទាំងបានរៀបចំប្រព័ន្ធអភិបាលកិច្ចប្រកបដោយតុល្យភាពទៀតផង ។ ដូច្នេះ អ្វីដែលលោក ត្រាំ និយាយ ឬក៏សន្យាថានឹងអនុវត្តនោះ វាគ្រាន់តែជាការឃោសនារកការគាំទ្រតែប៉ុណ្ណោះ ។
សម្រាប់អ្នកដែលមិនសូវយល់អំពីប្រព័ន្ធអភិបាលកិច្ចអាមេរិក ខ្ញុំសូមបកស្រាយត្រួសៗ ។ ការផ្លាស់ប្តូរទិសដៅដឹកនាំរដ្ឋដែលពាក់ព័ន្ធដល់ការតាក់តែងឬក៏កែប្រែច្បាប់ គឺត្រូវឆ្លងកាត់ការយល់ព្រមអំពីសំណាក់រដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។ សមាជិកសភាអាមេរិកាំង ជាពិសេសតំណាងរាស្ត្រដែលត្រូវបោះឆ្នោតជ្រើសរើស២ឆ្នាំម្តង មិនមែនចេះតែបោះឆ្នោតគាំទ្រគោលនយោបាយតាមខ្សែបក្សទេ ។ គេគាំទ្រតែគោលនយោបាយណាដែលពលរដ្ឋនៅក្នុងមណ្ឌលរបស់គេគាំទ្រតែប៉ុណ្ណោះ ។ បើមិនដូច្នោះទេ ពលរដ្ឋនឹងបោះឆ្នោតទម្លាក់គាត់ចេញពីអាសន្នៈសភាហើយ ។ សម្រាប់សមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិកាំង គណបក្សគឺគ្រាន់តែជាស្លាកយីហោតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺការគាំទ្ររបស់ពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់ ។ បើពលរដ្ឋនៅក្នុងមណ្ឌលរបស់ពួកគាត់មិនគាំទ្រ ទោះបីលោកត្រាំចង់ធ្វើអ្វីក៏ដោយក៏សមាជិកសភាមិនគាំទ្រដែរ ព្រោះថាអាសន្នៈនិងតួនាទីរបស់សមាជិកសភាទាំងនោះ បានមកដោយការគាំទ្ររបស់ពលរដ្ឋ មិនមែនបានដោយសារការផ្តល់ឲ្យរបស់មេបក្ស ឬក៏ប្រធានាធិបតីឡើយ ។ ម៉្យាងទៀត សមាជិកសភាអាមេរិកាំង មិនស្ថិតនៅក្រោមឥទ្ធិពលរបស់ថ្នាក់ដឹកនាំបក្សទាំងស្រុងទេ ។ យើងមើលតែករណីលោក ត្រាំ ក៏អាចយល់បានខ្លះដែរ ។ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋស្ទើរតែទាំងអស់មិនគាំទ្រលោកត្រាំជាបេក្ខជនប្រធានាធិបតីទេ ប៉ុន្តែ លោកត្រាំនៅតែអាចឈរឈ្មោះនិងក្លាយជាប្រធានាធិបតីបាន ដោយហេតុតែពលរដ្ឋគាំទ្រគាត់ ។ នេះជាចំណុចពិសេសមួយរបស់របបប្រជាធិបតេយ្យអាមេរិកៈ ពលរដ្ឋជាអ្នកសម្រេចជោគវាសនាខ្លួនដោយពិតប្រាកដ ៕
Wednesday, November 30, 2016
ចំណីខួរក្បាល
មេរោគ
ថ្មីៗនេះ ខ្ញុំបានស្តាប់អ្នកឯកទេសខាងផ្សព្វផ្សាយម្នាក់បង្រៀនអ្នកវីទ្យាសាស្ត្រមួយក្រុមនៅក្នុងកិច្ច
ប្រជុំមួយ ។ ចំណុចដែលខ្ញុំចាប់អារម្មណ៏ជាងគេនៅក្នុងកិច្ចប្រជុំនោះ គឺអ្នកឯកទេសខាងផ្សព្វផ្សាយ
បានរិះគន់ក្រុមអ្នកវិទ្យាសាស្ត្រថា៖ មានសមត្ថភាពក្នុងការស្វែងរកមធ្យោបាយព្យាបាលជម្ងឺ ប៉ុន្តែខ្វះ
សមត្ថភាពក្នុងការពន្យល់សាធារណជនឲ្យយល់អំពីជម្ងឺ ។
ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រ ហេីយក៏មិនមែនជាអ្នកសិក្សាផ្នែកខាងព្យាបាលជម្ងឺដែរ ។ អត្ថបទនេះ
គ្រាន់តែជាការផ្សព្វផ្សាយចំណេះដឹងរបស់ខ្ញុំអំពី មេរោគ តែប៉ុណ្ណោះ ដេីម្បីជាចំណីខួរក្បាល
សម្រាប់អ្នកដែលមិនមានចំណេះដឹងផ្នែកពេទ្យ ។
មេរោគ ដែលភាសាអង់គ្លេសហៅថា ម៉ៃក្រូប (Microbes) មានប្រាំពួក គឺ៖ អាឃៀ បាក់តេរី
វិរ៉ុស ហ្វាំងហ្គាយ និង ប្រូទីស្តា (Archaea, Bacteria, Virus, Fungi, Protista) ។
ក្នុងចំណោមមេរោគទាំងប្រាំពួកនេះ មានមេរោគពីរ (២) ពួកដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង
រុក្ខជាតិច្រើនជាងគេ ។ ពពួកទីមួយគឺ បាក់តេរី (Bacteria) ។ ពពួកទីពីរគឺ វីរ៉ុស (Virus) ។
មុននឹងខ្ញុំពិពណ៌នាលម្អិតអំពីមេរោគទាំងពីរពួកនេះ ខ្ញុំសូមធ្វើកំណត់សម្គាល់បញ្ជាក់ថា៖
បាក់តេរី មានថ្នាំព្យាបាល (សម្លាប់មេរោគ) រីឯវីរ៉ុស គ្មានថ្នាំព្យាបាលទេ ។ ជម្ងឺភាគច្រើនបំផុត
នៅក្នុងពិភពលោក គឺបង្កឡើងដោយមេរោគទាំងពីរពួកនេះ ។
បាក់តេរី ជាប្រភេទសត្វដែលមានកោសិកាតែមួយ ហេីយមានចំនួនច្រើនឥតគណនា ។ វាមាន
ទំហំតូចជាងសសៃសក់ ១០ ទៅ ១០០០ដង ។ វាអាចរស់បានដោយឯកឯង និងអាចមានជីវិត
រាប់លានឆ្នាំ ។ បាក់តេរីអាចរស់នៅទីណាក៏បានដែរ មិនថាទីនោះក្តៅឬត្រជាក់នោះទេ ។
សូម្បីតែនៅក្នុងលំហក្រៅភពផែនដី ក៏បាក់តេរីអាចរស់បានដែរ (ផ្អែកលើការពិសោធរបស់
អ្នកអវកាស Astronaut) ។ បេីប្រៀបធៀបទម្ងន់មនុស្សទាំងអស់នៅក្នុងពិភពលោកជាមួយ
នឹងទម្ងន់បាក់តេរី មនុស្សលើលោកនេះមានទម្ងន់តិចជាងបាក់តេរី ១០ដង ។ យេីងអាចចែក
បាក់តេរីជាពីរប្រភេទគឺ៖ បាក់តេរីដែលផ្តល់សារប្រយោជន៏ដល់មនុស្ស សត្វ និង រុក្ខជាតិ
(Friendly Bacteria) និងបាក់តេរីដែលផ្តល់ទុក្ខទោសដល់មនុស្ស សត្វ និង រុក្ខជាតិ
(Hostile Bacteria) ។ យេីងអាចហៅបាក់តេរីទាំងពីរប្រភេទនេះថា៖ បាក់តេរីល្អ និង
បាក់តេរីអាក្រក់ក៏បានដែរ ។ ចំណុចមួយដែលយើងគួរកត់សម្គាល់ គឺថា បាក់តេរីល្អអាច
ក្លាយជាបាក់តេរីអាក្រក់ នៅពេលដែលវាឆ្លងពីប្រភពមួយ ទៅប្រភពមួយទៀត ។ ឧទាហរណ៍
បាក់តេរីល្អដែលមិនផ្តល់ទុក្ខទោសដល់សត្វ អាចធ្វើឲ្យមនុស្សឈឺបាននៅពេលដែលវា
ឆ្លងពីសត្វមកមនុស្ស ។ នៅពេលដែលបាក់តេរីអាក្រក់រុកគួនខ្លួនយើង យេីងនឹងឈឺ
ហេីយចាំបាច់ត្រូវតែសម្លាប់បាក់តេរីអាក្រក់នេះចោលដោយប្រើថ្នាំ អង់ទីប៊ីយូទិក
ឬថ្នាំផ្សះ (Antibiotic Medicines) ។ ប៉ុន្តែ មុននឹងប្រើថ្នាំអង់ទីប៊ីយូទិកដើម្បីព្យាបាល
ជម្ងឺ យេីងគប្បីពិគ្រោះយោបល់ជាមួយនិងគ្រូពេទ្យ ឬត្រួតពិនិត្យខ្លួនឯងឲ្យបានជាក់លាក់
ថាតើជម្ងឺរបស់យើងបង្កឡើងដោយបាក់តេរី ឬក៏ វីរ៉ុស ។ បេីយេីងឈឺដោយសា វីរ៉ុស
នោះមិនអាចប្រើថ្នាំអង់ទីប៊ីយូទិកទេ ព្រោះវីរ៉ុសគ្មានថ្នាំសម្លាប់វាបានឡើយ ។ ជម្ងឺខ្លះអាច
មាន ឬបង្កឡើងដោយបាក់តេរីផង និង វីរ៉ុសផង ដែលយើងហៅថា ឈឺច្រេីនប្រភេទ
(Comorbidity) ។ ឧទាហរណ៍៖ េយីងគ្រុនផ្តាសាយផង ក្អកផង រលាកបំពង់កផង រលាក
ទងសួតផង ដែលជាសញ្ញាបង្ហាញថា ជម្ងឺដែលកំពុងរុកគួនយើង បង្កឡើងដោយ វីរ៉ុសផង
និងបាក់តេរីផង ។ នៅពេលមានករណីនេះកើតឡើង យេីងចាំបាច់ត្រូវប្រើថ្នាំសម្លាប់បាក់តេរីផង
និងបង្ក្រាបរោគសញារបស់វីរ៉ុសផង ។
វីរ៉ុស ជាមេរោគដែលមានទំហំតូចជាងបាក់តេរីទៅទៀត ។ វាមិនអាចរស់ដោយឯកឯងបានទេ ។
វីរ៉ុសអាចរស់បានដោយផ្ញើខ្លួនវាជាមួយនឹង មនុស្ស សត្វ រុក្ខជាតិ ព្រមទាំង អ្វីៗគ្រប់បែបយ៉ាង
នៅក្នុងបរិស្ថាន ។ ដោយហេតុតែវាមានទំហំតូច វីរ៉ុស ក៏អាចផ្ញើខ្លួនវាជាមួយនឹងបាក់តេរីផងដែរ ។
ដូចដែលបានពណ៌នានៅខាងដើម មិនមានថ្នាំសម្រាប់សម្លាប់ វីរ៉ុសទេ ។ នៅពេលដែលយើង
ឈឺដោយសាការអុកឡុករបស់ វីរ៉ុស យេីងគប្បីរកថ្នាំបង្ក្រាបរោគសញ្ញា (Symptom
Suppressant or Antiviral Medication) គួបផ្សំនឹងការសម្រាកនិងញុាំចំណីអាហារបំប៉ន
ដេីម្បីឲ្យសិរីរាង្គរបស់យើងមានឋាមពលកៀបសង្កត់វីរ៉ុសកុំឲ្យវាធ្វើព្យុះធ្វើភ្លៀងនៅក្នុងខ្លួនយើង
បាន ។ ជម្ងឺដែលបង្កឡើងដោយវីរ៉ុស ជាជម្ងឺមានហានិភ័យខ្ពស់សម្រាប់មនុស្សលោក ។ ផលវិបាក
នៃវីរ៉ុស គឺស្ថិតនៅត្រង់ថាវាជាប្រភេទមេរោគ ឆ្លាត (Resilient) ពិបាកគ្រប់គ្រង ។ មធ្យោបាយតែ
មួយគត់ ដេីម្បីគ្រប់គ្រងវីរ៉ុស គឺ វ៉ាក់សាំង (Vaccines) ។ តាមរយៈការយល់ដឹងអំពី វ៉ាក់សាំងប្រឆាំង
ជម្ងឺគ្រុនផ្តាសាយ (Influenza Vaccines) គេត្រូវយកអត្តសញាណហ្សេន (Genetic Codes)
របស់មេរោគផ្តាសាយមកចិញ្ចឹម (Culture) រួចហើយសម្លាប់ប្រព័ន្ធរុកកួនរបស់វាចោល ។ បន្ទាប់មក
គេយកមេរោគអសមត្ថភាពនោះចាក់ចូលទៅក្នុងខ្លួនមនុស្ស ដេីម្បីឲ្យវាចាំទទួលមិត្តភ័ក្តិរបស់វាដែល
ចូលមកសួរសុខទុក្ខមនុស្ស ។ េធ្វីដូចនេះមនុស្សដែលបានទទួលវ៉ាក់សាំងប្រឆាំងជម្ងឺគ្រុនផ្តាសាយអាច
គេចរួចអំពីជម្ងឺនេះ ដោយហេតុថា មេរោគអសមត្ថភាពនៅក្នុងខ្លួនយើងនោះ នឹងធ្វើឲ្យមេរោគដទៃ
ដែលមានបំណងរុកគួនយើង អសមត្ថភាពដូចវាដែរ ។
មានមេរោគវីរ៉ុសជាច្រើនដែលយើងគួរស្គាល់ដូចជា៖ ហុីវ (HIV), គ្រុនផ្តាសាយ(បក្សី) (H1N1),
អុីបូឡា (Ebola), ហ្សីកា (Zika) ជាដើម ។ល។ ជាទូទៅ មេរោគវីរ៉ុសទាំងនេះរស់នៅផ្ញើខ្លួនជាមួយ
នឹងសត្វនៅក្នុងព្រៃ ។ នៅពេលសត្វព្រៃដែលមានផ្ទុកមេរោគ វីរ៉ុស ណាមួយជួបជាមួយនឹងមនុស្ស
ឬក៏សត្វដែលមនុស្សចិញ្ចឹម វីរ៉ុសនោះអាចឆ្លងពីសត្វនៅក្នុងព្រៃ មកសត្វដែលមនុស្សចឹញ្ចឹម ឬក៏ខ្លួន
មនុស្សផ្ទាល់ ។ បន្ទាប់ពីចូលដល់ក្នុងខ្លួនមនុស្ស វីរ៉ុស នឹងប្រែប្រួលខ្លួនវា (Transform) ឲ្យសមស្រប
ទៅនឹងប្រព័ន្ធទ្រទ្រង់របស់មនុស្ស ដម្បីចម្លងខ្លួនវាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ពេលខ្លះ វីរ៉ុស
ឆ្លងពីសត្វនៅក្នុងព្រៃមកមនុស្សតាមរយៈសត្វដែលមនុស្សចិញ្ចឹម ។ ឧទាហរណ៍មួយនៃករណីនេះ
គឺគ្រុនផ្តាសាយបក្សី ។ វីរ៉ុសគ្រុនផ្តាសាយបក្សី ភាគច្រើនរស់នៅជាមួយនឹងហ្វូងបក្សីពនេចរណ៍
(Migratory Birds) ។ ពេលដែលបក្សីពនេចរណ៍ហើរឆ្លងពីតំបន់មួយទៅតំបន់មួយ ឬពីទ្វីបមួយ
ទៅទ្វីបមួយទៀត ពួកវាតែងតែចុះសំចតនៅតាមវាលស្រែចម្ការ ឬបឹងត្រពាំង ដែលជាហេតុ
បណ្តាលឲ្យសត្វនៅក្នុងតំបន់ ឬសត្វដែលយើងចិញ្ចឹងទទួលរងផលប៉ះពាល់អំពីវីរ៉ុស គ្រុនផ្តាសាយ
បក្សី ។ បន្ទាប់ពីឆ្លងចូលដល់ក្នុងខ្លួនសត្វដែលមនុស្សចិញ្ចឹម វីរ៉ុសគ្រុនផ្តាសាយបក្សី ដំបូងឡើយគឺ
សម្របសម្រួលខ្លួនវាដើម្បីរស់នៅជាមួយនឹងសត្វចិញ្ចឹមនោះ រួចហើយទើបចាប់ផ្តើមរាតត្បាតដល់
សត្វចិញ្ចឹមដទៃទៀត ។ គួរកត់សម្គាល់ដែរថា វីរ៉ុសគ្រុនផ្តាសាយបក្សី ជួនកាលមិនបានធ្វើឲ្យសត្វ
ចិញ្ចឹមដែលផ្ទុកវីរ៉ុសនោះ ឈឺ ឬក៏ស្លាប់ទេ ។ បុ៉ន្តែ នៅពេលដែលមនុស្សចាប់សត្វចិញ្ចឹមនោះ មក
បរិភោគ ឬក៏លក់នៅលើទីផ្សារ វីរ៉ុសដែលនៅក្នុងសត្វចិញ្ចឹមនោះ អាចឆ្លងចូលមកក្នុងខ្លួនមនុស្ស
តាមរយៈប្រព័ន្ធដកដង្ហើម ឬក៏ស្នាមរបួសតូចតាចនៅលើស្បែក ។ ដូចគ្នាដែរ ជួលកាលវីរ៉ុសគ្រុន
ផ្តាសាយបក្សីនោះ មិនបានធ្វើឲ្យមនុស្សឈឺ ឬក៏ស្លាប់ទេ ហេីយក៏គ្មាននរណាដឹងថាមានវីរ៉ុស
គ្រុនផ្តាសាយបក្សី កំពុងរាតត្បាតសត្វចិញ្ចឹមនិងមនុស្សដែរ ។ យេីងអាចដឹងបានថា មានវីរ៉ុសមក
អុកឡុក នៅពេលដែលមានមនុស្ស ឬក៏សត្វដែលមនុស្សចិញ្ចឹមឈឺហើយស្លាប់តែបុ៉ណ្ណោះ ។
សូមបញ្ជាក់ថា វីរ៉ុស ក៏ដូចបាក់តេរីដែរ មានចំនួនច្រើនរាប់មិនអស់ទេ ។ វារស់នៅក្នុងខ្លួនយើង
លេីខ្លួនយើង និងក្នុងបរិស្ថានជុំវិញខ្លួនយើង ។
មេរោគភាគច្រើនបំផុត មិនសាហាវព្រៃផ្សៃទេ ។ ប៉ុន្តែ អ្វីដែលយើងត្រូវដឹងគឺថា មេរោគមួយអាច
សម្លាប់មនុស្ស សត្វ ឬរុក្ខជាតិ រាប់រយ រាប់ពាន់ ឬក៏រាប់លាន ដោយហេតុថាវាអាចបំបែកខ្លួនវាឲ្យ
មានចំនួនរាប់លានបានយ៉ាងឆាប់រហ័ស ។ កត្តាមួយទៀតដែលត្រូវដឹង គឺថា វីរ៉ុស ដែលរុកគួនខ្លួន
មនុស្ស មិនប្រាកដថាអាចធ្វើឲ្យមនុស្សរងគ្រោះដល់ស្លាប់ដោយសាវាទេ ប្រសិនបើយើងធ្វើ
រោគវិនិច្ឆ័យ (Diagnosis) រកឃើញវាទាន់ពេលវេលា ហេីយប្រើថ្នាំបង្រាបរោគសញាកុំឲ្យវា
ពង្រីកឥទ្ធិពលវាបាន ។ ផ្ទុយមកវិញ អ្នកដែលរងគ្រោះដោយសា បាក់តេរី មិនប្រាកដថាអាច
ព្យាបាលជាទេ ថ្វីត្បិតតែមានថ្នាំសម្រាប់សម្លាប់ បាក់តេរី ព្រោះថា បាក់តេរីខ្លះ អាចផ្លាស់ប្តូរប្រព័ន្ធ
ជីវិតរបស់វាដើម្បីទប់ទល់ជាមួយនឹងថ្នាំសម្រាប់កំចាត់វាបាន ។ សរុបសេចក្តីមក មនុស្សមិនអាច
កំចាត់មេរោគបានទេ ហេីយមេរោគ ក៏មិនអាចកំចាត់មនុស្សបានដែរ ។ យេីងបានត្រឹមតែរុកគួនគ្នា
ទៅវិញទៅមកតែប៉ុណ្ណោះ ។ ដេីម្បីសុខមាលភាពរបស់យើង មនុស្សចាំបាច់ត្រូវតែរៀន និង
ស្វែងយល់អំពីបុគ្គលិកលក្ខណៈ (Behavior) របស់មេរោគ ដេីម្បីងាយស្រួលក្នុងការបង្ក្រាប
ឬក៏គេចអំពីជម្ងឺនានា ។ សុភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេស្គាល់ខ្លួនឯង
ធេ្វីសង្គ្រាមមិនចេះចាញ់ ៕
Wednesday, November 2, 2016
រិះគន់ដើម្បីស្ថាបនា
ដេប៉ាតតឺម៉ង់ (Department)
នៅពេលដែលខ្ញុំបានអាន ឬក៏ឮពាក្យ ដេប៉ាតតឺម៉ង់ ម្តងៗ ខ្ញុំមានអារម្មណ៍ហាក់ដូចជាវេទនាក្នុងចិត្តណាស់ ព្រោះវាពិបាកថា ពិបាកស្តាប់ និងពិបាកយល់ ។ ខ្ញុំជឿថានៅក្នុងភាសាខ្មែរ មានពាក្យសមរម្យសម្រាប់សម្គាល់ពាក្យ ដេប៉ាតតឺម៉ង់ Department នេះ ។
បើតាមការសង្កេតរបស់ខ្ញុំ ពាក្យដេប៉ាតតឺម៉ង់ មានប្រើច្រើនណាស់នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh, RUPP) ។ ខ្ញុំឆ្ងល់ណាស់ថា សាកលវិទ្យាល័យជាកន្លែងប្រមូលផ្តុំអ្នកប្រាជ្ញនិងអ្នកសិក្សា ហេតុអ្វីក៏គេមិនអាចរកពាក្យខ្មែរមកប្រើជំនួសពាក្យដេប៉ាតតឺម៉ង់នេះបាន ។
ពាក្យ Department នៅក្នុងភាសាអង់គ្លេស ភាគច្រើនគឺគេប្រើសម្រាប់សម្គាល់ផ្នែកមួយនៃអង្គភាព លើកលែងតែសហរដ្ឋអាមេរិកដែលប្រើពាក្យនេះសម្រាប់សម្គាល់ក្រសួងនានានៅក្នុងអភិបាលកិច្ចសាធារណៈសហព័ន្ធផងដែរ ។ ឧទាហរណ៍ៈ Department of Defense(ក្រសួងការពារជាតិ), Department of State (ក្រសួងការបរទេស) ។
នៅក្នុងសាកលវិទ្យាល័យ ជាទូទៅគេសង្កេតឃើញថា មានការបែងចែកជាសាលាផ្សេងៗ ដែលភាសាអង់គ្លេសហៅថា School or College ។ នៅស្រុកខ្មែរគេហៅសាលាទាំងនេះថា Faculte or Faculty. ឧទាហរណ៍ៈ Faculty of Law (សាលាច្បាប់) Faculty of Medicine (សាលាពេទ្យ) ។ Department គឺជាផ្នែកមួយនៃសាលាទាំងនេះ ។ ដូច្នេះ តើយើងគួរយកពាក្យអ្វីមកសម្គាល់ដើម្បីឲ្យសមរម្យស្តាប់ទៅមិនឆ្គង ។ បើយើងប្រៀបធៀបសាកលវិទ្យាល័យទៅនឹងដើមឈើ យើងសង្កេតឃើញថា សាកលវិទ្យាល័យ ជាគល់ សាលានានា ជាមែកធំៗ និង ដេប៉ាតតឺម៉ង់ ជាមែកតូចៗ ។ មែកធំនិងមែកតូចទាំងនេះ ភាសាអង់គ្លេសគេហៅថា Branches ។ ឱ ស្វាយចន្ទី នារីអូនអើយបែកមែក(សាខា) ធ្វើបុណ្យកាលណា ប្រាថ្នាសុំជួបតែនឹងពុទ្ធិ ។
ត្រឡប់មកពាក្យ ដេប៉ាតតឺម៉ង់ វិញ ។ ខាងក្រោមនេះជាឧទាហរណ៍ពីរសម្រាប់គិតលេង ។ ខ្ញុំសរសេរពាក្យខ្មែរពីលើពាក្យអង់គ្លេស ។ បើមានខុសទាស់ សូមមេត្តាជួយកែតម្រូវផង ដើម្បីចំណេះដឹងទាំងអស់គ្នា៖
១) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលាសាធារណៈសុខាភិបាល, សាខា/ផ្នែក ស្រាវជ្រាវ
1) Royal University of Phnom Penh; School of Public Health; Department of Research
២) សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ, សាលារចនា, សាខាសម្តែងល្ខោនស្រមោល (ឬល្ខោនស្បែកធំ)
2) Royal University of Phnom Penh; School of Fine Arts; Department of Puppetry Performance
Tuesday, November 1, 2016
ចំណីខួរក្បាល
បម្រើបក្ស ឬបម្រើប្រទេស
ថ្មីៗនេះ ការបែកធ្លាយទិន្នន័យទំនាក់ទំនងអុីម៉ែលសម្ងាត់របស់អ្នកស្រី ហៀលឺរី គ្លីនតុន ជាមួយនឹងជំនួយការរបស់គាត់ កាលគាត់កាន់ការងារជារដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើឲ្យការប្រគួតប្រជែងតំណែងប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដែលកំពុងតែមានភាពក្តៅគគុកនោះ រឹតតែក្តៅថែមទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងករណីនេះ គឺថា ប្រធានក្រសួងសើុបអង្កេត អេហ្វប៊ីអាយ លោក ជេម្ស ខូមី ដែលជាអ្នកសម្រេចបញ្ចេញការសើុបអង្កេតរឿងនេះឲ្យសាធារណជនបានដឹង នៅតែប៉ុន្មានថ្ងៃមុនពេលបោះឆ្នោត គឺជាមនុស្សនៅក្នុងបក្សតែមួយជាមួយអ្នកស្រី គ្លីនតុន ។ គាត់ពិតជាមនុស្សក្លាហានមែន ព្រោះថា ប្រសិនបើអ្នកស្រី គ្លីនតុន ជាប់ឆ្នោតជាប្រធានាធិបតីនោះ គាត់ប្រហែលជាមិនមានឱកាសឈរជើងនៅក្នុងក្រសួង អេហ្វប៊ីអាយ ទៀតទេ ។ ហើយគាត់ក៏ប្រហែលជាយល់អំពីផលវិបាកនេះដែរ ។ នៅពេលដែលមន្ត្រី មិនស្ថិតនៅក្រោមអំណាចបក្ស ឬក៏បុគ្គលណាមួយ គាត់ធ្វើការបម្រើតែប្រទេសគាត់ប៉ុណ្ណោះ ។ ប្រទេសដែលមានមន្ត្រីប្រភេទនេះ គឺជាប្រទេសមានសំណាង ៕
Thursday, October 27, 2016
ពាក្យកាត់
គ្រប់យ៉ាង
ខ្ញុំឧស្សាហ៍ឃើញយុវជនខ្មែរសម័យឥឡូវប្រើពាក្យ៖ គ្រប់យ៉ាង ញឹកញាប់ណាស់នៅក្នុងការសរសេរឬនិយាយស្តី ។ ខ្ញុំស្តាប់ទៅហាក់ដូចជាខ្វះខាតបន្តិច ព្រោះថាអ្នកសរសេរឬនិយាយ ទំនងដូចជាមិនសូវមានជំនាញក្នុងការប្រើភាសាខ្មែរ ។ តាមពិតពាក្យ គ្រប់យ៉ាង គឺចេញមកពីពាក្យ អ្វីៗគ្រប់បែបយ៉ាង ឬអ្វីៗគ្រប់យ៉ាង ដែលភាសាអង់គ្លេសសរសេរថា៖ Everything ។ នៅពេលដែលយើងកាត់ផ្នែកខ្លះនៃពាក្យចេញពីដងខ្លួនរបស់វា គឺមិនខុសអ្វីអំពីកាត់អវៈយវៈខ្លះចេញពីខ្លួនមនុស្សឡើយ ។ វានឹងធ្វើឲ្យពាក្យនោះក្លាយទៅជាពាក្យពិការ ឬពាក្យមិនពេញលក្ខណៈ ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ៕
Tuesday, October 18, 2016
ពិចារណា
ជម្លោះល្អ
កាលខ្ញុំរៀនផ្នែកប្រាស្រ័យទាក់ទងនៅសាកលវិទ្យាល័យ មានមេរៀនមួយទាក់ទិននឹងទំនាក់ទំនងប្តីប្រពន្ធ (Spousal Relationship) ។ នៅថ្ងៃទីមួយនៃការចាប់ផ្តើមមេរៀន អ្នកគ្រូសាស្ត្រាចារ្យបានពន្យល់និស្សិតក្នុងថ្នាក់ថា៖ ជម្លោះរវាងប្តីប្រពន្ធមិនមែនសុទ្ធតែអាក្រក់ទេ ។ ដូច្នេះ មិនត្រូវគេចវេសអំពីជម្លោះឡើយ នៅពេលដែលយើងមានគ្រួសារ ព្រោះជម្លោះជាច្រើនអាចជួយឲ្យយើងមើលឃើញសច្ចៈនិងកាត់បន្ថយភាពមិនច្បាស់លាស់នៅក្នុងទំនាក់ទំនងគ្រួសារ ។ គេហៅជម្លោះប្រភេទនេះថា៖ Healthy Argument (ជម្លោះល្អ ឬជម្លោះមានប្រយោជន៏) ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានជួបការពន្យល់ផ្ទុយអំពីទស្សនរបស់ខ្ញុំ ។ សម្រាប់ខ្ញុំ ឲ្យតែជម្លោះ មិនថាជាមួយប្តីប្រពន្ធ ឬក៏អ្នកដទៃទេ គឺសុទ្ធតែជារឿងអាក្រក់ទាំងអស់ ។ និស្សិតជាច្រើនបានឈ្លេចសួរអំពីបញ្ហានៅក្នុងគំនិតខ្ញុំនេះ ហើយអ្នកគ្រូនោះក៏បានពន្យល់រហូតផុតម៉ោងរៀន ប៉ុន្តែខ្ញុំនៅតែមិនយល់ ។ ប្រហែលជាភាសាអង់គ្លេសរបស់ខ្ញុំនៅខ្ចី ឬក៏គំនិតខ្ញុំចង្អៀតក៏មិនដឹង ។ ខ្ញុំក៏កប់ទស្សន ជម្លោះល្អ ខ្មោចយនោះទុកក្នុងចិត្តចោលទៅ ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏មានប្រពន្ធ មានកូន ព្រមទាំងមានជម្លោះប្តីប្រពន្ធជារឿយៗ ។ All of a sudden (មិនដឹងពាក្យខ្មែរប្រែថាមេចទេ) ទស្សនជម្លោះល្អស្រាប់តែលេចធ្លោនៅចំពោះមុខខ្ញុំ ។ ខ្ញុំក៏ចាប់ផ្តើមពិនិត្យមើលខ្លឹមសារនៃជម្លោះប្តីប្រពន្ធរបស់ខ្ញុំ ។ ស្ទើរតែគ្រប់ជម្លោះរបស់យើងទាំងអស់ មិនថាជារឿងតូចតាច ឬក៏ធំដុំទេ សុទ្ធតែទាក់ទិននឹងសេចក្តីស្រឡាញ់ខ្វាយខ្វល់ដល់គ្នាទៅវិញទៅមក និងការចង់បានសុខមាលភាពសម្រាប់គ្រួសារ ដែលយើងហៅថា សុភមង្គល ។ ភាគីទាំងសងខាងសុទ្ធតែមានទស្សន និងគោលដៅក្នុងការដឹកនាំនាវាជីវិតគ្រួសារតែរៀងខ្លួន ។ ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៏និងអស់សំណើចនោះគឺថា សុភមង្គល ជាចំណុចរួមនៃមហិច្ឆតារបស់យើងផង និងជាចំណុចកណ្តាលនៃជម្លោះរបស់យើងផង ។ សម្រាប់ប្រពន្ធខ្ញុំ សុភមង្គល គឺសំដៅលើការមានលុយកាក់ទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងដែលជីវិតត្រូវការ ។ នេះជាចំណុចចម្រូងចម្រាសមួយដែលបង្កឲ្យមានទំនាសរវាងយើងទាំពីរ ព្រោះថា ដើម្បីមានអ្វីៗសព្វបែបយ៉ាងមកបំពេញចំណង់នៅក្នុងជីវិតនោះ យើងនឹងក្លាយទៅជាទាសករនៃតណ្ហា Desire (តណ្ហានៅទីនេះគឺសំដៅលើការចង់បាន) ។ យើងដឹងហើយថា តណ្ហាគ្មានដែនកំណត់ទេ ។ វាភ្ជាប់ខ្លួនជាមួយនឹងជីវិតយើងរហូតដល់ថ្ងៃយើងស្លាប់ ។ ដូច្នេះធ្វើកញ្ជះតណ្ហាអស់មួយជីវិត ដូចជាមិនសមហេតុផលសោះសម្រាប់ខ្ញុំ ។ ខ្ញុំយល់ថា សុភមង្គល គឺជីវិតដែលមានតុល្យភាពរវាងការរកទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងមកបំពេញសេចក្តីត្រូវការរបស់តណ្ហា និងផាសុខភាពនៃជីវិត ឬនិយាយឲ្យងាយយល់ ធ្វើកញ្ជះតណ្ហាផង និងគ្រប់គ្រងតណ្ហាផង ។ តើយើងធ្វើកញ្ជះតណ្ហាផង គ្រប់គ្រងតណ្ហាផង ដូចម្តេចទៅ!!! ចំណុចនេះ សូមមើលពាក្យ អដ្ឋង្គិគមៈ ដែលជាឱវាទព្រះពុទ្ធ ។ ខ្ញុំសុំអធ្យាស្រ័យ ដោយមិនអាចវែកញែកបន្ថែមលើពាក្យ អដ្ឋង្គិគមៈ ព្រោះត្រូវការពេលវេលាវែងពេក ប៉ុន្តែគ្រាន់តែចាំថា អត្ថន័យនៃពាក្យនេះគឺសំដៅលើការដឹកនាំជីវិតលើផ្លូវកណ្តាល ដោយមិនលោភលន់ពេក និងមិនខ្ជិលខ្ជីខ្ជាពេក ។ មិត្តអ្នកអានអាចស្វែងរកការពន្យល់ពាក្យនេះពិស្តារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Internet បាន ។ សរុបសេចក្តីមក ទាំងខ្ញុំនិងប្រពន្ធខ្ញុំ មានគោលដៅដូចគ្នាក្នុងការស្វែងរកសុភមង្គលឲ្យជីវិត ប៉ុន្តែ ផ្លូវដែលយើងជ្រើសរើសដើម្បីធ្វើដំណើរទៅកាន់សុភមង្គលនោះគឺមានពីរ ប្រៀបដូចជា ផ្លូវទឹក និង ផ្លូវគោក ។ ហើយផ្លូវទាំងពីរនេះសុទ្ធតែមានហានិភ័យជាមួយនឹងសត្វសាហាវ (Metaphors អត្ថប្បដិរូប) ដែលជាកត្តាទុក្ខព្រួយសម្រាប់ជីវិតយើង ។ ដូច្នេះ ចំណុចដែលយើងត្រូវយកមកពិចារណានោះគឺថា តើយើងត្រូវជ្រើសរើសផ្លូវមួយណាដែលមានទុក្ខតិច និងផាសុខភាពច្រើន ។
សារសំខាន់នៃជម្លោះល្អ គឺស្ថិតនៅក្នុងលទ្ធផលដែលស្តែងចេញមក ។ ទាំងប្តី ទាំងប្រពន្ធនឹងមើលឃើញនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ហើយចំណុចណាខ្លះដែលគួរសម្របសម្រួល (Compromise) ។ បន្ទាប់ពីជម្លោះមួយឈានដល់ចំណុចសម្របសម្រួលហើយ យើងនឹងឈរលើចំណុចសម្របសម្រួលនោះ ហើយឈ្លោះគ្នាបន្តទៅទៀត ។ ដរាបណាសេចក្តីស្រឡាញ់និងភាពខ្វល់ខ្វាយអំពីសុខមាលភាពគ្រួសារនៅតែមាន ជម្លោះល្អគឺគ្មានទីបញ្ចប់ទេ ទាល់តែយើងស្លាប់ទើបចប់ ។ សម្រាប់អ្នកដែលមិនធ្លាប់រៀនទ្រឹស្តីរបស់លោក ហ្វ្រីដឺរីក ហេហ្គេល ឬហេហ្គេលាន ដាយ៉ាឡិចទិច ចំណុចនេះពិបាកយល់បន្តិច បុ៉ន្តែមិនអីទេ គ្រាន់តែចាំថាជម្លោះល្អរវាងប្តីប្រពន្ធគឺជាដំណើរប្រទាញប្រទង់មួយឆ្ពោះទៅរកសុខមាលភាព ។
តើមានជម្លោះអាក្រក់ ឬជម្លោះអត់ប្រយោជន៏ដែរឬទេ ? ចម្លើយគឺ មាន ប៉ុន្តែ ជាទូទៅប្តីប្រពន្ធមិនឈ្លោះគ្នាទេ នៅពេលដែលដឹងថាជម្លោះនោះគ្មានផលប្រយោជន៏ ។ ខ្មែរមានពាក្យមួយសម្រាប់សម្គាល់ជម្លោះគ្មានប្រយោជន៏៖ អហោសិកម្ម ។ នៅពេលដែលអហោសិកម្មមកដល់ ជម្លោះក៏អស់ ចិត្តស្មោះក៏គ្មាន ភាពសុខសាន្តរង្គោះរង្គើ អ្វីដែលត្រូវធ្វើ គឺពិចារណា ថាតើពេលណា ទើបចិត្តសម្រេច សម្រួលកាត់ផ្តាច់ ចំណងប្រាំប្រការ ឲ្យផុតកម្មពៀរ វេរាទៅហោង ៕
Friday, October 7, 2016
ពិចារណា
ទឹមគោបញ្ច្រាសរទេះ
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបញ្ចេញទឹកប្រាក់ ២៧លានដុល្លារ សម្រាប់ឲ្យអ្នកជំនួញវិស័យស្រូវអង្ករខ្ចីប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហាស្រូវចុះថោកដល់កសិករខ្មែរ គេសង្កេតឃើញថា ប្រាក់២៧លានដុល្លារនោះ មិនទាន់មានអ្នកខ្ចីយកទៅប្រើប្រាស់ច្រើនទេ ។ តើមូលហេតុអ្វី ? ខាងក្រោមនេះគឺជាហេតុផល៖
សហគ្រាសដែលមានបំណងខ្ចីប្រាក់ពីកញ្ចប់ថវិកា ២៧លានដុល្លារនេះ គឺត្រូវគោរពតាមលក្ខខណ្ឌពីរ (២)៖
១ ទិញស្រូវពីកសិករក្នុងតម្លៃមិនក្រោមពី ៨៤០រៀល ក្នុង ១គីឡូក្រាម ខណ៖ដែលតម្លៃស្រូវក្នុងទីផ្សារបច្ចុប្បន្នគឺ ៧៣០រៀល ក្នុង១គីឡូក្រាម ។
២ ប្រាក់កម្ចីគឺត្រូវបង់ការប្រាក់ ៧ភាគរយ ក្នុង១ឆ្នាំ ។
បើយើងយកតួេលខមកគិតត្រួសៗ យើងសង្កេតឃើញថា៖ សហគ្រាស ឬឈ្មួញដែលខ្ចីលុយយកមកទិញស្រូវពីកសិករខ្មែរក្នុង ១គីឡូក្រាម ត្រូវខាត ១១០រៀល ។ ដូច្នេះ ក្នុង១តោន គាត់ត្រូវខាត ១១០០០០រៀល ស្មើនឹង ២៧ដុល្លារ ។ ឯប្រាក់កម្ចី ក្នុងទម្ងន់ស្រូវ ១តោន គាត់ត្រូវខ្ចីប្រាក់ ៨៤០០០០រៀល ស្មើនឹង ២១០ដុល្លារ ។ បើគាត់ស្តុកស្រូវនេះចំនួន ៦ខែដើម្បីឲ្យស្រូវឡើងថ្លៃទើបអាចលក់ចេញ គាត់ត្រូវបង់ការប្រាក់ប្រមាណជា ៨ដុល្លារ ក្នុង១តោន ។ សរុបទៅខ្ចីប្រាក់យកមកទិញស្រូវស្តុកទុករយ៖ពេល ៦ខែ គឺត្រូវខាត ៣៥ដុល្លារ ឬគាត់ត្រូវលក់ស្រូវឲ្យបានយ៉ាងហោចណាស់ ៣៥ដុល្លារលើសតម្លៃដែលគាត់ទិញក្នុង១តោន ទើបអាចរួចដើមវិញ ។ នេះមិនទាន់គិតនូវចំណាយផ្សេងៗទៀតដែលទាក់ទិននឹងការប្រមូលទិញស្រូវផង ។ សួរថា តើមានឈ្មួញប៉ុន្មាននាក់សុខចិត្តខ្ចីលុយមកទិញទំនិញដែលមានតម្លៃថ្លៃលើសពីទីផ្សារ យកមកស្តុកទុកដើម្បីលក់រកកម្រៃនោះ ???
ខ្ញុំមិនមែនជាសេដ្ឋវិទូទេ តែបើតាមដំបូន្មានរបស់ម្តាយខ្ញុំដែលជាអ្នកលក់ចាប់ហួយនៅតាមចិញ្ចើមថ្នល់នោះ គាត់បានប្រាប់ខ្ញុំថា៖ របស់អ្វីក៏ដោយ ទិញថោក លក់ថ្លៃ ទើបរកសុីរស់ ។ រដ្ឋាភិបាលកម្ពុជា គួរណាស់តែពិនិត្យឡើងវិញ អំពីគោលនយោបាយអត់ប្រយោជន៏នេះ យ៉ាងហោចណាស់ក៏សង្កេតមើលករណីជោគជ័យរបស់ប្រទេសដទៃ ។ កាលពីប៉ន្មានឆ្នាំមុន រដ្ឋាភិបាលអាមេរិកបានសង្គ្រោះក្រុមហុន General Motor (GM) ឲ្យរួចផុតពីការរលំរលាយដោយផ្តល់ថវិកាវិនិយោគផ្តាល់ជាមួយនឹងក្រុមហុននេះ រហូតទាល់តែក្រុមហុននេះចេញផុតពីហានិភ័យ ទើបរដ្ឋដកទុនភាគហុនមកវិញថែមទាំងបានចំណេញខ្លះផង ។ សព្វថ្ងៃ ប្រទេសជប៉ុនក៏បានផ្តល់ហិរញបទានដល់សហគ្រាសគេដែលមានការប្រាក់ក្រោមសូន្យ ។ គេឲ្យឈ្មោះគោលនយោបាយនេះថា៖ Abe-nomic ។ ដូចគ្នាដែរ វិបត្តិស្រូវថោកនៅកម្ពុជាអាចដោះស្រាយបានប្រសិនបើរដ្ឋាភិបាលប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះ ៕
Tuesday, September 13, 2016
កំណាព្យ
នឹកស្រុក នឹកស្នេហ៏
ទន្លេបិទ ចិត្តខ្ញុំនឹក រលឹកភូមិ
រការធំ បងនិងម៉ុម ទៅលេងវត្ត
រដូវភ្ជំុ លើកដៃផ្គុំ បួងសួងស្បថ
ស្នេហ៏ប្រាកដ សូមកុំព្រាត់ ឃ្លាតគ្នាឡើយ ។
ជីរោក្រោម ធ្លាប់ប្រលោម ប្រឡែងស្រី
នឹកពេកក្រៃ គ្រាដឹកដៃ ថ្លៃឆ្លងខ្ពប
ចៃដន្យអ្វី គ្រោះចង្រៃ ស្រីដើរលប
ជាន់ចំគ្រប ចំពុះទា វាមុតជើង ។
ឈឺផ្សាក្រៃ ពៅពិសី ឲ្យបងអៀវ
ជើងអូនគៀវ ចង្កេះជាប់ អោបកផង
វាយោបក់ ស្រីងិកង៉ក់ ប្រាប់ឲ្យបង
រកអ្វីចង រុំរបួស ជំនួសស្រី ។
ជីរោលើ យើងធ្លាប់ធ្វើ បុណ្យរួមគ្នា
ពុទ្ធបូជា លើកហត្ថា បួងសួងស្តី
ប្រាប់ទេព្តា ជួយរក្សា ស្នេហ៏ភក្តី
បងនិងស្រី ភ្ជាប់និស្ស័យ លុះក្ស័យជន្ម ៕
Thursday, September 8, 2016
កំណាព្យ
ស្លាប់ក្នុងយស
វិរជនដែលស្ម័គ្រស្លាប់ក្នុងយស
តែងមានឈ្មោះរស់នៅលើលោកី
រយពាន់ឆ្នាំគេចាំជាអលជ្ជី
ដូចពាលីនៅក្នុងរឿងរាមកេរ ។
ពាលីស្លាប់ដោយសាសរព្រះរាម
លើកដៃឆ្ពាមប្រល័យឥតគិតគ្នេរ
ព្រោះតែប្រយោជន៏ខ្លួនរាមរិះរេ
បំផ្លាញជីវិតគេមិនកោតក្រែង ។
មុនពេលស្លាប់លាចាកលោកនេះទៅ
ពាលីឆ្លៀតប្រដៅប្អូនខែងរែង
គឺសុគ្រីពដែលឈ្លោះនឹងបងឯង
ឲ្យខ្នះខ្នែងយកសច្ច:ជាធំ ។
ពាលីប្រាប់ប្អូនឲ្យត្រិះរិះគិត
រឿងជីវិត យុត្តិធម៍ និង សង្គម
ទង្វើល្អអាក្រក់ជាគ្រឿងផ្គុំ
អាចដឹកនាំផ្តល់សុខឬទុក្ខា ។
សារសំខាន់ដែលពាលីចង់ប្រាប់
ឲ្យប្អូនស្តាប់និងយល់ពេញឱរ៉ា
មិនត្រូវឈ្លោះគ្នាឯងឲ្យបច្ចា
ឆ្លៀតប្រហារបំផ្លាញគ្រួសារបាន ។
រឿងពាលីផ្តែផ្តាំខ្មែរឆ្លាក់ទុក
ជាទំនុករូបភាពច្រើនសណ្ឋាន
នៅលើប្រាង្គប្រាសាទពីបុរាណ
សម្រាប់ទូន្មានលុះលង់ឥឡូវ ។
បើប្រៀបធៀបការស្លាប់នៃពាលី
ជាមួយនឹងឃាតកម្ម កែម ឡី ទៅ
ឃើញថាគាត់ស្លាប់ដើម្បីត្រាយផ្លូវ
ឲ្យញាតិផៅស្វែងយល់ធម៍សច្ច: ។
សុខនិងទុក្ខជារឿងដែលប្រឈម
មនុស្សសត្វផងត្រូវហែលឆ្លងប្រត្យក្ស
អ្វីសំខាន់នោះគឺយើងម្នាក់ៗ
ត្រូវជឿជាក់លើសមត្ថភាពខ្លួន ។
ជូតទឹកភ្នែករួចហើយបន្តដើរ
ធ្វើដំណើរឲ្យផុតការរុកគួន
ប្តេជ្ញាចិត្តឲ្យខ្លាំងរឹងមាំមួន
បើយើងពួនរកសុខមិនឃើញទេ ៕
Monday, August 22, 2016
ចំណីខួរក្បាល
គុកទួលស្លែង និង តុលាការក្រុងភ្នំពេញ
កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ស្រាវជ្រាវអានឯកសារជាច្រើនដែលពាក់ព័ន្ធនឹងចម្លើយអ្នកទោសនៅគុកទួលស្លែងក្នុងសម័យខ្មែរក្រហមត្រួតត្រាប្រទេសកម្ពុជា ។ នៅក្នុងឯកសារទាំងនោះ ខ្ញុំសង្កេតឃើញថា មនុស្សដែលស្គាល់អ្នកទោស ឬក៏ធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងអ្នកទោស ត្រូវបានគេចាប់ជាបន្តបន្ទាប់យកមកកម្ទេចចោល (សម្លាប់) ។ គេហៅមនុស្សពាក់ព័ន្ធទាំងនោះថា៖ ខ្សែក្បត់ ។ នៅពេលដែលខ្ញុំសង្កេតមើលការអនុវត្តច្បាប់របស់មន្ត្រីតុលាការក្រុងភ្នំពេញពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា និងកញ្ញា ខុម ចន្ទតារាទី រូបភាពប្រហាក់ប្រហែលគ្នាហាក់ដូចជាលេចធ្លោឡើង ។ មនុស្សមួយចំនួនដែលអ្នកនាង ចន្ទតារាទី ថាធ្លាប់បានប្រស្រ័យទាក់ទងជាមួយនឹងនាង ឬក៏អ្នកដែលមានសម្លេងនៅក្នុងខ្សែអាត់ ដែលជនអនាមិកលួចថតដោយបំពានរដ្ឋធម្មនុញ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលមកបំភ្លឺជាបន្តបន្ទាប់ ។ បន្ទាប់ពីចាប់មនុស្សមួយចំនួនដាក់គុក តុលាការក្រុងភ្នំពេញក៏បានចាត់វិធានការផងដែរ ចំពោះជនណាដែលធា្លប់ប្រស្រ័យទាក់ទងនឹងពិរុទ្ធជនទាំងនោះ ។ ទង្វើនេះ គឺមិនខុសអ្វីអំពីប្រព័ន្ធគ្រប់គ្រងគុកទួលស្លែងនៅក្នុងសម័យខ្មែរក្រហមនោះទេ ។ ទោះបីជាអ្វីដែលតុលាការក្រុងភ្នំពេញធ្វើនៅពេលនេះ គ្រាន់តែជាការចាប់មនុស្សដាក់គុកក៏ដោយ ក៏វាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងមកលើ សិទ្ធិ និងសេរីភាព ក្នុងការប្រស្រ័យទាក់ទងគ្នារបស់ប្រជារាស្ត្រខ្មែរ ។
Friday, August 19, 2016
សីល្បនៃការរស់នៅ The Art of Living
ស្រឡាញ់ (Love)
មនុស្សនៅលើលោកនេះសុទ្ធតែស្គាល់ពាក្យ ស្រឡាញ់ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយល់អំពីអត្ថន័យនៃពាក្យស្រឡាញ់នេះ ។ កាលខ្ញុំរៀននៅសាកលវិទ្យាល័យ ខ្ញុំបានចំណាយពេលពីរឆ្នាំសិក្សាអំពីទំនាក់ទំនងមនុស្សនិងដំណោះស្រាយទំនាស់ ដែលជាយុទ្ធសាស្ត្រសម្រាប់រក្សាសេចក្តីស្រឡាញ់ឲ្យមានភាពរឹងមាំ ។ ស្រឡាញ់មានពីរយ៉ាង គឺ៖ ស្រឡាញ់មានល័ក្ខខណ្ឌ និងស្រឡាញ់ឥតល័ក្ខខណ្ឌ (Conditional and Unconditional Love) ។ ថ្វីត្បិតតែវាមានប្រភពចេញមកពីដួងចិត្តដូចគ្នា សេចក្តីស្រឡាញ់ទាំងពីរប្រភេទនេះ ផ្តល់លទ្ធផលមិនដូចគ្នាទេ ។ ជាទូទៅ ស្រឡាញ់មានលក្ខខណ្ឌច្រើននាំមកនូវលទ្ធផលអវិជ្ជមាន មិនដូចស្រឡាញ់ឥតលក្ខខណ្ឌទេ ដែលតែងតែនាំមកនូវលទ្ធផលវិជ្ជមាន ។ ដើម្បីវែកញែកឲ្យបានពិស្តារបន្តិច ខ្ញុំសូមលើកយកឧទាហរណ៍ខ្លះៗដែលទាក់ទងនឹងសេចក្តីស្រឡាញ់ទាំងពីរប្រភេទមកបង្ហាញ ។ នៅពេលដែលម្តាយនិយាយទៅកាន់កូនតូចថាម៉ាក់ឈប់ស្រឡាញ់កូនហើយ ប្រសិនបើកូនមិនស្តាប់តាមការណែនាំរបស់ម៉ាក់ ។ ទោះបីជាធាតុពិតនៃពាក្យទាំងនេះ គ្រាន់តែជាការកំញើុញក៏ដោយ ក៏វាស្តែងចេញនៃការស្រឡាញ់ដែលមានល័ក្ខខណ្ឌ ។ ដូចគ្នាដែរ នៅពេលដែលប្រពន្ធខ្ញុំធុញទ្រាន់នឹងភាពខ្ជិលច្រអូស និងរឹងរូសកែមិនឡើងរបស់ខ្ញុំ គាត់ក៏និយាយថា៖ ខ្ញុំទ្រាំលែងបានហើយបើឯងមិនព្រមកែចរិតរបស់ឯង ។ នេះក៏ជាសេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌដែរ ។ និយាយឲ្យខ្លី សេចក្តីស្រឡាញ់ដែលមានលក្ខខណ្ឌ គឺមិនមែនជាការស្រឡាញ់ពិតប្រាកដទេ វាគ្រាន់តែជាការហួងហែងតែប៉ុណ្ណោះ ដែលភាសាអង់គ្លេសហៅថា៖ Posessive Love (ស្រឡាញ់ដូចកម្មសិទ្ធិ) ។ ខ្ញុំលើកយកឧទាហរណ៏ពីរនេះមកបង្ហាញគឺចង់ទាញចេញនូវចំណុចគន្លិះពីរដែលមនុស្សទូទៅគួរចៀសវាងនៅក្នុងការប្រស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ មិនថានៅក្នុងគ្រួសារឬកន្លែងធ្វើការឡើយ ។ នៅក្នុងឧទាហរណ៍ទីមួយ យើងសង្កេតឃើញថាប្រយោគដែលម្តាយនិយាយទៅកាន់កូនគឺមានលក្ខណ៖ កំញើុញឬព្រមាន (Warning) ។ ចំណែកឧទាហរណ៍ទីពីរដែលប្រពន្ធនិយាយទៅកាន់ប្តី គឺមានលក្ខណ៖ គំរាម (Threat) ។ ការប្រស្រ័យទាក់ទងគ្នា ទោះបីជានៅក្នុងកាលទេសណាក៏ដោយ គេមិនត្រូវប្រើសារដែលមានលក្ខណ៖ ព្រមានឬគំរាមទេ ។ ព្រោះថាអ្នកដែលត្រូវគេព្រមានឬគំរាម នឹងរកវិធានការទប់ទល់ ដែលជាកត្តាមួយធ្វើឲ្យសម្តីរបស់យើងគ្មានបានការ ។ បើអ្នកចង់យល់អំពីចំណុចនេះកាន់តែច្បាស់ អ្នកសាកល្បងសង្កេតមើលប្រតិកម្មរបស់អ្នកនៅពេលដែលអ្នកទទួលសារដែលមានលក្ខណ៖ ព្រមានឬគំរាមពីអ្នកដទៃ លមើល តើវាមានលក្ខណ៖វិជ្ជមានឬអវិជ្ជមាន ។ សុំទោសដោយយកទ្រឹស្តីប្រស្រ័យទាក់ទងមកឡូកឡំនឹងរឿងស្រឡាញ់ ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់មិនអាចកើតមានដោយគ្មានការប្រស្រ័យទាក់ទងឡើយ ។
ឥឡូវ យើងសូមនិយាយអំពីស្រឡាញ់ឥតល័ក្ខខណ្ឌវិញម្តង ។ តើយើងអាចស្រឡាញ់នរណាម្នាក់ដោឥតលក្ខខណ្ឌបានទេ ។ ចម្លើយគឺមិនអាចទេ ។ ប៉ុន្តែយើងអាចហ្វឹកហាត់ចិត្តយើងឲ្យអនុវត្តសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌបានដោយប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positivism) ។ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅទៅលើការប្រស្រ័យទាក់ទងនិងឲ្យតម្លៃមនុស្សផ្អែកលើចំណុចវិជ្ជមាន ។ នៅពេលដែលយើងស្រឡាញ់មនុស្សដោយផ្អែកលើចំណុចវិជ្ជមានដែលគេមាន (ទោះតិចតួចក្តី) នោះយើងគ្មានហេតុផលអ្វីនឹងភ្ជាប់លក្ខខណ្ឌជាមួយនឹងសេចក្តីស្រឡាញ់របស់យើងឡើយ ។ ហើយអ្នកដែលយើងស្រឡាញ់នោះក៏គ្មានហេតុផលអ្វីដើម្បីផ្តល់ប្រតិកម្មអវិជ្ជមានមកយើងវិញដែរ ។ ទាំងអស់គ្នានឹងមានសេចក្តីសុខ ស្ងប់ នៅក្នុងចិត្តជានិច្ច ។
Friday, July 15, 2016
វិចារណកថា
ជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី
(កំណត់៖ អត្ថបទនេះជាការពិចារណារបស់ស្មេរដោយផ្អែកលើ ហេតុផល តក្កវិជ្ជា និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ Process of Elimination. ដរាបណាអាជ្ញាធរខ្មែរមិនទាន់រកឃើញភស្តុតាងជាក់លាក់ អត្ថបទនេះគ្រាន់តែជាចំណីខួរក្បាលប៉ុណ្ណេាះ។)
ផ្អែកលើពត៍មាននានាទាក់ទិននឹងការស្លាប់របស់បណ្ឌិត កែម ឡី ដែលសាធារណជនទទួលបានទាំងផ្លូវការ និងមិនផ្លូវការ យើងអាចសន្និដ្ឋានបានថា ការស្លាប់របស់គាត់គឺជាអំពើឃាតកម្មដែលត្រូវបានគេរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ជាទីបំផុត ។ ហើយឃាដកម្មនេះ អាចជាស្នាដៃរបស់ភ្នាក់ងារសម្ងាត់ដែលជារឿងមួយលំបាកបំផុតក្នុងការសើុបអង្កេតវែកមុខក្រុមឃាដករ ។ សំណួរដែលសាធារណជនចង់ដឹងជាទីបំផុតនេាះ គឺថា តើមានមនុស្សប៉ុន្មាននាក់ដែលពាក់ព័ន្ធនៅក្នុងរឿងនេះ ព្រេាះថា បើយោងតាមចម្លើយរបស់ឃាដករដែលអាជ្ញាធរចាប់បាន និងសម្តីរបស់សាច់ញាតិគាត់ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលគេប្រើឲ្យមកសម្លាប់ ឬក៏ចូលរួមសម្លាប់លោក កែម ឡី តែប៉ុណ្ណេាះ ។ ដូច្នេះ អាថ៍កំបាំងទាំងប៉ុន្មានគឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពសើុបអង្កេតរបស់អាជ្ញាធរខ្មែរ ។ នៅក្នុងការសើុបអង្កេតឧក្រិដកម្ម គេមិនអាចមើលរំលងកត្តាណាមួយឡើយ ដែលភាសាអងគ្លេសនិយាយថា Leave no stone unturned មានន័យថា កកាយឲ្យសព្វទិសទី ។ ទន្ទឹមនឹងនេះដែរ គេក៏ត្រូវឲ្យអាទិភាពទៅលើកត្តាសំខាន់បំផុត (Leading factors) ដើម្បីជៀសវាងការសើុបអង្កេតខុសតម្រុយ ។ តើកត្តាសំខាន់បំផុតដែលអាចលាតត្រដាងអាថ៍កំបាំងជុំវិញឃាដកម្មលើបណ្ឌិត កែម ឡី នៅឯណា ។ ចំណុចនេះ យើងចាំបាច់ត្រូវតែលើកយក ហេតុផល តក្កវិជ្ជា និងវិធីទាត់ចោលកត្តាបន្ទាប់បន្សំ មកត្រិះរិះពិចារណាទាំអស់គ្នា ។ បើតាមការយល់ឃើញរបស់ស្មេរ ៖
១ យុទ្ធសាស្ត្រស្វាសុីបាយរួចលាបមាត់ពពែ រវាងគណបក្សប្រជាជន និងសង្គ្រេាះជាតិ ដើម្បីកំចាត់គ្នាទៅវិញទៅមក ។ កត្តានេះ មិនអាចជាកត្តាសំខាន់បំផុតទេពីព្រេាះបក្សពាក់ព័ន្ធនឹងបាត់បង់ការគាំទ្រពីពលរដ្ឋប្រសិនបើការពិតត្រូវបានលាតត្រដាង ។
២ ឧប្បមាថា លោក កែម ឡី ជាអ្នកផ្តល់ពត៍មានពិស្តារអំពីអាណាចក្រពាណិជ្ជកម្មរបស់ត្រកូល ហ៊ុន ឲ្យទៅអង្គការ គ្លូបលវិតនេស (Global Witness) ហើយត្រូវបានត្រកូល ហ៊ុន សម្រេចសម្លេះចោល ។ កត្តានេះ ក៏មិនមែនជាកត្តាសំខាន់បំផុតដែរ ព្រេាះថាបើទង្វើនេះលាក់មិនជិត ត្រកូល ហ៊ុន នឹងត្រូវរាស្ត្រខ្មែរទូទាំងនគរស្អប់ ។
បើអ្វីៗទាក់ទិននឹងអ្នកមានអំណាចនៅស្រុកខ្មែរមិនមែនជាកត្តាសំខាន់បំផុត តើកត្តាសំខាន់បំផុតនៅឯណា ។ បើតាមការយល់ឃើញរបស់ស្មេរ កត្តាសំខាន់បំផុត គឺអាចស្ថិតនៅជាមួយនឹងមហាមិត្តជិតខាងរបស់កម្ពូជាឯណេាះវិញទេ ។ ប៉ុន្តែ ដរាបណាយើងគ្មានភស្តុតាងជាក់លាក់ យើងមិនអាចចោទនរណាម្នាក់បានឡើយ ។
ប្រទេសកម្ពូជាមានមិត្តភូមិផងរបងជាមួយចំនួនបី គឺ យួន លាវ និង សៀម ។ ប្រទេសទាំងបី សុទ្ធតែមានទ្រព្យសម្បត្តិខ្មែរនៅក្នុងដៃរបស់ខ្លួន ទឹកដីនិងប្រាសាទព្រមទាំងពលរដ្ឋខ្មែរមួយចំនួនធំផង ។ ផ្អែកលើមូលដ្ឋាន រាលផលិទិក Realpolitik (នយោបាយបរទេស ធ្វើយ៉ាងណាឲ្យប្រទេសខ្លួនចំណេញនិងរុងរឿង ទេាះបីត្រូវបំផ្លាញប្រទេសដទៃដែលជាមិត្តមុឺនឆ្នាំ ក៏អត់បញ្ហា) យើងអាចយល់បានថា មិត្តភូមិផងរបងជាមួយរបស់កម្ពុជា ជាពិសេស យួននិងសៀម មិនចង់ឃើញខ្មែររីកចម្រើន ទាំងនយោបាយ សេដ្ឋកិច្ច និងសតិបញ្ញានេាះទេ ។ ព្រេាះថា បើខ្មែររីកចម្រើនខ្លាំងលើវិស័យទាំងបី ខ្មែរអាចរកមធ្យោបាយទាមទាយកបងប្អូនខ្មែរព្រមទាំងទឹកដីដែលពួកគេកំពុងរស់នៅលើសព្វថ្ងៃត្រឡប់មកវិញ ។ ដូច្នេះ សកម្មភាពអ្វីក៏ដោយ ដែលធ្វើឲ្យខ្មែរខ្សោយ សមមិត្តដែលរស់នៅក្បែរខ្មែរនឹងទទួលផល ។ នៅក្នុងចំណោមប្រទេសភូមិផងរបងជាមួយរបស់កម្ពុជា តើប្រទេសណាមួយអាចនឹងពាក់ព័ន្ធករណីឃាតកម្មលើបណ្ឌិត កែម ឡី ។ ចំណុចនេះ យើងអាចប្រើវិធីខាងលើ ហើយជ្រើសរើសយកប្រទេសមួយ ។ ដោយហេតុថា យើងមិនទាន់រកបានភស្តុតាងជាក់លាក់ យើងសូមដាក់ឈ្មេាះ "គេ" ជំនួសឲ្យឃាដករ ឬក្រុមឃាដករ ដែលនៅពីក្រោយឃាតកម្មនេះ ។
កត្តាដែលបណ្តាលឲ្យលោក កែម ឡី ស្លាប់គឺមានរាប់មិនអស់ ។ ប៉ុន្តែ កត្តាពាក់ព័ន្ធធំៗដែលយើយអាចយកមកត្រិះរិះពិចារណាគឺមានមិនច្រើនទេ ។ កត្តាទាំងនេះរួមមាន៖
១ យុទ្ធនាការ ១០០រាត្រី
២ ជនអន្តោប្រវេសន៍ខុសច្បាប់
៣ ជម្លេាះនៅសមុទ្រចិនខាងត្បូង
៤ និយាយអំពីអាណាចក្រសារជីវកម្មត្រកូល ហ៊ុន
៥ រិះគន់ភាពទន់ខ្សោយរបស់រដ្ឋាភិបាលខ្មែរក្នុងការដេាះស្រាយបញ្ហាសង្គម ។ល។
ចំណុចទាំងនេះសុទ្ធតែជាហេតុដែលអាចឲ្យ "គេ" សម្រេចចិត្តធ្វើឃាដលោក កែម ឡី ។ តើគេអាចទទួលបានផលអ្វីខ្លះបន្ទាប់ពីសម្លាប់លោក កែម ឡី ។
១ យុទ្ធសាស្ត្រ អារកមាន់បន្លាចស្វា ។ គេ ចង់ផ្ញើសារទៅមនុស្សមួយចំនួន រាប់បញ្ចូលទាំងអ្នកនៅក្នុងជួររដ្ឋាភិបាលផងថា មិនត្រូវរសាត់ឆ្ងាយពីអ្នកមានគុណពេកទេ ។ គេ មានភ្នាក់ងារសម្ងាត់ដែលអាចធ្វើព្យុះធ្វើភ្លៀងនៅក្នុងស្រុកខ្មែរបានគ្រប់ពេលវេលា ។
២ យុទ្ធសាស្ត្រ ស្វាសុីបាយរួច យកបាយទៅលាបមាត់ពពែ និងខ្ចីដៃសត្រូវសម្លាប់សត្រូវ ។ គេ ដឹងថាពលរដ្ឋខ្មែរជិតពាក់កណ្តាលនៃចំនួនសរុបមិនគាំទ្របក្សដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះទេ ។ ដូច្នេះ ការស្លាប់របស់លោក កែម ឡី នឹងមានការសង្ស័យលើបក្សដឹកនាំរដ្ឋ ដែលអាចឈានដល់ការធ្វើបាតុកម្ម កុប្បកម្ម ឬក៏អំពើហឹង្សានានាទៀតផង ។ នៅពេលមានអំពើហឹង្សាកើតឡើង អ្នកដែលរងគ្រេាះឬបាត់បង់ជីវិតមុនគេគឺអ្នកក្លាហាន ស្នេហាជាតិ ស្នេហាយុត្តិធម៍ ដែលជាធនធានមនុស្សសំខាន់បំផុតសម្រាប់កសាងប្រទេសឲ្យរឹងមាំ (មនុស្សប្រភេទលោក កែម ឡី នេះឯង) ។
៣ យុទ្ធសាស្ត្រ បាញ់ព្រួញមួយត្រូវចាបពីរ ឬក៏ច្រើនលើសពីពីរ ។ គេ ដឹងច្បាស់ណាស់ថា ប្រទេសខ្មែរកំពុងតែអនុវត្តិលទ្ធិប្រជាធិបតេយ្យដែលគ្មានរចនាសម្ព័ន្ធទ្រទ្រង់រឹងមាំ ។ នៅពេលប្រជាធិបតេយ្យបរាជ័យ ស្រុកខ្មែរនឹងក្លាយទៅជាប្រទេសអាណាធិបតេយ្យ ដែលបណ្តាលឲ្យអ្នកនយោបាយនិងពលរដ្ឋប្រខាំគ្នានិងកាប់សម្លាប់គ្នាដណ្តើមអំណាចដូចឆ្កែដណ្តើមញី ។ ផ្អែកលើមេរៀនប្រវត្តិសាស្ត្រ ពេលខ្មែរកាប់សម្លាប់គ្នា អ្នកដែលទទួលផលធំគឺតែងតែជាមិត្តភូមិផងរបងជាមួយ ។
នេះគ្រាន់តែជាជ្រុងមួយនៃការពិចារណារបស់ស្មេរ ។ ទន្ទឹមនឹងនេះដែរ យើងក៏មិនត្រូវមើលរំលងទង្វើរបស់ក្រុមជនអន្ធពាលនៅក្នុងស្រុកឡើយ ។ យើងមិនត្រូវភ្លេចទេថា ខ្មែរដែលអគតិ មិនដែលរួញរាក្នុងការកាប់សម្លាប់ខ្មែរគ្នាឯងទេ ។ សម្រាប់ខ្មែរដែលមិនយល់ ឬមិនទទួលស្គាល់ចំណុចនេះ សូមមេត្តាទៅមើលឆ្អឹងលលាដ៏ក្បាលនៅជើងឯក នេាះអ្នកនឹងយល់ជាមិនខាន ។
សង្ឃឹមថាចំណីខួរក្បាលនេះអាចញុាំងឲ្យមិត្តអ្នកអានចូលរួមត្រិះរិះពិចារណាបន្ថែមដើម្បីរួមចំណែងបំពេញបំណងរបស់លោកបណ្ឌិត កែម ឡី ព្រេាះថាអ្វីដែលគាត់ចង់បាន ចង់ឃើញបំផុតនេាះ គឺការប្រើគំនិតត្រិះរិះពិចារណានេះឯង ។
Monday, June 27, 2016
ចំណីខួរក្បាល
បណ្តឹងដិតចិត្ត
ខ្ញុំធ្លាប់បានជួបពាក្យ បណ្តឹងដិតចិត្ត នេះជាញឹកញយនៅពេលអាន ឬក៏ស្តាប់អត្ថបទដែលទាក់ទិនទៅនឹងរឿងច្បាប់ ។
ប៉ុន្តែ ខ្ញុំមិនយល់អំពីអត្ថន័យ នៃពាក្យនេះទេ ។ មិនដឹងថាមានមនុស្សសាមញ្ញ (អ្នកអត់មានវិជ្ជាជីវខាងច្បាប់)
ប៉ុន្មាននាក់ ដែលល្ងង់ដូចខ្ញុំដែរ ។ ខ្ញុំធ្លាប់ឮពាក្យ ចិត្តដិត ដែលនិយាយអំពីភាពស្និតស្នាល ដូច្នេះខ្ញុំគិតថា
ដិតចិត្ត ប្រហែលជាពាក់ព័ន្ធនឹងភាពស្និតស្នាលហើយមើលទៅ ។ ប៉ុន្តែ បន្ទាប់ពីបានអានអត្ថបទមួយ
ដែលមេធាវីខ្មែរពន្យល់អំពីអត្ថន័យនៃបណ្តឹង ដិតចិត្ត ទើបខ្ញុំយល់អំពីពាក្យនេះច្បាស់លាស់បន្តិច ។ តាមពិត
ពាក្យ ដិតចិត្ត នេះគេបកប្រែពីពាក្យអង់គ្លេស៖ Conflict of Interest ដែលមានន័យថា
ទំនាស់ផលប្រយោជន៍ ។ ទំនាស់ផលប្រយោជន៍នេះ គឺគេសំដៅទៅលើចៅក្រមកាត់ក្តីដែលស្គាល់
ភាគីណាមួយនៅក្នុងរឿងក្តីក្តាំ ។ ករណីនេះ បើតាមខ្ញុំដឹង ចៅក្រមកាត់ក្តីតែងតែដកខ្លួនចេញដោយស្វ័យប្រវត្ត
ព្រេាះក្រមសីលធម៍ចៅក្រមតម្រូវអោយធ្វើដូច្នេាះ ។ មិនដឹងថាចៅក្រមខ្មែរមានក្រមសីលធម៍ដែរឬអី
ទើបបានជាទាល់តែមានបណ្តឹងដិតចិត្ត ទើបដកខ្លួនចេញពីរឿងក្តីដែលខ្លួនមានទំនាស់ផលប្រយោជន៏ ។
ឯពាក្យ បណ្តឹងដិតចិត្ត គួរយកពាក្យ បណ្តឹងទំនាស់ផលប្រយោជន៏ ឬក៏ បណ្តឹងសុំដកចៅក្រម មកប្រើវិញ
ដើម្បីងាយយល់ដល់មនុស្សសាមញ្ញ ។
ករណីមួយទៀតគឺ បទល្មើសមជ្ឈឹម ។ ពាក្យមជ្ឈឹមមានន័យថា កណ្តាល ។ ខ្ញុំមិនយល់ថាបទល្មើសកណ្តាល
មានន័យដូចម្តេចទេ ។ កាលខ្ញុំរៀនពលរដ្ឋវិជ្ជា ខ្ញុំធ្លាប់ស្តាប់គ្រូពន្យល់អំពីបទល្មើស ព្រហ្មទណ្ឌ និង
បទល្មើរដ្ឋបវេណី ។ នៅក្នុងបទល្មើសព្រហ្មទណ្ឌគឺមាន (ខ្ញុំមិនដឹងភាសាខ្មែរគេហៅដូចម្តេចទេ):
First Degree, Second Degree, manslaughter, etc. ។ ខ្ញុំសង្ស័យថា
ពាក្យបទល្មើសមជ្ឈឹមនេះ គេបកប្រែពីពាក្យ First Degree ទេដឹង ។ បើដូច្នេាះមែននេាះ
ប្រហែលជាមិនត្រឹមត្រូវទេ ព្រេាះពាក្យមជ្ឈឹមមានន័យថា កណ្តាល ឯពាក្យ First Degree
មានន័យថា ធ្ងន់ធ្ង បំផុត ។ សង្ឃឹមថា អ្នកដែលមានអាជីពខាងច្បាប់ អាចជួយបំភ្លឺខ្ញុំផង ។
Friday, June 17, 2016
ចំណីខួរក្បាល
ដូមីណូអេហ្វិច (Domino Effects)
ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បាននិយាយឌឺដងដាក់រដ្ឋាភិបាលបរទេសថា៖
បើចង់ផ្តាច់ជំនួយក៏ផ្តាច់ទៅ ព្រេាះថា អ្នកដែលស្លាប់មុនគេ គឺអ្នកធ្វើការងារអោយអង្គការក្រៅរដ្ឋា
ភិបាល ព្រេាះជំនួយទាំងនេាះ ភាគច្រើនយកមកផ្គត់ផ្គង់អង្គការក្រៅរដ្ឋាភិបាល ។ សម្តេចថ្លែងបែប
នេះ បន្ទាប់ពីសភាសហព័ន្ធអឺរ៉ុប គំរាមផ្តាច់ជំនួយដល់ប្រទេសកម្ពុជា ។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំយល់ថា
ការថ្លែងបែបនេះគឺខ្ជីខ្ជាពេកហើយ ។ បើតាមខ្ញុំដឹង ជំនួយរបស់សហព័ន្ធអឺរ៉ុបមកកម្ពុជា
គឺភាគច្រើនផ្តោតលើការអភិវឌ្ឍន៍វិស័យកសិកម្ម ។ បើជំនួយនេាះត្រូវបានផ្តាច់ អ្នកដែលស្លាប់មុនគេនេាះ
គឺកសិករដែលមានចំនួនប្រមាណជា ៨៥% នៃចំនួនសរុបរបស់ពលរដ្ឋកម្ពុជា មិនមែនបុគ្គលិកអង្គការក្រៅ
រដ្ឋាភិបាលនេាះទេ ។ ឧបមាថាសហព័ន្ធអឺរ៉ុបគេដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចថែមទៀត
តើស្រុកខ្មែរនឹងទៅជាយ៉ាងណា ។ យើងដឹងហើយថា ទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្ម
និងវាយនភ័ណ្ឌកម្ពុជាគឺ សហព័ន្ធអឺរ៉ុបនិងសហរដ្ឋអាមេរិក ។ បើសហព័ន្ធអឺរ៉ុបសម្រេចដាក់ទណ្ឌកម្ម
សេដ្ឋកិច្ចប្រទេសកម្ពុជា សហរដ្ឋអាមេរិកនឹងធ្វើដូចគ្នា ។ ពេលនេាះ មហាមិត្តចិន ដែលតែងតែ
ផ្តល់ជំនួយអោយរដ្ឋាភិបាលកម្ពុជាដោយឥតលក្ខខ័ណ្ឌនេាះ ប្រាកដជាមិនសប្បាយចិត្តឡើយ
ព្រេាះផ្នែកខ្លះនៃប្រាក់ជំនួយទាំងនេាះ បានមកពីពន្ធលើប្រាក់ចំណេញរបស់ពលរដ្ឋចិនដែលមក
បេាះទុនបើករោងចក្រផលិតខោអាវនៅកម្ពុជា ។ បើអត់ទីផ្សារ តើរោងចក្រទាំងនេាះអាចដំណើរ
ការបានទេ ។ នៅទីបំផុត រោងចក្រកាត់ដេររលំ វិស័យកសិកម្មចុះខ្សោយ ។ ពេលនេាះឆ្នាំងបាយ
កម្មករកាត់ដេរនិងកសិករក៏អាចស្ងួតដែរ ។ នៅពេលដែលឆ្នាំងបាយពួកគាត់ស្ងួត ខ្ញុំជឿថាកម្មករ
កាត់ដេរនិងកសិករខ្មែរ ប្រាកដជាមិនអត់អោនអោយអ្នកដែលបំផ្លាញភាពសុខដុមរម្យនារបស់
ពួកគាត់ឡើយ ។ សន្លឹកឆ្នោតថ្លៃណាស់ ។ ជិតដល់ពេលបេាះឆ្នោតហើយ ។
កុំប្រមាទឬក៏គឃ្លើនខុសរឿង ។ បើប្រជាជនវេទនា រដ្ឋាភិបាលក៏វេទនាដែរ ។
Friday, May 13, 2016
ចំណីខួរក្បាល
ចៅក្រមនៅស្រុកខ្មែរ
អស់រយៈពេលជាច្រើនអាទិត្យហើយ ការបែកធ្លាយខ្សែអាត់សម្លេងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា សមាជិកសភា
និងជាប្រធានស្តីទីគណបក្ខសង្គ្រេាះជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការកម្ពុជាយកមកសើុបអង្កេត ។
យើងសូមមិនរៀបរាប់នូវករណីលម្អិតដែលពាក់ព័ន្ធនឹងរឿងនេះទេ គ្រាន់តែចង់លើកយកចំណុចមួយដែលទាក់ទងនឹងច្បាប់
ដែលបានចែងនៅក្នុងរដ្ឋធមនុញ្ញខ្មែរមកពិភាគ្សាតែប៉ុណ្ណោះ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងយ៉ាងច្បាស់ថា
"ការលបលួចថតឬអាត់សម្លេងរបស់នរណាម្នាក់ដោយគ្មានការអនុញាតពីម្ចាស់សម្លេង គឺជាបទល្មើសព្យហ្មទណ្ឌ"។
តុលាការ ព្រមទាំងអាជ្ញធរពាក់ព័ន្ធនៅកម្ពុជា មិនត្រឹមតែមិនសើុបអង្កេតស្វែងរកជនល្មើស (អ្នកលួចថតសម្លេងគេ)
មកផ្តន្ទាទោសទេ បែរជាកោះហៅជនរងគ្រោះ (អ្នកដែលត្រូវបានគេលួចថតសម្លេង) មកសើុបអង្កេតអំពីកិច្ចការឯកជន
ដែលជាលទ្ធផលនៃអំពើឧក្រិតទៅវិញ ។ ទង្វើនេះ គឺមិនខុសអ្វីអំពីសហការជាមួយឧក្រិតជន ធ្វើកិច្ចការមួយ
ដែលប្រាសចាកអំពីច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ ។ ប្រសិនបើករណីដូចគ្នានេះកើតឡើងនៅក្នុង
ប្រទេសដែលគោរពនិតិរដ្ឋខ្ជាប់ខ្ជួន ដូចជា សហរដ្ឋអាមេរិក បារាំង ឬ កាណាដាវិញ ចៅក្រមគេមិនត្រឹមតែមិនទទួលស្គាល់
(Inadmissible) ខ្សែអាត់សម្លេងដែលបានមកដោយអំពើឧក្រិតនោះទេ គេថែមទាំងចាត់វិធានការស្វែងរក
ជនល្មើសថែមទៀត ។ គួរឱ្យសង្វេគពេកណាស់ ដែលចៅក្រមនៅស្រុកខ្មែរធ្វើការងារក្បត់នឹងវិជ្ជាជីវដូច្នេះ ព្រោះថា
ភស្តុតាងដែលបានមកដោយបំពានរដ្ឋធម្មនុញ្ញ មិនអាចយកជាការបានឡើយ ។
Friday, March 4, 2016
Food for Thought
Fire of Mystery:
Before a committee to combat illegal logging was created to curb the prevalence of forestry crime, we have never heard of logger company's wood products being destroyed by fires (wild or otherwise). However, after the committee against illegal logging began its inspection of loggers' concessions on many of the sprawling Economic Land Concessions (ELC), many logs and luxury timbers have been mysteriously burned by forest fires or human criminals. Is it a coincidence or a brazen attempt to destroy the evidences? Hope the committee against illegal logging would shed some lights on this mysterious FIRE!!!
Thursday, March 3, 2016
ចំណីខួរក្បាល
ព្រុសខុសដើមឈើ
នៅក្នុងភាសាអងគ្លេស មានពាក្យគ្រាមពាសាមួយឃ្លារពោលថា Barking up the wrong tree. ដែលយើងអាចបកប្រែដោយសាមញ្ញថា
ធ្វើកិច្ចការមិនចំគោលដៅ ។ បើយើងសង្កេតមើលមកស្រុកខ្មែរ យើងសង្កេតឃើញថា អ្នកដឹងនាំខ្មែរធ្វើកិច្ចការឃ្វាងគោលដៅរហូត ។
ឧទាហរណ៍ ដើម្បីកាត់បន្ថយអត្ត្រាមនុស្សស្លាប់ដោយសារគ្ញ្រោះថ្នាក់ចរាចរណ៍ គេមិនរឹតបន្តឹងច្បាប់ដោយផ្តោតលើការអប់រំនិងគ្រប់គ្រងផ្នែកបច្ចេទេសទេ
តែបែរជាបង្ខំអោយពលរដ្ឋអនុវត្តច្បាប់ដោយខ្វះការអប់រំទៅវិញ ។ ជាលទ្ធផល ករណីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហាក់ដូចជាមិនបានកាត់បន្ថយសោះឡើយ ។
ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ឧត្តមានជ័យ និង ព្រះសីហនុ ដែលបណ្តាលអោយមនុស្សស្លាប់និងរងរបួស រាប់សិបនាក់ ។
ដើម្បីសុវត្ថភាពទាំងអស់គ្នា ច្បាប់ចរាចរណ៍ គួរណាស់តែផ្តោតលើការរឹតបន្តឹងសម្តភាពអ្នកបើកបរយានយន្តដឹកជញ្ជូន ទាំងមនុស្សទាំងសម្ភារ
អោយមានការហ្វឹកហ្វឺនជាក់លាក់ នឹងប្រលងយកលិខិតបើកបរទៅតាមបច្ចេកទេសនិងស្តង់ដារណាមួយដែលកំរឹតដោយក្រុមអ្នកបច្ចេកទេសរបស់ក្រសួងពាក់ព័ន្ធ ។
បន្ទាប់មក ត្រូវលុបបំបាត់អោយអស់នូវការដឹកជញ្ជូនលើសចំណុះ និងការប្រើយានយន្តខុសទិសដៅ ឬក៏ខុសអំពីអ្វីដែលជាដែនកំណត់របស់យានយន្ត ។
ឧទាហរណ៍ បើរថយន្តដែលគេផលិតសម្រាប់ដឹកមនុស្ស១០នាក់ អាជ្ញាធរមិនត្រូវអនុញាតិអោយផ្ទុកមនុស្សដល់ ២០នាក់ឡើយ ។ ដូចគ្នាដែរ
រថយន្តដែលគេផលិតសម្រាប់ដឹកអីវ៉ាន់ ១០តោន មិនអាចយកទៅកែច្នៃ ផ្ទុកអីវ៉ាន់ដល់ ២០តោនបានឡើយ ។
ដរាបណាអាជ្ញាធរខ្មែរមិនយកចិត្តទុកដាក់ជាមួយនឹងបញ្ហាដូចបានរៀបរាប់នេះ យើងគ្មានសង្ឃឹមទេថា អត្ត្រាមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរ
អាចនឹងត្រូវកាត់បន្ថយឡើយ ។
Thursday, October 29, 2015
Food for Thought
Ignorant or Wrong-Headed Action
I am not a supporter of any political party in Cambodia. But I have noticed recently in a violent protest against first vice president of the Cambodian National Assembly, Mr. Kem Sokha, which resulted in two representatives being beaten savagely by protesters, that those protesters did not understand what they were doing. If we looked closely at the words the protesters displayed on their banners, they said that Mr. Kem Sokha was a "Devious" (ក្រឡិចក្រឡុច), "Poisonous" (ពិសពុល), and "Provocative" (ញុះញង់) person who is not worthy of holding National Assembly's First Vice President position. Let's look at the definition of each word. Devious: Not keeping promise or untrustworthy. Poisonous: toxic, noxious, nasty. Provocative: challenging, stimulating, offensive. By nature, all politicians are using these three (3) words described above as strategy to garner supports and votes to win political offices, regardless of who they are. Even Communist dictators are using this strategy, too, to keep the flame of class struggle alive. If Cambodia needs to get rid of every Devious, Poisonous, and Provocative politician, then the whole country would certainly be deprived of politicians. This might not be bad after all, given the fact that politician's squabbling have been the sole source of Cambodian calamity and suffering over the past half century and beyond.
Wednesday, October 21, 2015
Food for Thought
Delineate or Dissolve: The Stupidity That Lands a Senator in Jail
Border demarcation between Cambodia and Vietnam has been a contentious issue among Cambodian politicians and political activists. The rancor has recently landed a senator in jail for posting a "fake" document relating to the 1979 border treaty between Cambodia and Vietnam on Facebook. Actually, the "fake" document appears to be just for one fake word: "Dissolve" which was put in place of the word: "Delineate". After many efforts by media savvy people, it now appears that this "fake document or word" has been tracked down to the doorstep of the France-based Cambodian Border Committee, which was led by a Mr. Sean Pengse. If this is where the word "dissolve" was translated from either Khmer or French for what its original meaning or actual writing was "delineate", the people who are responsible for translating it, should seriously need to have their credibility checked. Whether it was intentional or unintentional, the word "delineate" and "dissolve" are not the same or similar in any shape or form. In all seriousness, this Cambodian Border Committee probably needs to be "dissolved" for failing to make a correct translation of the word "delineate." I am saying this "tongue in cheek", of course.
Wednesday, July 22, 2015
Food for Thought
Unbelievable!!
Recently, King Norodom Sihamoni has given a pardon to a "convicted terrorist," Soun Serey Ratha, so that he would have a right to run for political office in Cambodia. What seems bothersome to many people, including me, is that Soun Serey Ratha is a nemesis of King Sihamoni's father, Norodom Sihanouk. In many of his writings, Soun Serey Ratha has defamed, defiled, and denounced Sihanouk like a mad man. It is shocking, indeed, to see King Sihamoni give pardon to a man who seems to hate his father to the bone.
Tuesday, April 21, 2015
ចំណីខួរក្បាល
សាច់ក្រក និង ច្បាប់
នៅក្នុងភាសាអងគ្លេស មានពាក្យមួយឃ្លាពោលថា៖ (You'd better not
knowing how sausage and law are made.) ដែលមានន័យថា
វាជារឿងល្អ ប្រសិនបើអ្នកមិនដឹងថាតើគេធ្វើសាច់ក្រកនិងច្បាប់ដោយរបៀបណា ។
តាមធម្មតា គេធ្វើសាច់ក្រកដោយយកកំទេចសាច់ ឬ ប្រភេទសាច់មិនសូវល្អ
មកកិនបញ្ចូលគ្នាលាយគ្រឿងហើយញាត់ចូលក្នុងស្រោម ។ និយាយឲ្យងាយយល់
សាច់ដែលគេយកទៅធ្វើជាសាច់ក្រក ភាគច្រើជាប្រភេទសាច់ដែលយើងខ្ពើម ។
យ៉ាងណាមិញ ការបង្កើតច្បាប់ក៏ដូច្នោះដែរ ។ អ្វីដែលល្អ គឺត្រូវបានគេដកចេញ
នៅលស់តែអ្វីដែលមិនសូវល្អតែប៉ុណ្ណោះ ។ ឧទាហរណ៍ ច្បាប់បោះឆ្នោតថ្មីដែល
គណបក្ស ប្រជាជន និង សង្រ្គោះជាតិ ទើបអនុមតិថ្មីៗនេះ គឺមិនខុសអ្វីអំពីសាច់
ក្រកនោះឡើយ ។ ចំណុចដែលគួរឲ្យខ្ពើមពីរ (២) នៅក្នុងច្បាប់នេះគឺ ទី ១
ការគាបសង្កត់(បង្រួញវិសាលភាព) ទៅលើសិទ្ធិផ្សព្វផ្សាយ ឬ និយាយស្តី
របស់សង្គមស៊ីវិល និង ទីពីរ (២) ការអនុញាតឲ្យមន្រ្តីយោធានិងនគរបាល
ធ្វើយុទ្ធនាការឃោសនាគាំទ្រគណបក្សនយោបាយ (នៅក្រៅម៉ោងធ្វើការងារ) ។
ការគាបសង្កត់សិទ្ធិផ្សព្វផ្សាយនិយាយស្តីរបស់សង្គមស៊ីវិល ឬ អង្គការក្រៅរដ្ឋាភិបាល
គឺមិនខុសអ្វីអំពីការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរទូទៅ មិនឲ្យរិះគន់ឬទិតៀន
ថ្នាក់ដឹកនាំគណបក្សនយោបាយនោះឡើយ ។ មូលហេតុដែលយើងហ៊ាន
អះអាងដូច្នេះ ព្រោះថា បុគ្គលិកអង្គការសង្គមស៊ីវិលភាគច្រើនគឺជាពលរដ្ឋខ្មែរ ។
ដូច្នេះ ពួកគេអាចប្រកាសថា៖ ខ្លួនផ្សព្វផ្សាយឬនិយាយស្តីក្នុងនាមជាពលរដ្ឋខ្មែរ ។
នៅពេលមានករណីដូចនេះកើតឡើង ខ្សែបន្ទាត់ដែលបែងចែកសង្គមស៊ីវិលនិង
ពលរដ្ឋខ្មែរនឹងមានភាពមិនច្បាល់លាស់ ដែលជាហេតុនាំឲ្យអជ្ញាធរមានលេស
បង្រួញសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឲ្យរួញរឹតតែតូចទៅៗ ។ នៅក្នុងភាសា
អងគ្លេសគេហៅថា រអិលចុះពីលើទួល (Slippery Slope Effect) ។
ចំណែកឯការអនុញាតឲ្យមន្ត្រីយោធានិងនគរបាលមានសិទ្ធិធ្វើយុទ្ធនាការគាំ
ទ្រគណបក្សនយោបាយ (ក្រៅម៉ោងធ្វើការងារក្តី ក្នុងម៉ោងធ្វើការងារក្តី)
គឺមិនខុសអ្វីអំពីបើកឱកាសឲ្យមានអំពើហិង្សាដោយអាវុធកើតឡើងដោយ
ងាយស្រួលនោះឡើយ ព្រោះថាអង្គភាពយោធានិងនគរបាល សុទ្ធតែមាន
អាវុធនៅក្នុងដៃ ។ នៅពេលដែលគណបក្សនយោបាយដែលពួកគេគាំទ្រ
ប្រឈមមុខដាក់គ្នាដោយប្រការណាមួយ ពួកគេក៏អាចប្រឈមមុខដាក់គ្នា
ផងដែរ ។ យើងមិនអាចសន្មត់ទេថា មន្ត្រីយោធានិងនគរបាលសុទ្ធតែគាំ
ទ្រគណបក្សដឹកនាំរដ្ឋាភិបាលដែលជាមេគ្រប់គ្រងរបស់ពួកគេ ។ ហើយ
ក៏មិនត្រូវសន្មត់ដែរថា ការបោះឆ្នោតនៅថ្ងៃអនាគត នឹងមិនមានទំនាស់
រវាងគណបក្សនយោបាយនោះឡើយ ។ យើងនៅចាំបានថា កាលពី ១៥
ឆ្នាំមុន សហរដ្ឋអារិកដែលមានបទពីសោធបោះឆ្នោតជាង២០០ឆ្នាំមកហើយ
នោះ បានជួបនូវភាពចម្រូងចម្រាសប្រកាសលទ្ធផលបោះឆ្នោតមួយរវាង
លោកអតីតអនុប្រធានាធិបតី អែល ហ្គ័រ និង លោក ហ្សច ប៊ុស ។ ការសន្មត់ថា
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា អាចរៀបចំការបោះឆ្នោតនៅ
ស្រុកខ្មែរបានដោយគ្មានបញ្ហានោះ គឺគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ ។
ចំណែកឯករណីអ្នកស្រី ពុង ឈីវ ហ្កេច ដែលគណបក្សឈ្នះឆ្នោតទាំងពីរ
(ប្រជាជន និង សង្គ្រោះជាតិ) បានមូលមតិគ្នាថានឹងជ្រើសរើសឲ្យធ្វើជា
សមាជិក គជប ដំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលនោះ វាគឺជាជ្រុងមួយផ្សេង
ទៀតនៃដំណើរការផលិតសាច់ក្រកនិងច្បាប់ ។ កាលពីប៉ុន្មានឆ្នាំមុន រដ្ឋសភា
កម្ពុជាបានអនុមតិច្បាប់មួយដែលគេហៅថា ច្បាប់ ឯកពន្ធភាព (ហាមមិនឲ្យ
មានប្រពន្ធលើសពីមួយ) ។ ច្បាប់នេះ បើនិយាយឲ្យចំ គឺគេបង្កើតឡើងដើម្បី
បង្កផលវិបាកដល់ទ្រង់ រណ្ណឬទ្ធិ ដែលជាមនុស្សមានស្រីញីច្រើន ។ ប៉ុន្តែ
អ្នកដែលមានស្រីញីច្រើននោះ មិនមែនមានតែទ្រង់ រណ្ណឬិទ្ធិមួយនោះទេ ។
អ្នកដទៃទៀតក៏មានដែរ គ្រាន់តែគេចេះលាក់ការសម្ងាត់បានល្អជាងទ្រង់
រណ្ណឬទ្ធិ ។ យ៉ាងណាមិញ ច្បាប់ហាមមិនឲ្យសមាជិកគណកម្មាធិការជាតិរៀប
ចំការបោះឆ្នោតមានសញ្ជាតិពីរឬបីនោះ គឺមិនខុសអ្វីអំពីច្បាប់ឯកពន្ធភាព
នេះទេ ។ អ្នកដែលមានសញ្ជាតិលើសពីមួយ (១) ធ្វើការនៅក្នុងជួររដ្ឋាភិបាល
ខ្មែរចាប់ពីក្នុងព្រះបរមរាជវាំងរហូតទៅដល់ឃុំសង្កាត់ មានរាប់មិនអស់ ហេតុអ្វី
ក៏គេមិនអើពើផង ? វាគ្មានហេតុផលទាល់តែសោះក្នុងការដាក់កំហិតមិនឲ្យ
សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសញ្ជាតិពីរឬបី ។
បើមិនចង់ឲ្យជនបរទេសធ្វើការនៅក្នុងស្ថាប័ននេះ គេគ្រាន់តែចែងនៅក្នុង
ច្បាប់ថា ៖ សមាជិក គជប ត្រូវមានដើមកំណើតជាខ្មែរ (កើតក្នុងស្រុកខ្មែរ
សញ្ជាតិខ្មែរ) និងធ្លាប់បានរស់នៅក្នុងស្រុកខ្មែរមានថេរវេលាយ៉ាងតិច ១៣ ឆ្នាំ
នោះគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ។ ឯសញ្ជាតិដទៃដែលមិនមែនជាសញ្ជាតិ
កំណើតនោះ គេមិនចាត់ទុកថាជាទំនាស់នោះទេ ។ នេះគឺជាច្បាប់មួយដែល
សហរដ្ឋអារិកប្រើសម្រាប់ជ្រើសរើសប្រធានាធិបតីរបស់គេ ។ ឯសមាជិក គជប
ខ្មែរមិនមែនជាប្រមុខរដ្ឋផង ហេតុអ្វីក៏ចាំបាច់មានលក្ខខណ្ឌតឹងរឹងម្លេះ ?
ចំណុចមួយទៀតដែលតម្រូវឲ្យសមាជិក គជប ដែលមានសញ្ជាតិផ្សេងក្រៅ
ពីសញ្ជាតិខ្មែរប្រកាសលុបចោល ឬក៏ព្យួសញ្ជាតិមួយរយៈនោះ វាគឺជាយន្តការ
រារាំងមិនឲ្យខ្មែរដែលមានសញ្ជាតិពីរមានឱកាសធ្វើការងារក្នុង គជប បានឡើយ
ព្រោះថាការសុំចូលសញ្ជាតិ បារាំងក្តី អាមេរិកាំងក្តី កាណាដាក្តី សុទ្ធតែត្រូវធ្វើ
តាមនិតិវិធីដ៏លំបាកនិងត្រូវចំណាយពេលវេលាយ៉ាងយូរទៀតផង ។ គេមិនអាច
សុំលុបឬក៏ព្យួសញ្ជាតិមួយរយៈបានដោយងាយៗនោះទេ ។ ចំណុចនេះហើយ
ដែលជាកត្តាមួយធ្វើឲ្យអ្នកស្រី ពុង ឈីវ ហ្គេច ប្រកាសមិនទទួលយកតួនាទីនៅ
ក្នុង គជប ព្រោះថាសញ្ជាតិបារាំង ឬ កាណាដា ជាសំណាញ់សុវត្ថភាពតែមួយគត់
សម្រាប់ធានាសេរីភាពនិងសុខមាលភាពដល់អាយុជិវិតលោកស្រី ។ បើគេដក
សំណាញ់សុវត្ថភាពនេះចេញទៅហើយ កុំថាឡើយអ្នកស្រី ពុង ឈីវហ្គេច ដែល
មានចំណេះដឹងជ្រៅជ្រះ សូម្បីតែមនុស្សអវិជ្ជាក៏គេមិនចាក់ចោលអង្ករទៅកើប
យកអង្កាមនោះដែរ ។ ត្រង់ចំណុចនេះ ខ្ញុំសូមឆ្លើតតបទៅស្មេរមួយចំនួនដែលរិះ
គន់អ្នកស្រី ពុង ឈីវហ្គេច ថាជាមនុស្សមិនស្នេហាជាតិ ឬ ជាមនុស្សមានជម្ងឺឥត
ខ្ចោះនិយម (Perfectionism, one who would accept nothing
short of perfection.) ។ ធម្មជាតិនៃមនុស្ស គ្មាននរណាម្នាក់ស្នេហាជាតិ
ឬគិតអំពីសេចក្តីសុខសន្តិភាពរបស់អ្នកដទៃ មុនសេចក្តីសុខរបស់ខ្លួននោះទេ ។
បើអ្នកគិតថាមានមនុស្សប្រភេទនេះ អ្នកយល់ច្រឡំធំហើយ ។ មនុស្សដែលសុខ
ចិត្តបូជាអាយុជីវិតរបស់ខ្លួនដើម្បីសង្គ្រោះអ្នកដទៃនោះ គឺមានតែនៅក្នុងស្ថាន
ភាពប្រថុចញ៉ុច ឬគ្រោះថ្នាក់ ឬក៏ត្រូវបានគេបង្ខំតែប៉ុណ្ណោះ ។ ដូច្នេះ ការសម្រេច
ចិត្តមិនទទួលតំណែងក្នុង គជប របស់លោកស្រី ពុង ឈីវហ្គេច វាគ្មានអ្វីគួរឲ្យ
ភ្ញាក់ផ្អើលនោះទេ ព្រោះវាជាសិទ្ធិសេរីភាពរបស់គាត់ក្នុងការជ្រើសរើស ក៏ដូច
ជាសិទ្ធិសេរីភាពរបស់យើងម្នាក់ៗក្នុងការជ្រើសរើសអ្វីៗគ្រប់យ៉ាងដើម្បី
បំពេញតម្រូវការនៃជីវិតយើងដែរ ៕
Tuesday, December 9, 2014
ចំណីខួរក្បាល
សង្គ្រោះជាតិ ឬ សង្គ្រោះញាតិ និងមិត្ត ???
ដើម្បីទទួលបានជោគជ័យ អ្នកនយោបាយ ជាទូទៅ ត្រូវតែចេះ
ប្រើយុទ្ធវិធីប្រជាភិថុតិ និងយុទ្ធសាស្ត្របោកប្រាស់ បង្ខំ ឬ
អូសទាញឲ្យគូបដិបក្ខរបស់ខ្លួន ធ្លាក់ចូលទៅក្នុងភក់ជ្រាំជាមួយគ្នា
ដើម្បីរក្សាឲ្យបាននូវតុល្យភាពប្រកួតប្រជែង ដែលភាសាអងគ្លេស
ហៅថា៖ (Level Playing Field) ។ តើអ្វីទៅដែលហៅថា
ប្រជាភិថុតិ ? ពាក្យនេះ បើនិយាយឲ្យងាយយល់ គឺ ការ
បោកប្រាស់ម្ចាស់សន្លឹកឆ្នោត ឬអ្នកគាំទ្រ ដែលគេនិយម
និយាយថា៖ សន្យាខ្យល់ ។ ចំណែកឯការបោកប្រាស់
ឬអូសទាញគូបដិបក្ខរបស់ខ្លួនឲ្យធ្លាក់ចូលទៅក្នុងភក់ជ្រាំ
ជាមួយគ្នា ត្រូវធ្វើដោយវិធីណានោះ យើងនឹងបកស្រាយឲ្យ
បានពិស្តារនៅវគ្គខាងមុខ ។ ប៉ុន្តែ មុននឹងយើងលើកយក
យុទ្ធសាស្ត្របោកប្រាស់ ឬអូសទាញគូបដិបក្ខមកវែកញែក
យើងសូមលើកយកពាក្យ ប្រជាភិថុតិ មកលាតត្រដាងបន្តិច
ដើម្បីទុកជាចំណីខួរក្បាលសម្រាប់មិត្តអ្នកអាន ។
នយោបាយគឺជាសិល្បៈម៉្យាង ដែលតម្រូវឲ្យអ្នកនយោបាយ
គ្រប់រូបបត់បែនទៅតាមកាលទេសៈ ផ្អែកលើសម្ពាធពីរ គឺការ
ចង់បានរបស់អ្នកគាំទ្ររបស់ខ្លួន និងការចង់បានរបស់គូបដិបក្ខ
របស់ខ្លួន ។ នៅពេលដែលអ្នកនយោបាយ ឬគណបក្ខ
នយោបាយមួយ បន្ទន់ឥរិយាបទដើម្បីបំពេញបំណងគូបដិបក្ខ
របស់ខ្លួននោះ គេនឹងធ្លាក់ចូលទៅក្នុងគន្លងប្រជាភិថុតិដោយ
ស្វ័យប្រវត្តិ ព្រោះថាគណបក្ខនយោបាយ ឬអ្នកនយោបាយ
តែងតែទាមទាយកអ្វីដែលផ្ទុយអំពីឆន្ទៈអ្នកគាំទ្រ ឬក៏ឆន្ទៈ
របស់គូបដិបក្ខរបស់ខ្លួន ។ ដូច្នេះ សរុបសេចក្តីឲ្យខ្លីទៅ ប្រជាភិថុតិ
និងនយោបាយគឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។ ចំណុច
មួយទៀតដែលទាក់ទងនឹង ប្រជាភិថុតិ គួរឲ្យកត់សម្គាល់ដែរនោះ
គឺ បញ្ហា ជាតិ និង ញាតិ ។ ជាតិនៅទីនេះ គឺយើងសំដៅលើពលរដ្ឋ
ទូទៅ ។ ឯញាតិ គឺយើងសំដៅទៅលើ ញាតិពង្សវង្សសន្តានរបស់
អ្នកនយោបាយ ឬថ្នាក់ដឹកនាំគណបក្ខនយោបាយ ។
នៅក្នុងប្រទេសកម្ពុជា ការដឹកនាំប្រទេសជាលក្ខណៈគ្រួសារ
គឺបានក្លាយទៅជាទម្លាប់រាប់រយឆ្នាំមកហើយ ។ កាលសម័យ
ស្តេចដឹកនាំប្រទេស មន្ត្រីភាគច្រើនគឺមានជាប់សែស្រឡាយ
ជាមួយនឹងព្រះរាជា ។ លុះមកដល់សម័យនាយករដ្ឋមន្ត្រី
ដឹកនាំប្រទេសវិញម្តង ការដាក់ញាតិការឲ្យកាន់កិច្ចការរដ្ឋ
គឺហាក់ដូចជានៅដដែល គ្រាន់តែប្តូរពីញាតិវង្សរបស់ស្តេច
មកញាតិការរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីវិញម្តង ។
ពុំមានស្ថិតិជាក់លាក់ណាមួយបញ្ជាក់អំពីចំនួនមន្ត្រីដែលជា
ញាតិរបស់លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៅក្នុងប្រទេស
កម្ពុជានោះទេ ។ ប៉ុន្តែ យោងតាមពត៌មានជាសាធារណៈ
យើងសង្កេតឃើញថា ញាតិរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី
ដែលកាន់តួនាទីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ
ដល់ថ្នាក់ក្រោមជាតិ គឺមានស្ទើរតែគ្រប់ស្រទាប់ទាំងអស់ ។
គ្រាន់តែអគ្គលេខាធិការរងម្នាក់នៅក្នុងរដ្ឋសភាមានញាតិការ
ប្រមាណជា ១០ នាក់ធ្វើការនៅក្នុងស្ថាប័ននោះ នេះបើតាម
ពត៌មានចុះផ្សាយនាពេលថ្មីៗនេះ ។ ប្រសិនបើអគ្គលេខាធិការ
រងរបស់រដ្ឋសភាមានសាច់ញាតិ ១០ នាក់ធ្វើការនៅក្រោមឳវាទ
របស់ខ្លួនទៅហើយ ចុះរដ្ឋមន្ត្រី និងរដ្ឋលេខាធិការនៅតាម
ក្រសួងនានា អាចមានករណីដូចគ្នាដែរឬទេ? ចំណុចនេះ
រដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជាគួរតែចាត់ចែងស្រង់ស្ថិតិឲ្យបាន
ជាក់លាក់ ដើម្បីផ្តល់នូវតម្លាភាពជូនដល់ពលរដ្ឋខ្មែរទាំងអស់
គ្នាបានឃើញ និងបានយល់ ។ ទាំងរដ្ឋាភិបាល ទាំងរដ្ឋសភា
មិនអាចនិយាយអំពីការគ្រប់គ្រងប្រកបដោយតម្លាភាព
ដោយមិនអនុវត្តនូវអ្វីដែលជាកត្តាបញ្ជាក់អំពីតម្លាភាពនោះទេ ។
ការដាក់ញាតិសន្តានឲ្យកាន់កិច្ចការនយោបាយសំខាន់ គឺជា
ចំណុចដ៏រសើបបំផុតសម្រាប់គណបក្សនយោបាយទាំងពីរ
នៅក្នុងប្រទេសកម្ពុជា ។ ទាំងថ្នាក់ដឹកនាំគណបក្សប្រជាជន
ទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សុទ្ធតែមានសមាជិក
គ្រួសារកាន់ដំណែងសំខាន់ៗ ។ ឧទាហរណ៍ សម្តេច ហ៊ុន សែន
មានកូនប្រុសម្នាក់ជា ឧត្តមសេនីយ៍ ម្នាក់ទៀតជាសមាជិកសភា
បងប្រុសម្នាក់និងប្អូនថ្លៃប្រុសម្នាក់ក៏ជាសមាជិកសភាដែរ
ក្មួយប្រុសម្នាក់ជាអធិការនគបាលជាតិ កូនប្រសាប្រុសម្នាក់ក៏ជា
មន្ត្រីនគបាលជាន់ខ្ពស់ផងដែរ ។ ឯភរិយារបស់លោក មាន
តំណែងជាប្រធានកាកបាតក្រហមកម្ពុជា ។ ចំណែកសម្តេច
ជា ស៊ីម ក៏មានប្អូនថ្លៃប្រុសម្នាក់កាន់ដំណែងជារដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ និងមានក្មួយកាន់ដំណែងនៅក្នុងជួររដ្ឋាភិបាលផងដែរ ។
ចំពោះ សម្តេច ហេង សំរិន យើងមិនដឹងថាគាត់មានញាតិប៉ុន្មាន
នាក់ កាន់តំណែងនៅក្នុងជួររដ្ឋាភិបាលនោះទេ ព្រោះមិនសូវឃើញ
ពត៌មានចុះផ្សាយ ។ រីឯគណបក្សសង្គ្រោះជាតិវិញក៏មើលទៅហាក់
ដូចជាមិនណយដែរ ។ សព្វថ្ងៃ គណបក្សនេះកាន់តួនាទីតែក្នុង
ស្ថាប័ននិតិបញ្ញតិតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងស្ថាប័ននេះ យើង
ឃើញមានប្តីប្រពន្ធពីរគូរួចទៅហើយ គឺលោក សម រង្សី និងភរិយា
របស់លោក (អ្នកស្រី ជូឡុង សោមូរ៉ា) និងលោក យិម សុវណ្ណ
និងភរិយា (អ្នកស្រី កែ សុវណ្ណរត័្ន) ។ ឯលោក កឹម សុខា អនុ
ប្រធានគណបក្សសង្គ្រោះជាតិ ក៏មានកូនស្រីម្នាក់កាន់កិច្ចការ
សំខាន់នៅក្នុងជួរបក្សផងដែរ ។ ចំណែកលោក គង់ គាំ ដែល
ជាអតីតអនុប្រធានគណបក្ស សម រង្សីនោះ មានកូនប្រុស
ពីររូបជាសមាជិកសភា ។ នេះគ្រាន់តែជាទិដ្ឋភាពនៃជ្រុងដ៏
តូចមួយនៃប្រព័ន្ធគ្រួសារនិយមនៅក្នុងវិស័យនយោបាយនៃ
ប្រទេសកម្ពុជា ។ ការលើកយកប្រព័ន្ធគ្រួសារនិយមមកលាត
ត្រដាងនៅទីនេះ គឺមិនមានន័យថាស្មេរមានចេតនារិះគន់ថ្នាក់
ដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ
គ្រាន់តែចង់បង្ហាញនូវចំណុចអវិជ្ជមានដ៏ធ្ងន់ធ្ងពីរទាក់ទិនទៅ
នឹងការអនុវត្តន៍របៀបគ្រប់គ្រងរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ ។
ចំណុចអវិជ្ជមាននេះគឺ៖ តម្លាភាព និង ទំនាស់ផលប្រយោជន៍
(Transparence and Conflict of Interest)
ដែលយើងមិនទាន់ឃើញមានច្បាប់ចែងនៅឡើយទេបន្ទាប់
ពីប្រទេសកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យអស់រយៈពេល
ជាងបីទសវត្សមកហើយ ។ ការមិនអើពើ ឬក៏ធ្វើមិនដឹងមិន
ឃើញនូវអ្វីដែលជាសត្វដំរីនៅក្នុងបន្ទប់នេះ (តម្លាភាព និង
ទំនាស់ផលប្រយោជន៍) វាមិនត្រឹមតែធ្វើឲ្យការអនុវត្តន៍លទ្ធិ
ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមិនលូតលាស់ទៅមុខ
នោះទេ ប្រហែលជាអាចធ្វើឲ្យគណបក្សនយោបាយបាត់បង់
ការគាំទ្រនិងសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនាពេលអនា
គតទៀតផង ។ ផ្អែកលើសន្ទុះនៃការយល់ដឹងរបស់ពលរដ្ឋ
ខ្មែរអំពីអំណាចនៃសន្លឹកឆ្នោតរបស់ខ្លួននោះ យើងអាច
សន្និដ្ឋានបានថា តម្លាភាពនិងទំនាស់ផលប្រយោជន៍
នឹងក្លាយទៅជាប្រធានបទនៃការបោះឆ្នោតនៅពេលអនា
គតជាក់ជាមិនខាន ។ យោងលើចំណុចនេះ យើងសូម
ទាញយកយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិដែលកំពុងតែប្រកួតប្រជែងយក
ប្រៀបលើគ្នានាពេលបច្ចុប្បន្ននេះ មកវិភាគ ថាតើអ្នកណា
កំពុងអូសទាញអ្នកណាឲ្យដើរលើផ្លូវណា ។ នៅដើម
អត្ថបទនេះ យើងបាននិយាយអំពីយុទ្ធសាស្ត្រអូសទាញ
គូបដិបក្ខនយោបាយឲ្យធ្លាក់ចុះទៅក្នុងភក់ជ្រាំជាមួយគ្នា
ដើម្បីកុំឲ្យគេមានប្រៀបជាងខ្លួន ។ និយាយឲ្យងាយយល់
គឺធ្វើយ៉ាងណាឲ្យគូបដិបក្ខនយោបាយបាត់បង់ប្រជាប្រិយភាព
ឬក៏ស្ថិតនៅក្នុងស្ថានភាពអវិជ្ជមានដូចគ្នា ។ គ្រួសារនិយម
គឺជាស្ថានភាពអវិជ្ជមាន មួយដែលគណបក្សប្រជាជនកម្ពុជា
កំពុងប្រឈម ។ ដូច្នេះហើយ នៅពេលថ្មីៗនេះ គណបក្ស
ប្រជាជនមិនបានបោះឆ្នោតគាំទ្រ អ្នស្រី មូរ សុខហួ និងលោក
យិម សុវណ្ណ ឲ្យធ្វើជាប្រធានគណកម្មាធិការនៅក្នុងរដ្ឋសភា
ដូចដែលគណបក្សសង្គ្រោះជាតិចង់បាននោះទេ ក៏ប៉ុន្តែ ពួក
គេបែរជាបោះឆ្នោតគាំទ្រ លោក ហូរ វណ្ណ និង អ្នកស្រី
កែសុវណ្ណរ័ត្ន ដែលមិនមែនជាការចង់បានរបស់គណបក្ស
សង្គ្រោះជាតិ ឲ្យកាន់តំណែងទាំងនោះទៅវិញ ។ ទង្វើនេះ
គឺជាយុទ្ធសាស្ត្រ បាញ់ព្រួញមួយត្រូវចាបពីរ ព្រោះថា លោក
ហូរ វណ្ណ និង អ្នកស្រី កែ សុវណ្ណរត្នន៍ មិនសូវមានប្រជាប្រិយ
ភាព (មិនសូវមានគេស្គាល់ច្រើន) ដូចជាលោកស្រី មូរ សុខហួ
និងលោក យិម សុវណ្ណ ឡើយ ។ ម៉្យាងទៀត ការដាក់ឲ្យមាន
សមាជិកគ្រួសារកាន់តំណែងខ្ពស់នៅក្នុងរដ្ឋសភា វានឹងធ្វើឲ្យ
គណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ ខិតរឹតតែជិតគ្នា
ទាក់ទិនទៅនឹងបញ្ហាគ្រួសារនិយម ។
តាមពិតទៅ គ្រួសារនិយមនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋនៃប្រទេស
កម្ពុជា វាមិនមែនជារឿងថ្មីនោះទេ ។ ប៉ុន្តែ អ្វីដែលថ្មីនោះ
គឺបញ្ហាគ្រួសារនិយមកំពុងត្រូវបានគេលើកយកមកពិភាក្សា
ជាសាធារណៈ ។ ចំណុចនេះ យើងគួរឲ្យពិន្ទុដល់លោក
សុន ឆ័យ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ
ដែលកំពុងតែដុតដៃដុតជើងលាតត្រដាងបញ្ហាគ្រួសារ
និយមនៅក្នុងស្ថាប័នរដ្ឋសភា ។ ក៏ប៉ុន្តែ ការដុតដៃដុត
ជើងរបស់លោក សុន ឆ័យ នេះ គឺប្រហែលជាបានត្រឹម
រលាកដៃជើងតែប៉ុណ្ណោះ ព្រោះថា តើឲ្យរដ្ឋសភាបោស
សម្អាតបញ្ហាគ្រួសារនិយមដូចម្តេចទៅ បើរដ្ឋសភាខ្លួនឯង
ពោរពេញទៅដោយសមាជិកគ្រួសារ ធ្វើការនៅទីនោះ
ទាំងគណបក្សប្រជាជន ទាំងគណបក្សសង្គ្រោះជាតិ ។
កាលពីជាងពីរទសវត្សរ៍កន្លងទៅនេះ ខ្ញុំធ្លាប់បានឮលោក
កឹម សុខា ដែលជាអនុប្រធានទីមួយរដ្ឋសភាសព្វថ្ងៃ
និយាយអំពីបញ្ហាស្រដៀងគ្នានេះថា៖ "វាមិនខុសអ្វីអំពី
ប្រើចោរឲ្យទៅរកចាប់ចោរនោះទេ" ។ ទោះជាយ៉ាងណា
ក៏ដោយ ចំណុចដ៏រសើបមួយនេះ ចាំបាច់ត្រូវតែដោះស្រាយ ។
ព្រោះថា ប្រសិនបើអ្នកនយោបាយខ្មែរមិនព្រមងាកពីការសង្គ្រោះ
ញាតិ មកសង្គ្រោះជាតិវិញទេ នោះជាតិប្រាកដជាសង្គ្រោះ
ពួកគាត់ឲ្យរួចផុតពីគុកច្រវ៉ាក់នៃអាសន្នៈអំណាចប្រមូលផ្តុំ
គ្រួសារនិយមជាក់ជាមិនខាន ៕
Tuesday, October 7, 2014
Editorial
CAMBODIA: A Refuge for the Refuse
In early 1998, when I first visited Cambodia, the biggest headlines on the local news media were about toxic wastes exported from Taiwan to a landfill located on the coastlines of Cambodia. Reacting to the story, I first wondered why in the world would toxic wastes from Taiwan ended up in Cambodia? It turned out that the wastes were part of a business deal between local Cambodian waste management company and a Taiwanese firm. The toxic wastes business would have run unabated were it not for the local people who fell ill or died after scavenging for usable materials, such as burlap sacks, from the dump site.
Fast forward several years to the 2000s decade, another noticeable headline was about Cambodia aggreeing to take back its native sons or daughters, who were convicted criminals, from the United States of America. Upon hearing the news, I, once again, scratched my head in bewilderment. For the United States (which happens to be my adopted home, and reputedly the richest country on the planet) to send her beasts of burden (convicted criminals) to Cambodia seemed to run contradictory to every basic human rights priciple the U.S. is known to have advocated. However, one would point to the fact that those Cambodian-born convicts were not U.S. citizens, and, therefore, could not be expected to receive the same rights as U.S. citizens do. In any case, the fact that these convicted people being sent to Cambodia were not U.S. citizens was beside the point. The crux of the matter, or the elephant in the room, which officials from both, Cambodia and the United States, pretended not to see, is that human beings were being treated like toxic wastes. This might be too harsh a comparison. But if we look at the issue closely, the comparison of these unwanted human beings to toxic wastes is probably the best metaphor for it. After all, both are unwanted matters. Just as Taiwan once found Cambodia a convenient place to dump its toxic wastes, the U.S. found Cambodia to be an ideal place to shelter her convicted criminals. We should point out that along with those criminals, the U.S. has paid Cambodia some money in the form of aid to help ease the burden of hosting those unwanted people.
Recently, Cambodia has struck yet another deal with Australia agreeing to help resettle refugees whom the Australian policy makers deem illegal, or otherwise unworthy of living among them. Behind the veil of this humanitarian charade, we learned that Australia is allegedly paying Cambodia about $40 million in exchange for accepting those refugees. To keep this hush payment less obvious, the money would be given to Cambodia in the form of increased development aid. Once again, we see that both the U.S. and Australia have used the same strategy to transfer unwanted people to Cambodia. Call it repatriation, resettlement, or whatever it is, the hard truth behind both of these despicable actions is that human beings are being treated like toxic wastes.
In a parallel ethical dilemma, the business of paying one country to accept unwanted human beings from another country is nothing short of an "official" human trafficking. As a former refugee and victim of human trafficking, I could tell from experience that in the human trafficking business, money is the only agent that makes human trafficking happen. Without money in the equation, it is impossible to conduct the business. I am not against either the repatriation of Cambodian convicts from the U.S. to, or resettlement of refugees from Australia in Cambodia, as long as the process is voluntary, and there is no money involved in the transaction. But, as far as I know, none of the Cambodian convicts being repatriated from the U.S. to Cambodia volunteered to go there. The same seems to be true with the refugees from Australia. If leading democratic countries like the U.S. and Australia, which hold human rights respect in high esteem, make a mockery of human rights like this, one could only wonder if there is any human rights advocate left on this planet.
If my historical memory is accurate, I believe many ancestors of present-day (White) Australians were victims of similar act of human trafficking. About 200 years ago, Great Britain sent many of her convicted criminals, prostitutes, and other forms of human "refuse" to the shores of Australia to get rid of what the Britons might have deemed unwholesome, or unwanted people. Now, after some 200 years later, history appears to repeat itself when descendants of the victims of this form of "official" human traficking turn around and committed the same act of which their ancestors would have disapproved. To this end, one could only hope that those pioneering Australian settlers who had endured and suffered so much to bring about Australia as we know it today would not turn in their graves in disgust.
Wednesday, September 17, 2014
វិចារណកថា
លោក ហង្ស ជួនណារ៉ុន និងកំណែទម្រង់អប់រំនៅកម្ពុជា
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទជាភាសាអង់គ្លេសមួយដែលមានចំណងជើងថា៖
បុរសនៅពីក្រោយការប្រឡង (បាក់ឌុប)(The Man Behind the Exams)
ដែលចុះផ្សាយដោយកាសែត ភ្នំពេញប៉ុស្តិ ។ នៅក្នុងអត្ថបទដ៏វែងអន្លាយនោះ
លោក ហង្ស ជួនណារ៉ុន ដែលជារដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា បានមានប្រសាសន៍
ជាច្រើនទាក់ទងទៅនឹងការកែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ។ អ្វីដែលធ្វើឲ្យខ្ញុំ
ចាប់អារម្មណ៍ជាងគេនៅក្នុងប្រសាសន៍របស់លោករដ្ឋមន្ត្រីវ័យក្មេងរូបនេះ
គឺនៅត្រង់ចំណុចមួយឆ្លើយតបទៅនឹងសំណួរ ថាតើត្រូវធ្វើដូចម្តេចដើម្បីដោះ
ស្រាយបញ្ហាសិស្សដែលប្រឡងបាក់ឌុបធ្លាក់ដ៏ច្រើនលើសលុបនោះ
បន្ទាប់ពីមានការរឹតបន្តឹងកម្មវិធីប្រឡងនាពេលថ្មីៗនេះ ។ លោក ហង្ស
ជួនណារ៉ុន មិនបានឆ្លើយនូវសំណួនេះដោយចម្ពោះនោះទេ ។ លោក
មានប្រសាសន៍ថា៖ សញ្ញាប័ត្រ វាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ
អ្វីដែលសំខាន់គឺ សមត្ថភាព ។ បើមានតែសញ្ញាប័ត្រ គ្មានសមត្ថភាព
វាគ្មានន័យអ្វីទេ ព្រោះអ្នកទទួលបានសញ្ញាប័ត្រដែលគ្មានសមត្ថភាព
ទាំងនោះនឹងជួបការលំបាកនៅពេលដែលពួកគេទៅបន្តការសិក្សានៅ
ឧត្តមសិក្សា ឬក៏មិនអាចរកការងារបានធ្វើ នៅក្នុងទីផ្សារសេរី ហើយក៏
មិនអាចក្លាយទៅជាធនធានមនុស្សដែលជាសក្តានុពលសម្រាប់ទាក់ទាញ
ពាណិជ្ជករមកវិនិយោគនៅកម្ពុជាបានដែរ ។ ចំណុចមួយនេះ ខ្ញុំសូមគាំទ្រ
ទាំងស្រុង ព្រោះវាជាគន្លិះដ៏សំខាន់បំផុតសម្រាប់ដោះស្រាយបញ្ហាអសមត្ថ
ភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមនិយោជិតជាតិខ្មែរ ។
ប៉ុន្តែ អ្វីដែលជាកត្តាព្រួយបារម្ភ សម្រាប់ខ្ញុំ និងពលរដ្ឋខ្មែរដទៃទៀតដែលឲ្យ
តម្លៃសមត្ថភាពមុនសញ្ញាប័ត្រនោះ គឺស្ថិតនៅត្រង់ចំណុចថាតើក្រសួងអប់រំ
អាចបញ្ចុះបញ្ចូលគោលគំនិតនិស្សិតខ្មែរ ព្រមទាំងគ្រឹះស្ថានអប់រំឯកជន
ផងដែរ ដែលផ្តោតតែទៅលើសញ្ញាប័ត្រជាជាងសមត្ថភាពនោះ ឲ្យចូលរួម
ពង្រឹងគុណភាពនៃការសិក្សានៅកម្ពុជាបានដែរឬទេ ។
ជាងបីទសវត្សកន្លងមកនេះ គ្រឹះស្ថានអប់រំឯកជននៅក្នុងប្រទេសខ្មែរ
រីកដុះដាលដូចផ្សឹត ។ ភាគច្រើននៃគ្រឹះស្ថានអប់រំឯកជនទាំងនោះ គឺផ្តោត
តែទៅលើបរិមាណនៃសិស្សនិងចំនួនសញ្ញាប័ត្រចេញឲ្យនិស្សិតតែប៉ុណ្ណោះ
មិនបានផ្តោតទៅលើគុណភាពនៃការអប់រំទេ ។ សូម្បីតែរាជរដ្ឋាភិបាលកម្ពុជា
បច្ចុប្បន្ននេះក៏ឲ្យតម្លៃទៅលើសញ្ញាប័ត្រច្រើនជាងសមត្ថភាពផងដែរ ។
យើងនៅចាំបានថា ប្រហែលជាមួយទសវត្សកន្លងទៅនេះ ប្រមុខរដ្ឋាភិបាល
កម្ពុជាបានតម្រូវឲ្យមន្ត្រីរាជការសំខាន់ៗមានសញ្ញាប័ត្រឧត្តមសិក្សា ។
កាលនោះ យើងសង្កេតឃើញមានអភិបាលខេត្ត រដ្ឋមន្ត្រី និង រដ្ឋលេខាធិការ
ជាច្រើននាក់បានត្រឡប់ទៅរៀននៅសាកលវិទ្យាល័យព្រោងព្រាតដើម្បី
ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតមកបំពេញសេចក្តីត្រូវការរបស់
ខ្លួន ។ យោងតាមពត៌មានចេញពីសាកលវិទ្យាល័យដែលទទួលបង្រៀនមន្ត្រី
ទាំងនោះ ពួកគាត់មិនបានរៀនតាមលក្ខណៈនិយាម (ស្តង់ដា)ទេ គឺគ្រាន់តែ
រៀនបំពេញបន្ថែម ដោយយកបទពិសោធន៍នៅក្នុងជីវិតរបស់គាត់មកសរសេរ
ជានិក្ខេបទដើម្បីទទួលបានសញ្ញាប័ត្រ ។ យើងសូមរក្សាសិទិ្ធមិនវាយតម្លៃ
សញ្ញាប័ត្រប្រភេទនេះទេ ប៉ុន្តែគ្រាន់តែចង់លើកសំណួ ថាតើសញ្ញាប័ត្រប្រភេទ
នេះអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអន្តរជាតិបានដែរឬទេ ? ប្រសិន
បើមន្ត្រីទាំងនោះជានិស្សិតខ្មែរវិញ តើពួកគាត់អាចយកចំណេះដឹងគ្មាននិយាម
ទាំងនោះ ទៅប្រកួតប្រជែករកការងារនៅក្នុងទីផ្សារសេរីបានដែរឬទេ នៅពេល
ដែលសេដ្ឋកិច្ចទីផ្សារនៃប្រទេសនានានៅក្នុងសហគមអាស៊ាន ធ្វើសមាហរណកម្ម ?
នៅក្នុងការធ្វើកំណែទម្រង់អប់រំនៅកម្ពុជា គេសង្កេតឃើញមានមតិសំខាន់ពីរ
គួរឲ្យចាប់អារម្មណ៍ ។ មតិទីមួយយល់ថា គួរពង្រឹងសមត្ថភាពគ្រូបង្រៀនជា
មុនសិន មុននឹងពង្រឹងសមត្ថភាពសិស្ស ។ ព្រោះគ្រូបង្រៀនជាអ្នកហ្វឹកហ្វឺន
សិស្ស ។ ឯមតិទីពីរយល់ថា សិស្សានុសិស្សខ្លួនឯងជាអ្នកទទួលខុសត្រូវលើ
ជោគវាសនាខ្លួន ។ ប្រសិនបើសិស្សមិនខិតខំរៀនដោយខ្លួនឯង ទោះបីគ្រូមាន
សមត្ថភាពបង្រៀនយ៉ាងណាក៏មិនអាចជួយបានដែរ ។ នៅក្នុងភាសាអង់គ្លេស
មានពាក្យមួយឃ្លារពោលថា៖ (Which comes first: The Chicken
or the egg?) ដែលបញ្ជាក់អំពីបញ្ហាដ៏លំបាកមួយនេះនៅក្នុងវិស័យអប់រំ
មិនថាតែនៅក្នុងប្រទេសកម្ពុជានោះទេ ។ យោងតាមការស្រាវជ្រាវនិងទិដ្ឋភាព
ជាក់ស្តែង សម្រាប់មតិទីមួយគឺត្រឹមត្រូវសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ ដែលនៅ
ប្រទេសកម្ពុជាគេនិយមហៅថា វិទ្យាសាស្ត្រពិត ព្រោះគ្រូបង្រៀនមុខវិជ្ជានេះ
តម្រូវឲ្យមានការយល់ដឹងជាក់លាក់ណាស់ទើបអាចពន្យល់សិស្សយល់ អំពី
អព្ភូតហេតុនានាទាក់ទងទៅនឹងវិទ្យាសាស្ត្រ ។ សម្រាប់មតិទីពីរ គឺអាចធ្វើទៅ
បានតែទៅលើមុខវិជ្ជាទូទៅ ដែលភាសាអង់គ្លេសហៅថាវិទ្យាសាស្ត្រសង្គម
(Social Sciences or Liberal Arts) តែប៉ុណ្ណោះ ព្រោះថាវិទ្យា
សាស្ត្រសង្គមមិនសូវមានរូបមន្តនិងសមតិកម្មស្មុគ្រស្មាញពិបាកយល់នោះទេ ។
ផ្អែកលើចំណុចទាំងពីរនេះ យើងមើលឃើញថា កំណែទម្រង់អប់រំនៅកម្ពុជា
គឺមិនអាចផ្តោតតែទៅលើសមត្ថភាពសិស្សនោះទេ គេត្រូវតែផ្តោតទៅលើ
សមត្ថភាពគ្រូផងដែរ ព្រោះថា ទាំងគ្រូ ទាំងសិស្ស ជិះនៅក្នុងទូកតែមួយ
ជាមួយគ្នា ៕
Monday, August 25, 2014
មួយថ្ងៃ មួយម៉ាត់
ប្លង់មេ៖ ពាក្យនេះ គេបកប្រែចេញមកពីពាក្យអង់គ្លេស
(Master Plan) ។ បើយើងពិនិត្យមើលពាក្យ ប្លង់មេ យើងសង្កេត
ឃើញថា ពាក្យ ប្លង់ គឺជាពាក្យបារាំង (Plan) ដែលមានន័យថា
គម្រោង ។ ឯពាក្យ មេ គឺជាពាក្យខ្មែរ ដែលមានន័យថា អ្នកគ្រប់គ្រង
ដឹកនាំ ឬ ចៅហ្វាយនាយ ។ ការបកប្រែពាក្យ (Master) ថា មេ នោះ
គឺមិនត្រឹមត្រូវតាមអត្ថន័យនៃពាក្យ (Master Plan) នោះទេ ។
ថ្វីត្បិតតែគេអាចបកប្រែពាក្យ (Master) ថាមេ (ក្នុងន័យចៅហ្វាយនាយ)
ពាក្យ (Master Plan) នៅទីនេះ មិនគួរបកប្រែថា ប្លង់មេ ទេ ។
Master Plan ជាទូទៅគឺសំដៅទៅលើគម្រោងសាងសង់អ្វីមួយ ។
ដូច្នេះ ពាក្យ (Master Plan) គួរប្រែថា គម្រោងមូលដ្ឋាន វិញ
ទើបស្តាប់ទៅមិនសូវឆ្គង ហើយងាយយល់ផង ៕
Monday, July 28, 2014
មួយថ្ងៃ មួយម៉ាត់
គ ជ ប ឯករាជ្យ៖ យោងតាមពត៌មានថ្មីៗ គណបក្ស ប្រជាជន
និង គណបក្ស សង្គ្រោះជាតិបានមូលមតិគ្នាដាក់ស្ថាប័ណ គ ជ ប
ជាស្ថាប័ណមួយដែលឯករាជ្យ ។ យើងសូមសួរថា តើ គ ជ ប
មានឯករាជ្យភាពនៅត្រង់ណា បើសមាជិក ៨ រូបក្នុងចំណោម ៩ រូប
ជាសមាជិក ឬ សកម្មជនរបស់គណបក្សនយោបាយដែលមានអាសនៈ
នៅក្នុងរដ្ឋសភានោះ ? អ្វីដែលជាតួនាទីអនាគត គ ជ ប គឺជាស្ថាប័ណ
មួយដែលមានតុល្យភាព (Balanced) មិនមែនឯករាជ្យនោះទេ ។
ដូច្នេះ សូមមេត្តាកុំប្រើពាក្យ ឯករាជ្យ ដើម្បីបោកប្រាស់រាស្ត្រ ។
នៅលើលោកនេះ យើងមិនអាចរកមនុស្សឯករាជ្យបានទេ ។
អ្វីដែលយើងអាចរកបាន គឺមនុស្សដែលមិនស្ថិតនៅក្រោមឥទ្ធិពល
គណបក្សនយោបាយ ។ តើយើងធ្វើដូចម្តេចទើបអាចដឹងបាន
ថាបុគ្គលណាមួយមិនស្ថិតនៅក្រោមឥទ្ធិពលគណបក្សនយោបាយ ?
គណបក្សទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភាអាចបង្កើត
គណកម្មាធិការចម្រុះមួយដើម្បីសួរដេញដោលស្វែងយល់
អំពីបញ្ហានេះ ។ នៅពេលដែល បីភាគបួន (3/4) នៃសមាជិក
គណកម្មាធិការចម្រុះ បោះឆ្នោតផ្តល់សច្ចានុម័តឲ្យបុគ្គល
ណាមួយ នោះបានសេចក្តីថា បុគ្គលនោះ មិនស្ថិតនៅក្រោម
ឥទ្ធិពលនៃគណបក្សនយោបាយណាមួយឡើយ ៕
Wednesday, July 9, 2014
មួយថ្ងៃ មួយម៉ាត់
វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬ ច្បាប់៖ ពាក្យនេះ ប្រហែលជាគេ
បកប្រែចេញមកពីពាក្យអង់គ្លេស (Amendment) ។ ខ្ញុំបានព្យាយាម
ស្វែងរកពាក្យវិសោធនកម្មនៅក្នុងវចនានុក្រមខ្មែរ ប៉ុន្តែពុំឃើញមានទេ
គឺមានតែពាក្យ វិសោធ ឬ ពិសោធ ដែលមានន័យថា សិក្សាស្រាវជ្រាវ
ធ្វើអ្វីមួយដើម្បីស្វែងរកឬបញ្ជាក់អំពីធាតុពិត ។ ដូច្នេះ ការបកប្រែពាក្យ
(Amendment) ថា វិសោធនកម្មរដ្ឋធម្មនុញ្ញនោះគឺមិនត្រឹត្រូវ ឬក៏ពិបាក
យល់ណាស់ ។ Amendment គឺជាការកែតម្រូវរដ្ឋធម្មនុញ្ញឬក៏លក្ខន្តិក
អ្វីមួយដោយមានគោលដៅពីរ (២) យ៉ាង៖ ទីមួយ (១) គឺបំពេញបន្ថែម
កង្វះខាតអ្វីមួយដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃសង្គម និងទីពីរ (២)
គឺដើម្បីលុបចោល ឬក៏ដកចេញ (ធ្វើឲ្យនិរាករ) នូវមាត្រាណាមួយនៅ
ក្នុងរដ្ឋធម្មនុញ្ញដែលមិនសមស្រប ឬមិនបានផ្តល់ផលប្រយោជន៍ដល់
ពលរដ្ឋទូទៅ ៕
Tuesday, July 1, 2014
មួមថ្ងៃ មួយម៉ាត់
លទ្ធិប្រជាធិបតេយ្យ
ថ្មីៗនេះ សម្តេច ហ៊ុន សែន បានថ្លែងថា៖ ការដាក់ឲ្យសមាជិត គ ជ ប
ស្ថិតនៅក្រោមការជ្រើសរើសរបស់រដ្ឋសភាដោយសម្លេង ពីរភាគបី (២ ភាគ ៣)
នោះ វានឹងធ្វើឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាប់គាំង ។
ក្នុងនាមជាកូនខ្មែរ យើងសូមជំរាបសម្តេច ហ៊ុន សែន ថា
លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺត្រូវការតុល្យភាពអំណាច ។
ឯការជាប់គាំងម្តងម្កាលនៅក្នុងប្រតិបត្តការរដ្ឋបាល វាគឺជាសញ្ញាមួយ
ដែលបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានគេអនុវត្ត ។
សម្លេង ២ ភាគ ៣ គឺជាយន្តការដ៏សាមញ្ញបំផុត សម្រាប់ការពារ
តុល្យភាពអំណាច និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ។ មានតែ
ប្រទេស កុម្មុយនីស (ដែលមានគណបក្សនយោបាយតែមួយ
គ្រប់គ្រងរដ្ឋ)និងប្រទេសដែលត្រូវបានគ្រប់គ្រងដោយមេដឹកនាំ
ផ្តាច់ការដូចជាប្រទេស កូរេខាងជើង ចិន និង យួន ទេ ដែល
មិនចេះជាប់គាំងនយោបាយ ៕
Friday, June 20, 2014
មួយថ្ងៃ មួយម៉ាត់
របបសន្តិសុខសង្គម៖ ពាក្យនេះទំនងជាគេបកប្រែចេញមក
ពីពាក្យអង់គ្លេស (Social Security Insurance or SSI) ។
អ្វីទៅជា (SSI) ? វាគឺជាប្រាក់សន្សំដែលនិយោជក និងនិយោជិត
(Employers and Employees) បង់ចូល ឬក៏តម្កល់នៅក្នុង
គណនេយមួយដែលរដ្ឋបង្កើតឡើង សម្រាប់ឲ្យនិយោជិតអាស្រ័យផល
នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬក៏មានគ្រោះថ្នាក់ខណៈកំពុង
បំពេញការងារ ។ នៅក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជា
សហរដ្ឋអាមេរិក កាណាដា និង សហភាពអឺរ៉ុប ថវិកា
(SSI, ដោយមានជំនួយថវិកាពីរដ្ឋខ្លះផង) ត្រូវបានគេយកមក
បម្រើសេចក្តីត្រូវការរបស់ និយោជិតផង និងមនុស្សចាស់និងស្ត្រី
មេម៉ាយដែលមានកូនតូចៗនៅក្នុងបន្ទុកផង ។ ថវិកាដែលគេជួយ
ដល់មនុស្សចាស់និងស្ត្រីមេម៉ាយគេហៅថា សហសង្គ្រោះ
(Welfare) ។ នៅស្រុកខ្មែរ រដ្ឋមិនទាន់មានកម្មវិធីជំនួយ
(Welfare) សម្រាប់មនុស្សចាស់និងស្ត្រីមេម៉ាយនៅឡើយទេ ។
ដូច្នេះ (SSI) គឺមានសម្រាប់តែនិយោជិត និងអតីតនិយោជិត
តែប៉ុណ្ណោះ ។ រីឯការបកប្រែពាក្យ (SSI) ថា របបសន្តិសុខសង្គម
នោះ គឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជារបបសម្រាប់ផ្គត់ផ្គង់សង្គម
ទាំងមូលឡើយ ។ ពាក្យ (Security) នៅទីនេះគេមិនបកប្រែ
ថាសន្តិសុខទេ ព្រោះន័យរបស់វាស្មើនឹង (Safety Net)
ដែលយើងអាចបកប្រែថា គាំពារ ។ ដរាបណាកម្មវិធី (SSI)
របស់កម្ពុជានៅមិនទាន់មានវិសាលភាពធំទូលាយនៅឡើយ
យើងគួរបកប្រែពាក្យ (SSI) ថា របបគាំពារនិយោជិត ឬក៏
ថវិកាធានារ៉ាប់រងនិយោជិត វិញទើបត្រឹមត្រូវ ៕
Tuesday, June 17, 2014
មួយថ្ងៃ មួយម៉ាត់
បង្កក៖ ពាក្យនេះប្រហែលជាគេបកប្រែចេញមកពីពាក្យ
អង់គ្លេស (Freeze) ។ ពាក្យ (Freeze) នេះ នៅក្នុងភាសាអង់គ្លេស
គឺគេប្រើក្នុងអត្ថន័យពីរយ៉ាង ។ ទី ១ បើគេនិយាយសំដៅទៅលើវត្ថុរាវ
ឬក៏ចំណីអាហារ ដូចជាទឹក ឧស្ម័ន ត្រី សាច់ បន្លែ ជាដើម ។ល។
គេអាចបកប្រែជាភាសាខ្មែរថា បង្កក (ធ្វើឲ្យកក)។ ទី ២ បើគេ
និយាយសំដៅទៅលើទ្រព្យសម្បត្តិផ្សេងៗ (Asset)ដូចជា ប្រាក់
ស្រូវ អង្ករ ផ្ទះសម្បែង ជាដើម គេមិនបកប្រែថា បង្កកទេ ។ យើង
គួរបកប្រែពាក្យ (Freeze) នេះថា បង្ខាំងទុក ឬ ផ្អិបទុក វិញ
ទើបត្រឹមត្រូវតាមអន្ថន័យរបស់វា ព្រោះថា នៅពេលដែលគេ
និយាយអំពី (Freeze Assets) គឺគេសំដៅទៅលើការបង្ខាំង
ទុកទ្រព្យសម្បត្តិទាំងនោះ មិនឲ្យធ្វើចរាចរចេញទៅណាឡើយ ៕
Thursday, June 5, 2014
មួយថ្ងៃ មួយម៉ាត់
ឧស្ម័នផ្ទះកញ្ចក់៖ ពាក្យនេះប្រហែលជាគេបកប្រែចេញមកពី
ពាក្យអង់គ្លេស (Greenhouse Gas) ។ យើងទទួលស្គាល់ថា
ការបកប្រែពាក្យវិទ្យាសាស្ត្រពីភាសាមួយទៅភាសាមួយទៀត
គឺពិបាកខ្លាំងណាស់ ប៉ុន្តែ ពាក្យឧស្ម័នផ្ទះកញ្ចក់នៅក្នុងភាសាខ្មែរ
វាហាក់ដូចជាពិបាកយល់ពេកណាស់សម្រាប់មនុស្សទូទៅ ។
តើអ្វីទៅជា (Greenhouse Gas) ឬឧស្ម័នផ្ទះកញ្ចក់? នៅពេល
ដែលគេនិយាយអំពី (Greenhouse Gas) គឺគេសំដៅទៅលើ
ស្រទាប់ឧស្ម័នម្យ៉ាងដែលគ្របដណ្តប់នៅក្នុងលម្ហជុំវិញភពផែនដី ។
ស្រទាប់ឧស្ម័ននេះ គឺប្រៀបដូចជាឆ័ត ឬក៏ភ្នាស ដែលបាំងកាំរស្មីនិង
កំដៅព្រះអាទិត្យកុំឲ្យជះមកលើភពផែនដីខ្លាំងពេក ។ គួរកត់សម្គាល់ថា
ស្រទាប់ឧស្ម័នឆ័ត ជារបាំងដែលទប់កាំរស្មីកំដៅព្រះអាទិត្យមកលើ
ផែនដីផង និងទប់កំដៅព្រះអាទិត្យដែលចាំងផ្លាត(Reflect)
ពីផែនដីទៅក្នុងលម្ហវិញផង ដើម្បីរក្សាកំដៅលើផែនដីកុំឲ្យប្រែប្រួល
ខ្លាំង ។ ស្រទាប់ឧស្ម័ននេះអាចនឹងស្តើងឬក៏រលាយពីលម្ហនៅពេល
ដែលមានសារធាតុ ខាបនដាយអុកសាយ (CO2) អណ្តែតនៅ
ក្នុងលម្ហច្រើនពេក ។ សារធាតុ (CO2) មានប្រភពភាគច្រើនចេញ
មកពីផ្សែងយានយន្តគ្រប់ប្រភេទ រាប់បញ្ចូលទាំងផ្សែងដែលបញ្ចេញ
ដោយរោងចក្រធំៗផងដែរ ។ នៅពេលដែលសារធាតុ (CO2)
នៅក្នុងលម្ហកើនឡើង ឧស្ម័នឆ័តនឹងចុះស្តើង ឬក៏រលាយពីលម្ហ
កម្តៅនៅលើភពផែនដីនឹងកើនឡើង ដែលជាហេតុនាំឲ្យមាន
មហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ព្យុះ និងជំនន់ទឹកជាដើម ។
ការរៀបរាប់ខាងលើនេះ គឺជាទំនាក់ទំនងអត្ថន័យនៃពាក្យ
(Greenhouse Gas) ។ តើយើងគួរបកប្រែពាក្យនេះថាដូចម្តេច ?
បើតាមនិយមន័យ ឬអត្ថន័យខាងលើ យើងគួរបកប្រែពាក្យ
(Greenhouse Gas) ថា ឧស្ម័នគម្របភពផែនដី ឬ
ឧស្ម័នគ្របដណ្តប់ផែនដី វិញ ៕
Thursday, May 29, 2014
A Saint Or A Sinner?
Mam Somaly: The Shit that Newsweek Shed
For those who have read Dante Aligheri's Divine
Comedy, this brilliant Italian writer had outlined
different stages in Hell for most people to be
in after they died. If my memory didn't fail me,
the lowest level of hell was reserved for Satan,
the falling angel, who used his saintly image to
mislead others. When I read the damning story
of Somaly Mam using lies and deceptions to garner
support for her "crusade" against sexual
exploitation of young women, my stomach begins
to churn with disgust and a sense of disgrace.
My initial reaction was: "Oh dear, here comes
another disgrace story about Cambodian." As a
Cambodian, I can's help but asking: What happens
to us? Have we had any sense of morality in our
soul anymore? Of course, we should not blame a
few bad apples on the whole society. But we,
Cambodians, seem to have too many bad apples in
our society. As a Khmer saying goes: "Fish in
a basket, when one is rotten, all the fish in
the basket will eventually be rotten." With this
saying in mind, we, Cambodians, should all look
in the mirror and do some soul searching whether
we have done enough to counter the temptation of
commiting vices for personal gains. In the
meantime, let us pray for Somaly's soul that Yama
(Yumareach) will be lenient and show understanding
when judging her.
Tuesday, May 20, 2014
មួយថ្ងៃ មួយម៉ាត់
ប្រាក់អាហារកិច្ច៖ ពាក្យនេះ ខ្ញុំឃើញគេបកប្រែចេញមកពីពាក្យ
អង់គ្លេស (Child Support) ។ បើតាមអត្ថន័យនៃពាក្យ (Child Support)
ការប្រើពាក្យ ប្រាក់អាហារកិច្ច នៅទីនេះ គឺមិនត្រឹមត្រូវពេញលេញនោះទេ
ព្រោះថា (Child Support) គឺគេមិនសំដៅតែទៅលើចំណី
អាហារនោះទេ ។ ជួនកាល (Child Support) តម្រូវឲ្យមាន
ជំនួយផ្នែកសតិអារម្មណ៍ ដូចជាការនាំកូនដើរកំសាន្តផងដែរ ។
ដើម្បីស្វែងយល់ឲ្យបានជាក់លាក់ ជាបឋម យើងគប្បីពិនិត្យមើល
ថាតើពាក្យ (Child Support) នេះគេប្រើនៅក្នុងករណីអ្វី ។
យោងតាមទិដ្ឋភាពជាក់ស្តែង ពាក្យ (Child Support)
គឺគេប្រើតែនៅក្នុងករណីគ្រួសារដែលបែកបាក់គ្នាដោយប្រការ
ណាមួយ ហើយភាគីមួយក្នុងចំណោមភាគីពាក់ព័ន្ធត្រូវបានទទួល
បន្ទុកមើលថែទាំកូនដែលមានអាយុក្រោម ១៨ឆ្នាំ ។ អាស្រ័យទៅ
លើច្បាប់នៅក្នុងប្រទេសនិមួយៗ ភាគីដែលមានបន្ទុកមើលថែទាំ
កូននេះហើយ ដែលអាជ្ញាធររដ្ឋ (តុលាការ) តម្រូវឲ្យភាគីម្ខាងទៀត
បង់ប្រាក់ជួយចិញ្ចឹមកូន ។
បើយើងយកពាក្យ (Child Support) មកបកប្រែមួយពាក្យម្តង
យើងឃើញថាពាក្យ (Child) ប្រែថា កូន ឯពាក្យ (Support)
ប្រែថា គាំទ្រ (ក្នុងន័យនយោបាយ) និង ផ្គត់ផ្គង់ ឬ ទ្រទ្រង់
(ក្នុងន័យបីបាច់ថែរក្សា) ។ ដូច្នេះ ពាក្យ (Child Support)
គួរតែបកប្រែថា ប្រាក់ផ្គត់ផ្គង់កូន វិញ ទើបត្រឹមត្រូវ
តាមអត្ថន័យ ដើមរបស់វា ៕
Monday, May 5, 2014
មួយថ្ងៃ មួយម៉ាត់
ឯកជនភាព៖ ពាក្យនេះទំនងជាគេបកប្រែចេញពីពាក្យ
អង់គ្លេស (Privacy)។ ពាក្យ (Privacy) គឺគេសំដៅទៅលើ
សិទ្ធិរបស់បុគ្គលនិមួយៗ ក្នុងការទទួលបាននូវការ ការពារជាទូទៅ
កុំឲ្យឈ្មោះ ឬអត្តសញ្ញាណរបស់ខ្លួនលេចឮជាសាធារណៈ នៅពេល
បុគ្គលនោះជាប់ពាក់ព័ន្ធនឹងរឿងអ្វីមួយ ។ ដូច្នេះ ពាក្យ (Privacy)
គួរបកប្រែថា ការពារឈ្មោះ(គាត់)កុំឲ្យលេចឮជាសាធារណៈ វិញ
ព្រោះពាក្យ ឯកជនភាព ហាក់ដូចជាមានអត្ថន័យ
ស្រពេចស្រពិលពិបាកយល់ណាស់ ៕
Thursday, May 1, 2014
ចំណីខួរក្បាល
សួនប្រជាធិបតេយ្យ ឬ សួនរបស់អាជ្ញាធរអន្យតេរ្ថីយ៍
នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា
(Action speaks louder than word)
ដែលយើងអាចបកប្រែមកជាភាសាខ្មែរថា៖ អ្វីដែលយើងធ្វើ
គឺឮខ្ទរខ្ទាជាងអ្វីដែលយើងនិយាយ ឬ សម្តីសជាតិ
មាយាទសពូជ ។ និយាយអំពីមាយាទសពូជ យើងសូមបើករង្វង់
ក្រចករំលឹកមិត្តអ្នកអានបន្តិចថា មាយាទអាជ្ញាធរផ្តាច់ការដែល
មានពូជកកើតចេញពីលទ្ធិកុម្មុយនិស្តនោះ ទោះបីជាត្រូវបានដុស
ខាត់បំបាត់សារធាតុអាក្រក់ (ចរិតផ្តាច់ការ) យ៉ាងណាក៏ដោយ
ក៏មិនអាចលុបបំបាត់សារធាតុអាក្រក់នេះឲ្យអស់បានដែរ ។
កត្តាធំបំផុត ដែលគេមិនអាចដុសខាត់លុបបំបាត់សារធាតុ
អាក្រក់នេះឲ្យអស់បាន គឺ អវិជ្ជា ។ ការដាក់រាយរបងលួសបន្លា
ហ៊ុំព័ទ្ធសួនប្រជាធិបតេយ្យ ដោយអាជ្ញាធរក្រុង ភ្នំពេញ គឺបាន
លាតត្រដាងយ៉ាងច្បាស់អំពីអ្វីដែលយើងទើបនឹងរៀបរាប់ខាងលើ ។
វត្តមាននៃរបងលួសបន្លាដែលអាជ្ញាធរក្រុងភ្នំពេញ ដាក់ហ៊ុំព័ទ្ធ
ជុំវិញសួនប្រជាធិបតេយ្យនោះ ពួកគេមិនត្រឹមតែកុហក់សាធារណ
ជននៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកថា សួនប្រជា
ធិបតេយ្យនៅកណ្តាលទីក្រុង ភ្នំពេញ មិនមែនជាសួនប្រជាធិប
តេយ្យពិតប្រាកដនោះទេ គឺកុហកខ្លួនឯងថែមទៀត ។ នេះហើយ
ជាទង្វើរបស់អាជ្ញាធរ ដែលបណ្តោយឲ្យអវិជ្ជាដឹកមុខ ។ ជាទូទៅ
មនុស្សយើងមិនដែល ឬក៏មិនចូលចិត្តកុហកខ្លួនឯងទេ ។ មានតែ
មនុស្សដែលលុះក្រោមឥទ្ធិពលអវិជ្ជាតែប៉ុណ្ណោះ ដែលអាច
កុហកខ្លួនឯងបាន ៕
Tuesday, April 22, 2014
មួយថ្ងៃ មួយម៉ាត់
បោះឆ្នោតសាកល ឬ អសាកល៖ ពាក្យនេះ ប្រហែលជាគេបកប្រែមកពីពាក្យ
អង់គ្លេស (Universal Election) ។ ពាក្យ (Universal) មិនគួរបកប្រែថា
សាកល នៅគ្រប់ករណីនោះទេ ។ ពាក្យសាកល គឺគេសំដៅទៅលើអ្វីៗដែមាន
លក្ខណៈជាអន្តរជាតិ ឬក៏ ចលនាអ្វីមួយដែលអាចមានឥទ្ធិពលឆ្លងពីប្រទេសមួយទៅ
ប្រទេសមួយ ។ ឧទាហរណ៍ (Universal Declaration of Human Rights)
ការប្រកាសសិទ្ធមនុស្សជាសាកល ឬក៏ (Universal Suffrage Movement)
ចលនាទាមទាសិទ្ធិបោះឆ្នោតរបស់នារី ជាដើម ។ល។ សម្រាប់ការបោះឆ្នោត
នៅក្នុងប្រទេសមួយ គឺគេប្រើពាក្យ បោះឆ្នោតទូទៅ ឬ មិនទូទៅ ឬក៏ បោះឆ្នោតផ្ទាល់
ឬ បោះឆ្នោតដោយប្រយោល ។ នៅក្នុងភាសាអង់គ្លេស គេអាចសរសេរថា
(General Election/Non-General Election Or Direct/Indirect
Election) ជំនួសពាក្យ (Universal or Non-Universal Election)
ក៏បានដែរ៕
Thursday, April 17, 2014
មួយថ្ងៃ មួយម៉ាត់
បំរែបំរួលអាកាសធាតុៈ ពាក្យបំរែបំរួល មិនឃើញមាន
សរសេរនៅក្នុងវច្ចនានុក្រមខ្មែរទេ ។ មានតែពាក្យ ប្រែ ឬក៏
ប្រែប្រួល ដែលមានអត្ថន័យប្រហាក់ប្រហែលនិងពាក្យ ផ្លាស់ប្តូរ ។
ដូច្នេះ ពាក្យបំរែបំរួលអាកាសធាតុ ដែលបកប្រែចេញមកពីពាក្យ
អង់គ្លេស (Climate Change) នោះ គួរសរសេរថា ការប្រែប្រួល
អាកាសធាតុ ឬ អាកាសធាតុប្រែប្រួល វិញ ចៀសវាងការបង្កើត
ពាក្យថ្មីប៉ាតណាប៉ាតណី ៕
Thursday, April 10, 2014
ចំណីខួរក្បាល
គ្រាន់តែជាការសង្កេត
នៅស្រុកខ្មែរ ការកាន់កាប់តំណែងយូរអង្វែង គឺជាទម្លាប់មួយ
ដែលមើលទៅ ហាក់ដូចជាពិបាកកែប្រែបានណាស់ ។ សូម្បី
តែអ្នកដែលកំពុងស្រែកជំទាលក្តែងៗ សុំឲ្យមានការផ្លាស់ប្តូរ
ទម្លាប់អវិជ្ជមាននេះ ក៏ហាក់ដូចជាកំពុងមើលរំលងបញ្ហានេះដែរ ។
ឧទាហរណ៍ នៅក្នុងចំណុចសំខាន់ៗនៃការចចាគ្នារកដំណោះ
ស្រាយនយោបាយរវាងគណបក្ស ប្រជាជនកម្ពុជា និង គណ
បក្សសង្រោះជាតិនោះ គេមិនឃើញមានការពិភាក្សាអំពី
អាណតិកំណត់ (Term Limit) របស់នាយករដ្ឋមន្ត្រីទេ ។
ដូច្នេះ ឱកាសក្នុងការធ្វើជានាយករដ្ឋមន្ត្រីអស់មួយជីវិត
គឺត្រូវបានគេរក្សាទុកឲ្យនៅដដែល ។
បើយើងសង្កេតឲ្យបានល្អិតល្អន់បន្តិចនោះ មិនត្រឹមតែ
តួនាទីនាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលគ្មានអាណតិកំណត់
សូម្បីតែប្រធានអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា
ក៏ប្រហែលជាគ្មានអាណតិកំណត់ដែរ ។ មូលហេតុដែលយើង
ហ៊ានសន្និដ្ឋានដូច្នេះ ព្រោះយើងសង្កេតឃើញថា អ្នកដឹកនាំ
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន គឺមានមុខដដែលៗ តាំងតែ
ពីអង្គការទាំងនោះ បានចាប់បដិសន្ធិមកម្លេះ ៕
Monday, March 17, 2014
មួយថ្ងៃ មួយម៉ាត់
អាជ្ញាធរមានសមត្ថកិច្ច៖ តើមានអាជ្ញាធរគ្មានសមត្ថកិច្ច
ដែរឬទេ ? បើគ្មានទេ ពាក្យអាជ្ញាធរមានសមត្ថកិច្ច ជាពាក្យ
ត្រួតន័យគ្នា ។ ពាក្យ អាជ្ញាធរ គឺគេសំដៅលើបុគ្គល ឬក៏ក្រុម
មនុស្ស ដែលមានតួនាទីអនុវត្តិច្បាប់នៅក្នុងដែនសមត្ថកិច្ច
របស់ខ្លួន ។ ដូច្នេះ ឲ្យតែអាជ្ញាធរ គឺមានសមត្ថកិច្ចហើយ
មិនចាំបាច់បន្ថែមពាក្យ មានសមត្ថកិច្ច នៅពីក្រោយពាក្យ
អាជ្ញាធរ នោះទេ ៕
Wednesday, March 12, 2014
មួយថ្ងៃ មួយម៉ាត់
ដីចំណីផ្លូវ
ផ្លូវថ្នល់គឺជាហេដ្ឋារចនាសម្ព័ន្ធ គ្មានជីវិត គ្មានវិញាណ ហើយក៏មិនចេះ
ស៊ីចំណីអាហារដែរ ។ ដូច្នេះ ដីដែលស្ថិតនៅតាមបណ្តោយដងផ្លូវ
សម្រាប់ការពារកុំឲ្យផ្លូវថ្នល់ឆាប់បាក់បែកខូចខាតដោយប្រការ
ណាមួយនោះ គួរហៅថា ដីចិញ្ចើមផ្លូវ ឬក៏ ដីអមចិញ្ចើមផ្លូវ វិញ
ទើបស្តាប់ទៅ មិនសូវឆ្គង ៕
Tuesday, March 11, 2014
វិចារណកថា
កំណែទម្រង់ស៊ីជម្រៅ តើអាចទៅរួចទេ ?
បន្ទាប់ពីបោះឆ្នោតហើយ ភាពចម្រូងចម្រាសនយោបាយនៅក្នុង
ស្រុកខ្មែរ ហាក់ដូចជាមានសភាពក្តៅគគុក គួរឲ្យកត់សម្គាល់ ។
ទន្ទឹមនឹងនេះ យើងសង្កេតឃើញ លោកនាយករដ្ឋមន្ត្រីកម្ពុជា
សម្តេច ហ៊ុន សែន ស្រែកប្រកាសក្តែងៗស្នើរសុំឲ្យស្ថាប័ណនានា
ចូលរួម ជួយផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់
អភិបាលកិច្ច នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ឲ្យបានស៊ីជម្រៅ ។
សម្រាប់យើងដែលជាពលរដ្ឋខ្មែរ យើងយល់ឃើញថា លោក
ហ៊ុន សែន មិនចាំបាច់ទៅរកពឹងពាក់អ្នកណាម្នាក់ទេ ក្នុងការធ្វើ
កំណែទម្រង់នយោបាយ និងអភិបាលកិច្ច នៅកម្ពុជានោះ ។ ត្បិតអី
លោកតែម្នាក់ឯងជាមួយនិងគណបក្ខប្រជាជនកម្ពុជារបស់
លោក គឺមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការនេះ ។ ប្រសិនបើ
លោកមិនដឹង ថាតើត្រូវចាប់ផ្តើមធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅនោះ
ពីចំណុចណាទៅ យើងសូមជំរាបលោកថា ចំណុចសំខាន់ៗ ដែលអាច
នាំឲ្យប្រទេសកម្ពុជាឈានទៅដល់កំណែទម្រង់នយោបាយស៊ីជម្រៅ
បាន គឺមានបី៖
ទី ១៖ សម្តេចត្រូវមានឆន្ទៈនយោបាយក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ
ដែលសម្តេចកំពុងប្រកូកប្រកាសឲ្យគេជួយផ្តល់ អនុសាសន៍ឲ្យនេះ ។
បើសម្តេចគ្មានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការធ្វើកិច្ចការនេះទេ ទោះ
បីសម្តេចយកមនុស្ស មកពីទូទាំងពិភពលោកមកជួយ ក៏ធ្វើមិនកើតដែរ ។
ទី ២៖ សម្តេចត្រូវផ្តល់សិទ្ធិនិយាយស្តីឲ្យដល់ពលរដ្ឋខ្មែរ គ្រប់ៗរូប និង
លុបបំបាត់រាល់ច្បាប់ទាំងឡាយណា ដែលប៉ះពាល់ដល់សិទ្ធិនិយាយស្តី
ឬក៏ធ្វើបាតុកម្មដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរ ។ បើសម្តេចមិនយល់ ថាតើ
អ្វីទៅជាសិទ្ធិនិយាយស្តីរបស់ពលរដ្ឋនោះ វាគឺជាសិទ្ធិនិយាយស្តីបដិការ ។
ឧទាហរណ៍ សម្តេចអាចជេរអ្នកទិតៀនសម្តេច ឯអ្នកទិតៀនសម្តេចក៏អាច
ជេរសម្តេចវិញបានដែរ ទោះបីជាអ្នកនោះ មានបុណ្យស័ក្តិតូចទាបជាង
សម្តេចដូចមេឃនិងដីក៏ដោយ ។ សូមបញ្ជាក់ថា សិទ្ធិនិយាយស្តី ឬជួបជុំគ្នា
ដើម្បីទាមទាអ្វីមួយ សម្រាប់ពលរដ្ឋសាមញ្ញ គឺជាសិទ្ធិដ៏ពិសិដ្ឋបំផុត
មិនអាចអ្នកណាប៉ះពាល់បានទេ មិនខុសអ្វីអំពីតួអង្គព្រះមហាក្សត្រឡើយ ។
បើអ្នកណាម្នាក់ចង់ដឹងឲ្យបានរឹតតែច្បាស់អំពីសិទ្ធិនិយាយស្តីនេះ គេគ្រាន់
តែមើលមាត្រាបន្ថែមទីមួយ (First Amendment) នៅក្នុងរដ្ឋធម្មនុញ្ញនៃ
សហរដ្ឋអាមេរិក ឬក៏ទៅមើលចារិកនៅលើជញ្ជាំងអាគារមួយ ក្នុងក្រុងវ៉ាស៊ីន
តោន នៅជ្រុងផ្លូវលេខ ៦ និង ផ្លូវ ផេនស៊ីវេនីញ៉ា នោះ ក៏អាចយល់ ថាតើ
ចំណុចនេះមានសារៈសំខាន់ប៉ុនណាហើយ ។ យោងតាមឯកសារប្រវត្តិ
សាស្ត្រអាមេរិក និងការនិយាយតគ្នា មាត្រាបន្ថែមទីមួយ ដែលមានពាក្យ
៤៥ ម៉ាត់នេះ គឺជាកត្តាចម្បងបំផុត សម្រាប់រដ្ឋធម្មនុញ្ញអាមេរិកាំង ទទួល
បានសច្ចានុមតិ ។ ហើយពាក្យ ៤៥ ម៉ាត់នេះ គ្មានអ្នកណាម្នាក់ មានសិទ្ធិ
លុប ឬក៏កែប្រែបានទេ ។ សូម្បីតែរដ្ឋសភាសហរដ្ឋអាមេរិក ក៏មិនអាច
សរសេរច្បាប់ ប៉ះពាល់ដល់ពាក្យ ៤៥ ម៉ាត់នេះដែរ ព្រោះវាជាអភ័យឯក
សិទ្ធិរបស់ពលរដ្ឋទូទៅ ដែលរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យ ។
ទី ៣៖ ទំនាស់ផលប្រយោជន៍ ។ វាជាជម្ងឺដ៏រ៉ាំរ៉ៃនិងសាហាវយង់ឃ្នងជាទី
បំផុតនៅក្នុងសង្គមខ្មែរ ។ ប៉ុន្តែ ទំនាស់ផលប្រយោជន៍មិនមែនជារោគសង្គម
ដែលព្យាបាលមិនកើតនោះទេ ។ សម្តេចគ្រាន់តែចេញ ស ជ ណ ឬក៏ស្នើរ
រដ្ឋសភាឲ្យចេញច្បាប់លុបបំបាត់ចោលទំនាស់ផលប្រយោជន៍នៅក្នុងជួរ
រដ្ឋបាលទៅ ផលវិបាកទាំងឡាយ ដូចជា អំពើពុករលួយ រដ្ឋការគ្មានតម្លាភាព
និទណ្ឌភាព ជាដើម ។ល។ នឹងវិនាសអន្តរាយដោយឯកឯង ។ តើកត្តាអ្វីខ្លះ
ដែលបង្កឲ្យមានទំនាស់ផលប្រយោជន៍ ? និយាយឲ្យខ្លី គឺ គ្រួសារនិយម ។
ឧទាហរណ៍ បើសម្តេចធ្វើជានាយករដ្ឋមន្ត្រី ប្រពន្ធ កូន ក្មួយ បង ប្អូន
កូនប្រសារឬក៏ដន្លងរបស់សម្តេច ដែលមានតួនាទីនៅក្នុងជួរគណរដ្ឋមន្ត្រី
គឺសុទ្ធតែជាកត្តាបង្កឲ្យមានទំនាស់ផលប្រយោជន៍ ។ និយាយឲ្យងាយយល់
មន្ត្រីនិមួយៗ មិនអាចតែងតាំង ប្តីឬប្រពន្ធ បង ប្អូន កូន ក្មួយ ឲ្យធ្វើការងារ
នៅក្នុងក្រសួង ដែលខ្លួនគ្រប់គ្រងឡើយ ព្រោះវាជាដើមចមនៃទំនាស់ផល
ប្រយោជន៍។
ចំណុចទាំងបីខាងលើនេះ គឺជាកត្តាសំខាន់បំផុត ដែលយើងយល់ថា
គួរមានកំណែទម្រង់ស៊ីជម្រៅ ។ ប៉ុន្តែ ដើម្បីបញ្ជាក់ឲ្យបានរឹតតែច្បាស់នោះ
សម្តេច ហ៊ុន សែន គួរយកចំណុចទាំងបីនេះ ទៅស្ទង់មតិប្រជាពលរដ្ឋ
ដែលរស់នៅក្បែរផ្ទះសម្តេចសិន ។ ព្រោះថា កំណែទម្រង់ស៊ីជម្រៅក៏ដោយ
មិនស៊ីជម្រៅក៏ដោយ គប្បីធ្វើទៅដោយអនុលោមទៅតាមអ្វីដែលប្រជា
ពលរដ្ឋរស់នៅក្បែរផ្ទះសម្តេចចង់បាន មិនមែនធ្វើទៅតាមអ្វីដែលអ្នកនយោ
បាយចង់បាននោះទេ ។ ប្រសិនបើមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប
ចង់បានកំណែទម្រង់រដ្ឋាភិបាល ដូចដែលបានរៀបរាប់ខាងលើនេះ សម្តេច
ចាំបាច់ត្រូវតែ ធ្វើកំណែទម្រង់រដ្ឋាភិបាល ដូចបានរៀបរាប់ខាងលើនេះ
ឲ្យខាងតែបាន ៕
Thursday, February 27, 2014
មួយថ្ងៃ មួយម៉ាត់
អង្ករសរីរាង្គ៖ ពាក្យ អង្ករសរីរាង្គ នេះគេបកប្រែមកពីពាក្យអង់គ្លេស
(Organic Rice) ។ បើតាមនិយមន័យនៃពាក្យ (Organic Products)
គឺគេនិយាយសំដៅទៅលើផលិតផលកសិកម្មណា ដែលត្រូវបានគេដាំ ឬចិញ្ចឹម
តាមលក្ខណៈធម្មជាតិ ដោយមិនមានការបង្កាត់ពូជ (Genetically Modified)
ឬក៏ប្រើជំនួយជីគីមី ឬក៏សារធាតុគីមីណាមួយ ។ និយាយឲ្យខ្លី (Organic
Produce) គឺសំដៅទៅលើដំណាំដែលមានពូជបរិសុទ្ធ និងត្រូវបានគេដាំទៅតាម
លក្ខណៈធម្មជាតិរបស់វា ។ ដូច្នេះ (Organic Rice) គួរប្រែថា អង្ករធម្មជាតិ វិញ
ទើបត្រឹមត្រូវ ។ ពាក្យ (Organic) ដែលនៅក្នុងវច្ចនានុក្រមប្រែថា នៃសរីរាង្គ នោះ
គឹគេនិយាយសំដៅទៅលើជីវិតកោសិការ ដែលជាសភាវទ្រទ្រង់នៅលើដងខ្លួនមនុស្ស
តែប៉ុណ្ណោះ ។ នៅពេលដែលគេប្រើពាក្យ (Organic) នៅក្នុងន័យកសិកម្ម គឺគេ
សំដៅទៅលើអ្វីៗដែលផលិតតាមលក្ខណៈធម្មជាតិ ៕
Wednesday, February 12, 2014
មួយថ្ងៃ មួយម៉ាត់
អំណះអំណាងៈ ពាក្យនេះមិនដឹងជាគេបកប្រែមកពីពាក្យ
បរទេស ឬក៏ជាពាក្យខ្មែរ ។ ប៉ុន្តែ ខ្ញុំស្តាប់ទៅហាក់ដូចជាឆ្គងបន្តិច ។
បើតាម អត្ថន័យនៃពាក្យនេះគឺប្រហែលជាប្រើជំនួសពាក្យ អះអាង ។
ប៉ុន្តែ ដោយហេតុថា ពាក្យអះអាង ជាកិរិយាសព្ទ គេក៏ប្រើពាក្យ អំណះ
អំណាង ជំនួសវិញ ។ សូមបញ្ជាក់ថា ពាក្យខ្មែរមួយចំនួនដែលជា
កិរិយាសព្ទនោះ យើងអាចប្រើជានាមបាន ដោយគ្រាន់តែយក
ពាក្យ ការ មកដាក់ពីមុខពាក្យទាំងនោះទៅ វាក្លាយទៅជានាម
ហើយ ។ ដូច្នេះ យើងយកពាក្យ ការអះអាង មកប្រើជំនួសពាក្យ
អំណះអំណាង ក៏បានដែរ ៕
Monday, February 10, 2014
OBITUARY
In Living Memory of Mr. Ung Bun Heang
Cambodian Childen have lost a very dear friend,
Mr. Ung Bun Heang, whose lively pictures graced
the covers and pages of our reading books.
Though you are no longer with us now, your
legacy and generosity will forever live in
our memory.
May your soul rest in eternal peace.
With gratitude, love, and respect.
Cambodian children.
Thursday, February 6, 2014
Food for Thought
Incredible Committee
The Cambodian government has lately appointed
a committee to look into and/or resolve wage
issues for Cambodian labors, especially, those
who are working in garment factories. Based
on what was officially listed on the committee
roster, all of the committee members (with the
exception of Mr. Kit Meng, who represented
business interests) are government officials.
It is quite odd to see that the committee whose
task is to solve the problem related to a
particular sector (in this case, garment
factories workers) has no representative
from that sector on it.
With such committee working on their behalf,
the poor Cambodian labors will certainly be
facing a nighmarish scenario for many more
years to come. This quote from former Bristish
Prime Minister, Winston Churchill, with regard
to his relationship with Soviet leader, Joseph
Stalin said it all: "With a friend like you,
I will not need an enemy."
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
ទុកចិត្ត (Trust) "កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ ។ កុំទុកចិត្តប្រពន្ធ ថាអត់សាហាយ ។ កុំទុកចិត្តម្តាយ ថាអត់បំណុល" ។ ចម្រើនវ័យនៅ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ស្មន់ (Inbreeding) នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អ...