Friday, December 16, 2016

ពិការញាណ ឬ ADHD ខ្ញុំឧស្សាហ៍ឃើញឪពុកម្តាយសម័យឥឡូវត្អូញត្អែរឿងកូនតូចកូរ (សំដៅក្មេងរពិសងុិកង៉ក់ពិបាកគ្រប់គ្រងនិយាយមិនស្តាប់) ដែលចាស់ៗសម័យមុនហៅក្មេងប្រភេទនេះថា៖ រពិសដូចចាប់ក្តាមដាក់ចង្អេរ ។ ឪពុកម្តាយខ្លះបង្ខំចិត្ត គក់ (វាយប្រដៅ) នៅពេលដែលគាត់ទ្រាំនឹងការកូររបស់កូនមិនបាន ។ បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ក្មេងដែលពូកែកូរភាគច្រើន ច្រើនតែមានជម្ងឺ Attention Deficit Hyperactivity Disorder (ADHD) ដែលខ្ញុំយកពាក្យខ្មែរ៖ ពិការញាណ (Learning Disability) មកប្រើដើម្បីងាយស្រួលក្នុងការអាន ។ ADHD ឬ ពិការញាណ កើតមានទៅលើក្មេងជាច្រើន ជាពិសេសនៅចន្លោះអាយុពី ១ថ្ងៃ ទៅ ៧ឆ្នាំ ។ គេមិនដឹងថា តើជម្ងឺពិការញាណបណ្តាលមកពីអ្វីទេ ។ មតិទូទៅសន្និដ្ឋានថា ៥០ភាគរយបណ្តាលមកពីហ្សេន (Gene) និង៥០ភាគរយទៀតបណ្តាលមកពីម្តាយទទួលទានចំណីអាហារដែលមានសារធាតុគីមី និងជាតិពុលច្រើន (Toxin) នៅអំឡុងពេលមានគរ៌ ។ ជាទូទៅ គ្រូពេទ្យមិនធ្វើរោគវិនិច្ឆ័យលើក្មេងអាយុក្រោម ៥ឆ្នាំ ដើម្បីស្វែងយល់ថាតើកូនក្មេងអាចពិការញាណឬអត់នោះទេ ព្រោះពិបាកវាយតម្លៃ ត្រូវការរយៈពេលសង្កេតតាមដានយូរ ហើយពាក់ព័ន្ធគ្រូពេទ្យបីជំនាញគឺ ពេទ្យផ្លូវចិត្ត(Psychiatrist) ពេទ្យចិត្តសាស្ត្រ(Psychologist) និង ពេទ្យកូនក្មេង (Pediatrist) ។ ប៉ុន្តែ យើងអាចចូលមើលនៅក្នុង វ៉េបសាយ របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺ (Center for Disease Control, CDC, U.S.A.) ដើម្បីស្វែងយល់ដោយខ្លួនឯងបាន ។ នៅទីនោះ គេចែកភាពពិការញាណជាបីក្រុម ព្រមទាំងមានសរសេររោគសញាលម្អិតទៀតផង ។ ក្មេងណាដែលមានរោគសញាចំនួន ៦ គឺអាចចាត់ទុកថាពិការញាណ ។ ជម្ងឺពិការញាណនេះ អាចសាបរលាបទៅវិញនៅពេលដែលក្មេងចំរើនវ័យកាន់តែធំ ។ ប៉ុន្តែ មនុស្សមួយចំនួនមិនអាចរើខ្លួនរួចពីភាពពិការញាណឡើយ ។ មានន័យថា ត្រូវរស់នៅជាមួយជម្ងឺនេះអស់មួយជីវិត ។ ដើម្បីព្យាបាលជម្ងឺពិការញាណ ឬក៏ជួយឲ្យក្មេងឆាប់រើខ្លួនរួចពីភាពពិការញាណ គេមិនត្រូវគក់ឬវាយប្រដៅវានៅពេលដែលវាកូរយើងទេ ។ ធ្វើដូច្នោះ មិនត្រឹមតែមិនអាចជួយវាឲ្យឆាប់ជាពីភាពពិការញាណទេ ថែមទាំងបំផ្លាញភាពឆ្លាតវាងវៃរបស់វាទៀតផង ។ មធ្យោបាយល្អបំផុតគឺត្រូវប្រើយុទ្ធសាស្ត្រ វិជ្ជមាននិយម (Positive Reinforcement) ។ អ្នកដែលធ្លាប់មើលកុនចិនរឿង ដាវទិព្វស៊ូឡុង យុទ្ធសាស្ត្រវិជ្ជមាននិយមគឺមិនខុសអ្វីពីក្បួន មហាបង្វិល ដែល ចាង វូជី រៀននៅក្នុងរូងក្រោមដីនោះទេ ។ និយាយឲ្យចំ យុទ្ធសាស្ត្រវិជ្ជមាននិយម គឺសំដៅលើការបង្វិលឋាមពលអវិជ្ជមានរបស់ក្មេង (Negative Energy) ឬអ្វីៗដែលយើងមិនចង់ឲ្យវាធ្វើ ឲ្យទៅជាឋាមពលវិជ្ជមាន (Positive Energy) ។ ឧទាហរណ៍ បើយើងចង់ឡើងតាមជណ្តើរយន្ត តែក្មេងចង់ឡើងតាមជណ្តើរធម្មតាយើងគប្បីធ្វើតាមវា ដោយឆ្លៀតឱកាសនាំវារាប់កាំជណ្តើរលេងជាល្បែងផងនិងរៀនផង ។ ប៉ុន្តែ ពេលខ្លះវាទាមទាលេង ឬក៏ធ្វើសកម្មភាពដែលមានហានិភ័យខ្ពស់ ដូចជាមួលចង្ក្រានហ្គាសដើម្បីមើលភ្លើងឆេះ ឬក៏ចង់លូកស្ទាបបាតឆ្នាំងអ៊ុតដែលកំពុងក្តៅជាដើម ។ នៅពេលប្រឈមនឹងករណីបែបនេះ យើងគប្បីប្រើយុទ្ធសាស្ត្របង្វែអារម្មណ៍ ដោយនាំវាលេងអ្វីមួយដែលវាចូលចិត្ត ។ បើធ្វើដូច្នោះមិនជោគជ័យ យើងគប្បីប្រើកម្លាំងបាយរារាំងដោយមិនអនុញាតិឲ្យវាប្រព្រឹត្តិអ្វីដែលវាចង់ធ្វើ គួបផ្សំជាមួយនឹងការពន្យល់ណែនាំអំពីផលវិបាកនៃទង្វើរបស់វា (និយាយម្តងហើយម្តងទៀតរហូតទាល់តែបានលទ្ធផលវិជ្ជមាន) ។ កាលខ្ញុំនៅវ័យកុមារ ខ្ញុំឧស្សារហ៍ឃើញម៉ែឪមួយចំនួន (រួមទាំងម៉ែឪខ្ញុំផង) វាយប្រដៅក្មេងនៅពេលដែលក្មេងទាំងនោះចង់ធ្វើអ្វីដែលគាត់មិនចង់ឲ្យប្រព្រឹត្តិ ។ ម៉ែឪខ្លះថែមទាំងបណ្តោយឲ្យក្មេងស្ទាបបាតឆ្នាំងអ៊ុតដែលក្តៅទៀតផង ដើម្បីឲ្យឆាប់រាងចាល ។ ធ្វើដូច្នោះ ពិតជាមិនត្រឹមត្រូវទេ ព្រោះថាធម្មជាតិនៃក្មេង ទោះបីជារលាកដៃ ៥ដងក៏នៅតែមិនរាងចាលដែរ ។ ឯការវាយប្រដៅក៏ដូច្នោះដែរ មិនមានប្រសិទ្ធភាពក្នុងការកែប្រែចរិតរបស់ក្មេងទេ ។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលខ្ញុំបកប្រែពីភាសាអង់គ្លេសមកខ្មែរដើម្បីឲ្យអ្នកដែលមានកូនតូចយកទៅវិភាគថាតើកូនសម្លាញ់របស់ខ្លួនអាចស្ថិតនៅក្រោមឥទ្ធិពល ពិការញាណ(ADHD) ដែរឬយ៉ាងណា ។ ទន្ទឹមនឹងនេះ ខ្ញុំសុំធ្វើសំណូមពរមួយ៖ ពេលកូនកូរ កុំគក់គ្នាអី ៕ រោគសញ្ញាពិការញាណ ឬ ADHD៖ ១) និយាយច្រើន ២) ចចេស ចង់បានអីបានហ្នឹង ៣) មិនចូលចិត្តលេងចូលជាមួយក្មេងដទៃ ៤) និយាយមិនស្តាប់ ៥) មិនធ្វើតាមការណែនាំ ៦) រពិសដូចចាប់ក្តាមដាក់ចង្អេរ ៧) លោកកញ្ឆេងនៅមិនសុខ ៨) គ្រញែងខ្លួនញឹកញាប់ ៩) ចូលចិត្តប្រឡែងនឹងគ្រោះថ្នាក់ ១០) មិនចេះរៀបចំទុកដាក់របស់លេង (ពូកែពង្រាយ) ១១) មិនចូលចិត្តកិច្ចការដែលតម្រូវឲ្យគិតច្រើន ១២) ភ្លេចច្រើន ១៣) សំកុក ធ្មាំងៗ ។ល។

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...