Tuesday, March 11, 2014

វិចារណកថា

កំណែទម្រង់ស៊ីជម្រៅ តើអាចទៅរួចទេ ? បន្ទាប់ពីបោះឆ្នោតហើយ ភាពចម្រូងចម្រាសនយោបាយនៅក្នុង ស្រុកខ្មែរ ហាក់ដូចជាមានសភាពក្តៅគគុក គួរឲ្យកត់សម្គាល់ ។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញ លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ស្រែកប្រកាសក្តែងៗស្នើរសុំឲ្យស្ថាប័ណនានា ចូលរួម ជួយផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់ អភិបាលកិច្ច នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ឲ្យបានស៊ីជម្រៅ ។ សម្រាប់យើងដែលជាពលរដ្ឋខ្មែរ យើងយល់ឃើញថា លោក ហ៊ុន សែន មិនចាំបាច់ទៅរកពឹងពាក់អ្នកណាម្នាក់ទេ ក្នុងការធ្វើ កំណែទម្រង់នយោបាយ និងអភិបាលកិច្ច នៅកម្ពុជានោះ ។ ត្បិតអី លោកតែម្នាក់ឯងជាមួយនិងគណបក្ខប្រជាជនកម្ពុជារបស់ លោក គឺមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការនេះ ។ ប្រសិនបើ លោកមិនដឹង ថាតើត្រូវចាប់ផ្តើមធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅនោះ ពីចំណុចណាទៅ យើងសូមជំរាបលោកថា ចំណុចសំខាន់ៗ ដែលអាច នាំឲ្យប្រទេសកម្ពុជាឈានទៅដល់កំណែទម្រង់នយោបាយស៊ីជម្រៅ បាន គឺមានបី៖ ទី ១៖ សម្តេចត្រូវមានឆន្ទៈនយោបាយក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដែលសម្តេចកំពុងប្រកូកប្រកាសឲ្យគេជួយផ្តល់ អនុសាសន៍ឲ្យនេះ ។ បើសម្តេចគ្មានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការធ្វើកិច្ចការនេះទេ ទោះ បីសម្តេចយកមនុស្ស មកពីទូទាំងពិភពលោកមកជួយ ក៏ធ្វើមិនកើតដែរ ។ ទី ២៖ សម្តេចត្រូវផ្តល់សិទ្ធិនិយាយស្តីឲ្យដល់ពលរដ្ឋខ្មែរ គ្រប់ៗរូប និង លុបបំបាត់រាល់ច្បាប់ទាំងឡាយណា ដែលប៉ះពាល់ដល់សិទ្ធិនិយាយស្តី ឬក៏ធ្វើបាតុកម្មដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរ ។ បើសម្តេចមិនយល់ ថាតើ អ្វីទៅជាសិទ្ធិនិយាយស្តីរបស់ពលរដ្ឋនោះ វាគឺជាសិទ្ធិនិយាយស្តីបដិការ ។ ឧទាហរណ៍ សម្តេចអាចជេរអ្នកទិតៀនសម្តេច ឯអ្នកទិតៀនសម្តេចក៏អាច ជេរសម្តេចវិញបានដែរ ទោះបីជាអ្នកនោះ មានបុណ្យស័ក្តិតូចទាបជាង សម្តេចដូចមេឃនិងដីក៏ដោយ ។ សូមបញ្ជាក់ថា សិទ្ធិនិយាយស្តី ឬជួបជុំគ្នា ដើម្បីទាមទាអ្វីមួយ សម្រាប់ពលរដ្ឋសាមញ្ញ គឺជាសិទ្ធិដ៏ពិសិដ្ឋបំផុត មិនអាចអ្នកណាប៉ះពាល់បានទេ មិនខុសអ្វីអំពីតួអង្គព្រះមហាក្សត្រឡើយ ។ បើអ្នកណាម្នាក់ចង់ដឹងឲ្យបានរឹតតែច្បាស់អំពីសិទ្ធិនិយាយស្តីនេះ គេគ្រាន់ តែមើលមាត្រាបន្ថែមទីមួយ (First Amendment) នៅក្នុងរដ្ឋធម្មនុញ្ញនៃ សហរដ្ឋអាមេរិក ឬក៏ទៅមើលចារិកនៅលើជញ្ជាំងអាគារមួយ ក្នុងក្រុងវ៉ាស៊ីន តោន នៅជ្រុងផ្លូវលេខ ៦ និង ផ្លូវ ផេនស៊ីវេនីញ៉ា នោះ ក៏អាចយល់ ថាតើ ចំណុចនេះមានសារៈសំខាន់ប៉ុនណាហើយ ។ យោងតាមឯកសារប្រវត្តិ សាស្ត្រអាមេរិក និងការនិយាយតគ្នា មាត្រាបន្ថែមទីមួយ ដែលមានពាក្យ ៤៥ ម៉ាត់នេះ គឺជាកត្តាចម្បងបំផុត សម្រាប់រដ្ឋធម្មនុញ្ញអាមេរិកាំង ទទួល បានសច្ចានុមតិ ។ ហើយពាក្យ ៤៥ ម៉ាត់នេះ គ្មានអ្នកណាម្នាក់ មានសិទ្ធិ លុប ឬក៏កែប្រែបានទេ ។ សូម្បីតែរដ្ឋសភាសហរដ្ឋអាមេរិក ក៏មិនអាច សរសេរច្បាប់ ប៉ះពាល់ដល់ពាក្យ ៤៥ ម៉ាត់នេះដែរ ព្រោះវាជាអភ័យឯក សិទ្ធិរបស់ពលរដ្ឋទូទៅ ដែលរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យ ។ ទី ៣៖ ទំនាស់ផលប្រយោជន៍ ។ វាជាជម្ងឺដ៏រ៉ាំរ៉ៃនិងសាហាវយង់ឃ្នងជាទី បំផុតនៅក្នុងសង្គមខ្មែរ ។ ប៉ុន្តែ ទំនាស់ផលប្រយោជន៍មិនមែនជារោគសង្គម ដែលព្យាបាលមិនកើតនោះទេ ។ សម្តេចគ្រាន់តែចេញ ស ជ ណ ឬក៏ស្នើរ រដ្ឋសភាឲ្យចេញច្បាប់លុបបំបាត់ចោលទំនាស់ផលប្រយោជន៍នៅក្នុងជួរ​ រដ្ឋបាលទៅ ផលវិបាកទាំងឡាយ ដូចជា អំពើពុករលួយ រដ្ឋការគ្មានតម្លាភាព និទណ្ឌភាព ជាដើម ។ល។ នឹងវិនាសអន្តរាយដោយឯកឯង ។ តើកត្តាអ្វីខ្លះ ដែលបង្កឲ្យមានទំនាស់ផលប្រយោជន៍ ? និយាយឲ្យខ្លី គឺ គ្រួសារនិយម ។ ឧទាហរណ៍ បើសម្តេចធ្វើជានាយករដ្ឋមន្ត្រី ប្រពន្ធ កូន ក្មួយ បង ប្អូន កូនប្រសារឬក៏ដន្លងរបស់សម្តេច ដែលមានតួនាទីនៅក្នុងជួរគណរដ្ឋមន្ត្រី គឺសុទ្ធតែជាកត្តាបង្កឲ្យមានទំនាស់ផលប្រយោជន៍ ។ និយាយឲ្យងាយយល់ មន្ត្រីនិមួយៗ មិនអាចតែងតាំង ប្តីឬប្រពន្ធ បង ប្អូន កូន ក្មួយ ឲ្យធ្វើការងារ នៅក្នុងក្រសួង ដែលខ្លួនគ្រប់គ្រងឡើយ ព្រោះវាជាដើមចមនៃទំនាស់ផល ប្រយោជន៍។ ចំណុចទាំងបីខាងលើនេះ គឺជាកត្តាសំខាន់បំផុត ដែលយើងយល់ថា គួរមានកំណែទម្រង់ស៊ីជម្រៅ ។ ប៉ុន្តែ ដើម្បីបញ្ជាក់ឲ្យបានរឹតតែច្បាស់នោះ សម្តេច ហ៊ុន សែន គួរយកចំណុចទាំងបីនេះ ទៅស្ទង់មតិប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្ទះសម្តេចសិន ។ ព្រោះថា កំណែទម្រង់ស៊ីជម្រៅក៏ដោយ មិនស៊ីជម្រៅក៏ដោយ គប្បីធ្វើទៅដោយអនុលោមទៅតាមអ្វីដែលប្រជា ពលរដ្ឋរស់នៅក្បែរផ្ទះសម្តេចចង់បាន មិនមែនធ្វើទៅតាមអ្វីដែលអ្នកនយោ បាយចង់បាននោះទេ ។ ប្រសិនបើមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប ចង់បានកំណែទម្រង់រដ្ឋាភិបាល ដូចដែលបានរៀបរាប់ខាងលើនេះ សម្តេច ចាំបាច់ត្រូវតែ ធ្វើកំណែទម្រង់រដ្ឋាភិបាល ដូចបានរៀបរាប់ខាងលើនេះ ឲ្យខាងតែបាន ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...