Friday, October 7, 2016

ពិចារណា

ទឹមគោបញ្ច្រាសរទេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបញ្ចេញទឹកប្រាក់ ២៧លានដុល្លារ សម្រាប់ឲ្យអ្នកជំនួញវិស័យស្រូវអង្ករខ្ចីប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហាស្រូវចុះថោកដល់កសិករខ្មែរ គេសង្កេតឃើញថា ប្រាក់២៧លានដុល្លារនោះ មិនទាន់មានអ្នកខ្ចីយកទៅប្រើប្រាស់ច្រើនទេ ។ តើមូលហេតុអ្វី ? ខាងក្រោមនេះគឺជាហេតុផល៖ សហគ្រាសដែលមានបំណងខ្ចីប្រាក់ពីកញ្ចប់ថវិកា ២៧លានដុល្លារនេះ គឺត្រូវគោរពតាមលក្ខខណ្ឌពីរ (២)៖ ១ ទិញស្រូវពីកសិករក្នុងតម្លៃមិនក្រោមពី ៨៤០រៀល ក្នុង ១គីឡូក្រាម ខណ៖ដែលតម្លៃស្រូវក្នុងទីផ្សារបច្ចុប្បន្នគឺ ៧៣០រៀល ក្នុង១គីឡូក្រាម ។ ២ ប្រាក់កម្ចីគឺត្រូវបង់ការប្រាក់ ៧ភាគរយ ក្នុង១ឆ្នាំ ។ បើយើងយកតួេលខមកគិតត្រួសៗ យើងសង្កេតឃើញថា៖ សហគ្រាស ឬឈ្មួញដែលខ្ចីលុយយកមកទិញស្រូវពីកសិករខ្មែរក្នុង ១គីឡូក្រាម ត្រូវខាត ១១០រៀល ។ ដូច្នេះ ក្នុង១តោន គាត់ត្រូវខាត ១១០០០០រៀល ស្មើនឹង ២៧ដុល្លារ ។ ឯប្រាក់កម្ចី ក្នុងទម្ងន់ស្រូវ ១តោន គាត់ត្រូវខ្ចីប្រាក់ ៨៤០០០០រៀល ស្មើនឹង ២១០ដុល្លារ ។ បើគាត់ស្តុកស្រូវនេះចំនួន ៦ខែដើម្បីឲ្យស្រូវឡើងថ្លៃទើបអាចលក់ចេញ គាត់ត្រូវបង់ការប្រាក់ប្រមាណជា ៨ដុល្លារ ក្នុង១តោន ។ សរុបទៅខ្ចីប្រាក់យកមកទិញស្រូវស្តុកទុករយ៖ពេល ៦ខែ គឺត្រូវខាត ៣៥ដុល្លារ ឬគាត់ត្រូវលក់ស្រូវឲ្យបានយ៉ាងហោចណាស់ ៣៥ដុល្លារលើសតម្លៃដែលគាត់ទិញក្នុង១តោន ទើបអាចរួចដើមវិញ ។ នេះមិនទាន់គិតនូវចំណាយផ្សេងៗទៀតដែលទាក់ទិននឹងការប្រមូលទិញស្រូវផង ។ សួរថា តើមានឈ្មួញប៉ុន្មាននាក់សុខចិត្តខ្ចីលុយមកទិញទំនិញដែលមានតម្លៃថ្លៃលើសពីទីផ្សារ យកមកស្តុកទុកដើម្បីលក់រកកម្រៃនោះ ??? ខ្ញុំមិនមែនជាសេដ្ឋវិទូទេ តែបើតាមដំបូន្មានរបស់ម្តាយខ្ញុំដែលជាអ្នកលក់ចាប់ហួយនៅតាមចិញ្ចើមថ្នល់នោះ គាត់បានប្រាប់ខ្ញុំថា៖ របស់អ្វីក៏ដោយ ទិញថោក លក់ថ្លៃ ទើបរកសុីរស់ ។ រដ្ឋាភិបាលកម្ពុជា គួរណាស់តែពិនិត្យឡើងវិញ អំពីគោលនយោបាយអត់ប្រយោជន៏នេះ យ៉ាងហោចណាស់ក៏សង្កេតមើលករណីជោគជ័យរបស់ប្រទេសដទៃ ។ កាលពីប៉ន្មានឆ្នាំមុន រដ្ឋាភិបាលអាមេរិកបានសង្គ្រោះក្រុមហុន General Motor (GM) ឲ្យរួចផុតពីការរលំរលាយដោយផ្តល់ថវិកាវិនិយោគផ្តាល់ជាមួយនឹងក្រុមហុននេះ រហូតទាល់តែក្រុមហុននេះចេញផុតពីហានិភ័យ ទើបរដ្ឋដកទុនភាគហុនមកវិញថែមទាំងបានចំណេញខ្លះផង ។ សព្វថ្ងៃ ប្រទេសជប៉ុនក៏បានផ្តល់ហិរញបទានដល់សហគ្រាសគេដែលមានការប្រាក់ក្រោមសូន្យ ។ គេឲ្យឈ្មោះគោលនយោបាយនេះថា៖ Abe-nomic ។ ដូចគ្នាដែរ វិបត្តិស្រូវថោកនៅកម្ពុជាអាចដោះស្រាយបានប្រសិនបើរដ្ឋាភិបាលប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះ ៕

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...