Wednesday, September 17, 2014

វិចារណកថា

លោក ហង្ស ជួនណារ៉ុន និងកំណែទម្រង់អប់រំនៅកម្ពុជា ថ្មីៗនេះ ខ្ញុំបានអានអត្ថបទជាភាសាអង់គ្លេសមួយដែលមានចំណងជើងថា៖ បុរសនៅពីក្រោយការប្រឡង (បាក់ឌុប)(The Man Behind the Exams) ដែលចុះផ្សាយដោយកាសែត ភ្នំពេញប៉ុស្តិ ។ នៅក្នុងអត្ថបទដ៏វែងអន្លាយនោះ លោក ហង្ស ជួនណារ៉ុន ដែលជារដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា បានមានប្រសាសន៍ ជាច្រើនទាក់ទងទៅនឹងការកែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ។ អ្វីដែលធ្វើឲ្យខ្ញុំ ចាប់អារម្មណ៍ជាងគេនៅក្នុងប្រសាសន៍របស់លោករដ្ឋមន្ត្រីវ័យក្មេងរូបនេះ គឺនៅត្រង់ចំណុចមួយឆ្លើយតបទៅនឹងសំណួរ ថាតើត្រូវធ្វើដូចម្តេចដើម្បីដោះ ស្រាយបញ្ហាសិស្សដែលប្រឡងបាក់ឌុបធ្លាក់ដ៏ច្រើនលើសលុបនោះ បន្ទាប់ពីមានការរឹតបន្តឹងកម្មវិធីប្រឡងនាពេលថ្មីៗនេះ ។ លោក ហង្ស ជួនណារ៉ុន មិន​បានឆ្លើយនូវសំណួនេះដោយចម្ពោះនោះទេ ។ លោក មានប្រសាសន៍ថា៖ សញ្ញាប័ត្រ វាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺ សមត្ថភាព ។ បើមានតែសញ្ញាប័ត្រ គ្មានសមត្ថភាព វាគ្មានន័យអ្វីទេ ព្រោះអ្នកទទួលបានសញ្ញាប័ត្រដែលគ្មានសមត្ថភាព ទាំងនោះនឹងជួបការលំបាកនៅពេលដែលពួកគេទៅបន្តការសិក្សានៅ ឧត្តមសិក្សា ឬក៏មិនអាចរកការងារបានធ្វើ នៅក្នុងទីផ្សារសេរី ហើយក៏ មិនអាចក្លាយទៅជាធនធានមនុស្សដែលជាសក្តានុពលសម្រាប់ទាក់ទាញ ពាណិជ្ជករមកវិនិយោគនៅកម្ពុជាបានដែរ ។​ ចំណុចមួយនេះ ខ្ញុំសូមគាំទ្រ ទាំងស្រុង ព្រោះវាជាគន្លិះដ៏សំខាន់បំផុតសម្រាប់ដោះស្រាយបញ្ហាអសមត្ថ ភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមនិយោជិតជាតិខ្មែរ ។ ប៉ុន្តែ អ្វីដែលជាកត្តាព្រួយបារម្ភ សម្រាប់ខ្ញុំ និងពលរដ្ឋខ្មែរដទៃទៀតដែលឲ្យ តម្លៃសមត្ថភាពមុនសញ្ញាប័ត្រនោះ គឺស្ថិតនៅត្រង់ចំណុចថាតើក្រសួងអប់រំ អាចបញ្ចុះបញ្ចូលគោលគំនិតនិស្សិតខ្មែរ ព្រមទាំងគ្រឹះស្ថានអប់រំឯកជន ផងដែរ ដែលផ្តោតតែទៅលើសញ្ញាប័ត្រជាជាងសមត្ថភាពនោះ ឲ្យចូលរួម ពង្រឹងគុណភាពនៃការសិក្សានៅកម្ពុជាបានដែរឬទេ ។ ជាងបីទសវត្សកន្លងមកនេះ គ្រឹះស្ថានអប់រំឯកជននៅក្នុងប្រទេសខ្មែរ រីកដុះដាលដូចផ្សឹត ។ ភាគច្រើននៃគ្រឹះស្ថានអប់រំឯកជនទាំងនោះ គឺផ្តោត តែទៅលើបរិមាណនៃសិស្សនិងចំនួនសញ្ញាប័ត្រចេញឲ្យនិស្សិតតែប៉ុណ្ណោះ មិនបានផ្តោតទៅលើគុណភាពនៃការអប់រំទេ ។ សូម្បីតែរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះក៏ឲ្យតម្លៃទៅលើសញ្ញាប័ត្រច្រើនជាងសមត្ថភាពផងដែរ ។ យើងនៅចាំបានថា ប្រហែលជាមួយទសវត្សកន្លងទៅនេះ ប្រមុខរដ្ឋាភិបាល កម្ពុជាបានតម្រូវឲ្យមន្ត្រីរាជការសំខាន់ៗមានសញ្ញាប័ត្រឧត្តមសិក្សា ។ កាលនោះ យើងសង្កេតឃើញមានអភិបាលខេត្ត រដ្ឋមន្ត្រី និង​ រដ្ឋលេខាធិការ ជាច្រើននាក់បានត្រឡប់ទៅរៀននៅសាកលវិទ្យាល័យព្រោងព្រាតដើម្បី ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតមកបំពេញសេចក្តីត្រូវការរបស់ ខ្លួន ។​ យោងតាមពត៌មានចេញពីសាកលវិទ្យាល័យដែលទទួលបង្រៀនមន្ត្រី ទាំងនោះ ពួកគាត់មិនបានរៀនតាមលក្ខណៈនិយាម (ស្តង់ដា)ទេ គឺគ្រាន់តែ រៀនបំពេញបន្ថែម ដោយយកបទពិសោធន៍នៅក្នុងជីវិតរបស់គាត់មកសរសេរ ជានិក្ខេបទដើម្បីទទួលបានសញ្ញាប័ត្រ ។ យើងសូមរក្សាសិទិ្ធមិន​វាយតម្លៃ សញ្ញាប័ត្រប្រភេទនេះទេ ប៉ុន្តែគ្រាន់តែចង់លើកសំណួ ថាតើសញ្ញាប័ត្រប្រភេទ នេះអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអន្តរជាតិបានដែរឬទេ ? ប្រសិន បើមន្ត្រីទាំងនោះជានិស្សិតខ្មែរវិញ តើពួកគាត់អាចយកចំណេះដឹងគ្មាននិយាម ទាំងនោះ ទៅប្រកួតប្រជែករកការងារនៅក្នុងទីផ្សារសេរីបានដែរឬទេ នៅពេល ដែលសេដ្ឋកិច្ចទីផ្សារនៃប្រទេសនានានៅក្នុងសហគមអាស៊ាន ធ្វើសមាហរណកម្ម ? នៅក្នុងការធ្វើកំណែទម្រង់អប់រំនៅកម្ពុជា គេសង្កេតឃើញមានមតិសំខាន់ពីរ គួរឲ្យចាប់អារម្មណ៍ ។ មតិទីមួយយល់ថា គួរពង្រឹងសមត្ថភាពគ្រូបង្រៀនជា មុនសិន មុននឹងពង្រឹងសមត្ថភាពសិស្ស ។ ព្រោះគ្រូបង្រៀនជាអ្នកហ្វឹកហ្វឺន សិស្ស ។ ឯមតិទីពីរយល់ថា សិស្សានុសិស្សខ្លួនឯងជាអ្នកទទួលខុសត្រូវលើ ជោគវាសនាខ្លួន ។ ប្រសិនបើសិស្សមិនខិតខំរៀនដោយខ្លួនឯង ទោះបីគ្រូមាន សមត្ថភាពបង្រៀនយ៉ាងណាក៏មិនអាចជួយបានដែរ ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លារពោលថា៖ (Which comes first: The Chicken or the egg?) ដែលបញ្ជាក់អំពីបញ្ហាដ៏លំបាកមួយនេះនៅក្នុងវិស័យអប់រំ មិនថាតែនៅក្នុងប្រទេសកម្ពុជានោះទេ ។ យោងតាមការស្រាវជ្រាវនិងទិដ្ឋភាព ជាក់ស្តែង សម្រាប់មតិទីមួយគឺត្រឹមត្រូវសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ ដែលនៅ ប្រទេសកម្ពុជាគេនិយមហៅថា វិទ្យាសាស្ត្រពិត ព្រោះគ្រូបង្រៀនមុខវិជ្ជានេះ តម្រូវឲ្យមានការយល់ដឹងជាក់លាក់ណាស់ទើបអាចពន្យល់សិស្សយល់ អំពី អព្ភូតហេតុនានាទាក់ទងទៅនឹងវិទ្យាសាស្ត្រ ។ សម្រាប់មតិទីពីរ គឺអាចធ្វើទៅ បានតែទៅលើមុខវិជ្ជាទូទៅ ដែលភាសាអង់គ្លេសហៅថាវិទ្យាសាស្ត្រសង្គម (Social Sciences or Liberal Arts) តែប៉ុណ្ណោះ ព្រោះថាវិទ្យា សាស្ត្រសង្គមមិនសូវមានរូបមន្តនិងសមតិកម្មស្មុគ្រស្មាញពិបាកយល់នោះទេ ។ ផ្អែកលើចំណុចទាំងពីរនេះ យើងមើលឃើញថា កំណែទម្រង់អប់រំនៅកម្ពុជា គឺមិនអាចផ្តោតតែទៅលើសមត្ថភាពសិស្សនោះទេ គេត្រូវតែផ្តោតទៅលើ សមត្ថភាពគ្រូផងដែរ ព្រោះថា ទាំងគ្រូ ទាំងសិស្ស ជិះនៅក្នុងទូកតែមួយ ជាមួយគ្នា ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...