Tuesday, October 18, 2016

ពិចារណា

ជម្លោះល្អ កាលខ្ញុំរៀនផ្នែកប្រាស្រ័យទាក់ទងនៅសាកលវិទ្យាល័យ មានមេរៀនមួយទាក់ទិននឹងទំនាក់ទំនងប្តីប្រពន្ធ (Spousal Relationship) ។ នៅថ្ងៃទីមួយនៃការចាប់ផ្តើមមេរៀន អ្នកគ្រូសាស្ត្រាចារ្យបានពន្យល់និស្សិតក្នុងថ្នាក់ថា៖ ជម្លោះរវាងប្តីប្រពន្ធមិនមែនសុទ្ធតែអាក្រក់ទេ ។ ដូច្នេះ មិនត្រូវគេចវេសអំពីជម្លោះឡើយ នៅពេលដែលយើងមានគ្រួសារ ព្រោះជម្លោះជាច្រើនអាចជួយឲ្យយើងមើលឃើញសច្ចៈនិងកាត់បន្ថយភាពមិនច្បាស់លាស់នៅក្នុងទំនាក់ទំនងគ្រួសារ ។ គេហៅជម្លោះប្រភេទនេះថា៖ Healthy Argument (ជម្លោះល្អ ឬជម្លោះមានប្រយោជន៏) ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានជួបការពន្យល់ផ្ទុយអំពីទស្សនរបស់ខ្ញុំ ។ សម្រាប់ខ្ញុំ ឲ្យតែជម្លោះ មិនថាជាមួយប្តីប្រពន្ធ ឬក៏អ្នកដទៃទេ គឺសុទ្ធតែជារឿងអាក្រក់ទាំងអស់ ។ និស្សិតជាច្រើនបានឈ្លេចសួរអំពីបញ្ហានៅក្នុងគំនិតខ្ញុំនេះ ហើយអ្នកគ្រូនោះក៏បានពន្យល់រហូតផុតម៉ោងរៀន ប៉ុន្តែខ្ញុំនៅតែមិនយល់ ។ ប្រហែលជាភាសាអង់គ្លេសរបស់ខ្ញុំនៅខ្ចី ឬក៏គំនិតខ្ញុំចង្អៀតក៏មិនដឹង ។ ខ្ញុំក៏កប់ទស្សន ជម្លោះល្អ ខ្មោចយនោះទុកក្នុងចិត្តចោលទៅ ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏មានប្រពន្ធ មានកូន ព្រមទាំងមានជម្លោះប្តីប្រពន្ធជារឿយៗ ។ All of a sudden (មិនដឹងពាក្យខ្មែរប្រែថាមេចទេ) ទស្សនជម្លោះល្អស្រាប់តែលេចធ្លោនៅចំពោះមុខខ្ញុំ ។ ខ្ញុំក៏ចាប់ផ្តើមពិនិត្យមើលខ្លឹមសារនៃជម្លោះប្តីប្រពន្ធរបស់ខ្ញុំ ។ ស្ទើរតែគ្រប់ជម្លោះរបស់យើងទាំងអស់ មិនថាជារឿងតូចតាច ឬក៏ធំដុំទេ សុទ្ធតែទាក់ទិននឹងសេចក្តីស្រឡាញ់ខ្វាយខ្វល់ដល់គ្នាទៅវិញទៅមក និងការចង់បានសុខមាលភាពសម្រាប់គ្រួសារ ដែលយើងហៅថា សុភមង្គល ។ ភាគីទាំងសងខាងសុទ្ធតែមានទស្សន និងគោលដៅក្នុងការដឹកនាំនាវាជីវិតគ្រួសារតែរៀងខ្លួន ។ ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៏និងអស់សំណើចនោះគឺថា សុភមង្គល ជាចំណុចរួមនៃមហិច្ឆតារបស់យើងផង និងជាចំណុចកណ្តាលនៃជម្លោះរបស់យើងផង ។ សម្រាប់ប្រពន្ធខ្ញុំ សុភមង្គល គឺសំដៅលើការមានលុយកាក់ទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងដែលជីវិតត្រូវការ ។ នេះជាចំណុចចម្រូងចម្រាសមួយដែលបង្កឲ្យមានទំនាសរវាងយើងទាំពីរ ព្រោះថា ដើម្បីមានអ្វីៗសព្វបែបយ៉ាងមកបំពេញចំណង់នៅក្នុងជីវិតនោះ យើងនឹងក្លាយទៅជាទាសករនៃតណ្ហា Desire (តណ្ហានៅទីនេះគឺសំដៅលើការចង់បាន) ។ យើងដឹងហើយថា តណ្ហាគ្មានដែនកំណត់ទេ ។ វាភ្ជាប់ខ្លួនជាមួយនឹងជីវិតយើងរហូតដល់ថ្ងៃយើងស្លាប់ ។ ដូច្នេះធ្វើកញ្ជះតណ្ហាអស់មួយជីវិត ដូចជាមិនសមហេតុផលសោះសម្រាប់ខ្ញុំ ។ ខ្ញុំយល់ថា សុភមង្គល គឺជីវិតដែលមានតុល្យភាពរវាងការរកទ្រព្យសម្បត្តិនិងអ្វីៗសព្វបែបយ៉ាងមកបំពេញសេចក្តីត្រូវការរបស់តណ្ហា និងផាសុខភាពនៃជីវិត ឬនិយាយឲ្យងាយយល់ ធ្វើកញ្ជះតណ្ហាផង និងគ្រប់គ្រងតណ្ហាផង ។ តើយើងធ្វើកញ្ជះតណ្ហាផង គ្រប់គ្រងតណ្ហាផង ដូចម្តេចទៅ!!! ចំណុចនេះ សូមមើលពាក្យ អដ្ឋង្គិគមៈ ដែលជាឱវាទព្រះពុទ្ធ ។ ខ្ញុំសុំអធ្យាស្រ័យ ដោយមិនអាចវែកញែកបន្ថែមលើពាក្យ អដ្ឋង្គិគមៈ ព្រោះត្រូវការពេលវេលាវែងពេក ប៉ុន្តែគ្រាន់តែចាំថា អត្ថន័យនៃពាក្យនេះគឺសំដៅលើការដឹកនាំជីវិតលើផ្លូវកណ្តាល ដោយមិនលោភលន់ពេក និងមិនខ្ជិលខ្ជីខ្ជាពេក ។ មិត្តអ្នកអានអាចស្វែងរកការពន្យល់ពាក្យនេះពិស្តារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Internet បាន ។ សរុបសេចក្តីមក ទាំងខ្ញុំនិងប្រពន្ធខ្ញុំ មានគោលដៅដូចគ្នាក្នុងការស្វែងរកសុភមង្គលឲ្យជីវិត ប៉ុន្តែ ផ្លូវដែលយើងជ្រើសរើសដើម្បីធ្វើដំណើរទៅកាន់សុភមង្គលនោះគឺមានពីរ ប្រៀបដូចជា ផ្លូវទឹក និង ផ្លូវគោក ។ ហើយផ្លូវទាំងពីរនេះសុទ្ធតែមានហានិភ័យជាមួយនឹងសត្វសាហាវ (Metaphors អត្ថប្បដិរូប) ដែលជាកត្តាទុក្ខព្រួយសម្រាប់ជីវិតយើង ។ ដូច្នេះ ចំណុចដែលយើងត្រូវយកមកពិចារណានោះគឺថា តើយើងត្រូវជ្រើសរើសផ្លូវមួយណាដែលមានទុក្ខតិច និងផាសុខភាពច្រើន ។ សារសំខាន់នៃជម្លោះល្អ គឺស្ថិតនៅក្នុងលទ្ធផលដែលស្តែងចេញមក ។ ទាំងប្តី ទាំងប្រពន្ធនឹងមើលឃើញនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន ហើយចំណុចណាខ្លះដែលគួរសម្របសម្រួល (Compromise) ។ បន្ទាប់ពីជម្លោះមួយឈានដល់ចំណុចសម្របសម្រួលហើយ យើងនឹងឈរលើចំណុចសម្របសម្រួលនោះ ហើយឈ្លោះគ្នាបន្តទៅទៀត ។ ដរាបណាសេចក្តីស្រឡាញ់និងភាពខ្វល់ខ្វាយអំពីសុខមាលភាពគ្រួសារនៅតែមាន ជម្លោះល្អគឺគ្មានទីបញ្ចប់ទេ ទាល់តែយើងស្លាប់ទើបចប់ ។ សម្រាប់អ្នកដែលមិនធ្លាប់រៀនទ្រឹស្តីរបស់លោក ហ្វ្រីដឺរីក ហេហ្គេល ឬហេហ្គេលាន ដាយ៉ាឡិចទិច ចំណុចនេះពិបាកយល់បន្តិច បុ៉ន្តែមិនអីទេ គ្រាន់តែចាំថាជម្លោះល្អរវាងប្តីប្រពន្ធគឺជាដំណើរប្រទាញប្រទង់មួយឆ្ពោះទៅរកសុខមាលភាព ។ តើមានជម្លោះអាក្រក់ ឬជម្លោះអត់ប្រយោជន៏ដែរឬទេ ? ចម្លើយគឺ មាន ប៉ុន្តែ ជាទូទៅប្តីប្រពន្ធមិនឈ្លោះគ្នាទេ នៅពេលដែលដឹងថាជម្លោះនោះគ្មានផលប្រយោជន៏ ។ ខ្មែរមានពាក្យមួយសម្រាប់សម្គាល់ជម្លោះគ្មានប្រយោជន៏៖ អហោសិកម្ម ។ នៅពេលដែលអហោសិកម្មមកដល់ ជម្លោះក៏អស់ ចិត្តស្មោះក៏គ្មាន ភាពសុខសាន្តរង្គោះរង្គើ អ្វីដែលត្រូវធ្វើ គឺពិចារណា ថាតើពេលណា ទើបចិត្តសម្រេច សម្រួលកាត់ផ្តាច់ ចំណងប្រាំប្រការ ឲ្យផុតកម្មពៀរ វេរាទៅហោង ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...