Monday, December 18, 2017

ចំណីខួរក្បាល

សុំសីល និង កាន់សីល បន្ទាប់ពីបានអានអត្ថបទរបស់មិត្តម្នាក់អំពីពាក្យ សុំសីល និង កាន់សីល ខ្ញុំគិតថា យើងគួរប្រើពាក្យ៖ សិក្សាសីល និង រក្សាសីល ជំនួសឲ្យពាក្យ៖ សុំសីល និង កាន់សីល វិញ វាប្រសើរជាង ។ ហេតុអ្វី? ពីព្រោះពាក្យសុំសីលនិងកាន់សីល បញ្ជាក់អំពីកត្តាអវិជ្ជមានជាច្រើនរបស់អ្នកអនុវត្ត ។ នៅក្នុងការសិក្សាវែកញែកអំពីពាក្យពេចន៍ គេគប្បីសង្កេតអំពីអត្ថន័យអត្ថានុរូបនិងអត្ថាប្បដិរូបនៃពាក្យ ដែលភាសាអង់គ្លេសហៅថា Semantic ។ Semantic នៃពាក្យនិមួយៗបែងចែកជាពីរដែលភាសាអង់គ្លេសហៅថា៖ Connotation and Denotation ។ បើប្រែជាភាសាខ្មែរ យើងអាចនិយាយថា៖ ន័យទាក់ទងឬប្រៀបធៀប និង ន័យជាក់លាក់ (ន័យផ្លូវការនៅក្នុងវចនានុក្រម) ។ ខ្ញុំសូមលើកយកន័យជាក់លាក់មកបកស្រាយពាក្យ សុំសីល និង កាន់សីលនៅទីនេះ ។ សីល ឬ សីលធម៌ មានន័យថា សភាវទ្រទ្រង់ក្នុងធម្មជាតិដែលល្អ ។ នៅពេលមនុស្សណាម្នាក់ទៅរកសុំសីល ឬសុំសីលធម៌ វាមានន័យថា មនុស្សនោះគ្មាន ឬខ្វះសីលធម៌ បានជាទៅសុំអំពីគេ ។ បន្ទាប់ពីសុំសីលធម៌បានមក គាត់មិនដាក់ទុកសីលធម៌នោះក្នុងខ្លួន (ក្នុងចិត្ត) ទេ តែបែរជាកាន់វាទៅវិញ (កាន់សីល) ។ យើងដឹងហើយថា របស់ណាដែលយើងកាន់នៅក្នុងដៃ វាមិនស្ថិតស្ថេរដូចរបស់ដែលយើងតម្កល់នៅក្នុងខ្លួននោះទេ ។ ដូច្នេះ សីលឬសីលធម៌ដែលយើងកាន់នៅក្នុងដៃនោះ វារមែងជ្រុះ ឬភ្លេចបាត់បង់នៅទីណាមួយ ។ ជួនកាល សីលធម៌ដែលកំពុងកាន់នៅក្នុងដៃនោះ ត្រូវបានគេគ្រវាត់ចោលតែម្តងនៅពេលដែលតណ្ហានិងសេចក្តីលោភលន់រុករានទន្ទ្រានសតិសប្បជញៈខ្លាំង ។ សរុបសេចក្តីទៅ ការសុំសីលនិងកាន់សីល ជាទង្វើដែលគ្មានន័យសុីជម្រៅសម្រាប់សតិសប្បជញៈទេ ។ បើចង់ឲ្យសតិសប្បជញៈយើងរឹងមាំ លុះត្រាតែយើង សិក្សាសីល និង រក្សាសីល ឬនិយាយមួយបែបទៀត៖ សិក្សាសីលធម៌ និង រក្សាសីលធម៌ ៕

Friday, December 8, 2017

ចំណីខួរក្បាល

ជ្រុងពីរនៃកម្ពុជា នៅក្នុងដំណើរបំពេញកិច្ចការងាររបស់ខ្ញុំនៅបរទេស ខ្ញុំឧស្សាហ៍ជួបនូវសំណួរមួយដែលជនបរទេសសួរខ្ញុំ៖ អ្នកមកពីណា Where are you from? ខ្ញុំតែងប្រាប់គេថា៖ ខ្ញុំមកពីប្រទេសកម្ពុជា ។ បន្ទាប់ពីឮចម្លើយខ្ញុំ អ្នកដែលធ្លាប់ស្គាល់ប្រទេសកម្ពុជា តែងតែនិយាយប្រាប់ខ្ញុំអំពីកំណត់សម្គាល់ពីរ ។ ទីមួយគឺគេស្គាល់ខ្មែរតាមរយៈប្រាសាទអង្គរវត្ត ។ ទីពីរ គេស្គាល់ខ្មែរតាមរយៈអំពើឃោរឃៅព្រៃផ្សៃនិងវៃ៉ប្រហារលើសិទ្ធិមនុស្ស ។ ក្នុងចំណោមមេដឹកនាំខ្មែរប៉ុន្មានជំនាន់ចុងក្រោយនេះ មនុស្សបីរូបហាក់មានកេរ្ត៍ឈ្មោះបោះសម្លេងល្បីល្បាញជាងគេ ។ ទីមួយគឺសម្តេច សីហនុ ។ ព្រះអង្គល្បីនៅក្នុងចំណោមជនបរទេសដែលខ្ញុំជួប មិនមែនដោយសារទ្រង់ទាមទារឯករាជ្យពីបារាំងបានជោគជ័យនោះទេ តែទ្រង់ល្បីក្នុងករណីដែលព្រះអង្គបញ្ជាឲ្យគេកាត់ទោសបាញ់ប្រហារជីវិតមនុស្សហើយយកទិដ្ឋភាពបាញ់ប្រហារនោះមកចាក់ផ្សាយនៅក្នុងរោងកុនឲ្យក្មេងក្មាងមើល ។ ទីពីរគឺ ប៉ុល ពត ។ គាត់ល្បីដោយសារការសម្លាប់ប្រជាជនខ្មែរមិនរើសមុខអស់ ១ភាគ៣ នៃពលរដ្ឋសរុប ។ ទីបីគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ សម្តេចតេជោល្បីត្រង់ករណីដែលសម្តេចពូកែធ្វើទុក្ខបុកម្នេញក្រុមអ្នកនយោបាយ ដែលមានទំនោទោទៅរកលទ្ធិប្រជាធិបតេយ្យ ។ បន្ទាប់ពីប្រាប់ខ្ញុំអំពីរឿងដែលខ្ញុំមិនចង់ឮមួយចំនួន ជនបរទេសទាំងនោះរមែងសួរខ្ញុំនូវសំណួរខ្លះៗពាក់ព័ន្ធអត្តចរិតពលរដ្ឋខ្មែរ ។ សំណួរមួយក្នុងចំណោមសំណួរជាច្រើនដែលតែងតែធ្វើឲ្យខ្ញុំឈឺក្បាលព្រោះតែការវែកញែកដើម្បីការពារពលរដ្ឋខ្មែរក៏ដូចជារូបខ្ញុំផងដែរ គឺថា៖ ហេតុអ្វីបានជាពលរដ្ឋខ្មែរស៊ូទ្រាំឲ្យមេដឹកនាំធ្វើបាបតាមអំពើចិត្ត? ខ្ញុំតបទៅគេវិញថា ពលរដ្ឋប្រទេសណាក៏ត្រូវមេដឹកនាំធ្វើបាបដែរ គ្រាន់តែតិចហើយនិងច្រើន ។ ខ្ញុំព្យាយាមយកទ្រឹស្តីនយោបាយរបស់លោក សូក្រាត ផ្លាតុង អារីស្តូត រហូតដល់ ជីនហ្សាក រូសូ ហូរដល់មហាត្ម័ក គន្ធី ដើម្បីពន្យល់គេអំពីការគ្នេររបស់ខ្ញុំ ក៏ដូចជាប្រមូលផ្តុំទស្សនដើម្បីបញ្ជាក់ប្រាប់គេថា ខ្ញុំយល់ដឹងខ្លះដែរអំពីទំនាក់ទំនងរវាងអ្នកគ្រុបគ្រង និងអ្នកដែលត្រូវគេគ្រុបគ្រង (The rulers and the ruled) ។ ពេលខ្លះ ការសួរនាំដ៏សាមញនេះបានក្លាយទៅជាការជជែកវែកញែកបែកពពុះមាត់អំពីរដ្ឋាភិបាលនិងនយោបាយទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ចំណុចសំខាន់មួយដែលខ្ញុំបានរៀនចេញអំពីបទពិសោធន៍ជីវិតនេះ គឺថា៖ អ្នកដឹកនាំឬប្រមុខរដ្ឋ មិនថាប្រមុខរដ្ឋខ្មែរឬក៏ជាតិសាសន៍ណាទេ ឲ្យតែសាងបាបកម្ម ទោះតិចក្តីច្រើនក្តី រមែងតែងតែនាំកេរ្ត៍ឈ្មោះឲ្យធ្លាក់ចុះទៅក្នុងភក់ជ្រាំជោកជាំដោយរឿងអាស្រូវ មិនខុសអ្វីអំពីសុភាសិតខ្មែរមួយឃ្លាដែលពោលថា៖ ធ្វើបុណ្យ១០០សំពៅ បាបមួយចូលទៅរលាយបុណ្យអស់ ៕

Friday, December 1, 2017

ចំណីខួរក្បាល

ទានៅលើបង្គង (Sitting Duck) នៅក្នុងភាសាអង់គ្លេស ពាក្យ Sitting Duck ឬ⁣ ទានៅលើបង្គង គឺសំដៅលើបុគ្គលណាដែលធ្លាក់ខ្លួនជាចំណាប់ខ្មាំងរបស់អ្នកដទៃ ។ បុគ្គលប្រភេទនេះប្រៀបដូចជាផ្ទាំងសុីបសម្រាប់គេបាញ់ពេលណាក៏បានដែរ ។ និយាយអំពីចំណាប់ខ្មាំង ខ្ញុំនឹកទៅដល់សកម្មជននយោបាយរបស់បក្សសង្គ្រោះជាតិជាង ១០០នាក់ ដែលត្រូវបានគេហាមមិនឲ្យពាក់ព័ន្ធក្នុងរឿងនយោបាយរយៈពេល ៥ឆ្នាំ បន្ទាប់ពីគណបក្សមួយនេះត្រូវបានរំលាយ ។ មនុស្សគឺជាសត្វដែលធ្វើនយោបាយ ។ ដូច្នេះ មនុស្សពិបាកនឹងជៀសវាងរឿងនយោបាយបានណាស់ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ។ អញ្ចឹងទេ នៅពេលបុគ្គលមនុស្សក្លាយជាទានៅលើបង្គង ចំណងហានិភ័យនិងមហន្តរាយបានចូលមកស្នាក់អាស្រ័យនៅជាមួយបុគ្គលទាំងនោះជាប្រចាំ ។ ភ្លាត់មាត់និយាយរឿងនយោបាយតែមួយម៉ាត់ ទ្វារគុកនឹងបើកចំហរទទួលស្វាគមន៍ដោយស្វ័យប្រវត្ត ។ ការធ្វើនយោបាយ ជាពិសេសធ្វើនយោបាយនៅស្រុកខ្មែរ គេត្រូវបត់បែនរហ័សជាទីបំផុត ដើម្បីរត់ឲ្យទាន់សភាពការណ៍ក៏ដូចជាការរក្សាសុវត្ថភាពរបស់ខ្លួន ដែលភាសាអង់គ្លេសហៅថា នីមបល (Nimble) ។ មុនពេលក្លាយខ្លួនជា ទានៅលើបង្គង សកម្មជនជាង ១០០នាក់នោះមានឱកាសដោះកុនបានខ្លះៗដែរ ប៉ុន្តែ ពួកគេហាក់ដូចជាប្រមាទស្ថានការណ៍ ។ វិធីដោះកុនដ៏សាមញបំផុត គឺប្រកាសលាឈប់ផ្តាច់ខ្លួនឲ្យដាច់ស្រឡះពីគណបក្សសង្គ្រោះជាតិជាលាយលក្ខអក្សរ មុនពេលដីការរំលាយនិងបញ្ជីហាមប្រាមធ្វើនយោបាយរបស់ពួកគេចូលជាធរមាន ។ គេអាចរកលេសរុកគួនយើងបន្តទៅទៀត ប៉ុន្តែ យ៉ាងហោចណាស់ក៏យើងមានភស្តុតាងខ្លះសម្រាប់តទល់គ្នានៅថ្ងៃមុខដែរ ប្រៀបដូចជាសត្វទាដែលហើរលាចាកបង្គង មុនពេលដែលព្រានកេះកៃកាំភ្លើង ។ អ្នកតាមដានស្ថានការណ៍នយោបាយស្រុកខ្មែរ ប្រហែលជានៅចាំថា មុនពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ អតីតប្រធានគណបក្សនេះដែលរកមធ្យោបាយដោះស្រាយបញ្ហារបស់ខ្លួនមិនរួចផង បានចេញសេចក្តីប្រកាសម្តងហើយម្តងទៀតថាគណបក្សមួយនេះមិនអាចរលាយបានទេ ។ ដល់ពេលវារលាយបាត់ទៅ មនុស្សជាច្រើនត្រូវរងគ្រោះព្រោះតែការអះអាងរបស់លោកប្រធានដែលគ្មានអ្វីជាបង្អែករឹងមាំ ក្រៅអំពីការគិតរបស់គាត់ ។ វាយឺតពេលបន្តិចហើយក្នុងការកែកុនស្ថានការណ៍ ប៉ុន្តែវាក៏ជាមេរៀនមួយសម្រាប់មនុស្សជាង ១០០នាក់យកមកត្រិះរិះពិចារណានៅក្នុងដំណើរជីវិត ។ សំណួរមួយដែលពួកគេគ្រប់ៗគ្នាត្រូវសួរ និងស្វែងរកចម្លើយរៀងៗខ្លួន គឺថា៖ តើគួរដើរតាមការអះអាង ឬដំបូន្មានរបស់មនុស្ស ដែលកំពុងជួបគ្រោះអាសន្ន ឬក៏ដើរតាមការយល់ឃើញរបស់ខ្លួន? ខាងក្រោមនេះជារឿងល្បើកមួយរបស់លោកតា អុីស៊ុប ដែលជាកំពូលអ្នកប្រាជ្ញដោះស្រាយបញ្ហា ។

Monday, November 20, 2017

ចំណីខួរក្បាល

ជោគជ័យ បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិបានជាស្ថាពរហើយ គេមិនឃើញមានសមាជិកគណបក្សប្រជាជនធ្វើពិធីអបអរសាទរណាមួយជាដុំកំភួនទេ ។ ប្រការនេះគឺផ្ទុយអំពីការធ្វើនយោបាយនានានៅក្នុងពិភពលោក ដែលបក្សនយោបាយតែងតែធ្វើពិធីអបអរសាទរបន្ទាប់ពីទទួលបានជ័យជម្នះលើគូបដិបក្ស ។ នៅលើបណ្តាញសង្គម ហ្វេសប៊ុក (Facebook) គេសង្កេតឃើញថាគ្មានសារអបអរសាទរណាមួយត្រូវបានបង្ហោះដោយសកម្មជនរបស់គណបក្សប្រជាជនឡើយ ។ គ្មាននរណាដឹងអំពីមូលហេតុនេះទេ ហើយក៏ប្រហែលជាគ្មានមូលហេតុដែលត្រូវលើកយកមកពន្យល់ដែរ ។ អ្វីដែលអាចជាហេតុផលគឺមានពីរ៖ ១) គ្មានការដាក់ទិសមកពីអង្គការលើ ថាត្រូវរៀបចំអបអរសាទរ ។ ២) ជោគជ័យនេះ បានមកដោយប្រើអំពើថោកទាបខ្លាំងពេក ដែលជាហេតុនាំឲ្យមនុស្សផងទាំងពួងមិនចង់យកខ្លួនទៅបៀត ។ ប្រសិនបើករណីទីពីរ (២) ជាហេតុផលត្រឹមត្រូវ នេះសបញ្ជាក់ឲ្យឃើញថា ពលរដ្ឋខ្មែរដ៏ច្រើនលើសលុប មានមានៈសិការ និងស្រឡាញ់កិត្តិយស ច្រើនជាងអំណាច និងបុណ្យសក្តិ ។ វាក៏បញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរយល់ជាក់លាក់ ថាតើជោគជ័យប្រភេទណាដែលថ្លៃថ្នូ ហើយជោគជ័យប្រភេទណាដែលមិនថ្លៃថ្នូ ៕

Friday, November 17, 2017

ចំណីខួរក្បាល

បក្សីអំបូរដូចគ្នាចូលចិត្តហើរជុំគ្នា (Birds of a Feather Flock Together) គេអាចកត់សម្គាល់ប្រភេទបក្សីដោយគ្រាន់តែមើលហ្វូងរបស់វា ។ ដូចគ្នាដែរ គេអាចកត់សម្គាល់ប្រភេទមនុស្ស ជាពិសេស ប្រភេទមេដឹកនាំមនុស្ស ដោយគ្រាន់តែមើលបក្សពួកដែលគេដើរជាមួយ ។ អ្នកចម្រៀងចូលចិត្តដើរជាមួយអ្នកចម្រៀង អ្នកនិពន្ធចូលចិត្តអ្នកនិពន្ធ អ្នកប្រមឹកចូលចិត្តគប់អ្នកប្រមឹក អាចារ្យចូលចិត្តអាចារ្យ រីមេដឹកនាំផ្តាច់ការក៏ចូលចិត្តគប់មិត្តជនផ្តាច់ការដូចគ្នាដែរ ។ និយាយអំពីមេដឹកនាំផ្តាច់ការ យើងគួរលើកសំណួរមួយមកសួរ ថាតើហេតុអ្វីក៏មានមេដឹកនាំខ្លះស្រឡាញ់សេរីភាព ហើយមេដឹកនាំខ្លះចូលចិត្តអំពើរផ្តាច់ការ? មនុស្សទាំងអស់ ទាំងស្តេច ទាំងមន្ត្រី ទាំងអ្នកមាន ទាំងអ្នកក្រក្រី កើតមក ស្អាតស្អំប្រៀបដូចជាក្រដាសសមួយសន្លឹក ដែលមិនទាន់មានទឹកខ្មៅឬធូលីប្រឡាក់ដឹតដាមដូច្នោះដែរ ។ អ្វីដែលធ្វើឲ្យមនុស្សក្លាយជាជនប្រជាធិបតេយ្យ ឬជនផ្តាច់ការ គឺអាស្រ័យលើបរិយាការ ឬការរៀនសូត្រអំពីសង្គម ឬអាស្រ័យលើបក្សពួកក្រុមដែលមនុស្សចូលចិត្តគប់មិត្តនេះឯង ។ គេអាចចែកសង្គមមនុស្សសព្វថ្ងៃជាពីរគឺ សង្គមសម្បូរណ៍សេរី និងសង្គមខ្សត់សេរី ។ អ្នកដែលរស់នៅក្នុងសង្គមខ្សត់សេរីខ្លាំងអាចចាត់ទុកសង្គមនោះថាជាសង្គមផ្តាច់ការ ។ តើជនផ្តាច់ការកើតមកនាំយកគោលគំនិតផ្តាច់ការមកជាមួយឬយ៉ាងណា? ចម្លើយគឺ អត់ទេ ។ អត្តចរិតផ្តាច់ការគឺកើតមកពីការរៀនសូត្រនិងយកតម្រាប់តាមគ្នា ។ ជនផ្តាច់ការសម័យបុរាណគឺ មេកន្ទ្រាញ ។ នៅពេលសង្គមមនុស្សរៀបចំឲ្យមានរដ្ឋនិងប្រទេស ជនផ្តាច់ការបានក្លាយទៅជា ស្តេចនិងមន្ត្រីសក្តិភូមិ ។ លុះដល់សតវត្សទី១៩ លោក កាល ម៉ាក្ស បានបង្កើតមនោគមផ្តាច់ការមួយឡើង ដែលពិភពលោកឲ្យឈ្មោះថា លទ្ធិកុម្មុយនីស្ត ។ លទ្ធិនិងយុទ្ធសាស្ត្រនៅក្នុងមនោគមវិជ្ជាកុម្មុយនីស្តនេះហើយដែលជនផ្តាច់ការបច្ចុប្បន្នយកមកប្រើដើម្បីបម្រើមហិច្ឆិតានយោបាយរបស់ខ្លួន ។ សម្រាប់ក្មេងជំនាន់ក្រោយដែលមិនធ្លាប់បានរៀនឬឆ្លងកាត់របបកុម្មុយនីស្ត គេអាចកត់សម្កាល់យុទ្ធសាស្ត្រកុម្មុយនីស្តឬស្ថានភាពជីវិតនៅក្នុងរបបផ្តាច់ការដោយផ្អែកលើកត្តាមួយចំនួន៖ ១) ពលរដ្ឋរស់នៅក្នុងសភាពភ័យខ្លាចនិងព្រួយបារម្មណ៍ជាប្រចាំ ២) ច្បាប់ស្ថិតនៅនឹងមាត់របស់អាជ្ញាធរ ៣) សិទ្ធិសេរីភាពជាកម្មសិទ្ធិរបស់អាជ្ញាធរ ៤) អ្នកគិតនិងគំនិតដែលផ្ទុយអំពីគោលនយោបាយរដ្ឋស្ថិតនៅក្នុងហានិភ័យខ្ពស់ ៥) គ្មានមន្ត្រីណាហ៊ាននិយាយការពិតអំពីចំណុចអវិជ្ជមានរបស់ថ្នាក់ដឹកនាំ ។ល។ និង ។ល។ នៅពេលដែលអ្នករស់នៅក្រោមកាលៈទេសៈបែបនេះ អ្នកកំពុងរស់នៅក្រោមអំណាចរបបកុម្មុយនីស្តផ្តាច់ការហើយ ។ រដ្ឋធម្មនុញ ឬរដ្ឋាភិបាលប្រជាធិបតេយ្យសេរីពហុបក្សស្អីគេនោះ វាគ្រាន់តែជាឡប់ឡែតែប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ រក្សាសុវត្ថភាពរបស់ខ្លួន ។ ប្រើខួរក្បាលគិត ជាជាងប្រើការប្រព្រឹត្តិទៅកកិតជាមួយនិងអំណាចនៃជនផ្តាច់ការ ។ ព្រះពុទ្ធទ្រង់ផ្តាំថា គ្មានអ្វីអាចស្ថិតស្ថេរជាអមតៈឡើយ ៕

Thursday, November 9, 2017

ចំណីខួរក្បាល

កម្ម កាលណាគេនិយាយអំពី កម្ម មនុស្សភាគច្រើនតែងភ្ជាប់ពាក្យនេះទៅនឹងកម្មពៀរវេរាពីអតីតជាតិ ។ តាមពិត កម្ម មិនសំដៅតែទៅលើពៀរវេរានោះទេ ។ វាគឺជាអ្វីៗដែលយើងប្រព្រឹត្តដោយកាយ វាចា និង ចិត្ត ។ កម្មដែលមិនផ្តល់ទុក្ខទោសដល់អ្នកប្រព្រឹត្ត ឬអ្នកដទៃ គឺកុសលកម្ម ។ ឯកម្មដែលនាំទុក្ខទោសដល់អ្នកប្រព្រឹត្តឬអ្នកដទៃជា អកុសលកម្ម ។ លទ្ធផលដែលស្តែងចេញពីកម្មទាំងពីរនេះគេហៅថា ផលកម្ម ឬ លទ្ធផលនៃសកម្មភាព ។ មនុស្សអត់កម្មគឺជាមនុស្ស អសកម្ម ។ មនុស្សស្លាប់ក៏ អសកម្មដែរ ៕

Wednesday, November 1, 2017

ចំណីខួរក្បាល

The Truth is: There is no truth (ការពិត គ្មានការពិតទេ) នៅក្នុងរឿង ដាវទិព្វស៊ូឡុង មុននឹងធ្វើអត្តឃាត ម្តាយរបស់ ចាង វូជី បានប្រាប់គាត់ឲ្យប្រុងប្រយ័តកុំចាញ់បោកមនុស្សអាក្រក់ដែលដើរធ្វើអំពើល្អ ។ គាត់បានទូន្មានកូនគាត់ផងដែរថា បើជួបស្រីស្អាត ត្រូវប្រុងប្រយ័តបំផុត ព្រោះស្រីខ្លះ រូបកាន់តែស្អាត ចិត្តរឹតតែពិសពុល ។ នៅក្នុងដំណើរផ្សងព្រេងនៃជីវិតគាត់ ចាង វូជី បានជួបនឹងករណីដែលម្តាយគាត់ប្រាប់ រាប់មិនអស់ ។ ទម្រាំបានដឹង ថាតើបុគ្គលណាជាមិត្ត បុគ្គលណាជាសត្រូវ ចាង វូជី ត្រូវប្រឈមនឹងគ្រោះថ្នាក់រាប់មិនអស់ដែរ ។ ក្រឡេកមើលមកឆាកនយោបាយនៅស្រុកខ្មែរ វាហាក់ដូចជាមិនខុសគ្នាប៉ុន្មានអំពីរឿង ដាវទិព្វស៊ូឡុង ទេ ។ តួអង្គជាច្រើនបង្កប់ទៅដោយអាថ៌កំបាំងរកស្មានមិនត្រូវ ។ មិត្តមិនប្រាកដជាមិត្ត សត្រូវមិនប្រាកដជាសត្រូវ ។ អ្វីដែលនៅសេសសល់សម្រាប់ទស្សនិកជនស្វែងយល់ថាតើនរណាជាតួអង្គល្អ នរណាជាតួអង្គអាក្រក់ គឺស្ថិតនៅលើសំណួរមួយចំនួន ដែលម្នាក់ៗត្រូវស្វែងរិះរកចម្លើយដោយខ្លួនឯង៖ ១) ហេតុអ្វីបានជាអ្នកនយោបាយខ្លះអាចនិយាយរិះគន់ថ្នាក់ដឹកនាំរដ្ឋនៅស្រុកខ្មែរតាមអំពើរចិត្ត ចំណែកអ្នកផ្សេងមិនអាច? ២) ហេតុអ្វីបានជាសមាជិកសភាបក្សសង្គោះជាតិខ្លះនៅមានសេចក្តីក្លាហានដើរធ្វើកិច្ចការបក្ស ចំណែកអ្នកផ្សេង នៅសម្ងំស្ងៀម? ៣) ហេតុអ្វីបានជាលោក កឹម សុខា អាចធ្វើសកម្មភាពនយោបាយពីក្នុងគុកបាន ចំណែកអ្នកជាប់ក្នុងគុកដទៃ សូម្បីតែក្រដាសនិងខ្មៅដៃសម្រាប់សរសេរលិខិតផ្ញើទៅម្តាយ ក៏គេមិនអនុញាតឲ្យមានផង? នៅពេលដែលខ្ញុំយកករណីខាងលើនេះមកពិចារណា ខ្ញុំនឹកឃើញដល់ពាក្យអង់គ្លេសមួយឃ្លា ដែលខ្ញុំមិនប្រាកដក្នុងចិត្តថា ធ្លាប់មានគេសរសេរនោះទេ The truth is: There is no truth (ការពិត គ្មានការពិតទេ, អ្វីដែលប្រាកដ គឺអាថ៌កំបាំង!) ។

Thursday, October 26, 2017

ចំណីខួរក្បាល

The Field of Dream (វាលនៃក្តីសុបិន)ៈ ហេតុអ្វីបានជាសហរដ្ឋអាមេរិកសម្បូរណ៍ធនធានប្រាជ្ញា សហរដ្ឋអាមេរិកមានលក្ខណៈខុសប្លែកពីប្រទេសដទៃត្រង់ថា ប្រទេសនេះមិនចាត់ទុកឬទទួលស្គាល់អំណាចបុគ្គលមនុស្សខ្ពស់ជាងអំណាចប្រាជ្ញាឡើយ ។ អំណាចដែលគេលើកតម្កើងខ្ពស់បំផុត គឺសិទ្ធិ និង សេរីភាព ជាពិសេសសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយមតិយោបល់ ដែលគ្មានច្បាប់ណាអាចប៉ះពាល់បានឡើយ ។ អាមេរិកចាត់ទុកសិទ្ធិផ្សព្វផ្សាយគំនិតប្រាជ្ញាជាសិទ្ធិធម្មជាតិ ។ បន្ទាប់ពីការផ្សព្វផ្សាយគំនិតប្រាជ្ញាដោយសេរី ពលរដ្ឋអាមេរិកគ្រប់រូបក៏មានឱកាសប្រើសក្តានុពលរបស់ខ្លួនស្មើៗគ្នាផងដែរ ។ ទាំងកូនអ្នកមានដល់កំពូល ទាំងកូនអ្នកក្រផុតលេខ សុទ្ធតែមានឱកាសក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកដូចគ្នា ។ កូនអ្នកមានអាចទៅរៀននៅសាលាឯកជនដែលមានអ្វីៗគ្រប់បែបយ៉ាង ។ ឯកូនអ្នកក្រក៏មានឱកាសទៅរៀននៅសាលាសាធារណៈរបស់រដ្ឋ ដែលមានអ្វីៗគ្រប់បែបយ៉ាងសម្រាប់បំប៉នចំណេះដឹងដូចគ្នាដែរ ។ កូនអ្នកក្រមួយចំនួនដែលបានក្លាយជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមានជាអាទ៍៖ លោក អេនឌ្រូ ចាក្សសុន លោក អេប្រាហាម លីងកុន ។ល។ ដែលសុទ្ធសឹងជាប្រធានាធិបតីឆ្នើម ។ ឯលោក ប៊ៀល ក្លីនតុន និងលោក បារ៉ាក់ អូបាម៉ា ក៏មានប្រភពចេញមកពីគ្រួសារមិនសូវស្តុកស្តម្ភផងដែរ ។ អ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តអាមេរិកាំងមួយដែលមានចំណងជើងថា៖ ហ្វៀលអូសឌ្រីម (The Field of Dream) ប្រហែលជាធ្លាប់ឮពាក្យមួយឃ្លាដែលគេនិយាយក្នុងនោះ ។ If you built it, they will come. ដែលមានន័យជាភាសាខ្មែរថា៖ ប្រសិនបើអ្នកស្ថាបនាវា ពួកគេនឹងមក ។ ពាក្យនេះ គេនិយាយនៅត្រង់ចំណុចមួយនៃសាច់រឿងដែលបង្ហាញអំពីការព្រួយបារម្ភរបស់កសិករមួយក្រុមតូចដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ។ ពួកគេចង់កសាងតារាងបាល់ បេសបល់ (Baseball) នៅក្បែរភូមិ ប៉ុន្តែបារម្មណ៍មិនដឹងជាទៅរកមនុស្សឯណាយកមកចូលរួមប្រកួត ពីព្រោះនៅជុំវិញកន្លែងដែលពួកគេរស់នៅនោះ មានសុទ្ធតែចម្ការពោតមើលដាច់កន្ទុយភ្នែក ។ ដើម្បីបំបាត់ការព្រួយបារម្មណ៍ បុរសម្នាក់ក៏ពោលថា៖ ប្រសិនបើអ្នកស្ថាបនាវា ពួកគេនឹងមក ។ នៅទីបំផុត អ្នកភូមិក៏សម្រេចចិត្តកសាងតារាងបាល់នោះ ។ បន្ទាប់ពីតារាងបាល់កសាងរួច កីឡាករល្បីៗជាច្រើនរូបបានដើរចេញពីក្នុងចម្ការពោត មកចូលរួមប្រកួតគ្នានៅក្នុងតារាងនោះយ៉ាងសប្បាយអឺងកង ។ ខ្លឹមសាររួមនៃរឿង ហ្វៀលអូសឌ្រីម នេះ គឺសំដៅលើយុទ្ធសាស្ត្រចម្បងរបស់សហរដ្ឋអាមេរិក ដែលយក ពុទ្ធិ មកធ្វើជាធ្នាក់ទាក់ ប្រាជ្ញា ។ នៅពេលដែលជនចំណាកស្រុកមករស់នៅសហរដ្ឋអារិកគ្រាដំបូង ប្រទេសនេះមានតែព្រៃឈើនិងវាលស្មៅដ៏ធំល្វឹងល្វើយប៉ុណ្ណោះ ។ កូនចៅរបស់ជនចំណាកស្រុកទាំងនោះភាគច្រើន ត្រូវជិះសំពៅឆ្លងទៅសិក្សានៅទ្វីបអុឺរ៉ុប ។ ដើម្បីដោះស្រាយបញ្ហានេះ គេក៏ចាប់ផ្តើមកសាងគ្រិះស្ថានសិក្សាមួយចំនួន ដែលជាមជ្ឃមណ្ឌលទទួលស្វាគមន៍អ្នកប្រាជ្ញមកពីគ្រប់ទិសទី ។ សេចក្តីប្រាថ្នាចម្បងរបស់អ្នកប្រាជ្ញ គឺសេរីភាពក្នុងការលាតត្រដាងទស្សនៈនិងរបកគំហើញរបស់ខ្លួន ។ ដូច្នេះដើម្បីធានាថា គំនិតទាំងអស់ (ទាំងត្រូវទាំងខុស) អាចរំលេចខ្លួនដោយគ្មានឧបសគ្គមករារាំង អាមេរិកក៏សម្រេចជ្រើសរើសយកសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយគំនិត មកធ្វើជាសក្ការៈជំនួសឲ្យស្តេចផែនដីនិងព្រះ ។ ការយកសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយគំនិតមកធ្វើជាមូលដ្ឋានគ្រឹះដើម្បីកសាងជាតិ វាជាដំណើរផ្សងព្រេងមួយសម្រាប់សហរដ្ឋអាមេរិក ។ ប៉ុន្តែ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ការផ្សងព្រេងនោះ គឺជាការផ្សងព្រេងប្រកបដោយជោគជ័យ ។ រដ្ឋធម្មនុញអាមេរិកដែលមានសេរីភាពក្នុងការផ្សព្វផ្សាយគំនិតជាអាទិទេព បានក្លាយទៅជារដ្ឋធម្មនុញអច្ឆរិយ ឬរដ្ឋធម្មនុញដ៏ចាស់បំផុតនៅក្នុងពិភពលោក ។ ការគោរពបូជាគំនិតប្រាជ្ញានេះហើយ ដែលធ្វើឲ្យអ្នកប្រាជ្ញនិងមនុស្សប្រកបដោយទេពកោសល្យជាច្រើននៅជុំវិញពិភពលោក សម្រេចចិត្តធ្វើចំណាកស្រុកមកប្រកបការងារនៅសហរដ្ឋអាមេរិក ។ រូបវិទូ អាលបឺត អានស្តាញ ជាឧទាហរណ៍មួយនៃអ្នកប្រាជ្ញចំណាកស្រុកទាំងនោះ ។ គាត់ត្រូវបានពួកណាហ្សី ហុីត្លែរ ធ្វើបាបហើយក៏ភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៣៩ ។ បច្ចុប្បន្ន មានអ្នកប្រាជ្ញបរទេសរាប់ពាន់នាក់កំពុងស្នាក់នៅប្រកបការងារក្នុងសហរដ្ឋអាមេរិក ។ អ្នកប្រាជ្ញទាំងនេះចូលមកធ្វើការផ្តល់ផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការសិក្សានិងការងារ ។ តាមស្ថិតិ និស្សិតមហាបរិញានៅសហរដ្ឋអាមេរិកប្រមាណជា ៥០% ជាជនបរទេស ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតបរទេសទាំងនោះ អាចបន្តស្នាក់នៅធ្វើការងារក្នុងសហរដ្ឋអាមេរិកចំនួនពីរឆ្នាំ ។ បើពួកគេចង់ស្នាក់នៅយូរជាងពីរឆ្នាំ និស្សិតទាំងនោះគ្រាន់តែសុំឲ្យសហគ្រាសដែលគេធ្វើការជាមួយចេញលិខិតបញ្ជាក់ថា ជំនាញរបស់ពួកគេមានសារសំខាន់សម្រាប់ដំណើរការរបស់សហគ្រាស នោះគឺមានសិទ្ធិរស់នៅបន្តដោយគ្មានកង្វល់អ្វីឡើយ ។ គេមិនដឹងថា លំហូរនៃអ្នកប្រាជ្ញក្នុងពិភពលោកមកកាន់សហរដ្ឋអាមេរិក មានទំហំប៉ុនណាទេ ។ ប៉ុន្តែ បើយើងយក ៥០%នៃនិស្សិតមហាបរិញាមកពិចារណា យើងអាចសន្មត់បានថា អ្នកប្រាជ្ញបរទេសដែលធ្វើកិច្ចការផ្តល់ផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិក មានចំនួនច្រើន (និស្សិតមហាបរិញាភាគច្រើន ធ្វើការងារស្រាវជ្រាវនៅក្នុងមន្ទីរពិសោធផង រៀនផង) ។ សរុបសេចក្តីទៅ អាមេរិកសម្បូរណ៍ធនធានប្រាជ្ញាគឺដោយសារការគោរពបូជាសិទ្ធិបង្ហាញគំនិតប្រាជ្ញាស្មើព្រះអាទិទេពនេះឯង ។ If you built it, they will come ជាយុទ្ធសាស្ត្រតែមួយគត់ដែលអាមេរិកប្រើដើម្បីទាក់ទាញនិងស្រូបយកកំនិតប្រាជ្ញាពីគ្រប់ទិសទី មកកសាងប្រទេសមួយនេះឲ្យក្លាយទៅជាប្រទេសមហាអំណាច ស្ទើរតែគ្រប់វិស័យ ៕

Friday, October 20, 2017

មាតុភូមិ

សេរីភាព ព្រលឹងបងអើយ អាសន្នដល់ហើយ ត្រូវតែសកម្ម ងើបឡើងណាស្ងួន តស៊ូប្រឆាំង កុំឲ្យចោរខ្មាំង រំលោភប្រាណអូន ។

Wednesday, October 18, 2017

ចំណីខួរក្បាល

LOOPHOLE ភាពចន្លោះប្រហោងនៃច្បាប់ យប់មិញខ្ញុំដេកយល់សប្តិឃើញគណបក្សប្រជាជនសុំចុះចាញ់គណបក្សសង្គ្រោះជាតិ ដោយហេតុតែមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន ។ នៅក្នុងសុបិននោះ ខ្ញុំឃើញគណបក្សសង្គ្រោះជាតិ ប្រើយុទ្ធសាស្ត្រ ទន្សាយនិងខ្យង ដើម្បីគេចអំពីការប៉ុនប៉ងកម្ចាយពីសំណាក់គណបក្សប្រជាជន ។ អ្វីដែលគណបក្សសង្គ្រោះជាតិធ្វើនៅក្នុងសុបិនខ្ញុំនោះ គឺអ្នកតំណាងរាស្ត្រសង្គ្រោះជាតិទាំងអស់ រួមទាំងលោក កឹម សុខា និងសកម្មជនសំខាន់ៗមួយចំនួន បានសរសេរលិខិតលាឈប់ពីសមាជិកភាពនៃបក្ស ហើយយកលិខិតទាំងនោះមកតម្កល់នៅទីស្នាក់ការបក្ស ។ នៅពេលគណបក្សប្រជាជនចោទសមាជិកសង្គ្រោះជាតិណាម្នាក់ ពួកគេត្រៀមលិខិតលាឈប់ពីសមាជិកបក្សរបស់បុគ្គលនោះទុកជាស្រេច ។ នៅថ្ងៃដែលតុលាការបើកសវនាការ ដើម្បីជំនំជម្រះថាតើបុគ្គលនោះមានទោសឬក៏គ្មានទោស ពួកគេតែងតែយកលិខិតលាឈប់ពីសមាជិកបក្សរបស់បុគ្គលនោះមកប្រកាសជាសាធារណៈ ដើម្បីរំដោះគណបក្សសង្គ្រោះជាតិពីការប៉ុនប៉ងរបស់គណបក្សប្រជាជន ។ ពួកគេធ្វើទង្វើដដែលៗនោះជាច្រើនលើកច្រើនសា រហូតទាល់តែគណបក្សប្រជាជនធុញទ្រាន់ ហើយក៏បញ្ឈប់ការព្យាយាមរំលាយគណបក្សសង្គ្រោះជាតិចោលនោះទៅ ៕

Thursday, October 12, 2017

មាតុភូមិ

សំផឹង ខ្ញុំជាសំផឹង អ្នកដែលមិនដឹង យល់ថាពេស្យា កខ្វក់ស្មោកគ្រោក ទាំងកាយវាចា គួរស្អប់ក្រៃណា ខ្ពើមយកខ្លួនបៀត ។ ធាតុពិតខ្ញុំល្អ ស្អាតស្រស់បវរ ដូចស្រីឯទៀ គ្រាន់តែរូបខ្ញុំ ត្រូវគេឈ្លបឆ្លៀត ជញ្ជករសជាតិ បំប៉នតណ្ហា ៕

Wednesday, October 11, 2017

ចំណីខួរក្បាល

តើគណបក្ខប្រជាជនកម្ពុជាអាចរុកគួនរំលាយបក្ខប្រឆាំង(សង្គ្រោះជាតិ)ដូចនៅ ថៃ ម៉ាឡេសុី និង សាំងហ្គាពួដែរឬទេ ? មិនអាចទេ ឬក៏ អាច ប៉ុន្តែត្រូវរងគ្រោះខ្លួនឯងយ៉ាងដំណំផងដែរ ។ ភាពខុសគ្នារវាងកម្ពុជានិងប្រទេសទាំងបីដែលបានរៀបរាប់ខាងលើ គឺស្ថិតត្រង់ថា៖ កម្ពុជា ជាប្រទេសក្រ ពឹងលើអ្នកដទៃច្រើនជាងខ្លួនឯង (មិនទាន់មានម្ចាស់ការ) ឯប្រទេស ថៃ ម៉ាឡេសុី និង សាំងហ្គាពួ សុទ្ធសឹងតែជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ អាចរស់ដោយខ្លួនឯងបានយូរអង្វែងជាងខ្មែរ ។ ខ្មែរមានទំនាក់ទំនងទីផ្សារជំនួញអន្តរជាតិជាមួយនឹងប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ ។ ប្រទេសដែលមានទីផ្សារធំបំផុតសម្រាប់ខ្មែរ គឺសហគមន៍ អុឺរ៉ុប និង សហរដ្ឋអាមេរិក ។ ប្រទេសទាំងនេះជាប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ដែលតម្រូវឲ្យខ្មែរជ្រើសរើសរបបគ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យសេរីពហុបក្សដែរ ។ នៅពេលដែលសេរីពហុបក្សត្រូវបានអ្នកកាន់អំណាចនៅស្រុកខ្មែរជាន់ឈ្លី ប្រទេសហត្ថខីទាំងនោះច្បាស់ជាមិននៅស្ងៀមឲ្យកិត្តិយសគេ ធ្លាក់ចូលទៅក្នុងភក់ជ្រាំដោយសារខ្មែរនោះទេ ។ ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនរំលាយចោល ជំហានទីមួយដែលសហគមន៍អុឺរ៉ុបនិងអាមេរិកធ្វើ គឺបញ្ជូនអ្នកការទូតឲ្យមកប្រាប់អ្នកដឹកនាំខ្មែរថាគួរដើរទៅឆ្វេងឬទៅស្តាំ ។ នៅពេលបេសកកម្មនោះគ្មានផ្លែផ្កា ជំហានទីពីរគឺពហិការ ឬទណ្ឌកម្មសេដ្ឋកិច្ច ។ ចំណុចខ្សោចដ៏ធំបំផុតរបស់ប្រទេសកម្ពុជា គឺបញ្ហាសេដ្ឋកិច្ចនេះឯង ។ ស្ថានទូតអាមេរិកបញ្ចេញតួលេខជាទឹកប្រាក់ទំនិញវាយនភ៏ណ្ឌ ដែលខ្មែរនាំចូលទៅលក់នៅសហរដ្ឋអាមេរិកនោះ វាជាសារដ៏ច្បាស់លាស់មួយ ។ ចិនអាចជួយខ្មែរបានមួយរយៈ ប៉ុន្តែមិនអាចជួយបានយូរអង្វែងនោះទេ ។ បើចង់បញ្ជាក់ឲ្យច្បាស់នូវរឿងនេះ ទៅសួរខ្មោច ប៉ុល ពត នៅអន្លង់វែងទៅ ដឹងហើយ ។ នៅពេលដែលសហគមន៍អុឺរ៉ុបនិងសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា សម្ព័ន្ធមិត្តរបស់គេដូចជា ជប៉ុន កាណាដា និង អូស្ត្រាលី ក៏ត្រូវដកឃ្លាឈរទ្រឹងសិនដែរ ។ អ្វីដែលខ្មែរនៅសល់សម្រាប់ទ្រទ្រង់ទីផ្សារសេដ្ឋកិច្ចជាតិ គឺមហាមិត្តចិន និងសម្ព៏ន្ធមិត្តអាស៊ាន ដែលដឹកឥវ៉ាន់មកលក់នៅស្រុកខ្មែរ ច្រើនជាងទិញឥវ៉ាន់ពីខ្មែរទៅលក់នៅស្រុកគេវិញ ។ ខ្ញុំមិនមែនជាសេដ្ឋវិទូទេ ប៉ុន្តែ ប្រសិនបើមានករណីនេះកើតឡើង ស្រុកខ្មែរនឹងមានជំនន់ទំនិញ (Commodity Flooding) ។ ជំនន់ទំនិញអាចធ្វើឲ្យស្រុកខ្មែរលិចដូចក្រុងភ្នំពេញលិចទឹកភ្លៀងដែរ ។ មនុស្សជាច្រើននឹងមួម៉ៅក្តៅក្រហាយ ជាពិសេសម្ចាស់រោងចក្រវាយនភ័ណ្ឌ និងកម្មករ ។ សុំសួរមួយ៖ ក្នុងចំណោមរោងចក្រកាត់ដេររាប់ពាន់នៅស្រុកខ្មែរ តើមានប៉ុន្មានជារបស់រដ្ឋាភិបាលចិន ហើយមានភាគហ៊ុនរបស់មន្ត្រីខ្មែរប៉ុន្មាននាក់នៅក្នុងនោះ? គ្មាននរណាដឹងទេ ប៉ុន្តែប្រើតក្កវិជ្ជាគិតខ្លួនឯងផងចុះ ។ ទាក់ទិននឹងសេដ្ឋកិច្ចក្នុងស្រុកខ្មែរតាំងតែពីដើមរៀងមក មានពាក្យខ្មែរមួយឃ្លាពោលថា៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ ។ ប៉ុន្តែ បើអ្វីៗនៅក្នុងសំណេរនេះកើតឡើងតាមលំដាប់លំដោយ យើងអាចនិយាយបញ្ច្រាសវិញថា៖ ច្របាច់កខ្មែរ លៀនអណ្តាតចិន ។ នៅពេលចិនលៀនអណ្តាត ខ្មែរដែលរស់ដោយសារចិននោះ ច្បាស់ជាលៀនភ្នែកហើយ ។ មុននឹងបញ្ចប់ ខ្ញុំសូមលើកយកករណីប្រទេសភូមាមកពណ៌នាបន្តិច ។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ អាជ្ញាធរយោធាភូមាបានបង្ឃាំងអ្នកស្រី អោងសាន ស៊ូជីនៅក្នុងផ្ទះ (House Arrest) និងចាប់សហការីរបស់លោកស្រីជាច្រើននាក់ដាក់គុក បន្ទាប់ពីក្រុមរបស់ពួកគេ(យោធា)មិនត្រូវបានពលរដ្ឋភូមាគាំទ្រឲ្យដឹកនាំប្រទេស ។ សហគមន៍អន្តរជាតិបានធ្វើពហិការសេដ្ឋកិច្ចលើប្រទេសភូមាប្រមាណជាពីរទសវត្សរ៍ ។ អំឡុងពេលនោះ ប្រទេសចិនជាវិនិយោគិនធំបំផុតនៅភូមា ។ បន្ទាប់ពីបូបខ្លាញ់ចម្រាញ់ប្រេងនៅភូមាអស់ចិត្ត ចិនក៏លើកកញ្ជើទៅរកសុីនៅប្រទេសដ៏ទៃមានស្រុកខ្មែរជាដើម ។ ទីបំផុត អាជ្ញាធរផ្តាច់ការភូមាត្រូវបង្ខំចិត្ត ដោះលែងអ្នកស្រី ស៊ូជី និងសហការីរបស់គាត់ជាច្រើននាក់ ឲ្យមានសេរីភាពមកចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាតិម្តងទៀត ដើម្បីបំពេញលក្ខខណ្ឌដោះស្រាយបញ្ហាពហិការសេដ្ឋកិច្ចពីសំណាក់ប្រទេសលោកខាងលិច ។ លទ្ធផលចុងក្រោយ ពលរដ្ឋភូមាសម្រេចបញ្ជូនអាជ្ញាធរយោធាផ្តាច់ការ ឲ្យចូលនិវត្តន៍និងលើកឲ្យក្រុមអ្នកស្រី ស៊ូជី ដឹកនាំប្រទេសវិញម្តង ។ មេរៀនពីប្រទេសភូមានេះ អាចជាកញ្ជក់ឆ្លុះបញ្ជាំងស្ថានភាពនយោបាយនៅស្រុកខ្មែរបច្ចុប្បន្នបាន ។ ប្រទេសខ្មែរនិងភូមាមិនខុសគ្នាប៉ុន្មានទេ ទាំងសេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ និង ចរិតពលរដ្ឋ ។ បើភូមាដើរលើផ្លូវហ្នឹងបរាជ័យរួចទៅហើយ វាគ្មានប្រយោជន៍អ្វីសម្រាប់ខ្មែរ ក្នុងការជ្រើសរើសដើរលើផ្លូវហ្នឹងទៀតទេ ។ លើកលែងតែអាជ្ញាធរខ្មែរ ចង់ភ្លក្សរស់ជាតិបរាជ័យដូចពួក ហុ៊នតា (Juntas, អាជ្ញាធរយោធា) នៅភូមាដែរ ៕

Monday, October 9, 2017

មាតុភូមិ

ម៉ែ ម៉ែអើយកូន ព្រួយណាស់ ម្ចាស់ជីវិត ព្រួយក្នុងចិត្ត ត្បិតឃើញ ជនតិរិច្ឆាន ព្រួតគ្នាចាប់ ក្រសោប អោបបំពាន លើអង្គប្រាណ ម៉ែបាន សម្រេចហើយ ។ ពេលនេះគេ កំពុង រំលោភម៉ែ ឈឺចាប់ណាស់ មែនទេ អ្នកម្តាយអើយ ទឹកភ្នែកហូរ សស្រាក់ មិនឈប់ឡើយ មាតាអើយ អាចរស់ តទៅទៀតទេ ៕

Friday, September 15, 2017

ពិចារណា

គិតលេងៗ ឧប្បមាថា សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប សម្រេចដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាដោយបញ្ឈប់ការនាំចូលសំលៀកបំពាក់និងស្បែកជើងចូលក្នុងទីផ្សាររបស់គេ តើមានអ្វីអាចកើតឡើង ? ១) ថៅកែរោងចក្រផលិតសំលៀកបំពាក់និងស្បែកជើង ដែលភាគច្រើនបំផុតជាជនជាតិចិន មិនអាចរកទីផ្សារដើម្បីលក់របស់របរដែលរោងចក្រទាំងនោះផលិតទេ ។ ប្រទេសចិន ឥណ្ឌា និងប្រទេសដទៃទៀតនៅក្នុងពីភពលោក មិនមែនជាគោលដៅហើយក៏មិនអាចជំនួសឲ្យអតិថិជនទីផ្សារនៃសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែរ ។ ២) ខ្សត់អ្នកទិញ រោងចក្រនៅស្រុកខ្មែរនឹងបិទទ្ធារឈប់ដំណើរការម្តងមួយៗ ។ ៣) ពលករជាង ៧០០០០០នាក់នឹងបាត់បង់ការងារជាបន្តបន្ទាប់ផងដែរ ។ ៤) បាត់បង់ការងារ គឺបាត់បង់ប្រាក់ចំណូល ដែលនាំទៅកាន់ការប្រឈមសព្វបែបយ៉ាងនៅក្នុងការរស់នៅ ។ នៅពេលផាសុខភាពជីវិតចាប់ផ្តើមរង្គោះរង្គើ ផាសុខភាពសង្គមក៏ចាប់ផ្តើមរង្គោះរង្គើដែរ ។ ជ្រុងមួយផ្សេងទៀតនៃផលវិបាកពហិការរោងចក្រនេះ គឺមហាមិត្តចិនដែលសន្យាថាចាំជួយរដ្ឋាភិបាលខ្មែរគ្រប់កាលៈទេសៈ ។ ប្រទេសចិនក៏ទទួលផលលាភពីប្រតិបត្តិការរោងចក្រនៅស្រុកខ្មែរដែរ ។ នៅពេលផលលាភនោះត្រូវបានបាត់បង់ ថវិកាមួយចំនួនក៏បាត់បង់ដែរ ។ ដូច្នេះ ចិនចាំបាច់ត្រូវតែបង្វែថវិកាពីកន្លែងផ្សេងមកផ្គត់ផ្គង់តម្រូវការនៅកម្ពុជា ។ នៅក្នុងភាសាអង់គ្លេស មានពាក្យទាក់ទិននឹងនយោបាយអន្តរជាតិមួយម៉ាត់ដែលពោលថា៖ រាលផលិទីក (RealPolitik) ដែលមានន័យថាប្រទេសនិមួយៗគិតអំពីផលប្រយោជន៍ខ្លួនមុនផលប្រយោជន៍ប្រទេសដែលជាសម្ព័ន្ធមិត្ត ។ ចំណុចមួយនេះ មិនចាំបាច់និយាយក៏អ្នកដឹកនាំប្រទេសគួរយល់ដែរ ។ ចិនសន្យាចាំជួយខ្មែរគ្រប់កាលៈទេសៈ ចិនក៏អាចបោះបង់ចោលខ្មែរគ្រប់កាលៈទសៈដែរនៅពេលដែលប្រទេសគេជួបផលវិបាក ឬក៏ខ្មែរលែងមានផលប្រយោជន៍សម្រាប់គេ ។ កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ មានរឿងស្រដៀងគ្នានេះកើតឡើង ដែលតម្រូវឲ្យប្រទេសខ្មែរជ្រើសរើសរវាងជំនួយរបស់ចិននិងអាមេរិក ។ សម្តេចសីហនុ គ្រានោះជ្រើសរើសយកជំនួយនិងទំនាក់ទំនងស្អិតរមួតជាមួយចិន ជាជាងជាមួយអាមេរិក ។ អ្វីដែលកើតឡើងរយៈពេល៣០ឆ្នាំក្រោយមក យើងមិនចាំបាច់និយាយទេ ។ ថ្នាក់ដឹកនាំនៅស្រុកខ្មែរដែលមានវ័យចំណាស់សព្វថ្ងៃ គាត់ដឹងជាក់លាក់ណាស់ ។ ខ្ញុំគ្មានបំណងរិះគន់នរណាម្នាក់អំពីមហន្តរាយនៅស្រុកខ្មែរកាលគ្រាកន្លងទៅនោះទេ គ្រាន់តែចង់គូសបញ្ជាក់ថា មេរៀនប្រវត្តិសាស្ត្រ ទើបតែកន្លងទៅមិនទាន់ស្ងួតទឹកប៊ិកនៅឡើយទេ ។ យើងគប្បីយកមេរៀនចាស់នោះមកវិភាគពិចារណាហើយជ្រើសរើសរកផ្លូវមួយដែលមានសុវត្ដភាពដើម្បីដើរ ។ នយោបាយដឹកនាំប្រទេស មិនដូចការដឹកនាំគ្រួសារទេ ដើរខុសមួយជំហានអាចនាំទុក្ខដល់រាស្ត្រពេញមួយនគរ និងមហន្តរាយដល់ប្រទេសជាតិធ្ងន់ធ្ងរទៀតផង ៕

Monday, September 11, 2017

ធាតុពិតនៃ

បដិវត្តន៍ពណ៌ ខ្ញុំឧស្សាហ៍ឮគេនិយាយអំពីបដិវត្តន៍ពណ៌ ហើយធ្ងល់ថាតើបដិវត្តន៍ពណ៌នេះកើតឡើងនៅពេលណា ព្រោះកន្លងទៅជាងបីទសវត្សរ៍នេះ ខ្ញុំក៏រស់នៅលើពិភពលោកនេះដែរ ប៉ុន្តែ មិនដែលឮឬក៏ដឹងថាមានបដិវត្តន៍ពណ៌កើតឡើងសោះ ។ បន្ទាប់ពីស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុីនថឺណិត ធាតុពិតនៃបដិវត្តន៍ពណ៌នេះ គឺគ្មានអ្វីក្រៅអំពីការបះបោរបស់មហាជននៅជុំវិញពិភពលោកដើម្បីបង្ខំមេដឹកនាំឬក៏របបគ្រប់គ្រងផ្តាច់ការឲ្យឈប់ធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋរបស់ខ្លួន និងទាមទាររកសិទ្ធិសេរីភាពមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ ។ ស្ទើរតែទាំងអស់នៃការបះបោទាំងនោះ គឺធ្វើឡើងដោយសន្តិវិធីដែលមានទ្រង់ទ្រាយជាមហាបាតុកម្ម ។ ដើម្បីបញ្ជាក់អំពីចេតនាអហិង្សានៃបាតុកម្មទាំងនោះ ពលរដ្ឋបាតុករតែងតែយកកំណាត់ ឬក៏ផ្កាដែលតំណាងឲ្យវប្បធម៌ឬក៏សង្គមរបស់ខ្លួនមកកាន់នៅក្នុងដៃ ។ ពណ៌នៃកំណាត់ឬផ្កាដែលបាតុករកាន់ក្នុងដៃនោះហើយ ដែលពួកអ្នកសារពត៌មាននិងអ្នកវិភាគនយោបាយយកមកសរសេរនិងពិភាក្សា ដើម្បីកត់សម្គាល់ព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រទេសនិមួយៗ ។ ផ្អែកលើសច្ចភាព និងហេតុផលស្នូលនៃព្រឹត្តិការណ៍ បដិវត្តន៍ពណ៌ គឺគ្រាន់តែជាពាក្យកត់សម្គាល់ដែលអ្នកសារពត៌មាននិងអ្នកវិភាគនយោបាយសរសេរនិងនិយាយតែប៉ុណ្ណោះ មិនមែនជាបាតុភូតអាក្រក់ដែលគួរឲ្យស្អប់ខ្ពើមនោះទេ ។ និយាយឲ្យចំទៅ បដិវត្តិន៍ពណ៌ ឬការបះបោរបស់មហាជនដើម្បីទាមទារសុំសិទ្ធិសេរីភាព សមភាព និងការរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌ គឺជារឿងដែលគួរឲ្យគោរពបូជា ។ មានមនុស្សច្រើនណាស់ដែលបានធ្វើពលិកម្មបូជាជីវិតដើម្បីបុព្វហេតុនេះ ។ ហើយក៏មានមនុស្សរាប់រយលាននាក់ដែលទទួលបាន និងឃើញនូវពន្លឺ សេរីភាព សន្តិភាព សុភមង្គល ដែលកើតចេញមកអំពីតំណក់ឈាមនៃពលីជនទាំងនោះ ។ អ្នកដែលយកពាក្យបដិវត្តិន៍ពណ៌មកបំភ្លៃកែច្នៃថាជាព្រឹត្តិការណ៍អាក្រក់នាំមកនៅក្តីមហន្តរាយដល់ប្រទេសជាតិនោះ សូមមេត្តាស្រាវជ្រាវពិនិត្យមើលព្រឹត្តិការណ៍នេះឡើងវិញ ហើយសួរខ្លួនឯងថា តើមានប្រទេសចំនួនប៉ុន្មានបានឆ្លងកាត់ព្រឹត្តិការណ៍នេះ ។ កុំយកតែករណីប្រទេសដែលបរាជ័យ ដូចជាប្រទេស សេ៊រី និង អុីរាក់ មកធ្វើជាឧទាហរណ៍ហើយស្រែកថា បដិវត្តន៍ពណ៌អាក្រក់ៗ នោះ ។ ករណីប្រទេសទាំងពីរនេះគឺមានសង្គ្រាមផ្ទៃក្នុង ឬសង្គ្រាមជាមួយប្រទេសដទៃកើតមានរួចហើយមុននឹងមានព្រឹត្តិការណ៍បដិវត្តន៍ពណ៌ ដែលជាហេតុនាំឲ្យមានក្រុមឱកាសនិយមឆក់យកព្រឹត្តិការណ៍មកបម្រើឲ្យមហិច្ឆិតានយោបាយរបស់ខ្លួន ។ ខាងក្រោមនេះជាកាលប្បវត្តិនៃការបះបោរបស់មហាជន ឬបដិវត្តន៍ពណ៌ដែលកើតមាននៅក្នុងប្រទេសមួយចំនួន៖ ១) ព័រទុយហ្គាល (Portugal, Carnation Revolution) បដិវត្តន៍ខាណេសិន ឆ្នាំ ១៩៧៤ ២) ហ្វីលីពីន (Philippines, Yellow Revolution) បដិវត្តន៍ពណ៌លឿង ឆ្នាំ ១៩៨៦ ៣) ឆេកូស្លូវ៉ាគី (Czechoslovakia, Velvet Revolution) បដិវត្តន៍ផ្កាត្របែកព្រៃ ឆ្នាំ ១៩៨៩ ៤) យូហ្គោស្លាវី (Yugoslavia, Bulldozer Revolution) បដិវត្តន៍ពណ៌ខ្មៅ ឆ្នាំ ២០០០ ៥) ចច្ចជា (Georgia, Rose Revolution) បដិវត្តន៍ពណ៌សុីជំពូ ឬផ្កាកូឡាប ឆ្នាំ ២០០៣ ៦) អ៊ុយក្រែន (Ukraine, Orange Revolution) បដិវត្តន៍ពណ៌លឿងទុំ ឆ្នាំ ២០០៤ ៧) អុីរ៉ាក់ (Iraq, Purple Revolution) បដិវត្តន៍ពណ៌ស្វាយ ឆ្នាំ ២០០៥ ៨) បែឡារុស្ស (Belarus, Jean Revolution) បដិវត្តន៍ពណ៌ផ្ទៃមេឃ ឆ្នាំ ២០០៦ ៩) ភូមា (Myanmar, Saffron Revolution) បដិវត្តន៍ពណ៌លឿងខ្ចី ឆ្នាំ ២០០៧ ១០) មូដូវ៉ា (Modova, Grape Revolution) បដិវត្តន៍ពណ៌ស្វាយចាស់ ឆ្នាំ ២០០៩ ១១) ទុយនីសុី (Tunisia, Jasmine Revolution) បដិវត្តន៍ផ្កាម្លិះ ឆ្នាំ ២០១០ ១២) អេហ៊្សីប (Egypt, Lotus Revolution) បដិវត្តន៍ពណ៌ផ្កាឈូក ឆ្នាំ ២០១១ ១៣) ម៉ាក់សេដូនី (Macedonia, Colorful Revolution) បដិវត្តន៍ពណ៌ស ឆ្នាំ ២០១៦ គួរកត់សម្គាល់ដែរថា នៅក្នុងឆ្នាំខ្លះ ជាពិសេសនៅឆ្នាំ ១៩៨៩ មានបដិវត្តន៍ពណ៌កើតឡើងនៅក្នុងប្រទេសជាច្រើនដែលជាអតីតប្រទេសកុម្មុយនិស្តនៅទ្វីពអឺរ៉ុបខាងកើត ។ ខ្ញុំជ្រើសយកតែប្រទេសមួយមកកត់ត្រានៅទីនេះ ព្រោះមិនចង់ឲ្យសំណេរនេះវែងពេក ។ មិត្តអ្នកអានអាចស្រាវជ្រាវមើលប្រទេសទាំងនោះ ថាតើវារងគ្រោះមហន្តរាយ ឬក៏អភិវឌ្ឃន៍ដល់កំរិតណាហើយ បន្ទាប់ពីឆ្លងកាត់ ឬក៏រងទុក្ខបុកម្នេញដោយបដិវត្តន៍ពណ៌ ។ នៅក្នុងកាឡាមសូត្រ ព្រះពុទ្ធទ្រង់ទូន្មានថា៖ មុននឹងជឿ គប្បីស្វែងយល់ឲ្យបានច្បាស់លាស់សិន ៕

Wednesday, July 26, 2017

ចំណីខួរក្បាល

ជ្រុងពីរនៃចំណុចមួយ លោកថាឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា ឆ្កួតមួយនឹងល្បែង អំពើពាលា ឆ្កួតនេះហៅមហា ឆ្កួតក្រៃកន្លង ។ កំណាព្យមួយឃ្លាខាងលើនេះជាឧបទេសកថារបស់លោកតា ក្រមង៉ុយ ។ លោកតាប្រើពាក្យ ឆ្កួត ដើម្បីបរិយាយអំពីមនុស្សដែលវក់ឬក៏ងប់នឹងអំពើពាលាបីប្រភេទ គឺ ស្រី ស្រា និងល្បែង ។ បើយើងពិនិត្យទៅលើអត្ថន័យនៃពាក្យ ឆ្កួត យើងឃើញថាសភាវៈឆ្កួតគឺការបាត់បង់សត្តិបញ្ញាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងយកពាក្យ ញៀន មកជំនួសឲ្យពាក្យឆ្កួតវិញនោះ យើងឃើញថា មនុស្សដែលញៀននឹងស្រីស្រាល្បែង អាចកែកុនឬក៏ព្យាបាលជា ។ ការព្យាបាលគឺពាក់ព័ន្ធនឹងជម្ងឺ ។ ដូច្នេះ ប្រសិនបើយើងសម្លឹងមើលទៅមនុស្សដែលញៀនប្រព្រឹត្តិអំពើពាលា ស្រី ស្រា និងល្បែង ក្នុងនាមជាអ្នកជម្ងឺ យើងនឹងមានបសាទចិត្តអាណិតអាសូជាក់ជាមិនខាន ព្រោះថា អ្នកជម្ងឺគប្បីទទួលបាននូវការអាណិតអាសូ ច្រើនជាងការរើសអើងមាក់ងាយមើលថោក ៕

Tuesday, July 25, 2017

ពិចារណា

គុណតម្លៃ (គុណភាពនិងតម្លៃ) មនុស្សក្នុងលោក តែងតែមើលឃើញនូវគុណប្រយោជន៍ និងតម្លៃនៃវត្ថុអ្វីមួយ ទាំងរូបីយ៍ (របស់ប្រើប្រាស់) និងអរូបីយ៍ (គំនិតចំណេះដឹង) ទីទៃៗពីគ្នា ។ ឧទាហរណ៍ អ្នកខ្លះយល់ថាសន្តិភាពដែលខ្វះសេរីភាព គឺជាសន្តិភាពសំបកក្រៅ មិនមែនជាសន្តិភាពពិតដែលនាំប្រយោជន៍ឲ្យជីវិតទេ តែអ្នកខ្លះយល់ថាសន្តិភាពប្រភេទណាក៏ដោយ ឲ្យតែសន្តិភាព គឺអាចទទួលយកបាន ។ សូមទុកចំណុចនយោបាយនេះ ឲ្យអ្នកនយោបាយបកស្រាយចុះ ។ អ្វីដែលខ្ញុំចង់យកមកពិភាក្សានៅទីនេះ គឺអ្នកក្រខ្វះខាតដែលរើសអើងទ្រព្យ ឬក៏អ្នកក្រដែលល្ងង់ ។ ក្រខ្វះខាតនៅទីនេះគឺខ្ញុំសំដៅលើភាព ក្រខ្វះខាតចំណេះ ។ កាលពីកុមារភាព ខ្ញុំធ្លាប់អានរឿងអប់រំមួយនិយាយអំពីសត្វពស់ថ្លាន់ខ្ជាក់ពិសអស់ពីខ្លួនដើម្បីឲ្យសត្វដទៃទទួលយកទៅប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍នៅក្នុងជីវិតពួកគេ ។ ខ្ញុំចូលចិត្តរឿងនោះណាស់ព្រោះវាបង្កប់នូវអត្ថន័យជួយយកអាសាគ្នានៅក្នុងសង្គមសត្វក៏ដូចជាសង្គមមនុស្ស ។ ប្រមាណជា១០ឆ្នាំមុន ខ្ញុំបានយកគោលគំនិតនៅក្នុងរឿងពស់ថ្លាន់ខ្ជាក់ពិសនោះមកអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ខ្លះដល់អ្នកដែលខ្វះខាត ។ ខ្ញុំបានស្ម័គ្រចិត្តបង្រៀនមុខវិជ្ជាពត៌មានដល់កូនសិស្សនៅស្រុកខ្មែរតាមរយៈ Skype ។ មានមនុស្សជាច្រើនចាប់អារម្មណ៍និងសុំឲ្យខ្ញុំជួយបង្រៀន ។ ខ្ញុំសម្រេចជ្រើសយកប្រមាណជា ១០នាក់ ព្រោះខ្ញុំមិនមានពេលវេលាច្រើនសម្រាប់បង្រៀនទេ ។ មុននឹងបង្រៀនខ្ញុំបានប្រាប់សិស្សទាំងនោះថា ខ្ញុំបង្រៀនជាលក្ខណៈឯកជន ។ អ្នករៀនទទួលបានតែចំណេះទេ មិនមានវិញាបណ្ណប័ត្រ ឬក៏បណ្ណទទួលស្គាល់ជាក្រេឌីតអ្វីឡើយ ។ បន្ទាប់ពីទទួលដំណឹងនោះ មនុស្ស ៧នាក់ សម្រេចដកខ្លួនចេញពីការរៀនសូត្រ ។ ក្នុងចំណោម ៣នាក់ដែលនៅសល់ សិស្សម្នាក់ដកខ្លួនចេញបន្ទាប់ពីទទួលមេរៀន ។ ចុងបញ្ចប់ មានសិស្សតែពីរនាក់ប៉ុណ្ណោះ ដែលចំណាយពេលរៀនជាមួយខ្ញុំរហូតដល់ចប់ចុងចប់ដើម ។ បន្ទាប់ពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំបានប្រមាណជា ១ឆ្នាំ លោង ហង់ ជួនណារ៉ុន បានមានប្រសាសន៍ប្រាប់កាសែតភ្នំពេញប៉ុស្ត៍ថា៖ សញ្ញាប័ត្រគឺគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺចំណេះដឹង ។ មានតែសញ្ញប័ត្រតែគ្មានចំណេះដឹង គឺគ្មានន័យអ្វីទេ ។ ខ្ញុំពេញចិត្តនឹងប្រសាសន៍នេះណាស់ ។ ព្រោះវាឆ្លុះបញ្ចាំងអំពីសច្ចភាពនៃជីវិតដែលនិស្សិតត្រូវប្រឈមនៅពេលចេញមករកឬប្រកបការងារចិញ្ចឹមជីវិត ។ ខ្ញុំគ្មានបំណងរិះគន់អ្នកដែលឲ្យតម្លៃសញាប័ត្រច្រើនជាងចំណេះដឹងនោះទេ ។ អ្វីដែលខ្ញុំចង់បានគឺការពិចារណា ។ សញ្ញាប័ត្រនឹងបាត់ខ្លួននៅពេលដែលយើងចាប់ផ្តើមប្រឡូកនៅក្នុងការងារ ។ បើគ្មានចំណេះដឹងនិងសមត្ថភាព ទោះបីមានសញ្ញាប័ត្រគរដូចភ្នំក៏ជួយមិនរួចដែរ ។ សម្រាប់អ្នកដែលចង់បានទ្រព្យចំណេះដឹងដោយមិនចាំបាច់ចេញពីក្នុងផ្ទះ ខាងក្រោមនេះជាតំណវេបសាយៈ khanacademy.org ខ្ញុំនិងសរសេរអំពីសាវតារបស់វេបសាយនេះនៅពេលក្រោយ ព្រោះខ្ញុំធ្លាប់បានស្តាប់សុន្ទរកថារបស់លោក សាលម៉ាន ខាន់ ដែលជាស្ថាបនិកនៃវេបសាយនេះ៕

Thursday, July 13, 2017

រំលឹក

ខ្សែជីវិត ក្រឡេកមើលទៅអតីតកាលនៃជីវិតខ្ញុំ ឧបស័គ្គមួយដែលលេចធ្លោជាងគេ គឺការរៀនសូត្រ ។ មិនមែនមកពីខ្ញុំខ្សត់ប្រាជ្ញារៀនមិនចេះនោះទេ ប៉ុន្តែ មកពីខ្ញុំកើតនៅក្នុងសម័យកាលមួយដែលរារាំងការរៀនសូត្ររបស់ខ្ញុំមិនឲ្យលូតលាស់តាមសម្មាជីវោ ។ ខ្ញុំគ្រប់អាយុចូលរៀនថ្នាក់ទីមួយនៅក្នុងឆ្នាំ ១៩៧០ ។ នៅឆ្នាំទីមួយនោះខ្ញុំអត់បានឡើងថ្នាក់ទេព្រោះអត់មានឈ្មោះនៅក្នុងបញ្ជី ។ ដូច្នេះ ខ្ញុំត្រូវរៀនសាឡើងវិញមួយឆ្នាំទៀត ។ សរុបឲ្យខ្លីទៅ ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ដែលជាឆ្នាំខ្មែរក្រហមឡើងកាន់អំណាចហើយបំបាត់វិស័យអប់រំចោលនោះ ខ្ញុំរៀនបានតែ ៣ថ្នាក់កន្លះទេ ព្រោះនៅឆ្នាំមួយនោះ ខ្មែរក្រហមអុកឡុកខ្លាំងពេកមិនអាចទៅរៀនអស់ពេលជាងកន្លះឆ្នាំ ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ខ្ញុំមានបំណងត្រឡប់ទៅរៀនវិញ ប៉ុន្តែភូមិដែលខ្ញុំរស់នៅនោះអាចបង្កើសាលាបង្រៀនសិស្សត្រឹមថ្នាក់ទី ២ តែប៉ុណ្ណោះ ។ ដូច្នេះ ខ្ញុំត្រូវខកខានការសិក្សារហូតដល់ឆ្នាំ ១៩៨៥ ទើបមានឪកាសត្រឡប់ចូលសាលារៀនវិញ ។ វាមានរយៈពេល ១០ឆ្នាំគត់ដែលខ្ញុំបានឃ្លាតអំពីថ្នាក់រៀន ។ អាយុក៏ច្រើន ចំណេះក៏តិច ។ គ្រានោះ ខ្ញុំកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនសាយធូ (Site 2) នៅតាមបណ្តោយព្រុំដែន ខ្មែរ ថៃ ។ ជំហានទីមួយរបស់ខ្ញុំគឺបន្ថយអាយុ ៥ឆ្នាំ ហើយទៅសុំអ្នកស្រីនាយកសាលាចូលរៀននៅថ្នាក់ទី ៦ ដោយមិនចាំបាច់ធ្វើតេស្ត ព្រោះខ្ញុំដឹងថាខ្ញុំមិនមានសមត្ថភាពធ្វើតេស្តជាប់ទេ ។ អ្នកស្រីនាយិការមិនអនុញាតឲ្យខ្ញុំចូលរៀនដោយមិនធ្វើតេស្តឡើយ ។ ចេញពីទីនោះមក ខ្ញុំក៏ទៅសុំសាលាមួយទៀតចូលរៀនថ្នាក់ទី ៤ ។ មុននឹងឲ្យខ្ញុំរៀននៅក្នុងថ្នាក់គាត់ លោកគ្រូបង្រៀនថ្នាក់ទី៤នោះ ឲ្យខ្ញុំធ្វើលំហាត់តូចមួយគឺរកផ្ទៃក្រឡា ការេ ។ ពុទ្ធោអើយខ្ញុំអត់ចេះរកផ្ទៃក្រឡាការេទេ ។ លោកគ្រូនោះក៏បញ្ជូនខ្ញុំឲ្យទៅរៀននៅថ្នាក់ទី ៣ ដែលមានសិស្សអាយុតិចជាងខ្ញុំយ៉ាងតិច ១០ឆ្នាំ ។ ពេលចេញលេង ខ្ញុំលួចគេចមកផ្ទះដោយតាំងចិត្តថាមិនត្រឡប់ទៅរៀននៅថ្នាក់ទី ៣នោះវិញទេ ។ ដេកសញ្ជឹងអស់សង្ឃឹម ពីរបីថ្ងៃ ខ្ញុំក៏សម្រេចចិត្តជាលើកចុងក្រោយទៅសុំចូលរៀនថ្នាក់ទី ៥ នៅសាលាមួយផ្សេងទៀត ។ ដោយហេតុតែសាលានោះមិនសូវមានសិស្សរៀន លោកនាយករងសម្រេចឲ្យខ្ញុំចូលរៀនដោយគ្មានធ្វើតេស្តឬក៏សួរនាំអ្វីច្រើនឡើយ ។ ថ្វីដ្បិតតែខ្ញុំរកមធ្យោបាយត្រឡប់ចូលរៀនវិញបានមែន ប៉ុន្តែឧបសគ្គរបស់ខ្ញុំមិនទាន់ចប់ទេ ។ ខ្ញុំអត់ចេះធ្វើចំណោទថ្នាក់ទី ៥ ។ សូម្បីតែលេខនព្វនក៏ខ្ញុំមិនចេះដែរ ។ គឺឡេឡឺមិនដឹងថាអ្វីជាអ្វីតែម្តង ។ បុ៉ន្តែ អ្វីដែលខ្ញុំមានគឺឆន្ទៈ ។ ខ្ញុំត្រូវតែជម្នះឧបសគ្គទាំងនេះឲ្យបាន ។ បើមិនដូច្នោះទេ ការព្យាយាមរបស់ខ្ញុំនឹងក្លាយទៅជាទង្វើអត់ប្រយោជន៍ ។ ពាក្យអង់គ្លេសមួយឃ្លាពោលថា៖ If there is a will, there is always a way ។ ខ្ញុំអង្វរមិត្តម្នាក់ដែលអង្គុយជិតខ្ញុំឲ្យគាត់មករៀនមុនពេលកន្លះម៉ោង ដើម្បីជួយពន្យល់ណែនាំខ្ញុំអំពីរបៀបរកដំណោះស្រាយចំណោទ និងធ្វើលេខនព្វន្តនានា ។ កន្លះឆ្នាំក្រោយមកខ្ញុំប្រឡងចូលរៀននៅថ្នាក់ទី ៦ (ឬមធ្យមសិក្សាទី ១) បានជោគជ័យដូចគេដូចឯងដែរ ។ ខ្ញុំរៀននៅថ្នាក់ទី ៦ផង រៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិផង ។ បន្ទាប់ពីរៀននៅថ្នាក់ទី ៦ បានពេញមួយឆ្នាំ ខ្ញុំក៏ចាកចេញពីជំរំសាយធូទៅរស់នៅក្នុងជំរំមួយទៀតឈ្មោះ ខៅអុីដាង ។ នៅទីនោះ ខ្ញុំបានទៅសុំចុះឈ្មោះរៀនផ្លោះថ្នាក់ពីរកំរិតនៅអនុវិទ្យាល័យ អង្គរវត្ត ។ មុននឹងអនុញាតឲ្យខ្ញុំចូលរៀន នាយកសាលាបានឲ្យខ្ញុំទៅធ្វើតេស្តដើម្បីបញ្ជាក់សមត្ថភាព ។ មិនដឹងជាសំណាងឬព្រះលោកជួយទេ លោកគ្រូដែលយកតេស្តមកឲ្យខ្ញុំធ្វើនោះធ្លាប់ស្គាល់ខ្ញុំកាលយើងរស់នៅក្នុងជំរំសាយធូ ។ គាត់ឲ្យខ្ញុំរកដំណោះស្រាយលើសមីការ ពីរអញតិ និងលំហាត់មួយទៀតពាក់ព៍ន្ធនឹងទ្រីហ្គូណូមេទ្រី ។ ខ្ញុំអត់ចេះធ្វើលំហាត់ទាំងនោះទេ ។ ធ្លាប់តែដោះស្រាយសមីការ មួយអញត្តិ ។ ដូច្នេះ ខ្ញុំក៏ព្យាយាមរកចម្លើយលើសមីការពីរអញត្តិមុន ។ បន្ទាប់ពីឃើញខ្ញុំរកដំណោះស្រាយមិនចេញ លោកគ្រូនោះក៏យកប៊ិកមកដោះស្រាយបង្ហាញខ្ញុំ រួចហើយគាត់ឲ្យខ្ញុំចូលទៅរៀននៅថ្នាក់មធ្យមសិក្សាទី ៤គ (Form 4C) ។ ខ្ញុំរៀននៅថ្នាក់ ម.ស. ៤គ នោះបានប្រហែលជា ៧ខែដែរ ។ អំឡុងពេលនោះ ខ្ញុំនៅតែបន្តរៀនក្រៅផ្លូវការជាមួយនឹងមិត្តភក្តិ ជាពិសេសគឺរៀននៅក្នុងសាលាវត្ត ខៅអុីដាង ដែលមានគ្រូស្ម័គ្រចិត្តបង្រៀនឥតយកកម្រៃ ។ មុនថ្ងៃប្រឡងសញ្ញាប័ត្របឋមភូមិមួយអាទិត្យ ខ្ញុំត្រូវបានតម្រួតថៃដែលយាមជំរំខៅអុីដាង ចាប់ញាត់គុកជិតមួយខែរួចហើយក៏បញ្ជូនមកជំរំសាយធូវិញ ។ មូលហេតុ ខ្ញុំរស់នៅក្នុងជំរំខៅអុីដាងមិនស្របច្បាប់ ។ មកដល់សាយធូ ខ្ញុំបានទៅជួបអតីតគ្រូបង្រៀនខ្ញុំម្នាក់ឈ្មោះ ផុន ប៊ុនយ៉ាន ដើម្បីពឹងពាក់គាត់ជួយអន្តរាគមឲ្យខ្ញុំបានចូលរៀនវិញ ។ ខ្ញុំជំរាបគាត់អំពីការរៀនផ្លោះថ្នាក់របស់ខ្ញុំនៅ ខៅអុីដាង ហើយសុំគាត់ចូលរៀនត្រឹមថ្នាក់ ម.ស. ៣ ។ ចូលរៀនបានពីរបីថ្ងៃ គ្រូយ៉ានហៅខ្ញុំឲ្យទៅជួបគាត់នៅក្នុងការិយាល័យហើយប្រាប់ថា មានគេចោទប្រកាន់ថាខ្ញុំសូកថ្នាក់ដឹកនាំសាលាទើបបានចូលរៀននៅ ម.ស. ៣ នៅពេលដែលអតីតមិត្តរួមថ្នាក់ដែលរៀននៅ ម.ស. ១ ជំនាន់ខ្ញុំនោះទើបតែរៀនដល់ ម.ស. ២ ។ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ខ្ញុំសម្រេចឈប់រៀនមួយរយៈរង់ចាំដល់ឆ្នាំសិក្សាថ្មីសឹមចុះឈ្មោះចូលរៀនវិញ ។ អំឡុងពេលនោះ មិត្តម្នាក់បាននាំខ្ញុំទៅធ្វើការនៅក្នុងសាលាបច្ចេកទេសសម្រាប់ជនពិការ ។ ខ្ញុំបានធ្វើជាជំនួយការឲ្យអ្នកគ្រូជនជាតិបារាំងម្នាក់ឈ្មោះ វ៉េរ៉ូនីគ ដេក្រុប (Veronique de Crope) ។ គាត់បង្រៀនគូររូបនិងគូរទេសភាពដល់កុមារអាយុរវាង ៨ទៅ១៣ ឆ្នាំ ។ ធ្វើការជាមួយគាត់បានប្រមាណជា ១ខែ អ្នកគ្រូ វ៉េរ៉ូនីគ ក៏ត្រឡប់ទៅស្រុកបារាំងវិញ ។ គាត់ប្រគល់កូនសិស្សតូចៗទាំងនោះឲ្យខ្ញុំគ្រប់គ្រង និងឲ្យខ្ញុំប្រាប់ ប្រាដឺ គីកេ (Brother Kike) អំពីតម្រូវការនានាសម្រាប់ការបង្រៀនកូនសិស្សទាំងនោះ ។ ខ្ញុំមិនចេះគូររូបទេ ហើយក៏មិនដែលរៀនគូររូបភាពដែរ ។ ខ្ញុំខំប្រឹងអាននិងស្វែងយល់អំពីរបៀបគូររូបភាពចេញពីសៀវភៅមួយក្បាលដែលអ្នកគ្រូ វ៉េរ៉ូនីគ ប្រគល់ឲ្យខ្ញុំ ។ សៀវភៅនោះមានចំណងជើងថា៖ Perspective Drawing ។ រៀងរាល់ល្ងាច បន្ទាប់ពីកូនសិស្សត្រឡប់ទៅផ្ទះអស់ ខ្ញុំតែងតែឆ្លៀតទៅរៀនគណិតវិទ្យាដែលបង្រៀនដោយយុវជនម្នាក់ឈ្មោះ ជា ចំរើន នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយក្បែរនោះ ។ ធ្វើការនៅសាលាបច្ចេកទេសបានប្រហែលជា ៤ខែ ខ្ញុំបានទទួលដំណឹងថា រដ្ឋបាលអប់រំនៅជំរំសាយធូ នឹងរៀបចំកម្មវិធីប្រឡងឌីប្លូមសម្រាប់សិស្សដែលរៀននៅថ្នាក់ ម.ស. ៤ ។ គេអនុញាតឲ្យបុគ្គលិកស្ថាប័ននានាចូលរួមប្រឡងដែរប្រសិនបើមានអ្នកចាប់អារម្មណ៍ ។ យកតួនាទីជាបុគ្គលិកស្ថាប័ន ខ្ញុំក៏សម្រេចចិត្តចូលរួមប្រឡងនឹងគេដែរ ។ ខ្ញុំប្រឡងឌីប្លូមជាប់ទាំងត្រដាបត្រដួស ។ ក្នុងចំណោមបេក្ខជន២១នាក់ដែលចូលរួមប្រឡងនៅក្នុងបន្ទប់ជាមួយខ្ញុំនោះ មានតែ១១នាក់ប៉ុណ្ណោះដែលប្រឡងជាប់ ។ បន្ទាប់ពីប្រឡងឌីប្លូមហើយ ខ្ញុំក៏សម្រេចចិត្តត្រឡប់ចូលរៀនពេញមោ៉ងវិញ ។ ខ្ញុំជំរាបប្រាដឺ គីកេ អំពីបំណងរបស់ខ្ញុំហើយគាត់ក៏យល់ព្រមឲ្យខ្ញុំត្រឡប់ទៅរៀនវិញដែរ ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងអនុញាតឲ្យខ្ញុំបន្តជួយបង្រៀនកុមារគូរគំនូតទៅទៀតប្រសិនបើខ្ញុំអាចឆ្លៀតពេលបាន ។ គួរកត់សម្គាល់ដែរថា កូនសិស្សតូចៗដែលខ្ញុំបង្រៀនក្នុងនាមជាគ្រូទីងមោងនោះ អ្នកខ្លះបានទទួលអាហារូបករណ៍ទៅរៀនបន្តនៅស្រុកបារាំង ខ្លះទៀតបានក្លាយទៅជាស្ថាបនិកនៃអង្គការ ហ្វាពន្លឺសីល្បៈ ។ ប្រាដឺ គីកេ ឥឡូវនេះជា ប៊ីសុប (Bishop Kike) ប្រចាំការនៅខេត្ត បាត់ដំបង ។ ចំណែកយុវជន ជា ចំរើន បច្ចុប្បន្នបានក្លាយជា ឯ.ឧ. ជា ចំរើន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។ ខ្ញុំរៀននៅថ្នាក់បន្ទាប់ឌីប្លូមបានជិត១ឆ្នាំដែរ មុនពេលចាកចេញមករស់នៅស្រុកអាមេរិក ។ ក្រៅអំពីមុខវិជ្ជាអស្សរសាស្ត្រខ្មែរ អង់គ្លេស ប្រវត្តិសាស្ត្រ និង អភិបាលកិច្ច មុខវិជ្ជាវីទ្យាសាស្ត្រពិតនានាខ្ញុំមិនសូវយល់ទេ ។ ដើម្បីគេចកុំឲ្យគ្រូហៅឡើងធ្វើលំហាត់ ខ្ញុំទៅអង្គុយនៅតុចុងក្រោយបំផុតជាមួយនឹងសម្លាញ់(អាប់)ម្នាក់ឈ្មោះ ហុង ស្រីសម្បត្តិ ដែលជាឪពុករបស់ក្មួយ ហុង ស្រីសន្តិភាព (ហៅពីស)អ្នកលេងហ្គីតាវ័យក្មេងដ៏ល្បីល្បាញរបស់ក្រុមតន្ត្រី បងប្អូន ។ គ្រានោះ សម្បត្តិនិងខ្ញុំហាក់ដូចជាសប្បាយនឹងជជែកគ្នាច្រើនជាងការរៀនសូត្រ ។ ផ្នែកគណិតសាស្ត្រ យើងរៀនអំពីមេទ្រីក វិចទ័រ និង ហ្វុងស្យុង (Matrix, Vector, and Function) ហើយខ្ញុំធ្លាក់ពន្ទុស្ទើរតែទាំងស្រុង ។ ដើម្បីទប់ទល់ស្ថានការណ៍កុំឲ្យការសិក្សារបស់ខ្ញុំធ្លាក់ដុនដាបខ្លាំង ខ្ញុំផ្តោតការសិក្សារបស់ខ្ញុំទៅលើមុខវិជ្ជាអក្សរសាស្ត្រ ប្រវិត្តិសាស្ត្រ និងអភិបាលកិច្ច ច្រើនជាងមុខវិជ្ជាដទៃ ។ ទោះជាយ៉ាងណាក៏ដោយ ពិន្ទុ គណិតវិទ្យា ជីវវិទ្យា និងរូបវិទ្យា គីមី របស់ខ្ញុំយ៉ាប់មែនទែន ។ ខ្ញុំគ្មានសង្ឃឹមបានឡើងថ្នាក់ទេនៅពេលដែលពិន្ទុទាំងអស់របស់ខ្ញុំត្រូវបានបូកសរុបនៅចុងឆ្នាំ ហើយក៏មានគម្រោងលាចាកសិក្ខាបទត្រឹមនោះដែរប្រសិនបើខ្ញុំប្រឡងផ្តាច់(ព្រាត់) ធ្លាក់ ។ មុនពេលប្រឡងដំណាច់ឆ្នាំប្រហែលកន្លះខែ ខ្ញុំត្រូវបានស្ថានទូតអាមេរិកនៅបាងកក អនុញាតឲ្យចាកចេញពីជំរំសាយធូដើម្បីទៅពិនិត្យសុខភាពនិងស្នាក់នៅជំរំមួយផ្សេងទៀតរយៈពេល៣ខែ ទម្រាំដល់ពេលឡើងយន្តហោះទៅកាន់ទឹកដីដែលមនុស្សក្រក្រីជាច្រើនចាត់ទុកថាជាឋានសួរលើលោកីយ៍ ។ អាមេរិកសង្គ្រោះខ្ញុំអំពីវិបត្តិសិក្សានៅជំរំជនភៀសខ្លួនក៏ពិតមែន ប៉ុន្តែអាមេរិកមិនបានសង្គ្រោះខ្ញុំអំពីការប្រឈមនឹងឧបសគ្គនានាក្នុងការសិក្សានៅសហរដ្ឋអាមេរិកឡើយ ។ ការសិក្សារបស់ខ្ញុំនៅជួបឧបសគ្គជាច្រើនទៀត ប៉ុន្តែសូមស្លេះត្រឹមនេះចុះ ព្រោះរឿងនេះវែងស្ទើរតែសរសេរចេញជាសៀវភៅមួយក្បាលបាន ។ មុននឹងបញ្ចប់ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ពេលវេលា១០ឆ្នាំនៃការសិក្សាដែលខ្ញុំបាត់បង់ គឺនៅតែ១០ឆ្នាំដដែលទោះបីជាខ្ញុំរៀនផ្លោះថ្នាក់ច្រើនដងក៏ដោយ ។ និស្សិតអាមេរិកភាគច្រើនទទួលសញាប័ត្របរិញា (Bachelor's Degree) នៅអាយុ ២២ ចំណែកខ្ញុំទទួលសញាប័ត្រដូចគ្នានោះនៅអាយុ ៣៣ ៕

Thursday, June 29, 2017

Opinion

Re-Doing Affordable Care Act: A Quicksand or A Quagmire? After suffering a defeat earlier, the Trump Administration's attempt to repeal Affordable Care Act, ACA (a.k.a. Obamacare), is now back on the legislative agenda by a victory of very few votes in the U.S. House of Representative. Given the fact that Mr. Trump has thus far been using Executive Orders as a means of doing administrative businesses, this victory is indeed no small feat. However, at this moment, this ACA's repeal or replacement legislation is still in limbo as the Senate chamber was and is unable to garner enough votes to pass it through to Mr. Trump for signing. The purpose of this article is not to criticize Mr. Trump per se, but rather to point out that there might be a better way to skin the cat. From my short research on the Internet, added by old knowledge left over from lessons learned in university, the U.S.A. has four forms of health care insurance services for the needs of her population. The first one is private medical care insurance that anyone can buy to provide the services for his/her needs. The second is Medicare which provides medical services for retired elderly people who had pre-paid for it in the form of tax deduction from their paychecks. The third is Veteran healthcare services for those who had served in the military. The fourth is Medicaid which provides services for people who live below the poverty lines, including the elderly who are not eligible for Medicare, the disable, and single mothers with dependent children. The last three of these medical care services are government-run programs. Based on these existing programs, the only group of people who need ACA are those whose incomes are too high to qualified for Medicaid and whose employers are not obliged to provide or subsidize for their medical care insurance. Without employer's subsidy for their medical care insurance, many (if not most) of these people are left with two options in life: buying medical care insurance to maintain good health or buying foods to maintain livelihood. Needless to say, most choose the latter. The fact that people don't buy medical care insurance is not really a problem. Problem occurs when uninsured people start using emergency care services at hospitals to fix their ailments. Because the law requires hospitals to treat people in an emergency regardless if they have medical insurance or the ability to pay the bills, the influx of medically uninsured people seeking treatments via emergency procedure put heavy burden on hospital's financial resources. So, to address the problem, many U.S. Presidents started to find a way to introduce legislation to fix the dilemma once and for all. People may recall that the ACA took about two decades to come into existence. The sole purpose of this law is to fill the gap of health care for the U.S. population who are left without medical care coverage. Starting in the early 1990s, immediately after taking office, President Bill Clinton assigned his wife, Hillary Clinton, to campaign for a legislation to provide affordable medical care coverage for the uninsured. However, the initiative failed to gather enough supports in Congress, so it stayed dormant as a concept for 16 years until President Barack Obama took office in 2008 that he was able to revive it and made it become the law of the land. Now that it has been repealed, one could only hope that the ACA won't take another 20 years to return to existence. Without repeating Mr. Trump's fusses, the ACA is no magic wand as far as affordable medical insurance is concerned. It has many flaws. One of the biggest flaws is having private healthcare insurance companies manage the program. The main goal of private healthcare insurance companies is to make profits, not providing affordable healthcare insurance. One way to correct this oxymoronic flaw is to expand Medicaid program in the form of pay for services. The Federal Government could transfer the whole program to each state to run it based on what the local people needs not based on what politicians in Washington think they needs. We could call it Medicaid Plus (Part A, B, and C) and have people paid for it based on what they needs for their individual care. Those who need more pay more, and those who need less could pay less. This streamline approach could save a lot of money and headaches for many people. Some people might point out that not many doctors or private clinics accept Medicaid insurance because it takes too long to get the claims paid. This problem could be resolved easily as the states regulate the licensing of both doctors and clinics. The states could do both, expedite the payment to doctors and make issuance of license to practice medicine contingent upon acceptance of Medicaid insurance program. This approach might be simplistic; but, if the goal of the legislation is to provide affordable healthcare insurance to the uninsured, expanded Medicaid insurance program is probably the best option.

Wednesday, June 21, 2017

ចំណីខួរក្បាល

ទំពាំងស្នងឬស្សី បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់នៅស្រុកខ្មែរថ្មីៗនេះ គេសង្កេតឃើញមានយុវជនមួយចំនួនត្រូវបានពលរដ្ឋបោះឆ្នោតឲ្យបម្រើការងារជា មេឃុំ ។ ក្រៅអំពីការងារជាសកម្មជនបក្សនយោបាយ យុវមេឃុំទាំងនេះប្រហែលជាមិនសូវមានបទពិសោធន៍អភិបាលកិច្ចសាធារណៈរឹងមាំទេ ។ អ្វីដែលជាបន្ទុករឹតតែធ្ងន់ថែមទៀតនោះ គឺថាយុវមេឃុំទាំងនេះក៏ដើរតួជាអ្នកត្រួសត្រាយផ្លូវ សម្រាប់យុវជនដទៃធ្វើដំណើរលើវិថីនយោបាយផងដែរ ។ ខ្ញុំមិនខ្វល់ថាយុវមេឃុំទាំងនេះ តំណាងឲ្យគណៈបក្សណានោះទេ ។ អ្វីដែលខ្ញុំខ្វល់ គឺចង់ឃើញខ្មែរគ្រប់និន្នាការនយោបាយ ជួយផ្តល់គំនិតប្រាជ្ញា និងឪវាទផ្សេងៗដើម្បីឲ្យយុវមេឃុំ ដែលផុសចេញពីឆន្ទៈរបស់ពលរដ្ឋទាំងនេះ រីកលូតលាស់ដុះដាលក្លាយជាដើមទុនធនធានមនុស្សដែលប្រកបដោយសក្តានុពល ។ ពាក្យ "ទំពាំងស្នងឬស្សី" វាមានន័យខ្លឹមសារតែនៅពេលណាដែលឬស្សីចាស់ជិតងាប់ព្រមញែកខ្លួនទុកប្រឡោះឲ្យទំពាំងផុសលាស់ខ្ពស់ដល់វេហាស៍ ។ ដរាបណាគ្មានការជួយបណ្តាលបណ្តុះ ទុកប្រឡោះ ឲ្យទំពាំងដុះដោយសេរីនិងភក្តី ពាក្យទំពាំងស្នងឬស្សី គ្មានន័យហើយក៏គ្មានតម្លៃអ្វីលើសអំពីទឹកប៊ិចដែលដិតដាមលើក្រដាសនោះឡើយ ៕

Monday, June 12, 2017

ធម្មបាលោ ខៀវ ជុំ

ធម្មធិបតេយ្យ ធ្លាប់តែឮពាក្យ ប្រជាធិបតេយ្យ ដល់មកជួបពាក្យ ធម្មធិបតេយ្យដែលធម្មបាល ខៀវ ជុំ លើកយកមកវែកញែកក្នុងសំណេររបស់ព្រះអង្គ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ជាគោលការណ៍ដឹកនាំប្រទេស ធម្មធិបតេយ្យ មានទម្រង់ល្អប្រសើរជាងប្រជាធិបតេយ្យ នេះបើតាមការអះអាងរបស់ធម្មបាល ខៀវ ជុំ ។ ខ្ញុំយល់ស្របជាមួយនឹងគំនិតនេះ ។ តាមការយល់ឃើញរបស់ធម្មបាល ខៀវ ជុំ ធម្មធិបតេយ្យគឺជាទម្រង់រដ្ឋាភិបាលមួយដែលយក ធម្ម ឬព្រះធម៌ ធ្វើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់គ្រប់គ្រងរដ្ឋ ។ មានន័យថា ស្ថាប័ននិតិបញតិ គប្បីស្ថិតនៅក្រោមការគ្រុបគ្រងរបស់តំណាងព្រះសង្ឃដែលជ្រើសរើសចេញពីសំណាក់លោកសង្ឃនៅក្នុងប្រទេសទាំងមូល ។ ចំណែកស្ថាប័ននិតិប្រតិបត្តិ និង តុលាការ គឺជ្រើសតាំងដោយរាស្ត្រចេញអំពីសំណាក់ពលរដ្ឋទូទៅ ។ មូលហេតុដែលដាក់ស្ថាប័ននិតិបញតិឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់ព្រះសង្ឃ ត្បិតព្រះសង្ឃជាអ្នកសិក្សាច្បាប់ធម្មជាតិ និងយល់អំពីសេចក្តីទុក្ខរបស់មនុស្សជាក់លាក់ជាងគេ ។ ជាគោលការសាកល ច្បាប់ដែលមនុស្សបង្កើតឡើងដើម្បីធ្វើជាយន្តការគ្រុបគ្រងឬដឹកនាំរដ្ឋ គឺផ្អែកលើគោលការដោះស្រាយបញ្ហានៅក្នុងសង្គម ។ បញ្ហាសង្គមគឺតែងតែនាំទុក្ខមកឲ្យមនុស្ស ដោយផ្ទាល់ផងនិងដោយប្រយោលផង ។ នៅក្នុងសង្គមខ្មែរ និងសង្គមដទៃដែលពលរដ្ឋគោរពបូជានិងយកព្រះពុទ្ធសាសនា ឬទស្សនៈព្រះពុទ្ធមកធ្វើជាគោលការណ៍សម្រាប់ដឹកនាំជីវិត ការជ្រើសយកព្រះសង្ឃឲ្យគ្រប់គ្រងស្ថាប័ននិតិបញតិ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កសាងសង្គមមួយដែលប្រកបដោយយុត្តិធម៌ ។ តាមការយល់ឃើញរបស់ធម្មបាល ខៀវ ជុំ គុណសម្បត្តិរបស់ព្រះសង្ឃក្នុងការគ្រប់គ្រងស្ថាប័ននិតិបញតិមានដូចតទៅ៖ ១) ព្រះសង្ឃមានប្រភពចេញមកពីគ្រប់មជ្ឈដ្ឋានដែលតំណាងឲ្យៈ អ្នកមាន អ្នកក្រ ចាស់ និង ក្មេង (លើកលែងតែស្ត្រី) ២) ព្រះសង្ឃរស់ដោយសារការផ្គត់ផ្គង់របស់ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ គ្មានទ្រព្យសម្បត្តិ ហើយក៏គ្មានកាតព្វកិច្ចស្វែងរកទ្រព្យមកចិញ្ចឹមគ្រួសារដែរ ៣) ព្រះសង្ឃមានច្បាប់វិន័យគ្រប់គ្រងតឹងរឹងពាក់ព័ន្ធនឹងសម្ភារៈនិយម និងកត្តានានាទាក់ទងនឹងកិលេស ឬតណ្ហា ៤) ព្រះសង្ឃយល់និងស្គាស់ឬសគល់នៃសេចក្តីទុក្ខច្បាស់លាស់ជាងពលរដ្ឋទូទៅ ត្បិតអីមួយផ្នែកធំនៃជីវិតព្រះសង្ឃគឺសិក្សាស្វែងយល់និងពន្យល់ពលរដ្ឋអំពីហេតុផលដែលនាំមកនូវក្តីទុក្ខដល់មនុស្សគ្រប់ៗរូប ។ ព្រះសង្ឃថែមទាំងដឹងអំពីវិធីដែលមនុស្សអាចរំដោះខ្លួនចេញអំពីសេចក្តីទុក្ខទៀតផង ។ ផ្អែកលើគុណសម្បត្តិមួយចំនួនខាងលើនេះ ទម្រង់រដ្ឋាភិបាលធម្មធិបតេយ្យ មានលក្ខណៈប្រសើរជាងទម្រង់ដទៃ គឺស្ថិតត្រង់ថានិតិបញតិដែលជាស្ថាប័នបង្កើតច្បាប់សម្រាប់គ្រុបគ្រងមនុស្សក្នុងនគរ គឺស្ថិតនៅក្នុងដៃមនុស្សមួយក្រុម ដែលគ្មានឬក៏មានទំនាស់ផលប្រយោជន៍តិចតួចបំផុត ។ ក្រៅពីគ្មានទំនាស់ផលប្រយោជន៍ដែលជាជម្ងឺរុាំរ៉ៃរាតត្បាតរដ្ឋាភិបាលមិនរើសមុខ ព្រះសង្ឃក៏ជាអ្នកសិក្សានិងយល់ដឹងអំពីច្បាប់ធម្មជាតិដែលជាច្បាប់គ្រុបគ្រងលើជីវិតមនុស្សសត្វផងទាំងពួងផងដែរ ។ កន្លងមក មិនទាន់មានប្រទេសណាមួយយកទម្រង់ ធម្មធិបតេយ្យ មកធ្វើជាយន្តការដឹកនាំរដ្ឋទេ ។ ប៉ុន្តែ ខ្ញុំយល់ថាគំនិត ធម្មធិបតេយ្យរបស់ធម្មបាល ខៀវ ជុំ នេះមានលក្ខណៈល្អគ្រប់គ្រាន់អាចយកមកពិសោធន៍សាកល្បងក្នុងការដឹកនាំរដ្ឋបាន ៕

Friday, June 9, 2017

វិចារណកថា

យុទ្ធសាស្ត្រនយោបាយ (Political Strategies) តួលេខដែលទើបនឹងស្តែងចេញមកអំពីលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានសម្លេងគាំទ្រខុសគ្នាមិនដល់ ១០ភាគរយទេ ។ ដូច្នេះ ជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋសភា និងរដ្ឋាភិបាលថ្មីនៅឆ្នាំ ២០១៨ ខាងមុខនេះ អាចពឹងផ្អែកទាំងស្រុងទៅលើយុទ្ធសាស្ត្រនយោបាយគន្លិះណាមួយដែលទាក់ចិត្តអ្នកបោះឆ្នោតកណ្តាលនិយម (អ្នកបោះឆ្នោតដែលគ្មាននិន្នាការ Swing Votes) ។ តាមការសង្កេត គណបក្សប្រជាជនកម្ពុជាបានប្រើយុទ្ធសាស្ត្រ បំបែកនិងគ្រប់គ្រង (Divide and Conquer) ជាច្រើនឆ្នាំមកហើយ ។ បុន្តែ យុទ្ធសាស្ត្រនេះហាក់ដូចជាលែងសូវមានប្រសិទ្ធិភាពហើយ ផ្អែកលើលទ្ធផលនៃការបោះឆ្នោតនៅអាណត្តិកន្លងទៅនេះ ។ មូលហេតុនៃការបាត់បង់ប្រសិទ្ធិភាពនេះ គឺមកអំពីគណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្រនយោបាយប្រសើរជាង ។ ខ្ញុំសូមមិនបកស្រាយចំណុចនេះវែងឆ្ងាយទេ ត្បិតមានលទ្ធផលនៃការបោះឆ្នោតកន្លងទៅជាតឹកតាងស្រាប់ហើយ ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ Winning the battle, but losing the war ដែលអាចប្រែថា៖ ឈ្នះនៅក្នុងស្ថានភាពចាញ់ ។ មានន័យថាឈ្នះដោយសារកត្តាខាងក្រៅជួយ មិនមែនឈ្នះដោយសារគូបដិបក្សខ្សោយនោះទេ ។ បើយើងពិនិត្យមើលជាក់លាក់ កត្តាខាងក្រៅដែលជួយឲ្យគណបក្យប្រជាជនឈ្នះឆ្នោត មួយចំណែកធំគឺបានមកពីការចូលរួមប្រកួតប្រជែងរបស់គណបក្សតូចៗមួយចំនួននៅក្នុងការបោះឆ្នោត ។ នៅពេលដែលគណបក្សតូចៗទាំងនេះសម្រេចចិត្តដកខ្លួនចេញពីឆាកនយោបាយ ឬក៏រួបរួមគ្នាដូចករណីគណបក្សសមរង្សីនិងសិទ្ធិមនុស្សនោះ អំណាចនិងឥទ្ធិពលរបស់គណបក្សប្រជាជន អាចនឹងរង្គោះរង្គើ ។ ជាគោលការណ៍យុទ្ធសាស្ត្រ គណបក្សប្រជាជនអាចលើកទឹកចិត្ត ឬក៏ផ្តល់ជំនួយជាសម្ភារៈនិងស្មារតីឲ្យគណបក្សតូចៗ បន្តជីវិតនយោបាយតទៅទៀត ។ ប៉ុន្តែ កុំភ្លេចថាគណបក្សសង្គ្រោះជាតិក៏អាចមានយុទ្ធសាស្ត្រស្រដៀងគ្នានេះដែរ គ្រាន់តែដើផ្លូវផ្ទុយគ្នា ។ គេអាចបញ្ចុះបញ្ចូលគណបក្សតូចៗឲ្យមកចូលរួមជីវិតនយោបាយជាមួយនឹងគេ ឬក៏លើកទឹកចិត្តឲ្យផ្អាកសកម្មភាពមួយរយៈ ។ នេះគ្រាន់តែជាជ្រុងមួយនៃយុទ្ធសាស្ត្រនយោបាយតែប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់លើកយកមកនិយាយពិស្តារនៅទីនេះគឺ យុទ្ធសាស្ត្រ ៥០មុឺនដុល្លារ របស់គណបក្សសង្គ្រោះជាតិ ។ នៅក្នុងគោលនយោបាយទី ៥ របស់គណបក្សសង្គ្រោះជាតិដែលដាក់ចេញនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ថ្មីៗនេះ គឺថា ផ្តល់ថវិកាចំនួន ៥០មុឺនដុល្លា ដែលស្មើនឹង ២០% នៃថវិកាជាតិប្រចាំឆ្នាំ ឲ្យឃុំសង្កាត់យកមកចាត់ចែងអភិវឌ្ឍន៍ទៅតាមអាទិភាពនៃតម្រូវការរបស់តំបន់និមួយៗ ។ កន្លងមក យើងឃើញមានការរិះគន់ជាច្រើនអំពីសំណាក់មន្ត្រីនិងសកម្មជនរបស់គណបក្សប្រជាជន ថាគំនិត ឬគោលការណ៍ ៥០មុឺនដុល្លារនេះ មិនអាចធ្វើបានទេដោយផ្អែកលើហេតុផលផ្សេងៗ ។ មតិមួយចំនួនអះអាងថា ថ្នាក់ដឹកនាំមូលដ្ឋានមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងអភិវឌ្ឍន៍ដោយខ្លួនឯងបានទេ ។ សំណួរមួយដែលយើងគួរសួរគឺថា តើរដ្ឋាភិបាលដែលផ្តល់ឪកាសឲ្យថ្នាក់ដឹកនាំមូដ្ឋានចាត់ចែងអភិវឌ្ឍន៍ដោយខ្លួនឯងម្តងហើយឬនៅ? បើមិនដែលទេ ហេតុអ្វីក៏ដឹងថាថ្នាក់ដឹកនាំមូលដ្ឋាន អសមត្ថភាព? ធនធានមនុស្សនៅស្រុកខ្មែរបច្ចុប្បន្ន ខុសពីធនធានមនុស្សកាលពី ២០ ឬ ៣០ឆ្នាំមុន ។ អ្នកមានសមត្ថភាពរស់នៅស្ទើរតែពេញផ្ទៃប្រទេស ។ ដូច្នេះ គ្មានហេតុផលអ្វីដែលថា ឃុំសង្កាត់ មិនទាន់មានសមត្ថភាពគ្រប់គ្រាន់នោះទេ ត្បិតអីឃុំសង្កាត់ជាទូទៅតែងតែប្រជុំស្រង់មតិពលរដ្ឋមុននឹងអភិវឌ្ឍន៍អ្វីមួយនៅក្នុងភូមិឃុំរបស់ខ្លួន ។ បើនិយាយអំពីការផ្តល់ឪកាសឲ្យថ្នាក់ដឹកនាំមូលដ្ឋានរៀបចំអភិវឌ្ឍន៍តំបន់របស់ខ្លួនដោយខ្លួនឯងនោះ ប្រទេសកម្ពុជាមានគោលការណ៍នេះជាយូរណាស់មកហើយ គ្រាន់តែមិនដាច់ចិត្តអនុវត្តន៍ ។ គេហៅគោលការណ៍នេះថា វិមជ្ឈការណ៍ និង វិសហមជ្ឈការណ៍ (Decentralization and Deconcentration) ។ គណបក្សប្រជាជនអង្គុយលើគោលការណ៍នេះជិតពីរទសវត្សរ៍មកហើយ ។ ឥឡូវនេះ គណបក្សសង្គ្រោះជាតិកំពុងរើសយកគោលការណ៍នេះទៅប្រើ សមតាមពាក្យអង់គ្លេសមួយឃ្លាដែលពោលថា៖ One man's trash is another man's treasure ។ យើងមិនអាចសន្និដ្ឋានបានទេថា វិមជ្ឈការណ៍ អាចជាប្រធានបទបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអណត្តិក្រោយនេះ ប៉ុន្តែផ្អែកលើសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ យុទ្ធសាស្ត្រ ៥០មុឺនដុល្លារ ឬវិមជ្ឈការណ៍ មិនអាចមើលរំលងបានទេ ។ បើតាមពត៌មានដែលចេញផ្សាយថ្មីៗនេះ គណបក្សសង្គ្រោះជាតិ គ្រោងស្នើឲ្យរដ្ឋសភាអនុមតិថវិកា៥០មុឺនដុល្លារសម្រាប់ផ្តល់ដល់ឃុំសង្កាត់ទាំងអស់ចាត់ចែងអភិវឌ្ឍន៍តំបន់របស់ខ្លួន ។ មិនដឹងថាគណបក្សប្រជាជនដែលមានសម្លេងភាគច្រើននៅក្នុងរដ្ឋសភាសម្រេចទាត់ចោលសំណើនេះឬក៏យ៉ាងណាទេ ។ បើទាត់សំណើនេះចោល គឺមិនខុសអ្វីអំពីផ្តល់ចំណុចឃោសនារកសម្លេងឆ្នោតដ៏ល្អមួយឲ្យទៅគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៨ឡើយ ។ ផ្អែកលើការរីកចម្រើនដែលយើងអាចមើលឃើញ (Observable Progress) ពលរដ្ឋខ្មែរសព្វថ្ងៃយល់អំពីអំណាចនិងឥទ្ធិពលនៃសន្លឹកឆ្នោតរបស់ខ្លួនច្រើនជាងមុន ។ ពួកគេក៏ជ្រាបផងដែរថា នៅក្នុងរបបប្រជាធិបតេយ្យ មន្ត្រីរាជការជាអ្នកបម្រើរបស់ពួកគាត់ មិនមែនអ្នកត្រួតត្រាដូចសម័យមុនៗនោះទេ ។ ដូច្នេះ បុគ្គលឬគណបក្សណាដែល បម្រើឬផ្តល់សេវាដល់ពួកគាត់បានល្អ បុគ្គលឬបក្សនោះហើយដែលគាត់ផ្តល់សន្លឹកឆ្នោតឲ្យជារង្វាន់ ។ ជាគោលការណ៍យុទ្ធសាស្ត្រ ដើម្បីទទួលបានជោគជ័យនៅក្នុងនយោបាយក្តី ក្នុងការរកសុីចិញ្ចឹមជីវិតក្តី មនុស្សភាគច្រើនតែងតែដើរតាមលំអានសុភាសិតចិនមួយដែលចែងថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ (Know yourself, know your enemies; a hundred battles, a hundred victories) ។ គេនៅទីនេះ បើនិយាយអំពីការធ្វើនយោបាយគឺមានពីរ៖ ទី ១) គូបដិបក្ស និង ទី ២) ម្ចាស់សន្លឹកឆ្នោត ៕

Friday, June 2, 2017

ចំណីខួរក្បាល

សន្លឹកឆ្នោត បោះឆ្នោតឃុំ សង្កាត់ បំបាត់ទុក្ខ មើលឲ្យសព្វ កុំឈប់ ត្រឹមសម្តី ពាក្យឃោសនា សន្យា ពិតគ្មានន័យ ដ្បិតអ្វីៗ អាស្រ័យ លើទង្វើ ។ ពាក្យមួយឃ្លា ពោលថា សកម្មភាព អាចជម្រាប សភាព ចិត្តអ្នកធ្វើ ល្អអាក្រក់ កខ្វក់ ឬឡឺកឺ (ពាក្យបារាំងមានន័យថា៖ ឆ្កួតឡប់ៗ) ជាអំពើ ទំយើ អាចមើលយល់ ។ សន្លឹកឆ្នោត យើងមួយ ជួយផ្តល់ទុន ឲ្យមហាជន ជាតិពន្ធុ ជួបកុសល រស់បានសុខ ផុតទុក្ខ អស់កង្វល់ អ្នកត្រូវយល់ ឆ្នោតផ្តល់ ផលដល់ជាតិ ។ បើអ្នកបោះ ឆ្នោតខុស ព្រោះតែឆោត ចាញ់បញ្ឆោត ភភូត មនុស្សចោលម្សៀត នោះអ្នកត្រូវ រស់នៅ ក្រោមសម្ពាធ មេដឹកនាំ ត្រីងៀត ដែលឆ្លៀតពង ៕ កំណត់ៈ ស្លាបប៉ាកកា(ទឹកខ្មៅ) មានអំណាចនិងប្រសិទ្ធិភាពខ្លាំងជាងផ្លែដាវ ឬគ្រាប់កាំភ្លើង ។

Wednesday, May 17, 2017

ចំណីខួរក្បាល

អ្នកក្រអាមេរិក កាលពីពេលថ្មីៗនេះ ខ្ញុំឃើញមានគេថតវីដេអូនិងពណ៌នាអំពីអ្នកស្មូមទាននិងអត់ជម្រក នៅសហរដ្ឋអាមេរិកដាក់ក្នុងហ្វេសប៊ុក ហើយរិះគន់ថា សូម្បីតែប្រទេសមហាអំណាចសេដ្ឋកិច្ចក៏មានអ្នកក្រអត់ជម្រកដើរសុំទានស្អេកស្កះដែរ ។ សារសំខាន់នៅក្នុងវីដេអូនោះ គឺការប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងប្រទេសកម្ពុជា ។ មានប្រតិកម្មជាច្រើនទាក់ទិននឹងវីដេអូឃ្លីបនោះ ។ ខ្ញុំសូមមិនធ្វើការប្រៀបធៀបអំពីមនុស្សក្រីក្រនៅសហរដ្ឋអាមេរិកនិងកម្ពុជាទេ គ្រាន់តែចង់លាតត្រដាងនូវពត៌មានមួយចំនួនទាក់ទិននឹងមូលហេតុដែលនាំឲ្យមានមនុស្សសុំទានអត់ផ្ទះនៅ និងរស់នៅតាមចិញ្ចើមផ្លូវនៅស្រុកអាមេរិក ។ មុននឹងខ្ញុំបរិយាយអំពីអ្នកក្រអាមេរិក ខ្ញុំសូមអនុញាតរៀបរាប់អំពីប្រព័ន្ធរដ្ឋបាលសហរដ្ឋអាមេរិកបន្តិច ។ អាមេរិកជាប្រទេសគ្រប់គ្រងរបៀបសហព័ន្ធ គឺមានរដ្ឋាភិបាលសហព័ន្ធមួយនិងរដ្ឋាភិបាស្វ័យតរបស់រដ្ឋចំនួន ៥០ ផ្សេងទៀត ។ របៀបគ្រប់គ្រងរបស់អាមេរិកគឺ វិមជ្ឈការណ៍ និង សហវិមជ្ឈការណ៍ ។ មានន័យថា រដ្ឋនិមួយៗគ្រប់គ្រងកិច្ចការរដ្ឋបាលដោយខ្លួនឯង បុ៉ន្តែកិច្ចការខ្លះតម្រូវឲ្យរដ្ឋសហការណ៍ជាមួយនឹងរដ្ឋាភិបាលសហព័ន្ធនៅក្នុងការអនុវត្តន៍ ។ ឧទាហរណ៍មួយនៃករណីនេះគឺប្រព័ន្ធអប់រំ ។ ច្បាប់រដ្ឋាភិបាលសហព័ន្ធគឺតម្រូវឲ្យកុមារទាំងអស់មានសិទ្ធិរៀនដោយឥតបង់ថ្លៃរហូតចប់ថ្នាក់ទី ១២ (បាក់ឌុប) ។ ក្នុងរយៈពេលរៀននេះ សាលាទាំងអស់ត្រូវផ្តល់អាហារូបត្ថម និងមធ្យោបាយដឹកជញ្ជូនសិស្សពីផ្ទះមកសាលា និងពីសាលាទៅផ្ទះវិញ រៀងរាល់ថ្ងៃ ។ ដោយហេតុតែ រដ្ឋនិមួយៗគ្រប់គ្រងប្រព័ន្ធអប់រំស្វ័យតពីគ្នា រដ្ឋាភិបាលសហព័ន្ធផ្តល់ថវិការឲ្យរដ្ឋទាំង៥០ចាត់ចែងកិច្ចការអប់រំដោយខ្លួនឯង ដោយស្ថិតនៅក្រោមលក្ខខណ្ឌនានា ។ ប៉ុន្តែ រដ្ឋទាំងអស់ មិនអាចគេចវេសមិនផ្តល់ការអប់រំដល់កុមាររហូតដល់ចប់ថ្នាក់ទី ១២ បានទេ ។ ការគាំពារអ្នកក្រីក្រ ឬជនអានាថាក៏មានច្បាប់ស្រដៀងគ្នានេះដែរ ។ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ ១៩៥០ ១៩៦០ និង ១៩៧០ សហរដ្ឋអាមេរិកបានបង្កើតច្បាប់មួយចំនួនដើម្បីគាំពារអ្នកក្រីក្រ ។ យើងអាចហៅច្បាប់ទាំងអស់នេះថា ច្បាប់សហសង្គ្រោះ ឬ Welfare Laws ។ គោលដៅចម្បងរបស់ច្បាប់ទាំងនេះគឺដើម្បីផ្តល់ជំនួយដល់ពលរដ្ឋទូទៅ ដែលធ្លាក់ខ្លួនក្រដោយសារកត្តានានាដែលមិនមែនជាកំហុសរបស់ខ្លួន (No faults of their own) ។ ឧទាហរណ៍ មហន្តរាយធម្មជាតិ ឬក៏បាត់បង់ការងារដោយសាររោងចក្រឈប់ដំណើរការជាដើម ។ ដើម្បីអនុវត្តិច្បាប់ សហសង្គ្រោះនេះ រដ្ឋាភិបាលសហព័ន្ធផ្តល់ថវិកាមួយចំនួនឲ្យរដ្ឋទាំង ៥០ រៀបចំកម្មវិធីសង្គ្រោះទៅតាមតម្រូវការនៃតំបន់និមួយៗ ។ គេហៅថវិកាទាំងនេះថា Grants ។ មានកម្មវិធីច្រើនណាស់នៅក្នុងច្បាប់សហសង្គ្រោះ ឧទាហរណ៍៖ សុខមាលភាព (Medicaid) បាត់បង់ការងារ(Unemployment) អាហារូបត្ថម (Food Stamps) ជាដើម ។ល។ កម្មវិធីខ្លះ រដ្ឋនិមួយៗចាត់ចែងធ្វើដោយខ្លួនឯង ដូចជាលំនៅដ្ឋាន សម្រាប់ជនពិការ សម្រាប់អ្នករស់នៅក្រោមបន្ទាត់ក្រីក្រ និងលំនៅសាធារណៈ (Public Shelters) សម្រាប់ជនអនាថាជាដើម ។ គេហៅកម្មវិធីទាំងអស់នេះថា សំណាញ់សុវត្ថភាព (Safety Net) ។ ក្នុងចំណោមកម្មវិធីទាំងអស់នៅក្នុងសំណាញ់សុវត្ថភាព កម្មវិធីសុខមាលភាពនិងអាហារូបត្ថម មានសារសំខាន់ជាងគេ ព្រោះវាបានជួយគាំពារនិងចម្លងពលរដ្ឋក្រីក្រអាមេរិករាប់លាននាក់ទៅកាន់ភាពរុងរឿង ។ ដូច្នេះ ខ្ញុំនឹងលើកយកកម្មវិធីពីរនេះមករៀបរាប់លម្អិតនៅទីនេះ ។ ពលរដ្ឋអាមេរិកដែលរស់នៅស្មើឬក្រោមបន្ទាត់ក្រីក្រអាចទទួលបានការគាំពារផ្នែកសុខមាលភាពនិងអាហារូបត្ថម (Medicaid and Food Stamps) ។ បច្ចុុប្បន្ន បន្ទាត់ក្រីក្រនៅសហរដ្ឋអាមេរិកគឺគេគិតជាប្រាក់ចំណូលស្មើនឹង ១០០០ដុល្លារក្នុងមួយខែ សម្រាប់មនុស្សម្នាក់ ។ ដូច្នេះ គ្រួសារមួយមានគ្នាបីនាក់ដែលមានចំណូលស្មើឬក្រោម ៣០០០ដុល្លារក្នុងមួយខែ គឺរស់នៅក្រោមបន្ទាត់ក្រីក្រ (ប្រាក់ចំណូលនេះគេគិតមុនកាត់ពន្ធ ២៥%) ។ គ្រួសារប្រភេទនេះអាចដាក់ពាក្យសុំទៅក្រសួងសង្គមកិច្ចរដ្ឋដើម្បីទទួលបានការគាំពារផ្នែកសុខមាលភាពនិងអាហារូបត្ថម ។ គួរបញ្ជាក់ដែរថា អាហារូបត្ថមគេឲ្យតែគ្រួសារណាដែលរស់នៅក្រោមបន្ទាត់ក្រីក្រឆ្ងាយបន្តិច ។ នៅរដ្ឋខ្លះដែលរកប្រាក់ចំណូលបានច្រើនពីធនធានធម្មជាតិនិងពាណិជ្ចកម្ម គេអាចតម្លើងបន្ទាត់ក្រីក្រលើសពី ១០០០ដុល្លារ ទៅតាមថវិកាប្រចាំឆ្នាំដែលគេមាន ។ សុខមាលភាព ឬ Medicaid ជាកម្មវិធីគាំពារសុខភាពដោយឥតបង់ប្រាក់ ។ ស្ត្រីមេម៉ាយដែលមានប្រាក់ចំណូលក្រោមបន្ទាត់ក្រីក្រ ហើយមានកូនអាយុក្រោម ១៩ឆ្នាំនៅក្នុងបន្ទុក និងជនពិការ (ពិការកាយនិងពិការញាណ) ទទួលបានអត្ថប្រយោជន៍នេះដោយស្វ័យប្រវត្តិ ។ មនុស្សទាំងពីរក្រុមនេះក៏ទទួលបានប្រាក់ឧប្បត្ថមប្រចាំខែ និងលំនៅដ្ឋានសម្រាប់រស់នៅផងដែរ ដោយគ្រាន់តែជួយបង់ប្រាក់ឈ្នួលបន្តិចបន្តួចប៉ុណ្ណោះ ។ ឯមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅក៏ទទួលបានការគាំពារសុខភាពនេះដែរ ។ សូមបញ្ជាក់ថា កម្មវិធីគាំពារមនុស្សចាស់របស់អាមេរិកមានពីរគឺ៖ សុខមាលភាព និង សោធននិវត្តន៍សុខមាលភាព (Medicaid and Medicare) ។ Medicaid គឺសម្រាប់មនុស្សចាស់ដែលមិនដែលបានធ្វើការងារ ឬធ្វើការងារបានរយៈពេលខ្លី ឯ Medicare គឺជាកម្មវិធីសម្រាប់មនុស្សចាស់ដែលចូលនិវត្តន៍បន្ទាប់ពីបានធ្វើការងារនិងបង់ប្រាក់តម្កល់ក្នុងរបបសន្តិសុខសង្គម (Social Security) ជាច្រើនឆ្នាំ ។ ក្រៅពីកម្មវិធីគាំពារអ្នកក្ររបស់រដ្ឋនេះ ក៏នៅមានកម្មវិធីជំនួយផ្សេងៗទៀតនៅតាមសហគមន៍ផងដែរ ។ គេហៅកម្មវិធីនេះថា អាហារូបត្ថមសហគមន៍ (Community Food Bank) ដែលមាននៅតាមស្រុកខ្លះៗ ។ កម្មវិធីនេះគឺសម្រាប់អ្នកក្រខ្លាំងដែលសាលាស្រុកគិតថាគួរផ្គត់ផ្គង់ចំណីអាហារបន្ថែម ។ ខ្ញុំដឹងថាមានកម្មវិធីនេះតាមរយៈមនុស្សប្រហែល១០នាក់ ដែលតែងតែមកឈរតម្រង់ជួរនៅផ្លូវកែងក្បែរផ្ទះខ្ញុំដើម្បីទទួលរបបម្ហូបអាហាររៀងរាល់ល្ងាចនៅវេលាម៉ោង ៦ ។ ខ្ញុំចង់ទៅសួរពត៌មានលម្អិតពីអ្នកទាំងនោះដែរ ប៉ុន្តែគិតថាមិនគប្បី ដ្បិតឃើញឡានដែលដឹកម្ហូបអាហារមកនោះគ្មានស្លាកសញ្ញាទេ ។ សាលាស្រុកធ្វើដូច្នោះព្រោះចង់រក្សាអត្តសញ្ញាណពលរដ្ឋក្រីក្រទាំងនោះមិនឲ្យនរណាដឹង ។ យ៉ាងណាក៏ដោយ អាហារូបត្ថមសហគមន៍នេះមានប្រកដណាស់ ត្បិតអីនៅក្នុងសមាគមកសិករសហគមន៍ ដែលមានរូបខ្ញុំជាសមាជិកម្នាក់ដែរ យើងបានរក្សាដីមួយកន្លែងដើម្បីដាំដំណាំផ្គត់ផ្គង់ដល់កម្មវិធីអាហារូបត្ថមសហគមន៍ ។ ខ្ញុំបានស្ម័គ្រចិត្តដាំសាលាដមួយកូនថ្នាលសម្រាប់កម្មវិធីនេះ ។ ចាំសាលាដធំនឹងថតដាក់ជូនមើល ។ កាលខ្ញុំមកដល់សហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ខ្ញុំធ្លាប់ទទួលបានរបបសុខមាលភាព Medicaid ម្តង ។ កាលនោះ មិនដឹងថាអ្វីជាអ្វីទេ បុ៉ន្តែខ្ញុំនៅចាំបានថា បុគ្គលិកសង្គមកិច្ច ឬភ្នាក់ងារជួយជនភៀសខ្លួន បាននាំខ្ញុំទៅមន្ទីរសង្គមកិច្ចដើម្បីចុះឈ្មោះនិងបំពេញបែបបទមួយចំនួន ។ បន្ទាប់មក ខ្ញុំនិងម្តាយខ្ញុំដែលជាស្ត្រីមេម៉ាយនោះ បានទទួលប្រាក់និងអាហារូបត្ថមរៀងរាល់ខែ ។ ម្តាយខ្ញុំទទួលបានវិក័យប័ណជាប្រាក់ (Check) ចំនួនជិត៤០០ដុល្លារ និងអាហារូបត្ថម (Food Stamps) សម្រាប់គ្រួសារចំនួនប្រមាណជា ៦០ដុល្លារ ក្នុងមួយខែ ។ ចំណែកខ្ញុំក៏ទទួលបានប្រាក់ឧបត្ថមចំនួន ១៨៥ដុល្លារ និងប័ណ្ណញាំុអាហារនៅសាលាអនុវិទ្យាល័យរៀងរាល់ខែផងដែរ ។ ខ្ញុំទទួលបានរបបគាំពារនេះជិតពីរឆ្នាំទម្រាំរៀនចប់ថ្នាក់ទី ១២ និងទៅបន្តការសិក្សានៅមហាវិទ្យាល័យទើបរបបគាំពារនេះត្រូវបានកាត់ផ្តាច់ ។ អំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានជួបនឹងកម្មវិធីសំណាញ់សុវត្ថភាពនេះម្តងដែរតាមរយៈការសិក្សាអភិបាលកិច្ចសាធារណៈ ។ ចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលជួបសួរសុខទុក្ខកម្មវិធីសំណាញ់សុវត្ថភាពនេះទេ រហូតដល់ដើមទសវត្សរ៍ឆ្នាំ ២០១០ ទើបខ្ញុំមានវាសនាបានជួបម្តងទៀត ។ ការវិលត្រឡប់ទៅសួរសុខទុក្ខកម្មវិធីសំណាញ់សុវត្ថភាពនេះ វាជាវាសនាផង និងជាឪកាសរៀនសូត្រនិងអនុវត្តិចំណេះដឹងជាក់ស្តែងរបស់ខ្ញុំផង ។ កាលនោះ ភរិយាខ្ញុំដែលមានផ្ទៃពោះជិតគ្រប់ខែទើបនឹងធ្វើអន្តោប្រវេសន៍ចូលមករស់នៅសហរដ្ឋអាមេរិក ។ ដើម្បីរៀបចំទទួលសមាជិកថ្មីចូលមកក្នុងគ្រួសារ ខ្ញុំក៏ស្វែងយល់ពត៌មានខ្លះៗអំពីតម្លៃនៃការសម្រាលកូននៅក្នុងមន្ទីរពេទ្យ និងការចំណាយផ្សេងៗទាក់ទិននឹងការបីបាច់ថែរក្សាទារក ។ ជាមធ្យម ការចំណាយទៅលើមទ្ទីរពេទ្យសម្រាប់សេវាបង្កើតកូនគឺ ១៥០០០ដុល្លារ ។ ខ្ទង់ចំណាយនេះ ច្រើនគួរសមសម្រាប់ខ្ញុំ ។ ដោយហេតុតែភរិយាខ្ញុំគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ហើយកម្មវីធីធានារ៉ាប់រងសុខភាពរបស់រដ្ឋក៏មិនទាន់ចូលជាធរមានដែរគ្រានោះ ខ្ញុំក៏សម្រេចចិត្តរុករកក្នុងប្រព័ន្ធ ហ្គូកហ្គល (Google) ក្រែងលោមានអង្គការណាផ្តល់ជំនួយដល់ស្ត្រីមានផ្ទៃពោះដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ។ ហ្គូកហ្គល បាននាំខ្ញុំទៅកាន់វេបសាយ សុខមាលភាព (Medicaid) ដែលមានពត៌មានលម្អិតសាមញៗងាយយល់ជាទីបំផុត ។ នៅទំព័រដើម គេដាក់តារាងប្រាក់ចំណូលប្រចាំឆ្នាំនិងចំនួនសមាជិកគ្រួសារដើម្បីផ្ទៀងផ្ទាត់ថាតើគ្រួសារប្រភេទណាអាចទទួលបានរបបគាំពារសុខមាលភាព ។ ចំណុចមួយដែលមនុស្សអាចមើលរំលង គឺទារកក្នុងផ្ទៃក៏គេរាប់ជាសមាជិកគ្រួសារម្នាក់ដែរ ។ ដោយសារតែរដ្ឋដែលខ្ញុំរស់នៅដាក់បន្ទាត់ក្រីក្រខ្ពស់ជាងបន្ទាត់ក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធបន្តិច គួបផ្សំនឹងចំណូលរបស់ខ្ញុំត្រូវបានកាត់បន្ថយអស់រយៈពេលមួយខែ (ចុះបេសកកម្មទៅសួរសុខទុក្ខភរិយារហូតទាល់តែមានកូន) ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្ញុំសម្រាប់គ្រួសារទាំងមូល គឺស្ថិតនៅប្រហាក់ប្រហែលនឹងបន្ទាត់ក្រីក្រដែរ ។ ខ្ញុំមិនប្រាកដក្នុងចិត្តថាអាចដាក់ពាក្យសុំអត្ថប្រយោជន៍សុខមាលភាពបានទេ ដ្បិតអីភរិយាខ្ញុំទើបចូលមករស់នៅសហរដ្ឋអាមេរិកបានប្រមាណជាមួយខែប៉ុណ្ណោះ ។ បុ៉ន្តែ ដោយហេតុតែកិច្ចការនេះអាចធ្វើបានតាមរយៈអុិនធឺណិត ហើយគ្មានអ្វីលំបាកផង ខ្ញុំក៏សម្រេចចិត្តធ្វើសាកល្បងមើល ក្រែងមានលាភ ។ នៅចុងបញ្ចប់នៃបែបបទ ក្រសួងសង្គមកិច្ចអនុញាតឲ្យសមីខ្លួនខ្ទប់ឯកសារមិនឲ្យឆ្លងទៅក្រសួងពាក់ព័ន្ធដទៃឡើយ ដើម្បីរក្សាការសម្ងាត់និងសិទ្ធិឯកជន (Personal Privacy) ។ ដាក់ពាក្យសុំមិនទាន់បានមួយអាទិត្យផង ប្រពន្ធខ្ញុំស្រាប់តែឆ្លងទន្លេមុនពេលកំណត់ ។ ដូច្នេះ យើងទៅមន្ទីរពេទ្យដោយគ្មានឯកសារអ្វីនៅក្នុងដៃ ។ មុនចូលទៅក្នុងបន្ទប់សម្រាលកូន ខ្ញុំប្រាប់អ្នកកត់ឈ្មោះអ្នកជំងឺថា ប្រពន្ធខ្ញុំគ្មានប័ណ្ណធានារ៉ាប់រងសុខភាពទេ បុ៉ន្តែបានចុះឈ្មោះសុំរបបសុខមាលភាពអំពីរដ្ឋ ។ បន្ទាប់ពីសម្រាលកូនហើយ ភរិយាខ្ញុំនិងខ្ញុំសម្រាកនៅក្នុងមន្ទីរពេទ្យមួយយប់ ។ ព្រឹកឡើង បុគ្គលិកមន្ទីរពេទ្យយកឯកសារមួយចំនួនមកឲ្យយើងចុះហត្ថលេខាមុនចាកចេញពីមន្ទីរពេទ្យ ។ ដោយមិនឃើញមានវិក័យបត្រសម្រាប់បង់ថ្លៃសេវារបស់មន្ទីពេទ្យ ខ្ញុំក៏សួររកវិក័យបត្រនោះ ។ បុគ្គលិកពេទ្យនោះប្រាប់យើងថា មិនមានអ្វីត្រូវបង់ទេ ព្រោះរដ្ឋជាអ្នកចេញថ្លៃសេវាទាំងអស់សម្រាប់ពួកយើង ។ What a surprise! បុគ្គលិកនោះក៏បានប្រាប់យើងផងដែរអំពីអត្ថប្រយោជន៍នានាសម្រាប់អតិថិជនសុខមាលភាព ដូចជា៖ មាតានិងទារកទទួលបានការគាំពារសុខភាពរយៈពេលមួយឆ្នាំ ទោះបីជាមាតាត្រឡប់ទៅធ្វើការ ហើយមានប្រាក់ចំណូលច្រើនយ៉ាងណាក៏ដោយ ។ រដ្ឋធ្វើដូច្នេះគឺដើម្បីលើកទឹកចិត្តឲ្យមនុស្សត្រឡប់ទៅធ្វើការងារ ក៏ដូចជាជួយពង្រឹងសេដ្ឋកិច្ចគ្រួសារផងដែរ ។ អំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យដែលចុះឈ្មោះប្រពន្ធខ្ញុំនោះ បានទាក់ទងទៅក្រសួងសង្គមកិច្ចអំពីករណីរបស់ប្រពន្ធខ្ញុំ ហើយបានពត៌មានថា ប្រពន្ធខ្ញុំត្រូវបានរដ្ឋផ្តល់របបសុខមាលភាពឲ្យ ។ ពិតជាសំណាងមែន ។ ទេវតាផ្តល់បុត្រមួយហើយ រដ្ឋាភិបាលអាមេរិកផ្តល់កាដូបង់ថ្លៃមន្ទីរពេទ្យឲ្យជាងមួយមុឺនដុល្លារថែមទៀត ។ គោលដៅចម្បងរបស់កម្មវិធីសុខមាលភាព Medicaid គឺជួយត្រងនិងការពារកុំឲ្យមនុស្សធ្លាក់ចូលក្នុងភាពក្រីក្រ ។ ខ្ញុំប្រើពាក្យគាំពារទូទាំងអត្ថបទនេះដែលជាពាក្យបង្រួញអំពីពាក្យ គាំទ្រនិងការពារ (Support and Protect) ។ ពលរដ្ឋអាមេរិកទូទៅអាចប្រើកម្មវិធីនេះដើម្បីដោះស្រាយបញ្ហាជីវិត ។ ឧទាហរណ៍ ស្ត្រីដែលមានកូនតូចនៅក្នុងបន្ទុកហើយបាត់បង់ប្តី អាចដាក់ពាក្យសុំរបបសុខមាលភាពបានភ្លាមៗ ប្រសិនបើប្រាក់ចំណូលរបស់គាត់ទាប ។ វាមិនអាចផ្តល់ប្តីមកឲ្យវិញទេ ប៉ុន្តែ ជំនួួយអំពីកម្មវិធីសុខមាលភាពនេះ អាចជួយដោះស្រាយបញ្ហាជីវិតបានយ៉ាងច្រើន ។ ដូចគ្នាដែរ គ្រួសារមួយដែលមានប្រាក់ចំណូលមធ្យម (Middle Income) និងមានកូនតូចចាប់ពីបីនាក់ឡើងទៅ អាចពឹងពាក់កម្មវិធីសុខមាលភាពនេះដើម្បីដោះទុក្ខបានមួយរយៈទម្រាំកូនធំបន្តិច ។ មូលហេតុដែលត្រូវពឹងពាក់កម្មវិធីនេះ ព្រោះថានៅពេលយើងមានកូនទីបី កូនទីមួយអាចដល់អាយុចូលរៀនហើយ ហើយឪពុក ឬម្តាយចាំបាច់ត្រូវតែនៅផ្ទះដើម្បីចាំទទួលកូនដែលឡាន (School Bus) ដឹកពីសាលាមកវិញ ។ សូមបញ្ជាក់ថាច្បាប់តម្រូវឲ្យ ឪពុក ម្តាយ ឬអ្នកអាណាព្យាបាលសិស្សដែលមានអាយុក្រោម ១៣ឆ្នាំ ទៅទទួលសិស្សពីរថយន្ត ។ មិនអាចឲ្យក្មេងដើរមកផ្ទះដោយឯកឯងបានទេ ។ គ្រួសារដែលមានកូនតូចៗកំពុងរៀន ភាគច្រើនម្តាយឪពុកធ្វើការឆ្លាស់គ្នា គឺប្រពន្ធធ្វើការពេញម៉ោងពេលថ្ងៃ ហើយប្តីធ្វើការពាក់កណ្តាលម៉ោងរវាងមោ៉ង ៥ទៅ១០យប់ ។ ធ្វើដូចនេះ គឺដើម្បីមានមនុស្សម្នាក់នៅប្រចាំការមើលថែកូនផង និងចាំទទួលកូនពីរថយន្តសាលាផង ។ ដូច្នេះ គ្រួសារចំណូលមធ្យមដែលមានសមាជិក ៥នាក់ អាចរកចំណូលមិនបាន ៥០០០ដុល្លារ ក្នុងមួយខែទេ ។ ពេលនេះហើយដែលជាពេលត្រូវទៅពឹងពាក់កម្មវិធីសុខមាលភាព រយៈពេល៥ទៅ១០ឆ្នាំ ទម្រាំកូនធំអាចទៅធ្វើការងារពេញម៉ោងទាំងអស់គ្នាវិញបាន ។ ថ្វីត្បិតតែសំណាញ់សុវត្ថរបស់សហរដ្ឋអាមេរិ មានក្រឡាញឹកគួរសម សំណាញ់នេះក៏មានកន្លែងធ្លុះធ្លាយនិងរហែកខ្លះដែរ បន្ទាប់ពីត្រូវបានពលរដ្ឋប្រើប្រាស់ជិតមួយសតវត្សមកនេះ ។ កន្លែងធ្លុះធ្លាយនិងរហែកទាំងនេះហើយ ដែលអ្នកសុំទាននិងអត់ជម្រកនៅស្រុកអាមេរិក ធ្លាក់ចេញមក ។ ទោះជាយ៉ាងណាក៏ដោយ តាមស្ថានភាពជាក់ស្តែង ករណីនៃអ្នកសុំទាននិងអត់ជម្រកទាំងនោះ ភាគច្រើនមិនមែនដោយសារការមិនអើពើរជួយសង្គ្រោះអំពីរដ្ឋាភិបាលនោះទេ គឺដោយសារបុគ្គលទាំងនោះចង់បានសេរីភាពរស់នៅតាមចំណង់របស់គេ ឬមួយក៏ខ្វះការយល់ដឹងអំពីសំណាញ់សុវត្ថភាពនៅក្នុងសហគមន៍ក្នុងស្រុកអាមេរិកទាំងមូល ។ នៅក្នុងសហគមន៍ស្ទើរតែទូទាំងសហរដ្ឋអាមេរិក មានកម្មវិធី (Programs) ជាច្រើនសម្រាប់ជួយជនក្រីក្រ និងជនអនាថាគ្មានផ្ទះសម្បែង ។ អ្នកសុំទាននិងគ្មានជំរក អាចទៅទទួលទានអាហារនិងស្នាក់នៅបណ្តោះអាសន្នក្នុងជម្រកសហគមន៍ (Shelters) បាន ប្រសិនបើពួកគេគោរពប្រណិបត្តិតាមគោលការនៃជម្រកទាំងនោះ ។ ជាទូទៅ គោលការណ៍ទាំងនោះមានជាអាទ៍៖ ហាម ប្រើគ្រឿងញៀន គ្រឿងស្រវឹង ជក់បារី ឬស្តាប់ភ្លេងឡូឡារំខានដល់អ្នកដទៃជាដើម ។ ចំណុចទាំងនេះ អ្នកសុំទាននិងរស់នៅតាមចិញ្ចើមផ្លូវជាច្រើនធ្វើមិនបានទេ ។ សរុបសេចក្តីទៅ អ្នកក្រអាមេរិកភាគច្រើនគឺក្រដោយសារទី ១ៈ ខ្វះការយល់ដឹងអំពីកម្មវិធីគាំពាររបស់រដ្ឋ និងទី ២ៈ មិនចង់ឲ្យរដ្ឋជ្រៀតជ្រែកសិទ្ធិរស់នៅរបស់ខ្លួន ។ ធម្មតាទេ ជំនួយរបស់រដ្ឋតែងតែមានលក្ខខណ្ឌ ។ អ្នកដែលមិនគោរពតាមលក្ខខណ្ឌមិនអាចទទួលជំនួយបានទេ ។ ច្បាប់គ្រប់គ្រងអាហារូបត្ថមមិនអនុញាតិឲ្យអតិថិជនយកថវិកានោះទៅទិញ សុរា ឬបារីទេ ។ ដូច្នេះ ជនអនាថាដែលសេពសុរានិងជក់បារី ក៏ពិបាកនឹងចូលទៅជ្រកក្នុងជម្រកសហគមន៍ដែរ ។ កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំនិងមិត្តរួមថ្នាក់ធ្លាប់ជជែកគ្នាបែកពពុះមាត់ជាមួយគ្រួអំពីចំណុចនេះ ព្រោះថាគ្មានច្បាប់ហាមមិនឲ្យមនុស្សសេពសុរានិងជក់បារីទេ ដរាបណាអ្នកប្រើប្រាស់គ្រឿងស្រវឹងនិងញៀនទាំងនេះ មិនបង្កហានិភ័យឬគ្រោះថ្នាក់ដល់អ្នកដទៃ ។ បញ្ហាគឺស្ថិតត្រង់ថា របបសុខមាលភាពគឺដើម្បីគាំពារថែរក្សាគុណភាពនៃជីវិត (Quality of Life) ។ ការសេពសុរានិងជក់បារីជាទង្វើបំផ្លាញគុណភាពនៃជីវិត ។ ដូច្នេះ ពលរដ្ឋមានសិទ្ធិបំផ្លាញគុណភាពនៃជីវិតរបស់ខ្លួន ប៉ុន្តែមិនអាចយកថវិការដ្ឋទៅបំផ្លាញជាមួយនោះទេ ។ នេះហើយជាចំណុចចម្រូងចម្រាស់ ដែលធ្វើឲ្យពលរដ្ឋខ្លះធ្លាក់ចេញពីសំណាញ់សុវត្ថភាព មកក្លាយជាអ្នកសុំទានរស់នៅតាមចិញ្ចើមផ្លូវនៅសហរដ្ឋអាមេរិក ៕ ថ្ងៃទី ១៥ ឧសភា ២០១៧

Tuesday, April 4, 2017

ចំណីខួរក្បាល

បុណ្យ ១០០ថ្ងៃ ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក ភាគច្រើន ច្រើនតែព្យាយាមសម្រេចកិច្ចការនយោបាយនានានៅក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែង ។ ដូច្នេះ គេរមែងសង្កេតឃើញថា គោលនយោបាយថ្មីៗជាច្រើនត្រូវបានបង្កើតឡើងនៅអំឡុងពេលនេះ ។ លោក ដូណាល់ ត្រាំ ក៏មិនខុសអំពីប្រធានាធិបតីអាមេរិកាំងដទៃទៀតដែរ គាត់ព្យាយាមសម្រេចកិច្ចការនយោបាយមួយចំនួន ដែលនៅក្នុងនោះមានគោលនយោបាយធំៗចំនួនពីរដែលគាត់ចាំបាច់ត្រូវតែធ្វើដើម្បីបំពេញកិច្ចសន្យារបស់គាត់ជាមួយនឹងម្ចាស់ឆ្នោត ក៏ដូចជាបញ្ជាក់អំពីសមត្ថភាពរបស់គាត់ក្នុងការដឹកនាំប្រទេសដែរ ។ គោលនយោបាយទាំងពីរនេះគឺ ទី ១៖ បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងទី ២៖ គឺការលុបចោលឬក៏ប្តូរគោលនយោបាយធានារាប់រងសុខភាពរបស់អតីតប្រធានាធិបតី បារាក់ អូបាម៉ា ។ ប្រសិនបើលោក ត្រាំ អាចសម្រេចជោគជ័យលើគោលនយោបាយធំៗទាំងពីរនេះ សេតវិមានប្រាកដជាធ្វើបុណ្យអបអរសាទរទិវា១០០ថ្ងៃ នៃការកាន់តំណែងរបស់លោកត្រាំជាក់ជាមិនខាន ។ ប៉ុន្តែ អ្វីដែលជាការព្រួយបារម្មណ៍សម្រាប់អ្នកគាំទ្រលោកត្រាំក៏ដូចជាពលរដ្ឋទូទៅដែរនោះ គឺថា តើលោកត្រាំនឹងធ្វើបុណ្យអបអរជោគជ័យទិវា១០០ថ្ងៃ ឬក៏បុណ្យកាន់ទុក្ខមហន្តរាយតំណែងប្រធានាធិបតីរបស់លោក ។ ចំណុចសំខាន់នៅទីនេះគឺបញ្ហាប្រទេស រុ៉ស្សី ពាក់ព័ន្ធជាមួយនឹងក្រុមមន្ត្រីជំនិតរបស់លោក ត្រាំ ។ សម្រាប់អ្នកតាមដាននយោបាយពិភពលោក មិនថាជាមនុស្សសាមញ ឬក៏បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយទេ ជាទូទៅគេអាចមើលឃើញថា សហរដ្ឋអាមេរិកនិងប្រទេសរុ៉ស្សីជាសត្រូវនឹងគ្នាចាប់តាំងពីដើមសតវត្សទី ២០មក ។ ថ្វីត្បិតតែប្រទេសទាំងពីរមិនដែលពើបប្រយុទ្ធគ្នាជាលក្ខណៈសង្គ្រាមដោយសព្វាវុធក្តី ប៉ុន្តែសហរដ្ឋអាមេរិកនិងរុ៉ស្សីជាគូប្រយុទ្ធដ៏ស្រួចស្រាល់នៅក្នុងសង្គ្រាមចារកិច្ច ។ ប្រទេសរុ៉ស្សីធ្លាប់បានបាញ់ទម្លាក់យន្តហោះចារកិច្ចរបស់អាមេរិកម្តងកាលពីទសវត្សរ៍ឆ្នាំ ១៩៥០ ហើយរហូតមកដល់ពេលនេះ ប្រទេសទាំងពីរនៅតែបន្តធ្វើព្យុះធ្វើភ្លៀងចារកម្មដាក់គ្នាទៅវិញទៅមកដែរ ។ ជាក់ស្តែង នៅអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកន្លងទៅនេះ បុគ្គលិកការទូតនិងជនជាតិរុ៉ស្សីជាច្រើននាក់ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយហេតុតែពួកគេពាក់ព័ន្ធជាមួយនឹងរឿងខុសច្បាប់មួយចំនួន ។ កាលនោះ បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ មិនត្រឹមតែមិនថ្កោលទោសទង្វើរបស់ក្រុមជនខិលខូចរុ៉ស្សីទាំងនោះទេ គាត់ថែមទាំងនិយាយថាវាជារឿងល្អប្រសិនបើគាត់និងប្រធានាធិបតីរុ៉ស្សីអាចមានទំនាក់ទំនងល្អនឹងគ្នា ។ ថ្វីត្បិតតែការលូកដៃកកូរកកាយរបស់ភ្នាក់ងាររ៉ុស្សីក្នុងយុទ្ធនាការបោះឆ្នោតអាមេរិកអាចផ្តល់ផលចំណេញផ្នែកនយោបាយដល់លោកត្រាំក៏ពិតមែន ក៏ប៉ុន្តែ ការមិនថ្កោលទោសទង្វើល្មើសច្បាប់របស់ភ្នាក់ងារបរទេសនៅក្នុងទឹកដីអាមេរិកនេះ វាអាចផ្តល់ផលអាក្រក់ដល់លោកត្រាំច្រើនជាងល្អ ។ រឿងរុ៉ស្សីលូកដៃកកូរកកាយក្នុងកិច្ចការនយោបាយអាមេរិក កំពុងប្រែក្លាយទៅជារឿងក្តៅគគុកមួយ ។ សំណួរដែលសភានិងពលរដ្ឋអាមេរិកជាច្រើនចង់បានចម្លើយនោះ គឺថា តើមានមនុស្សប៉ុន្មាននាក់ដែលស្និទ្ធនឹងលោកត្រាំ មានទំនាក់ទំនងជាមួយនឹងបុគ្គលិកការទូតឬអ្នកមុខអ្នកការរបស់រុស្សីនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ។ មកដល់ពេលនេះ មានមនុស្សស្និទ្ធនឹងលោកត្រាំពីររូប គឺលោកអតីតទីប្រឹក្សា មៃ៉កែល ហ្វ្លីន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេហ្វ សេស្សិន បានសារភាពថាពួកគាត់ធ្លាប់ជួបជាមួយនឹងបុគ្គលិកស្ថានទូតរុ៉ស្សី ។ តើវាមានបញ្ហាអ្វីដែរ គ្រាន់តែជួបជាមួយនឹងបុគ្គលិកការទូតនោះ? គ្មានបញ្ហាទេ ប្រសិនបើមន្ត្រីទូតនោះជាទូត ។ ប៉ុន្តែ បើទូតនោះជាភ្នាក់ងារសម្ងាត់ស្លៀកឯកសណ្ឋានជាទូត វាគឺជាបញ្ហាធំណាស់សម្រាប់មន្ត្រីអាមេរិកាំងណាដែលធ្លាប់ជួបនឹងទូតប្រភេទនេះ ។ រឿងដែលឈឺក្បាលបំផុតនោះគឺថា ភ្នាក់ងារសម្ងាត់មិនដែលប្រាប់នរណាម្នាក់ថាគេជាភ្នាក់ងារសម្ងាត់ទេ ។ មានតែក្រុមចារកិច្ចតែប៉ុណ្ណោះ ដែលដឹងថានរណាជានរណា ។ ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតី គាត់ហាក់ដូចជាបាននិងកំពុងបង្កើតបញ្ហាច្រើនជាងដំណោះស្រាយ ។ បញ្ហាដ៏ធំបំផុតគឺរឿងរុ៉ស្សីលូកដៃកកូរកកាយនៅអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ។ គ្មានអ្នកណាដឹងថាមានមនុស្សស្និទ្ធនឹងលោកត្រាំប៉ុន្មាននាក់ពាក់ព័ន្ធដោយផ្ទាល់ក្តី ដោយប្រយោលក្តីនៅក្នុងរឿងនេះទេ លើកលែងតែភ្នាក់ងារសម្ងាត់របស់អាមេរិកតែប៉ុណ្ណោះ ដែលអាចដឹង ។ កាលពីថ្ងៃទី២០ ខែមិនា កន្លងទៅនេះ ប្រធានក្រសួងសើុបអង្កេត អែហ្វប៊ីអាយ (FBI, Federal Bureau of Investigation)បានប្រាប់គណកម្មាធិការសភាសហរដ្ឋអាមេរិកថាករណីរ៉ុស្សីលូកដៃក្នុងយុទ្ធនាការបោះឆ្នោតកំពុងត្រូវបានសើុបអង្កេត ។ ដូច្នេះ សាច់រឿងសំខាន់អាចនឹងត្រូវបានលាតត្រដាងនៅពេលខាងមុខ ប្រសិនបើមានការប្រព្រឹត្តិខុសច្បាប់កើតឡើង ។ កាលពីឆ្នាំ ១៩៧៣ មានរឿងប្រហាក់ប្រហែលគ្នានេះកើតឡើងនៅក្នុងសណ្ឋាគារ វ៉ធឺហ្គេក (Watergate) ដែលនាំទៅដល់ការលាលែងពីតំណែងរបស់លោកប្រធានាធិបតី នីច សុន ។ តើអ្វីដែលកើតឡើងនៅក្នុងអាគារត្រាំ (Trump Tower) អាចនាំទៅដល់ការលាលែងពីតំណែងរបស់លោកត្រាំដែរឬទេ? ចម្លើយគឺស្ថិតនៅត្រង់ថាតើមានការប្រព្រឹត្តិល្មើសនឹងច្បាប់រដ្ឋដែរឬយ៉ាងណា ។ ប្រសិនបើមាន នោះវាជាអាសន្នធំសម្រាប់លោកត្រាំហើយ ព្រោះថាវាពាក់ព័ន្ធជាមួយនឹងប្រទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិក (Adversary) ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកចែងថា៖ ពលរដ្ឋណាដែលផ្តល់ជំនួយ ឬចូលរួមជាមួយសត្រូវដើម្បីបំផ្លាញសហរដ្ឋអាមេរិក គឺជាជនក្បត់ជាតិ ។ តើការរុកគួនបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក អាចចាត់ទុកថាជាការបំផ្លាញសហរដ្ឋអាមេរិកដែរឬទេ ? សំណួរនេះ មានតែស្ថាប័នសភារបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលអាចផ្តល់ចម្លើយដ៏ត្រឹមត្រូវបាន ។ នៅក្នុងប្រព័ន្ធអភិបាលកិច្ចសហរដ្ឋអាមេរិក ការដាក់ទោសទណ្ឌឬក៏ដកតំណែងចេញពីប្រធានាធិបតី ឬមន្ត្រីធំណាម្នាក់ គឺអាចធ្វើទៅបានតាមរយៈការកាត់ទោសម៉្យាងដែលភាសាអង់គ្លេសហៅថា៖ អ៊ីមភីជមិន (Impeachment) ។ សមាជិករដ្ឋសភានិងព្រឹទ្ធសភាជាអ្នកធ្វើកិច្ចការនេះ ដោយមានប្រធានតុលាការកំពូលជាអ្នកត្រួតពិនិត្យ ។ ទោសធំៗពីរដែលអាចឈានដល់ការកាត់ទោស អ៊ីមភីចមិននោះ គឺ ក្បត់ជាតិ និង អំពើពុករលួយ ។ កាលលោក ប៊ីល ក្លីនតុន កាន់តំណែងជាប្រធានាធិបតីគាត់ត្រូវបានគេកាត់ទោស អ៊ីមភីជមិន ដោយសាររឿងមានស្រីញី ប៉ុន្តែ មិនត្រូវបានផ្តន្ទាទោសទេ ។ នេះសឲ្យឃើញថា តំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក មិនមែនជាកន្លែងលេងសើចឡើយ ។ កំហុសតូចតាចក៏អាចនាំទៅរកសេចក្តីវិនាសបានដែរ ៕

Friday, March 24, 2017

ចំណីខួរក្បាល

កំហុសរបស់ ដូណាល់ ត្រាំ មកដល់ពេលនេះ វាមានរយៈពេលជាងពីរខែហើយចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ។ ប៉ុន្តែ គាត់ហាក់ដូចជាមិនអាចធ្វើកិច្ចការអ្វីមួយឲ្យចេញជាដំុកំភួននៅឡើយ ។ អ្វីៗដែលគាត់ចង់និងកំពុងធ្វើហាក់ដូចជាជាប់ក្តៀនដូចអាចមន៍ក្នុងក្តិត ។ រឿងជនអន្តោប្រវេសន៍ខុសច្បាប់ ចេញប្រតិបត្តិការណ៍មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ត្រូវផ្អាកទៅវិញដោយសារប្រតិកម្មរបស់ពលរដ្ឋ ។ ឯរឿងធ្វើច្បាប់ធានារ៉ាប់រងសុខភាពរបស់ពលរដ្ឋសារជាថ្មីនោះ ក៏ជួបបញ្ហារាប់មិនអស់ ។ លើសនេះទៅទៀត រឿងមន្ត្រីជំនិតរបស់គាត់ពាក់ព័ន្ធជាមួយនឹងការលូកដៃរបស់ភ្នាក់ងាររ៉ុស្សីនៅអំឡុងពេលយុទ្ធនាការបោះឆ្នោតនោះ ក៏កំពុងតែទាក់ទាញចំណាប់អារម្មណ៍ណាស់ដែរ ។ នៅពេលបញ្ហាស្មុគស្មាញកើនកាន់ច្រើន គាត់ស្រាប់តែគិតពីរឿងធ្វើយុទ្ធនាការស្វែងរកការគាំទ្រដើម្បីឈរឈ្មោះបោះឆ្នោតសម្រាប់អាណតិទីពីរទៅវិញ ។ ឱ! ម៉ែអាថ្លែនអើយ! ម៉ែឪអាណាឃោសនារកសម្លេងឆ្នោតបួន(៤)ឆ្នាំមុនពេលបោះឆ្នោតមកដល់នោះ ។ ទម្រាំដល់ពេលបោះឆ្នោត អ្នកបោះឆ្នោតភ្លេចសារនយោបាយគាត់អស់ទៅហើយ ។ លោកត្រាំជាអ្នកជំនួញដ៏ឈ្លាសវៃម្នាក់ ។ ប៉ុន្តែ គាត់ហាក់ដូចជាមិនសូវឆ្លាតនៅក្នុងការធ្វើជំនួញនយោបាយសោះ ។ ចំណុចខ្សោយដ៏ធំរបស់គាត់គឺសេចក្តីប្រមាទ ។ សុភាសិតចិនមួយឃ្លាពោលថា៖ ស្គាល់គេ ស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់ (Know yourself, know your enemies; a hundred battles, a hundred victories) ។ ផ្អែកលើចំណុចនេះ លោកត្រាំគាត់ស្គាល់ខ្លួនឯងច្បាស់ណាស់ ប៉ុន្តែ គាត់មិនខ្វល់នឹងស្វែងយល់អំពីសត្រូវរបស់គាត់ទេ ។ សត្រូវធំបំផុតរបស់គាត់គឺប្រព័ន្ធផ្សព្វផ្សាយ ។ អ្នកណាក៏ដឹងដែរថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាប្រព័ន្ធសេរី គ្មានការគ្រប់គ្រងឬរិតត្បិត ។ អ្នកធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសេរីនេះ មិនខុសអ្វីពីឆ្កែប្រមាញ់នោះទេ ។ ពេលមានអ្វីមួយទាក់អារម្មណ៍សាធារណៈ ពួកគេនឹងស្វះស្វែងគាស់កកាយយកមកផ្សព្វផ្សាយមិនឈប់ឈរឡើយ ។ ដូច្នេះ នៅពេលដែលលោកត្រាំស្រែកប្រកាសពត៌មានរសើបណាមួយថាជាពត៌មានមិនពិត (Fake News) វាមិនខុសអ្វីពីបង្អៅឆ្កែឲ្យដេញខាំសត្វនោះទេ ព្រោះថាគេត្រូវបញ្ជាក់ឲ្យច្បាស់ថា ពត៌មានមិនពិតនោះ គឺមិនពិត ពិតមែន ។ ជាគោលការវិជ្ជាជីវៈ អ្នកសាពត៌មាន រមែងស្វែងរកការពិត ។ ដូច្នេះ សម្តីប្រធានាធិបតីដែលល្បីខាងរិះគន់ពត៌មានថាមិនពិតនោះ ក៏ត្រូវបានគេគាស់កកាយស្វែងរកការពិតដូចគ្នា ។ ជាក់ស្តែង នៅពេលលោក ត្រាំ ប្រកាសថា អាតីតប្រធានាធិបតី បារាក់ អូបាមា បានបញ្ជាឲ្យភ្នាក់ងារសម្ងាត់លួចស្តាប់ទូរសព្ទនៅក្នុងការិយាល័យរបស់គាត់នោះ វាត្រូវបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយរបស់ប្រព័ន្ធផ្សព្វផ្សាយ ។ ឥឡូវនេះ ពត៌មានពិតដែលចេញពីមាត់របស់ប្រធានាធិបតី ត្រាំនោះ ត្រូវបានគេបញ្ជាក់ជាក់លាក់ហើយ៖ វាជាពត៌មានមិនពិត ពិតមែន ។ The Truth matters, Mr. President. ប្រព័ន្ធសាពត៌មានរបស់សហរដ្ឋអាមេរិកជាស្តេច មិនអាចនរណាប្រមាទបានឡើយ ។ សូម្បីប្រធានាធិបតីក៏មិនអាចដែរ ។ សង្ឃឹមថាលោកត្រាំយល់អំពីចំណុចនេះ ហើយអាចរកមធ្យោបាយប្រើប្រព័ន្ធផ្សព្វផ្សាយដើម្បីបម្រើផលប្រយោជន៍នយោបាយ ជាជាងបំផ្លាញគោលនយោបាយ ឬជីវិតនយោបាយរបស់គាត់ ៕

Thursday, February 16, 2017

ចំណីខួរក្បាល

បំណុលកខ្វក់ កាលពីទសវត្សឆ្នាំ ១៩៧០ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លន់ ណុល បានខ្ចីប្រាក់ពីសហរដ្ឋអាមេរិកចំនួន ២០០លានដុល្លារ ។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបន្តបន្ទាប់ចាប់ពីពេលនោះមកដល់ឥឡូវមិនអើពើសងបំណុលនោះទេ ដោយយកលេសថា ជាបំណុលកខ្វក់ ព្រោះសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលលោក លន់ ណុល ពេលនោះជាសម្ព័ន្ធមិត្តនឹងគ្នា ។ ឥឡូវនេះ បំណុលនោះបានកើនឡើងដល់ ៥០០លានដុល្លារហើយ ដោយសារការប្រាក់ ។ ខ្ញុំមិនមែនជាអ្នកជំនាញខាងបំណុលពិភពលោកទេ ប៉ុន្តែខ្ញុំដឹងថានៅក្នុងកែវភ្នែកម្ចាស់បំណុល គ្មានបំណុលណាដែលកខ្វក់ទេ ។ កូនបំណុលចាំបាច់ត្រូវតែសងប្រាក់កម្ចី ទោះបីជាកូនបំណុលស្លាប់ទៅហើយក្តី ក៏អ្នកស្នងមរតកកូនបំណុលត្រូវទទួលបន្ទុកសងបន្តដែរ ។ បញ្ជាក់៖ បំណុលអត់ស្លាប់តាមកូនបំណុលទេ លើកលែងតែកូនបំណុលគ្មានអ្នកស្នងមរតក ។ សព្វថ្ងៃ ប្រព័ន្ធធនាគារផ្តល់ប្រាក់កម្ចីខ្នាតតូច ដែលគេហៅថា Micro-Finance Institute (MFI) កំពុងរីកលូតលាស់ដូចផ្សិតនៅក្នុងប្រទេសកម្ពុជា ។ ពលរដ្ឋខ្មែរដែលរស់នៅតាមទីជនបទនានាជាច្រើនប្រើសេវាប្រាក់កម្ចីខ្នាតតូចនេះ ហើយពួកគាត់សុទ្ធតែដឹងថា ដើម្បីខ្ចីប្រាក់ពីធនាគារបាន គាត់ចាំបាច់ត្រូវមានទ្រព្យសម្បត្តិធានា ដែលភាសាអង់គ្លេសហៅថា កូឡេតូរ៉ល (Collateral) ដាក់បញ្ចាំ ។ នៅក្នុងករណីកូនបំណុលមិនសងបំណុលតាមកិច្ចសន្យា មេបំណុលមានសិទ្ធិរឹបអូសយកទ្រព្យសម្បត្តិធានារបស់កូនបំណុល ។ នៅក្នុងការខ្ចីបុលរវាងប្រទេសមួយទៅប្រទេសមួយ គេក៏ធ្វើលក្ខន្តិក ឬក៏ដើរតាមច្បាប់ទម្លាប់ស្រដៀងគ្នាដែរ ។ ថ្នាក់ដឹកនាំឬប្រមុខរដ្ឋាភិបាលដែលទៅខ្ចីបុលប្រាក់ពីប្រទេសដទៃគឺត្រូវយកប្រទេសឬធនធានធម្មជាតិ ឬក៏សក្តានុពលកំណើនសេដ្ឋកិច្ចនៅថ្ងៃអនាគត ទៅដាក់ជាកូឡេតូរ៉ល ។ បន្ទាប់ពីបំណុលនោះដល់រយៈពេលត្រូវសងគេវិញ ពលរដ្ឋទាំងអស់រួមទាំងអ្នកចុះហត្ថលេខាខ្ចីប្រាក់នោះផង ត្រូវប្រមូលប្រាក់ដែលបានមកពីការបង់ពន្ធដារនិងជំនួញនានាទៅសងគេបន្តិចម្តងៗ (ទាំងការទាំងដើម) រហូតដល់ផុតជំពាក់ទើបរួចខ្លួន ។ បើមិនដូច្នោះទេ ម្ចាស់បំណុលនឹងតាមទារបំណុលនោះតកូនតចៅ ។ ការមិនអើពើសងបំណុលអាមេរិក ដោយទុកឲ្យបំណុលនេះកើនឡើងស្ទើរ៣ដងនៃប្រាក់កម្ចីនោះ គឺជាទង្វើខ្វះការទទួលខុសត្រូវ និងគ្មានមោទកភាពទាល់តែសោះ ។ ទី ១ កម្ពុជាខាតការប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ទី ២ កិត្តិយសប្រទេសកម្ពុជានឹងស្ថិតនៅក្នុងភាពអវិជ្ជមានពាក់ព័ន្ធការខ្ចីបុលប្រាក់កាក់ ។ ទី ៣ វាជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ ។ ឧទាហរណ៍ ១០ឬ២០ឆ្នាំទៅមុខទៀត តើរដ្ឋាភិបាលកម្ពុជាអាចបដិសេធសងបំណុលចិនដែរឬទេ ដោយយកលេសថាជាបំណុលកខ្វក់ ព្រោះរដ្ឋាភិបាលកម្ពុជាដែលបានខ្ចីប្រាក់ពីប្រទេសចិនមកនោះ ជារដ្ឋាភិបាលពុករលួយ ។ រដ្ឋភិបាលកម្ពុជាមិនគួរទុកឲ្យបំណុលអាមេរិកកើនឡើងបន្តទៅទៀតទេ ទោះបីបំណុលនោះកខ្វក់ក៏ដោយ ព្រោះថាអ្នកដែលខាតធំនោះ គឺពលរដ្ឋខ្មែរមិនមែនអាមេរិកទេ ។ មិនដឹងថា ថ្នាក់ដឹកនាំខ្មែរដែលស្រែកទទូចកោកៗអោយអាមេរិកលុបបំណុលនោះ យល់អំពីការគ្រប់គ្រងថវិការបស់សហរដ្ឋអាមេរិកដែរឬទេ ។ សហរដ្ឋអាមេរិកក៏ដូចជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យដទៃទៀតដែរ ។ ការគ្រប់គ្រងថវិការ រួមទាំងការផ្តល់ជំនួយ ផ្តល់កម្ចី ឬលុបបំណុលដល់ប្រទេសដទៃគឺស្ថិតនៅក្នុងស្ថាប័នរដ្ឋសភា ឬព្រឹទ្ធសភា ។ ប្រធានាធិបតី ឬប្រមុខរដ្ឋអាមេរិក គ្មានសិទ្ធិចាត់ចែងកិច្ចការនេះទេ ។ ដើម្បីលុបបំណុលចេញពីប្រទេសណាមួយ ប្រមុខឬដំណាងរដ្ឋាភិបាលត្រូវដាក់សំណើរទៅព្រឹទ្ធសភាដើម្បីពិនិត្យពិចារណា ។ លក្ខខណ្ឌលុបបំណុលគឺមានតែមួយគត់៖ កូនបំណុលគ្មានលទ្ធភាពនឹងសង ឬនិយាយឲ្យងាយយល់ ប្រទេសកូនបំណុលកំពុងតែស្ថិតនៅក្នុងកល្បយុគ (Fail or Bankcrupt State) ។ សម្រាប់ប្រទេសកម្ពុជាដែលមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំនោះ គ្មានផ្លូវដែលព្រឹទ្ធសភាអាមេរិកពិចារណារឿងលុបបំណុលកខ្វក់នោះចោលទេ ។ ទាក់ទិននឹងបំណុលដែលសល់ពីទសវត្សរ៍ឆ្នាំ ១៩៧០នោះ រដ្ឋាភិបាលកម្ពុជាអាចដាក់សំណើរដោយផ្ទាល់ ឬតាមរយៈស្ថានទូតអាមេរិកនៅស្រុកខ្មែរទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយដោយឈរលើគោលនយោបាយឈ្នះៗបាន ។ កម្ពុជាអាចស្នើទៅសហរដ្ឋអាមេរិកដើម្បីបង្កើតមូលនិធិអប់រំមួយស្រដៀងគ្នានឹងមូលនិធិអប់រំវៀតណាម (Vietnam Education Foundation, VEF) ។ មិនដឹងថា VEF ជាកិច្ចសហប្រតិបត្តិការរវាប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកដើម្បីកំចាត់បំណុលកខ្វក់ដែលសល់ពីអតីតប្រទេសវៀណាមខាងត្បួងឬយ៉ាងណាទេ ប៉ុន្តែ កម្ពុជាអាចយកគំរូនេះមកដោះស្រាយបញ្ហាបំណុលកខ្វក់របស់ខ្លួនបាន ។ បើតាមតួលេខចេញពី VEF និស្សិតវៀតណាមជិត ១០០០នាក់ ត្រូវបានទទួលយកមកសិក្សានៅសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ។ អ្វីដែលកម្ពុជាអាចធ្វើគឺចរចាកិច្ចព្រមព្រៀងមួយ ដើម្បីសងបំណុលកខ្វក់នោះទៅសហរដ្ឋអាមេរិកវិញ ដោយស្នើសុំពាក់កណ្តាល ឬក៏2/3នៃទឹកប្រាក់បំណុលនោះតំកល់ទុកនៅក្នុងរតនាគារអាមេរិកសម្រាប់ផ្តល់ជាអាហារូបករណ៍ដល់និស្សិតខ្មែរមកសិក្សាថ្នាក់បរិញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ។ ធ្វើដូច្នេះ ទាំងកម្ពុជា ទាំងសហរដ្ឋអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ។ ហើយបញ្ហាបំណុលកខ្វក់ក៏នឹងត្រូវបានលុបបំបាត់ចោលដែរ ។ នេះគ្រាន់តែជាគំនិតសាមញ្ញរបស់ខ្ញុំ ៕

Monday, February 6, 2017

ចំណីខួរក្បាល

វិបត្តិកូនស្រឡាញ់ម្តាយ (Oedipus Complex) កាលសិក្សាចិត្តវិទ្យានៅសាកលវិទ្យាល័យ មានមេរៀនមួយពាក់ព័ន្ធនឹងការចម្រើនវ័យរបស់កុមារដែលខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនៅត្រង់ចំណុចមួយដែលភាសាអង់គ្លេសហៅថា អេឌីបុឺស ខំផ្លិច (Oedipus Complex) ។ សារសំខាន់នៃចំណុចនេះគឺស្ថិតត្រង់ថា កុមារាដែលមានវ័យចន្លោះពី ៣ទៅ៦ឆ្នាំ តែងតែមានចិត្តស្រឡាញ់ស្ត្រីដែលនៅក្បែរខ្លួន ជាពិសេសគឺម្តាយរបស់វា ប្រៀបដួចជាមនុស្សប្រុសស្រឡាញ់ភរិយាដូច្នោះដែរ ។ មូលហេតុដែលខ្ញុំចាប់អារម្មណ៍នឹងចំណុចមួយនេះ ព្រោះថាកាលខ្ញុំនៅវ័យកុមារ ខ្ញុំធ្លាប់បានឆ្លងកាត់បទពិសោធនេះ ។ មុននឹងខ្ញុំរៀបរាប់ពិស្តារអំពីវិបត្តិកូនស្រឡាញ់ម្តាយ ខ្ញុំសូមបើករង្វង់ក្រចករៀបរាប់អំពីសាវតាររបស់ អេឌីបុឺស បន្តិច ។ អេឌីបុឺស គឺជាតួឯកនៅក្នុងរឿងល្ខោនសោកនាដកម្មមួយរបស់ជនជាតិក្រិចដែលមានចំណងជើងថា៖ Oedipus The King. រឿងនោះដំណាលដោយសង្ខេបដូច្នេះថា៖ មហេសីរបស់ស្តេចក្រុង សុីប្ស (Thebes) ប្រសូត្របានបុត្រាមួយអង្គ ។ ពេលនោះព្រះរាជបិតាបានហៅហោរាប្រចាំរាជវាំងឲ្យមកទស្សទាយអំពីជោគជាតារបស់បុត្រានោះ ។ ហោរាបានទូលព្រះអង្គថា៖ នៅពេលដែលរាជបុត្រាធំពេញវ័យ ទ្រង់នឹងក្លាយជាឃាតករសម្លាប់បិតាឯង និងយកមាតាខ្លួនឯងធ្វើជាព្រះជាយា ។ បន្ទាប់ពីឮហោរាទូលដូច្នោះ ស្តេចក្រុង សុីប្ស ក៏សម្រេចសម្លាប់បុត្រាចង្រៃនោះចោល ដោយប្រាប់ព្រះជាយាឲ្យយកស្នៀតសក់ចាក់សម្លាប់ ។ ដោយសារមិនដាច់ចិត្តផ្តាច់ជីវិតបុត្រដោយផ្ទាល់ដៃ ព្រះជាយាក៏បញ្ជាឲ្យភីលៀងម្នាក់ធ្វើកិច្ចការនោះ ។ ភីលៀងក៏មិនដាច់ចិត្តសម្លាប់រាជបុត្រានោះដែរ ។ គាត់បានយកកំណាត់មកចងរុំជើងរាជបុត្រានោះ រួយហើយក៏យកទៅផ្លុងចោលនៅចង្កេះភ្នំដើម្បីទុកឲ្យចចកសុីជាអាហារ ។ ហេតុតែសំណាង (ល្អឬអាក្រក់) មានគង្វាលចៀមម្នាក់បានប្រទះរាជបុត្រាទារកនោះ ហើយក៏រើសយកទារកនោះទៅថ្វាយព្រះរាជាក្រុង ខូរិន្ស (Corinth) ដែលជាក្សត្យខ្សត់បុត្រ ។ ព្រះរាជាក្រុងខូរិន្ស បានចិញ្ចឹមបីបាច់ទារកនោះដូចបុត្រាបង្កើត ហើយដាក់ព្រះនាមឲ្យថា អេឌីបុឺស ។ លុះអេឌីបុឺសធំពេញវ័យ ទ្រង់បានហៅហោរាក្នុងវាំងមកទស្សទាយអំពីជោគជាតារាសីរបស់ទ្រង់ ។ រាជគ្រូនៅក្រុង ខូរិន្ស បានទូលអំពីជោគវាសនារបស់ទ្រង់ ដូចដែលហោរានៅក្រុង សុីប្ស ទូលប្រាប់ព្រះបិតាបង្កើតរបស់ទ្រង់ដែរ ។ បន្ទាប់ពីដឹងថាខ្លួននឹងក្លាយជាឃាតករសម្លាប់បិតាឯង និងយកមាតាឯងជាព្រះជាយា អេឌីបុឺសក៏សម្រេចចិត្តនិរទេសខ្លួនចេញឲ្យឆ្ងាយពីក្រុង ខូរិន្ស ។ អេឌីបុឺសមិនដឹងថា ព្រះរាជានិងជាយាក្រុង ខូរិន្ស ជាព្រះបិតាមាតាចិញ្ចឹមរបស់ទ្រង់ទេ ។ នៅក្នុងដំណើរនិរទេសនោះ អេឌីបុឺសបានជួបនឹងអ្នកដំណើរមួយក្រុមនាផ្លូវកែងមួយ ។ ពេលនោះគាត់មានជម្លោះនឹងក្រុមអ្នកដំណើរទាំងនោះ ដោយហេតុតែពួកគេចង់ឲ្យទ្រង់ជៀសឲ្យឆ្ងាយពីផ្លូវ ។ អេឌីបុឺស គិតថាទ្រង់ជារាជបុត្ររបស់ស្តេចក្រុង ខូរិន្ស ដូច្នេះមិនគួរដាក់ខ្លួនឲ្យក្រុមអ្នកដំណើរទាំងនោះមាក់ងាយទេ ។ ទ្រង់បានប្រឈមជាមួយនឹងអ្នកដំណើរទាំងនោះរហូតដល់មានការប្រយុទ្ធគ្នា ។ អេឌីបុឺសបានសម្លាប់ពួកអ្នកដំណើរមានភ្នែកអត់ប្រស្រីទាំងនោះអស់ លើកលែកតែម្នាក់ដែលរត់គេចខ្លួនរួច ។ ទ្រង់មិនដឹងថា មនុស្សដែលទ្រង់ទើបនឹងសម្លាប់នាផ្លូវកែងនោះ ជាព្រះបិតាបង្កើតនិងអមាត្យដែលដង្ហែព្រះបិតាទ្រង់នោះទេ ។ ហេតុតែកម្មតាមផ្តន្ទា អេឌីបុឺសក៏បន្តដំណើរនិរទេសរបស់ទ្រង់រហូតទៅដល់ទីក្រុង សុីប្ស ដែលជាទឹកដីកំណើតរបស់ទ្រង់ ។ ពេលទៅដល់ទីក្រុង សុីប្ស អេឌីបុឺស បានចូលទៅដោះប្រស្នានៅក្នុងវាំងដែលគ្មាននរណាដោះរួចអស់រយៈពេលរាប់សិបឆ្នាំមកហើយ ។ ប្រស្នានោះសរសេរថា៖ តើសត្វអ្វីដែលពេលព្រឹកដើរជើងបួន ពេលថ្ងៃដើរជើងពីរ និងពេលល្ងាចដើរជើងបី ។ អេឌីបុឺសបកស្រាយថា៖ សត្វនោះគឺ មនុស្ស ។ បន្ទាប់ពីអេឌីបុឺសដោះប្រស្នាបានជោគជ័យ នាមុឺនសព្វមុខមន្ត្រីនៅក្រុងសុីប្ស ក៏សម្រេចលើកឲ្យទ្រង់ឡើងសោយរាជ ព្រមទាំងរៀបអភិសេកទ្រង់ជាមួយនឹងព្រះជាយានៃអតីតព្រះមហាក្សត្យ ។ មិនមាននរណាម្នាក់ដឹងថា អេឌីបុឺស កំពុងយកមាតាបង្កើរបស់ទ្រង់ធ្វើជាព្រះជាយាទេ លើកលែងតែអមាត្យម្នាក់ដែលរត់រួចពីការកាប់សម្លាប់របស់អេឌីបុឺសនៅផ្លូវកែងតែបុ៉ណ្ណោះ ដែលដឹងថាទ្រង់ជាអ្នកសម្លាប់អតីតព្រះមហាក្សត្យ ។ អមាត្យនោះបានគេចខ្លួនទៅរស់នៅនិងធ្វើជាអ្នកគង្វៀលចៀមឆ្ងាយអំពីរាជវាំង ។ ដំណឹងអំពីអេឌីបុឺសបានក្លាយជាព្រះមហាក្សត្យក្រុង សុីប្ស បានលេចឮដល់ក្រុងខូរិន្ស ចំពេលដែលព្រះមហាក្សត្យក្រុងខូរិន្សទទួលអនិច្ចកម្ម ។ ក្រុងខូរីន្សបានចាត់ឲ្យអ្នកនាំសារម្នាក់នាំដំណឹងមកថ្វាយអេឌីបុឺស ។ អេឌីបុឺសត្រេកអរណាស់បន្ទាប់ពីបានទទួលដំណឹងមរណភាពនោះ ព្រោះថាគាត់បានគេចរួចពីគ្រោះបាបកម្មដ៏ធំមួយហើយ ។ អេឌីបុឺសបានរួមរស់ជាមួយនឹងព្រះជាយា (ព្រះមាតា) រហូតមានបុត្រាបុត្រីបួនអង្គ ។ ប៉ុន្តែ ចាប់តាំងពីថ្ងៃភពប្រសព្វគ្នាមក ព្រះមាតារបស់អេឌីបុឺសមានអារម្មណ៍ថា មានភាពមិនប្រក្រតីនៅក្នុងជីវិត ។ ទាំងអស់គ្នាក៏សម្រេចចិត្តកោះហៅហោរាប្រចាំរាជវាំងមកទស្សទាយមើលថាតើមានអ្វីទាស់ខុស ។ ហោរាមិននិយាយអ្វីទាំងអស់ ព្រោះមើលឃើញថាអ្វីដែលគាត់បានទាយពីមុនកំពុងតែស្តែងចេញមក ។ ពេលនោះ ការសើុបអង្កេតស្វែងរកការពិតត្រូវបានធ្វើឡើង ។ មហាក្សត្រីបានកោះហៅភីលៀងមកសួរថាតើបានសម្លាប់ទារកដែលទ្រង់ឲ្យយកទៅសម្លាប់នោះដែរឬទេ ។ ភីលៀងទូលប្រាប់ទ្រង៉ពីអ្វីដែលគាត់បានធ្វើ ។ អេឌីបុឺសបានឲ្យព្រះជាយារៀបរាប់អំពីភិនភាគរបស់អតីតព្រះរាជា គឺមានភាពស្រដៀងគ្នាទៅនឹងបុរសម្នាក់ដែលទ្រង់បានសម្លាប់នៅផ្លូវកែង ។ ដើម្បីបញ្ជាក់ឲ្យរឹតតែច្បាស់ព្រះមហាក្សត្រីក៏ឲ្យគេទៅកោះហៅអមាត្យម្នាក់ដែលនៅរស់មកសួរថាតើអេឌីបុឺសជាអ្នកសម្លាប់អតីតព្រះរាជានិងអមាត្យដទៃនៅផ្លូវកែងមែនឬទេ ។ អមាត្យឆ្លើយថាមែន ។ នៅចុងបញ្ចប់ អេឌីបុឺសបានបញ្ជូនរាជទូតមួយរូបទៅក្រុង ខូរីន្ស ដើម្បីសួរព្រះមាតាថាតើទ្រង់ជាបុត្របង្កើត ឬបុត្រចិញ្ចឹម ។ រាជទូតត្រឡប់មកវិញហើយទូលថា ទ្រង់ជាបុត្រចិញ្ចឹមនិងជាទារកមានកំណាត់រុំជើងទាំងទ្វេដែលអ្នកគង្វាលចៀមម្នាក់រើសយកមកថ្វាយ ។ គ្រាន់តែដំណឹងនោះមកដល់ រាជវាំងទាំងមូលស្ថិតក្នុងភាពក្រឡាប់ចក្រ ។ ព្រះមាតារបស់អេឌីបុឺសបានរត់ចូលទៅក្នុងក្រឡាបន្ទំហើយចងកសម្លាប់ខ្លួននៅទីនោះ ។ ពេលអេឌីបុឺសចូលមកដល់ ទ្រង់បានដកស្នៀតសក់ចេញពីព្រះកេសាសពព្រះមាតាយកមកចាក់កែវភ្នែករបស់ទ្រង់ឲ្យខ្វាក់ទាំងសងខាង ។ ចប់ត្រឹមនេះនិងសូមបង្វែមកនិយាយអំពីវិបត្តិកូនស្រឡាញ់ម្តាយវិញម្តង ។ ខ្ញុំនៅចាំបានថា កាលខ្ញុំមានអាយុប្រមាណជា ៥ឬ៦ឆ្នាំ ជីដូនខ្ញុំបាននាំខ្ញុំទៅសួរសុខទុក្ខនិងស្នាក់នៅជាមួយម្តាយធំខ្ញុំម្នាក់ឈ្មោះអ៊ំសុខ នៅកោះសូទិនប្រមាណជា៦ខែ ។ អ៊ំសុខគាត់មានកូនចិញ្ចឹមស្រីក្រមុំម្នាក់អាយុប្រហែល ២៥ឆ្នាំ ។ គឺកូនចិញ្ចឹមអ៊ំសុខនោះហើយដែលខ្ញុំបាក់ចិត្តស្រឡាញ់បាត់មុខមិនបាន ។ រៀងរាល់ថ្ងៃខ្ញុំតែងតែទៅអង្គុយមើលគាត់ត្បាញក្រមារនៅក្រោមផ្ទះមិនដែលខានឡើយ ។ អ្នកណាចង់បបួលខ្ញុំទៅណាក៏ខ្ញុំមិនទៅដែរ ។ ពេលគាត់ហៅខ្ញុំឲ្យអង្គុយក្បែរគាត់នៅលើកីតម្បាញម្តងៗ ខ្ញុំអរដូចបានឡើងឋានសួគ៌អញ្ចឹង ។ នៅអំឡុងពេលដែលខ្ញុំមានអាយុ ៣ទៅ៥ឆ្នាំ ខ្ញុំប្រហែលជាស្រឡាញ់ម្តាយខ្ញុំដូចដែលអ្នកស្រាវជ្រាវរកឃើញនោះដែរ ប៉ុន្តែខ្ញុំមិនអាចដឹងបានទេ ព្រោះនៅក្មេងមិនទាន់ដឹងក្តី ។ អ្វីដែលខ្ញុំនៅចងចាំរហូតដល់សព្វថ្ងៃគឺការលួចស្រឡាញ់កូនចិញ្ចឹមរបស់អ៊ំសុខនេះឯង ។ វិបត្តិស្រឡាញ់ម្តាយឯងគឺជាបញ្ហាមួយដែលក្មេងប្រុសអាយុ ៣ទៅ៦ឆ្នាំគ្រប់ៗរូបប្រឈម ។ បញ្ហានេះតម្រូវឲ្យឪពុកម្តាយជួយសម្របសម្រួលផងដែរដើម្បីលុបបំបាត់ផលវិបាកនានានៅក្នុងជីវិតនាពេលអនាគត ។ បើតាមការសិក្សារបស់លោក សុីកមុន ហ្វ្រយ (Sigmund Freud) ដែលជាអ្នកប្រាជ្ញចិត្តវិទ្យាអាល្លឺម៉ង់ដ៏ល្បីល្បាញនោះ ក្មេងប្រុសដែលរងផលប៉ះពាល់ពីវិបត្តិស្រឡាញ់ម្តាយឯងនេះ (Failing to find resolution) អាចក្លាយជា ១) មនុស្សស្រឡាញ់មនុស្សភេទដូចគ្នា និង ២) មនុស្សញាំញីដោយភាពលេលា (Neurotic) ឬក៏ មិនពូកែក្នុងការប្រស្រ័យទាក់ទងជាមួយមនុស្សនានានៅក្នុងសង្គម (Socially Inept) នៅពេលពួកគេចម្រើនវ័យ ។ សូមបញ្ជាក់ថា ភាពលេលា ដូចគ្នានឹងពិការញាណដែរ គឺកើតមានលើមនុស្សគ្រប់ៗរូប គ្រាន់តែតិចហើយនិងច្រើនតែប៉ុណ្ណោះ ។ អ្នកដែលញាំញីខ្លាំងដោយភាពលេលា អាចក្លាយជាមនុស្សចូលចិត្តប្រព្រឹត្តិអំពើអនាចារលើកុមារ ឬក៏ប្រព្រឹត្តិអំពើណាដែលសង្គមហាមឃាត់ ។ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាក៏ដូចជាជួយដោះស្រាយវិបត្តិស្រឡាញ់ម្តាយឯង ដល់ក្មេងប្រុសដែលកំពុងតែឆ្លងកាត់ដំណាក់កាលនេះ ឪពុកម្តាយ ជាពិសេសគឺម្តាយ គប្បីរក្សាភាពស្និទ្ធស្នាលជានិច្ច និងជៀសវាងកាយវិការណាដែលធ្វើឲ្យកូនយល់ថាម្តាយវាកំពុងតែបដិសេធសេចក្តីស្រឡាញ់របស់វា (Feeling rejected) ។ កុមារាដែលទទួលរងការបដិសេធពីម្តាយ គឺមិនខុសអ្វីពីក្មេងប្រុសកម្លោះដែលត្រូវបានស្រីដែលខ្លួនស្រឡាញ់ច្រានចោលនោះទេ ។ ឈឺចាប់ណាស់ គ្រាន់តែគ្នាមិនអាចនិយាយប្រាប់កើត ។ ចំណែកឪពុកក៏ដូច្នោះដែរ ។ ត្រូវរក្សាភាពស្និទ្ធស្នាលជានិច្ជ ទោះបីពេលខ្លះកូនប្រុសដែលស្ថិតនៅក្នុងដំណាក់កាលស្រឡាញ់ម្តាយឯងនេះ មិនចូលចិត្តនៅក្បែរឪពុកក៏ដោយ ។ នៅពេលដែលវាឆ្លងផុតដំណាក់កាលនេះ វានឹងចាប់ផ្តើមចងសម្ព័ន្ធភាពជាមួយនឹងឪពុកស្អិតរមួតបេះមិនចេញឡើយ ។ សូមបញ្ជាក់ថា កុមារីក៏ឆ្លងកាត់វិបត្តិស្រឡាញ់ឪពុកឯងដូចក្មេងប្រុសស្រឡាញ់ម្តាយឯងដែរ ។ គេហៅវិបត្តិនេះថា៖ អេឡិចត្រា ខំផ្លិច (Electra Complex) ។ អេឡិចត្រា ជាកូនស្រីរបស់ Agamemnon និង Clytamnestra ។ នាងសហការជាមួយនឹងបងប្រុសរបស់នាងសម្លាប់ម្តាយនិងឪពុកចុង ។ សុំទោស មិនអាចសរសេររឿងនេះទៀតទេ វែងណាស់ ។ សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងការលូតលាស់របស់កុមារ ខាងក្រោមនេះជាតារាងអាយុកាល(សន្មត់សន្និដ្ឋាន)ដែលយើងអាចសង្កេត៖ កុមារដែលចម្រើនវ័យពីអាយុ ១ខែទៅ១២ឆ្នាំ គឺត្រូវឆ្លងកាត់៥ដំណាក់កាលដែលភាសាអង់គ្លេសហៅថា (Oral(1), Anal(2), Phallic(3), Latent(4), and Genital(5) stages) ។ ដំណាក់កាលទីមួយអាយុពី ១ខែទៅជាង១ឆ្នាំ ត្រេកត្រអាលនឹងបៀមដៃនិងយកអ្វីៗដាក់ក្នុងមាត់ ។ ដំណាក់កាលទី២ អាយុជាង១ឆ្នាំទៅ៣ឆ្នាំ ត្រេកត្រអាលនឹងភាពននលគក ។ ដំណាក់កាលទី៣អាយុពី៣ទៅ៦ឆ្នាំ ត្រេកត្រអាលនឹងស្រឡាញ់ម្តាយឯង ។ ដំណាក់កាលទី៤អាយុពី៦ទៅ៩ឆ្នាំ ត្រេកត្រអាលនឹងចំណងមិត្តភាពជាមួយឪពុក ។ ដំណាក់កាលទី៥អាយុពី៩ទៅ១២ឆ្នាំ ចេះស្រឡាញ់ស្រីៗហើយពេលហ្នឹង ៕

Tuesday, January 10, 2017

ចំណីខួរក្បាល

ទម្លាប់ឆ្លងជំនាន់ កូនប្រុសខ្ញុំមានអាយុជិតបួនឆ្នាំហើយ ។ រៀងរាល់យប់ ប្រពន្ធខ្ញុំតែងតែច្រៀងបំពេរវាឲ្យគេងមិនដែលលស់ឡើង ។ ប៉ុន្តែ យូរៗម្តងអ្នកទាំងពីរមានជម្លោះនឹងគ្នានៅពេលដែលអ្នកច្រៀងនិងអ្នកស្តាប់ទាស់គ្នារឿងជ្រើសរើសបទចម្រៀង ។ ជួនកាលទំនាស់អ្នកទាំងពីរឈានដល់ការប្រើអំពើហឹង្សាដោយកាយវាចានិងចិត្ត ដែលតម្រូវឲ្យខ្ញុំចូលទៅធ្វើអន្តរាគមន៍ដើម្បីរំងាប់កំហឹងភាគីទាំងសងខាង ។ នៅពេលមានករណីបែបនេះកើតឡើងម្តងៗ ខ្ញុំតែងតែស្តីបន្ទោសប្រពន្ធខ្ញុំថា មិនចេះអត់ធ្មត់នឹងកូនក្មេងដែលមិនទាន់ដឹងក្តី ។ ជារឿយៗ ប្រពន្ធខ្ញុំតបមកខ្ញុំវិញថា៖ កាលគាត់នៅតូច ម្តាយគាត់ក៏វាយប្រដៅគាត់ដែរនៅពេលដែលគាត់ងុិកង៉ក់់ខុសរឿង ។ ឮសម្តីនេះ ខ្ញុំចង់តែទៅប្រឈមជាមួយនឹងម្តាយក្មេកខ្ញុំទេ ព្រោះចង់ប្រាប់គាត់ថាអ្វីដែលគាត់ធ្វើមកលើប្រពន្ធខ្ញុំកាលនាងនៅក្មេងនោះ ឥឡូវនេះកំពុងតែស្តែងចេញបន្តមកទៀតហើយ ។ ហើយនៅពេលដែលកូនយើង (ចៅគាត់) មានកូន វានឹងបន្តមរតកវាយប្រដៅកូននេះតទៅទៀត ។ ទម្លាប់ឆ្លងជំនាន់ គឺសំដៅលើទង្វើ ឬផ្នត់គំនិត ដែលស្តែងចេញមក (Manifest)ពីជំនាន់មួយទៅជំនាន់មួយទៀត ។ ខ្មែរយើងហៅទម្លាប់ឆ្លងជំនាន់ថា៖ ពូជ (ដូចដែលលោកតា ក្រមង៉ុយ បានសរសេរនៅក្នុងកំណាព្យអប់រំរបស់គាត់) ។ ប៉ុន្តែ បើតាមការស្រាវជ្រាវនៅបស្ចឹមប្រទេស ទម្លាប់ឆ្លងជំនាន់មិនមែនបណ្តាលមកពីពូជទេ គឺបណ្តាលមកពីឥទ្ធិពលដែលជះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ឧទាហរណ៍ កូនដែលរស់នៅក្នុងផ្ទះជាមួយឪពុកម្តាយចូលចិត្តហូបស្រា នៅពេលកូននោះធំឡើង វានឹងហូបស្រាដូចឪពុកម្តាយវាដែរ ។ ដូចគ្នាដែរ សិស្សដែលត្រូវបានគ្រូដាក់ទណ្ឌកម្មវាយនឹងរំពាត់នៅពេលពួកគេមានកំហុសក្នុងការសិក្សា សិស្សទាំងនោះនឹងបន្តទណ្ឌកម្មវាយនឹងរំពាត់នោះតទៅទៀតនៅពេលពួកគេក្លាយជាគ្រូ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ទម្លាប់ឆ្លងជំនាន់ មិនមែនបណ្តាលមកពីពូជពង្សវង្សត្រកូលអ្វីទេ គឺវាបណ្តាលមកពីឥទ្ធិពលអំពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ គេអាចកាត់បន្ថយ ឬបំបាត់ទន្លាប់អាក្រក់ៗបាន (ទម្លាប់ដែលនាំទុក្ខទោសដល់មនុស្សនិងសង្គម) ដោយបង្កើតច្បាប់ ឬយុទ្ធនាការអប់រំ ដូចជាហាមមិនឲ្យជក់បារីក្នុងអាគារសាធារណៈ ឬវាយប្រដៅកូនសិស្សនឹងរំពាត់ជាដើម ។ ទម្លាប់អាក្រក់ខ្លះមិនត្រឹមតែមិនធ្វើឲ្យមានការផ្លាស់ប្តូរចេញជាលទ្ធផលវិជ្ជមាននោះទេ វាថែមទាំងធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ឈឺចាប់យូរអង្វែងទៀតផង ។ ឧទាហរណ៍ កាលខ្ញុំរៀននៅបឋមសិក្សា លោកគ្រូម្នាក់នោះបានបញ្ជាឲ្យសិស្សគ្រប់រូបធ្វើរំពាត់ម្នាក់មួយយកមកសៀតនៅជំវិញជញ្ជាំងថ្នាក់ ។ រំពាត់ទាំងនោះគឺសម្រាប់វាយពួកយើងនៅពេលមានកំហុស ។ គាត់បានដាក់កំហិតមិនឲ្យសិស្សរបស់គាត់លេងបាញ់ឃ្លីឡើយ ។ ប៉ុន្តែ សាលាទាំងមូលមិនបានហាមសិស្សអំពីប្រការនោះឡើយ ។ ដូច្នេះ សិស្សទាំងអស់លេងបាញ់ឃ្លីតាមចិត្ត លើកលែងតែខ្ញុំនិងមិត្តរួមថ្នាក់តែប៉ុណ្ណោះ ។ ថ្ងៃមួយ ខ្ញុំភ្លេចខ្លួនទៅជួយរើសគ្រាប់ឃ្លីឲ្យសិស្សថ្នាក់ជិតខាង ក៏ស្រាប់តែមានគេទៅប្រាប់លោកគ្រូខ្ញុំថាខ្ញុំលេងបាញ់ឃ្លី ។ គាត់បានហៅខ្ញុំឲ្យទៅឈរនៅចំពោះមុខសិស្សទាំងអស់ហើយសួរសិស្សទាង់អស់គ្នាថា គួរវាយខ្ញុំប៉ុន្មានរំពាត់ ។ សិស្សខ្លះថា ២ ខ្លះថា ៣ ខ្លះថា ៥ ខ្លះថា ១០រំពាត់ ។ បន្ទាប់ពីធ្វើប្រជាមតិហើយ គាត់ក៏សម្រេចវាយខ្ញុំ ១០រំពាត់ ។ តាមពិត ប្រជាមតិនោះគាត់ធ្វើគ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ ចរិតគាត់ដូចម្តេចនោះពួកយើងយល់ពេកណាស់ ។ ខ្ញុំឲ្យគាត់វាយបាតដៃខ្ញុំម្ខាងប្រាំរំពាត់ ។ ខ្ញុំស្រក់ទឹកភ្នែកហើយឈឺចាប់ក្នុងចិត្តណាស់ មិនមែនដោយសារការប្រព្រឹត្តិខុសនោះទេ គឺដោយសារភាពអយុត្តិធម៌ដែលលោកគ្រូនោះបំពានមកលើសិទ្ធិសេរីភាពរបស់ពួកយើងដែលមានកម្មជាប់ឈ្មោះរៀនជាមួយគាត់ ។ បើសាលាទាំងមូលហាមសិស្សមិនឲ្យលេងបាញ់កូនឃ្លី ខ្ញុំមិនទោមនស្សទេ ប៉ុន្តែសាលាមិនបានហាមផង ហេតុអ្វីក៏លោកគ្រូនោះយកពួកយើងធ្វើជាចំណាប់ខ្មាំងដើម្បីធ្វើបាបតាមតែអំពើចិត្តគាត់ទៅវិញ ។ ជាលទ្ធផល ខ្ញុំក៏សម្រេចចិត្តលេងបាញ់ឃ្លីនៅផ្ទះជាមួយនឹងក្មេងជិតខាង ទោះបីជាខ្ញុំមិនសូវមានចំណង់ចំណូលចិត្តលេងបាញ់ឃ្លីក៏ដោយ ។ មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើដូច្នោះ ព្រោះចង់បញ្ជាក់ប្រាប់ខ្លួនឯងថា ទង្វើអយុត្តិធម៌របស់លោកគ្រូនោះ ដាច់ខាតត្រូវតែប្រឆាំង ទោះប្រឆាំងក្នុងរូបភាពលាក់កំបាំងក៏ដោយ ។ ជាមួយនឹងការប្រឆាំងលាក់កំបាំងនោះ ខ្ញុំមានអារម្មណ៍ថា សិទ្ធិសេរីភាពរបស់ខ្ញុំមិនត្រូវបានគេជាន់ឈ្លីទេ នៅពេលដែលខ្ញុំលេងបាញ់កូនឃ្លីម្តងៗ ។ សរុបសេចក្តីទៅ ផលវិបាកនៃទម្លាប់ឆ្លងជំនាន់ គឺអាចជះឥទ្ធិពលទ្វេគ្រោះដល់អ្នកដែលរងផលប៉ះពាល់៖ ទីមួយគឺធ្វើឲ្យអ្នកជំនាន់ក្រោយបន្តទម្លាប់អាក្រក់តទៅទៀត ។ ទីពីរគឺការគំរាម ឬប្រើអំពើហឹង្សាដោយកម្រោល មិនអាចស្វែងរកលទ្ធផលវិជ្ជមានបានទេ ៕

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...