Wednesday, October 11, 2017
ចំណីខួរក្បាល
តើគណបក្ខប្រជាជនកម្ពុជាអាចរុកគួនរំលាយបក្ខប្រឆាំង(សង្គ្រោះជាតិ)ដូចនៅ ថៃ ម៉ាឡេសុី និង សាំងហ្គាពួដែរឬទេ ?
មិនអាចទេ ឬក៏ អាច ប៉ុន្តែត្រូវរងគ្រោះខ្លួនឯងយ៉ាងដំណំផងដែរ ។
ភាពខុសគ្នារវាងកម្ពុជានិងប្រទេសទាំងបីដែលបានរៀបរាប់ខាងលើ គឺស្ថិតត្រង់ថា៖ កម្ពុជា ជាប្រទេសក្រ ពឹងលើអ្នកដទៃច្រើនជាងខ្លួនឯង (មិនទាន់មានម្ចាស់ការ) ឯប្រទេស ថៃ ម៉ាឡេសុី និង សាំងហ្គាពួ សុទ្ធសឹងតែជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ អាចរស់ដោយខ្លួនឯងបានយូរអង្វែងជាងខ្មែរ ។
ខ្មែរមានទំនាក់ទំនងទីផ្សារជំនួញអន្តរជាតិជាមួយនឹងប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ ។ ប្រទេសដែលមានទីផ្សារធំបំផុតសម្រាប់ខ្មែរ គឺសហគមន៍ អុឺរ៉ុប និង សហរដ្ឋអាមេរិក ។ ប្រទេសទាំងនេះជាប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ដែលតម្រូវឲ្យខ្មែរជ្រើសរើសរបបគ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យសេរីពហុបក្សដែរ ។ នៅពេលដែលសេរីពហុបក្សត្រូវបានអ្នកកាន់អំណាចនៅស្រុកខ្មែរជាន់ឈ្លី ប្រទេសហត្ថខីទាំងនោះច្បាស់ជាមិននៅស្ងៀមឲ្យកិត្តិយសគេ ធ្លាក់ចូលទៅក្នុងភក់ជ្រាំដោយសារខ្មែរនោះទេ ។
ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនរំលាយចោល ជំហានទីមួយដែលសហគមន៍អុឺរ៉ុបនិងអាមេរិកធ្វើ គឺបញ្ជូនអ្នកការទូតឲ្យមកប្រាប់អ្នកដឹកនាំខ្មែរថាគួរដើរទៅឆ្វេងឬទៅស្តាំ ។ នៅពេលបេសកកម្មនោះគ្មានផ្លែផ្កា ជំហានទីពីរគឺពហិការ ឬទណ្ឌកម្មសេដ្ឋកិច្ច ។ ចំណុចខ្សោចដ៏ធំបំផុតរបស់ប្រទេសកម្ពុជា គឺបញ្ហាសេដ្ឋកិច្ចនេះឯង ។ ស្ថានទូតអាមេរិកបញ្ចេញតួលេខជាទឹកប្រាក់ទំនិញវាយនភ៏ណ្ឌ ដែលខ្មែរនាំចូលទៅលក់នៅសហរដ្ឋអាមេរិកនោះ វាជាសារដ៏ច្បាស់លាស់មួយ ។ ចិនអាចជួយខ្មែរបានមួយរយៈ ប៉ុន្តែមិនអាចជួយបានយូរអង្វែងនោះទេ ។ បើចង់បញ្ជាក់ឲ្យច្បាស់នូវរឿងនេះ ទៅសួរខ្មោច ប៉ុល ពត នៅអន្លង់វែងទៅ ដឹងហើយ ។
នៅពេលដែលសហគមន៍អុឺរ៉ុបនិងសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា សម្ព័ន្ធមិត្តរបស់គេដូចជា ជប៉ុន កាណាដា និង អូស្ត្រាលី ក៏ត្រូវដកឃ្លាឈរទ្រឹងសិនដែរ ។ អ្វីដែលខ្មែរនៅសល់សម្រាប់ទ្រទ្រង់ទីផ្សារសេដ្ឋកិច្ចជាតិ គឺមហាមិត្តចិន និងសម្ព៏ន្ធមិត្តអាស៊ាន ដែលដឹកឥវ៉ាន់មកលក់នៅស្រុកខ្មែរ ច្រើនជាងទិញឥវ៉ាន់ពីខ្មែរទៅលក់នៅស្រុកគេវិញ ។ ខ្ញុំមិនមែនជាសេដ្ឋវិទូទេ ប៉ុន្តែ ប្រសិនបើមានករណីនេះកើតឡើង ស្រុកខ្មែរនឹងមានជំនន់ទំនិញ (Commodity Flooding) ។ ជំនន់ទំនិញអាចធ្វើឲ្យស្រុកខ្មែរលិចដូចក្រុងភ្នំពេញលិចទឹកភ្លៀងដែរ ។ មនុស្សជាច្រើននឹងមួម៉ៅក្តៅក្រហាយ ជាពិសេសម្ចាស់រោងចក្រវាយនភ័ណ្ឌ និងកម្មករ ។ សុំសួរមួយ៖ ក្នុងចំណោមរោងចក្រកាត់ដេររាប់ពាន់នៅស្រុកខ្មែរ តើមានប៉ុន្មានជារបស់រដ្ឋាភិបាលចិន ហើយមានភាគហ៊ុនរបស់មន្ត្រីខ្មែរប៉ុន្មាននាក់នៅក្នុងនោះ? គ្មាននរណាដឹងទេ ប៉ុន្តែប្រើតក្កវិជ្ជាគិតខ្លួនឯងផងចុះ ។ ទាក់ទិននឹងសេដ្ឋកិច្ចក្នុងស្រុកខ្មែរតាំងតែពីដើមរៀងមក មានពាក្យខ្មែរមួយឃ្លាពោលថា៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ ។ ប៉ុន្តែ បើអ្វីៗនៅក្នុងសំណេរនេះកើតឡើងតាមលំដាប់លំដោយ យើងអាចនិយាយបញ្ច្រាសវិញថា៖ ច្របាច់កខ្មែរ លៀនអណ្តាតចិន ។ នៅពេលចិនលៀនអណ្តាត ខ្មែរដែលរស់ដោយសារចិននោះ ច្បាស់ជាលៀនភ្នែកហើយ ។
មុននឹងបញ្ចប់ ខ្ញុំសូមលើកយកករណីប្រទេសភូមាមកពណ៌នាបន្តិច ។ នៅទសវត្សរ៍ឆ្នាំ ១៩៩០ អាជ្ញាធរយោធាភូមាបានបង្ឃាំងអ្នកស្រី អោងសាន ស៊ូជីនៅក្នុងផ្ទះ (House Arrest) និងចាប់សហការីរបស់លោកស្រីជាច្រើននាក់ដាក់គុក បន្ទាប់ពីក្រុមរបស់ពួកគេ(យោធា)មិនត្រូវបានពលរដ្ឋភូមាគាំទ្រឲ្យដឹកនាំប្រទេស ។ សហគមន៍អន្តរជាតិបានធ្វើពហិការសេដ្ឋកិច្ចលើប្រទេសភូមាប្រមាណជាពីរទសវត្សរ៍ ។ អំឡុងពេលនោះ ប្រទេសចិនជាវិនិយោគិនធំបំផុតនៅភូមា ។ បន្ទាប់ពីបូបខ្លាញ់ចម្រាញ់ប្រេងនៅភូមាអស់ចិត្ត ចិនក៏លើកកញ្ជើទៅរកសុីនៅប្រទេសដ៏ទៃមានស្រុកខ្មែរជាដើម ។ ទីបំផុត អាជ្ញាធរផ្តាច់ការភូមាត្រូវបង្ខំចិត្ត ដោះលែងអ្នកស្រី ស៊ូជី និងសហការីរបស់គាត់ជាច្រើននាក់ ឲ្យមានសេរីភាពមកចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជាតិម្តងទៀត ដើម្បីបំពេញលក្ខខណ្ឌដោះស្រាយបញ្ហាពហិការសេដ្ឋកិច្ចពីសំណាក់ប្រទេសលោកខាងលិច ។ លទ្ធផលចុងក្រោយ ពលរដ្ឋភូមាសម្រេចបញ្ជូនអាជ្ញាធរយោធាផ្តាច់ការ ឲ្យចូលនិវត្តន៍និងលើកឲ្យក្រុមអ្នកស្រី ស៊ូជី ដឹកនាំប្រទេសវិញម្តង ។ មេរៀនពីប្រទេសភូមានេះ អាចជាកញ្ជក់ឆ្លុះបញ្ជាំងស្ថានភាពនយោបាយនៅស្រុកខ្មែរបច្ចុប្បន្នបាន ។ ប្រទេសខ្មែរនិងភូមាមិនខុសគ្នាប៉ុន្មានទេ ទាំងសេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ និង ចរិតពលរដ្ឋ ។ បើភូមាដើរលើផ្លូវហ្នឹងបរាជ័យរួចទៅហើយ វាគ្មានប្រយោជន៍អ្វីសម្រាប់ខ្មែរ ក្នុងការជ្រើសរើសដើរលើផ្លូវហ្នឹងទៀតទេ ។ លើកលែងតែអាជ្ញាធរខ្មែរ ចង់ភ្លក្សរស់ជាតិបរាជ័យដូចពួក ហុ៊នតា (Juntas, អាជ្ញាធរយោធា) នៅភូមាដែរ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment