Tuesday, July 25, 2017
ពិចារណា
គុណតម្លៃ (គុណភាពនិងតម្លៃ)
មនុស្សក្នុងលោក តែងតែមើលឃើញនូវគុណប្រយោជន៍ និងតម្លៃនៃវត្ថុអ្វីមួយ ទាំងរូបីយ៍ (របស់ប្រើប្រាស់) និងអរូបីយ៍ (គំនិតចំណេះដឹង) ទីទៃៗពីគ្នា ។ ឧទាហរណ៍ អ្នកខ្លះយល់ថាសន្តិភាពដែលខ្វះសេរីភាព គឺជាសន្តិភាពសំបកក្រៅ មិនមែនជាសន្តិភាពពិតដែលនាំប្រយោជន៍ឲ្យជីវិតទេ តែអ្នកខ្លះយល់ថាសន្តិភាពប្រភេទណាក៏ដោយ ឲ្យតែសន្តិភាព គឺអាចទទួលយកបាន ។ សូមទុកចំណុចនយោបាយនេះ ឲ្យអ្នកនយោបាយបកស្រាយចុះ ។ អ្វីដែលខ្ញុំចង់យកមកពិភាក្សានៅទីនេះ គឺអ្នកក្រខ្វះខាតដែលរើសអើងទ្រព្យ ឬក៏អ្នកក្រដែលល្ងង់ ។ ក្រខ្វះខាតនៅទីនេះគឺខ្ញុំសំដៅលើភាព ក្រខ្វះខាតចំណេះ ។
កាលពីកុមារភាព ខ្ញុំធ្លាប់អានរឿងអប់រំមួយនិយាយអំពីសត្វពស់ថ្លាន់ខ្ជាក់ពិសអស់ពីខ្លួនដើម្បីឲ្យសត្វដទៃទទួលយកទៅប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍នៅក្នុងជីវិតពួកគេ ។ ខ្ញុំចូលចិត្តរឿងនោះណាស់ព្រោះវាបង្កប់នូវអត្ថន័យជួយយកអាសាគ្នានៅក្នុងសង្គមសត្វក៏ដូចជាសង្គមមនុស្ស ។ ប្រមាណជា១០ឆ្នាំមុន ខ្ញុំបានយកគោលគំនិតនៅក្នុងរឿងពស់ថ្លាន់ខ្ជាក់ពិសនោះមកអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ខ្លះដល់អ្នកដែលខ្វះខាត ។ ខ្ញុំបានស្ម័គ្រចិត្តបង្រៀនមុខវិជ្ជាពត៌មានដល់កូនសិស្សនៅស្រុកខ្មែរតាមរយៈ Skype ។ មានមនុស្សជាច្រើនចាប់អារម្មណ៍និងសុំឲ្យខ្ញុំជួយបង្រៀន ។ ខ្ញុំសម្រេចជ្រើសយកប្រមាណជា ១០នាក់ ព្រោះខ្ញុំមិនមានពេលវេលាច្រើនសម្រាប់បង្រៀនទេ ។ មុននឹងបង្រៀនខ្ញុំបានប្រាប់សិស្សទាំងនោះថា ខ្ញុំបង្រៀនជាលក្ខណៈឯកជន ។ អ្នករៀនទទួលបានតែចំណេះទេ មិនមានវិញាបណ្ណប័ត្រ ឬក៏បណ្ណទទួលស្គាល់ជាក្រេឌីតអ្វីឡើយ ។ បន្ទាប់ពីទទួលដំណឹងនោះ មនុស្ស ៧នាក់ សម្រេចដកខ្លួនចេញពីការរៀនសូត្រ ។ ក្នុងចំណោម ៣នាក់ដែលនៅសល់ សិស្សម្នាក់ដកខ្លួនចេញបន្ទាប់ពីទទួលមេរៀន ។ ចុងបញ្ចប់ មានសិស្សតែពីរនាក់ប៉ុណ្ណោះ ដែលចំណាយពេលរៀនជាមួយខ្ញុំរហូតដល់ចប់ចុងចប់ដើម ។
បន្ទាប់ពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំបានប្រមាណជា ១ឆ្នាំ លោង ហង់ ជួនណារ៉ុន បានមានប្រសាសន៍ប្រាប់កាសែតភ្នំពេញប៉ុស្ត៍ថា៖ សញ្ញាប័ត្រគឺគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺចំណេះដឹង ។ មានតែសញ្ញប័ត្រតែគ្មានចំណេះដឹង គឺគ្មានន័យអ្វីទេ ។ ខ្ញុំពេញចិត្តនឹងប្រសាសន៍នេះណាស់ ។ ព្រោះវាឆ្លុះបញ្ចាំងអំពីសច្ចភាពនៃជីវិតដែលនិស្សិតត្រូវប្រឈមនៅពេលចេញមករកឬប្រកបការងារចិញ្ចឹមជីវិត ។
ខ្ញុំគ្មានបំណងរិះគន់អ្នកដែលឲ្យតម្លៃសញាប័ត្រច្រើនជាងចំណេះដឹងនោះទេ ។ អ្វីដែលខ្ញុំចង់បានគឺការពិចារណា ។ សញ្ញាប័ត្រនឹងបាត់ខ្លួននៅពេលដែលយើងចាប់ផ្តើមប្រឡូកនៅក្នុងការងារ ។ បើគ្មានចំណេះដឹងនិងសមត្ថភាព ទោះបីមានសញ្ញាប័ត្រគរដូចភ្នំក៏ជួយមិនរួចដែរ ។ សម្រាប់អ្នកដែលចង់បានទ្រព្យចំណេះដឹងដោយមិនចាំបាច់ចេញពីក្នុងផ្ទះ ខាងក្រោមនេះជាតំណវេបសាយៈ
khanacademy.org
ខ្ញុំនិងសរសេរអំពីសាវតារបស់វេបសាយនេះនៅពេលក្រោយ ព្រោះខ្ញុំធ្លាប់បានស្តាប់សុន្ទរកថារបស់លោក សាលម៉ាន ខាន់ ដែលជាស្ថាបនិកនៃវេបសាយនេះ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment