Monday, September 11, 2017
ធាតុពិតនៃ
បដិវត្តន៍ពណ៌
ខ្ញុំឧស្សាហ៍ឮគេនិយាយអំពីបដិវត្តន៍ពណ៌ ហើយធ្ងល់ថាតើបដិវត្តន៍ពណ៌នេះកើតឡើងនៅពេលណា ព្រោះកន្លងទៅជាងបីទសវត្សរ៍នេះ ខ្ញុំក៏រស់នៅលើពិភពលោកនេះដែរ ប៉ុន្តែ មិនដែលឮឬក៏ដឹងថាមានបដិវត្តន៍ពណ៌កើតឡើងសោះ ។ បន្ទាប់ពីស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុីនថឺណិត ធាតុពិតនៃបដិវត្តន៍ពណ៌នេះ គឺគ្មានអ្វីក្រៅអំពីការបះបោរបស់មហាជននៅជុំវិញពិភពលោកដើម្បីបង្ខំមេដឹកនាំឬក៏របបគ្រប់គ្រងផ្តាច់ការឲ្យឈប់ធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋរបស់ខ្លួន និងទាមទាររកសិទ្ធិសេរីភាពមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ ។ ស្ទើរតែទាំងអស់នៃការបះបោទាំងនោះ គឺធ្វើឡើងដោយសន្តិវិធីដែលមានទ្រង់ទ្រាយជាមហាបាតុកម្ម ។ ដើម្បីបញ្ជាក់អំពីចេតនាអហិង្សានៃបាតុកម្មទាំងនោះ ពលរដ្ឋបាតុករតែងតែយកកំណាត់ ឬក៏ផ្កាដែលតំណាងឲ្យវប្បធម៌ឬក៏សង្គមរបស់ខ្លួនមកកាន់នៅក្នុងដៃ ។ ពណ៌នៃកំណាត់ឬផ្កាដែលបាតុករកាន់ក្នុងដៃនោះហើយ ដែលពួកអ្នកសារពត៌មាននិងអ្នកវិភាគនយោបាយយកមកសរសេរនិងពិភាក្សា ដើម្បីកត់សម្គាល់ព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រទេសនិមួយៗ ។ ផ្អែកលើសច្ចភាព និងហេតុផលស្នូលនៃព្រឹត្តិការណ៍ បដិវត្តន៍ពណ៌ គឺគ្រាន់តែជាពាក្យកត់សម្គាល់ដែលអ្នកសារពត៌មាននិងអ្នកវិភាគនយោបាយសរសេរនិងនិយាយតែប៉ុណ្ណោះ មិនមែនជាបាតុភូតអាក្រក់ដែលគួរឲ្យស្អប់ខ្ពើមនោះទេ ។ និយាយឲ្យចំទៅ បដិវត្តិន៍ពណ៌ ឬការបះបោរបស់មហាជនដើម្បីទាមទារសុំសិទ្ធិសេរីភាព សមភាព និងការរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌ គឺជារឿងដែលគួរឲ្យគោរពបូជា ។ មានមនុស្សច្រើនណាស់ដែលបានធ្វើពលិកម្មបូជាជីវិតដើម្បីបុព្វហេតុនេះ ។ ហើយក៏មានមនុស្សរាប់រយលាននាក់ដែលទទួលបាន និងឃើញនូវពន្លឺ សេរីភាព សន្តិភាព សុភមង្គល ដែលកើតចេញមកអំពីតំណក់ឈាមនៃពលីជនទាំងនោះ ។ អ្នកដែលយកពាក្យបដិវត្តិន៍ពណ៌មកបំភ្លៃកែច្នៃថាជាព្រឹត្តិការណ៍អាក្រក់នាំមកនៅក្តីមហន្តរាយដល់ប្រទេសជាតិនោះ សូមមេត្តាស្រាវជ្រាវពិនិត្យមើលព្រឹត្តិការណ៍នេះឡើងវិញ ហើយសួរខ្លួនឯងថា តើមានប្រទេសចំនួនប៉ុន្មានបានឆ្លងកាត់ព្រឹត្តិការណ៍នេះ ។ កុំយកតែករណីប្រទេសដែលបរាជ័យ ដូចជាប្រទេស សេ៊រី និង អុីរាក់ មកធ្វើជាឧទាហរណ៍ហើយស្រែកថា បដិវត្តន៍ពណ៌អាក្រក់ៗ នោះ ។ ករណីប្រទេសទាំងពីរនេះគឺមានសង្គ្រាមផ្ទៃក្នុង ឬសង្គ្រាមជាមួយប្រទេសដទៃកើតមានរួចហើយមុននឹងមានព្រឹត្តិការណ៍បដិវត្តន៍ពណ៌ ដែលជាហេតុនាំឲ្យមានក្រុមឱកាសនិយមឆក់យកព្រឹត្តិការណ៍មកបម្រើឲ្យមហិច្ឆិតានយោបាយរបស់ខ្លួន ។ ខាងក្រោមនេះជាកាលប្បវត្តិនៃការបះបោរបស់មហាជន ឬបដិវត្តន៍ពណ៌ដែលកើតមាននៅក្នុងប្រទេសមួយចំនួន៖
១) ព័រទុយហ្គាល (Portugal, Carnation Revolution) បដិវត្តន៍ខាណេសិន ឆ្នាំ ១៩៧៤
២) ហ្វីលីពីន (Philippines, Yellow Revolution) បដិវត្តន៍ពណ៌លឿង ឆ្នាំ ១៩៨៦
៣) ឆេកូស្លូវ៉ាគី (Czechoslovakia, Velvet Revolution) បដិវត្តន៍ផ្កាត្របែកព្រៃ ឆ្នាំ ១៩៨៩
៤) យូហ្គោស្លាវី (Yugoslavia, Bulldozer Revolution) បដិវត្តន៍ពណ៌ខ្មៅ ឆ្នាំ ២០០០
៥) ចច្ចជា (Georgia, Rose Revolution) បដិវត្តន៍ពណ៌សុីជំពូ ឬផ្កាកូឡាប ឆ្នាំ ២០០៣
៦) អ៊ុយក្រែន (Ukraine, Orange Revolution) បដិវត្តន៍ពណ៌លឿងទុំ ឆ្នាំ ២០០៤
៧) អុីរ៉ាក់ (Iraq, Purple Revolution) បដិវត្តន៍ពណ៌ស្វាយ ឆ្នាំ ២០០៥
៨) បែឡារុស្ស (Belarus, Jean Revolution) បដិវត្តន៍ពណ៌ផ្ទៃមេឃ ឆ្នាំ ២០០៦
៩) ភូមា (Myanmar, Saffron Revolution) បដិវត្តន៍ពណ៌លឿងខ្ចី ឆ្នាំ ២០០៧
១០) មូដូវ៉ា (Modova, Grape Revolution) បដិវត្តន៍ពណ៌ស្វាយចាស់ ឆ្នាំ ២០០៩
១១) ទុយនីសុី (Tunisia, Jasmine Revolution) បដិវត្តន៍ផ្កាម្លិះ ឆ្នាំ ២០១០
១២) អេហ៊្សីប (Egypt, Lotus Revolution) បដិវត្តន៍ពណ៌ផ្កាឈូក ឆ្នាំ ២០១១
១៣) ម៉ាក់សេដូនី (Macedonia, Colorful Revolution) បដិវត្តន៍ពណ៌ស ឆ្នាំ ២០១៦
គួរកត់សម្គាល់ដែរថា នៅក្នុងឆ្នាំខ្លះ ជាពិសេសនៅឆ្នាំ ១៩៨៩ មានបដិវត្តន៍ពណ៌កើតឡើងនៅក្នុងប្រទេសជាច្រើនដែលជាអតីតប្រទេសកុម្មុយនិស្តនៅទ្វីពអឺរ៉ុបខាងកើត ។ ខ្ញុំជ្រើសយកតែប្រទេសមួយមកកត់ត្រានៅទីនេះ ព្រោះមិនចង់ឲ្យសំណេរនេះវែងពេក ។ មិត្តអ្នកអានអាចស្រាវជ្រាវមើលប្រទេសទាំងនោះ ថាតើវារងគ្រោះមហន្តរាយ ឬក៏អភិវឌ្ឃន៍ដល់កំរិតណាហើយ បន្ទាប់ពីឆ្លងកាត់ ឬក៏រងទុក្ខបុកម្នេញដោយបដិវត្តន៍ពណ៌ ។ នៅក្នុងកាឡាមសូត្រ ព្រះពុទ្ធទ្រង់ទូន្មានថា៖ មុននឹងជឿ គប្បីស្វែងយល់ឲ្យបានច្បាស់លាស់សិន ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment