Tuesday, April 4, 2017

ចំណីខួរក្បាល

បុណ្យ ១០០ថ្ងៃ ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក ភាគច្រើន ច្រើនតែព្យាយាមសម្រេចកិច្ចការនយោបាយនានានៅក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែង ។ ដូច្នេះ គេរមែងសង្កេតឃើញថា គោលនយោបាយថ្មីៗជាច្រើនត្រូវបានបង្កើតឡើងនៅអំឡុងពេលនេះ ។ លោក ដូណាល់ ត្រាំ ក៏មិនខុសអំពីប្រធានាធិបតីអាមេរិកាំងដទៃទៀតដែរ គាត់ព្យាយាមសម្រេចកិច្ចការនយោបាយមួយចំនួន ដែលនៅក្នុងនោះមានគោលនយោបាយធំៗចំនួនពីរដែលគាត់ចាំបាច់ត្រូវតែធ្វើដើម្បីបំពេញកិច្ចសន្យារបស់គាត់ជាមួយនឹងម្ចាស់ឆ្នោត ក៏ដូចជាបញ្ជាក់អំពីសមត្ថភាពរបស់គាត់ក្នុងការដឹកនាំប្រទេសដែរ ។ គោលនយោបាយទាំងពីរនេះគឺ ទី ១៖ បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងទី ២៖ គឺការលុបចោលឬក៏ប្តូរគោលនយោបាយធានារាប់រងសុខភាពរបស់អតីតប្រធានាធិបតី បារាក់ អូបាម៉ា ។ ប្រសិនបើលោក ត្រាំ អាចសម្រេចជោគជ័យលើគោលនយោបាយធំៗទាំងពីរនេះ សេតវិមានប្រាកដជាធ្វើបុណ្យអបអរសាទរទិវា១០០ថ្ងៃ នៃការកាន់តំណែងរបស់លោកត្រាំជាក់ជាមិនខាន ។ ប៉ុន្តែ អ្វីដែលជាការព្រួយបារម្មណ៍សម្រាប់អ្នកគាំទ្រលោកត្រាំក៏ដូចជាពលរដ្ឋទូទៅដែរនោះ គឺថា តើលោកត្រាំនឹងធ្វើបុណ្យអបអរជោគជ័យទិវា១០០ថ្ងៃ ឬក៏បុណ្យកាន់ទុក្ខមហន្តរាយតំណែងប្រធានាធិបតីរបស់លោក ។ ចំណុចសំខាន់នៅទីនេះគឺបញ្ហាប្រទេស រុ៉ស្សី ពាក់ព័ន្ធជាមួយនឹងក្រុមមន្ត្រីជំនិតរបស់លោក ត្រាំ ។ សម្រាប់អ្នកតាមដាននយោបាយពិភពលោក មិនថាជាមនុស្សសាមញ ឬក៏បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយទេ ជាទូទៅគេអាចមើលឃើញថា សហរដ្ឋអាមេរិកនិងប្រទេសរុ៉ស្សីជាសត្រូវនឹងគ្នាចាប់តាំងពីដើមសតវត្សទី ២០មក ។ ថ្វីត្បិតតែប្រទេសទាំងពីរមិនដែលពើបប្រយុទ្ធគ្នាជាលក្ខណៈសង្គ្រាមដោយសព្វាវុធក្តី ប៉ុន្តែសហរដ្ឋអាមេរិកនិងរុ៉ស្សីជាគូប្រយុទ្ធដ៏ស្រួចស្រាល់នៅក្នុងសង្គ្រាមចារកិច្ច ។ ប្រទេសរុ៉ស្សីធ្លាប់បានបាញ់ទម្លាក់យន្តហោះចារកិច្ចរបស់អាមេរិកម្តងកាលពីទសវត្សរ៍ឆ្នាំ ១៩៥០ ហើយរហូតមកដល់ពេលនេះ ប្រទេសទាំងពីរនៅតែបន្តធ្វើព្យុះធ្វើភ្លៀងចារកម្មដាក់គ្នាទៅវិញទៅមកដែរ ។ ជាក់ស្តែង នៅអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកន្លងទៅនេះ បុគ្គលិកការទូតនិងជនជាតិរុ៉ស្សីជាច្រើននាក់ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយហេតុតែពួកគេពាក់ព័ន្ធជាមួយនឹងរឿងខុសច្បាប់មួយចំនួន ។ កាលនោះ បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ មិនត្រឹមតែមិនថ្កោលទោសទង្វើរបស់ក្រុមជនខិលខូចរុ៉ស្សីទាំងនោះទេ គាត់ថែមទាំងនិយាយថាវាជារឿងល្អប្រសិនបើគាត់និងប្រធានាធិបតីរុ៉ស្សីអាចមានទំនាក់ទំនងល្អនឹងគ្នា ។ ថ្វីត្បិតតែការលូកដៃកកូរកកាយរបស់ភ្នាក់ងាររ៉ុស្សីក្នុងយុទ្ធនាការបោះឆ្នោតអាមេរិកអាចផ្តល់ផលចំណេញផ្នែកនយោបាយដល់លោកត្រាំក៏ពិតមែន ក៏ប៉ុន្តែ ការមិនថ្កោលទោសទង្វើល្មើសច្បាប់របស់ភ្នាក់ងារបរទេសនៅក្នុងទឹកដីអាមេរិកនេះ វាអាចផ្តល់ផលអាក្រក់ដល់លោកត្រាំច្រើនជាងល្អ ។ រឿងរុ៉ស្សីលូកដៃកកូរកកាយក្នុងកិច្ចការនយោបាយអាមេរិក កំពុងប្រែក្លាយទៅជារឿងក្តៅគគុកមួយ ។ សំណួរដែលសភានិងពលរដ្ឋអាមេរិកជាច្រើនចង់បានចម្លើយនោះ គឺថា តើមានមនុស្សប៉ុន្មាននាក់ដែលស្និទ្ធនឹងលោកត្រាំ មានទំនាក់ទំនងជាមួយនឹងបុគ្គលិកការទូតឬអ្នកមុខអ្នកការរបស់រុស្សីនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ។ មកដល់ពេលនេះ មានមនុស្សស្និទ្ធនឹងលោកត្រាំពីររូប គឺលោកអតីតទីប្រឹក្សា មៃ៉កែល ហ្វ្លីន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេហ្វ សេស្សិន បានសារភាពថាពួកគាត់ធ្លាប់ជួបជាមួយនឹងបុគ្គលិកស្ថានទូតរុ៉ស្សី ។ តើវាមានបញ្ហាអ្វីដែរ គ្រាន់តែជួបជាមួយនឹងបុគ្គលិកការទូតនោះ? គ្មានបញ្ហាទេ ប្រសិនបើមន្ត្រីទូតនោះជាទូត ។ ប៉ុន្តែ បើទូតនោះជាភ្នាក់ងារសម្ងាត់ស្លៀកឯកសណ្ឋានជាទូត វាគឺជាបញ្ហាធំណាស់សម្រាប់មន្ត្រីអាមេរិកាំងណាដែលធ្លាប់ជួបនឹងទូតប្រភេទនេះ ។ រឿងដែលឈឺក្បាលបំផុតនោះគឺថា ភ្នាក់ងារសម្ងាត់មិនដែលប្រាប់នរណាម្នាក់ថាគេជាភ្នាក់ងារសម្ងាត់ទេ ។ មានតែក្រុមចារកិច្ចតែប៉ុណ្ណោះ ដែលដឹងថានរណាជានរណា ។ ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតី គាត់ហាក់ដូចជាបាននិងកំពុងបង្កើតបញ្ហាច្រើនជាងដំណោះស្រាយ ។ បញ្ហាដ៏ធំបំផុតគឺរឿងរុ៉ស្សីលូកដៃកកូរកកាយនៅអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ។ គ្មានអ្នកណាដឹងថាមានមនុស្សស្និទ្ធនឹងលោកត្រាំប៉ុន្មាននាក់ពាក់ព័ន្ធដោយផ្ទាល់ក្តី ដោយប្រយោលក្តីនៅក្នុងរឿងនេះទេ លើកលែងតែភ្នាក់ងារសម្ងាត់របស់អាមេរិកតែប៉ុណ្ណោះ ដែលអាចដឹង ។ កាលពីថ្ងៃទី២០ ខែមិនា កន្លងទៅនេះ ប្រធានក្រសួងសើុបអង្កេត អែហ្វប៊ីអាយ (FBI, Federal Bureau of Investigation)បានប្រាប់គណកម្មាធិការសភាសហរដ្ឋអាមេរិកថាករណីរ៉ុស្សីលូកដៃក្នុងយុទ្ធនាការបោះឆ្នោតកំពុងត្រូវបានសើុបអង្កេត ។ ដូច្នេះ សាច់រឿងសំខាន់អាចនឹងត្រូវបានលាតត្រដាងនៅពេលខាងមុខ ប្រសិនបើមានការប្រព្រឹត្តិខុសច្បាប់កើតឡើង ។ កាលពីឆ្នាំ ១៩៧៣ មានរឿងប្រហាក់ប្រហែលគ្នានេះកើតឡើងនៅក្នុងសណ្ឋាគារ វ៉ធឺហ្គេក (Watergate) ដែលនាំទៅដល់ការលាលែងពីតំណែងរបស់លោកប្រធានាធិបតី នីច សុន ។ តើអ្វីដែលកើតឡើងនៅក្នុងអាគារត្រាំ (Trump Tower) អាចនាំទៅដល់ការលាលែងពីតំណែងរបស់លោកត្រាំដែរឬទេ? ចម្លើយគឺស្ថិតនៅត្រង់ថាតើមានការប្រព្រឹត្តិល្មើសនឹងច្បាប់រដ្ឋដែរឬយ៉ាងណា ។ ប្រសិនបើមាន នោះវាជាអាសន្នធំសម្រាប់លោកត្រាំហើយ ព្រោះថាវាពាក់ព័ន្ធជាមួយនឹងប្រទេសដែលជាសត្រូវរបស់សហរដ្ឋអាមេរិក (Adversary) ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកចែងថា៖ ពលរដ្ឋណាដែលផ្តល់ជំនួយ ឬចូលរួមជាមួយសត្រូវដើម្បីបំផ្លាញសហរដ្ឋអាមេរិក គឺជាជនក្បត់ជាតិ ។ តើការរុកគួនបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក អាចចាត់ទុកថាជាការបំផ្លាញសហរដ្ឋអាមេរិកដែរឬទេ ? សំណួរនេះ មានតែស្ថាប័នសភារបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលអាចផ្តល់ចម្លើយដ៏ត្រឹមត្រូវបាន ។ នៅក្នុងប្រព័ន្ធអភិបាលកិច្ចសហរដ្ឋអាមេរិក ការដាក់ទោសទណ្ឌឬក៏ដកតំណែងចេញពីប្រធានាធិបតី ឬមន្ត្រីធំណាម្នាក់ គឺអាចធ្វើទៅបានតាមរយៈការកាត់ទោសម៉្យាងដែលភាសាអង់គ្លេសហៅថា៖ អ៊ីមភីជមិន (Impeachment) ។ សមាជិករដ្ឋសភានិងព្រឹទ្ធសភាជាអ្នកធ្វើកិច្ចការនេះ ដោយមានប្រធានតុលាការកំពូលជាអ្នកត្រួតពិនិត្យ ។ ទោសធំៗពីរដែលអាចឈានដល់ការកាត់ទោស អ៊ីមភីចមិននោះ គឺ ក្បត់ជាតិ និង អំពើពុករលួយ ។ កាលលោក ប៊ីល ក្លីនតុន កាន់តំណែងជាប្រធានាធិបតីគាត់ត្រូវបានគេកាត់ទោស អ៊ីមភីជមិន ដោយសាររឿងមានស្រីញី ប៉ុន្តែ មិនត្រូវបានផ្តន្ទាទោសទេ ។ នេះសឲ្យឃើញថា តំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក មិនមែនជាកន្លែងលេងសើចឡើយ ។ កំហុសតូចតាចក៏អាចនាំទៅរកសេចក្តីវិនាសបានដែរ ៕

No comments: