Monday, October 1, 2012

Fables and Folktales

រឿង អ្នកដំណើរនិងដើមពោធិ៍

នៅរដូវប្រាំងមួយ មានអ្នកដំណើរពីរនាក់ ម្នាក់ឈ្មោះ ជា និងម្នាក់ទៀត
ឈ្មោះ ជាង បាននាំគ្នាធ្វើដំណើរ កាត់វាលដ៏ធំល្ហល្ហេវមួយ ។ បន្ទាប់ពី
ធ្វើដំណើរ អស់រយៈពេលជាច្រើនម៉ោង ពួកគេបានឃើញដើមពោធិ៍
មួយដើម ដុះនៅក្បែរផ្លូវ ។ ដោយសារការហេវហត់ និងស៊ូទ្រាំនឹងកំដៅ
ព្រះអាទិត្យមិនបាន ជានិងជាង ក៏នាំគ្នាចូលទៅជ្រកសម្រាក នៅក្រោម
ម្លប់ដើមពោធិ៍នោះ ។ នៅពេលដែលពួកគេ កំពុងដេកសម្រាកនៅក្រោម
ម្លប់ពោធិ៍ ជាបាននិយាយទៅកាន់ជាងថា៖ “ជាងអ្ហ៎ះ ! គិតសព្វៗទៅ
ដើមពោធិ៍គឺជាដើមឈើ ដែលគ្មានផ្តល់ផលប្រយោជន៍អ្វី ដល់មនុស្ស
លោកទាល់តែសោះ ។ ជាងឯងគិតមើល ! ដើមពោធិ៍ធំមែនពិត តែ
យើងមិនអាចយកវា មកអារធ្វើផ្ទះ ឬក៏តុទូបានឡើយ ។ បើនឹងយក
មែកវាមកដុតធ្វើធ្យូង ក៏ធ្វើមិនកើត ព្រោះវានឹងឆេះ ក្លាយទៅជាផេះ
អស់ ។ ផ្លែរបស់វា ក៏យើងយកមកហូបមិនកើត ។ ឯស្លឹករបស់វា ក៏
យើងមិនអាចយកទៅប្រើការអ្វីបាន ។ សូម្បីតែសត្វពាហនៈ ក៏វាមិន
ស៊ីស្លឹកពោធិ៍ដែរ” ។
នៅពេលដែលបានឮជានិយាយរិះគន់ខ្លួនដូច្នោះ ដើមពោធិ៍ក៏និយាយ
ទៅកាន់អ្នកដំណើរទាំងពីរថា៖ “នែ៎ ! មនុស្សរមិលគុណ ។ អ្នកទាំងពីរ
ប្រាកដជាអត់មានខួរក្បាលមែន ព្រោះថា នៅពេលដែលខ្លួនកំពុងតែ
ជ្រក នៅក្រោមម្លប់របស់ខ្ញុំហើយ នៅហ៊ានហាមាត់តិះដៀលខ្ញុំ ថាជា
ឈើឥតប្រយោជន៍ សម្រាប់មនុស្សលោកទៀត” ។
បន្ទាប់ពីបានស្តាប់សម្តីរបស់ដើមពោធិ៍ ជានិងជាង មានការខ្មាស់អៀន
យ៉ាងខ្លាំង ។ ពួកគេក៏នាំគ្នាចាកចេញ ពីក្រោមម្លប់ពោធិ៍ ហើយធ្វើ
ដំណើរបន្តទៅទៀត ៕

“ម៉ែឪមានគុណណាស់          មិនសំពះខ្មាស់អៀនដៃ
អ្នកផងក្រៅដទៃ                    និស្ស័យសោះសំពះបាន” ។
                                               (ច្បាប់កូនចៅ)

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...