Sunday, October 28, 2012

រឿងល្បើកនិងរឿងនិទាន

រឿង អណ្តើកនិងទាព្រៃ

(បទពាក្យ ៧)
មានអណ្តើកមួយរស់ក្នុងបឹង      មួយតូចច្រឡឹងក្បែរជើងភ្នំ
ក្នុងព្រៃស្មសានស្ងាត់ជ្រងំ           ជាទីមនោរម្យនៃសត្វព្រៃ ។
ជួនជាគ្រាមួយធាតុអាកាស        បានប្រែក្រឡាស់ខុសប្រក្រតី
ទឹកភ្លៀងឈប់ធ្លាក់អស់ច្រើនថ្ងៃ   ធ្វើឲ្យប្រថពីស្ងួតហួតហែង ។
មិនយូរប៉ុន្មានក៏ផ្ទៃបឹង                   រីងស្ងួតហួតរឹងបែកក្រហែង
អណ្តើកកើតទុក្ខព្រួយក្រៃលែង    ព្រោះបាត់កន្លែងធ្លាប់រស់នៅ ។
ក្សិណនោះមានទាព្រៃមួយគូ        ដែលទើបនឹងប្តូរទីលំនៅ
ហើរមកឃើញបឹងក៏ចុះទៅ           ស្វែងរកកួរស្រូវស្រងែឆី ។
អណ្តើកឃើញទាចុះមកដល់        សែនតប់ប្រមល់ចិត្តពេកក្រៃ
ថាបងទាអើយមករកអ្វី                 ទីនេះគ្មានចំណីឆីឡើយ ។
ដ្បិតអីទឹកបឹងរីងខះអស់               គ្មានអ្វីអាចរស់នៅបានឡើយ
សូមរកទីផ្សេងទៅបងអើយ          កុំឡើយរង់ចាំស្លាប់ដូចខ្ញុំ ។
លុះឮអណ្តើកពោលរ៉ាយរ៉ាប់        ប្រាប់ពីទុរភិក្សគ្រោះថ្នាក់ធំ
ទាក៏ចាកចេញទាំងបង្ខំ                  ស្វែងរកជំរំទ្រនំថ្មី ។
មិនយូរប៉ុន្មានបានឃើញស្ទឹង       មួយធំល្វើយល្វឹងក្បែរមាត់ព្រៃ
មានទឹកល្ហល្ហាចបរិបូរក្រៃ             ជាជម្រកត្រីនិងសត្វផង ។
ពេលឃើញស្ទឹងភ្លាមទានឹកដល់   ក្តីទុក្ខកង្វល់អណ្តើកម្តង
រស់ក្នុងបឹងតូចទឹករីងផង             ពិតស្លាប់តៃហោងមិនលែងឡើយ ។
គិតដល់ត្រង់នេះទាទាំងពីរ          មានចិត្តមូលមីមិនកន្តើយ
ទៅប្រាប់អណ្តើកកុំឲ្យធ្លោយ        ឆាប់រូតរះវ៉ឺយមករកស្ទឹង ។
បន្ទាប់ពីបានឮទាប្រាប់                 អណ្តើកក៏ឆាប់សួរវិញវឹង
ថាស្ទឹងនៅឆ្ងាយពេកទេដឹង          បើពិតអញ្ចឹងមិនអាចដើរ ។
ទាថាស្ទឹងនោះនៅឆ្ងាយដែរ          បើនឹងរិះរេធ្វើដំណើរ
លុះត្រាតែឯងមានស្លាបហើរ         ទើបធ្វើដំណើរទៅដល់បាន ។
អណ្តើកថាខ្ញុំមានគំនិត                  ប្រសិនបើមិត្តទាំងពីរប្រាណ
ស្ម័គ្រចិត្តជួយខ្ញុំខាងតែបាន          ខ្ញុំអាចទៅបានដូចបំណង ។
ខ្ញុំនឹងកាច់មែកឈើតូចមួយ          ឲ្យមិត្តជួយពាំចុងទាំងសង--
ខាងហើយខ្ញុំពាំកណ្តាលបង         រួចយើងហោះឆ្លងកាត់វេហាស៍ ។
លុះរៀបរួចហើយសត្វទាំងបី        នាំគ្នាឃ្មាតខ្មីចរយាត្រា
ហោះហើរឆ្លងកាត់លើវេហាស៍    ផ្អើលអស់មនុស្សម្នាមើលអឺងកង ។
មនុស្សខ្លះស្រែកថាមើលនុ៎ះហ្ន៎ !    ទាព្រៃចិត្តល្អឆ្លាតកន្លង
ចេះរកឃើញល្បិចជួយចម្លង          នាំអណ្តើកឆ្លងកាត់វេហាស៍ ។
អណ្តើកឮមនុស្សពោលដូច្នោះ        ក្នុងចិត្តឆួលពុះក្នាញ់អស្ចារ្យ
ព្រោះខ្លួនជាអ្នកចាត់ចែងការ          ម្តេចមនុស្សលេលាគិតមិនដល់ ។
ហេតុតែចង់ប្រាប់ពីការពិត          ឲ្យមនុស្សល្ងង់ល្ងិតបានច្បាស់យល់
អណ្តើកក៏ប្រឹងស្រែកពន្យល់            ថា៖ “ខ្ញុំអ្នកផ្តល់គំនិតឲ្យ…” ។
គ្រាន់តែហាមាត់ស្រែកថា៖ “ខ្ញុំ”        អណ្តើកច្រឡំមាត់ថ្លោះធ្លោយ
របូតមាត់ធ្លាក់មកលឿនស្លុយ         បោកប្រាណនឹងដីក្ស័យសង្ខារ ៕
"យើងមិនត្រូវមានចិត្តចង្អៀត ចំពោះការផ្តល់កិត្តិយសដល់សហ
ការីយើងទេ ព្រោះអ្នកគិតនិងអ្នគូរ មានគុណសម្បត្តិដូចគ្នា"

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...