Wednesday, October 10, 2012

រឿងល្បើកនិងរឿងនិទាន

រឿង អ្នកឃ្វាលពពែនិងហ្វូងពពែព្រៃ

អ្នកឃ្វាលពពែម្នាក់ បានគៀងហ្វូងពពែគាត់ ឲ្យទៅស៊ីស្មៅនៅទីវាល
មួយ ក្បែរមាត់ព្រៃ ។ ខណៈនោះ មានពពែព្រៃមួយហ្វូង បានចូលមក
ស៊ីស្មៅ ឡូកឡំជាមួយហ្វូងពពែគាត់ ។ លុះដល់ពេលថ្ងៃរៀបលិច អ្នក
ឃ្វាលពពែ ក៏បានអន្ទងកៀងយកពពែព្រៃ មកបញ្ចូលនៅក្នុងក្រោល
ជាមួយនឹងពពែរបស់គាត់ ដោយគិតក្នុងចិត្តថាៈ មិនយូរមិនឆាប់ ពពែ
ព្រៃទាំងនោះ នឹងបានក្លាយជាទ្រព្យសម្បត្តិរបស់គាត់ ។
ស្អែកឡើង មានភ្លៀងពុំជូកាលមួយ ធ្លាក់មកយ៉ាងខ្លាំង បណ្តាលឲ្យ
អ្នកឃ្វាលពពែ មិនអាចបញ្ចេញពពែរបស់គាត់ចេញពីក្រោល ឲ្យទៅ
ស៊ីស្មៅនៅទីវាលបានឡើយ ។ ដើម្បីកុំឲ្យពពែរបស់គាត់ ជ្រួលច្របល់
ខ្លាំង ដោយសារការឃ្លានចំណី អ្នកឃ្វាលពពែក៏យកចំបើង និងគ្រាប់
ធញ្ញជាតិមួយចំនួន ទៅឲ្យពពែទាំងនោះស៊ីសម្រន់ការស្រេកឃ្លាន ។ នៅពេលដែលគាត់ដាក់ចំបើង និងគ្រាប់ធញ្ញជាតិ ឲ្យពពែទាំងអស់ស៊ី អ្នកឃ្វាលពពែបានឲ្យពពែរបស់គាត់ ស៊ីតែបន្តិចបន្តួច ល្មមតែកុំឲ្យពួក
វា ឃ្លានដាច់ពោះស្លាប់តែប៉ុណ្ណោះ ។ ប៉ុន្តែ គាត់បានដាក់ចំបើង និង
គ្រាប់ធញ្ញជាតិយ៉ាងច្រើនហូរហៀរ ឲ្យទៅពួកពពែព្រៃស៊ី ដើម្បីទាក់
ទាញពួកវា ឲ្យមករស់នៅជាមួយគាត់ ។
ភ្លៀងបានបន្តធ្លាក់ខ្ចោកៗឥតឈប់ឈរ អស់រយៈពេលប្រាំពីរយប់ប្រាំ
ពីរថ្ងៃ ។ លុះភ្លៀងឈប់ធ្លាក់ អ្នកឃ្វាលពពែ ក៏បានបញ្ចេញពពែទាំង
អស់ពីក្រោល ឲ្យទៅស៊ីស្មៅ នៅក្បែរមាត់ព្រៃដូចសព្វដង ។ នៅពេល
ដែលគាត់ដេញហ្វូងពពែ មកជិតដល់មាត់ព្រៃ ពពែព្រៃក៏នាំគ្នារត់ ចូល
ទៅក្នុងព្រៃវិញអស់ទៅ ។ ឃើញដូច្នោះ អ្នកឃ្វាលពពែ ក៏ស្រែកជេរ
តិះដៀលពពែព្រៃ ថាជាសត្វរមិលគុណ ។ ព្រោះថា នៅពេលដែល
មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យពួកវាចេញទៅរកចំណីស៊ីមិនបាន
គាត់បានបំប៉នចំណី និងថែទាំពួកវា លើសពីពពែរបស់គាត់ទៅទៀត ។
ប៉ុន្តែ បន្ទាប់ពីពួកវា បានរួចផុតពីគ្រោះអត់ឃ្លាន ពួកវាបែរជារត់ចោល
គាត់ ធ្វើព្រងើយ ។ លុះឮអ្នកឃ្វាលពពែ ជេរវាដូច្នោះ ពពែព្រៃមួយ
បានងាកមកឆ្លើយ តបទៅគាត់វិញថា៖ “នែ៎ ! មនុស្សឆោត អ្វីដែលអ្នក
បានធ្វើចំពោះពួកយើង កាលពីពេលភ្លៀងកំពុងធ្លាក់នោះ វាគឺជាហេតុ
ផល ដ៏ច្បាស់លាស់បំផុត សម្រាប់ឲ្យពួកយើងចាកចោលអ្នក ព្រោះថា
បើអ្នកសុខចិត្ត យកអាហារពីពពែរបស់អ្នក មកបំប៉នពួកយើងនោះ អ្នក
នឹងយកអាហារពីពួកយើង ទៅបំប៉នពពែដទៃទៀតជាមិនខាន នៅ
ពេលដែលពពែទាំងនោះ ចូលមកនៅជាមួយអ្នក បន្ទាប់ពីពួកយើង” ៕

"ចំណេះជិះកឯង"           ពាក្យព្រឹទ្ធព្រេងទូន្មានចៅ កុំចោលមិត្តញាតិផៅ     ក្រែងលោត្រូវគេបោកប្រាស់

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...