រឿង ព្រានព្រៃនិងសត្វចាបពូក
ព្រានព្រៃម្នាក់ចាប់បានចាបពូកមួយ ដែលមានប្រាជ្ញាវាងវៃ និងចេះ
និយាយភាសាមនុស្សផង ។ នៅពេលដែលវា បានធ្លាក់ក្នុងកណ្តាប់ដៃ
ព្រាន ចាបពូកបាននិយាយទៅកាន់ព្រានព្រៃថា៖ “សូមលោកម្ចាស់ដោះ
លែងខ្ញុំទៅ ខ្ញុំនឹងប្រាប់លោកម្ចាស់ នូវគតិបណ្ឌិតបីប្រការ ដែលមាន
សារប្រយោជន៍ជាទីបំផុត សម្រាប់សុខុមាលភាព របស់លោកម្ចាស់” ។
“ឯងប្រាប់យើងមក យើងនឹងដោះលែងឯង” ព្រានព្រៃនិយាយទៅកាន់
ចាបពូក ។ “លោកសន្យានឹងខ្ញុំសិនមក ថាលោក មិនក្បត់ពាក្យសម្តី
របស់លោកឡើយ” ចាបពូកធ្វើសំណូមពរ ។ ពេលនោះ ព្រានព្រៃក៏
សន្យាជាមួយចាបពូក ថាមិនក្បត់នឹងពាក្យសម្តីរបស់ខ្លួនឡើយ ។ បន្ទាប់ពីព្រានព្រៃសន្យារួចហើយ ចាបពូកក៏ប្រាប់ព្រានព្រៃ នូវគតិ
បណ្ឌិតទាំងបីប្រការថា៖
ទី មួយៈ មិនត្រូវសោកស្តាយ នូវអ្វីៗដែលបានធ្វើកន្លងហួសទៅហើយ
ទី ពីរៈ មិនត្រូវជឿពាក្យសម្តី ដែលអស្ចារ្យហួសហេតុ និងដែលមិនគួរ
ឲ្យជឿ
ទី បីៈ កុំព្យាយាមធ្វើអ្វី ដែលខ្ពស់ហួសពីសមត្ថភាពរបស់ខ្លួន
លុះរៀបរាប់សេចក្តីដូច្នេះហើយ ចាបពូកក៏បានរំលឹក អំពីពាក្យសន្យា
របស់ព្រានព្រៃ ។ ពេលនោះ ព្រានព្រៃក៏បានដោះលែងវា ឲ្យមានសេរី
ភាពឡើងវិញ ។ បន្ទាប់ពីបានរួចផុត ពីកណ្តាប់ដៃព្រាន ចាបពូកក៏បាន
ហើរ ទៅទំនៅលើចុងឈើដ៏ខ្ពស់មួយ ហើយនិយាយចំអកឲ្យព្រានព្រៃ
ថា៖ “នែ៎ ! មនុស្សល្ងង់ខ្លៅ ឯងបានលែងយើងឲ្យរួចខ្លួន ដោយមិនដឹង
ទេថា នៅក្នុងពោះរបស់យើង មានលាក់គុជដ៏មានតម្លៃមួយគ្រាប់ ទំហំ
ប៉ុនពងមាន់” ។
លុះបានឮចាបពូកនិយាយដូច្នោះ ព្រានព្រៃក៏កើតមានការសោកស្តាយ
យ៉ាងខ្លាំង ដោយចាញ់បោកចាបពូក ។ រំពេចនោះ គាត់ក៏ស្ទុះទៅប្រវា
ឡើងដើមឈើ យ៉ាងត្រដាបត្រដួស ដើម្បីតាមចាប់ចាបពូកនោះមក
វិញ ។ ប៉ុន្តែ គាត់ឡើងបានតែបន្តិច ក៏រអិលជើងរបូតដៃ ធ្លាក់ពីលើដើម
ឈើមកវិញ បណ្តាលឲ្យបាក់កជើង ឈឺចុកចាប់ ស្ទើរតែនិយាយលែង
រួច ។ ឃើញដូច្នោះ ចាបពូកក៏សើចចំអកឲ្យព្រានព្រៃ កាន់តែខ្លាំងឡើង
ព្រមទាំងពោលថា៖ “យើងបានបង្រៀនឯង នូវគតិបណ្ឌិតបីប្រការ មិន
ទាន់បានមួយម៉ោងផង ឯងភ្លេចអស់ទៅហើយ ។ យើងថា កុំស្តាយ នូវអ្វីដែលបានធ្វើកន្លងហួសទៅហើយ តែឯងនៅតែងងើលសោកស្តាយ ពីរឿងដែលបានដោះលែងយើង ។ យើងថា កុំជឿ រឿងដែលអស្ចារ្យ
ហួសហេតុលើសពីការជឿ តែឯងនៅតែជឿថា យើងមានគ្រាប់គុជប៉ុន
ពងមាន់ លាក់នៅក្នុងពោះរបស់យើង ។ តើចាបតូចប៉ុនមេដៃដូចយើង
នេះ អាចលាក់គ្រាប់គុជប៉ុនពងមាន់ នៅក្នុងពោះបានដែរឬទេ ? ។
ម៉្យាងទៀត យើងបានប្រាប់ថា កុំព្យាយាមធ្វើអ្វី ដែលខ្ពស់ហួសពីសមត្ថ
ភាពរបស់ខ្លួន តែឯងមិនស្តាប់ ហើយបែរជាខំប្រឹង ឡើងចាប់សត្វស្លាប
នៅលើចុងឈើដ៏ខ្ពស់ រហូតដល់មានគ្រោះថ្នាក់ ធ្លាក់បាក់ជើង ។ ដូច្នេះ
ហើយ ទើបបានជាបណ្ឌិតអ្នកប្រាជ្ញ លោកពោលថាៈ មនុស្សល្ងង់ ច្រើន
តែមានជំនឿ ទៅលើអ្វីដែលឥតហេតុផល” ។ ពោលហើយ ចាបពូកក៏
បានហើរចេញ ទៅរកចំណីបាត់ទៅ ៕
"កុំស្តាយ កុំជឿ និង កុំព្យាយាមធ្វើអ្វីដែលមិនសមហេតុផល"
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment