Friday, October 12, 2012

រឿងល្បើកនិងរឿងនិទាន

រឿង អ្នកចម្ការនិងសត្វស្ការ

(បទពាក្យ ៧)
សម័យមួយមានអ្នកចម្ការ                    រើសបានកូនស្ការកំព្រាមេ
យកមកចិញ្ចឹមថ្នាក់ថ្នមថែ                    ឲ្យរស់នៅក្បែរបានជាគ្នា ។
ស្ការនោះមានចិត្តជួយម្ចាស់ណាស់     វាមើលថែផ្ទះខំការពារ
មិនឲ្យសត្វល្អិតចង្រៃណា                    បំផ្លាញទ្រព្យាម្ចាស់វាឡើយ ។
ថ្ងៃមួយម្ចាស់ស្ការអ្នកចម្ការ                   ដាក់ឲ្យកូនង៉ាគេងលើខ្នើយ
នៅក្នុងអង្រឹងយោលរំភើយ                  រួចហើយឆ្លៀតធ្វើកិច្ចការខ្លះ ។
ខណៈនោះមានពស់ថ្លាន់ធំ                  លូនមកសំងំនៅក្នុងផ្ទះ
ប្រុងខាំកូនង៉ាស្ការឃើញច្បាស់            វាក៏រូតរះចូលការពារ ។
ប្រយុទ្ធតតាំងនឹងសត្វពស់                   កើតជាជម្លោះខ្លាំងមហិមា
សម្លេងក្តុងក្តាំងភ្ញាក់កូនង៉ា                   ស្រែកយំឡូឡាផ្អើលឆោឡោ ។
សូរសៀងកូនយំលាន់ឮដល់                អ្នកចម្ការខ្វល់រត់ចេញមក៍
ជួបវាក់នឹងស្ការកំពុងឈរ                   នៅមាត់ជណ្តើរឈាមជាប់ខ្លួន ។
ពេលនោះអ្នកចម្ការគិតថា                   ឈាមជាប់ខ្លួនស្ការជាឈាមកូន
សត្វស្ការពិតជាខាំកូនស្ងួន                  ទើបឈាមជាប់ខ្លួនវាដូច្នេះ ។
ខឹងណាស់គាត់ក៏ស្ទុះចូលទៅ             ដៃទាញពូថៅពីចង្កេះ
សំពងក្បាលស្ការមុនត្រិះរិះ           ស្ការបែកក្បាលប្រេះស្លាប់ទាន់ហន់ ។
វាយស្ការស្លាប់ហើយអ្នកចម្ការ            ប្រញាប់ម្នីម្នាដើររួសរាន់
ទៅមើលកូនង៉ាជាបន្ទាន់                   ឃើញខ្មោចពស់ស្លន់ស្លុតចិត្តក្រៃ ។
ការពិតសត្វស្ការខាំពស់សោះ            ដើម្បីសង្គ្រោះបុត្រចរណៃ
ឲ្យឆ្លងផុតគ្រោះកាចចង្រៃ                   មិនគួរជ្រុលដៃវាយប្រហារ ។
ប្រល័យឲ្យក្ស័យជីវិតបង់                     សត្វស្ការស្លូតត្រង់ឥតទោសា
ព្រោះតែកំហឹងនិងមោហៈ                   សម្លាប់សត្វស្ការអសារបង់ ៕
"ខឹងខុស ខឹងខូច ខឹងខាត"

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...