Monday, August 31, 2020
ចំណីខួរក្បាល
តើប្រពន្ធខ្ញុំមិនយល់ចិត្តប្តី ឬក៏ខ្ញុំល្ងង់?
កន្លងទៅថ្មីៗនេះ ខ្ញុំបានអានសំណេរបឋមនៃជីវប្រវត្តិរបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ហើយកត់សម្គាល់ចំណុចមួយដែលគាត់ទាស់នឹងស្វាមីគាត់ ។ គាត់ថាប្តីគាត់ចេញពីធ្វើការមិនទៀងម៉ោង ។ ជួនកាលប្តីគាត់មកដល់ផ្ទះនៅម៉ោង៦ ម៉ោង៧ ឬម៉ោង ៨ល្ងាច ។ ដូច្នេះ ដើម្បីជៀសវាងកុំឲ្យស្វាមីទទួលទានម្ហូបដែលចម្អិនទុកយូរ គាត់គ្រាន់តែហាន់សាច់ ចិតបន្លែ និងរៀបចំគ្រឿងគ្រៅចាំទាល់តែប្តីមកដល់ផ្ទះទើបចាប់ផ្តើមដាំស្លរ ។ គាត់ថាប្តីគាត់មិនរីករាយនឹងម្ហូបចម្អិនថ្មីៗទេ បែរជាស្តីឲ្យគាត់ថាមិនព្រមចម្អិនម្ហូបទុកឲ្យហើយរង់ចាំទាល់តែមនុស្សមកដល់ផ្ទះទើបចាប់ផ្តើមធ្វើ ។ ដោយក្តៅក្រហាយនឹងប្តីគាត់មើលមិនឃើញចេតនាល្អរបស់គាត់ អ្នកគ្រូ សេដ្ឋារិន តបទៅប្តីគាត់វិញថា៖ "ក្លាយជាខ្មោចពីកាលណា បានជាចូលចិត្តសុីម្ហូបសែន!" ។ យប់នោះ ពួកគាត់ដេកបែរខ្នងដាក់គ្នាដោយគ្មាននិយាយស្តីអ្វីឡើយ ។
ខ្ញុំគិតថាអ្នកគ្រូ សេដ្ឋរិន ប្រហែលជាធ្វើកិច្ចការផ្គាប់ចិត្តប្តីគាត់ខុសបច្ចេកទេស ។ ប្រសិនបើគាត់ធ្វើកិច្ចការនោះតាមបែបបទវិទ្យាសាស្ត្រ ប្តីគាត់ប្រហែលជាមិនឃ្នើសចិត្តទេ ។ ដោយហេតុតែខ្ញុំត្រូវបានអង្គភាពផ្អាកការងារក្នុងអគារស្ថាប័នរហូតដល់ដើមឆ្នាំក្រោយ ខ្ញុំមិនសូវមានការងារធ្វើនៅផ្ទះច្រើនទេ ។ ដូច្នេះ តួនាទីរបស់ខ្ញុំភាគច្រើនគឺមើលថែកូននិងចម្អិនអាហាររង់ចាំប្រពន្ធខ្ញុំវិលមកពីការិយាល័យវិញ ។ ប្រពន្ធខ្ញុំចេញពីធ្វើការងារមិនសូវទៀងម៉ោងដែរ ។ ជួនកាលគាត់ចេញមកផ្ទះនៅម៉ោង ៥ ។ ពេលខ្លះគាត់ចេញនៅម៉ោង ៦ល្ងាច ។ ខ្ញុំសង្កេតឃើញថា ប្រពន្ធខ្ញុំមកដល់ផ្ទះផ្លាស់ប្តូរសម្លៀកបំពាក់រួចចូលងូតទឹកដោយប្រើថេរវេលាប្រមាណជា ១៥នាទី ។ ឯឆ្នាំងបាយរបស់ខ្ញុំវាប្រើថេរវេលាប្រមាណជា ១៥នាទីដែរដើម្បីចម្អិនបាយ ។ ដូច្នេះ បើខ្ញុំរកវិធីធ្វើម្ហូបណាដែលអាចចម្អិនក្នុងរយៈពេល ១៥នាទី ខ្ញុំនឹងអាចរៀបចំម្ហូបក្តៅៗឲ្យភរិយាខ្ញុំទទួលទានបានយ៉ាងឆ្ងាញ់មាត់ ។
បន្ទាប់ពីរៀបគម្រោងរួច ខ្ញុំចាប់ផ្តើមបណ្តុះសណ្តែកដោយខ្លួនឯងដែលប្រើថេរវេលា ៥ថ្ងៃ ។ នៅពេលសណ្តែកបណ្តុះហុចផល ខ្ញុំរើសសម្អាតវាដាក់ទុកយ៉ាងល្អ រួចហើយចុះទៅទិញតៅហ៊ូបំពងនិងផ្កាគូឆាយពីផ្សារយួនដ៏ល្បីល្បាញមួយដើម្បីយកមកឆារសណ្តែកបណ្តុះផ្គាប់ចិត្តប្រពន្ធខ្ញុំ ។ ដើម្បីធានាឱជារសម្ហូបឲ្យខ្ពស់កប់អាកាស ខ្ញុំឈៀងចូលទៅទិញបង្គាស្រស់បង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន ១គីឡូក្រាមថែមទៀត ។ ល្ងាចនោះ ខ្ញុំរៀបចំបង្គា តៅហ៊ូ បន្លែបង្កា និងវាល់អំបិល ស្ករ ទឹកសុីអុីវ ព្រមទាំងគ្រឿងទេសនានាបម្រុងទុករួចស្រេច ទើបចុះបើកបរឡានទៅដឹកប្រពន្ធខ្ញុំពីការិយាល័យនៅឯដោនថោន (កណ្តាលទីក្រុង) ។ មកដល់ផ្ទះភ្លាម ខ្ញុំប្រាប់ភរិយាឲ្យចូលទៅប្តូរសម្លៀកបំពាក់ហើយងូតទឹកសិនទៅ ចាំខ្ញុំចូលទៅដាំបាយនិងរៀបចំស្លរស្លុក ។
"ស្អី! អត់ទាន់ដាំបាយទេ?" ប្រពន្ធខ្ញុំឧទានព្រមទាំងគ្រវាត់កាបូបទៅលើសូហ្វា (កៅអីវែង) ។
"ឯងចូលងូតទឹកសិនទៅ ។ ទម្រាំងូតហើយ បាយនិងម្ហូបក៏ឆ្អិនដែរ" ខ្ញុំនិយាយទៅកាន់ប្រពន្ធខ្ញុំ ។
ប្រពន្ធខ្ញុំចូលទៅក្នុងបន្ទប់គេងដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ដោយស្ងៀមស្ងាត់ រួចហើយចេញមកអង្គុយនៅតុបាយដោយមានទឹកមុខក្រញូវ ។
"ដាំបាយឆ្នាំងភ្លើងសោះ គ្រាន់តែដោតវាចោលទៅវាទាស់ខុសអី" ប្រពន្ធខ្ញុំស្រែកគំហកឲ្យខ្ញុំ ។
"ឯងអើយ! អាណិតទៅងូតទឹកសិនទៅឲ្យវាស្រឡះខ្លួន ។ ហើយហូបបាយក៏វាឆ្ងាញ់ដែរបន្ទាប់ពីងូតទឹករួច" ខ្ញុំដាស់តឿនប្រពន្ធខ្ញុំ ។
"កំពុងតែម៉ោរដូវ អាណាគេទៅមុជទឹកនោះ!" ប្រពន្ធខ្ញុំលាំងខ្ញុំមួយម៉ាត់ទៀត ។
"បើអញ្ចឹង ឯងទ្រាំបន្តិចទៅ ។ ប្រហែលជាជាង១០នាទីទៀត ម្ហូបម្ហាឆ្អិនហើយ" ខ្ញុំនិយាយលួងលោម ។
"ឯងមិនដឹងទេហ្អី ថាមនុស្សស្រីពេលណាឃ្លានខ្លាំងវាញ័រខ្លួន" ប្រពន្ធខ្ញុំនិយាយបញ្ចប់ដោយក្តីមួហ្មង រួចហើយគាត់ចាប់តេឡេកម្មង់ (Remote) បើកទូរទស្សមើល ។
ចង្រៃវាយក៍! នេះបានចំជាស៊យត្រួតលើស៊យមែន ។ ខ្ញុំចូលទៅក្នុងផ្ទះបាយដុតដៃដុតជើងចម្អិនម្ហូបទាំងតក់ក្រហល់ ។ សម្លេងចេកៗ ចេញពីឆ្នាំងបាយបញ្ជាក់ថាបាយឆ្អិនហើយ ។ ខ្ញុំជ្រោយបាយដួសដោះដាក់ចានលើកមកបរិភោគជុំគ្នាដោយរញីរញ័រ ។ ល្ងាចនោះ យើងទទួលទានអាហារក្នុងភាពសោះកក្រោះ ។ នៅក្នុងខួរក្បាលរបស់ពួកយើង គ្មាននរណាម្នាក់គិតអំពីរសជាតិនៃម្ហូបដែលទើបចម្អិនក្តៅៗឡើយ ។ ខ្ញុំមានអារម្មណ៍ថា បំពង់កខ្ញុំហាក់ដូចជាស្ងួត ហើយបាយម្ហូបក្តៅៗនោះលេបទៅរាងអួលៗម្តេចមិនដឹងទេ ។ រឿងមិនដាំបាយទុកចោលនេះ ប្រពន្ធខ្ញុំបានយកទៅខ្សិបដាក់ត្រចៀកញាតិមិត្តជិតដិតនឹងយើងថែមទៀត ដើម្បីឲ្យគាត់ជួយទូន្មានខ្ញុំថា វាមានសារសំខាន់ខ្លាំងណាស់ ។
ថ្វីត្បិតតែជួបនឹងបរាជ័យគួរឲ្យក្តៅក្រហាយក៏ពិតមែន ខ្ញុំសម្រេចមិនបោះបង់ចោលគំនិតបាយក្តៅសម្លរក្តៅនេះនៅឡើយទេ ។ អ្នកគ្រូ សេដ្ឋារិន បានស្បថថាគាត់ឈប់អំពល់ទុក្ខនឹងរឿងធ្វើម្ហូបក្តៅៗទុកឲ្យប្តីគាត់ពិសារទៀតហើយ ។ ចំណែកខ្ញុំ ខ្ញុំនៅមានសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចផ្លុំហេតុផលចូលក្នុងត្រចៀកភរិយាខ្ញុំបាន ៕
រីករាយថ្ងៃសម្រាកចុងសប្តាហ៍!!!
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment