Monday, December 21, 2020

ចំណីខួរក្បាល

ហេតុអ្វីបានជាកូនសិស្សនៅសហរដ្ឋអាមេរិកមិនស្លៀកពាក់ឯកសណ្ឋាន? ខ្ញុំមានឱកាសបានសិក្សានៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិករយៈពេលជិតពីរឆ្នាំ ។ ចំណាប់អារម្មណ៍របស់ខ្ញុំនាគ្រានោះគឺសមភាពរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀន ។ កូនសិស្សអាមេរិកាំងគោរពវិន័យសាលា ប៉ុន្តែហាក់ដូចជាមិនសូវអោនលំទោនចំពោះគ្រូដូចសិស្សដទៃនៅក្នុងពិភពលោកទេ ។ គ្រូនិងសិស្សស្និទ្ធស្នាលនឹងគ្នាប្រៀបដូចជាមិត្តភក្តិ ។ ឯការសិក្សារបស់ពួកគេក៏មានភាពលំហែរដែរ (Relax) ។ ជាមួយនឹងភាតរភាពនិងភាពលំហែរនេះ ខ្ញុំសង្កេតឃើញចំនុចមួយទៀតដែលញែកកូនសិស្សអាមេរិកាំងឲ្យផ្លែកពីសិស្សនៅក្នុងប្រទេសដទៃគឺសេរីភាពនិងរបៀបសិក្សា ។ កូនសិស្សអាមេរិកាំងអត់រៀន "សូត្រ" តាមគ្រូដូចសេកទេ ។ ពួកគេរៀនសូត្រតាមគំនិតរបស់បុគ្គលម្នាក់ៗ ។ មានន័យថា គ្រូគ្រាន់តែជាអ្នកបង្ហាញផ្លូវប៉ុណ្ណោះ ។ ឯការដើរតាមគន្លងផ្លូវដោយរបៀបណា គឺកូនសិស្សជាអ្នកត្រិះរិះពិចារណាដោយខ្លួនឯង ។ ឯកសណ្ឋានគឺជាចំនុចទីមួយដែលបង្កចម្ងល់នៅក្នុងចិត្តខ្ញុំ ។ ហេតុអ្វីក៏កូនសិស្សអាមេរិកាំងចាប់ពីថ្នាក់មតេយ្យរហូតដល់មហាវិទ្យាល័យអត់ពាក់ឯកសណ្ឋានទៅរៀន? ផ្អែកលើការស្រាវជ្រាវក្រៅផ្លូវការរបស់ខ្ញុំ រដ្ឋមន្ត្រីនិងក្រសួងអប់រំរបស់សហរដ្ឋអាមេរិកមានតែឈ្មោះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ។ កិច្ចការសព្វសារពើពាក់ព័ន្ធនឹងវិស័យអប់រំគឺរដ្ឋនីមួយៗជាអ្នកចាត់ចែង ។ រដ្ឋទៀតសោតផ្តល់តួនាទីទៅឲ្យស្រុក ។ ស្រុកផ្តល់សិទ្ធទៅឲ្យក្រុមប្រឹក្សាសាលា (School Board) ។ ក្រុមប្រឹក្សាសាលាជ្រើសរើសនាយកសាលាឲ្យចាត់ចែងការបន្ត ។ នាយកសាលាត្រូវកោះប្រជុំសួរយោបល់ពីមាតាបិតាសិស្សមុននឹងសម្រេចអនុវត្តិកិច្ចការសំខាន់នានាពាក់ព័ន្ធនឹងវិស័យអប់រំ ។ ឯកសណ្ឋានគឺជារឿងសំខាន់មួយដែលគេត្រូវសួរយោបល់មាតាបិតាជាមុន ។ តាំងពីខ្ញុំមករស់នៅសហរដ្ឋអាមេរិកជាង៣០ឆ្នាំកន្លងទៅ ខ្ញុំបានឃើញពត៌មានស្តីអំពីការធ្វើប្រជាមតិស្នើឲ្យសិស្សស្លៀកពាក់ឯកសណ្ឋានបីឬបួនដងដែរ នៅតាមសាលាមួយចំនួនដែលមានសិស្សក្រីក្រច្រើន ។ មូលហេតុនៃការស្នើប្រើឯកសណ្ឋាននោះ គឺដើម្បីកាត់បន្ថយសម្ពាធលើសិស្សក្រីក្រក្នុងការចំណាយប្រាក់ហួសចំណូលដើម្បីទិញសម្ភារៈឲ្យដូចសិស្សកូនអ្នកមាន ក៏ដូចជាទប់ស្កាត់សិស្សដែលមានលុយច្រើនកុំឲ្យហុឺហាហួសចន្ទោល ។ ប៉ុន្តែ ការធ្វើប្រជាមតិនោះមិនដែលបានជោគជ័យទេ ។ សហរដ្ឋអាមេរិកជាប្រទេសដែលគោរពបូជាសេរីភាពខ្ពស់ជាអាទិទេព ឬក៏ស្តេចផែនដី ។ ពលរដ្ឋអាមេរិកាំងសុខចិត្តប្រឈមនឹងបញ្ហា ប៉ុន្តែមិនសុខចិត្តឲ្យវិសាលភាពនៃសេរីភាពរបស់ខ្លួនរួមតូចឡើយ ។ ឯកសណ្ឋានជានិមិត្តរូបនៃបញ្ញតិឬអាជ្ញាដែលបញ្ជាក់អំពីការរឹតបន្តឹងសេរីភាព ។ ដូច្នេះហើយបានជាពេលមានសំណើរសុំឲ្យកូនសិស្សស្លៀកពាក់ឯកសណ្ឋាននៅសាលាណាមួយ សំណើរនោះកម្រទទួលបានជោគជ័យណាស់ ។ ផ្នត់គំនិតអាមេរិកាំងពាក់ព័ន្ធនឹងសេរីភាព យើងអាចបង្រួញឲ្យនៅត្រឹមពាក្យមួយឃ្លា៖ "Give me liberty, or give me death!" ដែលមានន័យថា៖ ខ្ញុំសុខចិត្តស្លាប់ ជាជាងរស់នៅដោយគ្មានសេរីភាព ។ សេរីភាពនិងការអប់រំហាក់ដូចជារលាយចូលគ្នានៅពេលដែលសមាជិកតាក់តែងរដ្ឋធម្មនុញ្ញអាមេរិកាំងមួយរូបឈ្មោះ George Mason មកពីរដ្ឋ វីជីញៀ សរសេរមាត្រាបន្ថែមទី១ First Amendment ហាមរដ្ឋសភានិងព្រឹទ្ធសភាបង្កើតច្បាប់ប៉ះពាល់ដល់ការបញ្ចេញមតិឬក៏ផ្សព្វផ្សាយពត៌មានរបស់ពលរដ្ឋ ។ នាមរបស់ George Mason ក្រោយមកត្រូវបានគេយកទៅបង្កើតសាកលវិទ្យាល័យមួយដែលមានឈ្មោះថា George Mason University ។ បាវច្ចនានៃសាកលវិទ្យាល័យនោះគឺ៖ Freedom and Learning ។ ក្រៅអំពីទៅរៀនអត់ស្លៀកពាក់ឯកសណ្ឋាន ចំណុចមួយទៀតដែលទាក់ចំណាប់អារម្មណ៍ខ្ញុំគឺ រៀនអត់ប្រឡងឆ្លងកម្រិត ។ កូនសិស្សអាមេរិកាំងអត់ប្រឡងចេញពីបឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា ឬ ឌីប្លូម បាក់អង បាក់ឌុប ទេ ។ ពួកគេរៀនរយៈពេល១២ឆ្នាំ ដោយសន្សំក្រេឌិត ឬការទទួលស្គាល់ថាបានបំពេញការសិក្សាតាមកម្រិតថ្នាក់នីមួយៗ រហូតដល់ថ្នាក់ទី១២ ។ ពិន្ទុដែលអាចទទួលបានក្នុងការសិក្សាមុខវិជ្ជានីមួយៗគឺកម្រិតដោយអក្សរ A B C D F and I ។ ពិន្ទុអតិប្បមាគឺ ១០០ ។ ចន្លោះ ១០០ ទៅ ៩០ = A ។ ៩០ ទៅ ៨០ = B ។ ៨០ ទៅ ៧០ = C ។ ៧០ ទៅ ៦០ = D ។ ពិន្ទុ F (Failure) និង I (Incomplete) នៅលើមុខវិជ្ជាណាមួយគឺត្រូវរៀនសាឡើងវិញ ។ បើយើងប្រៀបធៀបការរៀនអត់ប្រឡងនិងរៀនមានបែបបទប្រឡងឆ្លងកម្រិតដូចនៅស្រុកខ្មែរ យើងឃើញថាស្តង់ដារនៃការរៀនអត់ប្រឡងខ្ពស់ជាង ។ សិស្សដែលរៀននៅក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតគឺត្រូវមានពិន្ទុចាប់ពី ៦០ភាគរយឡើងទៅទើបមានសិទ្ធបន្តពីកម្រិតមួយទៅកម្រិតមួយទៀត ។ ឯសិស្សដែលរៀននៅក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិតគឺអាចទទួលយកបានចាប់ពី៥០ភាគរយឡើងទៅដើម្បីបន្តការសិក្សារបស់ខ្លួន ។ គួរកត់សម្គាល់ផងដែរថា សិស្សដែលរៀនក្នុងប្រព័ន្ធអត់ប្រឡងឆ្លងកម្រិតមិនអាចមានពិន្ទុ D ច្រើនពេកឡើយ ។ កូនសិស្សដែលទទួលបានពិន្ទុ D ច្រើនអាចត្រូវបានតម្រូវឲ្យរៀនសាឡើងវិញនូវមុខវិជ្ជាមួយចំនួន ។ ថ្មីៗនេះ ប្រទេសកម្ពុជាបានសម្រេចឲ្យកូនសិស្សរៀនថ្នាក់ទី១២ ទទួលបានសញ្ញាប័តទុតិយភូមិ(បាក់ឌុប)ដោយមិនចាំបាច់ប្រឡង ។ សម្រាប់សិស្សដែលរៀនក្នុងប្រព័ន្ធប្រឡងឆ្លងកម្រិត វាជារឿងឈឺក្បាលខ្លាំងចំពោះមាតាបិតាសិស្សមួយចំនួនដែលមិនធ្លាប់បានឆ្លងកាត់ការសិក្សាកម្រិតសាកលវិទ្យាល័យ ។ តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យកូនដែលមិនបានវាស់ស្ទង់សមត្ថភាពជាមុន អាចឆ្លងកាត់ការសិក្សាកម្រិតមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ ប្រកបដោយជោគជ័យ ។ ការសិក្សានៅសាកលវិទ្យាល័យ វាមិនមែនជាកិច្ចការងាយស្រួលឡើយ ។ គេត្រូវការវាស់វែងកាយសម្បទានិងសមត្ថភាពជាក់លាក់ណាស់មុននឹងឈានជើងចូលទៅប្រឡូកនៅក្នុងដំណើរស្វែងរកពុទ្ធិជាន់ខ្ពស់នោះ ។ ផ្អែកលើបទពិសោធរបស់ខ្ញុំនៅសហរដ្ឋអាមេរិកកាលពី៣០ឆ្នាំមុន ក្នុងចំណោមនិស្សិត១០០នាក់ មាននិស្សិតប្រមាណជា៦០នាក់ប៉ុណ្ណោះ ដែលអាចបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំនិងទទួលបានបរិញ្ញាប័តត្រីយ៍ ។ ៤០ភាគរយទៀតគឺអាចរត់រួចត្រឹមវិញ្ញាបណ្ណប័តវិជ្ជាជីវៈឬក៏បោះបង់ការសិក្សាចោលតែម្តង ។ ការចំណាយប្រាក់ឲ្យកូនទៅរៀនដោយគ្មានមូលដ្ឋានបង្អែកច្បាស់លាស់អំពីសមត្ថភាព វាប្រៀបដូចជាការធ្វើដំណើរផ្សងព្រេងដោយមិនដឹងទិសតំបន់មួយ ។ ដំណោះស្រាយបញ្ហានេះ គឺមានតែប្រើយុទ្ធសាស្ត្រ "ផ្លូវនៅនឹងមាត់" ប៉ុណ្ណោះ ។ សួរអ្នកដែលធ្លាប់ឆ្លងកាត់ជាពិសេសគឺអតីតគ្រូរបស់សិស្សតែម្តង ។ សុំឲ្យគាត់ផ្តល់ការវាយតម្លៃអំពីសមត្ថភាពសិស្សដោយឥតលាក់លៀម ។ យកពត៌មានទាំងនោះមកពីគ្រោះជាមួយនឹងកូនដែលមានបំណងបន្តការសិក្សានៅមហាឬសាកលវិទ្យាល័យដើម្បីលកលៃថាតើគួរគ្រោងយកសញ្ញាប័តកម្រិត ២ឆ្នាំ ៤ឆ្នាំ ឬក៏ឈានទៅដល់អនុបណ្ឌិតនិងបណ្ឌិត ។ វាគឺជាបញ្ហាប្រឈមដ៏ឈឺក្បាលមួយ ។ ប៉ុន្តែ នៅក្នុងគ្រោះអាសន្នកូវីដ១៩នេះ មនុស្សពាសពេញពិភពលោកគឺឈឺក្បាលដូចតែគ្នាហ្នឹង ។ បើមិនបញ្ហានេះ ក៏បញ្ហានោះដែរ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...