Wednesday, October 28, 2020

ចំណីខួរក្បាល

កម្មដែលគ្មានកម្ម (Action Without Action) កាលពី២៩ឆ្នាំមុន គឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ អ្នកនយោបាយខ្មែរជាច្រើនក្រុមបក្សបានផ្អាកការវាយប្រហារគ្នា ហើយនាំគ្នាទៅចុះកិច្ចសន្យាបញ្ចប់ជម្លោះនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីកសាងប្រទេសកម្ពុជាឡើងវិញ ។ គេហៅកិច្ចសន្យានោះថា៖ សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ឬ Paris Peace Accord ដែលមានអង្គការសហប្រជាជាតិនិងប្រទេសចំនួន ១៩ ជាសាក្សី ។ អំឡុងពេលនោះ ខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។ ឯមិត្តភក្តិខ្ញុំចំនួនពីរនាក់ក៏កំពុងតែសិក្សានៅក្រៅប្រទេសដែរ ម្នាក់នៅស្រុកបារាំងនិងម្នាក់ទៀតនៅអតីតសហភាពសូវៀត ។ នៅក្នុងលិខិតឆ្លើយឆ្លងគ្នារបស់ពួកយើង ខ្ញុំនិងមិត្តខ្ញុំបានគិតគ្នាថានឹងខិតខំរៀនយកចំនេះដឹងពីប្រទេសជឿនលឿនដើម្បីវិលត្រឡប់ទៅជួយកសាងប្រទេសខ្មែរនិងគេនិងឯង ត្បិតវាជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង ។ បន្ទាប់ពីសន្ធិសញ្ញាក្រុងប៉ារីសត្រូវបានគេចុះផ្សាយជាសាធារណៈ ខ្ញុំមើលឃើញនូវចំណុចមួយដែលតម្រូវឲ្យរដ្ឋាភិបាលខ្មែរនៅថ្ងៃអនាគតរៀបចំ គ្រុបគ្រង និងដឹកនាំរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ ។ ប្រការនេះបានញ៉ាំងឲ្យខ្ញុំបន្ថែមមុខវិជ្ជាមួយទៀតនៅក្នុងការសិក្សាគឺ វិទ្យាសាស្ត្រនយោបាយ ត្បិតខ្ញុំយល់ថាខ្ញុំកំពុងតែសិក្សានៅក្នុងប្រទេសគំរូមួយដែលយកលទ្ធិប្រជាធិបតេយ្យមកអនុវត្តិបានជោគជ័យដ៏ត្រចះត្រចង់អស់រយៈពេលជាង២០០ឆ្នាំមកហើយ ។ ការសិក្សាវិទ្យាសាស្ត្រនយោបាយនៅក្នុងភាសាមួយដែលខ្ញុំចេះមិនសូវស្ទាត់ មិនមែនជាការងាយឡើយ ។ ប៉ុន្តែ អំណាចនៃឆន្ទៈនិងមនសិការបានជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យខំប្រឹងប្រែងដោយឥតរួញរា ។ ខ្ញុំសិក្សាអំពីទម្រង់រដ្ឋបាលនិងរដ្ឋាភិបាលអាមេរិកាំងដោយយកចិត្តទុកដាក់ជាទីបំផុត ។ ទស្សនៈផងទាំងពួងដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលនិងនយោបាយ ចាប់ពីសូក្រាតរហូតដល់មហាត្ម័កគន្ធី គឺខ្ញុំព្យាយាមស្រាវជ្រាវសិក្សាមិនឲ្យខ្វះចន្លោះឡើយ ។ ដោយហេតុតែខ្ញុំធ្លាប់រស់នៅក្នុងរបបខ្មែរក្រហម ដែលជាលទ្ធិផ្តាច់ការដ៏បរិសុទ្ធមួយ បទពិសោធដ៏ជូរចត់នោះបានញ៉ាំងឲ្យខ្ញុំខិតខំស្វែងយល់រឹតតែខ្លាំងឡើង ថាតើមានគោលគំនិតអ្វីខ្លះដែលអាចទប់ស្កាត់កុំឲ្យរបបផ្តាច់ការចាប់បដិសន្ធិកើត ។ ទីប្រឹក្សាសិក្សារបស់ខ្ញុំបានណែនាំឲ្យខ្ញុំសិក្សាមុខវិជ្ជាមួយក្រោមប្រធានបទ មនោគមវិជ្ជានយោបាយ ។ វាជាការសិក្សាប្រៀបធៀបរវាងរបបគ្រុបគ្រងផ្សេងៗនៅក្នុងពិភពលោក ។ ខ្ញុំខំប្រឹងអស់សមត្ថភាពនៅក្នុងការសិក្សាមុខវិជ្ជានោះ រហូតទទួលបានពិន្ទុខ្ពស់ជាងគេបំផុតនៅក្នុងកាប្រឡងដំណាច់ឆមាស ។ ខ្ញុំនៅចាំរហូតដល់សព្វថ្ងៃអំពីសំណួរនៅក្នុងការប្រឡងនោះ ។ គេដាក់ឲ្យយើងបរិយាយថាតើ មូលដ្ឋានគ្រឹះនៃសេរីនិយមបរិសុទ្ធមានអ្វីខ្លះ? (What constitutes the foundation of Classical Liberalism?) ខ្ញុំមិនចាំចម្លើយលម្អិតទេ ប៉ុន្តែនៅចាំគោលការណ៍ទាំងបីដែលខ្ញុំលើកយកមកពណ៌នាប្រហែលជាមួយទំព័រកន្លះ ។ លទ្ធិប្រជាធិបតេយ្យដែលមានសេរីនិយមបរិសុទ្ធជាមូលដ្ឋានគឺត្រូវមានគ្រឹះបីដែលភាសាអង់គ្លេសហៅថា៖ 1) Political Core; 2) Economic Core; and 3) Social Core ។ គ្រឹះទាំងបីនេះប្រៀបដូចជាមុំចង្ក្រាន មិនអាចខ្វះមួយបានឡើយ ។ ១) គ្រឹះនយោបាយសំដៅដល់ តុល្យភាពនៃអំណាចដែលមាននិតិបញ្ញតិ និតិប្រតិបត្តិ និង តុលាការ ជាមូលដ្ឋាន ។ ២) គ្រឹះសេដ្ឋកិច្ចសំដៅដល់ ទីផ្សារសេរីដែលមានសមភាពនៃការប្រកួតប្រជែង (Level Playing Field) និងច្បាប់ប្រឆាំងការស៊ុំគ្រលំរកសុី (Antitrust Law) ព្រមទាំងច្បាប់ការពារក្ស័យធន (Bankcrupcy Law) សម្រាប់គាំពារស្ថាបនិកសហគ្រាស ។ ៣) គ្រឹះសង្គម សំដៅទៅលើការអភិវឌ្ឃន៍និងបែងចែកធនធានរដ្ឋដល់ពលរដ្ឋទាំងអស់ប្រកបដោយសមធម៌និងយុត្តិធម៌ ។ គួរកត់សម្គាល់ថាសមធម៌ ខុសអំពីសមភាព ត្បិតការបែងចែកធនធានរដ្ឋនេះមិនផ្អែកលើភាពស្មើគ្នាទេ គឺផ្អែកលើភូមិសាស្ត្រ សង្គមសាស្ត្រ និងកត្តាពាក់ព័ន្ធនានាដែលធ្វើឲ្យសហគមនីមួយៗមានតម្រូវការខុសគ្នា ។ អំឡុងពេលសិក្សាដែលមានរបៀបវារៈជាក់លាក់នោះ ខ្ញុំបានតាមដានព្រឹត្តិការណ៍និងការវិវឌ្ឃន៍នយោបាយនៅក្នុងស្រុកខ្មែរជាប្រចាំ ត្បិតខ្ញុំគិតថាមុននឹងខ្ញុំចូលទៅជ្រោមជ្រែងកិច្ចការកសាងជាតិខ្មែរឡើងវិញនោះ ខ្ញុំគប្បីយល់អំពីស្ថានភាពជាក់ស្តែងឲ្យបានប្រាកដប្រជា ។ បន្ទាប់ពីសង្កេតស្ថានភាពនយោបាយនៅស្រុកខ្មែរយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនឆ្នាំ នៅដើមឆ្នាំ១៩៩៧ ខ្ញុំបានធ្វើការសម្រេចចិត្តដាច់ណាត់មួយថា មិនវិលត្រឡប់ទៅចូលរួមជួយកសាងប្រទេសខ្មែរនៅក្នុងស្ថានភាពនយោបាយដែលមិនផ្តោតលើសុខមាលភាពជាតិនិងពលរដ្ឋនោះឡើយ ។ វាជាការសម្រេចចិត្តមួយដែលសូម្បីតែខ្ញុំខ្លួនឯងក៏ទាស់ចិត្តដែរ ត្បិតអី បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំស្វែងរកចំណេះដឹងដើម្បីបំពេញករណីយកិច្ចមួយ ខ្ញុំបែរជាមិនអាចយកចំណេះដឹងទាំងនោះទៅប្រើប្រាស់ ។ វាប្រៀបបាននឹងគ្រូពេទ្យដែលយល់ពីវិធីព្យាបាលមនុស្ស តែមិនអាចព្យាបាល ។ មានកត្តាជាច្រើនដែលជម្រុញឲ្យខ្ញុំលះបង់ គោលបំណងមកជួយកសាងកម្ពុជា ។ កត្តាធំបំផុតគឺអំពើពុករលួយជាប្រព័ន្ធ ។ គ្រួសារនិយម បក្សពួកនិយម និង ប្រព័ន្ធគ្រុបគ្រងលម្អៀងទៅរកយសស័ក្តិនិយម (Oligarchy) ជាកត្តាបន្តបន្ទាប់ ។ ពាក្យពុករលួយនៅទីនេះមិនសំដៅត្រឹមតែការសូកប៉ាន់លុយកាក់នោះទេ ។ ការបាត់បង់ម្ចាស់ការលើសតិសម្បជញ្ញៈក៏ចាត់ទុកថាជាភាវៈពុករលួយដែរ ។ គឺការបាត់បង់ម្ចាស់ការលើសតិសម្បញ្ញៈនេះហើយ ដែលជម្រុញឲ្យខ្ញុំលះបង់គោលគំនិតរបស់ខ្លួន ។ នៅក្នុងសង្គមមនុស្ស មានឥទ្ធិពលមួយដែលភាសាអង់គ្លេសហៅថា Socialization (សង្គមវូបនីយកម្ម) ។ ទោះបីជាយើងមានឆន្ចៈរឹងបុឹងយ៉ាងណាក៏ដោយ ក៏ឥទ្ធិពលសង្គមអាចជ្រួតជ្រាបចូលមកក្នុងផ្នត់គំនិតនិងទង្វើរបស់យើងបានដោយមិនដឹងខ្លួន ។ ខ្ញុំបានលើកយកសំណួរជាច្រើនមកសួរខ្លួនឯង នៅពេលដែលខ្ញុំសម្រេចចិត្តមិនដើរតាមគោលដៅដែលខ្ញុំបានគ្រោងសម្រាប់ជីវិត ។ ពាក្យមួយឃ្លាដែលប្រធានាធិបតីអាមេរិកាំងលោក ប៊ៀល ក្លីនតុន ធ្លាប់បានលើកយកមកនិយាយគឺថា៖ កុំយកភាពឥតខ្ចោះមកធ្វើជាសត្រូវជាមួយនឹងអ្វីដែលល្អ (Don't let perfection be the enemy of the good.) ។ ពាក្យនេះ បានរុកកួនសតិសម្បជញ្ញៈរបស់ខ្ញុំយ៉ាងខ្លាំង ។ ភាពឥតខ្ចោះនិងល្អ តើគួរជ្រើសយកប្រការណា? ដើម្បីថ្លឹងថ្លែងរកចម្លើយដ៏សមស្របមួយ ខ្ញុំលើកយកទ្រឹស្តីបាបបុណ្យ ឬកុសលកម្មនិងអកុលសកម្មរបស់ព្រះពុទ្ធមកពិចារណា ។ តាមការយល់ឃើញរបស់ខ្ញុំ បាបនិងបុណ្យប្រៀបដូចជាទឹកនិងប្រេង ។ វាមិនអាចរលាយចូលគ្នាទេ ។ ហើយយើងក៏មិនអាចសាងបុណ្យក្នុងបាប ឬក៏សាងបុណ្យបន្សាបបាបបានដែរ ។ វាប្រៀបដូចជាយកមួកនិងខោអាវក្រោះសម្រាប់មុជចុះទៅបាតសមុទ្រមកពាក់ ហើយលោតចូលទៅក្នុងធុងអាចម៍ ។ មួកនិងអាវក្រោះអាចការពារខ្លួនយើងឲ្យនៅស្អាតស្អំក៏ពិតមែន ក៏ប៉ុន្តែ អាចម៍ដែលប្រឡាក់ជាប់នៅលើមួកនិងអាវក្រោះដែលគ្របនៅលើខ្លួនយើងនោះ វាមិនផ្លាស់ប្តូរសភាវៈរបស់វាទេ ។ ខ្ញុំដឹងថា ការលះបង់គោលការណ៍ជីវិតរបស់ខ្ញុំ មិនមានហេតុផលសមរម្យទេនៅក្នុងគំនិតមនុស្សមួយចំនួន ។ ប្រសិនបើឪពុកខ្ញុំនៅរស់ គាត់ច្បាស់ជាដៀលខ្ញុំថា៖ "អាកូនឥតកំណើត ។ ទៅរៀនបំបង់តែបាយ" ។ ម្តាយខ្ញុំប្រហែលជាស្តីឲ្យខ្ញុំថា៖ "អាកូនមិនច្រឡំនិងគេ!" ។ អ្នកដទៃក៏ប្រហែលជាមានមតិជាច្រើនផ្សេងទៀត ។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតស្នូលដែលផ្តល់ឋាមពលសព្វបែបយ៉ាងសម្រាប់ជួយជម្រុញឆន្ទៈរបស់ខ្ញុំឲ្យរុលរួចផុតពីសម្ពាធនៃឧត្តមគតិផងទាំងពួង គឺរឿងនិទានដ៏សាមញ្ញមួយដែលខ្ញុំដាក់ភ្ជាប់ជាមួយនឹងអត្ថបទនេះ ។ រឿងនោះមានចំណងជើងថា៖ តាចាស់និងសត្វស្វា ។ សម្រាប់អ្នកដែលមិនសូវជ្រះថ្លាជាមួយនឹងរឿងនិទានអក្សរសីល្ប៍កុមារ ខ្ញុំសូមអនុញាតពន្យល់បន្តិចថា៖ តួអង្គតាចាស់ តំណាងឲ្យរបបផ្តាច់ការនិងអំពើកេញប្រវ័ញ្ចពុករលួយ ។ តួអង្គសត្វស្វា តំណាងឲ្យសភាវទ្រទ្រង់របបផ្តាច់ការនិងអំពើពុករលួយ ។ និយាយឲ្យចំគឺមន្ត្រីរាជការដែលបម្រើការងារឲ្យរបបផ្តាច់ការនៅក្នុងប្រព័ន្ធដ៏ពុករលួយមួយ ។ នៅពេលសត្វស្វាភ្ញាក់រឮកមើលឃើញសច្ចភាព យុត្តិធម៌ធម្មជាតិដ៏បរិសុទ្ធមួយក៏បានបង្ហាញខ្លួនដែរ ។ នេះហើយជាហេតុផលនៅពីក្រោយ "កម្មដែលគ្មានកម្ម" របស់ខ្ញុំ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...