Wednesday, August 19, 2020
ចំណីខួរក្បាល
អម្រែកជីវិត (Burdens in Life)
មានរូបមានទុក្ខ ។ មានជីវិតមានទុក្ខ ។ មានទំនាស់មានទុក្ខ ។ ទំនាស់ក៏ជាបុព្វហេតុបណ្តាលឲ្យមនុស្សមានទុក្ខដែរ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលព្យាយាមស្វែងយល់អំពីទំនាស់
ជាពិសេសទំនាស់នៅក្នុងដំណើរជីវិត ។
ដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺចាប់ផ្តើមនៅពេលដែលយើងបានប្រសូត្រចេញអំពីផ្ទៃម្តាយ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកដំណើរជីវិតចាប់ពីពេលដែលមនុស្សពីរនាក់ភពប្រសព្វនឹងគ្នាជាប្តីប្រពន្ធមកធ្វើជាការចាប់ផ្តើមនៃដំណើរជីវិត ។ ជីវិតប្តីប្រពន្ធគឺមានទំនាស់ច្រើន ប្រហាក់ប្រហែលគ្នានឹងក្តីស្រឡាញ់ដែរ ។ នៅពេលយើងចាប់ដៃគ្នាជាប្តីប្រពន្ធ យើងបង្កើតបានសហព័ន្ធមួយដែលភាសាអង់គ្លេសហៅថា Dyadic Relationship ឬទំនាក់ទំនងទ្វេភាគី ។ ជាធម្មតាទេ មនុស្សពីរនាក់ដែលមានប្រភពចេញមកពីគ្រួសារពីរផ្សេងគ្នារមែងមានរបៀបរបបរស់នៅខុសគ្នា ។ ដូច្នេះ ទំនាស់របៀបរបប Clash of Personality នឹងលេចចេញមកស្ទើរតែអស់មួយជីវិត ។ នៅក្នុងទំនាស់ទ្វេភាគីនេះ ប្តីប្រពន្ធជាទូទៅស្វែងរកដំណោះស្រាយដោយផ្អែកលើការយោគយល់និងសម្របសម្រួលចិត្ត ឬរៀនរស់ជាមួយនឹងអ្វីដែលឃ្នើស ។ ការរៀនរស់ជាមួយនឹងអ្វីដែលឃ្នើសនេះ គឺប្រៀបបាននឹងពុនសម្ពាយមួយនៅលើខ្នង (ប្រពន្ធពុនប្តី ប្តីពុនប្រពន្ធ) ។ គួរកត់សម្គាល់ថា ឱសថទិពដែលអាចព្យាបាលជំងឺគ្រប់ប្រភេទដែលកើតចេញអំពីទំនាស់ប្តីប្រពន្ធគឺការរួមភេទ ។ មិនថាទំនាស់នោះធំប៉ុនណាទេ ការរួមភេទតែងផ្តល់ឱកាសឲ្យប្តីប្រពន្ធរំងាប់ចិត្តហើយរកឃើញមធ្យោបាយអនុគ្រោះឬលើកលែងទោសកំហុសឲ្យគ្នាទៅវិញទៅមកដោយមិនចាំបាច់និយាយស្តីអ្វីឡើយ ។ ដំណោះស្រាយទំនាស់ដោយមិនចាំបាច់និយាយស្តីនេះ ជាទូទៅតែងនាំមកនូវកំណើនសមាជិកគ្រួសារ (មានកូន) ។ នៅពេលករណីនេះកើតឡើង សម្ព័ន្ធរបស់ប្តីប្រពន្ធបានប្រែក្លាយពីទ្វេភាគីទៅជាត្រីភាគីដែលភាសាអង់គ្លេសហៅថា Triadic Relationship ។ ទំនាក់ទំនងត្រីភាគីតម្រូវឲ្យប្តីប្រពន្ធប្តូរយុទ្ធសាស្ត្រពី "ពុន" បន្ទុកនៅលើខ្នងទៅរែកវិញម្តង ។ អម្រែកនេះគឺមាន ប្តីម្ខាងកូនម្ខាង ។ ឯប្តីក៏ត្រូវរែកបន្ទុកដូចគ្នាដែរ ។ សម្រាប់មនុស្សស្រី អម្រែកប្តីនិងកូនមិនចប់ត្រឹមហ្នឹងទេ ។ ប្រសិនបើគាត់មានកូនបន្តទៅទៀត គាត់នឹងបន្ថែមបន្ទុកនៅក្នុងផ្នែកម្ខាងនៅចុងដងរែកហើយបន្តរំកិលដងរែកនៅលើស្មារបស់គាត់ដើម្បីរក្សាតុល្យភាពក៏ដូចជារកចំណុចមួយដែលគាត់អាចកាត់បន្ថយសម្ពាធ (Stress) ។ និយាយមកដល់ត្រង់នេះ ខ្ញុំនឹកទៅដល់ម្តាយខ្ញុំដែលមានកូន ៦នាក់ ។ រៀងរាល់យប់ម្តាយខ្ញុំតែងចងមុងមួយយ៉ាងធំដើម្បីទទួលទានដំណេកជុំគ្នា ។ ឪពុកខ្ញុំសម្រាន្តនៅខាងស្តាំដៃម្តាយខ្ញុំ ។ ឯនៅខាងឆ្វេងដៃ ម្តាយខ្ញុំដាក់កូនៗឲ្យដេកតម្រៀបគ្នារមៀលក្រូច ។ កូនតូចបំផុតដេកនៅក្បែរគាត់បន្តដោយកូនដែលមានអាយុច្រើនជាងគ្នាបន្តិចម្តងៗ ។ នេះគ្រាន់តែជាអម្រែកអត្ថានុរូបប៉ុណ្ណោះ ។ អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺអម្រែកអត្ថប្បដិរូប ឬអម្រែកផ្លូវចិត្តដែលយើងមើលមិនឃើញហើយក៏មិនសូវមានមនុស្សយកមកត្រិះរិះពិចារណាផងទេ ។
អម្រែកផ្លូវកាយនិងអម្រែកផ្លូវចិត្ត (Physical and Mental Burdens) មានលំនាំប្រហាក់ប្រហែលគ្នា ។ ឯការកាត់បន្ថយទម្ងន់ដើម្បីសម្រាលបន្ទុក (Stress) មកលើជីវិតយើងនោះក៏គ្មានអ្វីគួរឲ្យលំបាកដែរ ។ កាលពីយុវវ័យ ខ្ញុំធ្លាប់រែកបន្លែ មានត្រឡាចនិងល្ពៅជាដើម យកទៅដាក់នៅក្នុងទូកដដើម្បីឲ្យម្តាយខ្ញុំនាំយកទៅលក់ឯផ្សារ ។ អម្រែកណាដែលធ្ងន់ខ្លាំង ខ្ញុំដកផ្លែត្រឡាចឬល្ពៅចេញខ្លះដើម្បីសម្រាលបន្ទុក ។ ដូចគ្នាដែរ បន្ទុកផ្លូវចិត្តក៏អាចកាត់បន្ថយបានដោយគ្រាន់តែកាត់ផ្តាច់កត្តាពាក់ព័ន្ធខ្លះៗចេញអំពីជីវិត ។ ព្រះពុទ្ធបានទូន្មានថាកត្តាដែលនាំមកនូវបន្ទុក ឬទុក្ខ ដល់ជីវិតគឺ កិលេស ។ ក្នុងភាសាខ្មែរ នៅពេលយើងនិយាយអំពីកិលេស យើងរមែងភ្ជាប់ពាក្យ "កាម" នៅពីមុខគឺ កាមកិលេស ។ ដូច្នេះ កិលេសនៅទីនេះគឺសំដៅត្រឹមទំនាក់ទំនងក្នុងគ្រួសារ ។ ព្រះពុទ្ធក៏បានពន្យល់ដែរថា ការកាត់បន្ថយកិលេសគឺស្មើនឹងកាត់បន្ថយទុក្ខ ឬបន្ទុក ។
កិលេសឬការចង់មានចង់បានគឺសុទ្ធតែជាបន្ទុកនៅក្នុងអម្រែកជីវិត ។ កត្តាដ៏ធំបំផុតដែលនាំឲ្យអម្រែកជីវិតធ្ងន់ខ្លាំងគឺការព្យាយាមរស់ឲ្យ "ច្រឡំនឹងគេ" (រស់នៅក្នុងសភាវដូចគេដូចឯង) ។ បើនិយាយអំពីកត្តាសង្គម សម្ពាធដ៏ធំមួយដែលជម្រុញឲ្យយើងប្រឹងរស់ឲ្យដូចគេឯងគឺបងប្អូនបង្កើតរបស់យើងនេះឯង ។ យើងខ្លាចបំផុតគឺការនិន្ទាពីសំណាក់បងប្អូនបង្កើតរបស់យើងថាយើងនឹងជាមនុស្សអន់ មិនខ្មេះ ។ បន្ទាប់មកគឺមិត្តភក្តិនិងសង្គមខាងក្រៅ ។ យើងមិនសូវខ្វល់អំពីការរិះគន់របស់ម៉ែឪប៉ុន្មានទេ(លើកលែងតែម៉ែឪក្មេក)ត្បិតពួកគាត់តែងមានបសាទចិត្តនិងអាណិតដល់កូនដែលអន់ ទន់ខ្សោយ ។ ក្នុងនាមជាប្តីប្រពន្ធ ជំហានទីមួយក្នុងការកាត់បន្ថយអម្រែកផ្លូវចិត្ត គឺកាត់បន្ថយភាពជិតស្និទ្ធរវាងញាតិមិត្តនេះឯង ។ គួរកត់សម្គាល់ថា កាត់បន្ថយមិនមែនកាត់ផ្តាច់ទេ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាពោលថា៖ Keep it at an arm's length ឬ រក្សាចម្ងាយមួយបោះដៃផុត ។ បើយើងយករូបភាពនេះមកគិតគូរនៅក្នុងខួរក្បាល យើងឃើញថាចំណុចល្អសម្រាប់រក្សាភាតរភាពបងប្អូនគឺស្ថិតត្រឹមតែចុងដៃប៉ះគ្នាបានហើយ ។ តាមពិតទៅ នៅពេលយើងមានគូស្រករ ទំនាក់ទំនងបងប្អូនរួមផ្ទៃរបស់ពួកយើងបានឃ្លាតចេញពីគ្នាដោយស្វ័យប្រវត្តិរួចទៅហើយ ។ ដូច្នេះ អ្វីដែលជាចំណុចសេសសល់គឺថាតើយើងគួររក្សាភាពជិតស្និទ្ធនឹងគ្នាត្រឹមកម្រិតណា ។ នៅក្នុងច្បាប់មេដៃ (Rule of Thumb) រស់នៅកាន់តែកៀកកិត បន្ទុកនៅក្នុងអម្រែកជីវិតក៏រិតតែធ្ងន់ដែរ ។ កត្តាមួយទៀតគឺឪពុកម្តាយ ។ តើយើងគួររក្សាគម្លាតអំពីឪពុកម្តាយដូចម្តេចទៅ ដើម្បីកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិត ។ ព្រះពុទ្ធ ដូចជាមិនបានត្រួសត្រាយផ្លូវទុកឲ្យយើងដើរផងទេពាក់ព័ន្ធនឹងចំណុចនេះ ។ ដូច្នេះ អ្វីៗគឺអាស្រ័យលើការយល់ឃើញរបស់បុគ្គលនីមួយៗ ។ កាលម្តាយខ្ញុំនៅមានជីវិតនៅឡើយ បងប្អូនខ្ញុំដែលមានកូនតូចៗ តែងតែចង់បានម្តាយមករស់នៅជាមួយខ្លាំងណាស់ ។ ពួកយើងស្រឡាញ់គាត់សឹងតែលើសអំពីភរិយារបស់ពួកយើងទៅទៀត ។ ប៉ុន្តែ នៅពេលដែលកូនយើងមានអាយុ ១៣ឆ្នាំដែលអាចរស់នៅក្នុងផ្ទះដោយខ្លួនឯងមិនចាំបាច់មានអ្នកមើលថែទាំ យើងចាប់ផ្តើមលើកទឹកចិត្តម៉ែឲ្យទៅរស់នៅជាមួយកូនដទៃ ។ និយាយឲ្យខ្លី យើងរុញបន្ទុកនេះឲ្យគ្នាទៅវិញទៅមក ។ នេះមិនមែនមានន័យថា ពួកយើងជាមនុស្សមិនដឹងគុណម្តាយនោះទេ ។ យើងគ្រាន់តែអនុវត្តិនូវភាសិតខ្មែរដ៏ល្បីល្បាញមួយដែលពោលថា៖ "ម៉ែមួយចញ្ចឹមកូនមួយហ្វូងរស់ ឯកូនមួយហ្វូងចិញ្ចឹមម៉ែមួយបានដោយលំបាក" ។
ការកាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែលពាក់ព័ន្ធនឹងទំនាក់ទំនងនៅក្នុងគ្រួសារគឺជារឿងលំបាកសម្រាប់សង្គមខ្លះ ប៉ុន្តែ នៅក្នុងសង្គមអាមេរិកាំង គេហាក់ដូចជាគ្មានបញ្ហាធំដុំឡើយ ។ លំនៅដ្ឋានភាគច្រើននៅសហរដ្ឋមេរិកគេហៅថា៖ ផ្ទះសម្រាប់មួយគ្រួសារ (Single Family Home) ។ ផ្ទះប្រភេទនេះ គេរស់នៅតែមួយគ្រួសារប៉ុណ្ណោះ ។ គ្មានបងប្អូនកូនក្មួយឬជីដូនជីតារស់នៅជុំជាមួយទេ ។ ដូច្នេះ បន្ទុកនៅក្នុងអម្រែកជីវិតគឺមានត្រឹមតែតម្រូវការរបស់ប្តីប្រពន្ធនិងកូនៗតែប៉ុណ្ណោះ ។ បើប្តីប្រពន្ធនៅក្នុងគ្រួសារនេះ ចង់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតឲ្យធ្លាក់មកដល់ចំណុចអប្បបរមា គេអាចកែប្រែរបៀបរបបរស់នៅរបស់ពួកគេទៅតាមកាលៈទេសៈនៃដំណាក់កាលនីមួយៗនៅក្នុងជីវិត (Stages of life) ។ មិនដឹងជាពលរដ្ឋអាមេរិកាំងគេរកឃើញរូបមន្តរស់នៅដាច់ពីគ្នារបៀបនេះចាប់តាំងពីពេលណាមកទេ ។ ប៉ុន្តែ ខ្ញុំសង្កេតមើលទៅ វាហាក់ដូចជាមានផាសុខភាពម៉្យាងដែរ ។ នៅក្នុងផ្នត់គំនិតអាមេរិកាំង ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ ហាក់ដូចជាគ្មានគុណធម៌នៅក្នុងសមីការទេ ។ គេយកកាតព្វកិច្ចមកធ្វើជាគោល ។ ឪពុកម្តាយចិញ្ចឹមបីបាច់ថែរក្សាកូនគឺជាកាតព្វកិច្ច ។ ឯកូនមើលថែរក្សាឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា វាក៏ជាកាតព្វកិច្ចដែរ ។ និយាយឲ្យខ្លី គេមិនយកគុណធម៌មកធ្វើជាត្រិយមុខទេ ។ គេយកផាសុខភាពជីវិតជាធំ ។ ឪពុកម្តាយដែលចាស់ជរា គេបញ្ជូនឲ្យទៅរស់នៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ (Nursing Homes) ។ សម្រាប់អ្នកដែលមិនស្គាល់ Nursing Homes ទីនេះប្រៀបដូចជាអូតែល ។ មានមនុស្សបោសសម្អាតបន្ទប់ជាប្រចាំ ។ ម្ហូបចំណីមួយថ្ងៃបីពេលត្រូវបានគេរៀបចំបម្រើស្របទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ។ ក្រៅអំពីនេះក៏មានការប្រគុំតន្ត្រីកំដរខ្នាតតូចឬក៏ការធ្វើដំណើរកំសាន្តផងដែរអាស្រ័យលើសេវាកម្មរបស់មជ្ឈមណ្ឌលនីមួយៗ ។ នៅស្រុកខ្មែរ ខ្ញុំសង្កេតឃើញមានចរន្តកាត់បន្ថយអម្រែកជីវិតស្រដៀងគ្នានេះដែរ ។ នៅក្នុងវត្តជាច្រើន យើងឃើញមានការសាងសង់ខ្ទមសម្រាប់ចាស់ៗសំណាក់ធម៌ជាច្រើន ។ ការផ្តល់ឱកាសឲ្យចាស់ៗបានមករស់នៅសំណាក់ធម៌ក្នុងវត្តដូច្នេះ វាក៏ជាមធ្យោបាយដ៏ល្អមួយសម្រាប់កាត់បន្ថយបន្ទុកនៅក្នុងអម្រែកជីវិតដែរ ។ ឪពុកម្តាយបានរួចផុតអំពីចំណង "កូនមួយតៅ ចៅមួយថាំង" ។ ឯកូនៗក៏បានធូស្បើយអំពីបន្ទុក "សងគុណ" ដែលត្រូវតែតបស្នងមិនចេះចប់មិនចេះហើយនោះដែរ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment