Friday, February 28, 2020

ចំណីខួរក្បាល

របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកាំង (Lifestyle) កាលពីទសវត្សឆ្នាំ ១៩៨០ ជនភៀសខ្លួនខ្មែរជាច្រើនដែលទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ត្រូវបានគេតម្រូវឲ្យសិក្សាអំពីរបៀបរបបរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល ៣ទៅ ៦ខែ ឬក៏យូរជាងនេះទៀតផង ។ ការសិក្សាភាគច្រើនផ្តោតលើរបៀបប្រស្រ័យទាក់ទងគ្នា និងបែបបទនានាដែលពលរដ្ឋអាមេរិកាំងអនុវត្តិ ។ ផ្អែកលើបទពិសោធជាក់ស្តែងរបស់ខ្ញុំ ការហ្វឹងហ្វឺនរយៈពេលខ្លីនោះ វាគ្រាន់តែជាអ្វីដែលភាសាអង់គ្លេសហៅថា៖ (The tip of the iceberg) ឬ ចំណុចតូចមួយ ។ របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកមានសភាពខុសឆ្ងាយអំពីអ្វីដែលយើងអាចរៀននិងស្វែងយល់តាមរយៈសៀវភៅ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចំណុចដែលគេមិននិយាយ (Unwritten Rules) ចំនួនពីរ(២)មកពិភាក្សា ។ ចំណុចពីរនេះគឺ លំនៅដ្ឋាន និងទំនៀមទម្លាប់ចាកចេញពីលំនៅដ្ឋានទៅសិក្សាឲ្យឆ្ងាយពីផ្ទះរបស់និស្សិតអាមេរិកាំង ។ លំនៅដ្ឋាននៅសហរដ្ឋអាមេរិកមានច្រើនសណ្ឋាន ប៉ុន្តែយើងអាចចែកចេញជាបីប្រភេទធំៗគឺ អាផាតមិន/ខុនដូ (Apartment/Condo) ថោនហោម (Townhome) និង សុីងហ្គលហ្វាមីលីហោម (Single Family Home) ។ (សូមមេត្តាកត់សម្គាល់ពាក្យ សុីងហ្គលហ្វាមីលីហោម ឬផ្ទះសម្រាប់តែគ្រួសារមួយ) ។ នៅក្នុងទម្រង់លំនៅដ្ឋានប្រភេទអាផាតមិននិងថោនហោម ល្វែងនីមួយៗគេចែកចេញជា ១ បន្ទប់ ២ បន្ទប់ និង ៣ បន្ទប់ ។ បីបន្ទប់ជាទំហំធំបំផុត ។ ចំណែកផ្ទះសម្រាប់តែគ្រួសារមួយ (Single Family Home) ជាទូទៅគេសង់ឲ្យមានត្រឹមតែបី(៣)បន្ទប់ប៉ុណ្ណោះ ។ វាជារឿងមួយគួរឲ្យឆ្ងល់ថាតើហេតុអ្វីបានជាអាមេរិកាំងគេនិយមសង់ផ្ទះរបៀបនេះ ។ រឿងនេះ វាពាក់ព័ន្ធនឹងប្រការដែលគ្មាននរណានិយាយ (Unwritten Rules) ។ សង្គមគ្រួសារនៅក្នុងពិភពលោកគឺចែកចេញជាពីរទម្រង់ដែលភាសាអង់គ្លេសហៅថា៖ Collectivism and Individualism ឬ សមោហនិយម និង បុគ្គលនិយម ។ នៅទ្វីបអាសុី មជ្ឈិមបូពា និង អាហ្វ្រិក មនុស្សរស់នៅតាមបែបផែនសមោហនិយម ។ ឯនៅបស្ចិមប្រទេស ជាពិសេសទ្វីបអាមេរិកខាងជើង មនុស្សរស់នៅតាមបែបផែន បុគ្គលនិយម ។ សហរដ្ឋអាមេរិកជាប្រទេសដើរតាមគោលការណ៍បុគ្គលនិយមតឹងរឹងជាងគេ ។ គេកម្រឃើញពលរដ្ឋអាមេរិកាំងរស់នៅជុំជាមួយគ្នាបីជំនាន់ណាស់ ។ គ្រួសារនីមួយៗគឺមានត្រឹមតែឪពុកម្តាយ និងកូនៗតែប៉ុណ្ណោះ(ពីរជំនាន់) ។ ឯផ្ទះដែលគេនិយមសង់ត្រឹមបីបន្ទប់នេះគឺតម្រូវតាមរបៀបរបបរស់នៅប្រភេទបុគ្គលនិយមនេះឯង ។ បន្ទប់ធំជាងគេសម្រាប់ឪពុកម្តាយ ។ បន្ទប់បន្ទាប់សម្រាប់កូនទីមួយ ។ បន្ទប់តូចជាងគេសម្រាប់កូនទីពីរ ។ បើគ្រួសារមួយមានកូនភ្លោះ ឬកូនពីរនាក់ដំបូងមានភេទដូចគ្នា គេឲ្យកូនភ្លោះឬកូនពីនាក់ដែលមានភេទដូចគ្នារស់នៅក្នុងបន្ទប់កណ្តាលជាមួយគ្នា ឯបន្ទប់តូចបំផុតទុកសម្រាប់កូនទីបី ។ គួរបញ្ជាក់ថា គ្រួសារអាមេរិកាំងនិយមមានកូនតែពីរនាក់ទេ ។ កូនដែលមានភេទខុសគ្នា គេមិនឲ្យរស់នៅក្នុងបន្ទប់ជាមួយគ្នាឡើយ ទោះបីកូនទាំងនោះមិនទាន់ពេញរូបរាងក៏ដោយ ។ នេះគឺជាទិដ្ឋភាពមួយនៃលក្ខណៈបុគ្គលនិយមរបស់ពលរដ្ឋអាមេរិកាំង ។ សូមនិយាយអំពីផលវិបាកនិងផាសុខភាពរបស់គ្រួសារបីជំនាន់បន្តិច ។ គ្រួសារបីជំនាន់សំដៅលើគ្រួសារដែលមានជីដូនជីតា ឬសាច់ញាតិចាស់ទុំរស់នៅជាមួយ ។ ផាសុខភាពរបស់គ្រួសារប្រភេទនេះគឺមានជីដូនជីតាមើលថែរក្សាកូនក្មេងនៅពេលឪពុកម្តាយក្មេងចេញទៅប្រកបការងារ និងមានម្ហូបអាហារឆ្អិនស្រេចនៅពេលត្រឡប់ពីធ្វើការងារវិញ ។ វាជាជីវិតស្រណុក ណាស់ ។ ប៉ុន្តែ ពលរដ្ឋអាមេរិកាំងភាគច្រើនហាក់ដូចជាមើលមិនឃើញផាសុខភាពនេះទេ ។ មិនមែនជនជាតិអាមេរិកាំងគ្មានម៉ែឪចាស់ៗដែលចូលនិវត្តន៍អាចជួយមើលថែទាំចៅនោះទេ ។ អ្វីដែលជាកត្តាបែងចែកគឺ "ទំនាស់" ។ គម្លាតពេលវេលារវាងជំនាន់ទី១និងទី៣ មានរយៈពេលប្រមាណជា ៦០ឆ្នាំ ។ ចំណង់ចំណូលចិត្តក៏ខុសគ្នាដូចមេឃនិងដីដែរ ។ ប្រការនេះហើយដែលគ្រួសារមេរិកាំងភាគច្រើនមិនរស់ជុំគ្នាជាលក្ខណៈសមោហនិយម ត្បិតគេមិនចង់ឲ្យជំនាន់ទី៣រងសម្ពាធនិងឥទ្ធិពលច្រើនស្រទាប់ ។ នៅមានប្រការពាក់ព័ន្ធនឹង Unwritten Rules នេះច្រើនទៀត ប៉ុន្តែសុំមិនបកស្រាយនៅទីនេះទេ ។ ការចាកចេញពីលំនៅដ្ឋានទៅសិក្សានៅទីឆ្ងាយជាទំនៀមទម្លាប់មួយរបស់និស្សិតអាមេរិកាំង ។ ទំនៀមទម្លាប់នេះមិនមែនកើតចេញមកដោយគ្មានហេតុផលនោះទេ ។ វាពាក់ព័ន្ធនឹង "ទំនាស់" នៅក្នុងដំណើរជីវិត ។ កាលពី៣០ឆ្នាំមុន ខ្ញុំក៏ជានិស្សិតចំណាកលំនៅដ្ឋានម្នាក់ដែរ ។ ដូច្នេះ ខ្ញុំប្រមូលបានទិន្នន័យច្រើនគួរសមពាក់ព័ន្ធនឹងរឿងចំណាកលំនៅដ្ឋាននេះ ។ ផ្អែកលើការស្វែងយល់អំពីនិស្សិតចំណាកលំនៅដ្ឋានដទៃ ហេតុផលចម្បងដែលនាំឲ្យយើងចាកចេញពីផ្ទះទៅរៀននៅទីឆ្ងាយគឺ សេរីភាព ។ កត្តាបន្ទាប់គឺ ធុញទ្រាន់ ។ ចំណុចមួយទៀតដែលជាកត្តាបន្ទាប់បន្សំគឺយើងចង់ស្ទាបស្ទង់សមត្ថភាពរបស់យើងថាតើអាចរស់ដោយខ្លួនឯងបានហើយឬនៅ ។ សេរីភាពនិងភាពធុញទ្រាន់គឺជាកត្តាចម្បងនាំទៅរកការចាកចេញពីលំនៅដ្ឋានរបស់និស្សិតអាមេរិកាំង ។ យើងអាចស្រមៃមើលថា បន្ទាប់ពីរងការដុកដាន់ពីសំណាក់ឪពុកម្តាយឲ្យធ្វើលំហាត់ Homeworks រយៈពេល១២ឆ្នាំ ចាប់តាំងពីមតេយ្យសាលាដល់ថ្នាក់ទី ១២ យុវជនគ្រប់រូបបើមិនទ្រាន់ ក៏ធុញដែរ ។ ដូច្នេះហើយបានជាម្នាក់ៗបន់ឲ្យតែចប់ High School នឹងអាលបានចាកចេញពីសំបុកដ៏ធុញថប់នោះ ។ ម៉្យាងទៀត ការសិក្សានៅមហាវិទ្យាល័យ ត្រូវការសេរីភាពច្រើនដើម្បីស្វែងយល់អំពីចំណុចស្មុគស្មាញនានាពាក់ព័ន្ធនឹងជីវិត ។ បើមានមែឪនៅតាមដឹកកន្លុះជាប្រចាំនោះ លទ្ធផលប្រាកដជាពិបាកថ្លែងណាស់ ។ (រស់នៅក្នុងផ្ទះគាត់ ស៊ីបាយគាត់ រឿងអីមិនត្រូវធ្វើតាមគាត់? No way Jose!) ។ ការចាកចេញពីលំនៅដ្ឋានទៅសិក្សាឆ្ងាយពីផ្ទះ មិនត្រឹមតែផ្តល់ឲ្យយើងនូវសេរីភាពពេញលេញនោះទេ វាផ្តល់ឱកាសឲ្យយើងស្វែងយល់អំពីភាពរឹងមាំឬទន់ខ្សោយរបស់យើងផងដែរ ។ យុវជននៅស្រុកខ្មែរសព្វថ្ងៃគេនិយមហៅប្រការនេះថា៖ "ស្វែងរកខ្លួនឯង" ។ ការស្វែករកខ្លួនឯងនេះបាននាំទៅដល់របត់មួយថ្មីទៀតសម្រាប់សង្គមគ្រួសារអាមេរិកាំង ក៏ដូចជាគ្រួសារខ្មែរជាច្រើននៅសហរដ្ឋអាមេរិកដែរ ។ និស្សិតចំណាកលំនៅដ្ឋានជាច្រើន មិនវិលត្រឡប់ទៅទ្រនំចាស់វិញទេ ។ បន្ទាប់ពីបញ្ចប់ការសិក្សា (ឬមិនបានបញ្ចប់ក្តី) និស្សិតភាគច្រើនទៅរស់នៅទីណាដែលជាកន្លែងផ្តល់ការងារឲ្យពួកគេ ។ អ្នកដែលត្រឡប់ទៅផ្ទះវិញនោះមានតិចតួចណាស់ ។ ជាលទ្ធផល ផ្ទះដែលឪពុកម្តាយទិញបំពេញតម្រូវការកាលពួកគេនៅតូចៗនោះ ក៏ក្លាយទៅជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ ថ្មីៗនេះ ចៅហ្វាយខ្ញុំបានលក់ផ្ទះរបស់គាត់ចោល ហើយទៅទិញខុនដូដែលមានតែមួយបន្ទប់រស់នៅវិញ បន្ទាប់ពីកូនៗរបស់គាត់សម្រេចមិនវិលត្រឡប់មករស់នៅជាមួយគាត់ ។ គួរកត់សម្គាល់ថា ខ្ញុំស្គាល់កូនរបស់ចៅហ្វាយខ្ញុំតាំងតែពីពួកគេរៀននៅថ្នាក់ទី ១ និង ទី ៣ ម្លេះ ។ យើងមានទំនាក់ទំនងនឹងគ្នាជាងម្ភៃឆ្នាំហើយ ។ ឯមិត្តភក្តិនិងសាច់ញាតិខ្ញុំជាច្រើនទៀតក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ ។ នេះគឺជាតថភាពមួយដែលសង្គមគ្រួសារបុគ្គលនិយមកំពុងជួបប្រទះ ។ នៅថ្ងៃអនាគត គេប្រហែលជាត្រូវរកមធ្យោបាយសង់ផ្ទះដែលម្ចាស់អាចពង្រីកនិងបង្រួមបានដោយខ្លួនឯងហើយមើលទៅ ដើម្បីដោះស្រាយបញ្ហាចំណាកលំនៅដ្ឋាននេះ ៕

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...